ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ

បញ្ចមភាគកែប្រែ

បាដិកវគ្គកែប្រែ

បាដិកសូត្រ ទី១កែប្រែ

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអនុប្បិយនិគម របស់ពួកមល្លជន ក្នុងមល្លជនបទ ។ គ្រានោះឯង វេលាព្រឹកព្រហាម ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម ។ ពេលនោះឯង ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា ការចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម ក៏នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគតចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រសិន ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រ ។ ពេលនោះឯង ភគ្គវគោត្របរិព្វាជក បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចមកបពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ធ្វើនូវបរិយាយនេះ ដើម្បីនិមន្តមកក្នុងទីនេះ អស់កាលយូរហើយ [បានសេចក្តីថា ព្រះអង្គខាននិមន្តមក ក្នុងទីនេះយូរណាស់ហើយ ។] បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានបុណ្យស្តេចគង់ នេះឯងជាអាសនៈ ដែលខ្ញុំព្រះអង្គក្រាលបម្រុងទុក ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលបរិព្វាជកបានក្រាលទុក ។ ចំណែកខាងភគ្គវគោត្របរិព្វាជក បានកាន់យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីសមគួរ ។ លុះភគ្គវគោត្របរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលពីថ្ងៃមុន យូរថ្ងៃណាស់មកហើយ លិច្ឆវិបុត្រឈ្មោះសុនក្ខត្តៈ បានចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ  ក៏និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំបោះបង់ព្រះមានព្រះភាគហើយ បពិត្រអ្នកជាភគ្គវគោត្រ ឥឡូវនេះ ខ្ញុំមិនបាននៅពឹងផ្អែក នឹងព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចម្រើន សុនក្ខត្តលិច្ឆវិបុត្រ បានក្រាបទូលព្រះអង្គយ៉ាងនុ៎ះមែនឬទេ ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភគ្គវគោត្រ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយពាក្យនុ៎ះ យ៉ាងនោះមែន ម្នាលភគ្គវគោត្រ កាលពីថ្ងៃមុនយូរថ្ងៃណាស់មកហើយ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីដ៏សមគួរ ។ ម្នាលភគ្គវគោត្រ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គសូមលាព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ខ្ញុំព្រះអង្គនឹងលែងនៅពឹងផ្អែក នឹងព្រះមានព្រះភាគហើយ ។ ម្នាលភគ្គវគោត្រ កាលសុនក្ខត្តលិច្ឆវិបុត្រ និយាយយ៉ាងនេះហើយ តថាគតក៏បាននិយាយទៅនឹងសុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះវិញថា ម្នាលសុនក្ខត្តៈ ចុះតថាគតមានបាននិយាយនឹងអ្នក យ៉ាងនេះថា នែសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែកនឹងតថាគតចុះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ ។ តថាគតបានសួរតទៅទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងបានក្រាបទូលយ៉ាងនុ៎ះ ចំពោះព្រះអង្គក៏ទេ ។ តថាគតបាននិយាយទៀតថា នែសុនក្ខត្តៈ តថាគតក៏ឥតបាននិយាយនឹងអ្នកថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ ដូច្នេះទេ ចំណែកអ្នក ក៏មិនបាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ដូច្នេះដែរ ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា ម្នាលមោឃបុរស ចូរអ្នកមើលចុះ អំពើនេះ ជាកំហុសរបស់អ្នកហើយ ។

[២] សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះមានព្រះភាគ មិនដែលបានធ្វើឥទ្ធិបាដិហារិយ៍ [បាដិហារិយ៍កើតអំពីឫទ្ធិ ហៅថាឥទ្ធិបាដិហារិយ៍ ។] ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស [សីល៥ និងសីល១០ ឈ្មោះថា ជាធម៌របស់មនុស្ស ។ អដ្ឋកថា ។] ឲ្យដល់ខ្ញុំព្រះអង្គសោះ ។ តថាគតក៏បាននិយាយថា ម្នាលសុនក្ខត្តៈ ចុះតថាគត បាននិយាយនឹងអ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ ចូរអ្នកមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះដែរឬ ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ឆ្លើយតបមកថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ ។ តថាគតក៏សួរទៅទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់ខ្ញុំដូច្នេះដែរឬ ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ឆ្លើយតបមកថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងបាននិយាយយ៉ាងនោះ នឹងព្រះអង្គក៏ទេ ។ តថាគតក៏និយាយទៅទៀតថា ម្នាលសុនក្ខត្តៈ តថាគតក៏ឥតបាននិយាយនឹងអ្នកថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់អ្នកដូច្នេះទេ ចំណែកខាងអ្នក ក៏មិននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ឲ្យដល់ខ្ញុំព្រះអង្គដូច្នេះដែរ ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា ។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីជាប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ ។ សុនក្ខត្តៈលិច្ឆវិបុត្រ ឆ្លើយតបថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើព្រះអង្គធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើព្រះអង្គមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ ។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី កាលបើតថាគតមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកធ្វើតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ ។ ម្នាលសុនក្ខត្តៈ កាលបើធម៌ដែលតថាគតបានសំដែងហើយនោះ ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅនៃទុក្ខដោយប្រពៃ យ៉ាងនេះហើយ នឹងចាំបាច់ធ្វើឥទ្ធិបាដិហារិយ៍ ដែលជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះជាកំហុសរបស់អ្នក ។

[៣] សុនក្ខត្តលិច្ឆវិបុត្រ និយាយទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះមានព្រះភាគ មិនបានបញ្ញត្តនូវច្បាប់ទំលាប់ [អដ្ឋកថា ថា លោកបញ្ញត្តិថា ច្បាប់ដ៏ប្រសើរ ដែលបុគ្គលគួរចេះដឹង ។] ដល់ខ្ញុំព្រះអង្គសោះ ។ តថាគតក៏និយាយទៅវិញថា ម្នាលសុនក្ខត្តៈ ចុះតថាគត បានពោលនឹងអ្នកយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងបញ្ញត្តនូវច្បាប់ទំលាប់ដល់អ្នក ដូច្នេះដែរឬ ។ សុនក្ខត្តលិច្ឆវិបុត្រ ឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គនឹងបានមានព្រះបន្ទូលយ៉ាងនុ៎ះ នឹងខ្ញុំព្រះអង្គក៏ទេ ។ តថាគតនិយាយទៀតថា ចុះអ្នកបាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងបញ្ញត្តនូវច្បាប់ទំលាប់ ដល់ខ្ញុំព្រះអង្គ ដូច្នេះដែរឬទេ ។ សុនក្ខត្តលិច្ឆវិបុត្រទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនឹងបានពោលយ៉ាងនោះ នឹងព្រះអង្គក៏ទេ ។ តថាគតនិយាយថា នែសុនក្ខត្តៈ តថាគតឥតបាននិយាយនឹងអ្នកថា ម្នាលសុនក្ខត្តៈ អ្នកចូរមកនៅពឹងផ្អែក នឹងតថាគតចុះ តថាគត នឹងបញ្ញត្តនូវច្បាប់ទំលាប់ ដល់អ្នក ដូច្នេះទេ ចំណែកខាងអ្នក ក៏មិននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងនៅពឹងផ្អែក នឹងព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងបញ្ញត្តនូវច្បាប់ទំលាប់ដល់ខ្ញុំ ដូច្នេះដែរ ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកឯងជាអុក ជាទុក្ខ ពោលលាអ្នកណា ។ ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើតថាគតបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីជាប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាម ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃ បានឬទេ ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើព្រះអង្គបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី  ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ តែងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃបានមែន ។ តថាគតនិយាយថា ម្នាលសុនក្ខត្តៈ កាលបើតថាគតបញ្ញត្តនូវច្បាប់ទំលាប់ក្តី មិនបានបញ្ញត្តនូវច្បាប់ទំលាប់ក្តី ធម៌ដែលតថាគតបានសំដែងហើយ ដើម្បីប្រយោជន៍ ឲ្យអស់ទៅនៃទុក្ខណា ធម៌នោះ គង់នឹងដឹកនាំបុគ្គលអ្នកប្រព្រឹត្តតាមធម៌ ឲ្យអស់ទៅនៃទុក្ខនោះ ដោយប្រពៃទេតើ ។ ម្នាលសុនក្ខត្តៈ កាលបើធម៌ដែលតថាគតបានសំដែងហើយនោះ ប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅនៃទុក្ខដោយប្រពៃ យ៉ាងនេះហើយ នឹងចាំបាច់បញ្ញត្តច្បាប់ទំលាប់ធ្វើអ្វី ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះជាកំហុសរបស់អ្នកឯង ។ ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើរគុណ នៃតថាគតក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អ ស្តេចទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ដូច្នេះៗ ម្នាលសុនក្ខត្តៈ អ្នកឯងបានពោលសរសើរគុណរបស់តថាគត ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយដូច្នេះឯង ។ ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើរគុណ នៃព្រះធម៌ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះនវលោកុត្តរធម៌ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ដោយខ្លួនឯង ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើរគុណនៃព្រះធម៌ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយ ដូច្នេះឯង ។ ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើរគុណនៃព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយថា ពួកសាវ័ករបស់ព្រះមានព្រះភាគ លោកប្រតិបត្តិដោយប្រពៃ ពួកសាវ័ករបស់ព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ ពួកសាវ័ករបស់ព្រះមានព្រះភាគ លោកប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ករបស់ព្រះមានព្រះភាគ លោកប្រតិបត្តិដោយសមគួរ ពួកសាវ័កនេះ បើរាប់ជាគូ បាន៤គូ បើរាប់រៀងគ្នាជាបរសបុគ្គល បាន៨ ពួកសាវ័ករបស់ព្រះមានព្រះភាគនេះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកអំពីចម្ងាយ ហើយបូជា លោកគួរទទួលនូវអាគន្តុកទាន លោកគួរទទួលនូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា លោកគួរដល់អញ្ជលិកម្ម លោកជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន ម្នាលសុនក្ខត្តៈ អ្នកបានពោលសរសើគុណនៃព្រះសង្ឃ ក្នុងវជ្ជិគ្រាម ដោយអនេកបរិយាយ ដូច្នេះឯង ។ ម្នាលសុនក្ខត្តៈ តថាគត នឹងប្រាប់ដល់អ្នកឯង ម្នាលសុនក្ខត្តៈ តថាគតនឹងពន្យល់ឲ្យអ្នកដឹង ម្នាលសុនក្ខត្តៈ មុខជានឹងមានអ្នកផងស្តីឲ្យអ្នកថា សុនក្ខត្តលិច្ឆវិបុត្រ មិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសមណគោតមបានឡើយ លុះដល់គាត់មិនអាច (នឹងប្រព្រឹត្តព្រហ្មចរិយធម៌) ក៏ពោលលាសិក្ខា ហើយនឹងត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ ម្នាលសុនក្ខត្តៈ ខ្លួនអ្នក មុខជានឹងមានអ្នកផងស្តីឲ្យ យ៉ាងដូច្នេះមិនខាន ។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ លុះដល់តថាគតស្តីថាឲ្យយ៉ាងនេះ ក៏គេចចេញ ចាកធម្មវិន័យនេះបាត់ទៅ ដូចសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក ។

[៤] ម្នាលភគ្គវៈ សម័យមួយ តថាគតនៅក្នុងឧត្តរកានិគម របស់ពួកជនថូលុ ក្នុងថូលុជនបទឯណោះ ។ ម្នាលភគ្គវៈ ក្នុងបុព្វណ្ហសម័យ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ មានសុនក្ខត្តលិច្ឆវិបុត្រ ជាបច្ឆាសមណៈ ដើរចូលទៅបិណ្ឌបាត ក្នុងឧត្តរកានិគម ។ ក៏សម័យនោះឯង មានអចេលម្នាក់ ជាកោរខត្តិយៈ [អដ្ឋកថា ថា ជាជាតិក្សត្រ មានបាទារួមចូលក្នុង ។] សមាទានកុក្កុរវត្ត គឺប្រព្រឹត្តដូចសុនខ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឃើញអចេលកោរខត្តិយៈ សមាទានកុក្កុរវត្ត ដើរវារជើង៤ កំពុងយកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ។ លុះសុនក្ខត្តលិច្ឆវិបុត្រនោះ បានឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ។ ម្នាលភគ្គវៈ លំដាប់នោះឯង តថាគតបានដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុងចិត្តនៃសុនក្ខត្តលិច្ឆវិបុត្រ ដោយចិត្ត (របស់តថាគត) ហើយបាននិយាយនឹងសុនក្ខត្តលិច្ឆវិបុត្រយ៉ាងនេះថា ម្នាលមោឃបុរស អ្នកមិនសមបើប្តេជ្ញាខ្លួនថាជាសក្យបុត្តិយ៍សោះឡើយ ។ សុនក្ខត្តលិច្ឆវិបុត្រ និយាយថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលមោឃបុរស អ្នកមិនសមបើនឹងប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ ។ តថាគត ក៏និយាយត្រឡប់ទៅវិញថា ម្នាលសុនក្ខត្តៈ ចុះអ្នកបានឃើញអចេលកោរខត្តិយៈនេះ សមាទានកុក្កុរវត្ត ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ។ លុះអ្នកឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្តល្អពេកណាស់ ដើរវារជើង៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ដូច្នេះ មែនឬទេ ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ហេតុអ្វីក៏ព្រះមានព្រះភាគ កំណាញ់ព្រះអរហត្តម្ល៉េះ ។ តថាគតនិយាយតបថា ម្នាលមោឃបុរស តថាគត មិនមែនកំណាញ់ព្រះអរហត្តទេ តែថាទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកហើយ ចូរអ្នកលះបង់ទិដ្ឋិអាក្រក់នោះចេញ ទិដ្ឋិអាក្រក់ដែលប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់កាលដ៏យូរ កុំបីមានដល់អ្នកឡើយ ម្នាលសុនក្ខត្តៈ អ្នកសំគាល់នូវអចេលកោរខត្តិយៈណា ថាជាព្រះអរហន្ត ជាសមណៈដូច្នេះ ឯអចេលនោះ នឹងធ្វើមរណកាល ដោយអលសកព្យាធិ [អដ្ឋកថា ថា ជម្ងឺដែលកើតអំពីសេចក្តីខ្ជិលច្រអូស ។] ក្នុងថ្ងៃទី៧ពុំខាន លុះដល់គាត់ធ្វើមរណកាលទៅហើយ នឹងទៅកើតក្នុងពួកអសុរ ឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ចំណែកខាងជនទាំងឡាយ នឹងនាំយកអចេល ដែលធ្វើមរណកាលហើយនោះ ទៅចោលក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស ។ ម្នាលសុនក្ខត្តៈ បើអ្នកចង់ដឹង គប្បីចូលទៅរកអចេលកោរខតិ្តយៈ ហើយសួរថា នែអាវុសោកោរខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនដែរឬទេ ម្នាលសុនក្ខត្តៈ ហេតុនេះមានជាប្រាកដ គឺអចេលកោរខត្តិយៈ មុខជានឹងប្រាប់អ្នកថា នែអាវុសោសុនក្ខត្តៈ ខ្ញុំដឹងគតិរបស់ខ្ញុំថា ខ្ញុំឯង លុះធ្វើមរណកាលទៅ នឹងទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ។ ម្នាលភគ្គវៈ សម័យនោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលទៅរកអចេលកោរខត្តិយៈ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងអចេលកោរខត្តិយៈ យ៉ាងនេះថា ម្នាលអាវុសោកោរខត្តិយៈ ព្រះសមណគោតម ទ្រង់បានព្យាករឲ្យអ្នកថា អចេលកោរខត្តិយៈ នឹងធ្វើមរណកាល ដោយអលសកព្យាធិក្នុងថ្ងៃទី៧ លុះដល់ធ្វើមរណកាលទៅហើយ នឹងទៅកើតក្នុងពួកអសុរ ឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ជនទាំងឡាយ នឹងនាំយកអចេល ដែលធ្វើមរណកាលហើយនោះ ទៅចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស ម្នាលអាវុសោកោរខត្តិយៈ ព្រោះហេតុនោះ គួរអ្នកបរិភោគភត្តាហារឲ្យល្មមៗ គួរផឹកទឹកឲ្យល្មមៗ ពាក្យរបស់ព្រះសមណគោតម ត្រឡប់ទៅជាពាក្យខុសវិញយ៉ាងណា (អ្នកគប្បីធ្វើយ៉ាងនោះ) ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ មិនជឿពាក្យតថាគត ហើយក៏រាប់តាំងអំពី១ថ្ងៃ ២ថ្ងៃ រហូតដល់៧យប់ ៧ថ្ងៃ ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកោរខត្តិយៈ ក៏បានធ្វើមរណកាល ដោយអលសកព្យាធិ ក្នុងថ្ងៃទី៧ (នោះមែន) លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ពួកមហាជន ក៏នាំគ្នាយកអចេល ដែលធ្វើមរណកាលហើយនោះ ទៅចោលក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស ។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកោរខត្តិយៈ បានធ្វើមរណកាល ដោយអលសកព្យាធិ ពួកមនុស្សបាននាំយកទៅចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស ។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរចូលទៅរកអចេលកោរក្ខត្តិយៈ ក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស លុះចូលទៅដល់ហើយ  ក៏យកដៃទះសាកសពអចេលកោរក្ខត្តិយៈ៣ដង សួរថា ម្នាលអាវុសោកោរក្ខត្តិយៈ អ្នកដឹងគតិរបស់ខ្លួនឬទេ ។ ម្នាលភគ្គវៈ សម័យនោះឯង សាកសពអចេលកោរក្ខត្តិយៈ យកដៃបោសខ្នង ក្រោកឡើងប្រាប់ថា ម្នាលអាវុសោសុនក្ខត្តៈ ខ្ញុំដឹងគតិរបស់ខ្ញុំថា  ខ្ញុំបានមកកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈហើយ ជាអសុរកាយថោកទាបជាងគេទាំងអស់ [អដ្ឋកថា ថា សាកសពអចេលកោរក្ខត្តិយៈ ដែលស្លាប់ហើយ ត្រឡប់ក្រោកឡើង និយាយតបមកនឹងសុនក្ខត្តលិច្ឆវិបុត្រវិញបាននេះ ក៏ដោយអានុភាពរបស់ព្រះពុទ្ធជាម្ចាស់ ។ មានដំណាលថា ព្រះមានព្រះភាគ បាននាំយកអចេលកោរក្ខត្តិយៈ ពីកំណើតអសុរកាយ មកបញ្ចូលក្នុងរូបខ្មោចអចេលនោះ ឲ្យនិយាយកើត ព្រោះហេតុនោះ បានជាខ្មោចអចេលកោរក្ខត្តិយៈ និយាយបាន] ដូច្នេះរួចហើយ ក៏ដួលដេកផ្ងារស្រទាង ក្នុងទីនោះទៅវិញ ។  ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ តថាគតក៏សួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគតបានប្រារព្ធព្យាករណ៍ នូវអចេលកោរខត្តិយៈ ប្រាប់អ្នកយ៉ាងណាមិញ វិបាកនោះ ក៏ពិតដូច្នោះមែន មិនបានទៅជាខុសវិញទេឬ ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបមកវិញថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកោរក្ខត្តិយៈ ប្រាប់ខ្ញុំព្រះអង្គយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនផ្សេងទេ ។ តថាគតសួរថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច បើហេតុយ៉ាងនេះមានហើយ តើតថាគត ឈ្មោះថាបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌របស់មនុស្សហើយ ឬមិនមែនបានធ្វើទេ ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែង ជាងធម៌របស់មនុស្សពិតមែនហើយ ។ មិនមែនថាព្រះអង្គមិនធ្វើទេ ។ តថាគតនិយាយតបថា ម្នាលមោឃបុរស កាលបើដូច្នោះមែន (ចុះដូចម្តេច) ក៏អ្នកនិយាយនឹងតថាគត ដែលជាអ្នកធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្ស យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ពិតជាមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែងជាងធម៌របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាកំហុសរបស់អ្នក ។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលតថាគតស្តីឲ្យយ៉ាងនេះ ក៏គេចចេញចាកធម្មវិន័យនេះបាត់ទៅ ដូចជាសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក ។

[៥] ម្នាលភគ្គវៈ សម័យមួយ តថាគតឋិតនៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ជិតក្រុងវេសាលី ។ សម័យនោះឯង មានអចេលម្នាក់ ឈ្មោះកឡារមជ្ឈកៈ [អដ្ឋកថា ថា ជាអ្នកដុសខាត់ធ្មេញ ដែលលៀនចេញមកក្រៅ ។] នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នកបានលាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម ។ ចំណែកវត្តទាំង៧ អចេលនោះ ក៏បានសមាទានសព្វគ្រប់ថា អាត្មាអញគួរជាអ្នកអាក្រាត មិនត្រូវស្លៀកដណ្តប់សំពត់ដរាបដល់អស់ជីវិត១ អាត្មាអញ គួរប្រព្រឹត្តធម៌ដ៏ប្រសើរ មិនត្រូវសេពមេថុនធម្ម ដរាបដល់អស់ជីវិត១ អាត្មាអញគួរចិញ្ចឹមជីវិតដោយសុរា និងសាច់តែម្យ៉ាង មិនត្រូវបរិភោគបាយ និងនំដរាបដល់អស់ជីវិត១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវឧទេនចេតិយ ខាងកើតក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវគោតមចេតិយ ខាងត្បូងក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវសត្តម្ពចេតិយ ខាងលិចក្រុងវេសាលី១ អាត្មាអញ មិនត្រូវបោះបង់ចោលនូវពហុបុត្តកចេតិយ ខាងជើងក្រុងវេសាលី១ ព្រោះហេតុដែលប្រព្រឹត្តសមាទាន នូវចំណែកវត្តទាំង៧នេះហើយ ទើបអចេលនោះ បាននូវលាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលទៅរកអចេលកឡារមជ្ឈកៈ លុះចូលទៅដល់ហើយ ក៏សួរប្រស្នានឹងអចេលកឡារមជ្ឈកៈ ។ លុះសុនក្ខត្តលិច្ឆវិបុត្រសួរប្រស្នាយ៉ាងនោះហើយ អចេលកឡារមជ្ឈកៈ ក៏ឆ្លើយដោះស្រាយប្រស្នានោះមិនរួច កាលបើឆ្លើយមិនរួចហើយ ក៏ធ្វើនូវសេចក្តីក្រេវក្រោធផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង ។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ បានដេញដោល នូវអរហន្តសមណៈ មានសភាពដ៏ល្អ ធ្វើដូចម្តេចហ្ន៎ អំពើដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែង កុំបីមានដល់អាត្មាអញឡើយ ។ ម្នាលភគ្គវៈ លំដាប់នោះ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគត ក៏បានពោលពាក្យនេះថា ម្នាលមោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ ។ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយថា បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់បន្ទោសខ្ញុំព្រះអង្គយ៉ាងនេះថា ម្នាលមោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ ។ តថាគត ក៏ត្រឡប់និយាយទៅវិញទៀតថា ម្នាលសុនក្ខត្តៈ ក្រែងអ្នកបានចូលទៅរកអចេលកឡារមជ្ឈកៈ ហើយសួរប្រស្នា ឯអចេលកឡារមជ្ឈកៈ លុះដល់អ្នកសួរប្រស្នាហើយ ក៏រកឆ្លើយដោះប្រស្នាមិនរួច កាលបើឆ្លើយដោះប្រស្នាមិនរួចហើយ ក៏បានធ្វើនូវសេចក្តីក្រេវក្រោធផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង អ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ បានដេញដោល នូវអរហន្តសមណៈ ដែលមានសភាពដ៏ល្អ ធ្វើដូចម្តេចហ្ន៎ អំពើដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែង កុំបីមានដល់អាត្មាអញឡើយ ដូច្នេះមែនឬ ។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ត្រឡប់ទូលថា ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះមានព្រះភាគ ទ្រង់កំណាញ់ព្រះអរហត្តឬអ្វី ។ តថាគតនិយាយថា ម្នាលមោឃបុរស តថាគតមិនមែនកំណាញ់អរហត្តទេ តែទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកទេតើ អ្នកចូរលះបង់នូវទិដ្ឋិអាក្រក់នោះចេញ ទិដ្ឋិអាក្រក់ដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជាទុក្ខអស់កាលដ៏យូរ កុំបីមានដល់អ្នកឡើយ ។ តថាគតនិយាយទៀតថា ម្នាលសុនក្ខត្តៈ អ្នកឯងសំគាល់នូវអចេលកឡារមជ្ឈកៈណាជាអរហន្តសមណៈ មានសភាពដ៏ប្រសើរដូច្នេះ មិនយូរប៉ុន្មាន អចេលនោះ មុខជានឹងត្រឡប់ទៅជាអ្នកស្លៀកសំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់ចោលនូវចេតិយទាំងអស់ ដែលមាននៅជិតក្រុងវេសាលី និងសាបសូន្យចាកយស ហើយធ្វើមរណកាលទៅ ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកឡារមជ្ឈកៈ មិនយូរប៉ុន្មាន ត្រឡប់ទៅជាអ្នកស្លៀកសំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់ចោលនូវចេតិយទាំងអស់ ដែលមាននៅជិតក្រុងវេសាលី ជាអ្នកសាបសូន្យចាកយស ហើយធ្វើមរណកាលទៅ ដូច្នោះមែន ។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកឡារមជ្ឈកៈ ត្រឡប់ទៅជាអ្នកស្លៀកសំពត់ មានប្រពន្ធកូន បរិភោគបាយ និងនំ លះបង់ចោលនូវចេតិយទាំងអស់ ដែលមាននៅជិតក្រុងវេសាលី ជាអ្នកសាបសូន្យចាកយស ហើយធ្វើមរណកាលទៅដែរ ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ ចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ ។ ភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតក៏បានសួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច តថាគត បានប្រារព្ធព្យាករណ៍ នូវអចេលកឡារមជ្ឈកៈប្រាប់អ្នកយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនទៅជាផ្សេងវិញទេឬ ។ ឯសុនក្ខត្តលិច្ឆវិបុត្រ បានឆ្លើយតបថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលកឡារមជ្ឈកៈប្រាប់ខ្ញុំព្រះអង្គយ៉ាងណា វិបាកនោះ ក៏ពិតដូច្នោះមែន មិនមែនទៅជាផ្សេងវិញទេ ។ តថាគត ក៏និយាយថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ តើឈ្មោះថា តថាគតបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សហើយ ឬថាមិនបានធ្វើទេ ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សពិតមែនហើយ មិនមែនថាព្រះអង្គមិនធ្វើទេ ។ តថាគតពោលថា ម្នាលមោឃបុរស កាលបើហេតុយ៉ាងនោះទេ ចុះដូចម្តេចក៏អ្នកនិយាយនឹងតថាគត ដែលជាអ្នកធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ដល់ខ្ញុំព្រះអង្គសោះ ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាកំហុសរបស់អ្នកហើយ ។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលបើតថាគតស្តីថាឲ្យយ៉ាងនេះ ក៏គេចចេញចាកធម្មវិន័យនេះបាត់ទៅ ដូចជាសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក ។

[៦] ម្នាលភគ្គវៈ សម័យមួយ តថាគតឋិតនៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុងវេសាលីឯណោះ ។ សម័យនោះឯង អចេលបាដិកបុត្រ នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នកបានលាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម ។ អចេលបាដិកបុត្រនោះ ពោលពាក្យក្នុងកណ្តាលបរិសទ្យ ក្រុងវេសាលីយ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ (អ្នកពោលដោយប្រាជ្ញា) ឯយើងក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែលជាញាណវាទដូចគ្នា គួរនឹងសំដែងឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សតគ្នា តែព្រះសមណគោតម គួរមកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅដល់ទីពាក់កណ្តាលផ្លូវដែរ ហើយយើងទាំងពីរនាក់នោះ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែលជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបានពីរ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានពីរ យើងអាចនឹងធ្វើបាន៤ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន៤ យើងអាចនឹងធ្វើបាន៨ ។ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានប៉ុន្មានៗ យើងអាចនឹងធ្វើបានទ្វេគុណៗជាងនោះៗទៅទៀតថា ដោយប្រការដូច្នេះឯង ។ ម្នាលភគ្គវៈ ព្រោះហេតុនោះឯង បានជាសុនក្ខត្តលិច្ឆវិបុត្រ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ នៅអាស្រ័យក្នុងក្រុងវេសាលី ជាអ្នកបានលាភ និងយសដ៏ប្រសើរ ក្នុងវជ្ជិគ្រាម អចេលបាដិកបុត្រនោះ ក៏ពោលពាក្យក្នុងកណ្តាលបរិសទ្យ ក្រុងវេសាលី យ៉ាងនេះថា ព្រះសមណគោតម ជាញាណវាទ ឯយើងក៏ជាញាណវាទដែរ អ្នកដែលជាញាណវាទ និងអ្នកដែលជាញាណវាទដូចគ្នា គួរនឹងសំដែងឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សតគ្នា តែព្រះសមណគោតម គួរមកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់កណ្តាលផ្លូវដែរ ហើយយើងទាំងពីរនាក់នោះ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែលជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបាន២ ។ សេចក្តីបំប្រួញ ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗជាងនោះៗទៅទៀតបាន ។ ម្នាលភគ្គវៈ កាលបើសុនក្ខត្តលិច្ឆវិបុត្រ ពោលពាក្យយ៉ាងនេះហើយ តថាគតក៏និយាយនឹងសុនក្ខត្តលិច្ឆវិបុត្រ យ៉ាងនេះថា ម្នាលសុនក្ខត្តៈ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ក៏មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខនៃព្រះសមណគោតមដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ [អដ្ឋកថា ថា ក្បាលគប្បីធ្លាក់ចុះអំពីក ដូចជាផ្លែត្នោតទុំ ជ្រុះអំពីទង ឬគប្បីចែកចេញជា៧ភាគ ។] ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏និយាយទៀតថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគរក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ ។ តថាគត និយាយថា ម្នាលសុនក្ខត្តៈ ព្រោះហេតុអ្វី បានជាអ្នកនិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគរក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគបានពោលនូវវាចានុ៎ះ ដោយដាច់ខាតដូច្នេះថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខនៃព្រះសមណគោតមដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ។ បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើអចេលបាដិកបុត្រនឹងមកកាន់ទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយរូបប្លែក [អដ្ឋកថា ថា រូបដែលកំបាំងបាត់ មើលមិនឃើញ ឬរូបប្លែក មានរូបសីហៈ និងខ្លាជាដើម ។] បាន ពាក្យរបស់ព្រះមានព្រះភាគ នឹងត្រឡប់ទៅជាពាក្យមុសាវិញ ។ តថាគតក៏និយាយទៀតថា ម្នាលសុនក្ខត្តៈ វាចាណា មានដំណើរបែកជាពីរផ្លូវ តថាគតគប្បីពោលវាចានោះដែរឬទេ ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បានកំណត់ជ្រាបចិត្តរបស់អចេលបាដិកបុត្រ ដោយព្រះហឫទ័យរបស់ព្រះអង្គថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះ ហើយគប្បីទៅកាន់ទីចំពោះមុខនៃព្រះសមណគោតមដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះឬ ឬក៏ទេវតាទាំងឡាយ មកក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរនឹង ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ។ តថាគត ពោលថា ម្នាលសុនក្ខត្តៈ តថាគត បានកំណត់ដឹងចិត្តរបស់អចេលបាដិកបុត្រ ដោយចិត្តរបស់តថាគតថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនគួរនឹង ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរនឹង ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះផង ។ មិនតែប៉ុណ្ណោះ បុរសឈ្មោះអជិត ជាសេនាបតីរបស់ពួកស្តេចលិច្ឆវី ទើបនឹងធ្វើមរណកាលថ្មីៗ ទៅកើតក្នុងពួកទេវតាជាន់តាវត្តិង្ស ឯអជិតសេនាបតីនោះ ក៏ចូលមករកតថាគត ហើយប្រាប់យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ ឥតមានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ តែងពោលពាក្យកុហក បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ បានទាយឲ្យខ្ញុំព្រះអង្គថា អជិតសេនាបតី របស់ពួកស្តេចលិច្ឆវី ក្នុងវជ្ជិគ្រាម ទៅកើតក្នុងមហានរកដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនមែនទៅកើតក្នុងមហានរកឡើយ បានទៅកើតក្នុងពួកទេវតា ជាន់តាវត្តិង្សទេតើ បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ ឥតមានសេចក្តីអៀនខ្មាសទេ បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ តែងពោលពាក្យកុហក បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរនឹង ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ។ ម្នាលសុនក្ខត្តៈ តថាគតបានកំណត់ដឹងចិត្តរបស់អចេលបាដិកបុត្រ ដោយចិត្តថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះមុខតថាគតឡើយ បើប្រសិនជាអចេលបាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រនៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះផង ទាំងពួកទេវតា ក៏ប្រាប់ដំណើរនុ៎ះ ដល់តថាគតថា បពិត្រព្រះអង្គដ៏ចម្រើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទី ចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគបានឡើយ បើប្រសិនជាអចេលបាដិកបុត្រ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រព្រះសមណគោតម ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះផង ។ ម្នាលសុនក្ខត្តៈ ចំណែកខាងតថាគត ត្រេចទៅដើម្បីបិណ្ឌបាត ក្នុងក្រុងវេសាលី លុះដល់វេលាបច្ឆាភត្ត តថាគតត្រឡប់ពីបិណ្ឌបាតមក ក៏ចូលសំដៅទៅត្រង់អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ ម្នាលសុនក្ខត្តៈ ឥឡូវនេះ អ្នកចង់ប្រាប់នូវរឿងណា អ្នកចូរប្រាប់នូវរឿងនោះមកចុះ ។

[៧] ម្នាលភគ្គវៈ គ្រានោះឯង តថាគតស្លៀកស្បង់ ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលីហើយ ត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់អារាម របស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ ។ ម្នាកភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ ជាអ្នកចូលទៅកាន់ក្រុងវេសាលី ដោយប្រញាប់ប្រញាល់ ហើយក៏ចូលទៅរកពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ លុះចូលទៅដល់ហើយ ក៏និយាយនឹងពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងវេសាលី ព្រះអង្គត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ បពិត្រអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញទៅ បពិត្រអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយចូរអញ្ជើញទៅ ដ្បិតឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន ។ ម្នាលភគ្គវៈ គ្រានោះឯង ពួកលិច្ឆវីដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏ប្រឹក្សាគ្នាដូច្នេះថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស របស់សមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន ម្នាលគ្នាយើង បើដូច្នោះ មានតែយើងទាំងឡាយ នាំគ្នាទៅមើល ។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរចូលទៅរកពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ សមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដជាងគេ លុះចូលទៅដល់ហើយ បាននិយាយទៅនឹងសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងវេសាលី ព្រះអង្គត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញទៅ នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញទៅ ដ្បិតឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន ។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏ប្រឹក្សាគ្នាដូច្នេះថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន ម្នាលគ្នាយើង បើដូច្នោះ មានតែយើងទាំងឡាយ នាំគ្នាទៅមើល ។ ម្នាលភគ្គវៈ លំដាប់នោះឯង ពួកលិច្ឆវី ដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ និងពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាចូលទៅកាន់អារាម របស់អចេលបាដិកបុត្រ ។ ម្នាលភគ្គវៈ បរិសទ្យនោះ មានប្រមាណច្រើនរយ ច្រើនពាន់នាក់ ។ ម្នាលភគ្គវៈ អចេលបាដិកបុត្រ បានឮដំណឹងថា ពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បានមកហើយ ពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បានមកដែរ ព្រះសមណគោតម ក៏គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អាត្មាអញ ។ អចេលបាដិកបុត្រនោះ លុះឮដំណឹងហើយ ក៏កើតភ័យរន្ធត់ ព្រឺព្រួចអស់ទាំងរោម ។ ម្នាលភគ្គវៈ លំដាប់នោះឯង លុះអចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅឯ តិណ្ឌុកខានុបរិព្វាជការាម [អារាមរបស់បរិព្វាជក ដែលគេកំណត់ដោយដង្គត់ដើមដង្កោរ ឬទន្លាប់ ។] ។ ម្នាលភគ្គវៈ បរិសទ្យនោះ បានឮដំណឹងថា អចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅឯតិណ្ឌុកខានុបរិព្វាជការាម ។ ម្នាលភគ្គវៈ វេលានោះឯង បរិសទ្យនោះ ហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកចូរមកនេះ អ្នកចូរទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុកខានុបរិព្វាជការាម លុះចូលទៅដល់ហើយ ចូរនិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមកហើយ ពួកព្រាហ្មណមហាសាល ពួកគហបតី អ្នកសន្សំទ្រព្យ និងពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាននាំគ្នាមកដែរ ទាំងព្រះសមណគោតមសោត ក៏នៅគង់សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ចំណែកអ្នក បានពោលវាចានេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ យើងក៏ជាញាណវាទដែរ ចំណែកបុគ្គលជាញាណវាទ គួរសំដែងឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស មួយអន្លើដោយបុគ្គលជាញាណវាទដូចគ្នា ព្រះសមណគោតម គួរមកកាន់ទីពាក់កណ្តាលផ្លូវ ឯយើងក៏គួរទៅកាន់ទីពាក់កណ្តាលផ្លូវដែរ យើងទាំងពីរនាក់នោះ នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស ក្នុងទីដែលជួបគ្នានោះ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន១ យើងអាចនឹងធ្វើបានពីរ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានពីរ យើងអាចនឹងធ្វើបាន៤ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបាន៤ យើងអាចនឹងធ្វើបាន៨ បើព្រះសមណគោតម នឹងធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្សបានប៉ុន្មានៗ យើងអាចនឹងធ្វើបានទ្វេគុណៗ ជាងនោះៗទៅទៀត ដូច្នេះឯង ម្នាលអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅកាន់ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់មុនគេទាំងអស់ហើយ គង់សម្រាកវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ។ ម្នាលភគ្គវៈ បុរសនោះ ទទួលពាក្យបរិសទ្យនោះថា អើអ្នកដ៏ចម្រើន ហើយក៏ចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុកខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមកហើយ ពួកព្រាហ្មណមហាសាល សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បាននាំគ្នាមកដែរ ។បេ។ ម្នាលអាវុសោបាដិកបុត្រ អ្នកចូរទៅកាន់ទីពាក់កណ្តាលផ្លូវ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់មុនគេទាំងអស់ហើយ គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រឆ្លើយថា ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅហើយក៏អង្គុយជ្រប់នៅត្រង់ទីនោះឯង មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ ទើបបុរសនោះ និយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ គូថអ្នកជាប់នៅនឹងតាំងរបស់អ្នកឬ ឬតាំងជាប់ស្អិតនៅនឹងគូថរបស់អ្នក បានជាអ្នកគ្រាន់តែនិយាយថា ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ម្នាលអ្នកមានអាយុ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយសំកុក ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបាន ។ ម្នាលភគ្គវៈ អចេលបាដិកបុត្រ បើទុកជាបុរសនោះនិយាយយ៉ាងនេះ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ កាលណាបុរសនោះដឹងថា អចេលបាដិកបុត្រនេះបរាជ័យហើយ នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ កាលនោះ បុរសនោះ ក៏ត្រឡប់មកកាន់បរិសទ្យនោះវិញ ហើយប្រាប់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ កាលបើបុរសនោះ និយាយយ៉ាងនេះហើយ តថាគតបាននិយាយនឹងបរិសទ្យនោះ ដូច្នេះថា ម្នាលអ្នកមានអាយុ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតឡើយ ប្រសិនបើជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញឡើយ ហើយទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតមឲ្យបាន ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ។

ចប់ បឋមភាណវារៈ ។

[៨] ម្នាលភគ្គវៈ លំដាប់នោះ លិច្ឆវីមហាមាត្រម្នាក់ ក្រោកចាកអាសនៈ ហើយនិយាយនឹងបរិសទ្យនោះយ៉ាងនេះថា នែអ្នកដ៏ចម្រើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំខ្ញុំទៅ ក្រែងជួនជាខ្ញុំអាចនាំអចេលបាដិកបុត្រ មកកាន់បរិសទ្យនេះបាន ។ ម្នាលភគ្គវៈ ទើបលិច្ឆវីមហាមាត្រនោះ ចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា ម្នាលអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញ ការដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួកជនដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាទៅអស់ហើយ ។ សេចក្តីបំប្រួញ ។ ទាំងព្រះសមណគោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ ឯអ្នកក៏បាននិយាយសំដីនេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ ឯយើងក៏ជាញាណវាទដែរ ។បេ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗ ជាងនោះៗទៀតបាន ដូច្នេះ ម្នាលអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅកាន់ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់មុនគេទាំងអស់ហើយ គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្ត មួយវិញទៀត ព្រះសមណគោតម បានត្រាស់ព្រះវាចានេះ ក្នុងកណ្តាលបរិសទ្យថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ ។បេ។ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅវិញចុះ យើងនឹងឲ្យជ័យជំនះដល់អ្នក និងឲ្យព្រះសមណគោតមចាញ់វិញ ព្រោះការដែលអ្នកហ៊ានត្រឡប់ទៅវិញប៉ុណ្ណោះ ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រនោះ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រ ក៏និយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ ទើបលិច្ឆវីមហាមាត្រនោះ និយាយនឹងអចេលបាដិកបុត្រយ៉ាងនេះថា នែអាវុសោបាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំងជាប់ស្អិតនៅនឹងគូថរបស់អ្នក បានជាអ្នកនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ អចេលបាដិកបុត្រ បើទុកជាលិច្ឆវីមហាមាត្រនិយាយយ៉ាងនេះក្តី ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ កាលណាលិច្ឆវីមហាមាត្រ បានដឹងច្បាស់ថា អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា ម្នាលអាវុសោ ខ្ញុំនឹងទៅ ម្នាលអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ដូច្នេះហើយ ទើបត្រឡប់មកកាន់បរិសទ្យនោះវិញ ប្រាប់យ៉ាងនេះថា អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ កាលបើលិច្ឆវីមហាមាត្រ និយាយយ៉ាងនេះហើយ តថាគតក៏និយាយនឹងបរិសទ្យនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនគួរ ។បេ។ ប្រសិនបើជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ទោះបីពួកលិច្ឆវីដ៏មានអាយុ គិតគ្នាថា បើទុកជាយើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ ។បេ។ ប្រសិនបើ អចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ។

