វាំងននដែក (Iron Curtain) គឺជា​តំណាង​នៃ "មនោគមវិជ្ជា" និង ខ្សែបន្ទាត់​ព្រំដែន​ពិត​មួយ​គូស​ចែក​ទ្វីបអឺរ៉ុប​ទៅជា​តំបន់​ពីរ​ផ្សេងគ្នា ចាប់តាំងពី​ពេល​បញ្ចប់​សង្គ្រាមលោកលើកទី២ រហូតដល់​ពេល​បញ្ចប់​សង្គ្រាមត្រជាក់ (១៩៤៥-១៩៩១) ។ ភាគី​ទាំងសងខាង​នៃ​វាំងននដែក បាន​ខិតខំ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អន្តរជាតិ និង សម្ព័ន្ធមិត្ត​យោធា​តែ​រៀងៗខ្លួន​។ អង្គការ​សេដ្ឋកិច្ច "កូមេកុង" ជាមួយ​កតិកាសញ្ញា​វ៉ាសូវី ស្ថិតនៅ​ខាងកើត​នៃ​វាំងននដែក ដែល​មាន​សហភាព​សូវៀត​ជា​សមាជិក​ដ៏​សំខាន់ និង អង្គការ​ណាតូ ជាមួយ​សហគមន៍អឺរ៉ុប ស្ថិតនៅ​ខាងលិច​នៃ​វាំងននដែក ដែល​មាន​សហរដ្ឋអាមេរិក​ជា​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​។

កតិកាសញ្ញា​វ៉ាសូវី​៖ ប្រទេស​ដែល​ស្ថិតនៅ​ខាងកើត​នៃ​វាំងននដែក ពណ៌ក្រហម, សមាជិក​អង្គការ​ណាតូ​៖ ស្ថិតនៅ​ខាងលិច​នៃ​វាំងននដែក ពណ៌ខៀវ​។ ប្រទេស​អព្យាក្រឹត ពណ៌ប្រផេះ​។ យូហ្គោស្លាវី ទោះជា​ប្រកាន់យក​លទ្ធិកុម្មុយនិស្ត តែ​នៅ​រក្សា​បាន​ឯករាជ្យ​ពេញលេញ​ពី​ប្លុកខាងកើត​។ ស្រដៀងគ្នា​នេះ​ដែរ​រដ្ឋ​កុម្មុយនិស្ត អាល់បានី បាន​ងាក​ចេញពី​សហភាព​សូវៀត​នា​ដើម​ទសវត្ស​ឆ្នាំ​១៩៦០ ហើយ​បាន​បែរ​ទៅរក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោយ​ការ​ប្រេះឆា​រវាង​ចិន-សូវៀត​។
វាំងននដែក​នៅក្នុង​ប្រទេស​អាល្លឺម៉ង់

វាំងននដែក បាន​បង្ហាញ​ស្រមោល​នៃ​ការកាពារ​ព្រំដែន​រវាង​ប្រទេស​នៃ​អឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត ជាក់ស្ដែង​ជញ្ជាំង​ប៊ែរឡាំង​គឺជា​សក្ខីភាព​មួយ​គួរ​ឲ្យ​កត់សម្គាល់ ដែល​បាន​ដើរតួ​ជា​និមិត្តរូប​ដ៏​យូរអង្វែង​នៃ​វាំងននដែក​ទាំងស្រុង​។

ពាក្យ "វាំងននដែក" ត្រូវ​បាន​ប្រើ​លើកដំបូង​ដោយ​រដ្ឋមន្ត្រី​ឃោសនាការ​អាល្លឺម៉ង់ លោក "ហ្សូសែហ្វ ហ្គូអេបេល" នៅ​ក្នុង​សេចក្ដីថ្លែងការ​មួយ ដែល​គាត់​បាន​ចុះផ្សាយ​នៅក្នុង​សារព័ត៌មាន​អាល្លឺម៉ង់ Das Reich នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៤៥ ប៉ុន្តែ​វា​ត្រូវ​បាន​ធ្វើឲ្យ​មាន​ប្រជាប្រិយភាព​ដោយសារ​សន្ទរកថា "Sinews of Peace" ("Iron Curtain Speech") របស់​លោក "វីនស្តុន ឆឺឈីល" ដែល​បាន​ថ្លែង​នា​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​១៩៤៦​។

