ព្រះពុទ្ធសាសនា​នៅ​ស្រីលង្កា

ប្រវត្តិសាស្ត្រសិរីលង្កាបានចាប់ផ្ដើមស្មើនឹងពុទ្ធសក្ករាជ គម្ពីរមហាវង្ស ដែលជាគម្ពីរ ពង្សាវតា នឹងជាតំណាលព្រះពុទ្ធសាសនារបស់សិរីលង្កា ពោលថា ព្រះអង្គច្ចាស់វិជ័យ រាជឱរសសបស់ព្រះរាជសិហពាហុ ព្រះមហាក្ស័ត្រនៃកាឡប្រទេសក្នុងជម្ពូទ្វីប (នៅក្នុងខែត្រដែនបេនកល) បានស្ដេចទ្រង់យាងដោយទូកព្រមដោយរាជបរិវារ ៧០០ នាក់ ឡើងមកកោះលង្កា ក្នុងស្រុក ដែលហៅថា តម្ពបណ្ណិ ក្នុងថ្ងៃជាមួយគ្នានឹងថ្ងៃ ដែលព្រះពុទ្ធជាម្ចាស់ទ្រង់យាងចូលកាន់បរិនិព្វាន ហេតុការណ៍គ្រានេះចាត់ថាជាការចាប់ផ្ដើម ដែលកុលសម្ព័ន្ធ សីហលៈ ចូលមកប្រទេសលង្កា និង ព្រះបាទវិជ័យជាព្រះមហាក្ស័ត្រអង្គដំបូងរបស់លង្កាទ្វីប។ ក្នុងការ ដែលស្ដេចយាងចូលមកគ្រប់គ្រងនៅលង្កាទ្វីបព្រះបាទវិជ័យគង់នឹងបាននាំព្រះពុទ្ធសាសនាមកជាមួយផង តែមិនប្រាកដភ័សត្តុតាងថា មានការរីកដុះដាលនោះយ៉ាងណាឡើយ។ តាមពិតប្រវត្តិសាស្ត្រពុទ្ធសាសនានៅលង្កាទ្វីបបានចាប់ផ្ដើមក្នុងរជ្ជកាលព្រះបាទ ទេវានម្បិយតិស្សៈ (ព.ស.២៣៦-២៧៦) អ្នកគ្រប់គ្រងអនុរាធបុរៈ។ ព្រះមហាក្សត្រអង្គនេះទ្រង់មានមេត្រីភាពស្និទ្ធស្នាលជាមួយព្រះបាទអសោកមហារាជ នៃជម្ពូទ្វីប។ ព្រះបាទអសោកមហារាជទ្រង់បានបញ្ជូនព្រះមហិន្ទត្ថេរ ព្រមជាមួយគណៈ (ព្រះភិក្ខុបួនអង្គ សាមណេរមួយអង្គ និង ឧបាសកម្នាក់) មកផ្សព្វផ្សាយព្រះពុទ្ធសាសនានៅលង្កាទ្វីប។ គណៈសាសនទូតបានទទួលការស្វាគមន៍អំពីព្រះមហាក្សត្រ និង ប្រជាជនលង្កាយ៉ាងកក់ក្ដៅព្រះពុទ្ធសាសនាបានជ្រួតជ្រាបយ៉ាងឆាប់រហ័សមានមនុស្សជាច្រើនចូលមកឧបសម្បទា។

ព្រះនាងឧនុឡាទេវី និង ស្រ្តីជាបរិវារចំនួនច្រើនប្រាថ្នាចង់ឧបសម្បទាខ្លះ ព្រះបាទទេវានម្បិយតិស្សទើបទ្រង់បញ្ជូនគណៈទូតឲ្យទៅកាន់រាជសំណាក់ព្រះបាទអសោក ទូលអារាធនាព្រះនាងសង្ឃមិត្តាថេរី និង មែកព្រះស្រីមហាពោធិ៍ខាងទិសទក្សិណមកកាន់ប្រទេសលង្កាផង។

ការអារាធនាមែកព្រះស្រីមហាពោធិ៍ពីពុទ្ធគយាក្នុងគ្រានេះ រាប់ថាជាហេតុការណ៍មួយដ៏អស្ចារ្យក្នុងបរវត្តិសាស្ត្រព្រះពុទ្ធសាសនា និង ប្រជាជននៅលង្កា ព្រះបាទទេវានម្បិយតិស្សៈទ្រង់ឲ្យដាំមែកស្រីមហាពោធិ៍ទុកក្នុងព្រះនគរអនុរាធបុរៈ ដើមពោធិ៍នេះបច្ចុប្បន្នជាដើមឈើប្រវត្តិសាស្ដ្រ ដែលមានអាយុច្រើនជាងគេបំផុតក្នុងលោក ប្រការសំខាន់ក្រៅពីនេះគឺ បានកសាងមហាវិហារ និង ថូបារាម ដែលជាព្រះចេតិយដំបូងរបស់លង្កាទុកក្នុងនគរជាមួយគ្នា។ ក្រោយពីរជ្ជកាលព្រះបាទទេវានម្បិយតិស្សៈមក លង្កាទ្វីបត្រូវធ្លាក់នៅក្នុងការគ្រប់គ្រងរបស់ក្សត្រទមិឡ និង ក្សត្រជាតិផ្សេង ៗ ទៀតជិតមួយសតវត្សរ៍ បន្ទាប់មកព្រះបាទទុដ្ឋគាមណី (ព.ស.៣៨២-៤០៦) ទ្រង់រំដោះរាជបល្ល័ងមកវិញបាន ព្រះអង្គទ្រង់មានរាជសទ្ធាចាស់ក្លា បានទ្រង់កសាងលោហប្រាសាទ ៧ ជាន់ ជារោងឧបោសថនៃមហាវិហារ និង មហាស្ថូប ឬចេតិយរុវ័នវេលី ឯនគរអនុរាធបុរៈ។

យុគសំខាន់មួយទៀតនៃប្រវត្តិពុទ្ធសាសនានៅលង្កា គឺរជ្ជកាលព្រះបាទវដ្ដគាមណីអភ័យ (ព.ស.៤៣៩ និង ព.ស.៤៥៤-៤៦៦) ពេលព្រះអង្គឡើងគ្រងរាជ្យមិនយូរប៉ុន្មាន ពួកទមិឡវាយដណ្ដើមយកអំណាចបានហើយចូលទៅគ្រប់គ្រងនគរអនុរាធបុរៈអស់ ១៤ ឆ្នាំរវាងនេះ ប្រទេសកើតយុគគម្ហែងទៅដល់មានការស៊ីសាច់មនុស្ស។ ព្រះមហាថេរទាំងឡាយចំនួន ៥០០ អង្គខ្លាចក្រែងព្រះពុទ្ធសាសនានឹងត្រូវសាបសូន្យទើបមកប្រជុំគ្នានៅអលុវិហារ ក្នុងក្រុងមាតលេ ធ្វើការចារឹកពុទ្ធវចនះទុកក្នុងស្លឹករឹតលើកដំបូង (ថៃរាប់ហេតុការណ៍នេះជាសង្គាយនាលើកទី ៥ តែជាទូទៅរាប់ថាជាលើកទី៤) ព្រះបាទវដ្ដគាមណីអភ័យទ្រង់កំពុងគេចព្រះកាយ តែនៅទីបំផុតក៏ទ្រង់យកជ័យជំនះពីពួកទមិឡមកវិញបាន ហើយទ្រង់កសាងអភ័យគិរីវិហារ ថ្វាយព្រះមហាតិស្សត្ថេរ អ្នកមានឧបការគុណដល់ព្រះអង្គ និង ពួកមន្ត្រីទាហានក្នុងគ្រាទុក្ខលំបាក។

ប្រការនេះបានក្លាយជាហេតុនាំឲ្យព្រះសង្ឃលង្កាបែកខ្ញែកចេញជាជាពីរពួកគឺ ពួកមហាវិហារ សឹងជាពួកប្រកាន់ខ្ជាប់នូវគោលធម៌ និង បែបផែនប្រពៃណីបូរាណ ជាមួយពួកអភ័យគិរីវិហារ សឹងមាននាមថាជាពួកនិកាយធម្មរុចិ មានគំនិតគិតឃើញជាឥស្សរៈ ទទួលយកទស្សនៈថ្មី ៗ ពីបរទេស សិក្សាទាំងរឿងរបស់ថេរវាទ និង មហាយាន។ អភ័យគិរីវិហារនេះ ក្រោយមកបានក្លាយជាមជ្ឈមណ្ឌលសំខាន់យ៉ាងក្រៃលែងនៃពុទ្ធសាសនាមួយគ្រា។ ប្រវត្តិសាស្ត្រសម័យតមក មានការជ្រួលច្របលខាងនយោបាយ ដែលពាក់ព័ន្ធជាមួយគណៈសង្ឃជាច្រើន ដល់ថ្នាក់ធ្វើឲ្យមហាវិហារ ដែលមានឥទ្ធិពលយ៉ាងខ្លាំងត្រូវធ្លាក់ចុះអស់មួយរយៈ តែឥទ្ធិពល ដែលឋិតថេរគង់វង់ ក៏ជាហេតុនាំឲ្យមានការស្ថាបនាឡើងសាជាថ្មីទៀត ចំណែកអភ័យគិរីវិហារក៏នៅតែជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាតរៀងមក។ ក្នុងរជ្ជកាលព្រះបាទសិរិមេឃវណ្ណ ពេលគ្រងរាជ្យមកបាន ៩ ឆ្នាំ (ព.ស.៨៥៤)បានមានការអារាធនាព្រះទាឋាធាតុ (ព្រះចង្កូមកែវ) អំពីទន្តបុរៈក្នុងនគរកលិង្គរដ្ឋ មកកាន់លង្កាទ្វីប ព្រះរាជាទ្រង់ឲ្យរក្សាទុកក្នុងព្រះនគរ និង នាំចេញមកឲ្យប្រជាជនក្រាបនមស្សការឯអភ័យគិរីវិហារជាប្រចាំរាល់ឆ្នាំ(ស្រុក ដែលសាងវិហារដំកល់ព្រះទន្តធាតុនេះ បច្ចុប្បន្នហៅថា ស្រុកកែនដី។ ព្រះទន្តធាតុជាគ្រឹះស្ថានរួមចិត្តមួយដ៏សំខាន់បំផុត នៃប្រជាជនលង្កា រហូតមកទល់បច្ចុប្បន្ន) លុះដល់រជ្ជកាលព្រះបាទមហានាម (ព.ស.៩៥៣-៩៧៥) ព្រះពុទ្ធឃោសាចារ្យ អដ្ឋកថាចារ្យមួយអង្គដ៏ឆ្នើម បាននមន្តមកពីជម្ពូទ្វីបមកស្នាក់អាស្រ័យនៅមហា វិហារ និង ប្រែអដ្ឋកថាភាសាសីហលៈមកជាភាសាមគធ។

លោកសង្ឃចិន ឈ្មោះ ហ្វាហៀន បាននមិន្តមកនាពាក់កណ្ដាលពុទ្ធសតវត្សទី ១០ បានពោលថា អភ័យគិរីវិហារមានព្រះសង្ឃ ៥០០០ អង្គ ចំណែកមហាវិហារមានព្រះសង្ឃចំនួន ៣០០០ អង្គ។ ក្នុងរយៈពេលនេះ លង្កាចាត់ថាជាមជ្ឈមណ្ឌលសំខាន់មួយកន្លែងនៃព្រះពុទ្ធសាសនា វត្តនានាមានកិត្តិនាមថា ជាមណ្ឌលឋាននៃការសិក្សា ធ្វើឲ្យមានអ្នកប្រាជ្ញពីដែនឆ្ងាយនាំគ្នាមកសិក្សាស្រាវជ្រាវ។

នៅពុទ្ធសតវត្សទី ១២ ការសិក្សាផ្នែកព្រះអភិធម្មបានទទួលការនិយម និង រុងរឿងជាខ្លាំង ក្រោយមកក្នុងសតវត្សទី ១៣ លង្កាបានប្ដូររាជធានី ពីអនុរាធបុរៈ មកនៅឯបូលូន្នរុវៈ ឬ បុរត្ថិបុរៈ ព្រោះហេតុផលខាងផ្នែកយុទ្ធសាស្ត្រជាសំខាន់ ក្រៅពីនេះ មណ្ឌលវប្បធម៌ក៏ប្ដូរមករួមគ្នានៅទីក្រុងថ្មី អនុរាធបុរៈ ក្លាយជាទីក្រុងបូរាណ មានន័យទៅខាងភាពសក្តិសិទ្ធិ រឿងរាវនៃមហាវិហារ អភ័យគិរីវិហារជាដើម ក៏ត្រូវអណ្តែតត្រសែតទៅ។

ដើមសម័យរាជធានីថ្មីនេះ កើតការនិយមលើកដំកើងព្រះសង្ឃពួកបង្សុកូលិកៈ (គឺអ្នកកាន់សំពត់បង្សុកូលជាវត្ត) កើតឡើង មានទំនងជាប្រតិកិរិយាដល់ការរស់នៅបែបសុខសប្បាយហួសប្រមាណនៃព្រះសង្ឃជំនាន់នោះ និង ក្រោយមកក៏មានការនិយមរាប់អានការប្រព្រឹត្តរបស់សាសនាព្រាហ្មណ៍ច្រើនឡើង មានការសាងទេវរូប ទេវស្ថាន និង មានចំណងសម្ព័ន្ធយ៉ាងជិតដិតរវាងពុទ្ធសាសនាជាមួយព្រហ្មញ្ញសាសនាជាខ្លាំងឡើង។ ពោលដោយសរុប ក្នុងរវាងពុទ្ធសតវត្សទី ១៣ ដល់ទី ១៧ ជាសម័យ ដែលលង្កាប្រទះជួបការជ្រួលច្របលមកពីការត្រូវរុករានពីប្រទេសឥណ្ឌាផង ផ្ទៃក្នុងមិនស្ងប់រម្ងាប់ផង ។ ក្នុងសម័យនេះឯង ភិក្ខុនីសង្ឃត្រូវសាបសូន្យអស់ និង ព្រះភិក្ខុសង្ឃក៏អន់ថយ រហូតដល់សម័យព្រះបាទវិជ័យពាហុ ទី ១ ទ្រង់មានព្រះរាជបំណង នឹងស្ថាបនាសាសនាក្នុង ព.ស.១៦០៩ ទ្រង់ស្វែងរកភិក្ខុ ដែលឧបសម្បទាត្រឹមត្រូវតាមព្រះវិន័យស្ទើរតែមិនគ្រប់ ៥ អង្គ និង ទ្រង់អារាធនា ព្រះសង្ឃពីប្រទេសភូមាភាគខាងត្បូងមកធ្វើឧបសម្បទាកម្មដល់ព្រះសង្ឃលង្កា។

