បន្ទុកអគ្គីសនី

បន្ទុកអគ្គីសនី គឺជាលក្ខណៈសំគាល់គ្រឹះ​របស់រូបធាតុ​ដែលអាចអោយយើងកំនត់អំពី​លក្ខណៈអន្តរកម្មអេឡិចត្រូម៉ាញ៉េទិចរបស់វា។ បន្ទុកអគ្គីសនីបង្កើត​និងទទួលរងឥទ្ធិពលពីដែនអេឡិចត្រូម៉ាញ៉េទិច។ អន្តរកម្មរវាងបន្ទុកមានចលនា​នឹងដែនអេឡិចត្រូម៉ាញ៉េទិច​បង្កើតជាកំលាំងអេឡិចត្រូម៉ាញ៉េទិចដែលជាកំលាំង១ក្នុងចំនោមកំលាំងគ្រឹះ​ទាំង៤។ ចលនារបស់បន្ទុកអគ្គីសនី​បង្កើតជាចរន្តអគ្គីសនី

អេឡិចត្រូម៉ាញ៉េទិច
អគ្គីសនី · ម៉ាញ៉េទិច

សេចក្ដីផ្ដើម កែប្រែ

បន្ទុកអគ្គីសនីជាសញ្ញាណអរូបី ប្រហាក់ប្រហែលគ្នានឹងម៉ាស់ដែរ ដែលអាចអោយយើងពន្យល់ពីបាតុភូតមួយចំនួន។ ខុសគ្នាពីម៉ាស់ បន្ទុកអគ្គីសនី​អាចមានទំរង់២ផ្ទុយគ្នាគឺ វិជ្ជមាន និង អវិជ្ជមាន។ បន្ទុកអគ្គីសនីដែលមានធម្មជាតិដូចគ្នា​ច្រានគ្នាចេញ ហើយបន្ទុកដែលមានធម្មជាតិ(សញ្ញា)ផ្ទុយគ្នាទាញគ្នាចូល។ យើងហៅបាតុភូតនេះថា អន្តរកម្មអេឡិចត្រូម៉ាញ៉េទិច។ បាតុភូតនេះត្រូវបានពន្យល់ដោយរូបមន្តក្នុងច្បាប់គូឡុំ ដែលបានចែងថា​កំលាំងអេឡិចត្រូស្ដាទិច​រវាងបន្ទុកអគ្គីសនីទាំង២​សមាមាត្រនឹងផលគុណបន្ទុកទាំង២​និងច្រាស់សមាមាត្រនឹងការ៉េរបស់ចំងាយ​របស់វាទាំង២។ អន្តរកម្មរវាង​បន្ទុកអគ្គីសនី​និងដែនអេឡិចត្រូម៉ាញ៉េទិចបង្កើតបានជាកំលាំងអេឡិចត្រូម៉ាញ៉េទិច ដែលជាកំលាំង១ក្នុងចំនោមកំលាំងគ្រឹះ​ទាំង៤។

បន្ទុកអគ្គីសនីអាចវាស់បានដោយផ្ទាល់ដោយប្រើអេឡិចត្រូម៉ែត្រ និងដោយប្រយោលដោយហ្គាល់វ៉ាណូម៉ែត្របាលីស្ទីក។ ខ្នាតរបស់វាគឺគូឡុំ។ ១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដែល​ឆ្លងកាត់ផ្ទៃមុខកាត់របស់ខ្សែចំលងដឹកនាំចរន្តអគ្គីសនី១អំពែរ ក្នុងរយៈពេល១វិនាទី។ គេនិយមប្រើអក្សរ Q ជានិមិត្តសញ្ញា​របស់បន្ទុកអគ្គីសនី។ រូបធាតុទាំងអស់កើតឡើងពីបន្សំប្រូតុង​និងអេឡិចត្រុង​ដែលមានផ្ទុកបន្ទុកអគ្គីសនីស្មើគ្នាគឺបន្ទុកបឋមe តែមានសញ្ញាផ្ទុយគ្នា។ ខ្វក មានបន្ទុកអគ្គីសនីប្រភាគ −1⁄3 ឬ+2⁄3 e។ អង់ទីភាគល្អិតសមមូលនឹងភាគល្អិតទាំងនេះ(ប៉ូស៊ីត្រុង អង់ទីប្រូតុង អង់ទីខ្វក មានបន្ទុកផ្ទុយ។ ក្រៅពីនេះនៅមានភាគល្អិតផ្ទុកបន្ទុកអគ្គីសនីផ្សេងទៀតដែរ។

