ប្រវត្ដិ ឧកញ៉ាសុត្តន្ដប្រីជាឥន្ទ និង ប្រស្នាអំពីគតិលោក

គតិលោក > គតិលោក ភាគ​ ទី ១ > ប្រវត្ដិ ឧកញ៉ាសុត្តន្ដប្រីជាឥន្ទ និង ប្រស្នាអំពីគតិលោក

ប្រវត្ដិពង្សាវតារ

កែប្រែ

ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កើតនៅស្រុកទន្លេធំ ភូមិរកាកោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ ម្តាយ​លោក​ឈ្មោះយាយមុំ ឪពុក​លោក​ឈ្មោះបពា្ចងកែ ។ ឧកញ៉ា កើត​នៅ​ថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ ២៤០៣ ឆ្នាំ​ ត្រូវ​នឹង​ថ្ងៃទី ២២ កក្កដា ឆ្នាំ១៨៥៩ ។

កាលអាយុ ១០ ឆ្នាំ ទៅ​រៀន​អក្សរខែ្មរ​នៅ​វត្ត ។ អាយុ ១៥ ឆ្នាំ លោក​បាន​​រៀនប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក និង បាន​បួសជាសាមណេរ រួចទៅរៀន​ជាមួយ​លោក​អាចារ្យពេជ ស្រុកព្រះត្រពាំង ។ អាយុ ១៨ ឆ្ នាំទៅរៀន​ជាមួយ​​លោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ នៅ​វត្តឧណ្ណាលោម ក្រុងភ្នំពេញ ។ អាយុ១៩ ឆ្នាំ ទៅរៀន​ជាមួយ​​លោកគ្រូ​អាចារ្យសុខ នៅ​វត្តកែវ ស្រុកបាត់ដំបង ។ អាយុ២០ឆ្នាំបានបួសជាភិក្ខុនៅវត្តកែវ ១ វស្សា ទើបលាព្រះគ្រូ​ឧបជ្ឈាយ៍​ទៅរៀននៅក្រុង​បាងកក ប្រទេស​ថៃ ។ រៀនបាន៧​វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ា កថាថន ញ៉ុញ នៅវត្តកណ្តាល ស្រុកបាត់ដំបង ។ បួស​​បាន១០វស្សា ក៏​លាចាក​សិក្ខាបទ​ ទៅ​រៀបការ​​នៅភូមិជ្វាធំ ។ លោកកថាថន(ឈុំ) បាន​ចិញ្ចឹម​លោក​ និង បាន​ឲ្យ​ងារ​​ជា​ ទីហ្លួងវិចិត្រ វោហារ ។ លោក​បាន​ប្រែគម្ពីរ​ពុទ្ធសាសនា​​ពី​ភាសា​បាលី​ទៅ​ជា​​ភាសា​ខ្មែរ​ ចំនួន ៤៤ ក្បាល ​នៅ​ក្នុង​ទម្រង់​ជា​សៀវភៅខ្លះ ជា​គម្ពីរ​​ស្លឹករិតខ្លះ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ អោយយក មកតាំងទី ជាឧកញ៉ា សុត្តន្តប្រីជា ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ បានលារាជការ វិលមកនៅស្រុកបាត់ដំបងដើមវិញ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក មានរោគក្អក បណ្តាកូនចៅរាល់គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃអាទិត្យ ១២កើត ខែកត្ដិកឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ណូវ៉ម ឆ្នាំ ១៩២៤។

ប្រស្នាអំពីគតិលោក

កែប្រែ

តម្រាគតិលោកនេះ គឺខ្ញុំបាទទីឧកញ៉សុត្តន្តប្រីជាឥន្ទ អ្នកតែងឡើង ដើម្បីកុលបុត្រអ្នករៀនគតិបុរាណជាបែបយ៉ាងគ្រាន់អាងសេចក្តី ប្រៀបនាំយកប្រារព្ធ គតិលោកថ្មី ដែលកើតមានឡើងទើបតាំងជាពាក្យបុច្ឆា និង ពាក្យវិសជ្ជនាក្នុងតម្រានេះជាទីសណ្តាប់ដោយងាយ ។ ដើមឡើយកូនសិស្សសួរគ្រូថាសូមទានមេត្តាប្រោស ពាក្យដែលថា គតិលោកនោះ តើបែ្រដូចម្តេច ? គ្រូប្រាប់ថា គតិលោកនោះ ប្រែថា ដំណើរប្រព្រឹត្តទៅរបស់ជនក្នុងលោកិយនេះឯង ។