មកដល់សម័យនៃមហារាជសំខាន់មួយព្រះអង្គរបស់លង្កាគឺ ព្រះបាទបារក្កម្មពាហុ ទី១ (ព.ស.១៦៩៧-១៧៣០) ជាព្រះរាជឱរសរបស់ព្រះបាទវិជ័យពាហុទី ១ ព្រះអង្គជាបុគ្គលដ៏ឆ្នើមខាងចម្បាំង និង គ្រប់គ្រងប្រទេស ព្រះអង្គបានចាត់របៀបគ្រប់គ្រងយ៉ាងត្រឹមត្រូវ ស្ថាបនាប្រឡាយទឹកពង្រីកកសិកម្មបានយ៉ាងប្រសើរ។ មានសេចក្ដីដំណាលថា ព្រះអង្គត្រាស់ថា នឹងមិនព្រមបណ្ដោយឲ្យដំណក់ទឹកភ្លៀងហូរចុះទៅទន្លេដោយមិនបានធ្វើប្រយោជន៍អ្វីដល់ប្រជាជនជាដាច់ខាត។

ផ្នែកខាងសាសនា ទ្រង់បានជម្រះមន្ទិលក្នុងព្រះពុទ្ធសាសនាឲ្យបរិសុទ្ធ បង្រួបបង្រួមគណៈសង្ឃឲ្យរួមចូលគ្នាជាតែមួយក្រុមបានម្ដងទៀត។

ព្រះមហាក្សត្រទ្រង់ស្ថាបនាសម្ដេចព្រះសង្ឃរាជគ្រប់គ្រងព្រះសង្ឃទូទាំងប្រទេសជាលើកដំបូង ទ្រងសាងវត្តវាអារាម ជាសម័យ ដែលមានសិល្បកម្មដ៏ស្រស់បំព្រង ហើយលង្កាក៏បានក្លាយជាមជ្ឈមណ្ឌលនៃការសិក្សាព្រះពុទ្ធសាសនាដ៏ល្បីល្បាញ់ទូទាំងពិភពលោក, មានព្រះសង្ឃ និង អ្នកប្រាជ្ញពីប្រទេសជិតខាងមកសិក្សាព្រះពុទ្ធសាសនាហើយ នាំទៅផ្សព្វផ្សាយក្នុងប្រទេសរបស់ខ្លួនជាច្រើន។ ព្រះពុទ្ធសាសនាបានរុងរឿងអស់មួយរយៈ តែផុតពីរជ្ជកាលនេះទៅ ពួកទមិឡពីប្រទេសឥណ្ឌាឈ្លានពាន និង ពង្រីកទឹកដីមកជារឿយ ៗធ្វើឲ្យអាណាចក្រសីហលៈ ត្រូវថយចុះមកភាគខាងត្បូងវិញ ផ្លាស់ប្ដូររាជធានីជាញឹកញាប់ ព្រះពុទ្ធសាសនាក៏រីកចម្រើនមិនរួច ក្រៅពីការរក្សាបូរណភាពទឹកដី ហេតុការណ៍សំខាន់ម្យ៉ាងទៀតគឺ ក្នុង ព.ស.២០១៩ ព្រះសង្ឃមួយក្រុមមកពីភូមា បានមកឧបសម្បទានៅលង្កា និង នាំយកគម្ពីរភាសាបាលីមួយ ច្បាប់សម្បូណ៌ទៅកាន់ប្រទេសភូមាទៀតផង។

ក្នុងកាលលង្កាត្រូវចុះខ្សោយព្រោះជម្លោះរវាងកុលសម្ព័ន្ធទាំងពីរនោះ ប្រមាណ ព.ស.២០៥០ ជនជាតិ Portuguese ក៏បានចូលមកឈ្លានពានថែមទៀត។ ជនជាតិ Portuguese បានចូលមកជួញដូរ ទន្ទឹមនឹងនោះក៏បានស្វែងរកផលប្រយោជន៍អំពីជម្លោះនៃប្រជាជនទាំងពីរនោះ ហើយគ្រប់គ្រងបានដែនដីមួយចំណែក និង ព្យាយាមគាបសង្កត់ប្រជាជន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ឲ្យប្តូរទៅកាន់សាសនាគ្រឹស្តនិកាយកាតូលិក។ សម័យមួយបានដណ្ដើមអំណាចពីព្រះរាជាលង្កាបាន ស្ថានភាពពុទ្ធសាសនាក៏សាបសូន្យជាខ្លាំងឡើង រហូតដល់ត្រូវនិមន្តព្រះសង្ឃពីភូមាមកប្រកបពីធីឧបសម្បទាកម្មម្ដងទៀត។

រយៈកាលនេះ ប្រជាជនហូឡង់ដ៍ បានប្រកបពាណិជ្ជកម្ម មានអំណាចខ្លាំងឡើងក្នុងដែនដីបរិវេណនេះ លង្កាបានស្វាគមន៍ជនជាតិហូឡងដ៍ឲ្យចូលមកដើម្បីជួយបណ្ដេញជនជាតិ Portuguese រហូតបានសម្រេចក្នុង ព.ស.២២០០ តែទីបំផុតហូឡងដ៍ក៏បានដណ្ដើមយកទឹកដីមួយភាគ គ្រប់គ្រងជំនួស Portuguese។ ហូឡងដ៍បានព្យាយាមប្រតិស្ឋានគ្រឹស្តសាសនា និង ហាមឃាត់ព្រះពុទ្ធសាសនា ប៉ុន្តែមិនបានសម្រេច ព្រះមហាក្ស័ត្រលង្កាបានទទួលពាក្យណែនាំរបស់ព្រះរាជសរណង្ករ ពី ព.ស.២២៩៤ ឲ្យបញ្ជូនព្រះសង្ឃទៅកាន់ប្រទេសថៃ ហើយនាំព្រះសង្ឃមួយគណៈចំនួន ១០ អង្គមានព្រះឧបាលីជាប្រធាន មកប្រកបពិធីឧបសម្បទាកម្មក្នុងស្រុក កែនឌី មានអ្នកចូលរួមឧបសម្បទាទៅដល់ ៣០០០ នាក់ ព្រះសរណង្ករ បានឧបសម្បទាជាភិក្ខុថ្មីក្នុងគ្រានេះ បានទទួលព្រះរាជទានដំណែងពីព្រះមហាក្ស័ត្រឲ្យជាសម្ដេចព្រះសង្ឃរាជ ជាការប្រតិស្ឋានគណៈសង្ឃឧបាលីវង្ស ឬសៀមវង្ស ឬនិកាយសៀម នៅលង្កាទ្វីប។

ហូឡងដ៍កាន់កាបអំណាចបានមិនយូរប៉ុន្មានក៏អនថយ អង់គ្លេសក៏ចូលមកជំនួសនៅបរិវេណមាត់ទន្លេ ប្រមាណ ព.ស.២៣៤០ និង ១៩ កន្លងមក អំណាចរបស់អង់គ្លេសបានគ្របដណ្ដប់ទូទាំងលង្កាទ្វីប ដោយអង់គ្លេសវាយឈ្នះព្រះរាជានៃកែនឌី ហើយចុះសន្ធិសញ្ញាធានាសិទ្ធិនៃភាគីខាងលង្កា និង ការពារព្រះពុទ្ធសាសនា ក្រោយមក ព.ស.២៣៦២ កើតមានការក្បត់ឡើងយ៉ាងខ្លាំងក្លា ពេលអង់គ្លេសបង្ក្រាបរាបហើយ ក៏កែប្រែសេចក្តីក្នុងសន្ធិសញ្ញាសាជាថ្មី រាជវង្សលង្កាតាំងពីបូរាណក៏ត្រូវបញ្ចប់ត្រឹមនេះ។ ពេលលង្កាទ្វីបត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសរយៈកាលដំបូង គណៈសង្ឃមានឥស្សរៈច្រើនឡើង បន្តពីសន្ធិសញ្ញាការពារព្រះពុទ្ធសាសនាដូចបានពោលមកហើយនោះ មានព្រះសង្ឃជាច្រើនគណៈបាននិមន្តទៅឧបសម្បទាឯប្រទេសភូមាត្រឡប់មកវិញ ក៏បង្កើតមជ្ឈដ្ឋានបន្តឧបសម្បទវង្សរបស់រៀងខ្លួន ឥស្សរៈភាពរបស់ព្រះពុទ្ធសាសនាប្រព្រឹត្តទៅបានប្រមាណពាក់កណ្ដាលសតវត្សរ៍ប៉ុណ្ណោះ រដ្ឋាភិបាលក៏ត្រូវគាបត្បិតអំពីគ្រឹស្តសាសនា ឲ្យលើកលែងឈប់ទាក់ទងជាមួយព្រះពុទ្ធសាសនាគ្រប់យ៉ាង មេដឹកនាំគ្រឹស្តៀនបានដំណើរការផ្សព្វផ្សាយសាសនារបស់ខ្លួន និង ប្រឆាំងជាមួយពុទ្ធសាសនាជាធំ ដល់ថ្នាក់វាយប្រហារពុទ្ធសាសនានៅកណ្ដាលទីសាធារណៈ រាប់ថាព្រះពុទ្ធសាសនាត្រូវជួបនឹងភយន្តរាយយ៉ាងមហន្ត ពីចលនាប្រឆាំង និង បំផ្លិចបំផ្លាញពុទ្ធសាសនា ដែលរដ្ឋាភិបាលបរទេសគាំទ្រ ក្នុងកំឡុងពេលជាង ៣០០ ឆ្នាំ ប្រការសំខាន់នេះជាហេតុឲ្យប្រជាជនលង្កាស្ទុះស្ទា តស៊ូទាមទារឥស្សរៈភាព ដើម្បីនាំសាសនាប្រចាំជាតិរបស់ខ្លួនត្រឡប់មកវិញ ។ ប្រ ទេសលង្កាបានទទួលឥស្សរៈភាពនាឆ្នាំ ព.ស.២៤៩១ ការវាយប្រហារគាបសង្កត់ពីគូបដិបក្សចំពោះពុទ្ធសាសនា បង្កឲ្យកើតប្រតិកិរិយាបង្ខំឲ្យមានការស្ថាបនាស្រោចស្រង់ព្រះពុទ្ធសាសនា និង បង្កើតនូវភាពរឹងប៉ឹងខ្នះខ្នែងធ្វើយ៉ាងប្រកដប្រជាក្នុងការរក្សាការពារសាសនាវប្បធម៌ប្រពៃណីប្រចាំជាតិរបស់ខ្លួនឲ្យរឹតតែល្អប្រសើរឡើង ហើយអាការៈបែបនេះក៏បានស្ថិតស្ថេរគង់វង់នៅរហូតដល់បច្ចប្បន្ននេះ គណៈសង្ឃនៅប្រទេសលង្កាបច្ចប្បន្ននេះមាន ៣ និកាយគឺ សៀមវង្ស ឬឧបាលីវង្ស អមរបុរនិកាយ និង រាមញ្ញវង្ស។ សេចក្ដីផ្សេងគ្នាមានត្រឹមបន្តិចបន្តួច ហើយជារឿងនៃប្រវត្តិសាស្រ្ត គឺ កើតមកពីឧបសម្បទវង្សបន្តមកពីប្រទេសថៃឬភូមា។

ព្រះពុទ្ធសាសនានៅអាស៊ីកណ្ដាល អាស៊ីភាគកណ្ដាលឬក្រុមទន្លេតារិម (Tarim) ជាជំនុំជននៃសិប្បកម្មវត្ថុសម្រាប់គោរពបូជាព្រះពុទ្ធសាសនា ទីធ្លាប់បានជាមជ្ឈមណ្ឌល និង ជាវិថីសំខាន់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាអស់កាលជាច្រើនសតវត្សរ៍។ ព្រះពុទ្ធសាសនាពីប្រទេសឥណ្ឌាផ្សាយចូលមកកាន់ប្រទេសចិនភាគច្រើនក៏អាស្រ័យមាគ៌ានេះ។ អាស៊ីកណ្ដាលជាប្រជុំមាគ៌ាផ្លូវពាណិជ្ជកម្មសំខាន់រវាងចិន ឥណ្ឌា និង ប្រទេសផ្សេង ៗ ជាច្រើន ដូច្នេះទើបជាទីប្រចួបនៃវប្បធម៌ច្រើនក្រុមច្រើនបែប និង មានអនុស្សាវរីយ៍នៃព្រះពុទ្ធសាសនាក្នុងអតីតជាច្រើនប្រការ មានទាំងវត្តវ៉ាអារាម ល្អាង ស្ថូប វិចិត្រកម្ម បដិមាកម្ម គម្ពីរ និង ឯកសារកំណត់ហេតុផ្សេង ៗ ជាច្រើន ជាភាសាបាលីខ្លះ ភាសាសំស្រ្កឹតខ្លះ ភាសាកូតាំងខ្លះ ចិនខ្លះ ព្រមទាំងភាសាផ្សេង ៗ ជាច្រើនភាសា។

