ប្រវត្តិនៃការបង្កើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់
ប្រវត្តិនៃការបង្កើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់ និងបញ្ហាចម្រោងចម្រាសជុំវិញការប៉ុនប៉ងប្រកាសឯករាជ្យ (ភាគ ១)
គិតត្រឹមឆ្នាំ២០២០ នេះ គឺមានរយៈពេល ៧១ ឆ្នាំហើយ ដែលកោះតៃវ៉ាន់បានបង្កើតរដ្ឋាភិបាល ដឹកនាំរដ្ឋ និងមានជំឈរគោលនរយោបាយ សំរាប់ដឹកនាំប្រទេសដើម្បីអនាគត់របស់រដ្ឋាភិបាលកោះតៃវ៉ាន់ និងប្រជាជនតៃវ៉ាន់។
តៃវ៉ាន់ ជាដែនដីកោះមួយមានផ្ទៃដីទំហំ ៣៦ ១៨៨ គម២ និងមានព្រំប្រទល់ជុំវិញហំពាត់ដោយសមុទ្រចិនខាងត្បូង និងមានចំងាយ ២១០៣ គីឡូម៉ែត្រពីចិនដីគោក។ រដ្ឋាភិបាលកោះមួយនេះធ្លាប់ទទួលបាន ឯករាជ្យតាំងពីឆ្នាំ ១៩៥០ មកម្លេះ ប៉ុន្តែប្រទេសចិនចាត់ដែនទុកកោះមួយនេះ ជាអាណាខេត្តរបស់ខ្លួន ហើយវាជាតំបន់ឧទ្ទាមមួយដែលត្រូវតែបង្រួបបង្រួមជាមួយចិនដីគោក មហាយក្សចិនអាចនឹងប្រើកម្លាំងទ័ពបើចាំបាច់។
កោះតៃវ៉ាន់ គឺជារដ្ឋមួយដែលមានទឹកដី មានប្រជាជន រដ្ឋាភិបាល មានគោលនយោបាយក្នុងប្រទេស និងគោលនយោបាយការណ៍បរទេសក្រៅប្រទេស រូបបិយបណ្ណ័ ព្រមទាំងមានកងទ័ពសំរាប់ការពារទឹកដី និងសន្តិសុខជាតិផងដែរ ប៉ុន្តែរដ្ឋាភិបាលដែនកោះមួយនេះ មិនម៉ែនជារដ្ឋពេញច្បាប់នោះទេ។
ប្រវត្តិនៃការកកើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់ ឆ្នាំ១៩៤៩ ដែលមានឈ្មោះថាសាធារណរដ្ឋចិន
កាលពីឆ្នាំ ១៩៤៩ ក្រោយពេលរដ្ឋាភិបាលចិន ដឹកនាំដោយលោកចាង ខាវចៀក ដែលមានការគាំទ្រពីសហរដ្ឋអាមេរិកបានចាញ់សង្គ្រាមស៊ីវិល ទល់នឹងបក្សកុម្មុយនិស្តចិន ដែលដឹកនាំដោយម៉ៅ សេទុង រដ្ឋាភិបាលលោកចាង ខាវចៀក ឬរដ្ឋាភិបាលបក្សប្រជាជនជាតិនិយមដែលគេហៅថា គួមីងតាង បានរត់ភាសខ្លួនមកបង្កើតរដ្ឋាភិបាលនៅលើកោះតៃវ៉ាន់។
សង្គ្រាមស៊ីវិលចិន កើតឡើងក្នុងឆ្នាំ ១៩៤៥ និងបញ្ចប់ទៅវិញនៅឆ្នាំ ១៩៤៩ គឺបញ្ចប់ទៅដោយបក្សកុម្មនិស្តចិនបានឈ្នះសង្គ្រាមស៊ីវិលទល់នឹង កងទ័ពរដ្ឋាភិបាល។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិល ឆ្នាំ១៩៤៥ ប្រទេសចិន ត្រូវបានបែងចែកចេញជាបី គឺកងទ័ពរដ្ឋាភិបាលចិន នៃក្រុមអ្នកជាតិនិយម គួមីងតាង ដឹកនាំដោយលោកចាង ខាវជៀក និងកងទ័ពបក្សកុម្មុយនិស្តចិន ដឹកនាំដោយលោកម៉ៅសេទុង និងតំបន់គ្រប់គ្រងដោយកងទ័ពជប៉ុនដែលបានដាក់អាណានិគមលើប្រទេសចិននាសម័យនោះ។ ក្នុងឆ្នាំនៃការផ្ទុះឡើងនូវសង្គ្រាមស៊ីវិលចិន គឺជាឆ្នាំនៃការចាញ់សង្គ្រាមរបស់អាណាចក្រជប៉ុនក្នុងសង្គ្រាមលោកលើកទីពី ដោយពេលនោះកងទ័ពជប៉ុន បានសុំចុះចាញ់ និងចាកចេញពីប្រទេសចិនក្នុងថ្ងៃទី ១៤ ខែសីហា ឆ្នាំ១៩៤៥ គឺក្នុងលក្ខណ័មួយដែលមានឈ្មោះថា Potsdam Declaration ឬហៅជាភាសាខ្មែរថា សេចក្តីប្រកាសផតស្តាម។
ក្រោយពីជប៉ុនបានចេញពីប្រទេសចិន សង្គ្រាមស៊ីសាច់ហុតឈាម រវាងកងទ័ពរដ្ឋាភិបាល និងបក្សកុម្មុនស្តចិន ចាប់ឡើងកម្តៅម្តងខ្លាំងម្តងខ្សោយទៅតាម យុទ្ធសាស្រ្តរៀងៗខ្លួន ដោយពេលនោះកងទ័ពរដ្ឋាភិបាលតែងតែយកឈ្នះ និងបានគ្រប់គ្រងតំបន់មួយចំនួនដែលបក្សកុម្មុនិស្តចិនធ្លាប់បានគ្របគ្រង ប៉ុន្តែជ័យជំនះទាំងនោះមិនស្ថិតស្ថេរឡើយ។