ស. លោក សព្ទនេះ តើអធិប្បាយជាពាក្យសម្រាយថាដូចម្តេច ?
គ. ឱ! លោក ជាសភាវៈដែលកើតឡើងដោយអំណាចបដិសន្ធិនៃខន្ធគឺថាសភាវៈមិនទៀងដោយមិនជាប់នៅមិនប្រាកដជា អទស្សនភាព មួយទៀតប្រែថា សត្វ ផែនដី ផ្ទៃមេឃអាកាសទូទៅទាំងអស់, លោក នេះប្រែថា ធម្មតាសត្វ ឬ របស់ដែលប្រព្រឹត្តទៅក្នុងលោក ឯគតិសព្ទនោះ ប្រែបានច្រើនយ៉ាង គឺថាដំណើរទៅ គ្រឿងដល់ គ្រឿងដំណើរ បទសេចក្តី កម្លាំង អំណាច ផ្លូវទីពឹង ក្តីអត់ធន់ ចិត្តកំណើតពាក្យឯណា ហេតុឯណា ដែលកើតឡើងមានឡើងក្នុងលោកនេះហៅថាគតិលោកទាំងអស់។

ស. សួរថា លោកនេះមានតែ១ ឬ មានច្រើនយ៉ាងតទៅទៀត?
គ. ឆ្លើយថា លោកនេះ បើយោគយកគតិធម៌មកសំដែងចេញទៅទៀតនោះមានច្រើនយ៉ាងតទៅ គឺអារម្មណ៍ទាំងពួង មានរូបដែលឃើញ នឹងភ្នែកជាដើមនោះហៅថា កាមលោក រូបដែលឃើញដោយចិត្តជាដើមនោះហៅថា រូបលោកដោយហោចទៅ យ៉ាងសព្វសារពើទាំងពួង បណ្តាដែលមានចិត្តគ្រប់គ្រងព្រមនៅក្នុងសភាវប្បញ្ញាត្តិ។

ស. សួរថា លោកយើងនេះ ហៅថា មនុស្សលោក ឯខាងស្ថានទេវតានោះហៅថា ទេវលោក ហើយចុះដូចជាមនុស្សលោកយើងនេះ បែងចេញជាស្ថានមាន ប៉ុន្មានជាន់ ស្ថានទេវលោកនោះតើមានប៉ុន្មានជាន់?
គ. ឆ្លើយថា សត្វក្នុងមនុស្សលោកយើងនេះបែងចេញជាពីរជាន់ គឺសត្វតិរច្ឆានជាន់១ មនុស្សជាន់១ រួមនៅក្នុងលោកជាមួយគ្នា។ សត្វក្នុងបរលោកបែងជា៤ស្ថាន គឺនរកបែ្រត អសុរកាយស្ថាន១ ទេវតាក្នុងឆកាមាវចរសួគ៌ស្ថាន១ រូបព្រហ្មស្ថាន១ អរូបព្រហ្មស្ថាន១ នៅក្នុងលោក ខាងមុខទាំងអស់ សត្វក្នុងមនុស្សលោក ជាពួកមានកាយគ្រោតគ្រាត សត្វក្នុងទេវលោកជាពួក មានកាយទិព្វខ្លះ ដែលពុំមានកាយជាពួកសោយអារម្មណ៍ គឺជាទិព្វខ្លះ ដែលប្រាសចាករូបខ្លះ។

