នំបញ្ចុក (English : Num Banh Chok) មានឈ្មោះដើមហៅថា "នំបុកប៉ែន" គឺជានំដែលគេយកម្សៅទៅស្ងោរ រួចហើយទើបគេស្រង់យកទៅបុកលាយទឹក រួចគេយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើឆ្នុកសង្កត់ប៉ែន ដើម្បីធ្វើជាសសៃៗ រោយវា ទម្លាក់ទៅក្នុងទឹកក្ដៅពុះ ដើម្បីចំអិនសសៃម្សៅឲ្យឆ្អិនល្អ ក្រោយមកទើបគេស្រង់ដាក់ក្នង ជាល កញ្ជ្រែង ឬ កញ្ជើល ដោយរៀបជាចង្វាយៗ ដើម្បីងាយស្រួលក្នុងការចាប់យកតាមបរិមាណ សមល្មមរបស់ពួកគេ នំបញ្ចុក ជាប្រភេទនំចំអែតក្រពះ ឬ ហៅថា អាហារសម្រន់ ដែលពលរដ្ឋកម្ពុជាពេញនិយមបរិភោគ ជាអាហារពេលព្រឹក ឬ ជាអាហារសម្រន់ សម្រាប់ពេលរសៀល ។ នំបញ្ចុក ជាអាហារដែលស្រដៀងគ្នាទៅនិង មីទាញ ឬ គុយទាវ របស់ចិន នំបញ្ចុកក៏មានឈ្មោះទៅតាម ការហៅរបស់ប្រទេសមួយចំនួនដែលជាប់ប្រទេសកម្ពុជា ដូចជា (ថៃ ហៅ ខៈណុមជិន) និង (ឡាវ ហៅ ខោពុន) នំបញ្ចុក មានការឆ្លុះបង្ហាញ តាមរយៈអក្សរសិល្ប៍ដ៏ល្បីល្បាញ របស់ខ្មែរ រឿងធ្មេញជ័យ (ធ្មេញ្ជ័យ) ដែលផ្សារភ្ជាប់ទៅនិង ប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ដោយលោក វ៉ាន់ឌី កាអ៊ុន ១៩៦៤ ។

ប្រវត្តិ​ នំបញ្ចុក កែប្រែ

នំបញ្ចុក មានឈ្មោះដើមហៅថា "នំបុកប៉ែន" ក្នុងឆ្នាំ ១២៧០​​ នៃ គ.ស នា សវត្សន៍ទី១៣ រាជការណ៍ស្ដេច ឌូសុង (English : Duzong 度宗; Dùzōng) [១] មហាសុង ខាងត្បូង បានលើកទ័ពតាមសំពៅជាច្រើនមក វាយប្រហារនៅ ក្រុងព្រៃនគរ នាភាគខាងកើតឈៀងខាងត្បូង របស់អាណាចក្រខ្មែរ (ដែលជាក្រុងហូជីមិញ ប្រទេសវៀតណាមបច្ចុប្បន្ន) ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៨ រជ្ជកាល (១២៤៣-១២៩៥) ពួកគេបានចាប់យកអ្នកប្រាជ្ញទស្សនៈវិទ្យារបស់អាណាចក្រខ្មែរ ឈ្មោះ ធ្មេញជ័យ (ធ្មេញ្ជ័យ ឬ ហៅថា ធន់ជ័យ) ដែលជាឈ្លើយសឹកយកទៅដាក់គុកត្រជាក់នាប្រទេសចិន ក្នុងក្រុង សៀនយ៉ា ខេត្តគ័ងទុង លោក ធន់ជ័យ បានបង្កើតខ្លែងដែលអាចបញ្ចេញសម្លេងបាន ដែលកម្ពុជា ហៅថា 'ខ្លែងឯក ហើយលោកតែងតែលួចបង្ហោះវាពេលយប់ដើម្បីរំខាន ពួកចិនទាំងនោះ សម្លេងនិងរូបរាងមិនច្បាស់លាស់នៅពេលយប់របស់ខ្លែងឯក បានបង្ករការផ្ញាក់ផ្អើម ដល់អ្នកស្រុកនិង មន្ត្រីទីនោះ មន្ត្រីនោះបានបង្គាប់ឲ្យមានការទស្សន៍ទាយ អ្នកហោរាសាស្ត្រទីនោះ បានប្រាប់ថា ប្រផ្នូលមិនល្អ បក្សីចម្លែកយំរាល់ៗយប់ មហាសុងនិង ជួបសង្គ្រាមធំ សូមលោកម្ចាស់ដោះលែងអ្នកទោសទាំងអស់ ដើម្បីបញ្ជៀសហានិភ័យទាំងអស់នេះ មន្ត្រីចិនទីនោះក៏ធ្វើតាម ។ ក្រោយមក ធន់ជ័យ ត្រូវបានដោះលែង លោកធ្វើការងារផ្សេងៗជាច្រើនដើម្បីរកប្រាក់ជួល សំពៅត្រឡប់មក អាណាចក្រខ្មែរវិញ ក្រោយមកទៀត លោកបានបែកគំនិត យក "នំបុកប៉ែន" មកលក់ឲ្យអ្នកស្រុកចិនទីនោះ ដោយនំនោះមានរស់ជាតិប្លែក "នំបុកប៉ែន" បានល្បីដល់ ចៅហ្វាយក្រុងចិនមូលដ្ឋានទីនោះ ដែលមានមុខកាច និង គួរឲ្យខ្លាចគ្មានអ្នកណាហ៊ានមើលមុខនោះទេ ព្រោះខ្លាចត្រូវដាក់ទោសសម្លាប់ ជំនិតពួកលោកបាន ផ្ដាំធ្មេញជ័យអំពីរឿងនេះ ពួកគេបានឲ្យលោក ធ្វើ "នំបុកប៉ែន" ឲ្យពួកគេហូប ធ្មេញជ័យ ចង់មើលមុខចៅហ្វាយក្រុងកំណាចនោះ បានពោលបង្គាប់ថា បើលោក ម្ចាស់ចង់ហូបនំនេះ សូមកុំប្រើចង្កឹះត្រូវងើយមុខឡើងនិងប្រើដៃបញ្ចុកជំនួស ធ្មេញជ័យ ក្រឡេកឃើញមុខ ចៅហ្វាយក្រុងក៏ពោលពាក្យឡើង មុខចៅហ្វាយក្រុងចិន ដូចមុខឆ្កែ រីឯមុខស្ដេចខ្មែរ ដូចព្រះខែពេញបរមី អ្នកបកប្រែយល់ច្រឡំស្មានតែសរសើរ ក៏ពោលពាក្យតាមពំនោល ចៅហ្វាយក្រុងសប្បាយចិត្តក៏ផ្ដល់សំនូមពរឲ្យ ធ្មេញជ័យ លោក ក៏ស្នើសុំត្រឡប់មក អាណាចក្រខ្មែរ វិញ ភាពល្បីល្បាញ របស់ "នំបុកប៉ែន" បានប្ដូរឈ្មោះ មក នំបញ្ចុក មកដល់បច្ចុប្បន្ននេះ ។