តាមការដកស្រង់របស់របស់សារព័ត៌មាន China Journal ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញអោយឃើញថា កងទ័ពរដ្ឋាភិបាលសាធារណរដ្ឋចិន ចាញ់សង្គ្រាមស៊ីវិលចិន ដោយសារកត្តាធំៗចំនួន ៦ ចំនុច គឺ
· ទី ១ ៖ អសមត្ថភាពក្នុងការធ្វើកំណែទម្រង់
· ទី ២ ៖ អំពើពុករលួយ
· ទី ៣ ៖ បក្សពួកនិយម
· ទី ៤ ៖ សេដ្ឋកិច្ចថយក្រោយ
· ទី ៥ ៖ ការគាបសង្កត់ខាងនយោបាយ
· ទី ៦ ៖ ភាពឯកោលើឆាកអន្តរជាតិ
គួមីងតាង បានស្ថាបណាឡើងនៅឆ្នាំ ១៩១២ បន្ទាប់ពីបដិវត្តរាជានិយមក្នុងប្រទេសចិន ឆ្នាំ១៩១១ ដោយពេលនោះអ្នកដឹកនាំបក្សប្រជាជនជាតិនិយមគួមីងតាងមានឈ្មោះថា ស៊ុន យ៉ាសេន។ ប្រធានាធិបតីប្រជាធិបតេយ ដែលទើបតែជាប់ឆ្នោតថ្មី ក្រោយពីធ្វើបដិវត្តន៍ទំលាក់អណាចក្រឈីង មានទស្សនៈវិស័យសំខាន់ៗបី ដើម្បីអភិវឌ្ឍន៍ធ្វើទំនើបកម្មក្នុងប្រទេសចិន ទាំងវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ច ដោយក្នុងទស្សនៈវិស័យនោះរួមមាន ជាតិនិយម (Nationalism) ប្រជាធិបតេយសេរីនិយម និងសង្គមនិយម។ ប៉ុន្តែជាអកុសលលោកប្រធានាធិបតី ស៊ុន យ៉ាសេន កាន់អំណាចមិនដល់មួយឆ្នាំផង លោកក៏ត្រូវបានបញ្តេញចេញពីតំណែង ដោយពេលនោះក្នុងប្រទេសមានស្ថានភាពវឹកវរ ដោយមានការចម្រោងចម្រាសជាមួយបក្សប្រឆាំង និងក្នុងជួររដ្ឋាភិបាលរបស់លោកផង រួមផ្សំជាមួយនឹងការឈ្លានពានចូលទឹកដីប្រទេសចិនពីសំណាក់កងទ័ពជប៉ុន។
ក្នុងឆ្នាំ ១៩២៥ ប្រធានាធិបតីថ្មីចូលមកកាន់តំណែងជំនួសលោក យួន ស៊ីកៃ ដែលជាអ្នកទំលាក់លោកស៊ុន យ៉ាសេនចេញពីតំណែងក្នុងឆ្នាំ ១៩១២។ ក្នុងរបបរបស់លោក ឆាង ខាវជៀក ប្រធានធិបតីថ្មី ប្រទេសចិនហាក់ដូចជាគ្មានការផ្លាស់ប្តូរអ្វីច្រើនខុសពីសម័យអាណាចក្រឈីងទេ ដោយពេលនោះស្ថានភាពគោលនយោបាយធ្លាក់ចុះ កំណើនការងារគ្មានការរីកចម្រើន ប្រជាជនជាច្រើននៅតែប្រឈមមុខនឹងភាពគ្មានការងារធ្វើ។ ចំណែកឯមន្ត្រីដែលនៅក្នុងជួររដ្ឋាភិបាលវិញ នាំគ្នាខ្ចិលច្រអូសគ្មានធ្វើការងារអ្វីក្រៅពីនិយាយដើមគ្នា អ្នកខ្លះចាត់ទុកកន្លែងធ្វើការជាកន្លែងផឹកកាហ្វេ អានកាសែត និងនិយាយគ្នាលេងធ្វើអោយបាត់បង់ពេលវេលាបំពេញការងាររដ្ឋ។ មិនតែប៉ុណ្ណោះចំពោះបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈមមុខ ដូចជាដំណោះស្រាយផ្សេងៗទាក់ទង និងជំលោះ ឬចង់ធ្វើលិខិតស្នាមអ្វីមួយ ត្រូវរង់ចាំរយៈពេលយ៉ាងយូរ រហូតអាចដល់កន្លះឆ្នាំ ដោយមន្ត្រីដែលពាក់ព័នគិតថាវាមិនម៉ែនជារឿងរបស់ពួកគេទេ។
ក្នុងកាសែត New York Times សរសេរដោយលោក ប្រុក អាគិនស៊ុន ដែលបានចេញផ្សាយកាលពីឆ្នាំ ១៩៤៤ និងដកស្រងផ្សាយឡើងវិញដោយ កាសែត China journal ថារបបលោកចាង ខាវជៀក គ្មានការផ្លាស់ប្តូរអ្វីអោយខុសប្លែកពីរបបរាជានិយមទេ ហើយការិយាល័យ ថ្នាក់ជាតិ និងក្រោមជាតិ គ្មានគុណភាព និងគ្មានប្រសិទ្ធភាព។
