បើក្រ កុំក្រអោយទាល់គ្រប បើវ័ណ្ឌកន្ទប កុំវ័ណ្ឌអោយហៀរដល់កែង

បំណកស្រាយសុភាសិតខ្មែរ៖ បើក្រ កុំក្រអោយទាល់គ្រប បើវ័ណ្ឌកន្ទប កុំវ័ណ្ឌអោយហៀរដល់កែង

បើក្រ កុំអោយទាល់គ្រប មកពីពាក្យគ្រលាស់គាត់ គ្រលាត់គាស់ សម័យដើមថា "ក្រូបនឹងហ ក្រនឹងហូប" តែយើងបែរជានាំគ្នា ច្រឡំសរសេរថា គ្រប ទៅវិញ ព្រោះមិនយល់ន័យដើម នៃពាក្យគ្រលាស់ របស់ខ្មែរបុរាណ។ ឃ្លានេះ មានន័យថា ក្រអ្វីក្រចុះ តែកុំអោយក្រ រហូតដល់ខ្វះស៊ី ព្រោះទឹកដីខ្មែរមានជីវជាតិណាស់ ដាំអ្វីដុះហ្នឹង ហើយអោយផលផ្លែផ្កា ច្រើនបរិបូណ៌ មានទឹកមានត្រី មានព្រៃឈើមានផ្លែបេះបរិភោគ។ បើសិនជាយើង ជាមនុស្សឧស្សាហ៍ យើងមិនក្រីក្រទីទាល់ រហូតដល់ខ្វះអង្ករបន្លែត្រីសាច់ហូប នោះឡើយ។

បើវ័ណ្ឌកន្ទប កុំអោយហៀរដល់កែង មកពីពាក្យគ្រលាស់ សម័យដើមថា កែងខ្លួនអប់ កប់ខ្លួនឯង មានន័យថា បើស្លៀកពាក់អ្វី កុំស្លៀកវណ្ឌ័ខ្លួនរមីររមូរ ខ្ជីខ្ជាហៀររុំកែងជើងជិត ដូចគេរុំសពយកទៅកប់ ដូច្នោះឡើយ គឺយើងត្រូវស្លៀកអោយសមសួន មានខ្នាត មានតម្រា ធ្វើការអ្វីៗ មានទើសទាក់មុខក្រោយ ខ្លាចក្រែងដើរទៅអាចអោយ ជាន់សំពត់ដួលឈឺខ្លួន ឬកំពប់ រលំ ខូចខាតខានការងារ ដូចជាការរែកទឹក ភ្ជួររាស់ដីធ្វើស្រែ ធ្វើចំការ ដាំដំណាំជាដើម។

នៅក្នុងអត្ថន័យពាក្យគ្រលាស់មួយទៀត គឺ កែងប្រឡេង គេងប្រឡែង មានន័យថា បើស្លៀកពាក់អ្វី កុំអោយខ្ជីខ្ជាហៀរកែង ខុសខ្នាត ដូចមនុស្សដែលទើបនឹងងើប មកពីគេងប្រឡែងគ្នា មិនគិតគូរទទួលខុសត្រូវ ធ្វើការងារអ្វី ត្រឹមត្រូវដូចគេដូចឯង។ នៅសម័យដើម ខ្មែរយើងមានវិន័យណាស់ ជាពិសេសចំពោះមនុស្សស្រី គឺត្រូវស្លៀកពាក់ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អខ្ជាប់ខ្ជួនជានិច្ច។ គេច្រើនប្រើពាក្យនេះ សម្រាប់ដាស់តឿនក្មេងស្រីៗ មិនអោយក្រោកឡើង ពេលព្រឹកព្រហាម ខ្ជិលច្រអូស ស្លៀកពាក់ខ្ជីខ្ជា គ្មានវិន័យសណ្តាប់ធ្នាប់ ដោយប្រៀបធៀប ការស្លៀកពាក់ខ្ជីខ្ជានេះ ទៅនឹងនារី ដែលរកស៊ីផ្លូវភេទ នៅសម័យដើម ដែលច្រើនស្លៀកពាក់ខ្ជីខ្ជា ពេលព្រឹកព្រហាមឡើង ដូចជាការស្លៀកសារុងចោមពង្សខ្លួន លេចលើលេចក្រោម ជួនកាលក៏ស្លៀកសារុងខាងខុសចេញមកក្រៅ ជួនក៏ហៀរអូសដីស៊ុលគឃុល ឥតរបៀប ឥតសណ្តាប់ធ្នាប់ ជាពិសេសពេលពួកគេចេញដើរ ទៅក្រៅផ្ទះ អោយគេឃើញ។


អ្នកស្រីកែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]

ខែមិនា២០១១