ពន្លឺអាស៊ីទ្វីប
អំពីអ្នកនិពន្ធ
កែប្រែសៀវភៅ "ពន្លឺអាស៊ីទ្វីប" (The Light of Asia) ជាស្នាដៃនិពន្ធរបស់លោក អ៊ិដវិន អារណូលដ៏ (Edwin Arnold, 1832-1904) និងប្រែសម្រួលដោយលោក រ៉ាយ ប៊ុក ក្រមការនៅពុទ្ធសាសនបណ្ឌិត្យ ។
វគ្គទី ???
កែប្រែព្រះពោធិសត្វមានព្រះបន្ទូលដោយពាក្យទន់ភ្លន់ ប្រកបដោយព្រះទ័យអាណិតអាសូរពន់ពេក ។ សភាពដ៏វិសេសវិសាលយ៉ាងនេះ ប្រកបដោយព្រះទ័យករុណានឹងសុចរិតធម៌ទ្រទ្រង់ព្រះអង្គក្នុងពេលនោះ បានជាពួកព្រាហ្មណ៍បានលះបង់ដៃ ដែលប្រឡាក់ដោយលោហិតចាកចេញពីសន្ដាន ហើយព្រះមហាក្សត្រិយ៍ចូលទៅជិតព្រះពោធិសត្វ លើកព្រះហស្តធ្វើអញ្ជលិកម្មគោរពចំពោះព្រះអង្គ ។
តែព្រះពោធិសត្វបានសំដែងថា : លោកមុខជាបានសេចក្ដីសុខ បើសត្វទាំងអស់មានសេចក្ដីមេត្តារាប់អានគ្នាទៅវិញទៅមក ហើយបរិភោគតែរបស់បរិសុទ្ធស្អាត គ្មានប្រឡាក់ដោយលោហិត គឺគ្រាន់ដែលមានសម្បុរសដូចមាស, ផ្លែឈើមានស្ថានភាពភ្លឺ ស្មៅដែលមានឱជារសដែលដុះនៅពាសពេញក្នុងលោក, ទឹកដែលមាននៅលើផែនដីល្មមគ្រប់គ្រាន់ឲ្យសត្វផឹកបាន ។ ពលភាពនៃព្រះឱស្ឋព្រះពោធិសត្វប្រកបដោយពាក្យពីរោះអស្ចារ្យ ធ្វើពួកព្រាហ្មណ៍ឲ្យជឿជាក់ច្បាស់ក្នុងចិត្ត, ត្រឡប់ជារំលំខ្លួនឯងនូវបូជនីយដ្ឋានដែលមានគ្រឿងសក្ការៈអុជ ហើយគ្រវាត់ដែកដែលសម្រាប់ធ្វើពលិកម្មចោលទៅឆ្ងាយ ។ ដល់ថ្ងៃស្អែកឡើង ព្រះមហាក្សត្រិយ៍មានព្រះរាជឱង្ការទៅពួកអាមាត្យឲ្យស្រែកប្រកាស ក្នុងព្រះរាជអាណាច័ក្រ, ហើយទ្រង់ត្រាស់បង្គាប់ឲ្យឆ្លាក់ជាអក្សរនៅផែនថ្ម នឹងគល់សសរថា : នេះជាព្រះរាជបញ្ញត្តិព្រះករុណាជាម្ចាស់ជីវិតលើត្បូង : តាំងពីមុនមកដល់បច្ចុប្បន្ននេះ, គេបានពិឃាតសត្វ ដើម្បីនឹងបូជាយ័ញ្ញ ឬបរិភោគជាអាហារ, តែពីថ្ងៃនេះតទៅ ហាមផ្ដាច់មិនឲ្យសម្លាប់សត្វរស់ឬបរិភោគសាច់សត្វ ព្រោះយើងបានយល់ថា ជីវភាពមានតែមួយ ហើយសេចក្ដីមេត្តាសម្រាប់ប្រើទៅសត្វណាដែលគួរមេត្តា" ។ នេះជាព្រះរាជបញ្ញត្តិព្រះមហាក្សត្រិយ៍បានប្រកាសឡើង, ហើយតាំងពីកាលនោះមក, សត្វដែលមានជីវិតបានទទួលសេចក្ដីសុខ គឺព្រះពោធិសត្វព្រមទាំងសត្វជាបរិវារព្រះអង្គ នឹងបក្សាទាំងប៉ុន្មានដែលស្ថិតនៅប្របស្ទឹងគង្គា, ជាទីដែលព្រះអង្គបានទេសនាដោយព្រះទ័យករុណាដល់សត្វទាំងនោះ នឹងព្រះសូរសៀងពីរោះអស្ចារ្យ ។ ព្រោះព្រះទ័យព្រះពោធិសត្វប្រកបដោយព្រហ្មវិហារចំពោះសត្វ ដែលមានជីវិតនៅក្នុងលោក ដែលទទួលនូវសេចក្ដីសុខ – ទុក្ខដូចយើងទាំងអស់គ្នា, មានសំដែងក្នុងគម្ពីរពីបុរាណកាល, តាំងពីព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានយោនយកកំណើតជាព្រាហ្មណ៍ម្នាក់នៅភ្នំមុន្ទ ? (មុណ្ឌៈ) នៅជិតភូមិទាលិទ្ទ ? (ទលិទ្ទគ្រាម ) ភូមិភាគក្នុងប្រទេសលំបាកដោយគ្មានភ្លៀង, ស្រូវដុះមិនទាន់ខ្ពស់ល្មមឲ្យបក្សាគ្រួចច្រូតបាន, ទទួលស្លាប់មួយរំពេច, នៅតាមដងព្រៃភានុវង្ស ចេញចំហាយក្ដៅជប់ទឹករីងអស់ពីបឹងត្រពាំង, ស្មៅនឹងរុក្ខាលតាវល្លិ៍ទៅជាមានសភាពស្លាំងក្រៀម, ហើយពួកសត្វដែលនៅក្នុងព្រៃភ្នំទុរគមវង្វេងផ្លូវ ដោយខំស្វែងរកអាហារបរិភោគ ។ ក្នុងពេលនោះព្រះពោធិសត្វទ្រង់បានទតយល់តាមជញ្ជាំងដែលមានចំហាយក្ដៅហុយ មានវល្លិ៍ នុល្ហ :" ដុះព័ទ្ធ នូវខ្លាញីមួយស្គាំងស្គមដោយអត់អាហារស្ទើរតែមរណា, និន្រ្ទាលើផែនសិលា, សេចក្ដីស្រេកឃ្លានបញ្ចេញឥទ្ធិពល, ចក្ខុមានរស្មីពណ៌បៃតង, ជីវ្ហាប្រសាទក្រៀមស្ងួតលៀនវែងចេញពីមាត់ហាហត់ស្ទើរផុតដង្ហើម, ថ្ពាល់មានតែស្បែកជ្រួញជ្រីវ, ស្បែកមានគំនូរឆូតឆ្លាក់យូរយារ, តាមឆ្អឹងជំនីរដូចជាផ្លានដែលពុកផុយ ដោយសារភ្លៀងមិនអាចតុបនូវដំបូលគេហដ្ឋានបាន ។ ខ្លានោះមានកូនតូចៗពីរ, ស្រេកឃ្លានអាហារដើរចុះឡើង ហើយក៏ជញ្ជក់ដោះដែលគ្មានទឹកដោះមួយដំណក់ ។ ចំណែកខាងម្ដាយវាស្គមនៅតែឆ្អឹងខំលិទ្ធកូនទាំងពីរដោយមុទិតាចិត្ត ហើយបង្ហាញឆ្អឹងជំនីទៅកូនទាំងនោះ ស្រែករោទ៍ចុកណែនដល់បំពង់ក ដោយសេចក្ដីស្នេហាលើសសេចក្ដីស្រេកឃ្លានទៅទៀត