ពុទ្ធសាសនានិងដែនសុវណ្ណភូមិ
[[ព្រះមហាក្សត្របរមនាថ នរោត្តម សីហកមុនីម្ចាស់ដែនដីសុវណ្ណភូមិកម្ពុជាជាតិសាសនាមហាយាននិកាយ ព្រះមហាក្សត្របរមនាថ នរោត្ដម សីហមុនី ព្រះពុទ្ធសាសសុវណ្ណភូមិ។ ម១ . ក. ប្រទេសកម្ពុជាស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៍ ត្រង់ភាគខាងត្បូងនៃឧបទ្វីបឥណ្ឌូចិន ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី ១០២ និង ទី១០៨ នៃរយៈបណ្តោយខាងកើត ។ ដូចនេះ ប្រទេសកម្ពុជានៅក្នុងតំបន់ត្រូពិក ត្រង់អឌ្ឍគោលខាងជើងដែលជាតំបន់មានជីរជាតិហើយមាន អំណោយផលដល់ការលូតលាស់នៃរុក្ខជាតិនិងដំណាំផ្សេងៗគ្រប់ប្រភេទ។ កម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង មានព្រំប្រទល់ខាងជើងជាប់ប្រទេសថៃហើយមួយភាគធំជាប់នឹងប្រទេសឡាវខាងកើតនិងខាងត្បូង មួយភាគជាប់នឹងប្រទេសវៀតណាមខាងត្បូង មួយភាគទៀតជាប់នឹងឈូងសមុទ្រថៃ ខាងលិចជាប់នឹងឈូងសមុទ្រថៃ ហើយមួយភាគទៀតជាប់នឹងប្រទេសថៃ ។ ខ. ផ្ទៃដី ប្រទេសកម្ពុជាមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការេ ។ គ. ប្រជាជន ចំនួនប្រជាជននៅកម្ពុជា តាមអ្នកប្រាជ្ញខាងជាតិពន្ធុវិទ្យាបានសន្និដ្ឋានថា ពួកអូស្ត្រាលីអ៊ីដនិងពួកមេឡានេស៊ី សម្បុរខ្មៅ បានមកនៅឥណ្ឌូចិនតាំងពីច្រើនស.វ. មុនគ.ស ម៉្លេះ ។ បន្ទាប់មក មានពួកឥណ្ឌូនេស៊ី ជាជនជាតិស្បែកលឿងចូលមកនៅលាយឡំនឹងប្រជាជនចាស់ បង្កបង្កើតឡើងជាជនជាតិសាសន៍មន-ខ្មែរ។ ក្រោយមក មានពួកឥណ្ឌាជាអ្នកជំនួញ ជាអ្នកភៀសខ្លួនពីសង្គ្រាមនិងជាអ្នកផ្សាយសាសនា បានមករស់នៅលាយឡំជាមួយម្ចាស់ស្រុកដើម បង្កបង្កើតបានជាអរិយធម៌មួយ ។ តែពួកកុលសម្ព័ន្ធខ្លះ ពុំព្រមទទួលយកនូវបញ្ហាទាំងនេះ ។ ក្រោយមកទៀតមានជាតិសាសន៍ផ្សេងៗបានមករស់នៅជាបន្តបន្ទាប់ ដូចជាជាតិជ្វា ព្រាហ្មណ៍ (ស.វ.ទី៨) ជាតិចិន (ស.វ.ទី ១៣) រៀតណាម ឡាវ ចាម ភូមា ជាដើម។ ហេតុនេះបានជាគេឃើញមានមនុស្សផ្សេងៗគ្នាជាច្រើន រស់នៅលើទឹកដីកម្ពុជា។ ស្ថិតិប្រជាជនកម្ពុជាក្នុងឆ្នាំ ១៩៦២ មានចំនួន៩.៧២៨.៧៧១ នាក់ ក្នុងពេលនោះមានជនជាតិខ្មែរប្រហែលជា ៥ ភាគ ៦។
ឃ. ជនជាតិផ្សេង ក្រៅពីជនជាតិខ្មែរមាន
-ពួកកុលសម្ព័ន្ធ មានច្រើនក្រុម ដូចជាពួកព័រ ស្អូច សំរ៉ែ កួយ ស្ទៀង ព្នង ។ ពួកគេរស់នៅដាច់ស្រយាលពីគេ, ប្រកបអាជីវកម្មប្រមាញ់ នេសាទ និងកសិកម្មនៅព្រៃដុត ។ -ពួកចំណូលស្រុក ឬខ្មែរចូលជាតិ ជាប្រជាជនដែលមករស់នៅក្នុងប្រទេសកម្ពុជាជាយូរយារណាស់មកហើយ មានសិទ្ធិ និងកាតព្វកិច្ចដូចខ្មែរដែរ ។ ជនជាតិទាំងនេះមានចាម ជ្វា ឡាវវៀតណាម និងភូមា…។
២. តើខ្មែរជានរណា?
ជាយូរយារណាស់មកហើយ អ្នកធ្វើការសិក្សាស្រាវជ្រាវខ្មែរ បានខិតខំដោះស្រាយបញ្ហាកំណើតខ្មែរនេះ ។ ពួកគេបានបញ្ចេញយោបល់ប្លែកៗគ្នា ហើយជួនកាលផ្ទុយស្រឡះតែម្តង ។ ប៉ុន្តែយោបល់ទាំងនោះអាចចែកជាពីរក្រុមគឺៈ
ក- យោបល់ទី១
ពួកគេទទួលថាជាតិខ្មែរ ជាជាតិប្រវេសន៍ (Race immigré) ចេញពីប្រទេសឥណ្ឌាហើយបានលុកលុយដណ្តើមយកទឹកដីរបស់ជនជាតិដើមមួយ (Race Autochtone) គឺជនជាតិក្នុងអំបូរម៉ាឡាយូប៉ូលីនេស៊ីយ៉េន (Race Malayopolynésienne) នេះឯង ។ ទស្សនៈនេះត្រូវបានបង្កើតឡើងដោយលោក Hendrike Kerne ។ បន្ទាប់មកទៀត ក៏មានអ្នកស្រាវជ្រាវខ្លះយល់ស្របតាមដូចជាលោកAdhémard Leciére និងលោកPierre Gourou ជាដើម។ លោក Pierre Gourou បានបញ្ជាក់ថាជនជាតិខ្មែរប្រហែលជាត្រូវពួក ទ្រាវិឌ ឬពួកអារ្យច្រានចេញពីឥណ្ឌា ហើយដោយមានសេសសល់ក្រុមខ្លះដូចជាពួកមុណ្ឌ បានមកលុកលុយប្រទេសភូមាប្រទេសសៀមនិងប្រទេសកម្ពុជា ។ លោកEtienne Aymonier ដែលយល់ថាក្រុម មន-ខ្មែរ មណ្ឌុមានតាំងពីដើមនៅជើងភ្នំទីបេត៍ ហើយក្រោយមកបានបំបែកជាពីរក្រុម គឺ មន-ខ្មែរ ចូលមកតាំងនៅភូមិភាគអាស៊ីអាគ្នេយ៍ ឯមួយក្រុមទៀតគឺមណ្ឌុ ចូលទៅក្នុងប្រទេសឥណ្ឌារហូតដល់សព្វថ្ងៃនេះ ។
ខ-យោបល់ទី២
ទទួលស្គាល់ថា ជនជាតិខ្មែរជាជនជាតិមួយស្ថិតនៅក្នុងក្រុម មន-ខ្មែរ ហើយបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីបុរាណមក ។ នេះគឺជាយោបល់របស់លោក Bernard Philiffe Groslier បច្ចុប្បន្នជាអភិរក្សអង្គរ និងលោក Mace Talahot ជាដើម ។ លោកទាំងពីរនេះបានយល់ឃើញថា ក្នុងសម័យឌុណូ ប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ មានមនុស្សជាច្រើនក្រុមបានធ្វើដំណើរពីខាងជើងចុះមកភាគអាស៊ីអាគ្នេយ៍ដូចពួកអូស្ត្រាឡូអ៊ីដ (Autraloïdes)មេឡានេស៊ីយាង (Mélanésiens) ។ អំបូរមន-ខ្មែរបានកើតឡើងដោយការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាងនិងមេឡានេស៊ីយាង ហើយបានរស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិនជ្រោយម៉ាឡាយូ រហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។
គួរកត់សម្គាល់ថា យោបល់នៃក្រុមទាំងពីរនេះ មានលក្ខណៈស្របទៅនឹងទស្សនៈរបស់ខ្មែរ ពីព្រោះបើយើងសំអាងទៅលើរឿងព្រេងខ្មែរ ដោយសារតែមាននាងនាគនៅស្រុកខ្មែរនេះឯង ទើបព្រះថោងដែលគេថាមកពីស្រុកឥណ្ឌា បានជួបប្រភពគ្នាហើយបានគ្រប់គ្រងស្រុកគោកធ្លកនេះឯង ។ បានសេចក្តីថា លុះត្រាតែមានជនជាតិខ្មែនៅលើកោះគោកធ្លកនេះដែរ ទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបានខ្លះចូលស្រុកខ្មែរ ។ សេចក្តីក្នុងរឿងព្រេងនេះសរឲ្យឃើញថា ចំពោះខ្មែរយើង ជាតិខ្មែរមានប្រភពនៅស្រុកខ្មែរនេះឯង ។ ចំពោះបញ្ហាដើមកំណើតនៃជាតិសាសន៍ខ្មែរនេះអ្នកប្រាជ្ញអន្តរជាតិបានបញ្ចេញសម្មតិកម្មច្រើនបែបយ៉ាងណាស់ ។ តែលោកបានស្របយោបល់គ្នាត្រង់ចំណុចដែលថា ខ្មែរជាជនជាតិមួយស្ថិតនៅក្នុងអំបូរពិសេសមួយគឺអំបូរមន-ខ្មែរ ឬខមនេះឯង។ ថ្មីៗនេះលោកបណ្ឌិត មីសែល ត្រាណេ លោកជាអ្នកស្រាវជ្រាវវប្បធម៌ខ្មែរ ស្នាដៃរបស់លោកសមស្របជាមួយមតិទី២ គឺលោកបានបញ្ជាក់ថាខ្មែរមានជីវិតលើទឹកដីខ្មែរតាំងពី ៦៨០.០០០ឆ្នាំមុនគ.ស មកដល់ សតវត្សទី១ នៃគ.ស ។ សម័យនេះ ជាសម័យថ្មគ្រួសបំបែក ដែលមានអាយុ ៦៨០.០០០ដល់ឆ្នាំ១២០.០០០ ឆ្នាំមុនគ.ស ។ យុគនេះអាចជាការចាប់ផ្តើមនៃអរិយធម៌ខ្មែរ ហើយការចងក្រងទំព័រប្រវត្តិសាស្រ្តកម្ពុជា ត្រូវស្ថិតនៅលើសម្ភារៈវប្បធម៌កម្ពុជាដំបូងបង្អស់ជាមូលដ្ឋាន។ វប្បធម៌ អរិយធម៌ខ្មែរ ដូចបានបញ្ជាក់ជូនខាងលើ ក៏អាចបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវវិភាគបានពីប្រភពព្រះពុទ្ធសាសនា នៅកម្ពុជាដែរ ។