ស. សួរថា សត្វលោកទាំងពួង ដែលនឹងកើតឡើងនោះ តើអាស្រ័យធម្មជាតិអ្វី អោយកើត ដែលកើតនោះដូចគ្នាឬខុសគ្នា?
គ. ឆ្លើយថា សត្វលោកទាំងពួងដែលនឹងកើតនោះ អាស្រ័យដោយបុញ្ញាភិសង្ខារខ្លះ តែចំណែកខាងមនុស្សលោកនេះប្រកបដោយអារម្មណ៍ ដែលជាឧតុនិយមនិងពីជនិយម និងកម្ម ៣ប្រការផងគ្នា។

  1. ឧតុនិយមនោះ បានខាងឯរបស់ធាតុ គឺជាជាតិដីថ្មីក្រួសរវានផ្សេងៗ
  2. ពីជនិយមនោះ បានខាងរុក្ខជាតិ តិណជាតិស្មៅវល្លិផេ្សងៗ។
  3. កម្មនិយមនោះ បានខាងឯបសាទរូប ដែលជ្រួតជ្រាបទៅក្នុងកាយសត្វជាដើម ព្រមទាំងវេទនា សញ្ញាសង្ខារ វិញ្ញាណ ដែលប្រព្រឹត្តទៅក្នុងទ្វារទាំង៦ រួមអារម្មណ៍៣ប្រការនេះ ផ្សំចូលគ្នាជារាងកាយទើបបានជាសត្វទាំងពួងក្នុងមនុស្សលោក។

ឯចំណែកខាងទេវលោកនោះ មានតែអារម្មណ៍ដែលជាផលនៃកម្មម្យ៉ាង គឺឧបបាតិកៈកំណើត ១ទៀត ឯផែនដីដែលជាទីអាស្រ័យនៅរបស់សត្វនិងរាងកាយរបស់សត្វ និងសារពើទាំងពួងក៏កើតអំពីកម្មនិយមទាំងអស់។ មនុស្សលោកជាហេតុ ទេវលោកជាផល សំរាប់ក្តីរស់នៅរបស់លោកទិព្វ។ ទេវលោកជាហេតុ មនុស្សលោកជាផល សំរាប់ក្តីរស់នៅរបស់លោកមនុស្ស។

ស. សួរថា សត្វលោក ដែលកើតមកជាមនុស្សយើង ហេតុអ្វីក៏ខុសគ្នា។
គ. ឆ្លើយថា ការដែលប្លែកគ្នានោះព្រោះសង្ខារតាក់តែងដោយអំណាចបុណ្យ និងបាប ដែលសត្វកសាងមកអំពីបុព្វជាតិ សត្វទាំងឡាយ បណ្តាដែលមានចិត្តគ្រប់គ្រង នៅជាដើមនេះ ក៏ជាធម៌និងលោកផ្សំគ្នាដូចយ៉ាងធាតុទង់ហ្វា ដែលជារបស់កើតអំពីធាតុមាស និងទង់ដែង ផ្សំគ្នាដូច្នោះសត្វទាំងឡាយផ្សេងគ្នា ក៏ព្រោះធម៌ និងលោកដែលផ្សំគ្នានោះ មានចំណែកតិចច្រើនផ្សេងគ្នាព្រោះធាតុទង់ដែងដែលផ្សំគ្នា និងធាតុមាសនោះតិចច្រើនជាងគ្នាយ៉ាងនោះ ឯងចូលចិត្តឬទេ? បើពុំចូលចិត្តយើង នឹងញែកចិត្តចេញ ជាលោក ជាធម៌ អោយយល់ក្នុង កាលឥលូវនេះ។

