ប្រាសាទគោកត្រាង

ប្រាសាទគោកត្រាងតាំងនៅក្នុងភូមិចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះមានទីតាំងស្ថិតនៅចម្ងាយប្រវែង ២គីឡុម៉ែត្រខាងត្បូងប្រាសាទបាគង និងនៅទិសខាងកើតប្រាសាទគោកដូងចម្ងាយប្រហែល១គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ ស្ថិតនៅលើដីទួលធំទូលាយមួយកន្លែង។ ប្រាសាទនេះប្រហែលបែរមុខទៅទិសខាងលិច ទួលគ្រឹះកម្ពស់ប្រមាណ ៣ម៉ែត្រ ដែលមានស្លាកស្នាមមានគូរទឹកព័ន្ធជុំវិញ និងផ្នែកខ្លះត្រូវបានរីងស្ងួតក្លាយទៅជាវាលស្រែ។ គោកមានរាងចតុកោណកែង មានទំហំ១០០ម៉ែត្រគុណនឹង៥៣ម៉ែត្រ ហើយផ្ទៃដីជុំវិញទួលគ្រឹះសព្វថ្ងៃសុទ្ធសឹងជាច្បារដំណាំរបស់ប្រជាកសិករ។ ប្រាសាទគោកត្រាងមានបន្សល់នូវគ្រឹះតួប៉មមួយ ដែលបានបាក់បែកអស់ស្ទើតែមើលលែងឃើញរូបរាង ដោយសារក្រុមប្រដាប់អាវុធមួយចំនួនប្រកបរបរទុច្ចរឹតបានលួចជីកកាយរាវរកវត្ថុមានតម្លៃផ្សេងៗនៅទួលគ្រឹះប្រាសាទនេះ។ នៅក្នុងបរិវេណប្រាសាទនេះឃើញមានដូចជា កំណាត់សសរពេជ្រធ្វើអំពីថ្មភក់មានរាងប្រាំបីជ្រុង ដែលលម្អដោយក្បាច់ជញ្ជៀនញឹក សសរមួយកំណត់ទៀតរាងប្រាំបីជ្រុងមានកប់នៅក្នុងដីមានឆ្លាក់លម្អទេពប្រណម្យនៅលើគល់សសរ ទម្រមរទ្វារចំនួន២ផ្ទាំង និងគោលសីមាធ្វើអំពិថ្មភក់ទំហំ១០សង់ទីម៉ែត្រគុណ៦០សង់ទីម៉ែត្រ។ រីឯនៅទិសខាងលិចឈៀងខាងជើងនៃទួលគ្រឹះមានផ្ទាំងថ្មភក់មួយផ្ទាំងជាទម្រផ្តែរមានបណ្តោយ១.៩០ម៉ែត្រនិងទទឹង៤៨សង់ទីម៉ែត្រ និងសសរនៅផ្តេកនឹងដីប្រវែង ១.៧០ម៉ែត្រ អង្កត់ផ្ចិតប្រវែង២០សង់ទីម៉ែត្រ ហើយខាងផ្នែកខាងគល់សសរមានរូបទេពប្រណម្យដែរ។ គ្រឹះប្រាសាទគោកត្រាងមានទំហំ១២ម៉ែត្រគុណនឹង១២ម៉ែត្រ នៅលើគ្រឹះនេះមានបន្សល់ទុកនូវស្នាកស្នាមជាច្រើនដូចជា បល័្លង្កទ្រង់ទ្រាយជារង្វេលខ្លួនពស់នាគបីជាន់សម្រាប់តម្កល់ព្រះពុទ្ធរូប ដែលត្រូវជនទុច្ចរឹតវាយបំបាក់ដាប់យកដងខ្លួនរបស់ព្រះពុទ្ធបដិមាចេញពីបល្ល័ង្ក។ ស្នាមជីកលុងគ្រឹះប្រាសាទចុះក្រោមប្រវែង ៥.៧០ម៉ែត្រ ធ្វើឱ្យរចនាសម្ព័ន្ធគ្រឹះបាក់បែកអស់ ពោរពេញដោយគំនរឥន្ធនៅពេញមាត់រណ្តៅ។ ព្រឹត្តិការណ៍នេះមានកើតឡើងនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៩៧។ នៅចំច្រកទ្វារខាងលិចរណ្តៅមានមេទ្វារពីរផ្ទាំងបញ្ឈរកម្ពស់ប្រហែល ២.៥០ម៉ែត្រ និងទទឹងច្រកទ្វារប្រវែង៦៥សង់ទីម៉ែត្រ។​ បើតាមឯកសារលោក E. Lunet de Lajonquiéré ប្រាសាទគោកត្រាងបានចុះបញ្ជីរសាពើភណ្ឌលេខសម្គាល់ (៥៨១) ឆ្នាំ១៩១១ បានអះអាងថា​ប្រាសាទនេះមានតួប៉មចំនួនមួយសង់អំពីឥដ្ឋមានទ្វារបញ្ឆោតចំនួនបី ដែលមានការបាក់បែកផ្នែកខ្លះ និងមានអាគារពីរផ្សេងទៀត[]មានអ្នកសិក្សាស្រាវជ្រាវបន្តបន្ទាប់បានសិក្សាស្រាវជ្រាវវិភាគលើប្រាសាទជាពិសេសលើក្បាច់ផ្តែរ និងសសរពេជ្រ ដែលបានសនិដ្ឋានថា ប្រាសាទនេះប្រហែលស្ថិតនៅក្នុងសម័យអន្តរកាលរវាងរចនាបថគូលែន និងរចនាបថព្រះគោ[]

ឯកសារយោង

កែប្រែ
  1. E. Lunet de Lajonquiére " Inventaire Discriptif des Monuments du Cambodde" Tome III, Paris 1911,pp263
  2. Philippe Stern" Hariharalaya et Indrapura " BEFEO, Thom XXXVIII-1938, HANOI 1939,pp 189-191