សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី

សាធារណរដ្ឋសង្គមនិយមរ៉ូម៉ានី (Romanian: Republica Socialistă România, RSR) គឺជារដ្ឋកុម្មុយនីស្ដ ឯកបក្ស តាមលទ្ធិម៉ាក្ស លេនីន ដែលបង្កើតឡើងនៅប្រទេសរ៉ូម៉ានី ចាប់តាំងពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៨៩។ ចាប់តាំងពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៦៥ រដ្ឋកុម្មុយនីស្ដមួយនេះមានឈ្មោះហៅថា សាធារណរដ្ឋប្រជាមានិតរ៉ូម៉ានី។ ប្រទេសនេះ ស្ថិតនៅក្នុងប្លុកអឺរ៉ុបខាងកើត និងជាសមាជិកសន្ធិសញ្ញាវ៉ាសូវី ដែលតួនាទីដ៏ចម្បងបំផុតរបស់បក្សកុម្មុយនីស្ដរ៉ូម៉ានី ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ តាមទីតាំងភូមិសាស្រ្ត ប្រទេសរ៉ូម៉ានីមានព្រំដែនជាប់នឹងសមុទ្រ ខ្មៅនៅភាគខាងកើត សហភាពសូវៀត (តាមរយៈរដ្ឋអ៊ុយក្រែន និងម៉ុលដាវី) នៅភាគខាងជើង និងខាងកើត ហុងគ្រី និងយូហ្គោស្លាវី នៅភាគខាងលិច និងប៊ុលហ្គារី នៅភាគខាងត្បូង។

នៅពេលសង្រ្គាមលោកលើកទី២បានបញ្ចប់ទៅ ប្រទេសរ៉ូម៉ានីដែលជាអតីតក្រុមប្រទេសគាំទ្រក្រុមអាក់ស៊ីស (ក្រុមប្រទេសគាំទ្រពួកអាល្លឺម៉ង់ណាស៊ី, អ៊ីតាលី និងជប៉ុន) ត្រូវបានចូលកាន់កាប់ដោយសហភាពសូវៀតដែលជាតំណាង ផ្ដាច់មុខរបស់ក្រុមប្រទេសសម្ព័ន្ធមិត្ត (សហភាពសូវៀត, បារាំង, អង់គ្លេស, សហរដ្ឋអាមេរិក និងបារាំង)។ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៤៥ បន្ទាប់ពីមានបាតុកម្មមហាជនដែលធ្វើឡើងដោយក្រុមជនដែលមានសមានចិត្តគាំទ្រពួកកុម្មុយនីស្ដ និងការដាក់សម្ពាធនយោបាយពីអ្នកតំណាងសហភាពសូវៀតនៅក្នុងគណៈកម្មការត្រួតពិនិត្យនៃក្រុមសម្ព័ន្ធមិត្តមក រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង ជារដ្ឋាភិបាលដែលមានទំនោរទៅរកសូវៀត ដែលបានរួមបញ្ចូលទាំងសមាជិកគណបក្សពលកររ៉ូម៉ានីដែលត្រូវបាន គេដាក់ឱ្យនៅក្រៅច្បាប់កាលពីមុននោះ។ បន្តិចម្ដងៗ សមាជិកបក្ស ពលករ និងបក្សសម្ព័ន្ធភាពជាមួយនឹងក្រុមជនកុម្មុយនីស្ដបានចូលក្ដោបក្ដាប់កិច្ចការរដ្ឋ ហើយមេដឹកនាំនយោបាយ មុនសង្រ្គាមទាំងអស់ត្រូវបានកម្ចាត់ចេញពីជីវិតនយោបាយ។ ក្នុងខែធ្នូ ឆ្នាំ១៩៤៧ ស្ដេច King Michael I ត្រូវបានបង្ខំឱ្យដាក់រាជ្យសម្បត្តិ ហើយរបបគ្រប់គ្រងមួយដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតរ៉ូម៉ានី ត្រូវបានប្រកាសជាផ្លូវការ។