ស. ករុណា ពុំទាន់ចូលចិត្តសព្វគ្រប់ទេ និមន្តលោកគ្រូម្ចាស់ញែកអោយទានស្តាប់បាន?
គ. អើឯងចាំស្តាប់ហ្នា៎ ពណ៌លឿងៗដែលឆ្លុះទៅក្នុងសាច់ទង់ហ្វានោះ ជាជាតិមាស ពណ៌ក្រហមមួយៗក្នុងសាច់ទង់ហ្វានោះ ជាជាតិទង់ដែង មានឧបមាយ៉ាងណាចិត្តរបស់សត្វដែលមានសេចក្តីចេះដឹងនោះជាជាតិធម៌ឯកាយឬ អារម្មណ៍របស់សត្វដែលប្រាសចាកក្តីចេះដឹងនោះ ជាជាតិលោក សេចក្តីនោះមានឧបមេយ្យដូច្នេះឯង ចិត្តនេះជាជាតិធម៌ទើបពុំស្លាប់តែកាយឬ អារម្មណ៍ជាតិលោក ទើបត្រូវស្លាប់ជាធម្មតា មាសបរិសុទ្ធក្នុងសាច់ទង់ហ្វានោះពុំមែនទង់ហ្វា គឺជាមាសចំណែក១ផ្សេង ដូចគ្នាយ៉ាងនោះឯង ហេតុនោះទើបសត្វលោកកើតឡើងខុសគ្នា ដោយអំណាចផ្សំធាតុ គឺបុញ្ញាភិសង្ខារដែលជាបុណ្យនិងអបុញ្ញាភិសង្ខារដែលជាបាប។

ស. ករុណាលោកគ្រូអធិប្បាយមកនេះ ក៏ចូលជាគតិធម៌ច្រើនៗ ខ្ញុំព្រះករុណាស្តាប់បានហើយ តែខ្ញុំករុណាត្រូវការចង់ដឹង ចង់ចេះតែក្នុងតិលោកចំណែក១ សូមទានអត់ទោស មនុស្សយើងសព្វថ្ងៃនេះ ពុំដូចគ្នានោះព្រោះសាងមកខុសគ្នា ហើយតាមគតិធម៌ តែខាងគតិលោក លោកយោគជាដូចម្តេចវិញដូចមនុស្សខ្លៅល្ងង់នោះតើកើតឡើងដោយហេតុអ្វីមនុស្សឥតមិត្តសំលាញ់នោះ តើកើតឡើងដោយហេតុអ្វី មនុស្សឥតក្តីសុខនោះ តើកើតឡើងដោយហេតុអ្វី សូមលោកគ្រូម្ចាស់អធិប្បាយអោយទានតាមគតិលោកពិតៗ?។
គ. ឆ្លើយថា ឱ!រឿងនោះ បើ នឹង និយាយដោយគតិលោកក៏ឃើញថាមនុស្សល្ងង់ខ្លៅនោះ មិនពីព្រោះហេតុអ្វី ព្រោះតែសេចក្តីខ្ជិល ប៉ុណ្ណោះឯង ដូចបទក្នុងគម្ពីរលោកនិតិថា៖
អលសស្ស កុតោសិប្បំ អសិប្បស្ស កុតោធនំ អធនស្ស
កុតោមិត្តំ អមិត្តស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សក្កំ។
ប្រែថា សិល្បសាស្រ្តចំណេះវិជ្ជាមានមកអំពីទីណា ដូចម្តេចបានដល់អ្នកខ្ជិល សេចក្តីខ្ជិលនោះមាននៅហើយ វិជ្ជាទាំងពួងក៏ពុំអាចមានដល់មនុស្សឡើយ បើចំណេះ វិជ្ជាមិនមានហើយ ទ្រព្យសម្បត្តិ នឹង កើតមានមកអំពីទីណាដូចម្តេចបាន កាលបើទ្រព្យសម្បត្តិមិនមានហើយ ធ្វើម្តេចឡើយ នឹងមានមិត្រសំលាញ់គេរាប់អាន គឺថាពុំមានបុគ្គលឯណា១ នឹង ចូលមកជាមិត្តជាភ័ក្តិជាពួកឡើយកាលបើមិនមានមិត្តភ្ងា ហើយសេចក្តីសុខសប្បាយឯណាក៏មាន នឹងមានតែសេចក្តីទុក្ខលំបាកជាប្រក្រតី កាលបើមានតែក្តីលំបាកទុក្ខហើយចិត្តគិតកសាងមគ្គផល កុសលសីលទាន នឹង គេឯណាមាន កាលបើពុំមានកុសលបុណ្យទានហើយធ្វើម្តេចឡើយ នឹង បានសម្បត្តិសួគ៌និពា្វន នឹងគេ ហេតុដូច្នេះបានជាថា សេចក្តីខ្ជិលនេះ ជានីវរណធម៌ ហាមមិនអោយបានប្រយោជន៍ក្នុងលោកនេះ និងលោកខាងមុខ ឯងចូលចិត្តចុះ។

ស. ករុណា ខ្ញុំព្រះករុណាចូលចិត្តហើយប៉ុន្តែដែលព្រះករុណាម្ចាស់ថា ចំណេះវិជ្ជានោះ គឺសិល្បវិជ្ជាអ្វីដែលជាវិសេសលើសវិជ្ជាទាំងពួងក្នុងលោកនេះ?
គ.អើរឿងសព្វវិជ្ជានោះ គីវិជ្ជាអក្សរនោះឯង ជាវិជ្ជាវិសេសលើសវិជ្ជាទាំងអស់ ក្នុងលោក តែងប្រជុំចុះក្នុងវិជ្ជាអក្សរ ចំណែក១ ទាំងអស់ ព្រោះវិជ្ជាអក្សរនេះ ជាវិជ្ជា ដំបូងជាងវិជ្ជាទាំងពួង ប្រៀបដូចកែវសំរាប់ឆ្លុះមើលវត្ថុទាំងពួង បើវិជ្ជាអក្សរនេះកើតវិបត្តិវិបល្លាសទៅកាលណាហើយ វិជ្ជាទាំងពួងក៏ពុំអាចតាំងនៅបាន ព្រោះពុំមានទីចំណាំទៅបាន ហេតុនោះទើបថា វិជ្ជាអក្សរនេះវិសេសលើសជាងវិជ្ជាទាំងពួង។ មួយទៀត អ្នកពុំចេះអក្សរនោះ ប្រៀបដូចជាបុគ្គលមានចក្ខុងងឹត នឹងមើលនូវរូបារម្មណ៍ទាំងពួងមិនឃើញ អ្នកដែលចេះអក្សរនោះ ប្រៀបដូចបុគ្គលមានចក្ខុបរិបូណ៌ នឹងចង់មើលអ្វី ក៏អាចមើលបានទួទៅ។

ស. ករុណា ដែលលោកគ្រូម្ចាស់អធិប្បាយថា អ្នកពុំចេះអក្សរប្រៀបដូចមនុស្សខ្វាក់ អ្នកដែលចេះអក្សរថា ដូចជាបុគ្គលបរិបូណ៌ដោយចក្ខុប្បសាទ បទពីរយ៉ាងនេះ ខ្ញុំព្រះករុណាស្តាប់បាន តែពុំសូវយល់សេចក្តីសព្វគ្រប់ សូមនិមន្តលោកគ្រូម្ចាស់អធិប្បាយអោយពិស្តារទៀត?។
គ. ឱឯងនៅសង្ស័យអ្វីទៀត បើដូច្នេះយើងនឹងសួរឯងវិញថា មានហឹបឬ កញ្ជើ១ ដែលគេដាក់គ្រឿងមាសគ្រឿងប្រាក់ គ្រឿងស្ពាន់លាយចូលគ្នាហើយមនុស្ស ខ្វាក់នោះអាចយល់ស្គាល់របស់ទាំងអស់នោះបានឬទេ? អាចដឹងថា វត្ថុនេះជាមាស វត្ថុនោះជាប្រាក់ ជាស្ពាន់ឬទេ?។

