ស្រីរាជា

(គ.ស ១៤៣៧-១៤៦៨)
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទស្រីរាជា)

ស្រីរាជា (អង់គ្លេស: Srei Reachea) (ប្រ.ស|គ.ស ០០០០-១៤៦៨) រជ្ជកាលគ្រងរាជ (គ.ស ១៤៣៧-១៤៦៨) ព្រះអង្គជាព្រះរាជបុត្រទី២ របស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិក្នុងឆ្នាំម្សាញ់ សំរឹទ្ធិស័ក ព.សករាជ ១៩៨១ ត្រូវនិង គ.សករាជ ១៤៣៧ ត្រូវនិង មហាសករាជ ១៣៦០ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះស្រីរាជា" និងបានឡើងសោយរាជបន្តពីព្រះជេស្ឋា (បង) របស់ខ្លួនគឺ ព្រះនរាយណ៍រាមា ។ ព្រះស្រីរាជា នេះហើយដែលលើកទ័ពខ្មែរ ទៅវាយយកបណ្ដារស្រុកភាខាងលិច ពីសៀមមកវិញ និង បានលើកទ័ពឡោមព័ទ្ធរាជធានី ស្រីអាយុធ្យា ដែលជារាជធានីធំ របស់សៀម ផងដែរ ។[១]

ស្រីរាជា

រជ្ជកាល ១៤៣៧-១៤៦៨

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​១៤៣៧
រាជសម័យ សម័យកាលចតុមុខ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះស្រីរាជា
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន នរាយណ៍រាមា
រាជបន្ត ស្រីសុរិយោទ័យ
សន្តិវង្ស រាជវង្ស​ចតុមុខ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ ពញ្ញាអង្គ ធម្មខាត់
ចូលទីវង្គត់ ១៤៦៨
ជំនឿសាសនា ពុទ្ធសាសនា និង ព្រហ្មញ្ញ​សាសនា
ជំនឿ​លើពពួកទេវតា

ជីវិតចាប់ផ្ដើម កែប្រែ

Early Life

ស្រីរាជា មានបិតាព្រះនាម ពញ្ញាយ៉ាត និង មានមាតាព្រះនាម សុីសាង៉ាម ហើយព្រះអង្គមានបុត្រ១អង្គ នាម "ពញ្ញាអង្គ ធម្មខាត់" ហើយទ្រង់បានឡើងសោយរាជបន្តពី នរាយណ៍រាមា ក្នុងឆ្នាំ ១៤៣៧ នៃគ.សករាជ ដែល នរាយណ៍រាមា ត្រូវជាព្រះជេស្ឋា (បង) ដែលមានបិតាតែមួយ តែម្ដាយទីទៃពីគ្នា ។ ព្រះស្រីរាជា ជាស្ដេចខ្មែរមួយអង្គដែលលើកទ័ពខ្មែរ វាយយកបណ្ដាស្រុកភាគខាងលិច ពីសៀមមកវិញ និងបានលើកទ័ព ព័ទ្ធរាជធានី ស្រីអាយុធ្យា ផងដែរ ។ ក្រៅពី ធ្វើសង្គ្រាមនិងពួកសៀម ព្រះអង្គត្រូវធ្វើសង្គ្រាម ជាមួយ ស្រីសុរិយោទ័យ ដែលជាព្រះនុជ (ប្អូន) បង្កើតរបស់ព្រះអង្គ ដែលបានធ្វើរាជប្រហារដណ្ដើមរាជពីទ្រង់ផងដែរ ក្រៅពី ស្រីសុរិយោទ័យ ទ្រង់ត្រូវប្រឈមមុខ និង ប្អូនបង្កើតមួយអង្គទៀត ជាបុត្ររបស់ក្សត្រីយ៍ បុទមកេសរ គឺ ធម្មរាជាទី២ ដែលកាន់កាប់ទឹកដីមួយចំណែកទៀត ដាក់ជាតំបន់គ្រប់គ្រងរបស់ខ្លួន ។ ជម្លោះរាជវង្សដ៏ផុយស្រួយនេះ បានបង្ករជាសង្គ្រាមក្នុងព្រះនគរ រហូតឈានដល់ការពុះទឹកដីកម្ពុជា ជា៣ ចំណែកធំៗ ថែមទៀតផង ។[២]

