នាងបដាចារ​ ឬបដាចារថេរី ជាសាវ័កដ៏ឆ្នើម មួយ រូបនៅ​សម័យ​ពុទ្ធកាល ដែល​នាង​មានជំនាញខាងទ្រទ្រង់ព្រះវិន័យ ។ អក្សរសីល្ប៍ខ្មែរ​​បែបពុទ្ធនិយម គឺ​ជា​រឿង​មួយ​ដែល​មាន​​ប្រជាប្រិយភាព​ និង មានផលិតកម្មជាច្រើន កំពុងថតរឿងនេះជា​ភាពយន្ត និង​​ចម្រៀង​ខារាអូខេ ។

ប្រវត្តិរូប

កែប្រែ

នាងបដាចារ ដែលពីកុមារីឈ្មោះថាសេដ្ឋីធីតា បានកើតក្នុងត្រកូលសេដ្ឋី មួយ (ចូឡសេដ្ឋី) ស្ថិតនៅក្នុងក្រុងសាវត្ថី មានទ្រព្យសម្បត្តិ ៤០ កោដិ ​ ។ សេដ្ឋីនោះមានកូន ២ នាក់ ប្រុសម្នាក់ (បង) នាងជាកូនទី ២ (កូនពៅ) ហើយក៏ជាកូនជាទីស្រលាញ់បំផុតរបស់មាតា និងបិតាផងដែរ ។

ប្រវត្តិនៃការសិក្សា

កែប្រែ

         កុមារីដ៏ស្រស់ប្រិមប្រិយនៅពេលដែលមានអាយុល្មមចូលរៀនហើយមាតា បិតាក៏បានបញ្ជូនឲ្យទៅសិក្សារៀនសូត្រនៅឯសាលាជាមួយនឹងកូនៗរបស់សេដ្ឋីដទៃទៀត ។ សេដ្ឋីធីតាគឺជាក្មេងឆ្លាតបំផុតក្នុងការសិក្សា និងជាក្មេងរួសរាយរាក់ទាក់ជាមួយនឹងភក្តិ លោកគ្រូ អ្នកគ្រូដោយមិនរើសអើង និងប្រកាន់ឫកពារអ្វីឡើយ ។ នាងត្រូវបានការលើកសរសើរជារឿយៗ​ពីលោកគ្រូ អ្នកគ្រូថាជាក្មេងជាឆ្លាត ពូកែ និងរួសរាយជាងគេ ជាពិសេសការមិនរើសអើង និងមិនចេះប្រកាន់ឫកពារឬក្រអើតក្រទមឡើយ ។ ម្យ៉ាងទៀត នាងត្រូវបានទទួលការស្រលាញ់រាប់អានពីលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ សូម្បីតែអ្នកបម្រើ ។

ប្រវត្តិស្នេហា និងគ្រួសារ

កែប្រែ

            បដាចារធីតា ឬសេដ្ឋីធីតា នៅពេលដែលមានវ័យវឌ្ឍនាការធំធាត់ឡើង នៅអាយុ ១៦ ឆ្នាំ ក្រោយពីរៀនចប់ទៅមាតាបិតាក៏បញ្ឈប់ឲ្យទៅរៀន ។ សេដ្ឋីធីតាពេលនាងពេញវ័យហើយ នាងមានរូបឆោមលោមព័ណ៍ស្រស់ស្អាតណាស់ ស្អាតជាងគេលើសក្មេងស្រីទាំងឡាយ ។ មានថ្ងៃមួយមាតាបិតាបានសង្កេតឃើញកូនតែងតែចេញទៅគយគន់ផ្កាក្នុងសួន និងបេះផ្កាមកថើបជារឿយៗ ទើបរៀបចំចាត់ចែងឲ្យអ្នកថែសួនកម្លោះមុខស្រស់ រាងសង្ហា និងជាអ្នកឧស្សាហ៍ម្នាក់ ឲ្យមករៀបចំសួនផ្កា និងថែរក្សាសួនផ្កានោះជាប្រចាំនៅក្បែរប្រាសាទទាំង ៧ ជាន់របស់នាងធីតាក្រមុំ ដើម្បីកុំឲ្យកូនក្រមុំរូបស្រស់សោភារបស់ខ្លួនពិបាកទៅគយគន់សួននៅឆ្ងាយ ។

