ប្រាសាទថ្នឹង
ប្រាសាទថ្នឹង | |
---|---|
ឈ្មោះ: | ប្រាសាទថ្នឹង |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបកោះកែរ |
ទីតាំង: | ភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ |
លក្ខណៈទូទៅនៃប្រាសាទ
កែប្រែប្រាសាទថ្នឹង ឬប្រាសាទលិង្គទី១ មានទីតាំងស្ថិតនៅ១ ១គីឡូម៉ែត្រខាងជើងជ្រុងឥសាន្តរហាល ៥០០ម៉ែត្រផ្នែកពាយ័ព្យនៃភូមិកោះកេរ និងមានចម្ងាយប្រមាណ១០០ម៉ែត្រខាងជើងប្រាសាទបាល័្លង្គ[១]។ យើងធ្វើដំណើរពីប្រាសាទធំ ឬប្រាសាទប្រាង្គ គេនិងមកដល់ប្រាសាទនេះជាប់ផ្លូវមុនគេជាសំណង់ទោលធ្វើអំពីថ្មភក់ មានតម្កល់សិវៈលិង្គយ៉ាងធំបែបមុខបែរមុខទៅទិសខាងលិច[២]។ ទោះបីគ្មានសិលាចារឹក និងការបកស្រាយពីបុរាណវិទូណាមួយក៏ដោយត្រូវបាគេជឿកជាក់ថាតួប៉មទាំងបីនៃប្រាសាទលិង្គប្រហែលជានិមត្តរូបនៃលទ្ធិត្រៃមូតិ៌។ ក្នុងសិល្បៈខ្មែរការតម្កល់ត្រៃមូត៌ិមានច្រើនយ៉ាងដូចជាកំពូលប្រាសាទទាំងបី សិវលិង្គមានបីថ្នាក់គឺផ្នែកលើតំណាងឱ្យព្រះឥសូរ ឬសិវៈ ផ្នែកកណ្តាលតំណាងឱ្យព្រះវិស្ណុ ឬព្រះនរាយណ៍ និងផ្នែកខាងក្រោមតំណាងឱ្យព្រះព្រហ្ម។ ប្រាសាទនេះមានទម្រលិង្គហៅថាស្នានទ្រនីមានន័យថាទម្រសម្រាប់ធ្វើពិធីស្រោចទឹកដោយពួកព្រាហ្មណ៍បុរាហិត។ ទឹកនេះត្រូវបានហូរតាមសោមសូត្រពីព្រោះទឹកនេះសន្មត់ថា ទឹកអម្រិត(សោម) ក្រោយពីសូត្រ បួងសួងដល់អាទិទេពជាភាសាសំស្រ្កឹតតែងតែបែរមុខទៅទិសខាងជើងដែលមានព្រះកុវេរៈ ជាទេពតំណាងឱ្យទ្រព្យសម្បត្តិ។ ប្រាសាទនេះមានប្លង់ការ៉េប្រវែហ៩.៧ម៉ែត្រ បើប្រៀបធៀបទម្រលិង្គនៅប្រាសាទលិង្គទាំងបីនេះយើងឃើញថាទម្រនៅប្រាសាទថ្នឹង(ប្រាសាទលិង្គទី១)មានទំហំតូចជាងគេបំផុតមានរាងការ៉េត្រឹម ៣.២ម៉ែត្រនិងកម្ពស់៣.៨ម៉ែត្រដល់ចុងសិវលិង្គ។ ចម្លាក់លិង្គដែលតម្កល់នៅក្នុងប្រាសាទសុទ្ធតែមានស្នាមវាយបំបែកជាបំណកពិសេសចម្លាក់លិង្គនៅប្រាសាទលិង្គទី៣មានស្នាកស្នាមកាត់ខាងក្រោមត្រង់គល់សិវលិង្គតែម្តង[៣]។
- ↑ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាបារាំងចុងបូពា៌ប្រទេស(EFEO) ឆ្នាំ២០០៨ បញ្ជីសារពើភណ្ឌស្ថានីយបុរាណប្រទេសកម្ពុជា ខេត្តព្រះវិហារ ទំព័រទី២៧។
- ↑ និស្សិត ប្រាក់ វណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤ (៩២១-៩៤៤)។
- ↑ និស្សិត ប្រាក់ វណ្ណរ៉ា ឆ្នាំ២០០៦ ដែនដីព្រះមហាក្សត្រជ័យវរ្ម័នទី៤ (៩២១-៩៤៤)ទំព័រទី៩៨-៩៩។