ប្រាសាទភ្នំត្រប់

ប្រាសាទភ្នំត្រប់មានទីតាំងស្ថិតនៅលើកំពូលភ្នំចំនួនពីរ ក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចរអាចចាប់ផ្តើមធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា ទៅទិសខាងកើតរហូតដល់ផ្សារផ្អាវ និងឃើញមានផ្លូវក្រាលកៅស៊ូមួយនៅខាងឆ្វេងស្ថិតនៅចំហៀងផ្សារ រួចធ្វើដំណើរបន្តប្រហែល ១៨គីឡូម៉ែត្រទៅតាមផ្លូវនោះ ភ្ញៀវទេសចរទៅដល់វត្តប្រើសមាស ដែលស្ថិតនៅជើងភ្នំត្រប់តែម្តង[១]។ ប្រាសាទភ្នំត្រប់ជាបណ្តំប្រាសាទចំនួន ៤មានដូចជាប្រាសាទស្រះត្រប់ស្ថិតនៅងង្កេះភ្នំ សព្វថ្ងៃនៅសេសសល់តែបំណែកស៊ូមទ្វារ និងបំណែកសសរពេជ្រ និងមានស្រះទឹកបុរាណមួយនៅជើងភ្នំទល់មុខនឹងប្រាសាទនេះ។ គោកភូមិបាប្រុសនៅមានសេសសល់ផ្តែររូបព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទំ និងមានគ្រឹះថ្មបាយក្រៀម ដែលាមានស៊ូមទ្វារធ្វើអំពីថ្មភក់ សព្វថ្ងៃប្រជាជនបានធ្វើសាលានៅចំពីមុខគ្រឹះនេះតែម្តង។ ចំណែកកន្លែងមួយទៀតមានសល់តែបំណែកថ្មបាយក្រៀមបន្តិចបន្តួច។ ប្រាសាទភ្នំត្រប់ ឬប្រាសាទវត្តប្រើសមាស[២]។ ក្រៅពីទីតាំងចម្បងទាំងបួននេះមានទួលបុរាណជាច្រើនទៀតនៅជុំវិញនោះ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ដែលស្ថិតនៅក្នុងរចនាបថប្រែរូប។

ប្រាសាទភ្នំត្រប់

ឈ្មោះ: ប្រាសាទភ្នំត្រប់
អ្នកកសាង: ព្រះបាទរាជេន្ទ្រវរ្ម័នទី២
កាលបរិច្ឆេទកសាង: សតវត្សទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថប្រែរូប
ទីតាំង: ស្រុកបាធាយ ខេត្តកំពង់ចាម

រចនាសម្ព័ន្ធប្រាសាទ កែប្រែ

ប្រាសាទភ្នំត្រប់មានតួប៉មចំនួនបី ស្ថិតនៅលើអ័ក្សជើងត្បូងសង់អំពីឥដ្ឋ បែរមុខទៅទិសខាងកើតនៅលើគ្រឹះថ្មបាយក្រៀម។ ចំណែកគ្រឿងលម្អស្ថាបត្យកម្មមានដូចជា ផ្តែរ សសរពេជ្រ និងស៊ុម ដែលប្រើប្រាស់ថ្មភក់ជាសម្ភារៈសំណង់។ ប៉មទាំងបីមានរាងការ៉េ ដោយតួប៉មកណ្តាលមានទំហំធំជាងតួប៉មខាងជើង និងត្បូង[៣]។ នៅបមខាងត្បូងនៃតួប៉មខាងត្បូងមានសំណង់គ្រឹះថ្មបាយក្រៀមមួយ ដែលលោក លូណេត ដេឡា ជូនខ្វែរ (Lunet de La Jonqiere គិតថាត្រូវបានកសាងឡើងនៅពេលក្រោយ។ នៅឆ្នាំ១៩០២ ប៉មខាងត្បូងបំផុតនេះមានសេសសល់ស៊ុមទ្វារ និងផ្តែរមួយ ដែលមានក្បាច់ចម្លាក់ខុសប្លែកពីតួប៉មនៃផ្តែរទាំងបី[៤]។ សព្វថ្ងៃមានសេសសល់តែជើងទម្រមួយ និងរូបព្រះពុទ្ធប្រក់នាគសល់ត្រឹមភ្នែនធំមួយ និងតូចមួយ។ លក្ខណៈសម្គាល់នៃប្រាសាទនេះ មានចម្លាក់ឥដ្ឋនៅលើជញ្ចាំងខាងក្នុងនៃតួប៉មទាំងបីដូចនៅប្រាសាទក្រវាន់ដែរ ប៉ុន្តែលោក អាំង ជូលាន បានសរសេរថា ការវិវឌ្ឍបច្ចេកទេសនេះ(ការលម្អចម្លាក់លើជញ្ចាំងឥដ្ឋ)គឺហាក់ដូចមិនមែនរត់តាមខ្សែរបន្ទាត់ត្រង់នោះទេ។

ឯកសារយោង កែប្រែ

  1. អាំង ជូលៀន ឆ្នាំ២០០៥-២០០៦ ទំព័រទី១០៩-១១០
  2. Lunet de la Jonquiére, 1902,pp 117
  3. https://kampongchamprovince.wordpress.com/2020/04/24/prasat-phnom-trop-kambusuriya/
  4. Lunet de La Jonqiere, 1902,pp 120