អំពី​អ្នក​និពន្ធ

កែប្រែ

រឿងនគរកាយនេះ ជាគតិធម៌ធៀបគតិលោកដោយចិត្ត ចេតសិក ជានាមធម៌ (ធម្មាធិដ្ឋាន) មកតែងជារូបធម៌(បុគ្គលាធិដ្នាន) សន្មតជាស្រុក នគរ ស្តេចមន្រ្តី អាមាត្យ យោធា ទាហាន ឲ្យមានសេចក្តីទាក់ទងគ្នាជារឿងនិទានហូរហែ គឺធ្វើធម៌ជ្រៅឲ្យរាក់ ធម៌ក្រឲ្យងាយ។

រឿងនេះខ្ញុំរៀបរៀងតាមលំអានសាស្រ្តាស្លឹករិតបុរាណដែលឥតមាននាមលោកអ្នកតែង មានសេចក្តីវែងៗឲ្យ ជានិទានខ្លីៗ ដោយសេចក្តីអនុគ្រោះដល់កុលបុត្រ អ្នកសិក្សា សូម្បីជាកុមារក៏ឲ្យអានមើលស្តាប់ឆាប់ចូលចិត្តសេចក្តីបាន។
ពុទ្ធសាសនិកជន អ្នកបុណ្យ អ្នកទាន គួរតែមានរឿងនគរកាយនេះទុកជាអារ្យទ្រព្យរបស់ខ្លួនសំរាប់មើលផ្ទាល់ខ្លួន ឬ ឲ្យគេអានឲ្យស្តាប់ ឬក៏និមន្តធម្មកថិក ទេសនាក្នុងថ្ងៃសីល ឬពេលទំនេរ ឬក៏វេលាជរាពាធ។ បើបានចារ ចំលងដាក់ស្លឹករិតសំរាប់និមន្តធម្មកថិកទេសនា ក្នុង ទីប្រជុំបុណ្យទានក៏រិតតែគាប់ប្រសើរណាស់ ជាការតអាយុព្រះពុទ្ធសាសនា ញ៉ាំង បសាទ សង្វេគ សុចរិត ជាហេតុនៃបុណ្យកុសលដែលអាចផ្តល់សេចក្តីសុខចំរើនក្នុងលោកនេះ លោក ខាងមុខ និងញ៉ាំងបច្ច័យនៃព្រះនិញ្វនឲ្យកើតមានដល់ពុទ្ធបរិសទ្ធ ក្នុងអានាគតជាអនេកតទៅ សូមសិរីសួស្តីកើតមានដល់អស់លោកអ្នកអាន និងអ្នកស្តាប់ទាំងឡាយ!។

ថ្ងៃទី ១មករា ព.ស ២៤៩៤ គ.ស ១៩៥២

ចាប ពិន

នមត្ថុ រតនត្តយស្ស សូមនមស្ការចំពោះព្រះរតនត្រៃ ហើយសូមសំដែងនូវធម្មកថា គតិធម៌ ធៀប គតិលោកដូចតទៅនេះ។
ឯកោ រាជាចិត្តំ នាម នគរកាយេ រជ្ជំ ការេសិ។ តស្ស អគ្គម ហេសី អវិជ្ជា ទេវី នាម បិតា មោហោ នាម មាតាលោភ ទេវី នាម។

សាធុសប្បុរសជនទាំងឡាយ! ក្នុងនិរន្តរកាល មានព្រះរាជាមួយព្រះអង្គទ្រង់ព្រះនាមព្រះបាទចិត្តរាជ បរមក្សត្រ គ្រងរាជសម្បត្តិក្នុងព្រះនគរមួយឈ្មោះ នគរកាយ។ ព្រះរាជាអង្គនោះមានព្រះអគ្គមហេសីទ្រង់ព្រះនាមព្រះនាង អវិជ្ជាទេវី ជាទីគាប់ព្រះទ័យជាងស្នំទាំងពួង ព្រះបិតា ទ្រង់ព្រះនាម ព្រះបាទមោហរាជ ព្រះមាតាទ្រង់ព្រះនាម លោភ ទេវី។

នគរកាយមានទ្វារ ៦ គឺ

កែប្រែ
  1. ចក្ខុទ្វារ (ទ្វារភ្នែក) ២
  2. សោតទ្វារ (ទ្វារត្រចៀក) ២
  3. ឃានទ្វារ (ទ្វារច្រមុះ) ២
  4. ជីវ្ហាទ្វារ (ទ្វារមាត់) ១
  5. បស្សាវទ្វារ (ទ្វារតូច) ១
  6. ឧច្ចារទ្វារ (ទ្វារធំ) ១។


មានប្រាង្គប្រាសាទ៥ គឺ

កែប្រែ
  1. ចក្ខុប្រាសាទជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់ទតល្បែងរបាំទាំងពួង
  2. សោតប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់សូរស័ព្ទតូរ្យតន្រ្តីទាំងពួង
  3. ឃានប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់ព្រះសគុន្ធរស
  4. ជិវ្ហាប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់សោយព្រះសុទ្ធាភោជនាហារដ៏មានឱជារស
  5. កាយប្រាសាទ ជាព្រះទីនាំងសំរាប់ព្រះមហាក្សត្រទ្រង់គ្រឿងអលង្ការទាំងពួង មានគ្រឿងបញ្ចកកុដភណ្ឌជាគ្រឿងសំរាប់រាជ្យជាដើម។


ព្រះបាទចិត្តរាជ ព្រះអង្គមានមហាតលិក ៧ នាក់ដែលទ្រង់តាំងទុកក្នុងឋានន្តរសក្តិទីហ្មឺនមានមុខងារផ្សេងៗគ្នា សំរាប់ជារាជបំរើតាមពេលដែលទ្រង់ត្រូវការ គឺ៖

មហាតលិក ៧ នាក់

កែប្រែ
  1. ហ្មឺន ផស្សោ ជាអ្នកចាប់កាន់ព្រះអង្គ
  2. ហ្មឺនសញ្ញា ជាអ្នកចាំសំគាល់កិច្ចការទាំងពួង ព្រះរាជាតែងទ្រង់ប្រើឲ្យ សញ្ញាកត់សំគាល់
  3. ហ្មឺន វេទនា ជាអ្នកណែនាំព្រះមហាក្សត្រឲ្យសោយអារម្មណ៍ផ្សេងៗមានសុខជាដើម
  4. ហ្មីន ចេតនា ជាអ្នកចាំទទួលព្រះរាជឱង្ការក្នុងកាលដែលព្រះរាជាត្រូវការប្រើទៅកាន់ទីណាក៏ទៅ
  5. ហ្មឺន ឯកត្គតា ជាអ្នកស្លូតត្រង់ ព្រះរាជាទ្រង់ទុកព្រះទ័យជឿយកពាក្យ
  6. ហ្មឺន នសិករោ ជាអ្នកយកចិត្តទុកដាក់នៅកិច្ចការផ្សេងៗ ដែលព្រះរាជាទ្រង់ប្រើ
  7. ហ្មឺន ជិវតិន្រ្ទីយ ជាអ្នកជួយផ្គត់ផ្គង់ព្រះជន្មព្រះរាជាឲ្យមានព្រះជីវភាព។


ព្រះបាទចិត្តរាជ ព្រះអង្គមានបុរោហិត ៣រូប ទ្រង់តាំងទុកក្នុងថានន្ដរស័ក្ដិ ជារាជគ្រូសំរាប់ណែនាំព្រះអង្គក្នុងព្រះរាជពិធីផ្សេងៗដែលត្រូវការគឺ

បុរោហិត ៣ រូប

កែប្រែ
  1. ព្រះរាជគ្រូវិតក្កោ ជាអ្នកណែនាំព្រះរាជាឲ្យត្រិះរិះនូវកិច្ចការផ្សេងៗ
  2. ព្រះគ្រូវិចារោ អ្នកណែនាំព្រះរាជាឲ្យពិចារណានូវកិច្ចការផ្សេងៗ
  3. ព្រគ្រូអធិមោក្ខោ អ្នកណែនាំព្រះរាជាឲ្យមានព្រះទ័យតាំងស៊ប់ក្នុងកិច្ចការផ្សេងៗ។

ព្រះបាទចិត្តរាជ ព្រះអង្គមានព្រះឥសី ៣រូបដ៏ប្រកបដោយអភិញ្ញា និងសមាបត្តិ ព្រះអង្គទ្រង់តាំងទុកក្នុងឋានន្តរសក្តិ។
ជាអ្នកពន្យល់ព្រះអង្គគឺ៖

