ព្រហ្មចក្រព័ត្រាធិរាជ

ព្រហ្ម
ព្រះបាទ
រជ្ជកាលគ.ស ៩៥១-៩៥៩
រាជ្យមុនព្រះបាទសែណ្ណ័ករាជ
រាជ្យបន្ត?
ស្វាមី/មហេសីនាងកែសនី
ព្រះនាមពេញ
ព្រះបាទ​ព្រហ្មចក្រព័ត្រា​ធិរាជ
បិតាប្រាជ្ញ
មាតាតន់
ប្រសូតគ.ស ៨៤៩
ស្រុកឈើទាលប្រឱប ខេត្តសំរោងទង
សុគតគ.ស ៩៥៩
មហានគរ

ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ រឺ តាព្រហ្មឈ្មួញគោ (គ.ស ៨៤៩-៩៥៩) រជ្ជកាល (គ.ស ៩៥១-៩៥៩) បន្ទាប់ពីស្ដេច​ព្រះ​នាម​សែណ្ណ័ករាជ​ ​ឬ​ស្ដេច​ពាល​ ​ដែល​ទើបតែ​អាយុ​ ១៦ ​ឆ្នាំ​ ​បាន​ឡើង​សោយរាជ្យ​បន្ដ​ពីបិតា ​សោយរាជ្យ​បាន​ ១០​ ឆ្នាំ​ ​ស្ដេច​ពាល​ក៏​ចូល​ទិវង្គត​ទៀត ដោយ​គ្មាន​ទុក​នូវ​បុត្រាបុត្រី​សម្រាប់​បន្ដ​រាជ្យ​ឡើយ។​ ​នៅ​ចំពោះ​ព្រឹត្ដិការណ៍​ដូច្នេះ​ ​នាម៉ឺន​មុខមន្ដ្រី​ទាំងឡាយ​នាំ​គ្នា​រៀបចំ​កោះ​ប្រជុំ​អស់​ព្រះ​រាជ​ វង្សានុវង្ស​ ​ដើម្បី​ជ្រើសរើស​រក​ស្ដេច​អង្គ​ណាមួយ​ ​ដែល​មាន​សមត្ថភាព​បុណ្យ​បារមី​ ​អាច​នឹង​ឡើង​សោយរាជ្យ​សម្បត្ដិ​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ខ្មែរ​តទៅ​ អនាគត។ តាព្រហ្មឈ្មួញគោ ក៏បានសោយរាជ្យបន្តដោយមានគោរម្យនាមថា ព្រះបាទ ព្រហ្មចក្រព័ត្រាធិរាជ ជាព្រះមហាក្សត្រខ្មែរទី ២៤។​

ប្រវត្តិ

កែប្រែ

និទាន​កាលនោះ​វិញ នៅ​ស្រុក​ឈើទាល​ប្រឱប​ ​ក្នុង​ខេត្ដ​សំរោងទង​ ​មាន​ប្ដី​ប្រពន្ធ​ពីរ​នាក់​រស់នៅ​ដោយ​ក្ដី​សុខសាន្ដ​ប្ដី​ឈ្មោះ​ប្រាជ្ញ​ ​ប្រពន្ធ​ឈ្មោះ​នាង​តន់។​ ​ក្នុង​ឆ្នាំម្សាញ់​ ​ព.ស ​១៣៩២ ​ត្រូវជា​គ.ស​ ៨៤៩​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹក​វិល​ ​នាង​តន់​សម្រាល​បាន​កូន​ប្រុស​មួយ​ ​អាយុ​ទើបតែ​បាន​ប្រមាណ​បី​ខែ​ ​ស្រាប់តែ​ទារក​នោះ​បាត់​ខ្លួន​ ​ដោយ​អាថ៌​កំបាំង​ជាទី​បំផុត​ទោះបីជា​គេ​ខំ​រក​ដូចម្ដេច​ក៏​រក​មិនឃើញ​ដែរ។​

៣៥ ​ឆ្នាំ​កន្លង​មក បុរស​ម្នាក់​ចេញ​មុខ​លេច​មក​រក​ជួប​អ្នកប្រាជ្ញ​ ​និង​នាង​តន់ ដោយ​បញ្ជាក់​ថា​ ​ខ្លួន​នេះ​ហើយ​ជា​កូន​ ​ខ្លួន​មកនេះ​គឺ​ដើម្បី​បម្រើ​ឪពុកម្ដាយដែល​កាន់តែ​ចាស់ជរា​ ​បុរស​ជា​កូន​បាន​រៀបរាប់​ជម្រាប​ជូន​មាតាបិតា​ ​អំពី​បុព្វហេតុ​នៃ​ការ​បាត់​ខ្លួន​ ​និង​ព្រឹត្ដិការណ៍​អស្ចារ្យ​ ​ដែល​អ្នក​សច្ចំ​បាន​រើស​យក​ទៅ​ចិញ្ចឹម​ ​បង្ហាត់បង្រៀន​អប់រំ​ប្រៀនប្រដៅ​អស់​គ្រប់មុខ​វិជ្ជា​ ​វេទមន្ដ​សិល្ប៍សាស្ដ្រ​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​មាន​កម្លាំង​ពលំ​មាំមួន​ ​ខ្លាំងក្លា​ស្មើ​នឹង​ដំរីសារ​ប្រាំពីរ។​ ​បាន​យល់​ឃើញ​ដឹង​ឮ​ដូច្នេះ​ បុរស​ប្ដី​ប្រពន្ធ​នាំ​គ្នា​ខំ​សង្កេត​ពិនិត្យ​មើលរូប​រាង​ ​អាកប្បកិរិយា​ឫកពា​នាយ​កំលោះ​នោះ​ ​ហើយ​ក៏​មាន​ជំនឿ​ជឿជាក់​ថា​ពិតជា​កូន​របស់​ខ្លួន​ប្រាកដ​មែន។​ ​អ្នកប្រាជ្ញ​ ​និង​នាង​តន់​ ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​ព្រហ្ម។​ ​ចៅ​ព្រហ្ម​មាន​កម្ពស់ ​៦​ហត្ថ​ ​(១ ហត្ថ​មាន​ប្រវែង​ប្រហែល​ ​០,៥០​ម អញ្ជឹងត្រូវជា ៣ ម៉ែត្រ)។

ថ្ងៃមួយ​ ​ឪពុក​ម្ដាយ​ទាំង​ពីរ​នាក់​ ​នឹកគិត​ចង់​រៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​មានគ្រួសារ​ ​គាត់​បាន​នាំ​គ្នា​ចូល​ទៅ​សុំ​ចងស្ពាន​មេត្រី​ ​ស្ដីដណ្ដឹង​នាង​កែស​នី​ ​បុត្រី​ពញា​ស្រី​ ​និង​នាង​កែវ​ ​ទុកដាក់​ជា​ភរិយា​គូគាប់​ចៅ​ព្រហ្ម។​ ​ចៅ​ព្រហ្ម​អាយុ​បាន ​៥៨ ​ឆ្នាំ​ឪពុក​ម្ដាយ​ចែក​ស្ថាន​ចាកចោល​ទៅ​ ​ដោយ​ទុក​គោ​ញី​មួយ​នឹម​ ​សម្បុរ​ត្នោត​ ​និង​ពណ៌​​ ​ជា​កេរ្ដិ៍។​ ​ពី​ថ្ងៃ​នោះ​មក​ ​ចៅ​ព្រហ្ម​ ​និង​នាង​កែស​នី​ ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ​រកស៊ី​ទិញ​គោ​លក់​គោ​ ​រហូត​ទាល់តែ​មានបាន​ទ្រព្យសម្បត្ដិ​ធនធាន​សម្បូរ​ហូរហៀរ​យ៉ាងច្រើន​ ​មាន​មនុស្ស​ខ្ញុំកំដរ​ ​បម្រើ​ដល់​ទៅ​ ៥០០​ នាក់​ ​អ្នកស្រុក​អ្នក​ភូមិ​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​តា​ព្រហ្ម​ឈ្មួញ​គោ។​