ពីដំបូងទី ធនធានដ៏ខ្សត់ខ្សោយរបស់ប្រទេសរ៉ូម៉ានីនាសម័យក្រោយសង្រ្គាម ត្រូវបានបង្ហូរចេញបន្ថែមដោយក្រុម ហ៊ុន "SovRoms" ជាបណ្ដុំក្រុមហ៊ុនរដ្ឋរួមគ្នាមួយរវាងសូវៀត និងរ៉ូម៉ានីដែលមិនតម្រូវឱ្យបង់ពន្ធដារ ដែលអនុញ្ញាតឱ្យសហភាពសូវៀតមានសិទ្ធិគ្រប់គ្រងប្រភពចំណូលសំខាន់ៗរបស់ប្រទេសរ៉ូម៉ានី។ ការបង្ហូរចេញនូវធនធានរបស់ប្រទេសរ៉ូម៉ានីមួយផ្នែកទៀតគឺទៅលើការបង់សំណងសង្រ្គាមទៅឱ្យសហភាពសូវៀត។ ទោះជាយ៉ាងណាក្ដី នៅទសវត្សរ៍ ១៩៥០ រដ្ឋាភិបាលកុម្មុយនីស្ដរ៉ូម៉ានី ចាប់ផ្ដើមទទួលបានឯករាជ្យភាពកាន់តែច្រើនជាងមុន ដែលបាននាំទៅដល់ការដកចេញនូវកងទ័ពសូវៀតចេញពីប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ១៩៥៨។

ក្នុងទសវត្សរ៍១៩៦០ និង១៩៧០ លោក Nicolae Ceaușescu បានក្លាយជាអគ្គលេខាបក្សកុម្មុយនីស្ដរ៉ូម៉ានី (១៩៦៥) ជាប្រធានក្រុមប្រឹក្សារដ្ឋ (១៩៦៧) និងបានទទួលតួនាទីដែលទើបបង្កើតថ្មីជាប្រធានាធិបតី ក្នុងឆ្នាំ១៩៧៤។ ការថ្កោលទោសពីសំណាក់លោក Nicolae Ceaușescu ចំពោះការចូលឈ្លានពានរបស់សហភាពសូវៀត ទៅលើប្រទេសឆេកូស្លូវ៉ាគី ក្នុងឆ្នាំ១៩៦៨ និងការបន្ធូរបន្ថយមួយរយៈខ្លីនៃការបង្រ្កាបផ្ទៃក្នុង បាននាំឱ្យមានរូបភាពវិជ្ជមានមួយទាំងនៅក្នុងផ្ទៃក្នុងប្រទេស និងនៅបស្ចិមប្រទេស។ ទោះជាយ៉ាងណាក្ដី កំណើនសេដ្ឋកិច្ចយ៉ាងលឿនដែលកើតឡើងមួយផ្នែកដោយសារកម្ចីឥណទានបរទេស បន្តិចម្ដងៗបាននាំឱ្យមានការរឹតបន្តឹង និងការបង្រ្កាបផ្នែក នយោបាយ ដែលនាំទៅដល់ការងើបឡើងផ្ដួលរំលំប្រកបដោយហិង្សានូវរបបគ្រប់គ្រងផ្ដាច់ការរបស់លោក នៅខែធ្នូ ឆ្នាំ១៩៨៩។

