ភពសៅរ៍

​ភពសៅរ៍​ត្រូវ​បានផ្សំ​ឡើង ដោយមាន​ស្នូលតូចជាវត្ថុរឹង​រុំព័ទ្ធ​ដោយស្រទាប់​ឧស្ម័នដូចជា អាម៉ូញាក់ និងមេតាន ហើយក៏មានទឹកតិចតួច​ផងដែរ។ សម្រាប់​ស្រទាប់​ក្រៅរបស់​ភពនេះវិញ គឺសុទ្ធសឹងតែ​ជាឧស្ម័នអេល្យូម និងអ៊ីដ្រូសែន ដែលឧស្ម័ន​ភាគច្រើន​របស់វាទាំងនេះ គឺមានម៉ាស់មាឌ (ដង់ស៊ីតេ) ទាបជាងទឹក។ ដូច្នេះបើមាន​មហាសមុទ្រ​ធំណាមួយ យើង​អាចបណ្តែតភព​សៅរ៍នៅ​លើនោះ​បាន។ ដោយសារ​តែ​វាស្រាល​ជាងទឹក ដូច្នេះវាអាច​អណ្ដែត​លើទឹកបាន មិនខុសពីវត្ថុជាច្រើន​លើផែនដីដែលអាចអណ្តែតលើទឹកនោះឡើយ។ គ្មានភពផ្សេង​ណាមួយ​ នៃប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង ដែលអាចធ្វើ​ដូច្នេះបានឡើយ ព្រោះភពទាំងនោះ​មានដង់ស៊ីតេ​ធ្ងន់ ជាងទឹក។ ភពសៅរ៍​មានដង់ស៊ីតេទាប​ជាងភពណាៗ​ទាំងអស់ ដែលនេះ​មានន័យថា វាមិនមែនមាន​ទម្ងន់ធ្ងន់​ដូចទំហំខ្លួន​របស់វា ដូចជាភពដទៃ​ទៀតនោះ​ទេ។

ភពសៅរ៍​មានមុខកាត់ ១១៦,៤៦៤គីឡូម៉ែត្រ ដូច្នេះវាអាច​ផ្ទុកវត្ថុប៉ុន​ភព​ផែនដី​​បានរហូត​ដល់ទៅ ៧៦០ ឯណោះ។ ភពមានលេខរៀង​ទី ៦ ពីព្រះអាទិត្យនេះ​គឺមានគម្លាតពីព្រះអាទិត្យ ១.៤៣៣ពាន់លានគីឡូម៉ែត្រ និងប្រើពេល ២៩ឆ្នាំផែនដី ទើបគោចរបាន​មួយជុំ​ព្រះអាទិត្យ ខណៈភព​ព្រហស្បតិ៍​ត្រូវការពេល ១២ឆ្នាំ និងភពអង្គារ​ត្រូវការ ៦៨៧ថ្ងៃផែនដី។ ចំណុច​ចុងក្រោយ គឺភពសៅរ៍ជា​ភព​មានព្រះច័ន្ទច្រើន​បំផុត​លំដាប់ទីពីរ ដោយមាន​ព្រះច័ន្ទ​សរុប ៥៣ (បើមិនរាប់ដុំថ្មធំៗ​មួយចំនួន ដែលស្ថិតនៅក្នុង​ខ្សែក្រវាត់ភព) ហើយមួយ​ថ្ងៃនៅលើភពនេះ គឺមាន​រយៈពេល ១០ម៉ោង និង ៤២នាទី។ ព្រះច័ន្ទ​ដែលស្ថិត​នៅក្នុងគោលដៅស្រាវជ្រាវ​របស់អ្នក​វិទ្យាសាស្ត្រ គឺ Titan និង Enceladus៕

មើលផងដែរកែប្រែ