ប្រាសាទវត្តនគរបាជ័យ

ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងវត្តនគរបាជ័យមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីទីរួមខេត្តកំពុងចាម។ យើងធ្វើដំណើរតាមផ្លូវជាតិលេខ៦និងបន្តតាមផ្លូវជាតិលេខ៧ពីស្គុនទៅកំពង់ចាម។ ទៅដល់ខ្សែក្រវាត់ទីរួមខេត្តលោកអ្នកនិងប្រទះឃើញចម្លាក់រូបនាគ៤ស្ថិតនៅកណ្តាលផ្លូវជាតិ ដែលមានក្បាលបែរទៅរកទិសទាំង៤និងមានកន្ទុយព័ន្ធគ្នា។ នៅចុងកន្ទុយនាគដែលព័ន្ធគ្នានោះមានគ្រុឌឈរលើកន្ទុយនាគស្លាបទាំងពីរទ្របដា ដែលចារឹកអក្សរថា អរគុណ។ រូបនេះ បាននៅរងចាំស្វាគមន៍និងថ្លែងអំណរគុណលោកអ្នកគ្រប់ពេលវេលា ដែលចូលមកទស្សនាក្នុងទឹកដីខេត្តកំពង់ចាម។ រូបនេះបានចាប់ផ្តើមកសាងឡើងក្នុងសម័យសង្គមរាស្រ្តនិយមឆ្នាំ១៩៦២ជាសម័យកាលដែលព្រះបាទនរោត្តម សីហនុកំពុងកាន់អំណាច។ ហើយត្រូវសម័យខ្មែរក្រហមវាយកំទេចនៅក្នុងឆ្នាំ១៩៧៦ រួចហើយត្រូវបានកសាងថ្មីឡើងវិញនៅឆ្នាំ១៩៩១។ នៅខាងស្តាំដៃនៃរូបនាគនេះ លោកអ្នកនិងឃើញក្លោងទ្វារចូលមួយ ដែលនាំលោកអ្នកទៅកាន់ប្រាសាទនគរបាជ័យ។ ចម្ងាយប្រមាណ៥០ម៉ែត្រពីក្លោងទ្វារលោកអ្នកនិងឃើញគោបុរៈនៃកំពែងទី៤នៃប្រាសាទ ដែលធ្វើអំពីថ្មបាយក្រៀម មានជញ្ជាំងកម្ពស់ប្រមាណ៣ម៉ែត្រ ប៉ុន្តែពុំមាននៅសល់ឡើយ។ ក្រៅតែក្បែគោបុរៈនេះចេញបណ្តោយកំពែង ដែលព័ន្ធជុំវិញត្រូវបាក់បែកខូចខាតយ៉ាងដំណំ។ នៅក្នុងបរិវេណនៃកំពែងទី៤នៅអមសងខាងផ្លូវចូលទៅក្នុងគោបុរៈនៃកំពែងទី៣ លោកអ្នកនិងឃើញទ្វារបាលឈរដៃកាន់ដំបងក្បែរូបតោ ដែលមានសត្វនាគកំពុងបើកពពារយ៉ាងស្ងប់ស្ងែងនៅពីក្រោយ ហាក់កំពុងយាមកាមទីស្ថានយ៉ាងប្រុងប្រយ័ត្ន។ នៅលើជញ្ជាំងនៃគោបុរៈទី៣មានលំអដោយរូបទេវតាឆ្មាំភេទស្រី និងរូបបង្អួចបញ្ជោតរំលេចទៅដោយចម្លាក់កូនក្រឡឹងជួរ។ គោបុរៈទី៣នេះ គឺកសាងអំពីថ្មភក់ដែលឃើញមាននៅលើហោជាងខាងជើង សាច់រឿងនិទានពីមហាយាត្រានៃព្រះសិទ្ធត្ថចេញទៅសាងភ្នួស។ សិទ្ធត្ថជាឈ្មោះរបស់ពុទ្ធអង្គមុនពេលដែលព្រះអង្គបានត្រាស់ដឹង។ នៅក្នុងបរិវេណនៃកំពែងទី៣នេះ មានស្រះទឹកចំនួន២។ តាមទ្រឹស្តីតាមបែបពុទ្ធសាសនានិយម ស្រះទឹកនេះគឺតំណាងឱ្យស្រះបោក្ខរណីប្រកបដោយគង្គាថ្លាឈ្វេង និងមានបទុមផ្កាបញ្ចេញគន្ធពិដោរក្រអូបឈ្ងុបឈ្ងុយប្រចាំស្ថាន។ តាមព្រហ្មញ្ញសាសនាទ្រឹស្តីបែបលោកធាតុនិយម គូទឹកដែលព័ទ្ធជុំវិញប្រាសាទគឺតំណាងឱ្យមហាសមុទ្រលោកធាតុទឺង៧ កំពែងប្រាសាទ គឺភ្នំលោកធាតុទាំង៧ដែរ ឯប្រាង្គប្រាសាទគឺជាស្ថានទេវលោក។ នៅក្នុងបរិវេណនៃកំពែងទី២ ចំពីមុខទ្វារចូលខាងឆ្វេងដៃគឺរូបព្រះនរាយណ៍ដៃ៤។ នៅខាងស្តាំដៃគឺរូប អវលោកិតេស្វរៈដៃ៨ ឬហៅម្យ៉ាងទៀតថាលោកិស្វរៈដៃប្រាំបីជាពោធិសត្វដែលជួយសង្គ្រោះ និងផ្តល់សេចក្តីសុខដល់មនុស្សលោក។ ព្រះអង្គពុំទាន់បានត្រាស់ដឹងជាព្រះពុទ្ធ ដូចព្រះសមណគោត្តមក្នុងពុទ្ធសាសនាហិនយាននិកាយថេរវាទនោះឡើយ។ នៅក្នុងកំពែងបរិវេណនៃកំពែងទី១ ដែលធ្វើអំពីថ្មបាយក្រៀម រៀបជាបន្ទប់ដាច់ៗ បន្តគ្នាកាត់ដាច់ដោយមាត់ច្រកចេញចូលចំនួន៨[]

