បណ្តាញយុវជនកម្ពុជា

ប្រវត្តិ

កែប្រែ

ការចាប់កំណើត

កែប្រែ

បណ្តាញយុវជនកម្ពុជា (ប.យ.ក) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០០៩។ ប.យ.ក ​គឺជា​សមាគមយុវជន​សមាជិក​ភាព ឯករាជ្យ និងប្រជាធិបតេយ្យមួយ​ដែល កំពុង​ធ្វើ​ការ​លើក​កម្ពស់​​​សិទ្ធិ និងផលប្រយោជន៍របស់​យុវជន ទាំងសិស្ស និស្សិត​នៅ​តាម​សាលា សាកល​វិទ្យាល័យ និង​យុវជន​នៅតាម​សហគមន៍។ ការបង្កើត បណ្តាញយុវជនកម្ពុជា​ឡើង​​ ក្នុងវត្ថុ​បំណង ​ពង្រឹង​​សិទ្ធិ​អំណាច​​យុវជន ឱ្យយុវជនចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន និងជម្រុញឱ្យមានការអភិវឌ្ឍជាវិជ្ជមាន ស្របតាមទ្រឹស្តី “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរ”​។​ ប.យ.ក ធ្វើការផ្តោតសំខាន់លើការពង្រឹងសិទ្ធិ​​អំណាច​ និង​ការអភិវឌ្ឍ​​​​សមត្ថភាព​​យុវជន​តាមរយៈ​ការផ្តល់ការអប់រំ និងបណ្តុះ​បណ្តាល​ដល់​យុវជន​។

 
សកម្មភាពដាំកូនឈើ ក្នុងថ្ងៃទិវាបរិស្ថានពិភពលោក ឆ្នាំ២០១២

ចាប់​តាំង​ពីឆ្នាំ២០១១ បណ្តាញយុវជនកម្ពុជា ធ្លាប់បាន​​បណ្តុះ​បណ្តាល​​យុវជនជា​ច្រើន​រយ​នាក់​​អំពី​ ការចង​ក្រងសហគមន៍ វិធីសាស្ត្រក្នុងការតស៊ូមតិ ភាពជាអ្នកដឹកនាំ ការអភិវឌ្ឍន៍ខ្លួនឯង ច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបរិស្ថាន។ លើសពី​នេះទៅទៀត ប.យ.ក ក៏ផ្តល់​នូវ​ការបណ្តុះ​បណ្តាល​ភាសា​អង់គ្លេស និងកុំព្យូទ័រ​ដែល​អាច​ផ្តល់​លទ្ធភាព​​​ដល់យុវជន និងយុវវ័យ​ក្នុង​ការទទួល​បាននូវចំណេះ​ដឹង​​ជាមូលដ្ឋាននៃការ​ប្រើប្រាស់​បណ្តាញសង្គម ហើយក៏ជា​ស្ពានមួយ​សម្រាប់​យុវជនក្នុងការ​ស្រាវ​ជ្រាវ​​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ដោយ​​ខ្លួនគេផ្ទាល់ និងការ​កសា​​ង​បណ្តាញ​យុវជននៅកម្ពុជា។

ក្រៅពីសកម្ម​ភាព​ពង្រឹងសិទ្ធិអំណាចយុវជន និងអភិវឌ្ឍន៍សមត្ថភាពយុវជន ប.យ.ក បាន​​កំពុង​​ធ្វើ​​​ការ​លើក​​កម្ពស់​ឱ្យ​យុវជន​ចូល​រួម​នៅ​ក្នុង​សកម្មភាព​​សង្គ​ម​​ សិទ្ធិ​​មនុស្ស​ និង​សហគមន៍។​ សកម្មភាព​របស់​​យុវជន​​​ក្នុង​​កិច្ច​ការ​​សហគមន៍​​ បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​របស់​​យុវជន​​នៅ​​តាម​​ទីក្រុង​ យុវជន​​​សហគមន៍​​ ប្រជាពល​រដ្ឋ​សហគមន៍​ និងជន​ដែល​រងគ្រោះដោយ​ការរំលោភសិទ្ធិ​មនុស្ស​នៅ​ជិតគ្នា ហើយ​ធ្វើការ​គាំទ្រគ្នាទៅវិញទៅមក ក្នុង​ការដោះស្រាយបញ្ហារួម។ លើសពីនេះ ប.យ.ក បានធ្វើការយ៉ាងសកម្ម​លើ​​យុទ្ធ​នាការតស៊ូមតិ​ដើម្បីការពារ និងអភិរក្ស ​ធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន និងជម្រុញ​ឱ្យមានការប្រើប្រាស់ធនធានទាំងនេះ​ ឱ្យមានតម្លាភាព និង​និរន្តរភាព។ ប.យ.ក បានកំពុងធ្វើ​ការ​សហការ​ក្នុង​ភាព​ជាដៃគូ​ជាមួយអង្គការ សមាគម សហគមន៍ បណ្តាញ សហជីព ក្រុមក្លឹប ក្នុងការធ្វើការរួមគ្នា​ដើម្បីលើក​កម្ពស់ និងជម្រុញឱ្យមាននីតិរដ្ឋ ប្រជាធិបតេយ្យ សន្តិភាព​ ការ​គោរព​សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរ​ភាព។