ភាពពិត​នៃ​នយោបាយ សេដ្ឋកិច្ច និង យោធា កែប្រែ

អឺរ៉ុបខាងកើត កែប្រែ

នៅខណៈដែល វាំងននដែក​បាន​លេចឡើង ជា​ការពិត​ប្រទេស​ទាំងអស់​នៃ​អឺរ៉ុបខាងកើត និង ប្រទេស​ជាច្រើន​នៅ​អឺរ៉ុបកណ្ដាល (លើកលែងតែ អាល្លឺម៉ង់ខាងលិច លីចថិនស្តេន ស្វីស និង អូទ្រីស) បាន​ធ្លាក់​ទៅ​ក្រោម​ការគ្រប់គ្រង​ពី​សំណាក់​សហភាព​សូវៀត​។ បន្ថែម​លើ​នេះ​ទៅទៀត រដ្ឋ​អឺរ៉ុបកណ្ដាល​ទាំងឡាយ​ណា ដែល​ស្ថិតនៅ​ខាងកើត​នៃ​វាំងននដែក ជារឿយៗ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ផ្នែក​មួយ​នៃ​អឺរ៉ុបខាងកើត ជាជាង​អឺរ៉ុបកណ្ដាល​។ ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​លោកខាងលិច បាន​ចាត់ទុក​អតីត​អាល្លឺម៉ង់ខាងកើត និង ឆេកូស្លូវ៉ាគី ជា​ផ្នែក​នៃ​អឺរ៉ុបខាងកើត​។ ទោះបីជា អាល្លឺម៉ង់ខាងកើត និង សាធារណរដ្ឋឆេក និង​មួយ​ផ្នែក​ធំ​នៃ​ប្រទេស​ប៉ូឡូញ មាន​ភូមិសាស្ត្រ​នៅ​ខាងលិច​ជាង​ប្រទេស​អូទ្រីស ព្រមទាំង​ទីក្រុងប្រាក ស្ថិតនៅ​ខាងលិច​ជាង​ទីក្រុងវ្យែន​ក៏ដោយ​។ ភាគច្រើន​នៃ​វាំងននដែក បាន​ខណ្ឌ​ចែក​ឆេកូស្លូវ៉ាគី​ពី​អូទ្រីស​ទៅ​ខាងត្បូង​។

បណ្ដា​រដ្ឋ​ជាច្រើន បាន​ក្លាយជា​សមាជិក​សហភាព​សូវៀត (សាធារណរដ្ឋ​សង្គមនិយម​សូវៀត) ចំណែក​ឯ ប្រទេស​ជិតខាង​ជាច្រើន​នៃ​ប្លុក​ខាងកើត ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ដែល​ចាត់តាំង​ដោយ​សហភាព​សូវៀត លើកលែងតែ​ប្រទេស​ពីរ​ចេញ​គឺ យូហ្គោស្លាវី និង អាល់បានី​។ ប្រទេស​យូហ្គោស្លាវី នៅតែ​រក្សា​បាន​នូវ​ឯករាជ្យ​ពេញលេញ​របស់​ខ្លួន ហើយ​ប្រទេស​អាល់បានី បាន​គេច​ចេញពី​ឥទ្ធិពល​សូវៀត នា​ទសវត្ស​ឆ្នាំ​១៩៦០ និង​បាន​ងាក​ទៅរក​ប្រទេស​ចិន​។ ទាំង​យូហ្គោស្លាវី និង អាល់បានី​សុទ្ធតែ​ជា​រដ្ឋ​កុម្មុយនិស្ត​។

បណ្ដា​រដ្ឋ​ដែល​ស្ថិតនៅ​ខាងកើត​នៃ​វាំងននដែក​ទាំង​នោះ បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង សម្ព័ន្ធមិត្ត​យោធា​ផ្ទាល់ខ្លួន​របស់​ពួកគេ ជាមួយ​អង្គការ​សេដ្ឋកិច្ច​កូមេកុង និង កតិកាសញ្ញា​វ៉ាសូវី​។

