ហុក ឡងឌី

អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ កម្ពុជា

អគ្គ​ស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី បាន​ទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ក្នុង​ជន្មាយុ​៥១​ឆ្នាំ ដោយសារ​ឧប្បត្តិហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ឯ​ខេត្ត​ស្វាយរៀង។

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី
អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍​ឯក ហុក ឡងឌី

ប្រវត្តិរូបសង្ខេប កែប្រែ

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី មាន​ភរិយា​ឈ្មោះ ម៉ែន ភក្ដី មាន​កូន​ចំនួន​៥​នាក់ ប្រុស​បី ស្រី​ពីរ។បើ​តាម​វចនានុក្រម​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​សរសេរ​ដោយ លោក Justin Cornfield និង Laura Summers និង​យោង​តាម​ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ហុក ឡងឌី កើត​នៅ​ឆ្នាំ​កុរ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​១៩៥៧ នៅ​ទីរួមខេត្ត​ស្វាយរៀង មាន​ខ្សែ​ស្រឡាយ​វៀតណាម ជា​កូន​ក្នុង​គ្រួសារ​យោធា​មួយ មាន​ឪពុក​ឈ្មោះ ហុក ណាំ ម្ដាយ​ឈ្មោះ មុំ អូន។

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី មាន​បង​ប្អូន​បង្កើត​៣​នាក់ ហើយ​លោក​ជា​កូន​ទី​២។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឬ​របប​ខ្មែរ​ក្រហម លោក ហុក ឡងឌី រស់នៅ​ភូមិ​តាពៅ ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៧៧ លោក ហុក ឡងឌី បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ហើយ​នៅ​ថ្ងៃ​ទី​២ មីនា ឆ្នាំ​១៩៧៨ បាន​ចូលរួម​ក្នុង​កង​ស៊ើបអង្កេត​នៃ​កងទ័ព​រំដោះ​ជាតិ​រណសិរ្ស​សាមគ្គី​ សង្រ្គោះ​ជាតិ​កម្ពុជា។ ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​កងទ័ព​វៀតណាម​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នោះ លោក ហុក ឡងឌី ត្រូវ​បាន​តំឡើង​ឋានៈ​ជា​បន្ត​បន្ទាប់។

  • លោក ហុក ឡងឌី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ចាត់តាំង​ខេត្ត​ស្វាយរៀង និង​បាន​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត​ស្វាយរៀង នៅ​ឆ្នាំ​១៩៨៧។ នៅ​ឆ្នាំ​១៩៩០ លោក ហុក ឡងឌី ត្រូវ​បាន​តែងតាំង​ជា​អនុ​លេខា​បក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ភ្នំពេញ។
  • នៅ​ខែ​មករា ឆ្នាំ​១៩៩៤ លោក ហុក ឡងឌី ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​ស្វាយរៀង ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៤ លោក​បាន​ទទួល​ភារកិច្ច​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​រហូត​មក​ទល់​ពេល​ដែល​ លោក​ទទួល​មរណភាព។
  • នៅ​ខែ​មករា ឆ្នាំ​១៩៩៧ លោក ហុក ឡងឌី ត្រូវ​បាន​មហា​សន្និបាត​វិសាមញ្ញ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បោះ​ ឆ្នោត​ជ្រើស​តាំង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​និង​ក្លាយ​ជា​សមាជិក​ អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​ ២០០១។

នៅ​ក្នុង​ឆ្នាំ​២០០៦ សហរដ្ឋ​អាមេរិក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ទិដ្ឋាការ​ដល់​លោក ហុក ឡងឌី ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ដោយសារ​តែ​មាន​ការចោទ​ថា លោក ហុក ឡងឌី មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការជួញដូរ​មនុស្ស។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៦​ដដែល លោក ហុក ឡងឌី បាន​ទទួល​មេដាយ​ពី​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក (FBI) ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ នៅ​ឆ្នាំ​២០០៧ លោក ហុក ឡងឌី បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ ដែល​បាន​រៀបចំ​នៅ​រដ្ឋធានី Washington សហរដ្ឋ​អាមេរិក។

