នារាយណ៍រាជាទី១

ព្រះបាទនារាយណ៍រាជាជាព្រះរាជ្យបុត្រច្បងរបស់ព្រះបាទពញ្ញាយ៉ាតជាមួយអ្នកម្មាងទេវី(ឯកសារខ្លះថាជាបុត្ររបស់អ្នកម្នាងសីសាងាមជាស្រីសៀម)។ដោយព្រះបាទពញ្ញាយ៉ាតជរាណាស់ទៅហើយព្រះអង្គបានដាក់រាជ្យថ្វាយទៅព្រះរាជ្យបុត្រច្បងរបស់ព្រះអង្គគឺព្រះបាទនារាយណ៍រាជាឲឡើងសោយរាជ្យស្នងដែលមានព្រះនាមក្នុងរាជ្យថា’’ព្រះបាទសម្តេចព្រះរាជឳង្ការព្រះនារាយណ៍រាជារាមាធិបតីព្រះស្រីសុរិយោពណ៍ធម្មិកមហារាជាធិរាជបរមបពិត្របណ្ឌិតជាឥសូរ’’សោយរាជ្យនៅរាជធានីចតុមុខក្នុងឆ្នាំ១៤៦៣។ក្នុងរាជ្យព្រះបាទនារាយណ៍រាជានេះព្រះអង្គបានជួយឧបត្ថម្ភជួយលើកដៃជន្ជូនដីចាក់ទីភ្នំដូនពេញឲធំខ្ពស់បានជាភ្នំមែនទែនហើយព្រះអង្គបានសាងចេតីយមួយយ៉ាងធំសំរាប់បញ្ជុះព្រះសិរីរិទ្ធិធាតុរបស់ព្រះពុទ្ធនិងព្រះអង្គចតុមុខដែលដូនពេញរើសបាននោះហើយព្រះអង្គបានដាក់ឈ្មោះវត្តភ្នំដូនពេញរហូតមកដល់សព្វថ្ងៃនេះ។ក្នុងឆ្នាំ១៤៦៦ព្រះបាទពញ្ញាយ៉ាតជាព្រះបិតាសោយទីវង្គត់ទៅដោយជរារោគក្នុងជន្មាយុជាង៧០ព្រះវស្សា។ក្នុងឆ្នាំ១៤៦៧ព្រះបាទនារាយ៍រាជាទ្រង់បានបញ្ជាឲសង់ចេតីយមួយនៅចង្កេះភ្នំហើយធ្វើបុណ្យសង្គាយនាចំនួន៧ថ្ងៃដើម្បីបញ្ជុះព្រះបរមអដ្ធិធាតុព្រះបិតា។ចេតីយនេះនៅរហូតដល់សព្វថ្ងៃហើយមានអក្សរចារឹកលើថ្មតាមបញ្ជាព្រះបាទសីសុវត្តិតំកល់នៅទីនោះតាំងពីឆ្នាំ១៩១៧រហូតមកដល់សព្វថ្ងៃ។ព្រះបាទនារាយណ៍រាជាបានដឹកនាំប្រទេសជាតិយ៉ាងសុខសន្តិភាពរហូតដល់ឆ្នាំ១៤៦៩ព្រះអង្គក៏ទ្រង់ប្រឈួនជាទម្ងន់ហើយសោយទីវង្គត់ទៅ។ព្រះបរមអដ្ធិធាតុរបស់ព្រះអង្គត្រូវបានព្រះអនុជរបស់ព្រះអង្គគឺព្រះបាទស្រីរាជាទ្រង់យកទៅបញ្ចុះក្នុងចេតីយស្ថិតនៅខាងជើងភ្នំដូនពេញត្រង់ទិសឦសាន។ចេតីយនេះក៏ស្ថិតនៅមកដល់សព្វថ្ងៃដែរហើយត្រូវបានចារឹកអក្សរលើថ្មតាមបញ្ជាព្រះបាទសីសុវត្តិតំកល់នៅទីនោះតាំងពីឆ្នាំ១៩១៧រហូតមកដល់សព្វថ្ងៃ។