អំពីទស្សនៈវិស័យ

កែប្រែ

សមាគមបណ្តាញយុវជនកម្ពុជា ចង់បាននូវសង្គមកម្ពុជាមាន សន្តិភាព សេរីភាព ប្រកាន់នូវគោលការណ៍ លទិ្ធ​ប្រជា​​ធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស មាននីតិរដ្ឋ យុវជនមានសមត្ថភាពក្នុងការបំពេញការងារ ដោយ​មាន​ការ​​គាំពារផ្នែកសង្គម និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

អំពីបេសកកម្ម

កែប្រែ

សមាគមបណ្តាញយុវជនកម្ពុជា​ មានបេសកកម្មដូចតទៅ៖

  • ពង្រឹងអំណាចយុវជន តាមរយៈការចងក្រង និងបណ្តុះបណ្តាលនូវមុខជំនាញផ្សេងៗ
  • លើកកម្ពស់ការចូលរួមរបស់យុវជន ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស
  • ជំរុញឱ្យមាននីតិរដ្ឋ​ និងយុត្តិធម៌សង្គម
  • ជំរុញឱ្យមានការចូលរួមការពារ ថែរក្សាបរិស្ថាន និងធនធានធម្មជាតិ
  • ទំនាក់ទំនង និង សហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ។

អំពីគោលដៅ

កែប្រែ

យុវជនមានអំណាច និងសមត្ថភាពគ្រប់គ្រាន់ក្នុងការតស៊ូមតិ លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍​សង្គម សេដ្ឋកិច្ច និងវប្បធម៌។

គុណតម្លៃ

កែប្រែ
  • គុណ​តម្លៃ​របស់​បណ្តាញយុវជ​នកម្ពុជា គឺ​គោរព​តាម​គោល​ការណ៍​សហប្រតិ​បត្តិ​ការណ៍ គណនេយ្យ​ភាព​ តម្លាភាព យ៉េនឌ័រ​ និង​ការ​ចូល​រួម​របស់​សមាជិក​គឺជា​គុណតម្លៃ​មួយ​យ៉ាង​សំខាន់ក្នុងការ​ធ្វើ​សកម្មភាព និងការសម្រេចចិត្ត។
  • ការសហប្រតិបត្តិការណ៍៖ បណ្តាញយុវជនកម្ពុជា ធ្វើការសហប្រតិបត្តិការណ៍ជាមួយបណ្តាញ​ សហគមន៍ ក្លឹបយុវជន​ យុវជសហគមន៍ អង្គការ សង្គមស៊ីវិល និងភ្នាក់ងារអភិវឌ្ឍន៍ដទៃទៀត ដោយសេរី និងស្មើភាពគ្នា ផ្អែកលើគោលដៅ និងការអភិវឌ្ឍរួម ការគោរពគ្នាទៅវិញទៅមក ការជឿជាក់ស្វ័យភាពរបស់អង្គការ ការគាំទ្រ​រយៈ​ពេល​វែង សាមគ្គីភាព និងភាពជាប្រជាពលរដ្ឋ។
  • គណនេយ្យភាព៖ បណ្តាញយុវជនកម្ពុជា គោរពគោលការណ៍ គណនេយ្យភាព លើកកម្ពស់ការចូលរួម​របស់​យុវជន​ ទទួល​សំណូមពររបស់យុវជន និង​ឆ្លើយ​តប​ទៅ​តាមតម្រូវការរបស់យុវជន។
  • តម្លាភាព៖ បណ្តាញយុវជនកម្ពុជា គោរពគោលការណ៍ តម្លាភាព ក្នុងនាមជាអង្គការស្របច្បាប់ដើម្បីឱ្យមាន​ការ​គ្រប់​គ្រងហិរញ្ញវត្ថុប្រកបដោយគុណភាព។ បណ្តាញយុវជនកម្ពុជា បើកទូលាយដល់​សមាជិក​ឱ្យដឹង​ពីរបៀបនៃការស្វែងរកថវិកា និងការប្រើប្រាស់ថវិកាដែលមាន និងរបាយការណ៍ហិរញ្ញ​វត្ថុ។
  • យេនឌ័រ៖ សមភាព និងសមធម៌យេនឌ័រខណៈពេលដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី ដោយការលើកកម្ពស់ និង​អនុវត្ត​កិច្ច​សហ​ប្រតិបត្តិ​ការណ៍​ដោយ​រួម​បញ្ចូល​នូវ​សមភាពយេនឌ័រ ឆ្លុះបញ្ចាំនូវសេចក្តីព្រួយ​បារម្ភ និងបទពិសោធន៍នានារបស់ស្ត្រី ហើយគាំទ្រការប្រឹងប្រែងរបស់ស្ត្រី ដើម្បី​​​​​​​​​​ឱ្យពួកគាត់យល់​ដឹង​ពីសិទ្ធិ​របស់ខ្លួន​ឯង​ និង​សិទ្ធិ​សមូហភាព​ ដោយចូលរួមភ្នាក់ងារពង្រឹងអំណាច​ក្នុងដំណើរ​ការ​ អភិវឌ្ឍន៍យ៉ាងពេញលេញ។