            មិនយូរប៉ុន្មាន ដោយភ្លើងក្រមុំព្រហ្មចារី នាងបានឃើញបុរសអ្នកបម្រើ (អ្នកថែសួន) ខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាមយាមក្នុងងារថែសួន ព្រមទាំងមានរាងសង្ហាផងទើបបណ្តាលឲ្យនាងមានចិត្តប្រតិព័ទ្ធសេ្នហាជាមួយនឹងមាណពកំលោះអ្នកថែសួននោះ រហូតបានដេករួមរស់ជាមួយគ្នា (លួចលាក់) បំពានច្បាប់ទម្លាប់ និងប្រពៃណី ។ ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមានបុត្ររបស់សេដ្ឋីមកពីត្រកូលផ្សេងមកចូលស្តីដណ្តឹងនាង ហើយមាតា បិតារបស់ក៏បានលើកនាងឲ្យទៅបុត្រសេដ្ឋីនោះ ។ ប៉ុន្តែ នាងមិនសុខចិត្តរៀបការជាមួយនឹងបុរសផ្សេងឡើយ ទើបបានបបួលមាណពរត់ចេញពីផ្ទះទៅរស់នៅឲ្យឆ្ងាយផុតពីអាពាហ៍ពិពាហ៍បង្ខិតបង្ខំមួយនេះ ។ ពួកនាងបានទៅរស់នៅក្នុងភូមិមួយដាច់ស្រយាល ដែលពុំមានអ្នកណាស្គាល់នាង និងមាណពឡើយ ។

            មួយឆ្នាំក្រោយមក នាងក៏មានគភ៌ ហើយស្រាប់តែនាងមានអារម្មណ៍នឹកឪពុក ម្តាយ ណាមួយព្រួយបារម្ភនៅពេលសម្រាលកូនក្រែងគ្មានអ្នកជួយមើលថែ និងយកចិត្តដូចឪពុកម្តាយ ទើបទទូចសុំប្តីទៅលេងឪពុកម្តាយ តែត្រូវបានប្តីប្រកែក ។ លុះដល់គភ៌ចាស់ហើយ​នាងកាន់នឹកដល់ឪពុកម្តាយខ្លាំងឡើងៗ ទើបលួចដោយមិនប្រាប់ប្តីឲ្យដឹងឡើយ ព្រោះខ្លាចក្រែងប្តីមិនឲ្យទៅ ។ ប៉ុន្តែ ជាចៃដន្យមានអ្នកភូមិម្នាក់ដឹង ទើបមកប្រាប់ប្តីនាងឲ្យដឹង ។ មាណពបានរត់ទៅតាមរកហើយបបួលយកមកវិញ​ដោយប្រាប់នាងថាចាំថ្ងៃក្រោយចាំទៅលេងពួកគាត់ ។

            ភ្លេចខ្លួនៗ ២ ឆ្នាំក៏កន្លងផុតទៅ នាងក៏មានគភ៌ជាលើកទី ២ ហើយក៏ទទូចសុំប្តីទៅលេងឪពុកម្តាយម្តងទៀត ដោយការសន្យាពីមុនមកផងទើបមាណពជាប្តីមិនហ៊ានប្រកែកក៏សម្រេចចិត្តជូនប្រពន្ធទៅ ដោយគិតថាទោះស្លាប់ឬរស់ក៏ដោយ ។ កំពុងតែធ្វើដំណើរទៅតាមផ្លូវ យប់ងងិតព្រាងៗ (ព្រលប់) ស្រាប់តែមានភ្លៀង ផ្គរខ្យល់រន្ទះបានបង្អុរឡើយ ហើយជាចៃដន្យនាងក៏ឈឺពោះសម្រាលកូននៅទីនោះ ។ ប្តីនាងបានចេញទៅរកកាច់មែកឈឺ និងអុសយកមកទ្រាប់ និងទុកដុតសម្រាប់ឆ្អើរប្រពន្ធក្រោយពីសម្រាលហើយ តែជាអកុសលមនុស្ស សត្វតែងប្រព្រឹត្តទៅតាមកម្ម មាណពនោះក៏ត្រូវពស់ខាំស្លាប់កណ្តាលព្រៃក្បែរដំបូកទៅ ។ មិនឃើញប្តីត្រឡប់មកវិញកូនក៏សម្រាលមក នាងចាំបាត់ៗ តាំងពីព្រលប់ ពាក់កណ្តាលអាធ្រាត​ រហូតដល់ភ្លឺនៅតែមិនឃើញប្តីមក ទើបពរកូន និងដឹកដៃកូនបងទៅដើររកប្តី ស្រាប់តែទៅប្រទះឃើញប្តីដេកដួលស្លាប់នៅក្បែរដំបូក ។ នាង និងកូនស្រែកទ្រហោយំ សោកស្តាយ អាឡោះអាល័យរកអ្វីមកប្រៀបពុំបាន ។ ទុកដាក់សពប្តីរួច នាងសម្រេចថាទៅតែបីនាក់ម៉ែកូនក៏បាន ។ ទៅដល់ស្ទឹងមួយ ស្រាប់តែមានទឹកពេញប្រៀបព្រោះភ្លៀងពីយប់ ។ ដោយឆ្លងទៅទាំង ៣ នាក់មិនកើត ទើបនាង​យកកូនតូចទៅទុកនៅច្រាំងត្រើយម្ខាងមុន ត្រឡប់មកវិញដល់ពាក់កណ្តាលស្ទឹងស្រាប់តែមានសត្វខ្លែងធំមួយហើរមកឆាបយក​ទារកនោះទៅ ។ នាងស្រែកបក់ដៃឲ្យខ្លែងទម្លាក់កូនតូចរបស់ខ្លួន លុះកូនច្បងឃើញដូចនោះ ស្មានតែម្តាយបក់ដៃហៅ កូន​​ប្រុស​ច្បង​នោះ​​ក៏ដើរចុះទៅក្នុងទឹក ហើយទឹកក៏​បានកួចយកកុមារតូចបាត់ទៅ ។

            ឃើញសភាពដូច្នោះ នាងធីតាពិតជាលំបាកចិត្តស្ទើរសន្លប់ក្នុងទឹក តែនាងបានប្រវេប្រវាឡើងទៅលើច្រាំងបានក៏សន្លប់ស្តូកស្តឹងតែម្នាក់ឯង ។ ពេលនាងដឹងខ្លួនឡើង ក៏ដើរតម្រង់ទៅផ្ទះឪពុកម្តាយដើម្បីរៀបរាប់ប្រាប់ពីទុក្ខលំបាករបស់ខ្លួនឲ្យឪពុកម្តាយស្តាប់ ។ ពេលទៅដល់ផ្ទះ នាង​ស្រាប់ឃើញផ្ទះរលំអស់ ព្រោះខ្យល់ព្យុះពីយប់ និងឃើញគេកំពុងរៀបចំបូជាសពទាំង ៣ នាក់ ដែលជាឪពុក ម្តាយ និងបងប្រុសរបស់នាង ។ នាងឃើញដូច្នោះ ក៏សន្លប់បាត់ស្មារតី នាងដឹងខ្លួនហើយក៏សន្លប់ទៀត ដឹងខ្លួនហើយក៏សន្លប់ម្តងទៀត ។ ពេលដឹងខ្លួនចុងក្រោយ នាងក៏វង្វេងស្មារតី អស់ និងលែងដឹងខ្លួនឯងថាជាអ្នកណាទៀតហើយ នាងដើរច្រៀងផង យំផង ស្រែករកប្តី រកកូនផង និងរកឪពុក ម្តាយផង ។ ជាងនេះទៅទៀត នាងដើរស្រាតសម្លៀកបំពាក់​ ខោអាវអស់ ស្ទើរ លែងក្លាយជាមនុស្សម្នា ។

