សាល អូហ្គុស្ទីន ដឺ គូឡុំ

សាល អូហ្គុស្ទីន ដឺ គូឡុំ
Charles-Augustin de Coulomb
រូបគំនូរដោយអ៊ីបប៉ូលីត ឡឺកុង
កើតនៅ ថ្ងៃ​ទី ១៤ មិថុនា ១៧៣៦
អង់ហ្គូឡែម , បារាំង
មរណភាព ថ្ងៃ​ទី ២៣ សីហា ១៨០៦ (អាយុ៧០ឆ្នាំ)
ប៉ារីស , បារាំង
សញ្ជាតិ  បារាំង
ស្នាដៃសំខាន់ៗ​ ច្បាបគូឡុំ

សាល អូហ្គុស្ទីន ដឺ គូឡុំ (Charles Augustin de Coulomb) (១៤ មិថុនា ១៧៣៦ - ២៣ សីហា ១៨០៦) ជាមន្ត្រី វិស្វករនិងអ្នករូបវិទ្យាបារាំង។ គាត់ត្រូវបានគេស្គាល់ថាជាអ្នកបង្កើតច្បាប់គូឡុំ (ច្បាប់នៅក្នុងអេឡិចត្រូស្តាទិច ដែលនិយាយពីកំលាំងអន្តរកម្មរវាងអង្គធាតុផ្ទុកបន្ទុកអគ្គីសនី)។ គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិត្រូវបាន​ដាក់ឈ្មោះតាមគាត់។

ជីវប្រវត្តិ កែប្រែ

សាល អូហ្គុស្ទីន ដឺ គូឡុំ ជាកូនប្រុសរបស់ ហង់រី គូឡុំ(Henry Coulomb) (ជាអធិការនៅ Domaines Royaux originaire de Montpellier) និង កាតឺរីន បាហ្សេ(Catherine Bajet) (អ្នកជំនួសរោមចៀម)។

កាលពីកុមារភាព គ្រួសារគាត់ទាំងមូលបានរើទៅនៅប៉ារីស ដែលនៅទីនោះគាត់បានចូលរៀននៅ Collège des Quatre-Nations ដ៏ល្បី។ នៅទីនោះគាត់បានរៀនសូត្រពីគណិតវិទ្យា​ជាមួយលោកគ្រូ Pierre Charles Monnier ជាហេតុធ្វើអោយគាត់សំរេចចិត្តជ្រើសរើសផ្នែកគណិតវិទ្យានិងមុខវិជ្ជាទាក់ទិននឹងគណីតវិទ្យា​ជាជំនាញ។ ពីឆ្នាំ១៧៥៧ដល់ឆ្នាំ១៩៥៩ គាត់បានទៅនៅជាមួយគ្រួសារឪពុកលោកនៅម៉ុងប៉េលីយ៉េ ដើម្បីធ្វើការនៅបណ្ឌិតសភាក្រុង។ គាត់បានរៀនបន្ថែមពីគណិតវិទ្យាជាមួយលោក Augustin Danyzy ដែលជាគ្រូគណិតវិទ្យានៅទីនោះ។ នៅឆ្នាំ១៧៥៩ ដោយមានការឯកភាពពីឪពុក គាត់បានត្រលប់ទៅប៉ារីសវិញ ដើម្បីរៀនត្រៀមប្រលងចូលសាលាយោធាមួយឈ្មោះ École du génie de Mézières

បន្ទាប់ពីបញ្ចប់ការសិក្សនៅសាលាយោធានោះនៅឆ្នាំ១៧៦១ គាត់បានចូលរួមក្នុងបេសកកម្មគូរផែនទីច្រាំងសមុទ្រប្រទេសអង់គ្លេស។ នៅឆ្នាំ១៧៦៤ គាត់ត្រូវបានគេបញ្ជួនទៅធ្វើបេសកកម្មនៅម៉ាទីនីក ដើម្បីទៅជួយសាងសង់បន្ទាយបួកបុង(Fort Bourbon) ដោយសារតែបន្ទាប់ពីសង្គ្រាម៧ឆ្នាំ កងទ័ពបារាំងបានដាច់ទ័ពដោយឡែក នៅចំកណ្ដាលដែនដីអង់គ្លេសនិងអេស្ប៉ាញ។ គូឡុំបានដឹកនាំការងារនោះរយៈពេល៨ឆ្នាំ។ ក្នុងរយៈពេលនោះគាត់បានធ្វើពិសោធន៍ជាច្រើនទាក់ទិននឹងកំលាំងកកិតរវាងដុំអិដ្ឋ និងលក្ខណៈរបស់ជញ្ជាំងទំរ។

បន្ទាប់ពីត្រលប់មកមាតុប្រទេសវិញក្នុងឋានៈជាកាពីតែននោឆ្នាំ១៧៧២ គាត់បានសំរេចចាប់យកអាជីពថ្មីក្នុងផ្នែកវិទ្យាសាស្ត្រ ដោយបានសរសេររបាយការណ៍ស្ដីពីកិច្ចការស្រាវជ្រាវទាំងអម្បាលមានរបស់លោកទៅ​បណ្ឌិតសភាវិទ្យាសាស្ត្រ។ របាយការណ៍នោះមានចំនងជើងថា Essai sur une application des règles de maximis et de minimis à quelques problèmes de Statique relatifs à l'Architecture (1773) (អត្ថបទសាកល្បងស្ដីពីការអនុវត្តន៍វិធានធំតូច ក្នុងការដោះស្រាយចំនោទមួយចំនួនក្នុងស្តាទិចទាក់ទិននិងស្ថាបត្យកម្ម។ គូឡុំបានប្រើប្រាស់ការគណនាឌីផេរ៉ង់ស្យែលដើម្បីសិក្សាពីហ្វ្លិចស្យុងរបស់ធ្នឹមជាដើម។

ពីឆ្នាំ១៧៧៤ដល់ឆ្នាំ១៧៨០ គូឡុំទទួលបន្ទុកក្នុងការជួសជុលបន្ទាយទ័ពនៅកោះîle d'Aix។ នៅទីនោះគាត់បានធ្វើពិសោធន៍ជាច្រើនអំពីខ្សែកាប ហើយនៅឆ្នាំ១៧៨១ គាត់បានទទួលរង្វាន់ពីបណ្ឌិតសភាវិទ្យាសាស្ត្រ សំរាប់ស្នាដៃក្នុងការកំនត់ច្បាប់កំលាំងកកិតនិងតំនឹងខ្សែកាប។

ស្នាដៃ កែប្រែ

នៅឆ្នាំ១៧៨៤ គាត់បានចេញផ្សាយនិក្ខេបបទមានចំនងជើងថាRecherches théoriques et expérimentales sur la force de torsion et sur l'élasticité des fils de metal (ការស្រាជ្រាវផ្នែកទ្រឹស្ដីនិងពិសោធន៍លើកំលាំងរមួលនិងភាពយឺតនៃខ្សែកាប។ នៅក្នុងនិក្ខេបបទនេះ គាត់បានបរិយាយពីប្រភេទរបស់លំនឹងកំលាំងរមួល។ គាត់បានប្រើឧបករណ៍ទាំងនេះប្រកបដោយជោគជ័យនៅក្នុងការពិសោធន៍របស់គាត់ក្នុង​សិក្សាពីរបាយបន្ទុកអគ្គីសនីលើផ្ទៃ និងច្បាប់នានាទាក់ទិននឹងកំលាំងអគ្គីសនីនិងម៉ាញ៉េទិច។

នៅឆ្នាំ១៧៨៥ គូឡុំបានចេញរបាយការណ៍ចំនួន៣ និយាយពីអគ្គីសនីនិងម៉ាញ៉េទិច៖

  • Premier Mémoire sur l’Electricité et le Magnétisme៖ ក្នុងនិក្ខេបបទនេះ គូឡុំបានពណ៌នាពីរបៀបផលិតនិងប្រើប្រាស់លំនឹងកំលាំងរមួល ដោយផ្អែកលើលក្ខណៈរបស់ខ្សែលោហៈ ដែលបង្កើតកំលាំងប្រតិកម្មរមួល​សមាមាត្រនឹងមុំរមួល។ គូឡុំក៏បានពន្យល់ពីបន្ទុកអគ្គីសនីដែលមានសញ្ញាដូចគ្នាច្រានគ្នាចេញផងដែរ។
  • Sécond Mémoire sur l’Electricité et le Magnétisme៖ ក្នុងនិក្ខេបបទនេះ គូឡុំបានកំនត់ពីច្បាប់ដែលកំនត់ពីកំលាំងច្រានចេញនិងទាញចូល របស់សន្ទនីយន៍ម៉ាញ៉េទិចនិងអគ្គីសនី
  • Troisième Mémoire sur l’Electricité et le Magnétisme៖ ក្នុងនិក្ខេបបទនេះ គូឡុំនិយាយពីបរិមាណបន្ទុកអគ្គីសនីរបស់អង្គធាតុត្រមោច ដែលបាត់បង់បន្ទុកបន្តិចម្ដងៗ ពេលមានការប៉ះជាមួយខ្យល់ស្ថួត។