បដិច្ចសមុប្បាទធម៌

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > និទានវគ្គ > តតិយភាគ > អភិសមយសំយុត្ត > ពុទ្ធវគ្គ ទី១

បដិច្ចសមុប្បាទសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាល​ព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់​ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវបដិច្ចសមុប្បាទធម៌ ដល់​អ្នកទាំងឡាយ ចូរអ្នក​ទាំងឡាយ ប្រុងស្តាប់ធម៌នោះ ចូរធ្វើទុក​ក្នុងចិត្តដោយប្រពៃចុះ តថាគត នឹង​សំដែងប្រាប់។ ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបដិច្ចសមុប្បាទធម៌ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើត​មាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើត​មាន ព្រោះវិញ្ញាណជាបច្ច័យ អាយតនៈ៦កើត​មាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើត​មាន ព្រោះអាយតនៈ៦ជាបច្ច័យ វេទនាកើត​មាន ព្រោះផស្សៈជាបច្ច័យ តណ្ហា​កើត​មាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើត​មាន ព្រោះតណ្ហា​ជាបច្ច័យ ភពកើត​មាន ព្រោះឧបាទានជាបច្ច័យ ជាតិកើត​មាន ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្ត ក៏កើតមានព្រម ព្រោះជាតិជាបច្ច័យ។​ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែង​មាន​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិច្ចសមុប្បាទធម៌។

[៣] ការរលត់នៃសង្ខារ ព្រោះការវិនាស និងការរលត់ឥតសេសសល់នៃអវិជ្ជា ការរលត់​នៃវិញ្ញាណ ព្រោះការរលត់នៃសង្ខារ ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ ការរលត់នៃ​អាយតនៈ៦ ព្រោះការរលត់នៃនាមរូប ការរលត់នៃផស្សៈ ព្រោះការរលត់នៃអាយតនៈ៦ ការរលត់នៃវេទនា ព្រោះការរលត់នៃផស្សៈ ការរលត់នៃតណ្ហា ព្រោះការរលត់នៃវេទនា ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោកស្តាយ សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់ចិត្ត ក៏រមែង​រលត់ទៅ ព្រោះ​ការរលត់​នៃជាតិ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ រមែង​មានយ៉ាងនេះ។ លុះព្រះមានព្រះភាគ ទ្រង់​ត្រាស់ដូច្នេះហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់​ព្រះមានព្រះភាគ។ ចប់សូត្រ ទី១។

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > និទានវគ្គ > តតិយភាគ > អភិសមយសំយុត្ត > ពុទ្ធវគ្គ ទី១ ( សៀវភៅភាគ៣១ ទំព័រទី ១ និង ២)

ปฏิจจสมุปบาท

SN 12.2 Paticca-samuppada-vibhanga Sutta: Analysis of Dependent Co-arising