ប៉ឹងបុរសនាសម័យអង្គរ
មានភ័ស្តុតាងមួយចំនួនដែលយើងអាចនឹងលើកយកមកបង្ហាញពីភាពចំណាស់របស់ ប្រពៃណីខ្មែរស្លៀកប៉ឹងដូចជាចម្លាក់នៅប្រាសាទបន្ទាយឆ្មារ ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នជាដើម ។ ចំពោះបញ្ហានេះ ជាភ័ស្តុតាងជាក់ស្តែង ហើយអ្វីមួយដែលនឹកស្មានមិនដល់ គឺព្រះបាទជយវ័រ្មនទី ៧ ដែលជាព្រះមហាក្សត្រដ៏ខ្លាំងកប់កំពូលស្ថាបនិកប្រាសាទបុរាណរាប់រយ ក្នុងអតីតចក្រភពកម្ពុជទេស ព្រះអង្គក៏បានស្លៀក “ប៉ឹង” ដូចជាប្រជារាស្ត្រខ្មែរទូទៅដែរ ។ នេះហើយដែលសបញ្ជាក់ឱ្យឃើញថា ទោះបីជាឥទ្ធិពលដ៏ខ្លាំងក្លារបស់ឥណ្ឌាបានបោកបក់មកលើសង្គមខ្មែរ ជំនាន់នោះក្តី ក៏មិនអាចលុបបំបាត់នូវប្រពៃណីស្លៀកប៉ឹរបស់សង្គមខ្មែរដែរ ។
រួមសេចក្តីមក ទាំងព្រះមហាក្សត្រ ទាំងប្រជារាស្ត្រខ្មែរបានឱ្យតម្លៃយ៉ាងខ្ពស់ចំពោះសម្លៀកបំពាក់ ខាងលើនេះ ។ មានន័យថា ប៉ឹងមិនមែនជាសញ្ញានៃភាពអន់ថយនោះទេ ។
ដំបូងយើងគ្រាន់តែបានសង្ស័យថា ការស្លៀកប៉ឹងពិតជាបានកើតចេញពីខឿនវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្រ តែយើងគ្មានភ័ស្តុតាងជាវិជ្ជមានណាមួយដើម្បីបង្ហាញបញ្ជាក់ ។ ប៉ុន្តែឥឡូវនេះ វាពិតជាដូច្នេះមែន ព្រោះយើងបានជួបប្រទះនូវបុរាណវត្ថុដូចជាគំនូរផាត់ពណ៌លើជញ្ជាំងភ្នំ និងរូបមនុស្សនាយុគថ្មរំលីង និងសំរឹទ្ធជាច្រើនជាតឹកតាងវប្បធម៌ ។
បើប្រៀបធៀបចម្លាក់បុរាណនាសម័យបុរេអង្គរ និងសម័យអង្គរវិញ យើងនឹងឃើញការនិយមប៉ឹងត្រូវបានរក្សាទុកដដែល ។ ឧទាហរណ៍ជាក់ស្តែង គឺចម្លាក់ព្រះនារាយណ៍នៅទីក្រុងស្រីទេព (ប្រទេសថៃបច្ចុប្បន្ន) និងព្រះនារាយណ៍មួយចំនួននៅទីក្រុងអង្គរបូរី (តាកែវ) ដែលជាមត៌កវប្បធម៌នាសម័យនគរភ្នំនៅរក្សាការស្លៀកប៉ឹងជាប្រក្រតី ។
សរុបសេចក្តីមក ការនិយមប៉ឹងដោយព្រះមហាក្សត្រខ្មែរ ក៏ដូចជាប្រជានុរាស្ត្រនាសម័យអង្គរ ពុំមែនមានន័យថា ជនជាតិខ្មែរមិនចេះប្រើសំពត់ ឬសារុងចរបាប់ធ្វើអំពីសូត្រ ឬក៏ចេះស្លៀកពាក់ខោអាវដែលមានពណ៌ចម្រុះឆើតឆាយនោះទេ ។ ប្រពៃណីការប្រើប៉ឹងខាងលើនេះ គឺជាភស្តុតាងវប្បធម៌មួយបង្ហាញនូវលក្ខណៈសម្លៀកបំពាក់របស់ ជនជាតិខ្មែរដើមតាំងតែបុរាណកាលមក (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.