មនុស្សជាច្រើនត្រូវបានសម្លាប់ ឬស្លាប់នៅមណ្ឌលឃុំឃាំង នៅក្រោមរបបគ្រប់គ្រងនៃបក្សកុម្មុយនីស្ដរ៉ូម៉ានី ភាគច្រើនបំផុតគឺនៅសម័យកាលដឹកនាំតាមបែបស្ដាលីននិយម នាទសវត្សរ៍១៩៥០។ នៅពេលដែលតួលេខនៃការសម្លាប់តាមនីតិវិធីច្បាប់ ក្នុងចន្លោះឆ្នាំ១៩៤៥ និង១៩៦៤ មានចំនួន១៣៧នាក់ ចំនួនមនុស្សស្លាប់នៅមណ្ឌលឃុំឃាំងត្រូវបានគេប៉ាន់ស្មានថាមានចំនួនរាប់ម៉ឺន ឬរាប់សែននាក់ឯណោះ។ មនុស្សជាច្រើនទៀតត្រូវបានចាប់ខ្លួនដោយហេតុផលនយោបាយ, សេដ្ឋកិច្ច ឬហេតុផលផ្សេងទៀត ហើយត្រូវទទួលរងគ្រោះដោយការចាប់ឃុំឃាំង, ទារុណកម្ម ឬការ    សម្លាប់។

ប្រវត្តិ កែប្រែ

ការចូលកាន់កាប់របស់សូវៀត និងការងើបឡើងនៃពួកកុម្មុយនីស្ដ កែប្រែ

នៅពេលដែលស្ដេច King Michael ដែលមានការគាំទ្រពីគណបក្សនយោបាយធំៗ បានផ្ដួលរំលំជនផ្ដាច់ការ Ion Antonescu ក្នុងខែសីហា ឆ្នាំ១៩៤៤ ហើយបានដកខ្លួនចេញពីក្រុមប្រទេសអាក់ស៊ីស មកចូលរួមជាមួយនឹងក្រុមប្រទេសសម្ព័ន្ធមិត្តវិញនោះ ស្ដេចអង្គនេះមិនអាចធ្វើអ្វីបានទាល់តែសោះដើម្បីលុបបំបាត់ស្លាកស្នាមផ្លូវចិត្តដែលប្រទេសរបស់ព្រះអង្គបានចូលរួមយ៉ាងសកម្មជាមួយពួកណាហ្ស៊ីអាល្លឺម៉ង់ ក្នុងការចូលឈ្លានពានសហភាពសូវៀតនោះ។ កងទ័ពរ៉ូម៉ានីបានចូលវាយប្រយុទ្ធក្នុងសមរភូមិក្រោមបញ្ជារបស់សូវៀត ឆ្លងកាត់តំបន់ត្រង់ស៊ីលវ៉ានីភាគខាងជើង (Northern Transylvania) ឆ្ពោះទៅរកប្រទេសហុងគ្រីតែម្ដង និងបន្តដំណើរឆ្ពោះទៅប្រទេសឆេកូស្លូវ៉ាគី និងអូទ្រីស។ ទោះជាយ៉ាងណាក្ដី មេដឹកនាំសូវៀតបានចាត់ទុកប្រទេសរ៉ូម៉ានីថាជាដែនដីដែលខ្លួនច្បាំងដណ្ដើមបាន ហើយកងទ័ពសូវៀតបានបន្តកាន់កាប់ប្រទេសនេះដោយសំអាងថា ប្រជាជនរ៉ូម៉ានីបានចូលរួមយ៉ាងសកម្មជាសម្ព័ន្ធមិត្តរបស់ពួកណាហ្ស៊ីអាល្លឺម៉ង់ ដោយមានរដ្ឋាភិបាលហ្វាស៊ីស្ដមួយជាអ្នកដឹកនាំរហូតដល់ដំណាក់កាលចុងក្រោយនេះ។