លោក​ឧត្ដមសេនីយ៍ ហុក ឡងឌី ធ្វើ​ជា​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចំនួន​១៤​ឆ្នាំ ហើយ​ជា​សមាជិក​ជាន់ខ្ពស់​បំផុត​ក្នុង​លំដាប់​លេខ​រៀង​ទី​២០ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​សម្ព័ន្ធភាព​យ៉ាង​ជិត​ស្និទ្ធ​​បំផុត​ជាមួយ​នឹង​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន។

នៅ​ឆ្នាំ​២០០២ កូន​ស្រី​របស់​លោក ហុក ឡងឌី ឈ្មោះ ហុក ជិនដាវី បាន​រៀបការ​ជាមួយ​នឹង​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ានិត ដែល​បាន​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រវាង​លោក ហុក ឡងឌី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់តែ​រឹង​មាំ​ថែម​ទៀត។

ការចោទប្រកាន់នានា កែប្រែ

  • ទាក់ទង​នឹង​ការចោទ​ប្រកាន់​ថា លោក ហុក ឡងឌី មាន​សែស្រឡាយ​វៀតណាម​នោះ សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា លោក ហុក ឡងឌី មិន​មែន​ជាប់​សែ​ស្រឡាយ​វៀតណាម​ទាំង​ស្រុង​នោះ​ឡើយ ហើយ​ថា ការចោទ​ប្រកាន់​នោះ​បាន​ធ្វើ​ឡើង​ក៏​ដោយសារ​តែ​លោក ហុក ឡងឌី បាន​កើត​នៅ​ទឹក​ដី​ជាប់​ព្រំ​ប្រទល់​វៀតណាម ហើយ​ចេះ​និយាយ​ភាសា​វៀតណាម​ថែម​ទៀត​ផង។ លោក​បាន​បន្ត​ថា លោក ហុក ឡងឌី ធ្លាប់​បាន​មក​សិក្សា​នៅ​ឯ​វិទ្យាល័យ​សុរិយោវង្ស ក្នុង​ខេត្ត​ស្វាយរៀង​នោះ​ផងដែរ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «ដូច​ជា​ឯកឧត្ដម ហុក ឡងឌី មិន​មែន​ជា​សែស្រឡាយ​យួន​ពិត​ប្រាកដ​ទាំង​ស្រុង​នោះ​ទេ។ ខ្ញុំ​មិន​បាន​ដឹង​ប្រវត្តិ​គាត់​ផ្ទាល់ គាត់​នៅ​ខាង​ស្វាយរៀង ខ្ញុំ​នៅ​ខាង​ព្រៃវែង ហើយ​ដូច​ជា​ឯកឧត្ដម ហុក ឡងឌី គាត់​នៅ​ស្វាយរៀង​តាំងពី​តូចៗ គាត់​នៅ​បាវិត​ផង ជិត​ព្រំ​ប្រទល់​ដែន អ៊ីចឹង​គេ​ងាយ​ចោទ​ប្រកាន់​ថា គាត់​ជា​វៀតណាម​អី​គ្រប់​បែប​យ៉ាង ប៉ុន្តែ​តាម​ការ​ពិត​យើង​ឃើញ​ថា គាត់​មក​រៀន​នៅ​វិទ្យាល័យ​សុរិយាវង្ស​នៅ​ស្វាយរៀង រហូត​មក​ដូច​ជា​គាត់​នៅ​បាវិត​ហ្នឹង គាត់​ចេះ​វៀតណាម​ស្ទាត់ ចេះ​ទាំង​អក្សរ​វៀតណាម​អី ព្រោះ​បាវិត​ឈាន​មួយ​ជំហាន​ទៅ​ដល់​ព្រំដែន​វៀតណាម អ៊ីចឹង​ទេ​វៀតណាម​ក៏​មាន​ចេះ​ខ្មែរ​ដែរ​នៅ​ហ្នុង​នោះ»។

លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ៖ «ក្នុង​នោះ​ស្នាដៃ​របស់​លោក​ជា​បន្ត​ បន្ទាប់ គឺ​ទាល់តែ​មាន​ស្នាដៃ​បាន​អាច​ឡើង​ឋានៈ ឡើង​តួនាទី​ហ្នឹង​បាន ទន្ទឹម​នេះ​ការដឹកនាំ​ផ្នែក​ខាង​នគរបាល​ជាតិ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម គឺ​ថា​បាន​ល្អ​ប្រសើរ​នៅ​ទូទាំង​ប្រទេស​ដែល​គួរ​កោត​ស្ញប់ស្ញែង​កន្លង​មក។ ទន្ទឹម​នេះ​លោក​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​នគរបាល​អន្តរជាតិ​បរទេស​បាន ​យ៉ាង​ល្អ​ប្រសើរ​ដែល​ធ្វើ​ជា​គំរូ​ជា​មេរៀន​ល្អ​សម្រាប់​នាយ​នគរបាល​ជាតិ​ របស់​យើង​ជំនាន់​ក្រោយ​ដែល​ធ្វើ​បន្ត​ពី​លោក​ត​ទៅ​ទៀត»។

  • ទោះ​ជា​យ៉ាង​ណា កាសែត The Guardain របស់​ប្រទេស​អង់គ្លេស ធ្លាប់​បាន​សេរសេរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ការដណ្ដើម​អំណាច​គ្នា​រវាង​គណបក្ស​ប្រជាជន​ កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នា​ឆ្នាំ​១៩៩៧ លោក ហុក ឡងឌី បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ប្រតិបត្តិការ​សម្លាប់​ក្រៅ​រង្វង់​ច្បាប់​ទៅ ​លើ​មន្ត្រី​រាជា​និយម រួម​មាន​មន្ត្រី​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហូ សុខ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​នគរបាល​នៅ​ទី​នោះ។
  • អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ហេង ពៅ ក៏​ធ្លាប់​បាន​បង្ហើប​បញ្ហា​សម្លាប់​មនុស្ស​នេះ​ដែរ​បន្ទាប់ពី​លោក​មាន​ ជម្លោះ​បែក​បាក់​គ្នា​ជាមួយ​នឹង​លោក ហុក ឡងឌី។

កាលពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០០៦ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក ហេង ពៅ ក៏​ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​ចោទ​ថា លោក ហុក ឡងឌី ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការវាយ​ប្រហារ​ដោយ​គ្រាប់​បែក កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៩៥ នៅ​បរិវេណ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​ដប់​នាក់​ស្លាប់​បាត់បង់​ជីវិត ការគប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​នៅ​មុខ​អតីត​វិមាន​រដ្ឋសភា​ដែល​ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់​បាត់បង់​ជីវិត និង ១៤០​នាក់​ផ្សេង​ទៀត​រង​របួស។

  • លោក ហេង ពៅ ក៏​បាន​ចោទ​ទៀត​ថា លោក ហុក ឡងឌី ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការសម្លាប់​អតីត​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ហូ សុខ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ ការសម្លាប់​តារា​ភាពយន្ត ពិសិដ្ឋ ពីលិកា ការសម្លាប់​អតីត​សមាជិក​រដ្ឋសភា ឱម រដ្ឋសាឌី កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៣ ការសម្លាប់​មេ​ដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ និង​ការប៉ុនប៉ង​ធ្វើ​ឃាត​និពន្ធ​នាយក​និង​ជា​ចាងហ្វាង​កាសែត​កោះសន្តិភាព លោក ថុង អ៊ុយប៉ាង កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​១៩៩៨​ជាដើម។

