កុម៉ែរាជ (រឿងនិទាន)

ព្រះថោង ឬ ព្រះបាទ កុម៉ែរាជអាទិច្ចវង្សា(អាទិត្យវម៌្ម) (ប្រសូត ម.គ.ស ៣១៣-១៩០) រជ្ជកាល (ម.គ.ស ២៦៧-១៩១) ជាស្ដេចខ្មែរទីមួយតាមរឿងព្រេងខ្មែរ ​ទ្រង់បានឡើងសោយរាជ្យនៅឆ្នាំ ២៦៧ ម.គ.ស. ​ទទួលគោរម្យនាមថា ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ ​សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន។ ជាក្សត្រទីមួយដែលបានសោយរាជ្យនៅនគរគោកធ្លក រឺ ក្រុងកម្ពុជាធិបតីព្រះថោងសម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន ៧៧ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំ​រកា ក្នុង​ព្រះ​ជន្ម ១២២ ព្រះ​វស្សា​។

ព្រះថោង
ព្រះបាទ
​ រូប​សំណាក​ព្រះថោង​នាង​នាគ
រជ្ជកាលម.គ.ស ២៦៧-១៩១
រាជ្យមុនព្រះបាទកម្ពុជនាគរាជ, ព្រះបាទអស្សាជ័យរាជ
រាជ្យបន្តព្រះបាទវិរោរាជ
ស្វាមី/មហេសីធារាវត្តី (នាងនាគ រឺ នាងទាវដ្ដី)
បុត្រព្រះវិរោរាជ ព្រះហរិរាជ ព្រះបរមិន្ទរាជ ព្រះ​ឧទ័យរាជា ព្រះ​វិជៀនរាជ ព្រះ​សាហរាជ ព្រះ​ភិរុណរាជ ព្រះពិជិតរាជ ព្រះសុវណ្ណរាជ ព្រះពិពិតរាជ ព្រះនរិន្ទរាជា
ព្រះនាមពេញ
ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ​ សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន រឺ អាទិច្ចវង្សា (ប្រជុំរឿងព្រេងខ្មែរ)
វង្សព្រះកុម៉ែរាជ
សន្តតិវង្សអាទិច្ចវង្ស
បិតាព្រះបាទអាទិច្ចវង្ស
មាតាមិនស្គាល់
ប្រសូតម.គ.ស ៣១៣
នគរឥន្ទព័ទ្ធ
សុគតម.គ.ស ១៩០
នគរគោកធ្លក

ប្រវត្តិ កែប្រែ

អតីតជាតិ កែប្រែ

ព្រះពុទ្ធទំនាយ ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។ នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះចន្ទ បានចាប់រះឡើងបន្ដវេន ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសម្រាក ក្រោមដើមធ្លក។ រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសម្រាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអណ្ដាត ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិកា ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លកនេះនឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។ សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លកជា "កម្ពុជាធិបតី" ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។ ឯព្រះឥន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសម្ដីរបស់ខ្លួនទេ។ សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។

ព្រះរាជជីវប្បវត្តិ កែប្រែ

កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយព្រះអង្គ ព្រះនាមអាទិច្ចវង្ស សោយរាជសម្បត្ដិ មានរាជបុត្រ ៥ ព្រះអង្គ បុត្រ​ទី១ ត្រូវ​បាន​ព្រះ​អង្គ​តម្រូវ​អោយ​កាន់​កាប់​ ខេត្ដ​-ខណ្ឌ​ផ្នែក​ទិស​ខាងកើត បុត្រទី២ ខេត្ដ-ខណ្ឌទិសខាងជើង បុត្រទី៣ ខេត្ដ-ខណ្ឌខាងលិច ហើយ​បុត្រ​ទី​៤ ព្រះ​ថោង ត្រូវ​ទទួល​បន្ទុក​ខេត្ដ​-ខណ្ឌ​ទិស​ខាង​ត្បូង​។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅ​ជាប់​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​បរម​រាជ​រាំង​


ឆ្នាំមួយ ដោយមានជំងឺព្យាធិ ហើយពេលវេលាកាលៈទេសៈ ត្រូវជាន់ចំនឹងពិធីបុណ្យប្រចាំឆ្នាំ ដែលព្រះរាជា​ត្រូវ​តែ​ទទួល​ស្ដេច​នគរ​ចំណុះ នាម៉ឺន​សព្វ​មុខ​មន្ដ្រី មក​ពី​គ្រប់​ទិស​ទី ព្រះ​អាទិច្ច​វង្សា ក៏បានបង្គាប់អោយបុត្រពៅចេញធ្វើជាព្រះរាជតំណាង​ទៅ​ទទួល​ភ្ញៀវ​ជំនួស​ព្រះ​អង្គ​។ គ្រប់​ៗ​គ្នា មាន​ទាំង​ស្ដេច​បង​ព្រះ​អង្គ​ទាំង ៣ អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណាងព្រះរាជា តាមរបៀបរបប​ប្រ​ពៃណី​។ លើក​លែង​តែ​ព្រះ​ថោង ដែល​មិន​បាន​ក្រាប​ថ្វាយ​បង្គំ​តាមទំនៀមទម្លាប់។ ពីព្រោះព្រះអង្គបានយល់ នឹកស្មានថាព្រះបិតាបានលើករាជ​សម្បត្តិ​ផ្ទេរ​អោយ​ប្អូន​ រួច​ស្រេច​បាច់​បាត់​ទៅ​ហើយ​។ តែបើតាមឯកសារខ្លះទៀត គេបានបញ្ជាក់ថាព្រះមហាក្សត្របានប្រគល់​រាជ្យ​អោយ​បុត្រ​ពៅ​រួច​ស្រេច​ទៅ​ហើយ​មែន​។

ដោយក្ដីមួរហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ដល់ត្រលប់មកដល់នគរវិញ ព្រះថោងក៏កោះប្រជុំអស់សព្វ​មុខ​មន្ដ្រី​ដើម្បី​រៀប​រាប់​ប្រាប់​អស់​នូវ​ព្រឹត្ដិ​ការណ៍​។ ព្រះ​អង្គ​បាន​សម្រេចចិត្ដថាតទៅអនាគត ព្រះអង្គ នឹងលែងយាងទៅចូលរួមពិធីបុណ្យអ្វីទាំង​អស់ នៅ​ឯ​បរម​រាជ​វាំង​។