ព្រះឥសី ៣ រូប

កែប្រែ
  1. ព្រះបីតិ ជាអ្នកពន្យល់ព្រះរាជាឲ្យមានព្រះអំណរដ៏ត្រជាក់ជ្រួតជ្រាបផ្សព្វផ្សាយក្នុងអារម្មណ៍ផ្សេងៗ
  2. ព្រះឆន្ទោ ជាអ្នកពន្យល់ព្រះរាជាឲ្យមានព្រះទ័យស្រលាញ់នូវកិច្ចការទាំងពួង
  3. ព្រះ វិរិយោ ជាអ្នកពន្យល់ព្រះរាជាឲ្យមានព្រះទ័យព្យាយាមកិច្ចការផ្សេងៗ។


មិនតែប៉ុណ្ណោះព្រះបាទចិត្តរាជ ព្រះអង្គមានព្រះភិក្ខុ ៣រូបទ្រង់តាំងទុកក្នុងសមណសក្តិជាព្រះជីតុនសំរាប់ជួយរំលឹកព្រះអង្គគឺ៖

ព្រះភិក្ខុ ៣ រូប

កែប្រែ
  1. ព្រះអនិច្ចំ ជាអ្នករំលឹកព្រះរាជាឲ្យនឹកឃើញសេចក្តីមិនទៀងរបស់សង្ខារ
  2. ព្រះទុក្ខំ ជាអ្នករំលឹកព្រះរាជាឲ្យនឹកឃើញសេចក្តីទុក្ខរបស់សង្ខារ
  3. ព្រះអនត្តា ជាអ្នករំលឹកព្រះរាជាឲ្យនឹកឃើញសេចក្តីមិនមានខ្លឹមសាររបស់សង្ខារ។


ព្រះជីវតុនទាំង ៣រូបនេះតែងតែរំលឹកធម៌អាថិចំពោះព្រះមហាក្សត្រឲ្យទ្រង់ពិចារណាឃើញតាមពិតក្នុងព្រះ ត្រៃលក្ខណញ្ញាណ មិនឲ្យព្រះអង្គធ្វេសប្រហែស ក្នុងកុសលធម៌ទាំងពួង។ ព្រះបាទចិត្តរាជ ព្រះអង្គមានព្រះញាតិវង្ស ១៤អង្គ ជាព្រះញាតិខាងព្រះមាតា បិតាជាបាបជន មានយោបស់មិនប្រពៃ ព្រះអង្គទ្រង់តាំងទុកក្នុងឋានន្តរស ក្តិទីឃុនគ្រប់រូបគឺ៖

ព្រះញាតិវង្ស ១៤អង្គ

កែប្រែ
  1. ឃុន មោហោ ជាអ្នកនាំព្រះរាជាឲ្យវង្វេង
  2. ឃុន អហិរកំ ជាអ្នកនាំព្រះរាជាមិនឲ្យខ្មាសបាប
  3. ឃុន អនោត្តប្បំ ជាអ្នកនាំព្រះរាជាមិនឲ្យខ្លាចបាប
  4. ឃុន ឧទ្ធច្ចំ ជាអ្នកនាំព្រះរាជាឲ្យរាយមាយ
  5. ឃុន លោភោ ជាអ្នកនាំព្រះរាជាឲ្យលោភ
  6. ឃុន ទិដ្ឋិ ជាអ្នកនាំព្រះរាជាឲ្យយល់ខុស
  7. ឃុន មានោ ជាអ្នកនាំព្រះរាជាឲ្យប្រកាន់ព្រះអង្គ
  8. ឃុន ទោសោ ជាអ្នកនាំព្រះរាជាឲ្យប្រទូស្តគេ
  9. ឃុន ឥស្សា ជាអ្នកនាំព្រះរាជាឲ្យច្រណែន
  10. មិច្ឆរយំ ជាអ្នកនាំព្រះរាជាឲ្យកំណាញ់
  11. កុក្កុច្ចំ ជាអ្នកនាំព្រះរាជាឲ្យអន្ទះអន្ទែង
  12. ឃុន ថីនំ ជាអ្នកនាំព្រះរាជាឲ្យរួញរា
  13. ឃុន មិទ្ធំ ជាអ្នកនាំព្រះរាជាឲ្យងុយងោក
  14. ឃុន វិចិកច្ឆា ជាអ្នកនាំព្រះរាជាឲ្យសង្ស័យ។


ព្រះញាតិវង្ស ១៤អង្គនេះ ជាអ្នកទុកព្រះទ័យព្រះបាទចិត្តរាជយ៉ាងជិតស្និទ្ធ ព្រះអង្គតែទ្រង់ប្រោសប្រាណ ឲ្យចូល ជិតគាល់បំរើជានិច្ច ជាកាលពុំដែលខានពេលណាមួយឡើយ។ ព្រះរាជាចិត្តរាជ ព្រះអង្គមានអគ្គសេនា ១៩នាក់ជា វរជនមានយោបល់ល្អ ព្រះអង្គតាំងទុកក្នុងឋានន្តរសក្តិ ទីឧកញ៉ាគ្រប់រូបគឺ៖

អគ្គសេនា ១៩នាក់

កែប្រែ
  1. ឧកញ៉ា សទ្ធា ជាអ្នកនាំព្រះរាជាឲ្យជឿកម្មផល
  2. ឧកញ៉ា សតិ ជាអ្នកនាំព្រះរាជាឲ្យមានព្រះស្មារតី
  3. ឧកញ៉ា ហិរិ ជាអ្នកនាំព្រះរាជាឲ្យខ្មាសបាប
  4. ឧកញ៉ា ឱត្តប្បំ ជាអ្នកនាំព្រះរាជាឲ្យខ្លាចបាប
  5. ឧកញ៉ា អលោភោ ជាអ្នកនាំព្រះរាជាមិនឲ្យលោភ
  6. ឧកញ៉ា អទោសោ ជាអ្នកនាំព្រះរាជាមិនឲ្យប្រទូស្តគេ
  7. ឧកញ៉ា តត្រមជ្ឈត្តតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះទ័យកណ្តាល
  8. ឧកញ៉ា កាយបស្សទ្ធិ ជាអ្នកនាំព្រះរាជាឲ្យមានព្រះនាមកាយរំងាប់
  9. ឧកញ៉ា ចិត្តបស្សទ្ធិ ជាអ្នកនាំព្រះរាជាឲ្យមានព្រះទ័យរំងាប់
  10. -ឧកញ៉ាកាយលហុតាជាអ្នកនាំព្រះរាជាឲ្យមានព្រះនាមកាយស្រាល
  11. ឧកញ៉ា ចិត្តលហុតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះទ័យស្រាល
  12. ឧកញ៉ា កាយមុទិតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះកាយទន់ភ្លន់
  13. ឧកញ៉ា ចិត្តមុទិតា ជាអ្នកនាំព្រះរាជាឲ្យព្រះទ័យទន់ភ្លន់
  14. ឧកញ៉ាកាយកម្មញ្ញតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះនាមកាយគួរដល់ការងារ
  15. ឧកញ៉ាចិត្តកម្មញ្ញតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះទ័យគួរដល់ការងារ
  16. ឧកញ៉ា កាយចាគុញ្ញតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះនាមកាយជំនាញ
  17. ឧកញ៉ា ចិត្តគុញ្ញតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះទ័យជំនាញ
  18. ឧកញ៉ា កាយុជកតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះនាមកាយត្រង់
  19. ឧកញ៉ា ចិត្តជុកតា ជាអ្នកនាំព្រះរាជាឲ្យមានព្រះទ័យត្រង់។

អគ្គសេនាទាំង ១៩នាក់នេះជាទីទុកព្រះទ័យព្រះរាជាចិត្តរាជ ព្រះអង្គទ្រង់តាំងទុកជាឧត្តមក្រុមប្រឹក្សា សំរាប់ជំនុំការរាជការផែនដីនៃនគរកាយតាំងព្រះនេត្រព្រះកាណ៌ព្រះអង្គ។ ព្រះរាជាចិត្តរាជ ព្រះអង្គគ្រប់គ្រងរាជសម្បត្តិជាសម្បូណាជ្ញាសិទ្ធិរាជ មានព្រះអំណាចដ៏សម្បូណ៌មហិមា ជាសុខ សប្បាយក្នុងកាយប្រទេសល្បីឮសុសសាយទូទៅដល់ប្រទេសនានា។

