ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យអាណានិគមបារាំង
ប្រវត្តិនៃបំណែងចែករដ្ឋបាលនៃកម្ពុជាសម័យអាណានិគមបារាំង យើងនិងធ្វើការសិក្សាដោយត្រួសៗ ពីប្រវត្តិសាស្ត្រខ្មែរ ដើម្បីស្វែង យល់អំពីរបបរដ្ឋបាល ខ្មែរតាំងពីជំនាន់ដើម (សម័យមុនបារាំងចូលស្រុក )រហូតមកដល់សម័យបច្ចុប្បន្ននេះ ។ សម័យមុនអាណានិគមបារាំងគឺជារបបរាជានិយម ដែលព្រះមហាក្សត្រក្តោបអំណាចទាំងអស់ ដោយផ្ទាល់តែមួយអង្គឯង ជាពិសេស អំណាចនយោបាយ និងអំណាចរដ្ឋបាល។ ព្រះមហាក្សត្រមិនធ្វើច្បាប់ដោយផ្ទាល់ព្រះអង្គទេ គឺទ្រង់យកច្បាប់ដែលចេញពីគម្ពីរវេទ និងទំនៀមទំលាប់ មកប្រតិបត្តិតែម្តង។ ព្រះមហាក្សត្រចេញ ក្រឹត្យបញ្ជាតែក្នុងវិស័យរដ្ឋបាល និងក្នុងនីតិវិធីតុលាការខ្លះតែប៉ុណ្ណោះ។ ព្រះអង្គទ្រង់ធ្វើសាវនាការ កិច្ចការរដ្ឋបាលកាលសម័យយុគកណ្តាលពីរដងក្នុងមួយថ្ងៃ បើតាមកំណត់ហេតុអ្នកប្រវត្តិសាស្ត្រ ចិនម្នាក់ ឈ្មោះ ជីវតាក្វាន់ ក្នុងឆ្នាំ ១២៩៦។ ព្រះអង្គក៏ជឿចៅក្រមផងដែរ។ កាលសម័យនោះ មហាក្សត្រត្រូវតែដឹកនាំចំបាំង ដោយផ្ទាល់ព្រះអង្គទើបសមជាមហាក្សត្រ ពីព្រោះ ព្រះអង្គត្រូវធ្វើគំរូដល់មេទ័ពឯទៀតៗ ដែលលោកជាមេបញ្ជាការកំពូលនោះ។
ប្រវត្តិ
កែប្រែការរៀបចំរដ្ឋបាលផែនដីគឺមាន “ ដី ” ដែលជាអតីតរាជាណាចក្រនៃប្រទេសដែលស្តេចខ្មែរវាយយកមកចំណុះ រួចបញ្ជូលយក ជា ដីខ្មែរ តែម្តង។ តាំងពីបរាជ័យនៅលង្វែកកាលពីក្នុងឆ្នាំ ១៥៩៣ មកឯកសារសំខាន់ៗបាត់អស់ ហេតុដូច្នេះ យើងពុំអាចដឹងដោយច្បាស់ថា “ដី ” នោះមានចំនួនប៉ុន្មានពិតប្រាកដទេ ។ យើងមិនដឹង ច្បាស់ថាមានខេត្តចំនួន “៩០” ឬ “១០១” ទេពីព្រោះវាទៅជារឿងព្រេងអស់ ទៅដោយសារការរលំរលាយនៃបន្ទាយលែង្វកនោះ។
មុនបារាំងចូលមក
កែប្រែ- ស្តេចដែលត្រូវកាន់កាប់ “ដី” នោះគេហៅថា “ស្តេចត្រាញ់”