ពេល​នោះ​នាម៉ឺន​មុខ​មន្រ្ដី​ទាំង​អស់ គ្មាន​នរណាម្នាក់ហ៊ានបញ្ចេញយោបល់ ឬមតិអ្វីឡើយ។ ម្នាក់ៗ​គិត​តែ​វ៉ៃអែប​ស៊ី​អប​លេម​លើម​ឥត​ខ្មាស​អៀន​ហើយ​យល់​ស្រប​តាម​គ្រប់​ចំណុច​។ ពីថ្ងៃនោះមក ព្រះថោងលែងទៅថ្វាយបង្គំ​ព្រះ​បិតា​ដូច​សព្វ​ដង​ទៀត​ហើយ​។

ដឹងរឿងនេះកាលណា ព្រះអនុជពៅ សុំសេចក្ដីអនុញ្ញាត្ដិពីឳពុក ដើម្បីទៅជួបបង។ ជួបបងកាលណា ព្រះ​អង្គ​លុត​ជង្គង់​ថ្វាយ​បង្គំ​ដែល​ធ្វើ​អោយ​ព្រះ​ថោង​មាន​ការ​ភ្ញាក់​ផ្អើល និង​ឆ្ងល់​យ៉ាងខ្លាំង។ ក្រោយបានស្ដាប់ការពន្យល់របស់ប្អូន បានយល់​គ្រប់​ដំណើរ​ដើម​ទង​មក ព្រះ​ថោង​ក៏​បាន​យល់​ស្គាល់​អំពី​កំហុស​របស់​ខ្លួន ហើយ​ក៏​បាន​ផ្ដាំ​ប្អូនអោយសុំព្រះរាជទានទោសពីបិតាជំនួសព្រះអង្គផង។

ព្រះអង្គអាទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថាបុត្រពៅព្រះអង្គដោះស្រាយបញ្ហាស្មុគស្មាញនេះ​បាន​ដោយ​ជោគ​ជ័យ ក្នុង​សន្ដិ​វិធី គឺ​ពិត​ជា​សក្ដិ​សម​ជា​ស្ដេច ដែល​ត្រូវទទួលគ្រងរាជសម្បត្ដិមែន តែព្រះអង្គក៏បានរិះគិតពិចារណាដែរថា ព្រះ​ថោង​មាន​ចិត្ដ​ស្រាល​ឆេវ​ឆាវ មិន​ចេះ​គិត​គូរ​ពិចារ​ណា​វែង​ឆ្ងាយ​ឡើយ អា​កប្ប​កិរិ​យាទាំងប៉ុន្មាន ដែលព្រះថោងបានប្រព្រឹត្ដិមកក៏ចាត់ដូចជា​ការ​ក្បត់ នឹង​ប្រទេស​ជាតិ​ដែរ​ទោស​នេះ គឺ​ត្រូវ​តែ​ប្រហារ​ជីវិត​បង់ នាម៉ឺន​សព្វមុខមន្ដ្រីទាំងអស់ក៏បានយល់ស្របតាមព្រះអង្គដែរ តែដោយ​ព្រះ​ថោង​ព្រះ​អង្គ​ធ្លាប់​មាន​គុណ​បំណាច់​ក្នុង​ការការ​ពារ​ទឹក​ដី​ប្រទេស​ជាតិ នាម៉ឺន​មន្រ្ដី​ទាំងនោះ បានសុំអោយត្រឹមតែបំបរបង់និរទេសព្រះអង្គប៉ុណ្ណោះបានហើយ។

ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ ៣១២ មុន គ.ស។ ព្រះជន្មបាន ១៦ ឆ្នាំ ព្រះអង្គបានយាងចេញ​ទៅ​កាន់​កាប់​ខេត្ដ​-ខណ្ឌ​ទិស​ខាង​ត្បូង​។ ២០ ​ឆ្នាំ​ក្រោយ​មក អាយុបាន ៣៥ ឆ្នាំ ព្រះអង្គត្រូវបានបិតាបំបរបង់និរទេស ដេញចេញពីនគរ។ នាម៉ឺន​មុខ​មន្ដ្រី​ ពល​សេនា និង​ប្រជា​រាស្រ្ដ​ជា​ច្រើន ដែល​ស្រលាញ់​គោរព​ព្រះ​អង្គ ប្រមាណជាង ១ កោដិនាក់ (តែឯកសារខ្លះថាតែ​ ១ ​សែន​នាក់) បាន​សុខ​ចិត្ត​ចាក​ចេញ​អំពី​នគរ​ទៅ​រស់​នៅ​ដង្ហែតាម​ព្រះ​ថោង​។ ពួកជននិរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា បង្គាប់អោយកាត់​សក់ជើង​កញ្ជើ អោយ​ខុស​អំពី​ប្រជា​ពល​រដ្ឋ​ធម្មតា ដើម្បី​បញ្ជាក់​ថា ជា​ជន​ជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោង បាន​បញ្ជា​បក្ស​ពួក​ក្រុម​ព្រះ​អង្គ​អោយ​ចុះសំពៅ​ ទូក​ ក្បួន​បណ្ដែត​តាម​ទន្លេ​ខ្សែ​ទឹក​។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះថោងបាននាំពលរេហ៍ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ព្រៃ​ព្រឹក្សា​ចុះ​មក​តាម​ទិស​ខាង​ត្បូង​រហូត​មក​ដល់​ភ្នំ​ដង​រែក ដែល​ជាតំបន់ភូមិភាគមួយរហោស្ថានគ្មានមនុស្សរស់នៅ។ បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ កាល​ពុទ្ធ​សករាជ​កន្លង​ទៅ​បាន ៦១០ ឬ ៦២០ គស. ៦៦ ឬ ៧៦ គ.ស.កាល​នោះ កោះ​គោក​ធ្លក មាន​ផែនដី​ដុះ​ឡើង​ធំ​ទូលាយ​ហើយ មាន​ស្ដេច​ចាម​មក​តាំង​ទី​កន្លែង​ជា​ដំបូង​នៅ​លើ​កោះ​នោះ។ យូរ​បន្តិច​មក មាន​ស្ដេច​មួយ​អង្គ​ទៀត ឈ្មោះ​ព្រះ​ថោង នៅ​ក្នុង​ប្រទេស "មន" ដោយ​មាន​អធិករណ៍ ក៏​យាង​មក​ដោយ​សំពៅ​មួយ ដែល​មាន​ពួក​បម្រើ​ជាង ១០០ នាក់ មក​ជា​មួយ ចូល​មក​សុំ​ស្ដេច​ចាម​នៅ​ជ្រក​នឹង​កោះ​នោះ​ឯង។


ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ចត នឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជាអោយ​បោះ​យុថ្កា ចុះ​ចត​លើ​កោះ​គោក​ធ្លក​។ កន្លែង​នោះ មាន​ឈ្មោះ​ដំណាល​ជាប់​មកជា ស្រុកគ្រួខ័ណ្ឌ​គោកខ័ណ្ឌ ដែលស្ថិតនៅខាង​ជើង​ជួរ​ភ្នំ​ដង​រែក​សព្វ​ថ្ងៃ​។ ក្នុង​វគ្គ​នេះ ពង្សា​វតារ​ខ្លះ​ទៀត​បញ្ជាក់​ថា ព្រះថោង និង​បរិ​វារ​អ្នកស្ម័គ្រចិត្ដបានមកសំចតនៅ ស្រុកសំរោងទង ដែល​នៅ​ទី​នោះ​បាន​ជាប់​ឈ្មោះ​បឹង​ពុង​ពាយ រហូត​មក​ដល់​សព្វ​ថ្ងៃ​។ ព្រះថោង បានចាត់ចែងអោយមុខមន្ដ្រី ទៅចរចានិងស្ដេចចាម ដើម្បី​ចង​ស្ពាន​មេត្រី​ក្នុង​ន័យ​រួម​រស់​ជា​មិត្ដ​ភាព​ក្នុង​តំបន់​ជា​មួយ​គ្នា។

ចំបាំងជាមួយចាម កែប្រែ

បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ស្ដេច​ព្រះ​ថោង ហេតុ​តែ​ឧប​និស្ស័យ​ត្រូវ​បាន​ធ្វើ​ជា​ម្ចាស់​កោះ និង​ដោយ​បាន​នមស្ការ​ព្រះ​អង្គ​ផង ក៏​មាន​តម្រិះ​ប្រាជ្ញា​វាង​វៃ, វេលា​យប់​ស្ងាត់ នាំ​មន្ត្រី​ចាស់​ម្នាក់ ដែល​ជា​ទំនុក​ទុក​ចិត្ត យក​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ទៅ​កប់​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ហើយ​តាក់​តែង​ជា​សាវតារ សរសេរ​ជាក់​តាំង​ពី​ជីតា​ទួត​របស់​លោក​ថា "បាន​មក​ចាប់​កាប់​គាស់​រាន​ទឹកដី​កោះ​នេះ តាំង​ពី​ដុះ​ឡើង បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត​ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ទុក​ជា​ព័ស្តុតាង, ដី​កោះ​ព្រះ​កេរ្តិ៍​នេះ ត្រូវ​បាន​ជា​ចំណែក ចែក​ឲ្យ​ស្ដេច​ព្រះ​ថោង​ជា​ចៅ" ហើយ​យក​សាវតារ​ទៅ​រោល​ផ្សែង​ភ្លើង​ឲ្យ​ក្រហម​ជាំ ល្មម​គេ​មើល​ឃើញ​ថា​ជា​របស់​ចាស់​ចុះ​មក​មែន ។ តែង​សេចក្ដី​ដូច្នេះ​ស្រេច ទើប​ព្រះ​ថោង ប្រើ​សេនា​ទាហាន​ឲ្យ​ទៅ​បណ្ដេញ​ស្ដេច​ចាម។ ស្ដេច​ចាម មិន​ព្រម​ដើរ​ចេញ ប្រុង​លើក​ទ័ព​ច្បាំង​គ្នា ដោយ​អះ​អាង​ថា ជា​កេរ្តិ៍​ដំណែល​រៀង​ៗ ខ្លួន។ ព្រះ​ថោង តវ៉ា​ថា "យើង​អាង​មាន​ព័ស្តុតាង​ជា​កេរ្តិ៍​ដំណែល​របស់​យើង បាន​ជា​ហ៊ាន​បណ្ដេញ​អ្នក​ឯង"។ ស្ដេច​ចាម​ថា "អ្នក​មាន​ព័ស្តុតាង​យ៉ាង​ណា ?” ។ ព្រះ​ថោង​ថា "យើង​អាង​សាវតារ​ពី​ជីតា​យើង​ចែក​ដី​កោះ​នេះ​ឲ្យ លោក​បាន​ទាំង​កប់​ដុំ​មាស​ប៉ុន​ផ្លែ​ខ្វិត ក្រោម​គល់​ធ្លក ជម្រៅ ៣ ហត្ថ ជា​ភស្តុតាង​ទុក​ឲ្យ​យើងៗ មិន​ទាន់​ទាំង​បាន​ទៅ​គាស់​មាស​នោះ​ផង, បើ​មិន​ជឿ​ត្រូវ​តាំង​ភ្នាល់​គ្នា​យក​ឈ្នះ​ចាញ់ ត្រង់​បន្ទាល់​នេះ​ចុះ"។ ស្ដេច​ចាម ជា​មនុស្ស​ឆោត ព្រម​ចុះ​សន្យា​នឹង​ព្រះ​ថោង ទទួល​ឈ្នះ​ចាញ់​ត្រង់​មាន​ភ័ស្តុតាង​ក្នុង​សាវតារ​ពីរ​ខៈ គឺ ១- ត្រង់​ថា​ជីតា​ចែក​ឲ្យ, ២- មាន​កប់​ដុំ​មាស​នៅ​គល់​ធ្លក, ថា​បើ​ពិត​ជា​មាន សុខ​ចិត្ត​ដើរ​ចេញ​ពី​ទី​នេះ ទើប​ទ្រង់​កំហែង​ទារ​សាវតារ​ពី​ព្រះ​ថោង​មើល។ ព្រះ​ថោង​យក​សាវតារ​មក​ឲ្យ​មើល រួច​សង្ខើញ​ឲ្យ​ជីក​ដី​ក្រោម​គល់​ធ្លក​រក​ដុំ​មាស​ទៀត។ លុះ​ឃើញ​ពិត​ទាំង​ពីរ​ខ ស្ដេច​ចាម ទាល់​ប្រាជ្ញា តែ​ក្រាញ​មិន​ព្រម​ដើរ​ចេញ ក៏​រក​រឿង​នឹង​លើក​ទ័ព​មក​ប្រឆាំង។ ព្រះ​ថោង ដឹង​រឿង​ដូច្នោះ ក៏​លើក​ទ័ព​ទៅ​សង្គ្រុប​មុន មិន​ឲ្យ​ដឹង​ខ្លួន ចាប់​បាន​ទាំង​ស្ដេច​ចាម និង​សេនា​ទាហាន ។ ស្ដេច​ចាម អង្វរ​សុំ​ជីវិត សុខ​ចិត្ត​ថ្វាយ​ទឹក​ដី និង​សេនា​ទាហាន។ ព្រះ​ថោង ក៏​លែង​ទោស ហើយ​ដេញ​ឲ្យ​ទៅ​នៅ​ភ្នំ​ក្រោម។ ស្ដេច​ចាម ឈឺ​ចិត្ត​ចុក​ឈាម​ស្លាប់​ទៅ។ ពួក​បណ្ដា​រាស្ត្រ​ចាម​ប្រុស​ស្រី​ប៉ុន្មាន ព្រះ​ថោង ក៏​រឹប​ដាក់​បន្ថោក​សាសន៍​ដាក់​ជា​ជាតិ កួយ ព័រ អស់​ទៅ។ (ក្នុងប្រជុំរឿងព្រេងគេថាព្រះថោងជាស្ដេចមន កាលណោះ គឺឆ្នាំ ៦៦ រឺ ៧៦ នៃ គ.ស.)


បើតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ ថ្ងៃមួយ ព្រះថោង និង ស្ដេចចាម ព្រះនាមអស្សាជ័យរាជ កើតមានជម្លោះឈ្លោះមិនចុះសម្រុងនឹងគ្នា ហើយ​ក៏​កើត​មាន​ជា​សង្រ្គាម​ចម្បាំង​រាំង​ជល​។ ព្រះ​ថោង​បាន​យក​ជ័យ​ជម្នះ ឈ្នះកម្ចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួននៅចម្ប៉ាសក្ដិ បច្ចុប្បន្ន​ទឹក​ដី​លាវ​សព្វ​ថ្ងៃ​។ ឥឡូវ​ព្រះ​ថោង​ព្រះ​អង្គ​បាន​គ្រប់​គ្រង​ទឹក​ដី​គោក​ធ្លក​តែម្នាក់ឯង។ ព្រះអង្គបានដាក់ឈ្មោះព្រះនគរថា "នគរគោកធ្លក"។

នៅក្នុងរាជរបស់ព្រះអង្គ បើតាមពង្សាវតារខ្មែរ និង ឯកសារជាច្រើនទៀត លើកលែងតែពង្សាវតារសម្ដេចវាំងជួន ស្ដេច​ចាម​ដែល​ច្បាំង​ចាញ់​ព្រះ​ថោង​កាល​ពី​លើក​មុន បាន​លើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយប្រហារនគរគោកធ្លក។ ស្ដេចចាម​អស្សាជ័យ​​រាជ ដោយ​មាន​កូន​ប្រុស​ប្រាំ​នាក់ ធ្វើ​ជា​មេ​ទ័ព​ជំនួយ បានលើកទ័ពចេញមកពីចម្ប៉ាសក្ដិ។ ពង្សាវតារខ្មែរដែលរៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានសរសេរបញ្ជាក់ថា កងទ័ពចាមដោយមានកងទ័ពលាវចូលរួម​ផង បាន​មក​ចោម​ព័ទ្ធ​ទី​ក្រុង​មហា​នគរ​។ ពេល​នោះ​ព្រះ​កុម៉ែ​រាជ​បានកោះប្រជុំ គ្រប់នាម៉ឺនមុខមន្រ្ដីមេទ័ពតូចធំ ដោយមានព្រះបន្ទូល​ថា បើ​យើង​ច្បាំង​តប​នឹង​សត្រូវ​ក៏​បាន​ដែរ តែ​ប្រជា​ពល​រដ្ឋ​យើង នឹង​ត្រូវ​ស្លាប់បាត់បង់ច្រើនជាមិនខាន។ ដូច្នេះគួរណាស់តែយើងធ្វើល្បិច​កិច្ច​កល​ជា​ចាញ់ ខ្លាចចាមហើយ​នាំ​គ្នា​វាយ​សម្រុក​បើក​ផ្លូវ នាំ​គ្រួសារ​រត់ចោលនគរមួយរយៈសិន។ ធ្វើដូច្នេះកងទ័ពចាម និងមានជំនោរចិត្ដក្អេងក្អាង ភ្លេច​ខ្លួន​ហើយ​នាំគ្នា​មក​តាំង​ទី​ក្នុង​មហា​នគរ​ជា​មិន​ខាន។ ពេលនេះ ចាំយើងលើកទាំងទ័ពមនុស្សទាំងទ័ពនាគមកវាយប្រហារ​សត្រូវ​យក​ជ័យ​ជម្នះ​វិញ​។ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា សម្ដេចកុម៉ែរាជ បាននាំពលរេហ៍ទៅរៀបចំទីតាំងបោះបន្ទាយ​ជំរុំ​នៅ នគររាជសីមា។ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​រៀប​ចំ​កង​ទ័ព មានទ័ពលាវផង បង្ហាត់បង្រៀនហ្វឹកហ្វឺនតាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យ​សង្រ្គាម​។ ទ័ព​ចាម​ដូច​ដែល​ព្រះ​អង្គ​បាន​គិត​មែន បាន​នាំ​គ្នា​មក​តាំង​ទី​នៅ​ក្នុង​ព្រះមហានគរ។ មួយឆ្នាំក្រោយមក សម្ដេចព្រះកុម៉ែរាជ​ ដោយមាន​ជំ​នួយ​ពី​ទ័ព​នាគ​បាន​លើក​ទ័ព​ទៅ​វាយ​ប្រហារ ​កំចាត់​ទ័ព​ចាម​ធ្វើ​អោយ​បរា​ជ័យ​រត់បាក់បែកអស់។ ស្ដេចចាមអស្សាជ័យរាជ ត្រូវរបួស​យ៉ាង​ទម្ងន់ ហើយ​ក៏​បាន​បាត់​បង់​ជីវិត ក្នុង​គ្រា​ចំបាំងនោះ​ទៅ​។ រី​ឯ​កូន​ប្រុស​ទាំង​ប្រាំ​នាក់​របស់ស្ដេចចាមត្រូវកងទ័ពខ្មែរ និងកងទ័ពនាគចាប់បាន។ កូន​ស្ដេច​ចាម​ទាំង​ប្រាំ​នាក់​ បាន​ទទួល​ខ្លួន​ចុះ​ចាញ់ សុំ​ចំណុះ និង​សុំ​បម្រើ​ព្រះ​ថោង​រៀង​រហូត​ត​ទៅ។


