ព្រះបទុមរាជា ទ្រង់ត្រូវជាបុត្រ ព្រះបាទជេដ្ឋាជ័យ និង ព្រះនាងតារាវត្តី រឺ ព្រះបាទចក្រព័ត្រ និងព្រះមាតាអ្នកម្នាងទង។ ព្រះរាជវង្សតពីទ្រង់គឺ ពញាជ័យ និងពញាសួស

បទុមរាជា
ព្រះ
ស្វាមី/មហេសីសុភវត្តី
បុត្រពញាជ័យ ពញាសួស
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាជេដ្ឋាជ័យ រឺ ចក្រព័ត្រ
មាតាតារាវត្តី រឺ អ្នកម្នាងទង
ប្រសូតមហានគរ
សុគតមហានគរ នគរគោកធ្លក

ប្រវត្តិនិងញាតិវង្ស កែប្រែ

មាន​តែ​ពង្សាវតារ​ ​ដែល​រុះរើ​រៀបចំ​សរសេរ​សា​ជា​ថ្មី​ ​របស់​គណៈកម្មការ​សម្ដេច​វាំង​ជួន​ ​និង​ពង្សាវតារ​វត្ដ​ទឹកវិល​ទេ​ដែល​បាន​រៀបចំ​តាក់តែង​អធិប្បាយ​បញ្ជាក់​ យ៉ាង​ពិស្ដារ​ ​អំពី​ដើម​កំណើត​ពូជពង្ស​ស្ដេច​ត្រសក់ផ្អែម។​ ​គឺ​ក្នុង​ន័យ​ហាក់បីដូចជា​ចង់​អះអាង​ថា​ ​ស្ដេច​អង្គ​នេះ​មាន​ឈាមជ័រ​ជាប់​ពី​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​ ​ហើយ​ព្រះ​អង្គ​ក៏​ជា​អ្នកមាន​បុណ្យ​មាន​ឫទ្ធិ​អានុភាព​ខ្លាំងពូកែ​អស្ចារ្យ ​មិន​ចាញ់​ស្ដេច​ជំនាន់​មុន​ដែរ។​ តែ​ការ​រៀបចំ​ សម្របសម្រួល​ប្រទាក់ប្រទង​ពូជពង្ស​ ​ឲ្យ​បាន​សមរម្យ​ល្អមើល​ ​ល្អ​ស្ដាប់​របស់​ពង្សាវតារ​ទាំង​ពីរ​មិន​ស៊ី​សង្វាក់​គ្នា​ទេ។​ ​ដូច​ជា​បញ្ហា​ឈ្មោះ​ ​ឫស​គល់​ ​ដើម​កំណើត​ឪពុក​ ​និង​កាលបរិច្ឆេទ​ផ្សេងៗ​ជាដើម៘​ ​ទោះបីជា​មាន​ការ​ច្របូកច្របល់​ដូច្នេះ​ក៏​ដោយ​ ​ក៏​សាច់​រឿង​ក្នុង​ពង្សាវតារ​ទាំង​ពីរ​ ​មានដំណើរ​រឿង​ប្រហាក់ប្រហែល​ដូច​គ្នា​ដែរ។​ បិតា​របស់​ស្ដេច​ត្រសក់ផ្អែម​ ​មាន​ព្រះ​នាម​ព្រះ​បទុមរាជា។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​ព្រះ​អង្គ​ត្រូវជា​ព្រះរាជបុត្រ​ព្រះ​ជេដ្ឋាជ័យ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៤។​ ​ព្រះ​អង្គ​បាន​ប្រសូត​ក្នុង​ឆ្នាំរោង​ព.