ប្រជុំភាសិតថ្មីៗ
ប្រជុំភាសិតថ្មីៗ | |
សូមស្វាគមន៍មកកាន់ទំព័រ ភាសិតថ្មីៗដែលតែងតាមបទពិសោធន៍ជីវិត រីករាយស្វាគមន៍នូវកំណែកំហុសអក្ខរាវិរុទ្ធដែលមានដោយអចេតនា ១ កើតមកគ្មានមិត្ត ជីវិតគ្មានន័យ បើមាននិស្ស័យ គង់បានជួបគ្នា។ ២ ខ្លៅពិតត្រូវសង្វាត ខ្លាចពិតត្រូវលត់ដំ ក្រពិតត្រូវខិតខំ មោហាដំនំនឹកដល់ធម៏ព្រះ។ ៣ គេបបួល កុំអោយខាន បើគេបាន ត្រូវចេះសួរ គួរពុំគួរ ត្រងចំណេះ។ ៤ ប៉ោយប៉ែតជាយដែនប្រឹងចាយលុយបាត ស្វាយរៀងសង្វាតខំចាយលុយឌុង អ្នកមានចំណេះរស់នៅទីក្រុង ទិញគ្រឿងកំប៉ុងដកលុយដុល្លារ។ ៥ ចូលព្រៃប្រទះបន្លា ការងារប្រទះឧបសគ្គ អ្នកស្ងៀមសំដីត្រជាក់ អ្នកល្បីឈ្មោះជាក់ បានមកដោយខំ។ ៦ តណ្ហាកើតឡើងពីចិត្ត កាយាប្រព្រឺត្តទង្វើ ប្រាជ្ញានាំផ្លូវអោយធ្វើ សតិប្រសើរនាំទៅមង្គល។ ៧ ធ្វើតាមសភាវគតិ អ្នកនឹងប្រព្រឹត្តទង្វើដដែលៗ ជាប្រចាំ ប្រើប្រាស់ព្រលឹង សតិ ប្រាជ្ញា អ្នកនឹងវិឌ្ឍន៍គំនិត និង ទង្វើប្លែកៗជាដរាប។ ៨ គេខុស ជួយកែលំអ គេសាទរ ត្រូវបន្ទន់ប្រាណ។ ៩ យល់់តូច ត្រូវចាប់គិត ដល់យល់់ធំពិត ត្រូវចេះវិភាគ។ ១០ ជាពងមាន់ កុំរហន់ ជល់នឹងថ្ម ដល់ពេលញាស់ ខ្លួនរលាស់ ដើររំលង។ ១១ ពេលដល់់ត្រើយ កុំកន្ដើយ ឆ្លើយអរគុណ នោះទើបពិត ជាគំនិត នៃគុណធម៌។ ១២ កំហុសអ្នកផងធំគ្មានអ្វីថ្លែង កំហុសខ្លួនឯងបាំងបាត់សូន្យឈឹង កំហុសគេតូចបើកភ្នែកសម្លឹង កំហុសខ្លួនប្រឹងកៀរនៅក្រោមជើង។ ១៣ ព្រលឹមបែរគិតនឹកដល់ចន្ទ្រា ពេលយប់សន្ធិយានឹកសូរិយា ម្ហូបឆ្ងាញ់ល្បែងសប្បាយនឹកសង្សារ មានទុក្ខខ្លោចផ្សានឹកម្ដាយឪពុក។ ១៤ មុនមាន់រងាវសាកក្រោកឡើងម្ដង គយគន់អ្នកផងតាមដងវិថី ថាតើពួកគាត់កំពុងធ្វើអ្វី រៀបចំតូបល្អីខ្លះខំធ្វើការ។ ម៉ោងដប់ព្រលប់នៅផ្សារដើមគរ សំលេងបន្ទរលាន់ពេញសោតា នេះហើយជីវិតអ្នកក្សត់ទ្រព្យា សុខទុក្ខវេទនាត្រូវចេះតស៊ូ។ ១៥ គ្រាក្រលំបាកមានមនុស្សម្នាក់ ជាទីពំនាក់មិនដែលឃ្លាត គ្រាមានសប្បាយកុំបែរឆ្លៀត ហាក់មិនស្គាល់ញាតិរាប់អ្នកថ្មី។ ១៦ បច្ចុប្បន្នជោគជ័យព្រោះមានអ្នកជួយ ខិតខំលើកស្ទួយចិញ្ចឹមស្ងួនភ្ញា ចំណេះពេញប្រាណបានរៀនវិជ្ជា កុំបីរេរាតបស្នងគុណវិញ។ ១៧ បើកភ្នែកងងឹត បិទភ្នែកមានពន្លឺ។ ១៨ ស្រឡាញ់វប្បធម៌ ត្រូវរក្សា ស្រឡាញ់កិរិយា ត្រូវរិះគិត ស្រឡាញ់គុណធម៌ ប្រសើរពិត ស្រឡាញ់ជីវិត ប្រសើរក្រៃ។ ១៩ ឆ្លៀតពេលទំនេរពីការសិក្សា រកថវិកាដោះជីវភាព ត្បិតអ្វីរស់ក្នុងត្រកូលតូចទាប លត់សមត្ថភាពថ្ងៃមុខភ្លឺស្វាង។ ២០ ថ្ងៃនេះខិតខំធ្វើការងារ រងទុក្ខវេទនាពេលក្មេងខ្ចី សង្ឃឹមថ្ងៃមុខជួបជោគជ័យ សាងជីវិតថ្មីស្រស់បំព្រង។ ២១ ជំហរទង់ជាតិតាមដងវិថី ឈរអួតលោកីកេរ្ដិ៍ឈ្មោះកិត្តិនាម សូរបក់រវិចជាឆ្មាំចាំយាម អ្នកហ៊ានទីទាមប្រាកដវិនាស។ ២២ ស្លឹកឈើ សម្រូត ជ្រុះក្បែរគល់ស្លឹកឈើ ប្រឹងរុល រសាត់ឆ្ងាយ។ ស្លឹកឈើ ខ្យល់នឹង ជ្រុះហើយទ្រឹង នៅក្បែរគល់ស្លឹកឈើ វក់ខ្យល់ ហើររចល់ រសាត់ឆ្ងាយដើម។ ២៣ កូនក្មេងមិនធ្លាប់ចាស់ តែមនុស្សចាស់ធ្លាប់ក្មេង កូនក្មេងអាចចាស់ តែមនុស្សចាស់មិនអាចក្មេង។ ២៤ ទឹកជាប្រយោជន៍ ទ្រទ្រង់សារពាង្គ ទឹកចិត្តធំជាង មហាសាគរ ទឹកចិត្តជ្រួតជ្រៀប ដោយក្ដីអំណរ ទឹកចិត្តស្មោះសរ ល្អគ្មានអ្វីផ្ទឹម។ ២៥ កំលាំងអ្វីប្រៀបបានកំលាំងចិត្ត ថាមពលសណ្ឋិតបំរុងក្នុងប្រាណ រក្សាអោយនឹងគ្មានអ្វីរំខាន ប្រើគ្រប់មជ្ឍដ្ឋានសំរេចគោលដៅ។ ២៦ លុយកាក់ជារបស់ក្រៅខ្លួន មិត្តភាពជាជំនូនក្នុងចិត្ត។ ២៧ កំហឹងក្រេវក្រោធត្រូវទប់អោយជាប់ សតិបង្គាប់អោយតំាងអារម្មណ៍ កុំបណ្ដោយចិត្តផ្តេកផ្ដិតបង្ខំ កំសួលអារម្មណ៍រសាត់បាត់ឯង។ ២៨ បុគ្គលឧត្តមព្យាយាមតស៊ូ ជាជនគំរូដល់អ្នកដទៃ ប្រហែសភ្លេចខ្លួនអំណួតចក្រី ធ្លាក់សំយ៉ុងដីកប់ក្នុងភក់ជ្រាំ។ ២៩ គ្រប់ពេលរវល់អប់រំដល់គេ ភ្លេចខ្លួនទទេអប់រំសួនតួ ដូចនេះត្រូវគិតប្រៀនប្រិតសំនួរ តើខ្លួនត្រូវគួរអប់រំយ៉ាងណា។ ៣០ ស្ម័គ្រចិត្តស្ម័គ្រកាយ ធ្វើរឿងទាំងឡាយ ដើម្បីគ្រួសារនិងប្រទេសជាតិ។ ៣១ នារីអាងសម្រស់ បុរសអាងចំណេះ សីលធម៌ធ្វេសប្រហែស គេដៀលត្មេះ ដល់ពូជពង្ស។ ៣២ បិទភ្នែកស្រម៉ៃ ទស្សនវិស័យ អនាគតអ្នក បើកភ្នែកឃើញច្បាស់ មិនប្រែក្រឡាស់ គំរោងជីវិត។ ៣៣ ប្រកាន់ជំហរ ខំដើរបន្ដ ទោះដើរតែឯង ថ្ងៃមួយភ្លេចខ្លួន មានគេថែថួន ដើរអមត្រសង។ ៣៤ ថ្ងៃនេះរៀបចំគំរោងជីវិត វិភាគរិះគិតគួរធ្វើអ្វីខ្លះ ថ្ងៃស្អែកបើមានអ្វីប្រែក្រលះ កែគំរោងច្បាស់រៀបឡើងម្ដងទៀត។ ៣៥ បុប្ផាក្រពុំសាយភាយក្លិនស្នេហ៍ ភូមរាហើរក្បែរងងឹតមេឃា ពេលអស់លំអងស្រពាប់គ្រាំគ្រា រក្សាមួយគ្រា ពេលដល់វេលា ក្លាយជាបុប្ផាសួគ៌។ ៣៦ បុប្ផាក្រពុំសាយភាយក្លិនស្នេហ៍ ភូមរាហើរក្បែរងងឹតមេឃា ពេលអស់លំអងស្រពាប់គ្រាំគ្រា តែបើរក្សាមួយគ្រា ពេលដល់វេលា នឹងក្លាយជា រាជនីនៃបុប្ផាសួគ៌។ ៣៧ អធិរាជ្យក្ដាមសមុទ្រខាងត្បូង សេនាអមច្រូងឆ្ពោះទិសខាងជើង មាន់ចែរងាវស្រែកបែកផ្កាភ្លើង ជន្លេនជាន់ឈ្លើងខ្លាចឬទ្ធិចេស្ដា។ ៣៨ សំបកខាងក្រៅបំភ័ណគំនិត សោភ័ណនិមិត្តបំភ័ណអារម្មណ៍ បើមិនរិះគិតវិភាគផ្សែផ្សំ លង់ខ្លួនដំនំទៅក្នុងមនោគម។ ៣៩ ដាំពូជគំនិត ដុះផ្លែប្រាជ្ញា ដាំពូជនិន្ទា ផ្លែល្វាជាញាតិ។ ៤០ មហាព្យុះសង្ឃរាក្នុងគំនិត ផ្គរលាន់កកិតក្នុងដើមទ្រូង ជលសាបោកបក់ពេញនេត្រវង់ សតិតម្រងតាំងចិត្តស្ងប់។ ៤១ គោរពពេលវេលាអោយដូចគោរពព្រះ ជំនះភាពធ្វេសប្រហែសដោយការទំនួលខុសត្រូវ។ ៤២ សំដីសបង្ហាញពីសីលធម៌ សំដីសបង្ហាញពីប្រាជ្ញា សំដីសបង្ហាញពីពង្សា សំដីសបង្ហាញពីរូបអ្នក។ ៤៣ ស្ងៀមជាងស្រដី បើនិយាយអោយមានប្រយោជន៍។ ៤៤ ទ្រឹស្ដីហូរដល់កែង ប៉ុន្តែបើមិនអនុវត្តន៍ជាក់ស្ដែងនោះស្មើនឹងសូន្យ។ ៤៥ រស់ជាប្រយោជន៍ដល់អ្នកដទៃ ជីវិតមានន័យដោយការរាប់អាន។ ៤៦ បរាជ័យថ្ងៃនេះ ជោគជ័យថ្ងៃបន្ទាប់។ ៤៧ ជំហានអណ្ដើក ដំណើររវើក ឆ្ពោះដល់គោលដៅ។ ៤៨ កុំប្រឹងជ្រួលតាមខ្យល់ នាំអំពល់ដល់អត្មា សម្លឹងមើលបញ្ហា ប្រើប្រាជ្ញាស្រាយចម្ងល់។ ៤៩ ដាក់ខ្លួនក្នុងបញ្ហា ទាល់ប្រាជ្ញាគិតមិនយល់ ដកខ្លួនក្រៅកង្វល់ សម្លឹងហេតុស្វែងវិធី។ ៥០ សោភ័ណផ្ទៃមុខ ស្រស់បានម្ភ៉ៃឆ្នាំ កេរ្ដិ៍ឈ្មោះល្អផ្ដាំ តរាប់តំណ។ ៥១ ពេជ្រក្នុងអន្ទាក់ អ្នកណាក៏ចង់លោ ចូលជាប់ត្រឹម ក ត្រដស្រែកអោយគេជួយ។ ៥២ ចំណេះមិនដល់ ខំប្រឹងខ្វាយខ្វល់ ពាក់អាវអ្នកប្រាជ្ញ ធ្វើខ្លួនពូកែ ដើរក្បែរអ្នកប្រាជ្ញ ស្ដីទាំងភ័យខ្លាច ព្រោះខ្លួននៅស្ទើរ។ ៥៣ ចាំ ចាំ ចាំ ចាំ ចាំរយខែឆ្នាំ ចាំរៀងរហូត ធ្វើ ធ្វើ ធ្វើ ធ្វើ ទោះតិចក៏ធ្វើ លទ្ធផលនឹងមាន។ ៥៤ សម្លឹងបញ្ហា គ្រប់ជ្រុងកាលណា ចាំហ៊ានសន្មត់។ ៥៥ ប្រើប្រាស់វេលា ដោះស្រាយបញ្ហា ប្រសើរថ្លៃថ្លា ជាងឈ្លោះប្រកែក។ ៥៦ ការមិនទទួលកំហុសមួយពេល ជាការកុហកខ្លួនឯងអស់មួយជីវិត។ ៥៧ ត្រូវចេះដាក់ខ្លួន ទោះចេះច្បាប់ក្បួន ដល់ណាក៏ដោយ។ ៥៨ ជ័យជំនះនៃការឈ្នានីស ជាជ័យជំនះដែលបរាជ័យ ជ័យជំនះនៃការអប់រំមនុស្ស អោយមានជ័យជំនះ ជាមហាជ័យជំនះ។ ៥៩ គ្រប់យ៉ាងបានមកពីការសន្សំ ចំណេះឧត្តមចាយចេញទៅវិញ។ ៦០ អំណួតថាខ្លួនខ្លាំង ពេលទាល់បាក់កម្លាំង ធ្វើមុខស្លាំង លែងហាស្ដី។ ៦១ ពេលមានកង្វះខាត ត្រូវសង្វាត បំពេញភ្លាម។ ៦២ ថ្នាក់បណ្ឌិតទើបតែបញ្ចប់ ត្រឡប់ជីវិតក្នុងសង្គម ទើបតែចាប់ផ្ដើម។ ៦៣ ត្រូវរៀនចេះប្រើលុយ កុំអង្គុយ ចាំលុយមកប្រើវិញ។ ៦៤ យកចិត្តគេធៀបចិត្តឯង កុំប្រឹងស្ដែង យើងគឺយើង។ ៦៥ កែកំហុសខ្លួនបានមួយចំនុច ប្រសើរបំផុត ជាងកែកំហុសគេបានដប់។ ៦៦ បិទភ្នែក តាំងស្មារតី គំនិតថ្មី ផុសសុះសាយ។ ៦៧ បង្កើតឱកាសសម្រាប់ខ្លួនឯង ល្អជាងចំបែងរងចាំឱកាស បង្កើតឱកាសសម្រាប់គេផង ល្អជាងប៉នប៉ងចង់បានពីគេ។ ៦៨ ខ្មៅដៃមួយដើម ចាររឿងពិសិដ្ឋមួយក្បាល អ្នកប្រាជ្ញមួយរូប អប់រំមនុស្សមួយផែនដី។ ៦៩ ជណ្ដើរជីវិត មានច្រើនកាំ អ្នកឡើងប្រចាំ យល់វែងឆ្ងាយ អ្នកខ្ជិលច្រអូស ទាំងចិត្តកាយ រីករាយសប្បាយ កាំផ្ទាល់ដី។ ៧០ រៀនជ្រើសបុគ្គល គំរូក្នុងចិត្ត រួចរៀនប្រព្រឹត្ត ដើរតាមគន្លង រៀនអនុវត្ត កុំអោយខុសឆ្គង រៀនលើសរៀមច្បង ស្នងតំណែងលោក។ ៧១ ព្រហ្មលិខិតជាអ្នកចារ ឯវាសនាយើងកំនត់ ចង់ធ្វើអ្វីអោយម៉ត់ចត់ ទោះនឿយហត់ស៊ូជានិច្ច។ ៧២ ទឹកទន្លេមាននាចជោរ ចរន្ដហូរតាមរដូវ ឯទឹកចិត្តតម្កល់នៅ ស្ងប់តទៅថេរចិរកាល។ ៧៣ វិថីសួនច្បារ គយគន់ទស្សនា ទៅហើយទៅទៀត វិថីជីវិត វេលាកំរិត ទៅមិនត្រឡប់។ ៧៤ ស្កប់ស្កល់នូវអ្វីដែលខ្លួនមាន ធ្វើបុណ្យដាក់ទានដល់សង្គម។ ៧៥ ពេលរស់ជួបជុំភ្លេចប្រព្រឹត្ត រវល់រាប់មិត្តភ្លេចម៉ែឳ ដល់ពេលជីវិតលោកចាកទៅ ទើបភ្ញាក់ហ្មងសៅវិប្បដិសារី។ ៧៦ ចង់ស្វែងការងារកុំភ័យភិត បែរមានគំនិតថាខ្លួនអន់ ការងារបង្រៀនម្ចាស់តូចតន់ បណ្ដោះអាសន្នត្រូវអត់ធ្មត់។ ៧៧ បើស្អប់អំពើអាក្រក់ហើយ កុំសោះឡើយ ទៅយកអំពើនោះសាងលើគេវិញ។ ៧៨ ធម្មជាតិនៃអ្នកប្រមឹក តែងរលឹក នឹកដបស្រា ធម្មជាតិនៃអ្នកសិក្សា តែងប្រាថ្នា អប់រំខ្លួន។ ៧៩ ស្រមោល នៅក្បែររូប ពេលមានពន្លឺ សម្បជញ្ញៈ តែងបំភ្លឺ ទោះយប់ទោះថ្ងៃ។ ៨០ សំលៀងសតិ អោយមុត សំលៀងប្រាជ្ញា អោយស្រួច អប់រំចិត្ត អោយស្ងប់ អប់រំកាយ អោយណាយ។ ៨១ យសសក្ដិលើស្មា ការគោរពមួយភ្លេត យសសក្ដិក្នុងចិត្ត ការគោរពពេញមួយជីវិត។ ៨២ ស្ដាប់ច្រើន មើលច្រើន អានច្រើន រៀនច្រើន កើនចំណេះ សួរច្រើន គិតច្រើន វិភាគច្រើន ពិចារណាច្រើន កើនប្រាជ្ញា។ ៨៣ ធ្វើខ្លួនឧស្សាហ៍ ជំនួសការខ្ជិល។ ៨៤ ផ្ទៃមុខញញឹម សង្ឃឹមក្នុងចិត្ត។ ៨៥ បំភ្លេចទុក្ខសោកអតីតកាល សម្លឹងគោលដៅអនាគតកាល ព្យាយាមអនុវត្តពេលបច្ចុប្បន្នកាល។ ៨៦ បេះដួងមួយ ក្នុងបុគ្គលពីរនាក់។ ៨៧ មើលសង្គមក្នុងផ្លូវផ្សេង រកវិធីផ្សេងដោះស្រាយបញ្ហាសង្គម។ ៨៨ ផ្អែម ល្វីង ជូរ ចត់ សាប ប្រៃ ហិល ជារសជាតិនៃជីវិត។ ៨៩ ដោយអំណាចនៃការព្យាយាមមិនរាថយ ក្ដីសង្ឃឹមរាប់រយនៅតែមាន។ ៩០ បើពិភពលោកពិតងងឹតសូន្យឈឹង ខិតខំពង្រឹងខ្លួន ក្លាយជាពន្លឺ បំភ្លឺពិភពលោកវិញ។ ៩១ ប្រាថ្នាសន្ដិភាពពិភពលោក រកជំរកសន្ដិភាពនៅក្នុងខ្លួន។ ៩២ គោរពលើវិជ្ជាជីវៈ មនសិការអ្នកនឹងមិនស្ដីបន្ទោស។ ៩៣ កូនល្អនាំសុខចូលគ្រួសារ កូនបាបសានាំទុក្ខចូលសង្គម។ ៩៤ សាលារៀនមានគ្រប់កន្លែង បើចេះស្វែងនឹងប្រទះ។ ៩៥ ធនធានសំបូរ នគរសប្បាយ ធនធានខ្ជះខ្ជាយ រលាយដូចផេះ។ ៩៦ បង្រៀនគេដប់ចេះដល់ដប់មួយ កុំគិតដេកព្រួយខំលាក់ចំណេះ។ ៩៧ រៀនធ្វើល្អពេលនៅតូច កុំខិលខូចនាំខុសខាត។ ៩៨ កាយស្អាត វាចាល្អ ចិត្តបរិសុទ្ធ កាយលំទោន វាចាទន់ភ្លន់ ចិត្តមេត្តា។ ៩៩ កល្យាណមិត្ត នាំជីវិត មានសោភ័ណ។ ១០០ ទទួលគុណមួយដង ចងចាំតបស្នងមួយជីវិត។ ១០១ ការងារតិចតួច ហុចផលធំធេង ចាប់ផ្ដើមឥឡូវ អ្នកនឹងឃើញមានភាពប្រែប្រួល។ ១០២ និយាយតិច ធ្វើច្រើន ចម្រើនជាតិ។ និយាយច្រើន ធ្វើតិច ពន្លិចការអភិវឌ្ឍន៍។ ១០៣ ពពកនៅឆ្ងាយឈោងមិនដល់ កុំនៅខ្វាយខ្វល់ឡើងភ្នំបូកគោ។ ១០៤ ជំនួយបង្កប់ចំនង យូរនិងឆាប់ ត្រូវតែសង រៀនធ្វើហាត់ធ្វើខ្លួនឯង តិចឬច្រើន មិនចំបែង។ ១០៥ ជំងឺអផ្សុកអុកឡុករាងកាយ បើចង់សប្បាយរិះរកការងារ ហុចផលប្រយោជន៍មិនខាតវេលា នោះគឺមាគ៌ាប្រសើរថ្លាថ្លៃ។ ១០៦ អំណួតហួសមាឌច្បាស់អាប់រាសី ទាំងជនប្រុសស្រីគេសើចចំអក។ ១០៧ ក្លាហានខុសរឿងកំរោលចុះប្រេង គេបញ្ជាលេងដូចល្បែងកូនអុក។ ១០៨ ពាក់មាសស្រោបពេជ្រអោយគេស្រឡាញ់ តែបែរគេខ្នាញ់មាសបងមាសស្ងួន។ ១០៩ សេចក្ដីលោភលន់គ្មានដែនកំណត់ ត្រូវចេះសន្មត់កំរិតសមល្មម នោះទើបមិនគិតដល់រាងកាយស្គម រាល់ថ្ងៃប្រឈមតែទុក្ខជាប់ប្រាណ។ ១១០ ជឿចាស់មិនខាតបង់ រួចតំរង់ទិសខ្លួនឯង។ ១១១ មនុស្សម្នាក់គំនិតមួយ ពីរបីនាក់ជួយគំនិតហូរហៀរ។ ១១២ ការមិនចូលចិត្ត ពិតជារនាំង ឃាំងខ្លួនឆ្ពោះទៅ ជម្រៅនៃចំណេះដឹងដែលទូលំទូលាយ។ ១១៣ ភ្នំមួយខ្លាពីរ ផ្លាស់ប្ដូរនាទី ស្វែងរកអាហារ។ ១១៤ ប្រាសាទមហិមា កើតចេញពីថ្មមួយដុំ ហូលសូត្រសុខុម កើតចេញពីអំបោះមួយសរសៃ។ ១១៥ ធ្វើមនុស្សអោយដូចទ្រនិចតូចនាឡិកា ខ្លួនតូចអស្ចារ្យវិលនាំទ្រនិចធំទៅតាម។ ១១៦ សំបកក្រៅតូចពិត គំនិតធំអនេក។ ១១៧ ខ្លួនឯងមិនចេះថែ បែរថែគេម្ដេចនឹងកើត។ ១១៨ រៀនភ្ញាក់ពីព្រលឹម ភក្រ្ដញញឹម ចំពោះថ្ងៃថ្មី ងូតទឹកមានសិរី នាំជោគជ័យ ត្រចះត្រចង់។ ១១៩ ធ្វើតាមការគិត កុំប្រព្រឹត្តតាមចំណង់។ ១២០ សុទិដ្ឋិនិយមនិងក្ដីសង្ឃឹម ជាអាហារគំនិត ផ្ដល់ថាមពលអោយបន្ដព្យាយាមប្រព្រឹត្ត ដើម្បីសំរេចគោលដៅដោយជោគជ័យ។ ១២១ ការមិនចេះស្វែងយល់ពីគំនិតអ្នកដទៃ ជាការឃុំខ្លួនក្នុងគុកគំនិតអង្គឯង។ ១២២ យកឈ្នះខ្លួនឯង មិនចំបែង ទៅយកឈ្នះអ្នកដទៃ។ ១២៣ អ្វីគ្រប់យ៉ាងជាអាវុធមុខពីរ សម្រួចមុខល្អ បន្តវាចាកមុខដែលអាក្រក់។ ១២៤ ទីណាមានទឹក ទីនោះមានត្រី ទីណាមានប្ដី ទីនោះមានប្រពន្ធ ទីណាមានគ្រុន ទីនោះមានថ្នាំ ទីណាមានកម្មវិធីមនុស្សធម៌ ទីនោះមានសណ្ដែកបៃតង។ ១២៥ បាតដៃទទេ គេមិនខ្វល់ លទ្ធផលមកដល់ គេសរសើរ។ ចង់ធ្វើត្រូវធ្វើ កុំគិតយូរ មេប្លង់គំរូ ដល់អ្នកផង។ ១២៦ ធ្វើអ្វីដែលខ្លួនគិតថាមិនអាចធ្វើបាន ជោគជ័យរុញច្រានអោយធ្វើបន្ត។ ១២៧ កាន់មាសមួយដុំទៅអួតសេដ្ឋី ក្អេងក្អាងសំដីថាខ្លួនអ្នកមាន ពេលឃើញសម្បត្តិគេទើបអឹមអៀន ថាខ្លួនឯងគ្មានអ្វីប្រៀបនឹងគេ។ ១២៨ ក្រដាស់កខ្វក់ត្រូវគេបោះបង់ ក្រដាស់ផូរផង់ក្លាយជារាជ្យក្រិត្យ។ ១២៩ អ្នកប្រាជ្ញគ្រហឹម ថាល្អឆ្អិនឆ្អៅ គំនិតអ្នកខ្លៅ មិនអោយតំលៃ។ ១៣០ តម្លៃកើតមាន ពេលដែលគ្មានរបស់នៅ។ ១៣១ ដើរចេញពីបន្ទប់ដែលងងឹត ស្វែងរកពន្លឺជីវិតនៅខាងក្រៅ។ ១៣២ លុយមិនអាចបង្កើតគំនិត អ្វីដែលប្រាកដពិត គំនិតអាចបង្កើតលុយ។ ១៣៣ ដែកទាលសំលៀងនឹងមុត ប្រាជ្ញាដុតលត់នឹងភ្លឺថ្លាពណ្ណរាយ។ ១៣៤ ចង់ភ្ជាប់អាគុយនៅកន្ទុយកង់ ធាក់លេងតំរង់ឆ្លងភូមិពីរបី ចាក់ស្ដាប់វិទ្យុសាកអាគុយថ្មី កុំអោយឥតន័យធាក់ឥតប្រយោជន៍។ ១៣៥ ដីនៅទំនេរដាំបន្លែ ភ្លេចខ្លួនពីរខែផ្លែដុះពេញដើម។ ១៣៦ ជ័យជំនះចាស់កុំត្រេកអរ ព្យាយាមបន្ដជ័យជំនះថ្មី។ ១៣៧ ដាំផ្លែអ្វីបានផ្លែនោះឯង ចង់បំលែង ត្រូវចេះផ្សាំ។ ១៣៨ មនុស្សជាឃ្លាំងផ្ទុកចំណេះដឹង ចូរខិតខំប្រឹងប្រមូលពុទ្ធិ។ ១៣៩ ពិធីបុណ្យហូរហែ ជាផ្លែសន្ទូចនៃពាណិជ្ជកម្ម។ ១៤០ ជំនះពេលវេលាដោយគំរោងការ ព្យាយាមឧស្សាហ៍សំរេចបំណង។ ១៤១ សក្ដានុពលដែលមានក្នុងខ្លួន ប្រើប្រាស់ខ្ជាប់ខ្ជួននាំមកប្រយោជន៍។ ១៤២ បុគ្គលម្នាក់ ទេពកោសល្យម្យ៉ាង រាវរកត្រដាង ហ្វឹកហ្វឺនបន្ថែម។ ១៤៣ អ្នកដែលរស់នៅឯឋានសួគ៌ា ពិតគ្មានវេលានឹងអាចយល់ដឹង ជីវិតវេទនារស់សែនតានតឹង វិញ្ញាណព្រលឹងឋាននរកឡើយ។ ១៤៤ ការប្ដេជ្ញាធំបំផុតគឺការរក្សា ធ្វើល្អយូរយ៉ាងណា បើមិនរក្សា អាក្រក់មួយប៉ប្រិចភ្នែក។ ១៤៥ មួយខែ ប្រឹងកែចរិកមិនល្អ ពេលមួយបវរ សល់តែចរិកប្រពៃ។ ១៤៦ មហាបដិវដ្ដមហិមា ទាមទារចេញពីការច្នៃប្រឌិតតូចមួយ។ ១៤៧ រៀនចេះចែករំលែក ថ្ងៃស្អែកនឹងទទួល។ ១៤៨ ខ្ញុំស្គាល់អ្នកពេលអ្នកយំ អ្នកឃើញខ្ញុំពេលខ្ញុំញញឹម។ ១៤៩ ទឹកចិត្តមនុស្សពិបាកស្មាន តែអាចតាមដានដោយទង្វើ។ ១៥០ កហុកតែងមានចន្លោះ ស្ម័គ្រស្មោះគ្រប់ស្ថានភាព។ ១៥១ សុឆន្ទៈមានតែម្យ៉ាង ប្រឹងកសាងជាទស្សនៈ មនុស្សគ្រប់ថ្នាក់យកអនុវត្ត។ ១៥២ អារម្មណ៍ជ្រះថ្លា ប្រាជ្ញាវាងវៃ គំនិតថ្លាថ្លៃ កើតចេញមកឯង។ ១៥៣ មាគ៌ាល្អគេសាងទុក ដំណើរទៅមុខលើខ្លួនឯង។ ១៥៤ ខ្លាបីប្រកួតដណ្ដើមដែន ខ្លាបួនមកកែនបញ្ឈប់សត្រូវ។ ១៥៥ កំប្លែងប្រើចំណេះ កំប្លែងប្រើប្រាជ្ញា កំប្លែងល្អអស្ចាចារ្យ ថែមសិល្ប៍វិធី។ កំប្លែងស្រែកឡូឡា កំប្លែងពាក្យអសុរោះ កំប្លែងអាប់កិត្តិយស ឈ្មោះស្អុយអសោច។ ១៥៦ កញ្ចក់ឆ្លុះបញ្ចាំងរូបភាព តែជាទិដ្ឋភាពនៃរូបបញ្ច្រាស់។ ១៥៧ កិរិយាមាយាទអាចធ្លាក់ចុះ ពេលដែលក្រពះរើឡើង។ ១៥៨ អ្នកដែលស្រឡាញ់ខ្លួន មិនតែងខ្លួនអោយស្អាតជ្រុល។ ១៥៩ តម្រាបវរ មិនល្អស្មើបុគ្គលប្រកបដោយតម្រា។ ១៦០ ខ្មៅសពណ៌ធម្មជាតិ កុំបៀនបៀតវិនិច្ឆ័យ។ ១៦១ បុរសជាមាសទឹកដប់ នារីល្អគាប់ជារតនៈសម្បត្តិ។ ១៦២ ជាមួយបុគ្គលមិនស្ដាប់ហេតុផល កុំកង្វល់ប្រឹងបកស្រាយ។ ១៦៣ រាប់មិត្តម្នាក់ ប្រាកដជាក់ កើនចំនងមិត្តភាពមួយ។ ១៦៤ បុគ្គលពូកែស្ដាប់ពូកែត្រាប់ បុគ្គលពូកែគិតគំនិតដឹកនាំ។ ១៦៥ ធ្វើជាអ្នកដឹងនាំនៃក្រុមអ្នកដឹកនាំ ប្រសើរឧត្តមជាងអ្នកដឹងនាំនៃក្រុមអ្នកក្រោមបង្គាប់។ ១៦៦ មេទ័ពធ្វើសង្គ្រាមដោយប៊ិចនិងក្រដាស់ រាស្រ្ដទៅប្រយុទ្ធច្បាស់យកសាច់និងឈាម។ ១៦៧ សន្ដិភាពក្នុងប្រទេស ការអភិវឌ្ឍន៍កើនឡើង។ សន្ដិភាពក្នុងចិត្ត បញ្ញារីកសុះសាយ។ ១៦៨ កុំសុំភ្លើងគេ ដឹងឬទេ ថាផ្ទះយើងសាងពីក្រដាស់។ ១៦៩ សាងអំពើជាកុសល កុសលនឹងហួចផលមកអ្នកវិញ។ ១៧០ ឱកាសមកដល់ប្រឹងចាប់អោយជាប់ ភ័ព្វព្រេងល្អគាប់មិនច្រើននោះឡើយ។ ១៧១ មាគ៌ាដែលល្អ ទោះគ្មានអ្នកកំដ ក៏គួរនឹងទៅ។ ១៧២ ចំណេះខ្លួនឯងនៅមានកំរិត កុំព្រួយដេកគិតស្វែងរកជំនួយ។ ១៧៣ រៀនចេះអង្កេតមជ្ឈដ្ឋានជុំវិញ ឃ្លាំងផ្ទុកពោរពេញទៅដោយចំណេះ។ ១៧៤ នៅពេលអ្នកទុកវាដូចជារបស់ខ្លួន វាជាកម្មសិទ្ធិរបស់អ្នក។ ១៧៥ ភ្លើងឆាបឆេះព្រឹក្សព្រៃ ខ្លាប្រែជាបក្សី ហើរសំដៅមេឃា។ ១៧៦ ពង្រឹងសមត្ថភាព បង្កើនភាពជឿជាក់។ ១៧៧ នៅភូមិគ្រវីក្បាល អ្នកដែលងួកក្បាលជាវីរបុរស។ ១៧៨ ចូលចិត្តខាងអ្វី ខិតខំឃ្មាតខ្មី អោយដល់កំពូល។ ១៧៩ ដើរចេញពីផ្ទះ ឈានចូលសង្គម។ ១៨០ មុខចានស្អាត បាតចានប្រឡាក់។ ១៨១ ម្ចាស់ការគ្រប់ភារកិច្ច តាមដានជានិច្ចក្រែងខ្វះចន្លោះ។ ១៨២ ទឹកមុខញញឹមទឹកចិត្តខន្ដី អស់ជនប្រុសស្រីគេរាប់ជាញាតិ។ ១៨៣ ចង្កឹះមួយគូនៅមានតម្លៃ រាសីក្សិណក្ស័យពេលសល់តែម្ខាង។ ១៨៤ អ្នកមានកាន់តែក្រ អ្នកក្រកាន់តែមាន។ ១៨៥ វង្វេងវង្វាន់វាលវដ្ដសង្សារ ភ្ញាក់ខ្លួនពេលណាគ្មានអ្វីទៀងទាត់។ ១៨៦ លិខិតសរសើរមេដៃពេញផ្ទះ ពេលស្វិតក្រពះលក់បានដប់រៀល។ ១៨៧ បានឡើងធ្វើធំភ្លេចក្ដាមភ្លេចខ្យង ពេលធ្លាក់ខ្លួនម្ដងលែងមានអ្នកក្បែរ។ ១៨៨ កុំឃាំងខ្លួនឯងក្នុងជំនាញម្យ៉ាង ព្យាយាមកសាងកោសល្យដទៃ។ ១៨៩ តស៊ូជំនះឧបសគ្គរារាំង ឆ្លងផុតរនាំងបែរក្រោយញញឹម។ ១៩០ ផែនដី, នៅជិតរាងសំប៉ែត ចាកឆ្ងាយអនេកទើបឃើញរាងមូល។ ១៩១ បឺតខ្យល់ចូលក្នុងពោះ ទើបមាត់ព្រួសចេញបានឆ្ងាយ។ ១៩២ វង្វេងផ្លូវមុន ស្គាល់ផ្លូវតាមក្រោយ។ ១៩៣ ពេលឃ្លាន អុជធូបអុជទាន បន់អោយឆ្អែតបាយ ឬក៏ ធ្វើការបន្ដ ប្ដូរបាយមួយពេល។ ១៩៤ មុនសំរេចគោលដៅ ឈានជំហានចូលក្នុងវិថីនោះសិន។ ១៩៥ មួយជំហានទៅមុខ មួយជំហានកាន់តែជិតដល់គោលដៅ។ ១៩៦ កុំសួរថាតើត្រូវដោះស្រាយបញ្ហាដោយវិធីណា? ពិនិត្យអង្កេតបញ្ហា ដំណោះស្រាយកើតចេញមកឯង។ ១៩៧ ឆ្ងាយដល់ជើងមេឃគង់ប្រទះ មានចិត្តថ្លាជ្រះចង់ស្វែងរក ទោះនៅនឹងកមុខកណ្ដាលគោក បើមិនចង់រកច្បាស់មិនឃើញ។ ១៩៨ សំដីលួងលោម ត្រជាក់ដូចទឹកអម្រិត សំដីអប់រំពិត ក្ដៅដូចព្រះអគ្គី។ ១៩៩ អត្ថន័យចំៗ គ្រាន់បន្លំភ្នែក ន័យធៀបល្អប្លែក ទាមទារការគិត។ ២០០ អ្នកប្រាជ្ញបុរាណមិនដែលប្រាប់ត្រង់ តែចង់តំរង់ អោយគ្រប់ឯកអង្គ យល់ដោយប្រាជ្ញា អត្មាអង្គឯង។ ២០១ ក្បួន ខ្នាត បាត ត្រា ជាច្បាប់តម្រា នៃជាងចម្លាក់ខ្មែរ។ ២០២ អាចារ្យនៅរស់មានការបកស្រាយ លោកឃ្លាតចាកឆ្ងាយសល់ត្រឹមឯកសារ។ ២០៣ ចែករឿងបណ្ដាំ តាមចំណាំ ប្រតិកម្មស្ដែងពីនិស្ស័យ។ ២០៤ ពេជ្រក្លាយជាគ្រួស ព្រោះបុគ្គល ស្គាល់មិនច្បាស់។ ២០៥ ចំណេះនៅស្ទើរត្រូវដុះខាត់ រៀនសូត្រប្រតិបត្តិអោយចំរើន។ ២០៦ ខ្វះខាតត្រង់ណាត្រូវចេះបំពេញ ដេញភាពល្ងង់ចេញដោយស្វែងចំណេះ។ ២០៧ គ្រប់ដំបូន្មានជាប្រយោជន៍ ជាបទពិសោធន៍ដែលឆ្លងកាត់។ ២០៨ សប្បុរសជាប្រចាំ ពាណិជ្ជកម្មបង្កើនធន។ ២០៩ ត្រាច់ចរគ្រប់ច្រកល្ហក ព្យាយាមដកពិសោធន៍ថ្មី។ ២១០ កុំរំពឹងខ្ពស់ហួសប្រមាណ ក្រែងលោមិនបាននាំឈឺចាប់។ ២១១ ស្រង់ងងឹតដោយពន្លឺ ពេលប្រាណឈឺត្រូវព្យាបាល។ ២១២ ឈើធំហួសមាឌ ខ្យល់បក់រលំ ឈើតូចសុខុម រេរាំតាមខ្យល់។ ២១៣ ចាយប្រាក់ត្រឹមត្រូវនាំនូវប្រយោជន៍ ចាយប្រាក់ហិនហោចព្រោះមិនបានគិត។ ២១៤ ភ្ញាក់ដោយខ្លួនឯងទៅដោយរលូន ភ្ញាក់តាមគេជូនទៅបានតាមដឹក។ ២១៥ គ្រប់ច្បាប់តម្រាមនុស្សអ្នកចារ មុនយកជាការឆ្លងការវិភាគ។ ២១៦ សាសនាមួយបែងជាប្រាំ កត់ចំណាំព្រោះតែមនុស្ស។ ២១៧ មាន់ក្រាបពងលើជង្រុកតែងចឹកស្រូវ បក្សីសួគ៌ស៊ូទ្រាំនៅចាំអាហារទេព។ ២១៨ អាហារឆ្ងាញ់ដោយគ្រឿងផ្សំ សុភាសិតឧត្តមឆ្ងាញ់ពេលបានគិត។ ២១៩ ដើមទាបដុះផ្លែដូង ដើមខ្ពស់ច្រូងដុះផ្លែល្ពៅ។ ២២០ ភ្នែក បូក បញ្ញា កើតចេញព្រះនេត្រទិព្វ បើកក៏ឃើញ បិទក៏ឃើញ របបគំហើញនៃសច្ចៈភាព។ ២២១ ដកបន្លាពីផ្លូវកង់ យកទៅស្រាស់តាមរបង។ ២២២ ជីកស្រះទុកទឹកភ្លៀង រាំងស្ងួតមិនទៀងទុកធ្វើស្រែ។ ២២៣ ចរាចរណ៍ស្ទះធ្វើស្ពានអាកាស បើកាន់តែស្ទះត្រូវពង្រីកក្រុង។ ២២៤ សន្សំទឹកស្អាតប្រើប្រាស់ជាថ្មី កុំនាំខ្ជះខ្ជាយបង្ហូរតាមលូ នាំតែលំបាកខំប្រឹងគិតគូរ ប្រើថ្នាំបន្ធូរចំរោះសារជាតិ។ ២២៥ មនុស្សបំផ្លាញធម្មជាតិ គ្រោះមកច្រើនទៀតបើមិនអើពើ។ ២២៦ មនុស្សខំបញ្ជ្រៀតរស់នៅទីក្រុង រៀបគ្រោងបំរុងសាងក្រុងបន្ថែម។ ២២៧ រថយន្ដធំមួយជិះតែម្នាក់ឯង បំពង់ហុយផ្សែងពុលពេញទាំងក្រុង។ ២២៨ ទុកដាក់ប្រភេទកាកសំណល់ ខ្លះអាចផ្ដល់ផលប្រើឡើងវិញ ខ្លះយកចំរាញ់មិនទោម្នេញ កែច្នៃរៀបចេញប្រយោជន៍ថ្មី។ ២២៩ ចូលវត្តកុំភ្លេចពានា បូជាកុំភ្លេចផ្កាឈូក។ ២៣០ សំពាយបុណ្យបាបជាប់នឹងប្រាណ មិនអាចរុញច្រានលាយឡំគ្នា។ ២៣១ សម្មាទិដ្ឋិនាំផ្លូវភ្លឺស្វាង មច្ឆាទិដ្ឋិរារាំងដំណើរ។ ២៣២ គ្រួសារចុះសម្រុង កូនចៅរុងរឿង គ្រួសារបែកបាក់ កូនចៅអនាថា។ ២៣៣ ឡើងកំពូលភ្នំក្រលេកមកក្រោម ឃើញក្រុមចង្កោមឈូងសមុទ្រកម្ម កូនកោះសប្បាយស្រុកមើលបំណាំ អ្នកភូមិប្រចាំទីលានឈ្នានីស។ ភ្នំភ្លើងជំលោះត្រពាំងទឹកភ្នែក ស្ទឹងបាបជាប់ព្រែកបុណ្យធ្វើតាមរិះ គោស្រែកមនុស្សរោទ្រហ៊ោពេលនេះ ពេលណាផ្កាម្លិះឃ្លាតចាកហត្ថា។ ២៣៤ វាស់ផ្ទៃក្រឡាត្រូវការបន្ទាត់ សំដីពីមាត់យកអ្វីមកវាស់? ២៣៥ ទៅលេងផ្ទះគេជំរាបសួរម្ចាស់ ត្រូវចាំអោយច្បាស់ទំនៀមបុរាណ។ ២៣៦ ទទួលទានអាហារភ្នែកត្រូវរហ័ស ក្រឡេកមើលចាស់លោកត្រូវការអ្វី។ ២៣៧ ខ្លួននៅនឹងផ្ទះឈ្មោះនៅឯនាយ ក្លិនស្អុយសាយភាយព្រោះតែទង្វើ។ ២៣៨ ទៅលេងផ្ទះអ្នកស្រែចំការ កុំបេះផ្លែផ្កាតាមទំនើងចិត្ត ចង់បានត្រូវសុំកុំមានគំនិត ព្រោះតែញាតិមិត្តធ្វើតាមចិត្តឯង។ ២៣៩ ពេលចាស់ស្រែកសួរហាមស្រែកទៅវិញ ដើរជិតចាំស្ញេញឆ្លើយតាមទំនង។ ២៤០ ដៃមួយស្រណុក ដៃមួយធ្វើការ រណាប៉ាកា សាកសមនឹងកាន់។ ២៤១ ទន្លេមេគង្គប្រភពចំលែក អាចពុះខណ្ឌចែកដែនដីជាពីរ ជីវចំរុះមានគ្រប់ទិសទី បើចេះសាមគ្គីនគររុងរឿង។ ២៤២ បិទរន្ធដង្ហើមស្លាប់ បើករន្ធដង្ហើមមានផ្លូវ។ ២៤៣ ទំនេររាល់តែថ្ងៃ តែមិនមែនថ្ងៃចុងក្រោយ។ ២៤៤ សេចក្ដីបារម្មណ៍ភាពអប្សុក ទុកធ្វើអ្វី ចោលអោយឆ្ងាយ កាយនឹងស្បើយ។ ២៤៥ កុំប្រកែករកខុសត្រូវ រឿងពីរមិនត្រូវគ្នាផងនោះ។ ២៤៦ រស់នៅដើម្បីជាប្រយោជន៍ពិភពលោក តែជ្រកក្រោមម្លប់គ្រួសារ។ ២៤៧ ក្រពើប្រឹងហែក ក្អែកប្រឹងសម្លឹង។ ២៤៨ នៅផ្ទះយើងធ្វើតាមចិត្ត ត្បិតផ្ទះគេត្រូវកោតក្រែង។ ២៤៩ ស្រឡាញ់ស្ម័គ្រស្មោះ មិនមើលសម្រស់ គិតលើចរិយា សុជីវធម៌ សុភាពរាបសា មង្គលគ្រួសារ សាងឡើងពីរប្រាណ។ ២៥០ ផាត់មុខធ្វើសក់អោយគេស្រឡាញ់ មុខជ្រួញសក់កណ្ដាញ់គេច្បាស់រកថ្មី នេះសបញ្ជាក់ស្ម័គ្រសម្រស់ថ្លៃ មិនមែនភក្ដីស្ម័គ្រលុះអវសាន។ ២៥១ ឈើសើមត្រូវហាលថ្ងៃ ឈើស្ងួតកែច្នៃថ្វីដៃរចនា។ ២៥២ អាស៊ីតបូកបាស ចេញអំបិលបូកទឹក សូត្រចាំឡើងសឹក មិនដែលឃើញផ្ទាល់។ ២៥៣ អស់ហ្វូងកន្លង់ចោមរោមបុប្ផា គជសីហ៍យាត្រាយាមដែនបុរី។ ២៥៤ ចិត្តបុណ្យ សំដីបុណ្យ ចិត្តបាប សំដីបាប។ ២៥៥ ពេលមិត្តមានទុក្ខមានខ្ញុំនៅក្បែរ នាំមិត្តល្ហើយល្ហែឆ្លងគ្រាលំបាក។ ២៥៦ រាសីឡើងចុះរកស្មានមិនត្រូវ តែយើងមានផ្លូវត្រូវដើរបន្ដ ទោះជាយ៉ាងណាមានខ្ញុំកំដ នាំមិត្តបន្ដវិថីជីវិត។ ២៥៧ អ្វីៗគ្រប់យ៉ាងសុទ្ធមានសង្ឃឹម ចូរមិត្តញញឹមផ្ដើមរឿងរីករាយ បំភ្លេចអោយអស់ទុក្ខសោកទាំងឡាយ បើកចិត្តសប្បាយនឹងរឿងដែលល្អ។ ២៥៨ ពេលចិត្តអំពល់រើជ្រួលច្របល់ តាំងចិត្តតម្កល់អោយនៅស្ងៀមស្ងាត់ ពិតមែនកំពុងតែមានវិបត្តិ ខិតខំហ្វឹកហាត់ទប់ចិត្តទប់អារម្មណ៍។ ២៥៩ វេលាជាឱសថ សង្វេគឆ្លងផុត មង្គលមកដល់។ ២៦០ កីឡាកខុសល្មើសនឹងក្រិតក្រម អាជ្ញាកណ្កាលផ្លុំលើកស្លាកក្រហម កីឡាកទាញស្លាកមាសប្រឈម អាជ្ញាកណ្ដាលសូមគោរពវន្ទា។ ២៦១ អង្កេតអោយគ្រប់ជ្រុងជ្រោយ ក្រែងថ្លោះធ្លោយយល់តែមួយជ្រុង។ ២៦២ ធ្វើអ្វីគ្រប់យ៉ាងអោយមិត្តសប្បាយ មិនខ្លាចនឿយណាយនេះជាបំណង។ ២៦៣ ព្រលឹម គំនិតថ្លា ប្រាជ្ញាជ្រះ ព្រលប់ គំនិតស្មុគ សំបុកស្មាញ។ ២៦៤ ត្រៀមខ្លួនដើម្បីអនាគតដែលនឹងមកដល់ វេលាហុចផលអ្នកជាមនុស្សទីមួយដែលទទួលឱកាសនោះ។ ២៦៥ សម័យសកលភាវូបនីយកម្ម ចូរចងចាំជាសម័យនៃការប្រកួតប្រជែងសមត្ថភាព។ ២៦៦ កុំសួរថាមានការងារសម្រាប់ខ្ញុំអត់ តែត្រូវសួរខ្លួនឯងថាខ្ញុំមានសមត្ថភាពចាប់យកការងារនោះឬទេ? ២៦៧ ខ្ញុំពិការរាងកាយមែនពិត តែចិត្តគំនិតខ្ញុំមិនពិការឡើយ។ ២៦៨ ការតាំងចិត្តដ៏មុតមាំ អាចជំនះនូវឧបសគ្គដែលអ្នកនឹកស្មានមិនដល់។ ២៦៩ ត្រូវតែមានក្ដីសង្ឃឹមជានិច្ច ទោះត្រូវប៉ះទង្គិចនឹងផលលំបាកយ៉ាងណាក៏ដោយ។ ២៧០ ជីវិតជាការតស៊ូ តស៊ូដល់ទីបំផុតទើបហៅថាជាការតស៊ូ។ ២៧១ បង្កើនភាពវាងវៃ ដោយការអង្កេត និង ការគិតជាប្រចាំ។ ២៧២ អ្នកនឹងសុំទោសខ្ញុំ ពេលដែលអ្នកវិនិច្ឆ័យសំបកកាយខ្ញុំ ដោយមើលរំលងនូវសមត្ថភាពរបស់ខ្ញុំ។ ២៧៣ វិរៈជនកើតឡើង គ្រប់ពេលដែល ជីវិត និង យុត្តិធម៌ ត្រូវបានបំពាន។ ២៧៤ អ្នកនឹងក្លាយជាវីរៈជន ប្រសិនបើអ្នកឈានជើងចូលក្នុងផ្លូវរបស់វិរៈជន។ វិវៈជនពិតប្រាកដ មិនទាមទារការកោតសរសើរ ឬ រហ័សនាមជាវិរៈជន តែគឺការធ្វើអ្វីដែលគេចង់ធ្វើតាមសមត្ថភាពដែលគេអាចធ្វើបាន។ ២៧៥ ពេលជួបប្រទះនូវបញ្ហា ប្រាជ្ញាភ្លឺថ្លាភាពច្នៃប្រឌិតកើតឡើង។ ២៧៦ ជំរើសរបស់មេដឹកនាំ ត្រូវផ្ដល់ផលដល់មនុស្សទូទាំងប្រទេស។ ២៧៧ ខ្ញុំនិងអ្នក ចុះបើអ្នកជាខ្ញុំ។ ២៧៨ បើខ្ញុំគេង ខ្ញុំនិងក្រុមគ្រួសារខ្ញុំប្រាកដជាដាច់ពោះស្លាប់។ ២៧៩ បេះដូងខ្ញុំញញឹម ទឹកនេត្រានៃក្ដីរំភើបរបស់ខ្ញុំស្រក់ចេញមក។ ២៨០ ក្នុងចិត្តបរិសុទ្ធត្រេកអរពន់ពេក ពន្លឺផ្លេកៗចាំងចេញមកក្រៅ សេចក្ដីរំភើបដក់ជាប់ក្រអៅ នេះហើយគេហៅកុសលផលបុណ្យ។ ២៨១ មនុស្សប្រកបដោយវិន័យ ជាសក្ខីនៃភាពថ្លៃថ្នូរ។ ២៨២ សំដីប្រកបដោយសម្លេងថេរ ទន់ភ្លន់ ស្ងប់ ជាសំដីដែលមិនប្រើអារម្មណ៍មកនិយាយ។ ២៨៣ សំលៀកបំពាក់បិទបាំងរាងកាយ សំបកកាយបិទបាំងចិត្តគំនិត។ ២៨៤ មនុស្សងងឹត តែងជឿលើមនុស្សភ្លឺមួយចំហៀង។ មនុស្សភ្លឺមួយចំហៀង តែងចុះចាញ់មនុស្សភ្លឺទាំងសងខាង។ ២៨៥ ដរាបណាមានពន្លឺក្នុងចិត្ត ទោះផែនដីងងឹត យើងគង់ចេះច្នៃប្រឌិតបំភ្លឺលោកបាន។ ២៨៦ ស្មាស្ដាំរែកម្ដាយ ស្មាឆ្វេងរែកឪពុក រំសាយទុក្ខលោក បានស្បើយលើបល្ល័ង្ក។ ២៨៧ មនុស្សមិនអាចបែងភាគទៅធ្វើការងារច្រើនក្នុងពេលតែមួយ តែមនុស្សអាចបែងចែកពេលវេលាធ្វើការងារច្រើនក្នុងពេលមួយថ្ងៃ។ ២៨៨ អ្វីៗទាំងអស់ឋិតក្នុងដៃអ្នក ចូរធ្វើអ្វីអោយមានប្រយោជន៍ សម្រាប់ខ្លួនឯង គ្រួសារ សង្គមជាតិ និង ពិភពលោក។ ២៨៩ ប្រាសាទខ្មែរតាំងនៅរយសតវត្ស កត់ត្រាប្រវត្តិរឿងរបស់ខ្មែរ បើអ្នកចេះអានចេះយល់ចេះថែ គង់ដឹងថាខ្មែរជាពូជអ្នកប្រាជ្ញ។ ២៩០ ត្រាស់ដឹង ដឹងដោយខ្លួនឯងនូវសច្ចៈភាព។ ២៩១ ដោះប្រស្នាជាមួយទេវតា ដុះខាត់ប្រាជ្ញាខ្លួនឯងអោយភ្លឺថ្លា។ ២៩២ ប្រមើលមើលនិស្ស័យសត្វលោកដែលគួរប្រោស ការអប់រំដល់បុគ្គលដែលត្រូវការពុទ្ធិដោយចិត្តស្មោះ។ ២៩៣ ហ្វឹកហាត់កាយា ចរិយាទន់ភ្លន់ ហត្ថាល្វតល្វន់ រក្សាវប្បធម៌។ ២៩៤ សម្រស់ធម្មជាតិបង្អួតលោកា ជាជាតិខេមរារក្សាប្រពៃណី។ ២៩៥ សំលេងតន្រ្ដី ប្រឹងដាស់ស្មារតី ដល់ជាតិខេមរា ចូលរួមស្មគ្រថែ យល់ដឹងសិក្សា រស្មីភ្លឺថ្លា ត្រចះត្រចង់។ ២៩៦ សេចក្ដីស្ងប់ មិនបៀតបៀន គ្រាន់ទូន្មាន ដល់សត្វលោក ខំរស់នៅ ត្រូវយល់យោគ ចេះស្វែងរក សន្ដិភាព។ ២៩៧ ជីវិតផុយស្រួយធ្លាក់ក្នុងរណ្ដៅ ឆេះខ្លួនសន្ធៅក្នុងដែនអគ្គី នេះជាជីវិតកុមារទ័លទី ឱកាសមូលមីត្រូវខំសិក្សា។ ២៩៨ គួរអោយសង្វេគ លង់លក់ដំណេក លើផែនធរណី ដែលជនអប្រិយ ប្រល័យជីវី អោយអ្នកផ្លាស់ទី ពីកមកដី។ ២៩៩ សត្វរុយជាមិត្ត វាលសំរាមពិតជាផ្ទះ កាកសំណល់រលួយរលេះជាអាហារ។ ៣០០ ដប់បួនកុម្ភៈ កន្លង់ប្រឹងទាក់ ផ្កាបើកស្រទាប់ រាត្រីកន្លង ផ្សងជួបគូគាប់ តែបែរអភព្វ អសោចមួយជាតិ។ ៣០១ សិស្សវិទ្យាល័យ កាន់ទូរស័ព្ទដៃ លេងTMS ចង់រកសង្សារ ចរចារកៀវកេះ កេះដល់របេះ ដាច់តម្លៃខ្លួន។ ៣០២ អាសូរហូលខ្មែរ អាវប៉ាក់ម្ដាយថែ រាប់ខែរាប់ឆ្នាំ តំរៀបជាជួរ បន្ដរងចាំ តាញាក់ភ្នែកស្ដាំ កៀកដៃកើយស្មា។ ៣០៣ សូរិយារៀបលិច លាម្ដាយតិចៗ កូនទៅរៀនគួរ ម៉ូតូហ្វីណូ ធ្វើខ្លួនដូចតួ ម្លប់ជ្រៃសមគួរ គ្មានខ្មាស់ចន្រ្ទា។ ៣០៤ ព្រឹកស្អែកថ្ងៃថ្មី ទើបភ្ញាក់ស្មារតី អ្វីៗខុសអស់ ជួយប្រាប់យុវតី អោយចេះស្រណោះ ខ្លួនប្រាណសម្រស់ រក្សាដូចពេជ្រ។ ៣០៥ កូនអើយកូនស្រីអាសូរម្ដាយផង ខំបីត្រកងថែតាំងពីតូច ម្ដេចឡើយកូនលង់ជឿប្រុសកំហូច បង់កាយខ្ទេចខូចវិប្បដិសារី។ ៣០៦ ផ្ទាំងសំពត់ស កិត្តិនាមបវរ ល្អដល់សន្ដាន ជាកុលស្រ្ដី ដើរតាមលំអាន នោះទើបកូនបាន សុភមង្គល។ ៣០៧ ស្នេហាវ័យក្មេងឆួលដូចចំហេះ ប៉ះឆេះប៉ះឆេះបើចង់សាកល្បង ស្វែងរកចំណេះជំនាញចំបង ទើបសមបំណងវេលាសមគួរ។ ៣០៨ ភ្លើងស្នេហ៍ត្រជាក់ទាក់ចិត្តអោយចូល កកដល់បណ្ដូលរើខ្លួនលែងរួច។ ៣០៩ សាកខុសវេលា ដួងចិត្តគ្រាំគ្រា ពេញមួយជីវិត ស្លាកស្នាមដំបៅ តាមនៅនែបនិត្យ វិបត្តិជីវិត ព្រោះគំនិតខ្ចី។ ៣១០ ប៉ាកាចារផ្ទាល់នឹងក្រដាស់ គំនិតចេញច្បាស់មកពីស្មេរ ឯកសារប្រវត្តិពីបុពេ្វ គួរគិតរិះរេស្វែងហេតុផល។ ៣១១ ដែកលាបទឹកមាសភ្លឺចែងចាំង វស្សាចូលប្រាំងប្រែធាតុដើម។ ៣១២ យុទ្ធសាស្រ្ដឯករាជ្យមិនរណប ស្រូវប្ដូរដងចបគ្រាប់កប្បាស មាគ៌ាថ្នាក់លើតាមមាត់ច្បាស់ អ្នកហ៊ានប្ដូរផ្លាស់ក្ស័យសង្ខារ។ ៣១៣ វណ្ណៈតែមួយកុំព្រួយឡើយ នាំជាតិដល់ត្រើយដោយដៃពីរ ការងារស្មើគ្នាតាមនាទី ខំប្រឹងសំភីសំរេចកិច្ច។ ៣១៤ សម្មាហរណកម្មអន្តរជាតិ បំណុលជួយជាតិហេត្ថារចនា ខំដើរអោយទាន់សម័យហ៊ឺហា ស្គាល់ច្បាស់យល់ថាសកលយ៉ាងម៉េច។ ៣១៥ ពឹងពាក់វិនិយោគក្រៅស្រុកទាំងស្រុង កូនខ្មែរនៅផុងខ្វះទុនធនធាន បើចាំម្ចាស់ស្រុកជួយជាតិអោយមាន មិនងាយនឹងឈានដូចស្រុកដទៃ។ ៣១៦ ពេលរដ្ឋមានហើយផ្ដល់ហិរញ្ញប្បទាន តាំងខ្លួនជាស្ពានដល់ប្រជាជន សហគ្រាសតូចធំមានទុក្ខទំងន់ រដ្ឋជួយរែកពន់បង់ខាតជំនួស។ ៣១៧ គំលាតអ្នកមានអ្នកក្រនៅឆ្ងាយ ឯច្បាប់សុះសាយទៅមិនទាន់ដល់ អ្នកនៅជនបទមិនយល់ហេតុផល រស់តាមកម្មផលធម្មជាតិតាក់តែង។ ៣១៨ សុវណ្ណមួយដុំនៅក្នុងដៃ ត្រូវចេះកែច្នៃជាប្រយោជន៍ កែមិនបានល្អនាំបង់ហោច ប្រែក្លិនអសោចដួចចម្ប៉ា។ ៣១៩ គោលដៅតែមួយឯផ្លូវខ្វាត់ខ្វែង ជ្រើសតាមជាក់ស្ដែងគួរដើរផ្លូវណា ផ្លូវដែលស្រណុកមិនប្រាកដថា ដូចផ្លូវបន្លាឆ្កាដោយដៃឯង។ ៣២០ អណ្ដូងដូចគ្នាមានរាក់មានជ្រៅ ទឹកត្រជាក់ក្ដៅទៅតាមកំរិត សារធាតុក្នុងទឹកលាយល្បាយល្អិតៗ បើចង់ដឹងពិតត្រូវយកពិសោធន៍។ ៣២១ ខ្លួនជាបក្សីចង់ដឹងរឿងខ្លា ហើរតាមស៊ើបការទើបដឹងព័ត៌មាន បើគ្រាន់ចេចចាចហើយគ្មានវិធាន ប្រៀបដូចជាទៀនរលត់ពន្លឺ។ ៣២២ ទឹកទន្លេស្ងប់បង្កប់ត្រីធំ ហែលពួនសំងំរងចាំឱកាស វេលាសមគួរលោតចេញមកច្បាស់ មនុស្សភ័យជ្រួលច្រាស់លែងហ៊ាននេសាទ។ ៣២៣ កុំជឿលើអ្វីដែលយើងមើលឃើញ កុំជឿលើអ្វីដែលយើងស្ដាប់លឺ កុំជឿលើអ្វីមិនទាន់បំភ្លឺ កុំជឿលើអ្វីមិនទាន់វិភាគ។ ៣២៤ មាសទឹកដប់ ធ្លាក់ទឹកស្អុយ លាងទឹកស្អាត មាសទឹកដប់ ក្ដៅរលាយ ត្រជាក់រឹង។ ៣២៥ សមត្ថភាព ដើរមុនសញ្ញាប័ត្រ ការងារប្រតិបត្តិ មិនខ្លាចញញើត សញ្ញាបាត់ឥតមាន សមត្ថភាព ប្រៀបដូចមនុស្សខ្វាក់ ដើរចូលរណ្ដៅ។ ៣២៦ ជំនាញអ្វីចេះអោយប្រាកដ ត្រូវចេះបែរបត់បើមានបញ្ហា បង្កើនសមត្ថភាពដោយការសិក្សា កុំអោបទុក្ខាស្មុគស្មាញអារម្មណ៍។ ៣២៧ ចេះស្ទើរភ័យជានិច្ច ចេះស្ទាត់ភ្លេចភាពភ័យខ្លាច។ ៣២៨ អង្គុយបោកអាវសាមសិបនាទី ដៃខំប្រឹងញីខួរក្បាលប្រឹងគិត បីឆ្នាំទៅមុខគោលដៅជីវិត គំរោងលំអិតគិតហើយត្រូវធ្វើ។ ៣២៩ ការងារមិនគ្រប់ ឬខ្វះសមត្ថភាព ដេកគិតប្រៀបធៀប ចាំឆ្លើយសំនួរ។ ៣៣០ បទពិសោធន៍បានមកពីការងារ ស្វាធ្យាយគ្រប់គ្រាការងារតូចធំ ស្ម័គ្រចិត្តអង្គការឬបង្កើតក្រុម អង្កេតខិតខំលត់ដំចំណេះ។ ៣៣១ គេថាស្ដីច្រើនត្រូវចេះប្រតិកម្ម គួរកត់ចំណាំមិនអោយមានទៀត កំហុសដដែលប្រឹងជៀសឆ្ងាយឃ្លាត កំហុសថ្មីទៀតជារឿងធម្មតា។ ៣៣២ ការងារដដែលធ្វើយូរចេះស្ទាត់ កុំគិតហាមឃាត់ការងារតែម្យ៉ាង ចេះមួយចេះពីរចេះច្រើនច្រូងច្រាង ប្រឹងលាតត្រដាងគំនិតនៅមាន។ ៣៣៣ ការងារណាតិចត្រូវធ្វើភ្លាមៗ វេលាទុកត្រៀមការងារដទៃ។ ៣៣៤ អ្នកត្រៀមដើរមុនអ្នកដឹង អ្នកសម្លឹងច្បាស់ជាងអ្នកឃើញ។ ៣៣៥ មានពេលទំនេរដើរមើលសង្គម បើកចិត្តរីកធំទទួលចំណេះ អ្វីដែលប្រសើរទុកមិនរបេះ អ្វីដែលចាស់ច្រេះគ្រាន់ស្គាល់គ្រាន់យល់។ ៣៣៦ ភាសាអ្នកផ្សារទិញថោកលក់ថ្លៃ ភាសានយោបាយខាតធនចំណេញមិត្ត ភាសាអ្នកប្រាជ្ញបង្កប់គំនិត ភាសាដុះផ្សិតប្រូក្នុងផ្ទះស្បូវ។ ៣៣៧ កូនខ្លារៀនចេះប្រមាញ់ ព្រានព្រៃចេះបាញ់ប្រមាញ់កូនខ្លា ម្ចាស់ព្រៃការពារព្រានព្រៃដោះសារ ព្រះខ័ន្ដអាជ្ញាបញ្ជាហាមឃាត់។ ៣៣៨ មតិឆ្លុះបញ្ចាំងពីផ្នត់គំនិត ដំណោះស្រាយឆ្លុះបញ្ចាំងពីបទពិសោធន៍។ ៣៣៩ ស្នាមញញឹមលើផ្ទៃមុខ ជួនពិតជួនក្លែងក្លាយ ស្នាមញញឹមក្នុងរូបកាយ ញញឹមពីក្រអៅបេះដូង ពិតឥតក្លែងបន្លំ។ ៣៤០ បណ្ដុះភាពរីករាយ មជ្ឈដ្ឋានពណ្ណរាយអមដោយសំណើចក្អាកក្អាយ។ ៣៤១ សខាងក្រៅ ខ្មៅខាងក្នុង។ ៣៤២ ល្អគន់លើថ្ងាស ផ្លាស់ក្នុងគំនិត។ ៣៤៣ ពាក់កណ្ដាលជីវិត ខំប្រឹងតស៊ូ យកជាកម្មសិទ្ធិ ពាក់កណ្ដាលជីវិត ទុក្ខសោករួមរឹត កម្មសិទ្ធិបាត់បង់។ ៣៤៤ លុយខ្មែរប្រែជាល្អ ទំនិញវឹកវរឡើងមិនចេះចុះ។ ៣៤៥ ខែរះមួយចំនិត ពិតដូចមនុស្សស្ទើរប្រាជ្ញា ខែរះពេញបូណ៌មីភ្លឺថ្លា ប្រាជ្ញាភ្លឺទិសទាំង១០។ ៣៤៦ ជឿដោយគ្មានការគិត គឺជឿដោយងងឹត។ ជឿដោយត្រិះរិះពិចារណា គឺជឿដោយបញ្ញា។ ៣៤៧ បណ្ឌិតច្រលោត ឆោតជាងជនល្ងង់ខ្លៅ។ ៣៤៨ បុគ្គលពោលល្អ ធ្វើល្អ បុគ្គលពោលល្អ ធ្វើអាក្រក់ បុគ្គលពោលអាក្រក់ ធ្វើល្អ បុគ្គលពោលអាក្រក់ ធ្វើអាក្រក់។ ៣៤៩ ចេះបីស្ដីបួនជួនខុស ស្ដាប់ប្រាំគិតប្រាំមួយជួយគ្នាពិភាក្សាបញ្ញាកើនប្រាំបួន។ ៣៥០ កូនមាន់តាំងខ្លួនជារាជសី គ្រហឹមក្នុងព្រៃលឺសូរចេចចាចៗ។ ៣៥១ ប្រាជ្ញផ្ចាញ់ខ្លៅ ក្ដៅរោលរាល ប្រាជ្ញចិត្តពាល មិនគួរគោរព ប្រាជ្ញនាំខ្លៅ ជ្រកក្រោមម្លប់ ខ្លៅចេះស៊ប់ ក្លាយជាប្រាជ្ញ។ ៣៥២ ចេះគង់ភ្លាំង ភ្លាត់អន្លើ ចេះនៅស្ទើរ មិនជាអ្វី ជួយកែគ្នា ទាំងប្រុសស្រី សាងអត្ថន័យ ក្ដីសាមគ្គី។ ៣៥៣ ក្លិនសំអុយស្ងុយមួយភ្លេត ក្លិនអសោចចំលែកស្ងុយរាប់ជំនាន់។ ៣៥៤ សាទរនឹងអ្វីដែលល្អហើយ កុំព្រងើយត្រូវយកមកអនុវត្តន៍។ ៣៥៥ កុំធ្វើការវិនិច្ឆ័យរឿងអ្វីមួយដោយអត្តនោម័ត នៅពេលដែលមិនទាន់ស្វែងយល់រឿងគ្រប់ជ្រុងជ្រោយ។ ៣៥៦ កង្កែបក្នុងអណ្ដូងសន្ដិភាព ប្រសើរជាងសេរីភាពក្នុងទីលានជំលោះ។ ៣៥៧ អ្នកក្រចាយចិត្តស្រឡាញ់គ្រួសារ អ្នកមានចាយដុល្លារតាមដានកូនតាមដានប្ដី។ ៣៥៨ កូនក្មេងយកក្រដាស់ទៅហែកលេង ស្មេរយកក្រដាស់និពន្ធបទភ្លេង។ ៣៥៩ បណ្ដាំសៀវភៅគ្មានអក្សរ ឪពុកអង្វរអោយកូនអាន ពេលមុខពុកត្រូវឃ្លាតចាកឋាន សង្ឃឹមកូនបានយល់អត្ថន័យ។ ៣៦០ យកចិត្តកូនធៀបចិត្តពុក ស្ដាប់ទំនុកន័យបណ្ដាំ។ ៣៦១ ព្រះពុទ្ធមិនទាមទារ តែសទ្ធាបង្កើតវត្ត។ ៣៦២ ដាំគ្រាប់ពូជមនុស្សធម៌ ក្នុងបេះដូងបុគ្គលទីពីរ ផ្លែបេះដូងមនុស្សធម៌សាយភាយគ្រប់ទីកន្លែង។ ៣៦៣ បុគ្គលទីមួយ ប្រូប្រាជ្ញឥតប្រយោជន៍ បុគ្គលទីពីរលេងសើចឥតបានការ បុគ្គលទីបីឈ្នានីសប្រើហឹង្សា បុគ្គលទីបួនរៀបគ្រងការអនុវត្តន៍។ ៣៦៤ ឃើញកំហុសជាន់ពន្លិច អោយរិលរេចងើបមិនរួច ឃើញកំហុសប្រឹងណែនាំ ជួយឧបត្ថម្ភជាគំនិត។ ៣៦៥ ចេញពីផ្ទះដ៏តូចចង្អៀត ក្រលេកមើលញាតិក្នុងសង្គមដ៏ធំទូលាយ។ ៣៦៦ ចេះស្ទាត់ភ្លាត់ផ្លូវទៅមិនដល់ អត់ធ្មត់តម្កល់កប់អំណួត។ ៣៦៧ និស្ស័យអោយជួបកុំបោះបង់ បញ្ញាតំរង់សុទិដ្ឋិ។ ៣៦៨ អ្នកភ្លឺសំដីស បញ្ចពណ៌លុបភាពខ្មៅ ឆពណ្ណភ្លឺហើយត្រូវ បំភ្លឺផ្លូវអ្នកងងឹត។ ៣៦៩ ជីវិតអាស្រ័យសកម្មភាពបី សេដ្ឋកិច្ចប្រិមប្រិយ កត្តិយស ចិត្តសាស្រ្ដ។ ៣៧០ “ដួលមិនបាច់ច្រាន បានមិនបាច់ខំ” ភាវនាឧត្តមស្វែងរកចំលើយ។ ៣៧១ មើលឃើញ ស្ដាប់លឺ ជឿ ត្រិះរិះ វិភាគ យល់ បទពិសោធន៍ អនុវត្តន៍ ប្រាកដ។ ៣៧២ ក្មេងស្គាល់ទិសបួន តាមក្បួនទិសប្រាំបី មាននិស្ស័យស្គាល់ទិសដប់។ ៣៧៣ ចាយលុយកាន់តែអស់ ចាយតម្រាកាន់តែច្បាស់ ចាយកំណាព្យកាន់តែរណ្ដំ។ ៣៧៤ រវល់ដាំដុះបានផ្លែផ្កា រវល់តែថាបានសាច់រឿង។ ៣៧៥ បបូរមាត់ស្អាតពីធម្មជាតិ គួរកុំគិតឆ្លៀតពោលពាក្យអសុរោះ។ ៣៧៦ សំដីអាក្រក់មួយម៉ាត់ ក្លិនអសោចរសាត់ពេញភូមិ។ ៣៧៧ ធនធានកម្រ អ្នកផងអង្វរ អោយរស់ពីស្លាប់ ពេលផុតសង្ខារ គេសោយទុក្ខា ព្រោះស្ដាយស្រណោះ។ ៣៧៨ មានបន្ដិច ឫកបីបាវថែមមួយកំប៉ុង ពេលគ្រោះឡាក់ឆុង គ្មានអ្នកអើពើ។ ៣៧៩ អក្ខរាស្ដែងពីបញ្ញា អក្ខរាស្ដែងពីចិត្ត អក្ខរាស្ដែងពីគំនិត អក្ខរាស្ដែងពីអារម្មណ៍ អក្ខរារួមផ្សំស្ដែងពីបុគ្គល។ ៣៨០ ខិតខំធ្វើការព្រោះមានបំណង ឱកាសមកម្ដង ផុតហួសរំលងព្រោះជក់ធ្វើការ។ ៣៨១ រូបកាយវិវឌ្ឍន៍ពីស្រស់ទៅក្រៀម ឯនាមគ្រាន់តែជាឈ្មោះសំគាល់ លះរូបលះនាមតាំងចិត្តតម្កល់ បញ្ចខន្ធវិលវល់កើតហើយរលត់។ ៣៨២ ព្រះពុទ្ធតំណាងពុទ្ធិឧត្តម បញ្ញាថ្កើនថ្កុំត្រាស់សច្ចៈភាព សម្មាទិដ្ឋិយល់ដឹងជ្រួតជ្រាប ផ្សព្វផ្សាយពេញប្រៀបអំពីព្រះធម៌។ ៣៨៣ ឧត្តមបុគ្គលមិនដែលថ្កើងខ្លួន។ ៣៨៤ ចក្ខុចាប់បានគ្រាន់ជារូប ខ្មៅសល្អគាប់មកពីចិត្ត សោតាចាប់បានគ្រាន់ជាសូរ ពិរោះថ្ងួចថ្ងរមកពីចិត្ត ឃានចាប់បានគ្រាន់ជាក្លិន ក្រអូបឬស្អុយមកពីចិត្ត ជីវ្ហាចាប់បានគ្រាន់ជារស សាបព្រៃល្វីងហួសមកពីចិត្ត កាយាចាប់បានគ្រាន់ជាសម្ផស្ស ក្ដៅរឹងគ្រោតគ្រាតមកពីចិត្ត។ ៣៨៥ នរជនយល់ថាឥន្ទ្រីជាសត្វ ហោះហើរឆ្វែឆ្វាតលើអាកាសា បុរាណសរសេរឥន្ទ្រិយនោះណា បង្កប់ប្រស្នាឈ្មោះសត្វនោះឯង។ (ចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្រ្ទិយ ជីវ្ហិន្រ្ទិយ កាយិន្រ្ទិយ មនិន្រ្ទិយ ឥត្ថិន្រ្ទិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ សុខិន្រ្ទិយ ទុក្ខិន្រ្ទិយ សោមនស្សិន្រ្ទិយ ទោមនស្សិន្រ្ទិយ ឧបេក្ខិន្រ្ទិយ) ធម្មបាលកុមារស្ដាប់ឥន្ទ្រីស្រាយសិរី៣ប្រការ ពិស្ណុការតោងជើងឥន្ទ្រីហោះទៅឋានតាវតឹង្ស វាលឥន្ទ្រីដែនដីសុវណ្ណភូមិ។ ៣៨៦ ប្រាក់ឌួងបាចចូលកាប់ព្រៃឫស្សី ដុល្លារវិលវៃកំទេចទ្វារនគរ។ ៣៨៧ បើពិតព្រហ្មញ្ញឥណ្ឌាច្បាស់ឈឺ តែនេះពិតគឺព្រហ្មវិហារធម៌ បរទេសកំទេចធ្លុះបេះដូងខ្ទរ នាគធ្លាយទឹកហូរបាត់កូនមិនឃើញ។ ៣៨៨ បើកូនដឹងខ្យល់ខពិតយល់ន័យ តើរឿងហេតុអ្វី៣ឆ្នាំ៨ខែ២០ថ្ងៃ។ ៣៨៩ ឆ្មាម៉ែវ ឆ្មារតូច ឥឡូវប្រែខូច គេវាយរលំ។ ៣៩០ ៧៩ស្មើសូន្យ តើមាសស្ងួនដឹងឬទេ ប្រាជ្ញស្លាប់ខ្លៅខ្លាចគេ រាបដូចកន្ទេលសីលធម៌បាត់បង់។ ៣៩១ វាយស្នឹងចងគោកុំអោយរបូត ស្នឹងដោតលើភេទ ជាន់ពន្លិចទៀត មានន័យយ៉ាងណា? ៣៩២ សំពត់ប្ដូរម៉ូដប្រែជាខោវិញ វែងទាស់ទោម្នេញចង់បានអាខ្លី ខើចលើខើចក្រោមខោចមេឃខោចដី ដំណើរលោកិយអោយទាន់សម័យ។ ៣៩៣ កូនអើយ កុំអាងសក្ដិយស កំពស់ពីរតឹក ឫកបីបាវ អាងបញ្ញា មានចិត្តករុណា និងមេត្តាធម៌។ ៣៩៤ នគររុងរឿង ត្បិតមានប្រាជ្ញជាទីប្រឹក្សា នគរពុះជ្រៀកខ្លោចផ្សា ត្បិតអត្មានិយមបែកបាក់សាមគ្គី។ ៣៩៥ ខ្មែរលើ កណ្ដាល ក្រោម ខ្មែរខៀវ ក្រហម ស អ្នកណាជាអ្នកលាបពណ៌ ខ្មែរល្អគឺខ្មែររួមមួយ។ ៣៩៦ មជ្ឈត្តារម្មណ៍អោយរិះគិត ឆ្វេងស្ដាំពិតត្រូវវិភាគ ហេតុសមគួរកុំទាន់ងាក ផ្ទៀងត្រចៀករកយោបល់។ ៣៩៧ ស្ដេចតោគ្រងរាជ្យប្រមាញ់ម្រឹគព្រៃ ឆ្មាស្នងកៅអីលួចឆីត្រីអាំង។ ៣៩៨ បញ្ចខន្ធនាំចិត្តអោយជំពាក់ អូសទាញទំលាក់ទៅអបាយភូមិ អត្តាហិអត្តនោនាថោបានអប់រំ ទីពឹងខ្លួនធំកុំចាំអ្នកណា។ ៣៩៩ បុប្ផាក្រពុំខំចេញមន្តស្នេហ៍ កន្លង់ហើរឆ្វែចាំក្រេបលំអង បុប្ផាស្រពោនស្អុយរលួយផង ដង្កូវវារឆ្លងសូមស្ម័គ្រមេត្រី។ ៤០០ ម្លិះរួតដាច់ឫសផ្សាំដើមសិរមាន់ ក្លិនពណ៌បំភាន់បង្ហាញសោភា ធាតុពិតបាត់ដានប្រភពនានា គេហៅគ្រប់គ្នាបុប្ផាចំលែក។ ៤០១ ស្គាល់ប្រាជ្ញដោយគំនិត ស្គាល់ចិត្តដោយទង្វើ។ ៤០២ អ្នកល្ងង់ធ្វើប្រាជ្ញ តែអ្នកប្រាជ្ញធ្វើល្ងង់។ ៤០៣ ស្គាល់ព្រះពុទ្ធដោយពុទ្ធិ ស្គាល់អ្នកប្រាជ្ញដោយប្រាជ្ញា។ ៤០៤ ឆាយាប្រែថាស្រមោល ឆៃយ៉ាំរាំយោលពាក់ស្បែកមុខ ផ្ទៃក្រៅញញឹមភ័ក្រ្កក្នុងកើតទុក្ខ អ្នកណាដឹងទុក្ខអ្នកឡកឆៃយ៉ាំ។ ៤០៥ ពាក្យចាំមួយម៉ាត់ រសាត់មួយឆ្នាំ ចាំយូរខែឆ្នាំ គ្មានអ្វីប្រែប្រួល។ ៤០៦ ហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់ ទទួលទុកដាក់បទពិសោធន៍ក្នុងភាពបរាជ័យ ដើម្បីជោគជ័យនាថ្ងៃស្អែក។ ៤០៧ សម្រែកខ្ញាវខ្ញាសារិកាជួបជុំ ចាបគ្មានទ្រនំគ្រាំគ្រាឱរា។ ៤០៨ ស្នាដៃល្អល្អះ ព្រលឹងមិនខ្វះ បង្កប់ក្នុងន័យ គ្រាន់តែឈ្មោះល្បី តើមានន័យអ្វី សម្រាប់រូបអ្នក។ ៤០៩ រសជាតិជាតិរស់ព្រោះអណ្ដាត ភ្លក់ភ្លឹកភ្លឺភ្លែត ទោះសាបល្វីងប្រៃ។ ៤១០ សាច់ខ្ចីមិនហ៊ានចូលព្រៃបន្លា សាច់ក្រាស់ហានក្លាយាត្រាមិនថយ។ ៤១១ ស្ដាប់ច្រើនមិនខុស គិតច្រើនមិនទាស់ ចម្រើនបញ្ញា។ ៤១២ សំបកចាស់ស្វិតគិតថាខ្មេះ ពេលបកប្រលេះ ទើបឃើញសាច់ក្នុង។ ៤១៣ ភ័យភិតក្នុងចិត្តជ្រោះជ្រៅជ្រលង មានស្ពានមិនឆ្លងនៅភ័យធ្វើអ្វី។ ៤១៤ ទុក្ខសោករួមរិតបានត្រឹមអាណិត តែធ្វេសភ្លេចគិតត្រូវដោះយ៉ាងណា។ ៤១៥ ឃើញត្រឹមនឹងភ្នែក លឺត្រឹមត្រចៀក មិនទាន់វិភាគ ប្រឹងវិនិច្ឆ័យ សច្ចៈចេញច្បាស់ ទើបពិតយល់ន័យ វិប្បដិសារី ដឹងខ្លួនថាខុស។ ៤១៦ ចិត្តពុះកញ្ជ្រោលផ្ដល់ភាពវិនាស សតិនាំជៀសទៅរកសន្ដិ។ ៤១៧ ផ្លែកាន់តែខ្ពស់ទំពួកកាន់តែវែង ផ្លែខ្ចីចំបែងឃ្លាតចាកមែកឈើ។ ៤១៨ ហោប៉ៅមានមាសបួនប្រាំដុំ លើកដៃស្រែកសុំដុំថ្មមួយ។ ៤១៩ ធ្វើរឿងល្អដែលសប្បាយ សទ្ធានាំកាយហោះលើវេហា។ ៤២០ ពិភាក្សាដេញដោលប្រាជ្ញា ប្រសើរថ្លៃថ្លាជាងពិភាក្សាយកឈ្នះយកចាញ់។ ៤២១ រៀនអនុគ្រោះ ដើម្បីឆ្ពោះទៅកាន់មាគ៌ាអហឹង្សា។ ៤២២ ជ្រុងមួយនៃគំនិត ជ្រុងពីរនៃបញ្ញា ជ្រុងបីខំសិក្សា ជ្រុងបួនមានលំនឹង។ ៤២៣ ចាប់ដើម សម្រូតចុង សំយ៉ុងដល់ឫស។ ៤២៤ សច្ចៈមិនចេះក្លែង មិនចំបែងប្រឹងដោះសារ។ ៤២៥ កោះពស់ប្រែឈ្មោះជាកោះមរកត ស្ពានខ្ពស់ហោះផុតភ្ជាប់ដែនសីហ។ ៤២៦ តារាហាសិបរះពេញមេឃ តារាប្រាំជ្រែកចូលទន្រ្ទាន តារាមួយរះទាំងបំពាន វាយលុកឈ្លានពានដែនចន្រ្ទា។ ៤២៧ រកឃើញមិនដូចត្រាស់ដឹង សម្លឹងមិនដូចស្ទាបផ្ទាល់។ ៤២៨ ចិត្តក្រហមបន្ទំពណ៌សក់ បេះដូងកន្ត្រាក់ឆក់ខើចជាយសំពត់។ ៤២៩ បញ្ចកោណមានច្រើនជ្រុង រង្វង់រកផ្ដើមបញ្ចប់គ្មាន។ ៤៣០ ខ្លាដំបងក្នុងដែនដំណាក់ហ្លូង គ្រហឹមដូចជួងបួងក្លិនម្អមស្រែ។ ៤៣១ សាមគ្គីរាល់ថ្ងៃខែឆ្នាំ បណ្ដាំប្រាសាទនាគព័ន្ធ។ ៤៣២ រាជនីមេអំបៅរាត្រី ចំណីទីទុយភ្នែកប្រាក់។ ៤៣៣ ជីកស្មៅត្រូវទុកខ្លះ មិនពន្លះអោយអស់ឫស។ ៤៣៤ ប្រាជ្ញស្គាល់ខ្លៅ ខ្លៅមើលប្រាជ្ញមិនស្គាល់។ ៤៣៥ ប្រមាថខុស ប្រមាថខាត ប្រមាថវិនាសខ្លួន។ ៤៣៦ កោះពេជ្រមរកតសុទ្ធតែអលង្ការ ដែនដីសីមាឃុំសេតាសួគ៌។ ៤៣៧ កតញ្ញូរញ្ជួយធរណី កតវេទីសងអនន្តគុណ។ ៤៣៨ ពោធិបល្ល័ង្កផុសទិសខាងកើត រស្មីកំណើតពន្លឺបញ្ញា។ ៤៣៩ ទឹកដីភ្លើងខ្យល់តម្កល់រូបកាយ ខ្វះទឹកអស់ដីបាត់កំដៅដាច់ខ្យល់សំបកកាយក្លាយជាសំបកសព។ ៤៤០ មានគំនិតត្រូវបញ្ចេញ ទុកបាត់ស្ញេញរលាយសូន្យ។ ៤៤១ ក្រញាំជើងមករ ត្រដរបួងលេបនាគ។ ៤៤២ វៀតណាមហៅចិនឡាប ខ្មែរទឹកមាត់សាបហៅចេនឡា។ ៤៤៣ សង់ផ្ទះត្រូវជ្រើសពោះនាគ ជីករណ្ដៅកៀកជើងក្រុងពាលី។ ៤៤៤ តម្រានាគប្រែក្បាល ដំណាលដីវិលតាមទិស។ ៤៤៥ អំបិលសាបព្រួសដេញគ្រោះចង្រៃ អំបិលកែច្នៃរសជាតិម្ហូបអាហារ។ ៤៤៦ គំនិតច្រើនមានពិត គំនិតពិសិដ្ឋកម្រប្រទះ។ ៤៤៧ ញាណប្រាប់អោយដឹង ប្រឹងជៀសមិនផុត។ ៤៤៨ ពេជ្រពិតមានតម្លៃ តែមិនថ្លៃស្មើរបស់លើសសរពេជ្រ។ ៤៤៩ យក្សនាំទាសីថ្វាយស្ដេចគិរី ព្រោះតែទេពីរាជ្យត្រូវរលំ។ ៤៥០ ប្រជារាស្រ្ដមានបេះដូងទេវតា ប្រាថ្នាសីល៥សាងដែនសួគ៌ា។ ៤៥១ អបាយភូមិនិមិត្តស្ថិតនៅនឹងភ្នែក នរកប្រេតក្រឡេកឃើញច្បាស់ដូចថ្ងៃ។ ៤៥២ សង្គ្រាមវៀតទីគេប្រើអាវុធ មនោគមន៍ប្ដូរពូជផ្សាយតាមសិល្បៈ។ ៤៥៣ ចោរលួចពេលរាត្រី ហុចទ្រព្យអោយខ្ចីពេលព្រលឹម។ ៤៥៤ សូត្រធម៌អោយចាំ ចំណាំត្រូវប្រតិបត្តិ។ ៤៥៥ និយាយរយពាន់ដងអោយចាំស្ទាត់ ទោសៈកើនមិនកំនត់ភ្លាត់ធ្វើតាមសំដី។ ៤៥៦ ងារ "អាស៊ាប់" គួរនឹកគួរឆ្ងល់ "អាស៊ាប់ពីងល់" បណ្ដុះពូជទំពាំង។ ៤៥៧ មហាយានគោរពពោធិសត្វ ហិនយានប្រតិបត្តិបាត្រមួយជាប់ខ្លួន។ ៤៥៨ ទុក្ខកើតពីចំណង់ លះបង់ស្វែងរកសុខ។ ៤៥៩ ស្មេរផ្ញើសារតាមអក្ខរា យល់យ៉ាងណាតាមការគិត។ ៤៦០ តេជៈកងធម៌ពន្លត់ទោសៈ ក្រុងមារចាញ់ជាក់ចេស្ដាបារមី។ ៤៦១ លោកិយធំទូលាយ កុំវេចស្ពាយទុក្ខជាប់ប្រាណ។ ៤៦២ ទំពាំងស្នងឫស្សី ទំពាំងទូលដីឫស្សីភ័យព្រួយឬមួយត្រេកអរ។ ៤៦៣ បក្សីមួយចេញបក្សីពីរចូល ហោះហើរវិលវល់លើដែនបុរី។ ៤៦៤ ឥសីសម្ងំតាំងក្នុងព្រៃភ្នំ បារមីមូលផ្ដុំលែងជាប់ជំពាក់។ ៤៦៥ គីង្គក់សម្ពឹកភ្លឹកភ្លេចលោតផ្លោត ដុល្លារបញ្ឆោតលោតដល់ស្លាក់ខ្យល់។ ៤៦៦ ខិតចូលម្ដងមួយស្រែ មិនយូរគង់ក្បែរ ប្រែម្ចាស់កម្មសិទ្ធិ។ ៤៦៧ ទុក្ខសោកប្រាសាទគោះទ្រូង ទូងៗនិយាយមិនចេញ។ ៤៦៨ បន្ទាយសំរ៉ែស្រែកផ្ដែផ្ដាំ ទំនួញបណ្ដាំម្ចាស់កំរាលមាស។ ៤៦៩ ព្រះវិហារនៃព្រហ្មវិហារធម៌ តរាប់តំណរក្សាកូនចៅ។ ៤៧០ ព្រះកែវមរកតនៃបញ្ញា ព្រះគោខ្លាំងក្លាអំណត់អត់ធ្មត់។ ៤៧១ ប្រាសាទស្នឹងប្រឹងបុកកប់ដី ជាប់ខ្នោះលោកិយរើខ្លួនមិនរួច។ ៤៧២ ទន្លេបាទីបាត់ទីសូន្យឈឹង ព្រោះហេតុមិនដឹងទៅសួរអ្នកណា។ ៤៧៣ ភូមិសំបុក ស្រុកសំបូរ នគរក្រចេះ ពូនភ្នំក្រពើ។ ៤៧៤ ចេតិយសង្កត់ផ្កាឈូកក្រពុំ ពេលណាបទុមបានប៉ះរស្មី។ (ចេតិយព្រះនាងក្រពុំឈូកវត្តសសរ១០០) ៤៧៥ ទសមុខវាយស្កាត់ចាប់នាងសេតា បំណងប្រាថ្នាដួងកែវមនោរា។ ៤៧៦ បាពួនសម្ងំខំដុតកម្លាំង បាខែងរ៉ែងខ្លាំងពេលដល់វេលា។ ៤៧៧ អង្គតូចៗប្រឹងគរលើគ្នា អង្គរតូចជាសិរសាភុជង្គ។ ៤៧៨ យក្សឡោមយក្សព័ទ្ធសង្កត់ក្បាលនាគ យាមកាមនៅកៀកលានព្រះគម្លង់។ ៤៧៩ ដំរីក្បាលបីកណ្ដឹងសាមពាន់ សូរលាន់ស្កន្ទជាន់វិនាសអន្តរាយ។ ៤៨០ សាមកុក ស្យាមកុក ណាមកុក ចុងកុក ក្រញាំសត្វកុកចាប់សត្វត្រីឆី។ ៤៨១ មន មនុស្ស មនសិការ ខុសប្លែកអស្ចារ្យពីតិរច្ឆាន។ ៤៨២ បេះដូងកតញ្ញូដឹងគុណរាក់ជ្រៅ តែដូងឥឡូវត្រូវខែស៊ីអស់។ ៤៨៣ ចក្ខុមួយពីរចក្ខុធម្មតា ចក្ខុបញ្ញាចក្ខុទីបី។ ៤៨៤ កបិលមហាព្រហ្មបុត្រីដប់ពីរ កម្មពៀរញ៉ាំញីនៅសល់ប្រាំពីរ ប្រចាំនាទីសល់ម្នាក់នៅក្បែរ។ ៤៨៥ ស្រះស្រង់ក្បង់ផុតពីបាតស្រះ ស្រង់អោយស្រលះផុតសមុទ្រទុក្ខ។ ៤៨៦ ទ្វារបញ្ឆោតបិទបើកមិនបាន សោរអ្វីរុញច្រានបានចូលដល់ក្នុង។ ៤៨៧ អក្ខរាណែងណងបួងសន្ដានចិត្ត ចេតសិកខ្លួនពិតមិនទាន់នឹងស្ងប់។ ៤៨៨ ទ្រព្យធនសំបូរគួរខំសំច័យ ទុកគ្រាន់ដល់ថ្ងៃមានតម្រូវការ។ ៤៨៩ បង្កើនសោមនស្ស បំបាត់ទោមនស្ស ជីវិតថ្លាស្រស់ទៅដោយសំណើច។ ៤៩០ បន្ទោសមជ្ឈដ្ឋានបន្ទោសត្រកូល បន្ទោសរាលរោលដល់ព្រហ្មលិខិត បន្ទោសខ្លួនឯងបន្ទោសញាតិមិត្ត បន្ទោសនេះពិតមិនរីកចម្រើន។ ៤៩១ អប់រំខ្លួនឯងទាំងកាយទាំងចិត្ត អប់រំគំនិតអោយភ្លឺពណ្ណរាយ អប់រំសមត្ថភាពចំណេះវេចស្ពាយ សំដីនិយាយប្រកបដោយធម៌។ ៤៩២ បើកបរហួសអាចត្រឡប់ក្រោយ សំដីហួសហើយចាំជាប់ក្នុងចិត្ត។ ៤៩៣ ខំស្វែងតែងយល់។ ៤៩៤ រូបកាយសាបសូន្យឈឹង ដួងព្រលឹងរស់រុងរឿង។ ៤៩៥ ភក់រឹងក្លាយជាថ្ម កប់បាត់ត្រឹមក តំណថ្មភក់។ ៤៩៦ ឈូកដុះពីភក់ប៉ះពន្លឺថ្ងៃ ឈូកមាននិស្ស័យក្លាយជាបល្ល័ង្ក។ ៤៩៧ ដំបងក្រញូងស្រុកមោងឫស្សី តំណាងកុកមួយក្នុងកុកទាំងបី ជ្រែករាជ្យបល្ល័ង្កពីស្ដេចចក្រី ចោលដំបងជ័យបាត់គ្មានស្រមោល។ ៤៩៨ ដំបងក្រញូងវាយទូងស្គរជ័យ សារិកាឃ្មាតខ្មីស៊ីផ្លែដំបង ផ្លែដុះពីសាច់យូរខែកន្លង ប្រចឹកត្រសងលើព្រៃព្រឹក្សា។ ៤៩៩ ចិញ្ចឹមកូនខ្លាប្រហារស្ដេចតោ ក្បួននេះមិនចោលប្រើដល់បច្ចុប្បន្ន។ ៥០០ ឯកសារក្រដាស់វិនាសអន្តរាយ ថ្មប្រាង្គថែកាយលើគោកក្រោមទឹក។ ៥០១ អន្លង់បី ជនប្រុសស្រី ឆ្លងមិនរួច គឺ កាមភព រូបភព អរូបភព ស្ពានមួយ ជួយចម្លងគ្រប់ នរជនសេពគប់ គឺ សច្ចៈបារមី។ ៥០២ ក្បាលស្ពាននាយភ្ជាប់ក្បាលស្ពានអាយ ចម្លងសត្វទាំងឡាយដល់ត្រើយសុភមង្គល។ (រ~រ រ) ៥០៣ ផ្ដែរមើលកេរម៉ាំ ផ្ដាំរមើលកេរម៉ែ។ ៥០៤ បាចសីប្រែក្លាយជាបាយសី អត្ថន័យបាចសីគឺបិសាច។ ៥០៥ ក្បាំងពាក់លើក្បាល ក្បាំងក្លែងកំរាលក្រាលលើប្រាសាទ។ ៥០៦ ជ័យមានបញ្ញារក្សាជ័យជោគ ជ័យពួនអោនជ្រកប្រាកដជ័យចាញ់។ ៥០៧ ជ័យពូជអ្នកប្រាជ្ញ ប្រែខ្លាចធ្លាក់ទឹក មេដំបូលខ្ពស់ពន្លឹក ភ្លឹកធ្លាក់ក្លាយជាមេរត ក្រាលរនាបរហូត គរគ្រតលើគ្នា។ ៥០៨ ធនជ័យខំដើរស្វែងរកភរិយា បញ្ញាសោភានាមជាសួស្ដី មង្គលកូនខ្មែរទាំងប្រុសទាំងស្រី ស្រែកជ័យសួស្ដីមានន័យយ៉ាងណា។ ៥០៩ ទង់ជ័យអណ្ដែតខ្ពស់ផុតវេហា កងទ័ពហានក្លាសម្រែកគងជ័យ។ ៥១០ សម្រែកខ្លែងឯកខ្ទរលាន់រំពង ផ្សព្វផ្សាយអ្នកផងបញ្ញាកូនខ្មែរ។ ៥១១ ពូជជ័យជាពូជលើដែនវេហា ច័ន្ទរះភ្លឺថ្លាច័ន្ទពេញបរមី។ ៥១២ ភាសាល្អល្អះមិនប្រឹងរៀន គេចវេះមិនហ៊ានថាខ្លួនខ្មែរ។ ៥១៣ ដែនអច្ឆរិយៈនោះជាអ្វី ឬគ្រាន់ស្រដីអួតអ្នកផង ស្វែងយល់អោយច្បាស់ទើបមិនហ្មង ដែនដីរៀមច្បងមិនក្លែងក្លាយ។ ៥១៤ ម្រាមដប់ដណ្ដប់បញ្ចូលគ្នា ពេលជួបគ្នីគ្នាលើកប្រណម។ ៥១៥ ពូជខ្មែរជាពូជយកអាសា ឃើញទុក្ខខ្លោចផ្សាចេះជួយគ្នា។ ៥១៦ ពូជខ្មែរជាពូជចែករំលែក វិភាគជជែកកើនពុទ្ធិ។ ៥១៧ ប្រើពាក្យអសុរោះប្រមាថគេ តើអ្នកជេរគេល្អឬយ៉ាងណា។ ៥១៨ សេចក្ដីមានះពិបាកពន្យល់ បណ្ដោយតាមខ្យល់ទុកស្ងាត់បាត់ឯង។ ៥១៩ ខឹងដោយស្ងៀមស្ងាត់ ខឹងចេះទប់ស្កាត់ ខឹងប្រែរសាត់ រលត់បាត់ទៅ។ ៥២០ ចចកព្រៃលោតចូលក្រុង ចង្កូមសក្បុងហែកសត្វក្ដាន់។ ៥២១ ស្រ្ដី ស្រី សិរី ផ្ដាំប្រាប់រឿងបីអោយរិះគិត លុបមុខអោយជ្រះដឹងរឿងពិត យល់ពីទឹកចិត្តក្នុងបេះដូង យប់ឡើងយល់សូងផ្ងារបាតជើង។ ៥២២ នាមកូនកំលោះហៅអ្នកជ័យ រីកូនក្រមុំនាងសួស្ដី ស្គាល់ប្រាជ្ញធនញ្ជ័យ អានគម្ពីរធម៌។ ៥២៣ គងតូច ស្គរតូច អន្លូងតូច វង់តូចប្រដូចប្រជារាស្រ្ដ មានងារពិសេសភ្លេងប្រពៃណី គងធំ ស្គរធំ អន្លូងធំ វង់ធំប្រគុំសំរាប់អ្វី ព្រះពុទ្ធសាសនាធម៌ខន្ដី គេតែងស្រដីហៅភ្លេងពិណពាទ្យ គងជ័យ ស្គរជ័យ អន្លូងជ័យ ថ្វាយអធិបតីព្រះមហាក្សត្រ មាននាមប្រត្យ័កវង់ភ្លេងព្រះរាជទ្រព្យ។ ៥២៤ ស្រ្ដីគ្រប់លក្ខណ៍ទាំងសាមសិបមួយ ជាកេរលើកស្ទួយតម្លៃថ្លៃថ្លា ខាតលក្ខណ៍ដាច់លក្ខណ៍បុរាណលោកចារ ប្រតិបត្តិកិច្ចការនៅខ្វះចន្លោះ សម័យបច្ចុប្បន្ននារីរតនៈ គួរគិតពំនាក់តម្លៃថ្កើងថ្កាន លក្ខណ៍ណាល្អៗរៀបតាមលំអាន អនុវត្តតាមដានដើម្បីកិត្តិនាម។ ៥២៥ កាយរណ្ដៅដប់លេងបាយខុំ ប្រមូលគ្រាប់ដុំដាក់ក្បាលជីមឿង។ ៥២៦ កាតព្វកិច្ចស្វាមីភរិយា គ្រប់គ្រង ថែរក្សា ការពារ រួមគ្នាបង្កើតសុភមង្គល។ ៥២៧ លេខបី(៣)តំណាងគុណបីថ្លៃថ្លា គុណម្ដាយ គុណមាតា គុណព្រះមាតា គុណឪពុក គុណបិតា គុណព្រះបិតា គុណលោកគ្រូបាអាចារ្យ គុណអ្នកគ្រូអាចារ្យ គុណរាជគ្រូធម្មាចារ្យ គុណអ្នកផ្ដល់វិជ្ជាការ គុណលោកអ្នកសប្បុរសធម៌។ ៥២៨ បាកាង បាថយ ប្រែក្លាយបាធាយ រឿងពិតបរិយាយមកពីក្របី(៣) ប្រស្នាអោយយល់ត្រៃគុណថ្មមបី(៣) ហត្ថាត្រកងបី(៣)បមបំពេ។ ៥២៩ ចង្កឹះមួយគូធ្វើពីឫស្សី ចង្កឹះធនញ្ជ័យថ្វាយនំប៉ែនចុក ស្ដេចចិនមិនយល់អង្គុយសំកុក គំនិតសុកមម៉ុករកវិធីឆី។ ៥៣០ ខែមួយដួងខែនៅលើមេឃ ខែពីរជ្រៀតជ្រែកខែស៊ីដូង ខែបីដើមពពាលខែខ្ពស់ច្រូង ខែបួនរំលងចូលខែប្រាំ។ ៥៣១ ផ្លែជាប់ដើមដណ្ដើមជាប់សាច់ សំដីបង្កាច់ថែមផ្លែផ្កា ចង់កាប់ឆ្ការនឹកផ្លែកាំបិត។ ៥៣២ ហេតុមិនទាន់ជាក់ប្រញាប់តែក្រោធ អាងបោះអាងចោទអាងមាឌខ្លួនធំ។ ៥៣៣ សីលធម៌គុណធម៌មិនអាស្រ័យអាយុវណ្ណៈ ទោះបុណ្យឡើងហួសស័ក្តិមិនជំពាក់នឹងសីលធម៌គុណធម៌។ ៥៣៤ ក្រឡាហោមគង់នាមត្រឹមឧកញ៉ា បូជាសង្ខារទាមទារឯករាជ្យ។ ៥៣៥ រិទ្ធពិតនៅទេវតា ប្រាជ្ញានៅនឹងមនុស្ស។ ៥៣៦ បួសនេន សឹកមកហៅថា ជី បួសភិក្ខុ សឹកមកហៅថា អ្នកទេព។ ៥៣៧ សូរិយាទន់ទាបរាបអស្ដង្គត រស្មីរលត់ចន្ទចូលមកផ្លាស់។ ៥៣៨ សេចក្ដីព្យាយាម ស្រក់ញើសស្រក់ឈាម អស់ពេញមួយជាតិ ជួយកូនស្រីប្រុស បណ្តុះទាយាទ សាងឈ្មោះកុំឃ្លាត កិត្តិនាមគ្រួសារ។ ៥៣៩ ក្បឿងខ្មែររសាត់បាត់លែងប្រទះ ដំបូលប្រែម្ចាស់ប្រវត្តិសាស្រ្ដប្រែដាន ដីខ្មែរថ្ងៃនេះ ថ្ងៃមុខដីគេពុំខាន ស្រាវជ្រាវតាមដាន ព្រោះមានសំបកក្បឿងគេ។ ៥៤០ ថ្ងៃនេះព្រំដែននៅលើដីគោក ព្រំដែនថ្ងៃមុខមើលពីលើអាកាស។ ៥៤១ ឈើលក់ជាបន្ទះ ប្រែថ្លឹងជាគីឡូ កាប់ក្រញូងខំប្ដូរ លុយគេពីរបីលាន ក្រញូងឈើល្អប្រែក្លាយជាវិមាន ពិភពលោកភ្ជាប់ស្ពាន ដឹកពេជ្រកោដិលានទៅអោយស្រុកគេ។ ៥៤២ តារារះនាទិសនិរតី ឆ្នេរខ្សាច់ប្រិមប្រ័យ ចិញ្ចឹមកូនចៅរាប់រយតំណ ឈ្មួញមិនសំចៃបូមយកខ្សាច់ស ម្ចាស់ស្រុកក្រីក្រ អស់ឆ្នេរកូនចៅបានអ្វីរស់រាន។ ៥៤៣ កាប់ក្បាលអ្នកតាលក់អោយគេ មន្ទីរហ្គីមេប្រមូលយកអស់ មនុស្សលោកចង់ស្គាល់ ចង់ឃើញ ចង់ស្រាវជ្រាវ ចង់រុករកកាយគាស់ តើមនុស្សទាំងនោះទៅមើលនៅកន្លែងណា។ ៥៤៤ ប្រយោជន៍ខ្លី ប្រយោជន៍បុគ្គល ជាតិពុលរលំរលាយ ប្រយោជន៍វែង ប្រយោជន៍សាធារណៈ ជាតិអច្ឆរិយៈចម្រុងចម្រើន។ ៥៤៥ ឡើងលើសុគតិ ចុះក្រោមអបាយភូមិ ឡើងលើចុះក្រោមសំរេចខ្លួនឯង។ ៥៤៦ ពុំបាច់វេចសម្ពាយរកអ្នកមានបុណ្យឯណា ក្រៅពីរំពឹងចិត្តខ្លួនឯងប្រកបដោយបុណ្យ។ ៥៤៧ បេះដូងទេវតាកើតមានក្នុងបុគ្គលណា បុគ្គលនោះ គ្រួសារនោះ ប្រទេសនោះនឹងរុងរឿង។ ៥៤៨ សច្ចៈ ខន្ដី កតញ្ញូ ស្មារតីគិតគូរ ប្រកាន់ខ្ជាប់ខ្ជួន។ ៥៤៩ ក្នុងនាមជាមាតាបិតា បំពេញកិច្ចការជាព្រហ្មហើយ កុំកន្ដើយរកពំនឹងដល់ខ្លួនវិញ។ ៥៥០ សីល សមាធិ បញ្ញា ត្រៃសិក្ខាឆ្ពោះទៅរកទីបញ្ចប់នៃទុក្ខ វិមុត្តិសុខគឺព្រះនិព្វាន។ ៥៥១ ហ៊ានចង់បានត្រូវហ៊ានលះបង់ បើនៅក្បង់គង់ទុក្ខជាប់ប្រាណ។ ៥៥២ គ្រប់ការចាប់ផ្ដើមតែងត្រូវបញ្ចប់ វេលាសំណព្វត្រូវខំរក្សា។ ៥៥៣ ត្រៀមរួចជាស្រេចទើបហ៊ានអនុវត្ត រៀបចំម៉ត់ចត់ទើបហ៊ានប្រថុយ។ ៥៥៤ សន្សំបារមីប៉ងជួបគ្រប់កប្ប ដល់បានត្រងត្រាប់បែរមិនព្រមស្គាល់។ ៥៥៥ គោរពមនសិការ ប្រសើរថ្លៃថ្លាជាងអានសៀវភៅឬស្ដាប់ពាក្យអប់រំ។ ៥៥៦ ឆ្កែជាប់ប្រឡៅទៅមិនបានឆ្ងាយ មនុស្សសេរីភាពពេញកាយកុំសុំប្រឡៅមកពាក់នឹងក។ ៥៥៧ សទ្ធាកើតឡើងត្រូវខំរក្សា បន្តចេតនាញ៉ាំងចិត្តអោយសប្បាយ។ ៥៥៨ ជួបជុំថ្ងៃនេះស្មានមិនដឹងថ្ងៃស្អែក យ៉ាងណាក៏ត្រូវបែកតែសុំជួបអោយមានន័យ។ ៥៥៩ មិត្តភាពអាចរសាត់ឆ្ងាយ តែសូមប្រែក្លាយជាបងប្អូន រាប់អានតទៅមិនសាបសូន្យ សាមគ្គីលើក្បូនគ្រួសារតែមួយ។ ៥៦០ មើលឃើញគេខុសកុំអាងខុសតាម ស្លាកស្នាមអាក្រក់ត្រូវជៀសអោយឆ្ងាយ។ ៥៦១ ប្រកួតដោយសមត្ថភាព ប្រសើរជាងមានប្រៀបដោយការវាយគេអោយរលំ។ ៥៦២ សង្វេគក្នុងសង្ខារធម៌ វក់វរក្នុងសង្សារវដ្ដ សម្បត្តិមនុស្សទេវតាកើនហើយក្សត់ សន្មត់ស្វែងនិព្វាន។ ៥៦៣ ខន្ធធ្លាប់កើត កំណើតធ្លាប់មាន រលឹកដោយញាណ បុព្វេនិវាសានុស្សតិ។ ៥៦៤ សតិបាត់ អកុសលលុក មោហៈបាំងមុខ កាមគុណអួសទាញ សតិបដ្ឋាន តាមដានខំរៀន រលឹកដល់ញាណ ចេញចាកជីវៈ។ ៥៦៥ ចេតសិកវិលវល់គ្មានដែនកំណត់ នាមធម៌រូបធម៌កើតរលត់ក្នុងសង្សារវដ្ដ។ ៥៦៦ ប្ដូរពីលោកិយលំអោនលោកុត្តរៈ ប្ដូរពីវិជ្ជាជីវៈលំអោនវិជ្ជាចាកជីវៈ។ ៥៦៧ ប្រស្នាបង្កប់ក្នុងទិសទាំងបួន [កើត]ឡើង[លិច]បាត់ផ្ទុយ[ជើង]គឺក្បាល[ត្បូង]។ ៥៦៨ ភាសាខ្មែរបើចេះចេះប្រាកដ ហ៊ានសន្មត់ហ៊ានកត់ហ៊ានប្រើប្រាស់ ភាសាឯកដោយឡែកជាតិចំណាស់ ចាំយ៉ាងច្បាស់ល្អល្អះភាសាគោល។ ៥៦៩ អវិជ្ជាកើតឡើងក្នុងសន្ដានចិត្ត បញ្ញាងងឹតមិនទាន់ភ្លឺ យល់មិនទាន់ ភាន់ច្រឡំ ដឹងតាមលឺ សភាវៈពិត បិទអារម្មណ៍ មិនយល់ហេតុ។ ៥៧០ មិនស្គាល់ទុក្ខ មិនយល់ហេតុ មិនច្បាស់ក្រឡែតព្រះនិព្វាន មិនឃើញផ្លូវ មិនរលឹកខន្ធ អតីតអនាគតមានរឿងអ្វី មិនជាក់ផល អវិជ្ជា បន្ដគ្នា កើតជាអ្វីទៀត កុំបីឃ្លាត នេះជាជាតិ នៃអវិជ្ជា។ ៥៧១ អវិជ្ជាជាបច្ច័យនៃសង្ខារ ខ្វះបុណ្យទៅអបាយភូមិ មានបុណ្យត្រឡប់មកទេវតា មានឈានកាលណាវិលចូលឋានព្រហ្ម វិលកើតវិលស្លាប់វិលព្រាត់វិលជុំ វិលគ្មានទ្រនំព្រោះអវិជ្ជា។ ៥៧២ នីវរណធម៌ចំណីលាបពណ៌ទ្រអវិជ្ជា សមាធិខំស្វែងវិជ្ជា យល់អរិយសច្ចៈគ្រប់គ្នាបណ្ដុះបញ្ញា។ (នីវណធម៌រួមមាន: កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា) ៥៧៣ ជីវិតឬសង្ខារ កើតមកកាលណាសន្សំអារម្មណ៍ តាក់តែងសាច់រឿងមូលផ្ដុំ ទុក្ខសុខសុខមនៅក្នុងចិន្ដា វិជ្ជាដែលចប់ត្រឹមឧបេក្ខា វិមុត្តចិត្តជ្រះថ្លា ចាកសង្ខារចាកទុក្ខទាំងពួង។ ៥៧៤ ធម៌ ធម្មជាតិនៃសច្ចៈ យល់ដឹងមិនខ្វាក់មិនងងឹត សម្រាប់គ្រប់គ្នាជរាឬក្មេងពិត ព្រោះដឹងជីវិតជាក់ច្បាស់មិនស្រមៃ។ ៥៧៥ អនិច្ចំ ទុក្ខំ អនត្តា ស្ដាប់លឺកាលណាមិនស្មើត្រាស់ដឹង។ ៥៧៦ សច្ចំមិនតបមិនមែនមិនដឹង សច្ចំចិត្តនឹងលែងសោយអារម្មណ៍។ ៥៧៧ សុខលើចិត្ត ទុក្ខក៏លើចិត្ត ពេលបានសុខយ៉ាងណា ពេលបាត់ទុក្ខក៏យ៉ាងនោះ។ ៥៧៨ ស្រ្ដីវិលអោយជុំជើងក្រាន ការងារធ្វើបានមិនថាក្នុងក្រៅ ជាឧត្តមភរិយាផ្ដល់ភាពកក់ក្ដៅ ចង្អុរទិសដៅការងារសង្គម។ ៥៧៩ មើលមេឃមើលផ្កាយពេលវង្វេងផ្លូវ ភរិយាខុសត្រូវចេះពិភាក្សា ម្ដាយមានបំណុលជួយដោះចរចារ នាំលោកមេបាជួបសុខក្សេមក្សាន្ដ។ ៥៨០ ស្រឡៅរឹងយកធ្វើតុទូ កូនស្រីរឹងរអ៊ូឧស្សាហ៍ណែនាំ។ ៥៨១ ថ្ងៃក្ដៅយកឆ័ត្របាំង ចិត្តក្ដៅភាន់ភាំងមិនប្រពៃ រក្សាខន្ដីសណ្ដោសអធ្យាស្រ័យ។ ៥៨២ គោដំបៅខ្នងត្រូវរកថ្នាំ រង់ចាំសះស្បើយភ្ជួររាស់បន្ដ។ ៥៨៣ គ្នាច្រើន បែកចែកការងារ ខ្លះដាំទឹក ខ្លះវិចអន្សម គ្នាររញ៉េចរញ៉ាចដូចស្រមោចក្រហម