ឯកោ រាជា មច្ចុ នាម មហិទ្ធកោ អហោសិសាធុសប្បុរសជនទាំងឡាយ! ក្នុងទីមិនឆ្ងាយពីនគរកាយនោះ មានព្រះរាជាមួយព្រះអង្គទៀតព្រះនាមព្រះបាទមច្ចុរាជជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិ មានសន្តានអាក្រក់តែងត្រាច់ទៅគ្របសង្កត់សព្វ សត្វក្នុងត្រៃភពតាំងពីមនុស្សលោកដល់ព្រហ្មលោកឲ្យឋិតនៅក្នុងកណ្តាប់ព្រះហស្តនៃព្រះអង្គ ស្តេចមានចតុរង្គសេនា ៤កងពលធំ សុទ្ធតែជាមេទ័ពដ៏មានប្រតិពលក្នុងកលោបាយ (ឧបាយដែលប្រកបដោយកលល្បិចកល និងឧបាយ ឬកលល្បិច ល្បិចក្នុងល្បិច) និងយុទ្ធវិធីគ្រប់ជំពូក មានឥទ្ធិរិទ្ធចេស្តាមហិមា អាចផ្ចាញ់បច្ចាមិត្រ គ្រប់ទិសានុទិសឲ្យបរាជ័យឥតបើមាននរណាមួយក្នុងត្រៃលោកតស៊ូបានឡើយ។ ចតុរង្គសេនា ៤កងពលនោះមានមេទ័ព ៤នាក់គឺ៖

មេទ័ព ៤ នាក់

កែប្រែ
  1. នាយជាតិ ជាមេទ័ពមានសមត្ថភាពខាងស្ថាបនាវត្ថុធាតុផ្សេងៗដែលមិនទាន់កើតឲ្យកើតឡើង
  2. នាយជរា ជា មេទ័ពមានសមត្ថភាពខាងធ្វើវត្ថុធាតុផ្សេងៗដែលខ្មាំងបង្កើតឡើងហើយ ឲ្យទ្រុឌទ្រោមទៅ ។
  3. នាយព្យាធិ ជា មេទ័ពមានសមត្ថភាពខាងធ្វើខ្មាំងដែលមានកម្លាំងរឹងប៉ឹងឲ្យទុព្វលភាព
  4. នាយមរណ ជា មេទ័ពមានសមត្ថភាពខាងសំលាប់ខ្មាំងគ្មានគេចរួចម្នាក់ ។


មេទ័ពម្នាក់ៗមានបរិវារច្រើន តែងចេញចូលគាល់បម្រើរក្សាការពារអង្គព្រះបាទមច្ចុរាជ ។ ជានិច្ចជាកាល ព្រះបាទមច្ចុរាជ តែងទ្រង់ប្រើមេទ័ពទាំង ៤ នាក់ ទៅយាយីសំលាប់ពួកខ្មាំងទាំងពួងក្នុងត្រៃលោក ។

អំពីព្រះបាទចិត្តរាជ

កែប្រែ

កិត្តិស័ព្ទព្រះបាទចិត្តរាជ បានល្បីរន្ទឺឮសាយទៅដល់ព្រះបាទមច្ចុរាជនោះថា ព្រះនគរមួយឈ្មោះនគរកាយជា ស្រុក និទុក្ខំ សុខសប្បាយក្រៃពេក ។ ព្រះរាជា ជា អគ្គប្រមុខនគរកាយនោះព្រះនាមព្រះបាទចិត្តរាជ ជា បរមក្សត្រគ្រងសិរីសម្បត្តិសម្បូណ៌ ដោយព្រះរាជអំណាចមហិមា ។

អំពីព្រះបាទមច្ចុរាជ

កែប្រែ

កាលដំណឹងនោះឮសាយទៅដល់ព្រះសោតនៃព្រះបាទមច្ចុរាជ ។ ព្រះបាទមច្ចុរាជក៏ទ្រង់វិតក្កយ៉ាងក្រៃលែង ខ្លាចក្រែងព្រះបាទចិត្តរាជ កន្លងវិស័យនៃព្រះអង្គ ។ ទ្រង់មានព្រះរាជបំណងនឹងប្រើមេទ័ពទាំង ៤ កង ឲ្យទៅវាយដណ្តើមយកនគរកាយនោះ ឲ្យនូវក្រោមអំណាចព្រះអង្គតែមួយរំពេច ។ តែស្តេចទ្រង់ព្រះតំរិះឃើញថា “ព្រះបាទចិត្តរាជ ជា មហាក្សត្រដ៏មានអានុភាពមហិមា មានសេនា ទាហាន នាហ្មឺន សព្វមុខមន្រ្តីកុះករបរិបូណ៌ក្រៃពេក ។ បើអាត្មាអញ លើកកងទ័ពទៅកាច់យកភ្លាមៗ ឃើញថាពុំងាយបានឡើយ ណ្ហើយកុំដូច្នោះ ចាំអាត្មាអញប្រើចារទាហានទៅលួងយកដោយកលោបាយវិញ គឺ អាត្មាអញត្រូវបញ្ជូនមេទ័ពដ៏មានសមត្ថភាព ឲ្យទៅក្លែងធ្វើជាខ្ញុំបម្រើផ្ទាល់ព្រះបាទចិត្តរាជជាមុនសិន កាលបើចារទាហានអាត្មាអញ ទៅប្រតិបត្តិការបានសំរេចហើយសឹមអាត្មាអញឲ្យលើកកងទ័ពទៅវាយយកជាក្រោយ បើធ្វើដូច្នេះប្រហែលជាបានងាយ”កាលព្រះបាទមច្ចុរាជទ្រង់ព្រះតំរិះឃើញឧបាយដូច្នេះក៍ទ្រង់ព្រះបញ្ជាឲ្យហៅមេទ័ពទី ១ ឈ្មោះនាយជាតិចូលមកភ្លាម ។

លុះនាយជាតិ ចូលមកគាល់ស្តេចទ្រង់ត្រាស់ថា ៖ ”នែ នាយជាតិ! ចូរបាទទួលយកអាសាយើងក្នុងគ្រាឥលូវនេះ ចូរបាឯងទៅកាន់នគរកាយជាប្រញ៉ាប់ កាលទៅដល់ចូរបាឯងអែបអបធ្វើខ្លួនឲ្យជាទីជឿជិតស្និទ្ធស្នាលជាមួយនឹងសេវកាមាត្យ ព្រមទាំងមាតាបិតាវង្សាគណញាតិនៃព្រះបាទចិត្តរាជ បើបាឯងបានជាទីសិ្នទ្ធស្នាលនឹង គេហើយចូរបាឯងចូលថ្វាយខ្លួនជាខ្ញុំ គាល់បម្រើគេជានិច្ច និង ខំធ្វើរាជការគេឲ្យល្អ ឲ្យគេទុកចិត្តរាប់អានស្រលាញ់បា ដើម្បីនឹងបានជាសេយ្យសឹកក្នុងស្រុកគេ កាលធ្វើការបានសំរេចហើយ ចូរបាផ្ញើដំណឹងមកយើង” ។

លុះត្រាស់ដូច្នោះក៏ទ្រង់បញ្ជូននាយជាតិឲ្យទៅកាន់នគរកាយ ឯនាយជាតិកាលបានទទួលព្រះរាជឱង្ការហើយ ក៏នាំបរិវារធ្វើដំណើរឆ្ពោះទៅកាន់នគរកាយ នោះតាមព្រះរាជបញ្ជា ។ លុះនាយជាតិបានទៅដល់កាលណា ក៏ចូលទៅធ្វើជាមិត្តស្និទ្ធស្នាលជាមួយនឹងហ្មឺនសព្វមុខមន្រ្តីដោយឆ្លៀវឆ្លាសរបស់ខ្លួន ហើយក៏ចូលទៅផ្គាប់ផ្គុនព្រះមាតា បិតាអគ្គមហេសី និង ព្រះញាតិវង្សនៃព្រះបាទចិត្តរាជ កាលឃើញថាវរជនទាំងនោះ គេស្រលាញ់ពេញចិត្តអាណិតអាសូរខ្លួនហើយក៏ឲ្យនាំខ្លួនទៅថ្វាយព្រះមហាក្សត្រ ។ វរជនទាំងនោះក៏នាំនាយជាតិទៅថ្វាយខ្លួនចំពោះព្រះបាទចិត្តរាជ ។ កាលបើមានករណីប្លែកដូច្នេះ ព្រះបាទចិត្តរាជទ្រង់មានព្រះរាជឱង្ការឲ្យ អញ្ជើញរាជគ្រូ វិតក្កោ (សេចក្តីត្រិះរិះ រំពឹងសញ្ជឹងគិត)វិចារោ (ពិចារណ) អធិមោក្ខោ(ការដឹងច្បាស់ជឿស៊ប់ចិត្ត) ជាបុរោហិតទាំង ៣ រូបមក ប្រឹក្សាថា ៖ លោកទាំងពួងយល់ឃើញដូចម្តេចក្នុងរឿងនេះ គួរយើងទទួលយកជនបរទេស នេះទុកក្នុងស្រុកយើងឬពុំគួរ? ។