សម័យកាល ​មួយ​ ​តា​ព្រហ្ម​ ​និង​ភរិយា​នាំ​មនុស្ស​ម្នា​ខ្ញុំបម្រើ​ចេញ​ទៅ​លក់​គោ​នៅ​តំបន់​ក្រៅ។ ​ទៅ​ដល់​តំបន់​ថ្ពង​ ​គេ​នាំ​គ្នា​ឈប់​សម្រាក​យក​កម្លាំង​ក្រោម​ដើមឈើ​ទាល​ ​នាង​កែស​នី​ចាប់ផ្ដើម​ដាំ​ស្ល​ចម្អិន​អាហារ​បាយ​ទឹក​ ​គ្រានោះ​ ​តា​ព្រហ្ម​ដែល​ផ្អែក​ខ្នង​ទៅ​លើ​ដើមឈើ​ទាល​ងើប​ក្បាល​ក្រឡេក​មើល​លើ​ ​ស្រាប់តែ​ប្រទះ​ឃើញ​ពស់វែក​ធំ​ពីរ មួយ​ឈ្មោល​មួយ​ញី​ធំ​ដូច​ដើម​ត្នោត​ប្រវែង​ប្រហែល ​១២ ​ព្យាម​ ​(១​ព្យាម មាន​ប្រវែង​ប្រហែលជា​២​ម៉ែត្រ ត្រូវជា ២៤ ម៉ែត្រ) កំពុង​តែ​រួត​រឹត​រមូល​ខ្លួន​ខ្មាញ់​រួមរក្ស​សង្វាស​គ្នា​លើ​មែកឈើ។​ ​តា​ព្រហ្ម​ ​ក៏​ស្ទុះ​ទៅ​រើស​ចាប់​យក​ដុំ​ថ្ម​មួយ​ផ្ទាំង​ធំ​យ៉ាង​ធ្ងន់​ ​គប់​ចោល​សំដៅ​សម្លាប់​ពស់វែក​ទាំង​ពីរ​ ​រំពេច​នោះ​ ​ទេវតា​នៅ​ដើម​ជ្រៃ​ ​ដែល​ថែរក្សា​ទឹកដី​ព្រៃ​ភ្នំ​ក៏​តំណែង​ខ្លួន​ជា​សមណ​សង្ឃ​និមន្ត​ដើរ​ តម្រង់​មក​រក​តា​ព្រហ្ម។​ ​តា​ព្រហ្ម​ ​និង​នាង​កែស​នី​រីករាយ​ណាស់​ ​បាន​និមន្ដ​ព្រះសង្ឃ​ឲ្យ​ចូល​ទៅ​គង់​ ​ហើយ​ពិតទូល​លោក​អំពី​ហេតុការណ៍​ដែល​ទើបតែ​កើត​មាន។​ ​ព្រះ​សមណ​បាន​មានសង្ឃដិកា​បញ្ជាក់​ថា​ ​ពស់​ទាំង​ពីរ​នេះ​ជា​ពស់វែក​ភ្នំ​ ​ហើយ​ក៏​ជា​ពស់​របស់​ព្រះ​អង្គ។​ ​ព្រះ​អង្គ​បាន​បន្ដ​ទៅ​ទៀត​ថា​ ​ពស់វែក​ភ្នំ​ទាំង​ពីរ​ចង់​សាកល្បង​មហិទ្ធិឫទ្ធិ​ ​ជាមួយ​នឹង​តា​ព្រហ្ម។​ ​ឥឡូវ​ពស់វែក​ភ្នំ​នោះ​ចាញ់ហើយ​ ​ដូច្នេះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ទៀត​ ​តា​ព្រហ្ម​នឹង​មាន​សំណាង​ដល់​ពេល​បាន​ឡើង​សោយរាជសម្បត្ដិ​ប្រទេស​ កម្ពុជា​ ​ហើយ​និង​បាន​ការ​ពារ​លើក​ស្ទួយ​តម្កើង​ព្រះពុទ្ធ​សាសនា​ជា​មិន​ខាន។​ ​មាន​ពុទ្ធ​ដីកា​ទស្សន៍​ទាយ​ចប់​ដល់​ត្រឹមនេះ​ ​ព្រះ​សាមណេរ​ ​និង​ពស់វែក​ភ្នំ​ទាំង​ពីរ​ក៏​បំបាំង​ខ្លួន​បាត់​មួយ​រំពេច​ទៅ​ដែរ។​