ជួយរៀបចានឆ្នាំង រួចលាងទុកដាក់។ ៥៨៤ ទោះឃ្លាតយ៉ាងណាក៏នៅរលឹក ទោះថ្ងៃយប់ព្រឹករក្សាភក្ដីភាព។ ៥៨៥ ឆ្អិនក្បាលចាំបន្ដិច ឆ្អិនកន្ទុយខ្លួនសព្វស្រេច ដួសចែកគ្នាញ៉ាំ។ ៥៨៦ ធ្វើស្រែនឹងទឹក កុំឈ្លក់នឹងសឹកប្រជាខ្លោចផ្សា។ ៥៨៧ ធ្វើស្រែទាន់ក្ដៅដី ស្រឡាញ់ស្រីត្រូវចិត្តស្មោះ ភក្ដី និង ទំនួលខុសត្រូវ។ ៥៨៨ មកតែម្នាក់ឯង ទៅវិញក៏តែម្នាក់ឯង តែមកដើម្បីនាំភាពសប្បាយរីករាយដល់អ្នកជុំវិញខ្លួនទាំងអស់។ ៥៨៩ រស់អោយគេស្រឡាញ់ កុំទោម្នេញអោយគេខ្នក់ចិត្ត។ ៥៩០ វាសនាចារមកអោយយើងខុសគេ ពិសេសប្លែកគេគ្មានអ្នកប្រៀបផ្ទឹម ព្រហ្មប្រឹងលិខិតមនុស្សប្រឹងញញឹម អនាគតសង្ឃឹមលើការព្យាយាម។ ៥៩១ ពស់ស្លាប់បន្សល់សាច់ស្បែក កង្កែបសំនៀងប្លែកកំដធម្មជាតិ។ ៥៩២ ធ្វើមនុស្សហ៊ានទទួលខុសត្រូវ ក្បាលច្រើនរស់នៅក្រោមដំបូលតែមួយ មានរឿងតិចច្រើនសាមគ្គីគិតជួយ កើយខ្នើយដណ្ដប់ភួយកក់ក្ដៅទាំងអស់គ្នា។ ៥៩៣ ក្អែកមួយហើរខុសគន្លង ហ្វូងក្អែករៀមច្បងហើរបង្ហាញផ្លូវ។ ៥៩៤ ខំមុជអោយជ្រៅ ព្យាយាមទៅអោយឆ្ងាយ។ ៥៩៥ ចុះទឹកក្រពើ ឡើងលើខ្លា ប្រវេប្រវ៉ារករបស់ការងារខ្លួន។ ៥៩៦ ឆ្នាំងសម្លមានតូចធំ ប្រមូលផ្ដុំប្រើតាមកាល។ ៥៩៧ ទាពូជទាបពិត ជើងតោងឡើងស្អិត ស្លាបហើរឡើងធ្នើរ។ ៥៩៨ ខឹងរៀនអត់ ខុសរៀនកត់ ចាំកុំភ្លេច។ ៥៩៩ ធុញថប់កុំស្រែកនាំអំពល់ គិតគូរឫសគល់ផ្លូវសប្បាយ។ ៦០០ បិទភ្នែកធ្វើខុស មានគេឃើញច្បាស់ ខិតខំប្រឹងដាស់ សតិគ្រប់ពេល។ ៦០១ រឿងដែលនាំទុក្ខត្រូវខំបំភ្លេច ឈឺយើងជានិច្ចមិនមែនគេផ្សេង រឿងដែលសប្បាយប្រឹងនិយាយលេង គ្រប់មនុស្សចាស់ក្មេងគេសើចជាមួយ។ ៦០២ បញ្ហាអ្នកណាក៏បានដឹង តើថ្មើរហ្នឹងហើយអ្នកណាជាអ្នកដោះស្រាយ។ ៦០៣ កាយចង់សំរាក ចិត្តមានះចេញចាក ក្រោកឡើងធ្វើការ។ (គំនិតចៅចាក់ស្មុគ) ៦០៤ ពស់ពីរព្រួសពិសដាក់គ្នាទៅមក ត្មាតហើរចុះជ្រករងចាំឱកាស។ ៦០៥ ខ្លួនមួយរងាញ័រញាក់ ខ្លួនពីរប្រទាក់រាំលេងកំសាន្ដ ខ្លួនច្រើនថ្កើងថ្កានប្រគុំបានជាតូរ្យតន្រ្ដី។ ៦០៦ អុជគេឆេះអត្មា ប្រឹងឧស្សាហ៍អុជខ្លួនឯង។ ៦០៧ ភ្លៀងធ្លាក់ជន្លេនចេញ ភ្លៀងរាំងស្ញេញជន្លេនចូលរូងអស់។ ៦០៨ ឃើញល្អគួរសួរ មិនគួរលួចកេងបន្លំ។ ៦០៩ ចេះស្ទាត់ចាំស្ទាក់ ចេះស្ទាក់រងចាំស្ទាត់។ ៦១០ បងប្អូនក្នុងពោះរួមកាយ ក្រៅពោះឆ្ងាយរួមចិត្ត សាមគ្គីស្និតពិតគ្រួសារធំ។ ៦១១ អក្សរផ្ចង់ មនុស្សទៀងត្រង់ តម្រង់ផ្លូវត្រូវ។ ៦១២ ស្រឡាញ់ខ្ចោះ ស្រណោះធ្លុះធ្លាយ សំពាយរនាំង ប្រាថ្នាឧត្តម សន្សំភាពឥតខ្ចោះ ប្រឡោះធំរួមតូច។ ៦១៣ ម្ចាស់ការទទួលខុសត្រូវ មិនអាស្រូវរកលេសបន្ទោស។ ៦១៤ ភាសិត តែងសុនាំសុខ តែងទុនាំទុក្ខ។ ៦១៥ លំអោនកាន់តែទាប តម្លៃកាន់តែខ្ពស់។ ៦១៦ រដូវមកដល់ខំធ្វើបុណ្យ រដូវមិនទាន់ពុំរលឹក។ ៦១៧ សេចក្ដីមរណៈមិនបានត្រៀមទុក គំរោងថ្ងៃមុខត្រូវធ្វើថ្ងៃនេះ។ ៦១៨ កំឡុងពេលដែលលំបាក ជាឱកាសល្អសម្រាប់សាកហ្វឹកហាត់ចិត្តអោយចេះអត់ធ្មត់។ ៦១៩ មនុស្សមានចិត្តរកបានដោយកម្រ យល់ល្អធ្វើជាមនុស្សមានចិត្តខ្លួនឯង នោះនឹងរកបានមួយដោយស្រួល។ ៦២០ កុំរំភើបនឹងភាពសប្បាយ កុំខ្វល់ខ្វាយនឹងទុក្ខញ៉ាំញី តែត្រូវរកវិធីដោះស្រាយវិញ។ ៦២១ ស្ទឹងវាសនា គេថាកុំឆ្លង ព្រោះវាជ្រៅ ខ្ញុំប្រឹងដើរទៅ ឃើញថារាក់ ជាក់នឹងអត្មា។ ៦២២ បញ្ចប់ដោយភាពតស៊ូ ជាគំរូសម្រាប់ការចុះចាញ់ដោយការលះបង់។ ៦២៣ វិរៈជនកើតពេលមានការគាបសង្កត់ វិរៈជនតែមួយគត់ជារូបអ្នក។ ៦២៤ ជឿជាក់លើខ្លួនឯង សម្ដែងចេញនូវអ្វីដែលអ្នកដទៃមិនមាន។ ៦២៥ សុំខុសតែម្ដង មិនអោយឆ្គងជាលើកទីពីរ។ ៦២៦ ចែកគ្នារស់ព្រោះជាមនុស្ស ដណ្ដើមគ្នារស់ព្រោះគ្មានមនសិការ។ ៦២៧ ការងារសុចរិតប្រឹងដោយកម្លាំង បោកគេមួយក្ដែងគង់ចាញ់អត្មា។ ៦២៨ កំពូលនៃគុណធម៌ មិនញាប់ញ័រនឹងសំណូក។ ៦២៩ អាយុខៃចុះព្រោះបាត់មនសិការ អាយុខៃឡើងកាលណាព្រោះចេះភ្ញាក់រលឹក។ ៦៣០ បង្វិលពពិល នាគបើកពពារ ពពកផ្ដុំគ្នា ជាម្លប់សុខសាន្ដ ភិរុណបង្អុរ ប្រោះព្រំសន្ដាន ភុជង្គភូមិដ្ឋាន ផ្ដល់ទឹកអម្រិត។ ៦៣១ សំដីក្អេងក្អាងធំពិត តែល្អិតដូចក្អាត់ក្នុងក្អម។ ៦៣២ សំដីអសុរសមានដប់ សំដីពិរោះល្អគាប់មានរាប់រយ។ ៦៣៣ វាចាប្រពៃ សំដីថ្លៃថ្នូរ ត្រកូលឧត្តម។ ៦៣៤ ទឹកមុខញញឹម សង្ឃឹមក្នុងចិត្ត គ្រប់គ្នាជាមិត្ត ស្និទ្ធស្នាលសាមគ្គី។ ៦៣៥ ត្បូងជើងបំបែក រហែកជាពីរ ជើងត្បូងសាមគ្គី អង្គស្ដែងលែងប្រាណ។ ៦៣៦ ជំហររឹងមាំដូចសសរស្ដម្ភ ទ្រេតដួលរលំព្រោះតែគ្មានឫស។ ៦៣៧ ក្មេងចាស់ប្រុសស្រី រាស្រ្ដក្សត្រមន្ត្រី មួយថ្ងៃ២៤ម៉ោងស្មើគ្នា។ ៦៣៨ វេលាកន្លងមិនរងចាំ សស្រាក់សស្រាំបង្កើនវេលា។ ៦៣៩ កើតមកមួយជាតិ សល់ធាតុមួយចាន ញាតិមិត្តសន្ដាន ឆ្លាក់ចាំមិនភ្លេច។ ៦៤០ ជរារោគា ពេលដល់វេលា មិនអាចហាមប្រាម ទោះមានឬក្រ គ្មានអ្វីខុសប្លែក។ ៦៤១ ក្រុងស្រែចំការ ប៉ះភ្លើងកាលណា រលាកដូចគ្នា គួរគិតគេឯង ថ្នមមនោសញ្ចេតនា។ ៦៤២ គ្រាប់ខ្សាច់ច្រើនសន្ធឹក ពេជ្រគ្រប់ទឹកកម្រថ្លៃ តម្លៃមនុស្សឯក។ ៦៤៣ បរមត្ថបារមី លះបង់ជីវិតដើម្បីអ្នកដទៃ។ ៦៤៤ មិនថាអ្នកណាធ្វើចិត្តអោយរបួស ធ្វើពេទ្យសង្គ្រោះព្យាបាលខ្លួនឯង។ ៦៤៥ ទុក្ខពិតស្អិតប្រាណ រុញច្រានជួបសុខ។ ៦៤៦ ស្រឡាញ់អោយដូចពេលទើបតែជួប គោរពអោយដូចពេលដែលស្រឡាញ់។ ៦៤៧ ហិង្សាផ្លូវចិត្ត ដោយសារសំដី ហិង្សាចិត្តកាយ ត្រូវជៀសអោយឆ្ងាយ។ ៦៤៨ អណ្ដាតត្រជាក់នាំក្ដីមនោរម្យ អណ្ដាតភ្លើងងំរោលរាលខ្លោចចិត្ត។ ៦៤៩ ពូជព្រាបសគង់មានពពាល មានលុយរៀលគង់ចាយដុល្លារ ជម្រើសយ៉ាងណាអាស្រ័យបុគ្គល។ ៦៥០ មិនឈានទៅមុខ មានន័យថយក្រោយ គួរកុំបណ្ដោយ អោយពេលកន្លង។ ៦៥១ ទាន់មានពលំ កុំរាំងគោលដៅ ជិណ្ណកាយហ្មងសៅ ចង់ទៅមិនដល់។ ៦៥២ ល្បីល្បាញល្បងល្បែង ស្ញប់ស្ញែងស្ញោរស្ញូញ។ ៦៥៣ ចាញ់មិនស្រដី ឈ្នះដោយខន្ដី វិជ័យមង្គល។ ៦៥៤ ពាក្យសម្ភាពន៍ត្រងហើយគិត ពាក្យស្ថាបនាពិតត្រាប់ហើយគុណ។ ៦៥៥ កំហុសអ្នកដទៃ មិនគួរលកលៃ ជាលេសការពារកំហុសខ្លួន។ ៦៥៦ ធ្មេញសេះ ធ្មេញត្រី ធ្មេញក្របី ធ្មេញមនុស្ស ធ្មេញទាំងនោះ សុទ្ធតែធ្មេញ តែមិនសុទ្ធតែធ្មេញ។ ៦៥៧ បើធ្វើដូចបាននិយាយ បើងាយអនុវត្តដូចបានទូន្មានគេ ប្រពៃ។ ៦៥៨ យើងសើចយើងសុខ យើងយំយើងទុក្ខ។ ៦៥៩ មាសប្រាក់មិនអាចទិញភាពសប្បាយ គួរកុំចំណាយពេលវេលាកើតទុក្ខ។ ៦៦០ ព្រមចាកចេញ ពីភាពងងឹត ទើបផ្ដើមគិត ស្វែងរកពន្លឺ។ ៦៦១ ចង់ពូកែលើជំនាញណា ត្រូវសួរខ្លួនឯងថា ថ្ងៃនេះមានបង្កើនជំនាញនោះសម្រាប់ខ្លួនឯងឬនៅ។ ៦៦២ រៀនម្សិលមិញជារឿងកន្លង ថ្ងៃនេះម្ដងរៀនសារជាថ្មី។ ៦៦៣ គ្មានអ្នកពូកែឯណា ដោយមិនបានរៀន គ្មានស្ពានឯណា ដោយមិនបានសង់។ ៦៦៤ ប្រឹងអស់លទ្ធភាព លទ្ធផលខ្ពស់ទាប សុខចិត្តសុខកាយ។ ៦៦៥ មួយវិនាទីនៃក្ដីសង្ឃឹម មួយវិនាទីសំរេចក្ដីប្រាថ្នា។ ៦៦៦ ថ្ងៃចុងបញ្ចប់ ត្រឡប់ភ្ញាក់ ជំពាក់ចិត្ត គិតដល់វេលាដែលសេសសល់។ ៦៦៧ មួយថ្ងៃនៃមិត្តភាព មួយថ្ងៃនៃក្ដីស្រឡាញ់ មួយថ្ងៃនៃជីវិត។ ៦៦៨ ស្រឡាញ់បុគ្គលណា មិនដែលប៉ងថាធ្វើអោយបុគ្គលនោះឈឺចាប់។ (ឪពុក ម្ដាយ បងប្អូន មិត្ត អ្នកដទៃ...) ៦៦៩ ដប់ឆ្នាំយ៉ាងយូរមានប្រាំពីរដង ដឹងគុណតបស្នងចេញពីសន្ដានចិត្ត។ ៦៧០ ដឹងច្បាស់ថាគ្មានថ្ងៃស្អែក ស្វះស្វែងបែងចែក វេលាថ្ងៃនេះសម្រាប់គ្រប់គ្នា។ ៦៧១ ព្រះពាយផាយផាត់ល្អងធូលី កង្ហារអគ្គិសនីបែរបញ្ច្រាស់ទិស។ ៦៧២ ទទួលទានអោយរស់ រស់អោយមានន័យ។ ៦៧៣ មហាព្យុះសង្ឃរាកក្រើកដី មច្ឆាលកលៃរស់តាមធម្មតា។ ៦៧៤ មនោគមន៍បញ្ឆោត គំនិតខ្លៅឆោត យកអនុវត្ត។ ៦៧៥ សំដីគប្បីពិចារណា ញុះញង់សរសើរអស្ចារ្យ បានស្ដាប់កាលណា ត្រូវចេះរិះគិត។ ៦៧៦ វេលាទៅមុខជីវិតរួញថយ បណ្ដោយពេលចាយជីវិត។ ៦៧៧ តារាអួតគ្នាប្រឹងចេញពន្លឺ ចន្ទ្រាបំភ្លឺស្បៃរាត្រីកាល។ ៦៧៨ ហ៊ានប្រថុយត្រូវមានជន្ទុល ពេលរុលទើសផ្លូវត្រូវខំដោះស្រាយឬរកផ្លូវថ្មី។ ៦៧៩ ទោះគេប្រឹងមងអូសត្រី គង់សល់ត្រីជាប់នុយសន្ទូច។ ៦៨០ សាបព្រោះដកស្ទូងនឹកគ្រាប់ស្រូវ ស្រូវទុំចាបជុំពាំទៅឆ្អែតក្រពះ។ ៦៨១ ពេលមានរលឹកក្សត់ ពេលអត់រលឹកក្សេម។ ៦៨២ ត្រីជាប់សន្ទូចព្រោះតែនុយ មនុស្សស្រឡាញ់លុយជាប់សន្ទូចជីវិត។ ៦៨៣ ធ្លាក់អន្លង់ភក់ ប្រញាប់ងើប ទើបផុតទុក្ខភ័យ នៅត្រាំរ៉ាំរ៉ៃ សោកាតែឯង។ ៦៨៤ ចេញពីផ្ទះពាក់ក្រវាត់ក ឃើញអំណោយល្អជាប់ក្រវាត់កល់។ ៦៨៥ ពស់សកស្រកាភ្លឺថ្លាក្រៃ ទំពាំងក្លាយជាឫស្សីមាំហើយរឹង កូឡាបប្រឹងរីកជ្រុះលំអង។ ៦៨៦ ចាបចាកសំបុកពេលព្រលឹម រកចំណីចិញ្ចឹមបុត្រស្ងួនភ្ញា ព្រលប់វិលចូលទ្រនំសោភា កូនចាបប្រែក្លាយជាកូនក្ងោក។ ៦៨៧ តោចាប់ដៃខ្លាសង្ឃឹមប្រហារម្រឹគ ក្បួនប្រហារមិនថ្នឹក ម្រឹគរត់បាត់ ស្ងាត់មាត់ជ្រាប។ ៦៨៨ ទឹកដប់ប៉ោតបានមួយពាង ទឹកមួយរយត្រឡោកគង់បានមួយពាង។ ៦៨៩ ចន្ទ្រាត្រឹមខ្ពស់សន្លឹម ប្រៀបផ្ទឹមនឹងមនុស្សខ្ពស់ហើយខ្ពង់។ ៦៩០ ឆ្ងាញ់ក៏មួយចំអែត មិនឆ្ងាញ់ក៏មួយចំអែត។ ៦៩១ អ្នកក្សត់ប្រើឆ្នាំងដី សេដ្ឋីប្រើឆ្នាំងស្ពាន់ តស៊ូខិតខំព្យាយាមសន្សំជីវភាពបានគ្រាន់ ប្រើឆ្នាំអគ្គីសនី។ ៦៩២ បន្ទោសអោយផ្កាប់ ណែនាំប្រាប់អោយផ្ងារ សំដីទ្រគោះហិង្សា ពិចារណាគួរឬពុំគួរប្រើ។ ៦៩៣ ខុសច្រើនកុំទៅ ត្រូវតិចគួរយក។ ៦៩៤ គំនូសចរាចរណ៍លើទ្រូងផ្លូវ ភាពទទួលខុសត្រូវនៅនឹងខ្ញុំ។ ៦៩៥ មនសិការជាគ្រូ គំរូល្អគឺរូបខ្ញុំ។ ៦៩៦ បណ្ឌិតមិនដែលឃើញកំហុសអ្នកដទៃ ពាលខំលកលៃយកជាកម្លាំងផ្ចាញ់។ ៦៩៧ មួយជំហានទៅមុខសម្លឹងចុងជើង ពីរជំហានទៅមុខសម្លឹងឆ្វេងស្ដាំ ប្រាំជំហានទៅមុខសម្លឹងគោលដៅ។ ៦៩៨ ផ្ដើមផ្អែម ថែមផ្អូម។ ៦៩៩ យឺតលើផ្លូវត្រូវ លឿនលយហួសលើផ្លូវខុស។ ៧០០ ការងារខ្ជីខ្ជា នាំពេលវេលាខ្ជះខ្ជាយ។ ៧០១ រូបកាយធ្លុះធ្លាយ ព្រលឹងពង្រាយពេញពសុន្ធរា។ ៧០២ ភ្នំភ្លើងគង់ផ្ទុះ ភរភ្លយគង់ផ្ទាន់។ ៧០៣ ធនក្សត់ទ្រទួល ធានមកដល់ឫកក្អេងក្អាង ប្រុងគ្រប់យ៉ាង ប្រៀបគ្រប់ពេល។ ៧០៤ ហុចចបអោយមួយ ជួយកាប់ដីអោយ។ ៧០៥ កងទ័ពនៅក្នុងដៃ រាជ្យបញ្ជាឥតមានន័យ។ ៧០៦ រស្មីខាងមុខ រត្តិចរខាងក្រោយ។ ៧០៧ លាក់ចំហេះ ភាយចំហាយ។ ៧០៨ ជឿសំដី ខ្ចីគំនិត ពិចារណាពិត ហេតុផលលេចច្បាស់។ ៧០៩ មិនគួរប្ដូរជីវិតនឹងរបស់មានតម្លៃ ព្រោះជីវិតមានតម្លៃឥតគណនា។ ៧១០ សេចក្ដីពេញចិត្តនឹងកំពូលភ្នំមួយ មិនអាចជួយអោយស្គាល់សោភ័ណនៅភ្នំដទៃ។ ៧១១ ក្បាលរទេះភ្លើងបរខុសផ្លូវ កន្ទុយវាត់ទៅរកជ្រោះជ្រៅ។ ៧១២ កើនតែលុយ តែស្អុយគ្រប់ភូមិ។ ៧១៣ ឯករាជ្យសើ្មភាព មិនបន្ទាបក្រោមម្នាក់លើមនុស្សមួយនគរ។ ៧១៤ ចេះច្បាប់អោយឆ្អិន ច្បាប់កិនមិនបាន។ ៧១៥ កាប់ដើម បណ្ដុះពូជ ស្រោចទឹក តំណឫស។ ៧១៦ នាំទៅស្គាល់ ដៃប៉ះផ្ទាល់ ភ្នែកភ្លឺច្បាស់។ ៧១៧ បង្កើនមេត្តា ករុណា ក្ដីស្រឡាញ់ លះការផ្ចាញ់ លែងគំនុំ។ ៧១៨ គ្រួសារមិនដែលឃ្លាត ញាតិមិនដែលចោល។ ៧១៩ ហត្ថាប្រណម្យមានន័យគោរព ន័យពីរបង្កប់គឺសូមអង្វរ។ ៧២០ ចូលក្នុងរូងខ្លា សិក្សាក្បួនប្រមាញ់។ ៧២១ ចូលក្នុងរូងភ្នំ សម្ងំរកបរមសុខ។ ៧២២ ថ្ងៃនេះចង់ទៅលេងសមុទ្រ ថ្ងៃស្អែកប្រាកដចង់ទៅទស្សនាប្រាសាទ។ ៧២៣ ប្រាណយើងព្រលឹងគេ មួយជីវិតរេរកខ្ញុំ។ ៧២៤ នៅក្មេងភ្លេចសីល ចាស់សូត្រធម៌រអិល សីលហោះតាមសម្លេង។ ៧២៥ គន្លងធម៌មិនសម្រាប់តែមនុស្សចាស់ ជីវិតខ្លីណាស់គួរខំស្វែងយល់។ ៧២៦ និយាយអាក្រក់ពីគេ បង្ហាញកេរ្ដិ៍ខ្លួនឯង។ ៧២៧ ជាន់បន្លាទើបដឹងឈឺ ឃើញពន្លឺទើបស្គាល់ងងឹត។ ៧២៨ សន្សំពូជប្រេត ចំអែតពូជកម្ម។ ៧២៩ ម្ដាយស្ដីឪពុកថាខឹងសំបារ គ្រូប្រៀនព្រះសង្ឃប្រាប់ស្ដាប់ជក់ចិត្ត។ ៧៣០ ភ្នែកឃើញអោយគិត ចិត្តល្អគួរសន្សំ។ ៧៣១ មនុស្សស្លាប់ព្រោះអត់អាហារ យ៉ាងណាមិញកុំសោយអាហារអាក្រក់នាំអោយពាលរស់។ ៧៣២ ឆ្អែតបាយបែរណាយអង្ករ ស្អែកនឹងរកអង្ករដាំបាយ។ ៧៣៣ មេធាវី មាននាទី រកយុត្តិធម៌ បើបេះដូងជ័រ គ្រាន់ការពារក្ដី។ ៧៣៤ កាន់ពេជ្រទៅប្ដូរដុំថ្ម យកមកលម្អសិលុច្ច័យ។ ៧៣៥ លះបង់មួយជីវិត កុំដើម្បីលិខិតមួយសន្លឹក។ ៧៣៦ សំលេងពិរោះនៅករវិក ចម្លាក់ចារឹកថ្នឹកនៅដៃ។ ៧៣៧ ពឹងយថាកម្មផ្ដាំព្រហ្មលិខិត ពឹងការតាំងចិត្តជីវិតជារបស់ខ្លួន។ ៧៣៨ ឃើញឧបសគ្គជាឱកាស រកឃើញច្បាស់គំហើញថ្មី។ ៧៣៩ ទុកឱកាសអោយអ្នកដទៃបញ្ចេញមតិ គឺទុកឱកាសអោយខ្លួនឯងបានស្វែងយល់ពីគំនិតថ្មីៗ។ ៧៤០ ស្ដាយលាភ បន្ទាបកិតិ្តយស ខូចឈ្មោះ ព្រោះក្បត់ឧត្តមគតិ។ ៧៤១ មិនចេះក៏ធ្វើបាន ព្រោះរាប់អានអ្នកដែលចេះ។ ៧៤២ មិនចេះរៀនអោយចេះ កើនចំណេះចេះច្រើនមុខ។ ៧៤៣ ចងគំនុំ រុំចំណង ចងគំនិត ស្រាយវិបត្តិ ដោយខន្ដី។ ៧៤៤ យកបន្លាចេញពីផ្លូវ ចាំបរទៅសាបគ្រាប់ពូជ។ ៧៤៥ អលីនតាចេតនាដល់សម្រេច។ ៧៤៦ ផ្គរលាន់ឯនាយ ធ្លាយភ្លៀងផ្ទះឯង។ ៧៤៧ សំពាយទ្រព្យ កំណប់បុណ្យ។ ៧៤៨ កូនម្ជុរមុតស្រួច ចាក់ផ្ញុចឈឺដល់ប្រសាទ។ ៧៤៩ ទំពាំងឈ្លក់ម្សៅ ដំបៅពូជឬស្សី។ ៧៥០ ផ្ដេកផ្ដួលជ្រួលច្រាលក្បាលសេះខ្លួនដំរី។ ៧៥១ កំដៅធ្វើអោយឆ្អិន កំណកប៉ិនឆ្អិនដូចគ្នា។ ៧៥២ មួយជំហានសុនក មួយជំហានដំរី ជំហានទីទៃ ខ្ចីផ្លូវតែមួយ។ ៧៥៣ បក្សីហើរចុះពីទ្រនំខ្ពស់ ហេតុពីព្រោះរស់ដោយចំណីនៅទីទាប។ ៧៥៤ គ្រាន់តែក្រឡេកយល់ជាក់ តែមិនជំពាក់នាំរឿង។ ៧៥៥ រស់ដោយសារចំណី ស្លាប់ក៏ដោយសារចំណី។ ៧៥៦ វិនិយោគបង្កប់ នយោបាយភ្ជាប់។ ៧៥៧ មេទ័ពបញ្ជាពីឋានទេវតា កងពលខ្លាំងក្លានៅឋានកណ្ដាល។ ៧៥៨ ដែនទឹករលឹកត្រី ដែនដីរលឹកជាតិ។ ៧៥៩ ថ្មរស់ព្រោះឥសីមាត់ទិព្វ។ ៧៦០ អ្នកមានតែក្រ អ្នកក្រតែមាន។ ៧៦១ ចែកធម៌សន្សំបុណ្យ លក់ធម៌សន្សំបាប។ ៧៦២ កាបមួយជាសម្លេង កាបពីប្រជែងធ្វើជាខែ្ស កាបបីរិតថែជាប់រទេះ កាព្យបួនជួនចេះ កាកគតិ។ ៧៦៣ ជាតិមួយជាជាតិកំណើត ជាតិពីរកកើតជាតិទឹកដី ជាតិបីមានន័យមានរសជាតិ ជាតិបួនជួយជាតិមុនមរណា។ ៧៦៤ ភក់មួយជាភក់ជ្រាំ ភក់ពីរមាំទាំគឺថ្មភក់ ភក់បីនរកនៅអបាយ។ ៧៦៥ ម៉ែឳគិតកូនមួយឆ្នាំទល់មួយឆ្នាំ ម៉ែឳរងកម្មកូនគិតត្រឹមតែ១៥ថ្ងៃ។ ៧៦៦ សម័យពុទ្ធកាលធ្វើបុណ្យអោយប្រេត៣៦៥ថ្ងៃ ចម្លែកសព្វថ្ងៃម្ដេចប្ដូរស្រលះ។ ៧៦៧ កមួយជាតួដំបូង កពីរអើតច្រូងខ្ពស់ដូចកុក កបីនាំសុខផ្ដើមកើតភាពអច្ឆរិយៈ។ ៧៦៨ ទាន់ខែមិនទាន់ងងឹត គួរប្រព្រឹត្តអំពើជាកុសល។ ៧៦៩ ទ្រាំអង្គុយលើភ្លើងគង់រលាក សុខចិត្តស្ម័គ្រចិត្តងាកគង់សុខក្សេមក្សាន្ត។ ៧៧០ និមិត្តរូបទុកគ្រាន់រំលឹកឬជាប្រស្នា ការអនុវត្តន៍ខុសត្រូវយ៉ាងណា អាស្រ័យសុភវិនិច្ឆ័យ។ ៧៧១ មានភ្នែកតែងងឹត ត្បិតមានត្រចៀកតែថ្លង់។ ៧៧២ អ្នកកាន់ចង្កូតតំរង់ចុះជ្រោះ អ្នកហៃអើជ្រុលជ្រោះគង់ធ្លាក់ផ្លូវ។ ៧៧៣ ក្សត្រជានរណា ជាអ្នកមានបញ្ញា ជាអធិបតី ជោគជ័យលើឥន្ទ្រិយទាំងប្រាំ។ ៧៧៤ បុគ្គលណាចេះគ្រប់គ្រងខ្លួនឯង បុគ្គលនោះជាអធិបតីលើខ្លួនឯង។ ៧៧៥ បេតីនឹងសេចក្ដីអាក្រក់ សេចក្ដីនោះឆក់នាំចិត្តអោយអាក្រក់ដូចគ្នា។ ៧៧៦ ឥន្រ្ទិយទាំងប្រាំមួយរលត់បាត់ ពិភពលោកស្ងាត់គ្មានស្រមោល។ ៧៧៧ ដំកល់ចិត្តចាកឥន្ទ្រិយ អរិយមគ្គកើតឆ្ពោះទៅកាន់អរិយផល។ ៧៧៨ ទីពឹងញាតិ ញាតិឃ្លាតចាកឋាន ទីពឹងប្រាណ ប្រាណបែកធ្លុះធ្លាយ។ ៧៧៩ សេដ្ឋីភ័យអោបទ្រព្យ មាណពជ្រះថ្លាដោយធម៌។ ៧៨០ អំណាចទ្រាប់បាតខ្ពស់ផុតវេហា អស់បុណ្យពេលណាទាបជាងប្រជា។ ៧៨១ បុគ្គលល្អ មានញាតិកំដ។ ៧៨២ សញ្ញារលត់ ការចងចាំរលាយ។ ៧៨៣ វង្វេងជាតិ ឃ្លាតមាតុភូមិ។ ៧៨៤ យកសតិជាចក្ខុ មិនអោយខុសហួសគន្លង។ ៧៨៥ និស្ស័យសន្សំ អោយជួបអោយជុំ ទោះរំលងទ្វីប។ ៧៨៦ បំបែកអង្គ ផ្ចង់ចិត្ត។ ៧៨៧ រស់ដោយសាមញ្ញអោយតែសប្បាយ ខ្វល់ខ្វាយនាំទុក្ខស្មុគក្នុងគំនិត។ ៧៨៨ ទំនួញប្រេតដង្ហើយហៅ កូនអើយអ្នកនៅរងខ្លោចផ្សា ឧទ្ទិសមគ្គផលជូនញាតិការ រួចចាកទុក្ខាដល់បរមសុខ។ ៧៨៩ ភ្ជុំអោយជួបពូតក្លាយជាបិណ្ឌ អង្ករក្លាយជាបាយឆ្អិនក្រោមពន្លឺភទ្របទ។ ៧៩០ បាយមួយបិណ្ឌសម្លមួយស្រាក់ អារាមវាល់វាក់ចំណីហូរហៀរ គ្រាន់ជាប្រស្នាផលនៃសាមគ្គីភាព។ ៧៩១ ចែកបាយដល់មនុស្សរស់ ឧទ្ទិសដល់ប្រេតស្លាប់ ឆាប់បានកើតទាន់ព្រះអរិយបុគ្គល។ ៧៩២ កុំលោភលន់នឹងអទិន្នភណ្ឌ កម្មមកជាន់អោយលិចលង់។ ៧៩៣ ចាកចោល សម្ផស្ស រស សម្លេង ក្លិន ផោដ្ឋព្វ តម្កល់ភាពស្ងប់ចប់លែងខ្វាយខ្វល់។ ៧៩៤ កតញ្ញូតបគុណ ជាមហាកុសល បារមីនាំដល់ ដែនដីអមតៈ។ ៧៩៥ សេចក្ដីប្រាថ្នាតែងអន្ទោងចិត្ត វិលវល់គំនិតក្នុងច្រកចង្អៀត។ ៧៩៦ ជម្រើសក្មេងខ្ចីនាំក្ដីភ្លាត់ភ្លាំង ទុក្ខសោករារាំងសម្រាប់ដាស់តឿន គួរបន្ថែមល្បឿនដំណើរវែងឆ្ងាយ។ ៧៩៧ រវល់ព្រោះអត្មា ឆ្លើយដោះសារភ្លេចនឹកព្រហ្ម។ ៧៩៨ មេកាព្យមេបួន ម៉ែព្រហ្មមុខបួន តាំងខ្លួនជាមេ។ ៧៩៩ កំណើតធនញ្ជ័យ ខែពេញបរមី ពូជជ័យសោមវង្ស។ ៨០០ មាតាធិបតេយ្យ មេនាគឈ្មោះអ្វី ពង្សវង្សសោមា បើតាមតម្រា នាមទិព្វសេដាច័ន្ទ។ ៨០១ ព្រហ្មមួយជាមេ ព្រហ្មមួយជាក្សត្រ បួនត្រួតបួនចេញបថ្យាវដ្ដ ដំណើរវិវត្តន៍រក្សាមាតុភូមិ។ ៨០២ ក្រពើបែរឆីកំពឹស មនុស្សបែរឆីក្រដាស់ ដែនទឹកចំណាស់ ផ្លាស់គោករាំងស្ងួត។ ៨០៣ កាយស្លាប់ ជាតិរស់ ព្រោះស្នេហាជាតិ។ ៨០៤ ប្រាសាទថ្មដា ចាររឿងនគរ អក្សរក្ដាមឈរ វារពេញក្រដាស់ កូនខ្មែរមិនយល់ បែរគេក្រលាស់ ព្រោះគេយល់ច្បាស់ ត្បិតបានស្រាវជ្រាវ។ ៨០៥ បំណងប្រាថ្នា ពូជជ័យផ្ញើសា បេះដូងទេវតា កតញ្ញូសាងដែនសួគ៌ា។ ៨០៦ ដើម្បីបំណងបួងសួងប៉នប៉ងសជាតិ បើកើតម្ដងទៀតកុំបីនឹងឃ្លាតដីខ្មែរ។ ៨០៧ ពូជជ័យកើតហើយ កើតពីដើមហេតុត្រល់និងអំបុក តែជ័យរងទុក្ខ សំរ៉ែចារទុកសន្សំបារមី។ ៨០៨ ផ្កាយយក្សធ្លាក់ចំផែនដី បុប្ផាលោកិយប្រែពណ៌ក្រហម រីឯដើមម្អមវារដុះលើភ្នំ ត្រីតូចប្រែក្លាយជាធំ ចំណែកព្រៃភ្នំប្រែជាវិមាន។ ៨០៩ បញ្ចសូរិយារះកណ្ដាលព្រៃ បំភ្លឺបុរីនាដែនចតុស្ដម្ភ។ ៨១០ កកើត ខត្រី គស្ដីឃរណី ងងក់ ចណាំង ឆពាំងរង្សី ជជីក ឈរជើង ញព្រៃញស្រី ដរដោះ ឋានបទ្ម ឌាហរោលរាលបី ឍុណ្ឍិ ណិងណុង តតាំងចេស្ដា ថាវរៈ ទទឹក ធនញ្ជ័យវាចា បរចេញ ផ្សព្វផ្សាយ ពរវល់ដឹងថា ភរមក្ខ យូរយារ រករឿងតម្រា លបើក វក្សត្រ សជាតិភ្លឺច្បាស់ ហដ្ឋចិត្ត ឡើងលើ អរអបចប់ហោង។ ៨១១ ភិរុណបង្អុរមេឃពណ៌ក្រហម ពពកសអមចំនិតចន្ទភ្លោះ ផ្គរលាន់គ្រឹមៗរន្ទះរងគ្រោះ បាញ់ទ្រនំខ្ពស់រាបផ្ទាល់ធរណី។ ៨១២ ចតុរារិយសច្ចៈ ទុក្ខ សមុទយ និរោធ មគ្គ។ ៨១៣ ធ្វើស្រែលើខ្នងគោ ប្ដូរទំពាំងដាក់លើរទេះ។ ៨១៤ អ្នកយាមការពារនគរ សម័យផ្លាស់ប្ដូរមកយាមនរក។ ៨១៥ បឹងកក់ប្រែឈ្មោះជាបឹងកប់ សំណល់សាកសពគេហដ្ឋាន ទំពាំងដែលដុះអំបាលមាន នឹងសាងភូមិឋានសារជាថ្មី។ ៨១៦ រតនៈសីហឋានសួគ៌ា ប្រើសឈ្លូសវេទនាក្នុងភក់ជ្រាំ។ ៨១៧ ស្រឡាញ់ជាតិមិនមែនបុគ្គល ទោះរសជាតិពុលចង់ផ្លាស់អោយផ្អែម។ ៨១៨ បទុមដុះពីភក់ មនុស្សងើបពីនរក បញ្ញាងើបចាកខ្លៅ។ ៨១៩ បឹងកក់ បឹងភក់ បទុមគ្រប់ពួក រីកសុះសាយ។ ៨២០ ថ្ងៃនេះវេទនាចិត្តកាយ ថ្ងៃមុខឆោមឆាយនឹងវិលត្រឡប់។ ៨២១ ម្ចាស់បឹងខំប្រឹងសាងទ្រនំ កុកហើរមកជុំវាតយកទី។ ៨២២ របស់ដែលបានមកដោយធម៌ មិនប្រឡាក់ជ័រកេងប្រវញ្ច។ ៨២៣ កុំដុតចិត្តអោយខ្លោច ព្រោះពិបាកស្រោចទឹកអោយរស់។ ៨២៤ យើងចង់រស់ គេក៏ចង់រស់ ព្រោះសុទ្ធតែជាជីវិត។ ៨២៥ សម្មាអាជីវៈ មិនជំពាក់មិច្ឆាអាជីវោ។ ៨២៦ ទំនាយមាន ជាស្ពាននៃក្ដីសង្ឃឹម។ ៨២៧ មនុស្សជំនាន់មុនក្រាលគ្រួសក្រហម មនុស្សជំនាន់ក្រោយហែហមក្រាលថ្នល់កៅស៊ូ។ ៨២៨ នគរខ្វះបណ្ឌិត ដូចមេឃងងឹតខ្វះពន្លឺ។ ៨២៩ អង្រុតក្រុងសត្វត្រី គុកដាក់ស្រ្ដី បង្កប់ក្នុងន័យសិរីបីប្រការ (សិរី=ស្រី)។ ៨៣០ នំប៉ែនចុកធ្វើពីអង្ករ សម្លរពីរមុខទុកជាប្រស្នា ប្រាជ្ញកើតពេលណា ជួយស្រាយបំភ្លឺ។ ៨៣១ ឥសីមាត់ទិព្វជិះលើរមាស មកសង្គ្រោះរាស្រ្ដដែលក្លាយជាថ្ម រមាស រាស្រ្ដមក ស្ដាប់ធម៌កម្រ រឿងរ៉ាវនគរដែលកប់ក្នុងភក់។ ៨៣២ ភ្នែកកណ្ដាលថ្ងាសគឺជាបញ្ញា បើកច្បាស់ភ្លឺថ្លាមិនអាចលាក់បាំង ឆ្លាក់តាមចម្លាក់ភ្នែកបីចែងចាំង ភ្នែកលែងអោយគាំងដោយអវិជ្ជា។ ៨៣៣ ក្បាលនាគបង្កប់នៅអង្គរតូច ដងខ្លួនពេនពត់ដូចកម្រងធ្នូ កន្ទុយឥន្ទនូនៅបន្ទាយសំរ៉ែ។ ៨៣៤ ករវិកចុងក្រោយសម្លេងខ្ទរខ្ទារ ញាក់ច្រៀងសម្ដែងជាទស្សនីយ នាគខ្មែរប្រុសស្រីវីវក់ឈ្លក់ទឹក។ ៨៣៥ តំណពូជពង្សអង្គព្រះចន្ទ្រា សោមវង្សនាមជានាងនាគពិសី តម្រាប្រាប់ថាទិព្វសេដាចន្ទថ្លៃ ជាពូជក្សត្រីដែនដីអច្ឆរា។ ៨៣៦ នាឡិជារង្វាស់នៃគុណធម៌ ជាខ្នាតបវរអោយនំប្រុសស្រី កុំធំហួសខ្នាតភ្លេចគុណតម្លៃ ហៀរកំពប់ដីប្រលាក់ធរណី។ ៨៣៧ នាឡិប្រាប់វិន័យនៅក្នុងគ្រួសារ ទាំងក្នុងសាសនា ទាំងរាជ្យបូរី ទាំងពុទ្ធចក្រ អាណាចក្រក្ដី មកដល់សព្វថ្ងៃស្គាល់ត្រឹមគ្រួសារ។ ៨៣៨ ពលរដ្ឋគ្រប់រូបកាន់សីលប្រាំ មនុស្សចាស់ផ្ដែផ្ដាំអោយក្មេងរៀន សមាធិភាវនាធ្វើជាស្ពាន កុំចាំវ័យឈានជិតរលត់។ ៨៣៩ ដឹងថាសុរាផ្ដល់ផលមិនល្អ តែប្រឹងកំដក្រពះមាសស្ងួន ស្រវឹងជោគជាំអស់លុយពីខ្លួន វិលមុខផ្ទួនៗប្រពន្ធកោសខ្យល់។ ៨៤០ នគរស្រីល្វោ ល្វតល្វន់កេន្នរអប្សរសួគ៌ា ដែនដីហ៊ូណនទន់ភ្លន់សោភា ទាក់ចិត្តគ្រប់គ្នាគយគន់មិនណាយ។ ៨៤១ ស្រៈេស្រៈែ កបាត់ខបែរ ប្រែបាត់រាសី ថចំកណ្ដាល ព្យញ្ជនៈ៣៣ ចាប់យកស្រៈៃ រែកដែនសុវណ្ណ។ ៨៤២ គ្រាប់ពូជមួយគ្រាប់ ដាំក្នុងមាតុភូមិ សាបព្រោះបែកគុម្ពលេចចេញពន្លក សំណាបសន្ទូងបៃតងល្អល្អូក បានផលជ័យជោគពូជស្រូវសុវណ្ណ។ ៨៤៣ ភាសាចារិកត្រូវពឹងបញ្ញា ភាសាអក្ខរាពឹងលើចក្ខុ។ ៨៤៤ កាំបិតកាប់សាច់នៅលើជ្រុញ កាប់មិនចេះធុញព្រោះសាច់ខ្ចី កាប់ដល់រឹលមុខសឹកទើបភ័យ កាំបិតអស់ន័យអស់តម្លៃ។ ៨៤៥ ព្រះខីណាស្រពតបទូន្មាន លះនន្ទិរាគៈប្រឹងរកស្ពាន អាវុធជាយានគឺប្រាជ្ញា។ ៨៤៦ ការយល់ឃើញគ្រាន់ជាទស្សនៈ កុំជាប់ជំពាក់នាំចិត្តរោលរាល។ ៨៤៧ ស្រឡាញ់ ខឹង សប្បាយ ស្អប់ កើតរលត់មិនចប់កុំហ្មងសៅ តម្កល់ចិត្តកណ្ដាលតាំងនៅ យល់ត្រូវថាជាធម្មារម្មណ៍។ ៨៤៨ ភ្នែកបិទ ចាប់គិត ដង្ហើមចេញចូល អារម្មណ៍ប្រមូលឈប់គិតគ្រប់យ៉ាង។ ៨៤៩ រុក្ខាបៃតងលើដែនមរុរហស្ថាន សន្សើមប្រៀបបានគ្រាប់ពេជ្រចរណៃ ទ្រទ្រង់សោភ័ណស្លឺកលាស់ត្រួយខ្ចី កំដលោកិយទាំងយប់ទាំងថ្ងៃ។ ៨៥០ សៀវភៅមួយក្បាល មើលពាក់កណ្ដាល បាត់ទីបញ្ចប់ ខំមើលអោយសព្វ ចប់ដោយបរិបូរណ៍។ ៨៥១ ខំស្ពាយរលួស ដើរហួសផ្លូវ ទូកចេញផុតទៅ នៅសល់រុក្ខា។ ៨៥២ ទន់តិចកម្រ ប្រាជ្ញាបវរ កែច្នៃនាំលាភ។ ៨៥៣ មនុស្សគេល្អរាប់ជាញាតិ កុំបីឃ្លាតទោះមានក្រ។ ៨៥៤ ពែងមាសទ្រនាប់ស្ពាន់ ស្ដេចមកទាន់ភ័យរអៀស ពែងស្ពាន់ទ្រនាប់មាស ដាក់អោយរាស្រ្ដហាក់មិនសម។ ៨៥៥ កេសាបរិសុទ្ធមួយសសៃ ដាស់ជនប្រុសស្រីស្គាល់វេលា ចង់ធ្វើរឿងអ្វីកុំរេរា វេលាទៅមុខមិនត្រឡប់។ ៨៥៦ អាសវបញ្ចប់ ស្ងប់ក្នុងផ្លូវធម៌។ ៨៥៧ ដីមាសបង្កើនទ្រព្យ សាកសពកប់ក្នុងដីមោហ។ ៨៥៨ ស្រីនៅអាយ ម្ដាយនៅផ្ទះ។ ៨៥៩ កតញ្ញូនឹងម្ដាយ ភក្ដីចិត្តកាយចំពោះភរិយា។ ៨៦០ តណ្ហាខ្វះបញ្ញា បង់សតិបាត់អធិបតី។ ៨៦១ ក្បួននៅចាស់ ត្រាស់ខំចារ ប្រឹងរក្សា មិនខាតបង់។ ៨៦២ រៀនជាប្រចាំ ចំណាំថារុងរឿង។ ៨៦៣ កាឡថាឆ្វេង ជុណ្ហថាស្ដាំ ឥសីហៅផ្ដាំថានៅកណ្ដាល។ ៨៦៤ កែវបែកមិនអាចជួស កម្មហួសត្រូវទទួល។ ៨៦៥ សំលាប់សត្វបូជាសព សពមួយមិនស្ងប់កើតសពពីរ។ ៨៦៦ ខ្ចីបំណង សងបំណុល ចិត្តអំពល់ ជាប់ជំពាក់។ ៨៦៧ ធ្វើតាមទំលាប់ផ្គាប់ទំនៀម សតិនៅស្ងៀមមិនងឿងឆ្ងល់ ឫសគល់ហេតុផលសមឬយ៉ាងណា។ ៨៦៨ ទោះកំពូលនៃវេជ្ជបណ្ឌិត គង់ខិតទៅជិតមរណា ទីពឹងឯណានឹងខ្ជាប់ខ្ជួន។ ៨៦៩ បញ្ចប់ព្រោះចាប់ផ្ដើម ផ្ដើមរលត់ព្រោះកំណើត។ ៨៧០ មុននឹងស្របត្រូវរិះគិត ហេតុផលពិតចាំគាំទ្រ។ ៨៧១ មានព្រោះសណ្ដោស