ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ

ឆដ្ឋភាគកែប្រែ

បាដិកវគ្គកែប្រែ

លក្ខណសូត្រ ទី៧កែប្រែ

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងវេលានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយ មហាបុរិសលក្ខណៈ ៣២ ប្រការនេះ មហាបុរស (នោះ) រមែងមានគតិ២យ៉ាង មិនមែនក្រៅពី២យ៉ាងនេះទេ គឺបើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះផ្សាយអំណាច រហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង៤ ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាវៈ ជាអ្នកមានជនបទដ៏មាំមួន ទ្រង់ប្រកបដោយរតន៍៧ប្រការ ឯរតន៍៧ប្រការ នៃស្តេចចក្រពត្តិនោះគឺ ចក្ករតន៍ ១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថី [អដ្ឋកថា ថា បានដល់ស្រីដែលនាំមកនូវសេចក្តីសុខដ៏វិសេស ដល់ស្តេចចក្រពត្តិ ដែលគេនាំអំពីមទ្ទរាជត្រកូល ឬឧត្តរកុរុទ្វីប មកថ្វាយឲ្យតាំងជាអគ្គមហេសី ។]រតន៍ ១ គហបតិរតន៍[អដ្ឋកថា ក្នុងមហាសុទស្សនសូត្រថា បានដល់ពួកអ្នកមានភោគសម្បត្តិច្រើន ។] ១ បរិនាយករតន៍ [ព្រះរាជបុត្រច្បង ដែលមានប្រាជ្ញាឈ្លាសវៃ អាចស្គាល់ចិត្ត របស់ស្តេចចក្រពត្តិ ជាអ្នកចាត់ចែងកិច្ចការគ្រប់ចំពូកថ្វាយស្តេចចក្រពត្តិបាន ។] ១ រួមត្រូវជា៧ប្រការ ។ ព្រះរាជបុត្រ របស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ព្រះអង្គប្រាបប្រាមគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ គឺសីល៥ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសស្ត្រាវុធឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួសហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូលគឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការនោះ តើដូចម្តេចខ្លះ ទើបបានជាមានគតិ២យ៉ាង មិនមែនក្រៅពី២យ៉ាងនេះឡើយ គឺបើ មហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ សេចក្តីបំប្រួញ ។ បើមហាបុរស ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសក្នុងលោកនេះ មានព្រះបាទប្រតិស្ឋានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើសព្វអន្លើ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសមានព្រះបាទប្រតិស្ឋានល្អ ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ត្រង់ផ្ទៃព្រះបាទទាំងគូ ខាងក្រោមរបស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោម របស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១០០០ មានចន្លោះស្មើគ្នា គ្រប់អន្លើ ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាបុរស មានព្រះបណ្ហិ គឺកែង វែង ។ មានព្រះអង្គុលិ គឺម្រាមព្រះហស្ត និងម្រាមព្រះបាទវែងៗ ។ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទដ៏ទន់ល្មើយ ។ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទ ប្រទាក់ដោយក្រឡា ដូចជាសំណាញ់ ។ មានព្រះបាទដូចជាអណ្តែតឡើងខាងលើ ។ មានព្រះជង្ឃា គឺស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។ កាលបើទ្រង់ឈរ មិនបាច់ឱនព្រះអង្គចុះ អាចស្ទាបអង្អែលព្រះជាណុ គឺជង្គង់ ដោយផ្ទៃព្រះហស្តទាំងពីរបាន ។ មានព្រះអង្គាវយវៈ ដែលត្រូវលាក់កំបាំង ដោយសំពត់ឋិតនៅក្នុងស្រោម ។ មានស្បែកសម្បុរថ្ងៃ (លឿងភ្លឺអន្លង់) ដូចជាសម្បុរនៃមាស ។ មានព្រះឆវី គឺសម្បុរថ្ងៃ ល្អិតផូរផង់ រលីងស្រិល រអិល ធុលីធ្លាក់មកមិនជាប់ព្រះកាយ ។ មានព្រះលោមាតែ១សរសៃៗ គឺក្នុងរណ្តៅរោម ១ មានរោម ១ ។ មានព្រះលោមា មានចុងងឡើងលើ ព្រះលោមា ដែលដុះឡើងហើយ មានចុងឡើងលើ ជាទក្ខិណាវដ្ត វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានសម្បុរខៀវ ដូចជាសម្បុរនៃផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល ។ មានព្រះកាយត្រង់ ដូចជាកាយនៃព្រហ្ម ។ មានព្រះមំសៈ គឺសាច់៧ អន្លើពេញបរិបូណ៌ ។ មានព្រះកាយពាក់កណ្តាលខាងលើ ដូចជាកាយនៃរាជសីហ៍ ។ មានព្រះបិដ្ឋិ គឺខ្នង ដ៏ពេញបរិបូណ៌ ។ មានទ្រង់ទ្រាយព្រះកាយ ដូចជាបរិមណ្ឌល នៃដើមជ្រៃ កាយរបស់មហាបុរស ប្រវែងណា ព្យាមរបស់មហាបុរស ក៏ប្រវែងនោះដែរ គឺមានកាយ និងព្យាមស្មើគ្នា ។ មានព្រះសូរងមូលសម ។ មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែង សម្រាប់ទទួលរសអាហារ ។ មានព្រះហនុកា (ចង្កា) ដូចជាចង្កានៃរាជសីហ៍ ។ មានព្រះទន្ត៤០គត់ ។ មានព្រះទន្តរាបស្មើ ។ មានព្រះទន្តជិតស្និទ្ធល្អ ។ មានព្រះទាឋា គឺចង្កូម (ទាំង៤) សស្អាត ។ មានព្រះជិវ្ហា ដ៏ធំវែង ។ មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម ។ កាលបើបញ្ចេញវាចា លាន់ឮពីរោះ ដូចជាសំឡេងនៃសត្វករវិក ។ មានព្រះនេត្រខៀវស្រស់ ។ មានដួងព្រះនេត្រ ដូចជាភ្នែកនៃ (កូន) គោ ។ មានព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើម ដុះត្រង់ចន្លោះនៃព្រះភមុកា (ចិញ្ចើម) មានពណ៌សក្បុស ទន់ល្មើយដូចជាសំឡី ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ដែលមានព្រះឧណ្ណាលោម ដុះត្រង់ចន្លោះនៃព្រះភមុកា មានពណ៌សក្បុស ទន់ល្មើយដូចជាសំឡី ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាបុរស មានព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ដែលមានព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយមហាបុរិសលក្ខណៈទាំង៣២ប្រការនេះឯង ទើបបានជា មានគតិជាពីរយ៉ាង មិនមែនក្រៅអំពី២យ៉ាងនេះឡើយ គឺបើមហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ សេចក្តីបំប្រួញ ។ បើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកឥសីជាខាងក្រៅ (អួតថា) តែងចេះចាំ មហាបុរិសលក្ខណៈ របស់មហាបុរសទាំង៣២ប្រការនេះឯង តែឥសីទាំងនោះ ឥតដឹងសោះ ។ ព្រោះមហាបុរស បានធ្វើនូវកម្មនេះ ។បេ។ ទើបបាននូវលក្ខណៈនេះ ។

[២] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសមាទានមាំមួន ក្នុងកុសលធម៌ទាំងឡាយ គឺជាអ្នកសមាទានជាប់មិនដាច់ ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិចាគទាន ការសមាទានសីល ការរក្សាឧបោសថ វត្តដែលត្រូវធ្វើ ចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើ ចំពោះសមណៈ វត្តដែលត្រូវធ្វើ ចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកធម៌ជាកុសល ដ៏ក្រៃលែងឯទៀតៗ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែកុសលកម្ម ដែលមហាបុរស បានធ្វើសន្សំ បណ្តុះ ឲ្យធំទូលាយហើយនោះ ។ ព្រះតថាគតនោះ តែងគ្របសង្កត់ពួកទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ គឺអាយុទិព្វ១ សម្បុរទិព្វ១ សុខទិព្វ១ យសទិព្វ១ ភាពជាធំដ៏ជាទិព្វ១ រូបទិព្វ១ សំឡេងទិព្វ១ ក្លិនទិព្វ១ រសទិព្វ១ សម្ផ័ស្សទិព្វ១ ។ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ ។

[៣] ព្រះតថាគត មានជើងប្រតិស្ឋានល្អ ដាក់លើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺបាតជើងដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ ផ្សាយអំណាចរហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង៤ ព័ទ្ធជុំវិញ នឹងដល់នូវភាពជាអ្នកមានជនបទដ៏មាំមួន ប្រកបដោយរតន៍ទាំង៧ប្រការ ។ រតន៍៧ប្រការរបស់ស្តេចចក្រពត្តិនោះ គឺចក្ករតន៍១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍១ បរិនាយករតន៍ ១ រួមត្រូវជា៧ប្រការ ។ ព្រះរាជបុត្រ របស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ស្តេចចក្រពត្តិនោះ ប្រាបប្រាមគ្រប់គ្រងផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ គឺសីល៥ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសស្ត្រាវុធឡើយ បើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី នឹងបានជាអ្នកមិនតក់ស្លុត ដោយមនុស្សណាមួយជាសឹកសត្រូវ ជាបច្ចាមិត្ត កាលបើព្រះតថាគត នៅសោយរាជ្យ នឹងបានរបស់នេះឯង ។ បើចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ បាននូវរបស់អ្វី ទើបជាអ្នកមិនតក់ស្លុត ដោយសឹកសត្រូវ បច្ចាមិត្តខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក(នេះ) ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ បានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលនូវសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤] ព្រះតថាគត តែងត្រេកអរ ក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបថ១០ផង ក្នុងការទូន្មាន នូវឥន្ទ្រិយផង ក្នុងសេចក្តីសង្រួម (ក្នុងសីល) ផង ក្នុងការសំអាតផ្លូវកាយជាដើម និងសីលជាទីនៅអាស្រ័យ [ដីកាថា សីលជាទីតាំងរបស់សមថៈ និងវិបស្សនា ។] និងឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀន នូវពួកសត្វផង ក្នុងអំពើដែលមិនរួសរាន់ផង សមាទានមាំទាំ ប្រព្រឹត្តគ្រប់ទាំងអស់ ។ ព្រោះកម្មនោះឯង ទើបតថាគត បានទៅកាន់ឋានសួគ៌ ដោយសេចក្តីសុខ សេចក្តីសម្រាន និងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌នោះ បានមកកើតក្នុងមនុស្សលោកនេះវិញ ក៏មានផ្ទៃជើងទាំងពីររាបស្មើល្អ ជាន់ត្រូវនូវផែនដី (ដោយព្រះបាទដ៏ស្មើ) ។ ពួកជនអ្នកស្គាល់លក្ខណៈ មកប្រជុំគ្នា ហើយទាយថា ព្រះតថាគត ដែលមានព្រះបាទប្រតិស្ឋានល្អ ទោះបីនៅជាគ្រហស្ថក្តី ធ្វើជាបព្វជិតក្តី ក៏ឥតញាប់ញ័រ (ដោយសត្រូវឡើយ) ព្រោះមានលក្ខណៈនោះ ជាគ្រឿងឆ្លុះបំភ្លឺសេចក្តីនោះ ។ កាលបើនៅគ្រប់គ្រងគេហដ្ឋាន តែងមិនញាប់ញ័រ (ដោយសត្រូវ) អាចគ្រងសង្កត់នូវជនដទៃបាន ពួកសត្រូវក៏មិនអាចញាំញីបាន ព្រះតថាគត មិនបានតក់ស្លុតនឹងមនុស្សណាមួយ ក្នុងលោកនេះ ដោយសារផលនៃកម្មនោះឯង ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចូលទៅកាន់ផ្នួស រមែងពេញចិត្ត ត្រេកអរក្នុងនេក្ខម្មៈ បានជាអ្នកប្រាជ្ញា ប្រសើរបំផុត អ្នកប្រាជ្ញនោះ ជាអគ្គបុគ្គល ប្រសើរជាងនរជន តែងមិនដល់នូវសេចក្តីញាប់ញ័រ (ដោយកិលេស) ជាដាច់ខាត នេះឯង ជាធម្មតា របស់ព្រះតថាគតនោះ ។

[៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបាននាំមកនូវសេចក្តីសុខ ឲ្យដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុតផង ជាអ្នកចាត់ចែង នូវការរក្សាការពារ គ្រប់គ្រងប្រកបដោយធម៌ផង បានឲ្យទាន ព្រមទាំងបរិវារ (របស់ទាន [អដ្ឋកថា ថា បរិវារ របស់ទានមាន១០ប្រការគឺ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រែ ឬតាំង លំនៅ ប្រទីប និងប្រេង ។])ផង ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង ។ ព្រះតថាគតនោះ តែងគ្របសង្កត់នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ ។ គឺត្រង់ផ្ទៃជើងទាំងគូ ខាងក្រោម មានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ស្តេចនោះគឺ ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន និងមហាមាត្រ ពួកសេនាមានអង្គ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ស្តេច (ចំណុះ) ពួកអ្នកមានទ្រព្យ និងពួករាជកុមារ កាលបើបានជាស្តេច នឹងបានរបស់នេះ ។ បើចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ កាលបើបានត្រាស់ជាព្រះពុទ្ធហើយ តើបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ព្រះពុទ្ធនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើបានត្រាស់ជាព្រះពុទ្ធ បាននូវបរិស័ទនេះ ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះចប់ហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៦] ព្រះតថាគត កើតជាមនុស្ស ក្នុងកាលពីមុនៗ ជាតិពីមុនៗ ជាអ្នកនាំនូវសេចក្តីសុខ មកឲ្យដល់ជនច្រើននាក់ ជាអ្នកបន្ទោបង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុត ជាអ្នកខ្វល់ខ្វាយ ក្នុងការគ្រប់គ្រង ការរក្សាការពារ ។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់ឋានសួគ៌ ហើយសោយសេចក្តីសុខ សេចក្តីសម្រាន្ត និងសេចក្តីត្រេកអរ លុះព្រះតថាគតច្យុត ចាកឋានសួគ៌នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវចក្រ ត្រង់ផ្ទៃជើងទាំងពីរ ប្រកបដោយខ្នងកង់ ដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នា ។ ពួកជនអ្នកស្គាល់លក្ខណៈ បានឃើញរាជកុមារ ដែលមានលក្ខណៈនៃបុណ្យច្រើន (យ៉ាងនេះ) ទើបព្រមគ្នាព្យាករថា (ព្រះរាជកុមារនេះ) នឹងមានបរិវារច្រើន អាចញាំញីនូវសត្រូវបាន ដូចជាចក្រដែលមានខ្នងកង់ (និងដុំ ព្រមទាំងកាំ១ពាន់) មានចន្លោះស្មើគ្នា ដូច្នោះឯង ។ បើព្រះរាជកុមារ (ដែលប្រកបដោយលក្ខណៈ) ដូច្នោះ មិនបានចេញទៅទ្រង់ព្រះផ្នួសទេ នឹងបានជាស្តេចចក្រពត្តិ ទ្រង់ប្រាបប្រាមផែនដី មានពួកក្សត្រ ដែលចុះចូល មានយសសក្តិ៍ធំ ទៅតាមហែហមព្រះរាជកុមារនោះ ក្នុងទីនេះ ។ បើព្រះរាជកុមារ (ដែលប្រកបដោយលក្ខណៈ) ដូច្នោះ ចេញទៅទ្រង់ព្រះផ្នួស តែងពេញចិត្ត ត្រេកអរ ចំពោះនេក្ខម្មៈ នឹងបានជាអ្នកប្រាជ្ញ មានទេវតា មនុស្ស អសុរ ព្រះឥន្ទ្រ អារក្ស គន្ធព្វ នាគ សត្វបក្សី សត្វជើង៤ ដែលមានយសសក្តិ៍ធំ ចោមរោមព្រះពុទ្ធដ៏ប្រសើរ ដែលទេវតា និងមនុស្សបូជាហើយនោះ ។

[៧] ម្នាលភិក្ខុទាំងឡាយ កាលតថាគត អាស្រ័យនូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានលះបង់បាណាតិបាត វៀរស្រឡះ ចាកបាណាតិបាត ជាអ្នកដាច់ចុះនូវអាជ្ញា និងគ្រឿងសស្ត្រាវុធ មានសេចក្តីខ្មាសបាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វ ដោយប្រយោជន៍ ។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំង៣នេះ គឺជាអ្នកមានកែងជើងវែង១ មានម្រាមដៃ និងម្រាមជើងវែងៗ១ មានកាយត្រង់ ដូចជាកាយព្រហ្ម១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈ (ទាំង៣)នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងនូវជន្មាយុ ឲ្យរស់នៅបានយូរ មនុស្សជាសឹកសត្រូវ និងជាបច្ចាមិត្តណាមួយ មិនអាចនឹងផ្តាច់បង់ជីវិត ត្រង់រវាងអាយុបានទេ កាលបើបានជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែងផង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងជន្មាយុរស់នៅបានយូរ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ជាសឹកសត្រូវ ជាបច្ចាមិត្ត ក្នុងលោកនេះ មិនអាចនឹងផ្តាច់បង់ជីវិត ត្រង់រវាងអាយុបានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៨] ព្រះតថាគត ដឹងច្បាស់នូវភ័យ អំពីសេចក្តីស្លាប់ ដែលហៅថា មរណៈ ចំពោះខ្លួនឯងហើយ បានវៀរស្រឡះ ចាកការសម្លាប់នូវសត្វដទៃ ព្រោះអំពើសុចរិតនេះឯង ព្រះតថាគតនោះ បានទៅកើតក្នុងឋានសួគ៌ សោយផលវិបាករបស់កម្ម ដែលបានធ្វើទុកល្អហើយ ។ លុះច្យុតចាក(ឋានសួគ៌)នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវលក្ខណៈទាំង៣នេះ ក្នុងភពនេះ គឺជាអ្នកមានកែងជើងវែងទូលាយ១ មានកាយត្រង់ល្អស្អាត ដូចជាកាយព្រហ្ម១ ។ មានភ្នែនល្អ មានរូបនៅក្មេង មានទ្រង់ទ្រាយល្អ មានជាតិល្អ មានអង្គុលិរបស់ព្រះតថាគតនោះ ទន់ល្វន់វែងល្អ ព្រះតថាគត ប្រកបដោយមហាបុរិសលក្ខណៈ៣ (នេះ) ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅអស់កាលយូរ ប្រហែលដូចជានៅក្មេង ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងញុំាងជីវិតឲ្យរស់នៅអស់កាលយូរ បើចេញទៅបួស នឹងញុំាងជីវិតឲ្យរស់នៅអស់កាលយូរជាងនោះទៅទៀត ព្រះតថាគត ជាអ្នកស្ទាត់ជំនាញ រមែងញុំាងជីវិតឲ្យរស់នៅ ដោយការចម្រើនឫទ្ធិ លក្ខណៈទាំង៣នោះ ជានិមិត្តរូបនៃទីឃាយុភាព យ៉ាងនេះឯង ។

[៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ ។បេ។ លុះបែកធ្លាយរាងកាយ ខាងមុខអំពីរមណៈ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសាច់ដ៏ពេញ ក្នុងទីទាំង៧អន្លើ គឺសាច់ពេញត្រង់ខ្នងដៃទាំងពីរ សាច់ពេញត្រង់ខ្នងជើងទាំងពីរ សាច់ពេញត្រង់ចង្កួយស្មាទាំងពីរ សាច់ពេញត្រង់ក ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ បើបានជាស្តេច នឹងបាននូវរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក (៨ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ កាលបើបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១០] ព្រះតថាគត ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ និងទឹកដែលគួរលិទ្ធ គួរភ្លក្ស ដែលមានរសជាតិដ៏ឧត្តមថ្លៃថ្លា ព្រោះកម្ម ជាសុចរិតនោះ ព្រះតថាគតនោះ ទើបរីករាយក្នុងនន្ទវ័ន (ឱទ្យាន) អស់កាលយូរ ។ (លុះច្យុតមកកើត) ក្នុងមនុស្សលោកនេះ ក៏បាននូវសាច់ដ៏ពេញ ក្នុងទីទាំង៧អន្លើផង បាននូវផ្ទៃដៃ និងផ្ទៃជើង ដ៏ទន់ល្វន់ផង ជនទាំងឡាយ ដែលជាអ្នកឈ្លាស ក្នុងការទាយនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយ (ព្រះតថាគត) ព្រោះហេតុដែលព្រះតថាគត បានឲ្យនូវខាទនីយ ភោជនីយាហារ ទើបបាននូវខាទនីយ ភោជនីយាហារ មានរស (ជាតិដ៏ថ្លៃថ្លា) ។ លក្ខណៈនោះ មិនមែនជាគ្រឿងឆ្លុះបំភ្លឺសេចក្តីដល់តថាគត ដែលនៅជាគ្រហស្ថប៉ុណ្ណោះទេ ទោះបីតថាគត ចេញទៅបួស ក៏គង់បានទួលផលនោះដែរ អ្នកដែលបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ឧត្តម ហៅថា អ្នកកាត់បង់នូវចំណងរបស់គ្រហស្ថទាំងអស់បាន ។

[១១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសង្គ្រោះ ដល់ពពួកជន ដោយសង្គហវត្ថុ៤ប្រការ គឺទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្ត ដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់ខ្លួន១ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានផ្ទៃដៃ និងផ្ទៃជើងទន់ល្វន់ (ដូចជាសំឡី ដែលគេថ្ពេចអស់១០០ដង)១ មានផ្ទៃដៃ និងផ្ទៃជើង ប្រទាក់ដោយក្រឡា ដូចជាសំណាញ់១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនបរិស័ទដែលព្រះតថាគតបានសង្គ្រោះនោះគឺ ពួកព្រាហ្មណ៍ គហបតិ អ្នកនិគម អ្នកជនបទ ពួកស្មៀន មហាមាត្រ ពួកសេនាមានអង្គ៤ (មានសេនាដំរីជាដើម) ឆ្មាំទ្វារ អាមាត្យ រាជបរិស័ទ ស្តេចចំណុះ អ្នកមានភោគៈ និងរាជកុមារ កាលបើព្រះតថាគតនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនជាបរិស័ទ ដែលព្រះតថាគត បានសង្គ្រោះនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១២] ព្រះតថាគត បានធ្វើ បានប្រព្រឹត្តការសង្គ្រោះ ដោយល្អ ដល់ពួកជនច្រើននាក់ (ដោយសង្គហវត្ថុ៤ប្រការ) គឺទាន១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ពាក្យជាទីស្រឡាញ់១ សេចក្តីពេញចិត្ត ក្នុងការតាំងខ្លួនស្មើ១ ទើបទៅកាន់ឋានសួគ៌ដោយគុណ គឺសេចក្តីមិនប្រមាទ ។ លុះព្រះតថាគតច្យុត (ចាកឋានសួគ៌នោះ) មកកើតក្នុងភពនេះទៀត ជាមនុស្សកំឡោះ នៅក្មេងល្អ ក៏បាននូវអំពើដែលគួរធ្វើ គួរប្រព្រឹត្តទន់ភ្លន់ផង បាននូវសេចក្តីរុងរឿង សេចក្តីឈ្លាសវៃក្រៃលែង និងរូបដែលគួរឲ្យអ្នកផងពិតពិល រមិលមើល ដើម្បីចេញចាកសំណាញ់ ពោលគឺសង្សារ ។ ព្រះតថាគត បានចាត់ចែងការងារ បានគ្រប់គ្រងនូវផែនដីធំនេះ និងការសង្គ្រោះដោយល្អ ចំពោះជនជាបរិស័ទ ពោលពាក្យជាទីស្រឡាញ់ ស្វែងរកនូវប្រយោជន៍ និងសេចក្តីសុខ អើពើតែនឹងគុណ ដែលខ្លួនគាប់ចិត្តដ៏ក្រៃលែង ។ បើព្រះតថាគតលះបង់ នូវការបរិភោគកាមគ្រប់យ៉ាងហើយ (ចេញទៅបួស) នឹងបានជាព្រះជិនស្រី សំដែងនូវធម្មកថា ដល់ជនជាបរិស័ទ ពួកជនជាបរិស័ទ ដែលបានស្តាប់ធម្មកថានោះ ក៏ជ្រះថ្លា ហើយធ្វើតាមពាក្យនៃព្រះតថាគតនោះ ទើបនាំគ្នាប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ ។

[១៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានពោលពាក្យប្រកបដោយប្រយោជន៍ ទាំងប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកបូជានូវធម្មទាន ។ ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ ឲ្យធំទូលាយហើយនោះ ព្រះតថាគតនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានកជើងដូចជាអណ្តែតឡើងខាងលើ១ មានចុងរោម ង ឡើងលើ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន ឧត្តម បវរ ជាងពួកជន ដែលបរិភោគកាម  កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន បវរ ជាងពួកសត្វទាំងអស់ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ ព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១៤] ក្នុងភពពីមុន តថាគតបានពោលពាក្យ ដែលប្រកបដោយអត្ថ ទាំងប្រកបដោយធម៌ បានពន្យល់ប្រយោជន៍ ដល់ជនច្រើននាក់ ជាអ្នកបាននាំមកនូវប្រយោជន៍ និងសេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកមិនមានសេចក្តីកំណាញ់ បានចាត់ចែងនូវការបូជាធម្មទាន ។ ព្រះតថាគតនោះ បានទៅកាន់ឋានសុគតិ រីករាយក្នុងឋានសុគតិនោះ ព្រោះកម្មជាសុចរិតនោះឯង (លុះច្យុត ចាកឋានសួគ៌នោះ) មកកើតក្នុងភពនេះ ក៏បាននូវលក្ខណៈទាំងពីរ ដើម្បីភាពនៃសេចក្តីសុខដ៏ឧត្តម ។ ព្រះតថាគតនោះ មានចុងរោម ង ឡើងលើ មានសន្លាក់ ក ជើងប្រតិស្ឋានល្អ មានសាច់ និងឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ ។ ព្រះតថាគត បានប្រកបដោយលក្ខណៈដូច្នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាអ្នកខ្ពង់ខ្ពស់ ជាងពួកជន អ្នកបរិភោគកាម មិនមានអ្នកដទៃក្រៃលែងជាងព្រះតថាគតនោះបានឡើយ ព្រះតថាគត តែងគ្របសង្កត់ នូវជម្ពូទ្វីប (ទាំងមូល) ។ សូម្បីបព្វជ្ជា (របស់ព្រះតថាគត) ក៏មិនថយថោកឡើយ តែងដល់នូវភាពជាអ្នកខ្ពង់ខ្ពស់ ជាងពួកសត្វទាំងអស់ មិនមានសត្វឯទៀត លើសលុបជាងព្រះតថាគតនោះឡើយ ព្រះតថាគត ជាអ្នកគ្របសង្កត់ នូវសត្វលោកទាំងអស់ ។

[១៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានបង្ហាញនូវសិល្បសាស្ត្រ (ថោកទាប និងសិល្បសាស្ត្រឧត្តម)ផង នូវវិជ្ជា (ច្រើនប្រការ មានវិជ្ជាស្តោះពស់ជាដើម)ផង នូវចរណៈ គឺសីល៥ សីល៨ ឬសីល១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើដូចម្តេចហ្ន៎ ពួកជននេះ បានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំឲ្យលំបាកអស់កាលជាយូរអង្វែងឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ នេះ គឺជាអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។ ព្រះតថាគតនោះ ប្រកបហើយដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាននូវរាជវាហនៈ ដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿងរាជូបភោគ ដ៏សមគួរដល់ស្តេច ដោយឆាប់រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវបច្ច័យ ដ៏សមគួរដល់សមណៈ និងបរិស័ទ ដែលជាអង្គរបស់សមណៈ និងគ្រឿងសមណូបភោគ ដ៏សមគួរដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១៦] ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ្ន៎ ជនទាំងឡាយនេះ នឹងចេះដឹងនូវសិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយ បានដោយឆាប់រហ័ស ឯសិល្បសាស្ត្រណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវសិល្បសាស្ត្រនោះ យ៉ាងឆាប់រហ័ស មិនឲ្យលំបាកអស់កាលយូរឡើយ ។ ព្រោះព្រះតថាគត បានធ្វើកុសលកម្មនោះ ដែលជាកម្មញុំាងសុខឲ្យចម្រើន ទើបបាននូវស្មងដ៏ល្អ មានរបៀបរៀបរយល្អ ព្រះតថាគត មានចុងរោម ង ឡើងលើ វិលជាទក្ខិណាវដ្ត ដុសឡើងល្អ ច្រាងឡើងលើ ទៅតាមលំដាប់ ទាំងមានស្បែកកាយដ៏ល្អិត មដ្ឋ ព័ទ្ធជុំវិញ ។ បុគ្គលដែលប្រកបដោយលក្ខណៈដូច្នោះ អ្នកប្រាជ្ញទាំងឡាយ ពោលថា មានព្រះជង្ឃាររៀវមូល ដូចជាស្មងសត្វទ្រាយ ឯរោមមួយៗ (ក៏ដុះឡើងល្អ) ព្រះតថាគត ប្រាថ្នានូវសម្បត្តិណា សម្បត្តិនោះ ទោះបីព្រះតថាគតមិនបានបព្វជ្ជា ក៏គង់បានឆាប់ក្នុងលោកនេះ ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបួស នឹងបានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ត្រេកអរចំពោះនេក្ខម្មៈ ជាអ្នកមានសេចក្តីព្យាយាម មិនថោកថយឡើយ តែងបាននូវសម្បត្តិដ៏សមគួរ ដល់បុគ្គល ដែលមានសភាពដ៏សមគួរ ។

