ព្រះត្រ័យបិដក > អភិធម្មបិដក > កថាវត្ថុ

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

បឋមកថាវត្ថុសូត្រ ទី៩ កែប្រែ

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​​សាវត្ថី ។ ក្នុង​សម័យនោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប ត្រឡប់​អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ ក៏អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ច្រើនយ៉ាង គឺនិយាយអំពី​ស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយអំពី​ម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់ទឹក និយាយ​អំពីញាតិ ដែល​ចែកឋាន​ទៅ​កាន់​បរលោក និយាយ​អំពីពាក្យ ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពី​លោក និយាយ​អំពីរឿង​ជីកសមុទ្រ និយាយ​អំពីសេចក្តី​ចម្រើន និង​មិនចម្រើន ដែលជា​ហេតុ​ឥត​ប្រយោជន៍ ។

លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញ​អំពីទី​សម្ងំ ក្នុង​សាយណ្ហសម័យ​ហើយ ស្តេចចូល​ទៅកាន់​ឧបដ្ឋានសាលា លុះ​ចូលទៅដល់ហើយ​ ទ្រង់​គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ស្រេចហើយ ទើបត្រាស់​សួរភិក្ខុ​ទាំងឡាយថា " ម្នាលភិក្ខុ​ទាំងឡាយ ក្នុងកាល​អម្បាញ់មិញ​នេះ អ្នក​ទាំងឡាយ​ប្រជុំគ្នា ដោយកថា​ដូចម្តេចហ្ន៎? ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែល​អ្នក​ទាំងឡាយ បញ្ឈប់​ទៅ? "

ភិក្ខុទាំងឡាយ ក្រាបទូលថា "បពិត្រ​ព្រះអង្គដ៏ចម្រើន ក្នុងទីនេះ ពួកខ្ញុំ​ព្រះអង្គ​ត្រឡប់អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ អង្គុយ​ជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ ។បេ។ និយាយ​អំពីសេចក្តី​ចម្រើន និង​មិនចម្រើន ដែល​ជាហេតុ​ឥតប្រយោជន៍ ។"

"ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង ដោយ​ហេតុណា ហេតុនោះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត​អ្នកចេញ​ចាកផ្ទះ​ដោយ​សទ្ធា ហើយចូលកាន់​ផ្នួស​ឡើយ តិរច្ឆានកថា​នោះគឺ និយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយ​អំពីម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីកម្រងផ្កា និយាយ​អំពី​គ្រឿង​ក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពីយោធា​​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់​ទឹក និយាយ​អំពីញាតិ ដែលចែកឋាន​ទៅកាន់​បរលោក និយាយ​ពាក្យ​ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពីលោក និយាយ​អំពី​រឿងជីក​សមុទ្រ និយាយ​អំពីសេចក្តី​ចម្រើន និង​មិនចម្រើន ដែល​ជាហេតុ​ឥត​ប្រយោជន៍ ។"

ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ (ហេតុគួរ​និយាយ) អម្បាល​នេះ​ មាន ១០ ប្រការ ។

កថាវត្ថុ ១០ ប្រការ តើដូចម្តេច​ខ្លះ?

គឺនិយាយ​អំពីសេចក្តី​ប្រាថ្នាតិច

និយាយ​អំពីសេចក្តី​សន្តោស

និយាយអំពី​សេចក្តី​ស្ងាត់

និយាយ​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយ​ពួកគណៈ

និយាយ​អំពីប្រារព្ធ​សេចក្តី​ព្យាយាម

និយាយ​អំពីសីល

និយាយ​អំពីសមាធិ

និយាយ​អំពីបញ្ញា

និយាយ​អំពីវិមុត្តិ

និយាយ​អំពី​វិមុត្តិញ្ញាណទស្សនៈ

ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ មាន ១០ ប្រការ​នេះឯង ។

ម្នាលភិក្ខុ​ទាំងឡាយ បើអ្នក​ទាំងឡាយ និយាយ​នូវកថា ដែល​អាស្រ័យ​កថាវត្ថុ ១០ ប្រការ​នេះឯង អ្នកទាំង​ឡាយ នឹងគ្រប​សង្កត់នូវ​តេជះនៃ​ព្រះចន្ទ និង​ព្រះអាទិត្យ​នេះឯង ដែល​មានឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាព​ធំយ៉ាងនេះ ដោយតេជះ​របស់ខ្លួន នឹងបាច់​ពោលទៅថ្វី ដល់​ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ឡើយ ។

