ព្រះពុទ្ធសាសនា​នៅ​នេប៉ាល់

នេប៉ាលជាដែនដីជាតិភូមិរបស់ព្រះពុទ្ធជាម្ចាស់។ ដែនដីក្នុងអាណាខេត្តរបស់ប្រទេសនេប៉ាល ធ្លាប់ជាទីតាំងនៃស្ថានទីសំខាន់ទាក់ទងដល់ពុទ្ធប្រវត្តិ ដូចជា ក្រុងកបិលភ័ស្តុ ក្រុងទេវទហៈ ឧទ្យានលុម្ពិនី ជាដើម។ ប្រវត្តិរបស់ព្រះពុទ្ធសាសនានៅប្រទេសនេប៉ាលសម័យខាងដើម នៅស្រពិចស្រពិលនៅឡើយ ទើបតែមកប្រាកដភស្តុតាងច្បាស់ប្រាកដនៅក្នុងសម័យព្រះបាទអសោកមហារាជ ក្នុងពុទ្ធសតវត្សរ៍ទី ៣ តាមប្រវត្តិបានពោលថា ព្រះបាទអសោកមហារាជ ទ្រង់បានយាងមកកាន់នេប៉ាលគ្រាដំបូងបំផុត ដើម្បីបង្រ្កាប់ពួកក្បត់ តាំងតែពីនៅជាព្រះរាជកុមារ។ ខណៈ ដែលស្តេចទ្រង់ឡើងគ្រងរាជ្យហើយ គ្រាមួយព្រះអង្គទ្រង់បានយាងទៅកាន់ឧទ្យានលុម្ពិនី (បច្ចុប្បន្នហៅថារុម្មិនដេ) ដើម្បីនមស្សការស្ថានទីប្រសូតិរបស់ព្រះពុទ្ធជាម្ចាស់ និង ទ្រង់បានប្រតិស្ឋានគោលសិលាចារឹកទុកជាអនុស្សាវរីយ៍នាទីនោះផង។ ក្រៅពីនោះ ព្រះរាជធីតាអង្គទីមួយរបស់ ព្រះបាទអសោកមហារាជ ព្រះនាមថា ចារុមតី បានរៀបអភិសេកជាមួយអភិជន(ខុនណាង)ម្នាក់ បានកសាងស្ថូប និង វត្តទុកជាច្រើនកន្លែង នៅប្រាកដស្លាក់ស្នាមដល់បច្ចុប្បន្ននេះ ។

សម័យ ដែលប្រាកដច្បាស់ថាមានការទំនុកបំរុង និង ផ្សព្វផ្សាយព្រះពុទ្ធសាសនាយ៉ាងច្បាស់លាស់នៅនេប៉ាលនោះ ចាប់តាំងពីដើមរជ្ជកាលព្រះបាទអង្សុវរ្ម័ន ក្នុងពុទ្ធសត វត្សរ៍ទី ១២ ព្រះមហាក្ស័ត្រអង្គនេះ បានព្រះរាជទានព្រះរាជធីតា ឲ្យរៀបអភិសេកជាមួយ ព្រះបាទ ស្រងស័នគម្បោ នៃទីបេ ធ្វើឲ្យព្រះពុទ្ធសាសនាត្រូវបានចាប់ផ្តើមផ្សព្វផ្សាយចូលប្រទេសទីបេ និង ប្រាកដថាមានបណ្ឌិតជាតិនេប៉ាលរួមការងារបកប្រែគម្ពីរភាសាសំស្រ្កឹត ជាភាសាទីបេក្នុងរាជសំណាក់ទីបេផង ។ បន្ទាប់មកក្នុងសម័យព្រះសានត្រ័ក្សិត(ពុទ្ធសតវត្សរ៍ទី ១៤) សម្ព័ន្ធភាពខាងសាសនា និង វប្បធម៌រវាងប្រទេសទាំងពីរនេះក៏មានភាពរឹងមាំកាន់តែខ្លាំងឡើង ។

