នគរគោកធ្លក
កាលដើមឡើយ មានតែមហាសមុទ្រទាំងអស់។ ដីគ្មានទេ ក្រៅតែពី «គោក» តូចមួយដែលលេចចេញពីផ្ទៃទឹកមក។ នៅលើគោកនោះក៏គ្មានអ្វីទៀតក្រៅពីធ្លកមួយដើមព្រមទាំងមនុស្សម្នាក់ ពោលគឺព្រះថោងដែលជ្រកនៅក្រោមម្លប់ដើមនោះ។ ថ្ងៃមួយ នាងនាគឡើងមកពីស្ថានបាតាលដើម្បីកំសាន្តលេងទឹកលើផ្ទៃសមុទ្រនៅក្បែរមាត់គោកនោះ ដោយមានបរិពារមកតាមកំដរផង ដ្បិតនាងជាបុត្រីស្តេចភូជង្គនាគ។ ព្រះថោងឃើញនាងភ្លាមក៏ចាប់ចិត្តប្រតិព័ទ្ធ ហើយក៏ទៅចែចង់។ នាងនាគប្រាប់ទៅវិញថា បើចង់បាននាង ទាល់តែចូលស្តីដល់ព្រះបិតាដែលគង់នៅឯបាតសមុទ្រ។ ព្រះថោងក៏ព្រមធ្វើតាម។
ដំណើរទៅស្ថានបាតាលនោះ គឺនាងនាគជាអ្នកនាំផ្លូវ។ នាងក៏មុជទៅក្នុងទឹក ដោយឲ្យព្រះថោងតោងស្បៃនាងឲ្យជាប់ដើម្បីកុំឲ្យឈ្លក់លង់។ ទៅដល់ស្ថាននោះ ព្រះថោងក៏ចូលសូមសេចក្តីអនុញ្ញាតិស្តីដណ្តឹងនាងពីស្តេចនាគជាឪពុកត្រឹមត្រូវ។ ស្តេចនាគក៏យល់ព្រមរៀបការឲ្យអ្នកទាំងពីរបានគ្នាជាប្តីប្រពន្ធ។ បន្ទាប់មក ព្រះថោងត្រូវត្រឡប់មកលើគោកវិញ ដ្បិតខ្លួនជាតិជាមនុស្ស ត្រូវនាំភរិយាមករៀបចំឲ្យមានជានគរនៅស្ថានគោក ។
ដូច្នេះហើយ បន្ទាប់មកមិនយូរប៉ុន្មាន ព្រះបិតាក៏យាងឡើងមកលើគោកធ្លកដើម្បីវាតទីដីនោះឲ្យបានធំទូលាយសម្រាប់កូន។ មកដល់ភ្លាម ស្តេចនាគយកមាត់បូមទឹកនៅជុំវិញនោះព្រួសចេញទៅឆ្ងាយ ឯកន្ទុយក៏បក់រវិចទៅវិញទៅមកជាមួយគ្នានោះ ដើម្បីដេញទឹកវាតទីយកដីដែរ ។ ឥឡូវនេះបានលំហដីទូធំលំទូលាយហើយ។ ទីដែលដើមឡើយគ្រាន់តែជាគោកតូចមួយ ក៏ក្លាយទៅជានគរ គឺថា «គោកធ្លក» ក្លាយមកជា «នគរ [ដែលពីមុនមកគ្រាន់តែជា] គោកធ្លក» ។ អំណើះតទៅ ព្រះថោងត្រូវកសាងវាំងរស់នៅឲ្យបានសមរម្យ តាមពាក្យផ្តែផ្តាំនៃភូជង្គនាគជាបិតាក្មេក។ មុននឹងយាងចុះទៅស្ថានបាតាលវិញ ព្រះអង្គផ្តាំផ្តាច់ទៅបុត្រប្រសាថា សាងអ្វីក៏បាន ស្រេចតែនឹងចិត្ត ប៉ុន្តែជៀសវាងកុំឲ្យមានរូបព្រហ្មឲ្យសោះ ត្បិតព្រះអង្គខ្លាចព្រហ្មណាស់។ ផ្តាំតែប៉ុណ្ណោះក៏យាងចុះទៅបាតសមុទ្រវិញ។
ព្រះថោងមានព្រះទ័យចង់ធ្វើអ្វីឲ្យតែផ្ទុយនឹងបណ្តាំឪពុកក្មេក ដូច្នេះក៏ចាប់ផ្តើមសាងព្រះរាជវាំងដែលមានកំពូលដំបូលជាមុខព្រហ្ម ។ មិនថាតែព្រះដំណាក់គង់នៅប៉ុណ្ណោះឡើយ សូម្បីតែក្លោងទ្វារនៅឯកំពែងវាំងក៏មានមុខព្រហ្មទាំងអស់។
ថ្ងៃមួយស្តេចភូជង្គនាគនឹកកូនទាំងពីរ ក៏ហែលទឹកឡើងមកនគរគោកធ្លកដើម្បីមកសួរសុខទុក្ខ ហើយចេញតាមច្រកដែលធ្លាប់ចេញចូលពីមុនមក។ ពេលមកដល់លើគោកភ្លាម ងាកទៅឯណាក៏ទតឃើញតែមុខព្រហ្ម ជាហេតុធ្វើឲ្យខ្ញាល់ខ្លាំងនឹងបុត្រប្រសា ដ្បិតជាការផ្គើននឹងបណ្តាំ។ លុះស្តីបន្ទោសព្រះថោងទៅ ព្រះថោងក៏ពុំព្រមទទួលខុស ដែលបង្ហាញថាការសាងមុខព្រហ្មទាំងអស់នេះចេញមកពីចេតនាពិតប្រាកដ ។ មិនយូរប៉ុន្មានការតមាត់គ្នានោះក៏ក្លាយជាជម្លោះធំទៅៗ រហូតដល់ប្រយុទ្ធគ្នាដោយអាវុធ។ នៅទីបំផុត ព្រះថោងកាប់ឪពុកក្មេកដាច់ច្រើនកំណាត់។ ពេលនោះ ឈាមស្តេចភូជង្គនាគបាញ់ចេញមកប្រសេចប្រសាចប៉ះលើខ្លួនព្រះថោង។ ដោយពៀរវេរាសម្លាប់បិតាក្មេក ឈាមប្រឡាក់លើខ្លួននេះក៏ធ្វើឲ្យព្រះថោងចេញរោគឃ្លង់ពាសពេញស្បែក។ អំណើះតទៅ គេលែងនិយាយពី «ព្រះថោង» ទៀតហើយ ដ្បិតគេហៅព្រះអង្គថា «ស្តេចគម្លង់» ដូច្នេះទៅវិញ។ ឯតំណាលពីនគរគោកធ្លកក៏ចប់ត្រឹមនេះ។