៤. វិបត្តិរាជវង្ស

៤.១. ព្រះបាទធម្មរាជា (១៤៨៦ - ១៥០៤)

ព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀមស្រងៀម​ដែលទៅពឹងកំលាំងសៀមដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផង និងដើម្បីបានសោយរាជ្យតែម្នាក់ឯងផង ។នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ (បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខែត្រជាច្រើនមកត្រួតត្រា មានខែត្រស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខែត្រខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខែត្រដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អនានិគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំង​ស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខែត្រអម្រិន្ទបូរ (បច្ចុប្បន្នស្រុកបរិបូរណ៍) ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខែត្រខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខែត្រកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។

ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្សព្រះអង្គទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័ឌ្គរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។

ការបែ​​កបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត។ នៅឆ្នាំ ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទង​ជាសម្ងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។

ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។

កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។

ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។

ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ ១៤៨៦ នៅរាជធានីចតុមុខ។

ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខែត្រ ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។ (ត្រង់នេះគួរតែ ស្ដេចសៀមនាម បរមត្រៃលោកនាថ ត្រូវជាងត្បិតក្នុងពង្សាវតារសៀម ចំណែកចក្រពត្រាធិរាជ ប្រសូតនៅឆ្នាំ១៥០៩ ទេក្នុងវិបត្តិនេះគេខ្ចីសាច់រឿងសតវត្សទី១៦ មកបំពេញចន្លោះព្រឹត្តិការណ៍សតវត្សទី១៥ ព្រោះសម័យនោះសៀមជាប់ចំបាំងនឹង លាននា ដូច្នេះខ្មែរប្រហែលឆ្លៀតឱកាសនេះច្បាំងយកខេត្តចាស់មកវិញ រឺ ក៏ថាព្រឹត្តិការណ៍នេះអាចគ្មាន រឺ ក៏នគរបានបែកជាបីរដ្ឋដរាបដល់ចន្ទរាជាឡើងសោយរាជ្យទើបរដ្ឋទាំងបីក្លាយជារាជាណាចក្រឯកភាពមួយវិញនៅសម័យលង្វែកយ៉ាងណា)។

ក្បួន​ពង្សាវ​តារ​ផ្សេង​ៗ សុទ្ធ​តែ​បាន​និយាយ​ពី​អន្ដរា​គម​របស់​សៀម ក្នុង​ជំលោះ​រវាង​ស្ដេច​ខ្មែរ ប៉ុន្ដែ​របៀប​ធ្វើ​អន្ដ​រា​គម​នោះ​ឃើញ​ថា មាន​បែប​ខុស​ៗ​គ្នា​។ ក្បួន​ខ្លះ​បញ្ជាក់​ថា គឺ​ព្រះ​ធម្មរា​ជា​ដែល​ត្រូវ​ជា​បុត្រ​របស់​អ្នក​ម្នាង​សៀម ស្រ​ងៀម​នេះ​អែង ដែល​ទៅ​ពឹង​កំលាំង​របស់​សៀម ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចំបាំង​ក្នុង​គ្រួសារ​ផង និង​ដើម្បី​បាន​សោយ​រាជ​តែ​ម្នាក់​អែង​ផង​។