[១៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍ ហើយសាកសួរថា បពិត្រលោកដ៏ចម្រើន អំពើដូចម្តេចជាកុសល អំពើដូចម្តេច ជាអកុសល អំពើដូចម្តេច ដែលប្រកបដោយទោស អំពើដូចម្តេច ដែលមិនប្រកបដោយទោស អំពើដូចម្តេច គួរសេព អំពើដូចម្តេច មិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាង នូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានឆវី (សម្បុរថ្ងៃ) ដ៏ល្អិត ផូរផង់ រលីងស្រិល រអិលធុលីធ្លាក់មកត្រូវ មិនជាប់កាយ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នកណាមួយឲ្យមានប្រាជ្ញាប្រហែល ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះ គ្មានឡើយ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញា ជាគ្រឿងសង្កត់សង្កិន ឬទម្លាយ (នូវគំនរកិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វណាមួយ ឲ្យមានប្រាជ្ញាស្មើ ឬប្រសើរវិសេសជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១៨] ក្នុងកាលមុន ភពមុន ជាតិពីមុន តថាគត ជាអ្នកចង់ចេះដឹង បានចូលទៅរកបព្វជិត ហើយសាកសួរ (នូវប្រស្នា) បានស្តាប់ដោយគោរព ធ្វើសេចក្តីឲ្យតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍តែមួយយ៉ាង ។ ព្រោះកម្មដែលប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា (នោះ) ទើបព្រះតថាគត កើតមកជាមនុស្ស មានឆវីដ៏ល្អិតផូរផង់ ពួកអ្នកប្រាជ្ញឈ្លាស ក្នុងការទាយនូវឧប្បាដ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគត នឹងពិចារណា ឃើញច្បាស់ នូវអត្ថដ៏ល្អិតសុខុមទាំងឡាយបាន ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ មិនបានចេញទៅបព្វជ្ជាទេ ក៏គង់ញុំាងចក្រ ឲ្យប្រព្រឹត្តទៅ និងគ្រប់គ្រងផែនដីបាន បណ្តាពួកអ្នកប្រៀនប្រដៅនូវអត្ថ និងពួកអ្នកកំណត់កត់ចាំ (នូវអត្ថ) នឹងរកបុគ្គលណាមួយ ឲ្យត្រឹមស្មើ ឬប្រសើរជាងព្រះតថាគត នោះ គ្មានឡើយ ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបព្វជ្ជា នឹងបានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ទាំងត្រេកអរក្នុងនេក្ខម្មៈ ជាអ្នកមានប្រាជ្ញាដ៏ប្រសើរ ប្រៀបដោយផែនដី នឹងបានដល់ពោធិញ្ញាណ ដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុងផ្លូវប្រាជ្ញា ។

[១៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើននាក់ នាំគ្នាស្តីថាឲ្យ ក៏មិនឈឺចិត្ត មិនក្រោធ មិនចងកំហឹងទុក មិន​​តម្កល់​ទុកនូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវសេចក្តីក្រោធ នូវការប្រទូស្ត និងសេចក្តីតូចចិត្តឲ្យប្រាកដឡើង (ដោយកាយវិការ ឬវចីវិការ) ឡើយ ព្រះតថាគត ជាអ្នកបានឲ្យនូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់ធ្វើពីសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើពីកប្បាស មានសាច់មដ្ឋ សំពត់ធ្វើពីសូត្រ មានសាច់មដ្ឋ សំពត់ធ្វើពីរោមសត្វ មានសាច់មដ្ឋ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ នូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានពណ៌សម្បុរ (លឿងភ្លឺបំព្រង) ដូចជាសម្បុរនៃមាស និងមានស្បែកជិតស្និទ្ធល្អ ដូចជាមាស ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិតទន់ល្មៃ គឺសម្ពត់ធ្វើដោយសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាស មានសាច់មដ្ឋ សំពត់ធ្វើដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មានសាច់មដ្ឋ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់ធ្វើដោយសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាស មានសាច់មដ្ឋ សំពត់ដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មានសាច់មដ្ឋ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២០] ព្រះតថាគត តាំងទុកនូវសេចក្តីមិនក្រោធផង នូវទានផង ហើយបានឲ្យនូវសម្ពត់ទាំងឡាយ មានសាច់មដ្ឋ មានពណ៌ស្រស់ ព្រះតថាគត ឋិតនៅក្នុងភពពីមុន បានបរិច្ចាគ (ទាន) ហាក់ដូចជាទឹកភ្លៀង ដែលធ្លាក់ចុះមកលើផែនដី ដូច្នោះឯង ។ ព្រះតថាគត ព្រោះបានធ្វើនូវកុសលកម្មនោះ លុះច្យុតចាកអត្តភាពនេះហើយ ចូលទៅកាន់ទិព្វវិមាន បានសោយផលវិបាក នៃអំពើដែលខ្លួនបានធ្វើហើយ ជាអ្នកមានខ្លួនដូចជាមាស (លុះមកកើត) ក្នុងភពនេះ បានគ្របសង្កត់ (នូវមនុស្សទាំងអស់) ហាក់ដូចជាព្រះឥន្ទ្រ ដែលប្រសើរជាងពួកទេវតា ដូច្នោះឯង ។ បើព្រះតថាគត នៅជាមនុស្ស គ្រប់គ្រងគេហដ្ឋាន មិនប្រាថ្នានឹងបួសទេ ក៏គង់តែបានគ្រប់គ្រងផែនដីធំ គ្របសង្កត់ (នូវពួកបច្ចាមិត្ត) ព្រមទាំងបាននូវរតនៈ៧ប្រការ ក្នុងលោកនេះផង បាននូវសម្ពត់ ដ៏ធំទូលាយ មានសាច់ល្អិតមដ្ឋ មានសម្បុរស្រស់ស្អាតផង ។ បើព្រះតថាគតចេញទៅទ្រង់ព្រះផ្នួស នឹងបានសម្ពត់សម្រាប់ស្លៀក និងសម្ពត់សម្រាប់ដណ្តប់ដ៏ប្រសើរ ព្រះតថាគត រមែងបានសោយផលរបស់កម្ម ដែលបានទំនុកបម្រុងល្អហើយ នឹងបានធ្វើទុកមកពីជាតិមុន សេចក្តីវិនាសនៃកម្ម ដែលព្រះតថាគតធ្វើនោះ មិនមានឡើយ ។

[២១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាសនិរាស បាត់មុខយូរហើយផង ជាអ្នករាប់អានមាតា ព្រមទាំងកូនផង រាប់អាននូវកូន ព្រមទាំងមាតាផង រាប់អានបិតាព្រមទាំងកូនផង រាប់អានកូន ព្រមទាំងបិតាផង រាប់អានបិតា ព្រមទាំងបងប្អូនប្រុស រាប់អានបងប្អូនប្រុស ព្រមទាំងបងប្អូនស្រីផង រាប់អានបងប្អូនស្រី ព្រមទាំងបងប្អូនប្រុសផង ហើយជាអ្នកត្រេកអរក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង ។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់ឲ្យកំបាំង ដោយសម្ពត់ ឋិតនៅក្នុងស្រោម (ដូចជាអង្គជាតនៃដំរី) ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះមានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អង់អាច អាចញាំញីនូវសេនារបស់ស្តេចដទៃបាន កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះ ចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អស់អាច អាចញាំញីនូវសេនារបស់ស្តេចឯទៀតបាន កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងកម្មជាដើមនោះថា

[២២] ក្នុងកាលពីមុន ភពពីមុន ជាតិពីមុន ព្រះតថាគត រាប់អាននូវញាតិ មិត្ត និងសំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាស និរាសបាត់មុខអស់កាលយូរហើយផង ជាអ្នកត្រេកអរក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង ។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់ឋានសួគ៌ សោយសេចក្តីសុខ សេចក្តីសម្រាន្ត នឹងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវគុយ្ហប្រទេស ដ៏កំបាំងនៅក្នុងស្រោម ដែលគេត្រូវបិទបាំង ដោយសម្ពត់ ។ បុគ្គលដែលមានលក្ខណៈបែបនោះ រមែងមានកូនច្រើន ឯកូនដែលកើតអំពីខ្លួន ជាច្រើនពាន់ (នោះ) សុទ្ធសឹងជាអ្នកក្លៀវក្លា អង់អាច អាចញាំញីនូវពួកសត្រូវបាន កាលបើព្រះតថាគត នៅជាគ្រហស្ថ ក៏គង់ញុំាងបីតិ ឲ្យកើតឡើងបាន ព្រោះតែពោលពាក្យគួរស្រឡាញ់ ។ កាលបើព្រះតថាគត ចេញទៅទ្រង់ព្រះផ្នួស ក៏មានកូនច្រើនជាងនោះទៅទៀត ឯកូនទាំងនោះ សុទ្ធតែជាអ្នកជឿស្តាប់ពាក្យ (របស់ព្រះតថាគត) ទោះព្រះតថាគត នៅជាគ្រហស្ថ ឬទៅជាបព្វជិត មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ ។

[២៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងភពមុន ជាអ្នកបានពិចារណា នូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ [ពាក្យថា ស្គាល់ស្មើនោះ គឺស្គាល់ថា ជននេះមានគុណស្មើនឹងជននោះ ហើយស្រុះស្រួលទទួលបុរសនោះ តាមវិធីដែលត្រូវទទួល ។ ដីកា ។] គឺស្គាល់ថា អ្នកនេះ ស្មើនឹងអ្នកនោះ ស្គាល់ដោយខ្លួនឯង [ពាក្យថា ស្គាល់ដោយខ្លួនឯង គឺស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ ។] ស្គាល់បុរស [ពាក្យថា ស្គាល់បុរសនោះ គឺស្គាល់ពិតប្រាកដថា បុរសនេះជាន់ខ្ពស់ បុរសនេះជាន់កណ្តាល បុរសនេះជាន់ទាប ។ ដីកា] ស្គាល់គុណវិសេសរបស់បុរសថា បុរសនេះគួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ បុរសនេះ គួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ (លុះស្គាល់ដូច្នោះហើយ) ក៏បានធ្វើនូវប្រយោជន៍ប្លែកៗគ្នា តម្រូវទៅតាមគុណវិសេស របស់បុរសជាន់នោះៗ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានបរិមណ្ឌល (នៃកាយ) ដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ អាចស្ទាបពាល់ជង្គង់ ដោយដៃទាំងពីរបាន១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសច្រើន មានគ្រឿងឧបករណ៍ដែលធ្វើចិត្តឲ្យរីករាយច្រើន មានធញ្ញាហារជាទ្រព្យធ្វើ មានឃ្លាំងដ៏ពេញប្រៀប កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ទ្រព្យរបស់តថាគតទាំងនេះ គឺសទ្ធាធនំ (ទ្រព្យពោលគឺ ការជឿ)១ សីលធនំ (ទ្រព្យគឺ ការសង្រួមកាយវាចាឲ្យរៀបរយ)១ ហិរិធនំ (ទ្រព្យគឺ សេចក្តីខ្មាសបាប)១ ឱត្តប្បធនំ (ទ្រព្យគឺ សេចក្តីក្តៅក្រហាយនឹងបាប)១ សុតធនំ (ទ្រព្យ គឺការស្តាប់)១ ចាគធនំ (ទ្រព្យគឺការលះ)១ បញ្ញាធនំ (ទ្រព្យគឺកិរិយាដឹងសព្វ)១ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២៤] ព្រះតថាគត បានលៃលក ពិចារណា គិតហើយទើបសំឡឹងមើល នូវការសង្គ្រោះមហាជនដោយស្មោះស្មើ ជាអ្នកបានធ្វើនូវគ្រឿងសក្ការៈ តម្រូវតាមគុណវិសេស របស់បុរសនោះៗ ក្នុងកាលមុនថា បុរសនេះ គួរបាននូវទាន និងគ្រឿងសក្ការៈនេះ ។ ព្រះតថាគត ជាបុគ្គលមានកាយស្មើ កាលបើឈរ មិនបាច់ឱនខ្លួនចុះ អាចស្ទាបជង្គង់ដោយដៃទាំងពីរបាន មានបរិមណ្ឌល (នៃកាយ) ដូចបរិមណ្ឌលនៃដើមជ្រៃ ដែលដុះឡើងអំពីផែនដី ព្រោះសេសសល់វិបាកនៃអំពើសុចរិត (នោះឯង) ។ ពួកមនុស្ស ដែលមានប្រាជ្ញាល្អិតជ្រាលជ្រៅ ដឹងនូវលក្ខណៈនៃនិមិត្តផ្សេងៗជាច្រើន នាំគ្នាទាយថា ព្រះរាជកុមារកំឡោះក្មេងនេះ នឹងបាននូវរបស់ដ៏សមគួរ ដល់គ្រហស្ថច្រើនប្រការផង ជាអ្នកមានភោគសម្បត្តិ ដែលគួរប្រាថ្នារបស់ស្តេច និងសមគួរដល់ពួកគ្រហស្ថ ក្នុងលោកនេះជាច្រើនផង បើព្រះរាជកុមារនេះ លះបង់នូវកាមភោគៈទាំងអស់ (ហើយចេញទៅទ្រង់ព្រះផ្នួស) នឹងបានទ្រព្យដ៏ខ្ពស់ខ្ពស់ថ្លៃថ្លា រកទ្រព្យឯទៀតឲ្យលើសលុបជាងមិនមានឡើយ ។

[២៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច ជនទាំងនេះនឹងបានចម្រើនដោយសទ្ធា ចម្រើនដោយសីល ចម្រើនដោយសុតៈ ចម្រើនដោយវុឌ្ឍិ ចម្រើនដោយចាគៈ ចម្រើនដោយលោកិយធម៌ ចម្រើនដោយប្រាជ្ញា ចម្រើនដោយទ្រព្យ និងធញ្ញាហារ ចម្រើនដោយស្រែ និងចំការ ចម្រើនដោយសត្វជើងពីរ និងសត្វជើង៤ ចម្រើនដោយកូន និងប្រពន្ធ ចម្រើនដោយពួកបុរស ជាទាសៈ និងកម្មករ ចម្រើនដោយពួកញាតិ ចម្រើនដោយពួកមិត្ត ចម្រើនដោយពួកផៅពង្ស ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំង៣នេះ គឺមានចំណែកកន្លះកាយខាងលើស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផត ខូងត្រង់កណ្តាល១ មាន ក មូលសម១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនសាបសូន្យជាធម្មតា គឺមិនសាបសូន្យចាកទ្រព្យ និងធញ្ញាហារ ស្រែចំការ សត្វជើង២ និងសត្វជើង៤ កូនប្រពន្ធ ពួកបុរសជាទាសៈ និងកម្មករ ពួកញាតិ មិត្ត និងផៅពង្ស មិនបានសាបសូន្យចាកសម្បត្តិទាំងពួងឡើយ កាលបើបានជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនសាបសូន្យជាធម្មតា គឺមិនសាបសូន្យចាកសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា ទាំងមិនសាបសូន្យចាកសម្បត្តិទាំងពួងឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២៦] ព្រះតថាគត តែងប្រាថ្នា និងប៉ុនប៉ងនូវសេចក្តីមាំមួន និងសេចក្តីបរិបូណ៌ដល់ជនដទៃថា ធ្វើដូចម្តេច កុំឲ្យជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ សុតៈ បញ្ញា ចាគៈ និងលោកិយធម៌ និងគុណ គឺសេចក្តីល្អច្រើនប្រការ នឹងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធ (សត្វជើងពីរ) សត្វជើង៤ ញាតិ មិត្ត ផៅពង្ស និង​កម្លាំង​ ពណ៌សម្បុរកាយ និងសុខទាំងពីរប្រការ ។ ព្រះតថាគត ជាបុគ្គលមានចំណែកកន្លះកាយខាងលើ ស្រដៀងគ្នានឹងចំណែកកន្លះកាយ នៃរាជសីហ៍ មានទ្រង់ទ្រាយល្អ១ មាន-ក-មូលក្លំ១ មានខ្នងពេញស្មើ ឥតមានផតខូង ត្រង់កណ្តាល១ ព្រោះកម្មដែលតថាគតបានសន្សំ កសាងពីជាតិមុនមក ទើបមិនបានសាបសូន្យ បុព្វនិមិត្តរបស់ព្រះតថាគតនោះ មិនបានសាបសូន្យឡើយ ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងចម្រើនដោយធញ្ញាហារ ទ្រព្យ កូន ប្រពន្ធ (សត្វជើង២) និងសត្វជើង៤ (បើ) ព្រះតថាគត ឥតមានកង្វល់ ចេញទៅបួស ក៏បានសម្រេចសម្ពោធិញ្ញាណ រកគុណជាតឯទៀត ឲ្យក្រៃលែងជាងគ្មាន ជាធម៌មិនបានសាបសូន្យ ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយដៃ ឬដុំដី ឬក៏ដម្បង គ្រឿងសស្ត្រាវុធឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ នេះ គឺជាអ្នកមានប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ ឯប្រសាទសម្រាប់ទទួលរសអាហារ របស់ព្រះតថាគតនោះ មានចុង-ង-ឡើងលើ ប្រជុំស្រោបត្រង់ក សម្រាប់ទទួលរសអាហារ ជ្រួតជ្រាបផ្សព្វផ្សាយស្មោះស្មើគ្នា (សព្វសព៌ាង្គកាយ) ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរ មានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរមានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល ល្មមសមគួរ ដល់សេចក្តីព្យាយាម កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២៨] ព្រះតថាគត ជាអ្នកមិនបានបៀតបៀន មិនបានប្រទូស្តដល់ប្រជុំជន ដោយដៃ ឬដោយដម្បង និងដុំដី ឬក៏ដោយគ្រឿងសស្ត្រាវុធ ពុំនោះសោត ដោយការប្រើគេឲ្យសម្លាប់ និងបៀតបៀន ឬដោយកិរិយាចងក្រៀក និងការគម្រាមឡើយ ។ ព្រោះកម្មនោះឯង ទើបព្រះតថាកត លះលោកនេះទៅ ក៏រមែងរីករាយ ក្នុងឋានសួគ៌ បាននូវសេចក្តីសុខ ព្រោះធ្វើនូវអំពើដែលមានផលជាសុខ ប្រសាទសម្រាប់ទទួលរសអាហារ ជាទីត្រេកអរ (ណា) បាន​​តម្កល់​នៅស៊ប់ល្អហើយ លុះព្រះតថាគត មកកើតក្នុងមនុស្សលោកនេះ ក៏បាននូវប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហារ (នោះ) ។ ព្រោះហេតុនោះ បានជាអ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាដ៏ល្អិត នាំគ្នាទាយព្រះតថាគតនោះ ថា ជននេះ មុខជានឹងច្រើនទៅដោយសេចក្តីសុខ ទោះបីនៅជាគ្រហស្ថ ឬទៅជាបព្វជិត ក៏គង់មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ ។

[២៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹងមើលជនច្រើន ដោយចក្ខុគួរឲ្យស្រឡាញ់ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានភ្នែកខៀវស្រស់១ មានកែវភ្នែក ស្រដៀងនឹងកែវភ្នែកកូនគោ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកគួរឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទីគាប់ចិត្តរបស់ពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ ពួកសេនាមានអង្គ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ពួកស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងពួករាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកគួរឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទីគាប់ចិត្តរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣០] ព្រះតថាគត ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀងមើល ដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ ពិតពិលរមិលមើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹងមើលមហាជន ដោយចក្ខុគួរស្រឡាញ់ ។ ព្រះតថាគតនោះ បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយក្នុងសុគតិនោះ (លុះច្យុតចាកឋានសួគ៌) មកកើតក្នុងមនុស្សលោកនេះ បានជាអ្នកមានកែវភ្នែកស្រដៀងនឹងកែវភ្នែកកូនគោ១ ជាអ្នកមានភ្នែកខៀវស្រស់ គួរឲ្យរមិលមើល (ដោយចិត្តរាប់អាន)១ ។ មនុស្សទាំងឡាយ ជាអ្នកប្រកបក្នុងលក្ខណសាស្ត្រ មានប្រាជ្ញាដ៏ល្អិត ឈ្លាសវៃ ក្នុងបទ និងនិមិត្តដ៏ច្រើន និងជាអ្នកឈ្លាសវៃ ក្នុងការទាយនូវភ្នែកដែលដូចជាភ្នែកកូនគោ នាំគ្នាទាយព្រះតថាគតនោះ ថា ព្រះរាជកុមារនេះ គួរឲ្យពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់ ។ បើព្រះតថាគតនៅជាគ្រហស្ថ ជាបុគ្គលគួរឲ្យពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់ ជាទីរាប់អានរបស់ជនជាច្រើន នេះបើនៅជាគ្រហស្ថ បើទៅជាសមណៈវិញ ក៏គង់ជាទីស្រឡាញ់ និងជាអ្នកធ្វើសេចក្តីសោករបស់ជនច្រើនឲ្យវិនាសបាន ។

[៣១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាគទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើចំពោះសមណៈ វត្តដែលត្រូវធ្វើចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសីសៈ ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងមានជនច្រើននាក់ជាបរិពារ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាប្រកបដោយអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ ព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺមានជនច្រើននាក់ជាបរិពារ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣២] ព្រះតថាគត ជាចម្បង (របស់ជនច្រើន) ក្នុងសុចរិតធម៌ទាំងឡាយ ជាអ្នកត្រេកអរក្នុងការប្រព្រឹត្តធម៌ មានជនច្រើននាក់ជាបរិពារ លុះព្រះតថាគតលះលោកនេះ ក៏បានទៅសោយផលនៃបុណ្យក្នុងឋានសួគ៌ ។ លុះព្រះតថាគត សោយផលសុចរិតនោះហើយ ច្យុតមកកើតក្នុងមនុស្សលោកនេះ ក៏បានជាអ្នកមានសីសៈ ហាក់ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់ ឯពួកមនុស្ស ជាអ្នកចេះចាំនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគតនេះ នឹងបានជាចម្បងរបស់ជនច្រើន ។ បណ្តាពួកមនុស្សក្នុងលោកនេះ នឹងមានមនុស្ស ជាអ្នកខ្វល់ខ្វាយបម្រើ (ព្រះតថាគតនេះជាច្រើន) សូម្បីកាលព្រះតថាគតនៅពីក្មេង ក្នុងកាលនោះឯង ក៏មានពួកមនុស្ស ទាយព្រះតថាគតនោះថា បើព្រះតថាគត ជាក្សត្រិយ៍ នៅគ្រប់គ្រងផែនដី នឹងបានពួកជនច្រើននាក់ ធ្វើការខ្វល់ខ្វាយបម្រើ ។ បើមនុស្សនោះ ចេញទៅបួស នឹងបានជាអ្នកស្ទាត់ជំនាញ ក្នុងធម៌ទាំងឡាយ ជនជាច្រើន តែងត្រេកអរ ក្នុងគុណ គឺការប្រៀនប្រដៅ របស់មនុស្សនោះ ជាអ្នកប្រព្រឹត្តតាម (ព្រះតថាគត) ។

[៣៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះហើយ ចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត បញ្ចេញតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរឲ្យគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានរោម ក្នុងរណ្តៅមួយៗតែមួយសរសៃៗ (រាល់រណ្តៅទាំងអស់)១ មានរោមប្រជុំចិញ្ចើម ដុះត្រង់ចន្លោះចិញ្ចើម មានពណ៌សក្បុស ទន់ល្វន់ ដូចជាសំឡី១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជនច្រើននាក់ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនា ប្រកបដោយអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែងប្រព្រឹត្តតាមអធ្យាស្រ័យ របស់តថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជនច្រើននាក់ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងប្រព្រឹត្តតាមអធ្យាស្រ័យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣៤] ក្នុងជាតិពីមុនៗ ព្រះតថាគតអ្នកកាន់ពាក្យសត្យ មានវាចាគួរជឿ វៀរចាកពាក្យមិនពិត ព្រះតថាគតនោះ ជាអ្នកមិនក្លែងពោលពាក្យមិនពិត ចំពោះជនណាមួយឡើយ និយាយតែពាក្យពិត ទៀងទាត់ ត្រឹមត្រូវ ។ ព្រះតថាគត មានរោមប្រជុំចិញ្ចើម សម្បុរសក្បុស ទន់ល្វន់ ដូចជាសំឡី ដុះត្រង់ចន្លោះចិញ្ចើម ក្នុងរណ្តៅរោមមួយៗ មិនដុះរោមពីរសរសៃឡើយ គឺព្រះតថាគត មានសរីរៈដុះរោមតែមួយសរសៃៗ ។ ពួកជនជាច្រើន ដែលជាអ្នកដឹងនូវលក្ខណៈ ឈ្លាសក្នុងការទាយនូវឧប្បាដ និងនិមិត្ត មកប្រជុំគ្នា ហើយទាយព្រះតថាគតនោះថា នឹងមានជនជាច្រើន ប្រព្រឹត្តទៅតាមអធ្យាស្រ័យ របស់តថាគត ដែលជាអ្នកមានរោមប្រជុំចិញ្ចើមប្រតិស្ឋានល្អហើយបែបនេះ ។ បើព្រះតថាគតនៅជាគ្រហស្ថ នឹងមានជនជាច្រើន ប្រព្រឹត្តតាមអធ្យាស្រ័យ ព្រោះកុសលកម្ម ដែលតថាគត បានធ្វើទុកមកពីកាលមុន ទោះបីព្រះតថាគតចេញទៅធ្វើជាបព្វជិត ឥតមានកង្វល់ នឹងបានត្រាស់ជាព្រះពុទ្ធដ៏ប្រសើរ នឹងមានជនប្រព្រឹត្តតាមអធ្យាស្រ័យដូចគ្នា ។

[៣៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត វៀរស្រឡះហើយចាកវាចាស៊កសៀត ជាអ្នកឮពាក្យអំពីជនឯនេះ មិននាំទៅប្រាប់ជនឯនោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ឬបានឮពាក្យអំពីជនឯនោះ មិននាំមកប្រាប់ជនឯនេះ ដើម្បីបំបែកជនឯនោះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបម្រុងនូវពួកជន ដែលព្រមព្រៀងគ្នា ជាអ្នករីករាយនឹងការព្រមព្រៀង ត្រេកអរនឹងការព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា និងពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានធ្មេញ៤០គត់១ មានធ្មេញជិតស្និទ្ធល្អ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនបែកបាក់បរិស័ទ ឯបរិស័ទរបស់ស្តេច ដែលមិនបែកបាក់គ្នានោះ គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបាននូវរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងមានបរិស័ទមិនបែកបាក់គ្នា បរិស័ទរបស់ព្រះតថាគត ដែលមិនបែកបាក់គ្នានោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣៦] ព្រះតថាគតនោះ មិនបានពោលនូវពាក្យមិនពិត ពាក្យដែលបង្កហេតុឲ្យបែកបាក់ ចាកការព្រមព្រៀង ពាក្យដែលធ្វើសេចក្តីបែកបាក់គ្នា និងទាស់ទែងគ្នា ឲ្យចម្រើន ពាក្យដែលធ្វើជំលោះ និងអំពើមិនគួរ ឲ្យចម្រើន និងពាក្យដែលនាំឲ្យជនដែលមានបំណងព្រមព្រៀង ឲ្យបែកបាក់គ្នា ។ ព្រះតថាគត ពោលតែពាក្យល្អ ជាពាក្យធ្វើសេចក្តីមិនវិវាទ ឲ្យចម្រើន និងពាក្យផ្សះផ្សាជនដែលបែកបាក់គ្នាហើយ ព្រះតថាគត បន្ទោបង់នូវជំលោះរបស់ជន ទាំងធ្វើឲ្យព្រមព្រៀងគ្នា ព្រះតថាគត តែងរីករាយ ត្រេកអរ មួយអន្លើដោយសត្វទាំងឡាយ ព្រះតថាគត បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយក្នុងសុគតិនោះ លុះច្យុតចាកឋានសួគ៌ (មកកើត) ក្នុងមនុស្សលោកនេះ ក៏មានធ្មេញជិតស្និទ្ធ និងមានធ្មេញ៤០គត់ ប្រតិស្ឋានដោយល្អ នៅក្នុងមាត់ ។ បើព្រះតថាគតនៅ (គ្រប់គ្រងគេហដ្ឋាន) នឹងបានជាក្សត្រិយ៍ គ្រប់គ្រងផែនដី មានបរិស័ទមិនបែកបាក់គ្នាឡើយ ទោះបីជាសមណៈ ក៏ជាអ្នកឥតមានធូលី ឥតមានមន្ទិល គឺរាគាទិក្កិលេសឡើយ ជាអ្នកមានបរិស័ទ តាមចោមរោម មិនញាប់ញ័រឡើយ ។

[៣៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវផរុសវាចា វៀរស្រឡះហើយ ចាកផរុសវាចា ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរឲ្យស្រឡាញ់ គួរឲ្យតាំងទុកក្នុងហឫទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាងនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានអណ្តាតវែង១ មានសូរសព្ទសំឡេងក្រាងក្រអៅ ដូចជាសំឡេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឮពីរោះ ដូចជាសំឡេងសត្វករវិក១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានវាចាគួរឲ្យអ្នកផងកាន់តាម គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែងកាន់តាមពាក្យ របស់ព្រះតថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានវាចា គួរឲ្យអ្នកផងកាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់តាមពាក្យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣៨] ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង ដែលជាពាក្យជេរ ជាពាក្យបង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជាគ្រឿងមើលងាយ នូវជនច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់ ប្រកបដោយប្រយោជន៍ ។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់ ពេញចិត្ត គួរ​​តម្កល់​ទុកក្នុងហឫទ័យ នាំមកនូវសេចក្តីសុខ ដល់ត្រចៀក (របស់មនុស្សដែលបានស្តាប់) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយផលនៃអំពើសុចរិត លុះព្រះតថាគត ច្យុតមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវភាពជាអ្នកមានសំឡេងដូចសំឡេងព្រហ្ម អណ្តាតរបស់ព្រះតថាគតនោះ ធំទូលាយ ព្រះតថាគត មានពាក្យដែលគួរឲ្យអ្នកផងកាន់តាម សូម្បីកាលព្រះតថាគត នៅជាគ្រហស្ថ និយាយយ៉ាងណាទៅហើយ ក៏តែងនាំឲ្យសម្រេចប្រយោជន៍ យ៉ាងនោះ បើព្រះតថាគត នោះ ជាមនុស្សចេញទៅបួស ក៏មានពួកជនជឿកាន់តាមពាក្យ របស់ព្រះតថាគតនោះ ដែលជាអ្នកពោលនូវពាក្យល្អច្រើន ។