ស​ ១០៧៦ ត្រូវជា​ម.ស​៤៥៤​ ​និង​ត្រូវជា​គ.ស​ ៥៣៣។ ព្រះ​អង្គជា​បង​របស់​ព្រះ​ស័ង្ខចក្រ​ ​ឬ​ស្ដេច​គំលង់​ ​ព្រះមហាក្សត្រ​ទី​១៥​ ​ក្នុង​ឆ្នាំម្សាញ់​ព.ស ​១០៧៧ ម.ស​ ៤៥៦​ ​ត្រូវជា​គ.ស​ ៥៣៤ ​ជាមួយនឹង​អ្នកម្នាង​មាលាវត្ដី​ ​ព្រះបាទ​ជេដ្ឋាជ័យ​បាន​បុត្រី​មួយ​អង្គ​ព្រះ​នាម​សុភវត្តី។ តែបើ​ពង្សាវតារ​សម្ដេច​វាំង​ជួន​វិញ​ ​ព្រះ​បទុមកុមារ​ត្រូវជា​បុត្រ​ច្បង​របស់​ព្រះបាទ​ចក្រព័ត្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​ហើយ​ត្រូវជា​បង​របស់​ស្ដេចពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​និង​ព្រះបាទបក្សីចាំក្រុង។​ ​ព្រះ​អង្គ​ប្រសូត​ក្នុង​ឆ្នាំឆ្លូវ។ ថ្ងៃមួយ​ក្នុង​ ឆ្នាំឆ្លូវ​ ​ដោយ​តប់ប្រមល់​ខ្វល់​រសាប់រសល់​ ​នៅ​មិន​សុខ​មិន​សាប់​ក្នុង​ព្រះ​បរមរាជវាំង​តទៅ​មុខ​ទៀត​កើត​ ​ព្រះ​បទុមរាជា​ក៏​សុំ​ព្រះ​បិតា​ ​ព្រះ​ជេដ្ឋាជ័យ​ ​ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន។​

ចំណែកឯ​ព្រះ​នាង​ សុភវត្តី​ ​កាល​បាន​ព្រះ​ជន្ម​ ១៦ ​ឆ្នាំ​ ​បាន​ធ្វើ​ដំណើរ​កំសាន្ដ​តាម​ព្រះ​បិតា​ទៅ​លេង​មាត់សមុទ្រ។​ ​នៅ​ពេល​ដែល​ព្រះ​នាង​កំពុង​តែ​ដើរ​ប្រពាត​ព្រៃ​លេង​ ​ដោយ​សប្បាយ​រីករាយ​ ​ស្រាប់តែ​មាន​ភ្លៀង​ផ្គរ​ខ្យល់ព្យុះសង្ឃរា​បោកបក់​មក​យ៉ាង​ខ្លាំងក្លា​ ​ចំនួន​បី​យប់​បី​ថ្ងៃ​ ​ធ្វើ​ឲ្យ​ព្រះ​នាង​វង្វេង​ក្នុង​ព្រៃ​ជ្រៅ​ម្នាក់ឯង​ ​រក​ផ្លូវ​ច្រកចេញ​វិល​មក​ដំណាក់​មិនឃើញ។​ ​បាត់​កូន​គ្មាន​ដំណឹង​ ​ព្រះរាជា​ក៏​បញ្ជា​ឲ្យ​នាម៉ឺន​ពលរេហ៍​ ​និង​ប្រជានុរាស្ដ្រ​ ​កាប់​ឆ្ការព្រៃ​រក​បុត្រី។​ ​កាប់​ឆ្ការ​រក​គ្រប់​ទិសទី​ទាំង​ក្នុង​ព្រៃ​ក្រំ​ថ្ម​ ​ទាំង​មុជទឹក​រាវរក​ក្នុង​បាតសមុទ្រ​ទៀត​ ​ក៏​គេ​នៅ​តែ​រក​ព្រះ​នាង​សុភវត្តី​មិនឃើញ។​ កន្លែង​ដែល​ស្ដេច​ ​និង​ពល​សេនា​នាំ​គ្នា​កាប់​ឆ្ការព្រៃ​ ​ជ្រាវ​រក​បុត្រី​នេះ​ ​បាន​ជាប់​ឈ្មោះ​ថា​ ​ភ្នំ​ជ្រាវ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ។​ ព្រះ​អង្គ​ខំប្រឹង​រក​បុត្រី​ អស់​រយៈពេល​បី​ខែ​ ​តែ​នៅ​តែ​រក​មិនឃើញ។​ ​ទីបំផុត​ ​ដោយ​ក្ដី​អស់សង្ឃឹម​ ​ព្រះមហាក្សត្រ​ក៏​សំរេចចិត្ដ​នាំ​នាម៉ឺន​មន្ដ្រី​ពល​រេហ៍​ ​និង​បរិវារ​ ​ធ្វើ​ដំណើរ​វិល​ត្រលប់​មក​មហានគរ​វិញ។​ ចំណែក​ព្រះ​នាង​សុភវត្តី​ ​ព្រះ​នាង​វង្វេង​វង្វាន់​ ​លែង​ដឹង​ទិស​តំបន់​អ្វី​ទាំងអស់​ ​ក្នុង​ព្រៃ​ជ្រៅ​ស្ងាត់ជ្រងំ​ភ្នំ​ជ្រាវ។​ ​នាង​រសាត់អណ្ដែត​ ​ភ័យ​ព្រួយ​កំសត់​វេទនា​តែ​ម្នាក់ឯង​ ​គ្មាន​ទិស​ដៅ​ ​និង​គ្មាន​ទីពឹង​ពំនាក់។​ ​ដោយ​ស្រេកឃ្លាន​ខ្លាំង​ពេក​ ​ព្រះ​នាង​បាន​លូកដៃ​ទៅ​ក្បង់ទឹក​ដក់​ក្នុង​ដានជើង​ដំរី​យក​មក​សោយ​ចំអែតកាយ​ ​តែ​នេះ​ជា​ទឹកនោម​ដំរី​ស។​ ​មិនយូរ​ប៉ុន្មាន​ ​អស្ចារ្យ​ណាស់​ ​ព្រះ​នាង​សុភវត្តី​ចាប់ផ្ដើម​ទ្រង់​គភ៌។​ ​នាកាល​សម័យ​នោះ​ ​ព្រះ​នាង​បាន​ទទួល​ការ​ទំនុកបំរុង​ជួយ​យកអាសា​អំពី​សំណាក់​អ្នកស្រុក​អ្នក ​ភូមិ​ភ្នំ​ជ្រាវ​ ​ដែល​បាន​សង់​សំណាក់​មួយ​ថ្វាយ​ទុក​គ្រាន់​នឹង​សំរាក​ជ្រកកោន​សំណាក់​នៅ។​ ​កន្លែង​សំណាក់​នោះ​ជាប់​ឈ្មោះ​ ​គោក​ព្រះរាជ​មន្ទីរ​ ​រហូត​មក​ដល់​បច្ចុប្បន្ន។​ ​ក្នុង​ឆ្នាំថោះ​ ​ព្រះ​នាង​សុភវត្តី​ប្រសូត​បាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ ​ដែល​ព្រះ​នាង​ដាក់​ឈ្មោះ​ឲ្យ​ថា​ ពញាជ័យ។ បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ដដែល​ ​នៅ​ឆ្នាំមមែ​ ​កាលនោះ​ ​ព្រះ​នាង​បាន​ជន្ម​ ៦៥ ​វស្សា​ ​ហើយ​ពញាជ័យ​បាន​អាយុ​ ៤៩ ​ឆ្នាំ​ ​ទាំង​ពីរ​នាក់​ម្ដាយ​ ​និង​កូន​នាំ​គ្នា​មក​រស់នៅ​ក្នុង​ម្ដុំ​ផ្សារ​នា​ជើងភ្នំ​រូង​ ឬ​ភ្នំ​ប្រសិទ្ធិ។​ ​ដើម្បី​ចិញ្ចឹមជីវិត​ ​ពញាជ័យ​បាន​តាក់តែង​បង្កើត​ឲ្យ​មាន​ជា​ល្បែង​លេងសើច​ ​និង​ប្រគំ​វង់ភ្លេង​តន្ដ្រី។​ រី ​ព្រះ​បទុមរាជា​ ​ឬ​បទុមកុមារ​ ​ដែល​ទៅ​សាង​ផ្នួស​នៅ​ភ្នំ​គូលែន​ ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​បាន​និមន្ដ​មក​គង់នៅ​ភ្នំខ្ជោល​ ​(ស្ថិត​នៅ​ខេត្ដ​កំពង់ឆ្នាំង​ ​ជិត​ជួរ​ភ្នំក្រវាញ)។ ថ្ងៃមួយ​ដែល​ព្រះ​អង្គ​កំពុង​តែ​ស្មឹងស្មាធិ៍​ភាវនា​ធម៌​តាំងសីល​ ​ព្រះ​អង្គ​ស្ដាប់​សូរ​សត្វ​និយាយ​ជជែក​គ្នា​ថា​ ​“គួរ​ឲ្យ​អាណិត​ព្រះសង្ឃ​អង្គ​នេះ​ណាស់​ ​ព្រះ​អង្គ​គ្មាន​ប្រពន្ធ​កូន​ ​សំរាប់បន្ដ​ពូជពង្ស​វង្សត្រកូល​តទៅ​អនាគត​ ​ដូច​គេឯង​ឯទៀត​ឡើយ។​ ​សូម្បី​ព្រះពុទ្ធ​អង្គ​បរមគ្រូ​ ​ម៉្លេះ​ក៏​មាន​មហេសី​ ​និង​កូន​ដែរ​ ​មុន​នឹង​សាង​ព្រះ​ផ្នួស” (ត្រង់កន្លែងនេះដូចជាឈុតមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ ដែលឥសីបានជប់ភរិយាដោយសារតែលឺសត្វចចារដល់ឥសីហើយដែលភរិយារបស់ឥសីកើតបានជា សុគ្រីព ពាលី ត្រូវជាកូនព្រះឥន្ទ និងព្រះព្រហ្ម ហើយ នាងស្វាហាយ ជាកូនឥសី)។ ស្ដាប់​យល់​ឃើញ​ថា​ ​សត្វ​និយាយ​ត្រឹមត្រូវ​ចំ​ល្អ​ ​ព្រះ​បទុមរាជា​ ​ក៏​សឹក​ចាក​សិក្ខាបទ​ ​ហើយ​ចាកចេញ​ធ្វើ​ដំណើរ​ទៅ​រក​គូស្រករ​រៀបចំ​យក​ព្រះ​នាង​សុភវត្តី​ជា​មហេសី (បើតាម​ព្រះរាជពង្សាវតារ​ខេម្មរឡេកឱង្ការ​របស់​គណៈកម្មការ​មួយ​ទៀត តែងតាំង​ដោយ​ព្រះបាទនរោត្តម ក្នុង​គ.ស ​១៩០៣ ព្រះសង្ឃ​ដែល​បាន​មក​យក​ព្រះ​នាង​សុភវត្តី​ធ្វើ​ជា​ភរិយា​ត្រូវជា​សិស្ស​ ព្រះសង្ឃ​ធុតង្គ​នៅ​ភ្នំ​ខ្ជោល)។ ត្រង់នេះ​ពង្សារតារវត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ទេវតា​បាន​បំបាំង​ខ្លួន​ ​ចុះ​មក​និយាយ​ប្រាប់​ឲ្យ​ព្រះ​បទុមរាជា​លាចាក​សិក្ខាបទ​ ​ហើយ​ត្រូវ​រៀប​ការ​ជាមួយនឹង​ព្រះ​នាង​សុភវត្តី​ ​ដើម្បី​បន្ដ​ពូជពង្ស​នៅ​អនាគត (ដូច្នេះ​ បើតាម​ពង្សាវតារ​វត្ត​ទឹកវិល ព្រះ​បទុមរាជា និង​ព្រះនាង​សុភវត្តី ត្រូវ​ជា​បង​ប្អូន​បង្កើត។ បើតាម​ពង្សាវតារ​សម្ដេច​វាំង​ជួន ព្រះនាង​សុភវត្តី​ត្រូវ​ជា​ម្ដាយមីង​បង្កើត​របស់​ព្រះ​បុទមរាជា)។​ ​កាលណា​បំពេញ​សកម្មភាព​មាន​កូនចៅ​ហើយ​ ​នោះ​ទើប​ព្រះ​អង្គ​អាច​យាង​ត្រលប់​មក​សាង​ផ្នួស​វិញ​បាន។​ ​ស្ដាប់​ចង​ចាំ​គ្រប់​អស់​សេចក្ដី​ ​ព្រះ​បទុមរាជា​ ​មិនយឺត​យាវ​បង្អាក់​បង្អង់​យូរ​ឡើយ​ ​ព្រះ​អង្គ​ក៏​ហោះហើរ​ជ្រែក​ទឹក​ជ្រែក​ដី​ ​មក​រក​រួមរក្ស​មេត្រី​ ​សោយសុខ​សប្បាយ​ជាមួយនឹង​ព្រះ​នាង​សុភវត្តី​ ​តាម​ពាក្យ​បណ្ដាំ​របស់​ទេវតា។​ ​បន្ទាប់​មក​ ​កាល​ព្រះ​នាង​សុភវត្តី​ទ្រង់​គភ៌​បាន​៥​ខែ​ ព្រះ​បទុមរាជា​ក៏​រៀបចំ​ខ្លួន​ធ្វើ​ដំណើរ​ចាកចោល​ព្រះ​នាង​ ​ត្រលប់​ទៅ​សាង​ផ្នួស​វិញ។ តែ​បើ​តាម​ពង្សារតារ​សម្ដេច​វាំង​ជួន ព្រះ​បទុមរាជា​បាន​យាង​ទៅ​សាងផ្នួស​វិញ នៅ​ពេល​ដែល​ព្រះនាង​សុភវត្តី​បាន​ប្រសូត​បុត្រ​រួចហើយ ហើយ​ព្រះរាជបុត្រ​នោះ​ក៏​បាន​ធំ​ពេញវ័យ​បន្តិច​ហើយ​ដែរ។​ ​មុន​នឹង​ចេញដំណើរ​ ​ព្រះ​អង្គ​បាន​ប្រគល់​ដំបង​មួយ​ឲ្យ​ទៅ​ព្រះ​នាង​ ​ដោយ​មាន​បន្ទូល​ថា​ ​“កាលណា​កូន​ធំ​ឡើង​ ​ហើយ​បើ​វា​ចង់ទៅ​រក​ឪពុក​ ​ត្រូវ​ប្រគល់​ដំបង​នេះ​ឲ្យទៅ​កូន​ ​ដើម្បី​ទុកជា​ចំណាំ”។ ផ្ដាំផ្ញើ ​រួច​ស្រេចបាច់​ហើយ​កាលណា​ ​ព្រះ​បទុមរាជា​លា​ព្រះ​នាង​សុភវត្តី​ជា​ភរិយា​ត្រលប់​ទៅ​បួស​ជា​សង្ឃ​ដូច​ដើម​វិញ។​ ព្រះ​អង្គ​បាន​តាំងសីល​ ​រៀនសូត្រ​ចេះ​ចង​ចាំ​មន្ដអាគម​គ្រប់មុខ​វិជ្ជាការ​ ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ ​ចេះ​បំបាំង​ខ្លួន​មើល​មិនឃើញ​ ​ចេះ​ជ្រែក​ទឹក​ ​ជ្រែក​ដី​ ​ហើយ​ចេះ​ប្រស់​មនុស្ស​ស្លាប់​ឲ្យ​រស់រាន​មានជីវិត​ឡើង​វិញ៘​ ​និង ៘​ ឆ្នាំវក ​ព្រះ​នាង​សុភវត្តី​ទ្រង់​គ្រប់​ខែ​គ្រប់​ថ្ងៃ​ ​ប្រសូត​បាន​រាជបុត្រ​មួយ​ព្រះ​អង្គ​ ​ដែល​ព្រះ​នាង​ដាក់​ឈ្មោះ​ថាពញាសួស។ ​តែ​ពង្សាវតារ​សម្ដេច​វាំង​ជួន​ បាន​សរសេរ​ថា​ ​ព្រះរាជបុត្រ​នេះ​ឈ្មោះ​ចៅតា​ ​ហើយ​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់។​ ​ពញាសួស​ ​ឬ​ចៅតា​ ​មាន​រូបសម្បត្តិ​ល្អល្អាច់​ ​និង​មាន​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាសវៃ​ណាស់។​ ​អាយុ​ ៧​ ឆ្នាំ​ ​ពញាសួស​ ​ឬ​ចៅតា​បាន​សាកសួរ​ចង់​ដឹង​អំពី​ប្រវត្ដិ​របស់​ឪពុក។​ ​ព្រះ​នាង​សុភវត្តី​បាន​និទាន​រៀបរាប់​ប្រាប់​ប្រវត្ដិ​ទាំង​ប៉ុន្មាន​ឲ្យ​ កូន​សណ្ដាប់។​ ​ព្រះ​នាង​បាន​និយាយ​អំពី​ដំបង​ដែល​ព្រះ​បទុមរាជា​ជា​ឪពុក​ ​បាន​ទុកជា​របស់​សម្រាប់​ចំណាំ​ដែរ។​ ​ស្ដាប់​យល់​ដឹង​ឮ​អស់​សេចក្ដី​ ​ពញាសួស​ ​ឬ​ចៅតា​ ​និង​ពញាជ័យ​ជា​បង​ក៏​សុំ​លា​ម្ដាយ​ទៅ​រក​ឪពុក។​ ​ព្រះ​អង្គ​បាន​យក​ដំបង​សំគាល់ខ្លួន​ទៅ​ជាមួយ​ដែរ។​ ​នៅ​ទីបំផុត​ ​អ្នក​ទាំង​ពីរ​បាន​ទៅ​ជួបនឹង​ព្រះ​បិតា​ដូច​ក្ដី​បំណង។​ ​គ្រានោះ​ ​គឺ​ចំ​ពេល​ដែល​ព្រះ​បទុមរាជា​កំពុង​ខឹង​ខ្ញាល់​យ៉ាង​ខ្លាំ​ង​នឹង​ព្រះ​ស័ង្ខចក្រ​ ​ឬ​ស្ដេច​គំលង់​ ​ដែល​បាន​សំលាប់​សិស្ស​ជំនិត​ព្រះ​អង្គ​ ​ដែល​ព្រះ​អង្គ​បាន​បញ្ជូន​ឲ្យទៅ​ជួយ​ព្យាបាលជំងឺ​ឃ្លង់​ភ្លើង។​ ​ព្រះ​បទុមរាជា​ឃើញ​យល់​ច្បាស់​ថា​ជា​កូន​ព្រះ​អង្គ​ពិតប្រាកដ​ហើយ​ ​ព្រះ​អង្គ​ក៏​រៀបរាប់​ប្រាប់​ប្រវត្ដិ​ឲ្យ​ដឹង​អស់​នូវ​ពូជពង្ស​សែស្រឡាយ​ ព្រះ​អង្គជា​ក្សត្រ។​ ​ព្រះ​អង្គ​បាន​ប្រដែប្រដៅ​កូន​ទាំង​ពីរ​ថា​ ​“កូន​ទាំង​ពីរ​មិន​ត្រូវ​ទៅ​លុតក្រាប​ ​សុំ​បុណ្យ​ស្ដេច​ពាល​អង្គ​ហ្នឹង​ទេ​! ៤០០​ ឆ្នាំទៀតកូន​នឹង​បាន​ឡើង​គ្រង​រាជសម្បត្តិ​ប្រទេស​កម្ពុជា​ជា​មិន​ខាន​! ដើម្បី​បន្ដ​ព្រះរាជ​វង្ស​យើង​ទៅ​អនាគត”។ ព្រះ​បទុមរាជា​ ​ព្រះ​អង្គ​បាន​ប្រក់ព្រំ​ប្រសិទ្ធិ​ពរជ័យ​ដល់​កូន​ទាំង​ពីរ​ឲ្យ​បាន​ សេចក្ដីសុខ​ចំរុងចំរើន​ ​មាន​អាយុ​វែង​យឺនយូរ។​ ​ហើយ​ជា​ចំណង​ដៃ​ដល់​កូន​ ​ព្រះ​អង្គ​បាន​ប្រគល់​ឲ្យ​ដុំ​ថ្ម​ដែក​ ​និង​គ្រាប់​ពូជ​ត្រសក់​ ៧ ​គ្រាប់​ម្នាក់​ ​សំរាប់យក​ទៅ​ដាំ​ចិញ្ចឹមជីវិត (ពង្សាវតារ​សម្ដេច​វាំង​ជួន​សរសេរ​ថា ព្រះ​បទុមរាជា​បាន​ឲ្យ​គ្រាប់​ត្រសក់ ​៣ ​គ្រាប់​ទៅ​ឲ្យ​កូន​ម្នាក់ៗ)។​ ​ព្រះ​អង្គ​ផ្ដាំ​ទៀត​ថា​ ​ត្រូវ​ទៅ​ធ្វើ​ចំការ​ដាំ​ត្រសក់​នៅ​ឯ​ខេត្ដ​គោកសេះ។​ ដូច្នេះ​ហើយ​ បានជា​រៀង​រហូត​មក​មាន​ឈ្មោះ​ ​ចំការសួស​ ​ចំការជ័យ​ ​ចំការ​ត្រសក់ផ្អែម​ ​ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ចំការ​អ្នកអែម

ចំណែកឯ​ពញា​សួស​វិញ ​ព្រះបាទ​ត្រសក់ផ្អែម​បាន​តែងតាំង​ជា​ព្រះ​ឧបរាជ (ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ដំបូង​ថា​ ​បុត្រ​ច្បង​ព្រះ​នាង​សុភវត្តី ​ដែល​កើតមក​ដោយសារ​ទឹកនោម​ដំរី​ស​ឈ្មោះ​ពញាជ័យ​ ​ឯ​បុត្រ​ប្អូន​ជា​កូន​ជាមួយ​នឹង​ព្រះ​បទុមរាជា​ ​ឈ្មោះ​ពញាសួស។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បញ្ជាក់​ថា​ ​គឺ​បុត្រ​របស់​ព្រះ​បទុមរាជា​ ​ដែល​មាន​ងារ​នាយ​ត្រសក់ផ្អែម​ ​ដែល​បាន​ឡើង​សោយរាជ្យ។​ ​ដូច្នេះ​គឺ​កូន​ប្អូន​ដែល​បាន​ឡើង​សោយរាជ្យ។​ ​តែ​បន្ទាប់​មក​ ​ពង្សាវតារ​ដដែល​នេះ​ ​បែរជា​សរសេរ​ថា​ ​ពញាសួស​ត្រូវ​បាន​ព្រះរាជា​តែងតាំង​ជា​ឧបរាជ​ ​ដែល​មាន​ន័យ​ថា​ ពញាជ័យ​ទេ​ដែល​បាន​ធ្វើ​ស្ដេច។​ ​ដូច្នេះ​ស្ដេច​ត្រសក់ផ្អែម​ត្រូវជា​កូន​របស់​ស្ដេច​ដំរី​ស។​ ​ពង្សាវតារ​ផ្សេងៗ​ទៀត​ ​ក៏​បាន​កំណត់​ដែរ​ថា​ ​ស្ដេច​ត្រសក់ផ្អែម​មានឈ្មោះ​ដើម​ពញាជ័យ)។​