របៀបធ្វើនំបញ្ចុក កែប្រែ

ដំណាក់កាលទី១ កែប្រែ

មុនដំបូងគេយកអង្ករលាងហើយលាយជាមួយនឹងទឹកហើយយកទៅកិន។

ដំណាក់កាលទី២ កែប្រែ

បន្ទាប់មក គេពូតទឹកអោយស្ងួតហើយទុកវាអោយស្ងួត

ដំណាក់កាលទី៣ កែប្រែ

គេយកម្សៅដែលស្ងួតទៅបុកមួយសន្ទុះ

ដំណាក់កាលទី៤ កែប្រែ

យកម្សៅដែលបុកហើយទៅដាក់នៅបំពងមួយមានរន្ធតូចៗហើយសង្កត់វាចេញមកជាសសៃ។

ដំណាក់កាលទី៥ កែប្រែ

ដាំទឹកអោយពុះហើយដាក់ពីក្រោមពេលចេញសសៃ

ដំណាក់កាលទី៦ កែប្រែ

ស្រង់នំចេញពីទឹកក្ដៅហើយយកទៅលាងជាមួយទឹកស្អាតហើយជាទឹកធម្មតា

ដំណាក់កាលទី៧ កែប្រែ

យកស្លឹកចេកមកដាក់នៅពីក្រោមហើយចាប់វាជាចង្វាយៗជាការស្រេច។

និយមន័យនំបញ្ចុក» កែប្រែ

     គឺជាមុខម្ហូបមួយប្រភេទ កើតឡើងដោយការរួមផ្សំអំពីភោគផល ដែលមានសម្បូរហូរហៀរនៅក្នុងប្រទេសពិតៗ 

សម្រាប់ស៊ីចុកបន្ទាប់ពីបាយដែលជាអាហារប្រចាំថ្ងៃ ប្រកបដោយរសជាតិប្លែក មានជីរជាតិសំខាន់ច្រើនយ៉ាង

ដោយសារគ្រឿងផ្សំផ្សេងៗដទៃទៀត មានទឹកសម្ល និងរបោយបន្លែ ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ 

និងតាមតំបន់នីមួយៗ។

    នំបញ្ចុកផលិតចេញពីម្សៅអង្ករ ដែលបានមកពីរុក្ខជាតិមួយប្រភេទ ហៅថា«ស្រូវ»។ តាមជំនឿជាប្រពៃណីពីបុរាណ 

របស់ប្រជាជនកម្ពុជាដែលបានចាត់ទុក«ស្រូវ» ជាវត្ថុមានគុណបំណាច់ខ្ពស់ក្នុងការចិញ្ចឹមមនុស្សលោក

រហូតប្រសិទ្ធិឈ្មោះផ្សេងទៀតថា «ព្រះមេរុ ឬប្រពៃស្រព» ហើយដើម្បីជាការរំឭកដល់គុណប្រយោជន៍នៃវត្ថុដ៏ថ្លៃថ្លានេះ
ទើបប្រជាជនខ្មែរចូលចិត្តយកចំណីចំណុកជាកត្តាសំខាន់ក្នុងការប្រគេ នភត្តាហារចំពោះព្រះសង្ឃ និងជាអាហារសម្រាប់