ហើយជួនកាលមានស្រែកខ្លាំងលាន់ឮរំពង ដូចជាសព្ទផ្គរយកច្រមុះរុញទៅនឹងដីខ្សាច់ ។ ព្រះបរមពោធិសត្វ ទ្រង់បានទតយល់នូវខ្លានោះហើយ ទ្រង់ក៏មានមេត្តាករុណាពន់ពេក ដោយមាននិស្ស័យសាងជាពុទ្ធភូមិ ហើយទ្រង់ព្រះតម្រិះថា មានតែមធ្យោបាយមួយយ៉ាង ដើម្បីនឹងស្រោចស្រង់សត្វសាហាវដែលនៅក្នុងព្រៃនេះ, ដល់ព្រះសុរិយាអស្ដង្គត សត្វទាំងនេះមុខជាស្លាប់មិនខានដោយអត់អាហារ ។ គ្មានចិត្តអ្នកណាទោរទន់ទៅកាន់សត្វ ដែលមានសភាពប្រឡាក់លោហិតជានិច្ច ហើយសត្វនេះដែលស្គាំងស្គម គឺមកតែពីមិនបានបរិភោគឈាម ។ ព្រោះហេតុដូចនេះ, បើអញឲ្យជីវិតសត្វនេះបាន ដោយហេតុថាគ្មានបុគ្គលណាទទួលទុក្ខក្រៅពីអញ ដោយសេចក្ដីមេត្តាជាយ៉ាងក្រៃពេក ខ្លួនអញមុខជានឹងសម្រេចទៅតាមយថាកម្មក្នុងពេលនេះមិនខាន>>។ ព្រះបរមពោធិសត្វ លុះទ្រង់ព្រះតម្រិះដូចនេះហើយ ក៏បោះបង់ចោលព្រះសុពណ៌បាទា, ដំបងនឹងខ្សែអំបោះពិសិដ្ឋ (Corndon Sacré )(១) ឈ្នួតក្បាលនឹងសំពត់កោសេយ្យពស្រ្ត រួចទ្រង់ចាកចេញពីគុម្ពោតព្រៃនោះ យាងមកតាមដីខ្សាច់មានព្រះបន្ទូលថា : ឱ មេខ្លាអើយ ! នេះជាអាហាររបស់អ្នក" ។ ក្នុងមួយរំពេច, ស្រាប់តែខ្លាញីដែលរៀបនឹងស្លាប់នោះបញ្ចេញសព្ទសូរយ៉ាងខ្លាំង ហើយក៏លោតចេញពីកូនវា ស្ទុះទៅលើព្រះពោធិសត្វ ដែលជាទុក្ករបុគ្គល ដោយពេញចិត្ត, ហើយក៏យកក្រចកដែលមានពណ៌លឿងយ៉ាងមុតខ្វារខ្ញាំហែកសាច់ព្រះអង្គនោះ ប្រៀបដូចជាព្រះខ័នមានសភាពកោងស្រួច ហើយក៏បរិភោគនូវព្រះពោធិសត្វស្រោចដោយលោហិតពាសពេញព្រះអង្គ ហើយខ្យល់អស្សាសបស្សាស នៃសត្វសាហាវនោះ បញ្ចេញចំហាយក្ដៅដូចភ្លើងលាយជាមួយគ្នា នឹងសព្ទថ្ងូរនៃព្រះទ័យ ព្រះករុណារបស់ព្រះពោធិសត្វ គួរឲ្យស្ញប់ស្ញែងពន់ពេក ។ (១) ខ្សែអំបោះពិសិដ្ឋ គឺខ្សែអំបោះបីសរសៃវេញគួបគ្នា ដែលពួកឧត្ដមវណ្ណតែងពាក់ជាកិត្តិយស ។ ការដែលពាក់ខ្សែអំបោះពិសិដ្ឋនេះ គឺត្រូវឲ្យមានពិធីមួយរៀបចំជាឧឡារិកចំពោះក្មេងជំទង់ ដែលមានអាយុ៨ឆ្នាំ ហើយគេតាំងឋានន្តរជា (ទ្វិជៈ ) ប្រែថា មានកំណើតពីរដង ។