សន្និសីទក្រុងយ៉ាល់តា បានប្រគល់ឱ្យសហភាពសូវៀតនូវផលប្រយោជន៍ដ៏លើសលប់នៅក្នុងប្រទេសរ៉ូម៉ានី ហើយសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសមិនបានទទួលស្គាល់ប្រទេសរ៉ូម៉ានីថាជាសហយុទ្ធការីមួយរបស់ក្រុមប្រទេសសម្ព័ន្ធមិត្តនោះឡើយ ដោយសារតែកងទ័ពរ៉ូម៉ានីបានវាយប្រយុទ្ធយ៉ាងខ្លាំងក្លាទៅលើកងទ័ពសូវៀតស្ទើរតែពេញក្នុងពេលសង្រ្គាម ហើយប្រែជាងាកមកគាំទ្រក្រុមសម្ព័ន្ធមិត្តវិញតែនៅពេលដែលក្រុមប្រទេសអាក់ស៊ីសទន់ដៃទៅហើយ។ ពួកកុម្មុយនីស្ដក៏ដូចជាគណបក្សទាំងអស់នៅប្រទេសរ៉ូម៉ានី មានតួនាទីតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងជួររដ្ឋាភិបាលទី១ក្នុងពេល សង្រ្គាមរបស់ស្ដេច King Michael ដែលដឹកនាំដោយឧត្ដមសេនីយ៍ Constantin Sănătescu ទោះបីជាចំនួនរបស់ពួកគេបានកើនឡើង ក្រោមការដឹកនាំរបស់ Nicolae Rădescu ក្ដី។ ស្ថានការណ៍ត្រូវបានផ្លាស់ប្ដូរនៅខែមីនា ឆ្នាំ១៩៤៥ នៅពេលដែល Dr. Petru Groza មកពីគណបក្សរណសិរ្សកសិករ (Ploughmen's Front) ជាគណបក្សមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងពួកកុម្មុយនីស្ដ បានក្លាយទៅជានាយករដ្ឋមន្រ្តី។ រដ្ឋាភិបាលរបស់លោកគឺជា រដ្ឋាភិបាលមានលក្ខណៈទូលំទូលាយនៅលើក្រដាស ដែលរួមបញ្ចូលទាំងសមាជិកនៃគណបក្សនយោបាយធំៗនៅសម័យកាល មុនសង្រ្គាម លើកលែងតែក្រុមហ្វាស៊ីសឆ្មាំដែក (Iron Guard)។ ទោះជាយ៉ាងណាក្ដី ពួកកុម្មុយនីស្ដបានកាន់កាប់ក្រសួងសំខាន់ៗ ហើយភាគច្រើននៃរដ្ឋមន្រ្តីដែលត្រូវបានតែងតាំងក្នុងនាមជាអ្នកតំណាងនៃបក្សមិនមែនកុម្មុយនីស្ដនោះ ដូចជាខ្លួនលោកបណ្ឌិត Groza ជាដើម គឺជាយុទ្ធមិត្តរួមដំណើរជាមួយនឹងពួកកុម្មុយនីស្ដ។

ព្រះមហាក្សត្រមិនមានព្រះទ័យរីករាយចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាលនេះឡើយ។ ប៉ុន្តែនៅពេលដែលព្រះអង្គ ប៉ុនប៉ងបង្ខំឱ្យលោកបណ្ឌិត Groza លាលែងពីតំណែងដោយបានបដិសេធន៍មិនឡាយព្រះហស្ថលេខាលើក្រឹត្យច្បាប់ណាមួយនោះ (ដែលគេហៅថា ព្រះរាជកូដកម្ម) លោកបណ្ឌិត Groza បែរជាសម្រេចអនុម័តច្បាប់នានាដោយមិនបាច់ សុំឡាយព្រះហស្ថលេខាពីព្រះមហាក្សត្រទៅវិញ។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ក្នុងទិវារំលឹកព្រះនាមស្ដេច King Michael បាតុកម្មគាំទ្រព្រះមហាក្សត្រដែលបានធ្វើនៅមុខព្រះរាជវាំងនៅរាជធានីប៊ុយការ៉ែសនោះ បានប្រែត្រឡប់ទៅ ជាការវាយតប់គ្នាតាមដងផ្លូវរវាងក្រុមអ្នកគាំទ្របក្សប្រឆាំងជាមួយនឹងកងយោធា, កងនគរបាល និងអ្នករាជការរដ្ឋាភិបាល ដែលបានបណ្ដាលឱ្យមានមនុស្សរាប់សិបនាក់ស្លាប់ និងរងរបួស។ មន្រ្តីយោធាសូវៀតបានទប់ស្កាត់មិនឱ្យកង ទ័ព និងកងនគរបាលរ៉ូម៉ានីបាញ់ប្រហារទៅលើជនស៊ីវីល ហើយកងទ័ពសូវៀតបានចូលធ្វើអន្តរាគមន៍រៀបចំសណ្ដាប់ ធ្នាប់ឡើងវិញ។