[៣៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកលះបង់នូវសម្ផប្បលាបៈ (ពាក្យរោយរាយ) វៀរស្រឡះហើយចាកសម្ផប្បលាបៈ ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុ ពោលពាក្យប្រកបដោយផល ពោលពាក្យទូន្មាន ពោលពាក្យដែលគួរឲ្យអ្នកផង តម្កល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ ត្រូវតាមកាល ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្ម ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានចង្កា មានសណ្ឋានដូចជាចង្កានៃរាជសីហ៍ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នក ដែលមនុស្សជាសឹកសត្រូវបច្ចាមិត្តនីមួយ មិនអាចកំចាត់បង់បានឡើយ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នក ដែលសត្រូវបច្ចាមិត្ត ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក មិនអាចធ្វើព្រះតថាគត ឲ្យឃ្លាត (ចាកគុណ ឬទី) បានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤០] ព្រះតថាគត មិនពោលពាក្យឥតប្រយោជន៍ មិនពោលពាក្យរាយមាយ ជាអ្នកមានគន្លងនៃពាក្យមិនរោយរាយ ព្រះតថាគត តែងបន្ទោបង់នូវពាក្យ ដែលឥតប្រយោជន៍ផង ពោលតែពាក្យមានប្រយោជន៍ ដែលជាពាក្យនាំមកនូវសេចក្តីសុខដល់ជនច្រើនផង ។ ព្រះតថាគត ធ្វើនូវកុសលកម្មនោះហើយ លុះច្យុតចាកមនុស្សលោកនេះ បានទៅកើតក្នុងឋានសួគ៌ បានសោយនូវផលវិបាករបស់កម្មដែលធ្វើល្អ លុះច្យុត (ចាកឋានសួគ៌) នោះ មកកាន់អត្តភាពជាមនុស្សនេះវិញ ក៏បាននូវភាពជាអ្នកមានចង្កា ដូចចង្កាសីហៈ ដែលជាសត្វប្រសើរ ជាងពួកសត្វជើង៤ ។ ព្រះតថាគត ជាស្តេចកំពូលនៃមនុស្ស ជាធំជាងមនុស្ស មានអានុភាពច្រើន ទោះបីអ្នកណាៗ ក៏មិនអាចញាំញីបានឡើយ ព្រះតថាគត ស្មើដោយព្រះឥន្ទ្រដែលប្រសើរ ក្នុងភពឈ្មោះតាវត្តិង្ស ទាំងក្លៀវក្លាប្រសើរក្រៃលែង ដូចជាព្រះឥន្ទ្រាធិរាជដូច្នោះឯង ។ ព្រះតថាគត ជាអ្នកមានអត្តភាពដូច្នោះ ទោះបីគន្ធព្វ អសុរ សក្កទេវរាជ រក្ខទេពទាំងឡាយ ដែលក្លៀវក្លា ក៏មិនអាចញាំញីបាន បើអ្នកណាមានលក្ខណៈ ដូចជាព្រះតថាគតនោះ ក្នុងលោកនេះ នឹងបានជាធំក្នុងទិស គឺទិសតូច និងទិសធំ ។

[៤១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ជាអ្នកវៀរចាកការបញ្ឆោត ឬបន្លំ ដោយជញ្ជីង បញ្ឆោត ដោយមាស បញ្ឆោតដោយរង្វាល់រង្វាស់ បង្ខុសបំភាន់ បញ្ឆោតបោកប្រាស និងបន្លំ ដោយរបស់ប្លម វៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាងកុសលកម្មនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ ទេវលោក ។ ព្រះតថាគតនោះ គ្របសង្កត់នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ១០ប្រការ គឺអាយុទិព្យ១ សម្បុរទិព្យ១ យសទិព្យ១ សុខទិព្យ១ អធិបតីទិព្យ១ រូបទិព្យ១ សំឡេងទិព្យ១ ក្លិនទិព្យ១ ផ្សព្វទិព្យ១ ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងឡាយពីរនេះ គឺជាអ្នកមានធ្មេញជិតស្និទ្ធល្អ១ មានចង្កូម (ទាំង៤) សស្អាត១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ មានជ័យជំនះ ផ្សាយរាជអំណាច រហូតដល់ផែនដី ដែលមានសមុទ្រទាំង៤ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាពជាអ្នកមាំមួន ក្នុងជនបទ ប្រកបដោយរតន៍៧ប្រការ ។ រតន៍៧ប្រការនេះ របស់ស្តេចនោះ គឺ ចក្ករតន៍១ ហត្ថិរតន៍១ អស្សរតន៍១ មណិរតន៍១ ឥត្ថីរតន៍១ គហបតិរតន៍១ បរិនាយរតន៍១ រួមត្រូវជា៧ប្រការ ។ បុត្ររបស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកក្លៀវក្លា អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ទ្រង់ប្រាបប្រាមគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភ មំាមួនក្សេមក្សាន្ត ឥតមានឧបទ្រព្យ ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងសស្ត្រាវុធឡើយ កាលបើនៅជាស្តេច នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាតរបស់ស្តេចចក្រពត្តិនោះ គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង បើព្រះតថាគត ចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក (នេះ) មានដម្បូល គឺរាគាទិក្កិលេស បើកចេញហើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាត របស់ព្រះតថាគតនោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤២] ព្រះតថាគតនោះ បានលះបង់ការចិញ្ចឹមជីវិតខុស បានបំពេញសេចក្តីប្រព្រឹត្តដោយស្អាតល្អ ជាធម៌ដ៏ស្មោះស្មើផង បានកំចាត់បង់នូវកម្ម ដែលឥតប្រយោជន៍ផង ប្រព្រឹត្តនូវកម្មដែលមានប្រយោជន៍ ទាំងនាំមកនូវសេចក្តីសុខ ដល់ជនច្រើនផង ។ ព្រះតថាគត ជានរជន បានធ្វើនូវអំពើមានផលដ៏ល្អ ដែលពួកសប្បុរជាអ្នកប្រាជ្ញ មានប្រាជ្ញាល្អិត តែងសរសើរ ហើយទើបសោយនូវសេចក្តីសុខ ក្នុងឋានសួគ៌ ព្រះតថាគត ជាអ្នកស្មើដោយសក្កទេវរាជ ដែលជាកំពូលនៃទេវតា ក្នុងភពឈ្មោះតាវត្តិង្ស តែងត្រេកអរ និងមូលមិត្រ ដោយសេចក្តីរីករាយ និងសេចក្តីសុខសម្រាន្ត ។ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ បានមកកើតជាមនុស្សនេះ ម្តងទៀត ក៏បាននូវធ្មេញរាបស្មើល្អផង នូវចង្កូម (ទាំង៤) ស្អាតល្អផង ព្រោះសេសនៃផលវិបាក របស់កម្មដែលបានធ្វើល្អហើយ ។ ពួកមនុស្សជាច្រើន ជាអ្នកដឹងនូវលក្ខណៈ ដែលសន្មតថាជាអ្នកមានប្រាជ្ញាល្អិត មកប្រជុំគ្នាទាយព្រះតថាគតនោះថា ព្រះតថាគត ដែលមានព្រះទន្តស្មើ សស្អាតល្អ រមែងមានពួកជនស្អាតជាបរិវារ ។ បើព្រះតថាគត នៅសោយរាជ្យ នឹងបានជនច្រើន ជាបរិវារស្អាតល្អ ព្រះតថាគត ប្រៀនប្រដៅនូវមនុស្ស លើផែនដីធំនេះ គ្របសង្កត់សង្កិន មិនឲ្យមានគ្រឿងចាក់ដោតដល់ជនបទឡើយ ព្រះតថាគត ប្រព្រឹត្តនូវអំពើជាប្រយោជន៍ ទាំងសេចក្តីសុខដល់ជនច្រើន បើព្រះតថាគត ចេញទៅបួស រមែងជាអ្នកបន្សាត់បង់នូវបាប ជាអ្នកស្ងប់រម្ងាប់ មានធូលី គឺរាគាទិក្កិលេសស្ងប់រម្ងាប់ហើយ មានកិលេស ដូចជាដម្បូល បើកចេញហើយ ជាអ្នកប្រាសចាកសេចក្តីក្រវល់ក្រវាយ និងសេចក្តីលំបាកកាយ តែងឃើញនូវលោកនេះ និងលោកខាងមុខ ។ ពួកគ្រហស្ថ និងបព្វជិតជាច្រើន ដែលជាអ្នកធ្វើតាមឱវាទ របស់ព្រះតថាគតនោះ តែងជាអ្នកប្រាសចាកសេចក្តីសៅហ្មង ព្រោះថា ព្រះតថាគត ដែលមានបាប បន្សាត់ចោលហើយនោះ រមែងមានតែពួកមនុស្សស្អាតល្អ ដែលជាអ្នកកំចាត់បង់នូវមន្ទិល និងដង្គត់ គឺរាគាទិក្កិលេស នូវកំហុស គឺទោស និងកិលេសទាំងពួង មកចោមរោមជុំវិញ ។

លុះព្រះមានព្រះភាគ បានសំដែងលក្ខណសូត្រនេះចប់ហើយ ។ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ។

ចប់ លក្ខណសូត្រ ទី៧ ។

សិង្គាលកសូត្រ ទី៨កែប្រែ

[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង កូនគហបតីឈ្មោះសិង្គាលកៈ [ហៅថា សិគាលកៈ ក៏មាន ដូចគ្នានឹងពាក្យថា មហឹសៈ និងមហិសៈ សិរឹសបៈ នឹងសិរិសបៈជាដើម ឃើញថាហៅថាដូចគ្នាទាំងពីរយ៉ាង ។] ក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ ។

[៤៤] លំដាប់នោះឯង ព្រះមានព្រះភាគ ស្តេចទ្រង់ស្បង់ និងបាត្រចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត្រ ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញសិង្គាលកគហបតិបុត្ត ក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ កំពុងផ្គងអញ្ជលី ថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ លុះទ្រង់ឃើញហើយ ទើបទ្រង់ត្រាស់សួរសិង្គាលកគហបតិបុត្ត ដូច្នេះថា នែគហបតិបុត្ត ហេតុអ្វី ទើបអ្នកក្រោកអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទាំងឡាយច្រើន គឺទិសខាងកើត ។បេ។ ទិសខាងលើ ។ សិង្គាលកគហបតិបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលបិតារបស់ខ្ញុំជិតនឹងធ្វើមរណភាព បានផ្តាំនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ហៃបា អ្នកត្រូវតែថ្វាយបង្គំទិសទាំងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ ធ្វើសក្ការៈគោរព រាប់អាន បូជា នូវពាក្យរបស់បិតា បានជាក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលី ថ្វាយបង្គំទិសទាំងឡាយដ៏ច្រើន គឺទិសខាងកើត ។បេ។ ទិសខាងលើ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែគហបតិបុត្ត ក្នុងវិន័យរបស់ព្រះអរិយៈ គេមិនត្រូវថ្វាយបង្គំទិសទាំង៦យ៉ាង ដូច្នេះទេ ។ សិង្គាលកគហបតិបុត្ត ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចំណែកក្នុងអរិយវិន័យ គេគប្បីថ្វាយបង្គំទិសទាំង៦ ដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន បើក្នុងវិន័យរបស់ព្រះអរិយៈ គេគប្បីថ្វាយបង្គំ ចំពោះទិសទាំង៦យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គដូច្នោះចុះ ។

[៤៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែគហបតិបុត្ត បើដូច្នោះ អ្នកចូរស្តាប់ចុះ ចូរកំណត់ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់ ។ សិង្គាលកគហបតិបុត្ត ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតិបុត្ត អរិយសាវ័ក លះបង់នូវកម្មក្កិលេស (អំពើដ៏សៅហ្មង) ៤ប្រការផង មិនធ្វើនូវបាបកម្ម (អំពើអាក្រក់) ព្រោះហេតុ ៤យ៉ាងផង មិនសេពនូវអបាយមុខ (គឺប្រធាននៃសេចក្តីវិនាស) នៃភោគៈ៦យ៉ាងផង អរិយសាវ័កនោះ លោកវៀរចាកបាបធម៌ទាំង១៤យ៉ាងនេះ ឈ្មោះថា ជាអ្នកបិទបាំងទិសទាំង៦ ប្រតិបត្តិដើម្បីជំនះក្នុងលោកទាំងពីរ គឺលោកនេះ ក៏អរិយសាវ័កនោះ បានប្រារព្ធ គឺថាបានពេញចិត្តហើយ លោកខាងមុខក៏ពេញចិត្តទៀត ។ លុះអរិយសាវ័កនោះ ទម្លាយរាងកាយទៅ រមែងកើតក្នុងមនុស្សសុគតិសួគ៌ទេវលោក ។ កម្មក្កិលេស៤ ប្រការ ដែលអរិយសាវ័កនោះ លះបង់ហើយដូចម្តេច ។ ម្នាលគហបតិបុត្ត ការធ្វើសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង (សម្លាប់សត្វ) ជា កម្មក្កិលេស ១ ការកាន់យកទ្រព្យ ដែលម្ចាស់គេមិនឲ្យ ជាកម្មក្កិលេស ១ ការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ជាកម្មក្កិលេស ១ ការនិយាយពាក្យកុហក ជាកម្មក្កិលេស ១ កម្មក្កិលេស ៤ ប្រការនេះ ដែលអរិយសាវ័កនោះ បានលះបង់ហើយ ។ ព្រះមានព្រះភាគ បានសំដែងពាក្យនេះហើយ ព្រះសុគតជាសាស្តា លុះទ្រង់សំដែងពាក្យនេះហើយ ទើបសំដែងគាថាព័ន្ធនេះ តទៅទៀតថា

[៤៦] ការសម្លាប់សត្វ ១ លួចទ្រព្យគេ ១ និយាយកុហក ១ សេពភរិយាបុគ្គលដទៃ ១ ហៅថា ( កម្មក្កិលេស ) បណ្ឌិតទាំងឡាយ មិនសរសើរឡើយ ។

[៤៧] អរិយសាវ័កមិនធ្វើនូវបាបកម្ម ព្រោះហេតុ៤យ៉ាង ដូចម្តេចខ្លះ បុថុជ្ជន លុះអគតិព្រោះស្រឡាញ់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះស្អប់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះល្ងង់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះខ្លាច ក៏ធ្វើបាបកម្ម ។ ម្នាលគហបតិបុត្ត អរិយសាវ័ក មិនលុះអគតិព្រោះស្រឡាញ់ មិនលុះអគតិព្រោះស្អប់ មិនលុះអគតិព្រោះល្ងង់ មិនលុះអគតិព្រោះខ្លាច ព្រោះហេតុទាំង៤ណា ។ អរិយសាវ័កនោះ ឈ្មោះថា មិនធ្វើបាបកម្ម ព្រោះហេតុ៤យ៉ាងនេះ ។ ព្រះមានព្រះភាគ បានសំដែងពាក្យនេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់សំដែងពាក្យនេះហើយ ទើបសំដែងគាថាព័ន្ធនេះ តទៅទៀតថា

[៤៨] អ្នកណា ប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះ រមែងសាបសូន្យទៅ ដូចព្រះចន្ទខាងរនោច ។ អ្នកណាមិនប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះ រមែងពេញបរិបូណ៌ ដូចព្រះចន្ទខាងខ្នើត ។

[៤៩] អរិយសាវ័ក មិនសេពនូវធម៌ ជាប្រធាននៃសេចក្តីវិនាសភោគ៦យ៉ាង ដូចម្តេចខ្លះ ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ បានប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាសភោគ ១ ការដើរមើលមហោស្រពជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាន នៃសេចក្តីវិនាសភោគៈ ១ ការសេពនូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកបរឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ។

[៥០] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន៦យ៉ាង គឺវិនាសទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនាំឲ្យកើតរោគទាំងឡាយ ១ ការនាំឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុជាគម្រប់ ៦ គឺធ្វើបញ្ញាឲ្យមាន​កម្លាំង​ថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទមាន៦យ៉ាងនេះឯង ។

[៥១] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រកល្ហកខុសកាលនេះមាន៦យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាខ្លួន១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាកូនប្រពន្ធ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនរក្សាទ្រព្យសម្បត្តិ១ សេចក្តីរង្កៀស តែងកើតមានក្នុងកន្លែង (ដែលខ្លួនទៅដល់) នោះៗ១ ពាក្យមិនពិត តែងធ្លាក់មកត្រូវលើបុគ្គលនោះ[រមែងត្រូវគេចោទបង្កាច់ ក្នុងអំពើដែលខ្លួនមិនបានធ្វើសោះ ព្រោះជាន់ដានចោរ ។]១ ។ បុគ្គលនោះឈ្មោះថា បំពេញនូវធម៌ទុក្ខច្រើន១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវកិរិយាត្រាច់ទៅ តាមច្រកល្ហកខុសកាល មាន៦យ៉ាងនេះឯង ។

[៥២] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែង មហោស្រពនេះ៦យ៉ាង គឺរបាំក្នុងទីណា ក៏ទៅក្នុងទីនោះ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ១ ការប្រគំក្នុងទីណា ក៏ទៅក្នុងទីនោះ១ គេប្រជុំនិយាយរឿងព្រេង ឥតប្រយោជន៍ (មានរឿងចម្បាំងនៃមហាភារតៈ និងរឿងនាងសិតាជាដើម) ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយគង [បើតាមព្យញ្ជនៈ គួរប្រែថា ល្បែងលេងទះទៃ គឺច្រៀប្របកៃ ។] ក្នុងទីណា ក៏ទៅក្នុងទីនោះ១ ល្បែងវាយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែង មហោស្រព មាន៦យ៉ាងនេះឯង ។

[៥៣] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំង នៃសេចក្តីប្រមាទនេះ មាន៦យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ១ បើចាញ់គេ តែងសោកស្តាយទ្រព្យសម្បត្តិ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែង ទាន់ភ្នែក១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿស្តាប់ពាក្យ១ ពួកមិត្តអាមាត្យ តែងបោះបង់ចោល១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹង ឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលេងល្បែងភ្នាល់ មិនអាចចិញ្ចឹមប្រពន្ធបានទេ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ មាន៦យ៉ាងនេះឯង ។

[៥៤] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់ នូវបាបមិត្តនេះ មាន៦យ៉ាង គឺពួកជនដែលជាអ្នកលេងល្បែងភ្នាល់១ ជនដែលជាអ្នកលេង[អ្នកលេង មាន៤យ៉ាង គឺអ្នកលេងស្រី១ អ្នកលេងភត្ត១ អ្នកលេងផឹកស្រា១ អ្នកលេងមើមឈើ មានស៊ីមើមដំឡូងជាដើម១ ។] ស្រី១ ជនដែលជាអ្នកលេងផឹកសុរា១ ជនដែលជាអ្នកបោកប្រាស បញ្ឆោតអ្នកដទៃ ដោយរបស់ក្លែង១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ១ ជនដែលជាអ្នកឆក់ដណ្តើមទ្រព្យអ្នកដទៃ១ ជនទាំងនោះ ជាមិត្ត ជាសំឡាញ់ របស់ជននោះ ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្ត មាន៦យ៉ាងនេះឯង ។

[៥៥] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលនេះ មាន៦យ៉ាង គឺមិនធ្វើការងារដោយអាងថា ត្រជាក់ណាស់១ មិនធ្វើការងារ ដោយអាងថាក្តៅណាស់១ មិនធ្វើការងារ ដោយអាងថាល្ងាចណាស់១ មិនធ្វើការងារ ដោយអាងថាព្រឹកណាស់១ មិនធ្វើការងារ ដោយអាងថាឃ្លានណាស់១ មិនធ្វើការងារ ដោយអាងថាស្រេកណាស់១ កាលបើជនអ្នកខ្ជិលច្រអូសនោះ ច្រើនដោយការពោលអាងកិច្ចយ៉ាងនេះ ភោគទាំងឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវសេចក្តីរេចរឹលទៅវិញផង ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិល មាន៦យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសំដែងធម៌នេះហើយ ព្រះសុគត ជាសាស្តា លុះសំដែងធម៌នេះហើយ ទ្រង់សំដែងគាថាព័ន្ធនេះ តទៅទៀតថា

[៥៦] បុគ្គលខ្លះ ជាមិត្តសំឡាញ់ បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាញ់ៗ តែនៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាញ់បុគ្គលនោះ មកជាសំឡាញ់នឹងខ្លួនក៏មាន ។ កិរិយាដេកដល់ថ្ងៃ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ១ ភាវៈជាអ្នកមានពៀរច្រើន១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍១ បាបមិត្ត១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នុ៎ះ រមែងបំផ្លាញបុរស (ឲ្យវិនាស) ។ នរជន ដែលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាសចាកលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា១ របាំ និងចម្រៀង១ ការដេកថ្ងៃ១ ការឲ្យគេបំរើខ្លួន ក្នុងកាលមិនគួរ១ ពួកមិត្តអាក្រក់១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ១ ហេតុទាំង៦នេះ តែងបំផ្លាញបុរសឲ្យវិនាស ។ ពួកជនលេងល្បែងភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រី ដែលស្មើដោយជីវិតរបស់បុរសដទៃ សេពគប់នឹងបុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់នឹងបុគ្គល ដែលមានសេចក្តីចម្រើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះឯង តែងសាបសូន្យ ដូចព្រះចន្ទខាងរនោច ។ ជនដែលជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥតមានកង្វល់ ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាកសេចក្តីចម្រើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះទៅក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរ ដល់ខ្លួនដោយឆាប់ ។ បុគ្គលដេកក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេងល្បែង មិនអាចនឹងគ្រប់គ្រងផ្ទះសម្បែងបាន ។ ប្រយោជន៍ទាំងឡាយ តែងកន្លងហួសមនុស្សដែលលះបង់ចោលនូវការងារ ដោយពោលអាងថា វេលានេះ ត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់ ។ ជនណាមួយ ធ្វើនូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់ និងក្តៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ រមែងមិនសាបសូន្យចាកសេចក្តីសុខឡើយ ។

[៥៧] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្ស ដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម៤ពួកនេះគឺ អ្នកត្រូវស្គាល់ពួកមនុស្ស ដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់ពួកមនុស្ស ល្អតែសំដីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្តថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ អ្នកត្រូវស្គាល់មនុស្ស ជាសំឡាញ់ ក្នុងការវិនាសភោគៈទាំងឡាយថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម១ ។

[៥៨] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម (នោះ) អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺមិត្តគិតយកតែប្រយោជន៍ខ្លួន១ មិត្តប្រាថ្នាយករបស់ច្រើន ដោយ(ឲ្យ)របស់តិចតួច១ ទាល់តែមានភ័យ ទើបជួយធ្វើកិច្ចរបស់មិត្ត១ សេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍១ ។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង ។

[៥៩] ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤ គឺមិត្តទទួលរាក់ទាក់ដោយរបស់ដែលកន្លងហើយ១ ទទួលរាក់ទាក់ដោយរបស់ដែលមិនទាន់មានមក១ សង្គ្រោះដោយអំពើឥតប្រយោជន៍ ១ កាលកិច្ចទាំងឡាយ កើតឡើងភ្លាមៗ ក៏សំដែងអាងរបស់ខូចខាត [ពឹងការអ្វីមិនបាន បើត្រូវពឹងរកអ្វីៗ ក៏ប្រាប់ថារបស់នោះ ខូចនេះ បាត់នោះជាដើម ។]១ ម្នាលគហបតិបុត្ត មិត្តល្អតែសំដី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង ។

[៦០] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺបើមិត្តធ្វើអំពើអាក្រក់ ក៏យល់ព្រមតាម១ មិត្តធ្វើអំពើល្អ ក៏យល់ព្រមតាម១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ១ ។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង ។

[៦១] ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាង គឺជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ១ ជាសំឡាញ់ក្នុងការប្រកបរឿយៗ នូវការត្រាច់ទៅតាមច្រកល្ហក ខុសកាល១ ជាសំឡាញ់ក្នុងកិរិយាដើរមើលល្បែង មហោស្រព១ ជាសំឡាញ់ក្នុងកិរិយាប្រកបរឿយៗ នូវល្បែងភ្នាល់ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ១ ។ ម្នាលគហបតិបុត្ត មនុស្សជាសំឡាញ់ ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន៤យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា សំដែងសេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យគាថាព័ន្ធ តទៅទៀតថា

[៦២] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្ត ល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត១ បុគ្គលដែលជាសំឡាញ់ ក្នុងផ្លូវវិនាស១ បណ្ឌិត ដឹងថាបុគ្គលទាំង៤ពួកនុ៎ះ មិនមែនជាមិត្តហើយ គប្បីចៀសវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរ ចៀសវាងផ្លូវដែលប្រកបដោយភ័យ ដូច្នោះ ។

[៦៣] ម្នាលគហបតិបុត្រ មនុស្ស៤ពួកនេះ អ្នកត្រូវដឹងថា ជាមិត្ត មានសន្តានល្អ គឺមិត្តមានឧបការៈ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ១ ។

[៦៤] ម្នាលគហបតិបុត្រ មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែស១ រក្សាសម្បត្តិរបស់មិត្ត ដែលធ្វេសប្រហែស១ ជាទីពឹងពំនាក់ នៃមិត្តដែលមានសេចក្តីភិតភ័យ១ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើងហើយ តែងជួយផ្តល់ភោគៈ ជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការនោះ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង ។

[៦៥] ម្នាលគហបតិបុត្រ មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត១ មិនបោះបង់គ្នា ក្នុងគ្រាមានវិបត្តិ១ សូម្បីជីវិត ក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្តូរជីវិត)១ ។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង ។

[៦៦] ម្នាលគហបតិបុត្រ មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់១ ដឹកនាំឲ្យមិត្តតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ១ ប្រាប់ផ្លូវឋានសួក៌១ ។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងនេះឯង ។

[៦៧] ម្នាលគហបតិបុត្រ មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន៤យ៉ាងគឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្តីចម្រើន១ ទទឹងទាស់នឹងមនុស្ស ដែលពោលទោសមិត្ត១ សរសើរតែមនុស្ស ដែលពណ៌នាគុណមិត្ត១ ។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសំដែងសេចក្តីនេះ លុះព្រះសុគត ជាសាស្តា ត្រាស់សេចក្តីនេះហើយ ទើបទ្រង់សំដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា

[៦៨] មិត្តដែលមានឧបការៈ សំឡាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតស្គាល់ជាក់ នូវបុគ្គលទាំង៤ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នាល ដូចជាមាតា និងបុត្ត ដែលកើតពីទ្រូង ។ អ្នកប្រាជ្ញបរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យ ឲ្យជាគំនរ ដូចជាឃ្មុំដូច្នោះឯង ។ ភោគៈទាំងឡាយ តែងដល់នូវការពូនជាគំនរ ដូចជាដំបូក ដែលកណ្តៀរ កពូន ដូច្នោះឯង ។ គ្រហស្ថក្នុងត្រូកូល បានសន្សំភោគៈទាំងឡាយ យ៉ាងនេះហើយ ទើបអាច (តាំងខ្លួន) កុលបុត្រដែលចែកភោគៈទាំងឡាយជា៤ចំណែក គឺបិរភោគភោគៈទាំងឡាយ១ចំណែក ប្រកបការងារពីរចំណែក ទាំងតម្កល់ទុកនូវចំណែកទី៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះ ទើបឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន [ចំណែកទីមួយ បរិភោគ ប្រើប្រាស់ ចាយវាយ ចំណែកទី២ ទី៣ ប្រកបការងារ គឺប្រកបកសិកម្ម និងពាណិជ្ជកម្មផ្សេងៗ ចំណែកជាគម្រប់៤ ទុកសម្រាប់ការពារអន្តរាយផ្សេងៗ មានអន្តរាយអំពីស្តេចជាដើម ។ ម្យ៉ាងទៀត ឲ្យរំលែកអំពីចំណែកទាំង៤ នោះ ធ្វើកុសល ឬឲ្យជាថ្លៃគ្រឿងស្លៀកពាក់ និងឈ្នួលកោរកាត់ (អដ្ឋកថា) ។ ] ។

[៦៩] ម្នាលគហបតិ អរិយសាវ័ក បិទបាំងទិសទាំង៦ដូចម្តេច ។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទាំង៦ ដូច្នេះគឺ មាតាបិតា អ្នកត្រូវដឹងថា ទិសខាងកើត១ អាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង១ កូននិងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច១ មិត្តអាមាត្រ អ្នកត្រូវដឹងថា ទិសខាងជើង១ ទាសៈ និងកម្មករ [ខ្ញុំកំដរ និងអ្នកធ្វើការស៊ីឈ្នួល ។] អ្នកត្រូវដឹងថា ទិសខាងក្រោម១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ១ ។

[៧០] ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត កូនត្រូវទំនុកបំរុង ដោយស្ថានទាំងឡាយ៥យ៉ាង គឺកូនត្រូវតាំងចិត្តថា អាត្មាអញ មាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ១ នឹងជួយធ្វើការងាររបស់មាតាបិតា១ ទាំងតម្កល់វង្សត្រកូល១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមត៌កបាន១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាបិតា ដែលធ្វើកាលកិរិយា ទៅកាន់បរលោកហើយ១ ។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថានទាំងឡាយ ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទាំងឡាយ ៥យ៉ាង វិញដូច្នេះ គឺហាមឃាត់កូន ចាកអំពើអាក្រក់១ ឲ្យកូនតម្កល់នៅតែក្នុងអំពើល្អ១ ឲ្យកូនរៀនសូត្រសិល្បសាស្ត្រ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ១ ចែកទ្រព្យឲ្យកូនក្នុងសម័យគួរ១ ។ ម្នាលគហបតិបុត្ត មាតាបិតា ជាទិសខាងកើត ដែលកូនទំនុកបំរុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថាន៥យ៉ាងនេះ ទិសខាងកើតនោះ ដែលកូនបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