មជ្ឈមណ្ឌលសំខាន់បំផុតនៃព្រះពុទ្ធសាសនានៅអាស៊ីកណ្ដាលគឺ កុឆះឬកូចា និង ព្រះសង្ឃ ដែលមានកិត្តិនាមបំផុត គឺ ព្រះកុមារជីព នៃពុទ្ធសតវត្សរ៍ទី ៩។ ព្រះតេជគុណអង្គនេះលោកបានសិក្សាវណ្ណកម្មនៃព្រះពុទ្ធសាសនានៅក័សស្មៀរ៍ ជាច្រើនឆ្នាំដល់ថ្នាក់ចាក់ធ្លុះ ពេលត្រឡប់មកនៅឯកូចាវិញ ក៏ប្រាកដកិត្តិគុណជាអ្នកប្រាជ្ញ ជួនជាស័យនោះចិនកើតការវិវាទជាមួយកូចា ព្រះកុមារជីពត្រូវបានចិនចាប់ទៅធ្វើជាឈ្លើយ និង បានប្រតិបត្តិសាសនកិច្ចនៅប្រទេសចិនអស់រយៈកាលប្រមាណ ១៥ ឆ្នាំ រហូតដល់មរណភាពនៅទីនោះ។ លោកបានបង្រៀនទស្សនវិជ្ជាពុទ្ធសាសនា ហើយបានប្រែគម្ពីរព្រះពុទ្ធសាសនាមកជាភាសាចិនជាច្រើន ជាបុគ្គលសំខាន់ម្នាក់ នៃប្រវត្តិសាស្ត្រពុទ្ធសាសនារបស់ប្រទេសចិន។

ព្រះពុទ្ធសាសនានៅអាហ្វហ្គានិស្ថាន កាលពីដើម អាហ្វហ្គានិស្ថាន គឺជាភូមិភាគមួយនៃដែនដីជម្ពូទ្វីបព្រះពុទ្ធសាសនាបានផ្សាយចូលមកដែនដីបរិវេណនេះតាំងតែពីសម័យ ដែលដែនដីចំណែកមួយនៃអាណាចក្រព្រះបាទអសោកមហារាជ ក្រោយមកភូមិភាគនេះត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រកុសាណៈ និង បានក្លាយទៅជាមជ្ឈដ្ឋានសំខាន់នៃសិល្បកម្មគន្ធារៈ ដូចបានឃើញប្រាកដពីសំណល់បូរាណវត្ថុ ឯ បេក្រេម និង ផាមិយ៉ាន។ ព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា

យុគទី ១ ការរក្សាសង្ឃមណ្ឌលឲ្យគង់វង់

យុគទី ២ ព្រះពុទ្ធសាសនារុងរឿងទូទាំងជម្ពូទ្វីប និង ផ្សាយចេញទៅប្រទេសនានា

យុគទី ៣ ការបំបែកខ្លួនចេញ និង រីកចម្រើនរុងរឿង នៃព្រះពុទ្ធសាសនាមហាយាន

យុគទី ៤ មណ្ឌលដ្ឋានការសិក្សា វប្បធម៌ប្រពៃណី និង ការផ្សំផ្គុំជាមួយសាសនា ហិណ្ឌូ

យុគទី ៥ សេចក្ដីអន់ថយ និង សាបសូន្យចាកពីប្រទេសឥណ្ឌា សម័យបច្ចប្បន្ន ហេតុ ដែលនាំឲ្យព្រះពុទ្ធសាសនាសាបសូន្យពីប្រទេសឥណ្ឌា។

ប្រវត្តិព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌាសម័យពុទ្ធកាល ជារឿង ដែលមាននៅក្នុងពុទ្ធប្រវត្តិទើបមិនយកមកសម្ដែង ក្នុងទីនេះនឹងពោលចំពោះតែប្រវត្តិក្រោយពីព្រះពុទ្ធបរិនិព្វាន បើសិនជាបែងឲ្យទូលាយ ប្រវត្តិពុទ្ធសាសនាក្នុងប្រទេសឥណ្ឌាប្រាកដមានជាសម័យដូចតទៅនេះ ៖

១. ពុទ្ធសាសនាថេរវាទរុងរឿង ព.ស.១ ដល់ ៥០០

២. ពុទ្ធសាសនាមហាយានរុងរឿង ព.ស. ៥០០ ដល់ ១០០០

៣. ពុទ្ធសាសនាបែបតន្ត្រៈរុងរឿង ព.ស.១០០០ ដល់ ១៥០០

៤. ពុទ្ធសាសនាតន្ត្រៈអន់ថយរហូតដល់ពុទ្ធសាសនាសាបសូន្យចាកប្រទេសឥណ្ឌា ៥. ១៥០០ ដល់ ១៧០០

ដើម្បីងាយស្រួលដល់ការសិក្សា អាចបែងប្រវត្តិពុទ្ធសាសនានៅប្រទេសឥណ្ឌាជា ៥ យុគគឺ ៖

យុគទី ១ ការរក្សាសង្ឃមណ្ឌលឲ្យគង់វង់(រាប់តាំងតែព្រះពុទ្ធបរិនិព្វាន ដល់មុនសម័យព្រះបាទអសោកមហារាជ ឬ ប្រមាណព.ស.១ ដល់២០០ សេស)

ព.ស. ១

ក្រោយពីពុទ្ធបរិនិព្វានបានប្រមាណ ៣ ខែ មានការធ្វើសង្គាយនានៅក្រុងរាជគ្រឹះ ប៉ុន្តែពេលការសង្គាយនាចប់សព្វគ្រប់ហើយ ព្រះសង្ឃមួយក្រុមមានព្រះបុរណៈ ជាប្រធាន មិនទទួលស្គាល់នូវការសង្គាយនាគ្រានោះ។

ព.ស. ១០០

ពួកភិក្ខុវជ្ជីបុត្រ ប្រកាន់យកវិន័យប្រតិបត្តិស្ដីពីវត្ថុ ១០ យ៉ាង ដែលខុសឆ្គងពីព្រះធម៌វិន័យ ជាហេតុនាំឲ្យកើតមានការធ្វើទុតិយសង្គាយនា ក្នុងក្រុងវេសាលី តែព្រះសង្ឃមួយពួកមានចំនួនច្រើន ដែលបដិបត្តិខុស បាននាំគ្នាបំបែកទៅធ្វើសង្គាយនាដោយឡែករៀងខ្លួន ហៅថា មហាសង្គីតិ និង មាននាមថា មហាសង្ឃិកៈ គឺពួកសង្ឃចំនួនច្រើន ជាហេតុនាំឲ្យព្រះពុទ្ធសាសនាចាប់ផ្ដើមបែកចេញជាពីរនិកាយធំ ៗ គឺ និកាយថេរវាទ បានប្រកាន់ខ្ជាប់គោលធម៌តឹងរឹងតាមធម៌វិន័យក្នុងគ្រាសង្គាយនាលើកទី ១ ជាមួយ និង ពួកអាចារិយវាទ ដែលបដិបត្តិតាមពាក្យប្រៀនប្រដៅ និង ខ្លឹមសារ ដែលអាចារ្យជំនាន់ក្រោយចងក្រងទុកមក ប៉ុន្តែការបែកបាក់មិនទាន់ប្រាកដឡើងដល់ថ្នាក់ដាច់ដោយឡែកពីគ្នា។ យុគទី ២ ព្រះពុទ្ធសាសនារុងរឿងទូទាំងជម្ពូទ្វីប និង ផ្សាយចេញទៅប្រទេសនានា (ចាប់តាំងពីស្ដេចចក្រពត្តិទី ១ នៃព្រះបាទអសោកមហារាជ ដល់ស្ដេចចក្រពត្តិទី ២ នៃព្រះបាទកនិសកៈ ប្រមាណ ព.ស.២៥០ ដល់ ព.ស.៥០០) ព.ស. ២១៨ ព្រះបាទអសោកមហារាជបានឡើងសោយរាជ្យក្នុងនគរបាតលីបុត្រ ទ្រង់បែរមកកាន់ព្រះពុទ្ធសាសនា និង ទំនុកបំរុងព្រះសង្ឃជាច្រើនក្រៃលែង ជាហេតុនាំឲ្យពពួកតិរ្ថិយ និង ពួក ដែលសម្លឹងឃើញតែលាភសក្ការៈ បន្លំចូកមកបួសក្នុងព្រះពុទ្ធសាសនាជាច្រើន សម្ដែងធម៌ វិន័យខុសឆ្គងភ្លាំងភ្លាត់ទៅជាច្រើន ដោយឡែកនិកាយធំ ៗ មានទៅដល់ ១៨ និកាយ ព្រះបាទអសោកមហារាជ ទើបទ្រង់ចាត់ការជម្រះព្រះពុទ្ធសាសនាឲ្យបរិសុទ្ធ ទ្រង់អារាធនាព្រះមោគ្គល្លីបុត្តតិស្សត្ថេរ ចាត់ចែងធ្វើសង្គាយនាលើកទី ៣ ក្នុងក្រុងបាតលីបុត្ត នៅប្រមាណ ព.ស.២៣៦ ទ្រងកសាងព្រះវិហារចំនួន ៨៤.០០០ កន្លែង សាងសិលាចារិកប្រកាសពុទ្ធសាសនាតាមនយោបាយធម្មវិជ័យ ទូទាំងមហាអណាចក្រ ផ្ដល់សេរីភាពក្នុងការគោរពសាសនា បម្រុងរក្សាឧបត្ថម្ភរាល់សាសនា ទ្រង់បញ្ជូនសមណទូតទៅប្រកាសពុទ្ធសាសនាចំនួន ៩ កន្លែង ទាំងក្នុងរដ្ឋ ដែលនៅក្រោមការគ្រប់គ្រង និង ប្រទេសផ្សេង ៗ ទៀត។ សិល្បកម្មរីកចម្រើនរុងរឿង ចាប់ផ្ដើមមានស្ថាបត្យកម្ម ដែលធ្វើដោយសិលាដុះដាលក្នុងដែនជម្ពូទ្វីបជាលើកដំបូង។

ព.ស.៣៥៩

បុស្សយមិត្ត មហាអាមាត្យព្រាហ្មណ៍បានចាត់វិធានការធ្វើគត់ព្រះបាទព្រឹហទរត្ថក្សត្រកាន់ពុទ្ធសាសនាអង្គចុងក្រោយបង្អស់ ជាក្រសែព្រះវង្ស នៃព្រះបាទអសោកមហារាជ ក្នុងរាជវង្សមោរិយៈ ហើយឡើងគ្រងរាជជារាជវង្សសុង្គៈក្នុងក្រុងបាតលីបុត្តជំនួសវិញ ដែលជាភាគីព្រាហ្មណ៍ (រាជវង្សសង្គៈសោយរាជ្យបានប្រមាណ ១១១ ឆ្នាំ) ធ្វើពិធីអស្វមេធ កំចាត់ព្រះពុទ្ធសាសនាដោយការដុតបំផ្លាញវត្តវ៉ាអារាម សម្លាប់ព្រះសង្ឃ និង ឲ្យរង្វាន់ដល់បុគ្គល ដែលសម្លាប់ពុទ្ធសាសនិករាល់គ្នា ប៉ុន្តែការកំចាត់ពុទ្ធសាសនារបស់ព្រះបាទបុស្សយមិត្រ មិនបានសម្រេច ព្រោះព្រះពុទ្ធសាសនាបានរីកសាយភាយចាក់ឫសយ៉ាងគង់វង់ក្នុងសទ្ធារបស់ប្រជាជនរួចទៅហើយ ព្រមទាំងព្រះរាជាអ្នកគ្រប់គ្រងអាណាចក្រផ្សេង ៗ ក៏ក្រោកឡើងប្រឆាំងកាលពីចក្រពត្តិរបស់ព្រះបាទអសោកមហារាជកំពុងបំបែកខ្លួន បានទ្រង់មានសទ្ធា និង ទំនុកបម្រុងព្រះពុទ្ធសាសនាសំខាន់ គឺ ព្រះបាទមិលិន្ទ ឬ Menander (ព.ស.៣៦៨-៣៩៣ ឬ ប្រមាណ ព.ស.៥០០) ព្រះមហាក្សត្រជនជាតិក្រិក ឬយោនក គ្រងរាជ្យនៅសាគលនគរ ក្នុងអណាចក្របាកត្រៀ(បរិវេណដែនគន្ធារៈ និង បញ្ចាបភាគឥសាននៃជម្ពូទ្វីប) ព្រះអង្គទ្រង់ជាអ្នកប្រាជ្ញ បានទ្រង់ចោទឆ្លើយសន្ទនាធម៌ជាមួយព្រះនាគសេន រួចហើយទ្រង់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ តាមរឿងរ៉ាវ ដែលប្រាកដក្នុងរឿងមិលិន្ទប្បញ្ហា ព្រះពុទ្ធសាសនាបានទទួលការទំនុកបម្រុងឲ្យរុងរឿងសិល្បកម្មក្រិកផ្សំផ្គុំជាមួយឥណ្ឌា ហៅថាសិល្បះបែបគន្ធារះ ក៏ផ្ដើមកើតមានឡើងដោយអាស្រ័យសទ្ធាក្នុងព្រះពុទ្ធសាសនា អ្នកប្រាជ្ញបានសន្និដ្ឋានថាជា សម័យដំបូង ដែលមានការកសាងព្រះពុទ្ធរូប។ ចំណែកខាងទិសបស្ចឹម និង ទិសទក្សិណចុះមក គឺ ភាគកណ្ដាលនៃប្រទេសឥណ្ឌាទាំងមូល ដែលមានអាណាចក្រតាំងខ្លួនជាឥស្សរៈឡើង ហើយក្រោយមកក៏រុងរឿង គឺអាណាចក្ររបស់ក្សត្ររាជវង្សសត្តវាហនៈ នៃអាណាធរនគរ សឹងមានមណ្ឌលនៃសេចក្ដីចម្រើននៅក្នុងអមរវតី (អមរវតីជារាជធានីចាស់ ក្រោយមកបានផ្លាស់ទៅនៅក្រុងប្រតិស្ឋាន)។ អាណាចក្រនេះបានចាប់ផ្ដើមកកើតឡើងនៅចុងសម័យនៃរាជវង្សមោរិយៈ ពេល ដែលអាណាចក្រនៃព្រះបាទអសោកមហារាជកំពុងបែកបាក់ទន់ខ្សោយ បានច្បាំងឈ្នះក្សត្រនៃក្រុងមគធៈ នៅប្រមាណព.ស.៤៥៥ ហើយមានអំណាចរុងរឿងតមកបានប្រមាណ ៣ សតវត្សរ៍ (រវាងក្ស័ត្រនេះរុងរឿង គឺប្រមាណ ព.ស.៤០០ ដល់ ៧០០ ត្រូវនឹងសម័យរាជវង្សកុសាណៈក្នុងយុគទី៣ )ក្ស័ត្ររាល់ព្រះអង្គក្នុងរាជវង្សនេះ ជាមិត្រក្នុងព្រះពុទ្ធសាសនា និង ទ្រង់បានទំនុកបម្រុងព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដរៀងមកអស់ជាច្រើនព្រះអង្គ ជាយុគសម័យ ដែលប្រជាជននិយមចូលចិត្តកសាងវត្ត និង បូជាព្រះចេតិយ មានវត្តវ៉ាអារាមជាច្រើន និង សិល្បះវប្បធម៌បានរីកចម្រើនរុងរឿងអស់មួយគ្រា ស្ថានទីសំខាន់ខាងព្រះពុទ្ធសាសនា ដែលបានទទួលព្រះបរមរាជូបត្ថម្ភទំនុកបម្រុងពីព្រះរាជវង្សនេះ គឺសាញ្ចិ អមរវតី នាគារជុនកោណ្ឌៈ ជាដើម។