មន្ត្រីដែលគេធ្លាប់ស្គាល់ថា មានជីវភាពក្រីក្រ និងបានចូលរួមទៅធ្វើបដិវត្តន៍របបរាជានិយមកាលពីឆ្នាំ ១៩១១ បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ក្នុងរបបលោកចាង ខាវជៀក ដោយមន្ត្រីមួយចំនួនបានសាងសងផ្ទះធំៗ និងមានអ្នកបំរើឆ្វេងស្តាំ និងមានមន្ត្រីខ្លះទៀត ចំណាយពេលវេលាដើរកំសាន្តជាមួយក្រុមគ្រួសារនៅទីក្រុងទំនើបបែបបច្ចិមប្រទេសទីក្រុងសៀងហៃអស់រយៈពេលយ៉ាងយូរ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងរបបគួមីងតាង មានតែកូនចៅមន្ត្រី ឬកូនក្មួយមន្ត្រីដែលមានឋានៈក្នុងជួររដ្ឋាភិបាលតែប៉ុណ្ណោះដែលបានជាប់ជាមន្ត្រីជំនាន់ថ្មី មានយុវជនដែលជាកូនចៅប្រជាជនធម្មតាតិចតួចណាស់ ដែលមានឱកាសបានចូលទៅបំរើការងាររាជការ។
ក្នុងរបបប្រជាតិបតេយ មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រពីគណៈបក្សផ្សេងៗ ដូចប្រទេសប្រជាតិបតេយសេរីដទៃទៀតនៅភាគខាងលិចដែរ ប៉ុន្តែក្នុងប្រទេសចិន ស្តេចត្រាញ់នៅតែមានអំណាចនៅតាមខេត្តនីមួយៗ ដោយរដ្ឋាភិបាលគួមីងតាង គ្រប់គ្រងតែខេត្តចំនួន ៧ ខេត្តតែប៉ុណ្ណោះ ក្នុងនោះមានខេត្ត Yangtze Valley and Nanjing, Shanghai, the provinces of Zhejiang, Anhui, Jiangsu and Jiangxi។ រីឯខេត្តផ្សេងទៀត មានស្តេចត្រាញ់គ្រប់គ្រងផ្សេងៗគ្នា ស្តេចត្រាញ់ខ្លះគ្រប់គ្រងខេត្តពីរ បីទៅតាមអំណាច និងទឹកលុយដែលគេមាន មិនតែប៉ុណ្ណោះស្តេចត្រាញ់ទាំងនោះថែមទាំងមានកងទ័ពផ្ទាល់ខ្លួនទៀតផង។
វិស័យនយោបាយមិនមានភាពល្អប្រសើ ចំណែកឯវិស័យសេដ្ឋកិច្ចក៏អន់ថយទៀត រីឯវិស័យកសិកម្មក្នុងស្រុកវិញ ប្រទេសចិននាសម័យនោះផលិតបានតែ ៦៥% ប៉ុណ្ណោះ។ ក្នុងឆ្នាំ ១៩៣០ ប្រទេសចិនចំណាយថវិការជាតិសំរាប់វិស័យយោធាមានទំហំទឹកប្រាក់ ពី ៦០ ទៅ ៨០% ដែលទឹកប្រាក់ទាំងនោះបានមកពី ការខ្ចីបុលបរទេស។
សិទ្ធសេរីភាពក្នុងប្រទេសចិន គ្មានទេសំរាប់អ្នកក្រីក្រ។ ប្រជាជនដែលនៅជនបទ គ្មានដីស្រែធ្វើដំណាំបង្ការត្រូវ ជួលដីពីសំណាក់អ្នកមានលុយ មានអំណាចដែលមានដីស្រែច្រើនសំរាប់ជួល និងចាំទទួលយកផលស្រូវឬ ជាលុយដែលប្រជាកសិករទាំងនោះធ្វើបាន បើទោះបីជាឆ្នាំខ្លះអាកាសធាតុមិនអំណោយផល ក៏អ្នកក្រទាំងនោះមិនដែលទទួលលបានការយោគយល់ពីម្ចាស់ដីទាំងនោះដែរ។
ក្នុងទស្សនវិស័យរបស់លោកស៊ុន យ៉ាសេន លោកមានបំណងចង់វាយបំបាក់ស្តេចត្រាញ់ទាំងអស់ដើម្បីពង្រីក អំណាចរដ្ឋាភិបាល និងរឹបអូសយកដីពីម្ចាស់ដីដែលតែងតែធ្វើបាបប្រជាពលរដ្ឋក្រីក្រ ដើម្បីអភិវឌ្ឍន៍ប្រទេស និងធ្វើទំនើបកម្មអោយដូចប្រទេសលោកខាងលិច។ ប៉ុន្តែលោកចាង ខាវជៀក វិញ ដើម្បីអំណាចរបស់លោកគង់វង្ស លោកមិនបានខ្វល់ពីបញ្ហាទាំងនោះឡើយ ម្យ៉ាងវិញទៀតលោកគឺជាទាហានម្នាក់ ដូច្នេះលោកមិនមានជំនាញអ្វីផ្សេងក្រៅពីការធ្វើសឹកសង្គ្រាមឡើយ។
ទំនុកចិត្តរបស់ប្រជាពលរដ្ឋចិន សំរាប់ប្រជាធិបតេយនិយមលែងមានទៀតហើយ ពីព្រោះមេដឹកនាំរបស់ពួកគេជាច្រើនជំនាន់មកហើយ តាំងពីបដិវត្តន៍ផ្តួលរបបរាជានិយមមក មិនអាចកែប្រែវាសនា របស់ប្រទេសជាតិបាន អោយដូចនឹងអ្វីដែលពួកគេបានឃោសនា។
ស្របពេលដែលកងទ័ពរដ្ឋាភិបាលបណ្តេញពួកកុម្មនីសអោយចេញពីទីក្រុងទៅជនបទក្នុងឆ្នាំ ១៩៣០ ពួកគេបានព្យាយាមប្រមូលសមាជិកបន្តែម ដោយពេលនោះមានប្រជាជនជាច្រើននាំគ្នាចូលរួមជាមួយបក្សកុម្មនីសចិនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលគួមីងតាង ដោយសារពួកគេសង្ឍឹមថាមានតែរបបសង្គមនិយមទេ ដែលអាចកែប្រែវាសនារបស់ប្រទេសចិន និងប្រជាពលរដ្ឋក្រីក្ររបស់ចិនបាន។