ពេលគេសិក្សាពីអង្គធាតុផ្ទុកបន្ទុកអគ្គីសនីនៅនឹងថ្កល់មួយ គេនិយាយពីអេឡិចត្រូស្តាទិច។ ពេលដែលបន្ទុកសរុបរបស់វាសូន្យ វាអាចមានរាយប៉ាយមិនស្មើសាច់(ឧទាហរណ៍ដោយសារ​ដែនអគ្គីសនីខាងក្រៅ ឬចលនាម៉ូលេគុល) គេនិយាយថាអង្គធាតុនោះរងប៉ូលកម្មអេឡិចត្រូស្តាទិច។ បន្ទុកដែលកើតឡើងពីប៉ូលកម្មនេះត្រូវបានគេស្គាល់ថាជាសំព័ន្ធបន្ទុកអគ្គីសនី។ ចលនារបស់បន្ទុកអគ្គីសនី(ឧទាហរណ៍ចលនារបស់អេឡិចត្រុងក្នុងលោហៈ)​តាមទិសដៅកំនត់មួយ​ត្រូវបានគេអោយឈ្មោះថាចរន្តអគ្គីសនី។ ធម្មជាតិពិតរបស់បន្ទុកអគ្គីសនី​ត្រូវបានស្នើដោយ​ម៉ៃឃើល ហ្វារ៉ាដេយ នៅក្នុងពិសោធអគ្គីសនីវិភាគរបស់គាត់ និងត្រូវបានស្រាវបញ្ជាក់ដោយលោក រ៉ូបឺត អាន់ឌ្រូ មីលីខាន់(Robert Andrews Millikan) នៅក្នុងពិសោធន៍​របស់គាត់ (ពិសោធន៍លើតំនក់ខ្លាញ់)។

ប្រវត្តិ កែប្រែ

បន្ទុកអគ្គីសនី​ត្រូវបានរកឃើញដោយ​ជនជាតិក្រិចបុរាណ ដែលបានសង្កេតឃើញថា​ការកកិតរបស់រោមសត្វ ជាមួយសារធាតុផ្សេងៗ បង្កើតជាភាពអលំនឹងរបស់បន្ទុកអគ្គីសនី (បាតុភូតអគ្គីសនីកម្មដោយកកិត) ។ ជនជាតិក្រិចក៏បានសំគាល់ឃើញថា​ឡេវធ្វើអំពីអំប៊្រឹ ផ្ទុកបន្ទុកអគ្គីសនី​អាចឆក់ទាញវត្ថុស្រាលៗដូចជាសរសៃសក់បាន។ ពួកគេក៏ឃើញផងដែរថាបើសិនជាគេកកិតអំប៊្រឹ រយៈពេលយូរ គេអាចបានបន្សាយផ្កាភ្លើង។

នៅឆ្នាំ១៦៧៥ រ៉ូបឺត បូយ(Robert Boyle) បានពោលថា​មានការទាញចូលរឺច្រានដោយអគ្គីសនី​អាចឆ្លងកាត់សុញ្ញកាស។ នៅឆ្នាំ១៧២៩ ស្ទេហ្វិន ហ្គ្រេយ(Stephen Gray) បានចាត់ថ្នាក់រូបធាតុជា​កុងឌុចទ័រ​និងអ៊ីសូឡង់។ នៅឆ្នាំ១៧៣៣ សាល ហ្វ្រង់ស័រ ឌុយ ហ្វាយ(Charles François du Fay) បានលើកសំនើថា​អគ្គីសនីមាន២ប្រភេទ​ដែលអាច​លុបគ្នាទៅវិញទៅមក។ នៅឆ្នាំ១៨៣៨ ម៉ៃឃើល ហ្វារ៉ាដេយ​បានបង្ហាញថា​ ការបែកចែកប្រភេទអគ្គីសនី​ជា អគ្គីសនីស្តាទិច អគ្គីសនីចរន្ត និង ជីវអគ្គីសនី មិនត្រឹមត្រូវទេ និងបានថាអ្វីៗទាំងអស់នោះ​មានបុព្វហេតុពីអគ្គីសនីតែមួយប្រភេទ ដែលមានប៉ូលកម្មផ្ទុយគ្នា២៖ វិជ្ជមាន និង អវិជ្ជមាន។ បាតុភូតប្រចាំថ្ងៃ យកក្រាសជ័រទៅសិតសក់(ស្ងួត) នៅពេលមានអាកាសធាតុស្ងួត ក្រាសនោះនឹងផ្ទុកបន្ទុកអគ្គិសនី។ នៅពេលដែលអ្នកដោះស្បែកជេីង(ជេីងស្ងួត) ចេញរួចដេីរកាត់កម្រាលព្រំនីឡុង ជេីងរបស់អ្នកនឹងផ្ទុកបន្ទុកអគ្គិសនី។


នៅស.វទី១៨ អគ្គីសនី​ត្រូវបានគេនិយមសិក្សា។។