ឯបុរោហិតទាំង៣រូបនោះ ហេតុតែជាអ្នកមិនឈ្លាសក្នុងកលោបាយផ្សេងៗ ថែមទាំងជាអ្នកលេះលោះផងឃើញអ្នកណាគេផ្គាប់ផ្គុនក៏ទន់ចិត្តទៅតាមគេមិនគិតត្រិះរិះពិចារណារកហេតុផលឲ្យល្អិតជាមុនឡើយ ។ កាលព្រះរាជាត្រាស់សួដូច្នោះ បុរោហិតក៏ក្រាបបង្គំទូលភ្លាមថា ៖ “បពិតមហារាជដ៏ទ្រង់នូវព្រះរាជសម្ភារ! បើមានជនបរទេសគេស័្មគ្រចូលថ្វាយខ្លួនជាខ្ញុំបម្រើក្រោមល្អងធូលីព្រះបាទព្រះអង្គ ដោយទ្រង់ឥតបង់ខាតអ្វីដូច្នេះ គួរទ្រង់ទទួលយកចុះ” ។ ព្រះបាទចិត្តរាជ បរមក្សត្រកាលបានទ្រង់ព្រះសណ្តាប់ដូច្នេះក៏ទ្រង់ព្រះរាជានុមត្តិឲ្យជប់លៀងនាយជាតិហើយឲ្យគេនៅជាខ្ញុំរាជការតទៅ ។ នាយជាតិបានឧស្សាហ៍ធ្វើការ ថ្វាយព្រះបាទចិត្តរាជ ហើយទ្រង់ព្រះរាជទានគ្រឹះស្ថានឲ្យនាយជាតិ ព្រមទាំងបរិវារនៅជាសុខសប្បាយ។

ចាប់ផ្តើមពីនោះមក នាយជាតិ ព្រួតដៃជាមួយមេជាងឈ្មោះតណ្ហាដែលជាជាងធំ នៅក្នុងនគរកាយនោះស្រាប់នាំគ្នាឧស្សាហ៍កសាងនគរកាយត្រង់ណាដែលមិនទាន់ស្រេចឲ្យសំរេចដោយរហ័ស ត្រង់ណាស្រេចហើយឲ្យចំរើនឡើងសព្វ ទិវារាត្រី ញ៉ាំងព្រះបាទចិត្តរាជឲ្យទុកព្រះទ័យពន់ពេក ។ កាលបានឱកាសល្អ នាយជាតិ ជាមេទ័ពទី ១ ក៏បញ្ជូនចុតហ្មាយទៅថ្វាយព្រះបាទមច្ចុរាជថា ៖ សូមព្រះតេជៈតំកល់លើត្បូង សូមព្រះរាជទានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិត សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ។ សូមទ្រង់ ព្រះមេត្តាប្រោស! ករណីយដែលព្រះអង្គ ប្រើទូលព្រះបង្គំឲ្យទៅជាចារបុស ធ្វើការឯនគរកាយនោះ ឥលូវនេះទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជបានសំរេចគ្រប់ប្រការហើយ សូមទ្រង់បញ្ជូនមេទ័ពទី ២ ទៅទៀតដើម្បីប្រតិបត្តិការ ថ្វាយល្អងធូលីព្រះបាទឲ្យបានសំរេចតទៅ ។ ហត្ថលេខានាយ ជាតិ ។

ព្រះបាទមច្ចុរាជធិរាជ កាលទ្រង់អានចុតហ្មាយនោះហើយក៏ទ្រង់ប្រើនាយជរា មេទ័ពទី ២ ឲ្យលើកទ័ពចេញទៅទៀតដើម្បីឲ្យមេទ័ពនោះ ធ្វើនគរកាយឲ្យទ្រុឌទ្រោម ហើយនឹងបញ្ជូនមេទ័ពធំៗដទៃទៀតទៅតាមក្រោយ ។ នាយជរា ទទួលព្រះរាជឱង្ការហើយ ក៏នាំបរិវារមកកាន់នគរកាយដោយសួស្តី លុះដល់ហើយតំរង់ទៅរកនាយជាតិជាពួកខ្លួនដែលមកនៅមុន ។ នាយជាតិក៏ទទួលនាយជរាទុកនៅជាមួយគ្នាក្នុងនគរកាយនោះដោយសេរី ឥតបើឲ្យគេនាំទៅថ្វាយព្រះបាទចិត្តរាជដូចមុនឡើយ ។ តាំងពីពេលនោះមក នាយជាតិ និង នាយជរាក៏នាំបរិវាររៀងខ្លួនត្រាច់រុករានទន្រ្ទាននគរកាយ គឺ ធ្វើរូបកាយយើងគេគ្រប់គ្នាឲ្យចាស់គ្រាំគ្រា ១ ថ្ងៃបន្តិចៗតាមលំដាប់ ។ ឯព្រះអនិច្ចំ ជាព្រះជីតុន កាលបានជ្រាបក៏ចូលទៅថ្វាយព្រះពររំលឹកព្រះបាទចិត្តរាជថា ៖ “បពិតមហារាជដ៏ទ្រង់នូវព្រះរាជសំភារ ឥលូវនេះព្រះនគរកាយរបស់ព្រះ អង្គគ្រាំគ្រាហើយមិនមាំមួនដូចមុនទេ ដោយមច្ចុរាជឲ្យសត្រូវពីខាងក្រៅចូលមកបំផ្លាញ សូមព្រះអង្គគិតគូរឲ្យមែនទែនកុំបីធ្វេសប្រហែស” ។

កាលព្រះជីតុនរំលឹកដូច្នោះ ព្រះបាទចិត្តរាជ និង បានព្រឺខ្លាចសូម្បីប៉ុនចុងសក់ក៏ទេ ដោយវង្វេងតាមព្រះនាងអវិជ្ជាទេវីជាព្រះអគ្គមហេសីពុំមានឱកាសចេញទៅទត ព្រះនគរកាយបានឡើយ ។ ព្រះអនិច្ចំ ជាព្រះជីតុនកាលបានឃើញព្រះបាទចិត្តរាជនៅព្រងើយដូច្នោះទើបចូលទៅថ្វាយព្រះពរតឿនម្ដងទៀតថា ៖
“បពិតមហារាជដ៏ទ្រង់នូវព្រះការុញ្ញភាព! ហេតុម្តេចបានជាព្រះអង្គគង់ស្ងៀមដូច្នេះ? មិនសមគួរទេព្រះអង្គ!ឥលូវព្រះនគរកាយរបស់ព្រះអង្គគ្រាំគ្រាហើយ សូមស្តេចយាងទៅទតខ្លះផង” ។

លុះព្រះជីតុនដាស់តឿនដល់ពីរដង ព្រះបាទចិត្តរាជទ្រាំគង់ស្ងៀមពុំបានក៏ទ្រង់ស្តេចទតបន្តិច ឃើញដូចពាក្យព្រះជីតុនរំលឹកមែនតែគង់នៅស្ងៀមទៅវិញពុំបានគិតដល់ព្រះនគរឡើយ ។ ទោសទាំងនេះមកពីទ្រង់វង្វេងដោយព្រះនាងអវិជ្ជាទេវី ។ កាលនាយជាតិ និង នាយជរាជាមេទ័ពទាំងពីរនាក់ឃើញដូច្នោះក៏បញ្ជូនសារទៅ ថ្វាយព្រះបាទមច្ចុរាជថា ៖
សូមព្រះតេជៈតំកល់លើត្បូងសូមព្រះរាជទានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិត សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ។ សូមទ្រង់ព្រះមេត្តាប្រោស! ឥលូវព្រះបាទចិត្តរាជកំពុងប្រមាទ សូមទ្រង់បញ្ជូនមេទ័ពទី៣ ព្រមទាំងយោធាជាបរិវារទៅទៀតដើម្បីប្រតិបត្តិការឲ្យបានឆាប់ បានសំរេចទាន់ព្រះរាជហរិទ័យតទៅ ។ ហត្ថលេខា នាយជាតិ ជរា ។

លុះព្រះបាទមច្ចុរាជបានទ្រង់ជ្រាបព្រឹត្តការណ៍នោះ ទើបទ្រង់ព្រះរាជបញ្ជាប្រើនាយព្យាធិ ជាមេទ័ពកំណាចទី៣ ព្រមទាំងបរិវារ ៩៦ នាក់ គឺ ឆន្នវុតិរោគ ឲ្យមកកាន់នគរកាយ ។ នាយព្យាធិព្រមទាំងបរិវារក៏នាំគ្នាទៅតាមព្រះរាជបញ្ជា កាលទៅដល់ហើយ នាយព្យាធិព្រមទាំងបរិវារ ៩៦នាក់ បានញាំញីកំទេចនូវទ្វារនគរ និង បន្ទាយ តូចធំព្រមទាំងគ្រឿងប្រដាប់ផ្សេងៗឲ្យរលំរលាយបាក់បែកគ្រប់អន្លើ អ្នកនគរកាយកើតចលាចលរកចេញចូលពុំបាន ។ ធ្វើទាំងនេះដោយប្រាថ្នាតែចាប់យកព្រះបាទចិត្តរាជមួយមុខប៉ុណ្ណោះ ។