តា​ព្រហ្ម​នឹក​ឆ្ងល់​ណាស់​ ​ក៏​សម្រេចចិត្ដ​មិន​ធ្វើ​ដំណើរ​នាំ​គោ​ទៅ​លក់​ឯ​កំពង់សោម​ទេ។​ ​គាត់​នាំ​ប្រពន្ធ​ ​អ្នកបម្រើ​ ​និង​គោ​ត្រលប់​មក​កោះ​ឫស្សី​កែវ​វិញ។​ ​ធ្វើ​ដំណើរ​មក​ដល់​ស្ទឹង​ទទឹងថ្ងៃ​ ​គាប់​ជួន​ពេល​ព្រលប់​យប់​មក​ដល់​ ​តា​ព្រហ្ម​នាំ​គ្នា​ឈប់​សម្រាក​នៅ​ទីនោះ​ ​យប់​នោះ​តា​ព្រហ្ម​សុបិន​ឃើញ​ព្រះ​មួយ​អង្គ​ ​យក​ព្រះអាទិត្យ​មក​ប្រគល់​ឲ្យ​គាត់។​ ​ងើប​ភ្ញាក់​ពី​និទ្រា​តា​ព្រហ្ម​នឹក​ពិភាល់​ក្នុង​ចិត្ដ​ណាស់​ ​នាំ​ភរិយា​ចុះទូក​អុំ​ទៅ​វត្ដ​កោះស្លាកែត​ ​ដើម្បី​សុំ​លោកគ្រូ​ចៅអធិការ​ទស្សន៍​ទាយ​មើល​ជោគជតា​វាសនា​របស់​ខ្លួន។​ ​មក​ដល់​ទន្លេ​បួន​មុខ​ ​ភ្លៀង​ព្យុះ​សង្ឃរា​មួយ​យ៉ាង​ធំ​បាន​បោកបក់​មក​លើ​ ​ធ្វើ​ឲ្យ​ទូក​តា​ព្រហ្ម​លិចលង់​កណ្ដាលទន្លេ។​ ​រហ័ស​ដូច​ផ្លេក​បន្ទោរ​ ​តា​ព្រហ្ម​ចាប់​កញ្ឆក់​ដៃ​នាង​កែស​នី​ហក់លោត​ផ្លោត​ទៅ​ដល់ត្រើយ។​ ​កន្លែង​នោះ​មាន​ឈ្មោះ​ថា​ ​ជ្រោយ​តា​ព្រហ្ម​ ​ជាប់​រហូត​មក​ដល់​សព្វថ្ងៃ។​