នេះហើយជាករុណាទិគុណនៃព្រះពោធិសត្វ ហើយពីកាលមុននោះទៅទៀត ព្រះអង្គបានធ្វើពលិកម្មចំពោះទេវតាឥន្ទព្រហ្ម ដោយសេចក្ដីមេត្តាករុណាជាអនេកប្បការ ។ មួយទៀតក្នុងពេលនោះព្រះបាទពិម្ពិសារទ្រង់បានសវនាយល់ច្បាស់ នូវរាជវង្សព្រះពោធិសត្វ ព្រមទាំងកិច្ចដ៏ឧត្ដមក្នុងការស្វះស្វែងរកធម៌, បានអង្វរឲ្យព្រះអង្គគង់នៅទីក្រុងនេះ ហើយក៏មានព្រះរាជឱង្ការថា ឱ ទ្រង់មានឋានៈជាព្រះរាជបុត្រ ! ទ្រង់មិនគួរមករងលំបាកអត់ឃ្លានដូចនេះទេ, ព្រះហស្តទ្រង់សមនឹងកាន់ព្រះទម្រង់គទាវុធ (Xeptre ), មិនត្រូវកាន់អំបែងសូមទានគេទេ ។ សូមទ្រង់នៅនឹងយើងទាល់តែអស់ជីវិត, យើងគ្មានព្រះរាជបុត្រគ្រងរាជ្យសោះ ហើយសូមទ្រង់ធ្វើជាគ្រូបាធ្យាយបង្រៀននូវគតិបណ្ឌិតឲ្យប្រជារាស្រ្តរបស់យើង ស្វាធ្យាយក្នុងព្រះរាជអាណាចក្រ, ទ្រង់នៅក្នុងប្រាសាទខ្ញុំហើយ ខ្ញុំនឹងរកនាងខត្តិយានីមួយថ្វាយ" ។
វគ្គទី ៨
កែប្រែគម្ពីរពោលពិត ឱបងអើយ ! ជីវភាពនៃមនុស្សនីមួយៗ គឺលទ្ធផលនៃការរស់នៅពីអតីតជាតិ ការកំហុសពីអតីតជាតិ នាំមកនូវទុក្ខលំបាក កុសលដែលបានបំពេញពីអតីតជាតិ នាំឲ្យកើតសោមនស្ស ។ អ្នកត្រូវតែច្រូតកាត់នូវពូជដែលអ្នកបានសាបព្រោះពីមុនមក ។ អ្នកឃើញចម្ការនេះទេ ! ល្ងនេះពីដើមជាល្ង ស្រូវសាលីនេះពីដើមជាស្រូវសាលី ។ ធម៌ស្ងាត់នឹងស្រមោលជ្រាបនូវរឿងនេះទាំងអស់ ព្រោះហេតុដូចនេះ បានជាកើតជោគវាសនារបស់មនុស្ស ។ មនុស្សទើបនឹងច្រូតកាត់ល្ងនឹងស្រូវសាលី ដែលបានសាបព្រោះពីអតីតជាតិ ហើយនឹងស្មៅអាក្រក់មានសភាពពុល ដែលធ្វើឲ្យមានជម្ងឺចំពោះមនុស្សនឹងទុក្ខចំពោះភពទាំងអស់ ។ បើមនុស្សនោះ ប្រព្រឹត្តករណីយកិច្ចដោយស្មៅអាក្រក់នោះចេញស្រឡះពីសន្ដានហើយ ដាំពូជល្អបរិសុទ្ធស្អាតនៅកន្លែងដដែល គឺដីដែលមានជីជាតិល្អ មុខជាអ្នកត្រូវច្រូតនូវផលិតកម្មដ៏បរិបូណ៌មិនខាន ។ បើអ្នកដែលរស់នៅ បានដឹងនូវហេតុដែលកើតទុក្ខ ហើយទទួលទុក្ខនោះដោយខន្តីព្យាយាមសងបំណុលចាស់ ដែលជំពាក់ដោយការកំហុសជាមុន ខំប្រព្រឹត្តនូវព្រហ្មវិហារនឹងសច្ចធម៌ តែកុំប្រព្រឹត្តនូវទារុណកម្មចំពោះអ្នកដទៃ អ្នកនោះឈ្មោះថាបានលាងជម្រះមន្ទិលពីឈាមខ្លួន នូវពាក្យភូតភរកុហកនឹងអត្តទត្ថភាព (egoisme) ឲ្យស្អាតពីសន្តានឈ្មោះថាបានទទួលទុក្ខ ដោយសេចក្ដីរីករាយហើយមិនប្រកាន់ទោស ព្រមទាំងធ្វើចិត្តឲ្យល្អចំពោះសេចក្ដីរំលោភនៃជនដទៃ បើរាល់ថ្ងៃមនុស្សនោះខំព្យាយាមធ្វើចិត្តទន់ភ្លន់ ប្រកបដោយសន្តិភាព សុចរិតគួរជាទីពេញចិត្តស្មោះត្រង់ ហើយដកយកចេញគ្រប់កន្លែងទាំងអស់នូវតណ្ហាដែលបានចាក់ឫសភ្ជាប់ជ្រៅ ហូរឈាមសស្រាក់ទាល់តែការស្រឡាញ់ជីវភាពនោះរលត់រលាយអស់ បើអ្នកនោះប្រព្រឹត្តបែបណេះបាន ដល់ធ្វើមរណកាលទៅ មុខជានឹងទៅកើតជាជាតិថ្មីគេហៅថា សំណុំអត្តាប្រកបដោយលទ្ធផលនៃជីវភាព ដែលគេបញ្ឈប់នូវបញ្ជីបុណ្យបាប ប្រកបដោយទុក្ខផិតរលត់សងរួចជ្រះស្រឡះហើយ បញ្ជីបុណ្យប្រព្រឹត្តឬយូរមកហើយ ស្ថិតនៅមានអានុភាពឲ្យផលល្អ អាក្រក់តាមហេតុក៏វិនាសសាបសូន្យ ។ មនុស្សបែបនេះ មិនត្រូវការនឹងជីវភាព ៗ ដែលស្ថិតនៅពីមុនមកមានលំនាំផុតត្រឹមនេះ អ្នកនោះបានបំពេញករណីយកិច្ចចំពោះជោគវាសនាជាមនុស្សជាតិពេញលេញ ។ អ្នកនោះលែងទទួលទុក្ខទោស បាបអកុសលមិនអាចធ្វើចិត្តឲ្យមន្ទិលសៅហ្មងសេចក្ដីទុក្ខដែលបានមកពីការសប្បាយក្នុងអាមិស នឹងការរងលំបាកនៅលើផែនដី លែងធ្វើឲ្យសន្តិភាព អ្នកនោះកករល្អក់ ហើយសេចក្ដីស្លាប់នឹងកើតលែងវិលចុះឡើងចំពោះបុគ្គលបែបនេះជាដាច់ខាត ។ អ្នកនោះចូលទៅកាន់ព្រះនិព្វាន ។ អ្នកនោះរួមស្និទ្ធជិតតែមួយឯកឯងក្នុងជីវភាព តែអ្នកនោះលែងរស់នៅក្នុងលោក អ្នកនោះបានក្រេបនូវអាមិសសុខដោយហេតុអ្នកនោះលែងយោនយកកំណើតទៀត ឱម មុនី បទ្មេ ឱម (Om Mani Padme Hung) (១) ដំណក់ទឹកសន្សើមស្រក់ចូលទៅបាត់ក្នុងមហាសាគរ ។ (១) ឱម រតនៈ ក្នុងបុប្ផាបទុម ធម៌ដែលពួកពុទ្ធមាមកខាងទីបេត៍សូត្រ ។ ព្រះពុទ្ធរូបគេតែងប្រតិស្ឋានព្រះហស្តកាន់ផ្កាឈូកដែលមានរតនវត្ថុនៅក្នុងនោះ ។
