ប្រាសាទស្រីគ្រប់លក្ខណ៍
នៅលើចង្កេះភ្នំប្រសិទ្ធភាគខាងជើង ខេត្តកំពង់ស្ពឺ គេឃើញមានប្រាសាទឥដ្ឋមួយ ដែលមានវ័យចំណាស់ជាងគេក្នុងតំបន់ ដោយហេតុថា ប្រាសាទនោះត្រូវបានសាងសង់នាសម័យវប្បធម៌ចេនឡា មានឈ្មោះថាប្រាសាទស្រីគ្រប់លក្ខណ៍ ។ ពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់ស.តទី៧ នៃគ.ស ភ្នំនៅទីនោះ និងដោយឡែកគឺភ្នំប្រសិទ្ធ ត្រូវបានគេចាត់ទុកថា ជាកន្លែងពិសិដ្ឋអស្ចារ្យ ។ នេះដោយសារតែជនជាតិខ្មែរ មានជំនឿទៅលើមហិទ្ធិឫទ្ធិនៃភ្នំ និងរូងភ្នំ ដែលពួកគេចាត់ទុកថា ជាកន្លែង ដែលពោរពេញទៅដោយបារមីស័ក្តិសិទ្ធិ គួរជាទីសក្ការៈបូជា ។ ប្រាសាទស្រីគ្រប់លក្ខណ៍ មានក្បាច់រចនាយ៉ាងល្អប្រណិត ថ្វីត្បិតតែត្រូវរបេះជ្រុះ ឬរលុបសឹងទាំងអស់ក៏ដោយ ។ បូជនីយដ្ឋាននេះដែលដំបូលត្រូវរលំបាក់ មានមុខបែរទៅទិសខាងកើត ហើយដូចទីតាំងស័ក្តិសិទ្ធផ្សេងៗឯទៀត ក្នុងសម័យចេនឡាដែរ ប្រាសាទមានទ្វារបញ្ឆោត៣គឺ នៅខាងលិច ត្បូង និងជើង ។ នៅលើជញ្ជាំងទាំង ៤ ទិសនៃប្រាសាទ គេឃើញមាន សសរពេជ្រតូចៗធ្វើអំពីឥដ្ឋ លើកលែងតែទ្វារពិត ដែលមានសសរពេជ្រធ្វើពីថ្មភក់ពីរទ្រក្បាច់ផ្តែរ និងមានរាងក្បាច់ផ្កាជាបន្ទាត់កោង ។ នៅតាមស៊ុមទ្វារនីមួយៗ មានក្បាច់វិមានអាកាសតូចៗពីរទាំងសងខាង ។
អាយុកាលរបស់ប្រាសាទត្រូវបានកំណត់ ដោយសិលាចារឹកមួយផ្ទាំងដែលមានចុះកាលបរិច្ឆេទ ត្រូវនឹងឆ្នាំ ៦៦៧ នៃគ.ស ។ ដូចនេះប្រាសាទត្រូវបានសាងសង់ឡើង ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី១ (៦៥៥-៦៨១ នៃគ.ស) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា (សិវនិកាយ) ។ ម្យ៉ាងវិញទៀត តាមការវិភាគក្បាច់ផ្តែរបានឲ្យដឹងថា ប្រាសាទនេះស្ថិតក្នុងអន្តរកាលរវាង រចនាបថព្រៃក្មេង និងកំពង់ព្រះ ។ ក្រោយពីសង្គ្រាមត្រូវបានបញ្ចប់នៅឆ្នាំ ១៩៩៣ ក្នុងពេលដែលទៅសិក្សាប្រាសាទស្រីគ្រប់លក្ខណ៍ឡើងវិញ យើងបានឃើញមានសំណល់ស្ថាបត្យកម្ម ប្រាសាទថ្មធំមួយទៀត ស្ថិតនៅប្រមាណជា ១៥ម៉ែត្រ ពីខ្លោងទ្វារប្រាសាទឥដ្ឋខាងលើនេះ ។ តែជាអកុសល ដូចប្រាសាទដទៃៗឯទៀតមួយចំនួនធំដែរ បូជនីយដ្ឋានដ៏សំខាន់នេះ ត្រូវបានសង្គ្រាមនិងជនទុច្ចរិតបំផ្លាញខ្ទេចខ្ទីអស់ សូម្បីតែគ្រឹះប្រាសាទធ្វើអំពីថ្មបាយក្រៀម ក៏ត្រូវគេគាស់រំលើងដែរ ។ ប្រាសាទថ្មនោះជាសំណង់ស្ថាបត្យកម្មសម័យអង្គរ ស្ថិតក្នុងរចនាបថកោះកេរ ។ប្រាសាទគ្រាន់តែបានបន្សល់ទុកនូវចម្លាក់មួយចំនួន ជាពិសេសបំណែកក្បាច់ផ្តែរ សសរស្តម្ភ ជើងទេវរូបធំៗ ប្រកបដោយក្បាច់រចនាគួរឲ្យចាប់អារម្មណ៍ ។
តាមការប៉ាន់ស្មានយ៉ាងប្រាកដរបស់យើង ការរុះរើសំណង់ប្រាសាទថ្មនេះ គឺដើម្បីធ្វើឲ្យទីតាំងនេះប្រែក្លាយទៅជា កន្លែងគោរពបូជាបែបព្រះពុទ្ធសាសនាវិញ នៅសម័យក្រោយអង្គរក្នុងអម្លុង ស.តទី១៦ និង ១៧ ដោយការស្ថាបនាព្រះពុទ្ធអង្គនៅចង្កេះភ្នំប្រសិទ្ធិ ឬក៏គ្រឹះវត្ត ត្រៃត្រឹង្ស នៅលើកំពូលភ្នំប្រសិទ្ធ ។ ជារួមនាសម័យនោះ ក្នុងវិស័យសាសនា ដូចតំបន់ផ្សេងៗនៃចក្រភពកម្ពុទេសអញ្ចឹង ទឹកដីដែលស្ថិតក្បែរទីក្រុងភ្នំពេញ ប្រមាណជា ១៥គ.មនេះ ក៏មានការគោរពបូជាចំពោះព្រហ្មញ្ញសាសនា ដែលជាសាសនាផ្លូវការដែរ ។ ខាងលើនេះគឺជាលទ្ធផល នៃការពិនិត្យន័យនៅក្នុងខ្លឹមសារនៃសិលាចារឹក និងលក្ខណៈនៃសំណង់ស្ថាបត្យកម្ម ដែលស្ថិតនៅចង្កេះភ្នំប្រសិទ្ធិ ។ ម្យ៉ាងវិញទៀត ការសិក្សាស្រាវជ្រាវរបស់យើង ក្នុងរយៈកាលតាំងតែពី១៥ឆ្នាំកន្លងមក បានរកឃើញនុវភស្តុតាងជាច្រើន ដែលបង្ហាញថា ទឹកដីជុំវិញទីក្រុងភ្នំពេញនេះ មានមនុស្សរស់នៅតាំងពី ៣០០០ឆ្នាំមកម្លេះ ហើយចាប់តាំងពីដើម ស.តទី៧ មក ទើបមានការសាងសង់ប្រាសាទឥដ្ឋ នៅលើទីតាំងស័ក្តិសិទ្ធិចាស់ ដែលជារូងភ្នំ ដូចករណីប្រាសាទស្រីគ្រប់លក្ខណ៍ជាឧទាហរណ៍ស្រាប់ ។ គួរសម្គាល់ផងដែរថា យើងមានការសោកស្តាយណាស់ ដែលទម្រសិរីមង្គលនិងជើងទេវរូប ដែលយើងបានឃើញនូវរវាងឆ្នាំ ១៩៩៣ និង ២០០០ ក្នុងអាសនៈមួយនៅមុខប្រាសាទឥដ្ឋ ឥឡូវនេះត្រូវបានបាត់បង់អស់ទៅហើយ ដោយការជួញដូរវត្ថុបុរាណ