៣- ប្រភព និង កាលបរិច្ឆេទព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា
ដូចយើងបានបញ្ជាក់ខាងលើរួចមកហើយថា ព្រះពុទ្ធសាសនាមានដើមកំណើតនៅ ប្រទសឥណ្ឌាហើយត្រូវផ្សព្វផ្សាយនៅលើបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសនៅលើបណ្តាប្រទេសមួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ។ ប្រទេសកម្ពុជាយើង ព្រះពុទ្ធសាសនាបានចូលមកតាំងពីយូរអង្វែងណាស់មកហើយ ហើយមានការរីកចំរើនយ៉ាងខ្លាំងក្លាព្រមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅក្នុងក្រអៅបេះដូងនៃចិត្តគំនិតទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌នៃមនុស្សខ្មែរយើង ។ ចំពោះកាលបរិច្ឆេទនៃការចូលមកដល់ ឬវត្តមានព្រះពុទ្ធសាសនាកម្ពុជាជាបញ្ហាមួយដែលអ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកសិក្សាអក្សរសាស្រ្តនិងវប្បធម៌ទូទៅតែងតែចោទសួរថា តើព្រះពុទ្ធសាសនាបានមកដល់ប្រទសកម្ពុជាតាំងពីពេលណា? បញ្ហាបរិច្ឆេទនៃការចូលមកដល់នៃលទ្ធិពុទ្ធសាសនានេះ យើងគួរសិក្សាឲ្យបានដឹងច្បាស់ព្រោះបញ្ហានេះ វាបានឆ្លុះបញ្ចាំងទៅលើការរីកចំរើនរបៀបរបបការរស់នៅ និងនិន្នាការរបស់សង្គមខ្មែរយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្តរបស់ខ្លួនរយៈកាលកន្លងមក ។ បញ្ហានេះ អ្នកសិក្សាជាច្រើនបានស្រាវជ្រាវឃើញកាលបរិច្ឆេទខុសៗគ្នាៈ
– មានអ្នកសិក្សាខ្លះបកស្រាយថា ព្រះពុទ្ធសាសនាបានចូលមកដល់ប្រទេសកម្ពុជាយើងតាំងពីស.វទី៣ ឬទី២ មុនគ.ស ដោយសំអាងទៅលើប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកនៃប្រទេសឥណ្ឌា ដែលព្រះអង្គជាមហាពុទ្ធសាសនិកជនមួយរូប គោរពព្រះពុទ្ធសាសនាថេរវាទ បានឧបត្ថម្ភការបញ្ជូនសមណទូតពីរអង្គគឺ សោណត្ថេរ និង ឧត្តរត្ថេរ មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលើដែនដីសុវណ្ណភូមិ ។ បញ្ជាក់ដោយសម្តេចព្រះមហាសុមេធាធិបតី ហួត តាត វិជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គស្តីពី « ព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប » បោះពុម្ពលើកទី២នៅគ.ស. ១៩៧០ ទំព័រទី ១ ថា «ព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាជាមុនដំបូង តាមគម្ពីរពុទ្ធសាសនាសាមន្តបាសាទិកា អដ្ឋកថា វិន័យបិដកជាភាសាបាលីបានប្រាប់ពត៌មានថា កាលក្រោយដែលធ្វើតតិយសង្គាយនារួចហើយនៅក្នុងជម្ពូទ្វីប គឺក្នុងប្រទេសឥណ្ឌាក្នុងព.ស.ទី៣ ព្រះមហាថេរមួយព្រះអង្គនាមព្រះមោគ្គលិបុត្តតិស្សៈបានចាត់ចែងបញ្ជូនព្រះថេរៈពីរអង្គ គឺព្រះសោណត្ថេរនិងព្រះឧត្តរត្ថេរចេញពីជម្ពូទ្វីប(ឥណ្ឌា) មកផ្សាយព្រះពុទ្ធសាសនានៅសុវណ្ណភូមិ ក្នុងព្រះរាជូបត្ថម្ភនៃព្រះមហាក្សត្រនាមធម្មាសោក» ។ អ្នកសិក្សាខ្លះទៀត បានរកឃើញព្រះពុទ្ធសាសនាចូលមកដល់ប្រទសខ្មែរយើងនៅស.វ.ទី២ នៃគ.ស.ទៅវិញ ។ បញ្ហានេះ អ្នកស្រីត្រឹង ងា បានសរសេរនៅក្នុងស្នាដៃអរិយធម៌ខ្មែរ បោះពុម្ពនៅឆ្នាំ១៩៧៣ ទំព័រ៨០ ថា « តាមសិលាចារឹកវ៉ូកាញ់ (នៅវៀតណាមខាងត្បូង) ទំនងជាព្រះពុទ្ធសាសនាចូលមកប្រតិស្ថានក្នុងស្រុកខ្មែរ នៅស.វ.ទី២ នៃគ.ស. ក្នុងរជ្ជកាលព្រះបាទស្រីមារៈ ឬ ហ្វានចេម៉ាន់ ។ ទស្សនៈបែបនេះគេបានពន្យល់ថាព្រះពុទ្ធសាសនាមានកំណើតក្រោយព្រហ្មញ្ញសាសនា ប្រហែលនឹងអាចចូលមកដល់ប្រទេសកម្ពុជាក្រោយការចូលមកដល់នៃលទ្ធិព្រាហ្មណ៍សាសនា ។
– មានអ្នកខ្លះឲ្យយោបល់ថា ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាបានចូលមកដល់ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលប្រហាក់ប្រហែលគ្នា ឬក៏មុនក្រោយបន្តិចបន្តួចប៉ុណ្ណោះ ។ គេបានពន្យល់ថា បញ្ហានេះគ្មានឯកសារណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់ទេ ព្រោះគេហាក់ដូចជាពុំទាន់មានជំនឿចំពោះទស្សនៈរបស់អ្នកសិក្សាឯទៀតដែលយល់ថាសាសនានេះ ឬសាសនានោះមកដល់មុននោះឡើយ ។ យោប់ស្តីពីវត្តមាននៃការហូរចូលនៃលទ្ធិព្រះពុទ្ធសាសនា មានច្រើនដូចខាងលើដែលយើងពិបាកនឹងកំណត់ឲ្យបានច្បាស់លាស់ណាស់ ។ ប៉ុន្តែពិនិត្យជារួម ទោះបីយ៉ាងណាក៏ដោយក៏យោបល់មតិទាំងអស់នោះជាពន្លឺនៃការសិក្សារបស់យើង ។ យើងពិនិត្យឃើញថាយោបល់ទាំងអស់ហាក់ដូចជាមានការឯកភាពគ្នាមួយនៅត្រង់ព្រះពុទ្ធសាសនាក៏ដូចជាព្រហ្មញ្ញសាសនា បានចូលមកដល់ប្រទេសកម្ពុជាយើង តាំងពីយូរយារណាស់មកហើយ ។ ផ្អែកលើទស្សនៈខាងលើ យើងជាអ្នកសិក្សាស្រាវជ្រាវគួរតែត្រិះរិះពិចារណារកហេតុផលឲ្យមានលក្ខណៈច្បាស់លាស់ និងសមស្របដើម្បីកំណត់ពីបញ្ហានេះ ។