ទុតិយកថាវត្ថុសូត្រ ទី១០ កែប្រែ

[៧០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុច្រើនរូប ត្រឡប់​អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្ត​ហើយ អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា ច្រើន​ប្រការ គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ ។បេ។ និយាយ​អំពីសេចក្តី​ចម្រើន និងមិន​ចម្រើន ដែលជាហេតុ​ឥតប្រយោជន៍ ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ចេញ​អំពីទីសម្ងំ ក្នុង​សាយណ្ហសម័យ ហើយស្តេច​ចូលទៅកាន់​ឧបដ្ឋាន​សាលា លុះចូល​ទៅដល់ហើយ គង់លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ ។ លុះ​ព្រះដ៏មានព្រះភាគ គង់ស្រេច​ហើយ ទើបត្រាស់​សួរភិក្ខុទាំង​ឡាយថា "ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងកាល​អម្បាញ់​មិញនេះ អ្នកទាំងឡាយ អង្គុយ​ជួបជុំគ្នា ដោយ​កថា​ដូចម្តេច​ហ្ន៎? ចុះ​អន្តរាកថា​ដូចម្តេច ដែលពួក​អ្នកបញ្ឈប់​ទៅ?"

ភិក្ខុ​ទាំងឡាយ "ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ក្នុងទីឯណោះ ពួកខ្ញុំ​ព្រះអង្គ ត្រឡប់អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ អង្គុយ​ប្រជុំគ្នា​ក្នុងឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ជាច្រើន គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ ។បេ។ និយាយអំពី​សេចក្តី​ចម្រើន និងមិន​ចម្រើន ដែល​ជាហេតុ​ឥត​ប្រយោជន៍ ។"

"ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ប្រកប​តិរច្ឆានកថា​ជាច្រើន ដោយ​ហេតុ​ណា ហេតុនេះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្តចេញ​ចាកផ្ទះ ដោយ​សទ្ធា ចូលមក​កាន់ផ្នួសទេ តិរច្ឆានកថា​នោះ គឺនិយាយ​អំពីសេ្តច ។បេ។ និយាយអំពី​សេចក្តី​ចម្រើន និង​មិនចម្រើន ដែលជាហេតុ​ឥតប្រយោជន៍ ។ ម្នាលភិក្ខុ​ទាំងឡាយ ឋានៈ ដែល​គួរសរសើរនេះ​ មាន ១០ យ៉ាង ។ "

ឋានៈ ១០ យ៉ាង តើដូច​ម្តេចខ្លះ?

ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាតិច ដោយខ្លួន​ឯងផង សំដែងអំពី​សេចក្តី​ប្រាថ្នាតិច ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ​គួរសរសើរ​ថា ភិក្ខុជាអ្នក​ប្រាថ្នាតិច ដោយ​ខ្លួន​ឯងផង សំដែងអំពី​សេចក្តីប្រាថ្នា​តិច ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុជាអ្នក​សន្តោស ដោយ​ខ្លួនឯងផង សំដែងអំពី​សេចក្តីសន្តោស​ដល់ភិក្ខុទាំងឡាយ​ផង នេះ​ជា​ឋានៈ​ដែល​គួរសរសើរ​​ថា ភិក្ខុជាអ្នក​សន្តោសផង សំដែង​អំពីសេចក្តី​សន្តោស​ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុជា​អ្នកស្ងប់ស្ងាត់ ដោយ​ខ្លួនឯងផង សំដែង​អំពីសេចក្តី​ស្ងប់ស្ងាត់​ដល់ភិក្ខុ​ទាំងឡាយ​ផង នេះ​ជាឋានៈ ដែលគួរ​សរសើរ​ថា ភិក្ខុជា​អ្នកស្ងប់ស្ងាត់​ផង សំដែងអំពី​សេចក្តី​ស្ងប់ស្ងាត់ ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុជាអ្នក​មិនច្រឡូក​ច្រឡំដោយ​ពួកគណៈ ដោយ​ខ្លួនឯងផង សំដែង​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយពួក​គណៈ ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ ដែល​គួរសរសើរ​ថា ភិក្ខុជា​អ្នកមិន​ច្រឡូកច្រឡំ ដោយ​ពួកគណៈផង សំដែង​អំពីសេចក្តី​មិនច្រឡូក​ច្រឡំ ដោយពួកគណៈ ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុ​ជាអ្នក​មាន​ព្យាយាម ប្រារព្ធហើយ ដោយខ្លួន​ឯងផង សំដែង​អំពីសេចក្តី​ប្រារព្ធ ដល់ភិក្ខុ​ទាំង​ឡាយ​ផង នេះ​ជាឋានៈ ដែលគួរ​សរសើរថា ភិក្ខុជាអ្នក​មានព្យាយាម ប្រារព្ធហើយ​ផង សំដែង​អំពីសេចក្តី​ប្រារព្ធព្យាយាម ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុជា​អ្នកបរិបូណ៌​​ដោយសីល ដោយ​ខ្លួនឯងផង សំដែង​អំពី​សេចក្តី​បរិបូណ៌​ដោយ​សីល ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជា​ឋានៈ​ដែលគួរ​សរសើរថា ភិក្ខុជា​អ្នកបរិបូណ៌​​ដោយសីលផង សំដែង​អំពីការ​បរិបូណ៌​ដោយ​សីល ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុជា​អ្នកបរិបូណ៌​​ដោយសមាធិ ដោយ​ខ្លួន​ឯងផង សំដែង​អំពីការបរិបូណ៌​​ដោយសមាធិ ដល់​ភិក្ខុទាំងឡាយ​ផង នេះជាឋានៈ ដែល​គួរសរសើរ​ថា ភិក្ខុជាអ្នក​បរិបូណ៌​​ដោយសមាធិផង សំដែង​អំពីការ​បរិបូណ៌​ដោយ​សមាធិ ដល់​ភិក្ខុទាំង​ឡាយផង ១ ។

ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​បញ្ញា ដោយខ្លួន​ឯងផង សំដែង​អំពី​ការបរិបូណ៌​ដោយបញ្ញា ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ ដែលគួរ​សរសើរ​ថា ភិក្ខុជា​អ្នកបរិបូណ៌​​ដោយបញ្ញា​ផង សំដែង​អំពីការ​បរិបូណ៌​​ដោយ​បញ្ញា ដល់ភិក្ខុ​ទាំងឡាយផង ១ ។

ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​វិមុត្តិ ដោយ​ខ្លួនឯងផង សំដែង​អំពីការ​បរិបូណ៌​​ដោយវិមុត្តិ ដល់ភិក្ខុ​ទាំងឡាយផង នេះ​ជាឋានៈ ដែលគួរ​សរសើរថា ភិក្ខុជា​អ្នកបរិបូណ៌​ដោយ​វិមុត្តិ​ផង សំដែង​អំពីការបរិបូណ៌​​ដោយវិមុត្តិ ដល់ភិក្ខុ​ទាំងឡាយ​ផង ១ ។

ភិក្ខុជា​អ្នកបរិបូណ៌​ដោយ​វិមុត្តិញ្ញាណ​ទស្សនៈ ដោយខ្លួន​ឯងផង សំដែង​អំពី​ការបរិបូណ៌​ ដោយ​វិមុត្តិញ្ញាណ​ទស្សនៈ ដល់ភិក្ខុ​ទាំងឡាយផង នេះជា​ឋានៈ​ដែលគួរ​សរសើរថា ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​វិមុត្តិញ្ញាណទស្សនៈផង សំដែង​អំពីការបរិបូណ៌​​ដោយវិមុត្តិញ្ញាណ​ទស្សនៈ ដល់​ភិក្ខុទាំងឡាយ​ផង ១ ។

ម្នាលភិក្ខុ​ទាំងឡាយ ឋានៈដែល​គួរសរសើរ មាន ១០ យ៉ាង​នេះ​ឯង ។

ឥស្សរិយកាមការិកាកថា កែប្រែ

[៤៥៤] ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ ទៅកាន់នរក ទៅកាន់សញ្ជីវនរក ទៅកាន់កាលសុត្តនរក ទៅកាន់​តាបននរក ទៅកាន់បតាបននរក ទៅកាន់សង្ឃាដកនរក ទៅកាន់រោរុវនរក ។បេ។ ទៅ​កាន់អវីចិនរក ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ ។ អ្នកមិនគួរពោលយ៉ាង​នេះទេ ។បេ។

[៤៥៥] ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ​ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យ​ដូច្នេះ មានក្នុងព្រះសូត្រដែរឬ ។ មិនមានទេ ។ ប្រសិនបើ ព្រះពោធិសត្វ ទៅកាន់​អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមាន​ក្នុង​ព្រះសូត្រ​ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះ​ហេតុ​ធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ ។