ទោះបីជាមិនមានការគាំទ្រពីស្ដេចក៏ដោយ ក៏រដ្ឋាភិបាលលោក Groza បានបង្កើតច្បាប់កំណែទម្រង់ដីធ្លី និងផ្ដល់សិទ្ធិ បោះឆ្នោតដល់ស្រ្តី។ ការបង្កើតបាននូវច្បាប់កំណែទម្រង់ដីធ្លីនេះបាននាំឱ្យគណបក្សរបស់លោក Groza មានកំណើន ប្រជាប្រិយភាពខ្ពស់ក្នុងចំណោមក្រុមកសិករ ចាប់តាំងពីភាគខាងត្បូង និភាគខាងកើត។ រីឯការផ្ដល់សិទ្ធិបោះឆ្នោតដល់ស្រ្តីទទួលបានកំណើនការគាំទ្រពីស្រ្តីដែលមានការអប់រំខ្ពស់។ តែទោះជាយ៉ាងណាក្ដី វាក៏ជាការចាប់ផ្ដើមនូវការ ដាក់ឥទ្ធិពលរបស់សូវៀតមកលើប្រទេសរ៉ូម៉ានីផងដែរ។ នៅក្នុងការបោះឆ្នោតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៤៦ ប្លុកនៃ គណបក្សប្រជាធិបតេយ្យដែលដឹកនាំដោយពួកកុម្មុយនីស្ដបានអះអាងថាក្រុមខ្លួនទទួលសំឡេងឆ្នោតគាំទ្រចំនួន៨៥%។ ការបោះឆ្នោតនេះត្រូវបានគេចាត់ទុកថាពោរពេញទៅដោយភាពមិនប្រក្រតីជាច្រើន រួមមានទាំងការធ្វើទុក្ខបុកម្នេញ ការលួចបន្លំសន្លឹកឆ្នោត និងអំពើឃាតកម្មនានា។ ឯកសារនានាបានបញ្ជាក់នៅពេលនោះថា លទ្ធផលនៃការ បោះឆ្នោតគឺជាការលួចបន្លំយ៉ាងពិតប្រាកដ។

បន្ទាប់ពីបានបង្កើតរដ្ឋាភិបាលរួចមក ពួកកុម្មុយនីស្ដបានចាប់ផ្ដើមបំបាត់ចោលនូវមុខងាររបស់គណបក្សនិយមកណ្ដាល ដូចជា៖ គណបក្សកសិករជាតិ (National Peasants' Party) ត្រូវបានចោទពីបទក្បត់ជាតិ បន្ទាប់ពីមានភ័ស្តុតាងច្បាស់ថា ក្នុងឆ្នាំ១៩៤៧ មេដឹកនាំរបស់គណបក្សនេះបានជួបប្រជុំដោយសម្ងាត់ជាមួយនឹងមន្រ្តីសហរដ្ឋអាមេរិក។ សវនាការជាឆាកសម្ដែងមួយដើម្បីកាត់ទោសមេដឹកនាំគណបក្សនេះត្រូវបានរៀបចំឡើង ហើយពួកគេត្រូវបានគេចាប់ដាក់គុក។ គណបក្សផ្សេងទៀតត្រូវបានបង្ខំឱ្យរំលាយខ្លួនចូលជាមួយពួកកុម្មុយនីស្ដ។ ក្នុងឆ្នាំ១៩៤៦ និងឆ្នាំ១៩៤៧ អតីតសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលនិយមក្រុមប្រទេសអាក់ស៊ីស ត្រូវបានគេប្រហារជីវិតក្នុងនាមជាឧក្រិដ្ឋជនសង្រ្គាម ដោយសារពួកគេមានការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិជ្វីហ្វ (Holocaust) និងការវាយលុកចូលទឹកដីសហភាពសូវៀត។ លោក Antonescu ក៏ត្រូវបានគេប្រហារជីវិតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៤៦។