យើងគួរលើកយកពីប្រវត្តិសាស្រ្តនៃព្រះបាទធម្មាសោកដែលឲ្យពត៌មានថា «ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកដល់ដែនដីសុវណ្ណភូមិនៅស.វ.ទី៣ឬទី២ មុនគ.ស.» យកមកត្រិះរិះពិចារណាដើម្បីកំណត់កាលបរិច្ឆេទនៃការចូលមកដល់របស់លទ្ធិពុទ្ធសាសនានៅកម្ពុជាយើង ។ បញ្ហាចោទនោះ គឺដែនសុវណ្ណភូមិជាដែនដីរបស់ប្រទេសណា? ប្រទេសខ្មែរយើងឬជាប្រទេសណាទៀត? ដែនដីសុវណ្ណភូមិនេះ ត្រូវបានគេយល់ឃើញដោយឡែកៗ ហើយម្នាក់ៗសុទ្ធតែអះអាងថា ដែនដីសុវណ្ណភូមិ ជាដែនដីរបស់ខ្លួនម្នាក់ៗ ។ ឧទាហរណ៍ដូចជាខ្លះថាដែនដីនេះជារបស់ភូមា ខ្លះថាជាដែនដីឥណ្ឌូនេស៊ី ខ្លះថាម៉ាឡេស៊ី ខ្លះថាកម្ពុជា ខ្លះថាថៃ ខ្លះថាចាម ខ្លះថាវៀតណាម…។ យោបល់ដោយឡែកៗខាងលើរបស់ជនជាតិនីមួយៗ សុទ្ធតែមានការអះអាង ព្រមទាំងប្រកាន់យកនូវមហិច្ឆតាជាតិរបស់ខ្លួនជានិច្ច ។ មកដល់ត្រឹមនេះ យើងជាជនជាតិខ្មែរក៏ពុំទាន់ហ៊ានអះអាងថាដែនដីសុវណ្ណភូមិជាដែនដីរបស់យើងឡើយ ។ តែយើងត្រូវចោទសួរបន្តទៀតតើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នេះ ប្រទេសណាដែលបានទទួល និងគោរពព្រះពុទ្ធសាសនាមានចំណាស់ជាងគេ? បើយើងពិនិត្យទៅលើប្រវត្តិសាស្ត្រ និងពិនិត្យលើការជាក់ស្តែងឃើញថានៅអាស៊ីអាគ្នេយ៍នេះ ប្រទេសដែលគោរពព្រះពុទ្ធសាសនាមានចំណាស់ ជាងគេ គឺមានតែប្រទេសកម្ពុជាយើងនេះឯង។ ចំពោះបណ្តាប្រទេសដទៃទៀត ឃើញថាមានប្រទេស មួយចំនួន គេគោរពព្រះពុទ្ធសាសនាដូចយើងដែរ តែគេគោរពនោះស្ថិតនៅក្នុងដំណាក់កាលក្រោយយើង ។ ឧទាហរណ៍ ដូចជាករណីប្រទេសថៃ ចាប់ពី ស.វ.ទី ១ រហូតមកដល់ដើម ស.វ.ទី ៩ ក្នុងពេលដែលប្រទេសយើងបានកសាងជាប្រទេសមានអធិបតេយ្យនិងមានវប្បធម៌រឹងមាំរួចទៅហើយនោះ ប្រទេសនេះកំពុងស្ថិតនៅជាកុលសម្ព័ន្ធ ឬជាជនជាតិភាគតិច ឬជាជនជាតិបញ្ញើក្អែក គ្មានឯកភាពនៅក្នុងខេត្តយូណាន់នៃប្រទេសចិន ពោលគឺមិនទាន់កើតជារដ្ឋនៅឡើយទេ។ លុះមកដល់ស.វ.ទី៩ ទើបជនជាតិនេះបានជ្រៀតចូលមកក្នុងឥណ្ឌូចិន តាមខ្សែទឹកនៃទន្លេមេណាម ធ្វើដំណើរពីជើងចុះមករកទិសត្បូង ដោយដណ្តើមទឹកដីពីជនជាតិខ្មែរយើងខ្លះពីជនជាតិ មនខ្លះ...រួចកសាងរដ្ឋឯករាជ្យរបស់ខ្លួនមួយនៅស.វ ទី១៣។ ដូចនេះ ជនជាតិថៃពុំបានទទួលព្រះពុទ្ធសាសនាដោយផ្ទាល់ពីជនជាតិឥណ្ឌាដូចជាជនជាតិខ្មែរយើងទេ ។
ព្រះពុទ្ធសាសនានៅក្នុងប្រទេសថៃនាពេលសព្វថ្ងៃនេះ ត្រូវបាននាំបញ្ចូលពីប្រទេសកម្ពុជា ឬជាសាសនាដែលបានចាក់ឫសនៅលើទឹកដីនោះតាំងពីយូរ ពោលគឺ តាំងពីទឹកដីនោះជាទឹកដីរបស់ខ្មែរមុនការចូលមកដល់នៃជនជាតិថៃម៉្លេះ ។ ចំពោះជនជាតិវៀតណាម ក្នុងដំណាក់កាលពីស.វ.ទី១ ដល់ ស.វ.ទី៩ ពុំទាន់រំដោះខ្លួនចេញពីអាណានិគមចិននៅឡើយដែរ ។ លុះមកដល់ ស.វ.ទី១០ ទើបជនជាតិនេះរំដោះខ្លួនចេញពីអាណានិគមរួចកសាងប្រទេសរបស់ខ្លួន។ ព្រះពុទ្ធសាសនាមហាយាន ដែលជនជាតិវៀតណាមគោរពនាពេលសព្វថ្ងៃនេះ ជាសាសនាដែលហូរចូលមកពីប្រទេសចិនតាំងពីនៅក្រោមអាណានិគមចិនម៉្លេះ ។ ចំណែកប្រទេសដទៃទៀតដែលនៅក្នុងដំបន់នេះមានប្រទេសខ្លះគោរពតាមព្រះពុទ្ធសាសនាដែរ តែក្នុងដំណាក់កាលក្រោយ ឬគេពុំគោរពព្រះពុទ្ធសាសនាតែម្តង ដោយគោរពសាសនាដទៃទៀត។ បើសរុបមកឃើញថា ប្រទេសកម្ពុជាយើងជាប្រទេសមួយមានអធិបតេយ្យចំណាស់ជាងគេ ហើយទទួល និងគោរពព្រះពុទ្ធសាសនាមុតមាំជាងគេ ដែលសក្តិសមជាដែនដីសុវណ្ណភូមិ ដែលទទួលការផ្សព្វផ្សាយព្រះពុទ្ធសាសនាដោយផ្ទាល់ពីសមណទូតពីរព្រះអង្គព្រះនាម សោណត្ថេរ និង ឧត្តរត្ថេរ ក្រោមព្រះរាជូបត្ថម្ភនៃព្រះបាទធម្មាសោក នាសតវត្សទី ៣ ឬទី ២ មុនគ.ស.នេះណាស់ ។ -បុរេប្រវត្តិរបស់ប្រទេសកម្ពុជា ដោយសារតែការអាក់ខាននៃការសិក្សាស្រាវជ្រាវពីបុរេប្រវត្តិរបស់ប្រទេសកម្ពុជាទើបមិនមានអ្នកណាម្នាក់បាន ដឹងអោយប្រាកដថា តើប្រជាជនខ្មែរបានរស់នៅលើទឹកដីរបស់ខ្លួនតាំងពីពេលណាមក។ បើតាមផ្ទាំងសិលាស្ថិតក្នុង រូងភ្នំនៅភាគខាងជើងនៃប្រទេសកម្ពុជាបានអោយដឹងថាមនុស្សដែលបានប្រើប្រាស់ដុំថ្មធ្វើជាឧបករណ៍បានរស់នៅ ក្នុងរូងភ្នំតាំងពីដើមសតវត្សទី៤០០០មុនគ.សហើយដំណាំស្រូវត្រូវបានដាំដុះនៅលើទឹកដីកម្ពុជាតាំងតែពីមុនសតវត្ស ទី១នៃព.សមកម្លេះ។ប្រជាជនកម្ពុជាដំបូងហាក់ជាបានមករស់នៅទីនេះមុនកាលបរិច្ឆេទខាងលើទៅទៀត ហើយប្រហែលជានិរទេសខ្លួនមកពីភាគខាងជើង ទោះបីជាពុំបានដឹងពីភាសានិយាយ និងជីវិតរស់នៅរបស់ពួកគេក៏ដោយ។ នៅដើមសតវត្សទី១នៃព.ស. ពួកអ្នកជំនាញជនជាតិចិនក៏បានចាប់ផ្តើមសរសេរអំពីវត្តមានអាណាចក្រមួយក្នុង ប្រទេសកម្ពុជាដែលស្ថិតលើឆ្នេរ និងនៅឆ្ងាយពីមាត់សមុទ្រ។ អាណាចក្រនេះមានលក្ខណៈពាក់ព័ន្ធរួចទៅហើយ ជាមួយនឹងវប្បធម៌ឥណ្ឌា ដែលបានផ្តល់នូវអក្ខរក្រម ទំរង់សិល្បៈ រចនាបទនៃស្ថាបត្យកម្ម សាសនា(ហិណ្ឌូ និងព្រះពុទ្ធ) និងប្រព័ន្ធនែការបែងចែកថ្នាក់។ បើតាមជំនឿអ្នកស្រុកវិញថា លក្ខណៈសំខាន់នៃព្រលឹងវិញ្ញាណក្ខ័ន បុព្វបុរសគឺវាមានការពាក់ព័ន្ធ ឬលាយទ្បំជាមួយនឹងសាសនាឥណ្ឌា ហើយវាពិតជាបានបន្សល់ទុកនូវទ្ធិពលរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ វប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះ មានឬសគល់តាំងពីសតវត្សទី១រហូតដល់សតវត្ស ទី៦មកម្លេះ ដែលពេលនោះត្រូវបានគេហៅថាសម័យហ្វូណន ជាសម័យមួយដែលមានភាពចំណាស់ជាងគេក្នុងអាស៊ី អាគ្នេយិ៍យើងនេះ។ ចាប់ពីពេលនោះហើយ គឺជាពេលនៃការវិវត្តន៍ភាសាខ្មែរ ដែលជាផ្នែកមួយនៃអំបូរមនខ្មែរ ហើយ មានលាយជាមួយនឹងភាសាបាលីសំស្ក្រឹត។ ជាឧទាហរណ៍ ពួកប្រវត្តិវិទូបានកត់សំគាល់ថាប្រជាជនកម្ពុជាមាន លក្ខណៈខុសប្លែកពីប្រទេសជិតខាងដោយសារសំលៀកបំពាក់ ដូចជាការប្រើប្រាស់ក្រមា យកមកជួតក្បាលជំនួស អោយការពាក់មួកជាដើម។ សម័យហ្វូណនបានត្រួសត្រាយផ្លូវខ្មែរអោយបានឈានឆ្ពោះទៅរកអាណាចក្រអង្គរ ជាមួយនឹងការកាន់កាប់អំណាច ដោយព្រះបាទជ័យវរ្ម័នទី២ក្នុងឆ្នាំ៨០២។
៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែលពេលនោះមានផ្ទៃដីលាតសន្ធឹងយ៉ាងធំធេងក្នុងភូមិភាគអាស៊ីអាគ្នេយិ៍ ដោយមានព្រំដែនជាប់នឹងប្រទេសភូមា ភាគខាងកើតជាប់នឹងសមុទ្រចិនខាងត្បូង រីឯភាគខាងជើងជាប់នឹងប្រទេសលាវ។ ព្រះមហាក្សត្រនាអំទ្បុងពេល នោះបានសាងសង់ប្រាសាទបុរាណជាច្រើន ដូចជាប្រាសាទអង្គរវត្ត ដែលជាអច្ឆរិយៈវត្ថុទី៧នៅលើពិភពលោក។ ព្រះមហាក្សត្រដែលបានសម្រេចបាននូវជោគជ័យដ៏ធំធេងអស្ចារ្យនេះ រួមមានព្រះបាទជ័យវរ្ម័នទី២ ព្រះបាទន្ទ្រវរ្ម័នទី១ ព្រះបាទសូរយ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ រួមទាំងការបង្កើតនូវស្នាដៃឯកវិស្វកម្មបែបបុរាណ ដូចជា ប្រព័ន្ធធារាសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដែលក្នុងនោះមានបារាយិ៍(បឹងដ៏ធំមួយដែលបង្កើតទ្បើងដោយមនុស្ស) និងព្រែកជីកដែលអាចផ្តល់ដល់ប្រជាជននូវលទ្ធភាពធ្វើស្រែបាន៣ដងក្នុងមួយឆ្នាំ ហើយជាងនេះទៀតសោត ផ្នែកខ្លះ នៃប្រព័ន្ធនេះត្រូវបានយកមកប្រើប្រាស់រហូតមកដល់សព្វថ្ងៃទៀតផង។ -ចេនឡាដីគោក ចេនឡាដីគោក បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ដែលកើតឡើងបន្ទាប់ពីការបែងចែកចេនឡាទៅជាពីរមួយគឺចេនឡាទឹកលិច និងមួយទៀតហៅថាចេនឡាដីគោកនេះឯង ។ មូលហេតុមកពីកំសោយអំនាចកណ្ដាលព្រោះព្រះបាទជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ ព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲ្យប្រទេសបែកជាពីរ ។ [១] ចេនឡាដីគោកត្រូវចិនហៅថា លូចេនឡា រឺ Lùzhēnlà (陸真蠟) (“ចេនឡាគោក” ក៏ហៅផងដែរថាវ៉ិនតាន រឺ Wèndān (文單) រឺ ផលូ Pólòu (婆鏤)) ។
ប្រវត្តិសាស្ត្រប្រវត្តិចេនឡាដីគោកគេមិនសូវដឹងច្បាស់ទេ ព្រោះហាក់ដូចជានៅដាច់ស្រយាលពីការទៅមករបស់អ្នកដំណើរចិនពេក ។ ទោះបីយ៉ាងណាក៏ដោយ ក៏គេបានដឹងថាក្នុងសម័យនោះនយោបាយក្រៅប្រទេសចេនឡាដីគោកបានបញ្ជូនទូតទៅប្រទេសចិននៅឆ្នាំ៧១៧ ។ ម្យ៉ាងទៀត នៅឆ្នាំ៧២២ចេនឡាដីគោកបានលើកទ័ពទៅជួយមេទ័ពយួនឈ្មោះម៉ៃ ហាក់ដេ (mai hac-de)ដែលបះបោរឡើងប្រឆាំងនឹងការជិះជាន់របស់ពួកចិនក្នុងរាជវង្សថាង (៦១៨-៩០៧) ។ យ៉ាងណាមិញនៅឆ្នាំ៦២១ ស្ដេចកៅតនៃរាជវង្សនេះបានបញ្ជាឲ្យមេទ័ពឈ្មោះខូវ វ៉ា លើកទ័ពទៅវាយយក យ៉ាវចូវ(ឈ្មោះស្រុកយួននៅសម័យនោះ) ដែលក្រោយមកទៀតគឺនៅឆ្នាំ៦៧៩ស្ដេច កៅតុងបានផ្លាស់ឈ្មោះទៅជាអាណ្ណាមដូហូតូ (ប្រទេសជាអាណាព្យាបាល) វិញ ។ គឺក្នុងករណីនេះហើយដែលមេទ័ពយួនម៉ៃហាក់ដេ បានបះឡើងប្រឆាំងចិនដោយចងសម្ព័ន្ធមិត្តជាមួយចេនឡានិងចាម្ប៉ា ។ គួរគប្បីជ្រាបថា នេះគឺជាលើកទីមួយហើយដែលមានប្រើពាក្យអណ្ណាមក្នុងប្រវត្តិសាស្ត្រយួន ។ នៅពាក់កណ្ដាលទី២នៃ ស.វ.ទី៨ ចេនឡាដីគោកទំនងជាត្រូវចិនហៅថា វ៉ិនតាន ថែមទៀត ។
ក្នុងគ.ស.៧៥០ អគ្គរាជទូតខ្មែរមួយទៀតត្រូវបានទៅដល់ស្រុកចិន ។ [៤] នៅឆ្នាំ៧៥៣មានការបញ្ជូនទូតទៅប្រទេសចិនក្រោម ព្រះរាជកិច្ចដឹកនាំរបស់ព្រះរាជបុត្រនៃព្រះរាជានិងគណៈប្រតិភូ២៦នាក់ បានទៅដល់គាល់ស្ដេចចិន ហើយបានធ្វើដំណើរទៅខេត្តចិន យូណាន ជាមួយមេទ័ពចិនម្នាក់ឈ្មោះ ហូ លីត្វាង ដែលទទួលបេសកកម្មត្រូវលើកទ័ព ទៅច្បាំងវាយកំទេចពួកយួននិងថៃ ។[៥] នៅឆ្នាំ៧៥៤ ព្រះរាជបុត្រអង្គដដែលឬអង្គមួយផ្សេងទៀតបានលើកទ័ពទៅជួយចិន ក្នុងការវាយលុកយកតំបន់ ណាន ចាវ ។ នៅឆ្នាំ៧៧១ រជ្ជទាយាទ ផមី រឺ Pómí (婆彌) បានមកដល់ក្នុងសវនការអធិរាជ ហើយនៅថ្ងៃទី១៣ធ្នូ ឆ្នាំ៧៧១ ទ្រង់ក៏បានទទួលងារថា ខាយភ្វូតុងសានស៊ី រឺ Kāifǔyítóngsānsī (開府儀同三司) (អ្នកបើកសម្ភោធក្នុងបរមរាជវាំង ដោយពេញព្រះហឬទ័យនឹងគ្រឿងឥស្សរយសស្មើនឹងមន្ត្រីថ្នាក់ខ្ពស់ៗទាំងបី) និងឆ្នាំ៧៩៩មានការបញ្ជូនទូតទៅប្រទេសចិនទៀត បេសកជនម្នាក់មកពីវ៉ិនតានមានឈ្មោះថា លីធូជី រឺ Lītóují (李頭及) ក៏បានទទួលគោរម្យងារចិនដែរ ។ សិលាចារឹកនៅល្បើកស្រូវ ខេត្តក្រចេះ ក៏បានបញ្ជាក់អំពីកិច្ចការទូតនេះដែរ ។ [៦] [៧] រាជធានីចេនឡាដីគោកទំនងជាស្ថិតនៅត្រង់ម្ដុំមជ្ឈមណ្ឌលនៃចេនឡាដើម ហើយព្រះរាជាដែលមានមហិទ្ធិរិទ្ធិជាងគេទំនង ជយសិង្ហវរ្ម័ន ព្រោះគេបានរកឃើញសិលាចារឹកមួយផ្ទាំងរបស់ព្រះអង្គនៅម្ដុំនគររាជសីមា ក្នុងដីសៀមសព្វថ្ងៃ ។ -ចេនឡាទឹកលិច ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ ។
ប្រវត្តិសាស្ត្រគួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរអង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិតប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់និងសម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមានដើមកំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះកាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត ។ តែជាការឥតប្រយោជន៍ ។ ពីព្រោះមិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯកសារអ្វីជាច្បាស់លាស់សំរាប់បញ្ជាក់ទេ។[៤] ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យនៅអនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ព្រះបាទភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ ។[៥] ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅអង្គរទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ ។ ត្រង់នេះ យើងអាចយកធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបានជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅនឹងព្រះរាជាអាណាចក្រភ្នំ ដែលជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរជាតិសាសន៍តែមួយទេឬ?
ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី ។ [៦] ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច ។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ.ទី៨ នៅចេនឡាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបានរកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុះកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺដើម្បីកុំអោយពិបាករុះរើលេខព្រះរាជាអង្គរពិជ័យវរ្ម័នទី២ដល់ទី៩) ។ ក្រៅពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១ នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប ។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង ។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ) ។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភៈ ។ [៨] ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វាប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងតំណំ ។ នេះហើយជាហេតុមួយឲជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង ។
យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត ។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះរាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជារាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល ។
នៅឆ្នាំ៧៧៤និង៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋាន បានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ា ។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុង ឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាម មហីបតិវរ្ម័ន ជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា ។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកលិចនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជាស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រភ្នំនេះឯង ។
ចំពោះការតាំងអំណាចអធិរាជភាព (Suzeraninte) របស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០បាននិយាយថា: ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុង Zabag កាត់ដាក់លើថាសមួយ ។ ដំណឹងនេះក៏ឮដល់មហារាជព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲ្យកាត់ព្រះសិរ ។ លុះត្រលប់ទៅដល់ព្រះនគរវិញហើយមហារាជទ្រង់ឲ្យយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲ្យបញ្ជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជាតំណតមក ។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុង Zabag ដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះ Abou Zayd Hassan នៅប្រមាណឆ្នាំ៩២៦) ។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើងហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត ។ -ព្រះពុទ្ធសាសនាថេរវាទ (ជាភាសាបាលី: थेरवाद theravāda, ស្ថាវិរវាទ ជាភាសាសំស្ក្រឹត: स्थविरवाद sthaviravāda, ភាសាអង់គ្លេស: Theravada) មានន័យប្រាកដថា ការប្រៀនប្រដៅ របស់ព្រឹទ្ធាចារ្យឬការប្រៀនប្រដៅជំនាន់ដើម គឺជាការសិក្សាចាស់បំផុត នៃព្រះពុទ្ធសាសនាដែលនៅគង់វង់ដល់សព្វថ្ងៃនេះ ។ ថេរវាទបានចាប់កំណើត នៅក្នុងអាណាចក្រឥណ្ឌា មានសភាពរក្សាទុកដូចដើម ហើយជាទូទៅប្រហាក់ប្រហែលគ្នា នឹងពុទ្ធសាសនាដំបូង ។ ជាច្រើន សតវត្សរ៍កន្លងមក ព្រះពុទ្ធសាសនាថេរវាទជាសាសនាចំបងនៅក្នុងស្រីលង្កា (៧០ភាគរយនៃចំនួនប្រជាពលរដ្ឋ) ហើយនិងមួយផ្នែកធំនៃអាស៊ីភាគអាគ្នេយ៍ (ប្រទេសខ្មែរលាវ ភូមា ថៃ) ។ ប្រពៃណីថេរវាទនេះ ក៏ត្រូវបានគេប្រតិបត្តិនៅក្នុងប្រទេសចិនផ្នែកអាគ្នេយ៍ (ដោយក្រុមសម្ពន្ធហ្សន Shan និងតៃ Tai) , ក្នុងប្រទេសវៀតណាម (ដោយខ្មែរក្រោម),ប្រទេសបងគ្លាដេស (ដោយក្រុមសម្ពន្ធពរុអាស Baruas ឆកមា Chakma និងមឃMagh),ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីផងដែរ សព្វថ្ងៃនេះកំពុងមានប្រជាប្រីយភាព នៅក្នុងសិង្ហបូរីនិងក្នុងលោកខាងលិច ។ សព្វថ្ងៃនេះ អ្នកកាន់ព្រះពុទ្ធសាសនាថេរវាទ ជុំវិញពិភពលោកមានចំនួនជាង១០០លាននាក់ ហើយក្នុងសតវត្ស៍ថ្មីនេះ ថេរវាទបានចាក់ឫសក្នុងលោក ខាងលិច និងដុះដាលឡើងវិញនៅក្នុងប្រទេសឥណ្ឌា ។
ប្រវត្តិ ប្រភពនៃការបង្រៀនគ្រឹះនៃការបង្រៀនព្រះពុទ្ធសាសនាថេរវាទបែកចេញមកអំពី វិភជ្ជវាទ Vibhajjavada (ទ្រឹស្តីនៃការធ្វើវិភាគ) ដែលតមកអំពីស្ថាវិរៈ (ឬការប្រៀនប្រដៅរបស់ព្រឹទ្ធាចារ្យ) ក្នុងជំនាន់ពេលធ្វើសង្គាយនាលើកទី៣ ព.ស២៩៤ ក្នុងរជ្ជកាលមហាអធិរាជអសោក នៃប្រទេសឥណ្ឌា។ វិភជ្ជវាទិន (អ្នកកាន់វិភជ្ជវាទ) សំគាល់ខ្លួនថាជាអ្នកបន្តប្រពៃណីស្ថាវិរៈ ហើយបន្ទាប់ពីសង្គាយនាលើកទី៣មក ក៏នៅតែបន្តហៅការរៀនសូត្រ ថាជាស្ថាវិរថេរៈ (ព្រឹទ្ធាចារ្យ) ។
ទ្រឹស្តីរបស់វិភជ្ជវាទិន ប្រហែលគ្នានឹងស្ថាវិរៈជំនាន់ចាស់ដែរ ប៉ុន្តែមិនដូចគ្នាទាំង ស្រុងទេ ។ ក្រោយពេលធ្វើសង្គាយនាលើកទី៣មក ដោយមកមានពីទីតាំងឆ្ងាយៗ ពីគ្នា ជាហេតុបណ្តាលឲ្យវិភជ្ជវាទិន អភិវឌ្ឍន៍បន្តិចម្តងៗជា៤ពួកៈ មហីសាសកៈ១ Mahisasaka កាស្យបីយៈ១ Kasyapiya ធម្មគុប្តកៈ១ Dharmakuptaka និងតាម្របនីយៈ១ Tamraparniya ។ ថេរវាទចុះមកអំពីតាម្របនីយៈ ដែលមានន័យថា ពូជពង្សជនជាតិស្រីលង្កា ។ ប្រភពខ្លះអះអាងថា មានតែថេរវាទទេដែលអភិវឌ្ឍន៍មកពីវិភជ្ជវាទិនផ្ទាល់ ។ តាមរយៈអ្នកស្រាវជ្រាវព្រះពុទ្ធសាសនា អា.កា វរដេរ A.K. Warder ថេរវាទរីកដុះដាលទៅខាងត្បូងទាំងពីអវន្តិ (Avanti) ទៅក្នុងមហារស្រ្ត (Maharastra) និងអន្ធរៈ (Andhra) ដល់ចូឡាប្រទេសកន្ចិ (Kanchi) ហើយនិងសីឡន (Ceylon)។ គេបានរក្សា ទីកន្លែងនៅអវន្តិហើយ និងទឹកដីថ្មីរបស់គេមួយរយៈពេល ប៉ុន្តែគេប្រមូលគ្នាបន្តិចម្តងៗ នៅតំបន់ខាងត្បូង គឺ មហាវិហារ ក្នុងអនុរទ្ធបុរៈធានីរបស់ប្រទេសសីឡន ដែលក្លាយទៅជាមជ្ឈមណ្ឌលសំខាន់ នៃប្រពៃណីរបស់គេ អវន្តិជាមណ្ឌលទី២ ហើយតំបន់ខាងជើង ត្រូវបោះបង់ចោល ទៅឲ្យក្រុមសិក្សាដទៃទៀត ។ មានពត៌មានតិចតួចណាស់ ដែលប្រាប់អំពីព្រះពុទ្ធសាសនាថេរវាទក្នុងប្រទេសឥណ្ឌា ក្នុងប្រវត្តិសាស្រ្តក្រោយ ហើយគេមិនដឹងថាថេរវាទត្រូវបាត់បង់ពីប្រទេសដើម តាំងពីពេលណាមកទេ ។