ឯព្រះទុក្ខំ ជាព្រះជីតុន កាលបានឃើញក៏ចូលទៅថ្វាយព្រះពរព្រះបាទចិត្តរាជថា ៖ “បពិតមហារាជដ៏ទ្រង់នូវព្រះតេជានុភាព! ព្រះអង្គពុំទាន់ជ្រាបទេឬ? ឥលូវព្រះនគរកាយនៃព្រះអង្គវិកលវិការហើយ ដោយនាយជាតិជាមេទ័ពទី ១ ដែលចូលមកនៅមុនបង្អស់ គេគប់គិតគំនិតជាមួយនាយជរាមេទ័ពទី ២ និង នាយព្យាធិមេទ័ពទី៣ព្រម ទាំងឆន្នវុតិរោគ ៩៦ នាក់ជាបរិវារនាំគ្នាធ្វើឲ្យវឹកវរ បើព្រះអង្គធ្វើព្រងើយកន្តើយ ព្រះនគរកាយមុខជាអន្តរាយពុំខានសូមទ្រង់ជ្រាប” ។

ព្រះបាទចិត្តរាជបរមក្សត្រ កាលបានទ្រង់ព្រះសណ្តាប់ដូច្នោះក៏រសាប់រសល់ក្នុងព្រះទ័យក្រៃពេក ទ្រង់ស្តេចចេញទៅទតសព្វសព៌ាង្គព្រះនគរកាយ លុះឃើញច្បាស់ក៏ទ្រង់សោយទុក្ខវេទនា ទ្រង់ព្រះកន្សែងខ្សឹកខ្សួលជាខ្លាំងរកបុគ្គលណាមួយជួយយកអាសារកំចាត់ព្យាធិសេនាជាខ្មាំងសត្រូវពុំបាន ដោយមហាជនទាំងពួងសឹងតែខ្លាចអំណាចព្យាធិសេនាទាំងអស់គ្នា ។ លុះនាយជាតិ ជរា ព្យាធិ ជាមេទ័ពទាំងបីនាក់ បានឃើញអាការដូច្នេះក៏បញ្ជូនសារទៅថ្វាយព្រះបាទមច្ចុរាជថា ៖
សូមព្រះតេជៈតំកល់លើត្បូងសូមព្រះរាជទានក្រាបបង្គំទូលព្រះករុណាជាអម្ចាស់ជីវិត សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ ។ សូមទ្រង់ព្រះមេត្តាប្រោស! ឥលូវព្រះបាទចិត្តរាជ ខ្សោយកម្លាំងណាស់ហើយ សូមទ្រង់បញ្ជូនមេទ័ពទី ៤ ទៅទៀតជាប្រញាប់ ដើម្បីព្រួតគ្នាចាប់ព្រះបាទចិត្តរាជ យកមកថ្វាយ យ៉ាងរួសរាន់ ។ ហត្ថលេខា នាយជាតិ ជរា ព្យាធិ ។

កាលព្រះបាទមច្ចុរាជបានទ្រង់ជ្រាបព្រឹត្តិហេតុនោះក៏ទ្រង់បញ្ជូនមេទ័ពទី ៤ ធំបំផុត ឈ្មោះនាយមរណៈ ដ៏មានអានុភាពមហិមាជាងមេទ័ពមុនៗ អាចប្រាបប្រាមបច្ចាមិត្តគ្រប់ទិសតំបន់ឲ្យវិនាសអន្តរាយកណ្តាលសមរភូមិ ។ សត្តនិករក្នុងត្រៃលោកសឹងកោតខ្លាចអំណាចមេទ័ពនេះណាស់គ្រាន់តែឮថាឈ្មោះមរណៈសេនា មកជិតដល់ក៏សឹងតែនាំគ្នារត់ជ្រកយកតែអាយុរៀងខ្លួន តែទោះបីអ្នកណារត់ទៅពួនក្នុងទីណាៗក្តីក៏ពុំដែលរួចពីកណ្តាប់ដៃនាយមរណៈនោះបានឡើយ ។

ឯមេទ័ពទី ៤ ឈ្មោះនាយមរណៈ កាលបានទទួលព្រះរាជបញ្ជាហើយ ក៏នាំបរិវារទៅកាន់នគរកាយលុះចូលទៅដល់ទៅផ្សំគ្នានឹងមេទ័ពទាំងបីនាក់ ដែលមកមុននោះហើយ ក៏រុករានទន្រ្ទានបុកបែនញាំញីបិទទ្វារទាំង ៩ នៃនរគរកាយឲ្យងងឹតជុំវិញហើយចូលទៅដេញចាប់តួអង្គព្រះបាទចិត្តរាជបាន ព្រមទាំងនាហ្មឺនសព្វមុខមន្រ្តី និង អាណាប្រជាជនទាំងពួងគ្មានសល់ម្នាក់នាំចេញចាកនគរកាយ ។ ឯនគរកាយនោះកាលបើពុំមានបុគ្គលណាមួយនៅហើយក៏ទ្រុឌទ្រោមទៅ ។

នគរកាយ គឺ រាងកាយយើងគេទាំងពួង ព្រះបាទចិត្តរាជ គឺ ចិត្តយើង គេទាំងពួងនិមិត្តតែចិត្តពុំឋិតនៅក្នុងរាងកាយហើយ រាងកាយក៏ពុំអាចទប់ទល់នៅបានតែងដល់នូវសភាពជារាងកាយស្អុយរលួយធម្មតាដោយប្រការដូច្នេះ ។ សាធុសប្បុសជនទាំងឡាយ! កាលមេទ័ពទាំង ៤ នាក់ព្រមទាំងបរិវារចាប់ព្រះបាទចិត្តរាជបានហើយ ក៏នាំទៅកាន់សំណាក់ព្រះបាទមច្ចុរាជ ។ ឯព្រះបាទមច្ចុរាជ កាលឲ្យចាប់ព្រះបាទចិត្តរាជបានមកហើយ នឹងយកទុកនៅជាខ្ញុំបម្រើក៏ទេ ត្រលប់ជាបណ្តេញទៅវិញថា “ចូរអ្នកឯង ទៅតាមយថាកម្មខ្លួនចុះ!” ។ លំដាប់នោះព្រះបាទចិត្តរាជក៏នាំបរិពារទៅរកទីលំនៅ កសាងនគរកាយជាថ្មីដូចមុន ។

ឯព្រះបាទមច្ចុរាជស្តេចកំបាប កាលបានជ្រាបថា ព្រះបាទចិត្តរាជ កសាងនគរកាយជាថ្មី ក៏ទ្រង់ប្រើមេទ័ពទាំង ៤ ឲ្យទៅតាមបៀតបៀនចាប់តួអង្គព្រះបាទចិត្តរាជ ឲ្យព្រាត់ចាកនគរកាយថ្មីនោះទៀត និមិត្តតែព្រះបាទចិត្តរាជកសាងនគរកាយវេលាណា ក៏ធ្វើឲ្យអន្តរាយវេលានោះ រាល់គ្រាពុំដែលខានម្តងណាឡើយ ។ ព្រះបាទចិត្តរាជក៏ទ្រង់សោយទុក្ខវេទនាគ្មានស្រាកស្រាន្ត ។ គ្រាមួយជាវេលាមានជោគវាសនាល្អព្រះបាទចិត្តរាជក៏ទ្រង់ព្រះតំរិះថា “អាត្មាអញធ្វើម្តេចនឹងបានរួចពីកណ្តាប់ដៃនៃមច្ចុរាជនេះបានអេះ? ឱហ្ន៎! អាត្មាអញនឹងឲ្យទៅអារាធនា ព្រះភិក្ខុជាព្រះជីតុន និង ឥសីចូលមកប្រឹក្សាគ្នា ក្រែងលោកឃើញឧបាយយ៉ាងណាខ្លះ?” ។ លុះទ្រង់ព្រះតំរិះហើយទ្រង់ព្រះបញ្ជាប្រើមហាតលិក ២ នាក់ គឺ ហ្មឺនចេតនា ជាមហាតលិកស្តាំ ហ្មឺនមនសិករោ ជាមហាតលឹកឆ្វេងថា ៖ ”នែបាទាំងឡាយ! ចូរបាយកអាសាយើង ទៅអារាធនាព្រះភិក្ខុជាព្រះជីតុនទាំង៣រូប គឺ ព្រះអនិច្ចំ ទុក្ខំ អនត្តា និង ឥសីទាំងបីរូប គឺ ព្រះបីតិ ឆន្ទោ វិរិយោ និង បុរោហិតទាំងបីរូប គឺ ព្រះរាជ គ្រូវិតក្កោ វិចារោ អធិមេក្ខោ ហើយ និង អគ្គសេនាទាំង ១៩ នាក់មានឧកញ៉ាសទ្ធាជាដើមឲ្យមកកាន់សំណាក់យើងក្នុងខណៈនេះ” ។