[៩] ម្នាលភគ្គវៈ លំដាប់នោះឯង ជាលិយបព្វជិត ជាសិស្សរបស់ទារុបត្តិកបព្វជិត [អ្នកបួសប្រើប្រាស់បាត្រឈើ ។] ក្រោកចាកអាសនៈ ហើយនិយាយនឹងបរិសទ្យនោះ យ៉ាងនេះថា នែអ្នកដ៏ចម្រើន បើដូច្នោះ អ្នកទាំងឡាយ ចូររង់ចាំមួយរំពេចសិន ទំរាំខ្ញុំទៅ ក្រែងចួនជាខ្ញុំអាចនាំអចេលបាដិកបុត្រមកបាន ។ ម្នាលភគ្គវៈ គ្រានោះឯង ជាលិយបព្វជិត ជាសិស្សរបស់ ទារុបត្តិកបព្វជិត បានចូលទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុខានុបរិព្វាជការាម លុះចូលទៅដល់ហើយ បាននិយាយនឹងអចេលបាដិកបុត្រ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ អ្នកចូរត្រឡប់ទៅវិញចុះ ការដែលអ្នកត្រឡប់ទៅវិញ ប្រសើរជាង ព្រោះពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បាននាំគ្នាមកហើយ ។បេ។ ទាំងព្រះសមណគោតមសោត ក៏គង់សម្រាកព្រះអង្គ នៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ នែអាវុសោបាដិកបុត្រ ឯអ្នកសោត ក៏បាននិយាយសំដីនេះ ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីថា ព្រះសមណគោតម ជាញាណវាទ ។បេ។ យើងអាចនឹងធ្វើឲ្យជាទ្វេគុណៗ ជាងនេះៗទៅទៀត នែអាវុសោបាដិកបុត្រ អ្នកចូរទៅកាន់ទីពាក់កណ្តាលផ្លូវចុះ ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់មុនគេទាំងអស់ហើយ គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អ្នកមានអាយុ ម្នាលអាវុសោបាដិកបុត្រ មួយវិញទៀត ព្រះសមណគោតម បានត្រាស់ព្រះវាចានេះ ចំពោះរូបអ្នក ក្នុងកណ្តាលបរិសទ្យថា នែអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ ។បេ។ ប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្ត យ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ប្រសិនបើពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា បើទុកជាយើងទាំងឡាយ ចងអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ ប្រសិនបើជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន នែអាវុសោបាដិកបុត្រ ចូរអ្នកត្រឡប់ទៅវិញចុះ យើងនឹងឲ្យជ័យជំនះដល់អ្នក នឹងឲ្យព្រះសមណគោតមចាញ់ ព្រោះការដែលអ្នកត្រឡប់ទៅវិញប៉ុណ្ណោះ ។ នែភគ្គវៈ កាលបើជាលិយៈ និយាយយ៉ាងនេះហើយ អចេលបាដិកបុត្រ នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះ ហើយក៏នៅអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ នែភគ្គវៈ គ្រានោះ ជាលិយៈ ជាសិស្សនៃ ទារុបត្តិកៈ បាននិយាយនឹងអចេលបាដិកបុត្រយ៉ាងនេះថា នែអាវុសោបាដិកបុត្រ គូថអ្នកជាប់ស្អិតនៅនឹងតាំងរបស់អ្នកឬ ឬតាំងជាប់ស្អិតនៅនឹងគូថរបស់អ្នក បានជាអ្នកនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់ទីនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ នែភគ្គវៈ អចេលបាដិកបុត្រ សូម្បីជាលិយៈស្តី ថាឲ្យយ៉ាងនេះ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ហើយក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ នែភគ្គវៈ កាលណាជាលិយៈ ជាសិស្សទារុបត្តិកៈ បានដឹងច្បាស់ថា អចេលបាដិកបុត្រនេះ បរាជ័យហើយ ក៏នៅតែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏នៅតែអង្គុយជ្រប់ ត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ដូច្នេះហើយ ទើបនិយាយនឹងអចេលបាដិកបុត្រនោះ យ៉ាងនេះថា នែអាវុសោបាដិកបុត្រ កាលពីព្រេងនាយមក មានសីហមិគរាជមួយ មានសេចក្តីត្រិះរិះយ៉ាងនេះថា គួរតែអាត្មាអញ នៅអាស្រ័យនឹងដងព្រៃមួយ ក៏សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិតពត់កាយ លុះមិតពត់កាយហើយ ត្រូវក្រឡេកមើលទៅទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវបន្លឺសីហនាទ៣ដង លុះបន្លឺសីហនាទ៣ដងហើយ ត្រូវចេញទៅរកចំណី អាត្មាអញនោះ ត្រូវសំឡាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែលឆ្ងាញ់ៗ ហើយត្រឡប់ចូលទៅកាន់ទីដេកនោះដដែលវិញ ។ គ្រានោះឯង សីហមិគរាជនោះ អាស្រ័យនឹងដងព្រៃមួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញពីទីដេក លុះចេញពីទីដេកហើយ មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក្រឡេកមើលទៅទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ បន្លឺសីហនាទ៣ដង លុះបន្លឺសីហនាទ៣ដងហើយ ទើបចេញទៅរកចំណី សីហមិគរាជនោះ សម្លាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែលឆ្ងាញ់ៗ រួចត្រឡប់ចូលទៅកាន់ទីដេកនោះដដែលវិញ ។ នែអាវុសោបាដិកបុត្រ មានចចកចាស់មួយ ស៊ីសាច់រំពា របស់សីហមិគរាជនោះឯង ហើយចម្រើន (សាច់ឈាម) ធាត់ធំ មានកំឡាំងឡើង ។ ម្នាលអាវុសោ លំដាប់នោះឯង ចចកចាស់នោះ មានគំនិតយ៉ាងនេះថា អញដូចម្តេច សីហមិគរាជដូចម្តេច គួរតែអញឯង អាស្រ័យនឹងដងព្រៃមួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ត្រូវចេញពីទីដេក លុះចេញពីទីដេកហើយ ត្រូវមិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ត្រូវក្រឡេកមើលទៅទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ត្រូវបន្លឺសីហនាទ៣ដង លុះបន្លឺសីហនាទ៣ដងហើយ ត្រូវចេញទៅរកចំណី អាត្មាអញ សម្លាប់ហ្វូងម្រឹគដ៏ធំៗ ហើយបរិភោគសាច់ដែលឆ្ងាញ់ៗ ហើយត្រឡប់ចូលទៅកាន់ទីដេកនោះដដែលវិញ ។ ម្នាលអាវុសោ ទើបចចកចាស់នោះ អាស្រ័យដងព្រៃមួយ សម្រេចការដេក លុះសម្រេចការដេក ក្នុងដងព្រៃនោះហើយ ក្នុងវេលាសាយណ្ហសម័យ ក៏ចេញចាកទីដេក លុះចេញចាកទីដេកហើយ ក៏មិតពត់ខ្លួន លុះមិតពត់ខ្លួនហើយ ក៏ក្រឡេកមើលទៅទិសទាំង៤ ដោយជុំវិញ លុះក្រឡេកមើលទិសទាំង៤ ដោយជុំវិញហើយ ក៏គិតថា អញនឹងបន្លឺសីហនាទ៣ដង ដូច្នេះហើយ ស្រែកជាសម្រែកចចក ស្រែកសម្រែកដ៏ពន្លឹកថា ចចកអាក្រក់ដូចម្តេចទៅ ចំណែកសីហនាទដូចម្តេចទៅ ។ នែអាវុសោបាដិកបុត្រ អ្នកក៏ដូចគ្នានឹងចចកចាស់នោះដែរ រស់នៅក្នុងសុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគភោជន ជាសំណល់សល់អំពីព្រះសុគត ហើយតតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រអាក្រក់ដូចម្តេច ការតតាំង (បាដិហារិយ៍) របស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេច ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះ ដោយពាក្យប្រៀបផ្ទឹមនេះហើយ ។ ទើបនិយានឹងអចេលបាដិកបុត្រនោះ យ៉ាងនេះថា

ចចកសំគាល់ខ្លួនថាជាសីហរាជ បានសំគាល់ខ្លួនទៀតថា អាត្មាអញ ជាមិគរាជ ចចកនោះ បន្លឺនូវសម្រែកចចកនោះថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែកខាងសីហនាទ ដូចម្តេចទៅ ។

[១០] ម្នាលអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅក្នុងសុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគភោជន ជាសំណល់សល់អំពីព្រះសុគត ហើយតតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រលាមកដូចម្តេច ការតតាំងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះ ដោយពាក្យឧបមានេះហើយ ។ ទើបនិយានឹងអចេលបាដិកបុត្រនោះ យ៉ាងនេះ ក្នុងកាលនោះថា

ចចកដើរទៅកាន់ទីស្ងាត់ បានឃើញស្រមោលខ្លួន ដែលឆ្លុះចូលទៅក្នុងទឹកសំណល់ (ក្នុងត្រពាំង) មិនបានឃើញខ្លួនច្បាស់ដរាបណា ក៏សំគាល់នូវស្រមោលនោះ ថាជាខ្លាធំដរាបនោះ ចចកនោះ បន្លឺនូវសម្រែករបស់ចចកនោះឯងថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែកខាងសីហនាទ ដូចម្តេចទៅ ។

[១១]  នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅក្នុងសុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគភោជន ជាសំណល់អំពីព្រះសុគត ក៏តតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យឧបមានេះហើយ ។ ទើបនិយានឹងអចេលបាដិកបុត្រនោះ យ៉ាងនេះថា

ចចកស៊ីកង្កែបទាំងឡាយក្នុងរណ្តៅផង ស៊ីកណ្តុរទាំងឡាយក្នុងទីលានផង ស៊ីសាកសពទាំងឡាយ ដែលគេចោលក្នុងព្រៃស្មសានផង បានចម្រើនធំឡើងក្នុងព្រៃធំ ជាព្រៃស្ងាត់ ក៏សំគាល់ខ្លួនថា អាត្មាអញជាមិគរាជ ចចកនោះ ក៏បន្លឺនូវសម្រែកចចកយ៉ាងនោះដដែលថា សម្រែកចចកអាក្រក់ដូចម្តេចទៅ ចំណែកខាងសីហនាទ តើដូចម្តេចទៅ ។

[១២] នែអាវុសោបាដិកបុត្រ អ្នកក៏ដូច្នោះដែរ រស់នៅក្នុងសុគតាបទាន (ត្រៃសិក្ខា ជាសាសនារបស់ព្រះសុគត) បរិភោគភោជន ជាសំណល់អំពីព្រះសុគត ក៏តតាំងនឹងព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធថា បាដិកបុត្រ អាក្រក់ដូចម្តេចទៅ ការតតាំងរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ដូចម្តេចទៅ ។ ម្នាលភគ្គវៈ កាលណា ជាលិយៈ ជាសិស្សទារុបត្តិកៈ មិនអាចឲ្យអចេលបាដិកបុត្រ ឃ្លាតចាកអាសនៈនោះបាន ដោយពាក្យឧបមានេះហើយ ។ ទើបត្រឡប់មករកបរិសទ្យនោះវិញ ហើយប្រាប់យ៉ាងនេះថា អស់លោកដ៏ចម្រើន អចេលបាដិកបុត្រ បរាជ័យហើយ គ្រាន់តែនិយាយថា នែអាវុសោ ខ្ញុំនឹងទៅ នែអាវុសោ ខ្ញុំនឹងទៅ ដូច្នេះហើយ ក៏អង្គុយជ្រប់ នៅត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ ។ ម្នាលភគ្គវៈ កាលបើជាលិយៈ និយាយយ៉ាងនេះហើយ តថាគត បាននិយាយនឹងបរិសទ្យនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ទោះបីពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា យើងត្រូវចងនូវអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ ។បេ។ នឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ ទោះបីអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អញមិនលះបង់វាចានោះ ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ។ ម្នាលភគ្គវៈ លំដាប់នោះ តថាគត បានញុំាងបរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា លុះញុំាងបរិសទ្យនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ធ្វើឲ្យរួចចាកចំណងធំ ហើយស្រង់សត្វទាំង៨ហ្មឺន៤ពាន់ អំពីអន្លង់ធំ (ឱឃៈទាំង៤) រួចហើយ ចូលតេជោធាតុ ហោះទៅកាន់វេហាស៍ កំពង់ប្រមាណ៧ដើមត្នោត ទាំងបាននិម្មិតភ្លើងដទៃ កំពស់ប្រមាណ៧ដើមត្នោត ឲ្យភ្លឺរន្ទាល បញ្ចេញផ្សែង មកប្រាកដ ក្នុងកូដាគារសាលា នាព្រៃមហាវ័ន ។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ ។ ម្នាលភគ្គវៈ កាលសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគតបានសួរយ៉ាងនេះថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តថាគត បានប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់អ្នកយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះមែន មិនបានទៅជាដទៃវិញទេឬ ។ សុនក្ខត្តលិច្ឆវិបុត្រឆ្លើយថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ប្រារព្ធព្យាករណ៍ នូវអចេលបាដិកបុត្រ ប្រាប់ខ្ញុំព្រះអង្គយ៉ាងណា ផលវិបាកនោះ ក៏ពិតដូច្នោះមែន មិនបានទៅជាដទៃវិញទេ ។ តថាគតសួរថា ម្នាលសុនក្ខត្តៈ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ តើតថាគត ឈ្មោះថាបានធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌របស់មនុស្ស ឬមិនបានធ្វើទេ ។ សុនក្ខត្តលិច្ឆវិបុត្រឆ្លើយតបថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ឈ្មោះថា ព្រះអង្គបានធ្វើ នូវឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌របស់មនុស្សពិតមែនហើយ មិនមែនជាព្រះអង្គមិនបានធ្វើទេ ។ តថាគតតបថា ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះមានហើយ អ្នកនៅតែនិយាយនឹងតថាគត ដែលជាអ្នកធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌របស់មនុស្ស យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគមិនធ្វើឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរ ក្រៃលែងជាងធម៌របស់មនុស្ស ដល់ខ្ញុំព្រះអង្គទេ ។ តថាគតពោលថា ម្នាលមោឃបុរស អ្នកចូរមើលចុះ អំពើនេះ ជាសេចក្តីខុសរបស់អ្នក ។ ម្នាលភគ្គវៈ ឯសុនក្ខត្តលិច្ឆវិបុត្រ កាលដែលតថាគតស្តីឲ្យយ៉ាងនេះហើយ ក៏គេចចេញចាកធម្មវិន័យនេះ ដូចជាសត្វដែលទៅកើតក្នុងអបាយ ឬទៅកើតក្នុងនរក ។

[១៣] ម្នាលភគ្គវៈ តថាគតដឹងច្បាស់នូវច្បាប់ទំលាប់ផង ដឹងច្បាស់នូវគុណវិសេស ដ៏លើសលុបជាងនោះទៅទៀតផង [អដ្ឋកថា ថា ដឹងច្បាស់តាំងពី សីល សមាធិ (បញ្ញា) រហូតដល់សព្វញ្ញុតញ្ញាណ ដែលជាគុណដ៏លើសលុប ជាងច្បាប់ទំលាប់នោះទៅទៀត ។] កាលដែលតថាគត ដឹងច្បាស់នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុស (ដោយអំណាចតណ្ហា ទិដ្ឋិ និងមានៈ)ទេ ។ លុះតថាគតមិនបានប្រកាន់ខុស (នូវធម៌នោះហើយ) ទើបដឹងច្បាស់នូវសេចក្តីរលត់ (កិលេស) ចំពោះខ្លួនឯង កាលបើតថាគតដឹងច្បាស់ នូវសេចក្តីរលត់ នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ ។ សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរតាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ តថាគត បានចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកមានអាយុទាំងឡាយ ឮថាអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរតាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ ពិតមែនឬ ។ ចំណែកខាងសមណព្រាហ្មណ៍ទាំងនោះ លុះដល់តថាគតសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ព្រះករុណា ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយបញ្ញត្ត នូវច្បាស់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរតាក់តែងហើយ ដែលព្រះព្រហ្មតាក់តែងហើយ តើមានប្រការដូចម្តេចខ្លះ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏រកឆ្លើយដោះមិនរួច កាលបើឆ្លើយដោះមិនរួចហើយ ទើបត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍ទាំងឡាយនោះ សួរតថាគតហើយ តថាគតក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានសម័យដែលលោកនេះ វិនាសទៅម្តងៗ ដោយកន្លងកាលយូរទៅពុំខាន កាលដែលលោកនេះវិនាសទៅ ពួកសត្វច្រើន ទៅកើតក្នុងអាភស្សរព្រហ្ម ពួកសត្វ ដែលទៅកើតក្នុងអាភស្សរព្រហ្មនោះ ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺដោយខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង [ក្នុងព្រហ្មជាលសុត្តវណ្ណនា មានសេចក្តីពន្យល់ថា អស់៨កល្បយ៉ាងច្រើន] ។ ម្នាលអាវុសោទាំងឡាយ មានសម័យ ដែលលោកនេះកើតឡើងវិញម្តងៗ ដោយកន្លងកាលយូរទៅពុំខាន កាលដែល លោកនេះកើតឡើង វិមាននៃព្រហ្ម ដែលសូន្យស្ងាត់គ្មានសត្វ ក៏កើតឡើងប្រាកដ គ្រានោះឯង មានសត្វម្នាក់ច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬអស់បុណ្យ ហើយទៅកើតក្នុងវិមាននៃព្រហ្ម ដែលសូន្យស្ងាត់ (នោះ) លុះសត្វនោះ បានទៅកើតក្នុងវិមាននោះ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង [ក្នុងព្រហ្មជាលសុត្តវណ្ណនា មានសេចក្តីពន្យល់ថា ឋិតនៅអស់១កល្ប ឬកន្លះកល្ប ។] ។ សត្វម្នាក់នោះ ដែលទៅកើតក្នុងវិមាននោះតែម្នាក់ឯង នៅអស់កាលជាយូរអង្វែងទៅ ក៏មានសេចក្តីប្រាថ្នា សេចក្តីអន្ទះអន្ទែងដោយតណ្ហាកើតឡើង ដូច្នេះថា ធ្វើដូចម្តេចហ្ន៎ ឲ្យបានពួកសត្វដទៃ មកកាន់អត្តភាពជាព្រហ្មនេះផង ។ លំដាប់នោះឯង ពួកសត្វដទៃច្យុតចាកពួកអាភស្សរព្រហ្ម ព្រោះអស់អាយុ ឬបុណ្យ ហើយមកកើតក្នុងវិមាន ដែលសូន្យ ជាមួយនឹងសត្វនោះដែរ ឯសត្វទាំងនោះ លុះកើតក្នុងព្រហ្មវិមាននោះហើយ ក៏ជាសត្វកើតដោយឈានចិត្ត មានបីតិជាអាហារ មានរស្មីភ្លឺខ្លួនឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ តាំងនៅអស់កាលយូរអង្វែង ។ ម្នាលអាវុសោទាំងឡាយ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើតជាដម្បូង សត្វនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញជាព្រហ្ម ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើអាត្មាអញបានឡើយ អាត្មាអញ ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាចខ្លួន ជាធំ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែង [ជាអ្នកចែករំលែកសត្វលោក ឲ្យឈ្មោះថាក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ជាដើម ។] លោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ [សត្វដែលប្រសូតចេញមកហើយ ហៅថា ភូត សត្វដែលនៅក្នុងស្រោមស៊ុត ឬនៅក្នុងផ្ទៃ ហៅថាភព្យៈ ។] សត្វទាំងនេះ សុទ្ធតែអាត្មាអញតាក់តែងហើយ ។ ដំណើរនោះព្រោះហេតុអ្វី ។ ព្រោះថា អាត្មាអញ មានគំនិតក្នុងកាលពីដើមមកដូច្នេះថា  ធ្វើដូចម្តេចហ្ន៎ ឲ្យបានពួកសត្វឯទៀត មកកាន់អត្តភាពជាព្រហ្មនេះផង ពួកសត្វទាំងនេះ មកកាន់អត្តភាពជាព្រហ្ម ត្រូវតាមសេចក្តីប្រាថ្នា របស់អាត្មាអញដូច្នោះឯង ។ ពួកសត្វទាំងឡាយណា ដែលមកកើតជាខាងក្រោយ សត្វទាំងនោះ ក៏មានសេចក្តីយល់ឃើញ យ៉ាងនេះថា ព្រហ្មដ៏ចម្រើននេះ ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះនៅក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែងលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ យើងទាំងឡាយ គឺព្រហ្មដ៏ចម្រើននេះឯងបានតាក់តែងហើយ ។ ដំណើរនោះ ព្រោះហេតុដូចម្តេច ។ ព្រោះថា យើងបានឃើញព្រហ្មនេះ មកកើតក្នុងទីនេះមុន ចំណែកយើង មកកើតខាងក្រោយទេ ។ ម្នាលអាវុសោ បណ្តាសត្វទាំងនោះ សត្វណា បានទៅកើតមុនគេ សត្វនោះឯង មានអាយុវែងជាងគេផង មានសម្បុរល្អជាងគេផង មានសក្តិធំជាងគេផង ។ ចំណែកខាងពួកសត្វណា ដែលទៅកើតខាងក្រោយគេ ពួកសត្វនោះ មានអាយុ ក៏តិចជាងគេផង មានសម្បុរអន់ជាងគេផង មានសក្តិតូចជាងគេផង ។ ម្នាលអាវុសោទាំងឡាយ ហេតុនុ៎ះ តែងមានជាប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកពួកព្រហ្មនោះ មកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សនេះ ហើយក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ល្អ ក៏បានចេតោសមាធិ តាមបែបនៃចិត្តរបស់ព្រះយោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយរលឹកនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសអំពីនោះបានឡើយ ។ សត្វនោះឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចម្រើននេះ ជាមហាព្រហ្ម គ្របសង្កត់នូវសត្វឯទៀតៗបាន សត្វឯទៀតៗ មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកចាត់ចែងលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកភូត និងភព្យៈ ។ ព្រហ្មដ៏ចម្រើនណា ជាអ្នកតាក់តែងនូវយើងទាំងឡាយ ព្រហ្មនោះឯង ជាអ្នកទៀតទាត់ ឋិតថេរ មានអាយុវែង មានសេចក្តីមិនប្រែប្រួលជាធម្មតា តែងឋិតនៅដូចជាសស្សតិវត្ថុ យ៉ាងនោះឯង ។ ចំណែកយើងទាំងឡាយណា ដែលព្រហ្មដ៏ចម្រើននោះបានតាក់តែងហើយ យើងទាំងឡាយនោះ ជាអ្នកមិនទៀងទាត់ ឋិតថេរទេ មានអាយុខ្លី មានកិរិយាច្យុតជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ ។ តថាគតសួរសមណព្រាហ្មណ៍ទាំងនោះថា ម្នាលអ្នកមានអាយុដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយបញ្ញត្ត នូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលព្រះឥសូរតាក់តែងហើយ ព្រះព្រហ្មតាក់តែងហើយ មានប្រការយ៉ាងនេះឬ ។ ពួកសមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា នែអាវុសោគោតម ព្រះគោតមមានអាយុពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាងនោះដែរ ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង ។ សេចក្តីបំប្រួញ ។ កាលដែលតថាគត បានដឹងច្បាស់នូវសេចក្តីរលត់ នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ ។

[១៤] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល (អ្នកវិនាសខ្លួនព្រោះល្បែង) តថាគត ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ បានឮថា ពួកអ្នកបញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល ពិតមែនឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ព្រះករុណាព្រះអង្គ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍ទាំងនោះទៀតយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល តើមានប្រការដូចម្តេចខ្លះ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយមិនរួច កាលបើឆ្លើយមិនរួច ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍ទាំងនោះ សួរតថាគតហើយ តថាគតក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានពួកទេវតា ឈ្មោះខិឌ្ឌាបទោសិកា ទេវតាទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយនឹងល្បែងជាធម្មតា ហួសវេលា កាលទេវតាទាំងនោះ កំពុងតែខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយនឹងល្បែងជាធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ (ខានបរិភោគអាហារ) កាលបើសតិភ្លេចវង្វេងហើយ ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក ។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ បានមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿងតម្កល់មាំ អាស្រ័យនូវព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកក្នុងចិត្តដោយល្អ ក៏បាននូវចេតោសមាធិ តាមបែបនៃចិត្តរបស់ព្រះយោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយរលឹកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសអំពីនោះទៅទៀតបានឡើយ ។ សត្វនោះឯង និយាយយ៉ាងនេះថា ទេវតាទាំងឡាយដ៏ចម្រើនណា មិនមែនឈ្មោះ ខិឌ្ឌាបទោសិកា ទេវតាទាំងនោះ ជាអ្នកមិនខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាឡើយ កាលដែលទេវតាទាំងនោះ មិនខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាទេ សតិ ក៏មិនភ្លេចវង្វេង កាលបើសតិមិនភ្លេចវង្វេងហើយ ទេវតាទាំងនោះ ក៏មិនច្យុតចាកកាយនោះឡើយ ជាទេវតាទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តីមិនប្រែប្រួលជាធម្មតា តែងឋិតនៅដូចជាសស្សតិវត្ថុ ។ ចំណែកយើងទាំងឡាយណា ជាខិឌ្ឌាបទោសិកា យើងទាំងនោះ ជាអ្នកខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលា កាលដែលយើងទាំងនោះ កំពុងខ្វល់ខ្វាយ ក្នុងសេចក្តីត្រេកអរ ក្នុងការសើចសប្បាយ នឹងល្បែង ជាធម្មតា ហួសវេលាហើយ សតិក៏ភ្លេចវង្វេងទៅ កាលបើសតិភ្លេចវង្វេងហើយ ពួកយើងទាំងនោះ ក៏ច្យុតចាកកាយនោះ ជាទេវតាមិនទៀងទាត់ឋិតថេរទេ មានអាយុតិច មានកិរិយាច្យុតជាធម្មតា បានជាមកកាន់អត្តភាពជាមនុស្សនេះ ។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះខិឌ្ឌាបទោសិកាជាមូល មានប្រការយ៉ាងនេះឬ ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា ម្នាលអាវុសោគោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាងនោះដែរ ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង ។បេ។ កាលដែលតថាគត ដឹងច្បាស់នូវសេចក្តីរលត់នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ ។

[១៥] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះ មនោបទោសិកា ជាមូល (អ្នកវិនាសខ្លួនព្រោះចិត្ត) តថាគត បានចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮថាអ្នកទាំងឡាយបញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះមនោបទោសិកាជាមូល ពិតមែនឬ ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ទើបតថាគត សួរសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះ មនោបទោសិកា ជាមូល តើមានប្រការដូចម្តេចខ្លះ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាលបើឆ្លើយមិនរួច ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍ទាំងនោះ សួរមកតថាគត តថាគតក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានពួកទេវតា ឈ្មោះ មនោបទោសិកា ពួកទេវតាទាំងនោះ សំឡក់រិះគន់គ្នា នឹងគ្នាហួសវេលា កាលទេវតាទាំងនោះ សំឡក់រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្ត ដល់គ្នានឹងគ្នាទៀត ទេវតាទាំងនោះ លុះមានចិត្តប្រទូស្ត ដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ទេវតាទាំងនោះ ក៏ច្យុតចាកកាយនោះមក ម្នាលអាវុសោ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅ(កិលេស) ។បេ។ ក៏បាននូវចេតោសមាធិ តាមបែបនៃចិត្តរបស់ព្រះយោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ក៏រលឹកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅហើយ ក្នុងកាលមុននោះ កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះប៉ុណ្ណោះ មិនអាចរលឹកឃើញ នូវខន្ធហួសពីនោះទៅទៀតបានឡើយ ។ សត្វនោះ បាននិយាយយ៉ាងនេះថា ពួកទេវតាដ៏ចម្រើនណា ដែលមិនមែនឈ្មោះថា មនោបទោសិកាទេ ទេវតាទាំងនោះ មិនសំឡក់រិះគន់គ្នានឹងគ្នា ហួសវេលា ហើយក៏មិនបានធ្វើចិត្តឲ្យប្រទូស្ត ដល់គ្នានឹងគ្នា ទេវតាទាំងនោះ លុះមានចិត្តមិនបានប្រទូស្តហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្ត ទេវតាទាំងនោះ ក៏មិនច្យុតចាកកាយនោះឡើយ ជាទេវតាទៀងទាត់ឋិតថេរ មានអាយុវែង មានសេចក្តីមិនប្រែប្រួលជាធម្មតា តែងតាំងនៅដូចជាសស្សតិវត្ថុ ។ ចំណែកយើងទាំងឡាយណា ឈ្មោះថា មនោបទោសិកាទេវតា យើងទាំងនោះ បានសំឡក់រិះគន់គ្នានឹងគ្នា ហួសវេលា កាលដែលយើងទាំងនោះ សំឡក់រិះគន់គ្នានឹងគ្នា ហួសវេលាហើយ ក៏បានធ្វើចិត្តឲ្យប្រទូស្តដល់គ្នានឹងគ្នាទៀត លុះដល់យើងទាំងនោះ មានចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត យើងទាំងឡាយ ក៏ច្យុតចាកកាយនោះ ដោយអាការយ៉ាងនេះឯង ជាទេវតាមិនទៀងទាត់ មិនឋិតថេរ មានអាយុតិច មានការច្យុតជាធម្មតា បានជាមកកាន់អត្តភាពជាមនុស្សនេះ ។ តថាគត សួរពួកសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ មានទេវតាឈ្មោះមនោបទោសិកាជាមូល មានប្រការយ៉ាងនេះឬ ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា ម្នាលអាវុសោគោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាងនោះដែរ ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង ។បេ។ កាលដែលតថាគត ដឹងច្បាស់ នូវសេចក្តីរលត់ នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ ។

[១៦] ម្នាលភគ្គវៈ មានសមណព្រាហ្មណ៍ពួកមួយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើងដោយមិនអាស្រ័យហេតុ តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា នែអ្នកមានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ ពិតមែនឬ ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ប្តេជ្ញាថា ព្រះករុណាព្រះអង្គ ដូច្នេះ ហើយទើបតថាគត សួរយ៉ាងនេះទៅសមណព្រាហ្មណ៍ទាំងនោះទៀតថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តនូវច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ តើមានប្រការដូចម្តេចខ្លះ ។ ឯសមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរហើយ ក៏ឆ្លើយដោះមិនរួច កាលបើឆ្លើយដោះមិនរួចហើយ ក៏ត្រឡប់សួរមកតថាគតវិញ លុះសមណព្រាហ្មណ៍ទាំងនោះសួរ តថាគតក៏ព្យាករថា ម្នាលអាវុសោទាំងឡាយ មានទេវតា ឈ្មោះអសញ្ញីសត្វ គឺសត្វមិនមានសញ្ញា ទេវតាទាំងនោះ លុះមានសញ្ញាកើតឡើងហើយ ក៏ច្យុតចាកកាយនោះ ។ ម្នាលអាវុសោទាំងឡាយ ហេតុនោះ តែងមានប្រាកដ ត្រង់ថា សត្វណាមួយ ច្យុតចាកកាយនោះ ហើយមកកាន់អត្តភាពជាមនុស្សនេះ លុះបានមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវព្យាយាម ជាគ្រឿងដុតកំដៅ(កិលេស) អាស្រ័យនូវព្យាយាម ជាគ្រឿងតម្កល់មាំ ។បេ។ ក៏បាននូវចេតោសមាធិ តាមបែបនៃចិត្តរបស់យោគី ដែលតាំងនៅខ្ជាប់ខ្ជួន ដោយសមាធិ ហើយក៏រលឹកឃើញត្រឹមកំណត់កាល ដែលមានសញ្ញាកើតឡើងហើយនោះ មិនអាចរលឹកឃើញ ឲ្យហួសពីនោះបានឡើយ ។ សត្វនោះ ក៏និយាយយ៉ាងនេះថា ខ្លួន និងលោកកើតឡើង ដោយមិនអាស្រ័យហេតុ ការពោលដូច្នេះ តើព្រោះហេតុអ្វី ព្រោះថា អាត្មាអញ ក្នុងកាលមុននោះ ក៏មិនបានកើតជាសត្វអ្វីទេ កើតតែក្នុងកាលឥឡូវនេះឯង តទៅមុខទៀត ក៏មិនបានកើតដែរ ត្រឡប់ទៅជាស្ងប់រម្ងាប់ ។ តថាគត សួរសមណព្រាហ្មណ៍ទាំងនោះថា នែអ្នកមានអាយុទាំងឡាយ ចុះអ្នកទាំងឡាយ បញ្ញត្តច្បាប់ទំលាប់ ជាអាចរិយវាទ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មានប្រការយ៉ាងនេះឬ ។ សមណព្រាហ្មណ៍ទាំងនោះ បានឆ្លើយតបយ៉ាងនេះថា នែអាវុសោគោតម ព្រះគោតមមានអាយុ ពោលយ៉ាងណា យើងទាំងឡាយ ក៏បានឮមកយ៉ាងនោះដែរ ។ ម្នាលភគ្គវៈ តថាគត ដឹងច្បាស់នូវច្បាប់ទំលាប់ផង ដឹងច្បាស់នូវគុណវិសេសលើសលុបជាងនោះផង កាលដែលតថាគតដឹងច្បាស់នូវធម៌នោះហើយ ក៏មិនបានប្រកាន់ខុសឡើយ កាលតថាគត មិនបានប្រកាន់ខុសហើយ ទើបដឹងច្បាស់នូវសេចក្តីរលត់នៃកិលេស ចំពោះខ្លួនឯង កាលដែលតថាគត ដឹងច្បាស់នូវសេចក្តីរលត់នៃកិលេសហើយ ក៏មិនដល់នូវសេចក្តីវិនាសឡើយ ។

[១៧] ម្នាលភគ្គវៈ សមណព្រាហ្មណ៍ពួកមួយ ពោលបង្កាច់តថាគត ដែលមានវាទៈយ៉ាងនេះ ជាអ្នកប្រាប់យ៉ាងនេះ ដោយពាក្យមិនមាន ជាពាក្យទទេ ជាពាក្យកុហកមិនពិតថា ព្រះសមណគោតម និងពួកភិក្ខុ មានសេចក្តីសំគាល់ខុស ព្រោះព្រះសមណគោតម និយាយយ៉ាងនេះថា សម័យណា យោគីបានដល់នូវសុភវិមោក្ខ (វណ្ណកសិណ) សម័យនោះ យោគី រមែងដឹងច្បាស់នូវរបស់ទាំងពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង ។ ម្នាលភគ្គវៈ តថាគត ឥតបានពោលយ៉ាងនេះថា សម័យណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់នូវរបស់ទាំងពួង ដែលល្អក្តី មិនល្អក្តី ថាជារបស់មិនល្អតែមួយយ៉ាង ដូច្នេះឡើយ ។ ម្នាលភគ្គវៈ តថាគត តែងនិយាយយ៉ាងនេះថា សម័យណា យោគីបានដល់នូវសុភវិមោក្ខ សម័យនោះ យោគី រមែងដឹងច្បាស់ថាជារបស់ល្អតែមួយយ៉ាង ដូច្នេះទេតើ ។ ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន សមណព្រាហ្មណ៍ទាំងឡាយណា ដុតកំដៅព្រះមានព្រះភាគ និងពួកភិក្ខុថា ជាអ្នកមានសេចក្តីសំគាល់ខុស សមណព្រាហ្មណ៍ទាំងឡាយនោះ ជាបុគ្គលមានសេចក្តីសំគាល់ខុសវិញទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជាបុគ្គលជ្រះថ្លា ចំពោះព្រះមានព្រះភាគ ដោយប្រការដូច្នេះ ដ្បិតព្រះមានព្រះភាគ អាចសំដែងធម៌ប្រោសខ្ញុំព្រះអង្គ ដោយអាការដែលធ្វើខ្ញុំព្រះអង្គ ឲ្យបានដល់នូវសុភវិមោក្ខបាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភគ្គវៈ ការដែលអ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមក្នុងទីដទៃ មានអាចរិយវាទក្នុងទីដទៃ កម្រនឹងបានដល់សុភវិមោក្ខនុ៎ះក្រៃពេក ម្នាលភគ្គវៈ ណ្ហើយចុះ សេចក្តីជ្រះថ្លារបស់អ្នក ចំពោះតថាគត ចូរអ្នកពេញចិត្តរក្សាតែសេចក្តីជ្រះថ្លានោះឲ្យល្អចុះ ។ ភគ្គវគោត្របរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន បើខ្ញុំព្រះអង្គ មានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមផ្សេង ក្នុងទីដទៃ មានអាចរិយវាទក្នុងទីដទៃ កម្រនឹងបានដល់សុភវិមោក្ខនុ៎ះពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ចំពោះព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រុងរក្សាតែសេចក្តីជ្រះថ្លានោះឯងឲ្យប្រពៃ ។ ព្រះមានព្រះភាគ បានត្រាស់សំដែងសេចក្តីនេះចប់ហើយ ។ ភគ្គវគោត្របរិព្វាជក ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ ។

ចប់ បាដិកសូត្រ ទី១ ។

ឧទុម្ពរិកសូត្រ ទី២កែប្រែ

[១៨] ខ្ញុះបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ ក៏សម័យនោះឯង បរិព្វាជក ឈ្មោះនិគ្រោធ នៅអាស្រ័យក្នុងបរិព្វាជការាម ជារបស់នាងទេវីឈ្មោះ ឧទុម្ពរិកា ជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ប្រមាណ៣០០០នាក់ ។ គ្រានោះឯង គហបតីឈ្មោះសន្ធាន បានចេញអំពីក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះមានព្រះភាគ ក្នុងវេលាថ្ងៃជ្រេពីត្រង់ ។ គ្រានោះ សន្ធានគហបតី មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជាកាលមិនគួរនឹងទៅគាល់ព្រះមានព្រះភាគនៅឡើយ (ព្រោះថា) ព្រះមានព្រះភាគ ទ្រង់កំពុងសម្ងំនៅ [អដ្ឋកថា ថា សំដៅដល់ការស្ងប់នៅក្នុងឈាន ។] ទាំងមិនមែនជាសម័យ ដើម្បីជួបភិក្ខុទាំងឡាយ ដែលជាអ្នកចម្រើនចិត្ត [សំដៅដល់ការដែលធ្វើឲ្យពេញចិត្ត] ព្រោះពួកភិក្ខុជាអ្នកចម្រើនចិត្ត ក៏កំពុងនៅសម្ងំដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាងឧទុម្ពរិកាទេវី (សិនចុះ) ។ ទើបសន្ធានគហបតី ចូលទៅរកនិគ្រោធបរិព្វាជក ឯបរិព្វាជការាម របស់ព្រះនាងឧទុម្ពរិកាទេវី ។

[១៩] សម័យនោះឯង និគ្រោធបរិព្វាជក កំពុងអង្គុយជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ដែលកំពុងគឹកកងរំពង មានសំឡេងហ៊ោ សំឡេងខ្លាំង និយាយតិរច្ឆានកថា មានប្រការផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្រ និយាយពីសេនា និយាយពីភ័យ និយាយពីចំបាំង និយាយពីបាយ និយាយពីទឹក និយាយពីសំពត់ និយាយពីទីដេក និយាយពីកម្រងផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីជនបទ និយាយពីក្រុង និយាយពីស្ត្រី និយាយពីបុរស និយាយពីការផឹកសុរា និយាយពីច្រកល្ហក និយាយពីកំពង់ទឹក និយាយពីបុព្វប្រេត និយាយពីរឿងផ្សេងៗ ដែលឥតប្រយោជន៍ និយាយរឿងលោក (និយាយរឿងក្អែកស កុកក្រហមជាដើម) និយាយពីសមុទ្រ និយាយពីសេចក្តីចម្រើន និងសេចក្តីសាបសូន្យ ដែលជាហេតុឥតប្រយោជន៍ថាដូច្នេះខ្លះ ដូច្នោះខ្លះ ។ និគ្រោធបរិព្វាជក បានឃើញសន្ធានគហបតិ កំពុងដើរមកពីចម្ងាយ ក៏ហាមបរិសទ្យរបស់ខ្លួនថា ពួកអ្នកដ៏ចម្រើន ចូរមានសំឡេងតិចៗ ពួកអ្នកដ៏ចម្រើន កុំនិយាយគ្នាឡើយ នេះជាសាវ័ករបស់ព្រះមសណគោតម ឈ្មោះសន្ធានគហបតិ កំពុងដើរមក មួយទៀត ពួកគ្រហស្ថ ជាសាវ័ករបស់ព្រះសមណគោតម ជាមនុស្សមានសំលៀកបំពាក់ស នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ សន្ធានគហបតិនេះ ក៏ជាសាវ័ក១ ក្នុងពួកសាវ័កទាំងនោះដែរ ពួកលោកមានអាយុ សុទ្ធតែត្រូវការមនុស្សមានសំឡេងតិច សរសើរតែមនុស្សមានសំឡេងតិចៗ ធ្វើម្តេចឲ្យគេដឹងនូវបរិសទ្យ ដែលមានសំឡេងតិច ហើយសំគាល់នូវទី ដែលគេត្រូវចូលមករក ។ កាលបើនិគ្រោធបរិព្វាជកនិយាយយ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម ។

[២០] លំដាប់នោះ សន្ធានគហបតិ បានចូលទៅរកនិគ្រោធបរិព្វាជក លុះចូលទៅដល់ហើយ ក៏បានរាក់ទាក់ជាមួយនឹងនិគ្រោធបរិព្វាជក បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសន្ធានគហបតិ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយពាក្យនេះ ទៅនឹងនិគ្រោធបរិព្វាជកថា លោកដ៏ចម្រើនទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយនេះ ជួបជុំសមាគមគ្នាហើយ តែងមានសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបតិរច្ឆានកថាច្រើន គឺនិយាយពីស្តេច និយាយពីចោរ ។បេ។ និយាយពីសេចក្តីចម្រើន និងសេចក្តីសាបសូន្យ ដែលជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ ឯព្រះមានព្រះភាគ ព្រះអង្គនោះ ដោយឡែក គឺទ្រង់សេពសេនាសនៈដ៏ស្ងាត់ តាំងនៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកពាក្យសំដីរបស់អ្នកផង សមគួរដល់ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ។ កាលបើសន្ធានគហបតិ និយាយយ៉ាងនេះហើយ និគ្រោធបរិព្វាជក ក៏និយាយពាក្យនេះ ទៅនឹងសន្ធានគហបតិថា នែគហបតិ ដូចជាយើងរិះគន់ អ្នកឯងត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណា ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម បាត់វិនាសក្នុងផ្ទះស្ងាត់អស់ទៅហើយ ព្រះសមណគោតម ជាបុគ្គលមិនហ៊ានចុះកាន់បរិសទ្យ មិនអាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យនៅតែក្នុងសេនាសនៈដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់ភ្នែកម្ខាង តែងត្រាច់ទៅតែក្នុងទីជុំវិញ គប់រកតែទីស្ងាត់ប៉ុណ្ណោះ [អដ្ឋកថា ថា មេគោខ្វាក់ម្ខាង ចូលចិត្តរកស៊ីខាងៗព្រៃ ព្រោះខ្លាចក្រែងស្លឹកឈើ មែកឈើ ឬបន្លា ប៉ះលើ មិនហ៊ាននៅក្នុងហ្វូង ព្រោះខ្លាចក្រែងប៉ះស្នែង ប៉ះត្រចៀក ឬកន្ទុយពួកគោដូចគ្នា ។] ដូចម្តេចមិញ ប្រាជ្ញារបស់ព្រះសមណគោតម ក៏វិនាសបាត់ទៅ ក្នុងផ្ទះស្ងាត់ហើយ ព្រះសមណគោតម មិនហ៊ានចូលមកកាន់បរិសទ្យ មិនគួរនឹងនិយាយសំណេះសំណាលបានទេ លោកតែងអាស្រ័យនៅតែក្នុងសេនាសនៈដ៏ស្ងាត់ ដូច្នោះឯង នែអ្នកគហបតិ ល្បងមើលចុះ បើព្រះសមណគោតមគប្បីមករកបរិសទ្យនេះ ពួកយើងគួរសាកសួរលោកមួយប្រស្នាល្បងមើលដែរ ពួកយើងត្រូវចាប់បង្វិលព្រះសមណគោមតនោះ ឲ្យដូចជាគេចាប់បង្វិលឆ្នាំងទទេ (មិនខាន) ។

[២១] ព្រះមានព្រះភាគ ទ្រង់ជ្រាបពាក្យឆ្លើយឆ្លងនេះ របស់សន្ធានគហបតិ និងនិគ្រោធបរិព្វាជក ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវសោតធាតុរបស់មនុស្សសាមញ្ញ ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចុះអំពីភ្នំគិជ្ឈកូដ ហើយចូលទៅឯមោរនិវាបស្ថាន (កន្លែងសម្រាប់ឲ្យចំណីដល់សត្វក្ងោក) ក្បែរឆ្នេរស្រះ ឈ្មោះសុមាគធា លុះចូលទៅដល់ហើយ ក៏ទ្រង់ចង្ក្រមក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះឈ្មោះសុមាគធា ។ លុះនិគ្រោធបរិព្វាជក បានឃើញព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាល ជិតមោរនិវាបស្ថាន ទៀបឆ្នេរស្រះសុមាគធាហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា សូមអ្នកដ៏ចម្រើនទាំងឡាយ មានសំឡេងតិចៗ សូមអ្នកទាំងឡាយ កុំជជែកគ្នាឡើយ នេះព្រះសមណគោតម កំពុងចង្ក្រមក្នុងទីវាល ជិតមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា ដ្បិតលោកដ៏មានអាយុនោះ ត្រូវការតែបុគ្គលមានសំឡេងតិចៗ សរសើរតែមនុស្សមានសំឡេងតិចៗ ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យ មានសំឡេងតិច ហើយគប្បីសំគាល់នូវកិច្ចដែលលោកគួរចូលមករក (យើង) បើព្រះសមណគោតម គប្បីមករកបរិសទ្យនេះ (មែន) ពួកយើងត្រូវសួរប្រស្នានេះនឹងលោកថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយធម៌ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ជាធម៌ឲ្យកើតនិស្ស័យដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច ។ កាលបើនិគ្រោធបរិព្វាជក និយាយយ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នានៅស្ងៀម ។

