ព្រះពុទ្ធសាសនា
ពុទ្ធប្រវត្តិសង្ខេប
ព្រះសម្មាសម្ពុទ ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្ប ព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេតេ្តយ្យ។ រាជវង្ស កំណើត
ព្រះបាទសុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុ ព្រះនាង សិរិមហាមយា ទ្រង់បានសុបិននិមិត្តឃើញដំរីសមួយមានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះឧទរព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរយៈគម្ពីរមហាវេស្សន្តរជាតក មានទេវបុត្រមួយព្រះអង្គ ព្រះនាម សន្តុសិតទេវបុត្រ បានយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ក្នុងកំឡុងដែលព្រះពោធិសត្វនៅក្នុងឧទរនៃព្រះមាតា មានទេវបុត្រ៤អង្គតែងចូលទៅរក្សាក្នុងទិសទាំង៤ ដោយគិតថា កុំអោយមានមនុស្ស និងអមនុស្សណាមួយមកបៀតបៀនព្រះពោធិសត្វ និងព្រះមាតាព្រះពោធិសត្វបានឡើយ។ ព្រះនាងមាយា បានទ្រង់គភ៌អស់ចំនួន១០ខែគត់។ ដល់គម្រប់១០ខែ គឺនៅថ្ងៃសុក្រ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច ព្រះនាងមានព្រះរាជបំណងនឹងស្តេចយាងទៅកាន់នគរទេវទហៈដែលជា ជាតិភូមិរបស់ព្រះនាង ទើបក្រាបបង្គំទូលព្រះបាទសុទ្ធោទនមហារាជថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់ប្រាថ្នានឹងទៅកាន់នគរទេវទហៈ។ គ្រានោះព្រះបាទសុទ្ធោទនៈ ទ្រង់អនុញ្ញាតិ ហើយទ្រង់ត្រាស់បង្គាប់អោយពួកសេវកាមាត្យរៀបចំក្បួនដើម្បីដង្ហែរ ព្រះនាងទេវី។ ទៅដល់ចន្លោះព្រំប្រទល់នគរទាំងពីរ គឺកបិលវត្ថុនិងទេវទហៈមានសាលវ័នជាមង្គលមួយឈ្មោះ លុម្ពិនីវ័ន ដែលមានផ្ការីកយ៉ាងល្អ និងហ្វូងបក្សី៥ពណ៌។ ព្រះនាងទេវីក៏ប្រាថ្នានឹងឈប់សម្រាកទីនោះ។ ខណៈដែលព្រះនាងយាងទៅដល់ក្រោមដើមសាលព្រឹក្សមួយដើម ខ្យល់កម្មជ្ជវាតក៏បណ្តាលកម្រើកឡើងនៅក្នុងព្រះឧទរនៃព្រះនាង។ មហាជនបានជ្រាបហេតុជិតនឹងប្រសូត្រ ក៏បានរៀបចំបិទបាំងនៅក្រោមដើមនោះ ហើយថយចេញមក។ ព្រះនាងទ្រង់ឈោងចាប់មែកសាលព្រឹក្សប្រថាប់ឈរ ព្រះពោធិសត្វក៏ប្រសូត្រចាកព្រះឧទរនៃព្រះវរមាតាក្នុងវេលានោះ។ ក្នុងថ្ងៃដែលព្រះពោធិសត្វប្រសូត្រនោះ ព្រះរាជទេវីពិម្ពារ១ ឆន្នអាមាត្យ១ កាឡុទាយីអាមាត្យ១ ព្រះអានន្ទ១ សេះកណ្ឋកៈ១ មហាពោធិព្រឹក្ស១ កំណប់ទ្រព្យទាំង៤រណ្តៅ១ បានកើតឡើងព្រមគ្នា។ ពួកអ្នកនគរបាននាំព្រះពោធិសត្វត្រឡប់ទៅនគរកបិលពស្តុវិញ។ ពិធីថ្វាយព្រះនាម [១]