នៅ​គ.ស. ១៤៨៥ ព្រះ​ចៅ​មហា​​ចក្រព​ត្រា​ធិ​រាជ​ស្ដេច​សៀម​សោយ​រាជ​នៅ​ក្រុង​អយុធ្យា ទ្រង់​បាន​យល់​ព្រម​តាម​សំនូម​របស់​ស្ដេច​ធម្ម​រាជា ហើយ​ទ្រង់​បាន​បញ្ជា​អោយ​លើក​ទ័ព​ចូល​មក​ក្នុង​ប្រ​ទេស​ខ្មែរ​។ ដោយ​យល់​ឃើញ​ថា ប្រ​ជា​នុរាស្រ្ដ​បាន​នឿយ​ណាយ នឹង​សង្រ្គាម​ខ្លាំង​ពេក​ហើយ​ ព្រះ​បាទ​ស្រី​រាជា ក៏​ទ្រង់​យល់​ព្រម​ចូល​មក​ផ្សះ​ផ្សាប​ញ្ចប់​សង្គ្រាម​។ ចំណែក​ខាង​ព្រះ​ស្រី​សុរិយោ​ទ័យ ដោយ​ពួក​រេហ៍​ពល​ពុំ​ព្រម​ច្បាំង​ត​ទៅ​ទៀត ព្រះ​អង្គ​ក៏​ត្រូវ​បង្ខំ​ព្រះ​ហរិ​ទ័យ​យាង​ចូល​រួម​ក្នុង​កិច្ច​ចរ​ចារក​សន្ដិ​ភាព​ដែរ​។ ជា​កិច្ច​ដោះ​ស្រាយ ព្រះ​ចៅ​ចក្រ​ពត្រ ក៏​បាន​សំរេច​ថា​ត្រូវ​តែ​ចាប់​ ព្រះ​ស្រី​រាជា និង​ស្រី​សុរិ​យោ​ទ័យ​ទៅ​គង់​ឯ​ស្រី​អយុធ្យា ទើប​ប្រទេស​ខ្មែរ​បាន​សុខ​សន្ដិ​ភាព​ឡើង​វិញ​។

ក្បួន​ខ្លះ​និយាយ​ថា សៀមឆ្លៀត​ឱកាស​ដែល​ប្រ​ទេស​ខ្មែរ​កំពុង​តែ​មាន​ចលា​ចល​ដោយ​សង្គ្រាម​រវាង​ស្រី​រាជា និង ស្រី​សុរិ​យោ​ទ័យ សៀម​បាន​លើក​ទ័ព​ចូល​មក​ច្បាំង​យក​បាន​ចន្ទ​បុរី មហា​នគរ​វត្ដ នគ​រាជ​សីមា ហើយ​ចាប់​បាន​ទាំង​ស្ដេច​ស្រី​រាជា ទាំង​ស្រី​សុរិ​យោ​ទ័យ និង​ក្រប​គ្រួ​នាំ​យក​ទៅ​ស្រី​អយុធ្យា ហើយ​ទុក​នាយ​គង់​អោយ​នៅ​រក្សា​ស្រុក​ភ្នំ​ពេញ​។ គ្រា​នោះ​ស្ដេច​ធម្ម​រាជា​ដែល​ទៅ​ឈរ​នៅ​នគរ​វត្ដ បាន​ថយ​ទៅ​បាភ្នំ ក​ទ័ព​មក​ច្បាំង​យក​បាន​ភ្នំពេញ ហើយ​ឡើង​សោយ​រាជ​ដោយ​មាន​ព្រះ​នាម​ថា ព្រះ​បាទ​សម្ដេច​ព្រះ​រាជ​អោង្ការ​ព្រះ​ធម្ម​រាជា​មហា​ចក្រព​ត្រា​ធិ​រាជ​។

ក្បួន​ខ្លះ​ទៀត​និយាយ​ថា គឺ​ស្ដេច​ស្រី​សុរិ​យោ​ទ័យ​អង្គ​ឯង​តែ​ម្ដង ដែល​បាន​ទៅ​ពឹង​អោយ​សៀម​ជួយ​។ ពួក​នេះ​បាន​លើក​ទ័ព​ចូល​មក​វាយ​យក​បាន​នគរ​រាជ​ អង្គរ ចន្ទបុរី​។ ចំណែក​អែ​ធម្ម​រាជា ដែល​មាន​ភារ​កិច្ច​ការ​ពារ​ក្រុង​ចតុ​មុខ ក៏​បែរ​ជា​ក្បត់​ចូល​ដៃ​ជា​មួយ​សត្រូវ​ប្រឆាំង នឹង​ព្រះ​ស្រី​រាជា​ ជា​ស្ដេច​ពេញ​ច្បាប់​ទៅ​វិញ​។ ស្ដេច​ស្រី​សុរិ​យោ​ទ័យ លុះ​ឃើញ​ដូច្នោះ​ក៏​យាង​ទៅ​ជួប នឹង​ស្ដេច​សៀម តែ​ត្រូវ​ស្ដេច​សៀម​ចាប់​ខ្លួន​នាំ​យក​ទៅ​ប្រទេស​សៀម​ទៅ​។