យុគទី ៣ ការបំបែកខ្លួនចេញ និង រីកចម្រើនរុងរឿងនៃព្រះពុទ្ធសាសនាមហាយាន

(ចក្រពត្តិទី ២ នៃព្រះបាទកនិសកៈមហារាជ នៃរាជវង្សកុសាណៈ ប្រមាណ ព.ស.៥០០ដល់៧០០ )

ព.ស.៥១៣

ក្សត្រនៃរាជវង្សកុសាណៈ បានវាយឈ្នះក្សត្រក្រិក និង ក្សត្ររាជវង្សសកៈ ចូលមកគ្រប់គ្រងភាគពាយ័ព្យនៃប្រទេសឥណ្ឌា ទ្រង់មានសទ្ធាជ្រះថ្លាទំនុកបម្រុងព្រះពុទ្ធសាសនា (ជាជនជាតិកុសាណៈ កុលសម្ព័ន្ធម៉ុងហ្គោលី ពីដើមនៅអាស៊ីភាគកណ្ដាល ត្រូវជនជាតិ ហ័ន រុករានទន្ទ្រាន ទើបជម្លៀសខ្លួនចេញមកគ្រប់គ្រងដែនដីបរិវេណនេះ ហើយផ្សាយអំណាចចេញទៅរហូតក្លាយជាអាណាចក្ររុងរឿង មានអាណាខេត្តប្រៀបស្មើបច្ចប្បន្នគឺ មួយចំណែករបស់ ប៉ើស៊ៀ កូតាននៅអាស៊ីកណ្ដាល អាហ្វហ្គានិស្ថាន ប៉ាគិស្ថានភាគបស្ចឹមស្ទើតែទាំងមូល ដែនកៈស្មៀរ៍ ឬ គែស្មៀរ៍ ដែនបញ្ចាប់ ចុះមកខាងទិសបូព៌ារហូតដល់ក្រុងពារាណសី រួមមានប្រមាណពាក់កណ្ដាលចក្រពត្តិនៃព្រះបាទអសោកមហារាជ មុនដំបូងរាជវង្សកុសាណៈតាំងរាជធានីនៅក្រុងកាបុល រួចក៏ផ្លាស់មកកាន់បុរុសបុរៈ ឬ Peshawar ហើយទីបំផុតផ្លាស់មកកាន់មថុរា។ នៅក្នុងសម័យជាមួយគ្នានេះ មហាអាណាចក្រ ដែលរុងរឿងក្នុងប្រទេសឥណ្ឌាភាគកណ្ដាល ក៏គឺ អាណាចក្រនៃរាជវង្សសាតវាហនៈ សឹងបានទំនុកបម្រុងព្រះពុទ្ធសាសនាមកជាច្រើនដូចគ្នា)។

ព.ស.៦២១

ព្រះបាទកនិសកៈ ក្សត្រអង្គទី ៣ នៃរាជវង្សកុសាណៈ ឡើងគ្រងរាជ្យក្នុងក្រុងបុរុស បុ រៈ ជាក្សត្រមានតេជានុភាពបំផុតក្នុងជម្ពូទ្វីប ក្រោយអំពីសម័យនៃព្រះបាទអសោកមហារាជ ទ្រង់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនានិកាយមហាយានយ៉ាងក្លៀវក្លា ទ្រង់ឧបត្ថម្ភពុទ្ធសាសនាមហាយានក្នុងការធ្វើសង្គាយនាទី ៤ ចងក្រងព្រះត្រៃបិដកជាភាសាសំស្ក្រឹត។ មហាយានបានបំបែកចេញយ៉ាងច្បាស់លាស់ និង រីកចម្រើនរុងរឿងសាយភាយ មានអ្នកប្រាជ្ញជាទីប្រឹក្សា ជាកវីក្នុងព្រះរាជសំណាក់ទាំងព្រះសង្ឃទាំងគ្រហស្ថ ទ្រង់បានបញ្ជូនសមណទូតទៅផ្សព្វផ្សាយសាសនានៅអាស៊ីភាគកណ្ដាល ធ្វើឲ្យពុទ្ធសាសនារីកដុះដាលទៅដល់ប្រទេស ចិន កូរ៉េ ម៉ុងហ្គោលី និង ជប៉ុន។ សម័យក្រោយមកទ្រង់បានកសាងស្ថូប វត្តអារាមជាច្រើន ហើយក៏ជាសម័យ ដែលសិល្បកម្មគន្ធារៈបានរីកចម្រើនដល់ទីបំផុត។ អាណាចក្រកុសាណៈបានរុងរឿងហើយជាស្ពានចម្លងរវាងអារិយធម៌ឥណ្ឌា ចិន និង រ៉ូម៉័ង ឬបច្ឆឹម និង បូព៌ាអស់ប្រមាណ ២០០ ឆ្នាំ នៅចុងសម័យ បានសន្សឹម ៗ ត្រូវបាត់បង់ទឹកដីឲ្យទៅពួកព្រហ្មណ៍ដោយលំដាប់ លុះដល់ដើមពុទ្ធសតវត្សរ៍ទី ៩ ក៏សាបសូន្យព្រះរាជវង្ស និង មានអាណាចក្រគុបតៈនៃរាជវង្សខាងព្រាហ្មណ៍រុងរឿងឡើងជំនួសវិញ។ យុគទី៤ មណ្ឌលដ្ឋានការសិក្សា វប្បធម៌ប្រពៃណី និង ការផ្សំផ្គុំជាមួយសាសនាហិណ្ឌូ (យុគសុវណ្ណនៃឥណ្ឌា ក្នុងសម័យអាណាចក្រហិណ្ឌូ-ពុទ្ធ របស់ចក្រពត្តិគុបតៈទី ៣ នៃព្រះបាទហស្សវឌ្ឍនៈ អាណាចក្រពុទ្ធរបស់រាជវង្សមៃត្រកៈ ប្រមាណ ព.ស.៨០០ ដល់ ១២៥០)។

ព.ស.៨០០

នៅពេលរាជវង្សកុសាណៈអន់ថយអំណាចទៅហើយ អាណាចក្រគុបតៈបានកកើតឡើងនៅដែនមគធៈ ពីដើមមានរាជធានីនៅឯក្រុងបាតលីបុត្ត តែក្រោយមករជ្ជកាលទី ២ បានពង្រីកអាណាចក្រចេញទៅខាងទិសបស្ចឹមរហូតមានអាណាខេត្តទល់ទន្លេទាំងសង្ខាង គឺខាងកើតទល់ឈូងសមុទ្របេងកលបរិវេណបាំងខ្លាឌែស និង ក្រុងក័លកត្តា ខាងលិចទល់សមុទ្រអារាបនៅជ្រោយគុជរ័ត ខាងទិសឥសាន និង ទិសឧត្តរ ស៊ីជម្រៅចូលទៅដល់ដែនរាជាស្ថានមួយភាគ បញ្ចាបមួយភាគ និង ឧត្តរប្រទេសភាគច្រើន ទិសទក្សិណទល់ដងភ្នំវិនធ័យ រួមអាណាខេត្តទាំងអស់ប្រមាណមួយភាគបីនៃចក្រពត្តិព្រះបាទអសោកមហារាជ។ ក្នុងរជ្ជកាលនេះ បានផ្លាស់រាជធានីទៅកាន់ ក្រុងអយុធ្យា ក្សត្រត្រកូលនេះបានគ្រងរាជ្យអស់ប្រមាណ ២ សតវត្សរ៍ ទោះបីជាក្សត្រត្រកូលហិណ្ឌូ ប៉ុន្តែ ព្រះរាជាស្ទើររាល់ព្រះអង្គទ្រង់ឧបត្ថម្ភព្រះពុទ្ធសាសនា និង មានក្សត្រជាច្រើនព្រះអង្គទ្រង់ផ្លាស់មកកាន់ពុទ្ធសាសនាវិញ។ គួរឲ្យសង្កេតថា រាជវង្សកុសាណៈ ជាជនជាតិផ្សេង ដែលចូលមកគ្រប់គ្រងប្រទេសឥណ្ឌា និង បានគោរពព្រះពុទ្ធសាសនាយ៉ាងក្រៃលែង នៅនាចុងសម័យពេល ដែលកុសាណៈចុះខ្សោយអំណាចទៅ កុលសម្ព័ន្ធផ្សេង ៗ ដែលបានក្រោកឈរតាំងខ្លួនជាធំក៏បានចាប់យកឱកាស ដែលក្សត្រកាន់ពុទ្ធសាសនានេះថាជារឿងរបស់ជាតិដទៃទៅជាមួយផង ហើយបូកភាពជាហិណ្ឌូបញ្ជូល និង ភាពជាឥណ្ឌា សាសនាហិណ្ឌូ ទើបមានភាពជាជាតិនិយម និង ធ្វើឲ្យព្រះពុទ្ធសាសនាចាញប្រៀបជាច្រើន តែដោយអាស្រ័យពុទ្ធសាសនាបានប្រតិស្ឋានយ៉ាងគង់វង់ ប្រជាជនបានគោរពបូជាទូទៅសព្វហើយ វត្ត ដែលជាស្ថាប័នពុទ្ធសាសនាមានឋានះជាស្ថាប័នការសិក្សាចំពោះខ្លួន និង ជារឿង ដែលប្រព្រឹត្តទៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកគ្រប់គ្រង ទោះបីជាប្រជាជនហិណ្ឌូក៏ទំនុកបម្រុងវត្តអារាមក្នុងនាមជាស្ថាប័នការសិក្សារបស់រដ្ឋ ជួនកាលក៏មានព្រះមហេសីជាពុទ្ធសាសនិក ឬមិនដូច្នោះទេ ក៏មានទីប្រឹក្សារាជការជាពុទ្ធសាសនិក ដូចជា ក្សត្រអង្គទី ២ (សមុទ្រគុបត៍) មានលោកឧបរាជវ សុពន្ធុ ជាទីប្រឹក្សាខាងចាត់របបការគ្រប់គ្រងរាជការជាដើម យ៉ាងណាក៏ដោយ ការ ដែលសាសនាហិណ្ឌូជាគោលនៃរាជវង្សនេះ ក៏ជាហេតុនាំឲ្យពុទ្ធសាសនាមានការផ្សះផ្សាជាមួយសាសនាហិណ្ឌូ ជាច្រើនឡើងរឿយ ៗ ដែលអាចចាត់ថាជាមូលហេតុនាំឲ្យព្រះពុទ្ធសាសនាអន់ថយម្យ៉ាងដែរ។

សម័យគុបតៈនេះ ជាសម័យ ដែលរុងរឿងទៅដោយសិល្បវិជ្ជាការ វណ្ណកម្មភាសា សំស្ក្រឹតបានរីកចម្រើនដល់ទីបំផុត មានកវីសំខាន់ដូចជា កលិទាស ជាដើម មានការរួបរួមគម្ពីរធម្មសាស្ត្រ ចងក្រងគម្ពីរមហាភារតៈ រាមាយណៈ និង បុរាណៈ មានអ្នកតារាសាស្រ្តសំខាន់ម្នាក់ឈ្មោះ អារ្យភដ្ឋ អ្នកគណិតសាស្ត្រសំខាន់ម្នាក់ឈ្មោះ វរាហមិហិរៈ សល្យពេទ្យ (គ្រូពេទ្យវះកាត់) ម្នាក់ឈ្មោះ សុសរុតៈ សិល្បកម្មផ្សេងចម្រើនលូតលាស់ថ្វីដៃប៉ិនប្រសប់ សាសនាហិណ្ឌូ ក៏កែទម្រង់ខ្លួនឯងឡើងក្នុងរូបបែបថ្មី វត្តក្នុងព្រះពុទ្ធសាសនាក្លាយជាមហាវិហារ ជាស្ថាប័នការសិក្សាដូចមានឈ្មោះថា មហាវិទ្យាល័យ មហាវិហារ ដែលកំពុងកកើតឡើងយ៉ាងល្បីល្បាញជាពិសេសក្នុងសម័យនេះ គឺ សាកលវិទ្យាល័យនាលន្ទា (Nalandaa University) ។

