និយមន័យ ខៀវស្រងាត់

និយមន័យ នៃពាក្យថា វាលស្រែ ខៀវស្រងាត់ និងភ្លើងខៀវ ហេតុអ្វី យើងមិននិយាយថា វាលស្រែបៃតងស្រងាត់ ឬភ្លើងបៃតង?

ការដែលសង្គមខ្មែរយើង និយមនិយាយថា វាលស្រែខៀវស្រងាត់ ឬ ភ្លើងខៀវ ជំនួសប្រយោគថា វាលស្រែបៃតងស្រងាត់ ឬ ភ្លើងបៃតង នោះ គឺបណ្តាលមកពីមូលដ្ឋានដំបូង ក្នុងការផ្តល់ជម្រៅអត្ថន័យ នៃមធុរសសោភ័ណវាចា និងជាទំនៀមទំលាប់ពិសេស របស់អ្នកស្រុកដែលមានដើមកំណើត នៅខេត្តបាត់ដំបង ដូចជា ៖

ក/ ការនិយម អោយអត្ថន័យជីវិត ទៅតាមលក្ខណៈពណ៌ផ្សេងៗ៖

១/ ពណ៌ស មានន័យថា សន្តិភាព ភាពបរិសុទ្ធ ស្មោះត្រង់ ភក្តីភាព កតញ្ញូធម៌ មង្គលភាព។ ២/ ពណ៌ក្រហម តំណាងឈាម ភាពអង់អាច ការពុះពារ កំហឹង ភាពអាសន្ន ភាពគ្រោះថ្នាក់ ឬមហន្តរាយដល់ជីវិត។ ៣/ ពណ៌ខ្មៅមានន័យថា កើតទុក្ខ អស់សង្ឃឹម គ្មានន័យ គ្មានផ្លូវច្រក ដោះស្រាយ ឬមរណទុក្ខ។ ៤/ ពណ៌ស្វាយ តំណាងនូវ ភាពអស់សង្ឃឹម ភាពរាយមាយក្នុងអារម្មណ៍ ភាពខ្ជីខ្ជាមិននឹងនក្នុងសតិ។ ៥/ ពណ៌ផ្កាឈូក ជាតំណាងសេចក្តីស្រឡាញ់ ភាពជិតដិតក្នុងផ្លូវមនោសញ្ចេតនា ភាពទន់ភ្លន់នៃដួងចិត្ត ឬមេត្តាធម៌។ ៦/ពណ៌លឿង តំណាងក្តីសង្ឃឹម ក្តីជឿជាក់មុតមាំ ការលើកកម្លាំងចិត្ត ការព្យាយាម។ ៧/ ពណ៌ខៀវ តំណាង ភាពក្សេមក្សាន្ត សុខសប្បាយ ភាតរមិត្តភាព គឺការរាប់អានដោយសន្តិស្មោះស្ម័គ្រ ភាពស្និទស្នាលជាបងប្អូន ជាញាតិមិត្ត ជាសន្តានមួយរយ ក្នុងភូមិស្រុកទេស ជាមួយគ្នា។ ៨/ ពណ៌បៃតង ជាពណ៌តំណាងចិត្តច្រណែន ប្រច័ណ្ឌ ប្រចាំ មើលបំណាំ និន្ទាឈ្នានីស ប្រទុស្ត។ ៩/ ពណ៌បៃតងខ្ចី មានន័យតំណាង នូវភាពពុះកញ្ជ្រោលក្នុងជីវិតយុវវ័យ ភាពភ្លើតភ្លើន ភាពក្អេងក្អាង និងភាពក្លាហាន គ្មាននរណាកាច់បំបាក់បាន។ ១០/ ពណ៌ឈាមជ្រូកឬពណ៌ខ្លឹមខ្នុរ តំណាងភាពអត់ធ្មត់ ភាពមធ្យ័តមានវិន័យ មានសណ្តាប់ធ្នាប់។ ១១/ ពណ៌ទឹកប្រាក់ ឬពណ៌សផ្លេកពណ្ណរាយ តំណាងភាពភ្លឺចិញ្ចាច នៃប្រាជ្ញាស្មារតីរបស់មនុស្ស។ ១២/ ពណ៌ទឹកមាស តំណាងបុណ្យកុសលខ្ពស់ រាសីខ្ពស់ត្រដឹមស្កឹមស្កៃ តំណាងភាពបរិបូណ៌ ទៅដោយធនធាននិងសម្បត្តិ ទាំងឡាយ មានសម្បតិគុណធម៌ សុភមង្គល ញាតិ និងទ្រព្យ។