ដែលមានអំណាចតែងតាំង ឬ ដេញ ចោលមន្ត្រីទាំងអស់ដែលនៅក្នុង “ដី ” នោះ ។ ស្តេចត្រាញ់មានស្វ័យភាពរដ្ឋបាល និង ហិរញ្ញវត្តុ ។ ចាប់ពីពាក់កណ្តាលសតវត្សទី ១៩ មក ព្រះបាទអង្គឌួង (សោយរាជ្យ ១៨៤៥ ដល់ ១៨៦០) បាន លុបចោលស្តេចក្រាញ់ជាបន្តបន្ទាប់មក លើការកាន់កាប់ “ដី” ទាំងនោះ និងដកអំណាចអស់ពីស្តេច ត្រាញ់ឱ្យអោយនៅសល់តែងារប៉ុណ្ណោះ ។ នៅឆ្នាំ ១៨៧៥ ពេលបារាំងចូលមករៀបចំ គេឃើញថា “ ដី ” ចំនួន ៥ ដែលស្ថិតនៅក្រោមអំណាចមហាក្សត្រ (អំណាចកណ្តាល) ទាំងអស់។ បារាំងបានសរសេរលើផែនទីថា grande provice (ខេត្តធំ រឺ មហាខេត្ត)
- “ មឿង ” គឺជាការបែងចែករដ្ឋបាលដែន “ ដី ” ។ (បើគិតត្រឹមសម័យបារាំងគឺស្មើខេត្តតែក្រោយមកក្លាយជាស្រុក បើគិតដល់សម័យរាជាណាចក្រទី២ស្មើស្រុក ចៅហ្វាយស្រុកគឺសំដៅលើចៅហ្វាយខេត្តនៃខេត្តទំហំប៉ុនមឿងនឹងហើយ)
មន្ត្រីដែលគ្រប់គ្រងកាន់កាប់ មឿងក្នុង ព្រះនាមនៃព្រះមហាក្សត្រ គេហៅថា “ចៅមឿង” ។ ព្រះបាទអង្គឌួង ក្រោយមក ព្រះអង្គមិនចង់ឱ្យ មានេឈ្មាះ “មឿង” ដែលជាឈ្មាះសៀម ព្រះអង្គក៏ឱ្យផ្លាស់ឈ្មាះ ហើយហៅថា “ ខេត្ត ” ទៅវិញ ។ ដូច្នេះ ឈ្មោះ “ខេត្ត” កើតពីសម័យព្រះអង្គឌួង ហើយនៅជាប់រហូតដល់សព្វថ្ងៃនេះ។ នៅឆ្នាំ ១៨៨៤ មាន ៥៧ ខេត្ត ។
- “ ស្រុក ” ជាឈ្មាះមួយដែលខ្មែរទូទៅហៅ សំរាប់សម្គាល់ភូមិកំណើតរបស់ខ្លួន កាលសម័យមុនបារាំងចូលមក។ គឺមិនមែនជា មណ្ឌលរដ្ឋបាលឡើយ ។ “ស្រុក” នេះជា “ភូមិ” ឥឡូវយើងហៅថា “ឃុំ” កើតឡើងពីគ្រួសារមួយ ឬ ពីរ ហេតុដូច្នេះបានជាជួនកាល គេឱ្យឈ្មោះភូមិ “ស្រុក” នោះមនុស្សដែលជា មេគ្រួសារក៏មាន។ (ប្រៀបធៀបទៅនឹងរដ្ឋបាលនៃរាជាណាចក្រទី២ គឺស្មើឃុំ)
កាលសម័យនោះ កាលណារាស្ត្រនិយាយថា “ ចៅហ្វាយស្រុក ” គឺគាត់ចង់និយាយ “ចៅហ្វាយខេត្ត ” វិញទេ ។ ពួកចាស់ៗក្នុង “ ស្រុក ” ជំនុំគ្នាជាក្រុមជំនុំ ហើយចាត់ក្នុងចំណោមជនដែលមាន មានវ័យនៅក្មេងជាងគាត់ ហើយដែលមានបញ្ញាឆ្លាតវាងវៃ ឱ្យធ្វើការឱ្យ “ស្រុក ” ខ្លួន។ គេហៅថា “មេស្រុក” ។ ដូច្នេះ តាមប្រវត្តិសាស្ត្រ “ មេស្រុក ” (ក្នុងន័យនេះគាត់គ្រាន់តែជាជំនួយការរបស់អភិបាលខេត្ត