បាយាសិរាជញ្ញសូត្រ ទី១០

[១៣៩] ខ្ញុំបានស្តាប់មក​យ៉ាង​នេះ។ សម័យ​មួយ ​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ ត្រាច់​ទៅ​កាន់​ចារិក ​ក្នុង​ដែន​កោសល ជាមួយ​នឹង​ភិក្ខុសង្ឃ​ច្រើន​ ចំនួន​៥០០រូប បាន​ទៅ​ដល់​សេតព្យ​នគរ​ របស់​អ្នក​កោសល​ទាំង​ឡាយ​។ បាន​ឮ​ថា ​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ គង់នៅ​ក្នុង​ព្រៃ​ធ្នង់ ជាខាងជើង​ក្រុង​សេតព្យៈ ជិត​ក្រុង​សេតព្យៈ​នោះ​។ សម័យ​នោះ​ឯង ​ព្រះ​បាទ​បាយាសិរាជញ្ញៈ [អដ្ឋកថា ថា ស្តេចគ្រងរាជ្យ មិនទាន់បាន​អភិសេកនៅឡើយ។] គ្រប់គ្រងសេតព្យ​នគរ​ ​ដែល​ជា​នគរ​កុះករ ​ដោយ​សត្វ ​និង​មនុស្ស​ បរិបូណ៌​ដោយ​ស្មៅ ឧស ​និង​ទឹក បរិបូណ៌​ដោយ​ស្រូវ អង្ករ ជាស្រុក​ព្រះ​រាជទ្រព្យ ​ដែល​ព្រះ​បាទ​បសេនទិកោសល ទ្រង់ប្រទាន ជារាជរង្វាន់ ជារង្វាន់​ដ៏​ប្រសើរ។ សម័យ​នោះ​ឯង ​ព្រះ​បាទបាយាសិរាជញ្ញៈ កើត​មាន​ទិដ្ឋិអាក្រក់​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ ជាឱបបាតិកៈ មិន​មាន​ ផលវិបាករបស់កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់ មិន​មាន​ ​ដោយ​ហេតុនេះ។ ​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ បាន​ឮ​ដំណឹង​ហើយ​ (​ក៏​និយាយ​គ្នា) ថា ​ម្នាល​គ្នាយើង សមណៈ ​ឈ្មោះ​កុមារកស្សប ជាសាវ័ករបស់​ព្រះ​សមណគោតម ត្រាច់​ទៅ​កាន់​ចារិក​ក្នុង​ដែន​កោសល ជាមួយ​នឹង​ភិក្ខុសង្ឃ​ច្រើន​ ចំនួន​៥០០រូប មក​ដល់​ក្រុង​សេតព្យៈ ​ហើយ​គង់នៅ​ក្នុង​ព្រៃ​ធ្នង់ ​ដែល​ឋិតនៅជាខាង​ជើង ​ក្រុង​សេតព្យៈ ជិត​ក្រុង​សេតព្យៈ។ កិត្តិស័ព្ទ​សរសើរ​ព្រះ​កុមារកស្សប​ដ៏​ចម្រើន​នោះ​ ពីរោះ ​ឮ​ខ្ចរខ្ចាយ​ទៅ​យ៉ាង​នេះថា ​លោក​ជាបណ្ឌិតឈ្លាសវៃ ​មាន​ប្រាជ្ញា ជាពហុស្សូត ​មាន​សំដី​ដ៏​វិចិត្រ ​មាន​បដិភាណ​ដ៏​ល្អ ជា​អ្នក​ត្រាស់​ដឹង​ផង ជា​ព្រះ​អរហន្តផង ​ក៏​ការ​ដែល​បានជួប​ព្រះ​អរហន្ត​ទាំង​ឡាយ​ ​មាន​សភាពដូច្នោះ ជាការប្រពៃ​ណាស់​។ លំដាប់​នោះ​ ​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ ចេញពី​ក្រុង​សេតព្យៈ ​ទៅ​ជា​ពួក​ ជាកង ​មាន​មុខ​ត្រសង ​ទៅ​កាន់​ទិសខាងជើង ​ដើរ​ទៅ​កាន់​ព្រៃ​ធ្នង់។

[១៤០] សម័យ​នោះ​ឯង ​ព្រះ​បាទបាយាសិរាជញ្ញៈ ទ្រង់​ស្ដេច​ចូល​ទៅ​កាន់​ក្រឡា​បន្ទំ​ ​ក្នុង​វេលា​ថ្ងៃ ខាងលើប្រាសាទ។ ​ព្រះ​បាទបាយាសិរាជញ្ញៈ បាន​ទត​ឃើញ​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ កំពុង​ចេញ​ពី​ក្រុង​សេតព្យៈជា​ពួក​ ជាកង ​មាន​មុខត្រសង ​ទៅ​កាន់​ទិស​ខាង​ជើង ​លុះ​ទត​ឃើញ​ហើយ​ទ្រង់ត្រាស់​សួរ​ខត្តាមាត្យ [អាមាត្យ​អ្នក​អាច​ដោះស្រាយ​ប្រស្នា ​ដែល​គេ​សួរ​បាន] ថា ​ម្នាល​ខត្តៈ​ដ៏​ចម្រើន​ ចុះ​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ ​ចេញ​ទៅ​ពី​ក្រុង​សេតព្យៈ ជា​ពួក​ ជាកង ​មាន​មុខត្រសង ​ទៅ​ទិសខាងជើង ​ដើរ​ទៅ​កាន់​ព្រៃ​ធ្នង់ ​ធ្វើ​អ្វី​ហ្ន៎។ ខត្តាមាត្យ​ក្រាប​ទូល​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ដ្បិត​មាន​សមណៈ​ ​ឈ្មោះ​ ​កុមារ​កស្សបៈ ជា​សាវ័ក​នៃ​ព្រះ​សមណ​គោតម ត្រាច់​ទៅ​កាន់​ចារិក ​ក្នុង​ដែន​កោសល ជាមួយ​នឹង​ភិក្ខុសង្ឃ​ច្រើន​ ចំនួន​៥០០រូប មក​ដល់​ក្រុង​សេតព្យៈ ​ដោយ​លំដាប់ ​ហើយ​គង់​នៅ​ក្នុង​ព្រៃ​ធ្នង់ ជាខាងជើង​ក្រុង​សេតព្យៈ ជិត​ក្រុង​សេតព្យៈ កិត្តិស័ព្ទ​សរសើរ​កុមារកស្សប​ដ៏​ចម្រើន​នោះ​ ពីរោះ ​ឮ​ខ្ចរខ្ចាយ​យ៉ាង​នេះថា ​លោក​ជា​បណ្ឌិតឈ្លាសវៃ ​មាន​ប្រាជ្ញា ជាពហុស្សូត ​មាន​សំដី​ដ៏​វិចិត្រ ​មាន​បដិភាណ​ដ៏​ល្អ ជា​អ្នក​ត្រាស់​ដឹង​ផង ជា​ព្រះ​អរហន្តផង ឯ​ពួក​ព្រាហ្មណ៍ ​និង​គហបតី​ទាំង​នុ៎ះ ​នឹង​ចូល​ទៅ​រកជួប​ព្រះ​កុមារកស្សប​ដ៏​ចម្រើន​នោះ​។ ​ព្រះ​បាទ​បាយាសិរាជញ្ញៈ ​មាន​ព្រះ​បន្ទូលថា ​ម្នាល​ខត្តៈ​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍ ​និង​គហបតី​ ​អ្នក​ក្រុង​សេតព្យៈ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​និយាយ​នឹង​ពួក​ព្រាហ្មណ៍ គហបតី ​អ្នក​ក្រុង​សេតព្យៈ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ព្រះ​បាទ​បាយាសិរាជញ្ញៈ បានត្រាស់​យ៉ាង​នេះថា ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ ​ចូរ​រង់ចាំសិន ​ព្រះ​បាទបាយាសិរាជញ្ញៈ ​នឹង​ចូល​ទៅ​ដើម្បី​ជួប​សមណៈ​កុមារ​កស្សបៈ​ដែរ ​ហើយ​ត្រាស់ដូច្នេះថា ពីមុនមក សមណៈ​កុមារកស្សប តែងញុំាង​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ ​ដែល​ល្ងង់ មិនវាងវៃ ​ឲ្យ​ទាល់តែចូល​ចិត្ត​ច្បាស់ថា ​លោក​ដទៃ​មាន​ សត្វជាឱបបាតិកៈ​មាន​ ផល​និង​វិបាករបស់កម្ម​ទាំង​ឡាយ​ ​ដែល​ពួក​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ ​ម្នាល​ខត្តៈ​ដ៏​ចម្រើន​ តែបើតាមពិត​នោះ​ ​លោក​ដទៃមិន​មាន​ សត្វជាឱបបាតិកៈមិន​មាន​ ផល​និង​វិបាករបស់កម្ម​ទាំង​ឡាយ​ ​ដែល​ពួក​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ទេ។ ខត្តាមាត្យ​នោះ​ ទទួល​ព្រះ​ឱង្ការរបស់​ព្រះ​បាទបាយាសិរាជញ្ញៈថា ករុណាវិសេស ​ហើយ​ក៏​ចូល​ទៅ​រក​ ​ពួក​ព្រាហ្មណ៍ ​និង​គហបតី​ ​អ្នក​ក្រុង​សេតព្យៈ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​និយាយ​នឹង​ពួក​ព្រាហ្មណ៍ គហបតី ​អ្នក​ក្រុង​សេតព្យៈ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ ​ព្រះ​បាទ​បាយាសិរាជញ្ញៈ ត្រាស់​យ៉ាង​នេះថា ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ ​ចូរ​រង់ចាំសិន ដ្បិត ​ព្រះ​បាទ​បាយាសិរាជញ្ញៈ ​នឹង​ចូល​ទៅ​ជួប​សមណៈ​កុមារ​កស្សបៈ​ដែរ។ លំដាប់​នោះ​ ​ព្រះ​បាទបាយាសិរាជញ្ញៈ ​មាន​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ ហែហម​អម​អង្គ​ ​ក៏​ចូល​ទៅ​រក​ព្រះ​កុមារ​កស្សបៈ​ដ៏​មាន​អាយុ ​ដែល​នៅ​ក្នុង​ព្រៃ​ធ្នង់ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​មាន​បន្ទូលរាក់ទាក់ ​សំណេះ​សំណាល ជាមួយ​នឹង​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ ​លុះ​បញ្ចប់ពាក្យសំណេះសំណាល ​និង​ពាក្យគួរ​រលឹក​ហើយ​ ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ។ ចំណែក​ពួក​ព្រាហ្មណ៍ ​និង​គហបតី ​អ្នក​ក្រុង​សេតព្យៈ ​ពួក​ខ្លះ ថ្វាយបង្គំ​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះ​និយាយ​ពាក្យ​រាក់ទាក់ សំណេះសំណាល ជាមួយ​នឹង​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ ​លុះ​បញ្ចប់ពាក្យរាក់​ទាក់ សំណេះ​សំណាល ​និង​ពាក្យគួររលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ប្រណម្យអញ្ជលី ចំពោះ​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ ​ពួក​ខ្លះ ប្រកាស​នាម ​និង​គោត្រ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ​ពួក​ខ្លះ​អង្គុយស្ងៀម​ក្នុង​ទី​ដ៏​សមគួរ។ ​លុះ​ព្រះ​បាទ​បាយាសិរាជញ្ញៈ គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ទើប​មាន​ព្រះ​ឱង្ការ ​នឹង​ព្រះ​កុមារកស្សប​ដ៏​មាន​អាយុ ​យ៉ាង​នេះថា បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ ខ្ញុំតែង​និយាយ​យ៉ាង​នេះ យល់​ឃើញ​យ៉ាង​នេះ​ថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ។ ​ព្រះ​កុមារកស្សប ថ្វាយ​ព្រះ​ពរថា បពិត្ររាជញ្ញៈ អាត្មាភាព​បាន​ឃើញ បាន​ឮ​បុគ្គល ​ដែល​ធ្លាប់​និយាយ​យ៉ាង​នេះ យល់​យ៉ាង​នេះ​ហើយ​ តែ​មិន​សម​បើ​បុគ្គល​នោះ​ ​និយាយ​យ៉ាង​នេះ យល់​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន​ ដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នោះ អាត្មាភាព​ ​នឹង​ទូលសួរ​មហា​បពិត្រ ​ក្នុង​ដំណើរ​នេះ ប្រស្នានេះ ពេញ​ព្រះ​ហឫទ័យ នៃមហាបពិត្រ​យ៉ាង​ណា សូមមហាបពិត្រ ព្យាករប្រស្នា​នោះ​ ​យ៉ាង​នោះ​ចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរ​នោះ​ថា​ដូច​ម្តេច ​ព្រះ​ច័ន្ទ ​និង​ព្រះ​អាទិត្យនេះ នៅ​ក្នុង​លោក​នេះ ឬ​នៅ​ក្នុង​លោក​ដទៃ ជា​ទេវតា ឬ​ជា​មនុស្ស​។ ​ព្រះ​បាទបាយាសិរាជញ្ញៈ តបថា បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ព្រះ​ច័ន្ទ ​និង​ព្រះ​អាទិត្យនេះ ​នៅ​ក្នុង​លោក​ដទៃ មិនមែននៅ​ក្នុង​លោក​នេះទេ ជា​ទេវតា ​មិនមែន​ជា​មនុស្ស​ទេ។ ​ព្រះ​កុមារ​កស្សប ថ្វាយ​ព្រះ​ពរថា ឱរាជញ្ញៈ បើ​តាម​បរិយាយ​នេះ សូម​មហា​បពិត្រ​បែរ​ព្រះ​យោបល់ យល់​យ៉ាង​នេះ​វិញ​ថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មាន​ ផល​វិបាល​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន​ ​ដោយ​ហេតុនេះ។

[១៤១] ​ព្រះ​បាទបាយាសិរាជញ្ញៈ ត្រាស់ថា ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​គួរ​ម្យ៉ាង​ដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​យល់​ឃើញ​ក្នុង​ហេតុនុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើល្អ ធ្វើអាក្រក់មិន​មាន​ទេ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយ ​ដែល​នាំ​ឲ្យ​មហាបពិត្រ​មាន​សេចក្តីយល់ឃើញ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន​ ដូច្នេះ តើ​មាន​ឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្តីយល់​ឃើញ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ ​មាន​ដែរ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ បរិយាយ​នោះ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ពួក​មិត្ត អាមាត្យ ​និង​ញាតិសាលោហិត​ របស់​ខ្ញុំ​ក្នុង​លោក​នេះ ជា​អ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស​ក្នុង​កាម ​និយាយ​កុហក ​និយាយ​ញុះញង់ ​និយាយ​ពាក្យទ្រគោះ ​និយាយ​ពាក្យ​ឥត​ប្រយោជន៍ ចង់បានទ្រព្យគេ ​មាន​ចិត្ត​គុំគួន ​មាន​សេចក្តី​យល់ខុស ​ពួក​មិត្រអាមាត្យជា​ដើម​នោះ​ ​លុះ​សម័យ​ក្រោយ​មក ជាបុគ្គល​មាន​អាពាធ​ ​ដល់​នូវសេចក្តីទុក្ខ ឈឺ​ធ្ងន់ កាល​ដែល​ខ្ញុំ​ដឹង​ថា ​ពួក​មិត្ត​អាមាត្យ​ទាំង​នេះ មុខជា​នឹង​មិន​ស្បើយ ចាកអាពាធនេះ ​ក្នុង​កាលឥឡូវ​នេះទេ ខ្ញុំ​ក៏​បានចូល​ទៅ​រក​មិត្ត​អាមាត្យ​ទាំង​នោះ​ ​ហើយ​និយាយ​ ​យ៉ាង​នេះ​ថា នែ​អ្នក​ដ៏​ចម្រើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ ​និយាយ​យ៉ាង​នេះ​ យល់ឃើញ​យ៉ាង​នេះថា ​ពួក​ជន​ណា ​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស​ក្នុង​កាម ​និយាយ​កុហក ​និយាយ​ញុះញង់ ​និយាយ​ពាក្យទ្រគោះ ​និយាយ​ពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ ​មាន​ចិត្ត​គុំគួន ​មាន​សេចក្តី​យល់ខុស ​ពួក​ជន​នោះ​ ​លុះ​បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់​ទៅ​ តែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ដូច្នេះ ឯ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ សុទ្ធតែ​ជា​អ្នក​សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស​ក្នុង​កាម ​និយាយ​កុហក ​និយាយ​ញុះញង់ ​និយាយ​ពាក្យទ្រគោះ ​និយាយ​ពាក្យ​ឥតប្រយោជន៍ ចង់បានទ្រព្យគេ ​មាន​ចិត្ត​គុំគួន ​មាន​សេចក្តី​យល់ខុស​ហើយ​ បើជាពាក្យរបស់សមណព្រាហ្មណ៍​ទាំង​នោះ​ពិតមែន ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ ​លុះ​បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ មុខជា​នឹង​ទៅ​កើត​ ​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកពុំខាន នែ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ បើ​អ្នក​ទាំង​ឡាយ​ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកមែន ​អ្នក​ទាំង​ឡាយ​ ត្រូវមកប្រាប់យើងផងថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន​ ​ដោយ​ហេតុនេះ ព្រោះថា ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ជាបុគ្គល​ដែល​ខ្ញុំ​គួរជឿ ខ្ញុំគួរទទួលស្តាប់ពាក្យបាន ហេតុណា​ដែល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បានឃើញ​ហើយ​ ហេតុនុ៎ះ ​នឹង​ទុក​ដូច​ជាខ្ញុំ​បានឃើញ ចំពោះខ្លួនឯងដែរ ​ពួក​អាមាត្យ​ទាំង​នោះ​ ទទួលតប​ពាក្យរបស់ខ្ញុំថា ​ព្រះ​ករុណា​វិសេស ​ដូច្នេះ​ហើយ​ (​ស្លាប់​ទៅ​) តែ​មិន​ឃើញ​មក​ប្រាប់ ​ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយនេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​ ​មាន​គំនិត​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។

[១៤២] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ត្រឡប់សួរមហាបពិត្រ ​ក្នុង​បរិយាយ​នុ៎ះវិញ ប្រស្នានេះ ពេញ​ព្រះ​ហឫទ័យ​មហាបពិត្រ​យ៉ាង​ណា សូម​មហាបពិត្រ ព្យាករ​ប្រស្នា​នោះ​ ​យ៉ាង​នោះ​ចុះ បពិត្ររាជញ្ញៈ មហា​បពិត្រ សំគាល់​ហេតុ​នេះ​ដូច​ម្ដេច ​ពួក​បុរស​របស់​មហា​បពិត្រ​ ​ក្នុង​ដែន​នេះ ចាប់​បាន​ចោរ ​ដែល​ប្រព្រឹត្ត​អាក្រក់​មក​ថ្វាយ​មហា​បពិត្រ​ រួចក្រាបបង្គំទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​អ្នក​នេះ​ជា​ចោរ ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះ​អង្គ ទ្រង់សព្វ​ព្រះ​ហឫទ័យ​នឹង​ (ដាក់) អាជ្ញាណា ​ដល់​ចោរនេះ សូមទ្រង់​ដាក់​អាជ្ញា​នោះ​មក ទើបមហា​បពិត្រ ​មាន​បន្ទូល​នឹង​បុរស​ទាំង​នោះ​ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បើដូច្នោះ ​អ្នក​ទាំង​ឡាយ​ ​ចូរ​នាំគ្នា​ចងបុរសនេះ ​ឲ្យ​មាន​ដើម​ដៃ​ទៅ​ខាងក្រោយ (ចង​ស្លាបសេក​) ​ឲ្យ​ខ្ជាប់​ដោយ​ខ្សែ​ដ៏​មាំ ​ហើយ​កោរក្បាល​ឲ្យ​រលីងចេញ ​ហើយ​ (ត្រូវទូង) ស្គរជ័យ ​ដែល​មាន​សំឡេង​ឮ​ខ្លាំង នាំបណ្តើរជុំវិញ​សព្វច្រក សព្វ​ផ្លូវ​បំបែក រួចនាំចេញ​ទៅ​តាម​ទ្វារ​ខាងត្បូង កាត់ក្បាល​ត្រង់កន្លែង​សម្រាប់ពិឃាត ជាខាង​ត្បូង​នគរ​ចុះ បុរស​ទាំង​នោះ​ ទទួល​ព្រះ​ឱង្ការ របស់មហាបពិត្រថា ​ព្រះ​កុរណាវិសេស ​ហើយ​ក៏​នាំគ្នា​ចងបុរស​នោះ​ ​ឲ្យ​មាន​ដើម​ដៃ​ទៅ​ខាងក្រោយ ​ឲ្យ​ខ្ជាប់​ដោយ​ខ្សែ​ដ៏​មាំ កោរក្បាល​ឲ្យ​រលីងចេញ (ទូង) ស្គរជ័យ ​ដែល​មាន​សំឡេង​ឮ​ខ្លាំង នាំបណ្តើរជុំវិញ​សព្វច្រក សព្វ​ផ្លូវ​បំបែក រួចនាំ​ចេញ​ទៅ​តាម​ទ្វារ​ខាងត្បូង ​ហើយ​ឲ្យ​ចោរ​នោះ​អង្គុយ ត្រង់កន្លែង​សម្រាប់ពិឃាត ជាខាង​ត្បូង​នៃ​នគរ​ ចុះបើចោរ​នោះ​ (​នឹង​អង្វរ) ​ពួក​ពេជ្ឈឃាត​ថា សូម​ពួក​ពេជ្ឈឃាត​ដ៏​ចម្រើន​ ​បង្អង់​សិន (ព្រោះ) ​ពួក​មិត្រអាមាត្យ ​និង​ញាតិ​សាលោហិត (របស់​ខ្ញុំ​មាន​) ​ក្នុង​ស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ​ដល់​ពួក​មិត្រអាមាត្យ​ទាំង​នោះ​ ​ហើយ​សឹម​មក​វិញ ដូច្នេះ តើ​បាន​ឬ​ទេ ឬ​ក៏​ពួក​នាយ​ពេជ្ឈឃាត​ (​ទាំង​នោះ​) ​នឹង​ចេះ​តែ​កាត់​ក្បាល​ចោរ ​ដែល​កំពុង​ទួញ​យំ ​ដោយ​ឥត​យោគ​យល់​ទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ ចោរ​នោះ​ (​នឹង​អង្វរ)​ពួក​ពេជ្ឈឃាតថា សូម​ពួក​ពេជ្ឈឃាត​ដ៏​ចម្រើន​ ​បង្អង់​ឲ្យ​សិន (ព្រោះ) ​ពួក​មិត្រអាមាត្យ ​និង​ញាតិ​សាលោហិត (របស់​ខ្ញុំ​មាន​) ​ក្នុង​ស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ​ដល់​ពួក​មិត្រ​អាមាត្យ​ទាំង​នោះ​រួច ​សឹម​មក​វិញ ដូច្នេះ មិន​បានឡើយ តាម​ដែល​ពិត​នោះ​ ​ពួក​ពេជ្ឈឃាត​ ​នឹង​ចេះ​តែ​កាត់​ក្បាល​ចោរ ​ដែល​កំពុង​ទួញ​យំ​នោះ​ ​ឲ្យ​ទាល់​តែបាន។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ អម្បាល​យ៉ាង​ចោរ​នោះ​ ជា​មនុស្ស​ជាតិ​ដូច​គ្នា​ត្រឡាំង ម្ដេច​គង់(​អង្វរ)​ពួក​ពេជ្ឈឃាត ​ជា​មនុស្ស​ជាតិ​ដូច​គ្នា សូម​ពួក​នាយ​ពេជ្ឈឃាត​ដ៏​ចម្រើន​ ​បង្អង់​ឲ្យ​សិន (ព្រោះ) ​ពួក​មិត្រ​អាមាត្យ ​និង​ញាតិ​សាលោហិត (របស់​ខ្ញុំ​មាន​) ​ក្នុង​ស្រុក ឬនិគមឯណោះ ចាំខ្ញុំ​ទៅ​ផ្តែផ្តាំ ​ដល់​ពួក​មិត្រអាមាត្យ​ទាំង​នោះ​សិន រួច​សឹម​មក​វិញ ដូច្នេះ មិន​បាន​ទៅ​ហើយ​ ចំណង់បើ​ពួក​មិត្រអាមាត្យ ញាតិសាលោហិត របស់​មហា​បពិត្រ សុទ្ធ​តែ​ជា​អ្នក​សម្លាប់សត្វ លួច​ទ្រព្យគេ ​ប្រព្រឹត្តខុស​ក្នុង​កាម​ទាំង​ឡាយ​ ​និយាយ​កុហក ​និយាយ​ពាក្យញុះញង់ ​និយាយ​ពាក្យត្រគោះ ​និយាយ​ពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ ​មាន​ចិត្ត​គុំគួន ​មាន​សេចក្តី​យល់ខុស ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក​ហើយ​ ធ្វើ​ម្ដេច​ឡើយ ​នឹង​អង្វរ​ពួក​នាយ​និរយបាលថា សូម​ពួក​នាយនិរយបាល​ដ៏​ចម្រើន​ ​បង្អង់​ឲ្យ​សិន ចាំយើង​ទាំង​ឡាយ​ ​ទៅ​ក្រាបទូល ​ដល់​ព្រះ​បាទ​បាយាសិរាជញ្ញៈថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ ដូច្នេះ​បាន ឱរាជញ្ញៈ បើតាម​បរិយាយ​នេះឯង សូមមហាបពិត្រ បែរ​ព្រះ​យោបល់ យល់មក​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឧបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើ​អាក្រក់​មាន​ ​ដោយ​ហេតុនេះ។

[១៤៣] ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​គួរ​ដែរ​ហើយ​ ប៉ុន្តែខ្ញុំ​នៅ​តែ​មាន​សេចក្តី​យល់​ឃើញ ​ក្នុង​ហេតុនុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយ ​ដែល​នាំ​ឲ្យ​មហាបពិត្រ ​មាន​សេចក្តី​យល់ឃើញ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ ដូច្នេះ តើនៅ​មាន​ឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ ​ដែល​នាំ​ឲ្យ​ខ្ញុំ ​មាន​សេចក្តី​យល់ឃើញ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ នៅ​មាន​។ ថ្វាយ​ព្រះ​ពររាជញ្ញៈ បរិយាយ​នោះ​ ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ព្រោះ​មិត្រអាមាត្យ ​និង​ញាតិសាលោហិត ​របស់​ខ្ញុំ​ក្នុង​លោក​នេះ ជា​អ្នក​វៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ គ្មាន​អភិជ្ឈា គ្មាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ​លុះ​សម័យ​ខាង​ក្រោយ​មក ​ពួក​មិត្រអាមាត្យ​ទាំង​នោះ​ ​មាន​អាពាធ​ ​ដល់​នូវសេចក្តីទុក្ខ ឈឺ​ចាប់ជាទម្ងន់ កាល​ដែល​ខ្ញុំ​ដឹង​ថា ឥឡូវនេះ ​ពួក​មិត្ត​អាមាត្យ​ទាំង​នេះ មុខជា​នឹង​មិន​ស្បើយ ចាកអាពាធនេះទេ ខ្ញុំ​ក៏​ចូល​ទៅ​រក​ពួក​មិត្ត​អាមាត្យ​ទាំង​នោះ​ ​ហើយ​និយាយ​ ​យ៉ាង​នេះ​ថា នែ​អ្នក​ដ៏​ចម្រើន​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ ​និយាយ​យ៉ាង​នេះ​ យល់​យ៉ាង​នេះថា ​ពួក​ជន​ណា ​វៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ​ពួក​ជន​នោះ​ ​លុះ​បែក​ធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់​ទៅ​ តែង​ទៅ​កើតឯឋាន​សុគតិ​សួគ៌ទេវ​លោក​ (ឥឡូវនេះ) ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ សុទ្ធតែ​ជា​អ្នក​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាក​បិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាក​សម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ​ហើយ​ បើជាពាក្យសមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំង​នោះ​ពិតមែន ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ ​លុះ​បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ មុខជា​នឹង​ទៅ​កើត​ឯឋាន​សុគតិសួគ៌ ទេវ​លោក​ពុំខាន ​ម្នាល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បើ​អ្នក​ទាំង​ឡាយ​បែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ​ទៅ​កើតឯឋានសុគតិសួគ៌ទេវ​លោក​មែន ​អ្នក​ទាំង​ឡាយ​ គប្បីមកប្រាប់យើងផងថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជាឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើ​ល្អ ធ្វើ​អាក្រក់​មាន​ ​ដោយ​ហេតុនេះ ព្រោះថា ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ជាបុគ្គល ​គឺ​យើង​គួរជឿ គួរទទួលស្តាប់ពាក្យបាន ហេតុណា​ដែល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បានឃើញ​ហើយ​ ហេតុនុ៎ះ ​នឹង​ទុក​ដូច​ជាយើង​បានឃើញ ​ដោយ​ខ្លួនឯងដែរ ​ពួក​មិត្រអាមាត្យ​ទាំង​នោះ​ ទទួលតប​ពាក្យខ្ញុំថា ករុណា​វិសេស ​ហើយ​មិន​ឃើញ​ត្រឡប់​មក​ប្រាប់ ​ទាំង​មិន​បញ្ជូន​បំរើ​មក​ឡើយ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​បរិយាយ​នេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​ ​មាន​គំនិត​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។

[១៤៤] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហា​បពិត្រ (ដ្បិត) ​ពួក​បុរសខ្លះ ជា​អ្នក​ចេះ​ដឹង​ ​ក្នុង​លោក​នេះ គង់យល់សេចក្តីនៃភាសិត ​ដោយ​ពាក្យឧបមាបាន បពិត្រ​រាជញ្ញៈ ប្រៀប​ដូច​បុរសលិចចុះ ​ព្រម​ទាំង​ក្បាល ​ទៅ​ក្នុង​រណ្តៅលាមក គ្រា​នោះ​ មហាបពិត្រ បានត្រាស់បង្គាប់រាជបុរស​ទាំង​ឡាយ​ថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ ស្រង់បុរស​នោះ​ អំពីរណ្តៅលាមក​នោះ​ឡើង រាជបុរស​ទាំង​នោះ​ ទទួល​ព្រះ​ឱង្ការ របស់មហាបពិត្រថា កុរណាវិសេស ​ហើយ​នាំ​គ្នា​ទៅ​ស្រង់បុរស​នោះ​ ពីរណ្តៅលាមក​នោះ​មក ឯមហាបពិត្រ ​ក៏​មាន​ព្រះ​ឱង្ការ​នឹង​រាជបុរស​ទាំង​នោះ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ យក​ចម្រៀកឫស្សី មក​កោសកៀរលាមក អំពីកាយបុរស​នោះ​ឲ្យ​ស្អាតចេញ រាជបុរស​ទាំង​នោះ​ ទទួល​ព្រះ​ឱង្ការ​នៃមហាបពិត្រ ករុណាវិសេស ​ហើយ​ក៏​យកចម្រៀកឫស្សី មកកោសកៀរលាមក អំពី​កាយបុរស​នោះ​ឲ្យ​ស្អាត ទើប​មហាបពិត្រ ​មាន​ព្រះ​បន្ទូល ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះ​ទៀតថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរស​នោះ​អស់​បីដង រាជបុរស​ទាំង​នោះ​ ទទួល​ព្រះ​ឱង្ការ​របស់មហា​បពិត្រ​ថា ករុណាវិសេស ​ហើយ​ក៏​យក​ដីស្អិតពណ៌លឿង មកដុះលាងកាយបុរស​នោះ​ អស់បីដង មហាបពិត្រ ​មាន​ព្រះ​បន្ទូល​ ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះទៀតថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ យកប្រេង លាបបុរស​នោះ​ ​ហើយ​យកគ្រឿង​លំអិត​ដ៏​ម៉ដ្ឋ ​ទៅ​ខាត់​ឲ្យ​ស្អាតល្អអស់​បីដង រាជបុរស​ទាំង​នោះ​ ​ក៏​បានយកប្រេង​មកលាប​បុរស​នោះ​ ​ហើយ​យកគ្រឿងលំអិត​ដ៏​ម៉ដ្ឋ ​ទៅ​ខាត់​ឲ្យ​ស្អាតល្អអស់បីដង ​មហាបពិត្រ ត្រាស់​ទៅ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះ​ថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ កាត់សក់ ​និង​ពុកមាត់ របស់បុរស​នោះ​ចេញ រាជបុរស​ទាំង​នោះ​ ​ក៏​បានកាត់សក់ ​និង​ពុកមាត់របស់បុរស​នោះ​ មហាបពិត្រ ត្រាស់​យ៉ាង​នេះថា បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ យកផ្កាកម្រង​ថ្លៃ​ច្រើន​ គ្រឿងលាប​មាន​ថ្លៃ​ច្រើន​ ​និង​សំពត់​ទាំង​ឡាយ​ ​មាន​ថ្លៃ​ច្រើន​ ​ទៅ​ប្រគល់​ឲ្យ​បុរស​នោះ​ចុះ រាជបុរស​ទាំង​នោះ​ ​ក៏​យកផ្កាកម្រងថ្លៃ​ច្រើន​គ្រឿងលាប​មាន​ថ្លៃ​ច្រើន​ ​និង​សំពត់​ទាំង​ឡាយ​ ​មាន​ថ្លៃ​ច្រើន​ ​ទៅ​ប្រគល់​ឲ្យ​បុរស​នោះ​ មហាបពិត្រ ត្រាស់​ទៅ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ ​ឲ្យ​បុរស​នោះ​ឡើង​ទៅ​លើ​ប្រាសាទ ​ហើយ​ចាត់ចែងនូវ​កាមគុណ​ទាំង​៥ចុះ ឯរាជបុរស​ទាំង​នោះ​ ​ក៏​ឲ្យ​បុរស​នោះ​ឡើង​ទៅ​លើ​ប្រាសាទ ​ហើយ​ចាត់ចែងនូវ​កាមគុណ​ទាំង​៥ បពិត្ររាជញ្ញៈ ចុះមហាបពិត្រ សំគាល់ហេតុ​នោះ​ថា​ដូច​ម្តេច កាលបើ​បុរស​នោះ​បានងូតទឹកស្អាត ​ហើយ​លាបកាយ​ស្រួលបួល កាត់សក់ កោរពុកមាត់ ស្រេច​ហើយ​ ពាក់គ្រឿងប្រដាប់​កែវ​មណី ស្លៀកសំពត់​ពណ៌សស្រេច​ហើយ​ ឡើង​ទៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ ​ឲ្យ​គេបំរើ​ឲ្យ​ឆ្អែតស្កប់ស្កល់ ​ដោយ​កាមគុណ​ទាំង​៥​ហើយ​ តើវានៅ​តែ​មាន​សេចក្តីប្រាថ្នា ​នឹង​មុជចុះ​ទៅ​ក្នុង​រណ្តៅ​លាមក​នោះ​ទៀតឬ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ មិនត្រូវការប្រាថ្នា​ទៀតទេ។ ចុះដំណើរ​នោះ​ តើព្រោះហេតុ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ (ព្រោះ) រណ្តៅលាមក មិនជាទីពេញ​ចិត្ត​ ជារបស់មិនស្អាតផង ជា​ចំណែក​នៃរបស់​មិនស្អាតផង ​មាន​ក្លិនស្អុយផង ជាចំណែក នៃរបស់​មាន​ក្លិនស្អុយផង ជារបស់​គួរធុញទ្រាន់ផង ជាចំណែក នៃរបស់គួរធុញទ្រាន់ផង ជារបស់គួរខ្ពើមរអើមផង ជាចំណែក​នៃរបស់​គួរខ្ពើម​រអើមផង។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ​មនុស្ស​ទាំង​ឡាយ​ ​ក៏​យ៉ាង​នោះ​ដែរ ​គឺ​ជាបុគ្គល​មិនស្អាត​ផង ជាចំណែកនៃបុគ្គល​មិនស្អាតផង ​មាន​ក្លិនស្អុយផង ជាចំណែក នៃបុគ្គល​មាន​ក្លិនស្អុយផង ​គួរធុញទ្រាន់ផង ជាចំណែកនៃបុគ្គល​គួរធុញ​ទ្រាន់​ផង គួរខ្ពើម​រអើមផង ជាចំណែក​នៃបុគ្គល​គួរខ្ពើម​រអើមផង នៃទេវតា​ទាំង​ឡាយ​ បពិត្រ​រាជញ្ញៈ ក្លិន​មនុស្ស​ធុំអាក្រក់ ផ្សាយឡើង​ទៅ​កាន់​ស្ថានទេព្តា ចំនួន១០០យោជន៍ ​ពួក​មិត្រ​អាមាត្យ ​និង​ញាតិសាលោហិតរបស់មហាបពិត្រ ជា​អ្នក​វៀរចាកបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាក​ផរុសវាចា វៀរចាកសម្ផប្បលាបៈ មិន​មាន​អភិជ្ឈា មិន​មាន​ចិត្ត​ព្យាបាទ ជាសម្មាទិដ្ឋិ ​លុះ​បែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅ​កើតឯឋានសុគតិ​សួគ៌​ទេវ​លោក​ ​ហើយ​នឹង​មក​ប្រាប់ថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ ​ដូច​ម្តេចបាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូម​មហាបពិត្រ បែរ​ព្រះ​យោបល់ យល់មក​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ។

[១៤៥] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​គួរដែរ​ហើយ​ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តី​យល់​ឃើញ ​ក្នុង​ហេតុនុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​ធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ចុះបរិយាយនៅ​មាន​ទៀតឬ។បេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នៅ​មាន​ទៀត។បេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយ​នោះ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ពួក​មិត្រអាមាត្យ ​និង​ញាតិសាលោហិត ​របស់​ខ្ញុំ​ក្នុង​លោក​នេះ ជា​អ្នក​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈ ​លុះ​សម័យខាងក្រោយមក ​ពួក​មិត្រ​អាមាត្យជា​ដើម​នោះ​ ​មាន​អាពាធ ​ដល់​នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលបើខ្ញុំ​ដឹង​ថា ឥឡូវនេះ ​ពួក​មិត្រ​អាមាត្យ​ទាំង​នេះ មុខជាមិនសះស្បើយ ចាកអាពាធនេះទេ ខ្ញុំ​ក៏​ចូល​ទៅ​រក​ពួក​មិត្រ​អាមាត្យ​ទាំង​នោះ​ ​ហើយ​និយាយ​យ៉ាង​នេះថា នែ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ ​មាន​សមណ​ព្រាហ្មណ៍​ពួក​មួយ ​និយាយ​យ៉ាង​នេះ យល់ឃើញ​យ៉ាង​នេះថា ​ពួក​ជនណា ជា​អ្នក​វៀរ​ចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈ ​លុះ​ពួក​ជន​ទាំង​នោះ​ បែកធ្លាយរាងកាយ ខាងមុខអំពី​សេចក្តី​ស្លាប់ តែង​ទៅ​កើតឯឋានសុគតិសួគ៌ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា ​ជាន់​តាវត្តិង្ស (ឥឡូវ​នេះ) ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​សោត ជា​អ្នក​វៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈ​ហើយ​ បើជាពាក្យរបស់សមណព្រាហ្មណ៍​ទាំង​នោះ​ពិតមែន ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ ​លុះ​បែក​ធ្លាយ​រាង​កាយ ខាងមុខអំពីសេចក្តីស្លាប់ គង់​នឹង​ទៅ​កើត​ឯឋានសុគតិសួគ៌ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្សពុំខាន នែ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បើ​អ្នក​ទាំង​ឡាយ​ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅ​កើត​ឯឋានសុគតិសួគ៌ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្សមែន ​អ្នក​ទាំង​ឡាយ​ ត្រូវ​មកប្រាប់យើងផងថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ ព្រោះថា ​អ្នក​ទាំង​ឡាយ​ដ៏​ចម្រើន​ ជាបុគ្គល​ដែល​យើង​គួរជឿ យើងគួរទទួលស្តាប់ពាក្យបាន ហេតុណា​ដែល​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បានឃើញ​ហើយ​ ហេតុនុ៎ះ ​នឹង​ទុក​ដូច​ជាយើង​បានឃើញ​ដោយ​ខ្លួនឯងដែរ ​ពួក​មិត្រអាមាត្យ​ទាំង​នោះ​ ទទួលពាក្យ​របស់​ខ្ញុំថា ករុណា​វិសេស ​ហើយ​មិន​ឃើញ​មកប្រាប់សោះ ​ទាំង​មិន​បញ្ជូន​បម្រើមកឡើយ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​បរិយាយ​នេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជាឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ។