ក្រមួយអាយូសព្រោះលោភៈ។ ៨៧២ សេពគប់បណ្ឌិតជីវិតមានន័យ សេពគប់ពាលអប្រិយនរកអវជ័យនៅនឹងភ្នែក។ ៨៧៣ ជួបអ្នកប្រមឹករវល់ផឹក ជួបអ្នកល្បែងរវល់លេង ជួបអ្នកបណ្ឌិតរវល់គិត។ ៨៧៤ រែកភ្នំឆ្លងស្ទឹង ប្រឹងស្រែកថាធ្ងន់។ ៨៧៥ ទានឯណាថ្លៃថ្លាជាងធម៌ទាន សុខឯណាថ្លៃថ្លាជាងសុខក្នុងផ្លូវធម៌។ ៨៧៦ ផែនដីគង់មានទីបំផុត កុំប្រកាន់គត់មត់ថាមិនរលាយ កែវចានក៏ត្រូវបែកធ្លាយ រូបកាយគង់កើតរលត់។ ៨៧៧ ឫសកែវនៃសេចក្ដីភ័យខ្លាចគឺសេចក្ដីស្លាប់ បែកបាក់សាមគ្គីព្រោះស្ដាប់ការញុះញង់។ ៨៧៨ មច្ចុរាជវេលាទំពាសង្ខារ កាមគុណតណ្ហាសណ្ដំសតិ។ ៨៧៩ នៅក្មេងអាងខ្លាំងដូចខ្លា ដល់ចាស់ជរាអាងរោគាពាធ។ ៨៨០ នៅក្មេងចាំស្អែក ចាស់ប្រកែកមិននៅចាំ។ ៨៨១ ស្អែកឯណានឹងមកដល់ យល់ឯណាថានឹងផ្គាប់។ ៨៨២ ឡើងខ្ពស់ព្រោះជាន់គេឯង ហោះខ្ពស់ដូចខ្លែង ខ្សែដាច់សង្វែង ធ្លាក់ក្នុងព្រៃជ្រៅ។ ៨៨៣ លង់នឹងផស្សៈ ប្រឡាក់កាយា សត្វបុគ្គលណា ថានៅអមតៈ រសដែលឆ្ងុយឆ្ងាញ់ ក្លាយជាអតីត គ្មានអ្វីជាប់ទាក់ អោយស្ថិតនៅថេរ។ ៨៨៤ មហាសមុទ្រប្រៃគួរសង្វេគ អាសូរទឹកភ្នែកហូរព្រោះព្រាត់។ ៨៨៥ ផលិតកម្មតម្រូវលោភៈ ជាអន្ទាក់ផ្ដាច់សង្ខារ ជាតិពុលនៅក្នុងអាហារ ព្រោះប្រាថ្នាប្រយោជន៍ខ្លួន។ ៨៨៦ ឃាតករទីមួយគឺវេលា ក្មេងទៅជរាមិនអាចឃាត់ ឃាតករទីពីរជាតិគីមី ចរាចរគ្រប់ទីចូលសារពាង្គ។ ៨៨៧ អាក្រក់ម្នាក់នាំគេធ្លាក់មួយនគរ បុគ្គលល្អតែងនាំគេអោយចម្រើន។ ៨៨៨ ជាតិមួយជាជាតិកំណើត ជាតិពីរបានកើតក្នុងប្រទេសជាតិ ជាតិបីទ្រទ្រង់បានរស់រសជាតិ ជាតិបួនត្រូវឃ្លាតចាប់ជាតិឡើងវិញ។ ៨៨៩ ស្នេហាជាតិបួនស្នេហាប្រាកដ ស្នេហ៍បបូរមាត់សន្មត់ថាក្បត់។ ៨៩០ ចង់រួចតែឯងមួយសែនផែនដី ចង់ជួយលោកិយស៊ូធ្លាក់អបាយ។ ៨៩១ ឃើញពន្លកលូតលាស់ សោមនស្សក្នុងចិន្តា។ ៨៩២ ខ្លួនឯងពាក់អាវប្រឡាក់ មិនជឿជាក់ថាអ្នកដទៃមានអាវស្អាត។ ៨៩៣ ស្ដេចគ្រោះព្រោះមន្រ្ដីក្បត់ នគរបែរបត់ព្រោះនយោបាយ។ ៨៩៤ មនោគមន៍បង្វក់ស្មារតី កូនចៅប្រុសស្រីត្រូវថ្នាំសណ្ដំ។ ៨៩៥ សន្យាត្រូវធ្វើ ជាទង្វើអ្នកកាន់សច្ចៈ។ ៨៩៦ ត្រូវបែរខុស ទោសព្រោះញាតិ។ ៨៩៧ ទូន្មានខ្លួនឯងប្រព្រឹត្តរាល់ថ្ងៃ ទូន្មានអ្នកដទៃល្មើសនឹងសំដី។ ៨៩៨ សំរាមគេចោលមុខផ្ទះគង់ហាមឃាត់ យកសំរាមទៅចោលពេញវត្តថាធ្វើបុណ្យ។ ៨៩៩ សំពះព្រះពុទ្ធព្រោះក្ដីសណ្ដោស សំពះព្រឹទ្ធបុរសព្រោះឧបការគុណ មុននឹងសំពះជនគួររកមូលហេតុ។ ៩០០ បញ្ចុកអាហារដល់មាតាបិតា រួចទើបយាត្រាទៅធ្វើបុណ្យ។ ៩០១ បុណ្យនៅជិតគួរធ្វើមុន បុណ្យឆ្ងាយអានន្ទក៏ជាបុណ្យ។ ៩០២ បរិសុទ្ធក្នុងចិត្តនោះហើយគឺបុណ្យ កុំទ្រាំចាំបុណ្យនាំសក្ដិនាំយស។ ៩០៣ ញាតិការប្រាំពីរសន្ដាន ញាតិឆ្ងាយហួសឋានបានអ្វីរំពឹង។ ៩០៤ ម្ដាយឪពុកគិតកូនមួយជីវិត រីបែរកូនគិតតែ១៥ថ្ងៃ។ ៩០៥ ម្ដាយឪពុកបញ្ចុកបាយផ្ទាល់ដៃ កូនគ្រវែងបាយបិណ្ឌដល់ធរណី។ ៩០៦ បើពិតជឿជាក់មានជាតិមុខក្រោយ ម្ដាយឪពុករាប់រយរាប់មិនអស់ ខ្លះសោយសម្បត្តិសុខគ្មានទាស់ ខ្លះជាប់ទុក្ខទោសព្រោះតែកម្ម។ ៩០៧ ស្វែងយល់ពីធម៌ទាន់មានស្មារតី យល់ពីអត្ថន័យប្រឹងប្រតិបត្តិ ចាំចាស់ភ្លេចភ្លាំងភ្លាត់ផ្លូវវិបត្តិ ទើបខិតខំស្កាត់ប្រហែលយឺតពេល។ ៩០៨ ផ្ដើមចង់ចេះទើបស្គាល់វិជ្ជា ដឹងរងារស្វែងរកកំដៅ។ ៩០៩ ធម៌សប្បុរសអុជបំភ្លឺ មោហៈព្រួចព្រឺលែងនៅក្បែរ។ ៩១០ ចេះស្ដាយជីវិតថាមានតម្លៃ ទើបប្រើវេលាប្រែជាប្រយោជន៍។ ៩១១ ជីវិតមួយអម្រែកមួយ ព្រួយរកជីវិតគូអម្រែកពីរ មុនផ្ដើមនាទីត្រូវត្រៀមជាមុន។ ៩១២ បញ្ចប់ហេតុនៃទុក្ខ សុខនឹងមកដល់។ ៩១៣ ចក្ខុន្រ្ទិយទៅ ស៊ូអោយតែនៅបញ្ញាចក្ខុ។ ៩១៤ ទឹកអ្វីជាទឹកអម្រឹត ឬមួយពិតទឹកហូរពីអង្គជាតិ ឬមួយទឹកចិត្តសណ្ដោសដល់ញាតិនិងសព្វសត្វទាំងពួង។ ៩១៥ ដងទឹកលុបមុខពីលិង្គព្រះឥសូរ ដែលបានបង្ហូរតាមទរយោនី ជ្រះថ្លាតែមុខមិនបានសំភី ផ្ដល់តួនាទីអោយសតិគិត។ ៩១៦ ដំបងក្រញូងល្បីនាំគ្នាសំពះ មនុស្សម្នារូតរះទៅព្រះអង្គដងកើ អាជ័យធ្នាក់ទឹកហៃអើហៃអើ ព្រោះតែដំណើរតាមគេតាមឯង។ ៩១៧ ក្នុងអង្គប្រជុំគេលើកដៃអស់ ភ័យខ្លាចខុសទាស់ខំលើកតាមគេ មិនបានពិនិត្យរិះគិតគ្នាន់គ្នេរ លើកដៃតាមគេមានន័យយ៉ាងណា។ ៩១៨ បណ្ឌិតមិនមែនសុទ្ធតែចេញពីសាលា ទោះជនអនាថាគង់ជាបណ្ឌិត។ ៩១៩ បង្គោលបណ្ដែតកណ្ដាលវាលស្រែ ពាក់ក្បាលមាន់ចែរងាវចាំទី។ ៩២០ ងងឹតពីមុខរកមិនឃើញផ្លូវ ងងឹតក្រោយត្រូវបាត់បង់សង្ខារ។ ៩២១ សំភារៈមិនចេះហួសសម័យ តណ្ហាលោកិយហួសមិនដែលទាន់។ ៩២២ អាគារត្រដែតខ្ពស់ស្កឹមស្កៃ គ្រឺះនៅក្នុងដីកប់យ៉ាងជ្រៅ។ ៩២៣ វិនិច្ឆ័យខុសមានទោសស្មើប្រមាថ។ ៩២៤ ទំរើសចិត្ត រើសអើងរិត នាំឯកា។ ៩២៥ កំលាំងចិត្តទន់ជ្រាយ រាយមាយតាមមជ្ឈដ្ឋាន។ ៩២៦ ចំណងមេត្រី សិរីសួស្ដី គប្បីរាប់ញាតិ។ ៩២៧ អោបភ្លើងច្រណែន ឈួលក្នុងឪរ៉ា អោបទឹកមេត្តា ហរទ័យត្រេកអរ។ ៩២៨ បុគ្គលមានសីល អ្នកផងសណ្ដោស ទោះរងទុក្ខទោស មានគេរក្សា។ ៩២៩ កិរិយាល្អមារយាទថ្លៃថ្នូរ ទោះមិនសំបូរក៏គង់សប្បាយ។ ៩៣០ ប្រើសតិស្រាយបញ្ហា ហេតុយ៉ាងណាតាំងស្មារតី។ ៩៣១ ប្រមើលស្ថានការណ៍ ត្រៀមបរិក្ខារជាមុន។ ៩៣២ គោរពមនុស្សចាស់ យ៉ាងហោចណាស់ជាសុជីវធម៌។ ៩៣៣ និគមសីហនុធ្វើស្រែលិចទឹក រកថ្ងៃខ្វះព្រឹកនឹកទៅស្រុកថៃ សង្ឃឹមថ្ងៃមួយជួយគ្រួសារថ្លៃ រសផុតចាកក្ដីលំបាកវេទនា។ ៩៣៤ មាតាបិតាបញ្ចុកផ្ទាល់ដៃ ហេតុយល់ម្ដាយថ្លៃថាជាប្រេត គ្រវែងទៅដីឆីមិនឆ្អែត ទំនួញខំស្រែកអោយកូនយល់។ ៩៣៥ អារាមចាប់ផ្ដើមភ្ញាក់ស្មារតី គ្រវែងទៅដីនាំប្រឡាក់ កន្ទេលមកទ្រាប់ជាប់ប្រទាក់ បន្សាបពូជយក្សសាងពូជជ័យ។ ៩៣៦ ចង្រិតដែកភ្នែកធំមូលក្រលង់ ល្បឿនស្ទុះតម្រង់ទៅប្រយុទ្ធ ជីវិតពិតមានតែមួយគត់ បើតែងប្រយុទ្ធគង់បង់សង្ខារ។ ៩៣៧ យុគសម័យនៃការពិចារណា បើជឿគេថាបញ្ញារេចរិល។ ៩៣៨ យុគសម័យនៃការពិភាក្សា ខុសត្រូវយ៉ាងណាមតិមូលផ្ដុំ។ ៩៣៩ ដែនកំពង់ធំសម្បូរព្រៃគុក ទីដែលកប់ទុកឃុំឃាំងយាយពួន សីហតស៊ូព្យាយាមរៀបក្បួន រំដោះយាយពួនចាកទីងងឹត។ ៩៤០ មហាឥសី សន្សំបារមី នៅក្នុងអាស្រម រំដោះទុក្ខទោស កេសាសុខុម ដែលគេបានឃុំ ជ្រុងទាំង១៦។ ៩៤១ ចក្ខុអោយឃើញគ្រាន់ពិចារណា មិនមែននិន្ទាថាគេភ្លេចខ្លួន។ ៩៤២ សន្សំគំនិត សន្សំចំណេះ សម្រាប់ត្រិះរិះ អោយសមហេតុផល។ ៩៤៣ ខ្សែជីវិតមិនដូចគ្នា តស៊ូពុះពារគោលដៅតែមួយ។ ៩៤៤ អកុសលធម៌ប្រៀបបានទឹកឃ្មុំផ្អែមថែមថ្នាំពុល បាបមិនទាន់ហុចផលសប្បាយ ពិសមិនទាន់ផ្សាយផ្អែមជាប់ចិត្ត ទំរាំភ្ញាក់ចេះគិតក៏ហួសពេលទៅ។ ៩៤៥ ដល់ថ្ងៃសិលាចេះស្រដី សុវណ្ណភូមិដែនដីកំនប់មហាសាល សម្បត្តិស្ដេចចក្រហៀរមកក្រាល ប្រជាភូមិបាលរស់រុងរឿង។ ៩៤៦ ដូនតាបន្សល់ថ្មមរកត ហើយបានសន្មត់ទុកជាកេរ ថ្មកែវមានឫទ្ធលិខិតមេ កូនយល់សំនេរគាស់កំនប់។ ៩៤៧ ជំនន់ស្ទឹងសែនហូរលិចស្រុក កំពង់ស្វាយបល្ល័ង្គសំបូរសន្ទុក រងគ្រោះមានទុក្ខដល់ស្រុកសណ្ដាន់ (បើសោយក្បាលត្រីប្រាកុំភ្លេចម្ជូរសណ្ដាន់)។ ៩៤៨ ពុទ្ធសាសនិកប៉ងស្គាល់ពុទ្ធភូមិ ពិភពលោកជុំប៉ងស្គាល់ដែនអច្ឆរិយៈ។ ៩៤៩ បញ្ចពោធិ៍លេចពន្លក ជាម្លប់ជ្រកពេលធំធាត់។ ៩៥០ រតនបល្ល័ង្គលើអាកាស រងចាំមើលម្ចាស់មកប្រថាប់ ផ្សាយធម៌សប្បុរសជូនសណ្ដាប់ នរជនបានឆាប់ដើរផ្លូវត្រង់។ ៩៥១ ទ្វារប័ទ្មរបើក ល្បើកអង្គរលិច ក្បាំងពេជ្រពណ្ណរាយ។ ៩៥២ ជីកដំបូករកនាគ ដាប់ថ្មព្រាកៗរកវាយាម។ ៩៥៣ ហត្ថនក្សត្រកណ្ដាលវេហា សិប្បកម្មដោយហត្ថា សាងហត្ថាភរណៈ។ ៩៥៤ ស្អប់ជំពប់លើ ទង្វើនៃការរៀនបើកចិត្តអោយទូលាយ។ ៩៥៥ មនុស្សល្អកម្រប្រទះ ខំរូតរះធ្វើមនុស្សល្អ អ្នកមានបុណ្យកម្រស្គាល់ ប្រឹងតម្កល់តាំងចិត្តបុណ្យ។ ៩៥៦ ប្រមូលទ្រព្យចំបើង ពូនឡើងជាភ្នំ អគ្គីមកសុំ រលាយជាផេះ។ ៩៥៧ ភក្ដីភាពមិនប្រួលប្រែ ទោះយូរថ្ងៃខែ ថែពាក្យសន្យា។ ៩៥៨ បុប្ផាលោកិយក្រអូបឈ្ងុយឈ្ងប់ តែចិត្តជំពប់បុប្ផាមួយទង។ ៩៥៩ អាសូរភរិយារងានៅផ្ទះ ឯម្ដាយចំណាស់នៅរងចាំផ្លូវ ទៅណាមកណាកុំនៅយប់ជ្រៅ ស្រ្ដីពីរនៅរងចាំម្ចាស់ថ្លៃ។ ៩៦០ ជុំមិត្តក្លែមសំដី ចាំបាច់អ្វីក្លែមសុរា នំបញ្ចុកតែក្រូចឆ្មា គង់រក្សាភាពសោមនស្ស។ ៩៦១ អាសូរទ្រូងម្ដាយបីតាំងពីក្មេង កិរិយាក្អាងក្អេងគួរកុំប្រព្រឹត្តិ។ ៩៦២ ចំណេះពិតពេលជួបឧបសគ្គ មិត្តស្មោះស្ម័គ្រពេលមានគ្រោះ។ ៩៦៣ ស្គាល់មិត្តល្អគ្រាក្រលំបាក ជីវភាពតោកយ៉ាកគង់មិនបោះបង់។ ៩៦៤ រាប់អានពេលមានទ្រព្យ សំដីគាប់រាប់ជាញាតិ ចុះថ្ងៃមួយទ្រព្យបែរឃ្លាត ឬមួយញាតិនៅរក្សា។ ៩៦៥ ទ្រព្យមហាសាល សក្ដិឡើងហួសក្បាល គង់នៅជាមនុស្ស។ ៩៦៦ ខ្យល់បរិសុទ្ធកណ្ដាលខ្ទមស្រែ គុកវិមានល្ហើយល្ហែស្នេហ៍ម៉ាស៊ីនត្រជាក់។ ៩៦៧ រវល់ចិញ្ចឹមក្រពះ រវល់សង់ផ្ទះវីឡា រវល់ទិញអាវហ៊ឺហា រវល់រកអលង្ការស្រោចខ្លួន។ ៩៦៨ មុននឹងបញ្ចេញសំដីគ្រោធគ្រាត តោងគិតបន្ដិចទៀតថាគួរពុំគួរ។ ៩៦៩ ប្រមឹកជេរម្ដាយ កាយវាយប្រពន្ធ អង់អាចក្នុងរន្ធ ខំអួតធ្វើអ្វី។ ៩៧០ កង្កែបពាក់ម្កុដ រាជបុត្រក្លែងក្លាយ សោយរាជ្យសប្បាយ លើសំបកឈូក។ ៩៧១ ទស្សនៈស្ដែងចេញពីចំណេះ ហ្វឹកហាត់រៀនចេះបានសន្សំ ត្រូវខុសពោលចេញពីអារម្មណ៍ ពុំមែនន័យចំន័យសកល។ ៩៧២ បង្កើតចិត្តបុណ្យទាន់មានឱកាស សតិប្រឹងដាស់ទេវតាដើរដី សង្ខាររលត់ចាកផុតលោកិយ ទេវតាប្រុសស្រីចូលកាន់អាសនៈ។ ៩៧៣ ឃើញផលយកហេតុមកដំណាល ទុកគ្រាន់ជាថ្នាលបណ្ដុះពូជល្អ។ ៩៧៤ សិលារយពាន់ពេញប្រទេស ឬមួយត្រឹមចេះថាជាថ្ម។ ៩៧៥ ខែរះមិនដល់មេឃងងឹត ខែភ្លឺជុំជិតចាំងពន្លឺ។ ៩៧៦ ទឹកធ្លាក់ពីលើគង់ដល់ដី សំដីបំភ្លៃគង់បានយល់។ ៩៧៧ អាកាសធាតុជួនរាំងភ្លៀង វាលវដ្ដមិនទៀងវិលចុះឡើង។ ៩៧៨ ស្រវាក្រសោបអោបទោសា អាជ្ញាប្រហារអោយលាលែង។ ៩៧៩ មានឫទ្ធិអំណាចជាន់លើគេ ធ្លាក់ឫទ្ធិជាមេគេជាន់វិញ។ ៩៨០ ខុសម្ដងអោយផលចាំមិនភ្លេច ពេលងើបពីលិចតម្រង់ទៅកើត។ ៩៨១ ទ្រព្យនៅនឹងភ្នែកមើលមិនស្គាល់ រិះគិតខ្វាយខ្វល់គាស់កំនប់។ ៩៨២ មាឌធំកំលាំងមាំទាំអស្ចារ្យ តែជាប់ទោសាក្នុងគុកច្រវាក់។ ៩៨៣ ឃ្លានបាយ ឃ្លានសាច់ ឃ្លានចំណី ឃ្លានល្អលើសអ្វី ឃ្លានចំណេះ។ ៩៨៤ ចេកប្អូន ចមបង ឋានៈខ្ពស់ទាបកន្លង មិននៅនឹងរូប។ ៩៨៥ ពំនូតដុំបាយម្ដាយបញ្ចុក ពូនផ្ដុំកប់ទុកក្នុងដួងចិត្តកូន។ ៩៨៦ ក្ដីបារម្មណ៍ពីលោកឪពុក រក្សាចាំទុកក្នុងសន្ដានចិត្ត។ ៩៨៧ ហត្ថាទន់ល្មឿយរបស់ជីដូន អង្អែលល្វតល្វន់ផ្ដល់ភាពកក់ក្ដៅ។ ៩៨៨ ការទូន្មានប្រៀនប្រដៅរបស់លោកតា ប្រៀបដូចតម្រាពិសិដ្ឋឧត្តម។ ៩៨៩ លះបង់ដើម្បីភាពកតញ្ញូ តស៊ូដើម្បីភាពសុចរិត។ ៩៩០ គ្រួសាររុងរឿង ប្រទេសជាតិពណ្ណរាយ អម្រែកខំស្ពាយ ទោះធ្ងន់មិនណាយ។ ៩៩១ កើតមកមួយជាតិអោយមានន័យ រក្សាតម្លៃនៃគុណធម៌។ ៩៩២ ស្នាមញញឹមលើមុខអ្នក កំណត់ជាក់ស្នាមញញឹមក្នុងបេះដូងខ្ញុំ។ ៩៩៣ លះទ្រព្យ រាប់ញាតិ។ ៩៩៤ វេលាមិនយូរសម្រាប់គ្រប់គ្នា រក្សាវេលាអោយមានតម្លៃ។ ៩៩៥ ថ្ងៃដែលពិសិដ្ឋក្នុងជីវិត គឺបច្ចុប្បន្នពិតមិនមែនស្អែក។ ៩៩៦ មរណៈមិនខ្លាច តើមានអ្វីមកកំលាចទៀត។ ៩៩៧ ងាកក្រោយឃើញកុមារភាព ដឹងខ្លួនប្រៀបដូចយុវវ័យ សម្លឹងរំពៃឆ្ពោះទៅមុខ។ ៩៩៨ នាទីចុងក្រោយខិតមកជិត មិនស្ដាយក្នុងចិត្ត ព្រោះបានប្រព្រឹត្តិអ្វីដែលប្រាថ្នា។ ៩៩៩ មួយជំហានចុងក្រោយ កុំអោយមានពាក្យវិប្បដិសារី។ ១០០០ ទ្វេទ្វារលោកិយបើកចំហ ស ខ្មៅ អាក្រក់ ល្អ ចូរគិតដោយខ្លួនឯងហោង។ ១០០១ ចិត្តស្ងប់សប្បាយឈ្នះ ចិត្តមានះសប្បាយចាញ់ ចិត្តកំណាញ់សប្បាយឯកោរ និពន្ធដោយ សុខ គឹមហេង sok.kimheng@gmail.com សូមឧទ្ទិសកុសលផលបុណ្យដែលកើតពីស្នាដៃនេះបានដល់បុព្វបុរស ជីដូនជីតា ញាតិធម៌គ្រប់កាលទាំងបីយល់តែសុខ សុភមង្គល បានដល់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។ |