[៧១] ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការក្រោកឡើងទទួល១ ដោយការគាល់បំរើ១ ដោយការជឿស្តាប់ឱវាទ១ ដោយការបំរើតូចៗ (មានឲ្យទឹកលុបមុខ និងឈើស្ទន់ជាដើម)១ ដោយការរៀនសិល្បសាស្ត្រដោយគោរព១ ។ ម្នាលគហបតិបុត្ត អាចារ្យជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងវិញ គឺ ដឹកនាំល្អ១ ឲ្យរៀនល្អ១ ប្រៀនប្រដៅសិស្ស ឲ្យចេះត្រឹមត្រូវ ក្នុងសិល្បសាស្ត្រសព្វគ្រប់១ តែងលើកតំកើង ក្នុងទីប្រជុំមិត្តអាមាត្យ១ ធ្វើសេចក្តីការពារ ក្នុងទិសទាំងឡាយ១ ។ ម្នាលគហបតិបុត្ត ពួកអាចារ្យ ជាទិសខាងត្បូង ដែលសិស្សប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន៥យ៉ាងនេះ ទិសខាងត្បូងនោះ ដែលសិស្សបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

[៧២] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការរាប់អាន ជាភរិយាពេញទី១ ដោយមិនមើលងាយ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ)១ ដោយការឲ្យគ្រឿងតែងខ្លួន១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទាំងឡាយ៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមី ដោយស្ថានទាំងឡាយ ៥យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ១ សង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ១ មិនប្រព្រឹត្តក្បត់១ ថែទាំទ្រព្យដែលស្វាមីរកបានមក១ ឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុងដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយស្ថាន៥យ៉ាងនេះ ទិសខាងលិចនោះ ដែលស្វាមីបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១ ។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១ ។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

[៧៤] ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយ ត្រូវទំនុកបម្រុង ដោយស្ថាន៥យ៉ាងគឺ ដោយការចាត់ចែងការងារសមគួរ តាម​កម្លាំង​១ ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល១ ដោយការព្យាបាល ក្នុងវេលាឈឺថ្កាត់១ ដោយការចែករំលែកនូវរបស់ មានរសត្រកាលចំឡែក១ ដោយការឲ្យឈប់សម្រាកក្នុងសម័យគួរ១ ។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាង គឺ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ១ ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ១ ធ្វើការងាររបស់ចៅហ្វាយនាយ ដោយយកចិត្តទុកដាក់១ នាំកិត្តិគុណរបស់ចៅហ្វាយនាយ ទៅថ្លែងក្នុងទីនោះៗ១ ។ ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយ ដោយស្ថាន៥យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយ បានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា

[៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស ។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស ។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស ។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស ។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១ ។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង ។

[៧៧] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលកគហបតិបុត្ត បានក្រាបបង្គំទូល ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្ស ផ្ងាររបស់ដែលគេផ្កាប់ ឬដូចគេបើកបង្ហាញ របស់ដែលបិទបាំង ឬក៏ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុទាំងឡាយ រមែងឃើញ នូវរូបទាំងឡាយ ខ្ញុំព្រះអង្គនោះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាសរណៈ ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះរៀងទៅ ។

ចប់ សិង្គាលកសូត្រ ទី៨ ។

អាដានាដិយសូត្រ ទី៩កែប្រែ

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះឯង ស្តេចធំទាំង៤អង្គ តាំងការរក្សាទុកក្នុងទិសទាំង៤ តាំងកងពលទុក ក្នុងទិសទាំង៤ តាំងបុគ្គលជាអ្នកត្រួតត្រាទុក ក្នុងទិសទាំង៤ ដោយសេនាយក្ខ ដ៏ច្រើន ដោយសេនាគន្ធព្វដ៏ច្រើន ដោយសេនាកុម្ភណ្ឌដ៏ច្រើន ដោយសេនានាគដ៏ច្រើន កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ (ស្តេចទាំងនោះ) មានពន្លឺដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ។ ឯយក្ខទាំងឡាយនោះ ពួកខ្លះថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីសមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀម ក្នុងទីដ៏សមគួរ ។

[៧៩] ស្តេចជាធំឈ្មោះវេស្សវ័ណ គង់នៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់កណ្តាល មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះព្រះមានព្រះភាគ ច្រើនណាស់ ការនោះព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកអទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកមុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ។ បពិត្រព្រះអង្គដ៏ចម្រើន ចំណែកខាងយក្ខទាំងឡាយ ច្រើនតែមិនវៀរចាកបាណាតិបាតសោះ មិនវៀរចាកអទិន្នាទានសោះ មិនវៀរចាកកាមេសុមិច្ឆាចារសោះ មិនវៀរចាកមុសាវាទសោះ មិនវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទសោះ បានជាពួកយក្ខទាំងនោះ មិនគាប់ចិត្ត មិនពេញចិត្តនឹងការវៀរនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកសាវ័ករបស់ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទគឹកកងរំពងតិច ប្រាសចាកសំដីរបស់មនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស ជាទីគួរដល់ការលាក់ខ្លួន ពួកអាត្មាបាន ពួកយក្ខជាន់ខ្ពស់ តែងនៅជានិច្ចក្នុងព្រៃនោះ (គេ) មិនជ្រះថ្លាក្នុងសាសនា របស់ព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុនោះ សូមព្រះមានព្រះភាគ ប្រៀនប្រដៅ នូវព្រះបរិត្តសម្រាប់រក្សាក្នុងនគរឈ្មោះអាដានាដា ដល់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដើម្បីឲ្យយក្ខទាំងនោះជ្រះថ្លា ដើម្បីការគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅសប្បាយ ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព ។ លំដាប់នោះ ស្តេចជាធំ ឈ្មោះវេស្សវ័ណ ជ្រាបនូវការទទួលនិមន្តព្រះមានព្រះភាគ ហើយទើបសំដែងនូវព្រះបរិត្តសម្រាប់រក្សា ដែលជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ក្នុងវេលានោះ ។

[៨០] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវិបស្សី ព្រះអង្គមានចក្ខុ [អដ្ឋកថា ថា ព្រះពុទ្ធទាំង៧អង្គ សុទ្ធតែមានចក្ខុដូចគ្នា ។ នាមដទៃទៀត មានអនុគ្រោះសត្វទាំងពួងជាដើមក្តី នាមជាអសំខេយ្យដទៃក្តី ក៏មានក្នុងព្រះពុទ្ធគ្រប់ព្រះអង្គដែរ តែក្នុងទីនេះ បានជាផ្សេងគ្នា ព្រោះព្រះបាទវេស្សវ័ណនមស្ការ តាមចាំបាន តាមនឹកឃើញ ។] ព្រះអង្គមានសិរី សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វទាំងពួងជាប្រក្រតី ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គជម្រះកិលេសចេញហើយ ព្រះអង្គមានតបធម៌ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកកុសន្ធៈ ព្រះអង្គញាំញីនូវមារ ព្រមទាំងសេនានៃមារ ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកោនាគមនៈ ព្រះអង្គមានបាបបន្សាត់បង់ហើយ មានព្រហ្មចរិយធម៌នៅរួចហើយ [ព្រះអង្គសម្រេចសោឡសកិច្ចរួចហើយ គឺព្រះអង្គលះកិលេសអស់ហើយ ។] សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកស្សប ព្រះអង្គរួចផុតស្រឡះ ចាកកិលេសទាំងពួងហើយ ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ជាសក្យបុត្ត ទ្រង់មានព្រះកាយផ្សាយចេញនូវព្រះរស្មី ទ្រង់មានសិរី ដែលសំដែងធម៌នេះ ជាគ្រឿងបន្ទោបង់សេចក្តីទុក្ខទាំងពួង ។ មួយទៀត ព្រះសម្មាសម្ពុទ្ធទាំងឡាយ អង្គណា ព្រះអង្គរលត់កិលេសហើយ ទ្រង់ឃើញច្បាស់នូវធម៌ តាមសេចក្តីពិត ក្នុងលោក ព្រះសម្មាសម្ពុទ្ធទាំងនោះ ជាព្រះខីណាស្រព ព្រះអង្គមិនមានសេចក្តីញុះញង់ស៊កសៀត (ទ្រង់ប្រសើរដោយគុណ) មិនក្លៀវក្លា (ដោយកិលេស) ។ ទេវតា និងមនុស្សទាំងឡាយ តែងនមស្ការព្រះសម្មាសម្ពុទ្ធ ជាគោតមគោត្រ ព្រះអង្គជាប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់ប្រសើរដោយគុណ ព្រះអង្គឥតមានសេចក្តីព្រឺស្ញើប ។

[៨១] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា រះឡើងអំពីទិសណា មានមណ្ឌលធំ (ក្នុងទីនោះ) កាលព្រះអាទិត្យរះឡើងហើយ រាត្រីក៏បាត់ទៅ ។ មួយទៀត កាលព្រះអាទិត្យរះឡើងហើយ មហាជន នាំគ្នាហៅថាថ្ងៃ សូម្បីអន្លង់ទឹក ក្នុងទីដែលព្រះអាទិត្យរះឡើងនោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ (ពីទីផ្សេងៗ) ជនទាំងឡាយ តែងសម្គាល់នូវអន្លង់ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យរះឡើងនោះ ថាជាសមុទ្រ មានទឹកហូរទៅយ៉ាងនេះ ។ ស្តេចជាធំ ដ៏ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបុរិមទិស អំពីភ្នំសិនេរុនោះ ទ្រង់ជាអធិបតី លើគន្ធព្វទាំងឡាយ មានព្រះនាមថា ធតរដ្ឋ មានពួកគន្ធព្វហែហម ទ្រង់ត្រេកត្រអាលដោយរបាំ និងចម្រៀង ។ ព្រះរាជបុត្ត របស់ស្តេចជាធំនោះ មានច្រើនដល់ម្ល៉ោះ ខ្ញុំព្រះអង្គបានស្តាប់មកថា មាននាមដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ សឹងមាននាមថាឥន្ទៈ មាន​កម្លាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់អំពីការដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសខ្ពង់ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់ ។ ពួកខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គតែងនិយាយយ៉ាងនេះថា អ្នកទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ដែលជាគោតមគោត្រឬ (ព្រះរាជបុត្តទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះពុទ្ធគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ។

[៨២] ជនជាអ្នកមានពាក្យញុះញង់ ស៊កសៀត ជាអ្នកតិះដៀលគេ ក្នុងទីកំបាំងមុខ ដូចជាជនអ្នកស៊ីសាច់ខ្នង ជាអ្នកសម្លាប់សត្វ ជាអ្នកធ្វើអំពើអាក្រក់ ជាចោរ ជាមនុស្សមានកល លលួង ជនទាំងនោះ លុះធ្វើកាលកិរិយាទៅហើយ គេតែងថា (ឲ្យនាំទៅ) តាមទិសណា [គេតែងនាំមនុស្សអាក្រក់ធ្វើទោស ឬសម្លាប់ដុតចោលនៅទិសខាងត្បូង (អដ្ឋកថា)] ។ ស្តេចជាធំទ្រង់យស ទ្រង់រក្សានូវទិសណា មហាជន តែងនាំគ្នាហៅទិសនោះថា ទក្ខិណាទិស (រាប់) អំពីភ្នំសិនេរុមក ស្តេចនោះ ជាអធិបតី លើកុម្ភណ្ឌទាំងឡាយ ទ្រង់ព្រះនាម វិរុឡ្ហៈ ដែលមានពួកកុម្ភណ្ឌចោមរោមហើយ ទ្រង់ត្រេកអរ ដោយរបាំ និងចម្រៀងទាំងឡាយ ។ ព្រះរាជបុត្ត របស់ស្តេចនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ សុទ្ទតែមានព្រះនាមថាឥន្ទៈ ទ្រង់មាន​កម្លាំង​ច្រើន ក៏ឯព្រះរាជបុត្តទាំងនោះ ឃើញព្រះអាទិច្ចវង្ស ព្រះអង្គភ្ញាក់ហើយ អំពីការដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នមស្ការអំពីចម្ងាយ ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសឧត្តម ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់ ។ ខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គនិយាយយ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្តទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំទាំងឡាយ ថ្វាយបង្គំព្រះសម្ពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ។

[៨៣] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា អស្តង្គតទៅក្នុងទីណា មានមណ្ឌលដ៏ធំ ក្នុងទីនោះ កាលដែលព្រះអាទិត្យអស្តង្គតទៅហើយ ពេលថ្ងៃក៏បាត់ទៅ កាលបើព្រះអាទិត្យអស្តង្គតទៅហើយ មហាជន នាំគ្នាហៅថាយប់ ។ សូម្បីអន្លង់ទឹក ត្រង់កន្លែងដែលព្រះអាទិត្យអស្តង្គតនោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ ជនទាំងឡាយ តែងសម្គាល់នូវអន្លង់ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យអស្តង្គតនោះ ថាជាសមុទ្រ មានទឹកហូរទៅយ៉ាងនេះ ។ ស្តេចជាធំ ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបច្ឆិមទិស អំពីភ្នំសិនេរុមក ស្តេចជាធំនោះ ជាអធិបតី លើនាគទាំងឡាយ ទ្រង់ព្រះនាមថា វិរូបក្ខៈ ដែលមានពួកនាគចោមរោមហើយ ទ្រង់ត្រេកអរ ដោយពួករបាំ និងចម្រៀង ។ ព្រះរាជបុត្តទាំងឡាយ របស់ស្តេចវិរូបក្ខៈនោះ មានច្រើនក៏មែន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានឈ្មោះដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ ក៏ព្រះនាមថាឥន្ទៈ សុទ្ធតែមាន​កម្លាំង​ច្រើន ឯព្រះរាជបុត្តទាំងនោះ លុះឃើញព្រះសម្ពុទ្ធ ជាអាទិច្ចវង្ស ទ្រង់ភ្ញាក់ហើយ ចាកការដេកលក់ គឺអវិជ្ជា ទ្រង់ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំព្រះអង្គសូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ទ្រង់ទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់ ។ ពួកខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ខ្ញុំព្រះអង្គតែងនិយាយយ៉ាងនេះថា អ្នកទាំងឡាយ នមស្ការព្រះជិនស្រី ជាគោតមគោត្រឬ (ព្រះរាជបុត្តទាំងនោះ តបថា) យើងខ្ញុំទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រ យើងខ្ញុំទាំងឡាយ នមស្ការព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ។

[៨៤] ឧត្តរកុរុទ្វីប ជាទីរីករាយ មានភ្នំសិនេរុដ៏ធំ គួរជាទីមើល [ភ្នំសិនេរុ គួរជាទីមើល ព្រោះប្រដាប់ដោយរតនវត្ថុ ដូច្នេះ គឺទិសខាងកើត ប្រដាប់ដោយប្រាក់ ទិសខាងត្បូង ប្រដាប់ដោយកែវមណី ទិសខាងលិចប្រដាប់ដោយកែវផ្លេក ទិសខាងជើងប្រដាប់ដោយមាស (អដ្ឋកថា) ។] តាំងនៅក្នុងទីណា ពួកមនុស្សកើតក្នុងឧត្តរកុរុទ្វីបនោះ ឥតមានប្រកាន់របស់អ្វីថា ជារបស់ខ្លួនឡើយ ។ មនុស្សទាំងអម្បាលនោះ មិនចាំបាច់ព្រោះពូជ មិនចាំបាច់នាំនង្គ័លចេញទៅ (ដោយគិតថា អាត្មាអញនឹងភ្ជួរក្នុងទីនោះៗ) បរិភោគតែស្រូវសាលី ដែលកើតឯងក្នុងព្រៃ ជាស្រូវមិនមានកុណ្ឌក មិនមានអង្កាម ស្អាត មានក្លិនក្រអូប ផ្លែចេញជាអង្ករ មនុស្សទាំងឡាយ ដាក់អង្ករនោះក្នុងឆ្នាំង ចំអិនដោយភ្លើងឥតផ្សែង [សេចក្តីដំណាលថា មនុស្សក្នុងស្រុកនោះ តែងយកថ្មកែវ៣ដុំ ឈ្មោះជោតិបាសាណ ធ្វើជាដុំចង្ក្រាន ហើយយកឆ្នាំងតម្កល់លើដុំចង្ក្រាននោះ ស្រាប់តែមានចំហាយភ្លើងក្តៅឡើងអំពីថ្មនោះ ធ្វើឲ្យឆ្អិនតែម្តង ។] មិនមានរងើក ទើបនាំគ្នាបរិភោគភោជនអំពីឆ្នាំងនោះ ។ មនុស្សទាំងនោះ ទឹមនូវមេគោមានក្រចកតែមួយ (ដូចក្រចកសេះ) បរទៅសព្វទិស ទឹមបសុសត្វ (សត្វជើង​ ៤ ក្រៅពីមេគោ) មានក្រចកតែមួយ បរទៅសព្វទិស ។ យកស្រីធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស យកបុរស [ទឹមបុរសក្នុងយាន តែគេមិនអាចយកមនុស្សជាសម្មាទិដ្ឋិមកទឹមទេ គេច្រើនចាប់តែមនុស្សមិលក្ខជាតិ អ្នកនៅក្នុងបច្ចន្តប្រទេស មកទឹមក្នុងយានហើយបរទៅ ។ (អដ្ឋកថា) ។] ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស ។ យកកុមារី ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស យកកុមារធ្វើជាវាហនៈ ហើយត្រាច់ទៅសព្វទិស ។ មនុស្សទាំងអម្បាលនោះ នាំគ្នាឡើងយាន ត្រាច់ទៅក្នុងទិសទាំងពួង ពួកស្រីទាំងឡាយ ជាអ្នកបម្រើស្តេចនោះ ។ យានដំរី យានសេះ យានជាទិព្វ [យានជាទិព្វមានច្រើនយ៉ាង កើតប្រាកដ ដល់ពួកជនទាំងនោះ ប្រសិនណាជាជនទាំងនោះ អង្គុយត្រង់ទីដំណេក ឬលើតាំង លើវរ (គ្រែស្នែង) ជាដើម ក៏ចរទៅបាន ។ យាននេះកើតសម្រាប់ស្តេចដែលមានបុណ្យ មានអានុភាពម្តងៗ ឬសម្រាប់ទេវតាប៉ុណ្ណោះ (អដ្ឋកថា) ។] ប្រាសាទ និងវរ ក៏មានសម្រាប់ស្តេច ជាធំដ៏ទ្រង់យស ។ មួយទៀត ស្តេចនោះ ទ្រង់កសាងនគរទុក ក្នុងអាកាស គឺអាដានាដានគរ កុសិនាដានគរ បរកុសិនាដានគរ នាដបរិយានគរ បរកុសិតនាដានគរ ។ សាងនគរឈ្មោះ កបិវន្តក្នុងទិសខាងជើង ក្នុងចំណែកទិសដទៃទៀត បានសាងនគរឈ្មោះ ជនោឃៈ ឈ្មោះនវនវតិយៈ ឈ្មោះអម្ពរអម្ពរវតិយៈ និងរាជធានី ឈ្មោះអាឡកមន្ទា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ស្តេចជាធំឈ្មោះកុវេរៈ មានរាជធានីឈ្មោះវិសាណា ព្រោះហេតុនោះ ស្តេចជាធំ ទ្រង់ព្រះនាមកុវេរៈ មហាជននាំគ្នាហៅថា វេស្សវ័ណ ។ ពួកយក្ខឈ្មោះ តតោលា តត្តលា តតោតលា ឱជសី តេជសី តតោជសី សុរោ រាជា សុរោរាជា អរិដ្ឋ នេមិ អរិដ្ឋនេមិ តែងត្រួតត្រា [យក្ខជាអ្នករក្សាដែនទាំង១២នាក់ តែងត្រូតត្រា ប្រាប់ពន្យល់នូវការជាប្រយោជន៍ផ្សេងៗ ហើយប្រាប់សេចក្តីដល់ពួកយក្ខ អ្នករក្សាទ្វារទាំង១២នាក់ យក្ខរក្សាទ្វារទាំងនោះ ក៏នាំសេចក្តីនោះ ទៅក្រាបបង្គំទូល ដល់ស្តេចវេស្សវ័ណ (អដ្ឋកថា) ។] ប្រកាសនូវប្រយោជន៍ផ្សេងៗ ។ មួយទៀត ភ្លៀងនាំទឹកអំពីស្រះបោក្ខរណីណា ហើយបង្អុរចុះ ភ្លៀងហូរចេញអំពីទីណា ត្រង់ទីនោះឯង មានអន្លង់ទឹក ឈ្មោះធរណី ពួកយក្ខតែងអង្គុយប្រជុំគ្នាក្នុងទីណា ត្រង់ទីនោះឯង មានសភា [សំដៅយកមណ្ឌបកែវទំហំ១២យោជន៍ ដែលព័ន្ធព័ទ្ធដោយវល្លិឈ្មោះភគលវតិ ទៀបឆ្នេរស្រះបោក្ខរណីនោះ (អដ្ឋកថា) ។] ឈ្មោះភគលវតី ។ ត្រង់ទីនោះ មានដើមឈើផ្លែជានិច្ច ដេរដាស ដោយហ្វូងបក្សីផ្សេងៗ កងរំពងដោយសំឡេងសត្វក្ងោក សត្វក្រៀល (ព្រមទាំង) ពួកតាវ៉ៅ មានសំឡេងពីរោះ ។ សំឡេងបក្សី ឈ្មោះជីវញ្ជីវក ក៏មានក្នុងទីនុ៎ះ មួយទៀត ពួកបក្សីឈ្មោះឱដ្ឋវចិត្តកៈ ហ្វូងមាន់ព្រៃ ក្តាម និងហ្វូងសត្វបោក្ខរសាតកៈ ក៏អាស្រ័យនៅក្នុងត្រពាំងឈូក ។ ម្យ៉ាងទៀត សំឡេងសត្វសេក និងសារិកា ក៏មានក្នុងទីនោះ មានទាំងពួកបក្សី ឈ្មោះទណ្ឌមានវកៈ [សេចក្តីដំណាលថា សត្វនោះ កាន់ដម្បងមាស ដោយដៃទាំងពីរ ជើងជាន់លើស្លឹកឈូកមួយ ហើយទម្លាក់ដម្បងមាសចុះត្រង់ចន្លោះស្លឹកឈូក ហើយហើរទៅ ។] ស្រះឈូករបស់ស្តេចកុវេរៈនោះ ជាស្រះល្អសព្វកាលឥតចន្លោះ ។ ស្តេចជាធំ ទ្រង់យស ទ្រង់អភិបាលទិសណា មហាជនតែងនំាគ្នាហៅទិសនោះថា ឧត្តរទិស រាប់អំពីភ្នំសិនេរុមក ។ ព្រះអង្គជាអធិបតីលើពួកយក្ខ ទ្រង់ព្រះនាមថា កុវេរៈ ដែលមានពួកយក្ខចោមរោមហើយ ទ្រង់ត្រេកត្រអាលដោយពួករបាំ និងចម្រៀង ។ ពួកព្រះរាជបុត្តរបស់ព្រះអង្គ ក៏មានច្រើន តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ មានព្រះនាមថាឥន្ទៈ ទ្រង់មាន​កម្លាំង​ច្រើន ។ ឯព្រះរាជបុត្តទាំងនោះ លុះបានឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់ហើយ ចាកការដេកលក់ គឺអវិជ្ជា ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់ ។ ពួកខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គ តែងនិយាយយ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រឬ ព្រះរាជបុត្តទាំងនោះ តបថា យើងទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រ យើងទាំងឡាយ នមស្ការចំពោះព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ។

[៨៥] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀន ដើម្បីនៅសប្បាយ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។ ការរក្សាជាប់ទាក់ទងក្នុងអាដានាដានគរនេះ ដែលបុគ្គលណាមួយ ទោះបីជាភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា រៀនដោយប្រពៃ រៀនដោយសព្វគ្រប់ ជំរះអត្ថ និងព្យញ្ជនៈឲ្យបរិបូណ៌ បើអមនុស្ស ទោះបីជាយក្ខក្តី យក្ខិនីក្តី កូនប្រុសរបស់យក្ខក្តី កូនស្រីរបស់យក្ខក្តី អាមាត្យធំរបស់យក្ខក្តី បរិស័ទរបស់យក្ខក្តី អ្នកបំរើរបស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វស្រីក្តី កូនប្រុសរបស់គន្ធព្វក្តី កូនស្រីរបស់គន្ធព្វក្តី អាមាត្យធំរបស់គន្ធព្វក្តី បរិស័ទរបស់គន្ធព្វក្តី អ្នកបំរើរបស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុសរបស់កុម្ភណ្ឌក្តី កូនស្រីរបស់កុម្ភណ្ឌក្តី អាមាត្យធំរបស់កុម្ភណ្ឌក្តី បរិស័ទរបស់កុម្ភណ្ឌក្តី អ្នកបំរើរបស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោលរបស់នាគក្តី កូនញីរបស់នាគក្តី អាមាត្យធំរបស់នាគក្តី បរិស័ទរបស់នាគក្តី អ្នកបំរើរបស់នាគក្តី ដែលជាអ្នកមានចិត្តប្រទូស្ត នូវបុគ្គលនោះ ហើយដើរតាមភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងឈរ ឬអង្គុយជិតភិក្ខុ ភិក្ខុនី ឧបាសក និងភបាសិកា ដែលកំពុងអង្គុយ ឬដេកជិតភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ដែលកំពុងដេក ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សនោះ មិនគប្បីបានសក្ការៈ និងសេចក្តីគោរពក្នុងស្រុក ឬនិគមទាំងឡាយនៃខ្ញុំឡើយ ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សនោះមិនគប្បីបានទីផ្ទះ ឬការនៅជានិច្ចក្នុងរាជធានីឈ្មោះ អាលកមន្ទារបស់ខ្ញុំឡើយ ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សនោះ មិនគប្បីបានចូលកាន់ទីប្រជុំរបស់ពួកយក្ខទាំងឡាយ នៃខ្ញុំឡើយ ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មួយទៀត អមនុស្សទាំងឡាយ មិនគប្បីធ្វើអាវាហមង្គល ឬវិវាហមង្គល និងអមនុស្សនោះទេ ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្តាសាអមនុស្សនោះ ដោយពាក្យផ្តាសាទាំងឡាយ ពេញបន្ទុកប្រៀបធៀបដោយខ្លួន (អាក្រក់) ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយ គប្បីផ្កាប់បាត្រទទេលើក្បាលនៃអមនុស្សនោះ ។ មួយទៀត អមនុស្សទាំងឡាយ គប្បីបំបែកក្បាលអមនុស្សនោះជា៧ភាគ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ក្រោធពិរោធក្រៃលែងជាងហេតុ អមនុស្សទាំងឡាយនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាមអាជ្ញានៃយក្ខ ជាសេនាបតី ២៨ នាក់ របស់ស្តេចជាធំនោះ ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវនឹងស្តេចជាធំ ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកចោរក្នុងដែននៃស្តេចមគធៈ មិនធ្វើតាមអាជ្ញានៃស្តេចមគធៈ មិនធ្វើតាមអាជ្ញានៃសេនាបតី របស់ស្តេចមគធៈ មិនធ្វើតាមអាជ្ញា នៃសេនាបតី ជាអ្នកប្រៀនប្រដៅរបស់ស្តេចមគធៈ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ពួកមហាចោរទាំងអម្បាលនោះ គេតែងហៅថាជាសត្រូវនឹងស្តេចមគធៈ យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ មានអមនុស្សទាំងឡាយ ជាអ្នកក្រោធពិរោធក្រៃលែងជាងហេតុ អមនុស្សទាំងនោះ មិនធ្វើតាមអាជ្ញានៃស្តេចជាធំ មិនធ្វើតាមអាជ្ញានៃសេនាបតីរបស់ស្តេចជាធំ មិនធ្វើតាមអាជ្ញាពួកយក្ខសេនាបតី ជាអ្នកប្រៀនប្រដៅរបស់ស្តេចជាធំ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ អមនុស្សទាំងឡាយនោះៗឯង គេតែងហៅថា ជាសត្រូវនឹងស្តេចជាធំ យ៉ាងដូច្នោះឯង ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ប្រសិនបើអមនុស្សណាមួយ ជាយក្ខប្រុសក្តី យក្ខស្រីក្តី កូនប្រុសរបស់យក្ខក្តី កូនស្រីរបស់យក្ខក្តី មហាមាត្ររបស់យក្ខក្តី បរិស័ទរបស់យក្ខក្តី អ្នកបំរើរបស់យក្ខក្តី គន្ធព្វប្រុសក្តី គន្ធព្វស្រីក្តី កូនប្រុសរបស់គន្ធព្វក្តី កូនស្រីរបស់គន្ធព្វក្តី មហាមាត្យរបស់គន្ធព្វក្តី បរិស័ទរបស់គន្ធព្វក្តី អ្នកបំរើរបស់គន្ធព្វក្តី កុម្ភណ្ឌប្រុសក្តី កុម្ភណ្ឌស្រីក្តី កូនប្រុសរបស់កុម្ភណ្ឌក្តី កូនស្រីរបស់កុម្ភណ្ឌក្តី មហាមាត្យរបស់កុម្ភណ្ឌក្តី បរិស័ទរបស់កុម្ភណ្ឌក្តី អ្នកបំរើរបស់កុម្ភណ្ឌក្តី នាគឈ្មោលក្តី នាគញីក្តី កូនឈ្មោលរបស់នាគក្តី កូនញីរបស់នាគក្តី មហាមាត្យរបស់នាគក្តី បរិស័ទរបស់នាគក្តី អ្នកបំរើរបស់នាគក្តី ជាអ្នកមានចិត្តប្រទូស្ត ដើរទៅតាមភិក្ខុ ឬភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដើរ ឬឈរជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងឈរ ឬអង្គុយជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងអង្គុយ ឬដេកជិតភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ដែលកំពុងដេក ។ អមនុស្សនោះ ត្រូវបុគ្គលពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹងដល់ពួកយក្ស ពួកយក្ខជាធំ ពួកសេនាបតី ពួកសេនាបតីជាធំ ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀនគេ យក្ខនេះបៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើឲ្យគេលំបាក យក្ខនេះមិនលែងគេ ។

