ព្រះបាទរុទ្រវរ្ម័ន

ព្រះបាទកៅណ្ឌិន្យជ័យវរ្ម័នមានអគ្គមហេសីព្រះនាម កុលប្រភាវតី និព្រះរាជបុត្រព្រះនាម ព្រះបាទគុណវរ្ម័ន។ រីឯព្រះបាទរុទ្រវរ្ម័នជាបុត្រច្បងជាមួយស្នំម្នាក់។ នៅឆ្នាំ៥១៤ ព្រះបាទរុទ្រវរ្ម័នមានធ្វើគុតព្រះបាទគុណវរ្ម័ន រួចដណ្តើមរាជសម្បត្តិ។ ព្រះបាទរុទ្រវរ្ម័នជាស្តេចនៃអាណាចក្រភ្នំ ឬនគរភ្នំចុងក្រោយគេបង្អស់។ ព្រះអង្គបានបញ្ជូនទូតទៅប្រទេសចិនជាច្រើនលើកដូចជានៅឆ្នាំ៥១៧ និងឆ្នាំ៥៣៥។ អាណចក្រភ្នំបាននាំសត្វរមាសមួយទភថ្វាយស្តេចក្រុងចិន ព្រះចៅលាងវូទី[១]។ សិលាចារឹកនៅបាទី បាននិយាយថា ព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេបានធ្វើការកសាងខាងព្រះពុទ្ធសាសនា ដែលមានការចារទុកនៅក្នុងឯកសារនោះ។ បើតាមពង្សាវតារបស់រាជវង្សលាង ពុទ្ធសាសនាសម័យនោះរុងរឿងណាស់ ព្រោះឯកសារនោះបាននិយាយថាគណៈបេសកម្មទូតចិនមួយត្រូវបានបញ្ចូលនៅអាណាចក្រភ្នំនៅចន្លោះឆ្នាំ៥៣៥ និងឆ្នាំ៥៤៥ ដើម្បីឱ្យអាណាចក្រភ្នំនោះ បញ្ចូលទៅវិញនូវអ្នកប្រាជ្ញ និងគម្ពីរខាងពុទ្ធសាសនា។ គ្រានោះមានជនជាតិឥណ្ឌាម្នាក់ឈ្មោះ បរមាថិ ឬគុណរកន បានស្នាក់នៅអាណាចក្រភ្នំ។ គួរកត់សម្គាល់ថា ការដែលព្រះបាទរុទ្រវរ្ម័នសោយរាជ្យខុសទំនងបែបនេះ បានបណ្តាលឱ្យមានការវឹកវររហូតដល់អាណាចក្រភ្នំដួលរលំជាស្ថាពរនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី៦[២]

ព្រះបាទរុទ្រវរ្ម័ន
រាជ្យមុនព្រះបាទកៅណិ្ឌន្យជ័យវរ្ម័ន
រាជ្យបន្តព្រះបាទភវវរ្ម័នទី១
សាសនាព្រហ្មញ្ញសាសនា និង រាជធានីវ្យាធបុរៈ

ឯកសារយោង កែប្រែ

  1. សៀវភៅសិក្សាសង្គម ថ្នាកទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ទំព័រទី១៣៤
  2. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ទំព័រទី៩៥