រហូតដល់ឆ្នាំ១៩៤៧ រ៉ូម៉ានីគឺជាប្រទេសតែមួយគត់នៅអឺរ៉ុបខាងកើតដែលមានស្ដេចសោយរាជ្យ។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៤៧ នៅគ្រាដែលស្ដេច Michael កំពុងគង់នៅក្នុងព្រះរាជដំណាក់របស់ទ្រង់នៅទីក្រុង Sinaia លោក Groza និង Gheorghiu-Dej បានយាងទ្រង់ឱ្យវិលមកកាន់រាជធានីប៊ុយការ៉ែសវិញ។ ពួកគេបានថ្វាយដល់ទ្រង់នូវលិខិតដាក់រាជ្យមួយដែលរៀបចំរួចជាស្រេច ហើយបង្គាប់ឱ្យព្រះអង្គទ្រង់ឡាយព្រះហស្ថលេខាលើលិខិតប្រកាសដាក់រាជ្យនោះ។ ដោយមានកងយោធានិយមកុម្មុយនីស្ដកំពុងនៅព័ទ្ធពីក្រៅព្រះរាជវាំង ហើយខ្សែទូរស័ព្ទរបស់ព្រះអង្គត្រូវបានកាត់ផ្ដាច់ ផងនោះ ស្ដេច Michael ត្រូវបានបង្ខំឱ្យឡាយព្រះហស្ថលេខា។ ប៉ុន្មានម៉ោងក្រោយមក រដ្ឋសភាបានលុបចោលរបប រាជានិយម ហើយបានប្រកាសដាក់ប្រទេសរ៉ូម៉ានីជាសាធារណរដ្ឋប្រជាមានិតមួយ។ ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៨ ពួកកុម្មុយ នីស្ដបានរំលាយខ្លួនបញ្ចូលជាមួយនឹងពួកប្រជាធិបតេយ្យសង្គម ហើយបានបង្កើតជាគណបក្សពលកររ៉ូម៉ានី (Romanian Workers' Party)។ ទោះជាយ៉ាងណាក្ដី ក្រុមគណបក្សឯករាជ្យនានាដែលមានសមានចិត្តជាមួយពួកសង្គមនិយមត្រូវបានគេផាត់ចោល។ នៅក្នុងដំណាក់កាលនោះ ក្រុមអ្នកនយោបាយមិនមែនកុម្មុយនីស្ដជាច្រើននាក់ ត្រូវបានគេចាប់ដាក់គុក ឬគេចខ្លួនទៅបរទេស។

របបកុម្មុយនីស្ដត្រូវបានបង្កើតឡើងជាមួយនឹងរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤៨។ រដ្ឋធម្មនុញ្ញថ្មីនេះស្ទើរ តែដូចគ្នាទាំងស្រុងជាមួយនឹងរដ្ឋធម្មនុញ្ញឆ្នាំ១៩៣៦ របស់សហភាពសូវៀត។ នៅពេលដែលរដ្ឋធម្មនុញ្ញនេះបានចែង អំពីការធានានូវសេរីភាពសព្វបែបយ៉ាងនៅលើក្រដាស ការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលមានលក្ខណៈ “ហ្វាស៊ីស្ដ ឬប្រឆាំងនឹងសារជាតិនៃប្រជាធិបតេយ្យ” ត្រូវបានហាមឃាត់។ មាត្រាមួយនេះត្រូវបានគេបកស្រាយយ៉ាងទូលាយរហូតដល់ទៅហាមឃាត់មិនឱ្យគណបក្សនយោបាយនានាហ៊ានប្រជែងជាមួយនឹងពួកកុម្មុយនីស្ដ និងបានផ្ដល់ អំណាចខាងផ្លូវច្បាប់សម្រាប់ការបង្រ្កាបដែលមិនធ្លាប់ដែលមាននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនេះ។