ក្នុងឆ្នាំ ១៩៣៣ ចាង ខាវជៀក បានប្រើប្រាស់កម្លាំងព័ទជាលើកទីប្រាំដើម្បីវាយបំបាក់ ក្រុមកុម្មនីសដែលបានផ្លាស់មកបោះមូលដ្ឋាននៅទីតាំងថ្មី នៅ ឈាងស៊ី សូវៀត។ ម៉ៅ សេទុងដែលទើបតែជាប់ឆ្នោតជាប្រធានបក្សថ្មី បានប្តូរទីស្នាក់ការកណ្តាលបក្សកុម្មនីសចិន ពីកន្លែងមួយទៅកន្លែងមួយទៀត ជាញឹកញាប់ដើម្បីរត់គេចពីការវាយប្រហារពីសំណាក់ កងទ័ពគួរមីងតាង។ សកម្មភាពរបស់កងទ័ពគួងមីងតាង វាយប្រហារទៅលើក្រុមកុម្មនីសខ្លាំងក្លារ ជាងការដែលវាយជាមួយកងទ័ពជប៉ុនដែលមកឈ្លានពានប្រទេសចិន ទើបធ្វើអោយទំនុកចិត្តរបស់ប្រជាជនចិន កាន់តែបាត់បង់កាន់ខ្លាំងទៅៗ។
កំណើនអ្នកចូលរួមជាមួយបក្សកុម្មនិសកើនឡើងជាលំដាប់ ចំណែកឯកងទ័ពកួមីងតាងកាន់តែធ្លាក់ខ្សោយទៅៗ បើទោះបីជាពួកគេទទួលបានជំនួយពីសហរដ្ឋអាមេរិកយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏ព្រោះតែក្នុងជួរកងទ័ពរបស់កួមីងតាង សម្បូរទៅដោយបុគ្គលពុករលួយ ទិន្ន័យចំនួនកងទ័ពតិចជាងចំនួនពិតជិតពាក់កណ្តាល និងមន្ត្រីទ័ពថ្នាក់លើតែងតែកិបគេងស៊ីលើកងទ័ពដែលមានឋានៈក្រោម។
ឆ្នាំ១៩៤៥ សង្គ្រាមរវាងបក្សប្រជាជនជាតិចិន និងមក្សកុម្មនិសចិនបានចាប់ផ្តើម រហូតខែមករា ឆ្នាំ ១៩៤៩ បក្សកុម្មនីសចិន ទទួលបានជ័យជំនះលើកងទ័ពរដ្ឋាភិបាល។ កងទ័ពរបស់ម៉ៅ សេទុងបានចូលមកដល់ទីក្រុងបេកាំង ហើយរូបថតរបស់លោកចាង ខាវជៀកដែលគេព្យូរលើក្លោងទ្វា ទីក្រុងហាមឃាត់ (Forbidden City) ត្រូវបានជំនួសមកវិញដោយរូបលោកម៉ៅ សេទុងវិញ។ អស់កន្លែងឈរជើងនៅលើដីគោក រាជរដ្ឋាភិបាលកួមីងតាង នាំគ្នារត់មកបង្កើតរដ្ឋាភិបាលថ្មី នៅលើដែនកោះតៃវ៉ាន់ ក្នុងនាមជាសាធារណរដ្ឋចិន។
បើទោះបីជាសាធារណរដ្ឋចិន បានបាត់បង់អំណាចទាំងស្រុងនៅលើដែនដីគោកក៏ដោយ តែរដ្ឋាភិបាលលោកចាង ខាវជៀកនៅតែបន្តមានដំណែងក្នុងសមាជិកអង្គការសហប្រជាជាតិដដែល។ ទោះជារដ្ឋាភិបាលសាធារណរដ្ឋចិន បានមកបន្តជីវិតនៅលើដីកោះតៃវ៉ាន់ក៏ដោយ ក៏ពួកគេមិនបានឈប់គិតថាពួកគេជារដ្ឋាភិបាលពិតតែមួយគត់របស់ប្រទេសចិនទាំងមូលដែរ។ ចំណែកឯអង្គការសហប្រជាជាតិវិញ នៅតែបន្តអោយសាធារណរដ្ឋចិន នៅបន្តក្នុងសភា UN ពីព្រោះក្នុងគោលបំណងរារាំងរឥទ្ធិពលរបស់កុម្មនីសក្នុង ក្រុមប្រឹក្សាសន្តិសុខ ដោយសម្លេងគាំទ្រភាគច្រើនដល់ក្រុងតៃប៉ិកពេលនោះគឺជាប្រទេសលោកខាងលិច។
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ ១៩៧១ សាធារណរដ្ឋប្រជាមានិតចិន ទទួលបានសម្លេងគ្រប់គ្រាន់ជាប់ជាសមាជិកពេញសិទ្ធរបស់ អង្គការសហប្រជាជាតិ តំណាងអោយប្រទេសចិនទាំងមូល ជំនួសអោយសាធារណរដ្ឋចិន (ROC) វិញ។
សំរាប់សហរដ្ឋអាមេរិកវិញ ដើម្បីការពារតៃវ៉ាន់ អាមេរិកបានបដិសេដនឹងសេចក្តីសម្រេចអោយសាធារដ្ឋប្រជាមានិតចិន ចូលជាសមាជិក តំណាងអោយប្រទេសចិនទាំងមូលជំនួសអោយសាធារណរដ្ឋចិន ដោយអាមេរិកចង់អោយ តៃវ៉ាន់ ដាច់ចេញពីចិន គឺក្នុងន័យថា ចិនដីគោកជាប្រទេសមួយផ្សេង ឯតៃវ៉ាន់ជាទេសឯករាជ្យមួយផ្សេងទៀត។ ប៉ុន្តែសំណើររបស់អាមេរិកត្រូវបានបរាជ័យ។