[២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅ ត្រង់កន្លែងដែលនិគ្រោធបរិព្វាជកនៅ ។ ទើបនិគ្រោធបរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គស្តេចមកប្រពៃហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គបានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះយូរយាណាស់ហើយ សូមព្រះអង្គ ស្តេចគង់ចុះ បពិត្រព្រះអង្គដ៏ចម្រើន នេះសេនាសនៈ ដែលខ្ញុំព្រះអង្គ បានក្រាលទុកស្រេចហើយ ។ ព្រះមានព្រះភាគ ស្តេចគង់លើអាសនៈ ដែលគេក្រាលទុកស្រេចហើយ ។ ចំណែកឯនិគ្រោធបរិព្វាជក ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ ។ ព្រះមានព្រះភាគ បានត្រាស់សួរសេចក្តីនេះ នឹងនិគ្រោធបរិព្វាជក ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលនិគ្រោធ អម្បាញ់មិញនេះ អ្នកអង្គុយប្រជុំគ្នា និយាយរឿងអ្វី សំដីដូចម្តេច ដែលពួកអ្នកឈប់បង្អង់ទាំងពាក់កណ្តាល ។ កាលបើព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ និគ្រោធបរិព្វាជក ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គ ក្នុងទីនេះ បានឃើញព្រះមានព្រះភាគ ស្តេចកំពុងចង្ក្រម ក្នុងទីវាល ទៀបមោរនិវាបស្ថាន ក្បែរឆ្នេរស្រះសុមាគធា លុះឃើញហើយ បាននាំគ្នានិយាយយ៉ាងនេះថា បើព្រះសមណគោតម គប្បីមករកបរិសទ្យនេះ (មែន) ពួកយើង ត្រូវសួរប្រស្នានេះ ចំពោះព្រះអង្គថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលព្រះមានព្រះភាគ ទ្រង់ទូន្មានដោយធម៌ណាហើយ ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន សំដីនេះឯង ដែលពួកខ្ញុំព្រះអង្គ ឈប់បង្អង់ទាំងពាក់កណ្តាល ក៏ទទួលព្រះមានព្រះភាគ ស្តេចមកដល់ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ  តថាគតទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័ក ដែលតថាគតទូន្មានហើយ ដោយធម៌ណា ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម អ្នកឯង ដែលមានទិដ្ឋិដោយឡែក មានសេចក្តីពេញចិត្តដោយឡែក មានសេចក្តីគាប់ចិត្តដោយឡែក មិនងាយនឹងដឹងធម៌នោះទេ វៀរលែងតែអ្នកមានព្យាយាម ជាគ្រឿងប្រកបខ្លាំង វៀរលែងតែអ្នកបានរៀនក្នុងសំណាក់អាចារ្យ (នោះទើបដឹងបាន) ម្នាលនិគ្រោធ អញ្ជើញអ្នកសួរប្រស្នាក្នុងការខ្ពើមបាប ជាអាចរិយវាទរបស់ខ្លួន នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសដូចម្តេច ឈ្មោះថាបរិបូណ៌ ដូចម្តេច ឈ្មោះថាមិនបរិបូណ៌ ។ កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាបន្លឺមានសំឡេងហ៊ោ សំឡេងខ្លាំងថា នែអ្នកដ៏ចម្រើន គួរអស្ចារ្យណាស់តើ នែអ្នកដ៏ចម្រើន ហេតុមិនដែលមានហ្ន៎ ព្រះសមណគោតម ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពខ្លាំង ព្រោះទ្រង់បញ្ឈប់វាទៈរបស់ព្រះអង្គ ទ្រង់បណ្តោយឲ្យអ្នកដទៃនិយាយវិញ ។

[២៣] លំដាប់នោះឯង និគ្រោធបរិព្វាជក ធ្វើពួកបរិព្វាជកទាំងនោះ ឲ្យមានសំឡេងតិចហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គ ជា តបោជិគុច្ឆវាទ (អ្នកពោលប្រកាន់ការខ្ពើមបាប ដោយព្យាយាម ជាគ្រឿងដុតកិលេស) ជាអ្នកមិនរួញរានឹង តបោជិគុច្ឆវត្ត បពិត្រព្រះអង្គដ៏ចម្រើន ការខ្ពើមបាបដោយព្យាយាម ជាគ្រឿងដុតកិលេស ដូចម្តេច ទើបឈ្មោះថាបរិបូណ៌ ដូចម្តេចឈ្មោះថា មិនបរិបូណ៌ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលនិគ្រោធ មនុស្សបំពេញព្យាយាម ជាគ្រឿងដុតកិលេសក្នុងលោកនេះ ជាអ្នកអាក្រាតកាយ មានមារយាទល្អលះបង់ហើយ ប្រកាន់ហត្ថាវលេខនបដិបត្តិ [អដ្ឋកថា ថា សំដៅដល់ការបរិភោគលិទ្ធដៃ ឬថាវេលាបន្ទោបង់ឧច្ចារៈហើយ ជូតជម្រះផ្ទាល់នឹងដៃ ។ មហាសីហនាទសូត្រ ។] ជាអ្នកប្រកាន់វត្ត ដែលគេនិមន្តថា លោកដ៏ចម្រើន សូមចូលមកទទួលភត្ត ហើយមិនចូលមក ប្រកាន់វត្តដែលគេនិមន្តថា លោកដ៏ចម្រើនចូររង់ចាំសិន ហើយមិនរង់ចាំ មិនត្រេកអរនឹងភិក្ខា ដែលគេនាំមកមុនបំផុត មិនត្រេកអរនឹងភិក្ខា ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងការនិមន្ត មិនទទួលភិក្ខាដែលគេដួសឲ្យពីឆ្នាំ មិនទទួលភិក្ខាដែលគេដួសឲ្យពីកញ្ជើ មិនទទួលភិក្ខា ដែលគេកន្លងធរណីទ្វារនាំមក មិនទទួលភិក្ខា ដែលគេកន្លងត្បាល់នាំមក មិនទទួលភិក្ខា ដែលគេកន្លងអង្រែនាំមក មិនទទួលភិក្ខា ដែលគេកន្លងកំណាត់ឈើនាំមក មិនទទួលភិក្ខា របស់មនុស្សកំពុងបរិភោគពីរនាក់ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រ្តីកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្ត្រីដែលកំពុងស្ទាបអង្អែលបុរស មិនទទួលភិក្ខារបស់បុគ្គលដែលមានគេដឹកនាំឲ្យធ្វើ មិនទទួលភិក្ខា ក្នុងទីដែលមានឆ្កែនៅចាំ មិនទទួលភិក្ខា ក្នុងទីដែលរុយកំពុងរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ ។ អចេលកៈនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ១ ឬញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ១ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ២ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ២ពំនូតខ្លះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ចំពោះតែដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍២ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង២ថ្ងៃខ្លះ បរិភោគអាហាររំលង៧ថ្ងៃខ្លះ អចេលកៈនោះ ប្រកបនូវព្យាយាម ក្នុងភត្តភោជនដោយការផ្លាស់ប្តូរគ្នាកន្លះខែយ៉ាងនេះ ដូច្នេះ ។ អចេលកៈនោះ បរិភោគតែអន្លក់ស្រស់ខ្លះ បរិភោគតែស្រងែខ្លះ បរិភោគតែស្គួយខ្លះ បរិភោគតែចំនៀរស្បែក ដែលគេចោលខ្លះ បរិភោគតែជ័រ ឬសារាយខ្លះ បរិភោគតែកុណ្ឌកខ្លះ បរិភោគតែបាយក្តាំង ដែលគេចោលខ្លះ បរិភោគតែម្សៅខ្លះ បរិភោគតែស្មៅខ្លះ បរិភោគតែអាចមន៍គោខ្លះ បរិភោគតែមើម និងផ្លែក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើដែលជ្រុះខ្លះ ។ គេប្រើសំពត់សម្បកធ្មៃខ្លះ ប្រើសំពត់ដែលគេត្បាញលាយគ្នាខ្លះ ប្រើសំពត់រុំសាកសពខ្លះ ប្រើសំពត់បង្សុកូលខ្លះ ស្លៀកពាក់សម្បកឈើខ្លះ ស្លៀកពាក់ស្បែកខ្លាខ្លះ ស្លៀកពាក់ស្បែកខ្លាទាំងក្រចកខ្លះ ស្លៀកពាក់ស្បូវក្រងខ្លះ ស្លៀកពាក់សំពត់សម្បកក្រចៅខ្លះ ប្រើសំពត់គេត្បាញដោយសម្បកផ្លែឈើខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់មនុស្សខ្លះ ប្រើសំពត់កម្ពល ដែលគេត្បាញដោយសក់កន្ទុយសេះខ្លះ ស្លៀកពាក់សំពត់ស្លាបមៀមខ្លះ ជាអ្នកដកសក់ និងពុកមាត់ ប្រកបព្យាយាមក្នុងការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរងើយ ហាមឃាត់ក្នុងអាសនៈខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាម ក្នុងការអង្គុយច្រហោងខ្លះ ជាអ្នកកាន់វត្តឈរ ដើរជាដើមលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេកលើបន្ទះក្តារខ្លះ សម្រេចការដេកលើផែនដីទួលខ្លះ ជាអ្នកដេកផ្ទៀងតែម្ខាងខ្លះ ជាអ្នកប្រឡាក់ខ្លួនដោយធូលី ឈរក្នុងទីវាល អង្គុយតែលើអាសនៈមួយ ដែលខ្លួនបានមកយ៉ាងណាខ្លះ បរិភោគតែលាមក ប្រកបព្យាយាម ក្នុងការបរិភោគលាមកខ្លះ ជាអ្នកហាមឃាត់ទឹកត្រជាក់ ប្រកបព្យាយាម ក្នុងការហាមឃាត់ទឹកត្រជាក់ខ្លះ ប្រកបព្យាយាមក្នុងការចុះត្រាំទឹកក្នុងមួយថ្ងៃ៣ដងខ្លះ ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបាបដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិបូណ៌ហើយ ឬមិនទាន់បរិបូណ៌ទេ ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមាន ការខ្ពើមបានដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិបូណ៌ហើយដោយពិត មិនមែនមិនបរិបូណ៌ទេ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាបដោយព្យាយាម ជាគ្រឿងដុតកិលេស ទុកជាបរិបូណ៌ហើយយ៉ាងនេះ ក៏តថាគតឲ្យឈ្មោះថា នៅតែមានឧបក្កិលេសច្រើនយ៉ាង ។

[២៤] និគ្រោធបរិព្វាជក ទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ការខ្ពើមបាន ដោយព្យាយាម ជាគ្រឿងដុតកិលេស បានបរិបូណ៌ប៉ុណ្ណេះដែរ ហេតុអ្វីក៏ព្រះមានព្រះភាគ នៅឲ្យឈ្មោះថា មានឧបក្កិលេសច្រើនយ៉ាង ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ព្រោះមនុស្សមានតបវត្ត (វត្តសម្រាប់ព្យាយាមដុតកិលេស) ក្នុងលោកនេះ សមាទានតបវត្ត គេពេញចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមតបវត្តនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្សមានតបវត្ត សមាទាននូវតបវត្ត គេពេញចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមតបវត្តនោះ ម្នាលនិគ្រោធនេះឯង ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្ត ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត អ្នកនោះ លើកតែខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេលើកតែខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតបវត្តនោះ ម្នាលនិគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត មនុស្សអ្នកមានតបវត្ត សមាទាននូវតបវត្ត គេស្រវឹងជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលមនុស្សអ្នកមានតបវត្ត សមាទាននូវតបវត្ត គេស្រវឹង ជ្រប់ ដល់នូវសេចក្តីស្រវឹង ព្រោះតបវត្តនោះ ម្នាលនិគ្រោធ នេះក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេពេញចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេពេញចិត្ត ទាំងមានសេចក្តីត្រិះរិះអស់ហើយ ត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេលើកខ្លួនឯង បង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរ គេលើកខ្លួនឯង តែងបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ នោះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសក្ការៈ និងសេចក្តីសរសើរនោះ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្ត គេយកតបវត្តនោះ ជាគ្រឿងឲ្យកើតលាភសាក្ការៈ និងសេចក្តីសរសើរ គេក៏ស្រវឹង ភ្លេចខ្លួន ដល់នូវសេចក្តីវង្វេង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត ចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់ចិត្តខ្ញុំទេ ។ តាបសដែលប្រកបដោយសេចក្តីចង់នោះ មិនគាប់ចិត្តភោជនណា រមែងលះចោលភោជននោះ ចំណែកភោជនណា គាប់ចិត្តគេ ៗក៏ត្រេកត្រអាលភ្លេចស្មារតី ជាប់ស្អិតនឹងភោជននោះ ជាបុគ្គលឥតឃើញទោស ឥតមានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ ចេះតែបរិភោគ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត ដោយហេតុប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រ ព្រាហ្មណ៍ គហបតី តិត្ថិយ នឹងធ្វើសក្ការៈ ចំពោះយើង ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ពោលបង្អាប់សមណព្រាហ្មណ៍ណាមួយថាបែបនេះឬ សមណព្រាហ្មណ៍ ជាអ្នកមានការចិញ្ចឹមជីវិតច្រើនយ៉ាង តែងស៊ីពូជឈើ សព្វសរពើ គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជកើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជផងគ្នាជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញរបស់សមណៈនេះ ដូចជាកាំរន្ទះ អ្នកនេះជាសមណៈ ត្រឹមតែការប្តេជ្ញាថាសមណៈប៉ុណ្ណោះ  ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ឃើញសមណព្រាហ្មណ៍ណាមួយ ដែលមានគេកំពុងធ្វើសក្ការៈ គោរព រាប់អាន បូជាក្នុងត្រកូលទាំងឡាយ ។ អ្នកនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា មនុស្សទាំងឡាយ គេធ្វើសក្ការៈ គោរព រាប់អាន បូជាសមណៈ ដែលមានការចិញ្ចឹមជីវិតច្រើនមុខនេះ ក្នុងត្រកូលទាំងឡាយ ប្រយោជន៍អ្វី ពួកគេម្តេចក៏មិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ដែលមានតបវត្ត ជាអ្នកមានការចិញ្ចឹមជីវិតសៅហ្មង ក្នុងត្រកូលទាំងឡាយវិញ ។ អ្នកនោះ រមែងកើតសេចក្តីឫស្សា កំណាញ់ត្រកូលទាំងឡាយ ដោយប្រការយ៉ាងនេះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត រមែងអង្គុយក្នុងទីចំភ្នែកមនុស្សមើលឃើញ [សំដៅយកការរំទំ ឬធ្វើកិច្ចវត្តផ្សេងៗ បានតែក្នុងទីចំពោះមុខគេ ឲ្យគេស្ងើច ។] ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់មនុស្សអ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ដើរបង្ហាញខ្លួន ដើរទៅក្នុងត្រកូលទាំងឡាយ [សំដៅយកពុតត្បុតរបស់មនុស្ស ដែលដើរអួតអាង បើមានគេសរសើរពីកិច្ចវត្តណា ឬពីអ្នកណា ក៏លើកដាក់ខ្លួនថា ការនោះ ជាស្នាដៃខ្លួន ឬថាជាសិស្សខ្លួនជាដើម ។] ដោយគិតថា ការនេះជាតបវត្ត របស់អាត្មាអញ ការនេះ ជាតបវត្តរបស់អាត្មាអញ ម្នាលនិគ្រោធ នេះឯក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត អាស្រ័យល្បិចបិទបាំងនីមួយ គឺបើមានគេសួរអ្នកនោះថា លោកគាប់ចិត្តការនេះឬ បើទុកជាការនោះ ខ្លួនមិនគាប់ចិត្តទេ ក៏និយាយថា គាប់ចិត្ត បើការនោះខ្លួនគាប់ចិត្ត ក៏និយាយថា មិនគាប់ចិត្តវិញ ។ អ្នកនោះឈ្មោះថា និយាយកុហកទាំងដឹងខ្លួន ដោយសំដីបែបនេះ ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត កាលបើព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត កំពុងសំដែងធម៌ រមែងមិនអនុមោទនា នូវបរិយាយដែលខ្លួនគួរអនុមោទនា ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ។ ម្នាលនិគ្រោធ អ្នកមានតបវត្ត មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុកណា ម្នាលនិគ្រោធ នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នករមិលគុណ វាយឫកស្មើ ឈ្នានីស កំណាញ់ អួតអាង មានកលមាយា រឹងត្អឹង មើលងាយគេ មានសេចក្តីប្រាថ្នាលាមក ទាំងលុះអំណាចនៃសេចក្តីប្រាថ្នាលាមក ជាមនុស្សមិច្ឆាទិដ្ឋិ ប្រកបដោយអន្តគ្គាហិកទិដ្ឋិ [មិច្ឆាទិដ្ឋិ ដែលស្ទុះដល់ទីបំផុតលែងរើ គឺប្រកាន់មាំក្នុងទិដ្ឋិទាំង១០នោះ ណាមួយ មានប្រកាន់ថា លោកទៀង លោកមិនទៀងជាដើម ។ សារត្ថទីបនីដីកាវិន័យ ។] អ្នកប្រកាន់យកតែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេមិនអាចឲ្យលះបង់បានដោយងាយ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកប្រកាន់យកតែសេចក្តីឃើញរបស់ខ្លួន ប្រកាន់មាំ ជាបុគ្គលដែលគេឲ្យលះបង់បានដោយក្រ ម្នាលនិគ្រោធ  នេះឯងក៏ជាឧបក្កិលេស របស់អ្នកមានតបវត្តដែរ ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច បើការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេស ឬមិនមែនជាឧបក្កិលេសទេ ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងនេះ ជាឧបក្កិលេសពិតៗ មិនមែនជាអនុបក្កិលេសទេ បពិត្រព្រះអង្គដ៏ចម្រើន អ្នកមានតបវត្តពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រកបដោយឧបក្កិលេស ទាំងអស់នេះទៅហើយ ចាំបាច់ពោលទៅថ្វី ដោយឧបក្កិលេសឯទៀតៗ ។

[២៥] ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ សមាទាននូវតបវត្ត គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះមិនមែនអស់ហើយ ត្រឹមតបវត្តនោះ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត សមាទាននូវតបវត្តណា គេមិនមែនពេញចិត្ត ទាំងមានសេចក្តីត្រិះរិះ មិនមែនអស់ហើយត្រឹមតបវត្តនោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនលើកខ្លួនឯង មិនកំហែងអ្នកដទៃ ព្រោះតបវត្តនោះ ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែតបវត្តនោះទេ ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង ព្រោះតបវត្តនោះ តែគេមិនពេញចិត្ត មិនមានសេចក្តីត្រិះរិះ អស់ហើយត្រឹមលាភសក្ការៈ និងសេចក្តីសរសើរនោះទេ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរ ឲ្យកើតឡើង គេមិនលើកខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះទេ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង ដោយតបវត្តនោះ តែគេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះទេ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត មិនចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់ចិត្តខ្ញុំទេ ។ គេជាមនុស្សគ្មានប្រាថ្នាភោជនណា មិនគាប់ចិត្តគេៗក៏លះបង់ភោជននោះដែរ តែថា ភោជនណាគាប់ចិត្តគេ ៗ មិនត្រេកត្រអាល មិនភ្លេចស្មារតី មិនជាប់ស្អិត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ បរិភោគភោជននោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត គេមិនសមាទានតបវត្ត ហេតុតែសេចក្តីប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរថា ពួកព្រះរាជា រាជមហាមាត្រ ក្សត្រិយ៍ ព្រាហ្មណ៍ គហបតី តិរ្ថិយ នឹងធ្វើសក្ការៈ ចំពោះអាត្មាអញ អ្នកនោះឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនបានពោលបង្អាប់សមណៈ ឬព្រាហ្មណ៍ណាមួយ ថា បែបនេះ សមណព្រាហ្មណ៍ ជាអ្នកមានការចិញ្ចឹមជីវិតច្រើនយ៉ាង តែងស៊ីពូជសព្វសរពើ គឺពូជកើតអំពីឫស ពូជកើតអំពីដើម ពូជកើតអំពីថ្នាំង ពូជកើតអំពីចុង ពូជកើតអំពីពូជជាគំរប់៥ នរណាៗ ក៏ដឹងថា ញញួរ គឺធ្មេញរបស់មសណៈនេះ ដូចជាកាំរន្ទះ គេជាសមណៈ ត្រឹមតែការប្តេជ្ញាថា សមណៈប៉ុណ្ណោះទេ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ឃើញគេធ្វើសក្ការៈ គោរព រាប់អាន បូជាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងត្រកូលទាំងឡាយ ។ គេមិនបានត្រិះរិះយ៉ាងនេះថា គួរដែរឬ ពួកមនុស្សតែងធ្វើសក្ការៈ គោរព រាប់អានបូជាសមណៈ ដែលមានអាជីវៈច្រើន ក្នុងត្រកូលទាំងឡាយនេះ ចំណែកខាងអាត្មាអញ ជាអ្នកមានតបវត្ត មានអាជីវៈសៅហ្មង (ម្តេចក៏) ពួកគេមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា ក្នុងត្រកូលទាំងឡាយវិញ ។ គេមិនឲ្យកើតសេចក្តីឫស្យា និងសេចក្តីកំណាញ់ ក្នុងត្រកូលទាំងឡាយ ដូច្នេះឡើយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនជាអ្នកអង្គុយក្នុងទីចំភ្នែកមនុស្ស គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនដើរបង្ហាញខ្លួន ក្នុងត្រកូលទាំងឡាយថា ការនេះជាតបវត្តរបស់អាត្មាដែរ ការនេះជាតបវត្តរបស់អាត្មាដែរ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត មិនអាស្រ័យការបិទបាំងនីមួយ បើមានគេសួរអ្នកនោះថា ការនេះគាប់ចិត្តលោកឬ បើការនោះមិនគាប់ចិត្តខ្លួន ក៏និយាយថា មិនគាប់ចិត្ត របស់នេះគួរដល់អ្នក ឬប្រាប់នូវរបស់ដែលមិនគួរថា មិនគួរ បើការនោះខ្លួនគាប់ចិត្ត ក៏និយាយថា គាប់ចិត្ត ។ អ្នកនោះមិនបាននិយាយកុហកទាំងដឹងខ្លួន គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត កាលតថាគត ឬសាវ័ករបស់តថាគត កំពុងសំដែងធម៌ រមែងអនុមោទនា នូវបរិយាយដែលគួរអនុមោទនា គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនរមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃសេចក្តីប្រាថ្នាដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន ។ ព្រះមានបុណ្យត្រាស់សួរថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ ។ និគ្រោធបរិព្វាជក ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ហើយផង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ដល់កំពូលធម៌ មិនទាន់ដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹមធម៌ ដូចជាក្រមរប៉ុណ្ណោះទេតើ ។

[២៦] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចុះការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានបុណ្យ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសារ របស់ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស តែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច ។ ម្នាលនិគ្រោធ អ្នកមានតបវត្តក្នុងលោកនេះ មិនសម្លាប់សត្វ មិនប្រើអ្នកដទៃឲ្យសម្លាប់សត្វ មិនគាប់ចិត្តនឹងអ្នកសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនប្រើអ្នកដទៃឲ្យកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនគាប់ចិត្តនឹងអ្នកកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ រមែងមិននិយាយកុហក មិនប្រើអ្នកដទៃឲ្យនិយាយកុហក មិនគាប់ចិត្តនឹងអ្នកនិយាយកុហក មិនសេពភាវិតធម៌ (គឺកាមគុណ៥) មិនប្រើអ្នកដទៃឲ្យសេពនូវភាវិតធម៌ មិនគាប់ចិត្តនឹងអ្នកដែលសេពនូវភាវិតធម៌ ។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ដោយហេតុយ៉ាងនេះ ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួមទាំង៤យ៉ាង ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត ។ គេខំប្រឹងបំពេញ (សីល) មិនត្រឡប់មក ដើម្បីភេទថោកទាប (ភេទគ្រហស្ថ) ។ គេរមែងអាស្រ័យសេនាសនៈស្ងាត់ ព្រៃ គល់ឈើ ភ្នំ ញកភ្នំ ជ្រោះភ្នំ ទីស្មសាន ដងព្រៃ ទីវាល និងទីដែលប្រក់បាំងដោយស្មៅ ។ បុគ្គលនោះ លុះកាលខាងក្រោយភត្ត ក៏ត្រឡប់មកពីបិណ្ឌបាត ហើយអង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន) ។ គេលះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសត្វទាំងពួង ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះថីនមិទ្ធៈ មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ មានសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ លះឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តខាងក្នុងស្ងប់រម្ងាប់ ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះវិចិកិច្ឆា មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា ក្នុងកុសលធម៌ទាំងឡាយ ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿងធ្វើបញ្ញា ឲ្យថយកំឡាំង ក៏សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្តប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូច្នោះ ទិសទី៣ ក៏ដូច្នោះ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយមេត្តាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង [សំដៅយកទិសតូចៗ គឺទិសអគ្នេយ៍ និរតី ពាយព្យ ឦសាន ។] ដោយប្រការដូច្នេះ ។ ចិត្តប្រកបដោយករុណា ។ ចិត្តប្រកបដោយមុទិតា ។ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូច្នោះ ទី៣ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ គ្រាន់តែដល់ត្រឹម សំបកធម៌ ប៉ុណ្ណោះ ទេ ។

[២៧] និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចុះការខ្ពើមបាប ដោយព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច ។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត ។ គេខំប្រឹងបំពេញសីល មិនត្រឡប់មកដើម្បីភេទថោកទាប ។ គេអាស្រ័យសេពសេនាសនៈស្ងាត់ ។បេ។ គេបានលះនីវរណធម៌ទាំង៥នេះ ដែលជាគ្រឿងធ្វើចិត្តឲ្យសៅហ្មង ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំលាំង សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១ ។បេ។ គេរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ បីជាតិខ្លះ បួនជាតិខ្លះ ប្រាំជាតិខ្លះ ។បេ។ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ មួយរយជាតិខ្លះ មួយពាន់ជាតិខ្លះ ១សែនជាតិខ្លះ ច្រើនសំវដ្តកប្ប (កប្បវិនាស)ខ្លះ ច្រើនវិវដ្តកប្ប (កប្បចម្រើន)ខ្លះ ច្រើនសំវដ្តវិវដ្តកប្ប (កប្បវិនាស និងកប្បចម្រើន)ខ្លះ ថា ក្នុងកាលឯណោះ អាត្មាអញ បានមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ក្នុងភពនោះឯង អាត្មាអញ បានមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ រមែងរលឹកឃើញខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន បានច្រើនជាតិ ព្រមទាំងអាការៈ[អដ្ឋកថា ថា គឺរូប និងអាហារជាដើម ។] ព្រមទាំងឧទ្ទេសៈ [គឺឈ្មោះ និងគោត្រកូល ។] ដោយប្រការដូច្នេះ ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើយ៉ាងនេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ត្រឹមតែប៉ុណ្ណេះ មិនទាន់ឈ្មោះថា ដល់កំពូលធម៌ ឬដល់ខ្លឹមធម៌នៅឡើយទេ បានដល់ត្រឹមតែ ស្រាយ របស់ធម៌ ប៉ុណ្ណោះទេ ។

[២៨] និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសត្រឹមណា ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំដែងឲ្យដល់កំពូល ឲ្យដល់ខ្លឹមសាររបស់ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសតែម្តង ដល់ខ្ញុំព្រះអង្គឲ្យទាន ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកមានតបវត្ត ក្នុងលោកនេះ ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង តើដូចម្តេច ។បេ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត ។ គេខំប្រឹងបំពេញសីល មិនត្រឡប់មកដើម្បីភេទថោកទាប ។ គេអាស្រ័យសេពសេនាសនៈស្ងាត់ ។បេ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿងធ្វើប្រាជ្ញាឲ្យថយកំលាំង មានចិត្តប្រកបដោយមេត្តា ។បេ។ សម្រេចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ។ គេរមែងរលឹកឃើញខន្ធបញ្ចកៈ ដែលបានអាស្រ័យនៅអំពីមុន ជាច្រើនជាតិ គឺមួយជាតិខ្លះ ពីរជាតិខ្លះ ។បេ។ រមែងរលឹកឃើញនូវខន្ធបញ្ចកៈ ដែលអាស្រ័យនៅអំពីមុន ជាច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសៈ ដោយប្រការដូច្នេះ ។ គេមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ បានឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល ជាមច្ឆាទិដ្ឋិ សមាទាននូវមិច្ឆាទិដ្ឋិកម្ម សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាងសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ សមាទាននូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯសុគតិលោក គឺសួគ៌ មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុមនុស្សសាមញ្ញ រមែងឃើញ នូវសត្វទាំងឡាយ កំពុងច្យុត និងចាប់បដិសន្ធិ ដ៏ទាបថោក និងឧត្តម មានទ្រង់ទ្រាយល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ ។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង ។ ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងប៉ុណ្ណេះ ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង ។ ម្នាលនិគ្រោធ អ្នកបាននិយាយ នឹងតថាគតថា ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័កដែលព្រះអង្គទ្រង់ទូន្មាន ដោយធម៌ណាហើយ ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច ។ ម្នាលនិគ្រោធ តថាគតទូន្មានពួកសាវ័ក ដោយពាក្យប្រៀនប្រដៅណា ពួកសាវ័កដែលតថាគតបានទូន្មាន ដោយពាក្យប្រៀនប្រដៅណា ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម ហេតុ (របស់ពាក្យប្រៀនប្រដៅនោះ) ឧត្តមជាង វិសេសជាង ដូច្នេះឯង ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏បន្លឺសំឡេងហ៊ោ សំឡេងខ្លាំងថា ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើង ដែលជាអ្នករួមអាចារ្យផងគ្នា មិនដែលឃើញ ក្នុងដំណើរនេះឡើយ ពួកយើងមិនធ្លាប់ដឹង ឲ្យលើសជាងពីនេះទៅទៀតឡើយ ។

[២៩] កាលណាសន្ធានគហបតី បានដឹងថា ឥឡូវនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនេះ កំពុងប្រុសស្តាប់ភាសិត របស់ព្រះមានព្រះភាគ ត្រាប់ត្រង់ស្រោតប្រសាទ ដំកល់ចិត្តមិនឲ្យរាយមាយ ដោយពិតដូច្នោះហើយ ទើបបាននិយាយពាក្យនេះ នឹងនិគ្រោធបរិព្វាជកថា បពិត្រនិគ្រោធ លោកបាននិយាយនឹងខ្ញុំរួចហើយថា នែគហបតិ ដូចជាយើងរិះគន់ អ្នកត្រូវដឹងថា ព្រះសមណគោតម ចរចាជាមួយនឹងអ្នកណាបាន ប្រទះសាកច្ឆាជាមួយនឹងអ្នកណាបាន ល្បងនូវភាពវាងវៃ ដោយប្រាជ្ញាជាមួយនឹងអ្នកណា (ដូចម្តេចបាន) ព្រោះប្រាជ្ញារបស់ព្រះសមណគោតម វិនាសបាត់ទៅ ក្នុងផ្ទះស្ងាត់ទៅហើយ ព្រះមសណគោតម មិនហ៊ានចូលកាន់បរិសទ្យទេ មិនអាចធ្វើការចរចា នឹងអ្នកដទៃបានទេ បានជាលោក តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ប៉ុណ្ណោះ ដូចមេគោខ្វាក់ភ្នែកម្ខាង តែងត្រាច់ទៅតែខាងៗ ជុំវិញ តែងគប់រកតែទីស្ងាត់ប៉ុណ្ណោះ ដូចម្តេចមិញ ប្រាជ្ញារបស់ព្រះសមណគោតម វិនាសបាត់បង់ទៅ ក្នុងផ្ទះស្ងាត់ទៅហើយ ព្រះសមណគោតម មិនហ៊ានចូលកាន់បរិស័ទ មិនអាចធ្វើការចរចានឹងអ្នកដទៃបានទេ បានជាលោកតែងអាស្រ័យនៅតែក្នុងសេនាសនៈស្ងាត់ ដូច្នោះឯង នែគហបតិ ល្បងមើលចុះ (ប្រសិនបើ) ព្រះសមណគោតម គប្បីមកកាន់បរិស័ទនេះ (មែន) ពួកយើងគួរសាកសួរលោកមួយប្រស្នាល្បងមើលដែរ ពួកយើងត្រូវចាប់បង្វិលព្រះសមណគោតមនោះ ឲ្យដូចគេចាប់បង្វិលឆ្នាំងទទេ (មិនខាន) បពិត្រលោកដ៏ចម្រើន ស្រាប់តែព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ស្តេចដល់មកក្នុងទីនេះ អើឥឡូវនេះដល់ហើយ ចូរលោកធ្វើព្រះអង្គ ឲ្យជាអ្នកមិនហ៊ានចូលមកកាន់បរិស័ទចុះ ចូរលោកធ្វើព្រះអង្គ ឲ្យដូចមេគោខ្វាក់ភ្នែកម្ខាង ដែលត្រាច់ទៅតែខាងៗ ជុំវិញចុះ ចូរលោកសាកសួរព្រះអង្គ ដោយប្រស្នាចុះ ចូរលោកបង្វិលព្រះសមណគោតមនោះ ឲ្យដូចជាគេចាប់បង្វិលឆ្នាំងទទេចុះ ។ កាលសន្ធានគហបតិ និយាយយ៉ាងនេះហើយ និគ្រោធបរិព្វាជក អង្គុយនៅតែស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញា ។

[៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា និគ្រោធបរិព្វាជក អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខជ្រប់ស្រពោន ទ័លប្រាជ្ញាហើយ ក៏បានត្រាស់សួរនិគ្រោធបរិព្វាជក យ៉ាងនេះថា ម្នាលនិគ្រោធ សំដីនេះ អ្នកបាននិយាយមែនឬ ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បាននិយាយសំដីនេះពិតមែន តាមដែលខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកបានឮពួកបរិព្វាជកព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះសម្មាសម្ពុទ្ធទាំងឡាយដ៏មានព្រះភាគនោះ ទ្រង់ជួបជុំសមាគម ហើយបន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវតិរច្ឆានកថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ ។បេ។ និយាយពីសេចក្តីចម្រើន និងសេចក្តីសាបសូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាអ្នកដែលរួមអាចារ្យផងគ្នា ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ ឬថា ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំងនៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីអ្នកផង សមគួរដល់ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចជាតថាគត ក្នុងកាលឥឡូវនេះ យ៉ាងនេះ ។ និគ្រោធបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮពួកបរិព្វាជកព្រឹទ្ធាចារ្យមានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយគ្នា យ៉ាងនេះថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា ក្នុងកាលកន្លងទៅហើយ ព្រះមានព្រះភាគទាំងនោះ ជួបជុំសមាគមយ៉ាងនេះហើយ បន្លឺសំឡេងហ៊ោ សំឡេងខ្លាំង ប្រកបនូវតិរច្ឆានកថា ជាច្រើនយ៉ាង គឺនិយាយពីស្តេច និយាយពីចោរ ។បេ។ និយាយពីសេចក្តីចម្រើន និងសេចក្តីសាបសូន្យ ដែលឥតប្រយោជន៍ ថា ដូច្នេះខ្លះ ដូច្នោះខ្លះ ដូចជាខ្ញុំព្រះអង្គ ជាអ្នករួមអាចារ្យផងគ្នា ក្នុងកាលឥឡូវនេះ យ៉ាងនេះក៏ទេ ព្រះមានព្រះភាគទាំងនោះ តែងអាស្រ័យសេនាសនៈដ៏ស្ងាត់ ជាទីតាំងនៅក្នុងព្រៃស្រោង ជាសេនាសនៈមានសំឡេងសន្ធឹកគឹកកងតិច ប្រាសចាកសំដីរបស់អ្នកផង សមគួរដល់ការស្ងប់ស្ងាត់របស់មនុស្ស គួរដល់ការលាក់ខ្លួន ពួនអាត្មាបាន ដូចព្រះមានព្រះភាគ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរ ។ ព្រះអង្គត្រាស់ថា ម្នាលនិគ្រោធ វិញ្ញូជនចាស់ទុំ ដែលជាអ្នកមានសតិនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សំដែងធម៌ ដើម្បីញុំាងបុគ្គលដទៃ ឲ្យត្រាស់ដឹង ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទើបសំដែងធម៌ ដើម្បីទូន្មានអ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់ស្ងប់ហើយ ទើបសំដែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសំដែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយ ទើបសំដែងធម៌ ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។

[៣១] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ និគ្រោធបរិព្វាជក បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ទោសកំហុសបានគ្របសង្កត់នូវខ្ញុំព្រះអង្គ ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសយ៉ាងណា ខ្ញុំព្រះអង្គ បានពោលពាក្យឆ្គាំឆ្គងយ៉ាងនេះ នឹងព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់អត់នូវទោសតាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសេចក្តីសង្រួមតទៅ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនិគ្រោធ អើ ក៏ទោសកំហុស គ្របសង្កត់នូវអ្នក ព្រោះជាមនុស្សល្ងង់យ៉ាងណា ជាមនុស្សវង្វេងយ៉ាងណា ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកបានពោលពាក្យឆ្គាំឆ្គងណា នឹងតថាគតយ៉ាងនេះហើយ ម្នាលនិគ្រោធ បើអ្នកឃើញទោស តាមទោសណាហើយ ត្រឡប់ធ្វើឲ្យសមគួរ តាមធម៌វិញ តថាគតនឹងអត់ទោសនោះដល់អ្នក ម្នាលនិគ្រោធ នេះឯងជាសេចក្តីចម្រើន ក្នុងវិន័យរបស់ព្រះអរិយបុគ្គល ព្រោះមនុស្សណា ឃើញទោសតាមទោសហើយ ត្រឡប់ធ្វើឲ្យសមគួរតាមធម៌វិញ អ្នកនោះ រមែងដល់នូវសេចក្តីសង្រួមតទៅបាន ។ ម្នាលនិគ្រោធ មួយទៀត តថាគតបានពោលយ៉ាងនេះថា បុរសអ្នកដឹង ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិ ជាអ្នកត្រង់ ក៏ចូរមកចុះ តថាគតនឹងប្រដៅ តថាគតនឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ឆ្នាំ ។ ម្នាលនិគ្រោធ ៧ឆ្នាំចូរលើកទុកចុះ ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ តថាគតនឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៦ឆ្នាំ ។ ៥ឆ្នាំ ។ ៤ឆ្នាំ ។ ៣ឆ្នាំ ។ ២ឆ្នាំ ។ ១ឆ្នាំ ។ ម្នាលនិគ្រោធ ១ឆ្នាំចូរលើកទុកចុះ ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ តថាគតនឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ខែ ។ ម្នាលនិគ្រោធ ៧ខែចូរលើកទុកចុះ ។ ៦ខែ ។ ៥ខែ ។ ៤ខែ ។ ៣ខែ ។ ២ខែ ។ ១ខែ ។ កន្លះខែ ។ ម្នាលនិគ្រោធ កន្លះខែ ចូរលើកទុកចុះ ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ តថាគតនឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ថ្ងៃ ។ ម្នាលនិគ្រោធ សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម បានជានិយាយយ៉ាងនេះ ព្រោះចង់បានកូនសិស្ស ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញហេតុនុ៎ះ យ៉ាងនេះឡើយ អ្នកណាជាអាចារ្យរបស់ពួកអ្នក អ្នកនោះ ចូរនៅជាអាចារ្យរបស់ពួកអ្នកដដែលចុះ ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នាដើម្បីញុំាងពួកយើង ឲ្យកក្រើកចាកឧទ្ទេស ទើបបានត្រាស់យ៉ាងនេះ ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញហេតុនុ៎ះ យ៉ាងនេះឡើយ ឧទ្ទេសណាជារបស់អ្នក ឧទ្ទេសនោះ ក៏នៅជាឧទ្ទេសរបស់អ្នកដដែលចុះ ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ព្រះសមណគោតម ប្រាថ្នាដើម្បីញុំាងពួកយើង ឲ្យកក្រើកចាកអាជីវៈ ទើបបានត្រាស់យ៉ាងនេះ ។ ម្នាលនិគ្រោធ អ្នកមិនត្រូវឃើញហេតុនុ៎ះ យ៉ាងនេះឡើយ អាជីវៈណាជារបស់អ្នក អាជីវៈនោះ ក៏នៅជាអាជីវៈរបស់អ្នកដដែលចុះ ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួកធម៌ណា ជាអកុសល រាប់ចូលក្នុងអកុសលរបស់ជន ដែលរួមអាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នានឹងដើម្បីញុំាងពួកអ្នក ឲ្យតាំងនៅ ក្នុងធម៌ទាំងនោះ ទើបបានត្រាស់យ៉ាងនេះ ។ ម្នាលនិគ្រោធ តែថាអ្នកមិនត្រូវឃើញហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌ជាអកុសល រាប់ចូលក្នុងអកុសលនោះ របស់ជនរួមអាចារ្យផងគ្នា ចូរនៅជាអកុសលធម៌ដដែលចុះ ។ ម្នាលនិគ្រោធ មួយទៀត សមតែអ្នកមានគំនិតយ៉ាងនេះថា ពួកធម៌ណាជាកុសល រាប់ចូលក្នុងកុសល របស់ជនជាអ្នករួមអាចារ្យផងគ្នា ព្រះសមណគោតម ប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យឃ្លាតចាកកុសលធម៌ទាំងនោះ ទើបបានត្រាស់យ៉ាងនេះ ។ ម្នាលនិគ្រោធ តែថា អ្នកមិនត្រូវឃើញហេតុនុ៎ះ យ៉ាងនេះឡើយ ពួកធម៌ណាជាកុសលរាប់ចូលក្នុងកុសលនោះ របស់ពួកជនរួមអាចារ្យផងគ្នា ចូរនៅជាកុសលធម៌ដដែលចុះ ។ ម្នាលនិគ្រោធ តថាគតបានពោលយ៉ាងនេះ ព្រោះចង់បានអន្តេវាសិកក៏ទេ មានប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យកក្រើកចាកឧទ្ទេស ទើបបានពោលយ៉ាងនេះក៏ទេ មានប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យកក្រើកចាកអាជីវៈ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជាអកុសល រាប់ថាជាអកុសល របស់ពួកជនដែលរួមអាចារ្យផងគ្នាតថាគតប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យតាំងនៅក្នុងធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ ពួកធម៌ណាជាកុសល រាប់ថាជាកុសល របស់ពួកជន ដែលរួមអាចារ្យផងគ្នា តថាគតប្រាថ្នាដើម្បីញុំាងពួកអ្នក ឲ្យឃ្លាតចាកធម៌ទាំងនោះ ទើបបានពោលយ៉ាងនេះក៏ទេ ។ ម្នាលនិគ្រោធ មួយទៀត ពួកធម៌ជាអកុសល ដែលបុគ្គលលះមិនទាន់បាន ប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង ប្រព្រឹត្តទៅ ដើម្បីសេចក្តីកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខ ជាផល ជាបច្ច័យ ដល់សេចក្តីកើត ចាស់ ស្លាប់ ទៅខាងមុខ តថាគតសំដែងធម៌ ដើម្បីលះបង់នូវធម៌ ជាអកុសលទាំងឡាយនោះ ។ កាលបើពួកអ្នកប្រតិបត្តិសមគួរហើយ ធម៌ទាំងឡាយប្រកបដោយសេចក្តីសៅហ្មង មុខជានឹងសាបសូន្យទៅ ធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីបរិសុទ្ធ នឹងចម្រើនឡើង ពួកអ្នករាល់គ្នា មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវការបំពេញប្រាជ្ញា ដើម្បីមគ្គ និងសេចក្តីផូរផង់នៃប្រាជ្ញា ដើម្បីដល់ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកបរិព្វាជកទាំងនោះ ក៏អង្គុយនៅស្ងៀម អៀនខ្មាស ឱនក ដាក់មុខ ជ្រប់ស្រពោន ទ័លប្រាជ្ញា ព្រោះមារចូលជ្រែកចិត្ត ។

[៣២] គ្រានោះឯង ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា មោឃបុរសទាំងអស់នេះ ត្រូវមារចិត្តបាប ចូលជ្រែកហើយ ព្រោះថា សូម្បីតែម្នាក់ មុខជាគ្មានគំនិតយ៉ាងនេះថា ណ្ហើយចុះ ពួកយើងទាំងអស់គ្នា ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម ដើម្បីសេចក្តីដឹងទួទៅ ត្រឹម៧ថ្ងៃប៉ុណ្ណោះ នឹងយូរប៉ុន្មាន ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវសីហនាទ ក្នុងអារាមនៃបរិព្វាជក ជារបស់នៃនាងឧទុម្ពរិកាទេវី ហើយទ្រង់ហោះឡើងទៅកាន់វេហាសស្ថាន ត្រឡប់ទៅគង់លើភ្នំគិជ្ឈកូដវិញ ។ ឯសន្ធានគហបតិ ក៏ចូលទៅកាន់ក្រុងរាជគ្រឹះ ក្នុងពេលនោះដែរ ។