ស. ករុណាធម្មជាតិមនុស្សខ្វាក់នោះ ពុំអាចនឹងមើលយល់ស្គាល់បានឡើយ មនុស្សដែលមានចក្ខុប្បសាទបរិបូណ៌ទើបអាចមើលយល់ ស្គាល់បាន។
គ. អើដូចគ្នា មនុស្សខ្វាក់មើលវត្ថុពុំយល់ ស្គាល់ជាមាសជាប្រាក់នោះ លោកប្រៀបដូចមនុស្ស ពុំចេះអក្សរ អ្នកពុំចេះអក្សរទុកស្មើ នឹង មនុស្សខ្វាក់ អ្នកចេះអក្សរ ទុកស្មើនឹងមនុស្សបរិបូណ៌ដោយចក្ខុប្បសាទ។ មួយទៀតវិជ្ជាអក្សរនេះទុកស្មើភ្នែកទិព្វ មាត់ទិព្វក៏បាន ដូចយ៉ាងសព្វតំរាទាំងពួង មានតំរាភូមិសាស្រ្ត តំរាពង្សាវតារជាដើម ជារបស់បុរាណកន្លងទៅយូរហើយ យើងចេះអក្សរបានអានមើល ក៏អាចដឹងរឿងរ៉ាវបាន និយាយប្រាប់គ្នាគ្នីបាន យ៉ាងនេះទុកស្មើយើងមានភ្នែកទិព្វ។ មួយទៀតយើងនៅស្រុកនេះ នឹង និយាយ ឬប្រាប់កិច្ចការ ឬចង់ដឹងការអ្វីៗ អំពីបែបអ្នកស្រុកឯនោះក្តី ប្រើតែអក្សរទៅ គេក៏បានដឹងច្បាស់ វិជ្ជាអក្សរនេះអាចចារឹកពាក្យសំដីបានសព្វប្រការ តំកល់ទុកនៅអស់កាលជាអង្វែង។ មួយទៀត បើបានចេះខាងអក្សរលោកអ្នកប្រទេសក្រៅ មានអក្សរសៀម ឬអក្សរបារាំងសេសជាដើមផង ក៏រឹតតែកើតចំណេះជាភិយ្យោភាព អាចដឹងវិធីក្នុងប្រទេសនោះៗ បានទួទៅដូចអ្នកមានកូនសោ អាចចាក់សោបើកហិប មើលរបស់ក្នុងហិបនោះ បានដោយងាយៗ កើតបញ្ញាក្លាហាន ព្រោះបានដឹងក្បួនខ្នាតបែបផែនក្រៅស្រុកមិនសង្ស័យ ហេតុនោះទើបយើងពោលថា សព្វវិជ្ជាទាំងពួង ក្នុងលោកនេះ សឹងមានទីរៀនចប់ទៅបាន តែវិជ្ជាអក្សរ១ នេះជាវិជ្ជារៀនពុំចេះចប់ ព្រោះជាវិជ្ជាវិសេស លើសវិជ្ជាទាំងពួងក្នុងលោកនេះ គួរឯងចូលចិត្តចុះ។

ស. ករុណា ខ្ញុំករុណាស្តាប់បានចូលចិត្តហើយ ចុះវិជ្ជាអ្វីទៀតដែលជាវិជ្ជាបន្ទាប់ រងវិជ្ជាអក្សរនេះទៅ?
គ. វិជ្ជាលេខ ជាវិជ្ជាបន្ទាប់រងពីវិជ្ជាអក្សរនេះ លេខ និង អក្សរជាវិជ្ជារួមនៅជាមួយគ្នា។

ស. សូមទាន ចុះវិជ្ជាទាំងអស់ក្នុងលោកនេះ បុគ្គលឯណារៀនចេះចាំបានហើយ សឹងនាំមកនូវប្រយោជន៏ដល់បុគ្គលនោះៗ បានទទួលសេចក្តីចំរើនដូចម្តេច ឬមានវិជ្ជាឯណា១ ជាសឹកសត្រូវដល់បុគ្គលអ្នកចេះនោះខ្លះដែរ? គ. ថាវិជ្ជាក្នុងលោកចាត់ជាពីរប្រការ គឺទុវិជ្ជាប្រការ១ សុវិជ្ជាប្រការ១ វិជ្ជាណាដែលបុគ្គលចេះដឹងហើយសំដែងឡើងធ្វើឡើងអាច នឹង នាំមកនូវសេចក្តីទុក្ខ សេចក្តីវិនាសផលប្រយោជន៍ដល់បុគ្គលដទៃផង ដល់អាត្មាឯងផង យ៉ាងនោះហៅថា ទុវិជ្ជា ពិតមែនវិជ្ជាឯណាដែល បុគ្គលសំដែងឡើង ធើ្វឡើងហើយអាច នឹង នាំមកនូវសេចក្តីសុខ សេចក្តីចំរើនដល់បុគ្គលដទៃផង ដល់អាត្មាផង យ៉ាងនេះវិជ្ជានោះឈ្មោះ សុវិជ្ជា បុគ្គលឯណាទ្រទ្រង់នូវចំណែកសុវិជ្ជា បុគ្គលនោះទទួលសេចក្តីសុខសេចក្តីចំរើន សួស្តីមង្គល បុគ្គលឯណាទ្រទ្រង់នូវចំណែកទុវិជ្ជា បុគ្គលនោះទទួលសេចក្តីទុក្ខទោស សេចក្តីវិនាស សុវិជ្ជា ជាគុណដល់អ្នកចេះដឹង ទុវិជ្ជា ជាទោសដល់អ្នកដែលទ្រទ្រង់នោះ។