នេះជាលទ្ធិកម៌ ចូរអ្នកខំហាត់ស្វាធ្យាយឲ្យច្បាស់ ។ លុះត្រាតែលំអងនៃ បាបនោះរលាយបាត់សាបសូន្យ លុះត្រាតែជីវិតផុតរលត់ដូចជាអណ្ដាតភ្លើងដែលថមថយកំឡាំងដោយគ្មានប្រេង ទើបសេចក្ដីស្លាប់នោះជាអវសាន ។ កុំឲ្យពោលថា "ខ្ញុំស្ថិតនៅទីនោះពីអតីតកាល" ឬ "ខ្ញុំសកថិតនៅទីនេះក្នុងអនាគតកាល" ។ កុំគិតថា អ្នកចេញពីផ្ទះសាច់មួយទៅនៅផ្ទះសាច់មួយទៀតដូចជាអ្នកដំណើរចាំច្បាស់លាស់ ឬភ្លេចថាបានសំណាក់នៅទីនោះដោយស្រួលបួល ឬដោយលំបាក ។ ពីអតីត ឥឡូវនោះស្ថិតនៅជាអធិបតេយ្យលើភពទាំងអស់មុននឹងភ្លើងឆេះកល្ប ។ ឱបងប្អូនអើយ ! តើអ្វីជាឧបសគ្គ ? គឺងងឹតដែលផ្សាយចេញពីអវិជ្ជានាំឲ្យអ្នកទាំងអស់នាំគ្នាវង្វេង យកសភាពភាន់ច្រឡំថាជាសភាពមែនពិត ហើយនាំឲ្យកើតនូវតណ្ហាប្រាថ្នានូវសភាពភាន់ច្រឡំនោះ ៗ ដល់សេចក្ដីប្រាថ្នានោះមកដល់ពេលជាអវសាន ត្រូវការបូកប្រមូលនូវជីវភាពវិលត្រឡប់ចូលទៅក្នុងចក្រវាឡវិញ ជីវភាពនោះបានសង់នូវគេហដ្ឋានរបស់ខ្លួនដូចជាដង្កូវនាងចូលទៅស្ថិតនៅក្នុងសំបុក ។ ហើយបានចូលទៅរួមនាមនឹងរូបតែមួយគេឯងមានមុខការផ្សេងៗ ដូចជាពងបស់ក្នុងខណៈដែលមេក្រាប ពស់នោះអាចផ្សាំនូវស្រកានឹងចង្កូមឲ្យបានស្រួល ដូចជាពូជដើមត្រែង ហិចហើរទៅលើភ្នំ ថ្មដានឹងខ្សាច់ ទាល់តែទៅដល់បឹងជ្រុះធ្លាក់ចុះចំរើនដុះដាលឡើងជាលំដាប់ ។ ដូចគ្នានឹងជីវភាពនោះវិលត្រឡប់មករកសុខ ឬទុក្ខវិញ ។ កាលណាសេចក្ដីស្លាប់នាំមកនូវផលអាក្រក់ចំពោះពេជ្ឈឃាត បាបអកុសលដែលមន្ទិលប៉ុន្មាន ក៏ត្រាច់រង្គាត់ទៅក្នុងសមុទ្រសង្សារដោយអំណាចវាយោដែលប្រកបដោយអជ្ជដាកាសងងឹតចុះអ័ព្ទហើយមានសភាពពុលនោះផង ។ តែបើមានមនុស្សល្អសុចរិតទទួលមរណភាព មានវាយោបក់ត្រជាក់ស្រួល ពិភពលោកមានសភាពរីករាយស្រស់ស្រាយ ដូចជាទន្លេនៅវាលខ្សាច់រហោស្ថានហូរបាត់ទៅក្នុងខ្សាច់មួយរំពេច ហើយទើបចេញហូរជាថ្មីភ្លឺចាំងបរិសុទ្ធដូច្នោះ ។
(មានត)