មហាតលិកទាំង ២ នាក់ក៏ម្នីម្នាទៅរក វរស្រមណ៍ និង វរជនទាំងនោះតាមព្រះរាជបញ្ជា ។ វរស្រមណ៏ និង វរជនទាំងនោះក៏នាំគ្នាទៅកាន់ព្រះរាជសំណាក់តាមសេចក្តី អារាធនាអញ្ជើញ លុះទៅដល់ក៏ព្រះបាទចិត្តរាជត្រាស់ប្រឹក្សាការផែនដីថា ៖
”បពិតព្រះសម្មតិទេវរាជ! ការប្រឹក្សាគ្រានេះជាការធំដុំណាស់ ការនោះដែល នឹងសំរេចដាច់ខាតទៅបាន លុះតែបានសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ គឺ ព្រះសមាធិន្រ្ទីយ និង ព្រះបញ្ញិន្ទ្រីយមកជាទីប្រឹក្សាផង សូមព្រះអង្គឲ្យទៅអារាធនាសម្តេចមក” ។ ព្រះបាទចិត្តរាជទ្រង់ព្រះសណ្តាប់ទីប្រជុំក៏ទ្រង់ត្រាស់ប្រើហ្មឺនឯកត្គតាជាមហាតលិកដ៏មានចិត្តស្លូតត្រង់ថា ៖ “នែហ្មីនឯកត្គតា! ចូរបាទៅអារាធនាសម្តេចមហាសង្ឃរាជទាំងពីរព្រះអង្គមកជាប្រញាប់” ។

ហ្មឺនឯកត្គតា ក៏នាំព្រះរាជឱង្ការទៅថ្លែងទូលសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គថា ៖ “បពិតសម្តេចទ្រង់នូវសីលធម៌បរិសុទ្ធ! ព្រះបាទចិត្តរាជត្រាស់ប្រើទូលព្រះបង្គំជាខ្ញុំ ឲ្យមកអារាធនាសម្តេចទាំង ២ ព្រះអង្គចូលទៅកាន់ព្រះរាជនិវសេន៍ក្នុងខណៈនេះ” ។ សម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ កាលបានទទួលនិមន្តហើយក៏ទ្រង់ស្លៀកស្បង់គ្រងចីពរស្អាតបាត ទ្រង់យាត្រាទៅតាមមាគ៌ាទាំង ៤ ជាលោកុត្តរមាគ៌ាតាមលំដាប់ គឺ សោតៈ សកទាគា អានាគា អរហត្ត ដែលជាមាគ៌ា អាចនាំព្រះបាទចិត្តរាជចេញផុតពីកណ្តាប់ដៃនៃ មច្ចុរាចដោយសួស្តីបាន ។

លុះសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ និមន្តដោយផ្លូវធំចូលទៅកាន់ព្រះរាជសំណាក់គង់លើអាសនៈដ៏សមគួរហើយព្រះបាទ ចិត្តរាជក៏នមស្ការបូជាគោរព ហើយត្រាស់ពិតថេរដីការថា ៖ ”បពិតសម្តេចទាំងពីរព្រះអង្គ! ញោមមានសេចក្តីអផ្សុកខ្លាំងណាស់ បានជាអារាធនាសម្តេចជាអម្ចាស់មក ដើម្បីទ្រង់ជួយដោះទុក្ខញោមក្នុងគ្រាឥលូវនេះដ្បិតមច្ចុរាជ ចេះតែមកបៀតបៀនញោមដោយគេប្រើមេទ័ពធំទាំង ៤ ព្រមទាំងបរិវារឲ្យមកធ្វើបាបញោមគ្រប់ពេលដែលញោមសាង នគរកាយ ពុំដែលខានពេលណា ប្រាថ្នាឲ្យញោមនៅក្នុងអំណាចគេ បពិតសម្តេចដ៏ចំរើន! ធ្វើដូចម្តេចហ្ន៎ ឲ្យញោមបានរួចពីកណ្តាប់ដៃសត្រូវនេះបាន?” ។ សម្តេចព្រះមហាសង្ឃរាជទាំងពីរ ព្រះអង្គ គឺ ព្រះសមាធិន្រ្ទីយ និង ព្រះបញ្ញិន្រ្ទីយ លុះស្តាប់ព្រះរាជឱង្ការហើយក៏ប្រឹក្សាជាមួយ និង ព្រះជីតុនទាំង ៣រូប គឺ ព្រះអនិច្ចំ ទុក្ខំ អនត្តា និង ព្រះឥសីទាំង៣រូប គឺ ព្រះ បីតិ ឆន្ទោ វិរិយោ ។

ខៃសេចក្តីថាកាលសមាធិ និង បញ្ញាកើតឡើងក្នុងចិត្តទើបគិតឃើញព្រះត្រៃលក្ខណ៍ កាលព្រះត្រៃលក្ខណញ្ញាណកើតមានឡើងតែងមានបីតិ (អំណរ)ជ្រួតជ្រាបទូទៅក្នុងកុសលធម៌ទាំងពួង មានឆន្ទៈ (ស្រឡាញ់) កុសលកាត់អកុសលចោលបង់ មិនត្រេកអរ និង មាន វិរិយៈ(ព្យាយាម)ប្រាថ្នាឲ្យផុតចាកសង្សារវដ្ត ។ សម្តេចព្រះមហាសង្ឃរាជក៏ប្រឹក្សានឹងបុរោហិត ៣រូប គឺ រាជគ្រូ វិតក្កោ វិចារោ អធិមោក្ខោ ទៅទៀតថា ”លោក ណាយល់យ៉ាងណាខ្លះ?” ។ រាជគ្រូទាំង៣រូបនឹករំពឹងទៅក៏ឃើញទោសរបស់បុគ្គលជាពួកអកុសលហើយពិតថេរដឺ ការថា “ទូលព្រះបង្គំជាខ្ញុំទាំងឡាយយល់តាមសម្តេចទាំងអស់” ។

កាលបើដូច្នោះ សម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ ក៏ប្រឹក្សាសួរទៅឧកញ៉ាពញាព្រះហ្លួង ឃុន ហ្មឺន និង មហាតលិកទាំងពួងមានឧកញ៉ា សទ្ធា ជាដើមថា “លោកអ្នកទាំងអស់នេះយល់ឃើញដូចម្តេច?” ។ វរជនទាំងនោះកាលប្រឹក្សាយល់ ត្រូវគ្នាក៏ពិតថេរដិកាថា ៖ ”ទោសទាំងនេះមកតែពីបាបជន ១៤ អង្គ មានឃុនមោហោជាដើម ជាព្រះញាតិវង្សព្រះបាទមោហរាជជាព្រះបិតា ព្រះនាងលោភទេវីជាព្រះមាតា និង ព្រះនាងអវិជ្ជាទេវី ជាព្រះអគ្គមហេសី បានស្ម័គ្រយកមេទ័ពទាំង ៤ នាក់ របស់មច្ចុរាជមាននាយជាតិជាដើមឲ្យមកនៅ ក្នុងព្រះនគរកាយ បានជាគេនាំគ្នាធ្វើព្រះនគរនេះឲ្យអន្តរាយអស់” ។ កាលទីប្រឹក្សាបានពិភាក្សាអស់កាលដ៏យូរ យល់ឃើញព្រមគ្នាហើយ ទើបយកសេចក្តីក្រាបបង្គំទូលព្រះបាទចិត្តរាជថា ៖ “បពិតមហារាជក៏ទ្រង់នូវព្រះរាជសម្ភារ! ហេតុដែលនាំឲ្យខូចព្រះនគរកាយនេះ ទីប្រឹក្សាបានប្រឹក្សាឃើញមូលមតិគ្នាហើយថា មកពីព្រះអង្គទ្រង់ជឿពាក្យពួកបាបជនទាំង ១៤ អង្គ មានឃុនមោហោជាដើម ជាព្រះញាតិព្រះអង្គ ជាសត្រូវក្នុង នាំសត្រូវក្រៅ មកនៅក្នុងព្រះនគរ បានជាព្រះនគរកាយកើតអន្តរាយដូច្នេះ មួយទៀតមកពីព្រះបាទមោហរាជ ជាព្រះបិតា ព្រះនាងលោភទេវីជាព្រះមាតា និង ព្រះនាងអវិជ្ជាទេវីជាព្រះអគ្គមហេសីនៃព្រះអង្គបានព្រមព្រៀងជាមួយ និង ព្រះញាតិទាំង ១៤ អង្គ ទទួលយកមេទ័ពព្រះបាទមច្ចុរាជទុកក្នុងព្រះនគរ ទើបពួកបច្ចាមិត្តគេនាំគ្នាធ្វើព្រះនគរកាយរបស់ព្រះអង្គឲ្យអន្តរាយដូច្នេះ រឿងនេះបើព្រះអង្គជឿស្តាប់យើងទាំងឡាយជាទីប្រឹក្សា សូមព្រះអង្គកំចាត់បង់ព្រះញាតិវង្សទាំង ១៤ អង្គ ព្រះមាតា បិតា និង អគ្គមហេសីចេញ ទើបបច្ចាមិត្តលែងកើតទៀតបាន ហើយយើងទាំងពួងនឹងនាំព្រះអង្គទៅកាន់នគរកែវជាអមតមហានគរ ជាបរមសុខប្រាសចាកទុក្ខផុតពីកណ្តាប់ដៃនៃមច្ចុរាជតាមព្រះរាជបំណងបាន” ។