ឈ្មោះតាម្របនីយៈបានដាក់ឲ្យពូជពង្សស្រីលង្កានៅឥណ្ឌា ប៉ុន្តែគ្មានសញ្ញាណាមួយ បង្ហាញថាមានការផ្លាស់ប្តូរទ្រឹស្តី ឬគម្ពីរដីកាអំពីវិភជ្ជវាទិនទេ ដោយហេតុថា ឈ្មោះគ្រាន់តែចង្អុលប្រាប់ ទីកន្លែងតែប៉ុណ្ណោះ។ ដោយយោងទៅតាមប្រភពដើម នៃថេរវាទរបស់គេ គេរំលឹកថា គេបានទទួលការបង្រៀន ដែលត្រូវបានគេយល់ព្រម នៅពេលប្រជុំសង្គាយនាលើកទី៣ ហើយគេស្គាល់ការបង្រៀននេះថាជាវិភជ្ជវាទ ។ នៅសតវត្សរ៍ទី៧ អ្នកធ្វើដំណើរសាសនាជនជាតិចិន (Xuanzang) និង (Yijing) នៅក្នុងស្រីលង្កា គេស្គាល់ថាជាពួកស្ថាវិរៈ ។នៅក្នុងឥណ្ឌាជំនាន់ចាស់ អ្នកសិក្សា ដែលប្រើភាសាសំស្រ្កឹតសម្រាប់សាសនា គេហៅថាស្ថាវិរៈ ប៉ុន្តែអ្នកដែលប្រើភាសាបាលីវិញ គេហៅថាថេរៈ ។
ស្ថាវិរៈនិងថេរៈមានន័យដូចគ្នាថា ព្រឹទ្ធាចារ្យ។ គេបានប្រើពាក្យថេរវាទក្នុងការសរសេរ សម្រាប់ការហាត់រៀនរបស់គេ តាំងពីសតវត្សរ៍ទី៤ នៅពេលដែលពាក្យនេះ ឃើញមាននៅក្នុងគម្ពីរទិបវង្ស ។ តាមប្រវត្តិសាស្រ្តមួយផ្នែកធំ នៃព្រះពុទ្ធសាសនានៅស្រីលង្កា ថេរវាទក្នុងស្រីលង្កាចែកជាចំណែក៣គឺ ពួកភិក្ខុនៃមហាវិហារ, អភយគីរីវិហារ និងជេតវនវិហារ ។ តាមពាក្យរបស់លោកអា.កា វរដេរ A.K Warder ថា និកាយពីឥណ្ឌា មហីសាសកៈ ក៏បានតាំងឡើងនៅស្រី លង្កាទន្ទឹមគ្នានឹងថេរវាទដែរ ហើយក៏រលាយចូលជាមួយថេរវាទទៅ ។ ភូមិភាគខាងជើងនៃស្រីលង្កា ហាក់ដូចជាមានការទាក់ទង ជាមួយនឹងនិកាយផ្សេងៗ ពីឥណ្ឌា ក្នុងពេលខ្លះដែរ ។ នៅពេលដែលព្រះសង្ឃចិន (Faxian) បានធ្វើទស្សនកិច្ចនៅកោះនេះក្នុងដើមសតវត្សរ៍ទី៥ ព្រះអង្គកត់សំគាល់ថាមានភិក្ខុ៥,០០០អង្គ នៅអភយគីរី ភិក្ខុ៣,០០០អង្គ នៅមហាវិហារ ហើយនិងភិក្ខុ២,០០០អង្គ នៅចេតិយបព្វតវិហារ ។ អស់ជាច្រើនសតវត្សរ៍ ថេរវាទិននៃអភយគីរី បានរក្សាមិត្តភាពជិតស្និតជាមួយនឹងអ្នកកាន់ព្រះពុទ្ធសាសនានៅឥណ្ឌា ថែមទាំងទទួលយកការបង្រៀនថ្មីជាច្រើនពីឥណ្ឌា ទៀតផង ដែលមានផ្នែកជាច្រើននៃនិកាយមហាយាន ។ ចំណែកឯថេរវាទិននៃជេតវនៈក៏បានទទួលយកចំណែកនៃមហាយានដែរ ប៉ុន្តែមានចំនួនតិចជាង ។ Xuanzang បានសរសេរថា មានផ្នែកធំ២នៃថេរវាទនៅក្នុងស្រីលង្កា ថាប្រពៃណីអភយគីរីជាមហាយានស្ថាវិរៈ ហើយប្រពៃណីមហាវិហារជាហីនយានស្ថាវិរៈ ។ Akira Hirakawa សរសេរថា សេចក្តីបរិយាយពន្យល់ អដ្ឋកថា នៃនិកាយមហាវិហារ នៅពេលដែលបានពិនិត្យមើលដោយច្បាស់ ឃើញថាមានបញ្ចូលគោលជំហរមួយចំនួន ដែលស្របគ្នានឹងការបង្រៀនផ្នែកមហាយានដែរ ។ ក្នុងសតវត្សរ៍ទី៨ គេដឹងថាមហាយាន និងព្រះពុទ្ធសាសនាប្រចាំ ក្រុមឯកជន (មិនសម្រាប់សាធារណជនទូទៅទេ) ទាំងពីរនេះត្រូវបានគេបតិបត្តិនៅក្នុងស្រីលង្កា ។ ព្រះសង្ឃឥណ្ឌា២អង្គគឺ វជ្រពោធិ (Vajrabodhi) និងអមោឃវជ្រៈ (Amoghavajra) ដែលជាអ្នកបានផ្សាយ ព្រះពុទ្ធសាសនាប្រចាំក្រុមឯកជននេះ នៅប្រទេសចិន បានចូលមកកាន់កោះស្រីលង្កានៅពេលនេះដែរ ។ អ្នកសិក្សាស្រាវជ្រាវមួយចំនួន បានអះអាងថា អ្នកគ្រប់គ្រងស្រីលង្កាលើកតំកើងប្រពៃណីសាសនា ដើម្បីធ្វើឲ្យជាក់ច្បាស់ថាថេរវាទ នៅតែជាទំនៀមប្រពៃណី និងឲ្យមានលក្ខណៈផ្សេងគ្នាពីព្រះពុទ្ធសាសនាឥណ្ឌា ។ ប៉ុន្តែមុនសតវត្សរ៍ទី១២ អ្នកគ្រប់គ្រងស្រីលង្កាផ្សេងទៀត ឧបត្ថម្ភគាំទ្រដល់ថេរវាទិននៃអភយគីរី ហើយអ្នកដំណើរសាសនាដូចជា Faxian កត់សំគាល់ថាថេរវាទិននៃអភយគីរី ជាប្រពៃណីសំខាន់ជាងគេ ។ ការផ្លាស់ប្តូរបានកើត ឡើងក្នុងសតវត្សរ៍ទី១២ នៅពេលដែលមហាវិហារទទួលការគាំទ្រអំពីព្រះរាជា បរក្កមពាហុ Parakkamabahu (1153-1186 CE) ពេលនោះប្រពៃណីអភយគីរី និងជេតវនៈត្រូវបានហាមឃាត់ក្នុងស្រីលង្កា ។ ភិក្ខុថេរវាទនៃប្រពៃណីទាំង២នេះ ត្រូវសម្រេចចិត្តសឹកពីភាពបុព្វជិត ឬរកការបួសជាថ្មីក្នុងប្រពៃណីមហាវិហារ ។ ចំពោះវិវាទរវាងថេរវាទិន គម្ពីរចូឡវង្ស (កត់ត្រាប្រវត្តិរបស់ស្តេច) សម្តែងការសោកស្តាយថាៈ “ ពិតមែនតែមានការប្រឹងប្រែង គ្រប់មធ្យោបាយ អំពីព្រះរាជាជំនាន់មុនរហូតដល់សព្វថ្ងៃនេះ ពួកភិក្ខុប្រកាន់អាកប្បកិរិយាបែកបាក់ចេញពីគ្នា ហើយបង្កើតជំលោះទាស់ទែងគ្នាគ្រប់យ៉ាង ។” មុននឹងព្រះពុទ្ធសាសនាថេរវាទរួបរួមគ្នាក្នុងស្រីលង្កា តំបន់នៃប្រទេស ថៃ ភូមា លាវ និងខ្មែរ ទទួលការដុះដាលដោយ និកាយព្រះពុទ្ធសាសនាផ្សេងៗ ពីឥណ្ឌា រួមទាំង ព្រះពុទ្ធសាសនាមហាយានផង ។ ក្នុងសតវត្សរ៍ទី៧ យីជិង Yijing បានកត់ក្នុងដំណើររបស់គាត់ថា ក្នុងតំបន់ទាំងនេះ និកាយព្រះពុទ្ធសាសនាធំៗពីឥណ្ឌា មានការរីកចម្រើន ។ ពិតមែនតែមានការបកស្រាយពីមុនមកថា ជាថេរវាទក្នុង ប្រទេសភូមា ឯកសារដែលសេសសល់បានបង្ហាញថា ព្រះពុទ្ធសាសនាភូមាភាគច្រើន រួមបញ្ចូលមហាយានដែរហើយប្រើសំស្រ្កឹតជាងបាលី ។
បន្ទាប់ពីការធ្លាក់ចុះអន់ថយនៃព្រះពុទ្ធសាសនាក្នុងឥណ្ឌា សមណទូតពីស្រីលង្កា បានកែប្រែបន្តិចម្តងៗ ព្រះពុទ្ធសាសនាភូមាទៅជាថេរវាទហើយ២សតវត្សរ៍បន្ទាប់មក ព្រះពុទ្ធសាសនាថេរវាទក៏ត្រូវបាននាំចូល ទៅក្នុងតំបន់ប្រទេសថៃ លាវ និងខ្មែរ ដែលប្តូរជំនួសបែបព្រះពុទ្ធសាសនាពីពេលមុន ។