លាងភ្ញៀវនៅក្នុងឱកាសបុណ្យ«ដារលាន» ដែលជាពិធីរំឭកគុណព្រះអគ្គី ព្រះធរណី ព្រះគង្គា និងព្រះពាយផងដែរ

ក្រោយពីការច្រូតកាត់ប្រមូលផលស្រូវទុកដាក់រួចរាល់ហើយ។ 
    ទន្ទឹមនឹងនេះ ចំណីនំបញ្ចុកក៏បានវិវត្តន៍តួនាទីយ៉ាងសំខាន់ខ្លាំងឡើងថែមទៀត ទៅតាមនិយមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ 

សឹងជាចំណីពេលព្រឹក ពេលរសៀល ពេលល្ងាច ឬប្រើជំនួសបាយម្តងម្កាលថែមទៀតផង។ មិនតែប៉ុណ្ណោះនំបញ្ចុក កាន់តែបានទទួលនូវការនិយមជាទូទៅ និងខ្លាំងឡើងទៀតក្នុងគ្រប់ស្រទាប់ប្រជាជន ដែលបានកែច្នៃគ្រឿងផ្សំសម្រាប់ ស៊ីចុកបានជាច្រើនមុខថែមទៀត ដូចជាទទួលទានជាមួយសម្លខ្ទិះ(ការី) ផ្ទាប់ជាមួយសាច់ផ្សេងៗដែលអមទៅដោយ ទឹកគ្រឿងជាដើម។ ដោយសារមានសារៈសំខាន់ដូចនេះហើយ ទើបបានជា«ការធ្វើនំបញ្ចុក» ក្លាយជាមុខរបរមួយដ៏ប្រសើរ ប្រចាំជីវភាពគ្រួសារ ព្រោះជារបរមួយសាមញ្ញ ប្រើប្រាស់នូវឧបករណ៍ធម្មតា ដែលជួនកាលគេអាចកែច្នៃធ្វើដោយខ្លួនឯងបានដូចជា៖

ប៉ែន កញ្ជ្រែង កញ្ជើ កន្ត្រង ត្បាល់បុក ត្បាល់ជាន់ ត្បាល់កិនជាដើម។ ម្យ៉ាងទៀតពុំចាំបាច់មានចំណេះវិជ្ជាជ្រៅជ្រះផងទេ
គឺប្រើប្រាស់ត្រឹមកម្លាំងកាយ និងការអំណត់ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ ធ្វើផ្ទាល់ជាមួយអ្នកចេះតែបីបួនដងប៉ុណ្ណោះ។ 

សម្លប្រហើរនំបញ្ចុក កែប្រែ

 
សម្លប្រហើរនំបញ្ចុក

គ្រឿងផ្សំ កែប្រែ

ត្រីឆ្អើរ ឬសាច់ត្រីស្រស់ស្ងោរឆ្អិន ប្រហុក ស្លឹកគ្រៃ ខ្ទឹមស ខ្ជាយ រមៀត អំបិល ស្ករ។

វិធីស្ល កែប្រែ

១. ត្រីឆ្អើរ ឬត្រីស្ងោរ បេះយកសាច់ឲ្យល្អិតៗ។

២. ស្លឹកគ្រៃហាន់ល្អិតៗបុកឲ្យម៉ត់ ដាក់ខ្ទឹមស ខ្ជាយ រមៀត បុកលាយជាមួយគ្នា។

៣. យកសាច់ត្រីដែលបេះរួចមកបុកលាយជាមួយគ្រឿង។

៤. ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចបង់សាច់ត្រី ដែលបុកលាយជាមួយគ្រឿង។

៥. ដាំ២-៣អំពុះទើបបង់អំបិល ស្ករ ភ្លក្សតាមចូលចិត្តជាការស្រេច។

  • សម្លប្រហើររបៀបនេះសម្រាប់ញ៉ាំជាមួយនំបញ្ចុក។

ឯកសារយោង កែប្រែ

  • អក្សរសិល្ប៍ខ្មែរ រឿងធ្មេញជ័យ (1964) ដោយលោក វ៉ាន់ឌី កាអ៊ុន ឯកសារមួយចំនួនបានបាត់បង់
  • បកស្រាយចម្លាក់រូប និង ក្រាំងសិលាចរឹក អំពីអ្នកប្រាជ្ញខ្មែរ ធ្មេញជ័យ នៅជញ្ជាំង ប្រាសាទអង្គរវត្ត ថែវខាងត្បូង ដោយលោក វ៉ាន់ឌី កាអ៊ុន
  • អក្សរសិល្ប៍ខ្មែរ រឿងធន់ញ្ជ័យ ចម្លងថ្មី 1973 ដោយមានការប្រែសម្រួលនិងបង្កប់ន័យនយោបាយ
  • ប្រជុំរឿងព្រេងខ្មែរ ដែលមានការប្រែសម្រួលច្រើននាពេលក្រោយ