ខ្មែរវាយយក បស្ចឹមបុរី កែប្រែ

Khmer invades Pachim Borei

  • (Thai Pronounciation: Prachin Buri)

ក្រោយពេល ព្រះស្រីរាជា ឡើងសោយរាជ បានរយៈពេល ១៦ ឆ្នាំ ទ្រង់បានលឺដំណឹងថា នគរសៀម កំពុងជួបវិបិត្តរាជវង្សដណ្ដើមរាជ ដោយហេតុថា "ឃុនវរវង្ស" បានក្បត់សម្លាប់ "ព្រះចៅយ៉តហ្វា" ដូចនេះព្រះស្រីរាជា បានប្រមូលទ័ពប្រមាណជា ១២០,០០០ (១២មុឺននាក់) និង បានតែងតាំងមេទ័ពប្រមុខ "ចៅហ៊្វាកលហៈ" ជាសេនាបតីធំ (រដ្ឋមន្ត្រីក្រសួងការពារជាតិ) ឱ្យលើកទ័ពទៅវាយ យកស្រុកបស្ចឹមបុរី ជាមុនដើម្បី ដាក់ជាមូលដ្ឋានទ័ព ហើយរងចាំទ័ពហ្លួងរបស់ទ្រង់នៅទីនោះ ដើម្បីធ្វើការប្រមូលទ័ព វាយយកបណ្ដាស្រុកភាគខាងលិចពីសៀមត្រឡប់មកវិញ ក្នុងឆ្នាំ ១៤៥៣ នៃគ.សករាជ ត្រូវនិង ព.សករាជ ១៩៩៧ ត្រូវនិង មហាសករាជ ១៣៧៦ ។ ក្រោយពេលទ័ពខ្មែរ ដែលដឹកនាំដោយ "ចៅហ៊្វាកលហៈ" វាយបែកបស្ចឹមបុរី ព្រះស្រីរាជា បានលើកទ័ពហ្លួងដោយផ្ទាល់ ចំនួន ៥៥,០០០ (៥មុឺន ៥ពាន់នាក់) បន្ថែមទៀត បូករួមទាំងដំរីសឹក ១៨០ ក្បាល រទេះសឹកចម្បាំង ២០០០ គ្រឿង និង សេះចម្បាំង ៤០០០ និង កងបាញ់ព្រួញ ៥០០០ នាក់ ទៅជួបជុំកងទ័ពនៅបស្ចឹមបុរី ដើម្បីត្រៀមវាយចូល រាជធានីធំ របស់សៀម ស្រីអាយុធ្យា ។[៣]

ខ្មែរវាយប្រហារ ស្រីអាយុធ្យា កែប្រែ

Khmer attack Srei Ayudhya

  • (Thai Pronounciation: Si Ayutthaya)

