វត្តឧណ្ណាលោម គឺជាវត្តអារាមមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ក្បែរព្រះបរមរាជវាំង ហើយក៏ជាវត្តមួយដ៏ចំណាស់ផងដែរ។ វត្តនេះជាកន្លែងអាសនៈនៃគណៈមហានិកាយរបស់ប្រទេសកម្ពុជា គឺជាវត្តដ៏សំខាន់បំផុតនៃទីក្រុងភ្នំពេញ និងជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាកម្ពុជា។ វត្តនេះក៏ត្រូវបានខូចខាតក្នុងសម័យខ្មែរក្រហម ប៉ុន្តែត្រូវបានស្ដារឡើងវិញនៅពេលប្រទេសមានសុខសន្តិភាពឡើងវិញ។

វត្តឧណ្ណាលោម
ទិដ្ឋភាពខាងមុខវត្តឧណ្ណាលោម
សាសនា
សាសនាព្រះពុទ្ធសាសនាថេរវាទ
Location
ទីតាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ
ប្រទេសកម្ពុជា
Architecture
បញ្ចប់១៤៤៣

និរុត្តិសាស្ត្រ កែប្រែ

បើតាមពាក្យ ឧណ្ណា (មានន័យថា 'ប្រជុំចិញ្ចើម')+លោម (មានន័យថា 'រោម') សរុបគឺ រោមប្រជុំចិញ្ចើម

ប្រវត្តិ កែប្រែ

នៅក្នុងវត្តនេះមានចេតិយដាក់ព្រះឧណ្ណាលោមរបស់ព្រះថេរមួយព្រះអង្គ វាបានពាក់ព័ន្ធក្នុងប្រវត្តិសាស្ត្រកាលពីជំនាន់ចម្បាំងស្ដេចកន និងចៅពញាចន្ទរាជា ។