ផ្នែក​ខាងលិច​នៃ​វាំងននដែក កែប្រែ

នៅ​ខាងលិច​នៃ​វាំងននដែក ប្រទេស​នៃ​អឺរ៉ុបខាងលិច អឺរ៉ុបខាងជើង និង អឺរ៉ុបខាងត្បូង ព្រមទាំង ប្រទេស​អូទ្រីស អាល្លឺម៉ង់ខាងលិច លីចថិនស្តេន និង ស្វីស បាន​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ​។ លើកលែងតែ សម័យកាល​នៃ​ការគ្រប់គ្រង​បែប​ហ្វាស៊ីស​នៅ​ប្រទេស​អេស្ប៉ាញ និង​ព័រទុយហ្គាល់ ហើយនិង​របប​យោធា​ផ្ដាច់ការ​នៅ​ប្រទេស​ក្រិច​ចេញ ប្រទេស​ទាំងនោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​។

បណ្ដា​រដ្ឋ​ភាគច្រើន​នៅ​ខាងលិច​វាំងននដែក លើកលែងតែ "ប្រទេស​អព្យាក្រឹត" ស្វីស លីចថិនស្តេន អូទ្រីស ស៊ុយអ៊ែត ហ្វាំងឡង់ និង អៀរឡង់​ចេញ បាន​ចង​សម្ពន្ធមិត្ត​ជាមួយ​សហរដ្ឋអាមេរិក និង កាណាដា តាមរយៈ​អង្គការណាតូ​។ វិស័យ​សេដ្ឋកិច្ច​វិញ សហគមន៍អឺរ៉ុប និង សមាគម​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប គឺ​ជា​គូប្រជែង​របស់​អង្គការ​សេដ្ឋកិច្ច​កូមេកុង​។ ទោះយ៉ាងណាក៏ដោយ ជា​ធម្មតា​ប្រទេស​អព្យាក្រឹត​ទាំងនោះ មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​​ស្និទ្ធស្នាល​ជាមួយ​សហរដ្ឋអាមេរិក ច្រើនជាង​ពួកគេ​បាន​ធ្វើ​ជាមួយ​កតិកាសញ្ញា​វ៉ាសូវី​។

ជា​ព្រំដែនពិត កែប្រែ

វាំងននដែក បាន​លេច​ជា​រូបរាង​ឡើង​នៅក្នុង​ការបង្កើត​ខ្សែបន្ទាត់​ការពារ​រវាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុបខាងលិច និង អឺរ៉ុបខាងកើត​។ មាន​តំបន់​ដែល​មាន​ភាព​តានតឹង​យោធា​ខ្លាំងក្លា​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាពិសេស​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា "ព្រំដែន​ខាងក្នុង​អាល្លឺម៉ង់" (Inner German Bordder ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា die Grenzw) រវាង​អាល្លឺម៉ង់ខាងកើត និង អាល្លឺម៉ង់ខាងលិច​។ ព្រំដែន​ខាងក្នុង​អាល្លឺម៉ង់ ត្រូវ​បាន​លេច​រូបរាង​ឡើង​នៅ​តំបន់​ទីជនបទ​ដោយ​របង​ពីរ​ជាន់​ធ្វើ​អំពី​សំណាញ់​ដែកថែប ដែល​មាន​ចម្រូង​ស្រួចៗ ចំណែក​នៅ​តាម​តំបន់​ទីប្រជុំជន រនាំង​ខ្ពស់ៗ​ដូចគ្នា​ទៅ​នឹង​ជញ្ជាំង​ប៊ែឡាំង ត្រូវ​បាន​គេ​កសាង​ឡើង​។ ជញ្ជាំង​នេះ​តែងតែ​មាន​ចម្ងាយ​ខ្លីៗ​នៅ​ខាង​ទឹកដី​អាល្លឺម៉ង់ខាងកើត ដើម្បី​បញ្ចៀស​ការឈ្លានពាន​ណាមួយ​ទៅលើ​អាល្លឺម៉ង់ខាងលិច។ ព្រំដែន​ពិត​មួយ​ត្រូវ​បាន​លេច​រូបរាង​ឡើង ដោយសារ​ការ​ដាក់​ប៉ុស្តិ៍​យាមកាម និង គ្រឿងសម្គាល់ ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​អ្នកឃ្លាំមើល​ជាច្រើន​នាក់​នៅ​ខាងក្រោយ​ជញ្ជាំង​។