គួរ​គប្បី​បញ្ជាក់​ថា ព្រះ​ស្រី​រាជា និង​ស្រី​សុរិ​យោ​ទ័យ​សុទ្ធ​តែ​បាន​សុគត​នៅ​ប្រ​ទេស​សៀម​ទាំង​ពីរ​ព្រះ​អង្គ (ក្បួន​ខ្លះ ថា​សុគត​នៅ​តាម​ផ្លូវ​)​។ ព្រះ​ស្រី​រាជា​មាន​បុត្រ​ជា​មួយ​អ្នក​ម្នាង​កេសរ នាម​ចៅ​ពញា​អុង​។ ចំណែក​អែ​ព្រះ​ធម្ម​រាជា ត្រូវ​បាន​អភិ​សេក​អោយ​ឡើង​សោយ​រាជ​នៅ​គ.ស. ១៤៨៦ ហើយ​ប្រ​ទេស​ខ្មែរ​ក៏​បាន​សុខ​រៀង​មក រហូត​ដល់​ពេល សោយ​ទី​វង្គត​នៅ​គ.ស.១៥០៤ ព្រះ​អង្គ​មាន​បុត្រ​ពីរ​ព្រះ​អង្គ ១. ចៅ​ពញា​ដាំ​ខាត់​រាជា បុត្រ​អគ្គម​ហេសី សម្ដេច​ព្រះ​ភគ​វតី​ស្រី​ទេព​ធិតា ២. ពញា​ចន្ទ​រាជា បុត្រ​អ្នក​ម្នាង​ទេព​បុប្ផា អែក​សារ​ខ្លះ​បាន​បញ្ជាក់​ថា​ ព្រះ​អង្គ​ជា​ព្រះ​រាជា​ដែល​ទ្រង់​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌ យក​ព្រះ​រាជ​ហរិ​ទ័យ​ទុក ដាក់​នឹង​វាសនា​ប្រជា​រាស្រ្ដ និង​ព្រះ​ពុទ្ធ​សាសនា​ខ្លាំង​ណាស់​។ ព្រះ​អង្គ​ទ្រង់​បាន​សាង​ព្រះ​ចេតិយ​នៅ​ខេត្ដ​អាសន្ទុក ដើម្បី​តំកល់​សារី​រិក​ធាតុ ហើយ​មាន​ហរិ​ទ័យ​ប្រាថ្នា​ចង់​បាន​ជា​ពុទ្ធ​ភូមិ​ទៀត​ផង​។

ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ គឺ​ពី​គ.ស. ១៤៧៥ ដល់ ១៤៨៥ ប្រ​ទេស​ខ្មែរ​បាន​ជួប​នូវ​វិបត្ដិ​មួយ​ដ៏​ធ្ងន់​ដែល​បណ្ដាល​មក​ពី​ទំនាស់​ក្នុង​រាជ​វង្ស ដែល​ដឹក​នាំ​ជាតិ​ក្នុង​ពេល​នោះ​។ ចំបាំង​ដែល​ជា​វិធី​ ដែល​គេ​ប្រើ​សំរាប់​ដោះ​ស្រាយ​ជំលោះ​នោះ បាន​ធ្វើ​អោយ​ប្រជា​នុ​រាស្រ្ដ​ទុក្ខ​វេទ​នា​យ៉ាង​សំបើម​ បាន​ធ្វើ​អោយ​សេដ្ឋ​កិច្ច​ចុះ​អោន​ថយ និង​ជា​ពិសេស​ធ្វើ​អោយ ប្រ​ជា​ជាតិ​ខ្មែរ​ធ្លាក់​ដុន​ដាប​ជា​លំ​ដាប់​។ នេះ​ជា​លើក​ទី​១ ក្នុង​ប្រ​វត្ដិ​សាស្រ្ដ​ខ្មែរ ដែល​គេ​ឃើញ​មាន​ស្ដេច​ខ្មែរ ទៅ​ អន្ទង​ពឹង​ពាក់​បរ​ទេស​ជិត​ខាង​អោយ​ចូល​មក​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​ជាតិ​អែង​ផ្ទាល់ នេះ​គឺ​តំរាប់​អាក្រក់​មួយ​ សំរាប់​ព្រះ​រាជា​សោយ​រាជ​ត​ៗ​មក ហើយ​ដែល​រត់​ទៅ​សុំ​ជំនួយ​ពី​បរ​ទេស ជា​លេស​អោយ​គេ​មាន​ឱកាស​លូក​ដៃ ចូល​មក​ជ្រៀត​ជ្រែក​ក្នុង​ផ្ទៃ​របស់​ខ្មែរ​។ ហើយ​ទាញ​យក​ផល​ប្រយោជន៍​អោយ​គេ​។ នេះ​ក៏​ជា​លើក​ទី​១​ដែរ ដែល​មាន​ស្ដេច​ខ្មែរ​ទៅ​រស់​នៅ​បរ​ទេស (ពញា​អុង) ក្នុង​ការ​ទំនុក​បំ​រុង​របស់​គេ​។ ចំពោះ​រឿង​នេះ​លោក Moura បាន​ចាត់​ទុក​ថា​ជា​កល​យុទ្ធ​មួយ​របស់​ស្ដេច​សៀម សំរាប់​ទុក​ជា​គូ​ប្រ​ជែង នឹង​ព្រះ​មហាក្សត្រ​ខ្មែរ​អង្គ​ណា​ដែល​ចង់​រំដោះ​ព្រះ​ អង្គ​អោយ​រួច​ពី​ចំនុះ​របស់​សៀម​។


