បទកខ
កកើតជាមនុស្សក្នុងលោកិយ ខខំឃ្មាតខ្មីរករៀនធ្វើ
គគិតឲ្យសព្វគ្រប់អន្លើ ឃឃើញអំពើពេញជាមនុស្ស
ងងាកឆ្វេងស្តាំមើលគេឯង ចចេះចាត់ចែងបែងឲ្យធ្លុះ
ឆឆើតកើតការយ៉ាងណានោះ ជជាតិជាមនុស្សឲ្យដូចគេ
ឈឈានជើងដើរគិតរំពឹង ញញើតវិលវឹងបើទំនេរ
ដដើរទៅណាឥតការទេ ឋឋិតឋានឋេរវិលមកផ្ទះ
ឌឌិនអង្កាំមាសកែវកង ឍធនធានផងបើមានខ្វះ
ណណាណាល្អទុកកុំប្រើណាស់ តតិចទុកផ្លាស់ប្តូរម្តងៗ
ថថប់ចម្រប់ចំពោះពាល ទទើបមិនរោលរាលសៅហ្មង
ធធៀបពួកពាលដូចពស់ផង ននឹកប៉ុនប៉ងជៀសឲ្យឆ្ងាយ
បបើមនុស្សល្អមានធម៌ពិត ផផុតគំនិតពាលទាំងឡាយ
ពពិតពុំឲ្យអន្តរាយ ភភឿនជិតឆ្ងាយជាមិត្តស្និត
មមាមីងក៏ដូចឪម៉ែ យយើងគួរតែរួបរួមរិទ្ធ
ររករៀនច្បាប់ខ្មែរឲ្យល្អិត លលៃលកចិត្តគិតផ្គូរផ្គង
វវង្សាល្អត្រូវដើរតាម សហសុំហាមរឿងឆ្គាំឆ្គង
ឡឡើងស័ក្តិយសឈ្មោះល្អផង អឥតឲ្យហ្មងនឹងច្បាប់ខ្មែរ៕
ខ្ញុំបាទ លី គិមយ៉ាន ដកស្រង់ចេញពីសៀវភៅ កម្ពុជសុរិយា មិនដឹងលេខប៉ុន្មាន ព្រោះខ្ញុំរៀនចាំមក បើមានខុសឆ្គងសូមមេត្តាជួយកែបន្ថែមទៀតផង។