ឆ្លើយ​តប​ទៅ​នឹង​ការចោទ​ប្រកាន់​ថា លោក ហុក ឡងឌី មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការជួញដូរ​មនុស្ស ការសម្លាប់​មន្ត្រី​នានា និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​មួយចំនួន​នោះ លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា ការចោទ​ប្រកាន់​នោះ​មិន​មែន​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់​នោះ​ឡើយ ហើយ​ថា ភាព​យឺតយ៉ាវ​និង​ភាព​ស្មុគស្មាញ​ក្នុង​ការស៊ើបអង្កេត​វែក​មុខ​រក​ជន​ដៃ​ដល់​ បាន​នាំ​ឲ្យ​មាន​ការចោទ​ប្រកាន់​នោះ​ឡើង។

លោក ជាម យៀប បាន​បញ្ជាក់​ថា ៖ «ក៏ប៉ុន្តែ​យើង​ឃើញ​ថា បទល្មើស​ដែល​មិន​ទាន់​ឃើញ​ឬ​មិន​ទាន់​បាន​កាត់​ទោស អាច​ថា​នៅ ១០ ឬ ១៥​ឆ្នាំ​ទៀត មិន​មែន​នៅ​នេះ​ប៉ុន្មាន​ដែរ​ទេ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​ណា​ថា ក្នុង​នាម​ជា​មេ​ត្រូវតែ​ធ្វើ​យ៉ាង​ម៉េច​រំឭក​អ្នក​ក្រោម ឬ​តាមដាន​ត្រួត​ពិនិត្យ​ឲ្យ​អ្នក​ក្រោម​ធ្វើ​ឲ្យ​បាន​ទាន់​ពេល​វេលា ឲ្យ​ឆាប់​ទាន់​ពេល​វេលា»។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា បាន​មាន​ប្រសាសន៍​ថា លោក ហុក ឡងឌី បាន​បន្សល់​ស្នាដៃ​មួយចំនួន​ដូច​ជា ការទប់ស្កាត់​អំពើ​ភេរវកម្ម និង​ការរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ជាដើម។ ទោះ​ជា​យ៉ាង​ណា លោក នី ចរិយា បាន​ឲ្យ​ដឹង​ថា លោក ហុក ឡងឌី មិន​បាន​ចាត់​វិធានការ​ចំពោះ​មន្ត្រី​នគរបាល​ដែល​មាន​ការពាក់ព័ន្ធ​នឹង​ ការជួញដូរ​មនុស្ស​និង​ការរំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ។

លោក នី ចរិយា បាន​មាន​ប្រសាសន៍​ថា ៖ «ជា​ស្នាដៃ​មួយ​ដែរ​ក្នុង​ការ​ដែល​រក្សា​បាន​នូវ​ស្ថិរភាព សុវត្ថិភាព សន្ដិសុខ ក្នុង​ការការពារ ទាំង​ការពារ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការពារ​ទៅ​ដល់ ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​ស្ថានទូត​ប្រទេស​មួយចំនួន​ដូច​ជា​សហរដ្ឋ​អាមេរិក​ អី យើង​ឃើញ​ថា មិន​មាន​ភេរវកម្ម​ដូច​ប្រទេស​មួយចំនួន​ទៀត ដែល​ស្ថានទូត​ត្រូវ​ទទួល​រង​នូវ​ការវាយប្រហារ​ពី​ភេរវកម្ម​អី​ទេ។ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង​យើង​ឃើញ​មាន​ការខ្វះ​ចន្លោះ ដូច​ជា​នៅ​មាន​មន្រ្តី​ប៉ូលិស​មួយចំនួន​នៅតែ​ប្រព្រឹត្ត​នូវ​អំពើ​រំលោភ​ សិទ្ធិ​មនុស្ស ដូច​ជា​មាន​អំពើ​ធ្វើ​ទារុណកម្ម និង​អំពើ​បង្ក​របួស​ស្នាម​ទៅ​លើ​ប្រជាពលរដ្ឋ ក៏​ដូច​មនុស្ស​ខ្សោយ​អី​ជាដើម ហើយ​មិន​ត្រូវ​ទទួល​បាន​នូវ​ការដាក់​ទោស​ពិន័យ​អី​ជាដើម។ នេះ​គឺ​ជា​ចំណុច​អវិជ្ជមាន​ដែល​កើត​ឡើង​នៅ​ពេល​កន្លង​មក​នៅ​ក្នុង​ដំណាក់កាល ​នៃ​ការគ្រប់គ្រង​របស់​គាត់»។

