ប៉ឹង​ស្រ្តី​ខ្មែរ​លើ

នៅក្នុង​អត្ថបទ​មុននេះ​ យើង​បាន​រៀបរាប់​អំពី​ការ​ស្លៀក​ប៉ឹង​របស់​បុរស​នា​សម័យអង្គរ ​តែ​ក្នុង​ឯកសារ​នេះ យើង​នឹង​និយាយអំពី​ប៉ឹង​របស់​ស្ត្រី​ខ្មែរ​នា​សម័យអង្គរ​ម្តងវិញ ​ដោយ​លើកយក​នូវ​ភស្តុតាង​ថ្មី​មួយ​មក​បង្ហាញ ។

អ្វី​ទៅ​ដែល​ហៅថា​ប៉ឹង ? ប៉ឹង​គឺជា​ក្រណាត់​ដែល​បងប្អូន​ខ្មែរលើ​ភេទ​ស្រី​ស្លៀក​ដើម្បី​បិទបាំង​នូវ​ កេរ្តិ៍ខ្មាសរបស់ខ្លួន ។ ពោលគឺ​សម្លៀកបំពាក់រ​បស់បង​ប្អូន​ខ្មែរលើ​មួយ​ប្រភេទ ។

ប៉ឹង​ស្ត្រី​មាន​លក្ខណៈ​ដូចជា​ប៉ឹង​របស់​បុរស​ដែរ​តែ​ខ្លី​ជាង ហើយ​ជូន​កាល​មាន​ក្បាច់​ឆ្មារ​ល្អ​ប្រណីត​មិន​ខុសពីសំពត់​របស់​ស្ត្រី​ខ្មែរ ​នា​សម័យនេះ​ប៉ុន្មាន​ដែរ ។ ដូច​ប៉ឹង​បុរសដែរ ​ប៉ឹង​ស្ត្រី​មាន​ប្រវត្តិ​យ៉ាងយូរ​លង់​ណាស់​មកហើយ ។

យោង​លើ​ការវិភាគ​ចម្លាក់​នា​សម័យ​វប្បធម៌​លោហធាតុ​ យើង​អាច​ដឹងថា ​បុព្វបុរស​ខ្មែរ​ដែលជា​ស្ត្រីភេទ​បានប្រើប្រាស់​សម្លៀក បំពាក់​ប្រភេទ​នេះ​យ៉ាងហោចណាស់​ក៏ ១៥០០ ឆ្នាំមុន​គ.ស​ដែរ ។

សូមជម្រាបថា​ រហូតដល់​សព្វថ្ងៃ​ ប្រពៃណី​នេះ​ត្រូវបាន​បន្ត​ដោយ​សហគមន៍​មន-ខ្មែរ ​នៅក្នុង​ឧបទ្វីប​ ឥណ្ឌូចិនយើង​នេះ​នៅ ឡើយ ​ដូច​ករណី​នៃ​ជនជាតិភាគតិច​គ្រឹ​ង ទំ​ពូន ខា ខ្មុ ស្ទៀងជាដើមជា​សក្ខីកម្ម​ស្រាប់ ។ យ៉ាងណាមិញ ការនិយម​ប៉ឹង​របស់​ស្ត្រី​ខ្មែរ​នា​សម័យអង្គរ ​ក៏ត្រូវ​បាន​គូសបញ្ជាក់​តាមរយៈ​ចម្លាក់​ប្រាសាទ​សិលា​ផងដែរ ។

មូលហេតុ​នៃ​ការស្រុតចុះ​ប្រពៃណី​ខាងលើនេះ​បណ្តាលមកពី​សម្ពាធ​នៃ​លទ្ធិ​សាសនា ដែលមាន​ប្រភព​ចេញពី​ឥណ្ឌា​ និង​ទំនើបកម្ម​ដែល​សង្គម​ខ្មែរ​បាន​ឆ្លងកាត់​ចាប់​តាំងតែ​ពីក្រោយ​សម័យអង្គរ ​មក ។

គប្បី​ជ្រាបថា ចាប់តាំងពី​ស.វទី ១៩ មក​ សង្គម​ខ្មែរ​បាន​ស្គាល់​នូវ​ការ​បដិវត្ត​ផ្នែក​សម្ភារៈ និងសតិបញ្ញា​ស៊ីជម្រៅ​មួយ​ដែលជា​លទ្ធផល​នៃ​ឥទ្ធិពល​របស់​ប្រទេស​អឺរ៉ុប ជា​ហេតុដែល​បណ្តាលឱ្យមាន​ការបោះបង់ចោល​នូវប្រពៃណី​ស្លៀក​ប៉ឹង​របស់​ស្ត្រី​ ខ្មែរ ។

សូម​រំលឹក​ផងដែរ​ថា ការដែល​កុលសម្ព័ន្ធ​ខ្មែរលើ​រួម​ឈាមជ័រ​ជាមួយ​ខ្មែរ​ រស់​នៅតាម​ខ្ពង់រាប ឬវាលទំនាបនៃ​ជ្រោយ​ឥណ្ឌូចិន​នៅ​បន្ត​ទម្លាប់​ស្លៀក​ប៉ឹង​រហូតដល់​ សព្វថ្ងៃនេះ ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​យ៉ាងសំខាន់​ឆ្លុះប​ញ្ជាំ​ង​នូវ​និរន្តរភាព ​នៃ​ខឿនវប្បធម៌​រួម​រវាង​កុល​ស​ម្ព័​ន​មន-ខ្មែរ និងខ្មែរ ហើយ​និងការរួម​ពូជសាសន៍​តែមួយ ។

ខាងលើនេះ​ស​ឱ្យឃើញថា​ផ្ទុយ​ពី​ជនជាតិ​យួន លាវ និងសៀម​ដែលជាជនជាតិ​ចំណូល​ថ្មី​ ហើយ​ដែលសំណង់​សម្ភារៈ និង វប្បធម៌​មាន​លក្ខណៈ​ខុសពី​អំបូរ​មន-ខ្មែរ ​ពោលគឺ​កុលសម្ព័ន្ធ​ខ្មែរលើ និងខ្មែរ ​បានកើត​នៅលើទឹកដី​ឥណ្ឌូចិន​នេះ​ផ្ទាល់​ដែលជា​មាតុ​ភូមិ កំណើត​របស់ខ្លួន ហើយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​សំណង់​វប្បធម៌​បុរេប្រវត្តិសាស្ត្រ​ទាំងឡាយ (ម.ត្រា​ណេ) ។

ឯកសារ​យោង

កែប្រែ