លក្ខណពិសេសម្យ៉ាងទៀតក្នុងសម័យនេះ គឺ ការ ដែលព្រះសង្ឃ និង ពួកអ្នកគោចរចារិក ទៅមកក្នុងរវាង ឥណ្ឌាជាមួយអាណាចក្រនានាក្នុងអាស៊ីកណ្ដាល បាននាំគម្ពីរពុទ្ធសាសនា និង ព្រះសារីរិកធាតុ ទៅជាមួយខ្លះផង មានអ្នកមកប្រែគម្ពីរយកទៅខ្លះផង អ្នកប្រាជ្ញឥណ្ឌាទៅនៅក្នុងរាជសំណាក់ផ្សេង ៗ ផង សាកលវិទ្យាល័យនានា ដោយឡែកគឺ នាលន្ទា បានជាមជ្ឈមណ្ឌលផ្សព្វផ្សាយ វប្បធម៌រវាងប្រទេសមួយទៅប្រទេសមួយក្នុងយុគនេះ និង បានធ្វើឲ្យព្រះពុទ្ធសាសនាមហាយានរីកចម្រើនដុះដាលគង់វង់ទូទាំងអាស៊ីបូព៌ា។ អ្នកគោចរចារិកម្នាក់ ដែលប្រាកដឈ្មោះក្នុងប្រវត្តិសាស្ត្រយុគនេះគឺ លោកសង្ឃចិន ឈ្មោះហ្វាហៀន ដែលចារិកនៅក្នុងប្រទេសឥណ្ឌាប្រមាណ ព.ស.៩០០។

ព.ស.១០០០

កុលសម្ព័ន្ធហូណៈ ឬហ័នខាវ មានមិហិរកុលៈជាប្រធាន បានចូលរុករានឥណ្ឌា រឹបអូសបានគន្ធារៈ (Gandhara) និង ក័សស្មៀរ៍ (Kashmir) បាន។ ពួកហូណៈ (Huna people) គោរពបូជាសាសនាហិណ្ឌូនិកាយសៃវៈ បានបំផ្លាញវត្តអារាម សម្លាប់ព្រះសង្ឃ ជាពិសេសតក្កសិលា (Taxila) ដែលជាមជ្ឈមណ្ឌលការសិក្សារៀនសូធ្យ វប្បធម៌ និង ព្រះពុទ្ធសាសនានៅក្នុងភូមិភាគនេះ ត្រូវបានកំទេចអស់ក្នុងគ្រានេះ។ ពួកហូណៈ នេះបានបន្តរុករានចូលមករហូតដល់ក្រុងកោសម្ពី (Kaushambi) ប៉ុន្តែនឹងដណ្ដើមយកអាណាចក្រគុបតៈ (Gupta) តែម្តងឲ្យហួសពីនេះទៅទៀតមិនបាន ទោះជាដូច្នោះតែក៏ញ៉ាំងឲ្យគុបតៈ ទន់ខ្សោយទៅ ពួកហូណៈ បានគ្រប់គ្រងអំណាចអស់ប្រមាណ ៥០ ឆ្នាំ ទើបត្រូវក្សត្រគុបតៈ បង្ក្រាបចុះបាន ពួកគុបតៈ ដែលនៅក្នុងឥណ្ឌាក៏បានទទួលយកវប្បធម៌ឥណ្ឌា រួចក៏ក្លាយជាឥណ្ឌាទៅតែម្តង ចំណែករាជវង្សគុបតៈ ទោះបីដណ្ដើមអំណាចមកវិញបាន តែរុងរឿងតមកបានមិនយូរប៉ុន្មានក៏សាបសូន្យអំណាចទៅ។

ព.ស.១១០០

ព្រះបាទហស្សៈ នៃរាជវង្សវឌ្ឍនៈ ជាវណ្ណៈវេស្ស បានកំចាត់បង់អំណាចរបស់ក្សត្រ គុបតៈនៃវណ្ណៈព្រាហ្មណ៍បាន ហើយបានឡើងគ្រងរាជ្យជាមហាក្សត្រដ៏អស្ចារ្យមួយអង្គ មានអាណាខេត្តមកលើឥណ្ឌាភាគខាងជើងចំនួនច្រើន គឺតាំងតែជិតឈូងបេងកល (Bay of Bengal) ទៅរហូតដល់ក្រុងវលភី នៃក្សត្ររាជវង្សមៃត្រកៈ (មាននាមថាជា ចក្រពត្តិនៃអាណាចក្រទាំង ៥ គឺ បញ្ចាប កនោជៈ គៅឌៈ ឬបេងកលៈ មីថិលា ឬ ពិហារ និង ឱរិស្សា) តាំងរាជធានីនៅក្រុង កាន្យកុពជៈ ឬកនោជ ឬ កនៅជ៍ (Kanauj) ព្រះអង្គទ្រង់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាមហាយានយ៉ាងក្រៃលែង បានទ្រង់ទំនុកបម្រុងមហាវិទ្យាល័យនាលន្ទាយ៉ាងល្អប្រសើរ ទ្រង់លើកស្ទួយសិល្បវណ្ណកម្ម និង វិជ្ជាការ ជាយុគខ្លី ៗ ដែលធ្វើឲ្យអារ្យធម៌ឥណ្ឌារីកចម្រើនដល់ទីបំផុតម្តងទៀត ប៉ុន្តែ ពុទ្ធសាសនាសម័យនេះបានចាប់ផ្ដើមក្លាយជាបែបតន្ត្រៈយានទៅហើយ និង រំសាយចូលគ្នាជាមូយសាសនាហិណ្ឌូ យ៉ាងជិតដិតព្រមទាំងប្រើវណ្ណកម្មជាភាសាសំស្ក្រឹតទៀតផង ចំណែកហិណ្ឌូ ទោះជាបានទទួលការឧបត្ថម្ភពីព្រះបាទហស្សៈ តែក៏មិនពេញចិត្តក្នុងការ ដែលព្រះអង្គទំនុកបម្រុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែងផងដែរ ដល់ថ្នាក់រកមធ្យោបាយធ្វើគត់ព្រះអង្គ លើកដំបូងត្រូវចាប់បាន តែទីបំផុតព្រះបាទហស្សៈក៏ត្រូវធ្វើគត់បានសម្រេច ក្នុងសម័យនេះមានលោកសង្ឃចិនសំខាន់ចារិកមកមួយអង្គទៀត ឈ្មោះ ហៀនចាំង ឬ យួនឆាង ទាំងសំចាំង (Duong Tam Tang) លោកបានសរសេរកំណត់ហេតុទុកមកជាប្រយោជន៍ដល់ផ្នែកខាងប្រវត្តិសាស្ត្រជាច្រើន។

នាលន្ទាមហាវិហារ ឬ សាកលវិទ្យាល័យនាលន្ទាក្នុងសម័យនេះ មានអាចរ្យជាមួយ និង សិស្សស្នាក់អាស្រ័យប្រមាណ ១០.០០០ អង្គ សិក្សាធម៌អាថ៌ខាងនិកាយមហាយានជាមុខវិជ្ជាចាប់បង្គាប់ ក្រៅពីនោះសិក្សាមុខវិជ្ជាធម៌អាថ៌វិន័យផ្នែកហីនយាន និរុត្តិសាស្ត្រ តក្កសាស្រ្ត ទស្សនវិជ្ជា វេជ្ជសាស្រ្ត សិល្បៈ ត្រៃវេទ ជាដើម មានអ្នកសិក្សា ទាំងបព្វជិត ទាំងគ្រហស្ថ ទាំងហីនយានទាំងមហាយាន ទាំងពុទ្ធទាំងមិនមែនពុទ្ធ ទាំងប្រជាជនឥណ្ឌាទាំងជនជាតិបរទេស មានការប្រឡងបញ្ចុះដើម្បីចូលសិក្សា មានបណ្ណាល័យ និង អាគារផ្សេង ៗ ដ៏ធំដុំ វិចិត្រដោយសិល្បកម្មយ៉ាងប្រណិតជាច្រើន។

ព.ស.៩៥០-១២៥០

ក្នុងរយៈកាលនេះ មានអាណាចក្រតូចមួយកន្លែង របស់ក្សត្ររាជវង្សមៃត្រកៈ ដែលតាំងរាជធានីនៅក្រុងវលភី (នៅលើជ្រោយគុជរ័ត ដងទន្លេបស្ចឹមរបស់ឥណ្ឌា) ក្សត្ររាជវង្សអង្គនេះបានទ្រង់ឧបត្ថម្ភក៍មហាវិហារមួយកន្លែង ហៅថា វលភី ឬ ទុឌឌា (ហៅឈ្មោះពេញថាទុឌឌាវិហារមណ្ឌល ប្រែថា ចំណោមវត្តរបស់ព្រះនាងទុឌឌា ដែលជាក្សត្រិយានីទ្រង់បានសាងវត្តនេះជាដំបូង)ជាប្រចាំគ្រប់ព្រះអង្គ។ វលភីជាសាកលវិទ្យាល័យពុទ្ធសាសនាហីនយាន ដែលលេចឮរន្ទឺ ជាស្ថាប័នការសិក្សា ដែលមានកិត្តិនាមល្បីល្បាញ់ទន្ទឹមគ្នា ឬគូរប្រកួតជាមួយនឹងសាកលវិទ្យាល័យនាលន្ទា ដែលលេចឮផ្នែកខាងមហាយាន តែត្រូវកងទ័ពមុស្លីមកំទេចអស់គ្មានសល់នៅពេលឥស្លាមចូលមករុករានប្រមាណ ព.ស.១៣៥០ ដល់ ១៤០០)។ យុគទី៥ សេចក្ដីអន់ថយ និង សាបសូន្យចាកពីប្រទេសឥណ្ឌា សម័យបច្ចប្បន្ន ហេតុ ដែលនាំឲ្យព្រះពុទ្ធសាសនាសាបសូន្យពីប្រទេសឥណ្ឌា (អាណាចក្រពុទ្ធនៃរាជវង្សបាលៈពុទ្ធសាសនាបែបតន្ត្រៈ និង ការរុករានរបស់កងទ័ពមុស្លីម ប្រមាណ ព.ស.១២៥០-១៧០០)

ព.ស.១២៥០

ក្រោយពីព្រះបាទហស្សវឌ្ឍនៈ សោយទិវង្គត់ហើយ ជម្ពូទ្វីបត្រូវជ្រួលច្របល់មិនឈប់ឈរអស់ប្រមាណ ១ សតវត្សរ៍ បន្ទាប់មកមានពួកវណ្ណៈសូទ្រ នៅខាងទិសឥសានកកើតរាជវង្សបាលៈ ឡើងគ្រប់គ្រងអាណាចក្រតូចមួយកន្លែង មានអាណាខេត្តធៀបជាមួយបច្ចុប្បន្នបានដល់រដ្ឋពិហារ និង បេងកលៈ។ ក្សត្ររាជវង្សនេះជាពុទ្ធមាមកៈ បានទំនុកបម្រុងព្រះពុទ្ធសាសនាជាច្រើន ជាពិសេសគឺ សាកលវិទ្យាល័យនាលន្ទា និង មហាវិហារផ្សេង ៗ ហើយទ្រង់បានសាងសាលាមហាវិទ្យាល័យថ្មី ៗ នៃរាជវង្សបាលៈជាច្រើនកន្លែងទៀត គឺ ឱទន្តបុរៈ វិក្រមសិលា សោមបុរៈ និង ជគ័ទ្ទលៈ ឬ វ៉ារេនទ្រី ស្ថាប័នទាំងនេះនៅតែធ្វើតួនាទីជាមជ្ឈមណ្ឌលការសិក្សា និង ផ្សព្វផ្សាយវប្បធម៌អន្តរជាតិរហូតមកបានយ៉ាងល្អប្រសើរ ដូចជាក្សត្រស្រីវិជ័យមួយព្រះអង្គ ទ្រង់បានកសាងវត្តថ្វាយនាលន្ទា កាលពី ប្រមាណ ព.ស.១៣៥០ ព្រះសាន្ត្រក្សិតៈ និង បទមសម្ភវៈបានធ្វើដំណើរពីនាលន្ទាទៅផ្សព្វផ្សាយពុទ្ធសាសនាក្នុងប្រទេសទីបេ នៅពុទ្ធសតវត្សរ៏ទី ១៤ និង ព្រះអតិស បាននិមន្តពីសាកលវិទ្យាល័យវិក្រមសិលា ទៅប្រកាសពុទ្ធសាសនានៅទីបេក្នុងពុទ្ធសតវត្សរ៍ទី ១៦ ជាដើម ចំណែកវិក្រមសិលានោះ ក្រោយមកបានរីកចម្រើនលូតលាស់ជាងនាលន្ទាទៅទៀត។ យ៉ាងណាក៏ដោយ ស្ថាប័នពុទ្ធសាសនាទាំងនេះទោះជាមានចំនួនកើនឡើង និង បានទទួលការទំនុកបម្រុងយ៉ាងប្រសើរ តែក្នុងសម័យនេះ បានបែរមកសង្កត់ធ្ងន់ចំពោះតែការសិក្សាព្រះពុទ្ធសាសនាបែបតន្ត្រៈម្យ៉ាងប៉ុណ្ណោះ ហើយពុទ្ធសាសនា ដែលចម្រើនរុងរឿងក្នុងសម័យនេះ ក៏តែពុទ្ធសាសនាបែបតន្ត្រៈ ដែលមានរូបភាពស្រដៀងគ្នានឹងតន្ត្រៈក្នុងសាសនាហិណ្ឌូគ្រប់កន្លែង ជាភាពរីកចម្រើន ដែលអន់ថយនាំឲ្យសាបសូន្យនៅទីបំផុតនោះឯង។