ព្រះមហាក្សត្រខ្មែរព្រះកុម៉ែរាជបានតែងតាំងកូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទអោយគ្រប់គ្រងស្រុកទ្រាំង ដោយ​មាន​ទី​តាំង​នៅ​លើ​ភ្នំ​បា​យ៉ង់​កោ ព្រះសុរិយោទេវេស អោយ​ទៅ​គ្រប់គ្រងស្រុកបាទីដោយតាំងទីនៅលើភ្នំជីសូរ ព្រះបរមេន្ទ្រាវរមិន្ទ ​អោយ​ទៅ​គ្រប់​គ្រង​ស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយ​ទៅ​គ្រប់​គ្រង​ស្រុកត្បូងឃ្មុំ និងព្រះស្រេន្ទ្រាវរមិន្ទ អោយទៅត្រួតត្រាស្រុកស្ទោង


នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹងទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅ​ទិស​ខាង​លិច​ទៅ​ដល់​ស្រុក​គោក​អង្រ្កង ឬ​ស្រុក​យួន​នៅ​ទិស​ខាង​កើត ទៅ​ដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើងនិង នៅទិស​ខាង​ត្បូង​ទល់​និង​សមុទ្រ​។

ការរៀបចំក្បួនច្បាប់ កែប្រែ

បណ្ដាជនជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមករស់នៅតាំងលំនៅស្ថានកុះករនៅនគរគោកធ្លក។ ព្រះ​អង្គ​បាន​បញ្ជា​អោយ​អ្នក​ប្រាជ្ញ​កែ​ប្រែ​អក្សរ​ ភាសា​សំស្រ្កឹត មក​ជា​អក្សរ​ភាសា​ខ្មែរ​សម្រាប់ប្រើប្រាស់។ ការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យ​កសិកម្ម និង​សេដ្ឋកិច្ច ក៏​ត្រូវ​បាន​ចាត់​យ៉ាង​សកម្ម​ដែរ​។ នៅ​ផ្នែក​ជំនឿ​សាសនា គេក៏បានឃើញមានវត្ដមានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនា​ជា​ច្រើន នៅ​លើ​ទឹក​ដី​នគរ​គោគ​ធ្លក​។

អភិសេក កែប្រែ

ថ្ងៃមួយព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ដោយហេវ​ហត់​អស់កំលាំង ព្រះអង្គ​ចូល​ទៅ​សម្រាក​ក្រោម​ដើម​ធ្លក ដល់​ពេលរសៀល ទើបព្រះអង្គភ្ញាក់ តែទឹកបានឡើងលិចព័ទ្ធជុំវិញទួលគោកធ្លក ដោយ​មិន​អាច​វិល​ត្រលប់​វាំង​ប្រាសាទ​បាន ព្រះ​ថោង​ក៏​ទ្រង់​សម្រាក​នៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រា​នោះ នា​រាត្រី​ដ៏​សែន​ស្ងាត់​ជ្រងំ ព្រះ​នាងធារាវត្តីបុត្រី​សេ្ដច​ភុជង្គ​នាគ​បាន​នាំ​អស់​ពួក​ភី​លៀងបរិវារ ចេញមកក្រសាលលេងកំសាន្ដលើកោះគោកធ្លក។ ព្រះ​ថោង​ទត​យល់​ឃើញ​ព្រះ​នាង​កាល​ណា ក៏​លប​លួច​ចាប់​ចិត្ដ​ប្រតិ​ព័ទ្ធ​ស្នេហា​ភ្លាម​។ ក្រោយដែលបានផ្ដោះផ្ដង សាកសួរគ្នាទៅវិញទៅមក ព្រះ​ថោង និង​នាង​នាគ​ក៏​ចាប់​ផ្ដើម​មាន​ចិត្ដ​ស្នេហា​ស្មោះ​ស្ម័គ្រ​នឹង​គ្នា​ទៅ​វិញទៅមក។ ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហាទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងអណ្ដាប់អណ្ដាការ​គ្រប់​បែប​យ៉ាង​មក​រង់​ចាំ​នៅ​ត្រង់​ទីក​ន្លែង​ដដែល​។ ចំណែក​ព្រះ​នាង​ធារា​វត្ដី កាល​បើទៅដល់ស្ថានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាម​ដំណើរ​ទូល​ថ្វាយ​ព្រះ​បិតា និង​ព្រះ​មាតា។ ស្ដេច​ភុជង្គ​នាគ មិន​បាន​យល់​ជំទាស់​ទេ។ ព្រះអង្គបានសុខចិត្ដយល់ព្រមទៅតាមសំណូមពរ​គោល​បំណង​របស់​កូន​។

ប្រាំពីរថ្ងៃកន្លងមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាង រៀបចំដោយប្រណិត យ៉ាង​បរិ​បូណ៌​ឥត​មាន​ខ្ចោះ ឥត​មាន​ខ្វះ​ត្រង់​ណា យក​មក​ទុក​ត្រៀមខ្លួនរង់ចាំនៅក្រោមដើមធ្លក។ ដល់ថ្ងៃកំណត់ស្ដេចភុជង្គនាគ និង​អគ្គម​ហេសី​បាន​យាង​ចេញ​មក​ត្រង់​កន្លែង​ដើម​ធ្លក​មែន បាន​យល់​ឃើញព្រះមាតាព្រះបិតាព្រះនាងធារាវត្ដីភ្លាមកាលណា ព្រះថោងទ្រង់​លុត​ជង្គង់​ក្រាប​ថ្វាយ​បង្គំ​ដោយ​ក្ដី​គោរព​។ ស្ដេច​ភុជង្គ​នាគ និង​មហេសី​ពេញ​ចិត្ដ​ត្រេក​អរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ហើយក៏បាន​រៀប​ចំ​អភិ​សេក​កូន​ស្រី​កូន​ប្រុស​ជា​គូស្វាមី​ភរិយា​ត​រៀង​មក​។ ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាន​នាំ​ពល​រេហ៍​សេនា បឺត​ពង្រីង​ទឹក​សមុទ្រ បង្ក​បង្កើត​អោយ​កើត​បាន​ជា​ដី​ស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទវាំង​តូច​ធំ​ទុក​ថ្វាយ​ជា​ច្រើន​។

ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ ១១ កើត ខែពិសាខ ពស.​២៧៧ ឆ្នាំ​ម្សាញ់ ត្រូវ​ជា​ឆ្នាំ​ ២៦៧ មុន គ.ស​.។ កាល​នោះ​ព្រះ​ថោង​បាន​ព្រះ​ជន្ម ៤៦ វស្សា ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជសម្បត្ដិនគរគោកធ្លកដែរ។ ព្រះ​អង្គ​បាន​ទទួល​គោ​រម្យ​នាម​ជា ព្រះ​បាទ​សម្ដេច​កុម៉ែ​រាជ​សេដ្ឋា​ធម្មិក​វរោត្ដម​បថម​ខេមរា ខត្ដិ​យា​វង្ស​សកូល កំពូល​ក្រុង​កម្ពុជា​ធិបតី​សិរិ​យស​សោភា​ បវរ​រាជ​ធានី បូណ៌មី​ឧត្ដម​មហា​ដ្ឋាន។ ព្រះ​អគ្គ​មហេសី​នាង​នាគ​ ឬព្រះនាងធារាវត្ដីបានទទួលព្រះនាមជា សម្ដេចព្រះវគត្ដីក្សត្រី​គាប់​លក្ខណ៍​ឯក​អគ្គ​ទេវី​។ ពិធី​បុណ្យ​អភិ​សេក​ចប់​សព្វ​គ្រប់​កាល​ណាស្ដេចភុជង្គនាគ និង​ព្រះអគ្គមហេសីបាននាំបរិវារនាម៉ឺនមុខមន្រ្ដី ត្រលប់​ចុះ​ទៅ​ព្រះ​នគរ​វិញ ដើម្បី​ជូន​ដំណើរ​ព្រះ​បិតា​ព្រះ​មាតា​ក្មេក​ចុះ​ទៅ​ស្ថានភុជង្គនាគ ព្រះថោង ឬ​ព្រះបាទសម្ដេចកុម៉ែរាជ បានចាប់​តោង​ស្បៃ​នាង​នាគ​ចុះ​ទៅ​តាម​ទៅ​ជា​មួយ​ដែរ​។ កាល​នោះ​ព្រះ​ថោង​រៀប​ចំ​សាង​សង់​ព្រះ​បរមរាជវាំង គង់នៅមហានគរធំ ឬ​មហានគរ ឬ​អង្គរ​ដែលជាកន្លែង​ដើម​ធ្លក​បាន​ដុះ​។

បើតាមសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៩ រឿងទី១៤ ព្រះ​ថោង មាន​សេចក្ដី​ត្រេក​អរ​ឡើង​វិញ ហើយ​ទ្រង់​ប្រាប់​មន្ត្រី​ទាំង​អស់ តាម​បង្គាប់​អគ្គ​មហេសី។ លុះ​ដល់​វេលា​នឹង​ហែ​ទៅ ព្រះ​ថោង ក៏​តោង​ជាយ​ស្បៃ​នាង​ទាវដ្ដី, ពួក​នាម៉ឺន​មន្ត្រី ក៏​តោង​ព្រះ​ពស្ត្រ​ស្ដេច​ត​ៗ​គ្នា គ្រប់​ទាំង​ប្រុស​ទាំង​ស្រី ទៅ​រហូត​ដល់​ឋាន​ភុជង្គ​នាគ។

ព្រះ​បាទ​ភុជង្គ​នាគ រៀប​អភិសេក​កូន​នៅ​ឋាន​ភុជង្គ​នាគ​រួច ទ្រង់​ក៏​ថ្វាយ​នាម​ជា​ថ្មី​ទាំង​អស់។ ព្រះ​ថោង ជា​ព្រះ​បាទ​អាទិច្ចវង្សា, នាង​ទាវដ្ដី ជា​នាង​ទាវធីតា, កោះ​គោក​ធ្លក ជា​ក្រុង​កម្ពុជា​ធិបតី ដែល​ឋិត​នៅ​ក្នុង​ការ​ទំនុក​បម្រុង​នៃ​នគរ​ភុជង្គ​នាគ។ ព្រះ​បាទ​ភុជង្គ​នាគ ទ្រង់​ចាត់​នាគ​សេនា​មាន​ឫទ្ធិ ២ រូប ឲ្យ​មក​គាល់​បម្រើ និង​ការពារ​ជានិច្ច បង្ការ​ក្រែង​បើ​មាន​ភ័យ​សឹក​សង្គ្រាម​មក​សង្កត់​សង្កិន នឹង​បាន​ដឹង​ដំណឹង​ឆាប់ អាច​ឲ្យ​លើក​ពល​សកល​យោធា​មក​ជួយ​ការពារ​ទាន់។

ត្រង់​នេះ​ហើយ ដែល​គេ​តែង​តែ​ធ្វើ​ត​មក​ដល់​សព្វ​ថ្ងៃ គឺ​កាល​ណា​ក្រោក​ឡើង​ពី​អង្គុយ​ផ្ទឹម​សំពះ​ការ គេ​ឲ្យ​កូន​ប្រុស​តោង​ជាយ​ស្បៃ​កូន​ស្រី​ចូល​ទៅ​ក្នុង​បន្ទប់ ដោយ​យក​តម្រាប់​តាម​ព្រះ​បាទ​អាទិច្ចវង្សា ដែល​តោង​ស្បៃ​នាង​នាគ​ជា​អគ្គ​មហេសី​ទៅ​ឋាន​ភុជង្គ​នាគ​នោះ​ឯង។

ព្រះរាជវង្ស កែប្រែ

ព្រះថោង និងនាងនាគ បានមានព្រះរាបុត្រាបុត្រីជាច្រើនដែលព្រះអង្គចែកភារកិច្ចតែងតាំងអោយមានឋានន្ដរសក្ដិ និង​ប្រគល់​បេសក​កម្ម​រៀង​ខ្លួន អោយ​ទៅ​ត្រួត​ត្រា​ស្រុក​នគរ​ប្រទេសផ្សេងៗ