[១៤៦] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ត្រឡប់​សួរ​មហា​បពិត្រ ​ក្នុង​បរិយាយ​នេះ​វិញ ប្រស្នានេះ ពេញ​ព្រះ​ហឫទ័យមហាបពិត្រ​យ៉ាង​ណា សូមមហា​បពិត្រ​ព្យាករ​ប្រស្នា​នោះ​ ​យ៉ាង​នោះ​ចុះ បពិត្រ​រាជញ្ញៈ ១០០ឆ្នាំ​របស់​មនុស្ស​ ត្រូវ​ជា១យប់ ១ថ្ងៃ របស់​ទេវតា​ជាន់​តាវតឹង្ស រាប់រាត្រី​នោះ​បាន៣០រាត្រី ត្រូវ​ជា១ខែ រាប់ខែ​នោះ​បាន១២ខែ ត្រូវ​ជា១ឆ្នាំ រាប់​ឆ្នាំ​នោះ​បាន មួយពាន់ឆ្នាំ​ទិព្វ ជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​តាវតឹង្ស ​ពួក​មិត្រអាមាត្យ ​និង​ញាតិសាលោហិតណា ជា​អ្នក​បានវៀរបាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋានៈ​ហើយ​ ​លុះ​បែក​ធ្លាយ​រាង​កាយ ខាងមុខអំពីសេចក្តីស្លាប់ បាន​ទៅ​កើតឯឋាន​សុគតិ​សួគ៌ ទេវ​លោក​ ​ជា​មួយ​នឹង​ពួក​ទេវតា​ជាន់​តាវតិង្ស ចុះ​បើ​ពួក​មិត្រអាមាត្យ​ទាំង​នោះ​ ​មាន​គំនិត​យ៉ាង​នេះថា ចាំ​យើង​ទាំង​ឡាយ​ ​ឲ្យ​គេ​បំរើ​ឲ្យ​ឆ្អែត​ស្កប់​ស្កល់​ដោយ​កាមគុណ​ទាំង​៥ ជា​ទិព្វអស់យប់ ​និង​ថ្ងៃ​ពីរ ឬបី​សិន រួចសិមយើង​ទៅ​ប្រាប់​ដល់​ព្រះ​បាទ​បាយាសិរាជញ្ញៈថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើ​ល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ ចុះ​ពួក​មិត្រ​អាមាត្យជា​ដើម​នោះ​ គប្បីមកទូលមហា​បពិត្រថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ តើទាន់ឬទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ មកប្រាប់​មិន​ទាន់​ទេ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​បានជាមកប្រាប់មិនទាន់ ព្រោះ​ថា ខ្ញុំ​មុខ​ជា​នឹង​ស្លាប់​បាត់​ទៅ​មុន ​យូរ​ណាស់​ហើយ​ ចុះ​អ្នក​ណា​មក​ប្រាប់ដំណឹងនេះ ​ដល់​ព្រះ​កស្សប​ដ៏​ចម្រើន​ថា ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ឬ​ថា​ពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​អាយុ​វែង ​យ៉ាង​នេះ យើង​មិន​ទាន់​ជឿ​ព្រះ​កស្សប​ដ៏​ចម្រើន​ថា ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ឬ​ថា​ពួក​ទេវតា​ជាន់​តាវត្តិង្ស ​មាន​អាយុ​វែង ​យ៉ាង​នេះទេ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ប្រៀប​ដូច​ជា​បុរសខ្វាក់ អំពីកំណើត មិន​ដែល​ឃើញ​រូប​ខ្មៅ ឬស មិន​ដែល​ឃើញ​រូប ​ដែល​មាន​សម្បុរខៀវ មិន​ដែល​ឃើញ​រូប ​ដែល​មាន​សម្បុរលឿង មិន​ដែល​ឃើញ​រូប ​ដែល​មាន​សម្បុរក្រហម មិន​ដែល​ឃើញ​រូប ​ដែល​មាន​សម្បុរហង្សបាទ មិន​ដែល​ឃើញរបស់ស្មើ ​និង​មិនស្មើ មិន​ដែល​ឃើញ​រូបផ្កាយ​ទាំង​ឡាយ​ មិន​ដែល​ឃើញ​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​ទេ ​មនុស្ស​ខ្វាក់​នោះ​ ​មុខ​ជា​នឹង​និយាយ​យ៉ាង​នេះ​ថា រូប​ខ្មៅ ឬ-ស​គ្មាន​ទេ បុគ្គល​អ្នក​ឃើញ​រូបខ្មៅ ឬស គ្មានទេ រូបខៀវគ្មានទេ បុគ្គល​អ្នក​ឃើញរូប​មាន​សម្បុរខៀវគ្មានទេ រូបសម្បុរ​លឿង​គ្មានទេ បុគ្គល​អ្នក​ឃើញរូប​មាន​សម្បុរលឿងគ្មានទេ រូបសម្បុរក្រហមគ្នាទេ បុគ្គល​អ្នក​ឃើញរូប​មាន​សម្បុរក្រហមគ្មានទេ រូបសម្បុរហង្សបាទ​គ្មានទេ បុគ្គល​អ្នក​ឃើញរូប​មាន​សម្បុរហង្សបាទគ្មានទេ របស់ស្មើ ​និង​មិនស្មើគ្មានទេ បុគ្គល​អ្នក​ឃើញរបស់ស្មើ ​និង​មិនស្មើគ្មានទេ រូបផ្កាយគ្មាន​ទេ បុគ្គល​អ្នក​ឃើញ​រូបផ្កាយ​គ្មានទេ ​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​គ្មាន​ទេ បុគ្គល​អ្នក​ឃើញនូវ​ព្រះ​ចន្ទ ​និង​ព្រះ​អាទិត្យ​គ្មានទេ អាត្មាអញមិនស្គាល់​របស់នុ៎ះ អាត្មាអញមិនឃើញ​របស់​នុ៎ះ ហេតុដូច្នោះ របស់​នោះ​គ្មានទេ បពិត្រ​រាជញ្ញៈ​ដ៏​ចម្រើន​ កាល​បើ​មនុស្ស​ខ្វាក់​អំពី​កំណើត ​និយាយ​(​យ៉ាង​នោះ​) ​ឈ្មោះ​ថា ​និយាយ​ត្រូវឬ​ទេ។ បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចម្រើន​ មិន​ត្រូវ​ទេ (ព្រោះ​) រូប​ខ្មៅ ឬ​ស ​មាន​ បុគ្គល​អ្នក​ឃើញ​រូប​ខ្មៅ ឬ ស ​មាន​ រូបខៀវ​មាន​ បុគ្គល​អ្នក​ឃើញរូបខៀវ​មាន​។បេ។ របស់ស្មើ ​និង​មិនស្មើ​មាន​ បុគ្គល​អ្នក​ឃើញរបស់ស្មើ ​និង​មិនស្មើ​មាន​ រូប​ផ្កាយ​មាន​ បុគ្គល​អ្នក​ឃើញរូបផ្កាយ​មាន​ ​ព្រះ​ចន្ទ ​ព្រះ​អាទិត្យ​មាន​បុគ្គល​អ្នក​ឃើញ​ព្រះ​ចន្ទ ​ព្រះ​អាទិត្យ​មាន​ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ កាលបើ​បុរស​ខ្វាក់អំពី​កំណើត ​និយាយ​ថា អាត្មា​អញ ​មិន​ស្គាល់​របស់​នុ៎ះ អាត្មា​អញ ​មិន​ឃើញ​របស់​នុ៎ះ ព្រោះហេតុ​នោះ​ របស់​នោះ​ មិន​មាន​ទេ ដូច្នេះ​ឈ្មោះ​ថា ​និយាយ​មិនត្រូវសោះឡើយ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ​យ៉ាង​ហ្នឹង​មែន​ហើយ​ អង្គមហាបពិត្រ ទុក​ដូច​មនុស្ស​ខ្វាក់​អំពី​កំណើតប្រាកដ (បានជា) មហាបពិត្រ ត្រាស់​យ៉ាង​នេះថា ចុះ​មាន​អ្នក​ណាមកប្រាប់​ដំណឹង​នេះ ​ដល់​ព្រះ​កស្សប​ដ៏​ចម្រើន​ថា ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ឬថា ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​អាយុវែង ​យ៉ាង​នេះ យើង​មិន​ជឿ (ពាក្យរបស់) ​ព្រះ​កស្សប​ដ៏​ចម្រើន​ថា ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​ ឬថា ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មាន​អាយុវែង ​យ៉ាង​នេះ​ទេ បពិត្ររាជញ្ញៈ ​ព្រះ​អង្គសំគាល់យក​ដោយ​មំស​ចក្ខុ​នេះ ​យ៉ាង​ណា ឯ​លោក​ដទៃ បុគ្គល​មិនគប្បីឃើញបាន​យ៉ាង​នោះ​ឡើយ បពិត្ររាជញ្ញៈ ​ពួក​សមណ​ព្រាហ្មណ៍ណា ​អាស្រ័យ​សេព​សេនាសនៈ​ទាំង​ឡាយ​ដ៏​ស្ងាត់ ​ដែល​តាំង​នៅ​ក្នុង​ព្រៃ​តូច ​និង​ព្រៃ​ធំ ​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ មិនប្រមាទ ​មាន​ព្យាយាម​ដុត​កំដៅ​កិលេស ​មាន​ចិត្ត​ឆ្ពោះ​ទៅ​កាន់​ព្រះ​និព្វាន ជម្រះនូវ​ទិព្វ​ចក្ខុ នៅ​ក្នុង​ព្រៃ​ស្ងាត់​នោះ​ ​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ឯង ទើប​ឃើញ​លោក​នេះ​ផង ​លោក​ដទៃ​ផង ​ពួក​សត្វ​ជា​ឱបបាតិកៈ​ផង ​ដោយ​ចក្ខុ​ ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លងចក្ខុជារបស់​មនុស្ស​ធម្មតា បពិត្រ​រាជញ្ញៈ ឯបុគ្គលគប្បីឃើញ​លោក​ដទៃ​យ៉ាង​នោះ​ឯង មិនមែន​ដូច​ជា​មហាបពិត្រ សំគាល់​ដោយ​មំសចក្ខុនេះទេ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហា​បពិត្រ បែរ​ព្រះ​យោបល់ យល់​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​ ​ពួក​សត្វជាឱបបាតិកៈ​មាន​ ផលវិបាករបស់កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើល្អ ធ្វើ​អាក្រក់​មាន​ ​ដោយ​ហេតុនេះ។

[១៤៧] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​គួរម្យ៉ាងដែរ​ហើយ​ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ឃើញ ​ក្នុង​ហេតុនុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយនៅ​មាន​(ទៀត)ឬ។បេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នៅ​មាន​។បេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ បរិយាយ​នោះ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ក្នុង​លោក​នេះ ខ្ញុំឃើញ​ពួក​សមណព្រាហ្មណ៍ ​មាន​សីល ​មាន​ធម៌ល្អ ចង់តែរស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ខ្លួនខ្ញុំ​នោះ​ ​មាន​សេចក្តីត្រិះរិះ​យ៉ាង​នេះថា បើ​ពួក​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំង​នោះ​ ​មាន​សីល ​មាន​ធម៌ល្អ គប្បី​ដឹង​ ​យ៉ាង​នេះថា យើង​ទាំង​ឡាយ​កាលបើស្លាប់​ពី​លោក​នេះ​ទៅ​ មុខជា​នឹង​បានសេចក្តីសុខប្រសើរ ឥឡូវនេះ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំង​នេះ ​មាន​សីល ​មាន​ធម៌​ដ៏​ល្អ​ហើយ​ គួរតែស៊ីថ្នាំពិសក្តី យកកាំបិតមក (អារកខ្លួន)ឯងក្តី ចង​កសម្លាប់ក្តី លោតទំលាក់​ទៅ​ក្នុង​ជ្រោះក្តី តែ​ពួក​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ​មាន​សីល ​មាន​ធម៌ល្អ​ហើយ​ មិន​ដឹង​យ៉ាង​នេះថា យើង​កាលបើស្លាប់ ពី​លោក​នេះ​ទៅ​ ​នឹង​បាន​សេចក្តីសុខប្រសើរដូច្នេះឡើយ ព្រោះហេតុ​នោះ​ បានជា​ពួក​សមណព្រាហ្មណ៍​ដ៏​ចម្រើន​នេះ ​មាន​សីល ​មាន​ធម៌ល្អ​ហើយ​ នៅតែចង់រស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្តី​ចូល​ចិត្ត​ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ។

[១៤៨] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហា​បពិត្រ ព្រោះ​ពួក​បុរស ​ដែល​ជា​អ្នក​ចេះ​ដឹង​ខ្លះ ​ក្នុង​លោក​នេះ គង់យល់សេចក្តីនៃភាសិត ​ដោយ​ពាក្យឧបមាបាន បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក ​មាន​ព្រាហ្មណ៍ម្នាក់ ​មាន​ប្រពន្ធ​ពីរនាក់ ​គឺ​ប្រពន្ធម្នាក់ ​មាន​កូនប្រុស១ ​មាន​អាយុ១០ឆ្នាំ ឬ១២ឆ្នាំ ប្រពន្ធម្នាក់​ទៀត កំពុង​តែ​មាន​គភ៌ ជិត​នឹង​សម្រាល ​ក្នុង​ពេល​នោះ​ ព្រាហ្មណ៍ជា(ស្វាមី)​នោះ​ ​ក៏​ធ្វើ​មរណកាល​ទៅ​ លំដាប់​នោះ​មាណពជាកូន​នោះ​ បាន​និយាយ​នឹង​ម្តាយចុង ​យ៉ាង​នេះថា នែ​អ្នក​ម្តាយ​ដ៏​ចម្រើន​ របស់ណា​គឺ​ទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី ​មាស​ក្តី របស់​ទាំង​អស់​នោះ​ ជារបស់​ខ្ញុំ ឯ​អ្នក​ មិនត្រូវបានចំណែកតិចតួច ​ក្នុង​សម្បត្តិនេះទេ នែ​អ្នក​ម្តាយ​ដ៏​ចម្រើន​ សូម​អ្នក​ម្តាយ ប្រគល់​ទ្រព្យមត៌ក ជារបស់​បិតា​ឲ្យ​មកខ្ញុំ។ កាលមាណព​នោះ​ ​និយាយ​យ៉ាង​នេះ នាងព្រាហ្មណី​នោះ​ បាន​និយាយ​នឹង​មាណព​នោះ​ ​យ៉ាង​នេះថា នែកូន ​ចូរ​បា​បង្អង់សិន ទំរាំអញ​សម្រាល​កូនរួចសិន បើកូន​នោះ​ ជាកូនប្រុស កូនប្រុស​នោះ​ ​នឹង​ត្រូវ​បានទ្រព្យបន្តិចបន្តួច​ដែរ បើ​កូន​នោះ​ ជាកូនស្រី កូនស្រី​នោះ​ ​នឹង​បានធ្វើជាភរិយា​របស់​អ្នក​។ មាណព​នោះ​ ​និយាយ​នឹង​ម្តាយចុង ជាគំរប់ពីរដង ​យ៉ាង​នេះថា នែ​អ្នក​ម្តាយ​ របស់ណា ​គឺ​ទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី ​មាស​ក្តី របស់​ទាំង​អស់​នោះ​ ជារបស់​ខ្ញុំ ​អ្នក​ មិនត្រូវ​បាន​ចំណែកតិចតួច ​ក្នុង​សម្បត្តិនេះទេ នែ​អ្នក​ម្តាយ​ដ៏​ចម្រើន​ ​ចូរ​អ្នក​ប្រគល់​ទ្រព្យមត៌ក ជារបស់​បិតា​ឲ្យ​មកខ្ញុំ។ នាងព្រាហ្មណី​នោះ​ ​និយាយ​នឹង​មាណព​នោះ​ ជាគំរប់ពីរដងទៀត ​យ៉ាង​នេះថា នែបា ​ចូរ​អ្នក​បង្អង់សិន ទំរាំ​អញសម្រាលកូនរួច បើកូន​នោះ​ ជាកូនប្រុស កូនប្រុស​នោះ​ ​នឹង​ត្រូវ​បានទ្រព្យបន្តិចបន្តួច​ដែរ បើកូន​នោះ​ ជាកូនស្រី កូនស្រី​នោះ​ ​នឹង​បានជាភរិយា​របស់​អ្នក​។ មាណព​នោះ​ ​និយាយ​នឹង​ម្តាយចុង ជាគំរប់បីដង ​យ៉ាង​នេះថា នែ​អ្នក​ម្តាយ​ដ៏​ចម្រើន​ របស់ណា ​គឺ​ទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី ​មាស​ក្តី របស់​ទាំង​អស់​នោះ​ ជារបស់​ខ្ញុំ ​អ្នក​មិនត្រូវបានចំណែកតិចតួច ​ក្នុង​សម្បត្តិនេះទេ នែ​អ្នក​ម្តាយ ​ចូរ​អ្នក​ប្រគល់ទ្រព្យមត៌ក ជារបស់​បិតា​ឲ្យ​មកខ្ញុំ។ លំដាប់​នោះ​ នាងព្រាហ្មណី​នោះ​ ​កាន់​កាំបិត ចូល​ទៅ​ក្នុង​បន្ទប់ ​ហើយ​វះពោះខ្លួនឯង គិតថា បើជា​ប្រុស ឬស្រី អាត្មាអញគង់​ដឹង​ច្បាស់បាន នាងព្រាហ្មណី​នោះ​ ហេតុតែល្ងង់ មិនឈ្លាសវៃ ស្វែងរកទ្រព្យមត៌ក ​ដោយ​មិនត្រូវទំនង ​ក៏​ដល់​នូវសេចក្តីវិនាស ​ទាំង​ខ្លួនផង ជីវិតផង កូន​ក្នុង​គភ៌ផង សម្បត្តិផង ​ដោយ​ពិត បពិត្ររាជញ្ញៈ ​ព្រះ​អង្គជាបុគ្គលល្ងង់ មិនឈ្លាសវៃ ស្វែងរកបរ​លោក​ដោយ​ខុសទំនង គង់​នឹង​ដល់​នូវសេចក្តីវិនាស ​ដូច​ជា​ព្រាហ្មណី ​ដែល​ល្ងង់ មិនឈ្លាសវៃ ស្វែងរកសម្បត្តិ​ដោយ​មិនត្រូវទំនង ​ក៏​បាន​ដល់​នូវ​សេចក្តីវិនាស ដូច្នោះ​មិនខាន។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍​ទាំង​ឡាយ​ ​មាន​សីល ​មាន​ធម៌ល្អ រមែង​មិនផ្តាច់បង់នូវអាយុ ​ដែល​មិនទាន់អស់ទេ មួយវិញទៀត ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ តែងរង់ចាំ​កាល ​ឲ្យ​អាយុ​ដល់​កំណត់។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍​ទាំង​ឡាយ​ ​មាន​សីល ​មាន​ធម៌ល្អ ​មាន​ជីវិតវិសេសជាង​ពួក​ជនដទៃ បពិត្ររាជញ្ញៈ ​ពួក​សមណព្រាហ្មណ៍ ​មាន​សីល ​មាន​ធម៌ល្អ ឋិតនៅអស់កាល​យូរអង្វែង ​ដោយ​ប្រការណា ​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ​ រមែងបាននូវបុណ្យ​ច្រើន​ ​និង​ប្រតិបត្តិ ដើម្បីប្រយោជន៍ ​ដល់​ជន​ច្រើន​ ដើម្បីសេចក្តី​សុខ​ដល់​ជន​ច្រើន​ ដើម្បីអនុគ្រោះ ​ដល់​សត្វ​លោក​ ដើម្បីសេចក្តី​ចម្រើន​ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ​ដល់​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ​ ​ដោយ​ប្រការដូច្នោះឯង។ ឱរាជញ្ញៈ បើ​តាម​បរិយាយ​នេះ សូមមហា​បពិត្រ បែរ​ព្រះ​យោបល់ យល់មក​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​។បេ។ ផលវិបាក​មាន​ ​ដោយ​ហេតុនេះ។

[១៤៩] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​និយាយ​យ៉ាង​នេះ ​ក៏​គួរ​ហើយ​ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តី​យល់​ក្នុង​ហេតុ​នុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​។បេ។ ផល​វិបាក មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយ​មាន​ទៀតឬ។បេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នៅ​មាន​។បេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ ចាប់ចោរ​ដែល​ប្រព្រឹត្តអាក្រក់ យកមកបង្ហាញខ្ញុំថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​អ្នក​នេះ ជាចោរប្រព្រឹត្តអាក្រក់​នឹង​ព្រះ​អង្គ ​ព្រះ​អង្គសព្វ​ព្រះ​ហឫទ័យ ដាក់​អាជ្ញាណា​ដល់​ចោរនេះ សូម​ព្រះ​អង្គដាក់អាជ្ញា​នោះ​មក ខ្ញុំ​ក៏​និយាយ​ទៅ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ ចាប់បុរសនេះ​ទាំង​រស់ បោះ​ទៅ​ក្នុង​ខ្ទះ ​ហើយ​គ្របមាត់ខ្ទះ យក​ស្បែក​ស្រស់​ពាសដាស រួចយកដីស្អិតសើម មកបូក​ឲ្យ​ក្រាស់ ​ហើយ​លើកដាក់លើចង្ក្រាន រួចដុតភ្លើង ឯរាជបុរស​ទាំង​នោះ​ ទទួល​ពាក្យរបស់ខ្ញុំថា ករុណាវិសេស ​ហើយ​ក៏​ចាប់បុរស​នោះ​ទាំង​រស់ បោះ​ទៅ​ក្នុង​ខ្ទះ គ្រប​មាត់ខ្ទះ យក​ស្បែក​ស្រស់​មកពាសដាស រួចយកដីស្អិតសើម មកបូក​ឲ្យ​ក្រាស់ រួចដាក់​លើចង្ក្រាន ​ហើយ​ដុតភ្លើង។ កាល​ដែល​យើង​ដឹង​ថា បុរស​នោះ​ស្លាប់​ហើយ​ ទើប​ឲ្យ​ពួក​រាជបុរស ដាក់ខ្ទះ​នោះ​ចុះមក គាស់ដីស្អិត បង្ហើបមាត់សន្សឹមៗ ​ហើយ​ពិនិត្យ​មើល​ដោយ​បំណងថា យើង​នឹង​ចាំមើលជីវៈ (ព្រលឹង) របស់ចោរ​នោះ​ ​ដែល​ចេញ​ទៅ​ តែ​យើងមិនឃើញជីវៈរបស់ចោរ​នោះ​ចេញ​ទៅ​សោះ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន​ ​ដោយ​ហេតុ​នេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ត្រឡប់សួរ​មហា​បពិត្រ ​ក្នុង​បរិយាយ​នេះវិញ ប្រស្នានេះ ពេញ​ព្រះ​ហឫទ័យនៃមហាបពិត្រ ​យ៉ាង​ណា សូមមហាបពិត្រ ព្យាករ​ប្រស្នា​នោះ​យ៉ាង​នោះ​។ បពិត្ររាជញ្ញៈ ទ្រង់ធ្លាប់ចូល​ទៅ​កាន់​ទី​ព្រះ​បន្ទំ ​ក្នុង​វេលាថ្ងៃ បាន​ទ្រង់​ព្រះ​សុបិនឃើញសួនច្បារ ជាទីសប្បាយ ​ព្រៃ​ជាទីសប្បាយ (ទេសភាព) ផែនដីជា​ទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ខ្ញុំធ្លាប់ចូល​ទៅ​កាន់​ដំណេក ​ក្នុង​វេលាថ្ងៃ ធ្លាប់យល់សប្តិឃើញ​ សួនច្បារ ជាទីសប្បាយ ​ព្រៃ​ជាទីសប្បាយ ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរ។ ចុះ​ក្នុង​សម័យ​នោះ​ ​មាន​ពួក​ស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សា​ព្រះ​អង្គ​ដែរឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ អើ​ក្នុង​សម័យ​នោះ​ ​មាន​ពួក​ស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សា​ខ្ញុំដែរ។ ចុះ​ពួក​ស្រី​ទាំង​នោះ​ ឃើញ​ព្រលឹងរបស់មហាបពិត្រ កំពុងចូលមក ឬកំពុង​ចេញ​ទៅ​ដែរឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ មិនឃើញទេ។ ឱរាជញ្ញៈ អម្បាល​យ៉ាង​ពួក​ស្រី​ទាំង​នោះ​នៅរស់ គង់មិន​ឃើញ​ព្រលឹងរបស់មហាបពិត្រកំពុងរស់នៅ កាលចូលមក ឬចេញ​ទៅ​ ចំណង់បើ​មនុស្ស​ស្លាប់​ទៅ​ហើយ​ មហាបពិត្រ ​នឹង​ទតឃើញព្រលឹង កាលចូលមក ឬចេញ​ទៅ​ដូច​ម្តេចបាន។ ឱរាជញ្ញៈ បើតាម​បរិយាយ​នេះឯង សូមមហា​បពិត្រ យល់មក​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​ ​ពួក​សត្វជាឱបបាតិកៈ​មាន​ ផលវិបាករបស់កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើ​អាក្រក់​មាន​ ​ដោយ​ហេតុនេះ។

[១៥០] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​គួរដែរ​ហើយ​ ប៉ុន្តែខ្ញុំនៅតែ​មាន​សេចក្តីយល់ ​ក្នុង​ហេតុនុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយនៅ​មាន​ទៀតដែរឬ។បេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នៅ​មាន​។បេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ បរិយាយ​នោះ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ ចាប់ចោរ​ដែល​ប្រព្រឹត្តអាក្រក់ យក​មក​ឲ្យ​ខ្ញុំថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​អ្នក​នេះជាចោរ ប្រព្រឹត្តអាក្រក់​នឹង​ព្រះ​អង្គ ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ ដាក់​អាជ្ញាណា ​ដល់​ចោរនេះ សូមដាក់អាជ្ញា​នោះ​ចុះ ខ្ញុំ​ក៏​និយាយ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ យកជញ្ជីង​ថ្លឹងបុរស​នេះ​ទាំង​រស់ ​ហើយ​យកខ្សែបន្លោះធ្នូ ចងរឹតរួត មិន​ឲ្យ​មាន​ដង្ហើមចេញចូល ​ឲ្យ​ស្លាប់ រួចយកជញ្ជីង​មកថ្លឹងម្តងទៀត រាជបុរស​ទាំង​នោះ​ ទទួលពាក្យរបស់ខ្ញុំ​ថា ករុណាវិសេស ​ហើយ​ក៏​យក​ជញ្ជីង​មក​ថ្លឹងបុរសនេះ​ទាំង​រស់ រួចយកខ្សែបន្លោះធ្នូ ចងរឹតរួត មិន​ឲ្យ​មាន​ដង្ហើម​ចេញ​ចូល ​ឲ្យ​ស្លាប់ ​ហើយ​យកជញ្ជីងមកថ្លឹងម្តងទៀត។ កាលបុរស​នោះ​នៅរស់ ជាបុគ្គល​ស្រាល​ជាងផង ទន់ជាងផង គួរ​ដល់​ការងារជាងផង ​លុះ​បុរស​នោះ​ស្លាប់​ហើយ​ ​ក៏​បែរជា​ធ្ងន់ជាងវិញផង រឹងជាងវិញផង មិនគួរ​ដល់​ការងារ​អ្វីផង។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយនេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។

[១៥១] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមាថ្វាយ​មហាបពិត្រ បុរស​អ្នក​ចេះ​ដឹង​ពួក​ខ្លះ ​ក្នុង​លោក​នេះ រមែងយល់សេចក្តីនៃភាសិត ​ដោយ​ឧបមាបាន។ បពិត្ររាជញ្ញៈ ​ដូច​ជាបុរសយកជញ្ជីងថ្លឹងដុំដែក ​ដែល​ភ្លើងឆេះរន្ទាល​ច្រាល​ឆ្អៅ ​មាន​អណ្តាតសន្ធោសន្ធៅ ក្តៅអស់មួយថ្ងៃ ​លុះ​សម័យខាងក្រោយមក គេ​ក៏​បានយក​ជញ្ជីង​មកថ្លឹងដុំដែក ​ដែល​រលត់ភ្លើង ត្រជាក់អស់​ហើយ​នោះ​ (ម្តងទៀត) ចុះដុំដែក​នោះ​ ​ដែល​ទៅ​ជាស្រាលជាង ឬទន់ជាង ឬគួរ​ដល់​ការងារជាង តើ​ក្នុង​កាលណា ​ក្នុង​កាល​ដែល​កំពុងឆេះរន្ទាលច្រាលឆ្អៅ ​មាន​អណ្តាតសន្ធោសន្ធៅឬ ឬ​ក្នុង​កាល​ដែល​រលត់ភ្លើង​ត្រជាក់​ហើយ​។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ក្នុង​កាលណា ​ដែល​ដុំដែក​នោះ​ប្រកប​ដោយ​ភ្លើង ​ទាំង​ប្រកប​ដោយ​ខ្យល់ កំពុងឆេះរន្ទាលច្រាលឆ្អៅ ​មាន​អណ្តាតសន្ធោសន្ធៅ ​ក្នុង​កាល​នោះ​ឯង ដុំដែក​នោះ​ ស្រាលជាងផង ទន់ជាងផង គួរ​ដល់​ការងារជាងផង ​លុះ​តែ​កាលណា ដុំដែក​នោះ​ មិន​ប្រកប​ដោយ​ភ្លើង មិន​ប្រកប​ដោយ​ខ្យល់ រលត់ភ្លើង ត្រជាក់អស់​ហើយ​ ​ក្នុង​កាល​នោះ​ ដុំដែក​នោះ​ ​ទៅ​ជាធ្ងន់ជាងផង រឹងជាងផង មិនគួរ​ដល់​ការងារជាងផង។ ថ្វាយ​ព្រះ​ពររាជញ្ញៈ កាយនេះឯង ​ក៏​យ៉ាង​នោះ​ដែរ កាលណាបើ​បាន​ប្រកប​ដោយ​អាយុ​ផង ​ប្រកប​ដោយ​ភ្លើងធាតុផង ​ប្រកប​ដោយ​វិញ្ញាណផង ទើបកាយ​នេះ ​ទៅ​ជាស្រាល​ជាងផង ទន់ជាងផង គួរ​ដល់​ការងារជាងផង តែបើ​កាលណា កាយនេះ មិន​ប្រកប​ដោយ​អាយុផង មិន​ប្រកប​ដោយ​ភ្លើងធាតុផង មិន​ប្រកប​ដោយ​វិញ្ញាណផងទេ កាយនេះឯង ​ក៏​ទៅ​ជាធ្ងន់ជាងផង រឹងជាងផង មិនគួរ​ដល់​ការងារ​ផង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ យល់​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ។

[១៥២] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​គួរដែរ​ហើយ​ តែខ្ញុំនៅតែ​មាន​សេចក្តី​យល់​ក្នុង​ហេតុ​នុ៎ះ ​យ៉ាង​នេះថា ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ចុះបរិយាយនៅ​មាន​ទៀតដែរឬ។បេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយនៅ​មាន​។បេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយ​នោះ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ ចាប់បានចោរ ​ដែល​ប្រព្រឹត្តអាក្រក់​មក​ឲ្យ​ខ្ញុំថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ បុរសនេះជាចោរ ប្រព្រឹត្តអាក្រក់​នឹង​ព្រះ​អង្គ ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ ​នឹង​ដាក់​អាជ្ញា​ណា ​ដល់​ចោរនេះ សូមដាក់អាជ្ញា​នោះ​ចុះ ខ្ញុំ​ក៏​និយាយ​យ៉ាង​នេះ ​នឹង​រាជបុរស​ទាំង​នោះ​ថា នែ​អ្នក​ដ៏​ចម្រើន​ទាំង​ឡាយ​ បើដូច្នោះ ​អ្នក​ទាំង​ឡាយ​ ​ចូរ​សម្លាប់បុរសនេះចុះ តែកុំ​ឲ្យ​ខូច​ស្បែក​ក្រៅ ​ស្បែក​ក្នុង​ សាច់ សរសៃ ឆ្អឹង ​និង​ខួរ​ក្នុង​ឆ្អឹង ក្រែងលោ​យើង​នឹង​បាន​ឃើញជីវៈ (ព្រលឹង) របស់បុរស​នោះ​ចេញមក រាជបុរស​ទាំង​នោះ​ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ​ហើយ​ក៏​សម្លាប់បុរស​នោះ​ មិន​ឲ្យ​មាន​ស្នាមជាំដាំ ត្រង់​ស្បែក​ក្រៅ ​ស្បែក​ក្នុង​ សាច់ សរសៃ ឆ្អឹង ​និង​ខួរ​ក្នុង​ឆ្អឹងឡើយ។ ​ក្នុង​កាល​ដែល​គេ​កំពុង​ប្រុងប្រៀប​នឹង​សម្លាប់​ចោរ​នោះ​ ខ្ញុំបាន​និយាយ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ​ ​ចូរ​អ្នក​ទាំង​ឡាយ​ ​ឲ្យ​បុរសនេះដេកផ្ងារឡើង ក្រែងយើង​នឹង​បានឃើញ​ជីវៈ​របស់​វាចេញមក រាជបុរស​ទាំង​នោះ​ ​ក៏​ឲ្យ​បុរស​នោះ​ដេកផ្ងារឡើង។ យើង​ក៏​មិនឃើញ​ជីវៈរបស់ចោរ​នោះ​ចេញមកសោះ ខ្ញុំ​និយាយ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះទៀតថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ ​ឲ្យ​បុរសនេះ​ដេកផ្កាប់ ដេកផ្អៀង​ទៅ​ម្ខាង​ហើយ​ ​ឲ្យ​ដេកផ្អៀង​ទៅ​ម្ខាងទៀត ​ហើយ​លើកបញ្ឈរឡើង លើកសំយ៉ុងក្បាលចុះ យក​ដៃគោះមើល យកដុំដីគោះមើល យកដំបងគោះមើល យក​គ្រឿងសស្ត្រាគោះមើល ទាញមក ច្រានត្រឡប់​ទៅ​វិញ ទាញប្រែត្រឡប់​ទៅ​ ត្រឡប់មក ក្រែងយើង​នឹង​បាន​ឃើញ​ជីវៈរបស់បុរសនេះចេញ​ទៅ​ ឯរាជបុរស​ទាំង​នោះ​ ​ក៏​ទាញ​បុរស​នោះ​មក ច្រានត្រឡប់​ទៅ​វិញ ទាញប្រែត្រឡប់​ទៅ​ត្រឡប់មក។ យើង​ក៏​មិនបាន​ឃើញ​ជីវៈរបស់បុរស​នោះ​ ចេញ​មកសោះ។ ភ្នែក​នោះ​ឯងរបស់បុរស​នោះ​ ​ក៏​នៅជាភ្នែក​ដ​ដែល​ រូប​ទាំង​ឡាយ​នោះ​ ​ក៏​នៅ​ជារូបដ​ដែល​ប៉ុន្តែបុរស​នោះ​ឯង មើលមិនឃើញ​នូវ​រូបាយតនៈ​នោះ​ (​ដោយ​ភ្នែក​នោះ​)សោះ។ ត្រចៀក​នោះ​ឯង ​ក៏​នៅជាត្រចៀក​ដ​ដែល​ សម្លេង​ទាំង​ឡាយ​នោះ​ ​ក៏​នៅជា​សម្លេង​ដ​ដែល​ ទាស់តែបុរស​នោះ​ ស្តាប់សទ្ទាយតនៈ​នោះ​មិន​ឮ​ (​ដោយ​ត្រចៀក)សោះ។ ច្រមុះ​នោះ​ឯង ​ក៏​នៅជាច្រមុះ​ដ​ដែល​ ក្លិន​ទាំង​ឡាយ​នោះ​ ​ក៏​នៅជាក្លិនដ​ដែល​ តែថាបុរស​នោះ​ មិនធុំនូវគន្ធាយតនៈ​នោះ​ (​ដោយ​ច្រមុះ​នោះ​)សោះ។ អណ្តាត​នោះ​ឯង ​ក៏​នៅជា​អណ្តាត​ដ​ដែល​ រស​ទាំង​ឡាយ​នោះ​ ​ក៏​នៅជារសដ​ដែល​ តែថាបុរស​នោះ​ មិន​ដឹង​ច្បាស់​នូវរសាយតនៈ​នោះ​ (​ដោយ​អណ្តាត​នោះ​)សោះ។ កាយ​នោះ​ឯង ​ក៏​នៅជាកាយដ​ដែល​ផោដ្ឋព្វៈ​ទាំង​ឡាយ​នោះ​ ​ក៏​នៅជាផោដ្ឋព្វៈដ​ដែល​ ទាស់តែបុរស​នោះ​ មិន​ដឹង​ច្បាស់នូវ​ផោដ្ឋព្វាយតនៈ​នោះ​ (​ដោយ​កាយ​នោះ​)សោះ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នេះ​ឯង ​ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្តីចូល​ចិត្ត​ ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ។

[១៥៣] ថ្វាយ​ព្រះ​ពររាជញ្ញៈ  បើដូច្នោះ អាត្មាភាព ​នឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហាបពិត្រ វិញ្ញូបុរស​ទាំង​ឡាយ​ពួក​ខ្លះ ​ក្នុង​លោក​នេះ រមែង​យល់សេចក្តីនៃភាសិត ​ដោយ​ឧបមា​បាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក ​មាន​បុរសផ្លុំស័ង្ខម្នាក់ ​កាន់​ស័ង្ខ ​ដើរ​ទៅ​កាន់​ជនបទ ​ដែល​នៅចុង​ដែន​។ បុរស​នោះ​ចូល​ទៅ​ក្នុង​ស្រុកមួយ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ឈរកណ្តាលស្រុកផ្លុំស័ង្ខ៣ដង ​ហើយ​ដាក់ស័ង្ខលើផែនដី រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ បពិត្រ​រាជញ្ញៈ លំដាប់​នោះ​ ​ពួក​មនុស្ស​នៅ​ក្នុង​បច្ចន្តជនបទ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះថា នែគ្នាយើងអើយ ចុះសំឡេង​នោះ​ តើជាសំឡេងអ្វី បាន​ជាគួរ​ឲ្យ​យើ់ងត្រេកអរ អ្វី​ដល់​ម្ល៉េះ គួរ​ឲ្យ​ចង់ស្តាប់អ្វីម្ល៉េះ គួរ​ឲ្យ​ភាន់ភាំងអ្វីម្ល៉េះ គួរ​ឲ្យ​ជាប់​ចិត្ត​អ្វីម្ល៉ះ គួរ​ឲ្យ​រសាយ​ទុក្ខអ្វីម្ល៉េះ។ ​មនុស្ស​ទាំង​នោះ​ ប្រជុំគ្នា ​ហើយ​សួរ​ទៅ​អ្នក​ផ្លុំស័ង្ខ​នោះ​ ​យ៉ាង​នេះថា នែ​អ្នក​ដ៏​ចម្រើន​ ចុះសំឡេង​នោះ​ ជាសំឡេងអ្វី បាន​ជាគួរ​ឲ្យ​យើ់ង​ត្រេកអរ អ្វី​ដល់​ម្ល៉េះ គួរ​ឲ្យ​ចង់ស្តាប់អ្វីម្ល៉េះ គួរ​ឲ្យ​ភាន់ភាំងអ្វីម្ល៉េះ គួរ​ឲ្យ​ជាប់​ចិត្ត​អ្វីម្ល៉ះ គួរ​ឲ្យ​រសាយទុក្ខអ្វីម្ល៉េះ។ បុរស​អ្នក​ផ្លុំស័ង្ខ ​និយាយ​ថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ សំឡេង​ដែល​គួរ​ឲ្យ​អ្នក​ផងត្រេកអរ​យ៉ាង​នេះ គួរ​ឲ្យ​ចង់ស្តាប់​យ៉ាង​នេះ គួរ​ឲ្យ​ភាន់ភាំង​យ៉ាង​នេះ គួរ​ឲ្យ​ជាប់​ចិត្ត​យ៉ាង​នេះ គួរ​ឲ្យ​រសាយ​ទុក្ខ​យ៉ាង​នេះ សំឡេង​នោះ​ ​គឺ​ជាសំឡេង​ស័ង្ខនេះ​ឯង។ ​មនុស្ស​ទាំង​នោះ​ ​ក៏​ផ្តេកស័ង្ខ​នោះ​ ​ឲ្យ​ផ្ងារឡើង ​ហើយ​និយាយ​ថា នែស័ង្ខ​ដ៏​ចម្រើន​ ​ចូរ​ឯង​បន្លឺ (សំឡេង)​ទៅ​មើល នែស័ង្ខ​ដ៏​ចម្រើន​ ​ចូរ​ឯងបន្លឺ (សំឡេង)​ទៅ​មើល។ ស័ង្ខ​នោះ​ ​ក៏​មិន​បន្លឺ (សំឡេង)សោះ។ ​មនុស្ស​ទាំង​នោះ​ ​ក៏​ផ្កាប់ស័ង្ខ​នោះ​ ​ហើយ​ផ្តេក​ទៅ​ម្ខាង ផ្តេក​ទៅ​ម្ខាង​ទៀត ​ហើយ​លើកបញ្ឈរឡើង សំយុងចុះ យកដៃគោះ យកដុំដីគោះ យកដំបងគោះ យក​គ្រឿងសស្ត្រាគោះ ប្រមៀល​មក ប្រមៀល​ទៅ​ ប្រមៀលចុះ ប្រមៀលឡើង ​ហើយ​និយាយ​ថា នែស័ង្ខ​ដ៏​ចម្រើន​ ​ចូរ​ឯងបន្លឺ (សំឡេង)​ទៅ​មើល នែស័ង្ខ​ដ៏​ចម្រើន​ ​ចូរ​ឯងបន្លឺ (សំឡេង)​ទៅ​មើល។ ស័ង្ខ​នោះ​ ​ក៏​នៅតែ​មិនបន្លឺ (សំឡេង)សោះ។ បពិត្ររាជញ្ញៈ លំដាប់​នោះ​​អ្នក​ផ្លុំស័ង្ខ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ​ពួក​មនុស្ស​អ្នក​នៅ​ក្នុង​បច្ចន្តជនបទ​ទាំង​អស់នេះ ហៅពេញជា​មនុស្ស​ល្ងង់ មិន​សម​បើ​នឹង​ស្វែងរក​សំឡេងស័ង្ខ ​ដោយ​ខុសទំនងសោះ។ កាល​ពួក​មនុស្ស​ទាំង​នោះ​ កំពុងមើល បុរសផ្លុំស័ង្ខ​នោះ​ ​ក៏​ចាប់ស័ង្ខផ្លុំ៣ដង ​ហើយ​កាន់​ស័ង្ខ​ដើរ​ចៀសចេញ​ទៅ​។ បពិត្ររាជញ្ញៈ លំដាប់​នោះ​ ​មនុស្ស​នៅ​ក្នុង​បច្ចន្តជនបទ​ទាំង​អស់​នោះ​ ​មាន​សេចក្តីត្រិះរិះ​ដូច្នេះថា នែគ្នាយើង​អើយ ធម្មតា ស័ង្ខនេះ ​លុះ​តែកាលណា បានផ្សំ​នឹង​បុរសផង ផ្សំ​នឹង​សេចក្តីព្យាយាម​ផង ផ្សំ​នឹង​ខ្យល់ផង ទើបស័ង្ខនេះ បន្លឺ (សំឡេង) ​ក្នុង​កាលណោះបាន កាលណាបើស័ង្ខនេះ មិនបានផ្សំ​នឹង​បុរស មិនបានផ្សំ​នឹង​សេចក្តីព្យាយាម មិនបានផ្សំ​នឹង​ខ្យល់ទេ ស័ង្ខនេះ ​ក៏​បន្លឺសំឡេង​មិនបាន។ បពិត្ររាជញ្ញៈ កាយនេះ​ក៏​ដូច្នោះដែរ កាលណា​ប្រកប​ដោយ​អាយុ​ផង ​ប្រកប​ដោយ​ភ្លើងធាតុផង ​ប្រកប​ដោយ​វិញ្ញាណផង ​ក្នុង​កាល​នោះ​ ទើបកាយ​នោះ​ ឈាន​ទៅ​ក៏​បាន ថយក្រោយ​ក៏​បាន ឈរ​ក៏​បាន អង្គុយ​ក៏​បាន សម្រេចឥរិយាបថដេក​ក៏​បាន ឃើញរូប​ដោយ​ភ្នែក​ក៏​បាន ស្តាប់សំឡេង​ដោយ​ត្រចៀក​ក៏​បាន ធុំក្លិន​ដោយ​ច្រមុះ​ក៏​បាន លិទ្ធភ្លក្សរស​ដោយ​អណ្តាត​ក៏​បាន ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ក៏​បាន ​ដឹង​ច្បាស់​នូវធម្មារម្មណ៍​ដោយ​ចិត្ត​ក៏​បាន តែកាលណា​កាយនេះ មិន​ប្រកប​ដោយ​អាយុ​ផង មិន​ប្រកប​ដោយ​ភ្លើងធាតុផង មិន​ប្រកប​ដោយ​វិញ្ញាណ​ផងទេ ​ក្នុង​កាល​នោះ​ កាយនេះ ឈាន​ទៅ​មុខ​ក៏​មិនបាន ថយក្រោយ​ក៏​មិនបាន ឈរ​ក៏​មិនបាន អង្គុយ​ក៏​មិនបាន សម្រេចឥរិយាបថដេក​ក៏​មិនបាន ឃើញរូប​ដោយ​ចក្ខុ​ក៏​មិនបាន ស្តាប់សំឡេង​ដោយ​ត្រចៀក​ក៏​មិនបាន ធុំក្លិន​ដោយ​ច្រមុះ​ក៏​មិនបាន លិទ្ធភ្លក្សរស​ដោយ​អណ្តាត​ក៏​មិនបាន ប៉ះពាល់ត្រូវផោដ្ឋព្វៈ​ដោយ​កាយ​ក៏​មិនបាន ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត​ក៏​មិន​បាន។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ ទ្រង់​យល់មក ​យ៉ាង​នេះវិញថា ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់​មាន​ ​ដោយ​ហេតុនេះ។