ជាបន្តបន្ទាប់តៃវ៉ាន់ធ្លាប់ដាក់សំណើរ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបានចូលជាសមាជិកអង្គការសហប្រជាជាតិដូចប្រទេសផ្សេងទៀតនៅលើពិភពលោកដែរ ប៉ុន្តែសំណើររបស់តៃវ៉ាន់ត្រូវបានបដិសេដ ដោយមូលហេតុប្រទេសជាសមាជិកអង្គការសហប្រជាជាតិភាគច្រើនទទួលស្គាល់ច្បាប់ “One China Policy” ដែលមានន័យជាភាសាខ្មែរថា ច្បាប់គោលការណ៍នយោបាយចិនតែមួយ ដោយសូម្បីតែសហរដ្ឋអាមេរិក ដែលប្រទេសស្និត និងតែងតែជួយជ្រោមជ្រែងតៃវ៉ាន់បំផុតក៏យល់ព្រមទទួលស្គាល់ច្បាប់នេះដែរ។
បញ្ហាចម្រោងចម្រាស ជុំវិញការប៉ុនប៉ងចង់ប្រកាសឯករាជ្យរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ (ភាគ ២)
បើយើងនិយាយអំពីបញ្ហាចំម្រោងចម្រាសនៃការចង់ប្រកាសឯករាជ្យរបស់តៃវ៉ាន់ យើងត្រូវរំលឹកអំពី ពាក្យថា One China Principle ជាមុនសិន។
ក្នុងឆ្នាំ ១៩៧៩ ក្រោយពីចិនកុម្មនីស បានទទួលស្គាល់ពេញសិទ្ធក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ជំនួសអោយតៃវ៉ាន់ ប្រទេសចិនបានខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចបង្រួបបង្រួមប្រទេសឡើងវិញ ដោយពេលនោះចិនបានបង្កើតច្បាប់មួយ ហៅថាប្រទេសមួយប្រព័ន្ធពីរ ដែលភាសាអង់គ្លេសហៅថា “One Country, two system” ។ ដោយក្នុងលក្ខ័ណនេះប្រជាជននៃភាគីទាំងពីរ ទាំងចិនដីគោក និងកោះតៃវ៉ាន់អាចផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងអាចធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកបាន ហើយច្បាប់នេះចិនបានដាក់ទាំងលើទឹកដីហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរ។
រហូតដល់ឆ្នាំ ១៩៩០ ក្រោយពីលោក លី តេងហ៊ុយ បានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ លោកបានបដិសេដទៅនឹងច្បាប់ One Country, two system នេះ ដោយលោកចង់ប្រើជំនួសមកវិញដោយ ចំណងការទូតរវាងរដ្ឋ និងរដ្ឋ មានន័យថា ចិនដីគោកគឺប្រទេសមួយ និងតៃវ៉ាន់ជាប្រទេសមួយ ឯករាជ្យដាច់ចេញពីប្រទេសចិន ដែលវាធ្វើអោយចិន ខឹងសម្បារយ៉ាងខ្លាំងដោយហៅគំនិតនេះថាជាគំនិតក្បត់។
តាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិបក្សកុម្មនីស្តចិន ចុះផ្សាយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៤ ថាតៃវ៉ាន់គឺចំណែកមួយរបស់ចិន ដែលមិនអាចបោះបង់បានទេ។ ពាក្យនេះ យើតែងតែលឺជាញឹកញាប់ចេញពីមាត់របស់ថ្នាក់ដឹកនាំសំខាន់ៗ របស់បក្សកុម្មនិស្តចិនទាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក។
និយាយពីប្រវត្តិនៃ កោះតៃវ៉ាន់ កោះមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ចិន មានរយៈពេលត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ គឺនៅឆ្នាំ ១៨៨៥ កោះតៃវ៉ាន់បានប្រកាសថាខ្លួនជាខេត្តមួយរបស់ចក្រភពឈីង។ រហូតដល់ឆ្នាំ ១៨៩៥ ប្រទេសចិនចាញ់ សង្គ្រាមចិន - ជប៉ុនលើកទីមួយ ចិនបានប្រគល់ទឹកដីកោះតៃវ៉ាន់ទៅអោយជប៉ុនគ្រប់គ្រង។