[៤៥៦] ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នា​ឥស្សរិយយស​ឬ ។ អើ ។ ព្រះពោធិសត្វ គប្បីចូលទៅកើតក្នុងនរក គប្បីចូលទៅ​កើតក្នុង​កំណើតតិរច្ឆាន ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ ។ អ្នកមិនគួរពោល​យ៉ាង​នេះទេ ។បេ។

[៤៥៧] ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នា​ឥស្សរិយយស​ឬ ។ អើ ។ ព្រះពោធិសត្វ មានឫទ្ធិឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ព្រះពោធិសត្វ មានឫទ្ធិឬ ។ អើ ។ ព្រះពោធិសត្វ មានឆន្ទិទ្ធិបាទ ចម្រើនហើយ ។បេ។ មានវីរិយិទ្ធិបាទ ។បេ។ មានចិត្តិទ្ធិបាទ ។បេ។ មានវីមំសិទ្ធិបាទ ចម្រើនហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុ​ធ្វើ​សេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះ​ហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ ។ មិនមានទេ ។ ប្រសិនបើ ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើ​សេចក្តីប្រាថ្នា​ឥស្សរិយ​យស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិន​គួរពោល​ថា ព្រះពោធិសត្វ យាងចុះកាន់គព្ភសេយ្យា ព្រោះហេតុធ្វើសេចក្តីប្រាថ្នា​ឥស្សរិយយស​ទេ ។

[៤៥៨] ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ យល់ថាលោកទៀង ដូច្នេះ យល់ថា លោកមិនទៀង ដូច្នេះ យល់ថា លោកមានទីបំផុត ដូច្នេះ ។បេ។ ថា លោកមិនមានទីបំផុត ដូច្នេះ ថា ជីវិត​នោះ​ក៏គឺសរីរៈនោះដូច្នេះ ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះ ថា សត្វស្លាប់ហើយកើតទៀត ដូច្នេះ ថា សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះ ថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើត​ទៀតក៏មាន ដូច្នេះ ។បេ។ ថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏​មិនមែន ដូច្នេះ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ ។ អ្នកមិនគួរពោលយ៉ាង​នេះទេ ។បេ។

[៤៥៩] ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ ។ មិនមានទេ ។ ប្រសិនបើ ព្រះពោធិសត្វ​បានធ្វើ​ទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុង​ព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វបានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ ។

[៤៦០] ព្រះពោធិសត្វ បានធ្វើអំពើមិនញុំាងសត្វឲ្យក្តៅ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះ​ហេតុ​​ធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ យល់ថា លោកទៀង ដូច្នេះ ។បេ។ យល់ថា សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះ ព្រោះ​ហេតុធ្វើ​សេចក្តីប្រាថ្នាឥស្សរិយយសដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ ។ អើ ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុង​ព្រះសូត្រដែរឬ ។ មិនមានទេ ។ ប្រសិនបើ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុ​ធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នា​ឥស្សរិយយសទេ ។ (សៀវភៅ​លេខ ៨៦ ទំព័រ​ទី ២៦០)

ព្រះត្រៃបិដក

    វិន័យបិដក    
   


                                                                
មហាវិភង្គ ភិក្ខុនី មហាវគ្គ ចុល្លវគ្គ វរិវារ
                         
   
    សុត្តន្តបិដក    
   
                                                                          
ទីឃនិកាយ មជ្ឈិមនិកាយ
                             
   


   
                                                                                    
សំយុត្តនិកាយ អង្គុត្តរនិកាយ
                                 
   


   
                                                                               
អង្គុត្តរនិកាយ ខុទ្ទកនិកាយ
                               
   
   
                                                                               
ខុទ្ទកនិកាយ
                               
   
    អភិធម្មបិដក    
   
                                                                               
ធម្ម វិភង្គ ធាតុ
បុ.
កថាវត្ថុ យមកប្បករណ៍
                               
   
   
                                                                                    
មហាបដ្ឋាន
                                 
   
         

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទសកនិបាត > យមកវគ្គ (សៀវភៅ​លេខ ៥០ ទំព័រ​ទី ២៧៩ ដល់ ២៨៦)

ព្រះត្រៃបិដក > អភិធម្មបិដក > កថាវត្ថុ តតិយភាគ > ឥស្សរិយកាមការិកាកថា (ពាក់ព័ន្ធ​នឹង​គព្ភសេយ្យា) (សៀវភៅ​លេខ ៨៦ ទំព័រ​ទី ២៦០)