ទោះបីជារដ្ឋធម្មនុញ្ញឆ្នាំ១៩៤៨ និងរដ្ឋធម្មនុញ្ញពីរជាបន្តបន្ទាប់មករបស់ប្រទេសរ៉ូម៉ានីបាននិយាយអំពីសេរីភាពជំនឿសាសនាយ៉ាងណាក្ដី ប៉ុន្តែរបបគ្រប់គ្រងកុម្មុយនីស្ដនេះមានគោលនយោបាយមួយស្ដីពីការលើកកម្ពស់ទ្រឹស្ដីគ្មានសាសនារបស់ម៉ាក្សលេនីន (Marxist-Leninist atheism) ដោយភ្ជាប់មកជាមួយទាំងការធ្វើទុក្ខបុកម្នេញខាងសាសនា ផង។ មុខងាររបស់ស្ថាប័នសាសនាត្រូវបានដាក់ដែនកំណត់យ៉ាងតឹងរ៉ឹងត្រឹមតែជាផ្ទះសម្រាប់ការធ្វើសក្ការៈបូជា ហើយ ការបង្ហាញខ្លួនជាសាធារណៈត្រូវបានហាមឃាត់យ៉ាងតឹងតែង។ ក្នុងឆ្នាំ១៩៤៨ ក្នុងគោលដៅកាត់បន្ថយនូវមុខងាររបស់បព្វជិតគ្រឹស្ដសាសនាក្នុងសង្គម រដ្ឋាភិបាលបានអនុម័តនូវក្រឹត្យមួយដើម្បីធ្វើជាតូបនីយកម្មទ្រព្យសម្បត្តិរបស់ព្រះវិហារគ្រឹស្ដសាសនា រួមទាំងសាលារៀននានាផងដែរ។ របបគ្រប់គ្រងកុម្មុយនីស្ដនេះរកឃើញពិធីឆ្លាតវៃក្នុងការប្រើ ប្រាស់សាសនា និងទាញយកប្រយោជន៍សម្រាប់របបគ្រប់គ្រង ដោយមិនរកវិធីរំលាយចោលនោះទេ។ រដ្ឋាភិបាលកុម្មុយនីស្ដក៏បានរំលាយចោលនូវព្រះវិហារកាតូលិករ៉ូម៉ាំង-ក្រិក ដោយបានប្រកាសថាព្រះវិហារនេះបានរំលាយខ្លួនចូលជាមួយនឹងព្រះវិហារអ៊័រតូដុករ៉ូម៉ាំងហើយ។

សាធារណរដ្ឋប្រជាមានិតរ៉ូម៉ានី កែប្រែ

បណ្ដាឆ្នាំដំបូង កែប្រែ

បណ្ដាឆ្នាំដំបូងនៃការគ្រប់គ្រងបែបកុម្មុយនីស្ដនៅប្រទេសរ៉ូម៉ានីត្រូវបានកត់សម្គាល់ដោយការផ្លាស់ប្ដូរវិធីគ្រប់គ្រងម្ដង ហើយម្ដងទៀត និងដោយការចាប់ខ្លួន និងដាក់គុកនូវមនុស្សជាច្រើន ដោយសារភាគីនយោបាយនានាខិតខំប្រជែងគ្នា ដើម្បីដណ្ដើមឧត្តមភាព។ ធនធានរបស់ប្រទេសក៏ត្រូវបានបង្ហូរចេញ តាមកិច្ចព្រមព្រៀងជាមួយសូវៀត ឈ្មោះកិច្ចព្រម ព្រៀង SovRom ដែលសម្របសម្រួលការដឹកជញ្ជូនចេញនូវមុខទំនិញនានាទៅកាន់សហភាពសូវៀតក្នុងតម្លៃធម្មតា។