ប្រវត្តិនៃប្រពៃណីសាសនាតាមប្រពៃណីរបស់សិន្ហលី Sinhalese នៃស្រីលង្កា ព្រះពុទ្ធសាសនាបាននាំចូលមកស្រីលង្កាដោយ មហិន្ទ Mahinda ដែលគេជឿថាជាព្រះរាជបុត្ររបស់ ព្រះអធិរាជអាសោក នៃមឧរ្យៈ Maurya (ឥណ្ឌាសម័យបុព្វកាល) ក្នុងសតវត្សរ៍ទី៣មុនគ្រឹស្តសករាជ ជាចំណែកមួយនៃសកម្មភាព របស់សមណទូត ក្នុងជំនាន់អាសោកសម័យ ។ ក្នុងស្រីលង្កា ព្រះមហិន្ទ បានបង្កើតអារាមមហាវិហារនៃអនុរធបុរៈ ។ ក្រោយមកអារាមមហាវិហារ ក៏បានបែកជា៣ក្រុម ដែលគេស្គាល់តាមទីតាំងមណ្ឌល ជាមហាវិហារ១ អភយគីរីវិហារ១ និងជេតវនវិហារ១ ។ ក្នុងគ.ស១,១៦៤ ដោយមានការណែនាំពីថេរៈ២អង្គ ពីសាខាព្រៃ (ប្រហែលជាមានទីតាំងក្នុងព្រៃ) នៃមហាវិហារ, ស្តេចស្រីលង្កាបានបង្រួបបង្រួម ភិក្ខុទាំងអស់ក្នុងស្រីលង្កា ឲ្យចូលទៅក្នុងការហាត់រៀនក្នុងមហាវិហារ ត្រឹមត្រូវតាមប្រពៃណីវិញ ។ បីបួនឆ្នាំក្រោយបន្ទាប់ ពីការមកដល់នៃស្ថាវិរៈ មហិន្ទៈ, សង្ឃមិត្តដែលគេជឿថាជាបុត្រីរបស់អធិរាជអាសោក បានមកកាន់ស្រីលង្កា ។ ព្រះនាងសង្ឃមិត្តបានបង្កើតឲ្យមាន ក្រុមភិក្ខុនីជាលើកដំបូង ក្នុងស្រីលង្កា ប៉ុន្តែក្រុមភិក្ខុនី ត្រូវសាបសូន្យទៅវិញ ក្នុងសតវត្សរ៍ទី១១នៅស្រីលង្កា និងសតវត្សរ៍ទី១៣នៅក្នុងភូមា ។
នៅគ្រឹស្តសករាជ ៤២៩ តាមសេចក្តីសុំពីអធិរាជប្រទេសចិន ភិក្ខុនីជាច្រើនពីអនុរធបុរៈ បានបញ្ជូនឲ្យទៅកាន់ប្រទេសចិន ដើម្បីបង្កើតក្រុមភិក្ខុនីនៅទីនោះ ។ វិន័យភិក្ខុនីបានរីកចម្រើនទៅដល់ប្រទេសកូរេ ។ ក្នុងឆ្នាំ ១,៩៩៦ ភិក្ខុនី ១១រូប បានត្រូវជ្រើសរើសពីស្រីលង្កា ហើយបំបួសជាភិក្ខុនី ពេញលក្ខណៈដោយ ក្រុមភិក្ខុថេរវាទ រួមជាមួយនឹងភិក្ខុនីពីកូរេ នៅក្នុងប្រទេសឥណ្ឌា ។ មានការមិនយល់ស្របក្នុងចំណោម អ្នកគ្រប់គ្រងវិន័យថេរវាទ ថាតើការបំបួសបែបនេះមិនត្រឹមត្រូវ ។ ក្នុង ២ ឬ ៣ ឆ្នាំកន្លងមក អ្នកដឹកនាំគណៈទម្ពុល្លៈ Dambulla (ខេត្តមួយក្នុងភូមិភាគកណ្តាលនៃស្រីលង្កា) បានធ្វើពិធីបំបួសដល់ភិក្ខុនីជាច្រើនរយអង្គ ។ ព្រឹត្តិការណ៍នេះបានត្រូវអ្នកដឹកនាំឯទៀត ក្នុងនិកាយសៀម Siam Nikaya និងអមរបុរៈនិកាយ Amarapura Nikaya ពោលនិន្ទា ហើយនិងគណៈដឹកនាំព្រះពុទ្ធសាសនាភូមា បានប្រកាសថាការបំបួសភិក្ខុនីក្នុងសម័យថ្មី មិនត្រឹមត្រូវឡើយ ពិតមែនតែមានភិក្ខុភូមាខ្លះមិនយល់ស្រប ។
តាមគម្ពីរមហាវង្សនៃស្រីលង្កា បន្ទាប់អំពីសង្គាយនាលើកទី៣បានចប់សព្វគ្រប់ ព្រះសង្ឃ២អង្គគឺ សោណៈ និង ឧត្តរៈ បានត្រូវបញ្ជូនឲ្យទៅធ្វើ បេសកកម្មផ្សាយសាសនានៅសុវណ្ណភូមិ Suvannabhumi ។ អ្នកសិក្សាស្រាវជ្រាវមានយោបល់ផ្សេងៗគ្នា ចំពោះទីកន្លែងពិតប្រាកដនៃសុវណ្ណភូមិ ប៉ុន្តែគេជឿថាសុវណ្ណភូមិ ស្ថិតនៅកន្លែងណាមួយ ក្នុងប្រទេសភូមាខាងក្រោម តំបន់ដីសន្តរ South-East Asia កោះសុមត្រា ។
មន Mon និងព្យូ Pyu ជាអ្នកស្រុកនៅក្នុងចំណោមជនជាតិដើម ដែលរស់នៅក្នុងភូមាមុនគេ ។ តាមការស្រាវជ្រាវថ្មីៗផ្នែកបុរាណវត្ថុវិទ្យា នៅកន្លែងតាំងលំនៅដ្ឋានមួយរបស់ជនជាតិព្យូក្នុងជ្រលងភ្នំសាមោន (ប្រហែល១រយគីឡូមែត្រខាងទិសនិរតីនៃ Bagan) បានបង្ហាញថាពួកគេមានការទាក់ទងពានិជ្ជកម្ម ជាមួយឥណ្ឌាតាំងពី៥រយ ទៅ៤រយឆ្នាំមុនគ្រឹស្តសករាជ ជាមួយនឹងប្រទេសចិនតាំងពី២រយឆ្នាំ មុនគ្រឹស្តសករាជ ។ ប្រភពឯកសារចិនពីគ្រឹស្តសករាជ២៤០ បានឲ្យដឹងថាមានរាជាណាចក្រកាន់ព្រះពុទ្ធសាសនាមួយ ហៅថាលិន-យាង Lin Yang ដែលពួកអ្នកសិក្សាខ្លះ បានស្គាល់ថារាជាណាចក្របេកថាណូ Beikthano របស់ជនជាតិព្យូ ៣០០គ.ម ខាងជើងយ៉ង់គន Yangon ។ ជនជាតិភូមាក៏ក្លាយបន្តិចម្តងៗទៅជាថេរវាទិន នៅពេលជួបនឹងអារ្យធម៌របស់មន និងព្យូមក ។ ជនជាតិថៃក៏ទៅជា អ្នកកាន់និកាយថេរវាទដែរ បន្តិចម្តងៗបន្ទាប់ពីបានជួបនឹងអារ្យធម៌មន ។ ពិតមែនតែមានជោគជ័យនៅក្នុងអាស៊ីផ្នែកអគ្នេយ៍ ព្រះពុទ្ធ សាសនាថេរវាទក្នុងប្រទេសចិន ស្ថិតនៅតែក្នុងតំបន់ជាប់ព្រំដែន នឹងប្រទេសថេរវាទតែប៉ុណ្ណោះ ។
ទិដ្ឋភាពទូទៅនៃទស្សនវិជ្ជាថេរវាទបង្កើតនូវគំនិតនៃវិភជ្ជវាទ ពាក្យនេះមានន័យថា ការបង្រៀនពីការវិភាគ (teaching of analysis) ។ ទ្រឹស្តីនេះនិយាយថា បញ្ញាត្រូវតែកើតមកពីការពិសោធន៍ របស់អ្នកស្វែងរក ការស៊ើបអង្កេតល្អិតល្អន់ ហើយវិនិច្ឆ័យជាជាងសទ្ធាងងឹតងងល់។ យ៉ាងណាក៏ដោយ គម្ពីរប្រពៃណីថេរវាទសង្កត់ខ្លាំង ទៅលើការប្រុងប្រយ័ត្ន ចំពោះដំបូន្មានរបស់អ្នកវៃឆ្លាត ដោយគិតថាដំបូន្មាននោះនិងការពិសោធន៍ផ្ទាល់ខ្លួន ត្រូវយកមកប្រៀបធៀប ដើម្បីវិនិច្ឆ័យសម្រាប់ការប្រតិបត្តិ ។ នៅក្នុងថេរវាទ ហេតុនៃការកើតឡើងនិងសេចក្តីទុក្ខរបស់មនុស្ស គឺតណ្ហាដែលផ្ទុកទៅដោយកិលេស ។
កិលេសទាំងនោះដែលចងមនុស្ស ឲ្យជាប់ក្នុងការវិលកើតវិលស្លាប់ ចាត់ថ្នាក់ចូលទៅក្នុងសំយោជនៈ១០ (ten fetters) ហើយកិលេសដែលរារាំងមិនឲ្យសមាធិកើតឡើង មាន៥គឺ នីវរណធម៌៥ Five hindrances ។ ថ្នាក់របស់កិលេសអាច គ្រោតក្រាត មធ្យម ឬសុខុម ។ វាជាបាតុភូតដែលកើតឡើង ស្ថិតនៅមួយរយៈ ហើយវិនាសសាបសូន្យទៅវិញជាញឹកញយ ។ អ្នកកាន់ថេរវាទយល់ឃើញថា កិលេសមិនត្រឹមតែឲ្យទុក្ខទោសដល់ខ្លួនឯង ប៉ុណ្ណោះទេ វាឲ្យទុក្ខទោសដល់អ្នកដទៃទៀតផងដែរ វាជាកម្លាំងរុញច្រាន ឲ្យមនុស្សធ្វើអំពើអមនុស្សធម៌ទាំងអស់ ។ អ្នកកាន់ថេរវាទជឿថា កិលេសជាទម្លាប់កើតឡើង ដោយសារអវិជ្ជា Avijja ដែលផ្តល់ ការឈឺចាប់ ដល់ចិត្តរបស់អ្នកមិនត្រាស់ដឹង ដែលជាប់ជំពាក់ទៅលើវា និងឥទ្ធិពលរបស់វាក្នុងសេចក្តីមិនយល់ដឹងនូវសេចក្តីពិត ។ ប៉ុន្តែតាមការពិត កិលេសទាំងនោះ គ្រាន់តែជាគ្រឿងពិសពុលដល់ចិត្ត បង្កើតឲ្យមានសេចក្តីឈឺចាប់ និងការចង្អៀតចង្អល់តែប៉ុណ្ណោះ ។