ចប់ ឧទុម្ពរិកាសូត្រ ទី២ ។

ចក្កវត្តិសូត្រ ទី៣កែប្រែ

[៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ (ក្នុងដងព្រៃ) ជិតមាតុលានគរ ក្នុងដែនមគធៈ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួន [អដ្ឋកថា ថា លោកិយធម៌ និងលោកុត្តរធម៌ ឈ្មោះថាខ្លួន ។ ព្រោះហេតុនោះ បានជាទ្រង់ពោលថែមទៀតថា ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃជាទីពឹងពំនាក់ឡើយ ។] ជាទីពឹង មានខ្លួនជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន ។ ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី ។ ពិចារណានូវចិត្ត ក្នុងចិត្តជាប្រក្រតី ។ ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតារបស់ខ្លួន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយប្រព្រឹត្ត ក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតារបស់ខ្លួន [ជាដំណែលរបស់ព្រះសម្មាសម្ពុទ្ធ ជាបិតានៃពុទ្ធបរិស័ទ ។] មារ [អដ្ឋកថា សំដៅយកតែទេវបុត្តមារ និងកិលេសមារប៉ុណ្ណេះ ។] ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ រមែងចម្រើនឡើង ព្រោះហេតុសមាទាន នូវកុសលធម៌ទាំងឡាយ យ៉ាងនេះ ។

[៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា (ព្រះអង្គ) ទ្រង់ព្រះនាមទល្ហនេមិ ជាស្តេចចក្រពត្តិ ព្រះអង្គជាធម្មិកធម្មរាជ ជាឥស្សរលើផែនដី ដែលមានសមុទ្រទាំង៤ ជាទីបំផុតជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវថិរភាព (សេចក្តីមាំមួន) ទ្រង់បរិបូណ៌ ដោយរ័តន៍ទាំង៧ប្រការ ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទទល្ហនេមិនោះ គឺចក្ករ័តន៍ (ចក្រកែវ)១ ហត្ថិរ័តន៍ (ដំរីកែវ) ១ អស្សរ័តន៍ (សេះកែវ)១ មណីរ័តន៍ (កែវមណិ)១ ឥត្ថីរ័តន៍ (ស្រីកែវ)១ គហបតីរ័តន៍ (គហបតិកែវ)១ បរិនាយករ័តន៍ (នាយពលកែវ)១ រួមត្រូវជា៧ប្រការ ។ ឯព្រះបាទទល្ហនេមិនោះ មានព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងតែក្លៀវក្លា អង់អាច អាចសង្កត់សង្កិន នូវសេនារបស់ស្តេចដទៃបាន ។ ព្រះបាទទល្ហនេមិនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងផែនដី ដែលមានសាគរ ជាព្រំប្រទល់នេះ ដោយធម៌ដ៏ស្មើ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធទេ ។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅបានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ទើបព្រះបាទទល្ហនេមិ ទ្រង់ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរសដ៏ចម្រើន (បើ) អ្នកឃើញចក្ករ័តន៍ជាទិព្វ ឃ្លាតច្យុតចាកទី ក្នុងកាលណា អ្នកត្រូវប្រាប់ដល់យើង ក្នុងកាលនោះ ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ទទួលស្តាប់ព្រះរាជឱង្ការនៃព្រះបាទទល្ហនេមិថា ព្រះករុណាថ្លៃវិសេស ។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅ បានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញចក្ករ័តន៍ជាទិព្វ ឃ្លាតច្យុតចាកទី ក៏ចូលទៅគាល់ព្រះបាទទល្ហនេមិ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះបាទទល្ហនេមិដូច្នេះថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាកទីហើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទទល្ហនេមិ ទ្រង់ហៅព្រះរាជកុមារ ជាបុត្រច្បងមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថា ចក្ករ័តន៍ជាទិព្វរបស់យើង ឃ្លាតច្យុតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់ឮថា (បើ) ចក្ករ័តន៍ជាទិព្វរបស់ស្តេចចក្រពត្តិអង្គណា ឃ្លាតច្យុតចាកទីហើយ តពីនោះមក ស្តេចអង្គនោះ មិនរស់នៅបានយូរឡើយ ឯកាមជារបស់មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យនេះ ជាសម័យដែលឪពុកគួរស្វែងរកកាម ជាទិព្វវិញ ម្នាលកុមារមាសឪពុក ចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក និងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវពស្ត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទទល្ហនេមិ ទ្រង់លួងលោមព្រះរាជកុមារ ជាបុត្រច្បង ឲ្យត្រេកអរក្នុងរាជសម្បត្តិ ដោយប្រពៃ ហើយក៏ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវពស្ត្រ រួចចេញចាករាជាគារស្ថាន ចូលទៅកាន់ផ្នួស ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះរាជឥសី ទើបនឹងទ្រង់ព្រះផ្នួសបាន៧ថ្ងៃ ចក្ករ័តន៍ជាទិព្វបាត់ទៅ ។

[៣៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មានបុរសម្នាក់ចូលទៅគាល់ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ លុះចូលទៅដល់ ក៏ក្រាបបង្គំទូលព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វ បាត់ទៅហើយ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏តូចព្រះហឫទ័យ និងសោយនូវសេចក្តីមិនសប្បាយព្រះហឫទ័យ ។ ព្រះមហាក្សត្រិយ៍អង្គនោះ ក៏ចូលទៅគាល់ព្រះរាជឥសី លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះរាជឥសីដូច្នេះថា សូមព្រះរាជតេជះតម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វបាត់ទៅហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជឥសី ទ្រង់ត្រាស់នឹងព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយដូច្នេះថា ម្នាលបា កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ អ្នកកុំមានសេចក្តីតូចចិត្ត កុំសោយនូវសេចក្តីមិនសប្បាយចិត្តឡើយ ម្នាលបា ព្រោះថា ចក្ករ័តន៍ជាទិព្វនេះ មិនមែនជាមត៌ក ដែលមានមកអំពីបិតាអ្នកទេ ម្នាលបា ណ្ហើយចុះ អ្នកចូរប្រព្រឹត្តចក្កពត្តិវត្ត (វត្តរបស់ស្តេចចក្រពត្តិ) ដ៏ប្រសើរវិញចុះ កាលបើចក្កពត្តិវត្ត ដែលអ្នកប្រព្រឹត្តហើយ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ ដោយអាការសព្វគ្រប់ នឹងកើតប្រាកដដល់បា ដែលកក់កេសា ហើយរក្សាឧបោសថ ឋិតនៅលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថនោះ ហេតុនេះ រមែងមានប្រាកដ ។ ព្រះមហាក្សត្រិយ៍ក្រាបបង្គំទូលសួរថា បពិត្រព្រះសម្មតិទេព ចុះចក្កពត្តិវត្តដ៏ប្រសើរនុ៎ះ តើដូចម្តេច ។ ព្រះរាជឥសីត្រាស់ថា ម្នាលបា បើដូច្នោះ ចូរអ្នកអាស្រ័យនូវធម៌តែម្យ៉ាង ហើយធ្វើសក្ការៈ ចំពោះធម៌ គោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាស្ពាន យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សាទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង គឺបុត្រ ភរិយា ចំពោះពួកពល ពួកក្សត្រិយ៍ ពួកជនចុះចូល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម អ្នកជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគ បក្សី ម្នាលបា អ្នកកុំធ្វើអកុសលធម៌ ក្នុងដែនរបស់អ្នកឡើយ ម្នាលបា បើពួកជនណា ក្នុងដែនរបស់អ្នក មិនមានទ្រព្យ អ្នកគប្បីផ្តល់ទ្រព្យ ដល់ជនទាំងនោះ ម្នាលបា បើពួកសមណព្រាហ្មណ៍ណា ក្នុងដែនរបស់អ្នក ជាអ្នកវៀរចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ តាំងនៅក្នុងខន្តិ និងសោរច្ចៈ តែងទូន្មានខ្លួនឯងតែម្នាក់ឯង ធ្វើខ្លួនឯងឲ្យស្ងប់រម្ងាប់តែម្នាក់ឯង ធ្វើខ្លួនឯងឲ្យរលត់ (ចាករាគាទិក្កិលេស) តែម្នាក់ឯង អ្នកគប្បីចូលទៅរកសមណព្រាហ្មណ៍ ទាំងនោះសព្វៗកាល ហើយគប្បីសាកសួរ គប្បីចោទដណ្តឹងថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល បពិត្រលោកដ៏ចម្រើន អ្វីជាអកុសល អ្វីជាអំពើប្រកបដោយទោស អ្វីជាអំពើមិនប្រកបដោយទោស អ្វីគួរសេព អ្វីមិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើទៅហើយ មិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើទៅហើយ ជាប្រយោជន៍ ជាសុខអស់កាលយូរអង្វែង លុះអ្នកបានស្តាប់ពាក្យសមណព្រាហ្មណ៍ ទាំងនោះហើយ គប្បីវៀរនូវអំពើដែលជាអកុសល ហើយសមាទាន ប្រព្រឹត្តនូវអំពើ ដែលជាកុសល ម្នាលបា នេះឯង ជាចក្កពត្តិវត្ត ដ៏ប្រសើរនោះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ បានទទួលស្តាប់ពាក្យព្រះរាជឥសីថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរ ។ កាលដែលព្រះរាជានោះ កំពុងប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរ កក់ព្រះកេសា សមាទានឧបោសថ ហើយស្តេចទៅខាងលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃ១៥ ដែលជាថ្ងៃឧបោសថនោះ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការសព្វគ្រប់ ក៏កើតប្រាកដឡើង ។ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទ្រង់ព្រះរាជតម្រិះថា អាត្មាអញ បានឮមកដូច្នេះថា ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ បរិបូណ៌ដោយអាការគ្រប់យ៉ាង កើតប្រាកដឡើង ដល់ព្រះរាជា ជាក្សត្រិយ៍អង្គណា ដែលបានមុទ្ធាភិសេកហើយ កក់ព្រះកេសា សមាទានឧបោសថ ស្តេចទៅខាងលើប្រាសាទដ៏ប្រសើរ ក្នុងថ្ងៃទី១៥ ដែលជាថ្ងៃឧបោសថនោះ ព្រះរាជាអង្គនោះ នឹងជាស្តេចចក្រពត្តិ ឱហ្ន៎! អាត្មាអញ ប្រាកដជាស្តេចចក្រពត្តិហើយតើ ។

[៣៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើបយកព្រះហស្តខាងឆ្វេង កាន់កុណ្ឌី យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករ័តន៍ ហើយអធិដ្ឋានថា សូមឲ្យចក្ករ័តន៍ដ៏ចម្រើនប្រព្រឹត្តទៅ សូមឲ្យចក្ករ័តន៍ដ៏ចម្រើន មានជ័យជំនះចុះ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករ័តន៍នោះ ក៏អណ្តែតត្រសែត ទៅកាន់ទិសខាងកើត ។ ទើបព្រះបាទចក្រពត្តិ ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយចតុរង្គសេនា ។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋានក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏ស្តេចចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងស្តេច ជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូលមកចុះ បពិត្រមហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ ។ ព្រះបាទចក្រពត្តិ មានព្រះបន្ទូល (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយមិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទចក្រពត្តិវិញ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងកើត រួចឆ្លងឡើងចុះទៅកាន់សមុទ្រ ក្នុងទិសខាងត្បូង រួចឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិសខាងលិច ។ ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយចតុរង្គសេនា ។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏ស្តេចចូលទៅកាន់ទីសម្រាក ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេច ជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងលិច ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូលមកចុះ បពិត្រមហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ ។ ព្រះបាទចក្រពត្តិ ទ្រង់មានព្រះរាជឱង្ការ (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងលិច ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទចក្រពត្តិវិញ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងលិច ឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិសខាងជើង ។ ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាម(ចក្ករ័តន៍នោះ) ព្រមដោយចតុរង្គសេនា ។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏ស្តេចចូលទៅកាន់ទីសម្រាក ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូលមកចុះ បពិត្រមហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ ។ ព្រះបាទចក្រពត្តិ ទ្រង់មានព្រះរាជឱង្ការ (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទចក្រពត្តិវិញ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏បង្ក្រាបផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់ ហើយត្រឡប់មកកាន់ព្រះរាជធានីនោះវិញ ឋិតនៅក្នុងរបៀងនៃសាលាវិនិច្ឆ័យ ទៀបទ្វារព្រះរាជវាំង របស់ព្រះបាទចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ បំភ្លឺព្រះរាជវាំងរបស់ព្រះបាទចក្រពត្តិ ឲ្យភ្លឺព្រោងព្រាត ។

[៣៧] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី២ក្តី ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៣ក្តី ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៤ក្តី ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៥ក្តី ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៦ក្តី ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិទី៧ក្តី លុះកន្លងកាលទៅ បានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ត្រាស់នឹងបុរសម្នាក់ថា ម្នាលបុរសដ៏ចម្រើន បើអ្នកបានឃើញចក្ករ័តន៍ជាទិព្វ ឃ្លាតច្យុតចាកទីកាលណា អ្នកគប្បីប្រាប់ដល់យើង ក្នុងកាលនោះ ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការព្រះបាទចក្រពត្តិថា ព្រះករុណាថ្លៃវិសេស ។ ម្នាលភិក្ខុទាំងឡាយ លុះកន្លងទៅ ជាច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញចក្ករ័តន៍ជាទិព្វ ឃ្លាតច្យុតចាកទី ក៏ចូលទៅគាល់ស្តេចចក្រពត្តិ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះបាទចក្រពត្តិដូច្នេះថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាកទីហើយ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទចក្រពត្តិ ទ្រង់ហៅព្រះរាជកុមារ ជាបុត្រច្បងមក ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថា ចក្ករ័តន៍ជាទិព្វរបស់យើង ឃ្លាតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់ឮថា (បើ) ចក្ករ័តន៍ជាទិព្វរបស់ស្តេចចក្រពត្តិអង្គណា ឃ្លាតច្យុតចាកទីហើយ តពីនោះមក ស្តេចអង្គនោះ មិនរស់នៅបានយូរឡើយ ឯកាមជារបស់មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យនេះ ជាសម័យដែលឪពុកគួរស្វែងរកកាម ជាទិព្វវិញ ម្នាលកុមារមាសឪពុក ចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាកអគារស្ថាន ចូលទៅកាន់ផ្នួស ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទចក្រពត្តិ ទ្រង់លួងលោមព្រះរាជកុមារ ជាបុត្រច្បង ឲ្យត្រេកអរក្នុងរាជសម្បត្តិ ដោយប្រពៃ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ រួចទ្រង់ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាករាជាគារស្ថាន ចូលទៅទ្រង់ព្រះផ្នួស ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះរាជឥសី ទើបនឹងទ្រង់ព្រះផ្នួសបាន៧ថ្ងៃ ចក្ករ័តន៍ជាទិព្វ ក៏បាត់ទៅ ។

[៣៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសម្នាក់ បានក្រាបបង្គំទូលព្រះរាជា ដែលបានមុទ្ធាភិសេកហើយ ។បេ។ ថា ចក្ករ័តន៍ជារបស់ទិព្វ បាត់ទៅហើយ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់តូចព្រះហឫទ័យ និងសោយនូវសេចក្តីមិនសប្បាយ ក្នុងព្រះហឫទ័យ តែមិនចូលទៅសួរវត្ត របស់ស្តេចចក្រពត្តិដ៏ប្រសើរ នឹងព្រះរាជឥសីឡើយ ។ បានឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយនោះ ទ្រង់ប្រៀនប្រដៅអ្នកជនបទ តាមព្រះយោបល់របស់ព្រះអង្គ កាលព្រះរាជានោះ ប្រៀនប្រដៅអ្នកជនបទ តាមព្រះយោបល់របស់ព្រះអង្គហើយ លុះចំណេរមកខាងក្រោយ អ្នកជនបទ ក៏មិនចម្រើនស្មើនឹងកាលមុន ដូចកាលស្តេចទាំងឡាយជាន់ដើម ដែលប្រព្រឹត្តវត្ត របស់ស្តេចចក្រពត្តិដ៏ប្រសើរនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអាមាត្យ ពួកបរិស័ទ ពួកហោរា និងមហាមាត្រ ពួកហ្មដីរំ ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ក៏ប្រជុំគ្នា (ចូលទៅ) ក្រាបបង្គំទូលព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយដូច្នេះថា បពិត្រព្រះសម្មតិទេព បានឮថា កាលព្រះអង្គទ្រង់ប្រៀនប្រដៅអ្នកជនបទ ដោយព្រះយោបល់របស់ព្រះអង្គ លុះចំណេរមកខាងក្រោយ ពួកអ្នកជនបទ មិនចម្រើនស្មើនឹងកាលមុន ដូចកាលព្រះរាជាទាំងឡាយជាន់ដើម ដែលប្រព្រឹត្តចក្កពត្តិវត្តដ៏ប្រសើរនោះឡើយ បពិត្រព្រះសម្មតិទេព ពួកអាមាត្រ ពួកបរិស័ទ ពួកហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ទាំងពួកខ្ញុំព្រះអង្គក្តី ពួកជនដទៃក្តី ក៏មាននៅក្នុងដែន របស់ព្រះអង្គស្រាប់ហើយ យើងខ្ញុំទាំងឡាយ (សុទ្ធតែ) ចាំស្ទាត់ នូវចក្កពត្តិវត្តដ៏ប្រសើរ បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ សូមរំលឹក សូមព្រះអង្គ ទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ នឹងពួកខ្ញុំព្រះអង្គចុះ ពួកខ្ញុំព្រះអង្គ បើព្រះអង្គទ្រង់ត្រាស់សួរ នូវចក្កពត្តិវត្ត ដ៏ប្រសើរហើយ មុខជានឹងព្យាករបាន ។

[៣៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់បង្គាប់ពួកអាមាត្រ ពួកបរិស័ទ ពួកហោរា និងមហាមាត្រ ពួកហ្មដំរី ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ឲ្យប្រជុំគ្នា ហើយទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរ ។ ជនទាំងនោះ ដែលព្រះរាជាអង្គនោះទ្រង់សួរ នូវចក្កពត្តិវត្តដ៏ប្រសើរហើយ ក៏បានព្យាករថ្វាយ ។ លុះព្រះរាជា ទ្រង់ព្រះសវនាការពាក្យព្យាករណ៍ របស់ជនទាំងនោះហើយ ទើបទ្រង់ចាត់ចែងនូវការរក្សា ទប់ទល់គ្រប់គ្រង ប្រកបដោយធម៌វិញ តែទ្រង់មិនបានព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យឡើយ ។ កាលបើព្រះរាជទ្រព្យ ដែលទ្រង់មិនបានព្រះរាជទានដល់ពួកអ្នកខ្សត់ទ្រព្យ សេចក្តីទ័លក្រ ក៏មានច្រើនឡើង ។ កាលបើសេចក្តីទ័លក្រ មានច្រើនឡើងហើយ មានបុរសម្នាក់កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។ ពួករាជបុរស ចាប់បុរសនោះបាន នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ហើយក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់សួរបុរសនោះ ដូច្នេះថា នែបុរស អ្នកឯងកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ពិតមែនឬ ។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន ។ ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកលួចទ្រព្យគេ) ។ បុរសនោះក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន(របស់អ្វី) នឹងចិញ្ចឹមជីវិត ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់ត្រាស់បង្គាប់ថា ម្នាលបុរសដ៏ចម្រើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹមមាតាបិតាផង ចិញ្ចឹមបុត្រភរិយាផង ប្រកបការងារផង ចូរតម្កល់ទក្ខិណាទាន ដែលមានផលខ្ពង់ខ្ពស់ ចំពោះសមណព្រាហ្មណ៍ទាំងឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋានសួគ៌ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងឋានសួគ៌ផងចុះ ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការ នៃព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ។ ម្នាលភិក្ខុទាំងឡាយ មានបុរសម្នាក់ទៀត កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលគេហៅថា លួច ។ ពួករាជបុរស ចាប់បុរសនោះបាន ក៏នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកឯងកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ពិតមែនឬ ។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន ។ ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកឯងលួចទ្រព្យគេ) ។ បុរសនោះក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន(របស់អ្វី) នឹងចិញ្ចឹមជីវិត ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់បុរសនោះ រួចទ្រង់ត្រាស់បង្គាប់ថា ម្នាលបុរសដ៏ចម្រើន អ្នកចូរយកទ្រព្យនេះ ទៅចិញ្ចឹមជីវិតខ្លួនផង ចិញ្ចឹមមាតាបិតាផង ចិញ្ចឹមបុត្រភរិយាផង ប្រកបការងារផង ចូរតម្កល់ទក្ខិណាទាន ដែលមានផលខ្ពង់ខ្ពស់ ចំពោះសមណព្រាហ្មណ៍ទាំងឡាយ ជាទានអាចនាំសត្វឲ្យកើត ក្នុងឋានសួគ៌ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងឋានសួគ៌ផងចុះ ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ក៏ទទួលព្រះរាជឱង្ការព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា ព្រះរាជាទ្រង់ព្រះរាជទាន នូវព្រះរាជទ្រព្យ ដល់ពួកមនុស្ស ដែលកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។ លុះមនុស្សទាំងនោះបានឮហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែពួកយើងនាំគ្នាទៅកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច (កុំខាន) ។

[៤០] ម្នាលភិក្ខុទាំងឡាយ លុះគ្រាជាខាងក្រោយមក មានបុរសម្នាក់កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។ ពួករាជបុរស ចាប់បុរសនោះបាន ក៏នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះឯង កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកឯងកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ពិតមែនឬ ។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន ។ ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកឯងលួចទ្រព្យគេ) ។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន(របស់អ្វី) នឹងចិញ្ចឹមជីវិត ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា បើអាត្មាអញនៅតែឲ្យទ្រព្យ ដល់អ្នកដែលកាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច តែយ៉ាងនេះ មុខជាអទិន្នាទាននេះ នឹងរឹងរឹតតែចម្រើនឡើង បើដូច្នោះ គួរតែអាត្មាអញ ផ្ចាញ់ផ្ចាលបុរសនេះ គួរធ្វើនូវការផ្តាច់ផ្តិលឫគល់ គឺកាត់ក្បាលវាចេញ ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់បង្គាប់ពួករាជបុរសថា នែប្រស្តែង បើដូច្នោះ ចូរអ្នកទាំងឡាយ ចងស្លាបសេកបុរសនេះ ឲ្យជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីង រួច (ត្រូវទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង ហើយចូរផ្ចាញ់ផ្ចាល ធ្វើនូវការផ្តាច់ឫសគល់ គឺកាត់ក្បាលវាចេញ ក្នុងទិសខាងត្បូងនៃក្រុងចុះ ។ ម្នាលភិក្ខុទាំងឡាយ រាជបុរសទាំងនោះ ទទួលព្រះរាជឱង្ការព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយចងស្លាប់សេក បុរសនោះ ឲ្យជាប់ដោយខ្សែដ៏មាំ រួចកោរក្បាលឲ្យរលីង (ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក នាំចេញទៅតាមទ្វារខាងត្បូង ហើយផ្ចាញ់ផ្ចាល ធ្វើនូវការផ្តាច់ផ្តិលឫសគល់ គឺកាត់ក្បាលបុរសនោះ ក្នុងទិសខាងត្បូងនៃក្រុង ។

[៤១] ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សបានឮដំណឹងថា ពួកជនណា កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ព្រះរាជាទ្រង់ផ្ចាញ់ផ្ចាល នូវជនទាំងនោះ ទ្រង់ធ្វើនូវការផ្តាច់ផ្តិលឫសគល់ គឺទ្រង់កាត់ក្បាលពួកជនទាំងនោះ ។ លុះមនុស្សទាំងនោះ បានឮហើយ ក៏គិតយ៉ាងនេះថា បើដូច្នោះ មានតែពួកយើងនាំគ្នាធ្វើគ្រឿងសស្ត្រាវុធដ៏មុតក្លា លុះនាំគ្នាធ្វើគ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ នឹងកាន់យកទ្រព្យរបស់ពួកជនណា ដែលគេមិនបានឲ្យ ដែលហៅថា លួច ហើយពួកយើងនឹងផ្ចាញ់ផ្ចាល នូវជនទាំងនោះ នឹងធ្វើនូវការផ្តាច់ផ្តិលនូវឫសគល់ គឺកាត់ក្បាលរបស់ជនទាំងនោះចេញ ។ មនុស្សទាំងនោះ ក៏នាំគ្នាធ្វើគ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ លុះនាំគ្នាធ្វើគ្រឿងសស្ត្រាវុធដ៏មុតក្លារួចហើយ ក៏ព្យាយាមធ្វើនូវការសម្លាប់អ្នកស្រុកខ្លះ ព្យាយាមធ្វើ នូវការសម្លាប់អ្នកនិគមខ្លះ ព្យាយាមធ្វើនូវការសម្លាប់អ្នកនគរខ្លះ ព្យាយាមធ្វើនូវការប្លន់អ្នកដើរផ្លូវខ្លះ ។ មនុស្សទាំងនោះ តែងកាន់យកទ្រព្យរបស់ពួកជនណា ដែលគេមិនបានឲ្យ ដែលហៅថា លួច ហើយផ្ចាញ់ផ្ចាល ពួកជនទាំងនោះ ធ្វើនូវការផ្តាច់ផ្តិលឫសគល់ គឺកាត់ក្បាលរបស់ជនទាំងនោះ ។

[៤២] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើមុសាវាទមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ៨ហ្មឺនឆ្នាំ ក៏ថយមកមានអាយុត្រឹម៤ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែលមានអាយុត្រឹម៤ហ្មឺនឆ្នាំ (នោះ) មានបុរសម្នាក់ កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។ ពួករាជបុរស ក៏ចាប់បុរសនោះ នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះ  កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់ត្រាស់សួរបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកឯងកាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ពិតមែនឬ ។ បុរសនោះ ក៏ពោលសម្បជានមុសាវាទថា បពិត្រព្រះសម្មតិទេព មិនមែនទេ ។

[៤៣] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ គ្រឿងសស្ត្រាវុធក៏មានច្រើនឡើង កាលបើគ្រឿងសស្ត្រាវុធមានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបើបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលបើមុសាវាទមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ៤ហ្មឺនឆ្នាំ ក៏ថយមកមានអាយុត្រឹម២ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែលមានអាយុត្រឹម២ហ្មឺនឆ្នាំ (នោះ) មានបុរសម្នាក់ កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។ បុរសម្នាក់ នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូល ញុះញង់ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយថា បពិត្រព្រះសម្មតិទេព បុរសឈ្មោះនេះ  កាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច ។

[៤៤] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់អ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ ។បេ។ បិសុណាវាចា ក៏មានច្រើនឡើង កាលបើបិសុណាវាចាមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២ហ្មឺនឆ្នាំ ក៏ថយចុះមកមានអាយុត្រឹម១ហ្មឺនឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកមនុស្ស ដែលមានអាយុត្រឹម១ហ្មឺនឆ្នាំ (នោះ) សត្វពួកខ្លះ មានពណ៌សម្បុរល្អ សត្វពួកខ្លះ មានពណ៌សម្បុរអាក្រក់ បណ្តាសត្វទាំងពីរពួកនោះ សត្វណា ដែលមានពណ៌សម្បុរអាក្រក់ ក៏ស្រឡាញ់ពួកសត្វ ដែលមានពណ៌សម្បុរសល្អ ក៏ប្រព្រឹត្តមិច្ឆាចារ ក្នុងភរិយារបស់ពួកជនដទៃ ។

[៤៥] ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ ។ សេចក្តីសង្ខេប ។ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលបើកាមេសុ មិច្ឆាចារមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ១ហ្មឺនឆ្នាំ ក៏ថយមក មានអាយុត្រឹម៥ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងពីរប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម៥ពាន់ឆ្នាំ កាលបើ ធម៌ទាំងពីរប្រការ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះ ក៏ថយចុះ កាលសត្វទាំងនោះ ថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ៥ពាន់ឆ្នាំ ពួកខ្លះក៏ថយមក មានអាយុត្រឹម២ពាន់៥រយឆ្នាំវិញ ពួកខ្លះ ក៏ថយមកមានអាយុត្រឹម២ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម២ពាន់៥រយឆ្នាំ កាលអភិជ្ឈា និងព្យាបាទ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២ពាន់៥រយឆ្នាំ ក៏ថយមកមានអាយុត្រឹម១ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម១ពាន់ឆ្នាំ កាលបើមិច្ឆាទិដ្ឋិមានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ១ពាន់ឆ្នាំ ក៏ថយមកមានអាយុត្រឹម៥រយឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៣ប្រការគឺ អធម្មរាគៈ[អដ្ឋកថា ថា សេចក្តីត្រេកត្រអាលក្រៅគន្លងធម៌ បានដល់តម្រេកក្នុងទីមិនសមគួរ គឺតម្រេកក្នុងមាតា ម្តាយមីងខាងមាតាបិតា ម្តាយធំខាងបិតាជាដើម ។]១ វិសមលោភៈ[សេចក្តីចង់បានខ្លាំងពេក ។]១ មិច្ឆាធម្មៈ[សេចក្តីប្រាថ្នាខុសគន្លងធម៌ បានដល់តម្រេករបស់បុរស ក្នុងបុរស របស់ស្ត្រីក្នុងស្ត្រី ។]១ ក៏មានច្រើនឡើងក្នុងពួកមនុស្ស ដែលមានអាយុត្រឹម៥រយឆ្នាំ កាលបើធម៌៣ប្រការ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ៥រយឆ្នាំ ពួកខ្លះ ក៏ថយមក មានអាយុត្រឹម២រយ៥០ឆ្នាំវិញ ពួកខ្លះ ក៏ថយមក មានអាយុត្រឹម២រយឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ គឺការមិនគោរពមាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែង ដល់បុគ្គលជាធំក្នុងត្រកូល ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម២រយ៥០ឆ្នាំ ។ ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ គ្រឿងសស្ត្រាវុធ ក៏មានច្រើនឡើង កាលគ្រឿងសស្ត្រាវុធមានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលមុសាវាទមានច្រើនឡើងហើយ បិសុណាវាចា ក៏មានច្រើនឡើង កាលបិសុណាវាចាមានច្រើនឡើងហើយ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលកាមេសុ មិច្ឆាចារ មានច្រើនឡើងហើយ ធម៌២ប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏មានច្រើនឡើង កាលធម៌២ប្រការមានច្រើនឡើងហើយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង កាលអភិជ្ឈា និងព្យាបាទ មានច្រើនឡើងហើយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង កាលមិច្ឆាទិដ្ឋិមានច្រើនឡើងហើយ ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ក៏មានច្រើនឡើង កាលធម៌៣ប្រការ មានច្រើនឡើងហើយ ធម៌ទាំងឡាយនេះ គឺការមិនគោរពមាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែង ដល់បុគ្គលជាធំ ក្នុងត្រកូល ក៏មានច្រើនឡើង កាលធម៌ទាំងនេះ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២រយ៥០ឆ្នាំ ក៏ថយមកមានអាយុត្រឹម១រយឆ្នាំវិញ ។

[៤៦] ម្នាលភិក្ខុទាំងឡាយ (តទៅខាងមុខ) នឹងមានសម័យ ដែលកូនរបស់មនុស្សទាំងនេះ មានអាយុ១០ឆ្នាំ កាលបើមនុស្សមានអាយុ១០ឆ្នាំ ពួកនាងកុមារិកាអាយុ៥ឆ្នាំ នឹងល្មមឲ្យមានប្តី ម្នាលភិក្ខុទាំងឡាយ កាលបើមនុស្សមានអាយុ១០ឆ្នាំ រស (ដ៏ប្រសើរ) ទាំងនេះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ អំបិល នឹងបាត់ទៅ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ១០ឆ្នាំ ស្មៅគែលលក នឹងជាភោជនដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ បាយស្រូវសាលី លាយដោយសាច់ ជាភោជនដ៏ប្រសើរ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្ស មានអាយុ១០ឆ្នាំ ស្មៅគែលលក នឹងជាភោជនដ៏ប្រសើរ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ១០ឆ្នាំ កុសលកម្មបទទាំង១០ នឹងសាបសូន្យទៅ គ្រប់អន្លើ អកុសលកម្មបទទាំង១០ នឹងចម្រើនឡើង ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ១០ឆ្នាំ សូម្បីពាក្យថា កុសល ក៏មិនមាន បើដល់ម្ល៉ោះទៅហើយ មនុស្សអ្នកធ្វើកុសល តើនឹងមានមកពីណា ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ១០ឆ្នាំ ជនទាំងឡាយណា ដែលជាអ្នកមិនគោរពមាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែងបុគ្គលជាច្បងក្នុងត្រកូល ជនទាំងនោះ នឹងជាអ្នកគួរគេបូជាផង នឹងជាអ្នកគួរគេសរសើរផង ម្នាលភិក្ខុទាំងឡាយ មនុស្សក្នុងកាលឥឡូវនេះ ដែលជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ ប្រព្រឹត្តកោតក្រែងបុគ្គល ជាច្បងក្នុងត្រកូល មនុស្សទាំងនោះ ទើបជាអ្នកគួរគេបូជាផង គួរគេសរសើរផង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ១០ឆ្នាំ ជនណាមិនគោរពមាតា មិនគោរពបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនប្រព្រឹត្តកោតក្រែងបុគ្គល ជាច្បងក្នុងត្រកូល ជនទាំងនោះ ទើបជាអ្នកគួរគេបូជាផង គួរគេសរសើរផង ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្សមានអាយុ១០ឆ្នាំ នឹងមិនមានសេចក្តីគោរព កោតក្រែងថា (អ្នកនេះ) ជាមាតា ជាម្តាយមីងខាងមាតា ជាបិតា ជាម្តាយមីងខាងបិតា ជាម្តាយធំខាងមាតា ជាភរិយារបស់អាចារ្យ ឬថា ជាប្រពន្ធនៃគ្រូ (នៃខ្លួន) ដូច្នេះឡើយ សត្វលោក នឹងច្រឡូកច្រឡំគ្នា ដូចជាពពែ មាន់ ជ្រូក ឆ្កែ ចចក ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្សមានអាយុ១០ឆ្នាំ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នានឹងសម្លាប់ដ៏ក្លៀវក្លា នឹងកើតប្រាកដ ដល់គ្នានឹងគ្នា គឺមាតានឹងបុត្ត ។ បុត្តនឹងមាតា ។ បិតានឹងបុត្ត ។ បុត្តនឹងបិតា ។ បងប្អូនប្រុស នឹងបងប្អូនស្រី ។ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នានឹងសម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រី នឹងកើតប្រាកដ ដល់បងប្អូនប្រុស ម្នាលភិក្ខុទាំងឡាយ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នានឹងសម្លាប់ដ៏ក្លៀវក្លា របស់ព្រានម្រឹគ កើតប្រាកដ ព្រោះឃើញម្រឹគ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្សមានអាយុ១០ឆ្នាំ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នានឹងសម្លាប់ដ៏ក្លៀវក្លា របស់សត្វទាំងនោះ នឹងកើតប្រាកដ ដល់គ្នានឹងគ្នា មានឧបមេយ្យដូច្នោះឯង គឺមាតានឹងបុត្ត ។ បុត្តនឹងមាតា ។ បិតានឹងបុត្ត ។ បុត្តនឹងបិតា ។ បងប្អូនប្រុស នឹងបងប្អូនស្រី ។ គំនុំដ៏ក្លៀវក្លា ព្យាបាទដ៏ក្លៀវក្លា ចិត្តប្រទូស្តដ៏ក្លៀវក្លា ចិត្តប្រាថ្នានឹងសម្លាប់ដ៏ក្លៀវក្លា របស់បងប្អូនស្រី នឹងកើតប្រាកដ ដល់បងប្អូនប្រុស ។

[៤៧] ម្នាលភិក្ខុទាំងឡាយ កាលដែលមនុស្សមានអាយុ១០ឆ្នាំ សត្ថន្តរកប្ប (លោកវិនាសទៅ ដោយគ្រឿងសស្ត្រាវុធ) នឹងកើតមានឡើង អស់៧ថ្ងៃ មនុស្សទាំងនោះ នឹងសំគាល់គ្នាថា ដូចជាម្រឹគ គ្រឿងសស្ត្រាវុធ ដ៏មុតក្លា នឹងជាប់នៅតែក្នុងដៃ នៃមនុស្សទាំងនោះ មនុស្សទាំងនោះ សំគាល់ថា នេះជាម្រឹគ ហើយក៏ផ្តាច់ជីវិតគ្នានឹងគ្នា ដោយគ្រឿងសស្ត្រាវុធដ៏មុតក្លា ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បណ្តាសត្វទាំងនោះ សត្វពួកខ្លះ នឹងគិតគ្នាយ៉ាងនេះថា ពួកយើងកុំសម្លាប់បុរសណាមួយឡើង ទាំងបុរសណាមួយ ក៏កុំសម្លាប់ពួកយើងឡើង បើដូច្នោះ ពួកយើងគួរចូលទៅរកស្មៅស្បាត ព្រៃស្បាត ឈើស្បាត ស្ទឹង ដែលទៅមកបានដោយលំបាក ឬភ្នំ ដែលមិនរាបស្មើ ហើយយកមើម និងផ្លែក្នុងព្រៃ ជាអាហារចិញ្ចឹមជីវិត ។ សត្វទាំងនោះ នឹងចូលទៅរកស្មៅស្បាត ព្រៃស្បាត ឈើស្បាត ស្ទឹង ដែលទៅមកបានដោយលំបាក ឬភ្នំដែលមិនរាបស្មើ ហើយយកមើម និងផ្លែក្នុងព្រៃ ជាអាហារចិញ្ចឹមជីវិតអស់៧ថ្ងៃ ។ លុះថ្ងៃ៧នោះ កន្លងទៅ ទើបសត្វអម្បាលនោះ ចេញមក អំពីស្មៅស្បាត អំពីព្រៃស្បាត អំពីឈើស្បាត អំពីស្ទឹង ដែលទៅមកបានដោយលំបាក អំពីភ្នំ ដែលមិនរាបស្មើ ហើយឱបគ្នាទៅវិញទៅមក រួចហើយ និយាយរាក់ទាក់ លួងលោមគ្នាក្នុងរោងទាំងឡាយ ដោយពាក្យថា ម្នាលអ្នកដ៏ចម្រើន អ្នករស់នៅដូចពួកសត្វ ដែលយើងបានឃើញហើយ ម្នាលអ្នកដ៏ចម្រើន អ្នករស់នៅដូចពួកសត្វ ដែលយើងបានឃើញហើយ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វអម្បាលនោះ នឹងមានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងនេះឯង បានជាដល់នូវការអស់ទៅ នៃញាតិជាច្រើនដូច្នេះ ព្រោះហេតុតែកាន់ធម៌ជាអកុសលទាំងឡាយ បើដូច្នោះ មានតែពួកយើង ធ្វើកុសលវិញ តើគួរធ្វើកុសលដូចម្តេច ណ្ហើយចុះ ពួកយើងគួរវៀរចាកបាណាតិបាត ប្រព្រឹត្តសមាទាននូវកុសលធម៌នេះចុះ ។ ទើបសត្វទាំងនោះ នាំគ្នាវៀរចាកបាណាតិបាត ប្រព្រឹត្តសមាទាន នូវកុសលធម៌នេះ សត្វទាំងនោះ ក៏ចម្រើនអាយុ ចម្រើនពណ៌សម្បុរឡើង ព្រោះហេតុដែលបានសមាទាននូវកុសលធម៌ទាំងឡាយ កាលសត្វទាំងនោះ បានចម្រើនអាយុ ចម្រើនពណ៌សម្បុរហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ១០ឆ្នាំ ក៏ត្រឡប់ទៅជាមានអាយុ២០ឆ្នាំឡើងវិញ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង សត្វអម្បាលនោះ នឹងមានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកយើងបានចម្រើនអាយុ បានចម្រើនពណ៌សម្បុរឡើងវិញ ព្រោះហេតុតែបានសមាទាននូវកុសលធម៌ទាំងឡាយ បើដូច្នោះ ពួកយើងគួរធ្វើកុសល ឲ្យច្រើនក្រៃលែង ជាងនេះទៅទៀត តើគួរធ្វើកុសលអ្វី ណ្ហើយចុះ ពួកយើងគួរវៀរចាកអទិន្នាទាន គួរវៀរចាកកាមេសុ មិច្ឆាចារ គួរវៀរចាកបិសុណាវាចា គួរវៀរចាកផរុសវាចា គួរវៀរចាកសម្ផប្បលាបៈ គួរលះបង់អភិជ្ឈា គួរលះបង់ព្យាបាទ គួរលះបង់មិច្ឆាទិដ្ឋិចេញ គួរលះបង់ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ចេញ បើដូច្នោះ ពួកយើងគួរជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ និងជាអ្នកប្រព្រឹត្តកោតក្រែងបុគ្គលជាច្បងក្នុងត្រកូល ពួកយើងគួរនាំគ្នាប្រព្រឹត្តសមាទាន នូវកុសលធម៌ទាំងនេះចុះ ។ សត្វទាំងនោះ ក៏ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ និងជាអ្នកប្រព្រឹត្តកោតក្រែងបុគ្គលជាច្បងក្នុងត្រកូល ប្រព្រឹត្តសមាទាន នូវកុសលធម៌ទាំងនេះ ក៏បានចម្រើនអាយុ ចម្រើនពណ៌សម្បុរឡើងវិញ ព្រោះហេតុដែលបានសមាទាននូវកុសលធម៌ទាំងនោះ កាលសត្វអម្បាលនោះ ចម្រើនអាយុ ចម្រើនពណ៌សម្បុរឡើងហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ២០ឆ្នាំ ក៏មានអាយុ៤០ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៤០ឆ្នាំ ក៏មានអាយុ៨០ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៨០ឆ្នាំ ក៏មានអាយុ១៦០ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ១៦០ឆ្នាំ ក៏មានអាយុ៣២០ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៣២០ឆ្នាំ ក៏មានអាយុ៦៤០ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៦៤០ឆ្នាំ ក៏មានអាយុ២ពាន់ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ២ពាន់ឆ្នាំ ក៏មានអាយុ៤ពាន់ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៤ពាន់ឆ្នាំ ក៏មានអាយុ៨ពាន់ឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៨ពាន់ឆ្នាំ ក៏មានអាយុ២ម៉ឺនឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ២ម៉ឹនឆ្នាំ ក៏មានអាយុ៤ម៉ឺនឆ្នាំឡើងវិញ ។ កូនទាំងឡាយ របស់ពួកមនុស្ស ដែលមានអាយុ៤ម៉ឺនឆ្នាំ ក៏មានអាយុ៨ម៉ឺនឆ្នាំឡើងវិញ ។