ព.ស.១៣០០

សង្ករាចារ្យ អ្នកបួសក្នុងសាសនាហិណ្ឌូ និកាយសៃវៈ អ្នកប្រកាសទស្សនវិជ្ជាវេទាន្តៈ បាននាំយកគោលធម៌ និង ទស្សនវិជ្ជាក្នុងពុទ្ធសាសនាទៅកែឆ្នៃជាថ្មីឲ្យទៅជាពាក្យប្រៀនប្រ ដៅក្នុងសាសនាហិណ្ឌូ ដើរប្រកាស និង ចោទឆ្លើយក្នុងភូមិស្ថាននានា និង នាំយកគតិនៃការបង្កើតគណៈសង្ឃ និង សាងវត្តក្នុងព្រះពុទ្ធសាសនា ទៅចាត់តាំងគណៈអ្នកបួស (ស័នយ៉ាសី) និង សាងវត្តហិណ្ឌូឡើង ផ្សព្វផ្សាយសាសនា និង សង្គ្រោះប្រជាជន ធ្វើឲ្យសាសនាហិណ្ឌូរីកចម្រើនឡើងយ៉ាងឆាប់រហ័ស ចំណែកព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដែលកំពុងវង្វេងភ្លេចតួនាទីរបស់ខ្លួន និង មានគំនិតវិប្បរិតទៅ ទើបត្រូវធ្លាក់នៅក្នុងសភាពចាញប្រៀប ថែមទាំងជម្រុញឲ្យទន់ខ្សោយរឹតតែឆាបឡើងទៀត។

ព.ស.១៥០០

ចាប់ពីពេលនេះទៅ ពុទ្ធសាសនាបែបតន្ត្រៈ បានប្រែរូបទៅក្នុងផ្លូវអន់ថយជាខ្លាំងឡើង វង្វេងងប់ងល់ក្នុងរឿងអបិយជំនឿ មន្តអាគមគាថា យន្ត ការសម្ដែងខាងភេទអនាចារផ្សេង ៗ រហូតដល់ញែកមិនចេញអំពីតន្ត្រៈតាមលទ្ធិសក្តិសិទ្ធិនៃសាសនាហិណ្ឌូ និង ផ្សព្វផ្សាយលទ្ធិនេះចេញទៅកាន់ទីបេ នេបាល ជាដើមទៀតផង សភាពបែបនេះបានប្រព្រឹត្តិទៅរហូតដល់ទីអវសាននៃពុទ្ធសាសនាក្នុង ព.ស.១៧០០។

ព.ស.១៧០០

ក្នុងខណៈ ដែលប្រទេសឥណ្ឌាកំពុងចុះខ្សោយ មិនអាចរួមកម្លាំងគ្នាជាអាណាចក្រមួយធំបាននេះ កងទ័ពមុស្លីម ក៏បានរុករានទន្ទ្រានចូលមកតាំងតែពីទិសពាយ័ព្យរហូតស្ទើរទូទាំងជម្ពូទ្វីប គ្រប់កន្លែង ដែលកន្លងទៅនោះ។ ទ័ពមុស្លីមបានសម្លាប់ព្រះសង្ឃ ដុតបំផ្លាញវត្ត និង វត្ថុសម្បត្តិខាងព្រះពុទ្ធសាសនា រួមទាំងបណ្ណាល័យ និង គម្ពីរក្បួនខ្នាតផ្សេង ៗ គ្រប់យ៉ាងទាំងអស់ កន្លែងខ្លះសម្បីតែសពខ្មោចក៏មិនទុកឲ្យសល់។ ព្រះសង្ឃមួយចំនួនក៏រត់គេចទាន់ បានគេចទៅនៅនេបាលខ្លះ ទីបេខ្លះ អាចនិយាយបានថា ព្រះពុទ្ធសាសនា ដែលកំពុងទន់ខ្សោយស្រាប់ក៏បានសាបសូន្យចាកប្រទេសឥណ្ឌាក្នុងពេលនេះ ចំណែកសាសនាហិណ្ឌូ ទោះជាត្រូវបំផ្លិចបំផ្លាញដូចគ្នា ប៉ុន្តែដោយសភាពផ្សេងគ្នា ដូចជាអ្នកបួសហិណ្ឌូខ្លះអាស្រ័យនៅក្នុងផ្ទះសម្បែងស្លៀកពាក់ដូចជាអ្នកស្រុកធម្មតាជាហេតុនាំឲ្យពិបាកញែកឲ្យច្បាស់ ទើបសេសសល់នៅ ធ្វើឲ្យសាសនាហិណ្ឌូកម្រើកខ្លួនឡើងវិញបាននៅពេលខាងក្រោយ។

ចាប់តាំងពីពេលនេះតទៅ គឺជាយុគនៃអាណាចក្រមុស្លីម អូសវែងអន្លាយអស់កាលប្រមាណ ៥០០ ឆ្នាំ។ ក្នុងយុគនេះជាទីរួមអំណាចរបស់ចក្រពត្តិម៉ោកុល ឬមុខុលបានច្រើនបំផុត តាំងពី ព.ស.២០៦៩ ដល់ ២៣២៧ និង រយៈកាល ដែលរុងរឿងបំផុត គឺរជ្ជកាលនៃព្រះបាទអាក់បារ៍មហារាជ (ព.ស.២០៩៩-២១៤៨) សឹងជាក្សត្រមុស្លីម ដែលបន្ធូរបន្ថយ ឲ្យឱកាសក្នុងការគោរពសាសនា។

សម័យបច្ចុប្បន្ន

ព.ស.២០៤១ ជនជាតិអីរ៉ុប បានចាប់ផ្ដើមចូលមកទាក់ទងធ្វើពាណិជ្ជកម្មជាមួយជនជាតិឥណ្ឌា ដោយជនជាតិព័រទុយហ្គ័លមុនគេ ក្រោយនោះជនជាតិហូឡង់ដ៍ និង ជនជាតិអង់គ្លេសបានចូលមកជាលំដាប់។ ឥណ្ឌាបានធ្លាក់ទៅក្នុងអាណានិគមរបស់អង់គ្លេសតាំងពី ព.ស.២៣២៧ និង បានឯករាជ្យវិញកាលពី ថ្ងៃទី ១៥ សីហា ព.ស.២៤៩០ ដោយបែងជាពីប្រទេសគឺ ឥណ្ឌា និង បាគិស្ថាន។ ក្នុងសម័យ ដែលឥណ្ឌាធ្លាក់ទៅក្នុងអាណានិគមនោះ អីរ៉ុបបាននាំសាសនាគ្រិស្តចូលទៅផ្សព្វផ្សាយ ប៉ុន្តែមិនសូវបានទទួលផលប៉ុន្មាន ពេល ដែលឥណ្ឌាភ្ញាក់ខ្លួនក្លាយជាអ្នកជាតិនិយម ក៏ភ្ញាក់ខ្លួនក្នុងរឿងនៃសាសនាផងដែរ ធ្វើឲ្យមានការទំនុកបម្រុងស្ថាបនាសាសនាហិណ្ឌូ ប្រជាជនគង់នៅមានការគោរពបូជាសាសនាហិណ្ឌូយ៉ាងខ្ជាប់ខ្ជួន តាមស្ថិតិពី ព.ស. ២៥០៤ ប្រជាជនឥណ្ឌាគោរពសាសនាហិណ្ឌូប្រមាណ ៨៣,៥% ឥស្លាម ១០,៧% គ្រិស្ត ២,៤% សិក្ខ ១,៨% និង ឈេន (ឈាន ឬ ធ្យាន) ០,៥% រីឯពុទ្ធសាសនាគង់នៅមានការបំភ្លេចនៅឡើយ អស់រយៈកាលតាំងតែពី ពុទ្ធសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ២៤ ទោះបីជាមានការគោរពប្រតិបត្តិតាមគោលធម៌របស់ពុទ្ធសាសនាជាច្រើនប្រការ ក៏បានប្រព្រឹត្តទៅដោយមិនដឹងខ្លួន ព្រោះត្រូវបានគួបបញ្ចូលជាចំណែកមួយក្នុងគោលធម៌នៃសាសនាព្រាហ្មណ៍ហិណ្ឌូ ឬកម្លាយឲ្យទៅជាសាសនាហិណ្ឌូរួចទៅហើយ ដូចជា ការបូជាពុទ្ធាវតារ ក្នុងឋានះជាព្រះពុទ្ធមួយអង្គក្នុងនាមជាអវតាររបស់ព្រះនារាយណ៍ក្នុងសាសនាហិណ្ឌូជាដើម នៅពេល ដែលពួកហិណ្ឌូបាននិយាយ ឬបានស្ដាប់នូវរឿងរ៉ាវរបស់ពុទ្ធសាសនាក៏មានគំនិតថាហាក់ដូចជារឿងពីក្រៅសាសនា ពុទ្ធសាសនិកជនក៏មាននៅសល់ត្រឹមតែជាក្រុមតូចតាចនៅដែនក័សស្មៀរ៍ អស្ស័ម និង ចិត្តៈកងប៉ុណ្ណោះ។

ការស្ថាបនាព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា ទើបតែនឹងមានមកក្នុងពេលថ្មី ៗ នេះ និង ភាគច្រើនកើតមកពីការចាប់ផ្ដើម ឬខ្វល់ខ្វាយរបស់ជនជាតិអីរ៉ុប និង អាមេរិកាំង ដែលបានសិក្សារៀនសូធ្យហើយមានសទ្ធាដូចមានហេតុការសំខាន់តទៅនេះ។

ព.ស.២៣៩៥

លោកឧត្តមសេនីយ៍ អលេកសាន់ឌើររ៍ ខ័ន និង ហែម អ្នកបូរាណវិទូឥណ្ឌា និង អ្នកស្រាវជ្រាវ បានដំណើរការគាស់រកឃើញនូវបូរាណស្ថាន និង បូរាណវត្ថុផ្សេង ៗ ជាច្រើនខាងផ្នែកព្រះពុទ្ធសាសនា បង្ហាញឲ្យពិភពលោក និង ប្រជាជនឥណ្ឌាបានរំភើបក្នុងការបានឃើញនូវភាពមហស្ចារ្យនៃព្រះពុទ្ធសាសនា ក្នុងប្រវត្តិសាស្ត្រ ដូចជា រឿងព្រះបាទអសោកមហារាជ និង នាលន្ទា ជាដើម។ ព.ស.២៤២២ លោក អេតវ៉ីន អានោលដ៍ ជនជាតិអង់គ្លេស អ្នកនិពន្ធរឿងប្រទីបនៃទ្វីបអាស៊ី ឬ “The Light of Asia” ជាសៀវភៅពុទ្ធប្រវត្តិ ដែលពិរោះក្បោះក្បាយ ធ្វើឲ្យជនជាតិឥណ្ឌា និង ពួកបស្ចឹមប្រទេសចាប់អារមណ៍ជាមួយព្រះពុទ្ធសាសនាច្រើនឡើង ដល់ថ្នាក់អ្នកខ្លះប្ដូរសាសនាតែម្ដងក៏មាន។

ព.ស.២៤២៤

T. W. រីស ដេវិដស៍ ជាមួយភរិយា និង គណៈ រួមគ្នាបង្កើតសមាគមបាលីបករណ៍ (The Pali Text Society) ឡើងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីបោះពុម្ពព្រះត្រៃបិដក និង គម្ពីរព្រះពុទ្ធសាសនាផ្សេង ៗ រាប់ថាជាជំហានសំខាន់ក្នុងការសិក្សាភាសាបាលី និង ព្រះពុទ្ធសាសនានាសម័យបច្ចុប្បន្ន។ ក្នុងរយៈកាលនេះ ការសិក្សាស្រាវជ្រាវភាសាបាលី និង ព្រះពុទ្ធសាសនាក្នុងចំណោមជនជាតិអីរ៉ុបបានឈានមុខយ៉ាងច្រើន ដូជាមានការបោះពុម្ពវចនានុក្រមភាសាបាលីអង់គ្លេស របស់សីលឌើរ៍ កាលពី ព.ស.២៤១៨ បោះពុម្ពអ្ដឋកថាជាតកដោយភាសារ៉ូម៉័ងគ្រប់ឈុត ក្នុងព.ស.២៤២០-២៤៤០ ប្រែ និង បោះពុម្ពគម្ពីរ ទីបវង្សព.ស.២៤២១ បោះពុម្ពបាលីវិន័យបិដកក្រប់ឈុត ព.ស.២៤២២-២៤២៦ បោះពុម្ពមិលិន្ទ បញ្ហា ព.ស.២៤២៣ បោះពុម្ពបាលីសុតន្តបិដកអភិធម្មបិដក និង សៀវភៅអដ្ឋកថាសំខាន់ ៗ ក្នុងរវាង ព.ស.២៤២៧ ដល់ ២៤៦៨ ព្រមទាំងចាប់ផ្ដើមការបោះពុម្ពព្រះត្រៃបិដកប្រែតាំងពីប្រមាណ ព.ស.២៤២៤ ជាដើមមក ចំណែកខាងគម្ពីរខាងផ្នែកសំស្ក្រឹតរបស់មហាយានក៏មានការរីកចម្រើនទៅមុខមិនអន់ជាងគ្នាដែរ ពោលគឺ បច្ចុប្បន្នគម្ពីរតម្រាសិក្សាភាសាបាលីសំស្ក្រឹត និង ព្រពុទ្ធសាសនា ដែលជាភាសាអង់គ្លេសមានគ្រប់បរិបូណ៌ជាងភាសានានាទាំងអស់។

ព.ស.២៤៣៥

បានបង្កើតសមាគមពុទ្ធសាសនាបករណ៍ (The BuddhistText Society) នៅទីក្រុង ក័លកត្តា បញ្ជាក់ថាជាការភ្ញាក់ខ្លួនក្នុងចំណោមអ្នកប្រាជ្ញឥណ្ឌា ដែលកើតឡើងអាស្រ័យការខ្វល់ខ្វាយសិក្សាស្រាវជ្រាវរៀនសូធ្យពីជនជាតិអីរ៉ុបយ៉ាងរឹងប៉ឹងពិតប្រាកដ។ ក្នុងរយៈកាលតមកនេះ អ្នកប្រាជ្ញឥណ្ឌាបានចាប់ផ្ដើមសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនា ទាំងផ្នែកធម៌អាថ៌វិន័យ និង ប្រវត្តិសាស្ត្រ ច្រើនឡើងដោយលំដាប់ នៅពេលឥណ្ឌាបានឯករាជ្យរួចហើយ រដ្ឋាភិបាលនៃរដ្ឋពិហារ បានបង្កើតនវនាលន្ទាមហាវិហារ ឬស្ថាប័នស្រាវជ្រាវវិគ្រោះការសិក្សាព្រះពុទ្ធសាសនា និង ភាសាបាលីនៃនាលន្ទាឡើងមក កាលពី ព.ស.២៤៩៤ ក្នុងទីជិតនៃមហាវិទ្យាល័យនាលន្ទាដើម ទោះស្ថាប័នការសិក្សាជាន់ខ្ពស់កន្លែងផ្សេង ៗ ក៏មានការបង្រៀនវិជ្ជាព្រះពុទ្ធសាសនា ភាសាបាលីខ្លះ ៗ ជាច្រើនកន្លែងក៏ដោយ។