ក្រោយពេលកងទ័ពខ្មែរវាយបែក បស្ចឹមបុរី កងទ័ពបានប្រមូលផ្ដុំក្នុងចំនួន ១៨០,០០០ (១៨មុឺននាក់) ព្រះស្រីរាជា បានត្រាសបង្គាប់ឱ្យ ចៅហ៊្វាកលហៈ ដកទ័ព ៦០,០០០ (៦មុឺននាក់) វាយយកស្រុក ចន្ទបុរី និង រយ៉ង ចំណែកទ្រង់ដឹកនាំទ័ពធំដោយផ្ទាល់ ១២៥,០០០ (ជាង១សែននាក់) វាយចូលក្រុងស្រីអាយុធ្យា ក្នុងរាជស្ដេចសៀម "បរមរាជា តិលោករាជ" ក្នងឆ្នាំ ១៤៥៩ នៃគ.សករាជ កងទ័ពខ្មែរ សម្រុកចូលកំពែងក្រុងសៀម ដោយដាក់ជណ្ដើរឬស្សី វាយចូល ដោយសារកំពែងក្រុងសៀមមានកម្ពស់ខ្ពស់ ប្រមាណជា ២៤ហត្ថ ដោយស្មើនិងកម្ពស់ ១២ ម៉ែត្រ សៀមបានបាញ់កាំភ្លើងធំមកវិញស្លាប់កងទ័ពខ្មែរអស់ជាច្រើន ឃើញដូចនេះ ព្រះស្រីរាជា ត្រាសបង្គាប់ឱ្យ មេទ័ពខ្មែរ ចក្រីប៉ែន ដកកងព្រួញ ៥០០០ (៥ពាន់នាក់) បាញ់ទម្លាក់ទ័ពសៀមតាមកំពែងក្រុង សៀមប្រើកងកាំភ្លើងវែង បាញ់ប្រហារមកវិញ ត្រូវមេទ័ពខ្មែរ ចក្រីប៉ែន ក៏ពលីក្នុងសង្គ្រាមនេះ កងទ័ពខ្មែរបានឡោមព័ទ្ធ ក្រុងស្រីអាយុធ្យា អស់រយៈពេល ៤ខែ នៅតែវាយមិនបែក ហើយក៏ខ្វះស្បៀង ព្រះស្រីរាជា ក៏សម្រេចចិត្តដកទ័ព ទៅបោះជុំរំនៅ បស្ចឹមបុរី វិញ ។ ព្រះស្រីរាជា ជាប់ធ្វើចម្បាំងនិងសៀម មិនទាន់ដឹងឈ្នះចាញ់ផង ក៏ទទួលបានសារលិខិត អំពីរាជប្រហារ យករាជបល្ល័ង របស់ ស្រីសុរិយោទ័យ ដែលផ្ញើដោយ ធម្មរាជាទី២ ដូចនេះ ទ្រង់សម្រេចចិត្តដកកងទ័ពត្រឡប់មកវិញ ។[៤]

អភូត្តហេតុ ផ្កាយដុះកន្ទុយ គ.សករាជ ១៤៦១ កែប្រែ

The Miracle of the Comet 1461 AD

អំឡុងពេលដែល ស្រីសុរិយោទ័យ ធ្វើរាជប្រហារ ព្រះស្រីរាជា បានកើតមាន អភូត្តហេតុ ផ្កាយដុះកន្ទុយ កើតឡើង មនុស្សម្នាងើយមើលឃើញគ្រប់គ្នាៗ ផ្កាយដុះកន្ទុយ នេះចាប់រះ ពីទិសខាងកើត ហើយវាទម្លាក់កន្ទុយយ៉ាងវែង មក ទិសខាងត្បូង ផ្កាយដុះកន្ទុយនេះ បានរះរយៈពេល ១៥ ថ្ងៃ ប្រជារាស្ត្រចាប់ផ្ដើមជជែកគ្នាអំពីហេតុការណ៍នេះ ដោយសន្និដ្ឋានថា ព្រះនគរ និង កើតមានកល្លិយុគសង្គ្រាម ចលាចលជាក់ជាមិនខាន ។ ក្រោយពេល ព្រះស្រីរាជា ដកទ័ព ត្រឡប់មកវិញ ទ្រង់បានធ្វើដំណើរកាត់តាម បាត់ដំបង និង ពោធិ៍សាត់ និង បានបោះជុំរំទ័ពនៅ "អមរិន្ទគិរីបូរណ៍ " (បច្ចុប្បន្នជាស្រុក បរិបូរណ៍) ខែត្រ កំពង់ឆ្នាំង ។ គ.សករាជ ១៤៦១ ព្រះស្រីរាជា បានដឹកនាំទ័ពចំនួន ៧០០០០ (៧មុឺននាក់) បើកការវាយការប្រហារ ទៅលើ ស្រីសុរិយោទ័យ នៅរាជធានី ចតុមុខ និង បានដុតបំផ្លាញព្រះរាជវាំងថែមទៀតផង ហើយ ស្រីសុរិយោទ័យ និងកងទ័ព បានដកទៅដល់ បន្ទាយទួលបាសាន ក្នុងខែត្រ កំពង់ចាម[៥]