[៤៨] ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ពួកនាងកុមារិកា មានអាយុ៥០០ឆ្នាំ ទើបល្មមឲ្យមានប្តី ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ នឹងមានអាពាធតែ៣យ៉ាង គឺចំណង់ក្នុងអាហារ១ បរិភោគអាហារមិនបាន១ សេចក្តីគ្រាំគ្រារាងកាយ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងជាទ្វីបស្តុកស្តម្ភធំទូលាយ មានស្រុក និគម រាជធានី (តៗគ្នា) មួយរយៈមាត់ហើរធ្លាក់ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ជម្ពូទ្វីបនេះ នឹងពេញដោយពួកមនុស្ស (រកចន្លោះគ្មាន) ដូចអវិចីនរក ពុំនោះសោត ដូចព្រៃប្របុស ឬព្រៃរាំងភ្នំ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ក្រុងពារាណសីនេះ នឹងប្រែឈ្មោះជា កេតុមតីរាជធានីវិញ ជារាជធានី ស្តុកស្តម្ភ ធំទូលាយ មានជនក៏ច្រើន មានមនុស្សកុះករ និងមានភិក្ខាហារដ៏សម្បូណ៌ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ក្នុងជម្ពូទ្វីបនេះ នឹងមាននគរ៨ហ្មឺន៤ពាន់ មានកេតុមតីរាជធានី ឯងជាប្រធាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ នឹងមានព្រះរាជា (១ព្រះអង្គ) ព្រះនាមសង្ខៈ ទ្រង់កើតឡើង ក្នុងកេតុមតីរាជធានី ជាស្តេចចក្រពត្តិ ទ្រង់ជាធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវថិរភាព ទ្រង់បរិបូណ៌ដោយរ័តន៍៧ប្រការ ។ ឯរ័តន៍ទាំង៧ប្រការរបស់ព្រះបាទសង្ខៈនោះ គឺចក្ករ័តន៍ ១ ហត្ថិរ័តន៍១ អស្សរ័តន៍១ មណីរ័តន៍១ ឥត្ថីរ័តន៍១ គហបតីរ័តន៍១ បរិនាយករ័តន៍១ផង ជាគំរប់៧ ។ ឯព្រះបាទសង្ខៈនោះ នឹងមានព្រះរាជបុត្រច្រើនជាងពាន់ សុទ្ធសឹងក្លៀវក្លា អង់អាច អាចសង្កត់សង្កិន នូវពួកសេនារបស់ស្តេចដទៃបាន ។ ព្រះបាទសង្ខៈនោះ ទ្រង់ត្រួតត្រា គ្រប់គ្រងនូវផែនដី ដែលមានសាគរ ជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធទេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាម មេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទ្រង់ទូន្មាន នូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់ នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាន នូវបុរស ដែលគួរទូន្មាន ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់ នូវចតុរារិយសច្ច មានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ដូចតថាគត ដែលបានត្រាស់ដឹង ហើយធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះខ្លួនឯង ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបងចុង ទាំងទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ដូចតថាគត ដែលសំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបងចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក្នុងកាលឥឡូវនេះដែរ ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ នឹងគ្រប់គ្របនូវភិក្ខុសង្ឃច្រើនពាន់ ដូចតថាគ ដែលគ្រប់គ្រងនូវភិក្ខុសង្ឃច្រើនរយ ក្នុងកាលឥឡូវនេះដែរ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះបាទសង្ខៈ ទ្រង់ត្រាស់បង្គាប់ឲ្យលើកប្រាសាទ ដែលព្រះបាទមហាបនាទៈឲ្យកសាង ហើយទ្រង់ប្រថាប់នៅ (ក្នុងប្រាសាទនោះ) ទ្រង់លះបង់ [អដ្ឋកថា ថា ទ្រង់អធិដ្ឋានឲ្យប្រាសាទនោះបែកខ្ទេច ហើយទ្រង់ព្រះរាជទាន ។] (ប្រាសាទនោះ) ឲ្យជាទាន ដល់ពួកសមណព្រាហ្មណ៍ កបណៈ (មនុស្សកំព្រា) អទ្ធិកៈ (អ្នកដំណើរ) វណិព្វកៈ (អ្នកនិយាយសរសើរហើយសូម) និងពួកយាចក (ស្មូម) រួចទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ស្លៀកដណ្តប់កាសាវព័ស្ត្រ ចេញចាករាជាគារស្ថាន ចូលទៅកាន់ផ្នួស ក្នុងសំណាក់នៃព្រះមេត្តេយ្យៈមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ។ កាលព្រះបាទសង្ខៈនោះ ទ្រង់ព្រះផ្នួសយ៉ាងនេះហើយ ទ្រង់គេចចេញទៅតែមួយព្រះអង្គឯង ឥតមានសេចក្តីប្រមាទឡើយ មានសេចក្តីព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានព្រះហឫទ័យបែរឆ្ពោះទៅរកព្រះនិព្វាន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងភាពជាបុគ្គលមិនមានផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ពុំយូរប៉ុន្មាន ក៏ព្រះសង្ខត្ថេរ បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចារ្យ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ក៏សម្រាកសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ។

[៤៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ កុំមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណានូវកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវចិត្ត ក្នុងចិត្ត ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានប្រាជ្ញាដឹងសព្វ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកបាន ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះ ហៅថា ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ មានធម៌ជាទីពឹង មានធម៌ជាទីពំនាក់ មិនមានរបស់ដទៃ ជាទីពឹងពំនាក់ឡើយ ។

[៥០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតានៃខ្លួន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រព្រឹត្តក្នុងគោចរជាវិស័យ ដែលមានមកអំពីបិតានៃខ្លួន នឹងចម្រើនអាយុផង ចម្រើនពណ៌សម្បុរផង ចម្រើនសេចក្តីសុខផង ចម្រើនភោគៈផង ចម្រើនកំឡាំងផង ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចម្រើន) អាយុរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចម្រើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ… ចិត្តសមាធិ និងបធានសង្ខារ… វីមំសាសមាធិ និងបធានសង្ខារ… ភិក្ខុនោះ បើមានបំណង (នឹងរស់នៅ) គប្បីឋិតនៅអស់១អាយុកប្ប ឬ១អាយុកប្បប្លាយ ព្រោះហេតុតែបានចម្រើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទទាំង៤នេះ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចម្រើន) អាយុរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចម្រើន) ពណ៌សម្បុរ របស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចម្រើន) សម្បុររបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចម្រើន) សេចក្តីសុខ របស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្ក វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ ជាអារម្មណ៍ ភិក្ខុនោះ លុះរម្ងាប់វិតក្កវិចារៈរួចហើយ ។បេ។ ក៏ចូលទុតិយជ្ឈាន ។ ចូលតតិយជ្ឈាន ។ ចូលចតុត្ថជ្ឈាន ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចម្រើន) សេចក្តីសុខរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចម្រើន) ភោគៈរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន ជាចិត្តឥតមានចងពៀរ ឥតមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង ។ មានចិត្តប្រកបដោយករុណា ។ មានចិត្តប្រកបដោយមុទិតា ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា តាមទំនងនេះ សូម្បីទិសខាងលើ ទិសខាងក្រោម ទិសទទឹង ក៏មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន ជាចិត្តឥតមានចងពៀរ ឥតមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះហេតុប្រៀបផ្ទឹមខ្លួន ឲ្យស្មើនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចម្រើន) ភោគៈរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចម្រើន) កំឡាំងរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានត្រាស់ដឹង បានធ្វើជាក់ច្បាស់ ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ហើយសម្រាកសម្រាន្ត ដោយឥរិយាបថទាំង៤ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចម្រើន) កំឡាំងរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមើល មិនឃើញកំឡាំងដទៃ សូម្បីតែកំឡាំង១ ដែលបុគ្គលគ្របសង្កត់បានដោយក្រ ឲ្យដូចជាកំឡាំងនៃមារនេះឡើយ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះ តែងចម្រើនឡើងយ៉ាងនេះ ព្រោះហេតុសមាទាន នូវកុសលធម៌ទាំងឡាយ ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង នូវព្រះសូត្រនេះចប់ហើយ ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ។

ចប់ ចក្កវត្តិសូត្រ ទី៣ ។

អគ្គញ្ញសូត្រ ទី៤កែប្រែ

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់មិគារមាតា (នាងវិសាខា) ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ សម័យនោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ[អដ្ឋកថា ថា សាមណេរទាំងពីររូបនេះ កើតក្នុងត្រកូលព្រាហ្មណមហាសាល មានទ្រព្យ៤០កោដិដូចគ្នា ជាអ្នកបានរៀនចេះចប់ត្រៃវេទ បានស្តាប់វាសេដ្ឋសូត្រហើយ ក៏ដល់សរណគមន៍ លុះស្តាប់តេវិជ្ជសូត្រហើយ ក៏បួសជាសាមណេរ ដល់ពេលនេះ មានប្រាថ្នានឹងបួសជាភិក្ខុទៀត ទើបនៅតិត្ថិយបរិវាស ។] មានប្រាថ្នានឹងបួសជាភិក្ខុ ទើបធ្វើតិត្ថិយបរិវាស ក្នុងសំណាក់ភិក្ខុទាំងឡាយ ។ លំដាប់នោះឯង វេលាថ្ងៃរសៀល ព្រះមានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ហើយចុះអំពីប្រាសាទ ទៅចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ ។ ឯវាសេដ្ឋសាមណេរ ក៏បានឃើញព្រះមានព្រះភាគ ដែលទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ ទៅចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ លុះឃើញហើយ ក៏ប្រាប់ភារទ្វាជសាមណេរថា ម្នាលអាវុសោភារទ្វាជៈ ព្រះមានព្រះភាគនេះ ទ្រង់ចេញចាកទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចុះអំពីប្រាសាទ កំពុងចង្ក្រមក្នុងទីវាល ត្រង់ម្លប់ប្រាសាទ ម្នាលអាវុសោភារទ្វាជៈ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ ក្រែងលោយើងនឹងបានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ។ ភារទ្វាជសាមណេរ ក៏បានទទួលស្តាប់ពាក្យវាសេដ្ឋសាមណេរ ថា អើអាវុសោ ។ គ្រានោះឯង វាសេដ្ឋសាមណេរ និងភារទ្វាជសាមណេរ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ដើរតាមព្រះមានព្រះភាគ ដែលកំពុងចង្ក្រម ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល នឹងវាសេដ្ឋសាមណេរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយ ជាជាតិព្រាហ្មណ៍ ជាត្រកូលព្រាហ្មណ៍ បានលះបង់ត្រកូលព្រាហ្មណ៍ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ចុះពួកព្រាហ្មណ៍ដ៏ប្រសើរ មិនជេរ មិនប្រទេចអ្នកទាំងឡាយទេឬ ។ វាសេដ្ឋសាមណេរ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចុះពួកព្រាហ្មណ៍ ជេរប្រទេចអ្នកទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ តើដូចម្តេច ។ វាសេដ្ឋសាមណេរក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍និយាយយ៉ាងនេះថា មានតែព្រាហ្មណ៍ ទើបជាវណ្ណៈ [ពាក្យថា វណ្ណៈនេះ តាមដំណើរដើម សំដៅយកពណ៌សំលៀកបំពាក់ ជាគ្រឿងសំគាល់ជាតិ ។]ប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ ពួកជនដែលមិនមែនព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតមកអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទ [ញាតិអ្នកទទួលកេរ្តិ៍សំបាច់ ។] របស់ព្រហ្ម ឯអ្នកទាំងឡាយនោះ លះចោលវណ្ណៈដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈថោកថយវិញ គឺត្រឡប់ចូលទៅក្នុងសំណាក់សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពីព្រះបាទព្រហ្ម ក៏អ្នកទាំងឡាយលះចោលវណ្ណៈដ៏ប្រសើរចេញ ហើយត្រឡប់មកកាន់វណ្ណៈថោកថយវិញ គឺត្រឡប់ចូលទៅក្នុងសំណាក់សមណៈត្រងោល ជាគហបតី វណ្ណៈខ្មៅ ជាពួកនៃមារ កើតអំពីព្រះបាទព្រហ្ម ដោយហេតុណា ហេតុនោះ ពុំប្រពៃ ពុំសមគួរឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍ ជេរប្រទេចយើងទាំងឡាយ ដោយពាក្យប្រទេច តាមចិត្តគេពេញទី មិនមែនខ្វះកន្លះទេ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើវាសេដ្ឋៈ និងភារទ្វាជៈ ពួកព្រាហ្មណ៍របស់អ្នកទាំងឡាយ មិនបានដឹង នូវការកើតឡើង នៃលោកអំពីដើមមកទេ ទើបបានជានិយាយយ៉ាងនេះថា មានតែព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកថយ មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ ពួកជនដែលមិនមែនជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្ម ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯពួកនាងព្រាហ្មណី ដែលមានរដូវក្តី មានគភ៌ក្តី កំពុងសម្រាលកូនក្តី កំពុងបំបៅកូនក្តី សឹងប្រាកដដល់ពួកព្រាហ្មណី ឯពួកព្រាហ្មណ៍ទាំងនោះ ក៏សុទ្ធតែកើតមកអំពីយោនី (នាងព្រាហ្មណី) តែត្រឡប់ជានិយាយយ៉ាងនេះវិញថា មានតែព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ។បេ។ ជាទាយាទរបស់ព្រហ្មដូច្នេះ ។ ឯព្រាហ្មណ៍ទាំងនោះ ឈ្មោះថា និយាយបង្កាច់ព្រហ្មផង និយាយកុហកផង រមែងទទួលនូវបាបច្រើន ។

[៥២] ម្នាលវាសេដ្ឋៈនិងភារទ្វាជៈ វណ្ណៈទាំងឡាយនេះមាន៤ពួក គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ជាអ្នកមានសេចក្តីលោភ មានចិត្តប្រកបដោយព្យាបាទ មានសេចក្តីយល់ខុសដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈព្រោះហេតុនេះឯង ធម៌ទាំងឡាយណា ជាអកុសល ក៏រាប់ថា ជាអកុសល ដែលមានទោស ក៏រាប់ថា មានទោស ដែលមិនគួរសេព ក៏រាប់ថា មិនគួរសេព ដែលមិនសមគួរ ក្នុងអរិយភាវៈ ក៏រាប់ថា មិនសមគួរ ក្នុងអរិយភាវៈ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន តែងតិះដៀល ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈពួកខ្លះ ក្នុងលោកនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះវេស្សៈ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ។បេ។ មានសេចក្តីយល់ខុសដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណា ជាអកុសល ក៏រាប់ថា ជាអកុសល ។បេ។ ជាធម៌ខ្មៅ មានផលខ្មៅ ដែលវិញ្ញូជន តែងតិះដៀល ។ ធម៌ទាំងឡាយនោះ តែងប្រាកដ ក្នុងសុទ្ទៈពួកខ្លះ ក្នុងលោកនេះឯង ។

[៥៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះខត្តិយៈពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុ មិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ ជាអ្នកមិនមានសេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែលគួរសេព ក៏រាប់ថា គួរសេព ដែលសមគួរ ក្នុងអរិយភាវៈ ក៏រាប់ថា សមគួរក្នុងអរិយភាវៈ ជាធម៌ស មានផលស ដែលវិញ្ញូជនតែងសរសើរ ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងខត្តិយៈ ពួកខ្លះ ក្នុងលោកនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះព្រាហ្មណ៍ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះវេស្សៈ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទោះសុទ្ទៈ ពួកខ្លះ ក្នុងលោកនេះ ក៏ជាអ្នកវៀរចាកបាណាតិបាត ។បេ។ ជាអ្នកមិនមានសេចក្តីលោភ មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះហេតុនេះឯង ធម៌ទាំងឡាយណាជាកុសល ក៏រាប់ថា ជាកុសល ដែលមិនមានទោស ក៏រាប់ថា មិនមានទោស ដែលគួរសេព ក៏រាប់ថា គួរសេព ដែលសមគួរក្នុងអរិយភាវៈ ក៏រាប់ថា សមគួរក្នុងអរិយភាវៈ ជាធម៌ស មានផលស ដែលវិញ្ញូជនតែងសរសើរ ។ ធម៌ទាំងឡាយនោះ តែងប្រាកដក្នុងសុទ្ទៈពួកខ្លះ ក្នុងលោកនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលបើវណ្ណៈទាំង៤ពួកនេះឯង ប្រព្រឹត្តច្រឡូកច្រឡំគ្នា ក្នុងធម៌ពីរពួក គឺធម៌ខ្មៅ និងធម៌ស ដែលវិញ្ញូជនតែងតិះដៀលខ្លះ សរសើរខ្លះ បើពួកព្រាហ្មណ៍ (ដែលកំពុងប្រព្រឹត្ត) ក្នុងធម៌ខ្មៅ និងធម៌សនោះ និយាយយ៉ាងនេះថា មានតែព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរបំផុត ពួកជនឯទៀត ជាវណ្ណៈថោកទាប មានតែព្រាហ្មណ៍ ទើបជាវណ្ណៈស ពួកជនឯទៀត ជាវណ្ណៈខ្មៅ មានតែពួកព្រាហ្មណ៍ ទើបបរិសុទ្ធ ពួកជនដែលមិនមែនជាព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម កើតអំពីព្រហ្ម ព្រហ្មបានតាក់តែងមក ជាទាយាទរបស់ព្រហ្មដូច្នេះ ។ វិញ្ញូជនទាំងឡាយ មិនយល់ព្រមតាម គឺមិនសរសើរនូវពាក្យ របស់ពួកព្រាហ្មណ៍ទាំងនោះទេ ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា បណ្តាវណ្ណៈទាំង៤ពួកនេះ វណ្ណៈណា ជាភិក្ខុឆ្ងាយចាកកិលេស អស់អាសវៈហើយ ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ មានភារៈ គឺកិលេស និងខន្ធដាក់ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួនតាមលំដាប់ហើយ មានតណ្ហា ជាគ្រឿងចង ក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ វណ្ណៈនោះ ប្រាកដជាបុគ្គលប្រសើរលើស ជាងវណ្ណៈទាំងនោះ ដោយធម៌ពិត មិនមែនដោយអធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៥៤] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបថា ព្រះសមណគោតម ជាបុគ្គលខ្ពង់ខ្ពស់ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ប៉ុនអម្បាលពួកសក្យៈ គង់ជាចំណុះព្រះបាទបសេនទិកោសល មិនមានចន្លោះ[អដ្ឋកថា ថា ចុះចូលកោតខ្លាចព្រះបាទបសេនទិកោសល ដូចជាត្រកូលរបស់ខ្លួន] ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈតែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះព្រះបាទបសេនទិកោសល ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសក្យៈ តែងធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មណាៗ ចំពោះព្រះបាទបសេនទិកោសល ឯព្រះបាទបសេនទិកោសល ក៏ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្មនោះៗ ចំពោះតថាគតដែរ ដោយទ្រង់ព្រះដំរិះថា ព្រះសមណគោតម ព្រះអង្គមានជាតិបរិសុទ្ធ អាត្មាអញជាមនុស្ស មានជាតិមិនបរិសុទ្ធ ព្រះសមណគោតម ព្រះអង្គមានកំឡាំង អាត្មាអញជាមនុស្ស មានកំឡាំងថយ ព្រះសមណគោតម ព្រះអង្គមានសម្បុរជ្រះថ្លា អាត្មាអញជាមនុស្ស មានសម្បុរសៅហ្មង ព្រះសមណគោតម ព្រះអង្គមានសក្តានុភាពច្រើន អាត្មាអញជាមនុស្ស មានសក្តានុភាពតិច ដូច្នេះ តពីនោះមក ទ្រង់ក៏ធ្វើសក្ការៈ ចំពោះធម៌នោះ ធ្វើសេចក្តីគោរពធម៌ រាប់អានធម៌ បូជាធម៌ កោតក្រែងធម៌ ដោយប្រការដូច្នេះឯង ។ ព្រះបាទបសេនទិកោសល ទ្រង់ធ្វើសេចក្តីគោរព ថ្វាយបង្គំ ក្រោកទទួល អញ្ជលិកម្ម និងសាមីចិកម្ម ចំពោះតថាគត យ៉ាងនេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើដោយបរិយាយនេះឯង អ្នកគប្បីដឹងយ៉ាងនេះថា ធម៌ជាគុណប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៥៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ អ្នកទាំងឡាយមានជាតិផ្សេងៗគ្នា មានឈ្មោះផ្សេងៗគ្នា មានគោត្រផ្សេងៗគ្នា មានត្រកូលផ្សេងៗគ្នា ចេញចាកផ្ទះ មកកាន់ផ្នួស បើមានគេសួរថា លោកទាំងឡាយជាអ្វី ដូច្នេះ ចូរប្រាប់ទៅគេវិញថា យើងជាសមណសក្យបុត្តិយ៍ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បើជនណាមានសទ្ធា គឺការជឿស្លុងចុះស៊ប់ហើយ មានឫសដុះតាំងខ្ជាប់មំាមួន ក្នុងតថាគត ទោះបីសមណព្រាហ្មណ៍ ទេវតា ព្រហ្ម ឬនរណាមួយ ក្នុងលោក ក៏មិនអាចនឹងបំបែរ ឲ្យត្រឡប់បានឡើយ ជននោះគួរនិយាយ យ៉ាងនេះថា ខ្ញុំជាបុត្រ ជាឱរស នៃព្រះមានព្រះភាគ កើតមកអំពីព្រះឱស្ឋ របស់ព្រះមានព្រះភាគ កើតមកអំពីធម៌ ធម៌តាក់តែងមក ជាទាយាទរបស់ធម៌ ។ ព្រោះហេតុអ្វី បានជាតថាគត ថាដូច្នោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះពាក្យថា ធម្មកាយ ដូច្នេះក្តី ព្រហ្មកាយ ដូច្នេះក្តី ធម្មភូតដូច្នេះក្តី ព្រហ្មភូតដូច្នេះក្តី ជាឈ្មោះរបស់តថាគត ។

[៥៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យដែលលោកនេះត្រូវវិនាសម្តងៗ ដោយការកន្លងកាល ជាយូរអង្វែង កាលដែលលោកកំពុងតែវិនាសទៅ មានពួកសត្វបានទៅកើតក្នុងអាភស្សរព្រហ្ម ដោយច្រើន ពួកសត្វទាំងនោះ ជាអ្នកកើត ដោយឈានចិត្ត [អដ្ឋកថា ថា ក្នុងបឋមកប្ប ពួកសត្វទាំងនោះ សូម្បីមកកើតក្នុងមនុស្សលោកនេះ ក៏គង់កើតជាឱបបាតិកកំណើត គឺកើតតាមចិត្តបាន ។] មានបីតិជាអាហារ [សត្វទាំងនោះ មានបីតិជាអាហារ ក្នុងមនុស្សលោកនេះ ដូចព្រហ្មក្នុងព្រហ្មលោកនោះដែរ ។] មានរស្មីភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់កាល ជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលលោកនេះត្រូវចម្រើនឡើងម្តងៗ ដោយកាលកន្លង ជាយូរអង្វែងទៅ កាលដែលលោកកំពុងតែចម្រើនឡើង សត្វទាំងឡាយច្យុតចាកអាភស្សរព្រហ្ម មកកាន់ភាពជាមនុស្សនេះ ឯសត្វទាំងនោះ ជាអ្នកកើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺភ្លឺចេញឯង ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងវិមានដ៏ល្អ នៅអស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង ចក្រវាឡទាំងអស់ ក៏រលាយទៅជាទឹកចូលគ្នា មានងងឹតអព្ទសូន្យសុង ព្រះចន្ទ្រ និងព្រះអាទិត្យ ក៏មិនប្រាកដ នក្ខត្តឬក្ស ដែលមានរូប ជាផ្កាយទាំងឡាយ ក៏មិនប្រាកដ យប់និងថ្ងៃ ក៏មិនប្រាកដ ខែមួយ និងកន្លះខែ ក៏មិនប្រាកដ រដូវនិងឆ្នាំ ក៏មិនប្រាកដ ស្រីនិងប្រុស ក៏មិនប្រាកដ ។ សត្វទាំងឡាយ ក៏គ្រាន់តែរាប់ថា ជាសត្វប៉ុណ្ណោះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះកាលកន្លងទៅជាយូរអង្វែងម្តងៗ ផែនដី មានរសអណ្តែតដាសលើទឹក សំរាប់សត្វទាំងនោះ ប្រាកដដូចជាទឹកដោះក្តៅ រលាយអណ្តែតដាស នៅលើទឹកដូច្នោះ ផែនដីមានរសនោះ មានសម្បុរល្អ មានក្លិនក្រអូប មានរសផ្អែម មានសម្បុរស ដូចទឹកដោះថ្លា ឬដូចទឹកដោះខាប់ ដែលមានរសផ្អែម ផែនដីនុ៎ះ មានរសឆ្ងាញ់ពិសា ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ) ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ មានជាតិជាអ្នក លេះលោះគិតថា យីអើ នេះជាអ្វីអេះ ក៏យកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធមើល កាលសត្វនោះយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរសមកលិទ្ធភ្លក្សមើល រសផែនដីក៏ជ្រួតជ្រាបទៅ សព្វសរសៃសម្រាប់ទទួលនូវរស ឯសេចក្តីប្រាថ្នាក្នុងរស ក៏កើតដល់សត្វនោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានពួកសត្វដទៃទៀត កាលយកតម្រាប់តាមសត្វនោះ នាំគ្នាយកចង្អុលដៃ (ឆ្កឹះយក) ផែនដីមានរស មកលិទ្ធភ្លក្សមើល ។ កាលពួកសត្វទាំងនោះ លិទ្ធភ្លក្សរសផែនដីនឹងចង្អុលដៃ រសផែនដី ក៏ជ្រួតជ្រាបទៅ (សព្វសរសៃសម្រាប់ទទួលនូវរស) ឯសេចក្តីប្រាថ្នាក្នុងរស ក៏កើតឡើង ដល់ពួកសត្វទាំងនោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់នោះ ក៏សត្វទាំងនោះនាំយកដៃ កកាយផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលដែលសត្វទាំងឡាយ នាំគ្នាយកដៃកកាយផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺចេញឯង (អំពីកាយ) របស់សត្វទាំងនោះ ក៏សាបសូន្យបាត់ទៅ ។ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យទៅហើយ ព្រះចន្ទ្រ និងព្រះអាទិត្យ ក៏កើតប្រាកដឡើង លុះព្រះចន្ទ្រ និងព្រះអាទិត្យកើត ប្រាកដឡើងហើយ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ ក៏កើតប្រាកដឡើង លុះនក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ កើតប្រាកដឡើងហើយ យប់និងថ្ងៃ ក៏កើតប្រាកដឡើង លុះយប់និងថ្ងៃ កើតប្រាកដឡើងហើយ ខែ១ និងកន្លះខែ ក៏កើតប្រាកដឡើង លុះខែ១ និងកន្លះខែ កើតប្រាកដឡើងហើយ រដូវនិងឆ្នាំ ក៏កើតប្រាកដឡើង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លោកនេះចម្រើនឡើងវិញ ដោយហេតុប៉ុណ្ណេះឯង ។

[៥៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលពួកសត្វទាំងនោះ នាំគ្នាបរិភោគផែនដីមានរស យកផែនដីនោះជាចំណី យកផែនដីនោះជាអាហារ ហើយឋិតនៅ អស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វទាំងនោះ បរិភោគផែនដីមានរស យកផែនដីនោះជាចំណី យកផែនដីនោះជាអាហារ ហើយឋិតនៅអស់កាលយូរអង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើងទាំងពណ៌សម្បុរក៏ប្លែកៗគ្នា ប្រាកដឡើង ដោយប្រការយ៉ាងនោះៗ ។ សត្វពួកខ្លះមានសម្បុរល្អ សត្វពួកខ្លះមានសម្បុរអាក្រក់ ។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមានសម្បុរល្អ ពួកសត្វនោះ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ លើសជាងពួកសត្វនុ៎ះ ពួកសត្វនុ៎ះ មានសម្បុរអាក្រក់ ជាងពួកយើង ។ កាលសត្វទាំងនោះ មានសេចក្តីប្រកាន់ខ្លួន និងការមើលងាយកើតឡើង ព្រោះបច្ច័យ នៃសេចក្តីមើលងាយ នូវសម្បុរគ្នា ផែនដីដែលមានរស ក៏សាបសូន្យអស់ទៅ ។ លុះផែនដីដែលមានរស សាបសូន្យហើយ សត្វទាំងឡាយក៏ប្រជុំគ្នា លុះមកប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង) ។ ហេតុនោះ ក៏ដូចគ្នា នឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវនេះដែរ ដែលបានវត្ថុអ្វីមួយ មានរសឆ្ងាញ់ហើយ តែងនាំគ្នាលាន់មាត់ យ៉ាងនេះថា ឱ រស (ឆ្ងាញ់របស់យើង) ឱ រស (ឆ្ងាញ់របស់យើង) ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ ដែលជាច្បាប់ចាស់ [អដ្ឋកថា ថា បានដល់សំដីជាវង្ស ដែលកើតឡើងសម្រាប់លោក ។] នោះឯង ប៉ុន្តែមិនអាចនឹងយល់សេចក្តី នៃអក្ខរៈនោះបានឡើយ ។

[៥៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះផែនដីមានរសរបស់សត្វទាំងនោះ សាបសូន្យអស់ ទៅហើយ ក្រមរផែនដី ក៏កើតប្រាកដឡើង ។ ក្រមរផែនដីនោះ កើតប្រាកដឡើង ដូចជាផ្សិត ។ ក្រមរផែនដីនោះ បរិបូណ៌ដោយសម្បុរ មានក្លិន(ក្រអូប) មានរស(ឆ្ងាញ់) មានពណ៌ ដូចជាសប្បិសុទ្ធ ឬដូចជា នវនីតសុទ្ធ មានរស(ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ) ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគក្រមរផែនដី កាលសត្វ ទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរផែនដីនោះជាចំណី យកក្រមផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលពួកសត្វទាំងនោះ នាំគ្នាបរិភោគក្រមរផែនដី យកក្រមរផែនដីនោះ ជាចំណី យកក្រមផែនដីនោះ ជាអាហារ ឋិតនៅអស់កាល ជាយូរអង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតដោយក្រៃលែងលើសប្រមាណ ពណ៌សម្បុរក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ ។ សត្វពួកខ្លះមានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់ ។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា មានសម្បុរល្អ សត្វពួកនោះ រមែងមើលងាយ ពួកសត្វដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ ជាងពួកសត្វនុ៎ះ ពួកសត្វទាំងនោះ មានសម្បុរអាក្រក់ជាងពួកយើង ។ កាលសត្វទាំងឡាយនោះ មានសេចក្តីប្រកាន់ខ្លួន និងការមើលងាយកើតឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នា ជាបច្ច័យ ក្រមរផែនដី ក៏សាបសូន្យអស់ទៅ លុះក្រមរផែនដីសាបសូន្យទៅហើយ បទាលតា [អដ្ឋកថា ថា ជាឈ្មោះវល្លិមួយយ៉ាង មានរសផ្អែម ។] ក៏កើតប្រាកដឡើង ។ បទាលតានោះ កើតប្រាកដឡើង ដូចជាវល្លិ៍ត្រកួន ។ បទាលតានោះ មានសម្បុរល្អ មានក្លិន (ក្រអូប) មានរស(ឆ្ងាញ់) វល្លិនោះមានសម្បុរដូចសប្បិសុទ្ធ ឬដូចនវនីតសុទ្ធ មានរស (ឆ្ងាញ់ពិសា) ដូចទឹកឃ្មុំតូច (ឃ្មុំផ្លិត) ដែលឥតទោស (គ្មានកូនឃ្មុំ) ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយនោះ ក៏នាំគ្នាបរិភោគបទាលតា កាលពួកសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វទាំងនោះ បរិភោគបទាលតា យកវល្លិនោះជាចំណី យកវល្លិនោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើង ដោយក្រៃលែងលើសប្រមាណ ទាំងពណ៌សម្បុរ ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះៗ ។ សត្វពួកខ្លះ មានសម្បុរល្អ សត្វពួកខ្លះ មានសម្បុរអាក្រក់ ។ បណ្តាសត្វទាំងពីរពួកនោះ ពួកសត្វណា ដែលមានសម្បុរល្អ ពួកសត្វនោះ តែងមើលងាយពួកសត្វ ដែលមានសម្បុរអាក្រក់ថា ពួកយើងមានសម្បុរល្អ លើសជាងពួកសត្វនុ៎ះ ពួកសត្វនោះ មានសម្បុរអាក្រក់ ជាងពួកយើង ។ កាលសត្វទាំងឡាយនោះ មានសេចក្តីប្រកាន់ខ្លួន និងការមើលងាយកើតឡើង ព្រោះសេចក្តីមើលងាយ នូវសម្បុរគ្នាជាបច្ច័យ ឯបទាលតា ក៏សាបសូន្យទៅ ។ លុះបទាលតាសាបសូន្យហើយ សត្វទាំងឡាយ ក៏មកប្រជុំគ្នា លុះមកប្រជុំគ្នាហើយ ក៏ត្អូញត្អែរថា ឱហ្ន៎ បទាលតារបស់យើងធ្លាប់មានហើយ ឱហ្ន៎ បទាលតារបស់យើង បាត់អស់ទៅហើយ ។ ហេតុនោះ ក៏ដូចគ្នានឹងមនុស្សទាំងឡាយ ក្នុងកាលឥឡូវនេះដែរ ដែលធម៌ជាទុក្ខណាមួយប៉ះពាល់ ក៏និយាយគ្នាយ៉ាងនេះថា ឱហ្ន៎ យើងធ្លាប់មាន ឱហ្ន៎ យើងសាបសូន្យអស់ ហើយ ។ សត្វទាំងឡាយ នាំគ្នានឹករកអក្សរ ដែលជាច្បាប់ចាស់នោះឯង ប៉ុន្តែ មិនអាចនឹងយល់សេចក្តី នៃអក្សនោះបានឡើយ ។

[៥៩] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រាកាលបទាលតា របស់សត្វទាំងនោះ សាបសូន្យទៅហើយ ស្រូវសាលីកើតឯង ជាស្រូវគ្មានកុណ្ឌក គ្មានអង្កាម សស្អាត មានក្លិនក្រអូប មានផ្លែចេញមក ជាអង្ករតែម្តង ក៏កើតប្រាកដឡើង ។ មនុស្សទាំងឡាយ នាំយកស្រូវសាលី ត្រង់ទីណា ក្នុងវេលាល្ងាច សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹកឡើង ទីនោះ ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ មនុស្សទាំងឡាយ នាំយកស្រូវសាលី ត្រង់ទីណា ក្នុងវេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូចជាមិនបានច្រូតឡើយ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វទាំងឡាយ ក៏បរិភោគស្រូវសាលីកើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវសាលីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលសត្វទាំងនោះ នាំគ្នាបរិភោគស្រូវសាលីកើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវសាលីនោះ ជាអាហារ ឋិតនៅអស់កាលជាយូរអង្វែង ដោយប្រការយ៉ាងណាៗ សេចក្តីរឹងប៉ឹង ក្នុងរាងកាយរបស់សត្វទាំងនោះ ក៏កើតឡើងលើសប្រមាណ ទាំងពណ៌សម្បុរ ក៏ប្លែកៗគ្នាប្រាកដឡើង ដោយប្រការយ៉ាងនោះ ។ ភេទស្រី ក៏ប្រាកដឡើង ដល់ស្រី ភេទប្រុសក៏ប្រាកដឡើង ដល់ប្រុស ។ បានឮថា ស្រីសំឡឹងមើលប្រុសទាល់តែហួសវេលា ចំណែកខាងប្រុសក៏សំឡឹងមើលស្រី ទាល់តែហួសវេលា ។ កាលសត្វទាំងនោះ សំឡឹងមើលគ្នាទៅវិញទៅមកទាល់តែហួសវេលា តម្រេកក៏កើតឡើង សេចក្តីក្តៅក្រហាយ ព្រោះតម្រេក ក៏ប្រជុំចុះក្នុងកាយ ។ សត្វទាំងនោះ ក៏នាំគ្នាសេពមេថុនធម្ម ព្រោះសេចក្តីរោលរាលជាបច្ច័យ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង ពួកសត្វណាបានឃើញនូវពួកសត្វ ដែលកំពុងសេពមេថុនធម្ម ពួកសត្វខ្លះ ក៏យកអាចម៍ដីបោះទៅ សត្វខ្លះយកផែះបាចដាក់ សត្វខ្លះយកអាចម៍គោបោះទៅ និយាយថា នែវសលិ [ជាពាក្យអាសគ្រាម សម្រាប់ជេរបញ្ចោរ ។] លាញទៅ នែ វសលិ លាញទៅ ហងលាញទៅ ។ ចុះហេតុដូចម្តេច បានជាសត្វហ៊ានធ្វើអំពើដល់សត្វយ៉ាងនេះ ។ ហេតុនោះ ក៏ដូចគ្នានឹងពួកមនុស្ស ក្នុងកាលឥឡូវនេះដែរ កាលបើស្រីក្នុងជនបទនីមួយ មានគេចាប់នាំយកទៅ ពួកខ្លះក៏យកអាចម៍ដីបោះទៅ ពួកខ្លះក៏យកផេះបាចដាក់ ពួកខ្លះក៏យកអាចម៍គោបោះទៅ ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ ដែលជាច្បាប់ចាស់នោះឯង ប៉ុន្តែមិនអាចនឹងយល់សេចក្តី នៃអក្ខរៈនោះបានឡើយ ។

[៦០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង អំពើមានការបោះអាចម៍ដីជាដើមនោះ គេសន្មតថា មិនមែនធម៌ តែអំពើនោះ ក្នុងកាលឥឡូវនេះ គេត្រឡប់សន្មតថាជាធម៌វិញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះ បើពួកសត្វណាសេពមេថុនធម្ម សត្វទាំងនោះ មិនហ៊ានចូលមក កាន់ស្រុក ឬនិគម អស់បីខែក៏មាន ពីរខែក៏មាន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលណាបើពួកសត្វទាំងនោះ ដល់ស៊ប់នូវភាពជាអ្នកសេព ចំពោះអសទ្ធធម្មនោះហួសវេលាហើយ ក៏នាំគ្នាផ្តើមធ្វើផ្ទះ ដើម្បីបិទបាំងអសទ្ធធម្មនោះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វ១នាក់ ប្រកបដោយជាតិ ជាអ្នកខ្ជិលច្រអូស បានគិតយ៉ាងនេះថា យីអើ អាត្មាអញកាលដែលនាំយកស្រូវសាលី ក្នុងវេលាល្ងាច សម្រាប់បរិភោគក្នុងវេលាល្ងាច នាំយកស្រូវលាលី ក្នុងវេលាព្រឹក សម្រាប់បរិភោគក្នុងវេលាព្រឹក ហៅពេញជាលំបាកខ្លួនអ្វីម្ល៉េះ ណ្ហើយចុះ អាតា្មអញ គួរតែនាំយកស្រូវសាលី ក្នុងវេលាល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង សត្វនោះក៏ទៅយកស្រូវសាលី ក្នុងវេលាលា្ងចតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគក្នុងវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ ចូលទៅរកសត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចម្រើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវសាលីជា អាហារ ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចម្រើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលី ក្នុងវេលាល្ងាចតែម្តង ហើយទុកបរិភោគ ក្នុងវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ បានយកតម្រាប់តាមសត្វនោះ ក៏ទៅនាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំយកស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានពីរថ្ងៃយ៉ាងនេះ ជាការស្រួលមែន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វមា្នក់ទៀត ចូលទៅរកសត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា នែសត្វដ៏ចម្រើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវសាលី ជាអាហារ ។ សត្វនោះ ឆ្លើយតបថា នែសត្វដ៏ចម្រើន ណ្ហើយកុំ ខ្ញុំបាននាំយក ស្រូវសាលីក្នុងវេលាល្ងាចតែម្តង ហើយទុកបរិភោគវេលាព្រឹកផង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ ការដែលនាំយកស្រូវសាលី មកតែម្តងប៉ុណ្ណោះ សម្រាប់បរិភោគ បានបួនថ្ងៃយ៉ាងនេះ ជាការស្រួលមែន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង មានសត្វម្នាក់ទៀត ចូលទៅរកសត្វនោះ លុះចូលទៅដល់ហើយ បាននិយាយបបួលសត្វនោះ ដូច្នេះថា ម្នាលសត្វដ៏ចម្រើន អ្នកចូរមក យើងនឹងទៅនាំយកស្រូវសាលីជាអាហារ ។ សត្វនោះឆ្លើយតបថា ម្នាលសត្វដ៏ចម្រើន ណ្ហើយកុំ ខ្ញុំបាននាំយកស្រូវសាលីមកតែម្តង ហើយទុកបរិភោគបានបួនថ្ងៃ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបសត្វនោះ យកតម្រាប់តាមសត្វនោះ ក៏នាំយកស្រូវសាលីមក ដោយគិតថា យីអើ កាលដែលនាំយកស្រូវសាលី មកតែម្តងប៉ុណ្ណោះ ទុកសម្រាប់បរិភោគបាន៨ថ្ងៃយ៉ាងនេះ ជាការស្រួលមែន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លុះពួកសត្វទាំងនោះ បាននាំគ្នាផ្តើមបរិភោគស្រូវសាលី ដែលខ្លួនសន្សំទុក ក្នុងកាលណាហើយ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ កាលនោះឯង កុណ្ឌកក៏រុំព័ទ្ធអង្ករ ទាំងអង្កាមក៏រុំព័ទ្ធអង្ករ សូម្បីកន្លែង ដែលគេច្រូតហើយ ក៏លែងដុះឡើងវិញ ប្រាកដជាមិនពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏ដុះមួយគុម្ពៗ (ហាក់ដូចជាគេចងជាបាច់) ។

[៦១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំងនោះ មកប្រជុំគ្នា លុះមកប្រជុំគ្នា ហើយ ត្អូញត្អែរថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ឱហ្ន៎ ធម៌ដ៏លាមកទាំងឡាយ បានកើតប្រាកដក្នុងពួកសត្វហើយ ព្រោះកាលពីដើម ពួកយើងជាអ្នកកើតដោយឈានចិត្ត មានបីតិជាអាហារ មានពន្លឺ ភ្លឺចេញឯង អំពីកាយ ត្រាច់ទៅក្នុងអាកាសបាន ឋិតនៅក្នុងទីដ៏ល្អ បានឋិតនៅអស់កាលជាយូរអង្វែង លុះកាលកន្លងជាយូរអង្វែងទៅ ផែនដីមានរស ក៏អណ្តែតដាសលើទឹក ដើម្បីពួកយើងទាំងនោះ ឯផែនដីនោះ មានសម្បុរ(ល្អ) មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ បាននាំគ្នាយកដៃកកាយផែនដី ដែលមានរស មកធ្វើជាពំនូត ហើយបរិភោគ កាលពួកយើងទាំងនោះ នាំគ្នាយកដៃកកាយផែនដី ដែលមានរសធ្វើជាពំនូត ហើយបរិភោគ ពន្លឺដែលភ្លឺចេញឯង(អំពីកាយ) ក៏សាបសូន្យទៅ លុះពន្លឺដែលភ្លឺចេញឯង សាបសូន្យទៅហើយ ព្រះចន្រ្ទ និងព្រះអាទិត្យ ក៏កើតប្រាកដឡើង លុះព្រះចន្ទ្រ និងព្រះអាទិត្យ កើតប្រាកដឡើងហើយ នក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ ក៏កើតប្រាដកឡើង លុះនក្ខត្តឫក្ស ដែលមានរូបជាផ្កាយទាំងឡាយ កើតប្រាកដឡើងហើយ យប់និងថែ្ង ក៏កើតប្រាដកឡើង លុះយប់និងថែ្ងកើតប្រាដកឡើងហើយ ខែ១ និងកន្លះខែ ក៏កើតប្រាដកឡើង លុះខែ១ និងកន្លះខែ កើតប្រាដកឡើងហើយ រដូវនិងឆ្នាំក៏កើតប្រាដកឡើង កាលពួកយើងទាំងនោះ បរិភោគផែនដីមានរស យកផែនដីនោះ ជាចំណី យកផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែផែនដី មានរសសាបសូន្យទៅ ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមកកើតប្រាដក ដល់យើងទាំងឡាយនោះ លុះផែនដីមានរសសាបសូន្យហើយ ក្រមរផែនដីក៏កើតប្រាកដឡើង ឯក្រមរផែនដីនោះ មានសម្បុរ(ល្អ) មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគក្រមរផែនដី កាលពួកយើងទាំងនោះ បរិភោគក្រមរផែនដីនោះ យកក្រមរផែនដីនោះ ជាចំណី យកក្រមរផែនដីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែក្រមរផែនដីនោះសាបសូន្យទៅ ព្រោះហេតុ នៃធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដដល់យើងទាំងឡាយនោះ លុះក្រមរផែនដីសាបសូន្យហើយ បទាលតា ក៏កើតប្រាកដឡើង ឯបទាលតានោះ មានសម្បុរ(ល្អ) មានក្លិន(ក្រអូប) មានរស(ផ្អែម) ពួកយើងទាំងនោះ ក៏នាំគ្នាផ្តើមបរិភោគបទាលតា កាលពួកយើងទាំងនោះ បរិភោគបទាលតានោះ យកបទាលតានោះជាចំណី យកបទាលតានោះជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែបទាលតានោះសាបសូន្យទៅ ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដឡើងដល់យើងទាំងឡាយនោះ បទាលតាសាបសូន្យហើយ ទើបស្រូវសាលីកើតឯង មិនមានកុណ្ឌក មិនមានអង្កាម ជាស្រូវសស្អាត មានក្លិនក្រអូប មានផ្លែចេញមកជាអង្ករ ក៏កើតប្រាកដឡើង ពួកយើងនាំយកស្រូវសាលី ត្រង់ទីណាក្នុងវេលាល្ងាច សម្រាប់បរិភោគ ក្នុងវេលាល្ងាច លុះព្រឹកឡើងទីនោះ ក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ពួកយើងនាំយកស្រូវសាលី ត្រង់ទីណាមកក្នុងវេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូចជាមិនបានច្រូតឡើយ កាលពួកយើងទាំងនោះ បរិភោគស្រូវសាលីកើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវសាលីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែកុណ្ឌក រុំពទ្ធ័អង្ករ ទាំងអង្កាមក៏រុំពទ្ធ័អង្ករ សូម្បីទីដែលច្រូត ក៏មិនដុះឡើងវិញប្រាកដ ពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏ដុះមួយគុម្ពៗ (ហាក់ដូចជាគេចងជាបាច់) ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដ ដល់យើងទាំងឡាយនោះ បើដូច្នោះ គួរតែយើងចែកស្រូវសាលីគ្នា គួរតែបោះព្រំខណ្ឌ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់នោះឯង សត្វទាំងឡាយ ក៏នាំគ្នាចែកស្រូវសាលី បោះព្រំខណ្ឌដោយខ្លូនៗ ។

