ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (Presh Suramarit Buddhist High School) ជាគ្រឹះស្ថានពុទ្ធិកមធ្យមសិក្សារបស់រដ្ឋដ៏ធំជាងគេផ្នែកពុទ្ធចក្រនៅក្នុងប្រទេសកម្ពុជា តាំងពីសម័យដើមមកទល់នឹងពេលបច្ចុប្បន្ន ដោយពីសម័យមុនសាលានេះមានឈ្មោះដើមថា"សាលាបាលីជាន់ខ្ពស់" ក្នុងឆ្នាំ១៩២២ លុះក្រោយមកតាមព្រះរាជប្រកាសលេខ២៦៥ ន.ស ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ១៩៥៥ បង្គាប់សាលាបាលីជាន់ខ្ពស់មាននាមថា គ្រឹះស្ថានមធ្យមសិក្សានៃពុទ្ធសាសនា ហើយព្រះរាជប្រកាសលេខ ៣៨៨ ន.ស ចុះថ្ងៃទី៤ កក្កដា ឆ្នាំ១៨៥៥ បានប្រែឈ្មោះទៅជា "ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត"វិញ។

ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត

រូបអគារសិក្សាដែលបន្សល់ទុកដល់ពេលបច្ចប្បន្ននេះ បានសម្ភោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៦៧ ដោយសម្តេចព្រះបាទនរោត្តម សីហនុ ទ្រង់កសាង។ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត[]


ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាផ្នែកមួយនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា ដែលមានទីតាំងនៅតាមបណ្តាយវិថីឧកញ៉ាឈុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  យោងតាមអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានដំឡើងពុទ្ធិកវិទ្យាល័យព្រះសុមរាម្រឹតថ្នាក់ស្មើការិយាល័យទៅជាថ្នាក់ស្មើនាយកដ្ឋាន ចំណុះផ្ទាល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ សាលានេះមានកម្មវិធីអប់រំសម្រាប់ព្រះសង្ឃចាប់ពីថ្នាក់អនុវិទ្យាល័យដល់វិទ្យាល័យ ក្នុងមួយឆ្នាំៗ មានព្រះសង្ឃជាច្រើនអង្គ ដែលមានស្រុកកំណើតមកពីតាមបណ្តារាជធានី ខេត្តនានាទូទាំងប្រទេសកម្ពុជាបានមកចុះឈ្មោះសិក្សានៅទីនេះ ដោយស្នាក់នៅតាមបណ្តាវត្តមាន៖ វត្តបទុមវតីរាជវរារាម , វត្តឧណ្ណាលោម និងវត្តលង្កាព្រះកុសុមារាមជាដើម...។ យោងតាមលិខិតលេខ ២៤០៣ អយក.មចទ. ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០១ របស់ក្រសួងអប់រំ យុវជន និងកីឡា យល់ព្រមតាមសំណើសុំសមមូលរវាងសញ្ញាបត្រកម្រិតពុទ្ធិកមធ្យមសិក្សា នៃក្រសួងធម្មការនិងសាសនា ជាមួយសញ្ញាបត្រក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីសិក្សានៅពុទ្ធិកវិទ្យាល័យនេះ មានកម្មវិធីសិក្សាដូចក្រសួងអប់រំដែរ លើសពីនេះទៅទៀតខាងពុទ្ធចក្រក៏បានបូកបញ្ចូលបន្ថែមនៅកម្មវិធីសិក្សាសំខាន់មាន ៖មុខវិជ្ជាភាសាបាលី ភាសាសំស្រ្កឹត ពុទ្ធវិន័យ ពុទ្ធសាសនា សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ  ហើយមុខវិជ្ជាភាសាបាលី ភាសាសំស្ក្រឹត ព្រះអភិធម្ម សាសនាប្រៀបធៀប សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។ ចំពោះសញ្ញាបត្រវិញ គឺត្រូវបានទទួលស្គាល់ជាផ្លូវការដូចនៅតាមសាលារៀនរបស់រដ្ឋទូទៅដែរ។ ក្រោយពីបញ្ចប់ការសិក្សានៅពុទ្ធិកវិទ្យាល័យ សមណសិស្ស សិស្ស ក៏អាចបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា ដែលមានទាំងរដ្ឋនិងឯកជន តាមលទ្ធភាពនិងចំណូលចិត្តរបស់សាមីខ្លួនបាន៕

ព្រះអតីតចាងហ្វាងនិងព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត៖

១-ព្រះមហាវិមលធម្ម រតន៍ ថោង (ព្រហ្មបណ្ឌិត) ១៩១៤-១៩២៧

២-ព្រះសិរីសម្មតិវង្ស ល្វី ឯម (វជីរប្បញ្ញោ) ១៩២៨-១៩៤២   

៣-ព្រះពុទ្ធឃោសាចារ្យ ជួន ណាត (ជោតញ្ញាណោ) ១៩៤២-១៩៤៨

៤-ព្រះពោធិវ័ង្ស ហួត តាត (វជីរប្បញ្ញោ) ១៩៤៨-១៩៦៩

៥-ព្រះធម្មវិសុទ្ធិវង្ស គង់ គូ (បីយសីលោ) ១៩៦៩-១៩៧៥

៦-ព្រះពុទ្ធឃោសាចារ្យ ហេង លាងហោ (វិសារទប្បញ្ញោ) ១៩៩២-២០២១០

៧-ព្រះឧត្តមវិជ្ជា ម៉ៅ នីម (មុនិន្ទត្ថេរោ) ២០១១-២០១៩

៨-ព្រះពុទ្ធវង្ស ហ៊ូ ឈីវនាថ (ឋិតសីលប្បញ្ញោ) ២០២០-បច្ចុប្បន្ន

  1. ពុទ្ធិកវិទ្យាល័យ, ព្រះសុរាម្រឹត (2021). "Facebook". www.facebook.com. Retrieved 2024-04-06.