ស. សូមទានអត់ទោសចុះ បុគ្គលខ្លះមានវិជ្ជាចំណេះខ្ពស់ហើយ តែធ្លាក់ខ្លួនចុះចាកវិជ្ជានោះវិញ ទទួលតែសេចក្តីទុក្ខទោស គរហានិន្ទា វិជ្ជាដែលចេះដឹងហើយប្រើវិញពុំបានយ៉ាងនេះ គឺហេតុអកុសលអ្វី?
គ. ថាអ្នកនោះមានវិជ្ជាខ្ពង់ខ្ពស់ល្អហើយ តែធ្វើអោយវិជ្ជាប្រើពុំបានវិញនោះ ព្រោះឥតមារយាទ ឥតក្តីហិរិឱត្តប្បៈគ្មានខ្មាសបាប ខ្លាចបាប ប្រព្រឹត្តខ្លួនទៅ តាមគតិមនុស្សពាលផ្សេងៗ យ៉ាងបុគ្គលនោះឯងទើបត្រូវទទួលក្តីទុក្ខទោសគរហានិន្ទាគ្រប់ប្រការក្នុងលោកនេះ។

ស. ចុះមនុស្សយើងធ្វើខ្លួនអោយបរិសុទ្ធនោះតើត្រូវប្រព្រឹត្តយ៉ាងណា?
គ. ថា ឯការដែលនឹងធ្វើនូវខ្លួនអោយបរិសុទ្ធនោះ តោងចំរើននូវសេចក្តីសុខដល់អ្នកដទៃ ទើបខ្លួនបានទទួលសេចក្តីបរិសុទ្ធនោះ បើអោយទុក្ខគេហើយក្តី ទុក្ខនោះឯងនឹងមានដល់ខ្លួនវិញមិនខាន ខ្លួនឯងនឹងទទួលក្តីបរិសុទ្ធឯណាបាន។

ស. មនុស្សយើងដែលលោកសន្មតហៅថាមនុស្សល្អនោះ តើមានអាការកិរិយាយ៉ាងណា ដែលហៅថាមនុស្សអាក្រក់នោះ តើមានអាការកិរិយាយ៉ាងណា?
គ. ថាមនុស្សដែលល្អនោះ គឺមនុស្សណាប្រកបដោយក្តីសុចរិត ៣ប្រការ គឺកាយសុចរិត១ វចីសុចរិត១ មនោសុចរិត១ ប្រព្រឹត្តខ្លួនជាបុគ្គលប្រដៅងាយ មានហិរិឱត្តប្បៈជាជញ្ជាំង ឬកំផែងបិទបាំងកាយមិនអោយអកុសលធម៌ ចូលញាំញីខ្លួនបានយ៉ាងនេះ មនុស្សនោះឯង ហៅថាមនុស្សល្អបាន។ មនុស្សប្រកបដោយក្តីទុច្ចរិត ៣ប្រការគឺ កាយទុច្ចរិត១ វចីទុច្ចរិត១ មនោទុច្ចរិត១ ប្រព្រឹត្តខ្លួនជាបុគ្គលប្រដៅក្រ ពុំមានហិរិឱត្តប្បៈធម៌បិទបាំងកាយ ហើយផ្សាយចិត្តក្នុងការអកុសលផ្សេងៗ វេង្វងដោយគតិពាលពិត មនុស្សយ៉ាងនេះឯង ហៅថា មនុស្សអាក្រក់ក្នុងលោក យើងនេះ។