ចប់ បឋមភាណវារៈ។

[១៥៤] ​ព្រះ​កស្ស​ដ៏​ចម្រើន​ ​និយាយ​យ៉ាង​នេះ ​ក៏​គួរដែរ​ហើយ​ ប៉ុន្តែខ្ញុំ​នៅតែ​មាន​សេចក្តី​យល់​ក្នុង​ហេតុ​នុ៎ះ ​យ៉ាង​នេះទៀតថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ចុះបរិយាយនៅ​មាន​ទៀតដែរឬ។បេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយ​នៅ​មាន​។បេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ បរិយាយ​នោះ​ តើ​ដូច​ម្តេច។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ ចាប់ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់ មក​ឲ្យ​ដល់​ខ្ញុំថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​អ្នក​នេះ ជាចោរប្រព្រឹត្តអាក្រក់​នឹង​ព្រះ​អង្គ ​ព្រះ​អង្គសព្វ​ព្រះ​ហឫទ័យ​នឹង​ដាក់​អាជ្ញា​ណា ​ដល់​ចោរនេះ សូម​ព្រះ​អង្គដាក់អាជ្ញា​នោះ​ចុះ ខ្ញុំ​និយាយ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះថា នែ​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ ឆូត​ស្បែក​ក្រៅ របស់បុរសនេះមើល ក្រែងលោយើងឃើញជីវៈរបស់បុរសនេះ ​ពួក​រាជបុរស​ទាំង​នោះ​ ​ក៏​ឆូត​ស្បែក​ក្រៅរបស់​បុរស​នោះ​។ យើង​ក៏​មិនបានឃើញ​ជីវៈ​របស់បុរស​នោះ​សោះ។ ខ្ញុំ​និយាយ​នឹង​រាជបុរស​ទាំង​នោះ​ ​យ៉ាង​នេះទៀតថា ​ម្នាល​អ្នក​ដ៏​ចម្រើន​ បើដូច្នោះ ​ចូរ​អ្នក​ទាំង​ឡាយ​ពន្លះ​ស្បែក​ក្នុង​ អារសាច់ កាត់សរសៃ កាត់ឆ្អឹង ឆ្កៀល​ខួរ​ក្នុង​ឆ្អឹង របស់បុរសនេះមើល ក្រែង​លោ​យើង​បានឃើញជីវៈរបស់វា រាជបុរស​ទាំង​នោះ​ ​ក៏​ឆ្កៀលខួរ​ក្នុង​ឆ្អឹង របស់បុរស​នោះ​។ យើង​ក៏​នៅ​តែមិនឃើញជីវៈ​របស់បុរស​នោះ​សោះ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បរិយាយនេះឯង ​ដែល​នាំ​ឲ្យ​ខ្ញុំនៅ​មាន​គំនិត ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។

[១៥៥] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព ​នឹង​ធ្វើឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរស​ពួក​ខ្លះ ​ក្នុង​លោក​នេះ រមែងយល់សេចក្តីនៃភាសិតនេះ ​ដោយ​ពាក្យ​ឧបមាបាន។ បពិត្រ​រាជញ្ញៈ កាលពីព្រេងនាយមក ​មាន​ជដិលម្នាក់ ជា​អ្នក​បម្រើ​ភ្លើង នៅ​ក្នុង​កុដិស្លឹក ​ក្នុង​ព្រៃ​រំលោង។ បពិត្ររាជញ្ញៈ ​ក្នុង​កាល​នោះ​ឯង ​មាន​ពួក​ឈ្មួញ​រទេះ​មួយ​ពួក​ នៅ​ក្នុង​ជនបទ បាននាំគ្នាចេញអំពី​ជនបទ​នោះ​។ គ្រា​នោះ​ ​ពួក​ឈ្មួញរទេះ​នោះ​ នៅឈប់សំចត ជិត​អាស្រម​របស់ជដិល​អ្នក​បម្រើភ្លើង​នោះ​អស់១យប់ ទើបនាំគ្នាចៀស​ចេញ​ទៅ​។ បពិត្រ​រាជញ្ញៈ គ្រា​នោះ​ឯង ជដិល​អ្នក​បម្រើភ្លើង​នោះ​ ​មាន​សេចក្តីត្រិះរិះ​យ៉ាង​នេះថា គួរតែ​អាត្មាអញ​ចូល​ទៅ​ត្រង់កន្លែងជាទីសំណាក់របស់​ពួក​ឈ្មួញរទេះ​នោះ​ ក្រែង​ជួនជាបាន​គ្រឿង​ឧបករណ៍អ្វីមួយ​ក្នុង​ទីនុ៎ះ។ ទើបជដិល​អ្នក​បម្រើភ្លើង​នោះ​ ក្រោកឡើង​ពី​ព្រលឹម ចូល​ទៅ​ត្រង់កន្លែង ជាទីសំណាក់​របស់​ពួក​ឈ្មួញរទេះ​នោះ​ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​បាន​ឃើញក្មេងតូច ក្បាលត្រងោល ដេកផ្ងារ ​ដែល​គេ​ចោល ​ក្នុង​ទីសំណាក់ របស់​ពួក​ឈ្មួញរទេះ​នោះ​។ ជដិល​នោះ​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាង​នេះថា កាលបើ​អាត្មាអញមើលបំណាំ បណ្តោយ​ឲ្យ​មនុស្ស​ស្លាប់ ​ដោយ​ហេតុណា ហេតុនុ៎ះ មិនសមគួរ​ដល់​អាត្មាអញឡើយ បើដូច្នោះ គួរតែអាត្មាអញ យកទារកនេះ ​ទៅ​ឯអាស្រម ថែទាំ ចិញ្ចឹម​ឲ្យ​ចម្រើន​ឡើង។ ទើបជដិល​អ្នក​បម្រើភ្លើង​នោះ​ នាំយកទារក​នោះ​ ​ទៅ​អាស្រម ថែទាំ ចិញ្ចឹម​ឲ្យ​ចម្រើន​ឡើង។ ​ក្នុង​កាល​ដែល​ទារក​នោះ​ ​មាន​អាយុ១០ឆ្នាំ ឬ១២ឆ្នាំ ទើបជដិល​អ្នក​បម្រើភ្លើង​នោះ​ ​មាន​ករណីយកិច្ចមួយ​កើតឡើង ​ក្នុង​ជនបទ។ ទើបជដិល​អ្នក​បម្រើភ្លើង​នោះ​ បានផ្តាំ​នឹង​ទារក​នោះ​ ​យ៉ាង​នេះថា នែបា អញ​ប្រាថ្នា​នឹង​ទៅ​កាន់​ជនបទ នែបា ត្រូវឯងបម្រើភ្លើង ប្រុង កុំ​ឲ្យ​ភ្លើងរបស់ឯងរលត់​ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ​ ​មាន​ ត្រូវឯង​យក​ទៅ​បង្កាត់ភ្លើង ​ហើយ​បម្រើភ្លើង (កុំខាន)។ លំដាប់​នោះ​ ជដិល​អ្នក​បម្រើភ្លើង​នោះ​ ផ្តែ​ផ្តាំទារក​យ៉ាង​នេះ​ហើយ​ ​ក៏​ទៅ​កាន់​ជនបទ។ ទារក​នោះ​ កំពុងតែខ្វល់ខ្វាយ​ដោយ​ល្បែង ភ្លើង​ក៏​រលត់អស់។ ទើប​ទារក​នោះ​ ​មាន​សេចក្តីត្រិះរិះ​យ៉ាង​នេះថា បិតាបានផ្តាំអាត្មាអញ ​យ៉ាង​នេះថា នែបា ​ចូរ​ឯងបម្រើភ្លើង កុំ​ឲ្យ​ភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់​ឯងរលត់​ហើយ​ កាំបិតនេះ​ ឧសនេះ ឈើពំនួតភ្លើងនេះ ​មាន​ ត្រូវឯងយក​ទៅ​បង្កាត់ភ្លើង ​ហើយ​បម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញ បង្កាត់ភ្លើង ​ហើយ​បម្រើភ្លើងចុះ។ កាល​នោះ​ ទារក​នោះ​ យកកាំបិត ចាំឈើពំនួតមើល ​ដោយ​គិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ ​នឹង​បានភ្លើងនេះ។ ទារក​នោះ​ ​ក៏​មិនបានភ្លើងសោះ ​ហើយ​ក៏​ពុះឈើពំនួតជាពីរចំណែក បីចំណែក បួនចំណែក ប្រាំ​ចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើ​ឲ្យ​ជាចំរៀកតូចៗ ​លុះ​ធ្វើ​ឲ្យ​ជាចំរៀកល្អិតៗ​ហើយ​ ​ក៏​យក​ទៅ​បុក​ក្នុង​ត្បាល់ ​លុះ​បុក​ក្នុង​ត្បាល់រួច​ហើយ​ រោយ​ទៅ​តាម​ខ្យល់ខ្លាំង ​ដោយ​បំណង​ថា ធ្វើម្តេចហ្ន៎ អាត្មាអញ​នឹង​បានភ្លើងនេះ។ ទារក​នោះ​ ​ក៏​នៅតែមិន​បានភ្លើង​សោះ។ លំដាប់​នោះ​ ជដិល​អ្នក​បម្រើភ្លើង​នោះ​ សម្រេចកិច្ច​ដែល​ត្រូវធ្វើ ​ក្នុង​ជនបទ​នោះ​ហើយ​ បានចូល​ទៅ​អាស្រមរបស់ខ្លួន ​លុះ​ចូល​ទៅ​ដល់​ហើយ​  បាន​និយាយ​នឹង​ទារក​នោះ​ ​យ៉ាង​នេះថា ហៃបា ហេតុ​ដូច​ម្តេច ​ក៏​ឯង​ឲ្យ​ភ្លើង​រលត់។ ទារក​នោះ​និយាយ​ថា បពិត្របិតា ខ្ញុំកំពុងតែខ្វល់ខ្វាយ ​ដោយ​ការលេង​ក្នុង​ទីនេះ ភ្លើង​ក៏​រលត់ ខ្ញុំ​មាន​សេចក្តីត្រិះរិះ ​យ៉ាង​នេះថា បិតាបានផ្តាំអាត្មាអញ ​យ៉ាង​នេះថា នែបា ត្រូវឯង​បម្រើភ្លើង នែបា ឯងកុំ​ឲ្យ​ភ្លើងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ ត្រូវឯងយក​ទៅ​បង្កាត់ភ្លើង ​ហើយ​បម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញ​បង្កាត់ភ្លើង ​ហើយ​បម្រើភ្លើងចុះ បពិត្របិតា លំដាប់​នោះ​ឯង ខ្ញុំ​ក៏​យកកាំបិតច្រាស​ឈើពំនួត ​ដោយ​បំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញ​នឹង​បានភ្លើងអេះ។ ខ្ញុំ​ក៏​មិនបាន​ភ្លើងសោះ​ឡើយ ខ្ញុំ​ក៏​ពុះឈើពំនួតភ្លើង ជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើ​ឲ្យ​ជាចំរៀកតូចៗ ​លុះ​ធ្វើ​ឲ្យ​ជាចំរៀកតូចៗរួច​ហើយ​ ​ក៏​យក​ទៅ​បុក​ក្នុង​ត្បាល់ ​លុះ​បុក​ក្នុង​ត្បាល់​ហើយ​ ​ក៏​រោយ​តាម​ខ្យល់ខ្លាំង ​ដោយ​បំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញ​នឹង​បានភ្លើង ខ្ញុំ​ក៏​មិនបានភ្លើងសោះ។ គ្រា​នោះ​ឯង ជដិល​អ្នក​បម្រើភ្លើង​នោះ​ ​មាន​សេចក្តីត្រិះរិះ​យ៉ាង​នេះថា ទារកនេះ ហៅពេញ​ជា​មនុស្ស​ខ្លៅ មិនវាងវៃមែន មិនសមបើ​នឹង​ស្វែងរកភ្លើង ​ដោយ​ខុសទំនងសោះ។ កាល​ដែល​ទារក​នោះ​ កំពុងសំឡឹងមើល ជដិល​នោះ​ ​ក៏​ចាប់​យកឈើពំនួតភ្លើង ​ហើយ​ពួក​ឲ្យ​កើតភ្លើង រួច​និយាយ​នឹង​ទារក​នោះ​ ​យ៉ាង​នេះថា នែបា ភ្លើង គេត្រូវពួត​ឲ្យ​ឆេះ​យ៉ាង​នេះ មិនមែន​ដូច​ជាបាឯង ជា​មនុស្ស​ឆោត មិនវាងវៃ ស្វែងរក​ភ្លើង ​ដោយ​ខុសទំនងដូច្នោះទេ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រ​ក៏​យ៉ាង​នោះ​ដែរ ​គឺ​ជា​មនុស្ស​ខ្លៅ មិនវាងវៃ ស្វែងរកបរ​លោក​ ​ដោយ​ខុសទំនង បពិត្ររាជញ្ញៈ សូម​មហាបពិត្រ លះបង់ទិដ្ឋិអាក្រក់​នោះ​ចេញ បពិត្រ​រាជញ្ញៈ សូមមហាបពិត្រ លះបង់​ទិដ្ឋិ​អាក្រក់នុ៎ះចេញ ទិដ្ឋិ​ដ៏​អាក្រក់ (ប្រព្រឹត្ត​ទៅ​) ដើម្បី​មិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ​អស់​កាលយូរ កុំបី​មាន​ ​ដល់​មហាបពិត្រឡើយ។

[១៥៦] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​សមម្យ៉ាងដែរ​ហើយ​ ប៉ុន្តែខ្ញុំ​មិនអាច​នឹង​លះ​បង់​ទិដ្ឋិ​អាក្រក់​នេះចេញបានទេ ព្រោះថា ​ព្រះ​បាទបសេនទិកោសលក្តី ​ពួក​ព្រះ​រាជា​ខាង​ក្រៅ​ក្តី ​ដឹង​ច្បាស់នូវខ្ញុំថា ​ព្រះ​បាទបាយាសិរាជញ្ញៈ ធ្លាប់​មាន​វាទៈ ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បើខ្ញុំ​នឹង​លះ​បង់ទិដ្ឋិអាក្រក់នេះចេញ​ហើយ​ មុខជា​អ្នក​ផង ​នឹង​ស្តី​ឲ្យ​ខ្ញុំថា ​ព្រះ​បាទ​បាយាសិរាជញ្ញៈ ហៅ​ពេញជា​មនុស្ស​ខ្លៅ មិនវាងវៃ ប្រ​កាន់​តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខ​ជា​នឹង​ត្រឡប់​ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​សេចក្តីក្រោធខ្លះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​ការ​លុបគុណខ្លះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​ការប្រឡង​វាសនាខ្លះ។