[៨៦] ដល់ពួកយក្ខ ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ដូចម្តេចខ្លះ ។

យក្ខឈ្មោះឥន្ទៈ ១ សោមៈ ១ វរុណៈ ១ ភារទ្វាជៈ ១ បជាបតិ ១ ចន្ទនៈ ១ កាមសេដ្ឋៈ ១ កិន្នុឃណ្ឌុ ១ និឃណ្ឌុ ១ ។ បនាទៈ ១ ឱបមញ្ញៈ ១ ទេវសូតៈ ១ មាតលិ ១ អតិចសេនៈ ១ គន្ធព្វៈ ១ នឡោរាជៈ ១ ជនោសភៈ ១ ។ សាតាគិរៈ ១ ហេមវតៈ ១ បុណ្ណកៈ ១ ករតិយៈ ១ គុលៈ ១ សិវកៈ ១ មុច្ចលិន្ទៈ ១ វេស្សាមិត្តៈ ១ យគន្ធរៈ ១ ។ គោបាលៈ ១ សុប្បគេធៈ ១ ហិរិ ១ នេត្តិ ១ មន្ទិយៈ ១ បញ្ចាលចន្ទៈ ១ អាលវកៈ ១ បជុណ្ណៈ ១ សុមុខៈ ១ ទធិមុខៈ ១ មណិ ១ មានិចរៈ ១ ទីឃៈ ១ សេរិសកៈ ១ ។

[៨៧] ត្រូវពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹងដល់ពួកយក្ស ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀនគេ យក្ខនេះបៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើឲ្យគេលំបាក យក្ខនេះមិនលែងគេ ។

[៨៨] បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់តមកអំពីអាដានាដានគរនេះឯង ប្រព្រឹត្តទៅដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលា ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជទាំងឡាយ ចូរព្រះអង្គកំណត់កាលគួរ ក្នុងកាលឥឡូវនេះចុះ ។

[៨៩] លំដាប់នោះ ស្តេចធំទាំង៤អង្គ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះឯង ។ យក្ខទាំងអម្បាលនោះ លុះក្រោកចាកអាសនៈហើយ ពួកខ្លះថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះគ្រាន់តែពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះគ្រាន់តែប្រកាសនាម និងគោត្រ របស់ខ្លួន ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែនៅស្ងៀមហើយ ក៏បាត់ទៅក្នុងទីនោះ ។

[៩០] លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញ ពួកស្តេចធំទាំង៤ តាំងការរក្សាក្នុងទិសទាំង៤ តាំងពលទុកក្នុងទិសទាំង៤ តាំងអ្នកត្រួតត្រាទុកក្នុងទិសទាំង៤ ដោយសេនាយក្ខដ៏ច្រើន សេនាគន្ធព្វដ៏ច្រើន សេនាកុម្ភណ្ឌដ៏ច្រើន សេនានាគដ៏ច្រើន លុះវេលារាត្រីកន្លងទៅហើយ ស្តេចទាំងនោះ មានពន្លឺរុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺស្វាងហើយ ក៏នាំគ្នាចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត អង្គុយក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង ពួកខ្លះថ្វាយបង្គំតថាគត ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលី ចំពោះតថាគត អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀមៗ ក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ ស្តេចជាធំទ្រង់ព្រះនាមវេស្សវ័ណ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់កណ្តាលខ្លះ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចម្រើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះព្រះមានព្រះភាគ មានច្រើនណាស់ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកអទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់សំដែងធម៌ដើម្បីឲ្យវៀរចាកមុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ។ បពិត្រព្រះអង្គដ៏ចម្រើន ប៉ុន្តែយក្ខទាំងឡាយច្រើនណាស់ ដែលមិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាកកាមេសុមិច្ឆាចារ មិនវៀរចាកមុសាវាទ មិនវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទសោះ (ព្រោះហេតុនោះ) អំពើវៀរនោះ មិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់យក្ខទាំងឡាយនោះ បពិត្រព្រះអង្គដ៏ចម្រើន មានសាវ័ករបស់ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទគឹកកងរំពងតិច ប្រាសចាកសំដីរបស់មនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស គួរជាទីលាក់ខ្លួនពួនអាត្មាបាន ពួកយក្ខជាន់ខ្ពស់តែងនៅជានិច្ច ក្នុងព្រៃនោះក៏មាន បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់បង្រៀនព្រះបរិត្តសម្រាប់រក្សាក្នុងអាដានាដានគរ ដើម្បីឲ្យពួកយក្ខដែលមិនទាន់ជ្រះថ្លា ក្នុងសាសនាព្រះមានព្រះភាគនេះ បានជ្រះថ្លាឡើង ដើម្បីការគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខដល់ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។ ម្នាលភិក្ខុទាំងឡាយ តថាគត បានទទួលនិមន្តដោយតុណ្ហីភាព ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ស្តេចជាធំឈ្មោះវេស្សវ័ណ ជ្រាបច្បាស់នូវតថាគតទទួលនិមន្តហើយ ក៏ប្រកាសព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរនេះ ក្នុងវេលានោះថា

[៩១] សូមនមស្ការចំពោះព្រះពុទ្ធ ទ្រង់ព្រះនាមវិបស្សី ព្រះអង្គមានចក្ខុ ព្រះអង្គមានសិរី សូមនមស្ការចំពោះព្រះពុទ្ធ ទ្រង់ព្រះនាមសិខី ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់សត្វទាំងពួងជាប្រក្រតី ។បេ។

(បេយ្យាលៈ ដែលមានហើយ ក្នុងខាងដើមនោះឯង បណ្ឌិត គប្បីឲ្យពិស្តារចុះ) ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់ទាក់ទង ក្នុងអាដានាដានគរនេះ ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមថ្វាយបង្គំលា ។ តថាគតពោលតបថា បពិត្រមហារាជ សូមព្រះអង្គទ្រង់កំណត់កាលគួរ ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ស្តេចជាធំទាំង៤ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង លុះក្រោកចាកអាសនៈហើយ ពួកខ្លះថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលីចំពោះតថាគតហើយ ក៏បាត់ទៅក្នុងទីនោះ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រហើយក៏បាត់ទៅ ក្នុងទីនោះ ពួកខ្លះគ្រាន់តែស្ងៀមៗ ហើយក៏បាត់ទៅក្នុងទីនោះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀនព្រះបរិត្តសម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញឲ្យចាំស្ទាត់ នូវព្រះបរិត្តសម្រាប់រក្សា ក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកនូវព្រះបរិត្ត សម្រាប់រក្សាក្នុងអាដានាដានគរ ម្នាលភិក្ខុទាំងឡាយ ការរក្សាក្នុងអាដានាដានគរនេះ ប្រកបដោយប្រយោជន៍ ប្រព្រឹត្តទៅ ដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀន ដើម្បីនៅជាសុខ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរទទួលអនុមោទនានឹងភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ អាដានាដិយសូត្រ ទី៩ ។

សង្គីតិសូត្រ ទី១០កែប្រែ

[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ទ្រង់ស្តេចទៅដល់ក្រុងឈ្មោះបាវា របស់មល្លក្សត្រទាំងឡាយ ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងអម្ពវ័នរបស់ នាយចុន្ទកម្មារបុត្ត (ជាកូនជាងលោហជាតិ) ទៀបក្រុងបាវានោះ ។

[៩៣] សម័យនោះឯង ពួកមល្លក្សត្រនៅក្នុងក្រុងបាវា បានសាងនូវសណ្ឋាគារថ្មីៗ ឈ្មោះ ឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មាន សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ ។ ពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ៥០០រូប ទ្រង់ស្តេចមកដល់ក្រុងបាវា គង់នៅក្នុងអម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ទៀបក្រុងបាវា ។ ទើបពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះពួកមល្លក្សត្រ អ្នកក្រុងបាវា អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ពួកមល្លក្សត្រអ្នកក្រុងបាវា បានសាងនូវសណ្ឋាគារថ្មី ឈ្មោះ ឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មានក្នុងទីនេះ សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សណ្ឋាគារនោះ ជាមុនចុះ លុះព្រះមានព្រះភាគ ប្រើប្រាស់ជាមុនរួចហើយ ពួកមល្លក្សត្រ អ្នកក្រុងបាវា នឹងបានប្រើប្រាស់ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកមល្លក្សត្រ អ្នកក្រុងបាវា អស់កាលជាយូរអង្វែង ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព ។ គ្រានោះឯង ពួកមល្លក្សត្រ អ្នកក្រុងបាវាដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាកអាសនៈហើយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅរកសណ្ឋាគារ លុះចូលទៅដល់ហើយ បានក្រាលកម្រាល ក្នុងសណ្ឋាគារពេញទាំងអស់ ហើយតាក់តែងអាសនៈទាំងឡាយ តម្កល់ក្អមទឹក អុចប្រទីបប្រេងរួចហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។ លុះពួកមល្លក្សត្រ អ្នកក្រុងបាវា ឋិតនៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស សណ្ឋាគារ យើងខ្ញុំព្រះអង្គ ក្រាលដោយកម្រាលសព្វគ្រប់ បានតាក់តែងអាសនៈទាំងឡាយហើយ បានតម្កល់ក្អមទឹកទុកហើយ បានអុចប្រទីបប្រេងរួចហើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ ។

[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ហើយចូលទៅកាន់សណ្ឋាគារ ជាមួយនឹងភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់លាងព្រះបាទទាំងគូហើយ ទ្រង់ចូលទៅកាន់សណ្ឋាគារ គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត ។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទា ហើយចូលទៅកាន់សណ្ឋាគារ អង្គុយប្របជញ្ជាំងខាងលិច បែរមុខទៅទិសខាងកើត ឆ្ពោះមុខទៅរកព្រះមានព្រះភាគ ចំណែកខាងពួកមល្លក្សត្រ នៅក្នុងក្រុងបាវា ក៏លាងព្រះបាទ ចូលទៅកាន់សណ្ឋាគារ អង្គុយប្របជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច ឆ្ពោះមុខទៅរកព្រះមានព្រះភាគដែរ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកមល្លក្សត្រ អ្នកក្រុងបាវា ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដល់យប់ជ្រៅ ហើយទ្រង់តឿនថា ម្នាលវាសេដ្ឋគោត្រទាំងឡាយ យប់ជ្រៅណាស់ហើយ ចូរអ្នកទាំងឡាយ សំគាល់កាលគួរ ក្នុងកាលឥឡូវនេះចុះ ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ អភិវាទព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។

[៩៥] លំដាប់នោះឯង កាលដែលពួកមល្លក្សត្រ អ្នកក្រុងបាវា ចៀសចេញទៅហើយ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃនៅស្ងៀមស្ងាត់ ក៏ត្រាស់ហៅព្រះសារីបុត្តដ៏មានអាយុមកថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកសេចក្តីងងុយងោកងក់ហើយ ម្នាលសារីបុត្ត ចូរអ្នកពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថាចុះ តថាគតរោយខ្នងណាស់ តថាគតនឹងតម្រង់ខ្នង (បន្តិច) ។ ព្រះសារីបុត្ត ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ឲ្យក្រាលសង្ឃាដី មានជាន់៤ ហើយទ្រង់សម្រេចសីហសេយ្យា ដោយចំហៀងព្រះកាយខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិសម្បជញ្ញៈ ធ្វើនូវឧដ្ឋានសញ្ញាទុកក្នុងព្រះហឫទ័យ ។

[៩៦] សម័យនោះឯង និគ្គណ្ឋនាដបុត្ត ទើបធ្វើមរណកាលថ្មីៗ ក្នុងក្រុងបាវា ។ ដោយកាលកិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថ (ជាសិស្ស) ក៏បែកគ្នាទៅជាពីរពួក កើតប្រកួតប្រកាន់ ឈ្លោះប្រកែកទាស់ទែង ពោលពាក្យចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនចេះធម្មវិន័យនេះទេ អ្នកឯងនឹងចេះធម្មវិន័យនេះ ដូចម្តេចបាន អ្នកឯងប្រតិបត្តិខុសទេ យើងជាអ្នកប្រតិបត្តិត្រូវ ពាក្យយើងមានប្រយោជន៍ ពាក្យអ្នកឯងឥតប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកឯងនិយាយក្រោយវិញ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកឯងនិយាយមុនវិញ ពាក្យដែលអ្នកឯងចេះចាំមកជាយូរអង្វែងហើយ ក៏សុទ្ធតែជាពាក្យខុសទទេ ទោសក្នុងវាទៈ របស់អ្នកឯង យើងបានលើកឡើងហើយ អ្នកឯង យើងសង្កត់សង្កិនបានហើយ ចូរអ្នកឯងទៅសិក្សា ដើម្បីដោះស្រាយនូវទោសក្នុងវាទៈ ឬបើអ្នកឯងអង់អាច ចូរដោះចេញ (ចាកសេចក្តីខុសចុះ) ។ សេចក្តីស្លាប់តែមួយ ក៏ហាក់ដូចជាប្រព្រឹត្តតាមពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ។ ពួកសាវ័ករបស់និគណ្ឋនាដបុត្តណា ដែលជាគ្រហស្ថ ស្លៀកពាក់សំពត់ស ពួកសាវ័កទាំងនោះ ក៏មានសេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ដូចពួកជន ដែលមានសេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងធម្មវិន័យ ដែលគេពោលទុក ដោយអាក្រក់ ដែលគេសំដែងទុក ដោយអាក្រក់ មិនមែននិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម្មវិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកហើយ ជាធម្មវិន័យមានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ ។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ និគ្គណ្ឋនាដបុត្ត ធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ដោយកាលកិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រណ្ឋ ក៏បែកគ្នាទៅជាពីរពួក ។បេ។ ជាធម្មវិន័យ មានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ ម្នាលអាវុសោទាំងឡាយ ដំណើរនោះ ប្រព្រឹត្តទៅក្នុងធម្មវិន័យ ដែលបុគ្គលពោលទុកអាក្រក់ហើយ ដែលបុគ្គលប្រកាសទុកអាក្រក់ហើយ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម៌វិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ធម៌នេះឯង ព្រះមានព្រះភាគនៃយើងទាំងឡាយ បានពោលទុកល្អហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកហើយ គួរតែយើងទាំងអស់គ្នា សង្គាយនា [ប្រែថា និយាយ ឬពោលដោយសេចក្តីព្រមព្រៀងគ្នា ។] ក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះឯងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលព្រះមានព្រះភាគនៃយើងទាំងឡាយ ពោលទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយនោះ ដូចម្តេចខ្លះ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះឯងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[៩៧] ម្នាលអាវុសោទាំងឡាយ ធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរតាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌១នោះ តើដូចម្តេច ។ ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យអាហារ ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យសង្ខារ [សំដៅយកអវិជ្ជា តណ្ហា កម្ម អាហារជាដើម] ។ ម្នាលអាវុសោទាំងឡាយ នេះឯងជាធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរតាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌មួយៗ ដែលរាប់ក្នុងការសង្គាយនា ។

[៩៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌ពីរៗ តើអ្វីខ្លះ ។ ពួកធម៌ពីរៗនោះ គឺ នាម [ប្រែថា ញុំាងគ្នានឹងគ្នាឲ្យទន់ទៅក្នុងអារម្មណ៍ បានដល់អរូបក្ខន្ធទាំង៤ គឺវេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ និងព្រះនិព្វាន១ ។]១ រូប [ប្រែថា វិនាស ថាលំបាក ដោយក្តៅ ត្រជាក់ជាដើម បានដល់មហាភូតរូបទាំង៤ និងឧបាទាយរូប២៤]១ ។ អវិជ្ជា [សេចក្តីមិនដឹងក្នុងអរិយសច្ច មានទុក្ខសច្ចជាដើម ។]១ ភវតណ្ហា [សេចក្តីប្រាថ្នា សេចក្តីត្រេកត្រអាលក្នុងភព ។]១ ។ ភវទិដ្ឋិ [បានដល់សស្សតទិដ្ឋិ សេចក្តីយល់ឃើញថា លោកទៀង ។] ១ វិភវទិដ្ឋិ [បានដល់ឧច្ឆេទទិដ្ឋិ សេចក្តីយល់ឃើញថា សត្វស្លាប់ទៅសូន្យ មិនកើតទៀតឡើយ]១ ។ សេចក្តីមិនខ្មាសបាប១ សេចក្តីមិនក្តៅនឹងបាប ឬមិនខ្លាចបាប១ ។ សេចក្តីខ្មាសបាប១ សេចក្តីក្តៅនឹងបាប១ ។ ភាវៈជាអ្នកដែលគេប្រដៅក្រ១ ភាវៈជាអ្នកមានមិត្តអាក្រក់១ ។ ភាវៈជាអ្នកដែលគេប្រដៅងាយ១ ភាវៈជាអ្នកមានមិត្តល្អ១ ។ សេចក្តីឈ្លាសក្នុងអាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ១ ។ សេចក្តីឈ្លាសក្នុងសមាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ១ ។ សេចក្តីឈ្លាសក្នុងធាតុ១ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត១ ។ សេចក្តីឈ្លាសក្នុងអាយតនៈ១ សេចក្តីឈ្លាសក្នុងបដិច្ចសមុប្បាទធម៌១ ។ សេចក្តីឈ្លាសក្នុងហេតុ១ សេចក្តីឈ្លាសក្នុងមិនមែនហេតុ១ ។ សេចក្តីស្លូតត្រង់១ ចិត្តទន់១ ។ សេចក្តីអត់ធ្មត់១ ការប្រព្រឹត្តិល្អ ឬស្លូត មិនកោងកាច១ ។ ពាក្យពីរោះ១ ការទទួលរាក់ទាក់១ ។ សេចក្តីមិនបៀតបៀន [បានដល់ករុណា គឺសេចក្តីអាណិត អនុគ្រោះសព្វសត្វ ។]១ សេចក្តីស្អាត [បានដល់មេត្តា គឺសេចក្តីរាប់អាន ស្រឡាញ់សព្វសត្វ ។]១ ។ សេចក្តីភ្លាំងភ្លាត់សតិ១ មិនដឹងខ្លួន១ ។ សេចក្តីរឭក១ ដឹងខ្លួន១ ។ ភាវៈជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកមិនដឹងប្រមាណក្នុងភោជន១ ។ ភាវៈជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកដឹងប្រមាណក្នុងភោជន១ ។ ​កម្លាំង​ គឺប្រាជ្ញា ជាគ្រឿងពិចារណា១ ​កម្លាំង​ គឺភាវនា [សំដៅយកពោជ្ឈង្គ ទាំង៧ប្រការ ។]១ ។ ​កម្លាំង​ គឺសតិ១ ​កម្លាំង​ គឺសមាធិ១ ។ សមថៈ (ធម៌សម្រាប់រម្ងាប់ចិត្ត)១ វិបស្សនា (ប្រាជ្ញាឃើញច្បាស់នូវនាមរូប)១ ។ សមថនិមិត្ត [ហេតុនៃសេចក្តីរម្ងាប់ចិត្ត បានដល់សម្មាសមាធិ ។]១ មគ្គហនិមិត្ត [ហេតុនៃសេចក្តីព្យាយាម បានដល់សម្មាវាយាមៈ ។]១ ។ សេចក្តីព្យាយាម [បានដល់សម្មាវាយាមៈ]១ សេចក្តីមិនរាយមាយ [បានដល់សម្មាសមាធិ]១ ។ សីលវិបត្តិ១ ទិដ្ឋិវិបត្តិ១ ។ សីលសម្បទា១ ទិដ្ឋិសម្បទា១ ។ សេចក្តីបរិសុទ្ធនៃសីល១ សេចក្តីបរិសុទ្ធនៃទិដ្ឋិ១ ។ សេចក្តីបរិសុទ្ធនៃទិដ្ឋិ គឺញាណទស្សៈ១ សេចក្តីព្យាយាម នៃបុគ្គលដែលមានសេចក្តីយល់ឃើញតាមពិត [សេចក្តីព្យាយាម ដែលប្រកបដោយញាណទស្សនៈនោះ ។]១ ។ សេចក្តីសង្វេគក្នុងហេតុ [បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ ព្យាធិទុក្ខ ។]ទាំងឡាយ គួរសង្វេគ១ សេចក្តីព្យាយាម [បានដល់សម្មប្បធានទាំង៤ ។] ដោយឧបាយរបស់បុគ្គលអ្នកមានចិត្តសង្វេគ១ ។ សេចក្តីមិនសន្តោស ក្នុងកុសលធម៌ទាំងឡាយ១ ។ មិនរួញរា ក្នុងសេចក្តីព្យាយាម១ ។ វិជ្ជា [បានដល់វិជ្ជា៣]១ វិមុត្តិ [បានដល់វិមុត្តិពីរ គឺចិត្តស្សអធិមុត្តិ សេចក្តីរួចចាកនីវរណធម៌ នៃចិត្ត បានដល់អដ្ឋសមាបត្តិ១ ព្រះនិព្វាន១ ។]១ ។ សេចក្តីដឹង ក្នុងអរិយមគ្គ ជាគ្រឿងអស់ទៅនៃកិលេស១ សេចក្តីដឹងក្នុងអរិយផល ដែលធ្វើសត្វមិនឲ្យកើតឡើងដោយបដិសន្ធិ១ ។ ម្នាលអាវុសោទាំងឡាយ នេះឯងជាពួកធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ពីរៗ ដែលរាប់ចូលក្នុងការសង្គាយនា ។