កាលព្រះបាទចិត្តរាជ បរមក្សត្របានទ្រង់ព្រះសណ្តាប់ហើយ ដោយទ្រង់មានព្រះរាជបំណងចង់រួចពីកណ្តាប់ដៃនៃមច្ចុរាជ ទ្រង់ក៏ធ្វើតាមពាក្យទីប្រឹក្សាទាំងពួងមានសម្តេចព្រះមហាសង្ឃរាជជាដើម ទើបទ្រង់តាំងមហាតលិកម្នាក់ឈ្មោះឯកត្គតា និង អគ្គសេនាម្នាក់ឈ្មោះឧកញ៉ាចិត្តុជុកតា ដែលមានចិត្តស្មោះត្រង់នឹងព្រះអង្គឲ្យជាចៅក្រមជំនុំជំរះរឿងព្រះញាតិទាំង ១៤ អង្គ នូវព្រះមាតា បិតា ខាងព្រះអគ្គមហេសី ព្រមគ្នានៅទីចំពោះព្រះភក្រ្តព្រះអង្គ ។ ក្នុងសេចក្តីជំនុំជំរះនោះចៅក្រមសួរថា ៖ “នែព្រះបាទមោហរាជ! ព្រះនាងលោភទេវី! ព្រះនាងអវិជ្ជាទេវី! លោកទាំង អស់អង្គ សុទ្ធតែជាព្រះមាតាបិតាអគ្គមហេសីនៃព្រះរាជា ទាំងឃុន ១៤ អង្គសុទ្ធតែជាព្រះញាតិព្រះរាជាទាំងអស់ព្រះរាជាទ្រង់ប្រោសប្រាណតាំងអស់លោក ជានាហ្មឺនគ្រប់គ្នា ហេតុម្តេចបានជាអស់លោកមិនគិត រក្សាព្រះអង្គដោយយុត្តិធម៌ បែរជាទៅក្រាបទូលណែនាំការមិនជាប្រយោជន៏ដល់ព្រះអង្គវិញ គឺ នាំយកសត្រូវពីក្រៅ ឲ្យចូលមកនៅក្នុងព្រះនគរ ទាស់តែគេធ្វើបាបព្រះអង្គ ធ្វើព្រះនគរព្រះអង្គឲ្យខូចអស់ដូច្នេះ? នែលោកទាំងអស់! ចូរលោកអ្នកប្រាប់យើងជាប្រញាប់ក្នុងពេលនេះ” ។ កាលនោះព្រះមាតាក្តី ព្រះបិតាក្តី ព្រះអគ្គមហេសីក្តី ព្រះញាតិទាំង ១៤ អង្គក្តី ពុំអាចឆ្លើយឲ្យការណ៍កែខ្លួនបានឡើយ សឹងតែទទួលសារភាពថា ៖ “យើងខ្ញុំទាំងពួងខុសមែនមានទោសច្រើនមែន តាមតែទ្រង់ព្រះមេត្តាប្រោសដល់យើងខ្ញុំចុះ ។

ព្រះបាទចិត្តរាជ កាលបានទ្រង់ព្រះសណ្តាប់ដូច្នោះ ទើបទ្រង់ព្រះរាជបញ្ជាប្រើឲ្យ ឧកញ៉ាសទ្ធាជាអគ្គសេនាឲ្យតាំងទីកុណ្ឌ (ពិធីដែលគេធ្វើដោយជីករន្ដៅជំរៅមួយចំអាម ប្រាំធ្នប់ដុតភ្លើងបូជាយញ្ញតាមលទ្ធិព្រាហ្មណ៍) ពិធីឡើង ។ គ្រានោះហេតុតែវាសនាបារមីព្រះបាទចិត្តរាជចាស់ក្លា និង ដោយសាររឫទ្ធិព្រះឥសីទាំង ៣រូប គឺ ព្រះបីតិ ឆន្ទោ វិរិយោ លោកសូត្រសែកព្រះវេទមន្តឡើង ព្រះខាន់ជ័យស្រីទាំង៣ក៏កើតឡើងកណ្តាលទីកុណ្ឌពិធីនោះ ទើបព្រះឥសីទាំងឡាយថ្វាយព្រះពរថា ៖ “កាលនេះជាកាលគួរដែលព្រះអង្គទ្រង់យាងចូលទៅកាន់កុណ្ឌពីធីហើយសូមព្រះអង្គទាញយកព្រះខាន់ជ័យស្រីទាំង ៣ អំពីទីកុណ្ឌពិធីនោះចុះ” ។ ព្រះបាទចិត្តរាជ ក៏លូកព្រះហស្តទៅទាញយកព្រះខាន់ជ័យស្រីទាំង៣ អំពីគំនរភ្លើងនៃកុណ្ឌពិធី សូម្បីនឹងបានក្តៅព្រះហស្តបន្តិចបន្តួចក៏ទេ ។ ឯព្រះខាន់ជ័យទាំង៣នោះឈ្មោះ ៖

  1. តទង្កប្បហារ មានដងប្រាក់អាចញាំញីសត្រូវបានដោយអន្លើ ។
  2. វិក្ខម្ភនប្បហារ មានដងមាសអាចសង្កត់សង្កិនសត្រូវដូចថ្មសង្កត់ស្មៅ មិនឲ្យកំរើកបាន ។
  3. សមុច្ឆេទប្បហារ មានដងវិចិត្រដោយកែវ ៧ ប្រការអាចប្រហារសិរសារាជសត្រូវទាំងឡាយឲ្យដាច់ដូចត្នោតកំបុតក ។


ព្រះបាទចិត្តរាជទ្រង់ចាប់ព្រះខាន់ជ័យស្រីទាំងនោះ ព្រះរាជទានទៅអគ្គសេនាឈ្មោះ ឧកញ៉ាចិត្តបស្សិទ្ធិ ដែលមានចិត្តថ្លាដូចកែវឲ្យជាតំណាងដោយទ្រង់ព្រះរាជបញ្ជាថា ៖ “ចូរអ្នកឯងសំលាប់ព្រះបាទមោហរាជ ជាបិតាយើងដែលនាំឲ្យយើងវង្វេង ព្រះនាងលោភទេវីជាមាតាយើងដែលនាំយើងឲ្យលោភឥតខ្មាសព្រះនាងអវិជ្ជាទេវីជាអគ្គមហេសីយើងដែលនាំឲ្យយើងងងឹតមុខជ្រប់ទៅតាមវាហើយចូរអ្នកឯងសំលាប់ពួកបាបជនទាំង ១៤ នាក់ដែលជាព្រះញាតិវង្សយើង ដ្បិតអ្នកទាំងអស់នេះវាឲ្យសត្រូវខាងក្រៅចូលមកនៅក្នុងស្រុកយើង ឲ្យសត្រូវធ្វើឲ្យខូចព្រះនគរយើង យើងត្រូវសំលាប់វាឲ្យអស់ កុំឲ្យសល់ម្នាក់ ។ ឧកញ៉ាចិត្តបស្សិទ្ធិ កាលទទួលព្រះរាជបញ្ជាហើយក៏ប្រហារជីវិតជនអំបាលមាន នោះគ្មានសល់ម្នាក់ដោយព្រះខាន់ឈ្មោះសមុច្ឆេទប្បហារ ។