ប្រវត្តិនៃការសាងផ្នួស

កែប្រែ

ក្រោយពីឆ្កួតវង្វេង នាងចេះតែដើរគ្រប់ទីកន្លែង ស្រែកឡូឡាមិនឈប់ ។ មានថ្ងៃមួយ នាងដើរៗទៅដល់វត្តជេតពន ចំពេលដែលព្រះសម្មាសម្ពុទ្ធកំពុងសម្តែងព្រះធម៌ប្រោសបរិស័ទ ។ ព្រះអង្គក៏ត្រាស់ហៅនាងឲ្យចូលទៅអង្គុយស្តាប់ធម៌នឹងគេ ហើយបរិស័ទក៏ផ្លាស់សម្លៀកបំពាក់ឲ្យនាងដើម្បីឲ្យនាងបានអង្គុយស្តាប់ធម៌ស្រួល ។ គ្រានោះព្រះអង្គទ្រង់ត្រាស់ថា ៖ " យោ ច វស្សសតំ ជីវេ ឣបស្សំ ឧទយព្វយំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឧទយព្វយំ ។ " ប្រែថា "បុគ្គលណា មិនឃើញនូវការកើតឡើង និងការវិនាសទៅ ទោះបីរស់នៅបាន ១០០ ឆ្នាំ​ក៏ដោយ ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកឣ្នកដែលឃើញ​នូវការកើតឡើង និងការវិនាសទៅប្រសើរជាងការរស់នៅ ១០០ ឆ្នាំ​របស់បុគ្គលនោះទៅទៀត ។" លុះនាងស្តាប់ធម៌ចប់ក៏បានសម្រេចសោតាបត្តិផល រួចនាងក៏ជ្រះថ្លាបានសូមបួសក្នុងសំណាក់ព្រះនាងបជាបតិគោតមី ។ ដោយការខិតខំប្រឹងប្រែងបតិបត្តិព្រះធម៌ មិនយូរប៉ុន្មាននាងក៏បានសម្រេចអរហត្តផល ។

ជំនាញក្នុងព្រះពុទ្ធសាសនា

កែប្រែ

ព្រះនាងបដាចារថេរី គឺជាព្រះអរហន្តីមួយរូប ដែលក្រោយពីបានសម្រេចអរហត្តផលមកព្រះនាងបានខិតខំប្រឹងប្រែងសិក្សាព្រះវិន័យបានយ៉ាងល្អបំផុត រហូតដល់ព្រះនាងត្រូវបានទទួលរាប់អាន​ពីភិក្ខុ ភិក្ខុនីទាំងឡាយឲ្យជួយដោះស្រាយវិវាទ ឬដោះស្រាយអធិករណ៍ផ្សេងៗនៅ​ក្នុង​​ព្រះសាសនា ។ មិនយូរប៉ុន្មានដោយភាពល្បីល្បាញ និងសមត្ថភាពនៃចំណេះដឹងនេះ ព្រះសម្មាសម្ពុទ្ធក៏ទ្រង់កោះហៅភិក្ខុ ភិក្ខុនីទាំងឡាយមកប្រជុំគ្នាហើយប្រកាសប្រាប់ថា ៖ " ឯតទគ្គំ ភិក្ខវេ មម សាវិកានំ ភិក្ខុនីនំ វិនយធរានំ យទិទំ បដាចារា ។" ប្រែថា " ម្នាលភិក្ខុទាំងឡាយ នាងបដាចារថេរីជាអ្នកប្រសើរជាងភិក្ខុនីទាំងឡាយផ្នែកខាងទ្រទ្រង់ព្រះន័យ " គឹមានជំនាញច្បាស់លាស់ជាងភិក្ខុនីទាំងឡាយផ្នែកខាងវិន័យ ។