បើប្រៀបធៀននឹងសម័យរាជាណាចក្រទី២) គឺជាអ្នកជំនួយការតែប៉ុណ្ណោះ។ ចាស់ៗនោះ ដល់ក្រោយមក ក៏បញ្ជូលក្នុងក្រុមជំនុំរបស់ “ ស្រុក ” នូវអតីតមន្ត្រី អាចារ្យវត្ត ឬ អ្នកប្រាជ្ញអក្សរសាស្ត្រដើម្បីជួយគិតការងារ។ គេឱ្យឈ្នោះក្រុមនោះថា “ក្រុមពញ្ញា” ។ ពួកនេះធ្វើការ ឥតបៀវត្សអ្វីទេ ។ “ក្រុមពញ្ញាជា” (ស្រដៀងក្រុមប្រឹក្សាស្រុកសព្វថ្ងៃនេះ) នេះបានបង្កើតភ្នាក់ងារជំនួយ “មេស្រុក” ដែលគេហៅថា “ជំទប់” ។ ហើយ “ ជំទប់ ” ក៏អាចរកស្មៀនឱ្យជួយសរសេរ ឬ ធ្វើការងារផ្សេងៗបាន។ គេទាំងអស់គ្នាធ្វើការ គ្មានប្រាក់ខែទេពីព្រោះ ពុំទាន់មានការបង្តើត “ លុយ ” ចាយនៅឡើយ ។ គេទទួលតែអំណោយជា រង្វាន់ ដូចជាអង្ករ ត្រី ៘ ព្រះបាទអង្គឌួងទ្រង់បានបង្កើត “ប្រាក់” ឱ្យចាយនៅក្នុងពាក់កណ្តាល សត្សវតទី ១៩។ ជាសរុបមកមុនបារាំងចូលស្រុក គឺ ខេត្ត/ដី (ចៅហ្វាយស្រុកខេត្ត) បែងចែកជា មឿង/ខេត្ត (ចៅមឿង/ចៅហ្វាយស្រុក) ហើយមឿង បែងជា ស្រុក/ភូមិ/បាន (ចៅបាន) (ជាប្រភេទរដ្ឋបាលមិនច្បាស់លាស់ តែប្រហាក់ប្រហែលនឹងឃុំសព្វថ្ងៃ)
សម័យអាណានិគមបារាំង
កែប្រែយើងដឹងហើយថា បារាំងបានធ្វើសន្ធិសញ្ញាមួយនៅឆ្នាំ ១៨៦៣ ដាក់ប្រទេសកម្ពុជាឱ្យនៅក្រោម អាណាព្យាបាលរបស់ប្រទេសបារាំង ។ ម្ភៃឆ្នាំក្រោយសន្ធិសញ្ញា ឆ្នាំ ១៨៦៣ គឺនៅថ្ងៃ ទី ១៧ មិថុនា ១៨៨៤ សន្ធិសញ្ញាមួយទៀតដែលបារាំង បានបង្ខំឱ្យព្រះបាទនរោត្តម ចុះព្រះហស្ថលេខា ទាំងក្តៅក្រហាយនោះបាន ធ្វើឱ្យប្រទេសខ្មែរក្លាយទៅជាប្រទេសមួយស្ថិតនៅក្រោមអាណានិគមបារាំង ថ្វីបើគេសរសេរជាផ្លូវការថា { protectora } ក៏ដោយ ពីព្រោះបារាំងបានដកអំណាចពិតប្រាកដទាំងអស់ចេញពីមហាក្សត្រខ្មែរ ដោយបានផ្ទេរទៅឱ្យលោក រេស៊ីដង់ស៊ុបពែរីយែ (ឯកាធិបតី) បារាំងវិញ ។ សេនាបតី សភាត្រូវប្រជុំក្រោមអធិបតី របស់លោក រេស៊ីដង់ស៊ុបពែរីយែ។ កិច្ចប្រជុំលែងនៅក្រោមព្រះរាជាធិបតីរបស់មហាក្សត្រខ្មែរដូចកាលពីដើមទៀតឡើយ ។ ក្នុងវិស័យរដ្ឋបាល បារាំងបានយកគំរូ រចនាសម្ព័ន្ធរបស់បារាំដែលបានអនុវត្តនៅប្រទេសយួន យក មកចម្លងដាក់ទាំងស្រុងនៅប្រទេសខ្មែរ។ នៅត្រួតពីលើចៅហ្វាយខេត្តខ្មែរ មានលោករេស៊ីដង់បារាំងម្នាក់នៅគ្រប់ខេត្ត។ រេស៊ីដង់នេះ មានអំណាចខ្លាំងណាស់លើមន្ត្រីទាំងអស់ លើចៅហ្វាយខេត្តខ្មែរទៀត ។ ក្នុងខេត្តនីមួយៗមាន ចែកជា arrondissements (និគម) ដែលយើងហៅរហូតដល់សព្វថ្ងៃនេះថា “ស្រុក” ប និងជា Communes (ដែលយើង ហៅថា “ឃុំ ”)។
បារាំងបានកាន់កាប់ប្រទេសខ្មែរជាង ៩០ ឆ្នាំទើបសុខចិត្តប្រគល់ឱ្យខ្មែរនូវឯករាជ្យភាពជាតិវិញនៅ ឆ្នាំ ១៩៥៣ ដោយសារស្នាព្រះហស្តព្រះបាទ នរោន្តម សីហនុ ព្រះមហាក្សត្រខ្មែរ និង ដោយសារការរួមសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរប្រកបដោយសេចក្តីប្តេជ្ញាចិត្តយ៉ាងមុតមាំ ។ បារាំងដកចេញទៅមែន តែអ្វីៗដែលបារាំងបានបង្កើតហើយក្នុងវិស័យរដ្ឋបាល ទាំងរចនាសម្ព័ន្ធ ទាំងរបៀប ធ្វើការ ក៏នៅបនជ្តាប់ជានិច្ចក្នុងរបបរាស្ត្រនិយម (រាជាណាចក្រទី១) ក៏ដូចក្នុងរបបសាធារណរដ្ឋខ្មែរ លន់ ណុល ដែរ ។ លិខិតស្នាមផ្លូវការ ច្រើនសរសេរជាភាសាបារាំង របៀបធ្វើការ និង ច្បាប់ទាំងឡាយ ក៏នៅតែទៅតាមបារាំងទាំងអស់ ពីព្រោះពួកជំនាញការច្រើនតែពួកបារាំង។ នៅលើក្រដាស មានច្បាប់ដែលឱ្យសិទ្ធិទៅរាស្ត្រតាមឃុំ ខេត្ត គ្រប់គ្រងផ្ទាល់កិច្ចការទាំងឡាយ ជា ប្រយោជន៍ដល់ ឃុំ ខេត្ត។ ប៉ុន្តែតាមប្រតិបត្តិជាក់ស្តែង អំណាចចៅហ្វាយខេត្ត (អភិបាលខេត្ត) ចៅហ្វាយក្រុង (អភិបាលក្រុង) និង ចៅហ្វាយស្រុក (អភិបាលស្រុក) ដែលជាតំណាងកណ្តាលនោះ នៅ តែខ្លាំងដូចជាជំនាន់មុនដដែល។
ខេត្ត នេះស្មើនឹង មឿង សម័យមុនបារាំងចូលមក ហើយ ខេត្តមកដល់សម័យបារាំងបង្រួញមកសល់ត្រឹម ១៤ ខេត្តៗ ដែល ខេត្ត៥៧ មកក្លាយជាស្រុកនៅសម័យថ្មីនេះវិញ។
ឯកសារយោង
កែប្រែ- ដកស្រង់ពីសៀវភៅរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា