ហង់រី មូហូ (Henri Mouhot) (កើតថ្ងៃទី១៥ ឧសភា ១៨២៦- មរណៈភាពថ្ងៃ១០ វិច្ឆិកា ១៨៦១) គឺជាជនជាតិបារាំង និងជាអ្នកស្រាវជាវរុករកនៅពាក់កណ្តាលសតវត្សរ៍ទី១៩។ គាត់កើតនៅ ម៉ុងបេលីយ៉ា (Montbéliard), ឌូ (Doubs) ប្រទេសបារាំង ក្បែរព្រំដែនប្រទេសស្វីស។ គាត់បានចំនាយវ័យកុមាររបស់គាត់នៅក្នុងប្រទេសរុស្ស៊ី និងមួយផ្នែកនៅអាស៊ី។ គាត់បានទទួលមរណៈភាពនៅក្បែរ Naphan, ប្រទេសឡាវ។ គាត់ត្រូវបានទទួលស្គាល់ថាជាជនដ៏ល្បី ដែលបានរកឃើញប្រាសាទអង្គរវត្តរបស់ខ្មែរនៅ ឆ្នាំ ១៨៦០។

គំនូររូបលោក ហង់រី មូហូ គូរដោយ H. Rousseau

ជីវប្រវត្តិ កែប្រែ

ក្នុងនាមជាសាស្ត្រាចារ្យវ័យក្មេងផ្នែកទស្សនវិជ្ជា លោក មូហូបានចំនាយពេលវេលាយ៉ាងតិច១០ឆ្នាំ ក្នុងការបំរើការងារជាគ្រូបង្រៀនភាសាក្នុងប្រទេសរុស្ស៊ី។ គាត់បានធ្វើដំនើរទូទាំងអ៊ឺរ៉ុបជាមួយបងប្រុសរបស់លោកឈ្មោះឆាលស៍ ដើម្បីសិក្សាពីបច្ចេកទេសថតរូបដែលបានបង្កើតដោយលោកល្វីដាហ្គែរ។ នៅឆ្នាំ ១៨៥៦ គាត់បានចាប់ផ្ដើមសិក្សាអំពីវិទ្យាសាស្ត្រធម្មជាតិ។ នៅឆ្នាំដដែលគាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីរបស់អ្នករុករកផ្សងព្រេងសញ្ជាតិ​ស្កុតលែនម្នាក់ឈ្មោះម៉ាំងហ្គោផាក(Mungo Park)។ បន្ទាប់ពីបានអានសៀវភៅមួយក្បាលដែលមានចំនងជើងថា "The Kingdom and People of Siam" (រាជាណាចក្រនិងប្រជារាស្ត្រសៀម) សរសេរឡើងដោយលោក ចេម បូរីង ក្នុងឆ្នាំ១៨៥៧, លោកមូហូវានសំរេចចិត្តធ្វើដំនើរទៅកាន់ឥណ្ឌូចិន ក្នុងបេសកកម្មដឹកនាំការរុករកជាផ្នែកជីវចំរុះដើម្បីប្រមែប្រមូលវត្ថុគំរូជីវសាស្ត្រថ្មីៗ។ សំនើដំបូងៗរបស់លោកត្រូវបានបដិសេធដោយក្រុមហ៊ុនបារាំងនានានិងរដ្ឋាភិបាលរបស់ ណាប៉ូលេអុងទី៣ ។ ទីបញ្ចប់លោកត្រូវបានទទួលការគាំទ្រពី The Royal Geographical Society និង the Zoological Society of London ហើយលោកក៏បានចេញកប៉ាល់ទៅបាងកក កាត់តាមសិង្ហបុរី


មូហូនិងអង្គរ កែប្រែ

មូហូជាញឹកញាប់ត្រូវបានគេច្រលំនិយាយថាបានរកឃើញអង្គរ។ តាមពិតអង្គរមិនដែលបានបាត់ទៅណាទេ។ វត្តមាននិងទីតាំងរបស់ក្រុងអង្គរទាំងមូលត្រូវបានប្រជាជនខ្មែរស្គាល់ជានិច្ច និងត្រូវបានពួកបស្ចឹមប្រទេសជាច្រើននាក់មកទស្សនាតាំងពីសតវត្សរ៍ទី១៦មកម៉្លោះ។ មូហូខ្លួនឯងបានពោលក្នុងសៀវភៅរបស់លោកថាមានបេសកជនបារាំងម្នាក់នៅបាត់ដំបង​ឈ្មោះឆាលអេមីលប៊ុយយឺវ៉ូ និងអ្នករុករកបស្ចឹមប្រទេសប៉ុន្មាននាក់ផ្សេងទៀតបានទៅដល់អង្គរវត្ត ៥ឆ្នាំមុនខ្លួនលោកទៅដល់។ លោកឆាលអេមីលប៊ុយយឺវ៉ូ បានបោះពុម្ពសៀវភៅមួយនៅឆ្នាំ១៩៧៥ដែលមានចំនងជើងថា "Travel in Indochina 1848-1856, The Annam and Cambodia" (ការធ្វើដំនើរនៅឥណ្ឌូចិន ១៨៤៨-១៨៥៦, អណ្ណាមនិងកម្ពុជា)។

ទោះជាយ៉ាងណាក៏ដោយ មូហូបានរួមចំនែកក្នុងការអោយបស្ចឹមប្រទេសស្គាល់ពីអង្គរ។ ប្រហែលជាមកពីអ្នកមកដល់មុនលោកមិនបានសរសេរអោយបានក្បោះក្បាយដូចលោក។ លោកបានបន្ថែមគំនូរប្លង់លំអិតដ៏គួរអោយចាប់អារម្មណ៍ទៅក្នុងសៀវភៅលោក។ នៅក្នុងសៀវភៅ "Travels in Siam, Cambodia and Laos" (ការធ្វើដំនើរនៅសៀម កម្ពុជា និង ឡាវ) លោកមូហូបានប្រៀបធៀបអង្គរវត្តទៅពីរ៉ាមីដ ព្រោះពួកបស្ចឹមប្រទេសពេលនោះស្គាល់ពីរ៉ាមីដយ៉ាងច្បាស់ ថាជាឬសគល់នៃអារ្យ ធម៌មជ្ឍឹមបូព៌ា។ ជាក់ស្ដែង លោកបានពិពណ៌នាព្រះកេសពុទ្ឋបដិមាករនៅក្លោងទ្វារអង្គរធំ ថាជា រូបចំលាក់ព្រះកេសដ៏ធំទាំង៤ក្នុងរចនាបថអេហ្ស៊ីប។ គាត់បានសរសេរពីអង្គរថា៖ ‌​«មានប្រាសាទមួយក្នុងចំនោមប្រាសាទទាំងនេះដែលអាចទទូលទីកន្លែងកិត្តិយស​ដូចសំនង់នានាដ៏ស្រស់ត្រកាលរបស់យើងដែរ។ វាមហិមាជាងអ្វីដែលក្រិចនិងក្រុងរ៉ូមបានបន្សល់ទុកអោយយើង។ វាបង្ហាញក្នុងរូបភាពផ្ទុយស្រលះពីភាពទុនខ្សោយអារ្យធម៌បច្ចុប្បន្នដែលកំពុងញាំញី​ប្រទេសមួយនេះ»​​[Henri Mouhot]

លោកមូហូក៏បានសរសេរបន្ថែមផងដែរថា៖

«នៅអង្គរ មាន...ប្រាសាទមហិមាជាច្រើន...ដែលគ្រាន់តែបានឃើញភ្លាម អ្នកនឹងមិនស្ញើចសរសើរពីក្នុងចិត្តមិនបាន។ តើអ្វីទៅដែលបានបង្កើតនូវជាតិសាសន៍ដ៏ខ្លាំងពូកែ មានអារ្យធម៌ខ្ពង់ខ្ពស់ និងវាងវៃ ដែលជាអ្នកស្ថាបនាប្រសាទដ៏មហិមាបែបនេះ?