[៩៩] ម្នាលអាវុសោទាំងឡាយ មានពួកធម៌បីៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌បីៗ តើអ្វីខ្លះ? ពួកធម៌បីៗ គឺ ឫសអកុសល ៣ យ៉ាង គឺលោភៈ ជាឫសនៃអកុសល១ ទោសៈ ជាឫសនៃអកុសល១ មោហៈ ជាឫសនៃអកុសល១ ។ ឫសកុសល ៣ យ៉ាង គឺ អលោភៈ ជាឫសនៃកុសល១ អទោសៈ ជាឫសនៃកុសល១ អមោហៈ ជាឫសនៃកុសល១ ។ ទុច្ចរិត៣យ៉ាងគឺ ទុច្ចរិតដោយកាយ១ ទុច្ចរិតដោយវាចា១ ទុច្ចរិតដោយចិត្ត១ ។ សុចរិត ៣ យ៉ាងគឺ សុចរិតដោយកាយ១ សុចរិតដោយវាចា១ សុចរិតដោយចិត្ត១ ។ សេចក្តីត្រិះរិះជាអកុសល ៣ យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយកាម១ សេចក្តីត្រិះរិះប្រកបដោយព្យាបាទ១ សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន១ ។ សេចក្តីត្រិះរិះជាកុសល៣យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយការចេញចាកកាម១ សេចក្តីត្រិះរិះប្រកបដោយការមិនព្យាបាទ១ សេចក្តីត្រិះរិះប្រកបដោយការមិនបៀតបៀន១ ។ តម្រិះជាអកុសល៣យ៉ាងគឺ តម្រិះប្រកបដោយកាម១ តម្រិះប្រកបដោយការព្យាបាទ១ តម្រិះប្រកបដោយការបៀតបៀន១ ។ តម្រិះជាកុសល៣យ៉ាងគឺ តម្រិះប្រកបដោយការចេញចាកកាម១ តម្រិះប្រកបដោយការមិនព្យាបាទ១ តម្រិះប្រកបដោយការមិនបៀតបៀន១ ។ សេចក្តីសំគាល់ជាអកុសល៣យ៉ាងគឺ សេចក្តីសំគាល់ប្រកបដោយកាម១ សេចក្តីសំគាល់ប្រកបដោយព្យាបាទ១ សេចក្តីសំគាល់ប្រកបដោយការបៀតបៀន១ ។ សេចក្តីសំគាល់ជាកុសល៣ យ៉ាងគឺ សេចក្តីសំគាល់ប្រកបដោយការចេញចាកកាម១ សេចក្តីសំគាល់ប្រកបដោយការមិនព្យាបាទ១ សេចក្តីសំគាល់ប្រកបដោយការមិនបៀតបៀន១ ។ ធាតុជាអកុសល៣យ៉ាងគឺ ធាតុប្រកបដោយកាម [ក្នុងទីនេះ សំដៅយកមិច្ឆាសង្កប្ប គឺតម្រិះខុស ។]១ ធាតុប្រកបដោយព្យាបាទ១ ធាតុប្រកបដោយការបៀតបៀន១ ។ ធាតុជាកុសល៣យ៉ាងគឺ ធាតុប្រកបដោយការចាកចេញកាម [ក្នុងទីនេះ សំដៅយកសម្មាសង្កប្ប គឺតម្រិះត្រូវ]១ ធាតុប្រកបដោយការមិនព្យាបាទ១ ធាតុប្រកបដោយការមិនបៀតបៀន១ ។ ធាតុ៣យ៉ាងដទៃទៀតគឺ ធាតុប្រកបដោយកាម [ធាតុក្នុងទីនេះ សំដៅយកភព ។]១ ធាតុប្រកបដោយរូប១ ធាតុប្រកបដោយអរូប១ ។ ធាតុ៣យ៉ាងដទៃទៀតគឺ ធាតុប្រកបដោយរូប១ ធាតុប្រកបដោយអរូប១ ធាតុប្រកបដោយសេចក្តីរលត់ គឺ ព្រះនិព្វាន១ ។ ធាតុ៣យ៉ាងដទៃទៀត គឺ ធាតុយ៉ាងទាប [សំដៅយកអកុសលចិត្តុប្បាទទំាង១២ ។]១ ធាតុយ៉ាងកណ្តាល [សំដៅយកតេភូមិកធម៌ ក្រៅអំពីអកុសលចិត្តុប្បាទនោះ ។]១ ធាតុយ៉ាងឧត្តម [សំដៅយកនវលោកុត្តរធម៌ ។]១ ។ តណ្ហា៣យ៉ាងគឺ កាមតណ្ហា [បានដល់តម្រេក ដែលប្រព្រឹត្តទៅក្នុងកាមគុណទាំង៥ ។] ១ ភវតណ្ហា [សេចក្តីអាល័យក្នុងឈាន ក្នុងរូបភព និងអរូបភព ឬតម្រេកប្រកបដោយសស្សតទិដ្ឋិ ។]១ វិភវតណ្ហា [តម្រេកប្រកបដោយឧច្ឆេទទិដ្ឋិ ។]១ ។ តណ្ហា ៣ យ៉ាងដទៃទៀតគឺ កាមតណ្ហា ១ រូបតណ្ហា [ឆន្ទរាគ ក្នុងរូបភព ។]១ អរូបតណ្ហា [ឆន្ទរាគ ក្នុងអរូបភព ។]១ ។ តណ្ហា ៣ យ៉ាងដទៃទៀតគឺ រូបតណ្ហា១ អរូបតណ្ហា១ និរោធតណ្ហា [តម្រេកប្រកបដោយឧចេ្ឆទទិដ្ឋិ]១ ។ សញ្ញោជនៈ ៣យ៉ាងគឺ សក្កាយទិដ្ឋិ [សេចក្តីយល់ខុស មាននៅក្នុងកាយ គឺខន្ធទាំង៥ មានរូបក្ខន្ធជាដើម ។]១ វិចិកិច្ឆា [សេចក្តីសង្ស័យ ក្នុងគុណព្រះរតនត្រ័យជាដើម ។]១ សីលព្វតបរាមាស [សេចក្តីប្រកាន់ខុស ដោយសីល និងវ័ត គឺប្រកាន់សីល និងវ័តខាងក្រៅព្រះពុទ្ធសាសនា ដែលមិនបរិសុទ្ធ ថាជាបរិសុទ្ធវិញ ។]១ ។ អាសវៈ៣យ៉ាង គឺ កាមាសវៈ [ក្នុងគម្ពីរធម្មសង្គណិថា សេចក្តីត្រេកត្រអាលក្នុងកាម ហៅថា កាមាសវៈ ។]១ ភវាសវៈ [សេចក្តីត្រេកត្រអាល ក្នុងភព ហៅថា ភវាសវៈ ។]១ អវិជ្ជាសវៈ [សេចក្តីមិនដឹងក្នុងអរិយសច្ចទាំង៤ជាដើម ហៅថា អវិជ្ជា ។ ឯអាសវសព្ទនេះ ប្រែថា ត្រាំនៅអស់កាលយូរ ។]១ ។ ភព៣យ៉ាងគឺ កាមភព [ប្រទេស ជាទីកើតនៃសត្វ ដែលមានអារម្មណ៍ប្រកបដោយកាម រាប់តាំងអំពីអវចិនរក រហូតដល់កាមាវចរទេវលោក ។]១ រូបភព [ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយរូបជ្ឈាន គឺរូបព្រហ្មទាំង១៦ជាន់ ។]១ អរូបភព [ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយអរូបជ្ឈាន គឺអរូបព្រហ្មទាំង៤ជាន់ ។]១ ។ ការស្វែងរក ៣ យ៉ាងគឺ ការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌ [បានដល់មិច្ឆាទិដ្ឋិ មានសស្សតទិដ្ឋិជាដើម ។]១ ។ មានៈ៣យ៉ាងគឺ មានៈថាអាត្មាអញប្រសើរជាងគេ ១ មានៈថាអាត្មាអញស្មើនឹងគេ១ មានៈថាអាត្មាអញអន់ជាងគេ១ ។ កាល៣យ៉ាងគឺ អតីតកាល១ អនាគតកាល១ បច្ចុប្បន្នកាល១ ។ អន្តៈ គឺចំណែក៣យ៉ាងគឺ សក្កាយ [បានដល់ឧបាទានក្ខន្ធទាំង៥ ។]ជាចំណែក១ ធម៌ជាគ្រឿងកើត [បានដល់បុរិមតណ្ហា ។] នៃសក្កាយជាចំណែក១ ធម៌ជាគ្រឿងរលត់ [បានដល់ព្រះនិព្វាន ។] នៃសក្កាយជាចំណែក១ ។ វេទនា៣យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ។ សេចក្តីលំបាក ៣ យ៉ាងគឺ លំបាកព្រោះសេចក្តីទុក្ខ [បានដល់ទុក្ខវេទនា ។] ១ លំបាកព្រោះសង្ខារ [បានដល់ឧបេក្ខាវេទនា ។] ១ លំបាកព្រោះសេចក្តីប្រែប្រួល [បានដល់សុខវេទនា បានសេចក្តីថា បើសេចក្តីសុខប្រែប្រួលទៅហើយ សេចក្តីទុក្ខក៏ត្រឡប់កើតឡើងវិញ ។] ១ ។ គំនរ ៣ យ៉ាងគឺ សភាវៈខុសដ៏ទៀងទាត់ [បានដល់និយតមិច្ឆាទិដ្ឋិ និងអនន្តរិយកម្មទាំង៥ ។] ជាគំនរ ១ សភារៈត្រូវដ៏ទៀងទាត់ [បានដល់អរិយមគ្គទាំង៤ ។] ជាគំនរ១ សភារៈមិនទៀងទាត់ [បានដល់ធម៌ដទៃ ចាកធម៌ទាំង៣ពួកនោះ គឺនិយតមិច្ឆាទិដ្ឋិ១ អនន្តរិយកម្ម១ អរិយមគ្គ១ ។] ជាគំនរ ១ ។ សេចក្តីសង្ស័យ ៣ យ៉ាងគឺ បុគ្គលរមែងសង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវអតីតកាល ១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវអនាគតកាល១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវបច្ចុប្បន្នកាល ១ ។ អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំងមាន ៣ យ៉ាង គឺ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានកាយសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សា នូវកាយទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវកាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានវចីសមាចារបរិសុទ្ធ ព្រះតថាគត គ្បីរក្សានូវវចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹង នូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានមនោសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹង នូវមនោទុច្ចរិតរបស់អញនេះ មនោទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ១ ។ កង្វល់ ៣ យ៉ាង គឺ រាគៈ ជាកង្វល់ ១ ទោសៈ ជាកង្វល់១ មោហៈ ជាកង្វល់១ ។ ភ្លើង៣យ៉ាង ភ្លើង គឺរាគៈ១ ភ្លើង គឺទោសៈ១ ភ្លើង គឺមោហៈ១ ។ ភ្លើង ៣ យ៉ាងដទៃទៀត ភ្លើង គឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺទក្ខិណេយ្យបុគ្គល ១ ភ្លើង គឺគហបតី ១ ។ ការរាប់នូវរូបដោយចំណែក ៣ គឺ រូបប្រកបដោយការឃើញផង ប្រកបដោយការប៉ះពាល់ផង [បានដល់រូបាយតនៈតែមួយយ៉ាង ។] ១ រូបមិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់[បានដល់អាយតនៈទាំង ៩ គឺចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ សទ្ទាយតនៈ១ គន្ធាយតនៈ១ រសាយតនៈ១ ផោដ្ឋព្វាយតនៈ១ ។] ១ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការប៉ះពាល់ផង [បានដល់សុខុមរូប ក្រៅអំពីអាយតនៈទាំង១០ ។] ១ ។ សង្ខារ ៣ យ៉ាង គឺ បុញ្ញាភិសង្ខារ [បានដល់ចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្តទៅដោយអំណាចភាវនា ។]១ អបុញ្ញាភិសង្ខារ [បានដល់អកុសលចេតនា១២ ។]១ អានេញ្ជាភិសង្ខារ [បានដល់អរូបាវចរកុសលចេតនា៤ ប្រព្រឹត្តទៅដោយអំណាចភាវនា ។ ឯសង្ខារសព្ទនេះ ប្រែថា សភាវៈធ្វើនូវសហជាតធម៌ និងសម្បរាយផលធម៌ឲ្យជាគំនរ ។]១ ។ បុគ្គល ៣ ពួក គឺ បុគ្គលជាសេក្ខៈ [បានដល់បុគ្គល៧ពួក មានបុគ្គលដល់នូវសោតាបត្តិមគ្គជាដើម មានបុគ្គលដែលបានដល់នូវអរហត្តមគ្គជាទីបំផុត ។]១ បុគ្គលជា អសេក្ខៈ [បានដល់អរហត្តផល ។]១ បុគ្គលមិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ [បានដល់បុគ្គលជាបុថុជ្ជន ។]១ ។ ភិក្ខុចាស់មាន ៣ ពួក គឺ ចាស់ដោយជាតិ១ ចាស់ដោយធម៌ ១ ចាស់ដោយការសន្មតិ១ ។ បុញ្ញកិរិយាវត្ថុ៣យ៉ាងគឺ បុញ្ញកិរិយាវត្ថុសម្រេចដោយទាន១ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល១ បុញ្ញកិរិយាវត្ថុសម្រេចដោយភាវនា១ ។ ហេតុនៃការចោទ៣យ៉ាងគឺ ដោយឃើញ [ឃើញនូវការល្មើសដោយមំសចក្ខុ ឬទិព្វចក្ខុ ហើយចោទ ។]១ ដោយឮ [ឮសំដីរបស់បុគ្គលដទៃ ដោយបកតិសោត ឬទិព្វសោត ហើយចោទ ។]១ ដោយរង្កៀស [ចោទដោយសេចក្តីរង្កៀស ព្រោះឃើញ ព្រោះឮ ព្រោះប៉ះពាល់ ដោយឃានបសាទ ជិវ្ហាបសាទ កាយបសាទ ។]១ ។ ការសេពកាម ៣ យ៉ាង ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមតាំងឡើង ពួកសត្វទាំងនោះ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដែលតាំងឡើង ដូចជាមនុស្សទាំងអស់ និងទេវតាពួក [បានដល់កាមាវចរទេវតាទាំង៤ជាន់ គឺចាតុម្មហារាជិកា១ តាវត្តឹង្ស១ យាមា១ តុសិត១ ។]ខ្លះ និងវិនិបាតិក [បានដល់អបាយិកសត្វទាំង ៣ វៀរលែងនរកចេញ ។]ពួកខ្លះ នេះជាការសេពកាមទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាម ដែលខ្លួននិមិត្តហើយ ពួកសត្វទាំងនោះ លុះនិមិ្មតហើយ ៗ ក៏ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដូចជាពួកទេវតា ក្នុងជាន់និម្មានរតី នេះជាការសេពកាមទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាម ដែលទេវតាដទៃនិមិ្មតឲ្យ ពួកសត្វទាំងនោះ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដែលទេវតាដទៃនិមិ្មតឲ្យ ដូចជាពួកទេវតា ក្នុងជាន់បរនិម្មិតវសវត្តី នេះជាការសេពកាមទី៣ ។ ការបានសេចក្តីសុខ ៣ យ៉ាង ម្នាលអាវុសោ មានពួកសត្វធ្វើនូវសេចក្តីសុខ [អដ្ឋកថា ថា ធ្វើសេចក្តីសុខ ក្នុងបឋមជ្ឈានខាងក្រោមឲ្យកើត ហើយសោយនូវសេចក្តីសុខ ដែលកើតអំពីផលរបស់ឈានជាខាងលើ ។] ឲ្យកើតឡើងរឿយៗ ហើយទទួលនូវសេចក្តីសុខ (នោះ) ដូចជាពួកទេវតា នៅក្នុងពួកព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំ ជ្រួតជ្រាប បរិបូណ៌ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វទាំងនោះ ជួនកាលបន្លឺឧទានក្នុងកាលម្តងៗថា សុខណាស់ហ្ន៎ សុខណាស់ហ្ន៎ ដូចជាពួកទេវតានៅក្នុងជាន់អាភស្សរព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំជ្រួតជ្រាប បរិបូណ៌ ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វទាំងនោះសន្តោស និងសេចក្តីសុខដ៏ល្អិតប៉ុណ្ណោះ ទទួលសេចក្តីសុខក្នុងចិត្ត ដូចពួកទេវតានៅក្នុងជាន់សុភកិណ្ហព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី៣ ។ បញ្ញា ៣ យ៉ាង គឺ បញ្ញាជារបស់សេក្ខបុគ្គល ១ បញ្ញាជារបស់អសេក្ខបុគ្គល ១ បញ្ញាជារបស់នេវសេក្ខានាសេក្ខបុគ្គល១ ។ បញ្ញា៣ យ៉ាងដទៃទៀត គឺ បញ្ញាសម្រេចមកអំពីការគិត១ បញ្ញាសម្រេចមកអំពីការស្តាប់១ បញ្ញាសម្រេចមកអំពីការចម្រើន១ ។ អាវុធ៣យ៉ាង បានដល់អាវុធ គឺសុតៈ (ពុទ្ធវចនៈ)១ អាវុធ គឺសេចក្តីស្ងាត់ [ស្ងាត់កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ ។]១ អាវុធ គឺបញ្ញា១ ។ ឥន្ទ្រិយ៣យ៉ាងគឺ ឥន្ទ្រិយដែលកើតឡើង ដល់បុគ្គលអ្នកប្រតិបត្តិ ដោយគិតថា អាត្មាអញ នឹងបានដឹងនូវធម៌ ដែលមិនទាន់បានដឹង (សោតាបត្តិមគ្គបញ្ញា)១ ឥន្ទ្រិយ គឺញាណជាគ្រឿងដឹងច្បាស់ (សោតាបត្តិផលញាណ ។ល ។ អរហត្តមគ្គញ្ញាណ)១ ឥន្ទ្រិយ គឺសេចក្តីដឹងក្នុងធម៌ ដែលបុគ្គលគួរដឹងច្បាស់ ជាធម៌ដល់នូវទីបំផុត នៃកិច្ចដោយកិរិយាដឹង (អរហត្តផលញ្ញាណ)១ ។ ចក្ខុ ៣ យ៉ាង គឺ មំសចក្ខុ [បានដល់ភ្នែកសាច់ធម្មតា គឺចក្ខុបសាទ ។]១ ទិព្វចក្ខុ [បានដល់ញាណ ដែលអាស្រ័យនូវពន្លឺ ។]១ បញ្ញាចក្ខុ [បានដល់លោកិយបញ្ញា និងលោកុត្តរបញ្ញា ។]១ ។ សិក្ខា ៣ យ៉ាង គឺ អធិសីលសិក្ខា [បានដល់បាតិមោក្ខសំវរសីល ។]១ អធិចិត្តសិក្ខា [បានដល់ឈាន ជាទីតាំងនៃវិបស្សនា ។]១ អធិប្បញ្ញាសិក្ខា [បានដល់វិបស្សនា]១ ។ ភាវនា ៣ យ៉ាង គឺ កាយភាវនា [បានដល់កាយរបស់ព្រះខីណាស្រព ដែលប្រព្រឹត្តទៅក្នុងទ្វារទាំង៥ ។]១ ចិត្តភាវនា [បានដល់សមាបត្តិទាំង៨ ។]១ បញ្ញាភាវនា [បានដល់អរហត្តផលបញ្ញា ។]១ ។ អនុត្តរិយៈ ៣ យ៉ាង គឺ ទស្សនានុត្តរិយៈ [បានដល់វិបស្សនា ។] ការឃើញដ៏ប្រសើរ១ បដិបទានុត្តរិយៈ [បានដល់មគ្គ ។] សេចក្តីប្រតិបត្តិដ៏ប្រសើរ១ វិមុត្តានុត្តរិយៈ [បានដល់ផល ។ ន័យមួយទៀតថា ទស្សនានុត្តរិយៈ បានដល់ផល ។ បដិបទានុត្តរិយៈ បានដល់មគ្គ ។ វិមុត្តានុត្តរិយៈ បានដល់ព្រះនិព្វាន (អដ្ឋកថា) ។] ការរួចចាកកិលេសដ៏ប្រសើរ១ ។ សមាធិ៣យ៉ាងគឺ សមាធិប្រកបដោយវិតក្កវិចារៈ [បានដល់បឋមជ្ឈាន ។]១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ [បានដល់ទុតិយជ្ឈាន ។]១ សមាធិមិនមានវិតក្ក និងវិចារៈ [បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន បញ្ចមជ្ឈាន ។]១ ។ សមាធិ៣យ៉ាងដទៃទៀត គឺ សុញ្ញតសមាធិ១ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ១ ។ សេចក្តីស្អាត ៣ យ៉ាង គឺ សេចក្តីស្អាតដោយកាយ ១ សេចក្តីស្អាតដោយវាចា ១ សេចក្តីស្អាតដោយចិត្ត ១ ។ ច្បាប់ [សេចក្តីប្រតិបត្តិ ធ្វើមនុស្សឲ្យទៅជាអ្នកប្រាជ្ញ ។] អ្នកប្រាជ្ញ ៣ យ៉ាង គឺ ច្បាប់អ្នកប្រាជ្ញផ្លូវកាយ ១ ច្បាប់អ្នកប្រាជ្ញផ្លូវវាចា ១ ច្បាប់អ្នកប្រាជ្ញផ្លូវចិត្ត ១ ។ សេចក្តីឈ្លាស ៣ យ៉ាង គឺ សេចក្តីឈ្លាសក្នុងការចម្រើន១ សេចក្តីឈ្លាសក្នុងការវិនាស ១ សេចក្តីឈ្លាសក្នុងឧបាយ [ហេតុរបស់ផលនោះៗ ។]១ ។ សេចក្តីស្រវឹង៣ យ៉ាង គឺ ស្រវឹងដោយការមិនមានរោគ១ ស្រវឹងដោយវ័យ ១ ស្រវឹងដោយជាតិត្រកូល ១ ។ អធិបតេយ្យ ៣ យ៉ាង គឺ អត្តាធិបតេយ្យ [ការធ្វើខ្លួនឲ្យជាធំ ហើយមិនធ្វើបាប ។]១ លោកាធិបតេយ្យ [ការធ្វើលោកឲ្យជាធំ ហើយមិនធ្វើបាប ។]១ ធម្មាធិបតេយ្យ [ការធ្វើលោកុត្តរធម៌ឲ្យជាធំ ហើយមិនធ្វើបាប ។ ក្នុងគម្ពីរវិសុទ្ធិមគ្គសីលនិទ្ទេសថា បុគ្គលមានប្រាថ្នានឹងលះបង់នូវអំពើដែលមិនសមគួរដល់ខ្លួន ហើយមានសេចក្តីគោរពក្នុងខ្លួន ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា អត្តាធិបតេយ្យសីល ។ បុគ្គលមានប្រាថ្នានឹងចៀសវាងពាក្យនិន្ទាអំពីសត្វលោក ហើយមានសេចក្តីគោរពចំពោះលោក ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា លោកាធិបតេយ្យសីល ។ បុគ្គលមានប្រាថ្នានឹងបូជានូវធម៌ដ៏ថ្លៃថ្លា ហើយមានសេចក្តីគោរពក្នុងធម៌ ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា ធម្មាធិបតេយ្យសីល ។]១ ។ កថាវត្ថុ៣យ៉ាងគឺ បុគ្គលប្រារព្ធអតីតកាល និយាយពាក្យថា រឿងយ៉ាងនេះ កើតមានក្នុងអតីតកាលហើយ១ បុគ្គលប្រារព្ធអនាគតកាល និយាយពាក្យថា រឿងយ៉ាងនេះ នឹងមានក្នុងអនាគតកាល១ បុគ្គលប្រារព្ធបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ និយាយពាក្យថា រឿងយ៉ាងនេះ កើតឡើងក្នុងកាលឥឡូវនេះ១ ។ វិជ្ជា ៣ យ៉ាង គឺ ញាណជាគ្រឿងរឭកឃើញនូវខន្ធបញ្ចកៈ ដែលធ្លាប់នៅអាស្រ័យក្នុងកាលមុន ជាវិជ្ជា ១ សេចក្តីដឹងក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាវិជ្ជា១ សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់ទៅ នៃអាសវៈទាំងឡាយ ជាវិជ្ជា១ ។ វិហារធម៌ (ធម៌ជាគ្រឿងនៅ) ៣ យ៉ាង គឺ ទិព្យវិហារ [បានដល់សមាបត្តិទាំង៨ ។]១ ព្រហ្មវិហារ [អប្បមញ្ញា៤ គឺមេត្តា១ ករុណា១ មុទិតា១ ឧបេក្ខា១ ។] ១ អរិយវិហារ [ផលសមាបត្តិ] ១ ។ បាដិហារ ៣ យ៉ាង គឺ ឥទ្ធិបាដិហារ្យ [សេចក្តីអស្ចារ្យដោយឫទ្ធិ] ១ អាទេសនាបាដិហារ្យ [សេចក្តីអស្ចារ្យដោយទាយចិត្តសត្វដទៃ ។] ១ អនុសាសនីបាដិហារ្យ [សេចក្តីអស្ចារ្យដោយការប្រៀនប្រដៅ ដោយសីលសមាធិបញ្ញា ។ ចូរមើលក្នុងកេវដ្តសូត្រសីលក្ខន្ធវគ្គ ។]១ ។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បីៗទាំងនេះឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយដោយប្រពៃ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និង មនុស្សទាំងឡាយ ។

ចប់ពួកធម៌ ៣ ដែលរាប់ចូលក្នុងការសង្គាយនា ។

[១០០] ម្នាលអាវុសោទាំងឡាយ ពួកធម៌ ៤ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌ ៤ តើដូចម្តេច ។ សតិបដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួនដោយល្អ មានស្មារតីកំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [សំដៅយកកាយ ឬឧបាទានក្ខន្ធទាំង៥ ។]១ ។ ពិចារណារឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ១ ។ ពិចារណារឿយៗ នូវចិត្ត ក្នុងចិត្ត១ ។ ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក១ ។

[១០១] សម្មប្បធាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ [សេចក្តីប្រាថ្នា ឬថាសេចក្តីពេញចិត្ត ក្នុងកុសលធម៌ ។]ឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីបិទអកុសលធម៌ទាំងឡាយដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន១ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយដ៏លាមក ដែលកើតឡើងហើយ១ ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីបណ្តុះបណ្តាលកុសលធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង១ ញុំាងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីឲ្យកុសលធម៌ទាំងឡាយ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹតតែចម្រើនឡើង ធំទូលាយ ចម្រើនពេញលេញ១ ។

[១០២] ឥទ្ធិបាទ៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ [ធម៌ ជាជើងនៃឫទ្ធ ឬថា ជាទីតាំងនៃឫទ្ធ ។] ដែលប្រកបដោយឆន្ទសមាធិ [សមាធិ មានឆន្ទៈជាហេតុ ឬថា សមាធិអាស្រ័យនូវឆន្ទៈ ។] និងបធានសង្ខារ [បានដល់សម្មប្បធានទាំង៤]១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយចិត្តសមាធិ និងបធានសង្ខារ១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ១ ។

[១០៣] ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះ១ ភិក្ខុព្រោះស្ងប់ស្ងាត់ចាកវិតក្កៈ វិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន១ ភិក្ខុព្រោះនឿយណាយចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនដោយប្រពៃផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ១ ភិក្ខុព្រោះលះបង់នូវសុខផង ព្រោះលះបង់នូវទុក្ខផង ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្សក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា១ ។

[១០៤] សមាធិភាវនា [ការធ្វើសមាធិឲ្យដុះដាលឡើង ។] ៤យ៉ាង ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចម្រើន ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន១ ។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ [បានដល់មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និងវិបស្សនាញាណ]១ ។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ១ ។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ១ ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីជាសុខ ក្នុងបច្ចុប្បន្ន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ។បេ។ បានដល់នូវចតុត្ថជ្ឈាន ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវអាលោកសញ្ញា [សេចក្តីសំគាល់ក្នុងពន្លឺ ។] អធិដ្ឋាន នូវទិវាសញ្ញាថា [សេចក្តីសំគាល់ថាថ្ងៃ] ថ្ងៃយ៉ាងណា យប់យ៉ាងនោះ យប់យ៉ាងណា ថ្ងៃយ៉ាងនោះ មានចិត្តបើកចេញស្រឡះ ឥតមានអ្វីរួបរឹតបិទបាំង ចម្រើនចិត្ត ដែលប្រកបដោយពន្លឺ ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ វេទនាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង សញ្ញាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង វិតក្កៈ កើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវសេចក្តីកើតឡើង និងសូន្យទៅក្នុងឧបាទានក្ខន្ធទាំង៥ថា រូបដូច្នេះ ការកើតឡើងនៃរូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ ។ វេទនាដូច្នេះ ។ សញ្ញាដូច្នេះ ។ សង្ខារដូច្នេះ ។ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណដូច្នេះ ម្នាលអាវុសោទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ ។

[១០៥] អប្បមញ្ញា៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [សំដៅយកទិសតូចទាំង៤ គឺទិសអាគ្នេយ៍ ឦសាន និរតី ពាយព្យ ។] មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង១ ។ មានចិត្តប្រកបដោយករុណា១ ។ មានចិត្តប្រកបដោយមុទិតា១ ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង១ ។

[១០៦] អរូបជ្ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះការប្រព្រឹត្តកន្លងនូវរូបសញ្ញា [ប្រែថា សេចក្តីសំគាល់ក្នុងរូប ។ ឯរូបក្នុងទីនេះ សំដៅយករូបាវចរជ្ឈានផង អារម្មណ៍របស់រូបាវចរជ្ឈាននោះផង ។] ដោយប្រការទាំងពួង ព្រោះការអស់បដិឃសញ្ញា [ប្រែថា សេចក្តីសំគាល់កើតឡើង ដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹងរូបជាដើម ។] ព្រោះការលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [គឺសញ្ញាផ្សេងៗគ្នា មាន៤៤ គឺកាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសលវិបាកសញ្ញា២ កាមាវចរកិរិយសញ្ញា១១ ។] ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ១ ព្រោះប្រព្រឹត្តកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ១ ព្រោះប្រព្រឹត្តកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ១ ព្រោះប្រព្រឹត្តកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំងបួន១ ។

[១០៧] អបស្សេនធម៌ គឺធម៌ជាទីពឹងផ្អែក៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពនូវរបស់ដែលគួរសេព [ការប្រើប្រាស់បច្ច័យ មានចីវរជាដើម ។]១ ពិចារណាហើយ អត់សង្កត់នូវហេតុដែលគួរអត់សង្កត់ [ការអត់ទ្រាំនូវហេតុ មានត្រជាក់ និងក្តៅជាដើម ។]១ (ពិចារណា)ហើយ វៀរនូវរបស់ដែលគួរវៀរ [ការចៀសវាងនូវសត្វកាច មានដំរីជាដើម ។]១ (ពិចារណា)ហើយ បន្ទោបង់នូវហេតុដែលគួរបន្ទោបង់ [ការបន្ទោបង់នូវអកុសលធម៌ មានកាមវិតក្កជាដើម ។]១ ។

[១០៨] អរិយវង្ស [ប្រវេណីនៃព្រះអរិយបុគ្គល មានព្រះពុទ្ធជាដើម ។]៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរណានីមួយ តែងសរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរណានីមួយ មិនដល់នូវការស្វែងរកដែលមិនសមគួរ ព្រោះហេតុតែចីវរ មិនអន្ទះអន្ទែង ព្រោះមិនបានចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយចីវរណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាតណានីមួយ តែងសរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយ មិនដល់នូវការស្វែងរក ដែលមិនសមគួរ ព្រោះហេតុតែបិណ្ឌបាត មិនអន្ទះអន្ទែង ព្រោះមិនបានបិណ្ឌបាត បានបិណ្ឌបាតហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយនោះឯង ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយសេនាសនៈណានីមួយ តែងសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈណានីមួយ មិនដល់នូវការស្វែងរក ដែលមិនសមគួរ ព្រោះហេតុតែសេនាសនៈ មិនអន្ទះអន្ទែង ព្រោះមិនបានសេនាសនៈ បានសេនាសនៈហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តីឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះសេចក្តីសន្តោស ដោយសេនាសនៈណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងសេចក្តីសន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១ ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចម្រើន [ចម្រើនគុណធម៌ មាននេក្ខម្មជាដើម មានអរហត្តមគ្គជាទីបំផុត ។] ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការចម្រើន មិនលើកតម្កើងខ្លួនឯង មិនបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានការលះ ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការលះ មានការចម្រើន ជាទីត្រេកអរ ត្រេកអរហើយ ក្នុងការចម្រើននោះឯង មួយវិញទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គលមិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុងការត្រេកអរនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១ ។

[១០៩] ការព្យាយាមជាគ្រឿងតម្កល់៤យ៉ាង គឺការព្យាយាមក្នុងសេចក្តីសង្រួម១ ការព្យាយាមក្នុងការលះ១ ការព្យាយាមក្នុងការចម្រើន១ ការព្យាយាមក្នុងការរក្សារឿយៗ១ ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាម ក្នុងសេចក្តីសង្រួម តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្ទ្រិយ ។ ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ទទួលរសដោយអណ្តាត ។ ពាល់ត្រូវសម្ផស្ស ដោយកាយ ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមមនិន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា ប្រតិបត្តិដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួមក្នុងមនិន្ទ្រិយ ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងសេចក្តីសង្រួម ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការលះ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្តោយឲ្យកាមវិតក្កៈ ដែលកើតឡើងហើយ ឲ្យអាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន មិនបណ្តោយឲ្យព្យាបាទវិតក្កៈ ដែលកើតឡើងហើយ ។បេ។ មិនបណ្តោយឲ្យវិហឹសាវិតក្កៈ ដែលកើតឡើងហើយ អាស្រ័យនៅបាន គឺលះបង់ ។បេ។ មិនបណ្តោយឲ្យអកុសលធម៌ទាំងឡាយដ៏អាក្រក់ ដែលកើតឡើងហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការលះ ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការចម្រើន តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវេវេកធម៌ អាស្រ័យនូវវិរាគធម៌ អាស្រ័យនូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីការលះកិលេស ។ ចម្រើនធម្មវិចយសម្ពោជ្ឈង្គ ។ ចម្រើនវីរិយសម្ពោជ្ឈង្គ ។ ចម្រើនបីតិសម្ពោជ្ឈង្គ ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ។ ចម្រើនសមាធិសម្ពោជ្ឈង្គ ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេកធម៌ អាស្រ័យនូវវិរាគធម៌ ចម្រើននូវនិរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការចម្រើន ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការរក្សារឿយៗ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សារឿយៗ នូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើងហើយ គឺអដ្ឋិកសញ្ញា [សេចក្តីសំគាល់ក្នុងអដ្ឋិកអសុភ គឺអសុភដែលនៅតែរាងឆ្អឹង ។] បុឡុវកសញ្ញា [សេចក្តីសំគាល់ក្នុងបុឡុវកអសុភ គឺអសុភដែលមានដង្កូវចុះ ។] វិនីលកសញ្ញា [សេចក្តីសំគាល់ក្នុងវិនីលកអសុភ គឺអសុភ ដែលមានសម្បុរខៀវ ។] វិច្ឆិទ្ទកសញ្ញា [សេចក្តីសំគាល់ក្នុងវិច្ឆិទ្ទកអសុភ គឺអសុភដែលដាច់ពាក់កណ្តាលខ្លួន ។] ឧទ្ធុមាតកសញ្ញា [សេចក្តីសំគាល់ក្នុងឧទ្ធុមាតកអសុភ គឺអសុភដែលហើមប៉ោង ។] ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការរក្សារឿយៗ ។

[១១០] ញាណ គឺសេចក្តីដឹង៤យ៉ាង គឺសេចក្តីដឹងក្នុងធម៌ គឺមគ្គផល១ សេចក្តីដឹងក្នុងលំនាំរបស់ញាណនោះ១ សេចក្តីដឹងក្នុងកិរិយាកំណត់ចិត្ត របស់បុគ្គលដទៃ១ សេចក្តីដឹងក្នុងការសន្មតិ១ ។ ញាណ គឺសេចក្តីដឹង៤យ៉ាងដទៃទៀត គឺសេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងទុក្ខសមុទយ១ សេចក្តីដឹងក្នុងទុក្ខនិរោធ១ សេចក្តីដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា១ ។

[១១១] អង្គនៃសោតាបត្តិមគ្គ៤យ៉ាង គឺការសេពគប់នូវសប្បុរស១ ការស្តាប់ធម៌របស់សប្បុរស១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា១ សេចក្តីប្រតិបត្តិធម៌ សមគួរដល់លោកុត្តរធម៌១ ។

[១១២] អង្គរបស់សោតាបន្នបុគ្គល ៤យ៉ាង ម្នាលអាវុសោទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្នា ទ្រង់ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែលបុគ្គលគប្បីឃើញដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះសង្ឃថា ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិល្អហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិត្រង់ហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិព្វាន ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិគួរហើយ បើរាប់ជាគូនៃបុរស បាន៤គូ បើរាប់រៀងជាបុរសបុគ្គល បាន៨ ពួកសាវ័ករបស់ព្រះមានព្រះភាគនេះ គួរទទួលនូវចតុបច្ច័យ ដែលគេនាំមកអំពីចម្ងាយ ហើយបូជា គួរទទួលនូវសក្ការៈ ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណា (ទាន) គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក១ ប្រកបដោយសីល ជាទីត្រេកអរនៃព្រះអរិយៈ គឺជាសីលមិនដាច់ មិនធ្លុះមិនពពាល មិនពព្រុះ ជាភុជិស្សសីល (មិនមែនជាខ្ញុំតណ្ហា) ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាកដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បីបាននូវសមាធិ១ ។

[១១៣] សាមញ្ញផល [ផលនៃសមណធម៌ ឬផលភ្នួស ។] មាន៤យ៉ាង គឺ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ ។