ចម្បាំងនៅក្រចេះ កែប្រែ

Battle at Kratie

ក្នុងឆ្នាំ ១៤៦៣ នៃគ.សករាជ ព្រះស្រីរាជា បានចាត់ "ពញ្ញាយមរាជ" លើកទ័ព ៥០,០០០ (៥មុឺននាក់) ទៅវាយ ស្រីសុរិយោទ័យ នៅបន្ទាយទួលបាសាន (បច្ចុប្បន្ន: កំពង់ចាម) ស្រីសុរិយោទ័យ បានដកថយបន្តទៀត ទៅស្រុកឆ្លូង (បច្ចុប្បន្នជា: ខេត្តក្រចេះ) ហើយកងទ័ព ស្រីរាជា បានបន្តវាយចូលដល់ ស្រុកឆ្លូង ស្រីសុរិយោទ័យ ក៏ចាត់ សេនាបតីវុធ ឱ្យលើកទ័ពជើងទឹកវាយគៀបពីក្រោយត្រង់សមរភូមិក្រចេះ ហើយទីបំផុតកងទ័ព ស្រីរាជា ក៏បរាជ័យ នៅក្រចេះដយថយជាបន្តបន្ទាប់ និងបន្តដកថយរហូតដល់ កំពង់ឆ្នាំង វិញ ក្នុងឆ្នាំ ១៤៦៥ នៃគ.សករាជ សង្គ្រាមរវាង ស្រីរាជា និង ស្រីសុរិយោទ័យ បានអូសបន្លាយពីឆ្នាំ ១៤៦១ ដល់ឆ្នាំ ១៤៦៥ នៃគ.សករាជ ។ ស្រីរាជា បានដំណឹងថា ធម្មរាជាទី២ បានរក្សាទុកនៅគ្រឿងសម្រាប់រាជទាំង៥ ទ្រង់បានចាត់បេសកជនទៅទាមទារមកវិញ តែធម្មរាជាទី២ ទ្រង់មិនយល់ព្រមនោះទេ ដោយសេចក្ដីគ្រោធខឹង ស្រីរាជា បានលើកទ័ពទៅវាយ ធម្មរាជាទី២ នៅសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) តែមិនទទួលបានជោគជ័យនោះទេ ត្បិតត្រូវទ័ព ធម្មរាជាទី២ វាយរុញច្រានមកវិញ និងវាយយកបានតំបន់ចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដូចនេះ ស្រីរាជា ក៏បន្តគ្រប់គ្រងនូវទឹកដីភាគខាងលិចចាប់ពី រយ៉ង ជល់បុរី បស្ចឹមបុរី នគររាជសីម៉ា បុរីរម្យ ទៅទល់និង ព្រំប្រទល់សៀម ហើយភាគខាងកើត ចាប់ពី កោះកុង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប ដល់ កំពង់ធំ ភាគខាងជើងចាប់ពី ព្រះវិហារ សុីសាកេត ដល់ ម្លូព្រៃ ទល់និងព្រំប្រទល់ នគរឡាវ ក្នុងរជ្ជកាលគ្រប់គ្រងរបស់ទ្រង់ ក្រោយមកទើបទ្រង់យាងចូលព្រះទីវង្គត់ក្នុងឆ្នាំ ១៤៦៨ នៃគ.សករាជ ។[៦]

ចំណារពន្យល់ កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

មើលផងដែរ កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ កែប្រែ

ស្រីរាជា
(គ.ស ០០០០-១៤៦៨)
មុនដោយ
នរាយណ៍រាមា
រាជាណាចក្រកម្ពុជា
១៤៣៧-១៤៦៨
តដោយ
ស្រីសុរិយោទ័យ

ឯកសារយោង កែប្រែ

  1. Treng Nga (1973) Khmer History Volume 2, Publisher: Khmer Mon Institute, Publication: Center for Khmer Studies Library p.198 ISBN: 9995059959, 9789995059958
  2. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  3. Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University
  4. Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
  5. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  6. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917