តើអ្វីទៅដែលកើតមានដំបូងគេក្នុងរាជធានីភ្នំពេញ? ប្រហែលជាវត្តភ្នំដូនពេញហើយមើលទៅ។ ប៉ុន្តែតាមពិតគឺមិនមែនទេ ព្រោះចេតិយបុរាណមួយក្រោយវិហារវត្តឧណ្ណាលោម ប្រហែលជាមានអាយុកាលមុនវត្តភ្នំដូនពេញទៅទៀត ហើយមនុស្សម្នាហៅចេតិយនេះថា «ចេតិយឧណ្ណាលោម»។ ព្រះវិន័យធម៌ សំ ចាន់ ព្រះជន្ម ៥០ព្រះវស្សា បានឲ្យដឹងថា ចេតិយនេះមាននៅក្នុងវត្តឧណ្ណាលោមជាយូរយារណាស់មកហើយ។ នេះបើយោងតាមការស្រាវជ្រាវរបស់ព្រះអង្គ តាមរយឯកសាចាស់ៗជាច្រើនដែលបន្សល់ទុកពីព្រះសង្ឃមុនៗ ជាពិសេសសម្តេចសង្ឃរាជ ជួន ណាត ដែលជាស្ថាបនិកវចនានុក្រមខ្មែរ។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «ចេតិយឧណ្ណាលោមមាននៅទីនេះមុនវត្តនេះបានកសាងឡើងមក ម្ល៉េះ។ សម្តេចសង្ឃជួនណាតមិនបានបញ្ជាក់ពិស្តារ ថាតើវាមានតាំងសតវត្សរ៍ណានោះទេ ប៉ុន្តែលោកគ្រាន់តែសន្និដ្ឋានថា វាអាចមានតាំងពីព្រះពុទ្ធសាសនាមកដល់ប្រទេសកម្ពុជាលើកដំបូង ម្ល៉េះ»។ សៀវភៅដែលជាស្នាព្រះហស្ដរបស់សម្តេចសង្ឃជួនណាត ដែលត្រូវបានគេចែកជូនដល់ពុទ្ធសាសនិកជន ពេលដែលវិហារថ្មីមួយត្រូវបានសម្ពោធក្នុងវត្តឧណ្ណាលោម ក្នុងឆ្នាំ១៩៣៦ បានពិពណ៌នាថាស្តេចព្រះបរមរាជាពញាយ៉ាត បានធ្វើការប្តូរទីតាំងព្រះរាជវាំង ពីទួលបាសាណក្នុងខេត្តកំពង់ចាម មកទីក្រុងភ្នំពេញក្នុងឆ្នាំ១៤៣៤ ហើយព្រះអង្គបានសាងសង់វិហារព្រះពុទ្ធសាសនាចំនួន៧ ដែលក្នុងនោះរួមមានវត្តឧណ្ណាលោម ដែលអារាមទាំងអស់ត្រូវបានបញ្ចុះសីមាទាំងអស់ក្នុងឆ្នាំ១៤៤២ ក្រោមស្នាព្រះហស្តព្រះបាទសម្តេចពញាយ៉ាត មួយផងក្នុងទីក្រុងថ្មីនេះ។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «ឈ្មោះវត្តឧណ្ណាលោមនេះ គឺយកតាមឈ្មោះចេតិយឧណ្ណាលោមដែលមានមុននឹងចាប់កកើតវត្តនេះមក ម្ល៉េះ»។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ទៀតថា៖ «ចេតិយនេះខុសគ្នាពីចេតិយទាំងអស់ក្នុងប្រទេសកម្ពុជា ពីព្រោះវាមានកំពូលប្រាំ។ ក្រោយមកទៀតព្រះសង្ឃបានកសាងជញ្ជាំងដោយលាបពណ៌មាស តែក៏បានបន្សល់ទុកចន្លោះក្បែរជ្រុងនីមួយៗ ដែលយើងរាល់គ្នាអាចនៅមើលថ្មបុរាណនេះឃើញ»។ ផ្នែកខាងក្នុងចេតិយឧណ្ណាលោមនេះវិញ មានព្រះពុទ្ធរូប៤អង្គដាក់តំកល់តាមជ្រុងនីមួយៗ និងមានព្រះពុទ្ធរូបអង្គធំមួយអង្គទៀតតំកល់នៅចំកណ្តាល ដែលទម្រង់ព្រះភ័ក្ត្រនីមួយៗ គឺស្រដៀងគ្នានឹងព្រះពុទ្ធរូបនៅប្រាសាទអង្គរវត្តដែរ។ ពាក្យថាឧណ្ណាលោមគឺជាពាក្យបាលី មានន័យថា រោមប្រជុំចិញ្ចើម គឺរោមដែលដុះពីគុលចិញ្ចើមទាំងពីរស្ថិតត្រង់លើក្តោងច្រមុះ។ មនុស្សគ្រប់គ្នា ហៅចេតិយនេះថា ចេតិយឧណ្ណាលោម ពីព្រោះក្នុងចេតិយនេះ មានបញ្ចុះឧណ្ណាលោម ឬរោមប្រជុំចិញ្ចើម។ ព្រះអង្ឃ សំ ចាន់ មានសង្ឃដីកាថា៖ «នៅខាងក្នុងចេតិយមានតំកល់រោមប្រជុំចិញ្ចើមរបស់ព្រះសង្ឃមួយអង្គ។ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះសង្ឃអង្គ នោះបានច្បាស់លាស់ទេ។រោមប្រជុំចិញ្ចើមទាំងនោះលាក់នៅខាងក្នុង នោះ តែមិនងាយរកឃើញនោះទេ»។ ព្រះអង្គ សំ ចាន់ បន្តថា ពុទ្ធបរិស័ទមានការគោរពបូជាដល់ចេតិយ ដែលបច្ចុប្បន្ននេះបានរុំព័ទ្ធទៅដោយកុដិជាច្រើននេះណាស់។ ពេលដែលពួកគេចង់ប្រារព្ធពិធីបុណ្យណាមួយនៅក្នុងវត្ត ពួកគេប្រាកដជានឹងត្រូវរៀបចំលេងភ្លេងពិណពាទ្យដើម្បីថ្វាយ ដល់ចេតិយនេះមិនខាន។ ជួនពេលខ្លះ ក៏មានពុទ្ធបរិស័ទមួយចំនួនបានមកបន់ស្រន់នៅទីនេះផង។ ព្រះអង្គមានសង្ឃដីកាថា៖«គេជឿថានៅច្រកចូលចេតិយនេះ មានបារមីដែលអាចនាំព្រះសង្ឃទៅកាន់ភ្នំនានាបាន។ ពេលដែលព្រះសង្ឃចង់ធ្វើសម្មាធិ ព្រះតេជគុណទាំងនោះគ្រាន់តែនិមន្តចូលក្នុងចេតិយនេះ និងផុះចេញនៅព្រៃស្ងាត់ ឬ ក៏ភ្នំនានា»។ វត្តឧណ្ណាលោម គឺជាវត្តដែលគណសង្ឃព្រឹទ្ធាចារ្យក្នុងប្រទេសកម្ពុជានិយមគង់ អាស្រ័យនៅ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ ព្រះអង្គ សំ ចាន់ ដែលនិមន្តមកគង់នៅក្នុងវត្តនេះក្នុងឆ្នាំ១៩៩៣ បានឮថា មានកុដិមួយចំនួនត្រូវបានប្រើសម្រាប់ទុកដាក់អំបិលអំឡុងរបប ខ្មែរក្រហម។ ចំណែកសៀវភៅវិញត្រូវរាយប៉ាយគ្រប់ទីកន្លែងលើដី ប៉ុន្តែចេតិយឧណ្ណាលោមនេះ មិនត្រូវបាននរណាមកប៉ះពាល់ ដូចកុដិដទៃនោះទេ។ បន្ទាប់ពីវត្តអារាមមួយនេះត្រូវបានគេធ្វើឲ្យរស់រានមានជីវិតមកវិញ ក្រោយសង្គ្រាម វត្តនេះនៅតែដើរតួយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនាដដែល ជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជនកម្ពុជាផង និងជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃប្រមាណជាជាង៣០០អង្គ និងនិស្សិតជាង៦០០នាក់ផង ដែលកំពុងតែស្នាក់ និង គង់នៅដើម្បីស្វែងរកការរៀនសូត្រក្នុងរាជធានីភ្នំពេញ៕


ឯកសារយោង កែប្រែ


តំនភា្ជប់ កែប្រែ