គ្រាបន្តមក ដល់សម័យ ដែលជនជាតិមុស្លីមចូលមកឈ្លានពានដែនវិហារ និង បែងកល់ ព្រះសង្ឃត្រូវភៀសខ្លួនចូលទៅអាស្រ័យនៅប្រទេសនេប៉ាល បាននាំគម្ពីរមានតម្លៃទៅជាមួយយ៉ាងច្រើន មួយចំណែកក៏បាននាំរហូតទៅដល់ទីបេ និង បានទទួលការរក្សាទុកយ៉ាងល្អរហូតដល់សព្វថ្ងៃនេះ។

ប្រវត្តិសាស្រ្តនៅនាពាក់កណ្តាលរវាងពីរដំណាក់កាលនេះ នៅពុំមានអ្នកសិក្សាលំអិតច្បាស់លាស់នៅឡើយ ប៉ុន្តែពោលដោយទូទៅបានថា សម្ព័ន្ធភាពរវាងនេបាល និង ទីបេ កាន់តែជិតស្និទ្ធប្រសើរឡើង ហើយប្រទេសនេបាល ក៏បានជាស្ពានចម្លងវប្បធម៌រវាងដែនដីផ្សេង ៗ ដែលថិតនៅទាំងសង្ខាងជួរភ្នំកណ្តាលនៃហិមាល័យ ជាច្រើនសតវត្សរ៍ ដូច ដែលបានឃើញពីគមនាគមបន្តភ្ជាប់រវាងឥណ្ឌា និង ទីបេ ឆ្លងកាត់ប្រទេសនេប៉ាល ដែលមានមកតាំងតែពីអតីតជាដើម។

មហាវិទ្យាល័យនាលន្ទា ត្រូវបានទំលាយវិនាសហើយ ព្រះពុទ្ធសាសនាក៏សាបសូន្យពីប្រទេសឥណ្ឌា។ ព្រះពុទ្ធសាសនាក្នុងប្រទេសនេប៉ាលក៏សាបរលាបផងដែរ។ គុណលក្ខណៈពិសេស ដែលជានិមិត្តរូបចំពោះរបស់ព្រះពុទ្ធសាសនា ដូចជាវិធីជីវិតរបស់សង្ឃក្នុងវត្តអារាម ការប្រឆាំងចំពោះការប្រកាន់វណ្ណៈការបំបាត់អបិយជំនឿផ្សេងៗ ជាដើម ក៏បានសាប់សូន្យទៅ ធ្វើឲ្យខ្វះលក្ខណៈសំខាន់ ដែលធ្វើឲ្យខុសប្លែកពីសាសនា ផ្សេង ៗ។ នេប៉ាលបានក្លាយជាពុទ្ធទស្សនៈសំណាក់ធំ កើតឡើង ៤ និកាយ គឺ សវាភាវិកៈ អៃស្វរិកៈ ការមិកៈ និង យាត្រិកៈ។ និកាយនិមួយ ៗ ក៏បានបែងចែកអនុនិកាយទៅទៀតជាច្រើនសាខា។ និកាយផ្សេង ៗ ទាំងនេះ សម្តែងឲ្យឃើញថា ភាពផ្សំផ្គុំបញ្ចូលគ្នានៃខ្សែគំនិតខាងទស្សនវិជ្ជាច្រើនបែបច្រើនមុម ដូច ដែលកើតឡើងក្នុងប្រទេសឥណ្ឌា និង ទីបេ ដោយឥទ្ធិពលរបស់សាសនាឥណ្ឌូ និង ព្រះពុទ្ធសាសនា។ កន្លងទៅមិនយូរមកនេះ មានការស្តារឡើងវិញនូវការសិក្សាព្រះពុទ្ធសាសនាបែប ថេរវាទឡើងក្នុងប្រទេសទីបេ។ សមាគមមួយឈ្មោះ ធម្មោទ័យសភា បានឧបត្ថម្ភឲ្យភិក្ខុ មកពីប្រទេសលង្កា ឬព្រះភិក្ខុនេប៉ាល ដែលបានទទួលការសិក្សាអប់រំនៅប្រទេសលង្កា ទៅធ្វើការងារផ្សព្វផ្សាយយ៉ាងពិតប្រាកដ និង បានបោះពុម្ពពាក្យប្រែព្រះសូត្រពីភាសាបាលីមកជាភាសាតំបន់ ចេញផ្សព្វផ្សាយជាច្រើនព្រះសូត្រ ។