ការងារផ្សព្វផ្សាយព្រះពុទ្ធសាសនា

កែប្រែ

–   បានចូលរួមដោះស្រាយសំនួរផ្សេងៗដែលភិក្ខុ និងភក្ខុនីទាំងឡាយឆ្ងល់ទាក់ទងនឹងវិន័យ ។

–   ចូលរួមរម្ងាប់អធិករណ៍ ឬដោះស្រាយវិវាទផ្សេងៗ

–   ចូលរួមធ្វើសង្ឃកម្មនានា

–   ចុះជួយអប់រំ និងបង្រៀនពុទ្ធវិន័យដល់ភិក្ខុនីទាំងឡាយ

–   បានជួយអនុគ្រោះស្ត្រី ៣០ នាក់ឲ្យបានបួសជាភិក្ខុនី

–   បានជួយនាងចន្ទាដែលគ្មានញាតិសន្តាន ព្រោះញាតិរបស់នាងបានកើតអហិវាតករោគ (រោគកើតពីខ្យល់មានពិសដូចពិសពស់ ឬហៅថារោគដំនួចពិស) ហើយនាងបានកាន់អំបែងដើរសុំទានគេអស់រយៈពេល ៧ ឆ្នាំ ឲ្យបួសជាភិក្ខុនីរហូតបានសម្រេចអរហត្តផល ។

– បានប្រោសដល់ស្ត្រីទាំង ៥០០ នាក់ដែលសុទ្ធតែមានកូនស្លាប់ទាំងអស់ឲ្យបានជាអរហន្តី

– បានចូលរួមផ្សព្វផ្សាយពង្រឹង និងពង្រីកគុណតម្លៃវិស័យសាសនាឲ្យមានប្រសិទ្ធភាព

– បានបន្សល់នូវគម្រូវិរភាពដ៏ឈ្លាសវៃ និងស្នាដែដ៏ល្អៗក្នុងព្រះវិន័យ ក៏ដូចជាក្នុងព្រះសាសនា រហូតបានចងក្រងទុកក្នុងគម្ពីរដិកាជាច្រើនមកដល់បច្ចុប្បន្ន ។

– រឿងរបស់នាងបានចូលរួមអប់រំក្នុងសង្គមជាច្រើនដូចជា ពេលខ្លះគេយកមកសម្តែងជាភាពយន្ត ជារឿងសម្រាប់សិក្សាក្នុងអក្សរសិល្ប៍ខ្មែរបែបពុទ្ធនិយម ខ្លះគេយកមកថតជាចម្រៀងកាយវិកាជាដើម ។ រឿងនេះបានជ្រួតជ្រាបដល់សង្គមស្ទើរគ្រប់ស្រទាប់វណ្ណៈ ក្នុងការអប់រំពង្រឹងទឹកចិត្ត គំនិតស្មារតី គឺនៅពេលដែលជួបទុក្ខលំបាកប្រហាក់ប្រហែល ឬដូចទៅនឹងរូបនាងបដាចារ ។

បរិនិព្វាន

កែប្រែ

ព្រះនាងបដាចារថេរី ក្រោយពីបំពេញភារកិច្ចក្នុងវិស័យព្រះពុទ្ធសាសនាអស់រយៈពេលជាច្រើនឆ្នាំមកព្រះនាងក៏នឿយណាយ និងអស់កម្លាំងកាយពលទ្រុឌទ្រោមគ្រាំគ្រាហើយផងដែរ ។ ជីវិតសត្វលោកកើតមកមិនទៀងតែងល្អៀងឃ្លាតទៅជាធម្មតា វាជាច្បាប់ធម្មជាតិ, សត្វលោកតែងរស់នៅក្រោមអំណាចនៃមច្ចុរាជមិនអាចហាមឃាត់បាន ​មិនយូរប៉ុន្មានបដាចារថេរីអរហន្តីក៏ចូលកាន់និព្វានទៅតាមទំនៀមនៃច្បាប់ធម្មជាតិទៅ ។ (មិនបានបញ្ជាក់ថាបរិនិព្វាននៅទីណា ពេលណានោះទេ)

