ប្រវត្តសាស្រ្តខេត្តតាកែវ

ប្រវត្តិសាស្រ្តខេត្តតាកែវ

កែប្រែ

​ ខេត្តតាកែវ

កែប្រែ

ខេត្តតាកែវ​ជាខេត្តមួយមានវ័យចំណាស់ជាងគេ​ក្នុងចំណោមខេត្តក្រុងទាំង២៥នៃ​ព្រះរាជាណាចក្រកម្ពុជា។ ទឹកដីដ៏យូរលង់នេះសំបូរទៅដោយធនធាន ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទង​នឹងសម័យអាណាចក្រភ្នំ និងសម័យចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទ។ បច្ចុប្បន្នខេត្តតាកែវ​មានប្រាសាទ ដែលមានរូបរាងច្បាស់លាស់​ចំនួន៦កន្លែងដែល​ទាក់ទងនឹងប្រវត្តិសាស្រ្តដូចជា៖

ប្រាសាទភ្នំដា: ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ស្ថិតនៅក្នុងស្រុក អង្គរបុរី។

ប្រាសាទបាយ៉ង: ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង ស្រុកគិរីវង្ស។

ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុក សំរោង។

ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូល ភ្នំជីសូរក្នុងស្រុកសំរោង។

ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុង ស្រុកបាទី។

ប្រាសាទបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។

តាកែវគឺជា ខេត្តមួយនៃប្រទេសកម្ពុជា។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងដូនកែវ។

ប្រវត្តិប្រាសាទនាងខ្មៅ នៅខេត្តតាកែវ ប្រាសាទនាងខ្មៅ បានស្ថាបនាឡើងអំពីថ្មភក់ និងឥដ្ឋតាមបែបរចនាបទកោះកែ ជាស្នាព្រះហ្ថស្តរបស់ព្រះបាទជ័យវរ័្មនទី៤ ក្នុងសតវត្សរ៍ទី១០ (៩២១-៩៤១) នៃគ្រឹស្តសករាជសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា ដែលមានប្រាសាទ ៣នៅទន្ទឹមគ្នា។ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រាង្គប្រាសាទតែពីរទេ។


ប្រាសាទនេះ ស្ថិតក្នុងបរិវេណវត្តប្រាសាទនាងខ្មៅ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ដែលមានប្រមាណជា ៥២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង២៧ គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។ តើប្រាសាទនាងខ្មៅមានដើមកំណើតយ៉ាងដូចម្តេច?


តាមរឿងព្រេងខ្មែរបានដំណាលថា មានស្ដេចមួយព្រះអង្គព្រះនាម ព្រះបាទសុរិយោវង្ស មានមហិទ្ធិរិទ្ធិមានបុណ្យច្រើន បានសោយរាជ្យសម្បត្តិនៅភ្នំជីសូរ ហើយទ្រង់មានបុត្រីមួយព្រះអង្គព្រះនាមនាងខ្មៅ ដែលព្រះនាងមានរូបឆោមលោមពណ៌ល្អដាច់ស្រីក្នុងព្រះនគរ។ ស្តេចជាច្រើនអង្គ ចង់ស្តីដណ្តឹងព្រះនាង ប៉ុន្តែព្រះនាងមិនយល់ព្រម បែរជាទៅលួចស្រលាញ់គ្នាជាមួយបុរសកំសត់ម្នាក់ឈ្មោះបណ្ឌិតស្រី។ លុះដឹងដល់ព្រះបិតា ទ្រង់ខ្ញាល់ជាខ្លាំង ក៏កាត់កាលព្រះរាជធីតាចោលមួយរំពេច ក្រោយពីសម្លាប់បុរសកំសត់នោះចោល។ ព្រះបាទសុរិយោវង្ស ទ្រង់ក៏បានបស់បង់ព្រះនាងចោលឲ្យទៅគង់នៅឆ្ងាយ ដោយកសាងប្រាសាទចំនួន បីថ្វាយ ដែលបច្ចុប្បន្នសល់តែពីរ គឺប្រាសាទនាងខ្មៅ។

ក្រោមមកព្រះនាងក៏ទៅចាប់ចិត្តនឹងភិក្ខុមួយអង្គនាម កែវ ដែលមានចំណេះដឹងល្បីល្បាញពេញភូមិស្រុក។ ព្រះនាងក៏យាងតាមដំរីទៅទូលឲ្យ ភិក្ខុកែវ សឹក ឯភិក្ខុកែវ ក្រោយពីសឹកក៏បានរួមរស់ជាមួយព្រះនាងខ្មៅតរៀងទៅ។