តាមការចុះផ្សាយនៅលើគេហៈទំព័រក្រសួងការពារជាតិបក្សកុម្មនិស្តចិនដដែល បាននិយាយថា ក្រោយពីបក្សកុម្មនិស្តចិន បានឈះសង្គ្រាមលើរដ្ឋាភិបាលសាធារណរដ្ឋចិនឆ្នាំ ១៩៤៩ បក្សកុម្មនិស្តចិនបានក្លាយជារដ្ឋាភិបាលពេញសិទ្ធតែមួយគត់នៅលើទឹកដីចិនទាំងមូល និងបានដើរតួរគោលនយោបាយលើឆាកអន្តរជាតិ។ បើទោះបីជារបបនៃការដឹកនាំប្រទេសបានផ្លាស់ប្តូរ ប៉ុន្តែគោលការណ៍ច្បាប់អន្តរជាតិ អធិបតេយ្យភាព និងដែនដីដែលមានស្រាប់របស់ចិនមិនបានផ្លាស់ប្តូរទេ ដូច្នេះរដ្ឋាភិបាលក្រុងប៉េកាំងមានសិទ្ធលើទឹកដីតៃវ៉ាន់ ព្រោះតៃវ៉ាន់គឺជាទឹកដីរបស់ចិន។
ផ្ទុយពីចិន ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី ត្សៃ អ៉ីងវិន មានជំហរដាច់ខាតមិនឧនក្បាលដាក់ក្រុងប៉េកាំងឡើយ។ មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ២០១៦ លោកស្រីបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់លោកស្រីថា “ជ្រើសរើស ត្សៃ អ៉ិងវិន មានន័យថា ជ្រើសរើសអនាគត់របស់យើង គឺជ្រើសរើសជំហរប្រជាធិបតិយ និងជ្រើសរើសសេរីភាព”។
អ្នកស្រីត្សៃ គឺជាប្រធានាធិបតីតៃវ៉ាន់ដែលមានប្រជាប្រិយភាពជាងគេ និងជាមេដឹកស្រីដំបូងគេបង្អស់របស់តៃវ៉ាន់ និងជាមេដឹកនាំដែលមានជំឈរខ្លាំង ដែលប្រឆាំនឹងក្រុងប៉េកាំង។ កាលពី ខែមករា ឆ្នាំ២០១៩ លោកស្រីបានបដិសេដមិនទទួលយក ការឯកភាពគ្នាឆ្នាំ ១៩៩២ (The 1992 consensus) ដែលប្រធានាធិបតីចិន ហ្ស៉ី ជិនពីន មានប្រសាសន៍ក្នុងសុន្ទរកថាពិសេសមួយលើគោលនយោបាតៃវ៉ាន់។ ដោយក្នុងសុន្ទរកថានោះ លោកហ្ស៊ីបានលើកឡើងថា ក្រុងប៉េកាំងមិនអនុញ្ញាតអោយតៃវ៉ាន់ប្រកាសឯករាជ្យនោះទេ ហើយកោះតៃវ៉ាន់ត្រូវតែរួបរួមជាមួយចិនដីគោក ក្នុងលក្ខ័ណប្រទេសមួយប្រព័ន្ធពីរ។ ជាមួយគ្នានោះដែរលោកក៏បានបញ្ជាក់ផងដែរអំពី ក្រុងហុងកុង និងម៉ាកាវដែលព្រមទទួលយកនៅលក្ខ័ណប្រទេសមួយប្រព័ន្ធពីរ ហើយលោកថាតៃវ៉ាន់ក៏នឹងធ្វើដូច្នេះដែរ។
ពីរថ្ងៃក្រោយពីលោកហ្ស៉ី ជិនពីង មានប្រសាសន៍ លោកស្រីត្សៃ បាននិយាយជាសាធារណមុខកាមេរ៉ាថា លោកស្រីសូមបដិសេដមិនទទួលសំណើររបស់ លោកហ្ស៉ី ជិនពីងឡើយ។ លោកស្រីថា «ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋចិនខ្ញុំ សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យើងមិនទទួលយក “ ការយល់ស្របគ្នាឆ្នាំ ១៩៩២ ទេ” ។ មូលហេតុសំខាន់ គឺដោយសារតែអាជ្ញាធរក្រុងប៉េកាំងប្រើប្រាស់ “ ការព្រមព្រៀងគ្នាឆ្នាំ ១៩៩២” គឺ “ ចិនតែមួយ” និង“ ប្រទេសមួយប្រព័ន្ធពីរ” ដែលនេះមិនម៉ែនជាអ្វីដែលតៃវ៉ាន់ និងប្រជាជនតៃវ៉ាន់ចង់បាន។ ហើយមតិសាធារណៈភាគច្រើន នៅតៃវ៉ាន់ក៏ត្រូវបានជំទាស់យ៉ាងដាច់ខាតចំពោះ “ ប្រទេសមួយប្រព័ន្ធពីរ” ហើយការប្រឆាំងនេះក៏ជា“ ការមូលមតិគ្នារបស់តៃវ៉ាន់ផងដែរ” ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងគ្នារវាងចិន និងតៃវ៉ាន់ហាក់ដូចជាល្អក់កករ នឹងគ្នាជាញឹកញាប់ ដោយកាលពីខែមេសា ឆ្នាំ២០១៨ ចិនធ្លាប់ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងក្នុងព្រឹត្តិការណ៍សមយុទ្ធលក្ខណទ្រង់ទ្រាយធំបំផុតមួយដែលចិនមិនធ្លាប់ធ្វើពីមុនមក ដើម្បីគំរាមតៃវ៉ាន់ ដោយបានប្រើយន្តទំលាក់គ្រាប់បែកហោះជំវិញកោះ។