[៦២] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះ មានសត្វម្នាក់ ជាតិជាអ្នកលេះលោះ លាក់សំចៃ ចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគ ។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ ក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ ណាស់ មិនគួរបើឯងលាក់សំចៃចំណែករបស់ខ្លួនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើអំពើបែបនេះទៀតឡើយ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះបានទទួលតបពាក្យ របស់ពួកសត្វទាំងនោះថា អើអ្នកដ៏ចម្រើន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ (លួចយកចំណែករបស់អ្នកដទៃ) ជាគំរប់ពីរដងផង ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះបានលាក់សំចៃចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគជាគំរប់បីដងផង ។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ណាស់ មិនគួរបើឯងលាក់សំចៃរបស់ខ្លួនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគសោះ នែសត្វអើយ ឯងកុំធ្វើអំពើបែបនេះទៀតឡើយ ។ ពួកសត្វខ្លះតប់ទះ (សត្វនោះ) នឹងដៃ ពួកសត្វខ្លះចោលនឹងដុំដី ពួកសត្វខ្លះវាយនឹងតម្បង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការលួចទ្រព្យគេ ក៏ប្រាកដឡើង ការតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏បា្រកដឡើង តាំងពីកាលនោះជាដើមមក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះឯង ពួកសត្វទាំងនោះ មកប្រជុំគ្នា លុះប្រជុំគ្នាហើយ ក៏ត្អូញត្អែថា យីអើហ្ន៎ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដដល់សត្វទាំងឡាយហើយ ព្រោះថា ការលួចទ្រព្យគេ ក៏កើតប្រាកដឡើង ការតិះដៀល ក៏កើតប្រាកដឡើង ការនិយាយកុហក ក៏កើតប្រាកដឡើង ការដាក់អាជ្ញា ក៏កើតប្រាកដឡើង បើដូច្នោះ គួរតែយើងសន្មតសត្វណាម្នាក់ ឲ្យជាអ្នកបន្ទោសសត្វ ដែលយើងគួរបន្ទោសតាមហេតុ ឲ្យតិះដៀលសត្វ ដែលយើងគួរតិះដៀលតាមហេតុ ឲ្យបណ្តេញ សត្វ ដែលយើងគួរបណ្តេញតាមហេតុ ចំណែកខាងពួកយើង ត្រូវជូនចំណែកស្រូវសាលីទាំងឡាយ ឲ្យដល់សត្វនោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ទើបពួកសត្វទាំងនោះ នាំគ្នាចូលទៅរកសត្វ ដែលជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា មានស័ក្កិធំ [(អដ្ឋកថា) គឺព្រះបរមពោធិសត្វ នៃយើង ។] ជាងពួកសត្វទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយដូច្នេះថា បពិត្រសត្វដ៏ចម្រើន អ្នកចូរមក បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ ចូរតិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ ចូរបណ្តេញសត្វ ដែលគួរបណ្តេញតាមហេតុចុះ សិមពួកយើង នឹងជូនចំណែកស្រូវសាលីទាំងឡាយដល់អ្នក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ បានទទួលតបពាក្យរបស់សត្វទាំងនោះថា អើអ្នកដ៏ចម្រើនទាំងឡាយ ហើយក៏បន្ទោសសត្វ ដែលគួរបន្ទោសតាមហេតុ តិះដៀលសត្វ ដែលគួរតិះដៀលតាមហេតុ បណ្តេញសត្វ ដែលគួរបណ្តេញតាមហេតុ ។ ពួកសត្វទាំងនោះ ក៏បានជូនចំណែកស្រូវ សាលីទាំងឡាយ ដល់សត្វនោះ ។

[៦៣] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ មហាជនសន្មតហើយ ព្រោះហេតុនោះឯង ទើបអក្ខរៈ [អដ្ឋកថា ថា បានដល់ពាក្យសម្រាប់កំណត់ សម្រាប់ចេញឈ្មោះ សម្រាប់បញ្ញត្តិ សម្រាប់និយាយ ។] ជាដំបូងក៏កើតឡើងថា មហាសន្មតដូច្នេះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះ ជាអធិបតី នៃស្រែទាំងឡាយ ព្រោះហេតុនោះឯង ទើបអក្ខរៈទីពីរ ក៏កើតឡើងថា ខត្តិយៈ ខត្តិយៈដូច្នេះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វនោះញុំាងសត្វទាំងឡាយដទៃ ឲ្យពេញចិត្តដោយធម៌ ព្រោះហេតុនោះឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា រាជា រាជាដូច្នេះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះ អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើងដល់ខត្តិយមណ្ឌលនោះ យ៉ាងនេះឯង ។ ការកើតនៃអក្ខរៈ ដល់ពួកសត្វទាំងនោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងតែដោយធម៌ប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៦៤] គ្រានោះឯង បណ្តាសត្វទាំងឡាយនោះ សត្វពួកខ្លះ បានគិតគ្នា យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ធម៌ដ៏លាមកទាំងឡាយ កើតប្រាកដ ដល់ពួកសត្វហើយ ព្រោះថា ការលួចទ្រព្យ គេ ក៏ប្រាកដឡើង ពាក្យតិះដៀល ក៏ប្រាកដឡើង ការនិយាយកុហក ក៏ប្រាកដឡើង ការដាក់អាជ្ញា ក៏ប្រាកដឡើង ការបណ្តេញ ក៏ប្រាកដឡើង បើដូច្នោះ ពួកយើងគួរតែបន្សាត់ នូវធម៌ជាអកុសល ដ៏លាមកទាំងឡាយចេញ ។ សត្វទាំងនោះ ក៏បានបន្សាត់ នូវធម៌ជាអកុសលដ៏លាមកចេញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយនោះ បន្សាត់នូវធម៌ជាអកុសលដ៏លាមក ព្រោះហេតុនោះឯង ទើបអក្ខរៈទី១ ក៏កើតឡើងថា ព្រាហ្មណៈ ព្រាហ្មណៈដូច្នេះ ។ សត្វទាំងឡាយនោះ បានធ្វើជំរំស្លឹក ក្នុងព្រៃរំលោង ហើយសំឡឹងអារម្មណ៍ ក្នុងជំរំប្រក់ស្លឹកទាំងឡាយ ។ ពួកសត្វទាំងនោះ មិនមានភ្លើង មិនមានផ្សែង មិនមានអង្រែ ត្រាច់ទៅកាន់ស្រុក និគម និងរាជធានី ស្វែងរកអាហារ ក្នុងវេលាល្ងាច សំរាប់បរិភោគ ក្នុងវេលាល្ងាច ស្វែងរកក្នុងវេលាព្រឹក សំរាប់បរិភោគក្នុងវេលាព្រឹក ។ ពួកសត្វទាំងនោះ លុះបានអាហារហើយ ក៏នៅសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោងទៀត ។ មនុស្សទាំងឡាយ លុះឃើញសត្វទាំងនោះហើយ ក៏និយាយគ្នាយ៉ាងនេះថា នែគ្នាយើងអើយ ពួកសត្វទាំងនេះឯង ធ្វើជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោង ហើយនៅសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ជាសត្វមិនមានភ្លើង មិនមានផ្សែង មិនមានអង្រែ តែងត្រាច់ទៅ កាន់ស្រុកនិគម និងរាជធានី ស្វែងរកអាហារក្នុងវេលាល្ងាច សំរាប់បរិភោក្នុងវេលាល្ងាច ស្វែងរកក្នុងវេលាព្រឹក សំរាប់បរិភោគ ក្នុងវេលាព្រឹក ។ ពួកសត្វទាំងនោះ លុះបានអាហារហើយ ក៏សំឡឹងអារម្មណ៍ ក្នុងជំរំស្លឹក ក្នុងព្រៃរំលោងទៀត ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ពួកសត្វទាំងនោះឯង តែងសំឡឹងអារម្មណ៍ ព្រោះហេតុនោះឯង ទើបអក្ខរៈទី២ ក៏កើតឡើងថា ឈាយិកា ឈាយិកា(អ្នកសំឡឹងអារម្មណ៍) ។  ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងនោះឯង សត្វពួកខ្លះ កាលមិនអាចនឹងសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោងបាន ក៏ចូលទៅកាន់ស្រុកជិត និគមជិត តាក់តែងបង្រៀននូវគន្ថៈ(គឺវេទមន្ត) រួចត្រឡប់មកវិញ ។ មនុស្សទាំងឡាយ លុះបានឃើញសត្វទាំងនោះហើយ និយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើងអើយ ពួកសត្វទាំងនេះឯង មិនអាចនឹងសំឡឹងអារម្មណ៍ ក្នុងជំរំស្លឹកទាំងឡាយ ក្នុងព្រៃរំលោងបាន ក៏ចូលមកកាន់ស្រុកជិត និគមជិត តាក់តែងបង្រៀននូវគន្ថៈ រួចត្រឡប់ទៅវិញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងនេះ រមែងមិនសំឡឹងអារម្មណ៍ ក្នុងកាលឥឡូវនេះ សត្វទាំងនេះ រមែងមិនសំឡឹងអារម្មណ៍ ក្នុងកាលឥឡូវនេះ ព្រោះហេតុនោះឯង ទើបអក្ខរៈទី៣ ក៏កើតឡើងថា អជ្ឈាយិកា អជ្ឈាយិកា (អ្នកមិនសំឡឹងអារម្មណ៍) ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក្នុងសម័យនោះ ការទ្រទ្រង់ និងការបង្រៀននូវមន្ត គេសន្មតថា ជាការថោកទាបទេ តែក្នុងកាលឥឡូវនេះ ការទ្រទ្រង់ និងការបង្រៀននូវមន្តនោះ គេសន្មតថា ជាការប្រសើរវិញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើង ដល់ព្រាហ្មណមណ្ឌលនោះ យ៉ាងនេះ ។ ការកើតនៃអក្ខរៈដល់ពួកសត្វទាំងនោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងដោយធម៌តែម៉្យាងប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៦៥] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ បណ្តាសត្វទាំងអស់នោះឯង សត្វពួកខ្លះប្រព្រឹត្តកាន់នូវមេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សត្វទាំងឡាយ ប្រព្រឹត្តកាន់នូវមេថុនធម្ម ហើយប្រកបការងារផ្សេងគ្នា ព្រោះហេតុនោះឯង ទើបអក្ខរៈក៏កើតថា វេស្សៈ វេស្សៈ ដូច្នោះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ (ការកើតឡើងនៃអក្ខរៈ ដែលជាច្បាប់ចាស់ក៏មានឡើង) ដល់វេស្សមណ្ឌលនុ៎ះ យ៉ាងនេះ ដោយហេតុនេះឯង ។ សេចក្តីបំព្រួញ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ហេតុដូច្នោះឯង អក្ខរៈដែលជាច្បាប់ចាស់ បានកើតឡើង ដល់សុទ្ទមណ្ឌលនុ៎ះ យ៉ាងនេះឯង ការកើតឡើងនៃអក្ខរៈ ដល់ពួកសត្វនោះឯងដូចគ្នា នឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងដោយធម៌ តែប៉ុណ្ណោះឯង មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៦៦] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសម័យ ដែលខត្តិយៈខ្លះ តិះដៀលធម៌របស់ខ្លួន ហើយចេញចាកផ្ទះចូលមកបួស ដោយបំណងថា អាត្មាអញ នឹងធ្វើជាសមណៈ ដូច្នេះក៏មាន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រាហ្មណ៍ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ វេស្សៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សុទ្ទៈខ្លះ តិះដៀលធម៌របស់ខ្លួន ចេញចាកផ្ទះ ចូលទៅបួសដោយបំណងថា អាត្មាអញ នឹងធ្វើជាសមណៈ ដូច្នោះក៏មាន ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ការកើតឡើងនៃសមណមណ្ឌល ក៏បានមានឡើង ដោយសារមណ្ឌលទាំង៤នេះឯង ការកើតឡើង នៃសមណមណ្ឌល ដល់សត្វទាំងនោះឯង ដូចគ្នានឹងសត្វទាំងឡាយដទៃដែរ មិនមែនខុសគ្នាទេ កើតឡើងដោយធម៌តែប៉ុណ្ណេះឯង មិនមែនដោយខុសធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជន ទាំងបច្ចុប្បន្ន និងបរលោក ។

[៦៧] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ប្រព្រឹត្តអាក្រក់ ដោយកាយ ប្រព្រឹត្តអាក្រក់ដោយវាចា ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុតែប្រកាន់ នូវកម្មជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ប្រព្រឹត្តអាក្រក់ដោយកាយ ប្រព្រឹត្តអាក្រក់ដោយវាចា ប្រព្រឹត្តអាក្រក់ដោយចិត្ត ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងកំណើត សត្វតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ។

[៦៨] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អដោយវាចា ប្រព្រឹត្តល្អដោយចិត្ត ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវកម្ម ជាសម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ។បេ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ប្រព្រឹត្តល្អដោយកាយ ប្រព្រឹត្តល្អដោយវាចា ប្រព្រឹត្តល្អដោយចិត្ត ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្ម ជាសម្មាទិដ្ឋិ ព្រោះហេតុតែប្រកាន់នូវកម្ម ជាសម្មាទិដ្ឋិនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើត ក្នុងសុគតិសួគ៌ទេវលោក ។

[៦៩] ម្នាលវាសេដ្ឋៈ និងភារទា្វជៈ មានខត្តិយៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ គឺជួនកាល ធ្វើអំពើអាក្រក់ ជួនកាល ធ្វើអំពើល្អដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសមណៈខ្លះ ជាអ្នកធ្វើអំពើទាំងពីរ ដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត មានទិដ្ឋិច្រឡំគ្នាផ្សេងៗ ប្រកាន់នូវកម្មដែលច្រឡំគ្នាផ្សេងៗ ព្រោះហេតុតែប្រកាន់នូវកម្ម ដែលច្រឡំគ្នាផ្សេងៗនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទទួលសុខខ្លះ ទុក្ខខ្លះ ។

[៧០] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានខត្តិយៈខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧កង [ពោធិបក្ខិយធម៌ ៧កង រាប់យកសតិប្បដ្ឋាន៤ ជាកង១ រហូតដល់អដ្ឋង្គិកមគ្គ ជាកងទីបំផុត ។] ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានព្រាហ្មណ៍ខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌៧កង ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានវេស្សៈខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ មានសុទ្ទៈខ្លះ ជាអ្នកសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត អាស្រ័យនូវការចម្រើន ពោធិបក្ខិយធម៌ ៧កង ក៏បរិនិព្វាន ក្នុងបច្ចុប្បន្ននេះឯង ។

[៧១] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ក៏បណ្តាវណ្ណៈទាំង៤នេះ វណ្ណៈណា ជាភិក្ខុ ជាអរហន្ត ជាខីណាស្រព ប្រព្រឹត្តព្រហ្មចារ្យ រួចស្រេចហើយ បានធ្វើសោឡសកិច្ចស្រេចហើយ មានភារៈដាក់ ចុះហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានតណ្ហា ជាគ្រឿងចងក្នុងភពអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ អ្នកនោះប្រាកដថា ជាបុគ្គលប្រសើរលើសជាងវណ្ណៈទាំង៤នោះ តាមធម៌ពិត មិនមែនមិនដោយធម៌ទេ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ព្រោះថា ធម៌ជាគុណដ៏ប្រសើរបំផុត ក្នុងប្រជុំជនទាំងបច្ចុប្បន្ន និងបរលោក ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សូម្បីព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថាទុកថា

[៧២] ខត្តិយៈ ជាជាតិប្រសើបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ អ្នកដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស ។

ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ឯគាថានេះឯង ព្រហ្មឈ្មោះ សនង្កុមារ បានពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ បានសំដែងល្អហើយ មិនមែនសំដែងមិនល្អទេ ជាគាថាប្រកបដោយ ប្រយោជន៍ មិនមែនជាមិនប្រកបដោយប្រយោជន៍ឡើយ តថាគត ក៏យល់ព្រមដែរ ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ ចំណែកខាងតថាគត ក៏បានពោលយ៉ាងនេះថា ខត្តិយៈជាជាតិប្រសើរបំផុត ក្នុងប្រជុំជន ដែលជាអ្នករឭកដល់គោត្រ ដែលជាអ្នកបរិបូណ៌ ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស ។

លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ ចប់ហើយ ។ វាសេដ្ឋៈសមណេរ និងភារទ្វាជៈសាមណេរ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង ។

ចប់ អគ្គញ្ញសូត្រទី ៤ ។

សម្បសាទនីយសូត្រ ទី៥កែប្រែ

[៧៣] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រៃស្វាយ របស់បាវារិកសេដ្ឋី [អដ្ឋកថា ថា បានជាឈ្មោះថា បាវារិកសេដ្ឋី ព្រោះសេដ្ឋីនេះ ជាអ្នកលក់សំពត់ឈ្មោះបាវារៈ គឺសំពត់ដែលមានរោមញឹក វែងហើយទន់ផង ។] ទៀបក្រុងនាឡន្ទា ។ លំដាប់នោះឯង ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះមានជោគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរស្រេចហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជ្រះថ្លាចំពោះព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ឯទៀត ដែលមានញាណដ៏លើសលុបជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លងទៅហើយ ក៏មិនមាន ក្នុងកាលខាងមុខ ក៏មិនមាន ក្នុងកាលឥឡូវនេះ ក៏មិនមាន ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ អាសភិវាចា (វាចាដ៏អង់អាច) ដែលអ្នកបានពោលមកនេះ ហួសពេកណាស់ អ្នកបានកាន់យកនូវសេចក្តីដាច់ស្រេច [ចូលចិត្តស៊ប់ដោយប្រាជ្ញា មិនជឿតាមពាក្យដែលឮតាមៗគ្នាមក មិនជឿតាមពាក្យបរម្បរា គឺពាក្យដែលតៗ មកតាមអាចារ្យ មិនជឿតាមពាក្យដែលឮគេថា មិនជឿដោយអាងក្បួនខុស មិនជឿតាមសេចក្តីផ្គូរផ្គងអាការៈ មិនជឿតាមសេចក្តីចូលចិត្ត ដោយគំនិតដែលខ្លួនធ្លាប់យល់ មិនជឿតាមហេតុ ដែលខ្លួនត្រិះរិះ មិនជឿតាមហេតុ ដែលប្រមាណយកនឹងខ្លួនឯង ។ អដ្ឋកថា ។ (មើលសេចក្តីពិស្តារ ក្នុងកាលាមសូត្រ របស់ព្រះមហាវិមលធម្ម ដែលបោះពុម្ព រួចហើយផងចុះ) ។] ហើយ បានទាំងបន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជ្រះថ្លា ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ឯទៀត ដែលមានញាណដ៏លើសលុប ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លងទៅហើយ ក៏មិនមាន ក្នុងកាលខាងមុខ ក៏មិនមាន ទាំងក្នុងកាលឥឡូវនេះ ក៏មិនមាន ។

[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ អ្នកបានកំណត់នូវព្រះហឫទ័យ របស់ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគទាំងនោះ មានសីលយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះក្តី ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះក្តី ដូច្នេះៗដែរឬ ។ ព្រះសារីបុត្រក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលនឹងមានក្នុងខាងមុខ អ្នកបានកំណត់នូវព្រះហឫទ័យរបស់ ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ដោយចិត្ត (របស់ខ្លួន)ថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីលយ៉ាងនេះក្តី និងមានធម៌យ៉ាងនេះក្តី ដែរឬ ។ នឹងមានបញ្ញាយ៉ាងនេះ ។ នឹងមានវិហារធម៌យ៉ាងនេះ ។ ព្រះមានព្រះភាគទាំងនោះ នឹងមានវិមុត្តិយ៉ាងនេះ ដូច្នេះៗ ដែរឬ ។ ព្រះសារីបុត្តក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគត ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ អ្នកបានកំណត់នូវចិត្តរបស់តថាគត ដោយចិត្ត (របស់ខ្លួន) ថា ព្រះមានព្រះភាគ មានសីលយ៉ាងនេះក្តី មានធម៌យ៉ាងនេះក្តី ។ មានបញ្ញាយ៉ាងនេះ ។ មានវិហារធម៌យ៉ាងនេះ ។ ព្រះមានព្រះភាគ មានវិមុត្តិយ៉ាងនេះ ដូច្នេះៗដែរឬ ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា ដំណើរនុ៎ះ មិនមែនដូច្នោះទេ ព្រះអង្គ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ អ្នកមិនមានចេតោបរិយញ្ញាណ គឺប្រាជ្ញាជាគ្រឿងកំណត់ដឹងនូវចិត្ត ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយនេះ ដែលជាអតីត អនាគត បច្ចុប្បន្នទេ កាលបើមិនមានញាណដូច្នេះ ហេតុអ្វីបានជាអ្នកនិយាយយ៉ាងនេះ ម្នាលសារីបុត្រ អ្នកបាននិយាយអាសភិវាចា ដែលអ្នកបានពោលមកនេះ ហួសពេកណាស់ អ្នកបានកាន់យកនូវសេចក្តីដាច់ស្រេច ហើយបានទាំងបន្លឺសីហនាទថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ជ្រះថ្លា ក្នុងព្រះមានព្រះភាគ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ឯទៀត ដែលមានញាណដ៏លើសលុបជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង ក្នុងកាលកន្លងទៅហើយ ក៏មិនមាន ក្នុងកាលខាងមុខ ក៏មិនមាន ក្នុងកាលឥឡូវនេះ ក៏មិនមាន ។ ព្រះសារីបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនមានចេតោបរិយញ្ញាណនេះ ក្នុងព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលជាអតីត អនាគត បច្ចុប្បន្នទេ ប៉ុន្តែខ្ញុំព្រះអង្គ បានដឹងតាមទំនងធម៌ បពិត្រព្រះអង្គដ៏ចម្រើន នគរចុងដែនរបស់ព្រះរាជា មានជើងបន្ទាយមាំ មានសសរ ក្លោងទ្វារកំពែងមាំ មានច្រកទ្វារតែមួយ អ្នករក្សាទ្វារនៃនគរនោះ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា ហាមប្រាមនូវពួកមនុស្ស ដែលខ្លួនមិនធ្លាប់ស្គាល់ (មិនឲ្យចូលទៅ) បើកឲ្យតែពួកមនុស្ស ដែលខ្លួនធ្លាប់ស្គាល់ ឲ្យចូលទៅ អ្នករក្សាទ្វារនោះ កាលដើរត្រួតត្រាមើលផ្លូវ កំពែងខ្វាត់ខ្វែង ដោយជុំវិញនៃនគរនោះ ក៏មិនបានឃើញនូវទី ត នៃកំពែង ឬចន្លោះនៃកំពែងឡើយ ដោយហោចទៅ សូម្បីគ្រាន់តែឆ្មាចេញរួច (ក៏ពុំមាន) អ្នករក្សាទ្វារនោះ មានគំនិតយ៉ាងនេះថា ពួកសត្វដែលធំៗណាមួយ ចូលមកកាន់នគរនេះក្តី ចេញទៅវិញក្តី សត្វទាំងអស់នោះ រមែងចូលមក ឬចេញទៅតាមទ្វារនេះប៉ុណ្ណោះ សេចក្តីនេះយ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានដឹងតាមទំនងធម៌ យ៉ាងនោះដែរ ថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ ព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងនោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បានចម្រើននូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត ក៏បានត្រាស់ដឹង នូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចម្រើន ទោះបីព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលនឹងមានក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងអស់នោះ ទ្រង់លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បានចម្រើននូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត នឹងបានត្រាស់ដឹង នូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចម្រើន ទោះបីព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ លះនូវនីវរណៈទាំង៥ប្រការ ជាឧបក្កិលេស របស់ចិត្ត ជាគ្រឿងធ្វើបញ្ញាឲ្យទុព្វភាព មានព្រះហឫទ័យតាំងខ្ជាប់ល្អ ក្នុងសតិប្បដ្ឋានទាំង៤ បានចម្រើននូវសម្ពោជ្ឈង្គទាំង៧ តាមគួរដល់សេចក្តីពិត បានត្រាស់ដឹង នូវព្រះអនុត្តរសម្មាសម្ពោធិញ្ញាណដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានចូលមកគាល់ព្រះមានព្រះភាគ ក្នុងទីនេះ ដើម្បីស្តាប់ធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំងចំណែកខ្មៅ ទាំងចំណែកស ដល់ខ្ញុំព្រះអង្គ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដ៏ប្រសើរថ្លាថ្លា ព្រមទាំងគ្រឿងប្រៀបធៀប ទាំងចំណែកខ្មៅ ទាំងចំណែកស ដោយប្រការយ៉ាងណាៗ ខ្ញុំព្រះអង្គ បានដឹងក្នុងធម៌នោះ បានចូលចិត្តធម៌ពួកខ្លះក្នុងធម៌ទាំងឡាយ ក៏ជ្រះថ្លាក្នុងព្រះសាស្តា ដោយប្រការយ៉ាងនោះៗថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងប្រពៃហើយ ព្រះធម៌ដែលព្រះមានព្រះភាគ ពោលទុកប្រពៃហើយ ព្រះសង្ឃលោកប្រតិបត្តិប្រពៃហើយ ដូច្នេះ ។

[៧៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងកុសលធម៌ទាំងឡាយ ដោយទេសនាណ ទេសនានុ៎ះ ប្រសើរក្រៃលែង បណ្តាធម៌ទាំងនោះ កុសលធម៌នោះតើដូចម្តេច កុសលធម៌នោះ គឺសតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ៨ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យច្បាស់នូវចេតោវិមុត្ត និងបញ្ញាវិមុត្ត មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវទេសនានោះ ឥតមានសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់នូវទេសនានោះ ឥតមានសេសសល់ហើយ ក៏នឹងរកបុគ្គលដែលគួរដឹងច្បាស់ជាងព្រះអង្គនោះទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹងជាងព្រះមានព្រះភាគ ក្នុងកុសលធម៌ទាំងឡាយ មិនមានដែរ ។

[៧៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងអាយតនបណ្ណត្តិ គឺកិរិយាញុំាងបុគ្គលឲ្យស្គាល់ នូវអាយតនៈទាំងឡាយ ដោយទេសនា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន អាយតនៈទាំងឡាយខាងក្នុង៦ ខាងក្រៅ៦នេះ គឺចក្ខុ១ រូប១ សោតៈ១ សទ្ទៈ១ ឃានៈ១ គន្ធៈ១ ជិវ្ហា១ រស១ កាយ១ ផោដ្ឋព្វៈ១ មនោ១ ធម្មៈ១ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងអាយតនបណ្ណត្តិទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវទេសនានោះ ឥតមានសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់នូវទេសនានោះ ឥតមានសេសសល់ហើយ នឹងរកបុគ្គលដែលគួរដឹងច្បាស់ ជាងព្រះអង្គទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹងឲ្យជាងព្រះមានព្រះភាគ ក្នុងអាយតនបណ្ណត្តិទាំងឡាយ ក៏មិនមានដែរ ។

[៧៧] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងដំណើរចុះកាន់គភ៌ទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន ដំណើរចុះកាន់គភ៌ទាំងឡាយនេះ មាន៤យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន សត្វពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏មិនដឹងខ្លួន ប្រសូតចេញចាកផ្ទៃមាតា ក៏មិនដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី១ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន តែឋិតនៅក្នុងផ្ទៃមាតា ក៏លែងដឹងខ្លួន ប្រសូតចេញចាកផ្ទៃមាតា ក៏លែងដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី២ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត សត្វពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន លុះប្រសូតចេញចាកផ្ទៃមាតា ក៏លែងដឹងខ្លួនទៅវិញ នេះជាដំណើរចុះកាន់គភ៌ទី៣ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត សត្វពួកខ្លះ ក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន ប្រសូតចេញចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាដំណើរចុះកាន់គភ៌ទី៤ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរក្នុងដំណើរចុះកាន់គភ៌ទាំងឡាយ ។

[៧៨] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងអាទេសនវិធី គឺវិធីសម្រាប់ទាយទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន អាទេសនាវិធីនេះ មាន៤យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ចេះទាយតាមនិមិត្ត [និមិត្តមាន៣ប្រការ គឺអាគតនិមិត្ត ទាយនិមិត្តដែលមកដល់ត្រូវតាមហេតុ ដែលខ្លួនធ្លាប់ចំណាំ១ គតិនិមិត្ត ទាយនិមិត្តដែលបុគ្គលដទៃដើរជិតខ្លួន១ ឋាននិមិត្ត ទាយនិមិត្តដែលបុគ្គលដទៃឈរជិតខ្លួន១ ។ដីកា ។] ថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នក មានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ទោះបីបុគ្គលនោះ ទាយច្រើនតទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ ។ នេះចាត់ជាអាទេសនវិធីទី១ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ នឹងបានទាយតាមនិមិត្តក៏ទេ គ្រាន់តែស្តាប់សំឡេងពួកមនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយទើបទាយថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នកមានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ទោះបីបុគ្គលនោះ ទាយច្រើនតទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃវិញទេ ។ នេះចាត់ជាអាទេសនវិធីទី២ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំងមិនបានស្តាប់សំឡេងពួកមនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយទេ ក៏ទាយត្រូវដែរ ប៉ុន្តែ លុះតែបានស្តាប់សំឡេង ដែលផ្សាយចេញអំពីសេចក្តីត្រិះរិះ របស់អ្នកដែលកំពុងនឹក កំពុងគិត ក៏ទាយថា ចិត្តរបស់អ្នកយ៉ាងនេះខ្លះ ចិត្តរបស់អ្នកមានប្រការយ៉ាងនេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ទោះបីបុគ្គលនោះ ទាយច្រើនទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ ។ នេះចាត់ជាអាទេសនវិធីទី៣ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានទាយតាមនិមិត្ត ទាំងមិនបានស្តាប់សំឡេងពួកមនុស្ស និងអមនុស្ស ឬទេវតាទាំងឡាយ ហើយទាយទេ នឹងថាបានស្តាប់សំឡេង ដែលផ្សាយចេញអំពីសេចក្តីត្រិះរិះ របស់អ្នកដែលកំពុងនឹក កំពុងគិត ហើយទាយក៏ទេដែរ តែថា បុគ្គលនោះ កំណត់ដឹងនូវចិត្តរបស់អ្នក ដែលចូលកាន់វិតក្កវិចារសមាធិ ដោយចិត្តរបស់ខ្លួនបានថា បុគ្គលដ៏ចម្រើននេះ ដំកល់ទុកនូវមនោសង្ខារ ដោយប្រការណា ចិត្តរបស់បុគ្គលនេះ នឹងនឹកដល់វិតក្កៈ ឈ្មោះនេះ មិនមានចន្លោះ ទោះបីបុគ្គលនោះ ទាយច្រើនទៅទៀត ចិត្តនោះក៏ដូច្នោះឯង មិនមែនជាយ៉ាងដទៃទេ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះចាត់ជាអាទេសនវិធីទី៤ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាអាទេសនាដ៏ប្រសើរ ក្នុងអាទេសនវិធីទាំងឡាយ ។

[៧៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងទស្សនសមាបត្តិ [អដ្ឋកថា ថា សំដៅយកបឋមជ្ឈានសមាបត្តិ ដែលព្រះយោគីធ្វើទុកក្នុងចិត្ត ចំពោះអាការ ៣២ មានសក់ជាដើមឲ្យកើតឡើង ដោយបដិកូល ។] ទាំងឡាយ ។ បពិត្រព្រះអង្គដ៏ចម្រើន ទស្សនសមាបត្តិទាំងនេះមាន៤យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដំកល់មំា អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យសេចក្តីធ្វើទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ ក៏ពិចារណាឃើញនូវកាយនេះឯង ខាងលើតាំងពីបាទជើងឡើងមក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែករុំព័ទ្ធពីក្រៅ ដែលពេញទៅដោយរបស់មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ នេះជាទស្សនសមាបត្តិទី១ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ ពិចារណាឃើញនូវកាយនេះឯង ខាងលើតាំងពីបាតជើងឡើងមក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែករុំព័ទ្ធពីក្រៅ ដែលពេញទៅដោយរបស់មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម ។បេ។ ទឹករំអិល ទឹកមូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស នេះជាទស្សនសមាបត្តិទី២ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ កាលបើចិត្តខ្ជាប់ខ្ជួនហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ ពិចារណាឃើញនូវកាយនេះឯង ខាងលើតាំងពីបាតជើងឡើងមក ខាងក្រោមតាំងពីចុងសក់ចុះទៅ មានស្បែករុំព័ទ្ធពីក្រៅ ដែលពេញដោយរបស់មិនស្អាត មានប្រការផ្សេងៗ មាននៅក្នុងកាយនេះ គឺសក់ រោម ។បេ។ ទឹករំអិល ទឹកមូត្រ រហូតដល់ទៅពិចារណា នូវពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់ នូវវិញ្ញាណសោតៈ [ដីកា ជាឈ្មោះរបស់វិញ្ញាណ តែបានជាឈ្មោះថា វិញ្ញាណសោតៈ ដូច្នេះ ព្រោះវិញ្ញាណនេះ ចេះតែប្រព្រឹត្តទៅមិនដាច់ដូចខ្សែទឹកហូរ គឺថាវិញ្ញាណនុ៎ះ លុះតែបានអនន្តរប្បច្ច័យ អំពីមុនហើយ ទើបឲ្យជាបច្ច័យ ដល់អនន្តរប្បច្ច័យ ដែលកើតខាងក្រោយទៀត ។] របស់បុរស ដែលមិនដាច់ចេញជាពីរចំណែក គឺតាំងនៅក្នុងលោកនេះ១ផ្នែក តាំងនៅក្នុងលោកខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៣ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ ទឹករំអិល ទឹកមូត្រ រហូតដល់ទៅពិចារណា ពណ៌សម្បុរ សាច់ ឈាម ឆ្អឹង របស់បុរស ទាំងដឹងច្បាស់នូវវិញ្ញាណសោតៈ របស់បុរស ដែលមិនដាច់ចេញ ជាពីរចំណែក គឺមិនតាំងនៅ ក្នុងលោកនេះ១ផ្នែក មិនតាំងនៅ ក្នុងលោកខាងមុខ១ផ្នែក នេះជាទស្សនសមាបត្តិទី៤ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនា ដ៏ប្រសើរក្រៃលែង ក្នុងទស្សនសមាបត្តិទាំងឡាយ ។

[៨០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបុគ្គលបញ្ញត្តិទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលទាំង៧ពួកនេះគឺ ឧភតោភាគវិមុត្តបុគ្គល គឺបុគ្គលដែលរួចចាកចំណែកទាំងពីរ [គឺរួចចាករូបកាយ ដោយអរូបសមាបត្តិ១ រួចចាកនាមកាយ ដោយមគ្គ១ សំដៅយកបុគ្គល៥ពួក គឺបុគ្គលដែលចេញចាកអរូបសមាបត្តិ៤ អរូបសមាបត្តិមួយៗ ហើយពិចារណានូវសង្ខារ ទើបបានសម្រេចព្រះអរហត្ត៤ពួក អនាគាមិបុគ្គល ដែលចេញចាកនិរោធ ហើយបានសម្រេចព្រះអរហត្ត១ពួក រួមត្រូវជា៥ពួក ។] ១ បញ្ញាវិមុត្តបុគ្គល គឺបុគ្គលដែលរួចចាកអាសវៈដោយបញ្ញា [សំដៅយកបុគ្គល៥ពួក គឺសុក្ខវិបស្សកបុគ្គល១ពួក បុគ្គលដែលចេញចាកឈានទាំង៤ ហើយទើបបានសម្រេចអរហត្ត៤ពួក រួមត្រូវជា៥ពួក ។ បុគ្គលទាំងនេះ មិនបានពាល់ត្រូវវិមោក្ខ៨ទេ គ្រាន់តែឃើញដោយបញ្ញាប៉ុណ្ណោះ ហើយក៏អស់អាសវៈទៅ ។]១ កាយសក្ខិបុគ្គល គឺបុគ្គលដែលធ្វើឲ្យច្បាស់ នូវឈានផស្សៈ ដែលខ្លួនពាល់ត្រូវ [បុគ្គលអ្នកបាននូវឈានផស្សៈមុន ហើយទើបធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ជាខាងក្រោយ សំដៅយកបុគ្គល៦ពួក គឺរាប់ពីត្រឹមបុគ្គលដែលបានសម្រេចសោតាបត្តិផល រហូតដល់បុគ្គលដែលបានសម្រេចអរហត្តមគ្គ ។]១ ទិដ្ឋិប្បត្តបុគ្គល គឺបុគ្គលដែលដល់ នូវសេចក្តីឃើញច្បាស់ [សំដៅយកបុគ្គល៦ពួក ដូចគ្នានឹងកាយសក្ខិបុគ្គលដែរ ប៉ុន្តែបុគ្គលទាំងនេះ បានដឹងច្បាស់នូវអរិយសច្ច៤ប្រការ ដោយបញ្ញារបស់ខ្លួន ។]១ សទ្ធាវិមុត្តបុគ្គល គឺបុគ្គលរួចចាកអាសវៈ ដោយសទ្ធា [បុគ្គលនេះ បានដឹងច្បាស់ នូវអរិយសច្ច៤ប្រការ ដូចគ្នានឹងទិដ្ឋិប្បត្តបុគ្គលដែរ ប្លែកតែសទ្ធាវិមុត្តបុគ្គលនេះ មានសេចក្តីជឿស៊ប់ មិនកំរើកក្នុងខណៈនៃមគ្គជាចំណែកខាងដើម ហើយទើបអស់កិលេស ឯទិដ្ឋិប្បត្តបុគ្គលនោះ មានបញ្ញាជាគ្រឿងកាត់កិលេសដ៏មុតក្លា ក្នុងខណៈនៃមគ្គ ជាចំណែកខាងដើម ។]១ ធម្មានុសារីបុគ្គល គឺបុគ្គលដែលរលឹករឿយៗ នូវ(មគ្គដែលមានបញ្ញា[សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ ។ តែសោតាបត្តិមគ្គបុគ្គលដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចសោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចម្រើន នូវអរិយមគ្គ ដែលមានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល ។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចម្រើន នូវអរិយមគ្គ ដែលមានសទ្ធាជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល ។ អដ្ឋកថា ព្រមទាំងដីកា ។] ជាប្រធាន)១ សទ្ធានុសារីបុគ្គល គឺបុគ្គលដែលរលឹករឿយៗ នូវធម៌ គឺបញ្ញាដោយសទ្ធា [សំដៅយកសោតាបត្តិមគ្គបុគ្គលតែមួយពួកប៉ុណ្ណោះ ។ តែសោតាបត្តិមគ្គបុគ្គលដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចសោតាបត្តិផល ជាអ្នកមានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចម្រើន នូវអរិយមគ្គ ដែលមានបញ្ញាជាទីតាំង ហៅថា ធម្មានុសារីបុគ្គល ។ សោតាបត្តិមគ្គបុគ្គល ដែលផ្គងចិត្ត ដើម្បីឲ្យបានសម្រេចនូវសោតាបត្តិផល ជាអ្នកមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា ដឹកនាំឲ្យចម្រើន នូវអរិយមគ្គ ដែលមានសទ្ធាជាទីតាំង ហៅថា សទ្ធានុសារីបុគ្គល ។ អដ្ឋកថា ព្រមទាំងដីកា ។] ១ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបុគ្គលបញ្ញត្តិទាំងឡាយ ។

[៨១] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបធានធម៌ គឺពោជ្ឈង្គទាំង៧ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន ពោជ្ឈង្គនេះមាន៧គឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ [ចូរមើលនយលក្ខណៈ របស់ពោជ្ឈង្គទាំង៧នេះ ក្នុងមហាសតិប្បដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ខាងដើមផងចុះ ។]១ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្រៃលែង ក្នុងបធានធម៌ទាំងឡាយ ។

[៨២] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបដិបទាទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន បដិបទានេះ មាន៤យ៉ាង គឺទុក្ខាបដិបទា ទន្ធាភិញ្ញា១ ទុក្ខាបដិបទា ខិប្បាភិញ្ញា១ សុខាបដិបទា ទន្ធាភិញ្ញា១ សុខាបដិបទា ខិប្បាភិញ្ញា១ បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបដិបទាទាំង៤នោះ បដិបទាណា ប្រកបដោយសេចក្តីលំបាក ត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចម្រើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ដោយចំណែកទាំងពីរ គឺប្រកបដោយសេចក្តីលំបាកផង យឺតយូរផង ។ បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយសេចក្តីលំបាក តែត្រាស់ដឹងបានដោយឆាប់ បពិត្រព្រះអង្គដ៏ចម្រើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះប្រកបដោយសេចក្តីលំបាក ។ បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយសេចក្តីងាយ តែត្រាស់ដឹងបានដោយយឺតយូរ បពិត្រព្រះអង្គដ៏ចម្រើន បដិបទានេះឯង រមែងប្រាកដថា ថោកទាប ព្រោះត្រាស់ដឹងដោយយឺតយូរ ។ បពិត្រព្រះអង្គដ៏ចម្រើន បណ្តាបដិបទាទាំងនោះ បដិបទាណា ប្រកបដោយសេចក្តីងាយ ទាំងត្រាស់ដឹងបានដោយឆាប់ បពិត្រព្រះអង្គដ៏ចម្រើន បដិបទានេះឯង រមែងប្រាកដថា ប្រសើរដោយ ចំណែកទាំងពីរ គឺប្រកបដោយសេចក្តីងាយផង ទាំងត្រាស់ដឹងបានដោយឆាប់ផង ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនា ដ៏ប្រសើរ ក្នុងបដិបទាទាំងឡាយ ។

[៨៣] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងភស្សសមាចារ (កិរិយាប្រព្រឹត្តិល្អដោយវាចា) ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មិននិយាយសំដីប្រកបដោយមុសាវាទផង មិននិយាយពាក្យញុះញង់ ដែលធ្វើគេឲ្យបែកបាក់ផ្សេងពីគ្នាផង មិននិយាយនូវពាក្យដែលកើត អំពីការប្រណាំងប្រជែងផង ជាអ្នកមិនប្រាថ្នាចង់ឈ្នះ ពិចារណាដោយបញ្ញា (ទើបពោលផង) និយាយនូវសំដី គួរឲ្យអ្នកផងយកទុក ក្នុងហឫទ័យ តាមកាលគួរផង ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងភស្សសមាចារ ។

[៨៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខនៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងបុរិសសីលសមាចារ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានសច្ចធម៌ផង មានសទ្ធាផង មិនកុហកផង មិននិយាយរួសរាយ (ហួសហេតុ)ផង មិននិយាយបញ្ឆិតបញ្ឆៀងផង មិននិយាយគម្រាមគេផង មិននាំទៅនូវលាភ ដើម្បីលាភផង ជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជនទាំងឡាយ ប្រព្រឹត្តស្មើ ប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿងភ្ញាក់រលឹក មិនខ្ជិលច្រអូស ប្រារព្ធសេចក្តីព្យាយាម មានឈាន មានសតិ មានបដិភាណដ៏ល្អ មានគតិ គឺប្រាជ្ញា ជាគ្រឿងស្ទុះទៅ មានប្រាជ្ញា ជាគ្រឿងទ្រទ្រង់ មានគំនិត ជាអ្នកមិនជាប់ជក់នៅក្នុងកាមទាំងឡាយផង មានសតិផង មានប្រាជ្ញាខ្ជាប់ខ្ជួនផង ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងបុរិសសីលសមាចារ ។

[៨៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងអនុសាសនវិធាទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន អនុសាសនវិធានេះ មាន៤យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ៣ប្រការ និងស្រាលស្តើងចាករាគៈ ទោសៈ មោហៈ នឹងមកកាន់លោកនេះ តែម្តងទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងបានជាឱបបាតិកៈ (ជាអនាគាមិបុគ្គល) ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម ៥ប្រការ នឹងបរិនិព្វាន ក្នុងភពនោះ មិនត្រឡប់ចាកលោកនោះ ជាធម្មតា១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ កាលប្រតិបត្តិតាមគួរ ដល់ពាក្យប្រៀនប្រដៅ នឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ១ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងអនុសាសនវិធាទាំងឡាយ ។

