ព្រលានយន្តហោះខ្មែរក្រហម
thumb នៅដើមឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាប់ផ្តើមអនុវត្តគម្រោងកសាងព្រលានយន្តហោះយោធាដ៏ធំមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ដោយមានជំនួយផ្នែកបច្ចេកទេសពីប្រទេសចិន។ កងទ័ព កម្មាភិបាលខ្មែរក្រហម និងប្រជាពលរដ្ឋជាច្រើនសិបនាក់ ត្រូវបញ្ជូនមកធ្វើការនៅក្នុងការដ្ឋានព្រលានយន្តហោះមួយនេះ។ការដ្ឋានព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង បានសម្លាប់មនុស្សរាប់ពាន់ម៉ឺននាក់ដោយសារការងារបាក់កម្លាំង ឆក់ខ្សែភ្លើង និងសម្លាប់ចោល។ មានសាក្សីជាច្រើន ដែលបានចូលខ្លួនមកបំភ្លឺជុំវិញការធ្វើទារុណកម្មនៅក្នុងការដ្ឋានព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំងក្នុងសាលាក្តីខ្មែរក្រហមទៀតផង។ អ្នកកំពង់ឆ្នាំងក្នុងវ័យចំណាស់ ដែលបានឆ្លងកាត់សម័យប៉ុលពត បានរៀបរាប់អំពីការងារលំបាកលំបិនបំផុតក្នុងការដ្ឋានព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំងថា៖ ...ពួកខ្មែរក្រហមបានបង្ខំឱ្យប្រជាជនកាប់គាស់កាយរំលំដើមត្នោតរាប់សិបម៉ឺនដើម លើផ្ទៃដីជាច្រើនហិកតាទាំងយប់ ទាំងថ្ងៃ គ្មានបានហូបចុក និងសម្រាកគ្រប់គ្រាន់ឡើយ...។ ដើម្បីកសាងព្រលានយន្តហោះនេះ គេបានយកថ្មនៅការដ្ឋានថ្មភ្នំតាបាំងដែលនៅក្បែរនោះ ដោយសារមានគុណភាពល្អ។ ការងារនេះត្រូវធ្វើឡើងទាំងយប់ទាំងថ្ងៃ ពេលខ្លះកងទ័ព និងកម្មាភិបាលមួយចំនួន ក៏ត្រូវអង្គការយកទៅកំទេច(សម្លាប់) ដោយសារការធ្វេសប្រហែសចំពោះការងាររបស់ខ្លួន។ ផ្លូវបេតុងយ៉ាងក្រាស់ត្រូវបានគេចាក់ព័ទ្ធជុំវិញព្រលាន តភ្ជាប់មកដល់ទំនប់ក្រាំងលាវ។ ចំណែកការដ្ឋានថ្មនៅភ្នំតាបាំង គឺមានភ្លើងអគ្គិសនីបំភ្លឺទាំងយប់ទាំងថ្ងៃ។ កម្មាភិបាល និងជំនាញការចិន ត្រូវបានស្នាក់នៅក្នុងកន្លែងរូងភ្នំមួយនៅក្នុងភ្នំតារូង និងតារាជ ដោយគេបានចោះភ្នំទំលុះពីម្ខាងទៅម្ខាងទៀត ដើម្បីផ្ទុកគ្រឿងសព្វាវុធ និងគ្រាប់រំសេវផ្ទុះ។ បច្ចុប្បន្ន រូងភ្នំតារូង និងតារាជ ត្រូវបានព្រៃដុះជិត និងថ្មធ្លាក់បិទរូងជិតអស់ហើយ។ នៅក្នុងសម័យអ៊ុនតាក់ គេបានប្រើប្រាស់ព្រលានយន្តហោះនេះដើម្បីដឹកជំនួយ និងរថយន្តរបស់កងទ័ព។ បច្ចុប្បន្ន ព្រលានយន្តហោះនេះមិនសូវមានដំណើរការដូចមុនឡើយ។ ប៉ុន្តែ បើតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល គេនឹងមានគម្រោងសាងសង់ និងពង្រីកព្រលានយន្តហោះនេះ វិវឌ្ឍន៍ឱ្យក្លាយទៅជាអាកាសយានដ្ឋានអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០២០។
ឯកសារយោង
កែប្រែ- ↑ ប្រភពអត្ថបទ៖ Mao Chandara