ចិនមិនដែលបោះបង់ការប្រើកម្លាំងដើម្បីដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងទេ ការគំរាមកំហែងតែងតែមានជាញឹកញាប់ ដោយចិនតែងតែប្រើកម្លាំងយោធារ គំរាមកំហែងតៃវ៉ាន់ ដោយបញ្ជូននាវាដឹកយន្តយោះបើកឆ្លងកាត់ ច្រកសមុត្រតៃវ៉ាន់ ក្នុងឆ្នាំ ២០១៩។
ដើម្បើប្រឆាំងនឹងការគំរាមកំហែងពីក្រុងប៉េកាំង រដ្ឋាភិបាលរបស់លោកស្រីត្សៃ អ៉ីងវិន បានចំណាយថវិកា ជាង ២.២ ពាន់លានដុលាសហរដ្ឋអាមេរិក ដើម្បីទិញរថក្រោះ ម៉ាក់ M1A2T Abrams ចំនួន ១០៨ គ្រឿង និង មីស៉ីលបាញ់យន្តហោះចំនួន ២៥០ គ្រឿង។ ការធ្វើដូច្នេះ បានធ្វើអោយក្រុងប៉េកាំងខឹង នឹងសហរដ្ឋអាមេរិកជាខ្លាំង រដ្ឋាភិបាលក្រុងប៉េកាំងចោទអាមេរិកថា អាមេរិកកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយអាមេរិកកំពុងតែរំលោភលើ One China Policy ដែលអាមេរិកទទួលស្គាល់កាលពី ឆ្នាំ១៩៧០។
៧០ឆ្នាំក្រោយ រដ្ឋាភិបាលប៉េកាំង នៅតែខ្វល់ខ្វាយជានិច្ច នឹងការចាប់ច្របាច់តៃវ៉ាន់មកធ្វើជាចិនតែមួយ។ ប៉េកាំងនៅតែចាត់ទុកតៃវ៉ាន់ ជាចំណែកមួយនៃចិន ដែលបែកបាក់បាត់ទៅ ហើយត្រូវប្រមូលមកផ្គុំគ្នាវិញឱ្យខានតែបាន បើទោះបីជាប្រជាពលរដ្ឋតៃវ៉ាន់ គិតយ៉ាងណាក៏ដោយ។
ពលរដ្ឋតៃវ៉ាន់ ពិសេសក្មេងៗ “និយាយថាដែនដីតៃវ៉ាន់ ថាជាចំណែកមួយរបស់ចិនប្រជាមានិត” ជាឃ្លាដែលគ្មានន័យសោះ។ យុវវ័យក្រោមអាយុ២០ឆ្នាំភាគច្រើន យល់ថា តៃវ៉ាន់ជាប្រទេសមួយ ព្រោះមានស្វ័យភាព មានរដ្ឋាភិបាល មានពលរដ្ឋ និងមានដែនដី។ សម្រាប់ក្មេងជំនាន់ក្រោយ ពួកគេបានអះអាងមិនបានកើតនៅក្នុងទឹកដីចិន គ្មានអារម្មណ៍ថាជាចិនទេ បើទោះបីជាមានកាន់វប្បធម៌ចិន តែពួកគេខុសពីចិន។ បើគេជឿលទ្ធផលនៃការស្ទង់មតិ របស់សាកលវិទ្យាល័យជាតិតៃប៉ិ ប្រជាពលរដ្ឋរស់នៅលើកោះ ដែលកំណត់អត្តសញ្ញាណខ្លួនជាតៃវ៉ាន់ កើនឡើងពី ១៨%នៅឆ្នាំ១៩៩២ ដល់៥៥% នៅឆ្នាំ២០១៨។ អត្រាអ្នកដែលគិតថាខ្លួនជាចិននិងតៃវ៉ាន់ នៅឋេរត្រឹម៤០%ដដែល ចំណែកអ្នកដែលចាត់ទុកខ្លួនជាចិន បានធ្លាក់ចុះពី១ភាគបួនមកត្រឹម៤%ប៉ុណ្ណោះ។
តាមការពិតគំនិតរបស់យុវភាពតៃវ៉ាន់ជំនាន់ថ្មី មិនខុសទេ ! របបកុម្មុយនិស្តមិនដែលបានមកកាន់កាប់ និងគ្រប់គ្រងតៃវ៉ាន់ សោះឡើយ។ តៃវ៉ាន់ មានប្រវត្តិស្ថិតនៅក្រោមចិនក្នុងរយៈពេលដ៏ខ្លីបំផុត ប្រមាណតែ១០ឆ្នាំប៉ុណ្ណោះ ពោលគឺនៅចន្លោះពីឆ្នាំ១៨៨៥-១៨៩៥។ ចាប់ពីឆ្នាំ១៨៩៥មក តៃវ៉ាន់ត្រូវបានផ្ទេរទៅឱ្យជប៉ុនគ្រប់គ្រងស្ថាបនា រហូតដល់ពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ដូច្នេះ ក្រៅអំពីភាសា តៃវ៉ាន់និងចិន គ្មានអត្តសញ្ញាណ និងវប្បធម៌នយោបាយរួមគ្នាទេ។
គំនិតរំលេចអំពីអត្តសញ្ញាណថ្មី ជាជនជាតិតៃវ៉ាន់ បាននិងកំពុងធ្វើឱ្យប៉េកាំងឈឺក្បាលយ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាំងពីឡើងកាន់អំណាចមក បានបញ្ជាក់ឆន្ទៈយ៉ាងច្បាស់លាស់ ចង់ក្រសោបយកកោះតៃវ៉ាន់មកដាក់ក្នុងក្រញាំដៃចិនដីគោកវិញ។ នៅក្នុងសុន្ទរកថាកាលពីខែមករាដើមឆ្នាំ លោកស៊ីជីនពីង បានអះអាងថា ការច្របាច់តៃវ៉ាន់មកជាចិនតែមួយ ជាអ្វីដែលមិនអាចចៀសបាន និងជាបញ្ហាដែលត្រូវតែដោះស្រាយឱ្យចប់ មិនគួរបន្សល់ទុកដល់ជំនាន់ក្រោយទេ។