នៅថ្ងទី១១ ខែមិថុនា ឆ្នាំ១៩៤៨ ធនាគារ និងក្រុមហ៊ុនពាណិជ្ជកម្មធំៗត្រូវបានធ្វើជាតូបនីយកម្ម។

មេដឹកនាំកុម្មុយនីស្ដនៅរ៉ូម៉ានីលេចចេញជាក្រុមបីធំៗដែលក្រុមទាំងបីនេះសុទ្ធតែជាពួកស្ដាលីននិយម ដែលបង្ហាញច្បាស់តាមរយៈការគោរពទៅលើប្រវត្តិផ្ទាល់ខ្លួនបុគ្គល មិនមែនទៅលើភាពខុសគ្នានៃជម្រៅគំនិតផ្នែកនយោបាយ ឬ ទស្សនវិជ្ជានោះឡើយ។ ក្រោយមក ការសិក្សាអំពីប្រវត្តិសាស្រ្តបានបញ្ជាក់អំពីអត្តសញ្ញាណនៃក្រុមទាំងនោះ រួមមាន៖ ក្រុម "Muscovites" ជាពិសេសគឺលោកស្រី Ana Pauker និងលោក Vasile Luca ដែលកាលពីសម័យសង្រ្គាមបានស្ថិតនៅទីក្រុងម៉ូស្គូ, ក្រុម "Prison Communists" ជាពិសេសគឺលោក Gheorghe Gheorghiu-Dej ដែលបានជាប់គុកកាលពីក្នុងសម័យសង្រ្គាម និងក្រុមដែលមានលក្ខណៈជាស្ដាលីននិយមតិចតួចគឺក្រុម "Secretariat Communists" ជាពិសេសគឺលោក Lucrețiu Pătrășcanu ដែលបានរស់លាក់ខ្លួនពេញមួយរបបគ្រប់គ្រងរបស់លោក Antonescu និងបានចូលរួមជាមួយនឹងរដ្ឋាភិបាលទូលំទូលាយនៅក្នុងពេលភ្លាមៗបន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់ស្ដេច Michael ក្នុងឆ្នាំ១៩៤៤។

លោកស្រី Ana Pauker និងសម្ព័ន្ធមិត្តរបស់លោកស្រីត្រូវបានចោទប្រកាន់ពីគោលជំហរមិនច្បាស់លាស់ម្ដងឆ្វេងម្ដងស្ដាំ។ ឧទាហរណ៍ ពួកគេនៅពេលដំបូងបានចូលរួមមិនគាំទ្រឱ្យរំលាយចោលនូវវណ្ណៈគហបតីជនបទ ហើយក្រោយមកក៏បានផ្លាស់ប្ដូរគោលជំហរនេះវិញ។ នៅទីបំផុត ដោយមានការគាំទ្រពីលោកចូសេព ស្ដាលីន លោក Gheorghiu-Dej បានឈ្នះគេទាំងអស់។ លោកស្រី ត្រូវបានធ្វើវិសុទ្ធកម្មចេញពីបក្ស (រួមជាមួយនឹងសមាជិកបក្សចំនួន១៩២,០០០ នាក់ផ្សេងទៀត) ហើយលោក Pătrășcanu ត្រូវបានគេប្រហារជីវិតបន្ទាប់ពីបានកាត់ទោសក្នុងសវនាការឆាកសម្ដែងមួយ។