[១១៤] ធាតុ៤យ៉ាង គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ ។

[១១៥] អាហារ៤យ៉ាងគឺ អាហារគួរធ្វើឲ្យជាពំនូត [បានដល់បាយ និងនំ ជាដើម តែងនាំមកនូវឱជដ្ឋមករូប ។] គ្រោតគ្រាតក្តី ល្អិតក្តី១ ផស្សៈ [បានដល់ផស្សៈទាំង៦ មានចក្ខុសម្ផស្សជាដើម តែងនាំមកនូវវេទនាទាំង៣ ។] ជាអាហារទី២ មនោសញ្ចេតនា [បានដល់កុសលាកុសលចេតនា ដែលអាស្រ័យនឹងចិត្ត ចេតនានោះ ចែកទៅជា៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១ តែងនាំមកនូវបដិសន្ធិក្នុងភពទាំង៣ ។] ជាអាហារទី៣ វិញ្ញាណ [បានដល់វិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈនៃបដិសន្ធិ ។] ជាអាហារទី៤ ។

[១១៦] វិញ្ញាណដ្ឋិតិ (ធម្មជាតិ ជាទីតាំងនៅរបស់វិញ្ញាណ) ៤យ៉ាង ម្នាលអាវុសោទាំងឡាយ វិញ្ញាណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងរូប មានរូបជាអារម្មណ៍ តាំងនៅក្នុងរូប ចូលទៅអាស្រ័យនូវសេចក្តីត្រេកអរ តែងដល់នូវសេចក្តីចម្រើនលូតលាស់ ធំទូលាយ១ ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណអាស្រ័យវេទនា១ ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណអាស្រ័យសញ្ញា១ ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងសង្ខារ មានសង្ខារជាអារម្មណ៍ តាំងនៅក្នុងសង្ខារ ចូលទៅអាស្រ័យ នូវសេចក្តីត្រេកអរ តែងដល់នូវសេចក្តីចម្រើនលូតលាស់ធំទូលាយ១ ។

[១១៧] ការលុះអគតិ៤យ៉ាងគឺ បុគ្គលលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះមោហាគតិ១ លុះភយាគតិ១ ។

[១១៨] ការកើតឡើងនៃតណ្ហា៤យ៉ាង ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែចីវរ១ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែបិណ្ឌបាត១ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែសេនាសនៈ១ ម្នាលអាវុសោទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែវត្ថុថ្លៃថ្លាយ៉ាងក្រៃលែង១ [បានដល់គិលានភេសជ្ជបច្ច័យ មានប្រេង ទឹកឃ្មុំ ទឹកអំពៅជាដើម ។] ។

[១១៩] បដិបទា៤យ៉ាង គឺបដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយយឺតយូរ១ បដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយឆាប់រហ័ស១ បដិបទាជាសុខ តែត្រាស់ដឹងបានដោយយឺតយូរ១ បដិបទាជាសុខ ហើយត្រាស់ដឹងបានដោយឆាប់រហ័ស១ ។

[១២០] បដិបទា៤យ៉ាងដទៃទៀត គឺ បដិបទាមិនអត់ធន់ (នឹងត្រជាក់ជាដើម)១ បដិបទាអត់ធន់បាន១ បដិបទាទូន្មាន (នូវឥន្ទ្រិយ) បាន១ បដិបទារម្ងាប់ (វិតក្កៈ)បាន១ ។

[១២១] ចំណែកធម៌៤យ៉ាង គឺសេចក្តីមិនលោភ ជាចំណែកធម៌១ សេចក្តីមិនព្យាបាទ ជាចំណែកធម៌១ ការនឹករឭកត្រូវ ជាចំណែកធម៌១ ការតាំងចិត្តទុកត្រូវ ជាចំណែកធម៌១ ។

[១២២] ការសមាទានធម៌៤យ៉ាង ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្នផង មានផលជាទុក្ខតទៅខាងមុខ [បានដល់សេចក្តីប្រតិបត្តិរបស់ពួកអចេល ។] ផង១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខក្នុងបច្ចុប្បន្ន តែមានផលជាសុខតទៅខាងមុខ [ការប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធរបស់បុគ្គលដែលមានកិលេសក្រាស់ មិនអាចនឹងឈោងចាប់យកព្រះអរហត្តបាន ហើយក៏ស្រែកយំ មានមុខទទឹកដោយទឹកភ្នែក ។]១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្ន តែមានផលជាទុក្ខតទៅខាងមុខ [ការប្រព្រឹត្តធម៌របស់បុគ្គលដែលមានចិត្តធ្លាក់ចុះទៅក្នុងកាម ។]១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅខាងមុខ [សាសនព្រហ្មចរិយរបស់បុគ្គលខ្លះ បើទុកជាមិនបាននូវបច្ច័យទាំង៤ ក៏គង់នៅប្រកបដោយសេចក្តីសុខ ដោយអំណាចឈាន និងវិបស្សនា ។]ផង ។

[១២៣] ធម្មក្ខន្ធ៤យ៉ាង គឺ សីលក្ខន្ធ [ខន្ធក្នុងទីនេះ ប្រែថា គុណសីលក្ខន្ធ ប្រែថា គុណគឺសីល ។]១ សមាធិក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១ ។

[១២៤] ​កម្លាំង​៤យ៉ាង គឺ​កម្លាំង​ព្យាយាម១ ​កម្លាំង​សតិ១ ​កម្លាំង​សមាធិ១ ​កម្លាំង​បញ្ញា១ ។

[១២៥] អធិដ្ឋា [ធម្មជាតជាទីតាំងនៃបុរសមានគុណដ៏ក្រៃលែង ។]៤យ៉ាងគឺ អធិដ្ឋាន គឺមគ្គផលបញ្ញា១ អធិដ្ឋាន គឺវចីសច្ចៈ១ អធិដ្ឋាន គឺការលះបង់នូវអាមិសៈ១ អធិដ្ឋាន គឺការរម្ងាប់នូវកិលេស១ ។

[១២៦] បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា)៤យ៉ាង គឺ ប្រស្នាដែលគួរឆ្លើយទៅតែម្តង១ ប្រស្នាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ១ ប្រស្នាដែលគួរឆ្លើយចែករលែកឲ្យពិស្តារ១ ប្រស្នាដែលគួរបញ្ឈប់ទុក១ ។

[១២៧] កម្ម៤យ៉ាង ម្នាលអាវុសោទាំងឡាយ កម្មខ្មៅ [បានដល់អកុសលកម្មបថ១០ ឲ្យផលខ្មៅ គឺឲ្យទៅកើតក្នុងអបាយ ។]ឲ្យផលខ្មៅក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្មស [គឺអកុសលកម្មបទ១០ ឲ្យផលស គឺឲ្យទៅកើតក្នុងសួគ៌ ។] ឲ្យផលសក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្មទាំងខ្មៅទាំងស [គឺអកុសល និងកុសលច្រឡំលាយគ្នា ឲ្យផលទាំងខ្មៅ ទាំងស គឺដូចជាសត្វខ្លះ ទៅកើតជាសត្វដំរី ដោយអកុសល បានមកដំរីជាមង្គល គេឲ្យនៅជាសុខដោយកុសល សត្វខ្លះទៅកើតក្នុងរាជត្រកូលដោយកុសល តែត្រឡប់បានសេចក្តីទុក្ខវិញដោយអកុសល ។] ឲ្យផលទាំងខ្មៅទាំងសក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្មមិនខ្មៅមិនស [បានដល់មគ្គញ្ញាណទាំង៤ ។] ឲ្យផលទាំងមិនខ្មៅ ទាំងមិនស តែងប្រព្រឹត្តទៅដើម្បីអស់កម្ម១ ។

[១២៨] ធម៌ដែលបុគ្គលត្រូវធ្វើឲ្យជាក់ច្បាស់៤យ៉ាង គឺបុព្វេនិវាស (ដែលខ្លួនអាស្រ័យនៅក្នុងកាលមុន) ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ១ ចុតូបបាត (ចុតិ និងបដិសន្ធិ) របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយទិព្វចក្ខុ១ វិមោក្ខ៨ប្រការ ត្រូវធ្វើឲ្យជាក់ច្បាស់ដោយនាមកាយ១ ធម៌ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយអរហត្តផលបញ្ញា១ ។

[១២៩] ឱឃៈ (ធម៌ជាគ្រឿងពន្លិចសត្វ)៤យ៉ាងគឺ កាមោឃៈ [រាគៈ ប្រកបដោយកាមគុណទាំង៥ ហៅថា កាមោឃៈ ។]១ ភវោឃៈ [ឆន្ទរាគប្រព្រឹត្តទៅក្នុងរូបភព និងអរូបភព ហៅថា ភវោឃៈ ។ មួយទៀតថា សេចក្តីអាល័យក្នុងឈានក្តី រាគប្រកបដោយសស្សតទិដ្ឋិក្តី ហៅថា ភវោឃៈដែរ ។]១ ទិដ្ឋោឃៈ [ទិដ្ឋិ៦២ ហៅថា ទិដ្ឋោឃៈ ។]១ អវិជ្ជោឃៈ [សេចក្តីមិនដឹងក្នុងអរិយសច្ចទាំង៤ ហៅថា អវិជ្ជោឃៈ ។]១ ។

[១៣០] យោគៈ (ធម៌ជាគ្រឿងប្រកបសត្វក្នុងវដ្តៈ) ៤យ៉ាង គឺ កាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១ ។

[១៣១] វិសំយោគៈ (ធម៌ជាគ្រឿងដោះសត្វ)៤យ៉ាង គឺធម៌ជាគ្រឿងដោះសត្វ ចាកកាមយោគៈ [សំដៅយកអសុភជ្ឈាន ឬអនាគាមិមគ្គ]១ ធម៌ជាគ្រឿងដោះសត្វចាកភវយោគៈ [អរហត្តមគ្គ ។]១ ធម៌ជាគ្រឿងដោះសត្វចាកទិដ្ឋិយោគៈ [សោតាបត្តិមគ្គ ។]១ ធម៌ជាគ្រឿងដោះសត្វ ចាកអវិជ្ជាយោគៈ [អរហត្តមគ្គ (អដ្ឋកថា) ។]១ ។

[១៣២] ធម៌ជាគ្រឿងចងព័ទ្ធ៤យ៉ាងគឺ អភិជ្ឈាជាគ្រឿងចងព័ទ្ធកាយ [សំដៅយកនាមកាយ និងរូបកាយ]១ ព្យាបាទជាគ្រឿងចងព័ទ្ធកាយ១ សេចក្តីប្រកាន់ខុស ដោយសីល និងវ័ត ជាគ្រឿងចងព័ទ្ធកាយ១ សេចក្តីប្រកាន់មាំថា ពាក្យនេះជាពាក្យពិត ពាក្យដទៃជាពាក្យទទេ ជាគ្រឿងចងព័ទ្ធកាយ១ ។

[១៣៣] ធម្មជាតជាគ្រឿងប្រកាន់មាំ៤យ៉ាង គឺ កាម ជាគ្រឿងប្រកាន់មាំ១ មិច្ឆាទិដ្ឋិ ជាគ្រឿងប្រកាន់មាំ១ ការប្រកាន់មាំដោយសីលព្វត១ ការប្រកាន់មាំដោយពោលថាខ្លួន១ ។

[១៣៤] កំណើត៤យ៉ាងគឺ កំណើតរបស់សត្វដែលកើតក្នុងស៊ុត១ កំណើតរបស់សត្វដែលកើតក្នុងទឹក១ កំណើតរបស់សត្វដែលកើតក្នុងទីស្មោកគ្រោក១ [កំណើតរបស់សត្វ ដែលកើតលើទីដេក ឬទីស្មោកគ្រោក មានត្រីស្អុយជាដើម ។] កំណើតរបស់សត្វដែលអណ្តែតទៅកើតភ្លាម១ ។

[១៣៥] ការចុះកាន់គភ៌ (របស់សត្វ)៤យ៉ាង ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃមាតាក៏មិនដឹងខ្លួន សម្រាលចាកផ្ទៃមាតា ក៏មិនដឹងខ្លួនទៀត នេះជាការចុះកាន់គភ៌ទី១ [បានដល់លោកិយមនុស្សជាប្រក្រតី] ។ ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ដឹងខ្លួន តែនៅក្នុងផ្ទៃមាតា មិនដឹងខ្លួន សម្រាលចាកផ្ទៃមាតា ក៏មិនដឹងខ្លួនដែរ នេះជាការចុះកាន់ផ្ទៃមាតា [បានដល់អសីតិមហាសាវ័ក]ទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតា មិនដឹងខ្លួន នេះជាការចុះកាន់គភ៌ [បានដល់អគ្គសាវ័កទាំងពីរ និងព្រះបច្ចេកពោធិសត្វ]ទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន សម្រាលចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាការចុះកាន់គភ៌ [បានដល់ព្រះសព្វញ្ញុពោធិសត្វ]ទី៤ ។

[១៣៦] ការបាននូវអត្តភាពមាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យស្លាប់ ចេតនារបស់អ្នកដទៃពុំបានធ្វើឲ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន [បានដល់កំណើតខិឌ្ឌាបទោសិកទេវតា ជាទេវតាវិនាសខ្លួនដោយល្បែង ហៅថា ស្លាប់ដោយចេតនារបស់ខ្លួន មិនស្លាប់ដោយចេតនារបស់អ្នកដទៃ ។]១ ។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់អ្នកដទៃ រមែងធ្វើខ្លួនឲ្យស្លាប់ ចេតនារបស់ខ្លួនមិនបានធ្វើឲ្យស្លាប់ឡើយ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន១ ។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យស្លាប់ ទាំងចេតនារបស់អ្នកដទៃ ក៏រមែងធ្វើឲ្យស្លាប់ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន [បានដល់កំណើតមនោបទោសិកទេវតា ជាទេវតាវិនាសដោយចិត្តរបស់ខ្លួនឯង ។]១ ។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន ក៏មិនធ្វើឲ្យស្លាប់ ចេតនារបស់អ្នកដទៃ ក៏មិនធ្វើឲ្យស្លាប់ដែរ ក្នុងការបាននូវអត្តភាពណា ការបាននូវអត្តភាពនោះ រមែងមាន [បានដល់កំណើតទាំងឡាយ មានចាតុម្មហារាជិកទេវតាជាដើម ជាទេវតាមិនស្លាប់ដោយចេតនារបស់ខ្លួន និងចេតនារបស់បុគ្គលដទៃ ។]១ ។

[១៣៧] សេចក្តីបរិសុទ្ធរបស់ទក្ខិណា [ជាឈ្មោះរបស់ទាន (អដ្ឋកថា) ។]មាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយក (អ្នកឲ្យ) មិនបរិសុទ្ធអំពីបដិគ្គាហក (អ្នកទទួល)១ ។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិនបរិសុទ្ធអំពីទាយក១ ។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធអំពីបដិគ្គាហក១ ។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកផង១ ។

[១៣៨] សង្គហវត្ថុ [ហេតុនៃការសង្គ្រោះ ។]មាន៤យ៉ាង គឺការឲ្យ១ ការចរចាពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្តឲ្យជាប្រយោជន៍១ ភាវៈជាបុគ្គលមានខ្លួនស្មោះស្មើ [ការរួមសុខ រួមទុក្ខជាមួយគ្នា មានអង្គុយលើអាសនៈជាមួយគ្នា ដេកលើគ្រែជាមួយគ្នា និងបរិភោគជាមួយគ្នា ជាដើម ។]១ ។

[១៣៩] វោហារមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងគឺ ពាក្យកុហក១ សំដីញុះញង់១ សំដីទ្រគោះ១ សំដីរោយរាយឥតប្រយោជន៍១ ។

[១៤០] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាង គឺ ការវៀរចាកពាក្យកុហក១ ការវៀរចាកសំដីញុះញង់១ ការវៀរចាកសំដីទ្រគោះ១ ការវៀរចាកសំដីរោយរាយ ឥតប្រយោជន៍១ ។

[១៤១] វោហារមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញថាឃើញ១ មិនឮ ថាឮ១ មិនប៉ះពាល់ [សំដៅយកការហិតក្លិនដោយច្រមុះ លិទ្ធជញ្ជាប់ដោយអណ្តាត ពាល់ត្រូវសម្ផស្សដោយកាយ ។] ថាប៉ះពាល់១ មិនដឹងច្បាស់ ថាដឹងច្បាស់១ ។

[១៤២] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញថាមិនឃើញ១ មិនឮ ថាមិនឮ១ មិនប៉ះពាល់ ថាមិនប៉ះពាល់១ មិនដឹងច្បាស់ ថាមិនដឹងច្បាស់១ ។

[១៤៣] វោហារជាមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញថាមិនឃើញ១ ឮ ថាមិនឮ១ បានប៉ះពាល់ ថាមិនបានប៉ះពាល់១ ដឹងច្បាស់ ថាមិនដឹងច្បាស់១ ។

[១៤៤] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញថាឃើញ១ ឮ ថាឮ១ ប៉ះពាល់ ថាប៉ះពាល់១ ដឹងច្បាស់ ថាដឹងច្បាស់១ ។

[១៤៥] បុគ្គលមាន៤ពួក ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅ១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើបុគ្គលដទៃឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅ១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើខ្លួនឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅផង ធ្វើបុគ្គលដទៃឱ្យក្ដៅ ប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅផង១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនធ្វើខ្លួនឱ្យក្ដៅ មិនប្រកបព្យាយាម ដើម្បីធ្វើខ្លួនឱ្យក្ដៅ មិនធ្វើបុគ្គលដទៃឱ្យក្ដៅ មិនប្រកបព្យាយាម ដើម្បីធ្វើបុគ្គលដទៃឱ្យក្ដៅ បុគ្គលនោះឈ្មោះថា មិនធ្វើខ្លួនឱ្យក្ដៅ មិនធ្វើបុគ្គលដទៃឱ្យក្ដៅ ជាអ្នកលែងមានសេចក្ដីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្ដីត្រជាក់កើតហើយ ទទួលនូវសេចក្ដីសុខ មានខ្លួនដូចជាព្រហ្មនៅក្នុងបច្ចុប្បន្ននេះ១ ។

[១៤៦] បុគ្គលមាន៤ពួកដទៃទៀត ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១ ។

[១៤៧] បុគ្គលមាន៤ពួកដទៃទៀតគឺ បុគ្គលងងឹត មានងងឹតប្រព្រឹត្តទៅខាងមុខទៀត [បុគ្គលកើតក្នុងត្រកូលថោកទាប ហើយប្រព្រឹត្តទុច្ចរិតទៀត ។]១ បុគ្គលងងឹត តែមានពន្លឺប្រព្រឹត្តទៅខាងមុខ [បុគ្គលកើតក្នុងត្រកូលថោកទាប តែប្រព្រឹត្តសុចរិត ។]១ បុគ្គលមានពន្លឺ តែមានងងឹត ប្រព្រឹត្តទៅខាងមុខ [បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ តែប្រព្រឹត្តទុច្ចរិត ។]១ បុគ្គលមានពន្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខទៀត [បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ ហើយប្រព្រឹត្តសុចរិត ។]១ ។

[១៤៨] បុគ្គលមាន៤ពួកដទៃទៀត គឺ សមណៈមិនកម្រើក [សោតាបន្នសមណៈ]១ សមណៈដូចផ្កាឈូកក្រហម [សកទាគាមិសមណៈ]១ សមណៈដូចផ្កាឈូកស [អនាគាមិសមណៈ]១ សមណៈជាអ្នកទន់ល្អិតល្អក្នុងពួកសមណៈ [អរហន្តសមណៈ]១ ។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ យើងទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ ៤ ដែលរាប់ចូលក្នុងការសង្គាយនា ។

[១៤៩] ម្នាលអាវុសោទាំងឡាយ ពួកធម៌ ៥ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ យើងទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌ទាំងនោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌ ៥ តើដូចម្តេច ។ ខន្ធ៥យ៉ាង គឺ រូបក្ខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ វិញ្ញាណក្ខន្ធ១ ។

[១៥០] ឧបាទានក្ខន្ធ៥យ៉ាង គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ ។

[១៥១] កាមគុណ៥យ៉ាង គឺ រូបទាំងឡាយដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្តីត្រេកអរ១ ។ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក១ ។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ១ ។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត១ ។ សម្ផស្សទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃសេចក្តីត្រេកអរ១ ។

[១៥២] គតិ៥យ៉ាងគឺ នរក១ កំណើតតិរច្ឆាន១ ប្រេតវិស័យ១ ពួកមនុស្ស១ ពួកទេវតា១ ។

[១៥៣] សេចក្តីកំណាញ់៥យ៉ាងគឺ កំណាញ់អាវាស១ កំណាញ់ត្រកូល១ កំណាញ់លាភ១ កំណាញ់សេចក្តីសរសើរ [ថា កំណាញ់សេចក្តីសរសើរ ឬកំណាញ់ពណ៌សម្បុរក៏បាន ។]១ កំណាញ់ធម៌១ ។

[១៥៤] នីវរណៈ៥យ៉ាងគឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ។

[១៥៥] សំយោជនៈ ជាចំណែកខាងក្រោម៥យ៉ាងគឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ កាមច្ឆន្ទៈ១ ព្យាបាទៈ១ ។

[១៥៦] សំយោជនៈ ជាចំណែកខាងលើ៥យ៉ាង គឺរូបរាគ១ អរូបរាគ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១ ។

[១៥៧] សិក្ខាបទ៥យ៉ាង គឺ ការវៀរចាកការសម្លាប់សត្វ១ ការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ១ ការវៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ១ ការវៀរចាកការនិយាយកុហក១ ការវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ ព្រោះផឹកទឹកស្រវឹង គឺសុរា និងមេរ័យ១ ។

[១៥៨] អភព្វដ្ឋាន (ហេតុដែលមិនគួរ)៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីក្លែងញុំាងសត្វឲ្យធ្លាក់ចុះចាកជីវិត១ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីកាន់យកទ្រព្យ ដែលគេមិនឲ្យដោយចំណែក គឺចិត្តលួច១ ភិក្ខុជាខីណាស្រពមិនគួរ ដើម្បីសេពមេថុនធម្ម១ ភិក្ខុជាខីណាស្រពមិនគួរ ពោលសម្បជានមុសាវាទ១ ភិក្ខុជាខីណាស្រពមិនគួរបរិភោគនូវរបស់ដែលខ្លួនធ្វើសេចក្តីសន្សំទុក និងកាមទាំងឡាយ ដូចកាលខ្លួននៅជាគ្រហស្ថ ក្នុងកាលពីដើម១ ។

[១៥៩] សេចក្តីវិនាស ៥ យ៉ាង គឺ សេចក្តីវិនាសញាតិ១ សេចក្តីវិនាសភោគសម្បត្តិ១ សេចក្តីវិនាសព្រោះរោគ ១ សេចក្តីវិនាសសីល ១ សេចក្តីវិនាសទិដ្ឋិ ១ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្តីវិនាសញាតិក្តី ព្រោះហេតុតែសេចក្តីវិនាសភោគៈក្តី ព្រោះហេតុតែសេចក្តីវិនាសដោយរោគក្តី (នោះទេ) ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅៗ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែសេចក្តីវិនាសសីល ឬព្រោះតែសេចក្តីវិនាសទិដ្ឋិ ។

[១៦០] សេចក្តីបរិបូណ៌ ៥ យ៉ាង គឺ បរិបូណ៌ដោយញាតិ១ បរិបូណ៌ដោយភោគៈ ១ បរិបូណ៌ដោយភាពមិនមានរោគ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយទិដ្ឋិ១ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយញាតិក្តី ព្រោះហេតុតែបរិបូណ៌ដោយភោគៈក្តី ព្រោះហេតុតែបរិបូណ៌ដោយភាពមិនមានរោគក្តីនោះទេ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វលុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែបរិបូណ៌ដោយសីល ឬព្រោះហេតុតែបរិបូណ៌ដោយទិដ្ឋិ ។

[១៦១] ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល ៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីលនេះ តែងដល់នូវសេចក្ដីវិនាស នៃសម្បត្តិយ៉ាងធំ មានសេចក្ដីប្រមាទជាហេតុ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិត្តិសព្ទអាក្រក់ របស់បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល តែងវង្វេងធ្វើមរណកាល នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក នេះជាទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីលទី៥ ។

[១៦២] អានិសង្សនៃសីលសម្បទា៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបាននូវគំនរទ្រព្យច្រើន មានសេចក្ដីមិនប្រមាទជាហេតុ នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល បរិបូណ៌ដោយសីល តែងផ្សាយទៅសព្វទិស នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅរកបរិស័ទណាៗ ទោះបីជាខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងមិនវង្វេង ធ្វើមរណកាល នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះជាអានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៥ ។

[១៦៣] ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតម្កល់ធម៌៥យ៉ាង ទុកក្នុងខ្លួនហើយសិមចោទភិក្ខុដទៃ ដោយគិតថា អាត្មាអញ នឹងនិយាយក្នុងកាលគួរ មិននិយាយក្នុងកាលមិនគួរ១ អាត្មាអញ និយាយដោយពាក្យពិត មិននិយាយដោយពាក្យមិនពិត១ អាត្មាអញនិយាយ ដោយពាក្យផ្អែមល្ហែម មិននិយាយដោយពាក្យទ្រគោះ១ អាត្មាអញនិយាយ ដោយពាក្យប្រកបដោយប្រយោជន៍ មិននិយាយដោយពាក្យមិនប្រកបដោយប្រយោជន៍១ អាត្មាអញនិយាយ ដោយចិត្តប្រកបដោយមេត្តា មិននិយាយដោយចិត្តប្រកបដោយទោស១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតម្កល់ធម៌៥ប្រការនេះ ទុកក្នុងខ្លួនហើយទើបចោទភិក្ខុដទៃបាន ។

[១៦៤] អង្គនៃភិក្ខុដែលមានសេចក្តីព្យាយាម មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងមកកាន់ភពថ្មីទៀត ដោយហេតុនេះៗ១ ជាអ្នកមិនមានអាពាធ មិនមានសេចក្តីទុក្ខ ប្រកបដោយតេជោធាតុ ចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម១ មិនមែនជាអ្នកលេងបោកប្រាស់ មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់ នូវខ្លួនគួរតាមពិត ក្នុងសំណាក់ព្រះសាស្តា ឬក្នុងសំណាក់សព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង១ ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់នូវធម៌ ជាអកុសល ដើម្បីញុំាងកុសលធម៌ ឲ្យដុះដាលឡើង ជាបុគ្គលមាន​កម្លាំង​ចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចនឹងកំណត់ [បានខាងឱទយព្វយញ្ញាណ ក្នុងវិបស្សនា ។] នូវសេចក្តីកើត និងសេចក្តីរលត់បាន ជាបញ្ញាដ៏បរិសុទ្ធ ជាបញ្ញាអាចទំលុះទម្លាយ នូវគំនរនៃលោភៈជាដើម ជាបញ្ញាញុំាងសត្វឲ្យដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ១ ។

[១៦៥] សុទ្ធាវាស [ទីនៅរបស់សត្វដ៏បរិសុទ្ធ គឺព្រះអនាគាមី និងព្រះខីណាស្រព ។] មាន៥យ៉ាងគឺ អវិហៈ១ អតប្បៈ១ សុទស្សៈ១ សុទស្សី១ អកនិដ្ឋ១ ។

[១៦៦] អនាគាមិបុគ្គល៥ពួកគឺ លោកដែលបរិនិព្វានក្នុងពាក់កណ្តាលអាយុ [បុគ្គលដែលមិនកន្លងពាក់កណ្តាលអាយុ ហើយដល់នូវព្រះអរហន្ត ជាទីរំលត់នូវកិលេសក្នុងពាក់កណ្តាលអាយុ ។]១ លោកដែលបរិនិព្វានដោយកន្លងហួសពាក់កណ្តាលអាយុ [បុគ្គលដែលប្រព្រឹត្តកន្លងពាក់កណ្តាលអាយុ ហើយដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេស ។]១ លោកដែលបរិនិព្វាន ដោយមិនមានសេចក្តីព្យាយាម [បុគ្គលដែលមិនលំបាក ដោយសេចក្តីព្យាយាម ហើយដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេសដោយស្រួល ។]១ លោកដែលបរិនិព្វាន ដោយសេចក្តីព្យាយាមយ៉ាងខ្លាំង [បុគ្គលដែលលំបាក ដោយសេចក្តីព្យាយាម ហើយដល់នូវព្រះអរហត្ត ជាទីរំលត់នូវកិលេសដោយលំបាក ។]១ លោកដែលមានខ្សែខាងលើ ហើយទៅកាន់អកនិដ្ឋភព [បុគ្គលដែលកើតក្នុងជាន់សុទ្ធាវាសទាំង៥ តាំងអំពីអវិហៈ រហូតដល់អកនិដ្ឋភព]១ ។

[១៦៧] ចេតោខីលៈ (សេចក្តីរឹងត្អឹងរបស់ចិត្ត) មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាម ជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្តីរឹងត្អឹងនៃចិត្តទី១ របស់ភិក្ខុនោះ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ ក្នុងព្រះធម៌១ ។ ភិក្ខុសង្ស័យ ក្នុងព្រះសង្ឃ១ ។ សង្ស័យ ងឿងឆ្ងល់ក្នុងសិក្ខា១ ។ ភិក្ខុក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹងក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាបុគ្គលក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹង ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាម ជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាសេចក្តីរឹងត្អឹង នៃចិត្តទី៥របស់ភិក្ខុនោះ ។