៤.២. ព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២)

នៅពេលដែលព្រះបាទធម្មរាជាទ្រង់សោយទីវង្គត់នៅឆ្នាំ១៥០៤ទៅ បុត្រច្បងរបស់ព្រះអង្គព្រះនាមចៅពញាដំខាត់រាជាបានឡើងសោយរាជ្យបន្ត ដោយយកព្រះនាមសម្រាប់រាជ្យថា ព្រះបាទស្រីសុគន្ធបទគង់នៅរាជធានីចតុមុខ ។ ក្រោយមកទៀតព្រះអង្គបានរើរាជធានីទៅទួលបាសាន វិញ ដោយព្រះអង្គទ្រង់ឈ្វេងយល់ថាទីនោះគឺជាចំណុចយុទ្ធសាស្ត្រមួយ មានឧបសគ្គធម្មជាតិ (បឹង ទន្លេព្រៃញឹក) ស្រួលការពារខ្លួនជាងនៅក្រុងចតុមុខ ។ ឯព្រះអនុជនាម ពញាចន្ទរាជា ត្រូវបានតែងតាំងជាមហាឧបរាជនៅគ.ស.១៥០៨ ហើយនៅការពារក្រុងចតុមុខមើលខុសត្រូវលើអាណាខេត្តត្រើយខាងលិច ។ រាជពង្សាវតារបាននិយាយថា កាលដែលព្រះបាទស្រីសុគន្ធបទ យាងទៅគង់នៅរាជធានី ទួលបាសាន នោះព្រះអង្គបានលើកនាងស (ឯកសារខ្លះនាងពៅ) ជាស្នំឯកមាននាមថា កេសរបុប្ផា ទើបស្រុកនោះមានឈ្មោះថា ស្រីសឈរ ដែលតមកទៀតបានក្លាយជា ស្រីសន្ធររៀងរហូតមក ។ នាងសនេះជាកូនរបស់មន្ត្រីម្នាក់ឈ្មោះពិជ័យនាគ និងនាងបាន ដែលជាពលព្រះស្រីរតនត្រ័យ ។ ប្អូនប្រុសនាងស ឈ្មោះកៅ ឬ កន ត្រូវបានតែងតាំងជាមហាតលិក ក្រោយមកទៀត បានឡើងឋានៈជា ឃុនហ្លួងព្រះស្ដេច មាននាទីមើលខុសត្រូវលើពលព្រះទាំងអស់ និងលើកិរិយាមារយាទនៃពលរដ្ឋទូទៅ ។ រាជពង្សាវតារបាននិយាយទៀតថា នៅគ.ស.១៥០៩ ព្រះបាទស្រីសុគន្ធបទ ទ្រង់សុបិន្តឃើញនាគរាជដេញខាំព្រះអង្គ ហើយខាំពាំស្វេតច្ឆ័ត្រ មនុស្សម្នាឱ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះ រាល ដាលពេញទាំងព្រះមហានគរ អំណាចភ្លើងនោះក្តៅពន់ប្រមាណណាស់ ឃើញហាក់ដូចជានាគនោះ ស្ទុះចូលមកខាំពោំស្វតច្ឆត្រទៅកាន់ទិសបូព៌ា ថែមទៀត ។ នៅពេលប្រជុំព្រះអង្គបានទតទតឃើញតួនាគពីរ ព័ទ្ធព័ន្ធ លើឃុនលួងព្រះស្តេច ហើយងើបក្បាលឆ្វេង ស្តាំ ​​ ទន្ទឹមគ្នានឹងសិរសា ឃុនហ្លួងព្រះស្តេចកន រូបនាគនោះដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិន្ត និម្មិត ។ កិរិយានាគនោះហាក់ដូចជាចង់ស្ទុះទៅខាំព្រះអង្គទ្រង់ភ្ញាក់ព្រះ ទ័យត្រាស់ឱ្យមន្ត្រីមើល តែមើលពុំឃើញ តាមព្រះរាជបញ្ជាសោះ ទ្រង់ព្រួយព្រះទ័យណាស់ ហើយព្រះអង្គទ្រង់បញ្ជាអោយហោរទាយ ថាមានកោលាហល អ្នកបង្កគឺ ឃុនហ្លួងព្រះស្ដេចកន ដែលកើតនៅឆ្នាំរោង (នាគ) ។ ស្របពេលជាមួយគ្នានោះមានពាក្យបណ្ដឹងមកថាមានកើតហេតុចម្លែកផ្សេងៗ នៅក្នុងព្រះរាជាណាចក្រ ។ ដោយខ្លាចក្រែងស្ដេចកន ក្បត់ដណ្ដើមរាជសម្បត្តិ សមដូចទំនាយរបស់ហោរានោះ ព្រះរាជាទ្រង់បានធ្វើការប្រជុំសម្ងាត់នៃពួកមន្ត្រីជំនិត ដើម្បីរិះរកមធ្យោបាយកម្ចាត់ ស្ដេចកន អោយបាន តែស្នំឯកលបលួចស្ដាប់ដឹងការណ៍ហើយផ្ញើរសំបុត្រ ទៅប្រាប់ប្អូនព្រះនាងយ៉ាងប្រញាប់ ។តមក ព្រះរាជាទ្រង់បញ្ជាអោយពួកមន្ត្រីរៀបចំដង្ហែព្រះអង្គទៅក្រសាលបឹង បង់សំណាញ់កំសាន្តទៅតាមចំណូលព្រះហឫទ័យរបស់ព្រះអង្គ​ដែលធ្លាប់តែធ្វើពីមុនរៀងមក ។ ស្ដេចកនក៏ត្រូវបានគេចាត់អោយទៅហែហមព្រះរាជាជាមួយនឹងមន្ត្រីឯទៀតៗដែរ ។ ដូចគេបានគ្រោងទុកជាមុនស្រេច ព្រះរាជាទ្រង់ធ្វើកលថា សំណាញ់ព្រះអង្គជាប់សំរាស់លើកពុំរួច ហើយទ្រង់បញ្ជាអោយស្ដេចកន មុជទឹកទៅដោះ ។ ស្ដេចកន ទទួលបញ្ជាហើយលោតទៅក្នុងទឹកធ្វើហាក់ដូចជាពុំដឹងខ្លួន ហើយមុជថយចេញពីកន្លែងនោះឆ្ងាយទៅ ។ ពេលនោះពួកបរិវារដែលជាជំនិតស្មានថា ស្ដេចកន បានធ្លាក់ចូលអន្ទាក់របស់ខ្លួនហើយ ក៏ប្រញាប់បង់សំណាញ់ព្រមគ្នាគ្របត្រង់កន្លែងដែល ស្ដេចកនលោតចុះទៅនោះ ដោយមានបំណងធ្វើអោយ ស្ដេចកន ជាប់សំណាញ់រើពុំរួច ស្លាប់នៅក្នុងទឹកនោះទៅ ។

លុះបានចាកផុតពីគ្រោះថ្នាក់ហើយ ស្ដេចកនបានភៀសខ្លួនទៅដល់ខេត្តបាភ្នំ ហើយប្រើឧបាយកលបោកបញ្ឆោតពួកចៅហ្វាយខេត្តថា ខ្លួនបានទទួលបញ្ជាពីព្រះរាជាអោយមកកែនទ័ពទៅកម្ចាត់មហាឧបរាជ ចន្ទរាជា ដែលមាចិត្តចង់ឡើងសោយរាជ្យនៅក្រុងចតុមុខ ។ ព្រះរាជាលុះបានជ្រាបដំណឹងថា ស្ដេចកន នៅរស់ហើយមានកទ័ពប្រឆាំងព្រះអង្គថែមទៀត ក៏ទ្រង់បញ្ជាឪពុក និងបងស្រីស្ដេចកន សរសេរសំបុត្រហៅត្រឡប់មកវិញ ។ ស្ដេចកន ប្រើឧបាយកលម្ដងទៀត ដោយប្រាប់ទៅពួកចៅហ្វាយខេត្តនិងអ្នកស្រុកថា ហ្លួងទ្រង់តឿនពីរឿងសង្គ្រាមទៅវិញ ។ ពាក្យឃោសនារបស់ ស្ដេចកន បានលេចលឺទៅដល់មហាឧបរាជ ចន្ទរាជា ។ ព្រះអង្គនឹកស្មានថាមានហេតុមិនស្រួល ក៏នាំព្រះរាជវង្សានុវង្សប្រញាប់ប្រញាល់ភៀសខ្លួនទៅសុំជ្រកកោន​នឹងស្ដេចសៀមទៅ ។ កាលដែលយាងទៅខេត្តពោធិ៍សាត់ ព្រះចន្ទរាជា ទ្រង់បានទៅសំណាក់ផ្ទះមន្ត្រីម្នាក់ឈ្មោះពេជ ហើយទ្រង់បានទទួលការទំនុកបម្រុងផ្សេងៗពីមន្ត្រីរូបនេះ ។ លុះដឹងថាព្រះចន្ទរាជា ព្រះអនុជស្រីសុគន្ធបទ បានយាងចេញផុតពីប្រទេសហើយ ស្ដេចកនក៏ចាប់ផ្ដើមការវាយលុកចូលរាជធានីទួលបាសាន ។ ព្រះរាជាទ្រង់បានលើកទ័ពចេញតទល់ផ្ទាល់ព្រះអង្គតែត្រូវទទួលបរាជ័យ ហើយថយទៅកែនទ័ពថែមនៅក្រុងចតុមុខ ។ ស្ដេចកនលើកទ័ពដេញតាមវាយបែកបន្ទាយភ្នំពេញទៀត ព្រះបាទស្រីសុគន្ធបទថយទៅគង់នៅលង្វែក ។ លុះបន្ទាយលង្វែកត្រូវវាយបែក ព្រះអង្គក៏យាងទៅគង់នៅស្រុកបរិបូណ៌ (អម្រិន្ទបូរ) រួចនៅទីបំផុត ទៅគង់នៅបន្ទាយស្ទឹងសែនក្នុងខេត្តអាសន្ទុកនៅគ.ស.១៥១២ ។ ពេលនោះឃុនហ្លួងព្រះស្ដេចកន ទៅតាំងទ័ពបោះបន្ទាយនៅទួលបាសាន ហើយប្រារព្ធធ្វើពិធីលើកខ្លួនឯងឡើងជាមហាឧបរាជ ។ រួចស្រេចហើយ ទ្រង់បានបញ្ជាអោយទ័ពលើកឆ្លងទោបោះនៅកំពង់សៀមទៀត ។ ស្ដេចកន បានក្លែងសំបុត្រផ្ញើទៅហ្លួងសុំចុះចូល តែសុំអោយម្ដាយ និងបងប្អូនបានមកមុនសិន ។ ហ្លួងបញ្ជាអោយឆ្លើយវិញថា ត្រូវតែស្ដេចកន ចូលខ្លួនមកមុន បើពុំដូច្នោះទេនឹងសម្លាប់ម្ដាយ និងបងប្អូនទាំងអស់ ។ ស្ដេចកន លើកទ័ពទៅជិតអាសន្ទុក រកឧបាយកលយកម្ដាយនិងញាតិសន្ដានមកវិញ ។ ពេលនោះមានមន្ត្រីម្នាក់ស្ម័គ្រចិត្តទទួលបំពេញកិច្ចការនេះថ្វាយ ស្ដេចកន ឈ្មោះឱកម៉ឺនសុរិន្ទកែវ ។ កានលនោះគឺគេចោទថាមន្ត្រីរូបនេះក្បត់ ស្រាប់តែមានទាហាន២០០នាក់ជួយយកអាសា នាំទៅខាងបន្ទាយហ្លួងសុំចុះចូល ។ បន្ទាប់មក ឃុនហ្លួងព្រះស្ដេចកន នាំទ័ពចូលវាយលុកបន្ទាយស្ទឹងសែនយ៉ាងខ្លាំង ។ ដោយទ្រង់ឈ្វេងយល់ថាមិនអាចទប់ទល់យូរអង្វែងតទៅទៀតបាន ព្រះរាជាគិតដកថយតាមជើងទឹកទៅកាន់ខេត្តពោធិ៍សាត់ តែពេលនោះ ឱកម៉ឺនសុរិន្ទកែវ និងបក្សពួកបះឡើងចូលចោមធ្វើគុតព្រះអង្គបានក្នុងបន្ទាយស្ទឹងសែននោះនៅគ.ស.១៥១២ ។ ព្រះរាជបុត្រព្រះអង្គនាម ពញាយសរាជា (បុត្រជាមួយម្នាងកេសរបុប្ផា) និងបរិវារមួយក្រុមបានភៀសទៅជ្រកកោនក្នុងប្រទេសសៀមជាមួយព្រះ ចន្ទរាជា ។ ឃុនហ្លួងព្រះស្ដេចកន ត្រឡប់មកទួលបាសានវិញ ប្រកាសអោយរកព្រះខាន់រាជ្យ ព្រះលំពែងជ័យ និងគ្រឿងបញ្ចក្សេត្រដើម្បីឡើងសោយរាជសម្បត្តិ ។ រាជពង្សាវតារខ្លះបានបញ្ជាក់ថា កាលដែលឡើងសោយរាជ្យនោះ ស្ដេចកន មានព្រះជន្មាយុទើបតែបាន២៩វស្សា ហើយមាននាមសម្រាប់រាជ្យថា ស្រីជេដ្ឋាធិរាជរាមាធិបតី ។ ព្រះអង្គទ្រង់បានបញ្ជាមេទ័ព កៅ ដែលត្រូវជាឪពុកមាបង្កើតអោយលើកទៅបង្ក្រាប ខេត្តទាំងឡាយណាដែលមិនទាន់ចុះចូលព្រះអង្គនៅឡើយ ។ លុះបានសុខសន្តិភាពបរិបូណ៌ឡើងវិញហើយ ព្រះអង្គទ្រង់លើកឪពុកមាអោយឡើងឋានៈជាស្ដេចចៅហ៊្វាទឡ្ហៈ ឯពួកបរិវារឯទៀតក៏បានទទួលយសសក្តិទៅតាមគុណបំណាច់រៀងៗខ្លួនដែរ ។ នៅប្រមាណគ.ស.១៥១៤ ព្រះបាទ ស្រីជេដ្ឋា ទ្រង់បានលើករាជធានីទៅតាំងនៅ ចន្លក់ដូនតី (នៅបានតែ៥ខែ) រួចលើកទៅតាំងនៅភូមិស្រឡប់នៅទល់ដែនខេត្តត្បូងឃ្មុំនិងខេត្តបាភ្នំ រាជធានីថ្មីនេះ ជាបន្ទាយមួយយ៉ាងមាំដែលព្រះអង្គប្រទាននាមថា ក្រុង ស្រឡប់ពិជ័យព្រៃនគរ ។ រាជពង្សាវតារខ្លះបានបញ្ជាក់ថា ព្រះបាទស្រីជេដ្ឋា ទ្រង់មានចំណូលហឫទ័យខាងបរបាញ់សត្វ ចាប់ត្រី ល្បែងស្រី ទតរបាំមហោស្រព តន្ត្រី ។​ ក្នុងរជ្ជកាលរបស់ព្រះអង្គមានបោះប្រាក់ស្លឹង (សាច់ប្រាក់សុទ្ធ) មានរូបនាគសម្រាប់ប្រើប្រាស់ក្នុងប្រទេស ហើយមានប្រវត្តិវិទូខ្លះបានសង្កត់សេចក្ដីថា នៅសម័យនោះអាណាប្រជានុរាស្ត្របានសុខសម្បូណ៌សប្បាយថែមទៀតផង ។