ព្រះថោង ឬ សម្ដេចព្រះកុម៉ែរាជ សោយរាជសម្បត្ដិនៅនគរគោកធ្លក បាន៧៧ឆ្នាំ។ ព្រះអង្គបានចូលទិវង្គត នៅឆ្នាំ​រកា ក្នុង​ព្រះ​ជន្ម ១២២ ព្រះ​វស្សា​។

ជនជាតិជិតខាង កែប្រែ

មួយផ្នែកទៀត នាគ្រាកាលនោះគេសម្គាល់ឃើញមានជនជាតិបរទេសជាច្រើន បានចូលមករស់នៅរកស៊ីធ្វើជំនួញ​ប្រកប​មុខ​របរ​ក្នុង​ស្រុក​ខ្មែរ មាន​ដូច​ជា​សៀម លាវ យួន ជា​ដើម​។ សៀម​ចុះមកនៅបឹងណោងស្នោ ប្រកបមុខរបររកស៊ីចាប់​ត្រី​កន្ធរ​យក​មក​ប្រឡាក់​ហាល​។ ជា​រៀង​រាល់​ឆ្នាំ ជន​ជាតិ​សៀម​ទាំង​នោះ តែងតែដឹកនាំយកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធនៅក្នុងខេត្ដពេជ្រ​បុរី មក​ថ្វាយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​សម្ដេច​ព្រះ​កុម៉ែ​រាជ​ជា​សួយ​សារ​អាករ​។ ចំណែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយ​ជា​រៀង​រាល់​ឆ្នាំ ក៏​តែង​តែ​នាំ​យក​សំពត់​សូត្រ សំពត់​ព្រែ មក​ថ្វាយ​ព្រះរាជាជាសួយសារអាករដែរ។

ទំនៀមទំលាប់ទាក់ទងនឹងព្រះថោង កែប្រែ

  • ១- ប្រវត្ដិ​ព្រះថោង​នាងនាគ​ ​និង​ទំនៀមទំលាប់​ ​បាន​ដិតដាម​ជាប់​ជានិច្ច​ក្នុង​ប្រវត្ដិ​សង្គម​ជាតិ​ខ្មែរ។​ ​ទោះ​ខ្មែរ​មិន​បានដឹង​មិន​បាន​យល់​ក៏​ដោយ ក៏​ខ្មែរ​បាន​គោរព​ ​និង​អនុវត្ដ​លុះ​ទៅ​តាម​ប្រពៃណី​រួច​ស្រេច​ទៅ​ហើយ​ដែរ។​ ​ដូច​ជា​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មង្គលការ គឺ​មាន​តាំង​តែ​ពី​ស្លៀកពាក់​របៀប​រៀបចំ ចំរៀង​ភ្លេង​តន្ដ្រី​ ​រហូត​ដល់​គ្រប់​ពិធី​ ​មាន​សូត្រ​មន្ដ​ព្រះ​បរិត្ត សែនព្រេន បួងសួង​បន់ស្រន់ អញ្ជើញ​ឥន្ទ្រព្រហ្ម​ទេព្តា​អារុក្ខអារក្សអ្នកតា​ ចាស់ទុំ​យមរាជខ្មោច ​ព្រាយ ​បិសាច​ ចងដៃ​ឲ្យ​ពរ​ជ័យ​សព្វ​សាធុការ​ ​បាចផ្កា​ស្លា​ ​និង​តោង​ស្បៃ​កូនក្រមុំ​ជាដើម​៘​ បទ​ភ្លេង​ ចំរៀង​ទាំង​ប៉ុន្មាន​សុទ្ធតែ​រំលឹក​ឈ្មោះ​ព្រះថោង​នាងនាគ​ជា​ហូរហែ​ឥត​មាន​ ខ្ចោះ។​ ​នេះ​យើង​មិន​និយាយ​ពី​គ្រឿង​តូរ្យតន្ដ្រី​ខ្លះ​ ​ដូច​តាខេ​ ​ដែល​មាន​រូបរាង​ដូច​ក្រពើ​ ​ឬ​ត្រកួត​ផង។​ ​ឯ​ក្រឡា​ហូល​ ​ឬ​ខៀន​ដែល​ស្រី​ខ្មែរ​ស្លៀកពាក់​លំអ​កាយ​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ស្រកានាគ​ ​ឬ​សំលៀកបំពាក់​ ​គ្រឿងអលង្ការណ៍​របស់​នាងនាគ ព្រះ​អគ្គមហេសី​ព្រះថោង​ឡើយ។​ ដូច្នេះ ​ក្នុង​ទស្សនៈ​ខ្មែរ ព្រះថោង​នាងនាគ​ ​បាន​ក្លាយទៅជា​និមិត្ដរូប​នៃ​ការ​បង្កបង្កើត​ក្រុម​គ្រួសារ កូនចៅ​ ​បន្ដ​វង្ស​ត្រកូល។​ ​បើ​យើង​និយាយ​ក្នុង​ផ្នែក​អក្សរសាស្ដ្រ​វិញ យើង​សង្កេត​ឃើញ​មាន​រឿង​ព្រេង​ច្រើន​ណាស់ ដែល​ដំណាល​រៀបរាប់​និទាន​អំពី​ក្រពើ​ ​ឬ​ត្រកួត​ ​ព្រះថោង​ ​ឬ​ជីតា​របស់​ខ្មែរ​យើង​នេះ។​ ​រឿងព្រេង​ដែល​និទាន​អំពី​ក្រពើ​មាន​វត្ដមាន​នៅ​គ្រប់​ទិស​ទី​ក្នុង​គ្រប់​ ខេត្ដ​ខណ្ឌ​ទឹកដី​ខ្មែរ​ ​ប៉ុន្ដែ​រូបភាព​ក្រពើ​ត្រូវ​បាន​ខ្មែរ​ជំនាន់​ថ្មី​យល់​ច្រឡំ​ជា​តំណាង​ រូបភាព​អាក្រក់ តំណាង​មនុស្ស​អកតញ្ញូ​ដែល​រមិល​មិន​ស្គាល់​គុណ​គេ។​ ​ពីព្រោះ​គេ​តែង​និយម​និយាយ​ជាប់​មាត់​ថា​ ​”អា​ក្រពើ​វង្វេង​បឹង”។ តែ​បើ​យើង​យោល​ទៅ​លើ​ន័យ​ឃ្លា​នេះ​វិញ​នោះ ​ទើប​យើង​ឃើញ​ថា​ ​គេ​ចង់​ចង្អុល​បញ្ជាក់​ទៅ​លើ​ខ្មែរ​ដែល​ភ្លេច​ដើម​កំណើត​ខ្លួន​ជា​ខ្មែរ ភ្លេច​ស្រុក​កំណើត​ ​មុខមាត់​ពណ៌​សម្បុរ​ខ្លួន​ជា​ខ្មែរ ភ្លេច​ភាសា​វប្បធម៌​ខ្លួន​ជា​ខ្មែរ​ ​ហើយ​យក​វប្បធម៌ ​អរិយធម៌​បរទេស​ជា​ត្រីមុខ។​ ​ដែល​មាន​ន័យ​ថា​ក្រពើ​ ​មិនមែន​មាន​ន័យ​ថា​អាក្រក់​នោះ​ទេ។​ ​ជា​ពិសេស បើ​ក្រពើ​នោះ​នៅ​នឹករលឹក​ ​នៅ​ស្គាល់​បឹង​ដែល​ខ្លួន​ធ្លាប់​ស្នាក់​អាស្រ័យ​រស់នៅ។​ តាម ​ចម្លាក់​បូរាណ​នៅ​តាម​ប្រាង្គប្រាសាទ​នានា​ ​ក៏​គេ​សង្កេត​ឃើញ​មាន​រូប​ក្រពើ​ ​ឬ​ត្រកួត​ដែល​ជា​ព្រលឹង​ខ្មែរ​ជា​ហូរហែ។​ ​រូប​ក្រពើ​នោះ​ជួន​ត្រូវ​គេ​ចាក់​កាប់​សម្លាប់ ជួន​ជា​តួ​ទូក​ដែល​គេ​នាំ​គ្នា​ជិះ​ពីលើ។​ ពុំនោះសោត ​ទេ នៅ​តាម​ព្រះ​វិហារ​ ​ឬ​នៅ​ពេល​ដែល​ខ្មែរ​ចូល​មរណៈភាព ជា​និច្ច​ជា​កាល​ខ្មែរ​តែងតែ​ដោត​ ​«ទង់ព្រលឹង» ឬ​«ទង់ក្រពើ» ។​ ​ទង់ព្រលឹង​ ​ឬ​ទង់ក្រពើ​ជា​និមិត្ដ​រូប​តំណាង​ព្រះថោង ។​ ​ព្រះថោង​ជា​ព្រលឹង​នៃ​ជាតិខ្មែរ ដែល​ខ្មែរ​តែង​រំលឹក គោរព​បូជា ប្រណិបត្ដិ​ដោយ​មិនដឹង​ខ្លួន។​ ​ឯ​រូបសំណាក​នាង​គង្ហីង​ ​ឬ​នាង​ធរណី​ ​និង​ក្រពើ​នោះ គ្មាន​នរណា​ក្រៅ​អំពី​ព្រះថោង​នាងនាគ​ឡើយ។​ ​ក្នុង​ទស្សនៈ​ខ្មែរ យើង​ទុក​នាង​គង្ហីង ​ព្រះធរណី​ជា​ ព្រះ​មេ ជា​អ្នក​មាន​គុណ។​ ​សូម្បី​តែ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ ​ក៏​បាន​បញ្ចូល​ព្រះ​នាងនាគ​ ​ឬ​នាង​គង្ហីង​ ​និង​ក្រពើ​ក្នុង​ជំនឿ​សាសនា ក្នុង​ការ​គោរព​ជា​តួអង្គ​ការពារ​ព្រះពុទ្ធ​ផ្ចាញ់​មារ​ដែរ។​