[១៥៧] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព ​នឹង​ធ្វើឧបមា ថ្វាយមហាបពិត្រ ​ពួក​វិញ្ញូបុរស​ខ្លះ ​ក្នុង​លោក​នេះ រមែងយល់​សេចក្តីនៃភាសិត ​ដោយ​ពាក្យ​ឧបមាបាន។ បពិត្ររាជញ្ញៈ កាល​ពី​ព្រេងនាយមក​ ​មាន​ឈ្មួញរទេះ​ច្រើន​ នាំរទេះប្រមាណ១ពាន់ បរចេញ​ពីជនបទខាងកើត ​ទៅ​កាន់​ជនបទខាងលិច។ ​ពួក​ឈ្មួញរទេះ​នោះ​ ​ទៅ​ក្នុង​ទីណាៗ ស្មៅ ឧស ទឹក ​និង​ស្លឹកឈើ​ខៀវខ្ចី ​ក្នុង​ទី​នោះ​ៗ ​ក៏​ឆាប់អស់​ទៅ​។ ​ក្នុង​ពួក​ឈ្មួញរទេះ​នោះ​ឯង ​មាន​នាយឈ្មួញរទេះពីរនាក់ ម្នាក់​មាន​រទេះ៥០០ ម្នាក់ទៀត​មាន​រទេះ​៥០០។ លំដាប់​នោះ​ឯង នាយឈ្មួញរទេះ​ទាំង​នោះ​ ​មាន​សេចក្តីត្រិះរិះ ដូច្នេះថា ​ពួក​ឈ្មួញរទេះនេះឯង ​មាន​រទេះ១ពាន់ យើង​ទាំង​ឡាយ​ ​ទៅ​នៅ​ក្នុង​ទីណាៗ ស្មៅ ឧស ទឹក ​និង​ស្លឹកឈើខៀវខ្ចី ​ក្នុង​ទី​នោះ​ៗ ​ក៏​ឆាប់អស់​ទៅ​ណាស់​ បើដូច្នោះ ​មាន​តែយើង​រាល់គ្នា ចែក​ពួក​ឈ្មួញរទេះនេះ ជាពីរចំណែក ​គឺ​១ចំណែក ៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញ​ទាំង​នោះ​ ​ក៏​បានចែកឈ្មួញរទេះ​នោះ​ជាពីរចំណែក ​គឺ​ ១ចំណែក​៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញរទេះម្នាក់ បានផ្ទុក​ស្មៅ ឧស ទឹកជា​ច្រើន​ ​ហើយ​នាំគ្នាបររទេះត​ទៅ​។ កាល​ដែល​ពួក​ឈ្មួញរទេះ​នោះ​ បរចេញ​ទៅ​ អស់ពីរបីថ្ងៃ ​ក៏​បានឃើញបុរស​មាន​សម្បុរខ្មៅ ​មាន​ភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់​ដោយ​ផ្កាកុមុទ ​មាន​សំពត់ទទឹក ​មាន​សក់ទទឹក បររថ​ដ៏​ល្អ ​មាន​កង់​ប្រឡាក់​ដោយ​ភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរដូច្នេះថា នែ​អ្នក​ដ៏​ចម្រើន​ ​អ្នក​មក​ពីទីណា។ បុរសសម្បុរខ្មៅ​នោះ​ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ​ពួក​ឈ្មួញរទេះ​ក៏​សួរ​ទៀតថា ​អ្នក​នឹង​ទៅ​ក្នុង​ទីណា។ បុរស​នោះ​ប្រាប់ថា ខ្ញុំ​នឹង​ទៅ​ជនបទឯណោះ។ ​ពួក​ឈ្មួញរទេះសួរថា នែ​អ្នក​ដ៏​ចម្រើន​ ផ្លូវលំបាកខាងមុខៗ ​មាន​មហាមេឃបង្អោរភ្លៀង​ជោកជាំខ្លះដែរឬ។ បុរស​នោះ​ ឆ្លើយប្រាប់ថា អើ​អ្នក​ដ៏​ចម្រើន​ ផ្លូវលំបាកខាងមុខៗ ​មាន​មហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវ​ទាំង​ឡាយ​ ​មាន​ទឹកពេញពាស ​មាន​ទាំង​ស្មៅ ឧស ទឹកជា​ច្រើន​ នែ​អ្នក​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំង​ឡាយ​ ចោលស្មៅ ឧស ទឹកចាស់​ទាំង​ឡាយ​ចេញ​ទៅ​ ​ចូរ​បររទេះ​ទាំង​ឡាយ​ ​ដែល​មាន​បន្ទុកស្រាលៗ ​ទៅ​ឆាប់ៗចុះ កុំ​ឲ្យ​ពួក​គោលំ​បាកឡើយ។ លំដាប់​នោះ​ឯង នាយឈ្មួញរទេះ​នោះ​ ប្រាប់​ពួក​ឈ្មួញរទេះថា នែ​អ្នក​ដ៏​ចម្រើន​ បុរសនេះ បាន​និយាយ​ ​យ៉ាង​នេះថា ផ្លូវលំបាកខាងមុខៗ ​មាន​មហាមេឃបង្អោរ​ភ្លៀង​ជោកជាំ ផ្លូវ​ទាំង​ឡាយ​ ​មាន​ទឹកពេញពាស ​មាន​ទាំង​ស្មៅ ឧស ទឹកជា​ច្រើន​ នែ​អ្នក​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំង​ឡាយ​ចោលស្មៅ ឧស ទឹកចាស់ចេញ​ទៅ​ ​ចូរ​បររទេះ​ទាំង​ឡាយ​ ​មាន​បន្ទុកស្រាលៗ ​ទៅ​ឆាប់ៗចុះ កុំ​ឲ្យ​ពួក​គោលំបាកឡើយ នែ​អ្នក​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំង​ឡាយ​ ចោលស្មៅ ឧស ទឹកចាស់​ទាំង​ឡាយ​ចេញ​ទៅ​ ​ចូរ​នាំគ្នា​បរ​រទេះ​ទាំង​ឡាយ ​មាន​បន្ទុក​ស្រាល​ៗ ​ទៅ​ចុះ។ ​ពួក​ឈ្មួញរទេះ​ទាំង​នោះ​ ទទួលពាក្យនាយឈ្មួញ​រទេះ​នោះ​ថា អើ​អ្នក​ដ៏​ចម្រើន​ ​ហើយ​ក៏​ចោលស្មៅ ឧស ទឹកចាស់ចេញ ​ហើយ​នាំគ្នីគ្នា​បរ​រទេះ​ ​ដែល​មាន​បន្ទុក​ស្រាលៗ ​ទៅ​។ ​ពួក​ឈ្មួញរទេះ​ទាំង​នោះ​ ​ក៏​មិនបានឃើញស្មៅ ឧស ឬទឹក​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះជាដំបូងផង ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះ​ជាគំរប់ពីរផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទីបីផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះទី៤ផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះ​ទី៥ផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះទី៦ផង។ មិនបានឃើញ​ស្មៅ ឧស ឬទឹក​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះទី៧ផង ​ហើយ​ក៏​ដល់​នូវសេចក្តីវិនាស​ទាំង​អស់គ្នា។ ​ពួក​មនុស្ស​ ឬ​ពួក​សត្វ​ចិញ្ចឹម ​ក៏​មាន​ច្រើន​ក្នុង​ឈ្មួញរទេះ​នោះ​។ បុរស​មាន​សម្បុរ​ខ្មៅ​នោះ​ ​គឺ​ជាយក្ស ជា​អ​មនុស្ស​ [អ​មនុស្ស​ ប្រែថា សត្វ​មាន​ខ្លួន​មិន​ដូច​ជា​មនុស្ស​ ឬថា មិនមែនជា​មនុស្ស​។] ​ក៏​ស៊ី​ពួក​មនុស្ស​ ​និង​សត្វចិញ្ចឹម​ទាំង​អស់​នោះ​ នៅសល់តែឆ្អឹងទទេ​ប៉ុណ្ណោះឯង។ កាល​ណា​នាយឈ្មួញរទេះទី២ បាន​ដឹង​ថា ឥឡូវនេះ ​ពួក​ឈ្មួញរទេះ​នោះ​ ចេញ​ទៅ​យូរថ្ងៃ​ហើយ​ ​ក៏​ផ្ទុកស្មៅ ឧស ទឹកជា​ច្រើន​ នាំគ្នាបររទេះចេញ​ទៅ​ទៀត។ ​លុះ​ពួក​ឈ្មួញរទេះ​នោះ​ បរ​ទៅ​អស់ពីរបីថ្ងៃ ​ក៏​បានឃើញបុរស​មាន​សម្បុរខ្មៅ ​មាន​ភ្នែកក្រហម ចងបាច់​កូនសរ ប្រដាប់​ដោយ​ផ្កាកុមុទ ​មាន​សំពត់ទទឹក ​មាន​សក់ទទឹក កំពុងបររទេះ​ដ៏​ល្អ ​មាន​កង់​ប្រឡាក់​ដោយ​ភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​យ៉ាង​នេះថា នែ​អ្នក​ដ៏​ចម្រើន​ ​អ្នក​មក​ពីទីណា។ បុរសសម្បុរខ្មៅ​នោះ​ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ​ពួក​ឈ្មួញរទេះ​សួរថា ​អ្នក​នឹង​ទៅ​ក្នុង​ទីណា។ បុរស​នោះ​ប្រាប់ថា ខ្ញុំ​នឹង​ទៅ​ជនបទ​ឯ​ណោះ។ ​ពួក​ឈ្មួញរទេះសួរថា នែ​អ្នក​ដ៏​ចម្រើន​ ផ្លូវលំបាកខាងមុខៗ ​មាន​មហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំខ្លះដែរឬ។ បុរស​នោះ​ ឆ្លើយប្រាប់ថា អើ​អ្នក​ដ៏​ចម្រើន​ ​ក្នុង​ផ្លូវលំបាកខាងមុខៗ ​មាន​មហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវ​ទាំង​ឡាយ​ ​មាន​ទឹកពេញពាស ​មាន​ទាំង​ស្មៅ ឧស ទឹកជា​ច្រើន​ នែ​អ្នក​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំង​ឡាយ​ ចោលស្មៅ ឧស ទឹកចាស់ចេញ​ទៅ​ ​ចូរ​បរតែរទេះ​ទាំង​ឡាយ​ ​ដែល​មាន​បន្ទុកស្រាលៗ ​ទៅ​ឆាប់ៗចុះ កុំ​ឲ្យ​ពួក​គោលំ​បាក​ឡើយ។ លំដាប់​នោះ​ឯង នាយឈ្មួញរទេះ​នោះ​ ​ក៏​បានប្រាប់​ពួក​ឈ្មួញរទេះថា នែ​អ្នក​ដ៏​ចម្រើន​ បុរសនេះ បាន​និយាយ​ ​យ៉ាង​នេះថា ​ក្នុង​ផ្លូវលំបាកខាងមុខៗ ​មាន​មហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ ផ្លូវ​ទាំង​ឡាយ​ ​មាន​ទឹកពេញពាស ​មាន​ទាំង​ស្មៅ ឧស ទឹកជា​ច្រើន​ នែ​អ្នក​ដ៏​ចម្រើន​ ​ចូរ​អ្នក​ទាំង​ឡាយ​ចោលស្មៅ ឧស ទឹកចាស់ចេញ​ទៅ​ ​ចូរ​បរតែ​រទេះ​ទាំង​ឡាយ​ ​មាន​បន្ទុក​ស្រាលៗ ​ទៅ​ឲ្យ​ឆាប់ៗចុះ កុំ​ឲ្យ​ពួក​គោលំបាកឡើយ ដូច្នេះ ​ម្នាល​អ្នក​ដ៏​ចម្រើន​ បុរសនេះ មិនមែនជាមិត្រ មិនមែនជាញាតិសាលោហិតរបស់​យើងទេ យើង​នឹង​ទៅ​ដោយ​ជឿ​ពាក្យ​បុរស​នេះ ​ដូច​ម្តេចបាន ​អ្នក​ទាំង​ឡាយ​ មិនត្រូវចោលស្មៅ ឧស ទឹកចាស់ឡើយ។ ​ចូរ​អ្នក​ទាំង​ឡាយ​ នាំគ្នា​បរ​រទេះ​ទៅ​ យក​ទាំង​របស់​ដែល​បានផ្ទុកមក​ហើយ​ យើងកុំចោល​របស់​ចាស់​យើងឡើយ។ ​ពួក​ឈ្មួញរទេះ​ទាំង​នោះ​ ទទួលពាក្យនាយឈ្មួញ​រទេះ​នោះ​ថា អើ​អ្នក​ដ៏​ចម្រើន​ ​ហើយ​ក៏​នាំគ្នា​បរ​រទេះ​ទៅ​ យក​ទាំង​របស់​ដែល​បានផ្ទុកមក​ហើយ​នោះ​។​ ​ពួក​ឈ្មួញ​រទេះ​ទាំង​នោះ​ ​ក៏​មិនបានឃើញស្មៅ ឧស ទឹក​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះជា​ដំបូង​ផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះ​ទី២ផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះ​ទីបីផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះទី៤ផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះទី៥ផង។ ​ក្នុង​ដំណាក់​ពួក​ឈ្មួញ​រទេះទី៦ផង។ មិនបានឃើញ​ស្មៅ ឧស ឬទឹក​ក្នុង​ដំណាក់​ពួក​ឈ្មួញរទេះទី៧ផង បានឃើញតែ​ពួក​ឈ្មួញរទេះ​ទាំង​នោះ​ ​ដែល​ដល់​នូវសេចក្តីវិនាសប៉ុណ្ណោះ។ ​ពួក​មនុស្ស​ ឬសត្វចិញ្ចឹម ​ក៏​មាន​ច្រើន​ក្នុង​ពួក​ឈ្មួញ​រទេះ​នោះ​។ ​ពួក​ឈ្មួញរទេះ​ទាំង​នោះ​ បានឃើញ​តែ​ឆ្អឹង​មនុស្ស​ ​និង​សត្វចិញ្ចឹម​ទាំង​នោះ​។ ឯបុរស​មាន​សម្បុរ​ខ្មៅ​នោះ​ ​គឺ​ជាយក្ស ជា​អ​មនុស្ស​ បានស៊ី​មនុស្ស​ ​និង​សត្វចិញ្ចឹម​នោះ​ (អស់​ទៅ​)។ លំដាប់​នោះ​ឯង នាយ​ឈ្មួញ​រទេះ​នោះ​ បានប្រាប់​ពួក​ឈ្មួញរទេះថា នែ​អ្នក​ដ៏​ចម្រើន​ ​ពួក​ឈ្មួញរទេះ​នោះ​ឯង ​ដែល​ដល់​នូវសេចក្តីវិនាស ព្រោះតែនាយឈ្មួញ​រទេះ ជា​បរិនាយក ជា​មនុស្ស​ល្ងង់​នោះ​។ ​ម្នាល​អ្នក​ដ៏​ចម្រើន​បើដូច្នោះ ទ្រព្យរបស់​ទាំង​ឡាយ​ណា ​ក្នុង​ពួក​រទេះរបស់យើង ជារបស់​មាន​ថ្លៃតិច ​ចូរ​អ្នក​ទាំង​ឡាយ​ ចោលទ្រព្យរបស់​ទាំង​នោះ​ចេញ ​ហើយ​យកតែរបស់​ទាំង​ឡាយ​ ​ដែល​មាន​ថ្លៃ​ច្រើន​ ​ក្នុង​ពួក​រទេះនេះចុះ។ ​ពួក​ឈ្មួញ​រទេះ​ទាំង​នោះ​ ទទួលពាក្យរបស់នាយ​ឈ្មួញ​រទេះថា អើ​អ្នក​ដ៏​ចម្រើន​ ​ហើយ​ក៏​ចោល​ទ្រព្យ​របស់​ទាំង​ឡាយ​ ​ដែល​មាន​ថ្លៃតិច ​ក្នុង​ពួក​រទេះខ្លួន ​ហើយ​យកតែទ្រព្យរបស់ ​ដែល​មាន​ថ្លៃ​ច្រើន​ ​ក្នុង​ពួក​រទេះ​នោះ​ រួចឆ្លងផុត​អំពី​ផ្លូវ​លំបាក​នោះ​ បាន​ដោយ​សួស្តី ព្រោះតែ​នាយឈ្មួញរទេះ ជាបរិនាយក​នោះ​ឯង ជា​បណ្ឌិត ឈ្លាសវៃ។ បពិត្ររាជញ្ញៈ មហាបពិត្រ​ក៏​យ៉ាង​នោះ​ឯង ជាបុគ្គលខ្លៅ មិនវាងវៃ ស្វែងរកបរ​លោក​ ​ដោយ​ខុសទំនង គង់​នឹង​ដល់​នូវសេចក្តីវិនាស ​ដូច​បុរស ជានាយ​ឈ្មួញ​រទេះ​នោះ​ មួយទៀត ​ពួក​ជនណា សំគាល់នូវ​ពាក្យរបស់មហាបពិត្រថា ជាពាក្យគួរស្តាប់ គួរជឿ ជន​ទាំង​នោះ​ មុខជា​នឹង​ដល់​នូវ​សេចក្តី​វិនាស ​ដូច​ពួក​ឈ្មួញរទេះ​នោះ​ បពិត្រ​រាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះ​ចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ​លះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្ត​ទៅ​) ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ​ អស់កាលយូរអង្វែង កុំបី​មាន​ ​ដល់​មហាបពិត្រឡើយ។

[១៥៨] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ ​ក៏​សមម្យ៉ាងដែរ​ហើយ​ ប៉ុន្តែខ្ញុំ​មិនអាច​នឹង​លះបង់​ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ស្តេចបសេនទិកោសលក្តី ​ពួក​ស្តេចខាង​ក្រៅក្តី ​ដឹង​ច្បាស់នូវខ្ញុំថា ​ព្រះ​បាទបាយាសិរាជញ្ញៈ ធ្លាប់​មាន​វាទៈ ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បើខ្ញុំ​នឹង​លះ​បង់​ទិដ្ឋិអាក្រក់នេះចេញ មុខជា​នឹង​មាន​អ្នក​ផង ស្តី​ឲ្យ​ខ្ញុំថា ​ព្រះ​បាទបាយាសិរាជញ្ញៈ ហៅពេញជា​មនុស្ស​ខ្លៅ មិនវាងវៃ ប្រ​កាន់​តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជា​នឹង​ត្រឡប់​ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​សេចក្តីក្រោធខ្លះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​ការ​លុបគុណខ្លះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​ការប្រឡងវាសនាខ្លះ។

[១៥៩] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព ​នឹង​ធ្វើឧបមា ថ្វាយមហាបពិត្រ ​ពួក​វិញ្ញូបុរស​ខ្លះ ​ក្នុង​លោក​នេះ រមែងយល់​សេចក្តីនៃភាសិត ​ដោយ​ឧបមាបាន។ បពិត្រ​រាជញ្ញៈ កាលពីព្រេងនាយមក ​មាន​បុរសម្នាក់ ជា​អ្នក​ចិញ្ចឹមជ្រូក បានចេញពីស្រុក​របស់​ខ្លួន ​ទៅ​កាន់​ស្រុកដទៃ ​ក៏​បានឃើញលាមកក្រៀម​ច្រើន​ ​ដែល​គេចោល​ក្នុង​ទី​នោះ​។ ​លុះ​បុរស​នោះ​ឃើញ​ហើយ​ ​មាន​សេចក្តីត្រិះរិះដូច្នេះថា គេចោលលាមកក្រៀមនេះ​ច្រើន​ណាស់​ លាមកក្រៀមនេះ ត្រូវជាចំណីជ្រូក​ទាំង​ឡាយ​របស់​អាត្មាអញ គួរតែអាត្មាអញ យកលាមកក្រៀមពីទីនេះ​ទៅ​។ បុរស​នោះ​ ​ក៏​លាសំពត់បង់ក ​ហើយ​កើប​លាមកក្រៀម​ជា​ច្រើន​ វេចជាបង្វេច លើកទូលលើក្បាល ​ហើយ​ដើរ​ទៅ​។ កាលបុរស​នោះ​ ​ដើរ​ទៅ​ដល់​ពាក់កណ្តាលផ្លូវ មហាមេឃ​ក៏​បង្អោរភ្លៀងខុសកាល។ បុរស​នោះ​ ប្រឡាក់លាមក ដរាប​ដល់​ចុងក្រចក ​ក៏​នៅតែទូលទ្រនូលលាមក ​ដែល​កំពុងហូរហៀរ ធ្លាក់សស្រាក់​ដើរ​ទៅ​។ ​មនុស្ស​ទាំង​ឡាយ​ ឃើញបុរស​នោះ​ហើយ​ បាន​និយាយ​យ៉ាង​នេះថា នែវ៉ឺយ ឯងជា​មនុស្ស​ឆ្កួតទេឬអ្វី ឯងជា​មនុស្ស​លលាឬអ្វី មិនសមបើឯងប្រឡាក់ ​ដោយ​លាមក​ដល់​ចុងក្រចក ​ហើយ​នៅតែទូលទ្រនូលលាមក ​ដែល​កំពុងហូរហៀរ​ធ្លាក់សស្រាក់​សោះ​ឡើយ។ បុរស​នោះ​ឆ្លើយថា នែវ៉ឺយ បណ្តាយើង​ទាំង​ឡាយ​នុ៎ះ ​អ្នក​រាល់គ្នាទេតើ ជា​មនុស្ស​ឆ្កួត ​អ្នក​រាល់គ្នាទេតើ ជា​មនុស្ស​លលា បានជាអញថា ដូច្នោះ ព្រោះ​ថាលាមកនេះ ជាបាយជ្រូករបស់អញ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រទុក​ដូច​ជាបុរស​អ្នក​ទូលទ្រនូល​លាមក​យ៉ាង​នោះ​ដែរ បពិត្ររាជញ្ញៈ សូមមហាបព៌ត្រលះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្រ​រាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិ​ដ៏​លាមក (ប្រព្រឹត្ត​ទៅ​) ដើម្បីមិន​ជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបី​មាន​ ​ដល់​មហាបពិត្រឡើយ។

[១៦០] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ​ក៏​សមដែរ​ហើយ​ តែខ្ញុំនៅតែ​មិនអាច​លះបង់​ទិដ្ឋិ​អាក្រក់នេះចេញបានទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ​ពួក​ស្តេច​ខាង​ក្រៅក្តី តែងជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់​មាន​វាទៈ ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វ​ធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បើខ្ញុំ​នឹង​លះបង់​ទិដ្ឋិអាក្រក់នេះចេញ មុខជា​នឹង​មាន​អ្នក​ផង ស្តី​ឲ្យ​ខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅ​ពេញ​ជា​មនុស្ស​ខ្លៅ មិនវាងវៃ ប្រ​កាន់​តែ​សេចក្តីខុស ដូច្នេះ ខ្ញុំមុខជាត្រឡប់​ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​សេចក្តីក្រោធខ្លះ ខ្ញុំ​នឹង​ត្រឡប់​ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​សេចក្តី​លុប​គុណខ្លះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​ការប្រឡងវាសនាខ្លះ។

[១៦១] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ​ពួក​វិញ្ញូ​បុរស​ខ្លះ ​ក្នុង​លោក​នេះ រមែងយល់​សេចក្តីនៃភាសិត ​ដោយ​ឧបមាបាន។ បពិត្រ​រាជញ្ញៈ កាលពីព្រេងនាយមក ​មាន​អ្នក​លេងបាស្កាពីរនាក់ បានលេង​ល្បែងបាស្កា។ ​អ្នក​លេង​បាស្កាម្នាក់ តែងលេបកូនបាស្កា​ដែល​ចាញ់ ​ដែល​បាន​មក​ដល់​ខ្លួនៗ។ ​អ្នក​លេងបាស្កា ជាគំរប់ពីរ បានឃើញនូវ​អ្នក​លេងបាស្កា​នោះ​ កំពុងលេបកូន​បាស្កា​ដែល​ចាញ់ ​ដែល​បានមក​ដល់​ខ្លួនៗ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​អ្នក​លេង​បាស្កា​នោះ​ ​យ៉ាង​នេះថា នែសំឡាញ់ ​អ្នក​ឯងចេះតែឈ្នះយើង​ជាដរាប នែសំឡាញ់ ​ចូរ​អ្នក​ឯង​ឲ្យ​បាស្កា​មកយើងចុះ យើង​នឹង​ធ្វើការបូជាសិន។ ​អ្នក​លេងបាស្កា​នោះ​និយាយ​ថា អើ​សំឡាញ់ ​ហើយ​ក៏​បានប្រគល់​បាស្កា​ទាំង​ឡាយ​ ​ដល់​អ្នក​លេងបាស្កា (​ដែល​សុំ)​នោះ​។ គ្រា​នោះ​ ​អ្នក​លេងបាស្កា (​ដែល​ចាញ់) ​នោះ​ យកថ្នាំពិស ប្រឡាក់កូនបាស្កា​ទាំង​ឡាយ​ ​ហើយ​និយាយ​នឹង​អ្នក​លេងបាស្កា (វៀច)​នោះ​ ​យ៉ាង​នេះថា នែសំឡាញ់ ​អ្នក​ចូរ​មក យើង​នឹង​លេងបាស្កា (ទៀត)។ ​អ្នក​លេងបាស្កា(វៀច)​នោះ​ ទទួល​ពាក្យ​អ្នក​លេងបាស្កា​នោះ​ថា អើ​សំឡាញ់។ ​អ្នក​លេងបាស្កា​ទាំង​នោះ​ បានលេងបាស្កា​លើក​ទីពីរទៀត។ ​អ្នក​លេងបាស្កា (វៀច) ​នោះ​ នៅតែលេបកូនបាស្កា​ដែល​ចាញ់ ​ដែល​បាន​មក​ដល់​ខ្លួនៗ ​ក្នុង​លើកទីពីរ​ទៀត។ ​អ្នក​លេងបាស្កាជាគំរប់ពីរ បានឃើញ​អ្នក​លេងបាស្កា​(វៀច) ​នោះ​ កំពុង​លេប​កូន​បាស្កា​ដែល​ចាញ់ ​ដែល​បានមក​ដល់​ខ្លួនៗ ​ក្នុង​លើកទីពីរទៀត ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​អ្នក​លេងបាស្កា​នោះ​ ​យ៉ាង​នេះថា