លោក នី ចរិយា បាន​ឲ្យ​ដឹង​ទៀត​ថា អង្គការ​របស់​លោក​ក៏​បាន​ធ្វើការ​ស៊ើប​អង្កេត​ជុំវិញ​ការចោទ​ប្រកាន់​ថា លោក ហុក ឡងឌី មាន​ការពាក់ព័ន្ធ​នឹង​ការសម្លាប់​លោក ហូ សុខ តារា​ភាពយន្ត ពិសិដ្ឋ ពីលិកា និង​មេ​ដឹកនាំ​សហជីព លោក ជា វិជ្ជា ជាដើម ប៉ុន្តែ​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​រក​ឃើញ​ភស្តុតាង​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា ការចោទ​ប្រកាន់​នោះ​ជា​រឿង​ត្រឹមត្រូវ​នោះ​ឡើយ។

លោក នី ចរិយា បាន​ឲ្យ​ដឹង​ថា ៖ «គឺ​ជា​ករណី​ដែល​យើង​បាន​ធ្វើការ​ស៊ើប ​អង្កេត​ដែរ ក៏ប៉ុន្តែ​យើង​មិន​ទាន់​បាន​រក​ឃើញ​ថា ឯកឧត្ដម ហុក ឡងឌី នៅ​ពី​ក្រោយ​ខ្នង​នូវ​អំពើ​ទាំង​នោះ​នៅ​ឡើយ​ទេ ហេតុ​នេះ​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ថា តើ​ឯកឧត្ដម ហុក ឡងឌី ពិត​ជា​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ទាំងអស់​នោះ​បាន​ទេ...»។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈកាល​ដែល​លោក ហុក ឡងឌី កាន់​តំណែង​ជា​ស្នងការ​នគរបាល​ជាតិ មាន​ករណី​សម្លាប់​ក្រៅ​រង្វង់​ច្បាប់​ធ្ងន់ធ្ងរ​ដោយសារ​រឿង​នយោបាយ​យ៉ាង​ហោច ​ណាស់​ក៏​១០​ករណី​ដែរ ហើយ​ថា នៅ​មាន​ករណី​សម្លាប់​ផ្សេង​ទៀត​ទៅ​លើ​សិល្បករ​ជាដើម។