ភាសាបែបនេះ មិនអាចចូលត្រចៀកពលរដ្ឋតៃវ៉ាន់ដែលជាអ្នកធ្លាប់មានសេរីភាព ធ្លាប់បញ្ចេញមតិតាមរយៈការបោះឆ្នោតដោយសេរីនិងសកលតាំងពីឆ្នាំ១៩៩០ឡើយ។ មានតែពលរដ្ឋវ័យចំណាស់ខ្លាំងប៉ុណ្ណោះ ដែលនៅចងចាំថាមានឈាមជ័រជាចិន -ចងចាំថា ចិន ពេលនោះក្រីក្រខ្លាំងណាស់ បើប្រៀបមកតៃវ៉ាន់ដែលបានរីកលូតលាស់ ឡើងដល់កំរិតកំពូលនៅទសវត្សរ៍១៩៨០ ក្លាយជាកូននាគប្រចាំអាស៊ី ទន្ទឹមហុងកុងសិង្ហបុរី និងកូរ៉េខាងត្បូង។ ប៉ុន្តែការព្រមទទទួលស្គាល់ថាមានឈាមជាចិន មិនមែនមានន័យថាព្រមក្លាយជាទៅកម្មសិទ្ធិរបស់ប៉េកាំងទេ។
អ្វីដែលខុសគ្នាខ្លាំងរវាងតៃវ៉ាន់ពីចិនប្រជាមានិត គឺសេរីភាពនៃការបញ្ចេញមតិ។ តៃវ៉ាន់មានសេដ្ឋកិច្ចលូតលាស់អូសទាញលិទ្ធិប្រជាធិបតេយ្យទៅជាប់ជាមួយ។ ឯចិនពេលនេះ បានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទីពីរមែន តែគ្មានការវិវឌ្ឍលើផ្នែកនយោបាយទេ។ ចំណាត់ការលើបាតុករនៅហុងកុង រឹតតែធ្វើឱ្យយុវជនតៃវ៉ាន់កាន់តែមិនចង់បៀតប៉េកាំងខ្លាំងឡើង។ ទំនាក់ទំនងតៃវ៉ាន់-ចិន នឹងក្លាយជាប្រធានបទស្នូល នៃការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ខែមករាខាងមុខ ជាក់ជាមិនខាន៕
ប្រភពៈ
https://www.bbc.com/news/world-asia-16164639
https://www.thoughtco.com/is-taiwan-a-country-1435437
https://www.bbc.com/news/world-asia-34729538
https://www.britannica.com/event/Chinese-Civil-War
https://china-journal.org/2018/02/26/why-did-chiang-kai-shek-lose-china-the-guomindang-regime-and-the-victory-of-the-chinese-communist-party/
https://learning.blogs.nytimes.com/2011/10/25/oct-25-1971-peoples-republic-of-china-in-taiwan-out-at-un/#:~:text=all%20Historic%20Headlines%20%C2%BB-,On%20Oct.,Republic%20of%20China%20(Taiwan).
https://time.com/5869911/taiwan-china-military-planes-frequency/
https://www.washingtonpost.com/world/asia_pacific/taiwan-says-threat-of-military-clash-with-china-is-on-the-rise/2020/07/22/6f6da4c8-cc0c-11ea-99b0-8426e26d203b_story.html
https://www.ft.com/content/e3462762-3080-11ea-9703-eea0cae3f0de
https://asiatimes.com/2020/04/time-may-be-ripe-for-china-to-invade-taiwan/
https://thediplomat.com/2019/01/was-it-wise-for-tsai-ing-wen-to-reject-the-1992-consensus-publicly/
https://www.bbc.com/news/world-asia-16464515
https://www.britannica.com/biography/Tsai-Ing-wen
https://www.theguardian.com/world/2020/jan/15/tsai-ing-wen-says-china-must-face-reality-of-taiwans-independence
https://thediplomat.com/2019/09/taiwan-loses-2-diplomatic-allies-wins-us-support-ahead-of-crucial-presidential-election/
https://www.taiwan.gov.tw/content_3.php
https://www.bbc.com/news/world-asia-china-38285354
https://www.fmprc.gov.cn/ce/ceno/eng/ztxw/twwt/t110655.htm