ឆ្លង​ផុត​ គ្រោះថ្នាក់​លង់​ទូក​ហើយ​ ​តា​ព្រហ្ម​ ​និង​ភរិយា​នាំ​គ្នា​ធ្វើ​ដំណើរ​បន្ដ​ទៅ​ទៀត។​ ​មក​ដល់​ស្រុក​កៀនស្វាយក្នុង​ ​ស្រាប់តែ​មាន​ខ្លា​បង់បត់​ពីរ​ចេញ​មក​ដេញ​ខាំ​រកស៊ី​ប្ដី​ប្រពន្ធ​ទាំង​ពីរ។​ ​ប៉ុន្ដែ​តា​ព្រហ្ម​រហ័ស​ជាង​ ​ចាប់​ដំបង​វាយ​សម្លាប់​ខ្លា​ទាំង​ពីរ​នោះ​បាន​ដូច​សេចក្ដី​ប្រាថ្នា។ ​បន្ទាប់​មក​គាត់​លី​ខ្លា​ទាំង​ពីរ​ ​យក​ទៅ​ប្រគេន​លោកគ្រូ​មេវត្ដ។​

សង្កេត​មើលឃើញ​ ​និង​ស្គាល់​គ្រប់​អស់​ភិនភាគ​និស្ស័យ​តា​ព្រហ្ម​ ​លោកគ្រូ​ចៅអធិការ​យល់​ស្គាល់​ច្បាស់​ថា​ ​តា​ព្រហ្ម​ជា​អ្នកមាន​បុណ្យ​ ​ដែល​ត្រូវ​សោយរាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ត្រូវ​លើក​ស្ទួយ​តម្កើង​ព្រះពុទ្ធ​សាសនា​ទៅ​អនាគត។​ ​តែ​តា​ព្រហ្ម​មិន​បាន​អាយុ​វែង​ទេ​ ​ពីព្រោះ​គាត់​មានកម្ម​ពៀរ​វេរា​ ​ដោយ​បាន​សម្លាប់​ពស់​ទាំង​ពីរ​ ​និង​ខ្លា​ទាំង​ពីរ។​ ​ព្រះ​គ្រូ​ចៅអធិការ​ ​បាន​មាន​សង្ឃដីកា​បញ្ជាក់​ប្រាប់​តា​ព្រហ្ម​ថា​ ​គាត់​នឹង​បាន​ឡើង​សោយរាជ្យ​ ​ហើយ​នឹង​ត្រូវ​ការពារ​ព្រះពុទ្ធ​សាសនា។​ព្រះសង្ឃ​បាន​ចង្អុលបង្ហាញ​ ឲ្យធ្វើ​ដំណើរ​តម្រង់​ទៅ​តាម​ទិស​ខាងជើង​ឆៀង​ខាងកើត​ ​នោះ​នឹង​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ជា​មិន​ខាន។​

ឆ្នាំរកា ​ព.ស​ ១៤៩៤​ត្រូវជា ​គ.ស ​៩៥១​ ​តា​ព្រហ្ម​អាយុ​បាន​ ១០២ ​ឆ្នាំ។​ ​គ្រានោះ​ ​តា​ព្រហ្ម​និង​ភរិយា​ ​ព្រមទាំង​ខ្ញុំ​កំដរ​ប្រុស​ស្រី​ នាំ​ហ្វូងគោ​ឆ្លងកាត់​ទន្លេ​ទៅ​ដល់​ភូមិ​អរិយក្សត្រ​ ​បន្ដ​ទៅ​ដល់​ពាមផ្កាយម្រេច​ ​ឆ្លង​ទៀត​ទៅ​ដល់​ស្រុក​ជីរោ​ ​សព្វថ្ងៃ​គឺ​ស្រុក​ត្បូងឃ្មុំ​ ​រហូត​ទៅ​ដល់​ខេត្ដ​កំពង់ចាម​ ​និង​កំពង់សៀម​ ​(នៅ​កំពង់សៀម​ ​ក្នុង​ខេត្ដកំពង់ចាម​ ​រូងភ្នំ​ ​ជា​កន្លែង​ដែល​តា​ព្រហ្ម​រក្សា​ទុកដាក់​ស្នា​ ​មានឈ្មោះ​ថា​តុ​តា​ព្រហ្ម​ជាប់​រហូត​រៀង​មក​) តា​ព្រហ្ម​និង​ភរិយា​នាំ​គ្នា​រៀបចំ​សង់​ទីលំនៅ​នៅ​ទី​នេះ​ហើយ​ប្រកប​មុខរបរ ​កសិកម្ម​ធ្វើស្រែចម្ការ​ និង​ចិញ្ចឹម​គោ។​