ខ/ អ្នកនិពន្ធល្បីល្បាញ ផ្នែកអក្សរសិល្ប៍ខ្មែរ នៅជំនាន់មុន ច្រើនជាអ្នកដែលមានស្រុកកំណើត នៅខេត្តបាត់ដំបង។ ហើយអ្នកនិពន្ធទាំងឡាយនេះ រមែង សរសេរផ្តិតភ្ជាប់ នៅចំណងមនោសញ្ចេតនា និងទំនៀមទំលាប់ពិសេស របស់ខ្លួន ទៅក្នុងអត្ថបទអក្សរសិល្ប៍ទាំងឡាយ ដែលគេបាន ចងក្រងនិពន្ធ ជានិច្ច។ បើសិនជាយើង សង្កេត ពិនិត្យអោយជាក់ច្បាស់ យើងនឹងបានឃើញថា និយមន័យរបស់ពណ៌ បានគ្របដណ្តប់ជីវិតរស់នៅ របស់ពលរដ្ឋខ្មែរ ជាទូទៅ ស្ទើរគ្រប់កន្លែង មិនថា តែនៅបាត់ដំបងទេ។ ប៉ុន្តែ ការប្រើភាសាក្នុងអក្សរសិល្ប៍ ទាំងក្នុងសៀវភៅសិក្សាអប់រំ សៀវភៅទស្សនាវដ្តី សារពត៌មាន សៀវភៅវប្បធម៌ អរិយធម៌ ពំនោលល្ខោននិយាយ ពំនោលអត្ថាធិប្បាយចម្រៀង អត្ថបទអក្សរសិល្ប៍ បែបពុទ្ធសាសនា កំណាព្យ និងអត្ថបទ ផ្សេងៗទៀត ភាគច្រើន បានទទួលការគ្របដណ្តប់ ពីគំនិតនិងស្នាដៃ របស់អ្នកនិពន្ធនៅខេត្តបាត់ដំបង ដែលនិយម ផ្តល់អត្ថន័យ ជីវិត យោងតាម តារាងនិយមន័យទាំង ១២ ខាងលើជានិច្ច។

ដូច្នេះហើយ មូលហេតុ នៃការនិយមជាទូទៅ ទៅលើការប្រើពាក្យថា ភ្លើងខៀវ ជាជាងនិយមនិយាយថាជា ភ្លើងបៃតង នោះ គឺបណ្តាលមកពីការផ្តល់អត្ថន័យ និងអត្ថរស បែបលក្ខណៈខាងលើ នោះឯង។ មានន័យថា គេមិនហៅ ភ្លើងបៃតង តាមរូបលក្ខណៈ របស់ពណ៌បៃតងទេ តែហៅតាមអត្ថរសជីវិត របស់ពណ៌ទៅវិញ គឺពណ៌ខៀវ ដែលជាសញ្ញានៃភាពក្សេមក្សាន្ត សុខសប្បាយ។

ដូចគ្នានេះដែរ ពាក្យថា វាលស្រែ ឬធម្មជាតិខៀវស្រងាត់ មិនសូវមានគេនិយាយថា ធម្មជាតិបៃតងស្រងាត់ ឬវាលស្រែបៃតងស្រងាត់ នោះ គឺបណ្តាលមកពី៖ 1/ យោងនិយមន័យខាងលើ ដែលបានរៀបរាប់មកហើយ (ភាពក្សេមក្សាន្ត) 2/ ចំណងមនោសញ្ចេតនា របស់អ្នកនិពន្ធ ទៅនឹងធម្មជាតិ (ភាពក្សេមក្សាន្ត នៅក្នុងចិត្ត ពេលបានទៅដល់ ទីនោះ ឬបាននៅកន្លែងនោះ) 3/ អត្ថរសរបស់ធម្មជាតិ ចំពោះជីវិត មិនសំដៅតែលើរូបលក្ខណៈ របស់វាលស្រែ (ពណ៌បៃតង) តែម៉្យាងទេ ប៉ុន្តែសំដៅ ទៅលើ សោភ័ណរួម នៃវាលស្រែ ជាមួយនឹង ព្រឹក្សព្រៃ ផ្ទៃមេឃ ផ្ទាំងពពក ទឹកបឹង ទឹកអូរ ដែលឆ្លុះបញ្ចាំងពណ៌មេឃ ទៅក្នុងទឹក គោក្របី សត្វបក្សាបក្សី បុប្វាវារីជាតិ ដែលពុំមានពណ៌បៃតង ដែលបានរួមគ្នា បង្កបង្កើត និងផ្តល់នូវពណ៌កណ្តាលមួយ ដល់មនុស្សម្នាទាំងឡាយ ដែលបានមកដល់ទីនោះ គឺភាពក្សេមក្សាន្ត របស់ធម្មជាតិនិងទឹកដី ដែលដណ្តប់ដួងចិត្ត មនុស្ស អោយបានទទួលនូវភាពក្សេមក្សាន្ត នៅក្នុងអារម្មណ៍ របស់គេ យ៉ាងត្រកុំត្រកាល។

មូលហេតុ អត្ថរសបដិរូបខាងលើទាំងនេះហើយ ដែលអ្នកនិពន្ធអក្សរសិល្ប៍បុរាណ ទាំងឡាយ តែងតែផ្តិតភ្ជាប់សោភ័ណអត្ថន័យនេះ ក្នុងសំណេរ ដែលទាក់ទងទៅនឹងការរស់នៅ របស់យើងជានិច្ច ជាជាងសំដៅទៅលើ អត្ថន័យ អត្ថានុរូប តែម៉្យាង។

នេះគ្រាន់តែជាការចែករំលែកគំនិតមួយជ្រុងមុំ។ សូមធ្វើការស្រាវជ្រាវ បន្តទៀត ដើម្បីអោយបានទទួល គំនិតប្លែកៗ ប្រសើរថ្មីៗ បន្ថែម អំពីអត្ថន័យ នៃពណ៌ទាំងឡាយ ក្នុងសង្គមខ្មែរ។ សូមអរគុណដែលបានអានសំណេររបស់ខ្ញុំ។


អ្នកស្រីកែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]

ខែមិថុនា២០១១