[៨៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងវិមុត្តិញ្ញាណ របស់បុគ្គលដទៃ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ ជាសោតាបន្នបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ៣ប្រការ មានកិរិយាមិនធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ ជាសកទាគាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ៣ប្រការ ទាំងស្រាលស្តើងចាករាគៈ ទោសៈ មោហៈ នឹងមកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ ជាឱបបាតិកៈ (ជាអនាគាមិបុគ្គល៌) ព្រោះអស់ទៅនៃសំយោជនៈទាំងឡាយ ជាចំណែកខាងក្រោម៥ប្រការ នឹងបរិនិព្វានក្នុងភពនោះ មិនត្រឡប់ចាកលោកនោះ ជាធម្មតា១ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ជ្រាបបុគ្គលដទៃ ព្រោះទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ចំពោះព្រះអង្គថា បុគ្គលនេះ នឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ១ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងវិមុត្តិញ្ញាណរបស់បុគ្គលដទៃ ។

[៨៧] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងសស្សតវាទទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន សស្សតវាទ នេះ មាន៣យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ដុតកិលេស ។បេ។ កាលបើចិត្តតាំងនៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ជាតិខ្លះ ច្រើនជាង១០០ជាតិខ្លះ ច្រើនជាង១ពាន់ជាតិខ្លះ ច្រើនជាង១សែនជាតិខ្លះ ដូច្នេះថា អាត្មាអញ កើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែងដឹងនូវអតីតកាលថា លោកវិនាស ឬលោកចម្រើន ដូច្នេះ ។ អាត្មាអញ តែងដឹងនូវអនាគតកាលថា លោកនឹងវិនាស ឬលោកនឹងចម្រើនដូច្នេះ ។ បុគ្គលនោះ និយាយថា ខ្លួន និងលោកជាសភាពទៀងទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅដូចសសរគោល ចំណែកសត្វទាំងឡាយនោះ តែងត្រាច់ទៅ អន្ទោលទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ ។ នេះជាសស្សតវាទទី១ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ កាលបើចិត្តដំកល់មាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកបាន១សំវដ្តកប្ប និងវិវដ្តកប្ប (កប្បវិនាស និងកប្បចម្រើន)ខ្លះ ២សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៥សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះថា អាត្មាអញ បានកើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ ។បេ។ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងភពនេះ ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយបការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែងដឹងនូវអតីតកាលថា លោកវិនាស ឬលោកចម្រើន ដូច្នេះ ។ បុគ្គលនោះ និយាយថា អាត្មាអញ តែងដឹងនូវអនាគតកាលថា លោកនឹងវិនាស ឬលោកនឹងចម្រើនដូច្នេះ ។ បុគ្គលនោះ និយាយថា ខ្លួន និងលោកជាសភាពទៀងទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅដូចសសរគោល ចំណែកសត្វទាំងឡាយនោះ តែងត្រាច់ទៅ អន្ទោលទៅ ច្យុតកើតមាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ ។ នេះជាសស្សតវាទទី២ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកបាន១០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ២០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៣០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ៤០សំវដ្តកប្ប និងវិវដ្តកប្បខ្លះ ថា អាត្មាអញ បានកើតក្នុងភពឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯនោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ ។បេ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បុគ្គលនោះ និយាយយ៉ាងនេះថា អាត្មាអញ តែងដឹងនូវអតីតកាលថា លោកវិនាសទៅខ្លះ ឬលោកចម្រើនឡើងខ្លះ ដូច្នេះ ។ អាត្មាអញ តែងដឹងនូវអនាគតកាលថា លោកនឹងវិនាសទៅខ្លះ ឬលោកនឹងចម្រើនឡើងខ្លះ ដូច្នេះ ។ បុគ្គលនោះ និយាយថា ខ្លួន និងលោកជាសភាពទៀងទាត់ ផុតពូជធារ ឋិតនៅដូចភ្នំ ឋិតនៅដូចសសរគោល ចំណែកសត្វទាំងឡាយនោះ តែងត្រាច់ទៅ តែងអន្ទោលទៅ ច្យុត កើត មាននៅប្រាកដស្មើ ដូចសស្សតិវត្ថុ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាសស្សតវាទទី៣ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងសស្សតវាទទាំងឡាយ ។

[៨៨] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែងធម៌ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ រលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០០០០ជាតិខ្លះ រលឹកបានច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តកប្បវិវដ្តកប្បខ្លះ ។បេ។ បុគ្គលនោះ រមែងរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ឥតមានបុគ្គលណាមួយ អាចរាប់អត្តភាពរបស់ពួកសត្វ ដែលធ្លាប់កើត ក្នុងរូបភព អរូបភព សញ្ញិភព អសញ្ញិភព និងនេវសញ្ញិនាសញ្ញិភព ដោយការរាប់បូក ឬរាប់ដោយគំនិតបានឡើយ (បុគ្គល ដែលបាននូវចេតោសមាធិនោះ) ទើបរលឹកនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសបាន ដោយប្រការដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ ។

[៨៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ក្នុងចុតូបបាតញ្ញាណ គឺញាណជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ។បេ។ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ ឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែងជាងចក្ខុ របស់មនុស្សសាមញ្ញ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ជាអ្នកប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលនូវពួកព្រះអរិយបុគ្គល ប្រកាន់ខាងមិច្ឆាទិដ្ឋិ កាន់យកនូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាងពួកសត្វទាំងនេះ ជាអ្នកប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលនូវពួកព្រះអរិយបុគ្គល ប្រកាន់ខាងសម្មាទិដ្ឋិ កាន់យកនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ បុគ្គលនោះ រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែងជាងចក្ខុ របស់មនុស្សសាមញ្ញ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ ។

[៩០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែងនូវធម៌ ក្នុងឥទ្ធិវិធា (វិធីនៃឫទ្ធិ) ទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង ។ បពិត្រព្រះអង្គដ៏ចម្រើន ឥទ្ធិវិធា មាន២យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន ឫទ្ធិប្រកបដោយអាសវៈ [អដ្ឋកថា ថា ឫទ្ធិប្រកបដោយទោស (ប្រទូស្តអ្នកដទៃ) ។] ប្រកបដោយឧបធិ [ឫទ្ធិប្រកបដោយការប្រណាំងប្រជែង (ប្រឡងនឹងអ្នកដទៃ) ។] ព្រះអង្គមិនត្រាស់ហៅថា ឫទ្ធិរបស់ព្រះអរិយៈឡើយ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ទើបព្រះអង្គត្រាស់ហៅថា ឫទ្ធិរបស់ព្រះអរិយៈ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឫទ្ធិប្រកបដោយអាសវៈ ប្រកបដោយឧបធិ ដែលព្រះអង្គមិនត្រាស់ហៅថា ឫទ្ធិរបស់ព្រះអរិយៈនោះ តើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យសេចក្តីព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យសេចក្តីធ្វើទុកក្នុងចិត្តដោយប្រពៃ កាលបើចិត្តដំកល់នៅមាំហើយយ៉ាងណា ក៏បាននូវចេតោសមាធិ មានសភាពយ៉ាងនោះ បាននូវឥទ្ធិវិធាច្រើនប្រការ មនុស្សតែម្នាក់ (និម្មិត) ទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ (និម្មិត) ទៅជាមនុស្សម្នាក់ក៏បាន ដើរ (ចេញពីខាងក្នុង) ទៅកាន់ទីវាល ទីខាងក្រៅក៏បាន ដើរទំលុះទៅខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំក៏បាន ឥតមានទើសទាស់ ដូចជាដើរទៅឯអាកាស មុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក មិនបែកធ្លាយ ដូចជាដើរលើផែនដីក៏បាន ពែនភ្នែនចង្ក្រម ឯអាកាស ដូចសត្វបក្សីក៏បាន ។ ស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃខ្លួនឯងក៏បាន ញុំាងកាយឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោកក៏បាន ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាឫទ្ធិប្រកបដោយអាសវៈ ប្រកបដោយឧបធិ ដែលមិនហៅថា ឫទ្ធិរបស់ព្រះអរិយៈឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ដែលហៅថា ឫទ្ធិរបស់ព្រះអរិយៈនោះ តើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន បើភិក្ខុក្នុងសាសនានេះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់មិនជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់មិនជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនមែនជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ វៀរនូវរបស់បដិកូលផង មិនមែនជារបស់បដិកូលផង ទាំង២យ៉ាងនោះចេញ ហើយជាអ្នកមានចិត្តព្រងើយ ដូច្នេះ រមែងជាអ្នកមានសតិ និងសម្បជញ្ញៈ មានចិត្តនៅព្រងើយ ក្នុងរបស់ជាបដិកូល និងមិនមែនជារបស់បដិកូលនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះឯង ជាឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ដែលហៅថា ជាឫទ្ធិរបស់ព្រះអរិយៈ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាទេសនាដ៏ប្រសើរ ក្នុងឥទ្ធិវិធាទាំងឡាយ ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវទេសនានោះ ឥតមានសេសសល់ កាលព្រះមានព្រះភាគ ជ្រាបច្បាស់នូវទេសនានោះ ឥតមានសល់ហើយ នឹងរកបុគ្គលដែលគួរដឹងច្បាស់ ជាងព្រះអង្គនោះទៅទៀតគ្មាន សមណៈ ឬព្រាហ្មណ៍ឯទៀត កាលបើដឹង ក៏នឹងដឹងជាងព្រះមានព្រះភាគ ក្នុងឥទ្ធិវិធាទាំងឡាយ មិនមានឡើយ ។

[៩១] បពិត្រព្រះអង្គដ៏ចម្រើន អំពើណាដែលកុលបុត្រអ្នកមានសទ្ធា មានព្យាយាម មិនបន្ធូរបន្ថយ មានព្យាយាមខ្ជាប់ខ្ជួន គប្បីសម្រេចដោយព្យាយាមខ្ជាប់ខ្ជួនរបស់បុរស ដោយសេចក្តីប្រឹងប្រែងរបស់បុរស ដោយការខ្នះខ្នែងរបស់បុរស ដោយកិរិយានាំទៅ នូវធុរៈរបស់បុរស អំពើនោះ ព្រះមានព្រះភាគ បានសម្រេចហើយដោយលំដាប់ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មិនបានប្រកបនូវកាមសុខល្លិកានុយោគ ក្នុងកាមទាំងឡាយដ៏ទាបថោក ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ផង មិនបានប្រកប នូវអត្តកិលមថានុយោគជាទុក្ខ មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ផង ព្រះមានព្រះភាគ ទ្រង់បានដូចសេចក្តីប្រាថ្នា បានដោយឥតលំបាក បានដោយធំទូលាយ នូវឈានទាំង៤ ដ៏កន្លងបង់ នូវកាមាវចរចិត្ត ជាសុខវិហារធម៌ ក្នុងបច្ចុប្បន្នផង ។ បពិត្រព្រះអង្គដ៏ចម្រើន បើមានអ្នកផងសួរខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលកន្លងហួសទៅហើយ ជាអ្នកមានញាណដ៏លើសលុប ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ ។ បើគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាលដែលមិនទាន់មានមក ជាអ្នកមានញាណដ៏លើសលុប ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង នឹងមានខ្លះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ ។ បើមានគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាលឥឡូវនេះ ជាអ្នកមានញាណដ៏លើសលុប ជាងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង គេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ ។ បពិត្រព្រះអង្គដ៏ចម្រើន បើមានអ្នកផងសួរខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលកន្លងហួសទៅហើយ ជាអ្នកមានញាណស្មើៗ នឹងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានខ្លះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា បើយ៉ាងនោះ មានមែន ។ បើមានគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ដែលមិនទាន់មានមក ជាអ្នកមានញាណស្មើៗ នឹងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង នឹងមានខ្លះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា បើយ៉ាងនោះ មានមែន ។ បើមានគេសួរថា បពិត្រព្រះសារីបុត្រមានអាយុ ពួកសមណៈ ឬព្រាហ្មណ៍ឯទៀត ក្នុងកាលឥឡូវនេះ ជាអ្នកមានញាណស្មើៗ នឹងព្រះមានព្រះភាគ ក្នុងការត្រាស់ដឹង មានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវប្រាប់គេថា មិនមានទេ ។ បពិត្រព្រះអង្គដ៏ចម្រើន បើមានអ្នកផងសួរ យ៉ាងនេះថា ព្រះសារីបុត្រមានអាយុ ព្រោះហេតុអ្វី បានជាដឹងខ្លះ មិនដឹងខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើមានអ្នកផង សួរយ៉ាងនេះ ខ្ញុំព្រះអង្គ ត្រូវព្យាករយ៉ាងនេះថា ម្នាលអ្នកមានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះមានព្រះភាគ យ៉ាងនេះថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ដែលកន្លងទៅហើយ ក៏មានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះមានព្រះភាគ មកហើយថា ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងកាលមិនទាន់មានមក នឹងមានញាណស្មើៗនឹងតថាគត ក្នុងការត្រាស់ដឹងដូច្នេះ ម្នាលអ្នកដ៏មានអាយុ ពាក្យនេះ អាត្មាបានស្តាប់ ចំពោះព្រះភក្ត្រ បានទទួល ចំពោះព្រះភក្ត្រព្រះមានព្រះភាគ យ៉ាងនេះថា មានព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ២ព្រះអង្គ ត្រាស់ដឹងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ (ដំណាលគ្នា) ដំណើរនេះ មិនមែនជាឋានៈ គឺមិនមានហេតុ ជាទំនងដូច្នោះទេ ។

[៩២] បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើមានអ្នកផងសួរយ៉ាងនេះ ខ្ញុំព្រះអង្គក៏ឆ្លើយតបទៅនឹងគេយ៉ាងនេះ ឈ្មោះថា និយាយទៅតាមព្រះពុទ្ធវចនៈ របស់ព្រះមានព្រះភាគ មិនបានពោលបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរតាមធម៌ ទាំងវាទានុវាទ (ការពោលតាមវាទៈ) ណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនមកកាន់ទីដែលគួរតិះដៀលដែរឬ ។ ព្រះមានព្រះភាគ ត្រាស់ថា អើសារីបុត្រ កាលបើមានអ្នកផងសួរយ៉ាងនេះ អ្នកក៏ឆ្លើយតបទៅនឹងគេយ៉ាងនេះ ឈ្មោះថា និយាយតាមពាក្យរបស់តថាគត មិនបាននិយាយបង្កាច់តថាគត ដោយពាក្យមិនពិត ឆ្លើយនូវធម៌សមគួរដល់ធម៌ហើយ ទាំងវាទានុវាទណាមួយ ដែលប្រកបដោយហេតុ ក៏ឈ្មោះថា មិនបានមកកាន់ទីគួរតិះដៀលឡើយ ។

[៩៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទើបឧទាយិដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះមិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើព្រះអង្គឲ្យប្រាកដ [អដ្ឋកថា ថា ព្រះមានព្រះភាគ មិនសំដែងនូវគុណរបស់ព្រះអង្គ គឺថា មិនអួតខ្លួន (ឲ្យអ្នកដទៃដឹងឡើយ) ។] ព្រោះព្រះតថាគត ទ្រង់មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស បពិត្រព្រះអង្គដ៏ចម្រើន ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ (បើ) ពិចារណាឃើញធម៌មួយៗ ក្នុងខ្លួនហើយ ពួកបរិព្វាជកទាំងនោះ នឹងលើកទង់ ដើរប្រកាសប្រាប់គ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះថា (រកអ្នកណាស្មើនឹងយើងបាន) បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះមិនដែលមានសោះ អម្បាលព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើព្រះអង្គឲ្យប្រាកដ ព្រោះព្រះតថាគត ទ្រង់មិនមានសេចក្តីប្រាថ្នា ទ្រង់សន្តោស មានព្រះហឫទ័យផូរផង់ ចាកកិលេស ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយី អ្នកចូរមើលចុះ អម្បាលដូចតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើខ្លួនឲ្យប្រាកដ ព្រោះតថាគត ជាអ្នកមិនមានសេចក្តីប្រាថ្នា ជាអ្នកសន្តោស មានចិត្តផូរផង់ ចាកកិលេស ម្នាលឧទាយី ពួកបរិព្វាជក ជាអន្យតិរ្ថិយក្រៅចាកធម៌វិន័យនេះ បើពិចារណាឃើញធម៌មួយៗ ក្នុងខ្លួនហើយ ពួកបរិព្វាជកទាំងនោះ នឹងលើកទង់ ដើរប្រកាសប្រាប់គ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះថា (រកអ្នកណាស្មើនឹងយើងបាន) ម្នាលឧទាយី អ្នកចូរមើលចុះ អម្បាលតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ គង់តែមិនធ្វើខ្លួនឲ្យប្រាកដ ព្រោះតថាគត ជាអ្នកមិនមានសេចក្តីប្រាថ្នា ជាអ្នកសន្តោស មានចិត្តផូរផង់ ចាកកិលេស ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះសារីបុត្រមានអាយុមកថា ម្នាលសារីបុត្រ ចូរអ្នកពោលធម្មបរិយាយនេះ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា រឿយៗចុះ ម្នាលសារីបុត្រ ព្រោះថា សេចក្តីសង្ស័យ ឬសេចក្តីងឿងឆ្ងល់ ចំពោះតថាគត នឹងមានមកដល់មោឃបុរសពួកណា សេចក្តីសង្ស័យ ឬសេចក្តីងឿងឆ្ងល់ របស់មោឃបុរសពួកនោះ ចំពោះតថាគតនោះ នឹងសាបសូន្យទៅ ព្រោះបានស្តាប់ធម្មបរិយាយនេះ មិនខាន ។ ព្រះសារីបុត្រមានអាយុ ក៏សំដែងនូវអំណរនេះ ចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង ។ ព្រោះហេតុដូច្នោះ សូត្រនេះ ឈ្មោះថា សម្បសាទនីយសូត្រ ដោយវេយ្យាករណ៍នេះ ដូច្នេះឯង ។

ចប់ សម្បសាទនីយសូត្រ ទី៥ ។

បាសាទិកសូត្រ ទី៦កែប្រែ

[៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នាអម្ពវ័ន របស់ពួកសក្យៈ ដែលមានឈ្មោះថា វេធញ្ញៈ (អ្នកហាត់បាញ់ធ្នូ) ក្នុងសក្កជនបទទាំងឡាយ ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែធ្វើមរណកាលហើយថ្មីៗ ក្នុងនគរបាវា ។ ព្រោះតែនិគណ្ឋនាដបុត្រនោះ ធ្វើមរណកាលទៅ ពួកនិគ្រន្ថ កើតបែកគ្នាទៅជាពីរពួក កើតសេចក្តីប្រកួតប្រកាន់ កើតឈ្លោះប្រកែក ចាក់ដោតគ្នីគ្នា ដោយលំពែងមាត់ថា អ្នកមិនចេះធម្មវិន័យនេះទេ ខ្ញុំទើបចេះធម្មវិន័យនេះ អ្នកនឹងចេះធម្មវិន័យនេះដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុសហើយ ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យរបស់ខ្ញុំ ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នក មិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកនិយាយក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកនិយាយមុន អ្នកបានសន្សំច្រើនតែវត្តដែលខុសៗ ខ្ញុំលើកសេចក្តីខុសដាក់លើអ្នក អ្នកត្រូវខ្ញុំផ្ទញ់ផ្ទាល់ហើយ ដើម្បីឲ្យផុតអំពីវាទៈរបស់សាស្តាដទៃ បើអ្នកអង់អាច ចូរដោះខ្លួនឲ្យរួចចុះ ។ ហាក់ដូចជាសេចក្តីស្លាប់តែម្យ៉ាង ប្រព្រឹត្តទៅតាមពួកនិគ្រន្ថ ជាសិស្សរបស់នាដបុត្រ ។ ពួកគ្រហស្ថណា មានសម្លៀកបំពាក់ ដែលជាសាវ័ករបស់និគណ្ឋនាដបុត្រ ពួកគ្រហស្ថទាំងនោះ ជាអ្នកមានសេចក្តីធុញទ្រាន់ ប្រាសចាកសេចក្តីស្រឡាញ់ លែងគោរពក្នុងពួកនិគ្រន្ថ ដែលជាសិស្សរបស់នាដបុត្រ ព្រោះតែនិគណ្ឋនាដបុត្រ សំដែងនូវធម្មវិន័យមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំងមានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ ។

[៩៥] លំដាប់នោះ សមណុទ្ទេស [អដ្ឋកថា ថា សមណុទ្ទេស ជាពាក្យហៅសាមណេរ ព្រះចុន្ទនោះ លោកបានឧបសម្បទាហើយ គង់គេនៅតែហៅលោកយ៉ាងនោះ ព្រោះធ្លាប់ហៅជាប់ពីសាមណេរមក ។] ឈ្មោះចុន្ទ នៅចាំវស្សាក្នុងក្រុងបាវា បានចូលទៅរកព្រះអានន្ទមានអាយុ គង់នៅនាសាមគ្រាម លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះចុន្ទសមណុទ្ទេស អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះកាលកិរិយានៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នាទៅជាពីរពួក ។បេ។ មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ ។ កាលបើចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា នែចុន្ទមានអាយុ ពាក្យមានមូលហេតុនេះ គួរក្រាបបង្គំទូល ដល់ព្រះមានព្រះភាគ នែចុន្ទដ៏មានអាយុ មក យើងនឹងទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងត្រូវក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ។ ចុន្ទសមណុទ្ទេស ក៏ទទួលស្តាប់ព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចម្រើន យ៉ាងនោះមែនហើយ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ និងចុន្ទសមណុទ្ទេស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំនូវព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល នូវព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុន្ទសមណុទ្ទេសនេះ និយាយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបនឹងធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ព្រោះកាលកិរិយា នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ បែកគ្នា ។បេ។ មានស្តូប គឺទីពំនាក់ បែកធ្លាយហើយ មិនមានទីពឹងឡើយ ។

[៩៦] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលចុន្ទ ការណ៍នុ៎ះ រមែងមានយ៉ាងហ្នឹងឯង ព្រោះតែបុគ្គលពោល នូវធម្មវិន័យមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ។ ម្នាលចុន្ទ បើសាស្តាក្នុងលោកនេះ មិនមែនជាអ្នកត្រាស់ដឹងខ្លួនឯងដោយប្រពៃ ទាំងធម៌សោត ក៏សាស្តានោះ សំដែងមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម្មវិន័យ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ តែសាវ័ក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិនមែនជាអ្នកប្រតិបត្តិកោតក្រែង មិនមែនជាអ្នកប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្តគេចចេញ ចាកធម៌នោះថែមទៀត សាវ័កនោះ គួរគេសរសើរយ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បានល្អហើយ ព្រោះសាស្តារបស់អ្នក មិនមែនជាអ្នកត្រាស់ដឹងខ្លួនឯងដោយប្រពៃទេ ទាំងធម៌សោត ក៏សាស្តានោះ បានសំដែងមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ទាំងអ្នកសោត ក៏មិនមែនជាអ្នកប្រតិបត្តិនូវធម៌ សមគួរតាមធម៌ មិនប្រតិបត្តិកោតក្រែង មិនប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ គឺប្រព្រឹត្តគេចចេញ ចាកធម៌នោះ ។ ម្នាលចុន្ទ សូម្បីសាស្តា ក៏គួរឲ្យអ្នកផងតិះដៀល ក្នុងហេតុនោះ ទាំងធម៌ ក៏គួរឲ្យអ្នកផងតិះដៀល ក្នុងហេតុនោះ ដោយប្រការដូច្នេះឯង តែឯសាវ័ក គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ ។ ម្នាលចុន្ទ អ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា អ្នកមានអាយុចូរមក ចូរប្រតិបត្តិធម៌ ដែលសាស្តារបស់អ្នកបានសំដែងទុកហើយ បានបញ្ញត្តទុកហើយយ៉ាងនោះចុះ ។ បុគ្គលណាបបួលក្តី បបួលនូវបុគ្គលណាក្តី បុគ្គលណា ដែលគេបបួលហើយ ប្រតិបត្តិតាមដូច្នោះក្តី ពួកបុគ្គលទាំងអស់នោះ រមែងបាននូវបាបដ៏ច្រើន ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែងមានយ៉ាងនេះ ក្នុងធម្មវិន័យ ដែលសាស្តាសំដែងមិនល្អហើយ ប្រកាសទុកមិនល្អហើយ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ដោយប្រពៃ ប្រកាសទុកហើយ ។

[៩៧] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ មិនមែនជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏សាស្តានោះ សំដែងហើយមិនល្អ បានប្រកាសទុកហើយមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ប្រកាសទុកហើយ តែឯសាវ័ក ជាអ្នកប្រតិបត្តិធម៌ តាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្តធម៌នោះ សាវ័កនោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាលាភ របស់អ្នកនោះទេ អ្នកនោះឈ្មោះថា បានអាក្រក់ហើយ ព្រោះតែសាស្តារបស់អ្នក មិនមែនជាអ្នកត្រាស់ដឹងឯងដោយប្រពៃទេ ទាំងធម៌សោត ក៏សាស្តានោះ បានសំដែងហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គលមិនបានត្រាស់ដឹងខ្លួនឯង ប្រកាសទុកឡើយ ឯអ្នក ក៏ជាអ្នកប្រតិបត្តិធម៌ តាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្តតាមធម៌នោះ ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេតិះដៀល ក្នុងហេតុនោះ ធម៌ ក៏គួរគេតិះដៀល ក្នុងហេតុនោះ សាវ័ក ក៏គួរគេតិះដៀល ក្នុងហេតុនោះ យ៉ាងនេះ ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នកប្រតិបត្តិត្រូវហេតុហើយ មុខជានឹងសម្រេចហេតុមិនខាន ។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែលគេសរសើរហើយ ប្រារព្ធព្យាយាម ឲ្យលើសជាងប្រមាណក្តី ពួកអ្នកទាំងអស់នោះ តែងបាននូវបាបដ៏ច្រើន ។ ដំណើរនោះ តើព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែងមានយ៉ាងនេះ ក្នុងធម្មវិន័យ ដែលសាស្តាសំដែងហើយមិនល្អ ប្រកាសទុកមិនល្អ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលបុគ្គល មិនបានត្រាស់ដឹងខ្លួនឯង ប្រកាសទុកហើយ ។

[៩៨] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ជាអ្នកត្រាស់ដឹងឯងដោយប្រពៃផង ទាំងធម៌សោត ក៏សាស្តានោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ តែសាវ័ក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិនប្រតិបត្តិដោយកោតក្រែង មិនប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ រមែងប្រព្រឹត្តគេចចេញចាកធម៌នោះថែមទៀត សាវ័កនោះ គួរគេនិយាយឲ្យ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាលាភ របស់អ្នកនោះទេ អ្នកនោះឈ្មោះថា បានអាក្រក់ហើយ ព្រោះសាស្តារបស់អ្នក ជាសម្មាសម្ពុទ្ធស្រាប់ ទាំងធម៌ ក៏សាស្តានោះ សំដែងទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ទាស់តែអ្នក មិនមែនជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ មិនប្រតិបត្តិកោតក្រែង មិនប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ ទៅជាប្រព្រឹត្តគេចចេញចាកធម៌នោះវិញ ។ ម្នាលចុន្ទ ព្រោះហេតុនេះ សាស្តា ក៏គួរគេសរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរគេសរសើរ ក្នុងហេតុនោះ ដោយប្រការដូច្នេះឯង ប៉ុន្តែឯសាវ័ក គួរគេតិះដៀល ក្នុងហេតុនោះ យ៉ាងនេះ ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា អ្នកដ៏មានអាយុចូរមក ចូរប្រតិបត្តិតាមធម៌ ដែលសាស្តារបស់អ្នក សំដែងទុកហើយ បញ្ញត្តទុកហើយ យ៉ាងនោះចុះ ។ បុគ្គលណាបបួលក្តី បបួលនូវបុគ្គលណាក្តី អ្នកដែលគេបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះក្តី ពួកអ្នកទាំងអស់នោះ រមែងបាននូវបុណ្យច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែងមានយ៉ាងនេះ ក្នុងធម្មវិន័យ ដែលសាស្តាសំដែងល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទុកហើយ ។

[៩៩] ម្នាលចុន្ទ មួយទៀត សាស្តាក្នុងលោកនេះ ក៏ជាសម្មាសម្ពុទ្ធ ទាំងធម៌ ក៏សាស្តានោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ទាំងសាវ័កសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្តតាមធម៌នោះ សាវ័កនោះ គួរគេនិយាយយ៉ាងនេះថា ម្នាលអាវុសោ ជាលាភល្អ របស់អ្នកនោះហើយ អ្នកនោះឈ្មោះថា បានល្អហើយ ព្រោះសាស្តារបស់អ្នក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹងឯងដោយប្រពៃ ទាំងធម៌សោត ក៏សាស្តានោះ បានសំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ អ្នកសោត ក៏ជាអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ប្រតិបត្តិកោតក្រែង ប្រព្រឹត្តសមគួរតាមធម៌ ក្នុងធម៌នោះ សមាទានប្រព្រឹត្តតាមធម៌នោះ ។ ម្នាលចុន្ទ ព្រោះហេតុនេះ បានជាសាស្តា ក៏គួរគេសរសើរ ក្នុងហេតុនោះ ធម៌ ក៏គួរគេសរសើរ ក្នុងហេតុនោះ សាវ័ក ក៏គួរគេសរសើរ ក្នុងហេតុនោះ យ៉ាងនេះ ។ ម្នាលចុន្ទ បើអ្នកណាមួយ និយាយនឹងសាវ័ក មានសភាពដូច្នោះ យ៉ាងនេះថា លោកមានអាយុ ជាអ្នកប្រតិបត្តិត្រូវហេតុហើយ មុខជានឹងសម្រេចហេតុមិនខាន ។ បុគ្គលណាសរសើរក្តី សរសើរនូវបុគ្គលណាក្តី អ្នកដែលគេសរសើរហើយ ប្រារព្ធព្យាយាម យ៉ាងក្រៃលែង ជាងប្រមាណក្តី ពួកអ្នកទាំងអស់នោះ រមែងបាននូវបុណ្យច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះដំណើរនុ៎ះ រមែងមានយ៉ាងនេះ ក្នុងធម្មវិន័យ ដែលសាស្តាសំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ។

[១០០] ម្នាលចុន្ទ ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតហើយក្នុងលោកនេះ ទាំងធម៌សោត ក៏ព្រះសាស្តា សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ តែពួកសាវ័ក របស់ព្រះសាស្តានោះ មិនទាន់យល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំងព្រះសាស្តា របស់សាវ័កទាំងនោះ ក៏ពុំទាន់បានធ្វើឲ្យច្បាស់ នូវព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ទាំងអស់ ពុំទាន់ធ្វើឲ្យងាយ ពុំទាន់ធ្វើដោយបទចងក្រងសព្វគ្រប់ ពុំទាន់ធ្វើឲ្យជាធម៌ល្មមដឹកនាំគ្នាបាន ដល់ពួកសាវ័កនោះ ដរាបតែពួកទេវតា និងមនុស្សសំដែងបាន ដោយប្រពៃនៅឡើយ ហើយព្រះសាស្តារបស់សាវ័កទាំងនោះ បាត់ខ្លួនទៅ ។ ម្នាលចុន្ទ ព្រះសាស្តា មានសភាពយ៉ាងនេះ ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះ (ពួកសាវ័កនោះ មានសេចក្តីស្តាយក្រោយថា) ព្រះសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏ព្រះសាស្តានោះ សំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសទុកហើយ ប៉ុន្តែពួកយើង មិនទាន់យល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មឡើយ ទាំងព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ក៏ព្រះសាស្តាមិនទាន់បានធ្វើឲ្យច្បាស់ មិនទាន់ធ្វើឲ្យងាយ មិនទាន់បានធ្វើ ដោយបទចងក្រងសព្វគ្រប់ មិនទាន់បានធ្វើឲ្យជាធម៌ គួរដឹកនាំគ្នាបាន ដល់យើងទាំងឡាយ ដរាបតែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃនៅឡើយ ព្រះសាស្តារបស់ពួកយើង បាត់បង់ទៅ ។ ម្នាលចុន្ទ ព្រះសាស្តាមានសភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល ឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក ។

[១០១] ម្នាលចុន្ទ មួយទៀត ព្រះសាស្តាជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ ទាំងធម៌ ក៏ព្រះសាស្តានោះ សំដែងល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ទាំងពួកសាវ័ក របស់ព្រះសាស្តានោះ បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មហើយ ព្រះសាស្តា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌គ្រប់គ្រាន់ ធ្វើឲ្យងាយហើយ ធ្វើដោយបទចងក្រងសព្វគ្រប់ហើយ ធ្វើឲ្យជាធម៌ គួរណែនាំគ្នាបានហើយ ដរាបតែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃ ទើបព្រះសាស្តា របស់សាវ័កទាំងនោះ អន្តរធានទៅ ។ ម្នាលចុន្ទ សាស្តា មានសភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល មិនឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ព្រោះថា (ពួកសាវ័កទាំងនោះ មានសេចក្តីត្រេកអរយ៉ាងនេះថា) ព្រះសាស្តា ជាអរហន្ត សម្មាសម្ពុទ្ធ បានកើតឡើងហើយក្នុងលោក ទាំងធម៌សោត ក៏ព្រះសាស្តា បានសំដែងល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ បានប្រកាសទុកហើយ ពួកយើងសោត ក៏បានយល់សេចក្តីច្បាស់ ក្នុងព្រះសទ្ធម្មហើយ ព្រះសាស្តា បានធ្វើឲ្យច្បាស់ នូវព្រហ្មចរិយធម៌ ដ៏បរិបូណ៌ទាំងអស់ បានធ្វើឲ្យងាយហើយ បានធ្វើដោយបទ ចងក្រងសព្វគ្រប់ហើយ បានធ្វើឲ្យជាធម៌ គួរណែនាំគ្នាបានហើយ ដរាបតែពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃ ទើបព្រះសាស្តា បាត់បង់ទៅ ។ ម្នាលចុន្ទ សាស្តាមានសភាពយ៉ាងនេះឯង ឈ្មោះថា ធ្វើមរណកាល មិនឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ដល់ពួកសាវ័ក ។

[១០២] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះហើយ សាស្តាមិនមែនជាថេរៈ ជាអ្នកដឹងរាត្រី ជាអ្នកបួសយូរ តាំងនៅជាអង្វែង ជាអ្នកចម្រើនវ័យ ដោយលំដាប់ទេ ព្រហ្មចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះ យ៉ាងនេះឡើយ ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនេះហើយ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចម្រើនវ័យ ដោយលំដាប់ ក្នុងកាលណាហើយ ព្រហ្មចរិយធម៌នោះ ទើបឈ្មោះថា បរិបូណ៌ ដោយអង្គនោះ យ៉ាងនេះ ក្នុងកាលនោះ ។

[១០៣] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចម្រើនវ័យ ដោយលំដាប់ហើយ តែមិនមានពួកភិក្ខុជាសាវ័ក របស់សាស្តានោះ ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់ធម៌ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាពាក្យ ដែលខ្លួនសង្កត់សង្កិនរៀបរយ ដោយពាក្យប្រកបដោយធម៌ ហើយសំដែងធម៌ ព្រមទាំងបាដិហារិយ៍  ព្រហ្មចរិយធម៌នោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះ យ៉ាងនេះ ។ ម្នាលចុន្ទ បើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះហើយ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចម្រើនវ័យ ដោយលំដាប់ហើយ ទាំងពួកភិក្ខុជាសាវ័ក របស់សាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា បានដល់ធម៌ក្សេមចាកយោគៈ អាចនឹងប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាពាក្យ ដែលខ្លួនសង្កត់សង្កិន រៀបរយ ប្រកបដោយធម៌ ហើយសំដែងធម៌ ព្រមទាំងបាដិហារិយ៍  ក្នុងកាលណា ព្រហ្មចរិយធម៌នោះ ទើបឈ្មោះថា បរិបូណ៌ដោយអង្គនោះ យ៉ាងនេះ ក្នុងកាលនោះ ។

[១០៤] ម្នាលចុន្ទ ប្រសិនបើព្រហ្មចរិយធម៌ ប្រកបដោយអង្គទាំងនុ៎ះ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចម្រើនវ័យ ដោយលំដាប់ហើយ ទាំងពួកភិក្ខុជាសាវ័ក របស់សាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា ។បេ។ អាចសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ជាពាក្យ ដែលខ្លួនសង្កត់សង្កិនរៀបរយដោយធម៌ ហើយសំដែងធម៌ ព្រមទាំងបាដិហារិយ៍ តែពួកភិក្ខុជាន់កណ្តាល ជាសាវ័ករបស់សាស្តានោះ មិនមាន ។ បើមានតែពួកភិក្ខុជាន់កណ្តាល ជាសាវ័ក ។ តែសាស្តានោះ មិនមានពួកភិក្ខុខ្ចីជាសាវ័ក ។ សាស្តានោះ មានតែពួកភិក្ខុនីខ្ចីជាសាវិកា ។ តែសាស្តានោះ មិនមានពួកភិក្ខុនីចាស់ជាសាវិកា ។ សាស្តានោះ មានតែពួកភិក្ខុនីចាស់ ជាសាវិកា ។ តែសាស្តានោះ មិនមានពួកភិក្ខុនីជាន់កណ្តាលជាសាវិកា ។ សាស្តានោះ មានតែពួកភិក្ខុនីជាន់កណ្តាល ជាសាវិកា ។ តែសាស្តានោះ មិនមានពួកភិក្ខុនីខ្ចី ជាសាវិកា ។ សាស្តានោះ មានតែពួកភិក្ខុនីខ្ចី ជាសាវិកា ។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចារ្យ ជាសាវ័ក ។ បើសាស្តានោះ មានតែពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័ក ។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ជាអ្នកបរិភោគកាម ជាសាវ័ក ។ បើសាស្តានោះ មានតែពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័ក ។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកា ។ បើសាស្តានោះ មានតែពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកា ។ តែសាស្តានោះ មិនមានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា ។ បើសាស្តានោះ មានតែពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា ។ តែព្រហ្មចរិយធម៌របស់សាស្តានោះ មិនមាំមួនផ្សាយទូលាយទៅ ឥតមានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែងដោយប្រពៃមិនបាន បើទុកជាព្រហ្មចារ្យរបស់សាស្តានោះ មាំមួនផ្សាយទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ តែមិនបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ឈ្មោះថា មិនបរិបូណ៌ដោយអង្គនោះទេ ។ ម្នាលចុន្ទ កាលណាបើព្រហ្មចារ្យ ប្រកបដោយអង្គទាំងនុ៎ះ ទាំងសាស្តា ក៏ជាថេរៈ ជាអ្នកដឹងរាត្រី បួសយូរ តាំងនៅជាអង្វែង ចម្រើនវ័យ ដោយលំដាប់ ទាំងពួកភិក្ខុជាសាវ័ក របស់ព្រះសាស្តានោះ ក៏ជាថេរៈ ជាអ្នកឈ្លាសវៃ អាចដឹកនាំ ក្លៀវក្លា ។បេ។ អាចសំដែងធម៌ ព្រមទាំងបាដិហារិយ៍បាន ។ សាស្តានោះ មានពួកភិក្ខុជាន់កណ្តាល ជាសាវ័កផង ។ សាស្តានោះ មានពួកភិក្ខុខ្ចី ជាសាវ័កផង ។ សាស្តានោះ មានពួកភិក្ខុនីចាស់ ជាសាវិកាផង ។ សាស្តានោះ មានពួកភិក្ខុនីជាន់កណ្តាលជាសាវិកាផង ។ សាស្តានោះ មានពួកភិក្ខុនីខ្ចី ជាសាវិកាផង ។ សាស្តានោះ មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័កផង ។ សាស្តានោះ មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័កផង ។ សាស្តានោះ មានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវិកាផង ។ សាស្តានោះ មានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកាផង ។ ទាំងព្រហ្មចារ្យ របស់សាស្តានោះ ក៏មាំមួន ផ្សាយទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ដរាបតែពួកទេវតា និងមនុស្ស សំដែងបានដោយប្រពៃ ទាំងបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរ កាលបើដូច្នេះ ព្រហ្មចារ្យនោះ ទើបឈ្មោះថា បរិបូណ៌ដោយអង្គនោះ ។

[១០៥] ម្នាលចុន្ទ ក៏ឥឡូវនេះ តថាគតជាសាស្តា ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ទាំងធម៌សោត តថាគត បានសំដែងប្រពៃហើយ ប្រកាសទុកប្រពៃហើយ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ ដែលព្រះសម្មាសម្ពុទ្ធ ប្រកាសទុកហើយ ទាំងពួកសាវ័ក ក៏តថាគតបានពន្យល់ ឲ្យដឹងច្បាស់សេចក្តីក្នុងព្រះសទ្ធម្មហើយ ទាំងព្រហ្មចរិយធម៌ ដ៏បរិបូណ៌សព្វគ្រប់ ក៏តថាគតបានធ្វើឲ្យជាក់ច្បាស់ ដល់សាវ័កទាំងនោះ ធ្វើឲ្យងាយឡើង ធ្វើដោយបទ ចងក្រង ធ្វើឲ្យជាធម៌ គួរដឹកនាំគ្នាបាន ដរាបតែពួកទេវតា និងមនុស្ស សំដែងបាន ដោយប្រពៃ ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត ក៏ជាសាស្តា ជាថេរៈ អ្នកដឹងរាត្រី បួសយូរ តាំងនៅអង្វែង ចម្រើនវ័យ ដោយលំដាប់ហើយ ។

[១០៦] ម្នាលចុន្ទ ក្នុងកាលឥឡូវនេះ តថាគត មានពួកភិក្ខុជាថេរៈ ជាសាវ័ក ជាអ្នកឈ្លាសវៃ ដឹកនាំ ក្លៀវក្លា ដល់នូវធម៌ក្សេម ចាកយោគៈ អាចប្រាប់នូវព្រះសទ្ធម្មបាន អាចសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាពាក្យ ដែលខ្លួនសង្កត់សង្កិនរៀបរយ ដោយពាក្យប្រកបដោយធម៌ ហើយសំដែងធម៌ ព្រមទាំងបាដិហារិយ៍បាន ។ ម្នាលចុន្ទ ក្នុងកាលឥឡូវនេះ តថាគត មានពួកភិក្ខុជាន់កណ្តាល ជាសាវ័កផង ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកភិក្ខុខ្ចី ជាសាវ័កផង ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកភិក្ខុនីចាស់ ជាសាវិកាផង ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកភិក្ខុនីជាន់កណ្តាលជាសាវិកាផង ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកភិក្ខុនីខ្ចី ជាសាវិកាផង ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស ប្រព្រឹត្តព្រហ្មចា្យ ជាសាវ័កផង ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសក មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវ័កផង ។បេ។ ម្នាលចុន្ទ ឥឡូវនេះ តថាគត មានពួកគ្រហស្ថឧបាសិកា មានសម្លៀកបំពាក់ស បរិភោគកាម ជាសាវិកា ។ ម្នាលចុន្ទ ឥឡូវនេះ ព្រហ្មចរិយធម៌ របស់តថាគត ក៏មាំមួន ផ្សាយទូលាយទៅ មានគេចេះដឹងច្រើនក្រាស់ក្រែល ទាំងពួកទេវតា និងមនុស្ស ក៏សំដែងបាន ដោយប្រពៃហើយ ។