[១៦២] បុរស​អ្នក​លេបនូវកូនបាស្កា ​ដែល​គេលាប​ដោយ​ថ្នំពិស ​ដ៏​ក្លៀវក្លាបំផុត ​ក៏​នៅតែ​មិន​ដឹង​ខ្លួន ធម្មតា ​អ្នក​លេងវៀចអាក្រក់ ជា​អ្នក​កំសត់ តែងលេប (កូនបាស្កា) សេចក្តី​ក្តៅ​ក្រហាយ ​នឹង​មាន​ដល់​អ្នក​ឯង។

[១៦៣] ថ្វាយ​ព្រះ​ពររាជញ្ញៈ មហាបពិត្រ ទុក​ដូច​ជា​អ្នក​លេងបាស្កា ​យ៉ាង​នោះ​ដែរ បពិត្រ​រាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូម​មហា​បពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្ត​ទៅ​) ដើម្បីមិន​ជា​ប្រយោជន៍ ដើម្បីសេចក្តី​ទុក្ខ អស់កាលជាយូរអង្វែង កុំបី​មាន​ ​ដល់​មហាបពិត្រឡើយ។

[១៦៤] ​ព្រះ​កស្សប​ដ៏​ចម្រើន​ ពោល​យ៉ាង​នេះ​ក៏​សមដែរ​ហើយ​ តែខ្ញុំ​មិនអាច​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះចេញទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ​ពួក​ស្តេច​ខាង​ក្រៅក្តី សឹងតែ​ជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់​មាន​វាទៈ ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វ​ជា​ឱបបាតិកៈមិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើ​ល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ បើ​ខ្ញុំ​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះចេញ មុខជា​នឹង​មាន​អ្នក​ផង ស្តី​ឲ្យ​ខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញ​ជា​មនុស្ស​ខ្លៅ មិនវាងវៃ ប្រ​កាន់​តែ​សេចក្តីខុស ដូច្នេះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​សេចក្តីក្រោធខ្លះ ខ្ញុំ​នឹង​ត្រឡប់​ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​សេចក្តី​លុប​គុណ​ខ្លះ ខ្ញុំ​នឹង​ត្រឡប់ប្រ​កាន់​ទិដ្ឋិ​នោះ​វិញ ​ដោយ​ការប្រឡងវាសនាខ្លះ។

[១៦៥] ថ្វាយ​ព្រះ​ពររាជញ្ញៈ បើដូច្នោះ អាត្មាភាព​នឹង​ធ្វើសេចក្តីឧបមា ថ្វាយ​មហាបពិត្រ ​ពួក​វិញ្ញូ​បុរស​ខ្លះ ​ក្នុង​លោក​នេះ តែងយល់​សេចក្តីនៃភាសិត ​ដោយ​ឧបមាបាន។ បពិត្រ​រាជញ្ញៈ កាលពីព្រេងនាយមក ​មាន​បុរសមួយនាក់នៅ​ក្នុង​ជនបទ។ គ្រា​នោះ​ឯង បុរស​ជា​សំឡាញ់ បានបបួលបុរសជាសំឡាញ់ថា នែសំឡាញ់ មក យើង​នឹង​ទៅ​កាន់​ជនបទ​នោះ​ ក្រែងជួនជាយើងបានទ្រព្យបន្តិចបន្តួច ​ក្នុង​ជនបទ​នោះ​។ បុរស​ជាសំឡាញ់ បានទទួល​ពាក្យ​បុរសជាសំឡាញ់​ថា អើសំឡាញ់។ បុរស​ទាំង​ពីរនាក់​នោះ​ បានចូលតម្រង់​ទៅ​កាន់​ស្រុកមួយ ​ដែល​គេបោះបង់ចោល នៅ​ក្នុង​ជនបទ​នោះ​ ​ក៏​បាន​ឃើញ​សម្បកធ្មៃជា​ច្រើន​ ​ដែល​គេចោល​ក្នុង​ទី​នោះ​។ ​លុះ​បុរសជាសំឡាញ់ឃើញ​ហើយ​ ​ក៏​ប្រាប់បុរសជា​សំឡាញ់​ថា នែសំឡាញ់ សម្បកធ្មៃជា​ច្រើន​នេះ គេចោល​ហើយ​នែសំឡាញ់ បើដូច្នោះ ​ចូរ​ឯង​ចងសម្បកធ្មៃមួយបាច់ ឯអញ​ក៏​ចងសម្បកធ្មៃមួយបាច់​ដែរ យើង​ទាំង​ពីរនាក់ ​នឹង​នាំយក​បាច់​សម្បកធ្មៃ​ទៅ​។ បុរសជាសំឡាញ់ទទួលពាក្យ​បុរសជាសំឡាញ់ថា អើសំឡាញ់ ​ហើយ​ក៏​ចងសម្បកធ្មៃជាបាច់។ បុរស​ទាំង​ពីរនាក់​នោះ​ បាននាំយកបាច់សម្បកធ្មៃ ​ដើរ​ចូល​ទៅ​កាន់​ស្រុកមួយ ​ដែល​គេចេញចោល ​ក៏​បានឃើញ​សរសៃធ្មៃជា​ច្រើន​ ​ដែល​គេ​ចោល​ក្នុង​ទី​នោះ​។ ​លុះ​បុរសជាសំឡាញ់ឃើញ​ហើយ​ ប្រាប់​បុរសជាសំឡាញ់ថា នែ​សំឡាញ់ យើងត្រូវការសម្បកធ្មៃ ដើម្បីប្រយោជន៍​ដល់​សរសៃធ្មៃ​ណា ឥឡូវនេះ សរសៃធ្មៃ​នេះ គេចោលគរគោកស្រាប់​ហើយ​ នែសំឡាញ់ បើដូច្នោះ ​អ្នក​ឯង ​ចូរ​ចោល​បាច់សម្បកធ្មៃ​ទៅ​ ឯខ្ញុំ​ក៏​នឹង​ចោលបាច់សម្បធ្មៃដែរ យើង​ទាំង​ពីរនាក់ ​នឹង​នាំ​យកបាច់​សរសៃធ្មៃនេះ​ទៅ​វិញ។ សំឡាញ់ម្នាក់ ​និយាយ​ថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បាន​ទាំង​ចងត្រឹមត្រូវផង របស់​នោះ​ គួរ​ដល់​ខ្ញុំ​ហើយ​ ​អ្នក​ចូរ​ដឹង​ចុះ។ លំដាប់​នោះ​បុរសជាសំឡាញ់​នោះ​ ចោល​បាច់សម្បកធ្មៃ ​ហើយ​កាន់​យក​បាច់សរសៃធ្មៃវិញ។ សំឡាញ់​ទាំង​ពីរនាក់​នោះ​ បានចូល​ទៅ​ដល់​ស្រុកមួយ ​ដែល​គេចេញ​ចោល ​ក៏​បានឃើញសំពត់​ដែល​គេត្បាញពីសរសៃធ្មៃ​ជា​ច្រើន​ ​ដែល​គេចោល ​ក្នុង​ទី​នោះ​។ ​លុះ​បុរសជាសំឡាញ់ឃើញ​ហើយ​ ប្រាប់​បុរស​ជា​សំឡាញ់ថា នែសំឡាញ់ យើងត្រូវការ​សម្បក​ធ្មៃក្តី សរសៃធ្មៃក្តី ដើម្បីប្រយោជន៍​ដល់​សំពត់ធ្មៃ​ណា ឥឡូវនេះ សំពត់​ដែល​គេត្បាញ អំពីសរសៃធ្មៃនេះ គេចោល​គរគោក​ស្រាប់​ហើយ​ នែសំឡាញ់ បើដូច្នោះ ​អ្នក​ចូរ​ចោលបាច់សម្បកធ្មៃ​ទៅ​ ឯខ្ញុំ​នឹង​ចោល​បាច់សរសៃ​ធ្មៃ​ដែរ យើង​ទាំង​ពីរនាក់ ​នឹង​នាំ​យកផាប់សំពត់ធ្មៃនេះ​ទៅ​វិញ។ សំឡាញ់ម្នាក់ ​និយាយ​ថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បាន​ទាំង​ចង​ត្រឹម​ត្រូវ​ផង របស់​នោះ​ គួរ​ដល់​ខ្ញុំ​ហើយ​ ​អ្នក​ចូរ​ដឹង​ចុះ។ ឯបុរសជាសំឡាញ់​នោះ​ ​ក៏​ចោល​បាច់សរសៃធ្មៃចេញ ​ហើយ​ប្រមូល​យកផាប់សំពត់ ​ដែល​គេត្បាញពីសរសៃធ្មៃវិញ។ ​អ្នក​ទាំង​ពីរ​នោះ​ បានចូល​ទៅ​ដល់​ស្រុកមួយទៀត ​ដែល​គេចេញចោល ​ហើយ​បានឃើញ​សម្បកឈើជា​ច្រើន​ ​ដែល​គេ​ចោល​ក្នុង​ទី​នោះ​។ ឃើញសរសៃសម្បកឈើជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញ​សំពត់​សម្បកឈើជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញ​កប្បាសជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញសរសៃកប្បាសជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញសំពត់ធ្វើពី​កប្បាស​ជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញដែកជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញឃើញ​ទង់ដែងជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញសំណប៉ាហាំងជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញសំណ​ភក់ជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ឃើញប្រាក់ជា​ច្រើន​ ​ដែល​គេ​ចោល​ហើយ​។ ឃើញ​មាស​ជា​ច្រើន​ ​ដែល​គេចោល​ហើយ​។ ​លុះ​បុរសជាសំឡាញ់ម្នាក់​ឃើញ​ហើយ​ ​ក៏​ប្រាប់​បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃ​ក្តី សំពត់​ដែល​គេត្បាញពីសរសៃធ្មៃក្តី សម្បកឈើក្តី សរសៃសម្បកឈើក្តី សំពត់​សម្បក​ឈើក្តី កប្បាសក្តី សរសៃកប្បាសក្តី សំពត់​ដែល​គេត្បាញពីសរសៃកប្បាសក្តី ដែកក្តី ទង់ដែង​ក្តី សំណប៉ាហាំងក្តី សំណភក់ក្តី ប្រាក់ក្តី ដើម្បីប្រយោជន៍​ដល់​មាស​ណា ឥឡូវ​មាស​នេះ គេចោលគរគោកស្រាប់​ហើយ​ នែសំឡាញ់ បើដូច្នោះ ​អ្នក​ចូរ​ចោល​បាច់​សម្បកធ្មៃ​ទៅ​ ឯខ្ញុំ​នឹង​ចោលបង្វេចប្រាក់ដែរ យើង​ទាំង​ពីរនាក់ ​នឹង​យកបង្វេច​មាស​ទៅ​វិញ។ សំឡាញ់​ម្នាក់ ​និយាយ​ថា នែសំឡាញ់ បាច់សម្បក​ធ្មៃនេះឯង ខ្ញុំបានជានាំយក​មកពី​ទីឆ្ងាយផង បាន​ទាំង​ចងត្រឹមត្រូវផង របស់នេះ គួរ​ដល់​ខ្ញុំ​ហើយ​ ​អ្នក​ឯង​ចូរ​ដឹង​ចុះ។ លំដាប់​នោះ​ បុរសជាសំឡាញ់​នោះ​ ចោលបង្វេចប្រាក់ចេញ ​ហើយ​យកបង្វេច​មាស​ទៅ​។ បុរស​ទាំង​ពីរ​នាក់​នោះ​ បានវិលចូល​ទៅ​ដល់​ស្រុករបស់ខ្លួនវិញ។ បណ្តាបុរស​ទាំង​ពីរ​នាក់​នោះ​ បុរសជាសំឡាញ់ណា ​ដែល​នាំយកបាច់សម្បកធ្មៃ​ទៅ​មាតាបិតារបស់បុរស​ជា​សំឡាញ់​នោះ​ មិនត្រេកអរសោះ ​ទាំង​បុត្រភរិយា​ក៏​មិនត្រេកអរ ​ទាំង​ពួក​មិត្រអាមាត្យ ​ក៏​មិន​ត្រេកអរ បុរស​នោះ​ ត្រឡប់ជាមិនបានសេចក្តីសុខ សោមនស្ស ព្រោះតែសម្បកធ្មៃ​នោះ​ជាហេតុ។ ចំណែក​ឯបុរសជាសំឡាញ់ណា បាននាំយកបង្វេច​មាស​ទៅ​ មាតា​បិតា​របស់បុរសជាសំឡាញ់​នោះ​ ​ក៏​ត្រេកអរ ​ទាំង​បុត្រភរិយា​ក៏​ត្រេកអរ ​ទាំង​ពួក​មិត្រអាមាត្យ ​ក៏​ត្រេកអរ បុរស​នោះ​ ​ក៏​បានសេចក្តីសុខ សោមនស្ស ព្រោះ​មាស​នោះ​ជាហេតុ។ បពិត្រ​រាជញ្ញៈ មហាបពិត្រ ​ក៏​ប្រហែល​ដូច​ជាបុរស​អ្នក​ស្ពាយសម្បកធ្មៃ ​យ៉ាង​នោះ​ឯង បពិត្រ​រាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់​ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិ​ដ៏​អាក្រក់ (ប្រព្រឹត្ត​ទៅ​) ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបី​មាន​ ​ដល់​ព្រះ​អង្គ​ឡើយ។

[១៦៦] ​ព្រះ​បាទបាយាសិរាជញ្ញៈ ​មាន​បន្ទូលថា ខ្ញុំ​មាន​ចិត្ត​ត្រេកអរជ្រះថ្លា​ហើយ​ ​ដោយ​សារ​សេចក្តី​ឧបមា របស់​ព្រះ​កស្សប​ដ៏​ចម្រើន​ តាំងពីដម្បូងមកម្ល៉េះ ប៉ុន្តែខ្ញុំចង់ស្តាប់​បញ្ហា​បដិភាណ​ដ៏​វិចិត្រនេះទៀត បានជាខ្ញុំធ្វើជាប្រ​កាន់​ឆ្វេង ​ឲ្យ​ទាស់ខុសគ្នា ​នឹង​ព្រះ​កស្សប​ដ៏​ចម្រើន​យ៉ាង​នេះ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ភាសិតរបស់​លោក​ម្ចាស់​ពីរោះ​ណាស់​ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ភាសិតរបស់​លោក​ម្ចាស់ពីរោះ​ណាស់​ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ធម៌​ដែល​ព្រះ​កស្សប បានសំដែង ​ដោយ​អនេកបរិយាយ ​យ៉ាង​នេះ (ភ្លឺ​ច្បាស់​ណាស់​) គួរនា​ដូច​ជាគេផ្ងាររបស់​ដែល​ផ្កាប់ ឬ​ដូច​ជាគេបើកបង្ហាញរបស់​ដែល​កំបាំង ឬ​ក៏​ដូច​ជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស ពុំ​នោះ​សោត ​ដូច​ជា​មនុស្ស​កាន់​ប្រទីប ទ្រោលបំភ្លឺ​ក្នុង​ទីងងឹត ​ដោយ​គិតថា ​ពួក​មនុស្ស​មាន​ចក្ខុ ​នឹង​មើលឃើញ​នូវ​រូប​ទាំង​ឡាយ​បាន បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ខ្ញុំនេះ សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​មាន​ព្រះ​ភាគ​ផង ​ព្រះ​ធម៌ផង ​ព្រះ​សង្ឃផង ជាទី​ពឹងទីរលឹក ចាប់​ដើម​តាំងអំពីថ្ងៃនេះ​ទៅ​ សូម​ព្រះ​កស្សប​ដ៏​ចម្រើន​ ចាំទុកនូវខ្ញុំ​ព្រះ​ករុណា ថា​ជាឧបាសក ​ដល់​នូវសរណៈ ស្មើ​ដោយ​ជីវិត បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​មិនតែ​ប៉ុណ្ណោះ​ទេ ខ្ញុំត្រូវការ​នឹង​បូជាមហាយ័ញ្ញ សូម​ព្រះ​កស្សប​ដ៏​ចម្រើន​ ប្រៀនប្រដៅខ្ញុំផង ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជា​យូរអង្វែង​ដល់​ខ្ញុំ។ ថ្វាយ​ព្រះ​ពរ​រាជញ្ញៈ ​ពួក​មនុស្ស​សម្លាប់គោ​ទាំង​ឡាយ​ក្តី សម្លាប់ពពែ ​និង​ចៀម​ទាំង​ឡាយ​ក្តី សម្លាប់មាន់ ​និង​ជ្រូក​ទាំង​ឡាយ​ក្តី ​ពួក​សត្វ​មាន​ជីវិតផ្សេងៗ ​ដល់​នូវ​សេចក្តីវិនាសក្តី ​ទាំង​បដិគ្គាហកៈ (​អ្នក​ទទួល) ​ក៏​ជា​អ្នក​យល់ឃើញខុស ​មាន​សេចក្តីត្រិះ​រិះ​ខុស ​មាន​វាចាខុស ​មាន​ការងារខុស ​មាន​ការចិញ្ចឹមជីវិតខុស ​មាន​សេចក្តីព្យាយាមខុស ​មាន​សតិខុស ​មាន​សមាធិខុស ​ក្នុង​យញ្ញវិធី​មាន​សភាព​យ៉ាង​ណា។ បពិត្ររាជញ្ញៈ យញ្ញវិធី ​មាន​សភាព​យ៉ាង​នោះ​ឯង មិន​មាន​ផល​ច្រើន​ទេ មិន​មាន​អានិសង្ស​ច្រើន​ទេ មិន​មាន​សេចក្តីរុងរឿងធំដុំទេ មិន​មាន​គុណផ្សាយ​ទៅ​ច្រើន​ទេ។ បពិត្ររាជញ្ញៈ ប្រៀប​ដូច​អ្នក​ភ្ជួរ នាំយកពូជ ​និង​នង្គ័លចូល​ទៅ​ព្រៃ​ ​អ្នក​នោះ​យកពូជ​ទាំង​ឡាយ​ដែល​បែកធ្លាយ ស្អុយ ត្រូវខ្យល់ ​និង​កំដៅថ្ងៃបៀតបៀន ជាពូជមិនបានដាក់គ្រាប់ មិនបានហាល​ឲ្យ​ស្ងួត ​ទៅ​ព្រោះ​ក្នុង​ស្រែមិនល្អ​នោះ​ ​មាន​ទីមិន​ស្មើ មិនបានគាស់រំលើងនូវដង្គត់ ​និង​បន្លាចេញ ​ទាំង​ភ្លៀងសោត ​ក៏​មិនបង្អោរ នូវធារ​ទឹក​ដោយ​ល្អ តាមកាល​ដ៏​គួរ ចុះពូជ​ទាំង​ឡាយ​នោះ​ ​នឹង​ដល់​នូវសេចក្តី​ចម្រើន​ លូតលាស់ ដុះដាលល្អឡើងបានដែរឬទេ ​អ្នក​ភ្ជួរសោត ត្រូវ​បាន​ផល​បរិបូណ៌ដែរឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ការនេះ​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ​ មិនបានទេ។ ថ្វាយ​ព្រះ​ពររាជញ្ញៈ ​ពួក​មនុស្ស​សម្លាប់គោ​ទាំង​ឡាយ​ក្តី សម្លាប់ពពែ ​និង​ចៀម​ទាំង​ឡាយ​ក្តី សម្លាប់មាន់ ​និង​ជ្រូក​ទាំង​ឡាយ​ក្តី ​ពួក​សត្វ​មាន​ជីវិតផ្សេងៗ ​ដល់​នូវ​សេចក្តីវិនាសក្តី ​ទាំង​បដិគ្គាហកៈ ​ក៏​សុទ្ធតែជា​អ្នក​យល់ឃើញខុស ​មាន​សេចក្តីត្រិះ​រិះ​ខុស ​មាន​វាចាខុស ​មាន​ការងារខុស ​មាន​ការចិញ្ចឹមជីវិតខុស ​មាន​សេចក្តីព្យាយាមខុស ​មាន​សតិខុស ​មាន​សមាធិខុស ​ក្នុង​យញ្ញវិធី​មាន​សភាព​យ៉ាង​ណា។ បពិត្ររាជញ្ញៈ យញ្ញវិធី ​មាន​សភាព​យ៉ាង​នោះ​ឯង មិន​មាន​ផល​ច្រើន​ទេ មិន​មាន​អានិសង្ស​ច្រើន​ទេ មិន​មាន​សេចក្តីរុងរឿងធំដុំទេ មិន​មាន​គុណផ្សាយ​ទៅ​ច្រើន​ទេ។ បពិត្ររាជញ្ញៈ (ប្រសិនបើ) ​ពួក​ជន​ពួក​មិនសម្លាប់​គោ​ទាំង​ឡាយ​ក្តី មិនសម្លាប់ពពែ ​និង​ចៀម​ទាំង​ឡាយ​ក្តី មិនសម្លាប់មាន់ ​និង​ជ្រូក​ទាំង​ឡាយ​ក្តី ​ពួក​សត្វ​មាន​ជីវិតផ្សេងៗ មិន​ដល់​នូវ​សេចក្តី​វិនាស​ ​ទាំង​ពួក​បដិគ្គាហកៈសោត ​ក៏​មាន​សេចក្តី​យល់ឃើញត្រូវ ​មាន​សេចក្តីត្រិះ​រិះត្រូវ ​មាន​វាចាត្រូវ ​មាន​ការងារត្រូវ ​មាន​ការ​ចិញ្ចឹមជីវិតត្រូវ ​មាន​សេចក្តីព្យាយាមត្រូវ ​មាន​សតិត្រូវ ​មាន​សមាធិត្រូវ ​ក្នុង​យញ្ញវិធី​មាន​សភាព​យ៉ាង​ណា។ បពិត្ររាជញ្ញៈ យញ្ញវិធី ​មាន​សភាព​យ៉ាង​នោះ​ឯង ទើប​មាន​ផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ធំដុំ ជាយញ្ញវិធី​មាន​គុណផ្សាយ​ទៅ​ច្រើន​។ បពិត្ររាជញ្ញៈ ប្រៀប​ដូច​អ្នក​ភ្ជួរ នាំយកពូជ ​និង​នង្គ័លចូល​ទៅ​ព្រៃ​ ​អ្នក​នោះ​យកពូជ​ទាំង​ឡាយ​ ​ដែល​មិនបែកធ្លាយ មិនស្អុយ មិនត្រូវខ្យល់ ​និង​កំដៅថ្ងៃបៀតបៀន ជាពូជ​ដាក់គ្រាប់ គេហាលស្ងួត ​ទៅ​ព្រោះ​ក្នុង​ស្រែ​ដ៏​ល្អ​នោះ​ ​មាន​ទីរាបស្មើ គេបានកាប់​គាស់​យកដង្គត់ ​និង​បន្លាចេញ​ដោយ​ល្អ ​ទាំង​ភ្លៀង​ក៏​មិនបង្អោរ នូវធារទឹក​ដោយ​ល្អ តាមកាលគួរ ចុះពូជ​ទាំង​ឡាយ​នោះ​ ​នឹង​ដល់​នូវ​សេចក្តី​ចម្រើន​ឡើង លូតលាស់ ដុះដាលបានឬទេ ​ទាំង​អ្នក​ភ្ជួរសោត ត្រូវ​បាន​ផល​បរិបូណ៌​ដែរឬទេ។ បពិត្រ​ព្រះ​កស្សប​ដ៏​ចម្រើន​ ការនេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​នោះ​បាន។ ថ្វាយ​ព្រះ​ពររាជញ្ញៈ សេចក្តីនេះ ​មាន​ឧបមេយ្យ​ដូច​ពួក​ជន មិនសម្លាប់គោ​ទាំង​ឡាយ​ មិនសម្លាប់ពពែ ​និង​ចៀម​ទាំង​ឡាយ​ មិនសម្លាប់មាន់ ​និង​ជ្រូក​ទាំង​ឡាយ​ ​ពួក​សត្វ​មាន​ជីវិតផ្សេងៗ មិន​ដល់​នូវ​សេចក្តីវិនាស ​ទាំង​ពួក​បដិគ្គាហកៈ ​ក៏​មាន​សេចក្តីយល់ឃើញត្រូវ ​មាន​សេចក្តីត្រិះ​រិះត្រូវ ​មាន​វាចាត្រូវ ​មាន​ការងារត្រូវ ​មាន​ការចិញ្ចឹមជីវិតត្រូវ ​មាន​សេចក្តីព្យាយាមត្រូវ ​មាន​សតិត្រូវ ​មាន​សមាធិត្រូវ ​ក្នុង​យញ្ញវិធី​មាន​សភាព​យ៉ាង​ណា។ បពិត្ររាជញ្ញៈ យញ្ញវិធី ​មាន​សភាព​យ៉ាង​នោះ​ឯង ទើប​មាន​ផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តីរុងរឿងធំដុំ ជាយញ្ញវិធី​មាន​គុណ​ផ្សាយ​ទៅ​ច្រើន​។