សេចក្តីសន្និដ្ឋាន

កែប្រែ

ជីវិតរបស់នាងបដាចារថេរីពិតជាស្មុគស្មាញ និងក្រៀមក្រំពិបាកនឹងទ្រាំបាន ឬទទួលយក ។ បញ្ហាខាង​ផ្លូវ​ចិត្ត​របស់​នាង​បដាចារ មាន​ព្រះពុទ្ធ​​ជា​អ្នក​ជួយ​បំភ្លឺ​ផ្លូវ ផ្ដល់​ការ​ណែនាំ​ឲ្យ​នាង​​មាន​សេចក្ដី​សង្ឃឹម ​និង​បន្ត​រស់​នៅ​​ក្នុង​​ជីវភាពយ៉ាង​សាមញ្ញ ​ជា​សាវក​​នៅ​ក្នុង​សង្គម​ពុទ្ធសាសនិកជន ។ នៅ​ក្នុង​​សង្គមឥណ្ឌា ទោះ​ជា​អក្សរសិល្ប៍​បែប​ព្រាហ្មនិយម​ក្ដី បែប​ពុទ្ធ​និយម​ក្ដី យើង​កម្រ​ឃើញ​រដ្ឋាភិបាល (ស្ដេច ឬ​អ្នក​គ្រប់គ្រង​និគមណាមួយ) គិតគូរ​​ជួយ​ប្រជារាស្ត្រ​តាម​រយៈ​​ការ​បង្កើត​គម្រោង​ ឬ​កម្មវិធី​ផ្សេងៗ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​មាន​ការងារ​ធ្វើ ឬ​បង្កើត​របប​សន្តិសុខ​សង្គម​សម្រាប់​ជួយ​កុមារ​តូចៗ សិស្សានុសិស្ស ស្ត្រី​មេម៉ាយ ជន​ពិការ ជន​អានាថា ឬ​មនុស្ស​ចាស់​ជរា​ ។ យើង​សង្កេត​ឃើញ​មាន​តែ​ការ​ធ្វើ​ទាន​ម្ដង​ម្កាល​ហើយ​ក៏​ចប់ ពោល​គឺ​មិន​​មាន​ដំណោះស្រាយ​​ដែល​មាន​និរន្តរភាព​ទេ​​ ។ សព្វថ្ងៃ មាន​មនុស្ស​ប្រុស​ស្រី​ច្រើន​នាក់​នៅ​លើ​ពិភព​លោក​កំពុង​ជួប​ប្រទះ​ការ​លំបាក​ខាង​ផ្លូវ​កាយ ដូច​ជា​កង្វះ​ខាត​ទី​ជម្រក សម្លៀក​បំពាក់ ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ជីវិត​​ខ្លួន​ឯង​ផង​និង​ក្រុម​គ្រួសារ​ផង ។ មនុស្ស​ខ្លះ​ទៀត​ទោះបី​មាន​ទ្រព្យ​សម្បត្តិ​គ្រប់គ្រាន់​ឬ​ច្រើន​លើសលប់​ក៏​ដោយ ក៏​ពួក​គេ​នៅ​មានបញ្ហា​ខាង​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​រស់​នៅ​ដោយ​រីករាយ​ឡើយ ។ បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​ផ្ទាល់​ខ្លួន​ផង និង​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​ផង​ ដើម្បី​ផ្ដល់​ឱកាស​ធ្វើការងារ​ដល់​ពួក​គេ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រសិន​បើ​ពួក​គេ​អាច​ធ្វើការងារ​បាន និង​ផ្ដល់​ជំនួយ​​ឧបត្ថម្ភ​ជា​ប្រាក់កាស សម្លៀក​បំពាក់ ទី​ជម្រក ឬ​អាហារូបត្ថម្ភ​ប្រសិន​បើ​ពួក​គេ​មិន​អាច​ធ្វើការងារ​បាន ។ រដ្ឋាភិបាល​ ជា​ពិសេស​ ក្រសួង​សង្គមកិច្ច ត្រូវ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួយ​ជន​​ទាំងឡាយ​ដែល​កំពុង​ជួប​ការ​លំបាក និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ពួក​គេ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ធ្វើការ​ ឬ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង​បាន ។ ចំពោះ​មនុស្ស​មាន​​ពិការភាព​ ឬ​បញ្ហា​ផ្លូវ​ចិត្ត រដ្ឋាភិបាល​ត្រូវ​មាន​មន្ទីរពេទ្យ ឬ​មណ្ឌល​សម្រាប់​ផ្ដល់​សេវា​ពិគ្រោះ​យោបល់ និង​ជួយ​ព្យាបាល​ពួក​គេ​ឱ្យ​អាច​ស្ដារ​លទ្ធភាព​ពលកម្ម​ និង​អាច​ចូលរួម​ក្នុង​សកម្មភាព​សង្គម​តាម​លទ្ធភាព​របស់​ពួក​គេ ។ វត្ត​អារាម និង​ភិក្ខុសង្ឃ​គួរ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ជួយ​សង្គម​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។ ចំណែក​សាលា​រៀន និង​គ្រូបង្រៀនវិញ​ក៏​ត្រូវ​មាន​ចំណែក​យ៉ាង​សំខាន់​ផង​ដែរ​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស សេដ្ឋកិច្ច​ជាតិ និង​សន្តិភាព​សង្គម​ ។

អនុសាសន៍

កែប្រែ

ដូច្នេះ ជីវិតរបស់បុគ្គល​ម្នាក់ៗ ក៏ត្រូវតែចេះកែប្រែផងដែរ ដោយអាចកែប្រែបានតាមរយៈការអប់រំពីមជ្ឈដ្ឋានផ្សេងៗ រួមមានការសេពគប់ និងការសិក្សារៀនសូត្រពីសាលារៀនជាដើម ។ មិនត្រូវបណ្តោយជីវិតឲ្យស្ថិតនៅក្នុងភាពល្ងិតល្ងង់ ឬបណ្តោយឲ្យទុក្ខគ្របសង្កត់ឡើយ និងមិនត្រូវណ្តោយឲ្យលោភៈ ទោសៈ មោហៈ និងលោកធម៌អូសទាញចិត្ត​នោះ​ទេ ។ ពេលមានទុក្ខ ត្រូវចេះរកវិធីដោះស្រាយដោយសន្តិវិធី ឬដោយប្រាជ្ញា ។ ប្រសិនបើ​បុគ្គល​ម្នាក់​​កើតមកភ្លឺ គាត់​មិន​ត្រូវ​​ស្លាប់​​ទៅវិញងងិត​ទេ ប្រសិន​បើបុគ្គល​ម្នាក់​កើតមកងងិត គាត់​​មិនត្រូវ​ស្លាប់​ទៅវិញងងិតដដែលទេ ពោល​គឺ​គាត់​​ត្រូវទៅវិញភ្លឺ ហើយប្រសិន​បើ​កើត​​មកភ្លឺ គាត់​ក៏​​ត្រូវស្លាប់​ទៅវិញក៏ភ្លឺដែរ ទើបជីវិតនេះមានតម្លៃ និងប្រសើរឡើង ។

ឯកសារយោង

កែប្រែ

1.   គម្ពីរធម្មបទភាគ៤

2.   ជីវៈប្រវត្តិអគ្គសាវិកា ភាគ ១

3.   បទានុក្រមបាលី ខ្មែរ