[១០៧] ម្នាលចុន្ទ ឥឡូវនេះ ទោះជាសាស្តាទាំងឡាយ កើតឡើងហើយក្នុងលោក ។ ម្នាលចុន្ទ តថាគត ជ្រើសរើសមិនឃើញសាស្តាដទៃ សូម្បីម្នាក់ ដែលបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរយ៉ាងនេះ ឲ្យដូចជាតថាគតឡើយ ។ ម្នាលចុន្ទ ឥឡូវនេះ ទោះជាសង្ឃក្តី គណៈក្តី របស់តថាគត កើតឡើងក្នុងលោកហើយ ។ ម្នាលចុន្ទ តថាគត ជ្រើសរើសមិនឃើញសង្ឃដទៃ សូម្បីមួយពួក ដែលបានដល់នូវលាភដ៏ប្រសើរ និងយសដ៏ប្រសើរយ៉ាងនេះ ឲ្យដូចជាភិក្ខុសង្ឃ (ក្នុងសាសនានេះ)ឡើយ ។ ម្នាលចុន្ទ បុគ្គល កាលនិយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះមិនលើស ដែលព្រះមានព្រះភាគ ត្រាស់ទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ ។ បុគ្គល កាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយអាការគ្រប់យ៉ាង បរិបូណ៌ ដោយអាការគ្រប់យ៉ាង ។បេ។ បានប្រកាសល្អហើយ ដូច្នេះ ។ ម្នាលចុន្ទ ឮថា ឧទ្ទករាមបុត្រ និយាយសំដីយ៉ាងនេះថា បុគ្គល កាលឃើញ ក៏ឈ្មោះថាមិនឃើញ ។ ឃើញនូវអ្វី ឈ្មោះថា មិនឃើញ ។ បុគ្គលឃើញបានតែត្រឹមផ្ទៃនៃកាំបិតកោរ ដែលមុតល្អ តែមិនឃើញមុខកាំបិតកោរទេ ។ ម្នាលចុន្ទ នេះឯង ដែលឧទ្ទករាមបុត្រ និយាយថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ ។ ម្នាលចុន្ទ ឯពាក្យដែលឧទ្ទករាមបុត្រ ពោលនោះ ជាពាក្យថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនប្រកបដោយប្រយោជន៍ ព្រោះសំដៅកាំបិតកោរតែម្យ៉ាង ។ ម្នាលចុន្ទ កាលបើបុគ្គល និយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា បុគ្គលកាលឃើញ ក៏ឈ្មោះថា មិនឃើញ ។ បុគ្គលឃើញនូវអ្វីខ្លះ ឈ្មោះថា មិនឃើញ ។ ពាក្យថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែងទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ យ៉ាងនេះ បុគ្គលមិនឃើញសេចក្តីនុ៎ះ ដូច្នេះសោះ សមជាដកពាក្យនេះចេញ ក្នុងរឿងនោះ ។ បុគ្គលនោះ ថែមទាំងមិនឃើញសេចក្តីនុ៎ះ ដូច្នេះថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែងយ៉ាងនេះ សមជាបញ្ចូលពាក្យនេះ ក្នុងរឿងនុ៎ះ ។ បុគ្គលនោះ ឈ្មោះថា មិនឃើញសេចក្តីនៃពាក្យថា ព្រហ្មចារ្យនោះ បរិសុទ្ធក្រៃលែង ដូច្នេះ យ៉ាងនេះ ។ នេះហៅថា បុគ្គលកាលឃើញ ឈ្មោះថា មិនឃើញ ។ ម្នាលចុន្ទ បុគ្គលកាលនិយាយពាក្យណា ឲ្យត្រូវនោះ គួរនិយាយថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង ។បេ។ បានប្រកាសទុកល្អហើយ ។ បុគ្គលកាលនិយាយឲ្យត្រូវ គួរនិយាយពាក្យនេះឯងថា ព្រហ្មចារ្យ ដល់ព្រមហើយ ដោយហេតុគ្រប់យ៉ាង បរិបូណ៌ហើយ ដោយអាការគ្រប់យ៉ាង មិនខ្វះ មិនលើស ដែលតថាគត សំដែងទុកល្អហើយ បរិបូណ៌ទាំងអស់ បានប្រកាសទុកល្អហើយ ដូច្នេះ ។

[១០៨] ម្នាលចុន្ទ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគត បានត្រាស់ដឹង សំដែងទុកល្អហើយ ក្នុងលោកនេះ គួរឲ្យអ្នកទាំងអស់រួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតឋេរអស់កាលយូរ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលចុន្ទ ធម៌ទាំងឡាយដែលតថាគត បានសំដែងហើយដល់អ្នក ព្រោះសេចក្តីដឹងដ៏ក្រៃលែងនោះ តើដូចម្តេច ។ ពួកអ្នកទាំងអស់គ្នា ត្រូវរួមគំនិត មកប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ក្នុងពួកធម៌ណា ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅបានមាំមួន ឋិតឋេរអស់កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌នោះ ដូចម្តេចខ្លះ ។ ពួកធម៌នោះ គឺ សិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ត្រិយ៥ ពលៈ៥ សម្ពោជ្ឈង្គ៧ និងអរិយមគ្គប្រកបដោយអង្គ៨ ។ ម្នាលចុន្ទ ធម៌ទាំងឡាយនេះឯង ដែលតថាគត បានត្រាស់ដឹង សំដែងហើយ ដែលពួកបរិស័ទទាំងអស់ ត្រូវរួមគំនិត ប្រជុំរួបរួមផ្ទៀងផ្ទាត់ នូវអត្ថដោយអត្ថ ព្យញ្ជនៈ ដោយព្យញ្ជនៈ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ ឋិតនៅបានមាំ តាំងនៅអស់កាលយូរ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[១០៩] ម្នាលចុន្ទ ពួកអ្នកនោះឯង ជាអ្នកព្រមព្រៀងគ្នា ជាអ្នកមានចិត្តរីករាយ មិនទាស់ទែងគ្នា គប្បីសិក្សាចុះ ។ សង្ឃជាសព្រហ្មចារីបុគ្គលណាមួយ និយាយធម៌ ក្នុងការនិយាយធម៌នោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា ម្នាលអាវុសោ លោកដ៏មានអាយុនេះឯង កាន់យកនូវអត្ថខុស សំដែងនូវព្យញ្ជនៈក៏ខុស ។ អ្នកទាំងឡាយ មិនត្រូវត្រេកអរ មិនត្រូវហាមឃាត់គេឡើយ ។ លុះពួកអ្នកមិនត្រេកអរ មិនជំទាស់ហើយ គួរនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ព្យញ្ជនៈទាំងនេះ ឬថា ព្យញ្ជនៈទាំងនុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង មួយទៀត អត្ថនេះ ឬក៏អត្ថនុ៎ះ របស់ព្យញ្ជនៈពួកនេះ អត្ថណាស្រួលជាង ។ ប្រសិនបើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈនេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួលជាង អត្ថនេះឯង របស់ពួកព្យញ្ជនៈនុ៎ះ ជាអត្ថស្រួលជាង ។ ភិក្ខុមិនត្រូវលើក មិនត្រូវបង្អាប់គេឡើយ ។ លុះមិនលើក មិនបង្អាប់គេហើយ គួរពន្យល់គេដោយស្រួលបួល ដើម្បីចាំទុកនូវអត្ថនោះ និងពួកព្យញ្ជនៈនោះ ។

[១១០] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃ និយាយធម៌ ក្នុងការនិយាយនោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យកនូវអត្ថខុស (តែ) សំដែងព្យញ្ជនៈទាំងឡាយត្រូវ ។ អ្នកទាំងឡាយ ក៏មិនត្រូវត្រេកអរ មិនត្រូវជំទាស់គេឡើយ ។ លុះមិនត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ អត្ថនេះ ឬអត្ថនុ៎ះ របស់ពួកព្យញ្ជនៈទាំងនេះ អត្ថណាស្រួលជាង ។ ប្រសិនបើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ អត្ថនេះឯង របស់ព្យញ្ជនៈពួកនេះ ជាអត្ថស្រួលជាង ។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវបង្អាប់គេឡើយ ។ លុះមិនលើក មិនបង្អាប់ហើយ គួរពន្យល់គេដោយស្រួលបួល ដើម្បីចាំទុកនូវអត្ថនោះ ។

[១១១] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកមានអាយុនេះឯង កាន់យកនូវអត្ថត្រូវ (តែ) សំដែងនូវព្យញ្ជនៈខុស ។ អ្នកទាំងឡាយ មិនត្រូវត្រេកអរ មិនត្រូវជំទាស់គេឡើយ ។ លុះមិនត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈនេះ ឬពួកព្យញ្ជនៈនុ៎ះ របស់អត្ថនេះ ពួកណាស្រួលជាង ។ បើគេនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ពួកព្យញ្ជនៈនេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួលជាង ។ អ្នកទាំងឡាយ មិនត្រូវលើក មិនត្រូវបង្អាប់គេឡើយ ។ លុះមិនលើក មិនបង្អាប់ហើយ គួរពន្យល់គេដោយស្រួលបួល ដើម្បីចាំទុកនូវពួកព្យញ្ជនៈនោះ ។

[១១២] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃទៀត និយាយធម៌ ក្នុងការនិយាយនោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យកនូវអត្ថ ក៏ត្រឹមត្រូវ សំដែងនូវពួកព្យញ្ជនៈ ក៏ត្រឹមត្រូវ ។ អ្នកទាំងឡាយ ត្រូវត្រេកអរ ត្រូវអនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះ ។ លុះត្រេកអរ អនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះហើយ ត្រូវនិយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ ជាលាភរបស់ពួកយើង ម្នាលអាវុសោ ពួកយើងបានស្រួលហើយ ពួកយើងរលឹកនូវលោកដ៏មានអាយុថា សព្រហ្មចារីប្រាកដដូចជាលោក ដែលជាអ្នកដឹងច្បាស់ នូវអត្ថ ដឹងច្បាស់នូវព្យញ្ជនៈយ៉ាងនេះ ។

[១១៣] ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីរារាំងនូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្ន តែមួយយ៉ាង ដល់ពួកអ្នកទេ ម្នាលចុន្ទ តថាគត មិនសំដែងធម៌ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខ ប៉ុណ្ណោះទេ ម្នាលចុន្ទ តថាគត សំដែងធម៌ ដើម្បីរារាំងនូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបច្ចុប្បន្នផង ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខផង ។ ម្នាលចុន្ទ ព្រោះហេតុដូច្នោះ ចីវរណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ចីវរនោះ ក៏សមគួរដល់អ្នកទាំងឡាយ ដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ទាំងឡាយប៉ុណ្ណោះ ទាំងដើម្បីបិទបាំង នូវអវយវៈ ជាគ្រឿងញុំាងសេចក្តីអៀនខ្មាស ឲ្យកម្រើក ប៉ុណ្ណោះឯង ចង្ហាន់បិណ្ឌបាតណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ចង្ហាន់បិណ្ឌបាតនោះ ក៏គួរដល់អ្នកទាំងឡាយ ដើម្បីគ្រាន់តែឲ្យកាយនេះ តាំងនៅបាន ប្រព្រឹត្តទៅបាន ដើម្បីកំចាត់បង់ នូវសេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យ ដើម្បីធ្វើទុកក្នុងចិត្តថា អាត្មាអញ នឹងបំបាត់ នូវវេទនាចាស់ផង ទាំងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តទៅ (នៃឥរិយាបថទាំង៤ក្តី) សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អាត្មាអញ (ដោយការបរិភោគ នូវចង្ហាន់បិណ្ឌបាតនេះ) ទីសេនាសនៈណា ដែលតថាគតបានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ទីសេនាសនៈនោះ សមគួរ ដល់អ្នកទាំងឡាយ ដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ប៉ុណ្ណោះ ដើម្បីបន្ទោបង់ នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ អភិរម្យសម្ងំនៅ ក្នុងកម្មដ្ឋាន ប៉ុណ្ណោះឯង គ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ គ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺនោះ សមគួរដល់អ្នកទាំងឡាយ ដើម្បីការពារ នូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង ជាធម្មតា ។

[១១៤] ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ [សំដៅដល់មេលទ្ធិដទៃ ក្រៅព្រះពុទ្ធសាសនា ។] សមបីជានិយាយយ៉ាងនេះថា ពួកសមណសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ ក្នុងសុខល្លិកានុយោគ (ប្រកបខ្លួនឲ្យប្រព្រឹត្តទៅ ក្នុងការស្រួល) ។ ម្នាលចុន្ទ កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ ត្រូវអ្នកទាំងឡាយ និយាយយ៉ាងនេះថា ម្នាលអាវុសោ សុខល្លិកានុយោគនោះ ដូចម្តេចខ្លះ ព្រោះថា សុខល្លិកានុយោគមានច្រើន មិនមែនតែមួយ មានប្រការផ្សេងៗ ។ ម្នាលចុន្ទ សុខល្លិកានុយោគនេះមាន៤ ជារបស់ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណា មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ។ សុខល្លិកានុយោគ៤យ៉ាងនោះ ដូចម្តេចខ្លះ ។ ម្នាលចុន្ទ ជនពាលខ្លះ ក្នុងលោកនេះ សម្លាប់សត្វទាំងឡាយ ហើយធ្វើខ្លួនឲ្យបានសុខ ឲ្យបានធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី១ ។ ម្នាលចុន្ទ មួយទៀត ជនពាលពួកខ្លះ ក្នុងលោកនេះ កាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ហើយធ្វើខ្លួនឲ្យបានសុខ ឲ្យបានធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី២ ។ ម្នាលចុន្ទ មួយទៀត ជនពាលពួកខ្លះ ក្នុងលោកនេះ ពោលពាក្យមុសាវាទ ហើយធ្វើខ្លួនឲ្យបានសុខ ឲ្យបានធាត់ធំ នេះឈ្មោះថា សុខល្លិកានុយោគទី៣ ។ ម្នាលចុន្ទ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឆ្អែតស្កប់ស្កល់ បំរើដោយកាមគុណទាំង៥  នេះឈ្មោះថា សុខល្លិកានុយោគទី៤ ។ ម្នាលចុន្ទ សុខល្លិកានុយោគ ៤យ៉ាងនេះឯង ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយៈ មិនមែនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមបីជានិយាយយ៉ាងនេះថា ពួកសមណសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤នេះ ។ អ្នកទាំងឡាយ ត្រូវនិយាយតបទៅនឹងពួកបរិព្វាជកនោះថា ពួកលោកកុំនិយាយយ៉ាងនោះ ឯពួកបរិព្វាជកទាំងនោះ មិនមែននិយាយដោយត្រឹមត្រូវនឹងពួកអ្នកទេ ពួកបរិព្វាជកទាំងនោះ មិនគប្បីបង្កាច់ពួកអ្នក ដោយពាក្យមិនមែន ដោយពាក្យមិនពិតទេ ។

[១១៥] ម្នាលចុន្ទ សុខល្លិកានុយោគនេះមាន៤ ប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីសេចក្តីប្រាសចាករាគៈ ដើម្បីសេចក្តីរំលត់ទុក្ខ ដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងក្រៃលែង ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វានដោយពិត ។ សុខល្លិកានុយោគ៤យ៉ាងនោះ ដូចម្តេចខ្លះ ។ ម្នាលចុន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះចាកកាមទាំងឡាយ ស្ងាត់ស្រឡះចាកធម៌ទាំងឡាយ ជាអកុសល ដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ (ជាអារម្មណ៍) នេះឈ្មោះថា សុខល្លិកានុយោគទី១ ។ ម្នាលចុន្ទ មួយទៀត ព្រោះសេចក្តីរម្ងាប់នូវវិតក្កៈ និងវិចារៈទាំងឡាយ ។បេ។ ភិក្ខុដល់នូវទុតិយជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី២ ។ ម្នាលចុន្ទ មួយទៀត ព្រោះនឿយណាយចាកបីតិ ។បេ។ ភិក្ខុដល់នូវតតិយជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៣ ។ ម្នាលចុន្ទ មួយទៀត ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ។បេ។ ភិក្ខុដល់នូវចតុត្ថជ្ឈាន នេះឈ្មោះថា សុខល្លិកានុយោគទី៤ ។ ម្នាលចុន្ទ សុខល្លិកានុយោគទាំង៤យ៉ាងនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីសេចក្តីប្រាសចាករាគៈ ដើម្បីសេចក្តីរំលត់ទុក្ខ ដើម្បីសេចក្តីរម្ងាប់ ដើម្បីសេចក្តីដឹងក្រៃលែង ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វាន ដោយចំណែកមួយ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមជានិយាយយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាអ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤យ៉ាងនេះឯង ។ ពួកអ្នកទាំងឡាយ គួរនិយាយទៅនឹងពួកបរិព្វាជកទាំងនោះថា យ៉ាងហ្នឹងហើយ ពួកគេ កាលនិយាយឲ្យអ្នកទាំងឡាយ ឈ្មោះថា និយាយដោយត្រូវ ពួកគេមិនមែននិយាយបង្កាច់អ្នកទាំងឡាយ ដោយមិនមានមែន ដោយមិនពិតទេ ។

[១១៦] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ សមបីជានិយាយ យ៉ាងនេះថា ម្នាលអាវុសោ ផលប៉ុន្មានយ៉ាង អានិសង្សប៉ុន្មានយ៉ាង រមែងប្រាកដ ដល់បុគ្គលអ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤យ៉ាងនេះ ។ ម្នាលចុន្ទ ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ផល៤យ៉ាង អានិសង្ស៤យ៉ាង រមែងប្រាកដ ដល់ពួកបុគ្គល អ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគទាំង៤ យ៉ាងនេះឯង ។ ផល និងអានិសង្ស ទាំង៤យ៉ាង ដូចម្តេចខ្លះ ។ ម្នាលអាវុសោ ភិក្ខុក្នុងធម្មវិន័យនេះ ជាសោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងទាត់ មានសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ព្រោះអស់ទៅ នៃសំយោជនៈទាំង៣នេះ ជាផលទី១ ជាអានិសង្សទី១ ។ ម្នាលអាវុសោ មួយទៀត ភិក្ខុជាសកទាគមិបុគ្គល ព្រោះអស់ទៅ នៃសំយោជនៈ ទាំង៣ ទាំងស្រាលស្តើងចាករាគៈ ទោសៈ និងមោហៈ មកកាន់លោកនេះម្តងទៀត រមែងធ្វើនូវទីបំផុត នៃទុក្ខបាន នេះជាផលទី២ ជាអានិសង្សទី២ ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានកំណើតជាឱបបាតិកៈ (អនាគាមិបុគ្គល)តែងបរិនិព្វានក្នុងភពនោះ មានកិរិយាមិនត្រឡប់ចាកលោកនេះ ជាធម្មតា ព្រោះអស់ទៅ នៃសំយោជនៈ ជាចំណែកខាងក្រោម៥ នេះជាផលទី៣ ជាអានិសង្សទី៣ ។ ម្នាលអាវុសោ មួយទៀត ភិក្ខុធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ [ចេតោវិមុត្តិ សេចក្តីរួចចាកកិលេសដោយអំណាចចិត្ត គឺវិមុត្តិ មានសមាធិ ជាបទដ្ឋាន សំដៅយកវិមុត្តិ របស់ព្រះអរិយៈ ដែលបានសម្រេចអរូបជ្ឈានណាមួយរួចហើយ ទើបបំពេញវិបស្សនាជាក្រោយ ។ បញ្ញាវិមុត្តិ សេចក្តីរួច ដោយអំណាចបញ្ញា គឺវិមុត្តិសម្រេច ដោយការបំពេញតែវិបស្សនាសុទ្ធ ឬបានត្រឹមរូបជ្ឈានណាមួយ ហើយក៏សម្រេចមគ្គផល សំដៅយកវិមុត្តិ របស់ពួកព្រះអរិយៈ ប៉ែកខាងសុក្ខវិបស្សកៈ ក្នុងទីខ្លះ លោកថា ជាឈ្មោះអរហត្តផល ជាមួយគ្នា គឺចេតោវិមុត្តិ សំដៅដល់ការផុតចាករាគៈ បញ្ញាវិមុត្តិ ការផុតចាកអវិជ្ជា ។ ក្នុងបរមត្ថទីបនី អដ្ឋកថា អភិធម្ម បញ្ជាក់ថា សុក្ខវិបស្សកៈ ហៅបានតាំងពីព្រះសោតាឡើងទៅ ក្នុងសូត្រនេះ មានបន្ថែមពាក្យថា មិនមានអាសវៈ បន្ទាប់នឹងចេតោវិមុត្តិ បញ្ញាវិមុត្តិផង នាំឲ្យយល់ថា វិមុត្តិទាំងពីរនេះ គង់ហៅបានតាំងពីស្រោតាឡើងទៅដែរ ។] ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ រមែងសម្រេចសម្រាន្តនៅ ដោយឥរិយាបថ នេះជាផលទី៤ ជាអានិសង្សទី៤ ។ ម្នាលអាវុសោ ផលទាំង៤នេះ អានិសង្សទាំង៤នេះ រមែងប្រាកដ ដល់ពួកភិក្ខុ អ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគ ទាំងនេះឯង ។

[១១៧] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តិយ៍ ជាបុគ្គលមានសភាពមិនឋិតថេរ ។ ម្នាលចុន្ទ ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ជ្រាបទ្រង់ឃើញ ជាព្រះអរហន្តសម្មាសម្ពុទ្ធ សំដែងហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែលពួកសាវ័ក មិនត្រូវប្រព្រឹត្តកន្លងដរាបដល់អស់ជីវិត (នោះ) រមែងមានពិត ។ ម្នាលអាវុសោ សសរគោល ឬសសរដែក ដែលលិចទៅក្នុងដីដ៏ជ្រៅ ដែលបុគ្គលដាំហើយដោយល្អ មិនកម្រើក មិនរញ្ជួយ យ៉ាងណាមិញ ម្នាលអាវុសោ ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគព្រះអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ សំដែងហើយ បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ ជាធម៌ដែលពួកសាវ័ក មិនត្រូវប្រព្រឹត្តកន្លង ដរាបដល់អស់ជីវិត យ៉ាងនោះឯង ។ ម្នាលអាវុសោ ភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព មានព្រហ្មចរិយធម៌ចប់ស្រេចហើយ មានកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ដល់ហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់រលីងហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ ឈប់ប្រព្រឹត្តកន្លង នូវហេតុទាំងឡាយ៩យ៉ាង ។ ម្នាលអាវុសោ ភិក្ខុជាខីណាសវៈ ឈប់ក្លែងផ្តាច់បង់សត្វចាកជីវិត ភិក្ខុជាខីណាសវៈ ឈប់កាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដែលហៅថា លួច ភិក្ខុជាខីណាសវៈ ឈប់សេពនូវមេថុនធម្ម ភិក្ខុជាខីណាសវៈ ឈប់ពោលពាក្យមុសាវាទ ដោយដឹងខ្លួន ភិក្ខុជាខីណាសវៈ ឈប់បរិភោគ នូវកាមដែលជាសន្និធិការកៈទាំងឡាយ ដូចកាលដែលខ្លួន នៅជាគ្រហស្ថពីមុន ភិក្ខុជាខីណាសវៈ ឈប់លុះឆន្ទាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះទោសាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះមោហាគតិ ភិក្ខុជាខីណាសវៈ ឈប់លុះភយាគតិ [អដ្ឋកថា សំដៅយកការបរិភោគវត្ថុកាម គឺកាមគុណ៥ មានរូបជាដើម និងកិលេសកាម គឺកិលេសជាហេតុឲ្យប្រាថ្នានូវរូបដើម ដែលខ្លួនបានធ្វើការសន្សំមករួចហើយ ។] ។ ម្នាលអាវុសោ ភិក្ខុណាជាព្រះអរហន្តខីណាស្រព មានព្រហ្មចរិយធម៌ ចប់ស្រេចហើយ មានកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ដល់ហើយដោយលំដាប់ មានសញ្ញោជនៈប្រព្រឹត្តទៅ ក្នុងភពអស់ហើយ ជាអ្នកផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះឈប់ប្រព្រឹត្តកន្លង នូវហេតុទាំង៩យ៉ាងនេះឯង ។

[១១៨] ម្នាលចុន្ទ ហេតុជាទីតាំងរមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ព្រះសមណគោតម រមែងបញ្ញត្តញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវអតីតកាល ប៉ុណ្ណោះ មិនបញ្ញត្តញាណទស្សនៈដ៏លើសលុប ព្រោះប្រារព្ធនូវកាលជាអនាគតឡើយ ការមិនបញ្ញត្តិនោះ ព្រោះហេតុអ្វី ការមិនបញ្ញតិ្តដូច្នោះ ព្រោះហេតុដូចម្តេច ។ ឯពួកបរិព្វាជក ជាអន្យតិរ្ថិយដទៃនោះ រមែងសំគាល់ នូវពាក្យដែលគួរបញ្ញត្ត នូវហេតុមិនមែនជាញាណទស្សនៈ ដែលឃ្វាងទៅកាន់ទីដទៃ ដោយញាណទស្សនៈ ដែលបែរទៅកាន់ទីដទៃ ប្រៀបដូចជាពួកជនពាល ជាអ្នកមិនវាងវៃដូច្នោះឯង ។ ម្នាលចុន្ទ តថាគត រមែងមានសតានុសារិញ្ញាណ [អដ្ឋកថា ថា ញាណដែលសម្បយុត្តដោយបុព្វេនិវាសានុស្សតិ ។] ប្រារព្ធតែកាលដែលកន្លងទៅហើយ តថាគតនោះ ប្រាថ្នាហេតុ មានប្រមាណណា ក៏នឹកតាមនូវហេតុ មានប្រមាណប៉ុណ្ណោះបាន ឯញាណដែលកើតអំពីការត្រាស់ដឹង ប្រារព្ធកាលជាអនាគត ក៏កើតឡើងដល់តថាគតថា ឥឡូវនេះ ជាតិនេះ ជាជាតិទីបំផុតហើយ ការកើតតទៅទៀត មិនមានទេ ។

[១១៩] ម្នាលចុន្ទ បើពាក្យដែលកន្លងហើយមិនពិត មិនមែនមិនប្រកបដោយប្រយោជន៍ តថាគត មិនព្យាករពាក្យនោះទេ ។ ម្នាលចុន្ទ បើពាក្យដែលកន្លងហើយ ជាពាក្យពិតប្រាកដ (តែ) មិនប្រកបដោយប្រយោជន៍ តថាគតក៏មិនព្យាករពាក្យនោះដែរ ។ ម្នាលចុន្ទ ប្រសិនបើពាក្យដែលកន្លងហើយ ជាពាក្យពិតប្រាកដ ប្រកបដោយប្រយោជន៍ តថាគតជាអ្នកដឹងកាលគួរ ក្នុងពាក្យនោះ ទើបព្យាករប្រស្នានោះ ។ ម្នាលចុន្ទ បើពាក្យជាអនាគត ។បេ។ ម្នាលចុន្ទ បើពាក្យជាបច្ចុប្បន្ន មិនពិតមិនមែន មិនប្រកបដោយប្រយោជន៍ តថាគត រមែងមិនព្យាករពាក្យនោះទេ ។ ម្នាលចុន្ទ បើពាក្យជាបច្ចុប្បន្នដែលពិតមែន (តែ) មិនប្រកបដោយប្រយោជន៍ តថាគតរមែងមិនព្យាករពាក្យនោះទេ ។ ម្នាលចុន្ទ តែបើពាក្យជាបច្ចុប្បន្ន ដែលពិតមែន ប្រកបដោយប្រយោជន៍ តថាគត ជាអ្នកដឹងកាលគួរ ក្នុងពាក្យនះ ទើបព្យាករនូវប្រស្នានោះ ។ ម្នាលចុន្ទ តថាគត តែងនិយាយក្នុងកាលគួរ និយាយតែពាក្យសច្ចៈ និយាយតែពាក្យពិត និយាយតែពាក្យជាប្រយោជន៍ និយាយតែពាក្យជាធម៌ និយាយតែពាក្យជាវិន័យ ក្នុងធម៌ទាំងឡាយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ព្រោះហេតុនោះ បានជាហៅថា ព្រះតថាគត ដោយប្រការដូច្នេះឯង ។

[១២០] ម្នាលចុន្ទ របស់ណាដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ និងមនុស្សដែលជាសម្មតិទេព បានឃើញហើយ បានឮហើយ បានលិទ្ធភ្លក្សហើយ បានដឹងច្បាស់ហើយ បានដល់ហើយ បានស្វែងរកហើយ បានជ្រើសរើសហើយដោយចិត្ត (របស់នោះ) តថាគតត្រាស់ដឹងហើយដោយប្រពៃ ហេតុដូច្នោះ បានជាគេហៅថា ព្រះតថាគត ។ ម្នាលចុន្ទ តថាគតត្រាស់ដឹងនូវសម្មាសម្ពោធិដ៏ប្រសើរ ក្នុងវេលាយប់ណាផង បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងវេលាយប់ណាផង រមែងសំដែងហៅចង្អុលបង្ហាញ នូវហេតុណា ក្នុងចន្លោះនុ៎ះ ហេតុទាំងអស់នោះ សុទ្ធតែពិត មិនមែនត្រឡប់ទៅជាដទៃឡើយ ហេតុដូច្នោះហើយ បានជាគេហៅថា ព្រះតថាគត ។ ម្នាលចុន្ទ តថាគតនិយាយយ៉ាងណា តែងធ្វើយ៉ាងនោះ ធ្វើយ៉ាងណា តែងនិយាយយ៉ាងនោះ ព្រោះតែតថាគត និយាយយ៉ាងណា តែងធ្វើយ៉ាងនោះ ធ្វើយ៉ាងណា តែងនិយាយយ៉ាងនោះ ហេតុដូច្នោះហើយ បានជាគេហៅថា ព្រះតថាគត  ។ តថាគត ជាអ្នកលើសលុប មិនមានបុគ្គលដទៃគ្របសង្កត់បាន ជាអ្នកចង្អុលបង្ហាញនូវហេតុដ៏ពិត ជាអ្នកផ្សាយនូវអំណាចទៅ ក្នុងលោក ព្រមទាំងទេវលោក ព្រមទាំងមារលោក ព្រមទាំងព្រហ្មលោក ព្រមទាំងសមណព្រាហ្មណ៍ និងពពួកសត្វ ព្រមទាំងមនុស្ស ជាសម្មតិទេព ព្រោះហេតុនោះ បានជាគេហៅថា ព្រះតថាគត  ។

[១២១] ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វនឹងកើតទៀត ឬហ្ន៎ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេឬ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនដែលសំដែងថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វគង់កើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលចុន្ទ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វមិនកើតទៀត ឬហ្ន៎ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេឬ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វមិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតខ្លះ មិនកើតទៀតខ្លះ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ឬហ្ន៎ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ពាក្យនុ៎ះឯង ព្រះមានព្រះភាគ មិនព្យាករថា ខាងមុខអំពីសេចក្តីស្លាប់ទៅ សត្វកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះទេ ។

[១២២] ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាព្រះសមណគោតម មិនព្យាករពាក្យនុ៎ះ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនប្រកបដោយធម៌ មិនមែនជាដើមចម នៃសាសនព្រហ្មចារ្យ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះហើយ បានជាព្រះមានព្រះភាគ មិនព្យាករពាក្យនោះឡើយ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ចុះព្រះសមណគោតម ព្យាករដូចម្តេចទៅវិញ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខ ដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខសមុទ័យដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធដូច្នេះ ម្នាលអាវុសោ ព្រះមានព្រះភាគព្យាករថា នេះជាទុក្ខនិរោធគាមិនី បដិបទាដូច្នេះ ។ ម្នាលចុន្ទ ហេតុជាទីតាំង រមែងមានយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាព្រះសមណគោតម ព្យាករពាក្យនុ៎ះ ។ ម្នាលចុន្ទ (កាលបើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះហើយ អ្នកត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះថា ពាក្យនុ៎ះ ជាពាក្យប្រកបដោយប្រយោជន៍ ប្រកបដោយធម៌ ពាក្យនុ៎ះជាដើមចម នៃសាសនព្រហ្មចារ្យ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងក្រៃលែង ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានដោយពិត ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ ។

[១២៣] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យ [ពាក្យថា ទិដ្ឋិនិស្ស័យ ទិដ្ឋិនិស្សិតក ទិដ្ឋិគតិក ក៏សំដៅយកតែតួទិដ្ឋិដូចគ្នា (អដ្ឋកថា) ។]ទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើម តថាគតក៏បានសំដែង នូវទិដ្ឋិនិស្ស័យទាំងឡាយនោះ ដល់អ្នកហើយ តថាគត ត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងត្រូវសំដែងនូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ចំពោះពួកអន្យតិរ្ថិយដទៃ ក្នុងហេតុនោះ ដូចម្តេចកើត ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅ ក្នុងខាងមុខ តថាគតក៏បានសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ ដល់អ្នកហើយ តថាគត ត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត តថាគតមិនត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា តថាគត នឹងមិនសំដែងទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ក្នុងហេតុនោះទេឬ ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងចំណែកខាងដើម តថាគត សំដែងនូវទិដ្ឋិនិស្ស័យទាំងឡាយនោះហើយ តថាគតត្រូវសំដែងនូវទិដ្ឋិនិស្ស័យទាំងឡាយនោះ យ៉ាងណា មួយវិញទៀត មិនត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា ទិដ្ឋិនិស្ស័យទាំងនោះ តើដូចម្តេច ។ ម្នាលចុន្ទ មានសមណៈ និងព្រាហ្មណ៍មួយពួក ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោកជាសភាវៈទៀង ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ។ ម្នាលចុន្ទ មួយទៀត រមែងមានសមណៈ និងព្រាហ្មណ៍មួយពួក ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោកជាសភាវៈមិនទៀង ។ សេចក្តីសង្ខេប ។ ខ្លួន និងលោក ជាសភាវៈទៀងក៏មាន មិនទៀងក៏មាន ។ ខ្លួន និងលោក ជាសភាវៈទៀងក៏មិនមែន មិនទៀងក៏មិនមែន ។ ខ្លួននិងលោក គឺខ្លួនឯងធ្វើ ។ ខ្លួននិងលោក គឺអ្នកដទៃធ្វើ ។ ខ្លួននិងលោក គឺខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន ។ ខ្លួននិងលោក គឺខ្លួនឯងធ្វើក៏មិនមែន អ្នកដទៃធ្វើក៏មិនមែន គឺកើតឡើងដោយឥតហេតុ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ។ សុខនិងទុក្ខ ជាធម្មជាតទៀង ។ សុខនិងទុក្ខ ជាធម្មជាតមិនទៀង ។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន ។ សុខនិងទុក្ខ ខ្លួនឯងធ្វើ ។ សុខនិងទុក្ខ អ្នកដទៃធ្វើ ។ សុខនិងទុក្ខ ខ្លួនឯងធ្វើខ្លះ អ្នកដទៃធ្វើខ្លះ ។ សុខនិងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺកើតឡើងដោយឥតហេតុ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ។

[១២៤] ម្នាលចុន្ទ បណ្តាពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈទៀង ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ការយល់ឃើញថា ខ្លួននិងលោក ជាសភាវៈទៀងនេះ អ្នកនិយាយមែនឬ ។ ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ បាននិយាយ នូវពាក្យណាយ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់ពួកសមណៈ និងព្រាហ្មណ៍នោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះថា គង់មានសត្វពួក១ មានសេចក្តីសំគាល់ដោយឡែក ក្នុងដំណើរនេះដែរ ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើដោយញាណ ដ៏ស្មើរបស់តថាគត ដោយបញ្ញត្តិនេះសោះ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង (ជាងគេ) ក្នុងអធិបញ្ញត្តិទាំងនោះ ។

[១២៥] ម្នាលចុន្ទ បណ្តាពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ ពួកសមណៈ និងព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួន និងលោក ជាសភាវៈមិនទៀង ។ សេចក្តីសង្ខេប ។ ខ្លួន និងលោក ជាសភាវៈទៀងខ្លះ មិនទៀងខ្លះ ។ ខ្លួន និងលោក ជាសភាវៈទៀងក៏មិនមែន មិនទៀងក៏មិនមែន ។ ខ្លួននិងលោក ខ្លួនឯងធ្វើ ។ ខ្លួននិងលោក អ្នកដទៃធ្វើ ។ ខ្លួននិងលោក ខ្លួនឯងធ្វើក៏មាន អ្នកដទៃធ្វើក៏មាន ។ ខ្លួននិងលោក ខ្លួនឯងតាក់តែង ក៏មិនមែន អ្នកដទៃតាក់តែងក៏មិនមែន កើតឡើងដោយឥតហេតុ ។ សុខនិងទុក្ខ ជាធម្មជាតទៀង ។ សុខនិងទុក្ខ ជាធម្មជាតមិនទៀង ។ សុខនិងទុក្ខ ជាធម្មជាតទៀងខ្លះ មិនទៀងខ្លះ ។ សុខនិងទុក្ខ ជាធម្មជាតទៀងក៏មិនមែន មិនទៀងក៏មិនមែន ។ សុខនិងទុក្ខ ខ្លួនឯងតាក់តែង ។ សុខនិងទុក្ខ អ្នកដទៃតាក់តែង ។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មាន អ្នកដទៃតាក់តែងក៏មាន ។ សុខនិងទុក្ខ ខ្លួនឯងតាក់តែងក៏មិនមែន អ្នកដទៃតាក់តែងក៏មិនមែន កើតឡើងដោយឥតហេតុ ។ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ ។ តថាគត ក៏ចូលទៅរកពួកបរិព្វាជកទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ ការយល់ឃើញថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនបុគ្គលដទៃធ្វើ កើតឡើងដោយឥតហេតុ នេះ អ្នកនិយាយមែនឬ ។ ពួកសមណៈ និងព្រាហ្មណ៍ទាំងនោះ និយាយ នូវពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ។ តថាគត ក៏មិនយល់តាមពាក្យនោះ របស់សមណព្រាហ្មណ៍នោះទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះថា គង់មានសត្វពួកខ្លះ មានសេចក្តីសំគាល់ដោយឡែក ក្នុងរឿងនេះដែរ ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះ  មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែងជាងគេ ក្នុងអធិបញ្ញត្តិនោះ ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើមនេះឯង តថាគត បានសំដែង ដល់អ្នកហើយ តថាគត ត្រូវសំដែងនូវទិដ្ឋិនិស្ស័យទាំងឡាយនោះ យ៉ាងណា មួយវិញទៀត តថាគត មិនត្រូវសំដែងនូវទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ក្នុងហេតុទាំងនោះ ដូចម្តេចកើត ។

[១២៦] ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយណា ដែលប្រព្រឹត្តទៅក្នុងខាងមុខ តថាគតបានសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះហើយ តថាគតត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា តថាគតមិនត្រូវសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះយ៉ាងណា ឯទិដ្ឋិនិស្ស័យទាំងនោះ តើដូចម្តេច តថាគត នឹងសំដែងនូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នកក្នុងហេតុនោះ ដូចម្តេចកើត ។ ម្នាលចុន្ទ មានសមណព្រាហ្មណ៍១ពួកនេះ ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខាងមុខអំពីសេចក្តីស្លាប់ទៅ ខ្លួនមានរូប មិនមានរោគ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ ។ ម្នាលចុន្ទ មានសមណព្រាហ្មណ៍១ពួក ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួនមិនមានរូប ។ ខ្លួនមានរូបក៏មាន ឥតរូបក៏មាន ។ ខ្លួនមានរូបក៏មិនមែន ឥតរូបក៏មិនមែន ។ ខ្លួនមានសញ្ញា ។ ខ្លួនមិនមានសញ្ញា ។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញាក៏មាន ។ ខ្លួនមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន ។ ខាងមុខអំពីសេចក្តីស្លាប់ទៅ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ ។ ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខាងមុខអំពីសេចក្តីស្លាប់ទៅ ខ្លួននៅមានរូប មិនមានរោគ ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយនិយាយយ៉ាងនេះថា  ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួននៅមានរូប មិនមានរោគ នេះអ្នកនិយាយមែនឬ ។ មួយទៀត ពួកសមណព្រាហ្មណ៍ទាំងនោះ បាននិយាយពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ។ តថាគត មិនយល់តាមពាក្យនោះ របស់ពួកសមណព្រាហ្មណ៍នោះទេ ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះថា គង់មានសត្វពួកខ្លះ មានសេចក្តីសំគាល់ដោយឡែក ក្នុងដំណើរនេះដែរ ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះទេ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ ។

[១២៧] ម្នាលចុន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់ឃើញយ៉ាងនេះថា ខ្លួនមិនមានរូប ។ ខ្លួនមានរូបក៏មាន ឥតរូបក៏មាន ។ ខ្លួនមានរូបក៏មិនមែន ឥតរូបក៏មិនមែន ។ ខ្លួនមានសញ្ញា ។ ខ្លួនឥតសញ្ញា ។ ខ្លួនមានសញ្ញាក៏មាន ឥតសញ្ញាក៏មាន ។ ខ្លួនមានសញ្ញាក៏មិនមែន ឥតសញ្ញាក៏មិនមែន ។ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀត ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ តថាគត ក៏ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយនិយាយយ៉ាងនេះថា  ម្នាលអាវុសោ ខាងមុខអំពីសេចក្តីស្លាប់ ខ្លួនរមែងដាច់សូន្យទៅ វិនាសទៅ មិនកើតទៀតនេះ អ្នកនិយាយមែនឬ ។ ម្នាលចុន្ទ ពួកសមណព្រាហ្មណ៍ទាំងនោះ និយាយនូវពាក្យណា យ៉ាងនេះថា ការយល់ឃើញនេះឯង ជាការពិត ពាក្យពួកមនុស្សដទៃ ជាពាក្យសោះសូន្យទទេ ដូច្នេះ ។ តថាគត មិនយល់តាមពាក្យ របស់ពួកគេនោះទេ ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី ។ ម្នាលចុន្ទ ព្រោះថា មានសត្វ១ពួក តែងមានសេចក្តីសំគាល់ដោយឡែក ក្នុងដំណើរនេះ ។ ម្នាលចុន្ទ តថាគត ពិចារណាមិនឃើញបុគ្គលស្មើ ដោយញាណដ៏ស្មើ របស់តថាគត ក្នុងបញ្ញត្តិនេះសោះ មានពីណាក្រៃលែងជាង មានតែតថាគតហ្នឹងឯង ក្រៃលែង(ជាងគេ) ក្នុងអធិបញ្ញត្តិនោះ ។ ម្នាលចុន្ទ ទិដ្ឋិនិស្ស័យទាំងឡាយ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើមនេះឯង តថាគត បានសំដែងដល់អ្នកហើយ តថាគត ត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា មួយវិញទៀត មិនត្រូវសំដែងទិដ្ឋិនិស្ស័យទាំងនោះ យ៉ាងណា តថាគត នឹងសំដែង នូវទិដ្ឋិនិស្ស័យទាំងនោះ ដើម្បីអ្នក ក្នុងហេតុទាំងនោះ ដូចម្តេចកើត ។

[១២៨] ម្នាលចុន្ទ សតិប្បដ្ឋានទាំង៤ ដែលតថាគត សំដែងហើយ បញ្ញត្តហើយយ៉ាងនេះ ដើម្បីលះបង់ ដើម្បីឈានកន្លងនូវពួកទិដ្ឋិនិស្ស័យដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើមនេះផង នូវពួកទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងមុខនេះផង ។ សតិប្បដ្ឋានទាំង៤ ដូចម្តេច ។ ម្នាលចុន្ទ ភិក្ខុក្នុងធម្មវិន័យនេះ រមែងមានកិរិយាពិចារណារឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ។ ក្នុងវេទនាទាំងឡាយ ។ ក្នុងចិត្ត ។ ភិក្ខុមានកិរិយាពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី គប្បីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ។ ម្នាលចុន្ទ សតិប្បដ្ឋានទាំង៤នេះ ដែលតថាគត សំដែងហើយ បញ្ញត្តហើយយ៉ាងនេះ ដើម្បីលះបង់ ដើម្បីឈានកន្លង នូវពួកទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងដើមនេះផង នូវពួកទិដ្ឋិនិស្ស័យ ដែលប្រព្រឹត្តទៅ ក្នុងចំណែកខាងមុខនេះផង ។

[១២៩] សម័យនោះឯង ព្រះឧបទានដ៏មានអាយុ ឈរបក់ព្រះមានព្រះភាគ អំពីខាងក្រោយព្រះមានព្រះភាគ លំដាប់នោះ ព្រះឧបទានដ៏មានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះអស្ចារ្យណាស់ មិនគួរកើតបានសោះ បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ គួរជាទីជ្រះថ្លាហ្ន៎ បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ គួរជាទីជ្រះថ្លាហ្ន៎ បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះ ឈ្មោះអ្វី ។ ព្រះអង្គត្រាស់ថា ម្នាលឧបទាន ហេតុដូច្នោះ អ្នកចូរចាំទុក នូវធម្មបរិយាយនេះថា ជា បាសាទិកៈ ដូច្នេះចុះ ។ លុះព្រះមានព្រះភាគ បានសំដែងសូត្រនេះ (ចប់) ហើយ ។ ឧបទានដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង ។

ចប់ បាសាទិកសូត្រ ទី៦ ។

ចប់ ភាគ១៨  ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