អស់លោកអ្នកអានអ្នកស្តាប់រឿងនេះ សូមកុំយល់ថាព្រះបាទចិត្តរាជ មានរូបជាមនុស្សប្រើគេឲ្យសំលាប់មាតាបិតាមានរូបជាមនុស្សនោះឡើយ មិនមែនដូច្នោះទេ គឺ ចិត្តសំលាប់ចេតសឹក ដែលទុកដូចជាមាតាបិតា ដោយរឿងនេះលោកលើក យកធម៌ជាធម្មធិដ្ឋានមកតែងជាបុគ្គលាធិដ្ឋានជាន័យប្រៀបធៀបដើម្បីឲ្យអ្នក មានប្រាជ្ញាតិចយល់បានងាយ ។ ឯព្រះបាទចិត្តរាជ គឺ ដួងចិត្តយើងគេទាំងពួងទាំងឡាយនគរកាយ គឺ រូបកាយយើងគេទាំងពួងនេះឯង ទាំងព្រះមាតាព្រះបិតាព្រះអគ្គមហេសី និង ព្រះញាតិ ១៤ អង្គក៏សុទ្ធតែជាអកុសលចេតសិកទាំងអស់ ។ អត្ថបទប្រៀបធៀប ដែលលោកលើកមកសំដែងនេះ ត្រូវគ្នា និង អត្ថបទប្រៀបធៀប ដែលព្រះសម្ពុទ្ធទ្រង់សំដែងទុកក្នុងគម្ពីរខុទ្ទកនិកាយធម្មបទត្រង់ បកិណ្ណវគ្គថា ៖
"មាតរំ បិតរំ ហនត្វា រាជានោ ទ្វេ ច ខត្តិយេ រដ្ឋំ សានុចរំហនត្វា អនីឃោ យាតិ ព្រាហ្មណោ" "បុគ្គលសំលាប់ តណ្ហាដូចមាតា សំលាប់អស្មិមានៈដូចបិតា សំលាប់ សស្សតទិដ្ឋិ ឧច្ឆេទទិដ្ឋិទាំង ២ ដែលដូច ខត្តិយរាជពីរព្រះអង្គ និង សំលាប់អាយតនៈ ដូចដែនព្រមទាំងនន្ទិរាគ ដូចស្មៀនតែងបានជាព្រាហ្មណ៍ ឥតមានទុក្ខទៅព្រះនិព្វាន" ។

កាលឧកញ៉ាចិត្តបស្សិទ្ធិ ប្រហារជីវិតជនទាំងនោះអស់ ហើយសម្តេចព្រះមហាសង្ឃរាជ ២ ព្រះអង្គ ព្រះជីតុន ៣រូបព្រះឥសី៣រូបបុរោហិត៣រូប មហាតលិក ៧ នាក់ និង អគ្គសេនា ១៩ នាក់ក៏ប្រារព្ធ និង សុំយាងព្រះបាទចិត្តរាជចេញចាកនគរកាយ គ្រានោះសម្តេចព្រះមហាសង្ឃរាជថ្វាយព្រះពរថា ៖ “បពិតមហារាជដ៏ទ្រង់នូវព្រះបារមី! សូមព្រះអង្គយាងចុះមកអាត្មាភាពទាំងឡាយនឹងនាំព្រះអង្គទៅកាន់នគរកែវជាស្រុកព្រះអរិយបុគ្គល អាត្មាភាពជាមគ្គុទ្ទេសក៍ ក៏នឹងនាំផ្លូវព្រះអង្គទៅក្នុងកាលឥលូវនេះ” ។

ឯព្រះបាទចិត្តរាជ កាលបើសម្តេចព្រះមហាសង្ឃរាជទាំងពីរព្រះអង្គ គឺ ព្រះសមាធិន្រ្ទីយ និង ព្រះបញ្ញិន្រ្ទីយបានណែនាំ (ពោល គឺ សមាធិ និង បញ្ញាបានកើតក្នុងចិត្តក៏ពិចារណឃើញនូវសភាវធម៌ទាំងពួងតាមពិត) ហើយទើបព្រះអង្គទ្រង់តាក់តែងព្រះកាយដោយគ្រឿងទិព្វរតន៍ភូសា សែសយសង្វារ សូរង កង ព្រះហ៊ូរាក់ ស្នាប់ ព្រះឧរូ ប្រកបដោយកញ្ចក់ពិសេស ពោល គឺ ព្រះពោធិ បក្ខិយធម៌ ៣៧ ប្រការ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទីយ ៥ ពល ៥ ពោជ្ឈង្គ ៧ និង អដ្ឋង្គិកមគ្គ ៨ ជាគ្រឿងអលង្ការដ៏ល្អៗរុងរឿង ហើយទ្រង់ពាក់នូវព្រះទំរង់គ្រប់ម្រាមព្រះហស្តទាំង ១០ ពោល គឺ សិក្ខាបទ ២២៧ និង ទ្រង់នូវក្រោះពេជ្រសំរាប់ព្រះតេជានុភាពពោល គឺ ព្រហ្មវិហារ ៤ ប្រការ គឺ មេត្តាករុណាមុទិតា ឧបេក្ខា ហើយទ្រង់នូវព្រះខត្តាវុធ ពោល គឺ សមុច្ឆេទប្បហារ ដែលអាចកាប់កាត់កំចាត់បង់សត្រូវទាំងពួងពោល គឺ អកុសលទាំងអស់បាន ។

លុះទ្រង់គ្រឿងអលង្ការស្រេចហើយ ទើបទ្រង់យាងឡើងប្រថាប់លើព្រះធម្មរថពោល គឺ ព្រះសទ្ធម្ម ៨៤០០០ ព្រះធម្មក្ខន្ធហើយក៏ទ្រង់និសិទនាការលើរតនបល្ល័ង្ក ជាព្រះទីនាំងដ៏ប្រកបដោយកែវ ៩ ប្រការ គឺ ព្រះនព្វលោកុត្តរធម៌ ៩ គឺ មគ្គ ៤ ផល ៤ និញ្វន ១ ។

ឯធម្មរថនោះដែលទឹមដោយសេះ សន្ធវជាតិជាអាជានេយ្យ ៤ គឺ ព្រះចតុប្បារិសុទ្ធិសីលទាំង ៤ គឺ បាតិមោក្ខសំវរសីល ឥន្រ្ទីសំវរសីល អាជីវបារិសុទ្ធិសីល និង បច្ចយសន្និសិ្សតសីល ។ ធម្មអាជានេយ្យទាំង ៤ នេះក៏ទាញនូវព្រះធម្មរថឲ្យអណ្តែតត្រសែតឡើងលើនភាល័យ ហើយព្រះបាទចិត្តរាជ បរមក្សត្រព្រះអង្គប្រកបដោយឥទ្ធិឫទ្ធិ ៤ ប្រការ ពោល គឺ ឆន្ទិទ្ធិបាទ ឫទ្ធិសំរេចដោយសេចក្តីប្រាថ្នា វិឫយិទ្ធិបាទឫទ្ធិសំរេចដោយសេចក្តីព្យាយាមចិត្តិទ្ធិបាទឫទ្ធិសំរេចដោយចិត្តវិមំសិទ្ធិបាទឫទ្ធិសំរេចដោយបញ្ញា ហើយទ្រង់បានត្រាស់ដឹងនូវព្រះញាណទាំង ៤ ប្រការ គឺ បុព្វេនិវាសញ្ញាណ វេសារជ្ជញ្ញាណ អនាវរណញ្ញាណនិសព្វញ្ញតញ្ញាណ

ចប់ដោយបរិបូណ៌ ។

ពន្យល់ពាក្យខ្លះៗ

កែប្រែ


ចេតនា = គំនិតដែលនាំចិត្តឲ្យនឹកភ្នក។
ជីតុន = ពាក្យសម្រាប់គ្រហស្ថហៅអ្នកបួសដែលជាញាតិឬដែលស្និទ្ធស្នាលដោយបានផ្គត់ផ្គង់ចតុប្បច្ច័យផង ។
មនសិការ = ការធ្វើទុក កំនត់ទុកក្នុងចិត្ត។
បីតិ = ត្រេកអរឆ្អែត ចិត្តកាយ។
ឆន្ទ =សេចក្តី ប្រាថ្នា បំនង គំនិត។
វិរិយ = ព្យាយាមស្រវាស្រទិញ។
ចិត្តបស្សិទ្ធិ = ចិត្តរំងាប់។
សមុច្ឆេន = រលត់រលេះដាច់អស់កិលេសឈឹង

ឯកសារ​យោង

កែប្រែ