ព.ស.២៤៣៤

អនាគារិកធម្មបាល ជនជាតិលង្កា(ឈ្មោះដើម ដេវិដ ហេមវិត្រនេ) កើតក្នុង ត្រកូលខ្ពង់ខ្ពស់ ដែលប្ដូរទៅកាន់សាសនាគ្រិស្ត ហើយបានទទួលពាក្យប្រៀនប្រដៅរបស់គ្រូជនជាតិអាមេរិកម្នាក់ឈ្មោះ ឧត្តមសេនីយ៍ឯក អកខតត៍ ឲ្យគោរពបូជាព្រះពុទ្ធសាសនា មានការយល់ច្បាស់ក្នុងស្ថានការណ៍ផ្សេង ៗ និង មានសេចក្ដីប្រាថ្នាយ៉ាងចាស់ក្លា ដែលនឹងស្ថាបនាព្រះពុទ្ធសាសនា ទើបប្រើឈ្មោះថ្មីដើម្បីសម្ដែងនូវគោលបំណងរបស់ខ្លួន បានទៅនមស្សការសំវេជនីយដ្ឋាននានាក្នុងប្រទេសឥណ្ឌា បានឃើញពុទ្ធគយា ដែលជាស្ថានទីត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ ត្រូវបោះបង់ចោលមិនមានអ្នកថែររក្សា និង នៅក្រោមការត្រួតត្រារបស់អ្នកបួសហិណ្ឌូ ហើយបានទៅប្ដេជ្ញាចំពោះដើមពោធិព្រឹក្សកន្លែង ដែលទ្រង់ត្រាស់ដឹងថា “នឹងសូមលះបង់ពលីជីវិតរបស់ខ្លួន ដើម្បីស្រោចស្រង់បូជនីយដ្ឋាននៃព្រះពុទ្ធសាសនាឲ្យរួចផុតពីសភាព ដែលត្រូវបោះបង់ចោលឲ្យទាល់តែបាន” នៅក្នុងឆ្នាំនេះឯង អនាគារិកធម្មបាល បានចាប់ផ្ដើមបង្កើត មហាពោធិសមាគម ដំបូងឯពុទ្ធគយា ក្រោមកបានធ្វើការឯកឯងយ៉ាងស្មោះស្ម័គ្រដើម្បីស្ដារព្រះពុទ្ធសាសនា បានធ្វើដំណើរទៅកាន់ប្រទេសផ្សេង ៗ ផ្សព្វផ្សាយពុទ្ធធម៌ និង បវរណាបណ្ដាជន សេចក្តីព្យាយាមរបស់គាត់បានធ្វើកើតមានការភ្ញាក់រលឹក និង រួមដៃគ្នាជាច្រើន ជាពិសេសគឺ អ្នកអាមេរិកា មហាពោធិសមាគមបានពង្រីកសាខាក្នុងក្រុងសំខាន់ ៗ ផ្សេង ៗ ទូទាំងប្រទេសឥណ្ឌា លោកបានឧបសម្បទាក្នុងវ័យ ដែលចាស់ជរាក្នុងប្រទេសលង្កា កាលពី ព.ស.២៤៧៦ និង អនិច្ចកម្មក្នុងឆ្នាំនេះឯង ពេលមរណភាពបានបន្លែងវាចាថា សូមកើតជាតិថ្មី ២៨ ជាតិទៀតដើម្បីផ្សព្វផ្សាយពុទ្ធធម៌ សេចក្ដីព្យាយាមរបស់លោកបានធ្វើឲ្យពុទ្ធគយារួចផុតពីការគ្រប់គ្រង និង បៀតបៀនរបស់អ្នកបួសហិណ្ឌូ ត្រឡប់បានមកជាកម្មសិទ្ធិរបស់ពុទ្ធសាសនិកជន តាមគោលបំណងប្រាថ្នា ធ្វើឲ្យឋានះនៃព្រះពុទ្ធសាសនាដឹងខ្លួនឡើងវិញហើយពុទ្ធសាសនិកជនបានដំណើរការបន្តដើម្បីព្រះពុទ្ធសាសនាបានរឹងប៉ឹងខ្លាំងឡើង។ ព.ស.២៤៩៩

រដ្ឋាភិបាលឥណ្ឌាបានចាត់បុណ្យឆ្លង “ពុទ្ធជយន្តី” ក្នុងឱកាសគ្រប់ខួបពុទ្ធសតវត្សរ៍ទី ២៥ មុនពេលចាត់បុណ្យឆ្លងនោះ រដ្ឋាភិបាលឥណ្ឌាបានជួសជុលសំវេជនីយដ្ឋានទាំង ៤ កន្លែង និង ស្ថានទីសំខាន់ខាងព្រះពុទ្ធសាសនាគ្រប់កន្លែងយ៉ាងសម្បើម ព្រមទាំងកសាងទីស្នាក់អាស្រ័យសម្រាប់អ្នកចារិកស្វែងបុណ្យគ្រប់ទីកន្លែង និង បោះពុម្ពសៀវភៅសំខាន់ទុកជាអនុស្សាវរីយ៍ នៃព្រះពុទ្ធសាសនាក្នុងប្រទេសឥណ្ឌា។

ក្នុងឆ្នាំដ ដែលនេះ Dr. អែមបេកការ៍ អតីតកម្មការពង្រៀងរដ្ឋធម្មនូញនឹងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដំបូងរបស់ឥណ្ឌា ដែលជាអ្នកនាំយកពួកវណ្ណៈសូទ្រ បានប្ដូរពីសាសនាហិណ្ឌូមកប្ដេជ្ញាខ្លួនជាពុទ្ធសាសនិក ធ្វើឲ្យមនុស្សក្នុងវណ្ណៈសូទ្របែរមកគោរពព្រះពុទ្ធសាសនារាប់ចំនួនរាប់លាននាក់។ គាត់ម្នាក់នេះបានដំណើរការក្នុងរឿងផ្សេង ៗ ដើម្បីលើកដំកើងមនុស្សក្នុងវណ្ណៈសូទ្រទាំងខាងសង្គម និង ការសិក្សា ដោយអាស្រ័យធម៌អាថ៌ព្រះពុទ្ធសាសនាចំនួនច្រើន ជាពិសេសគឺខាងផ្នែកការសិក្សា បានបង្កើតវិទ្យាល័យ និង ស្ថាប័នការសិក្សាពុទ្ធសាសនាដើម្បីបង្រៀនមុខវិជ្ជាផ្សេង ៗ ជាច្រើនកន្លែង ដូច សិទ្ធារថវិទ្យាល័យខាងនិតិសាស្ត្រ (ច្បាប់) ជាអាទិ៍។ លោកបានទទួលការគោរពសរសើរពីពួកជនវណ្ណៈសូទ្រប្រដូចទៅជាព្រះពោធិសត្វឬជាព្រះអាទិទេពមួយអង្គ។ Dr. អែមបេកការ៍ បានទទួលអនិច្ចកម្មក្នុង ព.ស.២៤៩៩ នោះឯង។ បច្ចប្បន្ន ពុទ្ធសាសនិកជននៅប្រទេសនានា បានធ្វើដំណើរទៅនមស្សការសំវេជនីយដ្ឋានយ៉ាងកុះកររាល់ឆ្នាំ ប្រទេសខ្លះបានកសាងវត្តតាមបែបវប្បធម៌របស់ខ្លួនទុក នៅនាសំវេជនីយដ្ឋាននោះៗ សម្រាប់ប្រទេសថៃ រដ្ឋាភិបាលបានដំណើរការកសាងវត្តមួយកន្លែងឯពុទ្ធគយា ដាក់នាមវត្តថា វត្តថៃពុទ្ធគយា ឬ Wat Thai Buddhagaya ចាប់ផ្ដើមកសាងដោយការសំណូមពររបស់រដ្ឋាភិបាលឥណ្ឌាក្នុងឱកាសសម្ពោធិ៍ ពុទ្ធសតវត្សរ៍ទី ២៥ និង បញ្ជូនព្រះសង្ឃថៃទៅនៅជាប្រចាំ តាំងតែពី ព.ស.២៥០៣ រហូតមក។ មូលហេតុព្រះពុទ្ធសាសនាសាបសូន្យពីឥណ្ឌា ការសិក្សារឿងនេះនៅមិនទាន់មានភស្តុតាងសម្បូរច្បាស់លាស់ តែតាម ដែលអ្នកប្រាជ្ញបានសន្និដ្ឋានទុក ល្មមនឹងរួបរួមប្រមូលមកដូច្នេះ ៖ ១. គណសង្ឃអន់ថយនឹងទន់ខ្សោយចុះ ព្រះសង្ឃដើមឡើយឋិតនៅយ៉ាងរឹងប៉ឹងក្នុងការបដិបត្តិសាសនា មានសីល និង ចរិយាវត្ត រក្សារបៀបវិន័យ មានភាពលះបង់ និមន្តចារិកប្រៀនប្រដៅប្រជាជន បំពេញសាសនកិច្ច ដើម្បីប្រយោជន៍មហាជន មនុស្សទើបមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ ព្រះមហាក្ស័ត្រ នាហ្មឺនមន្រ្តី សេដ្ឋី គហបតី នាំគ្នាផ្តល់ការឧបត្ថម្ភ ទំនុកបំរុងកសាងវត្តវ៉ាអារាម ធំធេង ប្រគេនទីធ្លា រហូតដល់ក្លាយទៅជាមហាវិទ្យល័យក៏មាន។ ព្រះសង្ឃមានជីវភាពសុខស្រួល តាំងចិត្តសិក្សាប្រតិបត្តិ និង អប់រំប្រៀនប្រដៅប្រជាជន មិនលះបង់ចោលនូវតួនាទី ដល់ប្រជាជន ពុទ្ធបរស័ទ ព្រះពុទ្ធសាសនាក៏រុងរឿង តែបន្ទាប់មកដោយអាស្រ័យជីវិត ដែលបានទទួលការទំនុកបំរុងយ៉ាងសុខស្រួលនោះ ក៏ធ្វើឲ្យជាប់ជំពាក់ និង ភ្លេចនូវតួនាទីដ៏ពិតប្រាកដរបស់ខ្លួន ជាហេតុនាំឲ្យ ៖

- ជាប់ជំពាក់នឹងសេនាសនសប្បាយ សប្បាយអរក្នុងលាភសក្ការះ និង សេចក្តីសុខស្រួលគិតតែអំពីរឿងផ្ទាល់ខ្លួន និង បច្ច័យជាទីអាស្រ័យរបស់ខ្លួន លះបង់ចោល នូវតួនាទី ដែលត្រូវបំពេញចំពោះប្រជាជនជន។

រវល់តែពីរឿងពិធីកម្ម និង បុណ្យទាន ដែលសប្បាយរីករាយផ្សេងៗ នាំឲ្យការយល់ដឹងអំពីរឿងបុណ្យកុសលមានកំហិតចុះ ព្រោះទទួលបញ្ហាផ្សេងៗ ជារបស់ខ្លួនផ្ទាល់។ - សិក្សារៀនសូត្រជ្រៅជ្រះហើយ តែរវល់វង្វេងជាមួយនឹងការជជែកដេញដោលអំពីបញ្ហាខាងទស្សនវិជ្ជាអន្តគាហិកទិដ្ឋិ នាំឲ្យភ្លេចនូវសាសនកិច្ចរបស់ខ្លួនរវាងពុទ្ធបរិស័ទ។

- មានការប្រព្រឹត្តិប្រតិបត្តិអន់ថយចុះ ព្រោះត្រេកត្រអាលតែក្នុងភាពសុខស្រួល និង បែកពាក់សាមគ្គីជាពួកជានិកាយ ព្រោះប្រកាន់ច្រណែនឈ្នាសនិសគ្នា មិនអាចសម្រុះសម្រួលគ្នាបាន។

- ឃើញតែភាពងាយស្រួយ ទៅតាមអំពើចិត្តខ្លួន បណ្តោយទៅតាមចិត្តរបស់មនុស្ស បណ្តោយឲ្យរឿងមន្តអាគម សេចក្តីសក្តិសិទ្ធិឫទ្ធិបដិហារ្យផ្សេងៗកើតមានច្រើនឡើង ខ្លួនឯងក៏ត្រេកត្រអាលស្រវឹងវង្វេង តែក្នុងរឿងទាំងនោះ គួរណាតែធ្វើឲ្យប្រជាជនមានហេតុផលរឹងប៉ឹង មានប្រាជ្ញ និង ទីពឹងខ្លួនឯងបាន បែរជាធ្វើឲ្យប្រជាជនលិចលង់រឿងទាំងអស់នោះទៅវិញ។

- ធ្វើឲ្យអន់ថយ និង សង្ឃឹមរងចាំទីពឹងរឿងខាងក្រៅឥតខ្លឹមសារខ្លាំងឡើង ធ្វើឲ្យព្រះពុទ្ធសាសនាមានសភាពស្រដៀជាមួយ និង សាសនាដទៃជាច្រើន ដូចជាក្លាយទៅជាលទ្ធិតន្ត្រៈ ដែលមានលក្ខណះអន់ថយ រហូតដល់មានការស្រដៀងជាមួយលទ្ធិតន្រ្តៈនៃសាសនាហិណ្ឌូ និង ធ្វើឲ្យបាត់ទៅនូវលក្ខណៈពិសេសរបស់ខ្លួនឯង។