អ្នកគ្មានការត្រាស់ដឹង ជាប់ជំពាក់ចិត្តទៅលើរូបកាយ ក្នុងការសន្មត់ថាកាយនេះជារបស់ខ្លួន តែតាមការពិតកាយនេះ ជាបាតុភូតមិនទៀង (មិនស្ថិតស្ថេរ) កើតឡើងដោយសារ មហាភូតរូប៤ four basic elements ។ ក្នុងគម្ពីរព្រះពុទ្ធសាសនាជំនាន់ដើម មហាភូតរូប៤នេះជាញឹកញយ មានលក្ខណៈជាដី ទឹក ភ្លើង ខ្យល់ ត្រូវគេផ្តល់អត្ថន័យតាម ការដឹងដោយវិញ្ញាណថា រឹង កំដៅ រាវ កំរើក ។ គេជឿថាជារឿយៗ កិលេសដែលបង្ខិតបង្ខំ និងចាត់ចែងចិត្តរបស់គេ រារាំងមិនឲ្យគេមើលឃើញ នូវធម្មជាតិពិតនៃសេចក្តីពិត ។ អាកប្បកិរិយាឆ្គាំឆ្គងនឹងជួយ ពង្រឹងកិលេស ឲ្យកាន់តែមាំមួនថែមទៀត ប៉ុន្តែការប្រតិបត្តិតាម អរិយអដ្ឋង្គិកមគ្គ Noble Eightfold Path អាចធ្វើឲ្យកិលេសចុះអន់ថយ ឬក៏ផ្តាច់ឫសរបស់វាបាន ។
គេជឿថាបុគ្គលគ្មានការត្រាស់ដឹង ពិសោធន៍ឃើញលោកនេះ តាមទ្វារវិញ្ញាណមិនសុក្រិត៦របស់គេ (ទ្វារភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត) ហើយប្រើប្រាស់ចិត្ត ដែលស្រអាប់ទៅដោយកិលេស សម្រាប់ការបកស្រាយ ការដឹង និងការទាញយក យោបល់ ។ ក្នុងសភាពការបែបនេះ ការដឹងនិងយោបល់ត្រូវធ្វើឡើង តាមតែមាយាការនៃសេចក្តីពិត របស់បុគ្គលនោះ ។ ពេលស្ថិតនៅក្នុងឈាន (ចិត្តចុះស៊ប់ក្នុងសមាធិ) ទ្វារវិញ្ញាណ របស់រូបនឹងមិនសកម្ម កិលេសរបស់ចិត្តនឹងត្រូវកំចាត់បង់ ហើយកុសលចិត្តនឹងត្រូវកើនកម្លាំង ។ ពេលនេះចិត្ត (mind) អាចយកមកប្រើ ដើម្បីពិនិត្យនិងកើតបញ្ញា ក្នុងការរកធម្មជាតិពិតនៃសេចក្តីពិត ។
កិលេសមាន៣ជាន់ ក្នុងជាន់អសកម្ម វាដេកសម្ងំស្ងៀមនៅបាតនៃសន្តានចិត្ត រង់ចាំឱកាសល្អ (អនុសយកិលេស) ប៉ុន្តែកាលណាមានការកំរើករញ្ជួយ លើផ្ទៃវិញ្ញាណ វានឹងបង្ហាញខ្លួននៅផ្ទៃខាងលើនៃចិត្ត ជាអកុសលចិត្តជាអារម្មណ៍ជាចេតនា ។ កាលបើវាមានកម្លាំងគ្រប់គ្រាន់ កិលេសនឹងដល់នូវការប្រព្រឹត្តកន្លង (វិតិក្កមៈ) ប្រកបដោយគ្រោះថ្នាក់ ដែលបណ្តាលឲ្យគេ ធ្វើអំពើដោយកាយ ឬ ដោយវាចា ។ ដើម្បីរំដោះចេញពីការឈឺចាប់ និងសេចក្តីតានតឹងចិត្ត អ្នកកាន់ថេរវាទ មានជំនឿថាត្រូវតែផ្តាច់ឫសកិលេស ឲ្យវិនាសរហូត ។ ជាដំបូងគេត្រូវធ្វើសតិចំពោះការអត់ធ្មត់ ដើម្បីការពារកុំឲ្យវាត្រួតត្រាលើអំពើ ដោយចិត្តនិងកាយ ។ បន្ទាប់មក គេនឹងផ្តាច់ឫសរបស់វា តាមរយៈនៃការស្រាវជ្រាវផ្ទៃក្នុងនៃចិត្ត ការពិចារណា ការពិសោធន៍ និងសេចក្តីយល់ដឹងនូវធម្មជាតិពិតរបស់វា ដោយប្រើឈាន ។ ពិធីការនេះ តម្រូវឲ្យគេធ្វើសារឡើងវិញ ចំពោះកិលេសនិមួយៗ ។ ការអនុវត្តន៍នឹងនាំអ្នកធ្វើឈាន ឲ្យដល់នូវអរិយសច្ចៈ៤ ការត្រាស់ដឹង និងព្រះនិព្វាន ។ និព្វានជាគោលបំណងទីបំផុត របស់អ្នកកាន់ថេរវាទ ហើយគឺជាទីបរមសុខ ដែលបុគ្គលបានរួចរំដោះ ពីសង្សារវដ្តនៃការកើត ឈឺចាស់ ស្លាប់ ។
អ្នកកាន់ថេរវាទមានជំនឿថា បុគ្គលម្នាក់ៗទទួលខុសត្រូវដោយខ្លួនឯង ចំពោះការត្រាស់ដឹងនិងការរំដោះខ្លួន ព្រោះថាគេជាទទួលខុសត្រូវ លើកម្មផលរបស់គេ ។ ដោយគ្រាន់តែសិក្សានិងជឿតាមសេចក្តី ពិតនៃសច្ចធម៌ដែលព្រះពុទ្ធបានពន្យល់ប្រាប់ មិនគ្រប់គ្រាន់ឡើយ ការត្រាស់ដឹងអាចសម្រេចបាន តែតាមការពិសោធន៍និងការយល់ ដឹងផ្ទាល់ខ្លួនប៉ុណ្ណោះ ។ បុគ្គលម្នាក់ៗត្រូវប្រតិបត្តិ អរិយអដ្ឋង្គិកមគ្គ តាមការបង្រៀនរបស់ព្រះពុទ្ធ ដើម្បីរកឃើញសេចក្តីពិតសម្រាប់ខ្លួនគេ ។ តាមជំនឿក្នុងថេរវាទ ព្រះពុទ្ធ ព្រះអាទិទេព ឬទេព្តា មិនអាចឲ្យការត្រាស់ដឹង ដល់មនុស្សណាមួយ ឬរំដោះអ្នកនោះឲ្យផុតពីការ វិលវល់នៃការកើត ឈឺ ចាស់ ស្លាប់ Samsara បានឡើយ ។ ចំពោះអ្នកកាន់ថេរវាទ ព្រះពុទ្ធគ្រាន់តែជាអ្នកបង្រៀនអដ្ឋង្គិកមគ្គ ចំណែកឯអាទិទេពនិងទេព្តានៅតែមានកំហឹង សេចក្តីច្រណែន សេចក្តីស្អប់ ការព្យាបាទ តណ្ហា លោភៈ មោហៈនិងសេចក្តីស្លាប់ ។
គេជឿថាបុគ្គលខ្លះដែលបតិបត្តិដោយវិរិយភាព និងថាមពល អាចសម្រេចព្រះនិព្វានបានតែក្នុង១ជាតិ ដូចជាសាវ័ករបស់ព្រះពុទ្ធជាច្រើនរូប នៃជំនាន់ដំបូងពីរបីជំនាន់ ។ ចំពោះអ្នកដទៃទៀត ដំណើរទៅកាន់ ព្រះនិព្វាន ត្រូវការពេលអស់ជាច្រើនជាតិ តាមលំដាប់លំដោយ ម្នាក់ៗនឹងឡើងថ្នាក់កាន់តែខ្ពស់ទៅ ។ អ្នកបានសម្រេចព្រះនិព្វាន គេហៅថា អរហន្ត ។ ដោយមានជំនឿថា ព្រះបរមសម្ពុទ្ធមានបញ្ញាញាណ ដ៏បរិសុទ្ធក្នុងការបង្ហាញ ផ្លូវទៅកាន់សេចក្តីត្រាស់ដឹង អ្នកកាន់ថេរវាទជឿថា សាវ័កផ្ទាល់របស់ព្រះពុទ្ធសម្រេចការត្រាស់ដឹងបានយ៉ាងឆាប់បំផុត ។ តាមគម្ពីរដីកាបូរាណ និព្វានដែលព្រះអរហន្តសម្រេច ក៏ដូចគ្នានឹងនិព្វានរបស់ព្រះពុទ្ធដែរ ព្រោះនិព្វានមានតែមួយប្រភេទ ។ ព្រះពុទ្ធប្រសើរជាងព្រះអរហន្តទាំងឡាយ ព្រោះព្រះអង្គបានរកឃើញមគ្គដោយ ផ្ទាល់ខ្លួនព្រះអង្គ ហើយបង្រៀនមគ្គដល់អ្នកដទៃម្យ៉ាងទៀត ព្រះអរហន្តសម្រេចព្រះនិព្វានបាន ក៏ដោយសារការប្រៀនប្រដៅ របស់ព្រះពុទ្ធមួយភាគដែរ ។ អ្នកកាន់ថេរវាទគោរពបូជាព្រះពុទ្ធ ក្នុងភាពព្រះអង្គ ជាមហាបុរសតែមួយ ប៉ុន្តែទទួលស្គាល់ថាមានព្រះពុទ្ធផ្សេងទៀតដូចគ្នា ក្នុងអតីតកាលនិងអនាគតកាលដ៏យូរអង្វែង ។ ដូចជាក្នុងគម្ពីរបាលី មានការរៀបរាប់យ៉ាងខ្លីថា ព្រះមេត្តេយ្យ (សិអារ្យមេត្រី) នឹងមកកាន់លោកនេះជាព្រះពុទ្ធ ក្នុងអនាគតយ៉ាងយូរ ។ ជាប្រពៃណី អ្នកកាន់ថេរវាទអាចមានសទ្ធា ចំពោះការប្រៀនប្រដៅរបស់ព្រះពុទ្ធ ហើយរក្សាសីលថ្នាក់ក្រោម ដោយសង្ឃឹមថានឹងបានកុសលខ្លះ ឬក៏គេអាចធ្វើការស្រាវជ្រាវ ដោយការពិសោធន៍ផ្ទាល់ខ្លួន បញ្ជាក់សេចក្តីពិតនៃការបង្រៀនរបស់ព្រះពុទ្ធ ដោយការបំពេញឈាន Jhana ដែលជាផ្នែកមួយក្នុងអរិយអដ្ឋង្គិកមគ្គ ដើម្បីការត្រាស់ដឹងរបស់ខ្លួន ។
គោលសំខាន់នៃថេរវាទជាទីមួយហើយសំខាន់បំផុត ទស្សនវិជ្ជានៃថេរវាទគឺការវិភាគ ឥតឈប់ឈរនៃដំណើរជីវិត មិនមែនត្រឹមតែជាច្បាប់សីលធម៌ ឬពិធីបុណ្យសាសនាប៉ុណ្ណោះទេ ។ ទ្រឹស្តីខ្ពស់បំផុតនៃថេរវាទ បានដល់អរិយ សច្ចៈ៤ ដែលជាសេចក្តីពិតដ៏ខ្ពង់ខ្ពស់បំផុត៤យ៉ាង ។ ក្នុងការនិយាយឲ្យងាយយល់ អរិយសច្ចៈ៤នេះគឺ បញ្ហា, ហេតុ, ដំណោះស្រាយ, និងផ្លូវទៅកាន់ដំណោះស្រាយ។