ប្រាសាទត្នោតជុំខាងលិច
ប្រាសាទត្នោតជុំខាងលិច | |
---|---|
ឈ្មោះ: | ប្រាសាទត្នោតជុំខាងលិច |
អ្នកកសាង: | ព្រះបាទរាជេន្ទ្រវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ដើមសតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថខ្មែរ |
ទីតាំង: | ភូមិត្នោតជុំ២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ |
ប្រវត្តប្រាសាទ
កែប្រែប្រាសាទត្នោតជុំខាងលិច ស្ថិតនៅក្នុងភូមិត្នោតជុំ២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានចម្ងាយប្រមាណជា ៤,៦គីឡូម៉ែត្រ ពពីទីប្រជុំជនកំពង់ថ្ម។ ប្រាសាទត្នោតជុំត្រូវបានកសាងឡើងក្នុងអំឡុងសតវត្សរ៌ទី១០ នៃគ.ស។ ប្រាសាទត្នោតជុំ ដែលជាប្រាសាទទោល កសាងអំពីឥដ្ឋ មានរាងជា៤ជ្រុងស្មើ ហើយមានគូទឹកហ៊ុំព័ទ្ធជុំវិញ តែបានរីងស្ងួតទៅហើយ។ ជ្រុងនីមួយៗនៃបូជនីយដ្ឋាននេះ មានប្រវែង ៤,៤០ម៉ែត្រ ហើយសំណង់ស្ថាបត្យកម្មនេះនៅល្អនៅឡើយ។ លើកលែងតែផ្តែរមួយផ្ទាំង ទើបតែធ្លាក់ជ្រុះនៅលើដីកាលពីឆ្នាំ១៩៩៦ប៉ុណ្ណោ។ខុសពីប្រាង្គប្រាសាទដទៃៗឯទៀតក្នុងជំនាន់នោះ ប្រាសាទត្នោតជុំ បែរមុខទៅទិសខាងជើង ហើយដំបូលមាន ៤ថ្នាក់ ត្រួតលើគ្នាយ៉ាងសមសួន។ ជាអកុសល ថ្មលំអកំពូលប្រាសាទ បានបាត់បង់ទៅហើយ។ ក្បាច់សសរពេជ្រមាន៨ជ្រុង មានចម្លាក់ជាខ្សែបន្ទាត់ជាច្រើនជាន់។ សូមបញ្ជាក់ផងដែរថា នៅលើផ្តែរយើងបានឃើញកាលពីឆ្នាំ ១៩៩៥ នូវចម្លាក់ព្រះឥន្ទ្រធិរាជប្រថាប់លើដំរី ហើយនៅពីផ្នែកខាងលើមានឆ្លាក់រូបមនុស្សជាជួរគួរឲ្យចាប់អារម្មណ៍។នៅទីនេះដំរីមានក្បាលមួយទេ ហើយអមដោយតោពីរ ដែលកំពុងខ្ជាក់ក្បាច់ស្លឹកឈើ ដោយនៅខាងចុងមានរូបម្ករខ្ជាក់តោ។ បើយោងលើសំណៅសិលាចារឹក ដែលគេផ្តាមលេខរៀង K-១៣៤ យើងដឹងថា មានអំណោយជាដីព្រៃរំដេង ថ្វាយចំពោះមូលនិធិសាសនារបស់ព្រះអាទិទេពនៃលិង្គបុរៈ និងព្រះអង្គម្ចាស់ក្សត្រីយ៍ ដែលបានសោយទិវង្គតទៅហើយ ព្រះនាមថា អង្វេទន្លេ ហើយតាមសំណូមពររបស់កម្រាតាញស្រី សង្គ្រាមទរុន នៅឆ្នាំ ៩៥២ ព្រះមហាក្សត្រព្រះបាទរាជេន្ទ្រវរ្ម័ន បានត្រាសបង្គាប់ឲ្យគេកំណត់ព្រំប្រទល់ដី ហើយនៅឆ្នាំ ៩៧៧ ព្រះបាទជ័យវរ្ម័នទី៥ ទ្រង់បានស្ថាបនាបូជនីយដ្ឋានដ៏សំខាន់នេះ ដោយទ្រង់ថែមទាំងប្រទានអ្នកបម្រើចំនួន ១៥នាក់ និងសត្វពាហនៈមួយចំនួនផង។ម្យ៉ាងវិញទៀត នៅចុងអត្ថបទនៃសិលាចារឹក យើងក៏បានឃើញនូវពរជ័យចំពោះជនណា ដែលថែរក្សាប្រាសាទនេះ និងពាក្យបណ្តាសារចំពោះជនណាដែលបំផ្លាញ។សូមបញ្ជាក់ផងដែរថា នៅពេលចុះទៅសិក្សា នៅឆ្នាំ១៩៩៤ យើងបានឃើញបង្គោលថ្មមួយមានឆ្លាក់រូបនៃព្រះពុទ្ធ៣អង្គ ក្នុងឥរិយាបទសមាធិ ព្រមទាំងសីមាវត្តមួយចំនួន។ ជាហេតុនាំឲ្យឃើញថា នៅលើទីតាំងនៃប្រាង្គប្រាសាទនេះ មានការគោរពបូជាលទ្ធិព្រះពុទ្ធសាសនាផងដែរ។ ក៏ប៉ុន្តែ អ្វីដែលបាន ពិពណ៌នានេះ គឺអាចគ្រាន់តែជាគំនិតមួយតែប៉ុណ្ណោះ ព្រោះគ្មានហេតុផលផល អ្វីដែលហាមយើងមិនឲ្យនិយាយថា បង្គោលសីមាវត្តទាំងនោះ គឺត្រូវបានធ្វើឡើងដោយថ្មនៃប្រាសាទចាស់។ មានន័យថា បង្គោល ឬសន្លឹកសីមាវត្តទាំងនោះ និងសំណង់ប្រាសាទមិនត្រូវបានកសាងឡើងក្នុងសម័យកាលតែមួយទេ ពោលគឺនៅសម័យក្រោយ[១]៕
ឯកសារយោង
កែប្រែ- ↑ www.everyday.com.kh