[១៦៧] គ្រា​នោះ​ឯង ស្តេចបាយាសិរាជញ្ញៈ បានផ្តើមដំកល់ទាន ចំពោះ​សមណព្រាហ្មណ៍ ​មនុស្ស​កំសត់ ​អ្នក​ដើរ​ផ្លូវ ​អ្នក​ពណ៌នាគុណ ​និង​យាចក​ទាំង​ឡាយ។ ​ក្នុង​ទាន​នោះ​ឯង ស្តេច​បាយាសិ​រាជញ្ញៈ តែង​ឲ្យ​ភោជន​មាន​សភាព​យ៉ាង​នេះ ​គឺ​បាយ​ចុង​អង្ករ ​មាន​ជ្រក់​ជា​គំរប់ពីរ ​និង​សំពត់សាច់គគ្រាត ​មាន​ជាយ​ដ៏​ក្រាស់។ ឯ​ក្នុង​ការ​ឲ្យ​នោះ​ ​មាន​មាណពម្នាក់ ​ឈ្មោះ​ឧត្តរៈ ជា​អ្នក​ចាត់ចែងទាន ឧត្តរមាណព​នោះ​ ​ឲ្យ​ទាន ​ហើយ​ឧទ្ទិស​យ៉ាង​នេះថា ​ដោយ​ការ​ឲ្យ​ទាននេះ សូម​ឲ្យ​ខ្ញុំបានជួប​នឹង​ស្តេចបាយាសិ​រាជញ្ញៈតែ​ក្នុង​លោក​នេះចុះ សូម​កុំ​ឲ្យ​ជួប​ទៅ​ក្នុង​លោក​ខាងមុខទៀតឡើយ។ ស្តេច​បាយាសិរាជញ្ញៈ បាន​ឮ​ដំណឹងថា ឧត្តរមាណព​ឲ្យ​ទាន​ហើយ​ ​ក៏​ឧទ្ទិស​យ៉ាង​នេះថា ​ដោយ​ការ​ឲ្យ​ទាននេះ សូម​ឲ្យ​ខ្ញុំបាន​ជួប​នឹង​ស្តេចបាយាសិ​រាជញ្ញៈតែ​ក្នុង​លោក​នេះចុះ សូមកុំ​ឲ្យ​ជួប​ក្នុង​លោក​ខាងមុខឡើយ។ ទើប​ព្រះ​បាទ​បាយាសិរាជញ្ញៈ ត្រាស់​ឲ្យ​ហៅ​ ឧត្តរមាណពមក ​ហើយ​មាន​ព្រះ​ឱង្ការ​យ៉ាង​នេះថា នែបាឧត្តរៈ ​ឮ​ថា ​អ្នក​ឯង​ឲ្យ​ទាន​ទាំង​ពួង​ហើយ​ តែងឧទ្ទិស​យ៉ាង​នេះថា ​ដោយ​ការ​ឲ្យ​ទាននេះ សូម​ឲ្យ​ខ្ញុំបានជួប​នឹង​ស្តេច​បាយាសិ​រាជញ្ញៈ​តែ​ក្នុង​លោក​នេះចុះ សូមកុំ​ឲ្យ​ជួប​ក្នុង​លោក​ខាងមុខឡើយ ដូច្នេះមែន​ឬ។ ឧត្តរមាណពក្រាបទូលថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​ករុណាវិសេស។ ​ព្រះ​បាទបាយាសិរាជញ្ញៈ ​មាន​ព្រះ​ឱង្ការសួរថា នែបាឧត្តរៈ ហេតុអ្វី ​ក៏​អ្នក​ឲ្យ​ទាន​ហើយ​ ឧទ្ទិស​យ៉ាង​នេះថា ​ដោយ​ការ​ឲ្យ​ទាននេះ។បេ។ សូមកុំ​ឲ្យ​ជួប​ទៅ​ក្នុង​លោក​ខាង​មុខ​ឡើយ ដូច្នេះ នែបាឧត្តរៈ យើង​មាន​សេចក្តីត្រូវការ​ដោយ​បុណ្យ ​មាន​សេចក្តីសង្ឃឹមយកផល របស់​ទានប៉ុណ្ណោះ ​ដោយ​ពិត។ ឧត្តរមាណព ក្រាបទូលថា ខ្ញុំ​ព្រះ​អង្គ តែង​ឲ្យ​ភោជន ​មាន​សភាព​យ៉ាង​នេះ ​ក្នុង​ទានរបស់​ព្រះ​អង្គ​នោះ​ឯង ​គឺ​បាយ​ចុងអង្ករ ​មាន​ជ្រក់ជាទំរប់​ពីរ សូម្បីតែ​ព្រះ​អង្គ ​ក៏​មិនសព្វ​ព្រះ​ហឫទ័យប៉ះពាល់ ​ដោយ​ព្រះ​បាទ​ផង តើ​នឹង​សោយ​ដូច​ម្តេច​កើត មួយទៀត សំពត់​មាន​សាច់គគ្រាត ​មាន​ជាយ​ដ៏​ក្រាស់ សូម្បីតែ​ព្រះ​អង្គ ​ក៏​មិនសព្វ​ព្រះ​ហឫទ័យប៉ះពាល់ ​ដោយ​ព្រះ​បាទផង តើ​នឹង​ទ្រង់​ដូច​ម្តេចកើត ចំណែក​ខាង​ព្រះ​អង្គ ជាទីស្រឡាញ់ ជាទីពេញ​ចិត្ត​ របស់ខ្ញុំ​ព្រះ​អង្គ តែខ្ញុំ​ព្រះ​អង្គ​នឹង​យករបស់​ជាទី​ស្រឡាញ់ ជាទីពេញ​ចិត្ត​ ​ទៅ​លាយចម្រុះ ​ដោយ​វត្ថុ​មិនជា​ទី​គាប់​ចិត្ត​ ​ដូច​ម្តេចបាន។ ​ព្រះ​បាទបាយាសិរាជញ្ញៈ ​មាន​ព្រះ​ឱង្ការថា ​ម្នាល​បាឧត្តរៈ បើ​ដូច្នោះ យើងធ្លាប់​បរិភោគ​ភោជន​យ៉ាង​ណា ​ចូរ​អ្នក​ឯងតាក់តែងភោជន​យ៉ាង​នោះ​ចុះ មួយ​ទៀត យើងធ្លាប់ស្លៀក​ដណ្តប់សំពត់​យ៉ាង​ណា ​ចូរ​អ្នក​ឯងតាក់តែងសំពត់ ​យ៉ាង​នោះ​ចុះ។ ឧត្តរ​មាន​ណព ទទួល​ព្រះ​ឱង្ការ នៃ​ព្រះ​បាទបាយាសិរាជញ្ញៈថា ​ព្រះ​ករុណាវិសេស ​ហើយ​ក៏​តាក់តែង​ភោជន​ដូច​ជាភោជន ​ដែល​ស្តេចបាយាសិរាជញ្ញៈតែងសោយ មួយទៀត តាក់តែងសំពត់ ​ដូច​ជា​ព្រះ​ពស្ត្រ ​ដែល​ស្តេចបាយាសិរាជញ្ញៈតែងទ្រង់។ គ្រា​នោះ​ឯង ​ព្រះ​បាទបាយាសិរាជញ្ញៈ ​ឲ្យ​ទាន​ដោយ​មិនគោរព ​ឲ្យ​ទាន មិនបាន​ឲ្យ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គឯង ​ឲ្យ​ទាន ​ដោយ​មិនផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​បោះ​ឲ្យ​ ​លុះ​បែកធ្លាយរាងកាយ បន្ទាប់​អំពីមរណភាព ​ក៏​ចូល​ទៅ​កើតជាមួយ​នឹង​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ ​ក្នុង​សេរីសក​វិ​មាន​ [អដ្ឋកថា ថា វិ​មាន​នោះ​ ជាវិ​មាន​ប្រាក់ ​មាន​ដើម​ច្រេសធំ១ ដុះនៅ​ប្រប​ទ្វារ​វិ​មាន​នោះ​ ព្រោះហេតុ​នោះ​ ទើប​លោក​ហៅថា សេរីសកវិ​មាន​។] ជាវិ​មាន​ស្ងាត់​សូន្យ​តែឯង។ ចំណែកខាងឧត្តរមាណព ជា​អ្នក​ចាត់ចែង​ក្នុង​ទានរបស់ស្តេច​បាយាសិរាជញ្ញៈ​នុ៎ះ បាន​ឲ្យ​ទាន​ដោយ​គោរព ​ឲ្យ​ទាន​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​មិនបានបោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាព​ទៅ​ ​ក៏​បាន​ទៅ​កើត​ក្នុង​ឋានសុគតិសួគ៌ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស។

[១៦៨] ជួន​សម័យ​នោះ​ឯង ​ព្រះ​គវម្បតិ​ដ៏​មាន​អាយុ និមន្ត​ទៅ​កាន់​សេរីសកវិ​មាន​ ​ដែល​ជា​វិ​មាន​ស្ងាត់ ដើម្បីនៅសម្រាក​ក្នុង​វេលាថ្ងៃ តែរឿយៗ។ គ្រា​នោះ​ឯង បាយាសិទេវបុត្រ ​ក៏​បានចូល​ទៅ​រក​ព្រះ​គវម្បតិ​ដ៏​មាន​អាយុ ​លុះ​ចូល​ទៅ​ដល់​ហើយ​ បានថ្វាយបង្គំ​ព្រះ​គវម្បតិ​ដ៏​មាន​អាយុ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ។ ​លុះ​បាយាសិទេវបុត្រ ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​គវម្បតិ​ដ៏​មាន​អាយុ បាន​សួរដូច្នេះ​ថា ​ម្នាល​អ្នក​ដ៏​មាន​អាយុ ​អ្នក​ជាអ្វី។ បាយាសិទេវបុត្រតបថា បពិត្រ​លោក​ដ៏​ចម្រើន​ ខ្ញុំជា​ស្តេច​បាយាសិរាជញ្ញៈ។ ​ព្រះ​គវម្បតិ​សួរថា ​ម្នាល​អ្នក​ដ៏​មាន​អាយុ ក្រែង​អ្នក​ធ្លាប់យល់ឃើញ​ ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វជាឱបបាតិកៈមិន​មាន​ ផលវិបាក​របស់កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើ​អាក្រក់​មិន​មាន​ ​ដោយ​ហេតុនេះ ដូច្នេះឬ។ បពិត្រ​លោក​ដ៏​ចម្រើន​ ខ្ញុំ​មាន​សេចក្តីយល់​ឃើញ​យ៉ាង​នេះថា ​លោក​ដទៃមិន​មាន​ ​ពួក​សត្វជា​ឱបបាតិកៈ​មិន​មាន​ ផលវិបាក​របស់កម្ម​ទាំង​ឡាយ​ ​ដែល​សត្វធ្វើល្អ ធ្វើអាក្រក់មិន​មាន​ ​ដោយ​ហេតុនេះពិតមែន តែចួនគ្រោះល្អ បាន​លោក​ម្ចាស់​ព្រះ​នាមកុមារកស្សប បានដោះ​ខ្ញុំ​ឲ្យ​រួចចាកទិដ្ឋិអាក្រក់នុ៎ះ​ហើយ​។ នែ​អ្នក​ដ៏​មាន​អាយុ ចុះចំណែកឧត្តរមាណព ជា​អ្នក​ចាត់ចែង​ក្នុង​ទានរបស់​អ្នក​នោះ​ តើ​ទៅ​កើត​ក្នុង​ទីណា។ បពិត្រ​លោក​ដ៏​ចម្រើន​ ឧត្តរមាណព ​ដែល​ជា​អ្នក​ខ្វល់ខ្វាយ ​ក្នុង​ទានរបស់ខ្ញុំ បាន​ឲ្យ​ទាន​ដោយ​គោរព ​ឲ្យ​ទាន​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​មិន​បានបោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​បន្ទាប់អំពីមរណភាព​ទៅ​ ​ក៏​បាន​ទៅ​កើត​ក្នុង​ឋាន​សុគតិ​សួគ៌ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស បពិត្រ​លោក​ដ៏​ចម្រើន​ ចំណែក​ខាង​ខ្ញុំ​ឲ្យ​ទាន​ដោយ​មិនគោរព ​ឲ្យ​ទាន​មិនបាន​ឲ្យ​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​មិន​ផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​បន្ទាប់អំពីមរណភាពមក ​ក៏​បានមក​កើត​ក្នុង​ សេរីសកវិ​មាន​ ជាវិ​មាន​ស្ងាត់ ជាមួយ​នឹង​ពួក​ទេវតា​ក្នុង​ជាន់​ចាតុម្មហារាជិកៈ បពិត្រ​ព្រះ​គវម្បតិ​ដ៏​ចម្រើន​ បើដូច្នោះ (​ដល់​)​លោក​ម្ចាស់និមន្ត​ទៅ​ឯ​មនុស្ស​លោក​វិញ សូម​ប្រាប់​អស់​ទាំង​ពួក​មនុស្ស​ ​យ៉ាង​នេះថា ​អ្នក​ទាំង​ឡាយ​ ​ចូរ​ឲ្យ​ទាន​ដោយ​គោរព ​ចូរ​ឲ្យ​ទាន​ដោយ​ដៃខ្លួនឯង ​ចូរ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់ ​ចូរ​ឲ្យ​ទាន​ដោយ​មិនបោះ​ឲ្យ​ (ដ្បិត) ស្តេច​បាយាសិរាជញ្ញៈ ​ឲ្យ​ទាន​ដោយ​មិនគោរព ​ឲ្យ​ទាន​មិនបាន​ឲ្យ​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​មិនផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាព​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សេរីសកវិ​មាន​ស្ងាត់ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ​ទៅ​ហើយ​ចំណែក​ឯឧត្តរមាណព ជា​អ្នក​ចាត់ចែង​ក្នុង​ទាន របស់ស្តេច​បាយាសិរាជញ្ញៈ​នោះ​ បាន​ឲ្យ​ទាន​ដោយ​គោរព ​ឲ្យ​ទាន​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​មិន​បាន​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាព​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​ឋានសុគតិសួគ៌​ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ទៅ​ហើយ​។ គ្រា​នោះ​ឯង ​ព្រះ​គវម្បតិ​ដ៏​មាន​អាយុ ត្រឡប់​មក​មនុស្ស​លោក​វិញ ​ហើយ​បានប្រាប់ (អស់​ទាំង​ពួក​មនុស្ស​) ​យ៉ាង​នេះថា ​អ្នក​ទាំង​ឡាយ​ ​ចូរ​ឲ្យ​ទាន​ដោយ​គោរព ​ចូរ​ឲ្យ​ទាន​ដោយ​ដៃខ្លួនឯង ​ចូរ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់ ​ចូរ​ឲ្យ​ទាន​ដោយ​មិនបោះ​ឲ្យ​ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ​ឲ្យ​ទាន​ដោយ​មិន​គោរព ​ឲ្យ​ទាន​មិនបាន​ឲ្យ​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​មិនផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាងកាយ​ បន្ទាប់អំពីមរណភាព​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សេរីសកវិ​មាន​ស្ងាត់ ជា​មួយ​នឹង​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ​ទៅ​ហើយ​ ចំណែក​ខាងឧត្តរមាណព ជា​អ្នក​ចាត់ចែង​ក្នុង​ទាន របស់ស្តេច​បាយាសិរាជញ្ញៈ​នោះ​ បាន​ឲ្យ​ទាន​ដោយ​គោរព ​ឲ្យ​ទាន​ដោយ​ដៃខ្លួនឯង ​ឲ្យ​ទាន​ដោយ​ផ្ចិតផ្ចង់ ​ឲ្យ​ទាន​ដោយ​មិន​បាន​បោះ​ឲ្យ​ ​លុះ​បែកធ្លាយ​រាង​កាយ​បន្ទាប់អំពីមរណភាព​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​ឋានសុគតិសួគ៌​ទេវ​លោក​ ជាមួយ​នឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ទៅ​ហើយ​។

ចប់ បាយាសិរាជញ្ញសូត្រ ទី១០។

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > ចតុត្ថភាគ > មហាវគ្គ > បាយាសិសូត្រ ឬ​បាយាសិរាជញ្ញសូត្រ (សៀវភៅ​ភាគ១៧ ទំព័រ​ទី ៣០៧ ដល់ ៣៨១ )

With Pāyāsi​ (Long Discourses DN 23)

พระไตรปิฎก เล่มที่ ๑๐ > พระสุตตันตปิฎก เล่มที่ ๒ > ทีฆนิกาย มหาวรรค > ๑๐. ปายาสิราชัญญสูตร (๒๓)