  • ២‑ រីឯ​ទឹកដី​ខ្មែរ​វិញ​ ​កាល​ជំនាន់​ព្រះថោង​ ​មិនមែន​តូច​នោះ​ឡើយ​ ​ប្រទេស​ជិត​ឆ្ងាយ​ជនជាតិ​សាសន៍​ផ្សេងៗ​ ​បាន​នាំ​គ្នា​កុះករ​មក​រស់នៅ​ក្សេមក្សាន្ដ​ដោយ​សុខ​សន្ដិភាព​សម្បូណ៌​ សប្បាយ។​ ​ការ​រៀបចំ​ស្រុក​ទេស​ឲ្យ​មាន​រចនាសម្ព័ន្ធ​ ​ក៏​ចាប់ផ្ដើម​មាន​ដែរ។​ ​ព្រះពុទ្ធ​សាសនា​បាន​ជ្រួតជ្រាប មាន​ប្រជាពលរដ្ឋ​ប្រកាន់​គោរព​ពេញ​នគរ ។​ ​មិនតែប៉ុណ្ណោះ​សម្ដេច​ព្រះ​កុម៉ែរាជ​ព្រះ​អង្គ​ធ្លាប់​បាន​ធ្វើ​សារ​ថ្វាយ​ ទៅ​ស្ដេច​កោះ​សិរីលង្កា​ ​សុំ​ឲ្យ​ព្រះ​អង្គ​ចម្លង​ធ្វើ​មក​នូវ​ព្រះ​ត្រៃបិដក​ និង​ធម្ម​វិន័យ​ ព្រះពុទ្ធ​សាសនា​ដែល​មាន​ទាំង​ប៉ុន្មាន។​ ​មិនតែប៉ុណ្ណោះ អ្នកប្រាជ្ញ​ព្រាហ្មណ៍​ឈ្មោះ​ ​ប្រទេសរាជ​ ​ត្រូវ​បាន​ស្ដេច​កោះ​សេរីលង្កា​ ​បញ្ជូន​ឲ្យមក​ជួយ​រៀបចំ​កិច្ចការ​ទឹកដី​នគរ​គោក​ធ្លក។​


ឯកសារយោង កែប្រែ

  • [វិគីប្រភពដើម]
  • ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ទ្រាបុត្រ (ភាគរឿងនិទាន)
មុនដោយ
ព្រះបាទអស្សាជ័យរាជ រឺ ព្រះបាទកម្ពុជនាគរាជ
នគរគោកធ្លក តដោយ
ព្រះបាទវិរោរាជ