២. សាសនាហិណ្ឌូ ប្រឆាំង គាបសង្កត់

ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាខ្វែងទំនាស់ និង ទម្លាយភាពទំនុកចិត្តដើមក្នុងសាសនាព្រាហ្មណ៍យ៉ាងច្រើន ជាហេតុនាំឲ្យសាសនាព្រាហ្មណ៍ ឬហិណ្ឌូក្នុងសម័យបន្ទាប់មកព្យាយាមរកវិធីលុបបំបាត់ព្រះពុទ្ធសាសនាដោយវិធីសាស្រ្តផ្សេងៗ បញ្ហាទាំងនេះ គួរនឹងសិក្សាមានខ្លឹមសារតទៅ ៖

- ព្រះពុទ្ធសាសនាប្រៀនប្រដៅថា មនុស្សរាល់គ្នាមានភាពស្មើគ្នា មានសិទ្ធិនឹងឱកាសស្មើគ្នា មិនមានកំណត់ដោយវណ្ណៈ នឹងឲ្យរាល់គ្នាសិក្សានូវព្រះធម៌វិន័យដូចគ្នាទាំងអស់ ពាក្យប្រៀនប្រដៅនេះ ប៉ះទង្គិចដល់សាសនាព្រាហ្មណ៍ ដែលជំនឿថា ខ្លួនឯងជាវណ្ណៈខ្ពង់ខ្ពស់ មានសិទ្ធិពិសេសផ្សេងៗ និង ធ្លាប់ប្រកាន់ខ្ជាប់យ៉ាងដាច់អហង្កានូវការសិក្សាតាមទំនៀមរបស់ព្រាហ្មណ៍ជាអ្នកវណ្ណៈ មានអំណាច និង ឥទ្ធិពលច្រើនដូចជា ជាបុរោហិតរបស់ព្រះរាជាជាដើម តែព្រះពុទ្ធសាសនាផ្សាយទូលាយក្នុងក្រុមប្រជាជនទូទៅ ដរាបណាប្រជាជន នៅមានសទ្ធារឹងមាំ ព្រះសង្ឃនៅជាទីពឹងរបស់ប្រជាជន និង បំពេញតួនាទីចំពោះប្រជាជនយ៉ាងត្រឹមត្រូវ។ ពួកព្រាហ្មណ៍ក៏មិនហានធ្វើឲ្យអន្តរាយ ឬ បើធ្វើក៏មិនបានសម្រេច ទន្ទឹមនឹងនោះ ព្រះមហាក្ស័ត្រក៏ទ្រង់ឧបត្ថម្ភផងដែរ។ ព្រះពុទ្ធសាសនាកាន់តែគង់វង់ ដែលសង្កេតឃើញថាព្រះមហាក្ស័ត្រ ដែលជាពុទ្ធមាមកៈរាល់ព្រះអង្គ ទ្រង់ផ្តល់នូវសេរីភាពក្នុងជំនឿសាសនា ឧបត្ថម្ភរៀងរាល់សាសនា ដូចជា ព្រះបាទធម្មាសោក ព្រះបាទកនិស្សកៈ ព្រះបាទហស្សវឌ្ឍនៈជាដើម។ តែពួកព្រាហ្មណ៍មិនពេញចិត្តការឧបត្ថម្ភព្រះពុទ្ធសាសនា ដូចជា បុស្សយមិត្ត ទំលាយវង្សក្ស័ត្រពុទ្ធឡើងគ្រងរាជ្យ រួចចំចាត់ចោលនូវព្រះពុទ្ធសាសនា ពួកព្រាហ្មណ៍ និង អ្នករាជការរបស់ព្រះបាទហស្សវឌ្ឍនៈ ឈ្នានិសការឧបត្ថម្ភរបស់ព្រះពុទ្ធ រហូតដល់ដាក់គំរោងការលបធ្វើឃាតជាដើម ។ ក្នុងសម័យ ដែលព្រាហ្មណ៍ឡើងជាក្ស័ត្រ ទោះជាមិនហានបំផ្លាញ់ព្រះពុទ្ធសាសនា ក៏ប៉ុន្តែធ្វើឲ្យព្រះពុទ្ធសាសនាចុះញមជាមួយនឹង សាសនាហិណ្ឌូ ដល់ទីបំផុតធ្វើឲ្យមានភាពដូចគ្នា និង នៅទីបំផុត ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាត្រូវរិចរិលខើចទៅ ៗ។

- ពួកព្រាហ្មណ៍ប្រើប្រាស់សាសនាហិណ្ឌូជាគោលនៃលទ្ធិជាតិនិយម ដោយគួបផ្សំភាពជាជាតិឥណ្ឌាចូលជាមួយភាពជាហិណ្ឌូ ដូច ដែលបានសង្កេតឃើញថា ព្រះមហាក្ស័ត្រដ៏កំពូលបំផុតរបស់ឥណ្ឌា ជាពុទ្ធមាមកៈ ច្រើនតែមានក្រសែលោហិតជាជាតិផ្សេង ដែលឃើញយ៉ាងច្បាស់គឺ ព្រះបាទកនិសកៈ ព្រះអង្គមានក្រសែលោហិតជាតិម៉ុងហ្គោលី នៃកុលសម្ព័ន្ធកុសាណៈ ជនជាតិឥណ្ឌាក៏កំចាត់រាជវង្សកុសាណៈ ក្នុងសម័យបន្ទាប់មក ដោយប្រើលទ្ធិជាតិនិយមជាគ្រឿងរួមកំលាំង និង ការ ដែលវង្សក្ស័ត្រនេះកាន់ព្រះពុទ្ធសាសនា ទើបព្រះពុទ្ធសាសនាត្រូវសំគាល់ថាជា សាសនារបស់ជនជាតិផ្សេងដែរ សូម្បីរឿងនេះ ព្រះបាទ ធម្មាសោកមហារាជក៏ដូច្នោះដែរ មានអ្នកប្រាជ្ញសន្និដ្ឋានថា ព្រះអង្គមានព្រះមាតាជាតិគ្រីក ពួកព្រាហ្មណ៍បានព្យាយាមកំចាត់រាជវង្សនេះ ព្រមទាំងព្រះពុទ្ធសាសនា ទោះជាព្រះបាទ ធម្មាសោកមហារាជ ជាព្រះមហាក្ស័ត្រដ៏កំពូលបំផុត តែមិនមានកេរ្ត៍ឈ្មោះក្នុងប្រវត្តិសាស្រ្តរបស់ជាតិហិណ្ឌូឡើយ។

- ពេល ដែលជនជាតិបច្ចឹមទិសមកសិក្សាស្រាវជ្រាវ ព្រះនាមរបស់ព្រះបាទធម្មាសោកក៏ប្រកដឡើងដែរ រួចទើបជនជាតិឥណ្ឌាយល់ព្រមតាម ក្រៅពីនេះ សូម្បីព្រះពុទ្ធជាម្ចាស់ក៏មានអ្នកសន្និដ្ឋានថា ប្រជាជនកុលសម្ព័ន្ធម៉ុងហ្គោលី ទើបបានជាមិនជាទីពេញ ចិត្តរបស់ ព្រាហ្មណ៍។

- អ្នកប្រាជ្ញហិណ្ឌូព្យាយាមនាំយកគោលការណ៍ក្នុងព្រះពុទ្ធសាសនាទៅកែទម្រង់ គោលធម៌របស់ខ្លួនឲ្យទៅជាលក្ខណៈខ្លះ នាំយកទៅធ្វើតាមគំរូខ្លះ ដើម្បីឲ្យមានកម្លាំងប្រហាក់ប្រហែលគ្នាបាន ដើម្បីឲ្យមើលទៅមានភាពស្រដៀងគ្នា លាយលំគ្នា រហូតដល់មិនចាំបាច់មានព្រះពុទ្ធសាសនានៅដាច់ដោយលែក។ ពេលព្រះពុទ្ធសាសនាទន់ខ្សោយទៅ ក៏លាយលំបានងាយ ដូចជា សង្ករាចារ្យ នាំយកទ្រឹស្តីក្នុងព្រះពុទ្ធសាសនា ផ្លាស់ប្តូរទៅទស្សនវិជ្ជាវេទានត្តៈរបស់ខ្លួន និង កសាងវត្តហិណ្ឌូ តាំងក្រុមអ្នកបួសតាមបែបក្រុមព្រះសង្ឃអរញ្ញវាសីជាដើម សូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ក្លាយអវតារបស់ព្រះនារាយណ៍ផងដែរ។

៣. ជនជាតិមុស្លីមក៏ចូលទៅរុករានទន្ទ្រាន បំផ្លិចបំផ្លាញក្នុងរយៈពេល ដែលព្រះសង្ឃកំពុងតែទន់ខ្សោយចុះនោះ ក៏ស្រាបតែកងទ័ពជនជាតិអារ៉ាប និង ទ៌ួគី ចូលទៅរុករានទន្រ្ទានជារឿយៗ រហូតដល់ទំលាយព្រះពុទ្ធសាសនាឲ្យអស់ទៅ ដូចដុតទំលាយសាកលវិទ្យាល័យវលភី នៅ ព.ស. ១៣៥០-១៤០០ នឹងទំលាយចោលសព្វទីកន្លែងនៅ ព.ស.១៧០០ជាដើមដោយប្រើវិធី ៖

- សម្លាប់ព្រះសង្ឃ ដូចជានៅឯនាលន្ទា អ្នកប្រវត្តិសាស្រ្តមុស្លីម ក៏បានចារឹកថា ព្រះសង្ឃ ដែលត្រូវបានធ្វើឃាតប្រមាណមួយហ្មឺនអង្គ (ជាង) គឺមិនឲ្យសេសសល់កន្លែងណាមួយឡើយ។

- បំផ្លាញ់ស្ថាប័ន និង សំណង់ទាំងឡាយ ដោយដុតបំផ្លាញ់វត្តវ៉ាអារាម និង សាកលវិទ្យាល័យព្រះពុទ្ធសាសនាគ្រប់កន្លែង កន្លែងខ្លះសូម្បីតែសំណល់ក៏ មិនឲ្យនៅសល់ដែរ ។

- ដុតគម្ពីរ និង ក្បួនតំរាព្រះពុទ្ធសាសនា ដូចជាបណ្ណាល័យរបស់សាកលវិទ្យាល័យនាលន្ទា ដុលនៅពេលរាត្រីខែរនោច។

ការទម្លាយបំផ្លាញ់គ្រានេះធ្វើឲ្យព្រះសង្ឃត្រូវបំបែកខ្លួន មិនអាចកកើតឡើងទៀតបានឡើយ។ របបរបស់ព្រះពុទ្ធសាសនាឋិតនៅក្នុងលក្ខណៈជាស្ថាប័ន ដែលបែងពុទ្ធបរិស័ទជាពីរផ្នែក ប្រតិបត្តិតួនាទីនៃផ្នែកនិមួយ ៗ ដោយព្រះសង្ឃអ្នកដឹកនាំខាងស្មារតី មានជីវភាពរស់នៅដាច់ដោយលែក យ៉ាងច្បាស់លាស់កំចាត់បានងាយ ពេលអស់ព្រះសង្ឃអស់មេដឹកនាំ ពុទ្ធសាសនិកត្រូវគាបសង្កត់ខ្លះ ត្រូវអូសទាញខ្លះ ក្លាយជាមុស្លីមទៅ ឬហិណ្ឌូទៅ ផ្នែកខាងហិណ្ឌូទោះជាត្រូវកំចាត់ព្រមជាមួយនោះដែរ តែដោយអាស្រ័យអ្នកហិណ្ឌូមានច្រើនបែប ពួកខ្លះនៅផ្ទះមានគ្រួសារ មានជីវភាពរស់នៅដូចប្រជាជនទូទៅ ក៏រួចផុតទៅបានងាយ ខណៈនោះគោលការណ៍ទួទៅរបស់ព្រះពុទ្ធសាសនា និង ហិណ្ឌូមានលក្ខណៈប្រហាក់ប្រហែលគ្នា ច្រឡូកច្រលំគ្នាជាច្រើនទៅហើយ ពេល ដែលផ្នែកខាងហិណ្ឌូនៅសេសសល់ ទាញចូលទៅហិណ្ឌូ មិនមាននរណារារាំង វត្តព្រះពុទ្ធសាសនា ដែលនៅសេសសល់ ក៏ត្រូវពួកព្រាហ្មណ៍រឹបអូសយកទៅកាន់កាប ក្លាយជាវត្តហិណ្ឌូ ។ ពុទ្ធបរិស័ទ ដែលនៅសេសសល់ក៏ត្រូវកំលាយបន្តិចម្តងៗ ចូលទៅសង្គមនៃក្នុងវណ្ណៈរបស់ហិណ្ឌូ ។

អ្នកប្រាជ្ញទាំងឡាយពោលថា ព្រះពុទ្ធសាសនាមិនបានបាត់បង់សាបសូន្យពីប្រទេសឥណ្ឌា ព្រោះអ្វីៗ ដែលបានកសាងឡើងហើយក្នុងប្រទេសឥណ្ឌា ក៏គង់នៅក្នុងប្រទេសឥណ្ឌាក្នុងលក្ខណៈបុរាណវិទ្យា និង វប្បធម៌ផ្សេងៗ ដែលនៅមានដំណរតមកទល់ បច្ចុប្បន្ន ចំណែកខាងគោលធម៌ជាគ្រឿងកែទម្រង់ និង ជាបែបយ៉ាងធ្វើឲ្យសាសនាហិណ្ឌូរីកចំរើនមកទល់បច្ចុប្បន្ន ក្លាយទៅជាលក្ខណៈល្អប្រណិតឡើង ដូចជាការបញ្ឈប់ការបូជាយ័ញ មានគោលសីលធម៌ច្បាស់លាស់ឡើង មានគោលទស្សនវិជ្ជាជ្រាលជ្រៅឡើងដោយវិធីទាញយកពីពុទ្ធសាសនា តាម ដែលមានប្រយោជន៍ដល់ខ្លួនយ៉ាងនេះជាដើម។