លោក អ៊ូ វីរៈ បាន​ឲ្យ​ដឹង​ថា នគរបាល​សុទ្ធតែ​បាន​ដឹង​ករណី​ទាំងអស់​នេះ ប៉ុន្តែ​នគរបាល​មាន​ការចូលរួម​ហើយ​និង​មិន​បាន​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ ​ឡើយ។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «ច្រើន​ណាស់​ករណី​ដែល​យើង​ដឹង​ ច្បាស់​ថា​ជា​រឿង​នយោបាយ ដូច​ករណី លោក ជា វិជ្ជា ចៅក្រម ករណី​បោក​គ្រាប់បែក សុទ្ធ​តែ​រឿង​នយោបាយ​មិន​ទាន់​បាន​ដោះស្រាយ ហើយ​បញ្ហា​ផ្សេងៗ​ទាក់ទង​រឿង​ថ្មីៗ ដូចជា ឃឹម សម្បូរណ៍ និង​អ្នក​កាសែត​ដទៃ​ទៀត។ យ៉ាង​ហោច​បំផុត​ខាង​ប៉ូលិស​ដឹង​ដែរ ដឹង​ថា​អ្នក​ណា​ជា​អ្នក​ប្រព្រឹត្ត ហើយ​មិន​បាន​ចាត់​វិធានការ​ដើម្បី​ពិន័យ​ឧក្រិដ្ឋ​ជន ឬ​មួយ​ក៏​ដើម្បី​រក​យុត្តិធម៌​ជូន​គ្រួសារ​ជន​រងគ្រោះ​អី។ ក្នុង​ហ្នឹង​ខ្ញុំ​មើល​ទៅ​ក្នុង​ពេល​ថ្មីៗ​ជា​ច្រើន ឧទាហរណ៍​ករណី​យក​ឡាម​ទៅ​កាត់​វីជេ អាណូ ដែល​ត្រូវ​របួស​ធ្ងន់ធ្ងរ បំផ្លាញ​ជីវិត​របស់​គ្នា​នៅ​វ័យ​ក្មេង ហើយ​និង​ការបាញ់​អ្នក​ចម្រៀង​ល្បី​ឈ្មោះ​មួយចំនួន ដែល​ដឹង​ថា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អ្នក​ធំ​ជាដើម។ ក្នុង​ករណី​នេះ​គឺ​មិន​ពិបាក​ក្នុង​ការស៊ើប​អង្កេត​ទេ បើសិន​ជា​ប៉ូលិស​មាន​ឆន្ទៈ ហើយ​ខ្ញុំ​ជឿ​ជាក់​ថា ប៉ូលិស​ដឹង​ថា​តើ​ជា​អ្នក​ណា​អ្នក​ប្រព្រឹត្ត ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ប៉ូលិស​ពី​ដើម​មក​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឬ​មួយ​ក៏​អត់? ចម្លើយ​ខ្ញុំ​ថា គឺ​អត់​ទាន់​បាន​បំពេញ​តួនាទី​ទេ បើសិន​ជា​យើង​ដឹង​ហើយ យើង​អត់​រក​យុត្តិធម៌ បាន​ន័យ​ថា​យើង​ចូលរួម​ប្រព្រឹត្ត»។

លោក​បាន​បន្ត​ទៀត​ថា នគរបាល​ជាតិ​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក ហុក ឡងឌី មិន​បាន​ជួយ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​សង្គម​នោះ​ទេ ៖ «ហើយ ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ការ​ដែល​កូន​អ្នក​ធំ​បាញ់​គ្នា​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ជាដើម ពួក​ខាង​ប៉ូលិស​ដែល​អ្នក​មាន​ប្រដាប់​អាវុធ​គាត់​កាន់​កាំភ្លើង​ចូល​ទៅ​ កន្លែង​ផឹក​ស៊ី កន្លែង​រាំរែក ហើយ​ឈាន​ទៅ​ដល់​ការបាញ់​ដែល​មាន​គ្រោះថ្នាក់​ដល់​គ្នា​ឯង ឬ​មួយ​ក៏​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​កន្លែង​ទាំងអស់​ នោះ ហើយ​នេះ​ជា​ការ​មួយ​គំរាម​កំហែង​ដល់​អ្នក​រកស៊ី និង​គំរាម​កំហែង​ជា​ពិសេស​ដល់​អ្នក​ទៅ​បំពេញ​ការងារ​ហ្នឹង​ដើម្បី​ចិញ្ចឹម​ ជីវិត»។

គួរ​ជម្រាប​ថា សព​លោក ហុក ឡងឌី ត្រូវ​ដង្ហែ​ចេញ​ពី​គេហដ្ឋាន​នា​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៧ព្រឹក ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០០៨ ហើយ​ត្រូវ​បញ្ចុះ​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល នៅ​ភូមិ​បាវិត ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង៕


សូមមើលផងដែរ កែប្រែ