ថ្ងៃមួយ តា​ព្រហ្ម​នាំ​ខ្ញុំកំដរ​ ​និង​គោ​ទៅ​លក់​ឯ​មហានគរ។​ ​គ្រានោះ ព្រះឥន្ទ្រ ព្រះព្រហ្ម​ ទេពតា​តូច​ធំ​ ​គុណបុណ្យ​បារមី​ និង​វត្ថុ​ស័ក្ដិ​សិទ្ធ​ទាំងឡាយ​បាន​បង្កើត​ធ្វើ​ឲ្យ​ស្នូរ​ជើងគោ​ត្រដោក​ លាន់ឮ​សូរ​គគ្រឹកគគ្រេង​ទ្រហឹង​អឺងកង​ ​ខ្ទរខ្ទារ​សុះសាយ​ពាសពេញ​ព្រៀប​មក​លើ​មហានគរ ។​ ​សព្វ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​តែ​ដោះស្រាយ​បញ្ហា​ស្នងរាជ្យ​បន្ដ​ពី​ស្ដេច​ពាល​ ​ឬ​ព្រះ​សែណ្ណ័ករាជ​ ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ខំ​ងាក​ក្រឡេក​សម្លឹង​មើលទៅ​តាម​ទិស​ដែល​ឮ​សូរ​ស្នូរ​សំឡេង​ ​ក៏​ស្រាប់តែ​ឃើញ​មាន​ឥន្ទ​ចន្ទ​ប្រាំពីរ​ជាន់​ ​ប្រក់ព្រំ​ការពារ​ពីលើ​តា​ព្រហ្ម​ ​ដូច​ជា​គេ​បាំង​ក្លស់​ឲ្យ។​ ​ក្លស់​ឥន្ទ​ចន្ទ​នោះ​ ​មាន​ពណ៌​ចម្រុះ​ ​ខៀវ​ ​ស​បៃតង​ក្រហម​លឿង​ ​មើលទៅ​គួរ​ឲ្យ​អស្ចារ្យ​សម្បើម​ពេក​ក្រៃ។​

ដោយ​ យល់​ឃើញ​ថា​ ​តា​ព្រហ្ម​ជា​មនុស្ស​មានបុណ្យ​បារមី​ ​មាន​អាយុ​វែង​ជាង​មនុស្ស​ធម្មតា​ ​ប្រជានុរាស្ដ្រ​ខ្មែរ​ទូទៅ​ ​ព្រមទាំង​នាម៉ឺន​មុខមន្ដ្រី​បាន​ចុះសម្រុង​មូលមតិ​គ្នា​ ​សុំ​ឲ្យ​គាត់​ឡើង​គ្រប់គ្រង​រាជសម្បត្ដិ​ប្រទេស​កម្ពុជា។​ ​តា​ព្រហ្ម​ឈ្មួញ​គោ​បាន​នាំ​មក​នូវ​សេចក្ដី​សុខក្សេមក្សាន្ដ​ ​សន្ដិភាព​ ​ចម្រុងចម្រើន​ ​គ្រប់​ប្រការ​ដល់​ប្រទេស​ជាតិ។​ ​ពង្សាវតារ​វត្ដ​ទឹក​វិល​បាន​បញ្ជាក់​ថា​ ​ព្រះ​អង្គ​បាន​កសាង​ប្រាសាទ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទ​តាព្រហ្ម​ជាដើម ។​


ឯកសារយោង

កែប្រែ
មុនដោយ
ព្រះបាទសែណ្ណ័ករាជ
មហានគឬ តដោយ
អត់ស្គាល់