  • នៅជ្រុងខាងកើតមានមាត់ច្រកចេញចូលចំនួន៣។
  • នៅជ្រុងខាងលិចមានច្រកចេញចូលចំនួន៣។
  • នៅជ្រុងខាងជើង និងជ្រុងខាងត្បូងមានមាត់ច្រកចេញចូលតែមួយក្នុងជ្រុងនីមួយៗ។
  • មានបណ្ណាល័យចំនួន២សាងអំពីថ្មបាយក្រៀមស្ថិតនៅអមសងខាងផ្លូវចូលទៅ កាន់តួប៉មកណ្តាល។ បណ្ណាល័យទាំងពីបែបមុខបញ្ច្រាសទិសជាមួយតួប៉មកណ្តាលដែលសង់បែរទៅទិសខាងកើត។ ទោះបីតួប៉មកណ្តាលមានទ្វារចំហទៅរកទិសទាំងបួនក៏ពិតមែន ប៉ុន្តែតាមក្បួនខ្នាតហោរាសាស្រ្តនៃព្រះពុទ្ធសាសនាគឺតម្រូវឱ្យសាងសង់ព្រះវិហារ ឬប្រាសាទបែរមុខទៅរកទិសនៃព្រះអាទិត្យរះគឺសំដៅទិសបូព៌នេះឯង ដែលជាទិសផ្តល់កំណើតនៃជីវិតសត្វលោក។

តួប៉មកណ្តាលកសាងអំពីថ្មភក់ដែលបន្តបន្ថែមដោយដំបូងរាងជាចេតីយ៍ដាក់បន្ថែមក្នុងសម័យក្រោយអង្គរក្នុងឆ្នាំ១៥៦៦ ព្រមទាំងហោជាង៣ទៀតគឺហោជាងខាងត្បូង ខាងលិចនិងកើត[]

  1. មគ្គុទ្ទេសក៍ទេសចរ ស្រី សារឿន បណ្ណាល័យអង្គរ ឆ្នាំ២០០៣ ទំព័រទី២០៧។
  2. I'art post angkorienne par Albert Lebonheur p-98 et Le Cambodge. Civilisations and Sociétés par Danielle Guéret p.267. Asie du sud est p.280