[១៦៨] ចំណងរបស់ចិត្តមាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាមទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្ដៅក្រហាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នា ក្នុងកាមទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាចំណងនៃចិត្តទី១ របស់ភិក្ខុនោះ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ ។ សេចក្តីបំប្រួញ ។ ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងរូប ។ សេចក្តីបំប្រួញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវសេចក្ដីសុខក្នុងទីដេក នូវសេចក្ដីសុខ (ព្រោះដេកប្រែប្រួលខាងស្ដាំខាងឆ្វេង) នូវសេចក្ដីសុខ ព្រោះដេកលក់លង់ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះប្រាថ្នានូវពួកទេវតាជាន់ណាមួយថា ដោយសីល ឬវ័ត ដោយសេចក្ដីព្យាយាម ឬព្រហ្មចារ្យនេះឯង សូមឱ្យអាត្មាអញបានជាទេវតា (មានសក្ដិ៍ធំ) ឬទេវតា (មានសក្ដិ៍តូច) ណាមួយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះប្រាថ្នានូវពួកទេវតាណាមួយថា ដោយសីល ឬវ័ត ដោយព្យាយាម ឬព្រហ្មចារ្យនេះឯង សូមឱ្យអាត្មាអញ បានជាទេវតា (មានសក្ដិ៍ធំ) ឬទេវតា (មានសក្ដិ៍តូច) ណាមួយ ចិត្តរបស់ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាមដុតកម្ដៅកិលេស ដើម្បីព្យាយាមជាគ្រឿងប្រកបរឿយៗ ដើម្បីព្យាយាមជាប់តទៅ នេះជាចំណងរបស់ចិត្តទី៥ ។

[១៦៩] ឥន្ទ្រិយមាន៥យ៉ាង គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជីវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ។

[១៧០] ឥន្ទ្រិយមាន៥ដទៃទៀត គឺសុខិន្ទ្រិយ១ ទុក្ខិន្ទ្រិយ១ សោមនស្សិន្ទ្រិយ១ ទោមនស្សិន្ទ្រិយ១ ឧបេក្ខិន្ទ្រិយ១ ។

[១៧១] ឥន្ទ្រិយមាន៥ដទៃទៀត គឺសទ្ធិន្ទ្រិយ១ វីរិយិន្ទ្រិយ១ សតិន្ទ្រិយ១ សមាធិន្ទ្រិយ១ បញ្ញិន្ទ្រិយ១ ។

[១៧២] និស្សារណីយធាតុ (ធាតុដែលគួររលាស់ចេញ) មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ កាលដែលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅ ក្នុងកាមទាំងឡាយ តែបើកាលភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវនេក្ខម្មៈ (ការចេញចាកកាម) ចិត្តរមែងស្ទុះទៅ ជ្រះថ្លាតាំងនៅចុះស៊ប់ក្នុងនេក្ខម្មៈ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថាទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយ ចាកកាមទាំងឡាយ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះកាមជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញនូវកាមទាំងឡាយ ដែលព្រះមានព្រះភាគសំដែងហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្ត នូវព្យាបាទ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងព្យាបាទ តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនព្យាបាទ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងការមិនព្យាបាទ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយចាកព្យាបាទ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះព្យាបាទជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញ នូវព្យាបាទ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងការបៀតបៀន តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការមិនបៀតបៀន ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការមិនបៀតបៀន ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយចាកការបៀតបៀន អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើង ព្រោះការបៀតបៀនជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួល នូវវេទនានោះ នេះជាការរលាស់ចេញ នូវការបៀតបៀន ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុ ធ្វើទុកក្នុងចិត្ត នូវរូបទាំងឡាយ ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងរូបទាំងឡាយ តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវអរូប ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុងអរូប ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចល្អហើយ ប្រាសចេញហើយចាករូបទាំងឡាយ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះរូប ជាបច្ច័យ ភិក្ខុនោះ រួចហើយចាករូបទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញ នូវរូបទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត កាលដែលភិក្ខុធ្វើទុកក្នុងចិត្ត នូវសក្កាយៈ (បញ្ចក្ខន្ធ) ចិត្តរមែងមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងសក្កាយៈ តែបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវការរលត់ទៅនៃសក្កាយៈ ចិត្តរមែងស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងការរលត់ទៅនៃសក្កាយៈ ចិត្តរបស់ភិក្ខុនោះ ឈ្មោះថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញហើយចាកសក្កាយៈ អាសវៈទាំងឡាយណា ជាសភាវៈចង្អៀតចង្អល់ ក្តៅក្រហាយ តែងកើតឡើងព្រោះសក្កាយជាបច្ច័យ ភិក្ខុនោះ រួចហើយចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែងមិនទទួលនូវវេទនានោះ នេះជាការរលាស់ចេញ នូវសក្កាយៈ ដែលព្រះមានព្រះភាគ សំដែងហើយ១ ។

[១៧៣] វិមុត្តាយតនៈ (ហេតុជាគ្រឿងរួច) មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌ដល់ភិក្ខុ ក្នុងសាសនានេះ ។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌ដល់ភិក្ខុ យ៉ាងណាៗ ភិក្ខុនោះ រមែងជាអ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ ។ បាមោជ្ជៈ (សេចក្តីរីករាយ) រមែងកើតដល់ភិក្ខុនោះ ដែលជាអ្នកដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ លុះភិក្ខុមានសេចក្តីរីករាយហើយ បីតិក៏រមែងកើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ នេះជា វិមុត្តាយតនៈ ទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះសាស្តា ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ មិនសំដែងធម៌ដល់ភិក្ខុទេ តែថា ភិក្ខុនោះ រមែងសំដែងធម៌ ដែលខ្លួនបានស្តាប់មកហើយយ៉ាងណា បានរៀនមកហើយយ៉ាងណា ដោយសេចក្តីពិស្តារ ដល់ជនទាំងឡាយដទៃ ។ សេចក្តីបំប្រួញ ។ តែថាភិក្ខុនោះ ធ្វើនូវការស្វាធ្យាយន៍នូវធម៌ ដែលខ្លួនបានស្តាប់មកហើយយ៉ាងណា បានរៀនមកហើយយ៉ាងណា ដោយសេចក្តីពិស្តារ ។បេ។ តែថា ភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗដោយចិត្ត ជញ្ជឹងក្នុងចិត្តរឿយៗ ចំពោះធម៌ ដែលខ្លួនបានស្តាប់មកហើយយ៉ាងណា រៀនមកហើយយ៉ាងណា ។បេ។ តែថា សមាធិនិមិត្តណាមួយ ក៏ភិក្ខុនោះរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណាដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាបាន ។ ម្នាលអាវុសោទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណាដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាយ៉ាងណាៗ ភិក្ខុនោះ រមែងជាអ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ ។ កាលភិក្ខុនោះបានដឹងច្បាស់នូវអត្ថ បានដឹងច្បាស់នូវធម៌ហើយ បាមោជ្ជៈ រមែងកើតឡើង លុះបាមោជ្ជៈកើតឡើងហើយ បីតិរមែងកើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ ក៏រមែងស្ងប់រម្ងាប់ ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ តែងទទួលនូវសេចក្តីសុខ កាលភិក្ខុទទួលសេចក្តីសុខហើយ ចិត្តក៏តម្កល់មាំ នេះជាវិមុត្តាយតនៈទី៥ ។

[១៧៤] សញ្ញា (សេចក្តីសំគាល់) ញុំាងវិមុត្តិ [សំដៅយកព្រះអរហត្ត] ឲ្យចាស់ក្លា មាន៥យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ថាទុក្ខ ក្នុងរបស់មិនទៀង១ សេចក្តីសំគាល់ថា មិនមែនរបស់ខ្លួន ក្នុងរបស់ប្រកបដោយទុក្ខ១ សេចក្តីសំគាល់ ក្នុងធម៌ ជាគ្រឿងលះ១ សេចក្តីសំគាល់ក្នុងធម៌ ជាគ្រឿងនឿយណាយ១ ។ ម្នាលអាវុសោទាំងឡាយ ពួកធម៌ ៥ នេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ ៥ ដែលរាប់ចូលក្នុងការសង្គាយនា ។

[១៧៥] ម្នាលអាវុសោទាំងឡាយ ពួកធម៌ ៦ ដែលព្រះមានព្រះភាគអង្គនោះ ។បេ។ ជាសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌ ៦ តើដូចម្តេច ។ អាយតនៈខាងក្នុង៦យ៉ាងគឺ អាយតនៈគឺ ភ្នែក១ អាយតនៈគឺ ត្រចៀក១ អាយតនៈគឺ ច្រមុះ១ អាយតនៈគឺ អណ្តាត១ អាយតនៈគឺ កាយ១ អាយតនៈគឺ ចិត្ត១ ។

[១៧៦] អាយតនៈខាងក្រៅ៦យ៉ាងគឺ អាយតនៈគឺ រូប១ អាយតនៈគឺ សំឡេង១ អាយតនៈគឺ ក្លិន១ អាយតនៈគឺ រស១ អាយតនៈគឺ សម្ផ័ស្ស១ អាយតនៈគឺ ធម៌ [បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងអនិទស្សនរូប (រូបមើលមិនឃើញ) និងអបដិឃរូប (រូបប៉ះពាល់មិនបាន) និងអសង្ខតធាតុ (និព្វាន) ។ អាយតនវិភង្គ អភិធម្ម ។]១ ។

[១៧៧] ប្រជុំនៃវិញ្ញាន៦យ៉ាង គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១ ។

[១៧៨] ប្រជុំនៃផស្សៈ៦យ៉ាង គឺចក្ខុសម្ផ័ស្ស១ ។បេ។ មនោសម្ផ័ស្ស១ ។

[១៧៩] ប្រជុំនៃវេទនា៦យ៉ាង គឺវេទនាកើតអំពីចក្ខុសម្ផស្ស័១ ។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស១ ។

[១៨០] ប្រជុំនៃសញ្ញា៦យ៉ាងគឺ រូបសញ្ញា១ ។បេ។ ធម្មសញ្ញា១ ។

[១៨១] ប្រជុំនៃសញ្ចេតនា [បានដល់សង្ខារក្ខន្ធ ។ សញ្ចេតនា ប្រែថា គិត ចំណុចចិត្ត ក្លែង តាក់តែង ធ្វើ ។]៦យ៉ាងគឺ រូបសញ្ចេតនា១ ។បេ។ ធម្មសញ្ចេតនា១ ។

[១៨២] ប្រជុំនៃតណ្ហា៦យ៉ាង គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១ ។

[១៨៣] អគារវៈ (សេចក្តីមិនគោរព)៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តា១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងព្រះធម៌១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងព្រះសង្ឃ១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងសិក្ខា១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងអប្បមាទធម៌១ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែងក្នុងបដិសន្ថារៈ១ ។

[១៨៤] សគារវៈ (សេចក្តីគោរព) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះសាស្តា១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះធម៌១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងព្រះសង្ឃ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងសិក្ខា១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងអប្បមាទធម៌១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែងក្នុងបដិសន្ថារៈ១ ។

[១៨៥] សោមនស្សុបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយសោមនស្ស) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិតនូវរូប ដែលគួរជាទីតាំង នៃសោមនស្ស១ ។ ស្តាប់សម្លេងដោយត្រចៀក…១ ។ ធុំក្លិនដោយច្រមុះ..១ ។ ទទួលរសដោយអណ្តាត..១ ។ ពាល់ត្រូវសម្ផស្សដោយកាយ..១ ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃសោមនស្ស១ ។

[១៨៦] ទោមនស្សុបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយទោមនស្ស) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិតនូវរូប ដែលគួរជាទីតាំង នៃទោមនស្ស១ ។ ស្តាប់សម្លេងដោយត្រចៀក…១ ។ ធុំក្លិនដោយច្រមុះ..១ ។ ទទួលរសដោយអណ្តាត..១ ។ ពាល់ត្រូវសម្ផស្សដោយកាយ..១ ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃទោមនស្ស១ ។

[១៨៧] ឧបេក្ខូបវិចារ (ធម៌ជាគ្រឿងគន់គិតប្រកបដោយឧបេក្ខា) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិតនូវរូប ដែលគួរជាទីតាំង នៃឧបេក្ខា១ ។ ស្តាប់សម្លេងដោយត្រចៀក…១ ។ ធុំក្លិនដោយច្រមុះ..១ ។ ទទួលរសដោយអណ្តាត..១ ។ ពាល់ត្រូវសម្ផស្សដោយកាយ..១ ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិតនូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃឧបេក្ខា១ ។

[១៨៨] សារាណីយធម៌ (ធម៌គួររលឹក) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព (ភាពតែពួកមួយ១) ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវវចីកម្ម ប្រកបដោយមេត្តា១ ។ ភិក្ខុតម្កល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ។បេ។ ប្រព្រឹត្តទៅដើម្បីឯកីភាព១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបរិភោគមិនចែកមុខរបស់ ឬបុគ្គល [អដ្ឋកថា ថា មានពីរយ៉ាង គឺចែកមុខអាមិស ថា អាត្មាអញ នឹងឲ្យវត្ថុប៉ុណ្ណេះ មិនឲ្យប៉ុណ្ណេះ១ ចែកមុខបុគ្គលថា ឲ្យដល់អ្នកនោះ មិនឲ្យដល់អ្នកនោះ១ ។ ការបរិភោគវៀរចាកហេតុទាំងពីរនេះ ឈ្មោះថា បរិភោគមិនចែកមុខរបស់ ឬបុគ្គល គឺខ្លួនបរិភោគយ៉ាងណា ក៏ឲ្យគេយ៉ាងនោះ ហើយមិនរើសមុខបុគ្គលផង ។]ដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែរបស់ដែលមានក្នុងបាត្រ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ដោយសព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាធម៌គួររលឹក ។បេ។ ប្រព្រឹត្តទៅ ដើម្បីឯកីភាព ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីលស្មើគ្នា ដោយសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិ ប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ។បេ។ ប្រព្រឹត្តទៅដើម្បីឯកីភាព ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីធម៌ទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព ។

[១៨៩] មូលហេតុនៃសេចក្តីវិវាទ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាមានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះមិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តាខ្លះ មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ខ្លះ មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះសង្ឃខ្លះ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាមួយ មិនមានសេចក្តីគោរព កោតក្រែង ក្នុងព្រះសាស្តា ក្នុងព្រះធម៌ ។បេ។ ក្នុងព្រះសង្ឃ ។បេ។ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខា ។ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ ឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះខាងក្នុង ឬខាងក្រៅហើយ ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយត្រូវព្យាយាម ដើម្បីលះមូលហេតុនៃវិវាទ ដ៏លាមកនោះចេញ ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនឃើញមូលហេតុនៃវិវាទមានសភាពយ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមូលហេតុនៃវិវាទ ដ៏លាមកនោះជាប់តាមតទៅ ។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាងនេះ ការមិនមានមូលហេតុនៃវិវាទដ៏លាមកនុ៎ះ ជាប់តាមតទៅ រមែងមានយ៉ាងនេះ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និងវាយឫកស្មើ១ ។ ជាអ្នកមានសេចក្តីឫស្សា និងកំណាញ់១ ។ ជាអ្នកអួតអាង មានពុតត្បុត១ ។ ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិខុស១ ។ ជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ កម្រនឹងលះបង់បាន១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់បានដោយក្រ ភិក្ខុនោះរមែងមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាខ្លះ មិនគោរព មិនកោតក្រែងក្នុងព្រះធម៌ខ្លះ មិនគោរព មិនកោតក្រែងក្នុងព្រះសង្ឃខ្លះ មិនជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាមួយ ជាអ្នកមិនគោរព មិនកោតក្រែងក្នុងព្រះសាស្តាខ្លះ ក្នុងព្រះធម៌ខ្លះ ។បេ។ ក្នុងព្រះសង្ឃខ្លះ ។បេ។ មិនធ្វើឲ្យពេញលេញក្នុងសិក្ខាខ្លះ ។ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុង ឬខាងក្រៅហើយ ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវព្យាយាម លះមូលហេតុនៃវិវាទ ដ៏លាមកនោះឯងចេញ ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនពិចារណាឃើញ មូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមានមូលហេតុ នៃវិវាទដ៏លាមកនោះឯង ជាប់តាមតទៅបាន ។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាងនេះ ការមិនមានមូលហេតុនៃវិវាទ ដ៏លាមកជាប់តាមតទៅ រមែងមានយ៉ាងនេះ១ ។

[១៩០] ធាតុ ៦ យ៉ាងគឺ ធាតុដី១ ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ ធាតុអាកាស១ ធាតុវិញ្ញាណ១ ។

[១៩១] និស្សារណីយធាតុ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា មេត្តាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ មេត្តាចេតោវិមុត្តិ ដែលភិក្ខុចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទនៅតែគ្របសង្កត់ចិត្តភិក្ខុនោះ ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះមេត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវព្យាបាទ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា ករុណាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ ធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីបៀតបៀន នៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ករុណាចេតោវិមុត្តិ ដែលភិក្ខុចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីបៀតបៀន នៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះករុណាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវសេចក្តីបៀតបៀន១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា មុទិតាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីមិនត្រេកអរ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ មុទិតាចេតោវិមុត្តិ ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តីមិនត្រេកអរ នៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះមុទិតាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវសេចក្តីមិនត្រេកអរ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា ឧបេក្ខាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈនៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះឧបេក្ខាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវរាគៈ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា អនិមិត្តាចេតោវិមុត្តិ (អរហត្តផលសមាបត្តិ) ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ខ្ញុំនៅតែមានវិញ្ញាណ ដែលរលឹកតាមនូវនិមិត្ត ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ អនិមិត្តាចេតោវិមុត្តិ ដែលភិក្ខុបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ភិក្ខុនោះនឹងមានវិញ្ញាណរលឹកតាមនូវនិមិត្ត ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះអនិមិត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ នូវនិមិត្តទាំងអស់១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយយ៉ាងនេះថា កាលបើសេចក្តីប្រកាន់របស់ខ្ញុំថា អាត្មាអញមានដូច្នេះ អស់រលីងទៅហើយ ខ្ញុំក៏ពិចារណាមិនឃើញថា របស់ឈ្មោះនេះ គឺអាត្មាអញ នៅមាន ដូច្នេះដែរ តែថា ប្រួញគឺសេចក្តីសង្ស័យ ងឿងឆ្ងល់ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន ។ ភិក្ខុត្រូវនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ កាលបើសេចក្តីប្រកាន់របស់ភិក្ខុនោះថា អាត្មាអញ មាន ដូច្នេះ អស់រលីងទៅហើយ ភិក្ខុនោះ ក៏ពិចារណាមិនឃើញថា របស់ឈ្មោះនេះ គឺអាត្មាអញ នៅមានដូច្នេះដែរ តែថាប្រួញ គឺសេចក្តីសង្ស័យ ងឿងឆ្ងល់ នៅតែគ្របសង្កត់ចិត្តភិក្ខុនោះ ហេតុនេះមិនដែលមាន ។ ម្នាលអាវុសោទាំងឡាយ ព្រោះការគាស់រំលើងសេចក្តីប្រកាន់ថា អាត្មានៅមាន ដូច្នេះនុ៎ះ ចេញបាន ជាគ្រឿងរលាស់ចេញនូវប្រួញ គឺសេចក្តីសង្ស័យ ងឿងឆ្ងល់បាន១ ។

[១៩២] អនុត្តរិយៈ (ធម្មជាតប្រសើរបំផុត) មាន៦យ៉ាង គឺ ទស្សនានុត្តរិយៈ (ប្រសើរបំផុតដោយការឃើញ)១ សវនានុត្តរិយៈ (ប្រសើរបំផុតដោយការស្តាប់)១ លាភានុត្តរិយៈ (ប្រសើរបំផុតដោយការបាន)១ សិក្ខានុត្តរិយៈ (ប្រសើរបំផុតដោយការសិក្សា)១ បារិចរិយានុត្តរិយៈ (ប្រសើរបំផុតដោយការបម្រើ)១ អនុស្សតានុត្តរិយៈ (ប្រសើរបំផុតដោយការរលឹករឿយៗ)១ ។

[១៩៣] ទីតាំងនៃអនុស្សតិមាន៦យ៉ាង គឺពុទ្ធានុស្សតិ១ ធម្មានុស្សតិ១ សង្ឃានុស្សតិ១ សីលានុស្សតិ១ ចាគានុស្សតិ១ ទេវតានុស្សតិ១ ។

[១៩៤] ធម៌ជាគ្រឿងនៅដ៏ទៀងទាត់ (របស់ព្រះខីណាស្រព) មាន៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ក៏មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គលនៅព្រងើយ តែមានសតិ និងសម្បជញ្ញៈ១ ។ ឮសំឡេងដោយត្រចៀក ។បេ។ ធុំក្លិនដោយច្រមុះ ។បេ។ ទទួលរសដោយអណ្តាត ។បេ។ ពាល់ត្រូវសម្ផ័ស្សដោយកាយ ។បេ។ ដឹងធម្មារម្មណ៍ដោយចិត្ត មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គលនៅព្រងើយៗ តែមានសតិ និងសម្បជញ្ញៈ១ ។

[១៩៥] អភិជាតិ (កំណើត) មាន៦យ៉ាង ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ (ត្រកូលទាប) ហើយប្រព្រឹត្តធម៌ខ្មៅ (ទុច្ចរិត) ទៀត១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយប្រព្រឹត្តធម៌ស (សុចរិត) ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយប្រព្រឹត្តធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស (ត្រកូលខ្ពស់) ហើយប្រព្រឹត្តធម៌ស១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស ហើយប្រព្រឹត្តធម៌ខ្មៅ១ ។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ កើតក្នុងត្រកូលស ហើយប្រព្រឹត្តធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន ។

[១៩៦] និព្វេធភាគិយសញ្ញា (សេចក្តីសំគាល់នូវធម៌ បែរទៅជិតព្រះនិព្វាន) មាន៦យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ក្នុងរបស់ជាទុក្ខ ថាមិនមែនជារបស់ខ្លួន១ សេចក្តីសំគាល់ក្នុងរបស់គួរលះបង់១ សេចក្តីសំគាល់ក្នុងរបស់គួរនឿយណាយ១ សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿងរំលត់ទុក្ខ១ ។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួក ៦ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់គ្នា ត្រូវសង្គាយនាធម៌ពួក ៦ នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ ៦ ដែលរាប់ចូលក្នុងការសង្គាយនា ។

[១៩៧] ម្នាលអាវុសោទាំងឡាយ មានធម៌ពួក ៧ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក ៧ នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ពួក៧ ដូចម្តេចខ្លះ ។ អរិយទ្រព្យមាន៧យ៉ាងគឺ ទ្រព្យគឺសទ្ធា១ ទ្រព្យគឺ សីល១ ទ្រព្យគឺ ហិរិ១ ទ្រព្យគឺឱត្តប្បៈ១ ទ្រព្យគឺ សុតៈ១ ទ្រព្យគឺ ចាគៈ១ ទ្រព្យគឺបញ្ញា១ ។

[១៩៨] ពោជ្ឈង្គមាន៧យ៉ាងគឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១ ។

[១៩៩] សមាធិបរិក្ខារ (ធម៌ជាបរិវារសមាធិ) មាន៧យ៉ាងគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ ។

[២០០] អសទ្ធម្ម (ធម៌របស់អសប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនជឿ១ មិនខ្មាសបាប១ មិនខ្លាចបាប១ មានការចេះដឹងតិច១ ខ្ជិលច្រអូស១ ប្រហែស១ អប្បឥតប្រាជ្ញា១ ។

[២០១] សទ្ធម្ម (ធម៌របស់សប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកជឿ១ ខ្មាសបាប១ ខ្លាចបាប១ មានការចេះដឹងច្រើន១ ផ្តើមសេចក្តីព្យាយាម១ ប្រុសស្មារតី១ មានប្រាជ្ញា១ ។

[២០២] សប្បុរិសធម៌ មាន៧យ៉ាង (ទៀត) ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់នូវហេតុ១ ជាអ្នកស្គាល់នូវផល (របស់ហេតុ)១ ជាអ្នកស្គាល់ខ្លួន១ ជាអ្នកស្គាល់ប្រមាណ (ក្នុងភោជន)១ ជាអ្នកស្គាល់កាលគួរ១ ជាអ្នកស្គាល់បរិស័ទ១ ជាអ្នកស្គាល់បុគ្គល (គួរគប់ និងមិនគួរគប់)១ ។

[២០៣] និទ្ទសវត្ថុ [ប្រែថា ហេតុនៃភិក្ខុមានអាយុ១០ឆ្នាំ ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោកសូម្បីបរិនិព្វានពីអាយុ១០ឆ្នាំ ក៏លោកលែងមានអាយុ១ឆ្នាំតទៅខាងមុខទៀត ។ មិនត្រឹមតែ១០ឆ្នាំប៉ុណ្ណោះឡើយ សូម្បី៩ឆ្នាំ (រហូតដល់) ១ថ្ងៃ ឬ១យាម ក៏លែងមាន ព្រោះលោកលែងមានបដិសន្ធិទៀត (អដ្ឋកថា) ។] មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានបំណងដ៏ក្លៀវក្លា ក្នុងការសមាទានសិក្ខា មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការសមាទានសិក្ខាតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការពិចារណាធម៌ មិនប្រាសចាកសេចក្តីស្រឡាញ់ក្នុងការពិចារណាធម៌តទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហាតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការស្ងប់ស្ងាត់ មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការស្ងប់ស្ងាត់តទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធព្យាយាមតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការរលឹក និងភាវៈនៃខ្លួនមានប្រាជ្ញាចាស់ មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការរលឹក និងភាវៈនៃខ្លួនមានប្រាជ្ញាចាស់តទៅ១ មានបំណងក្នុងការត្រាស់ដឹងដោយទិដ្ឋិ គឺឃើញនូវមគ្គ មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការត្រាស់ដឹងដោយទិដ្ឋិតទៅ១ ។

[២០៤] សញ្ញាមាន ៧ យ៉ាងគឺ អនិច្ចសញ្ញា១ អនត្តសញ្ញា១ អសុភសញ្ញា១ អាទីនវសញ្ញា១ បហានសញ្ញា១ វិរាគសញ្ញា១ និរោធសញ្ញា១ ។

[២០៥] ​កម្លាំង​មាន ៧ យ៉ាង គឺ ​កម្លាំង​សទ្ធា១ ​កម្លាំង​ព្យាយាម១ ​កម្លាំង​ហិរ១ ​កម្លាំង​ឱត្តប្បៈ១ ​កម្លាំង​សតិ១ ​កម្លាំង​សមាធិ១ ​កម្លាំង​បញ្ញា១ ។

[២០៦] វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិទី២ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិទី៣ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាជាន់សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិទី៤ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់ នូវពួករូបសញ្ញា ព្រោះវិនាសទៅ នៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិទី៥ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជាវិញ្ញាណដ្ឋិតិទី៦ ។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិទី៧ ។

[២០៧] បុគ្គលគួរទទួលនូវទក្ខិណាទាន មាន៧ពួកគឺ លោកជាឧភតោភាគវិមុត្ត១ បញ្ញាវិមុត្ត១ កាយសក្ខី១ ទិដ្ឋិប្បត្ត១ សទ្ធាវិមុត្ត១ ធម្មានុសារី១ សទ្ធានុសារី [ចូរមើលសេចក្តីពន្យល់ក្នុងសម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ ។]១ ។

[២០៨] អនុសយក្កិលេស មាន ៧ យ៉ាងគឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១ ។

[២០៩] សញ្ញោជនៈ [ហៅថា សំយោជនៈក៏បាន ។] មាន ៧ យ៉ាងគឺ កាមសញ្ញោជនៈ១ បដិឃសញ្ញោជនៈ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ១ មានសញ្ញោជនៈ១ ភវរាគសញ្ញោជនៈ១ អវិជ្ជាសញ្ញោជនៈ១ ។

[២១០] អធិករណសមថៈ មាន៧យ៉ាងគឺ ធម៌សម្រាប់រម្ងាប់នូវអធិករណ៍ ដែលកើតឡើងហើយៗ សង្ឃត្រូវឲ្យសម្មុខាវិន័យ១ ត្រូវឲ្យសតិវិន័យ១ ត្រូវឲ្យអមូឡ្ហវិន័យ១ ត្រូវធ្វើតាមសេចក្តីប្តេជ្ញា១ យេភុយ្យសិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ [ចូរមើលក្នុងសមថក្ខន្ធកៈ ប៉ែកវិន័យសៀវភៅទី១០ ។]១ ។ ម្នាលអាវុសោទាំងឡាយ នេះឯងជាពួកធម៌ ៧ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សំដែងទុកដោយប្រពៃហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក៧នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ ៧ ដែលរាប់ចូលក្នុងការសង្គាយនា ។

[២១១] ម្នាលអាវុសោទាំងឡាយមានធម៌ពួក ៨ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក ៨ នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ពួកធម៌ ៨ តើដូចម្តេច ។ មិច្ឆត្តៈ (ភាវៈដែលខុស) មាន៨យ៉ាង គឺមិច្ឆាទិដ្ឋិ១ មិច្ឆាសង្កប្បៈ១ មិច្ឆាវាចា១ មិច្ឆាកម្មន្តៈ១ មិច្ឆាអាជីវៈ១ មិច្ឆាវាយាមៈ១ មិច្ឆាសតិ១ មិច្ឆាសមាធិ១ ។

[២១២] សម្មត្តៈ (ភាវៈដែលត្រូវ) មាន៨យ៉ាង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១ ។

[២១៣] បុគ្គលទទួលនូវទក្ខិណាទាន មាន៨ពួក គឺលោកអ្នកដល់នូវសោតៈហើយ១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល១ ជាសកទាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល១ ជាអនាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល១ ជាអរហន្ត១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវភាវៈជាអរហន្ត១ ។

[២១៤] កុសីតវត្ថុ (ហេតុរបស់បុគ្គលខ្ជិល) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ការងារហ្នឹងឯង អាត្មាអញ នឹងត្រូវធ្វើ តែថាបើអាត្មាអញ ធ្វើការងារទៅហើយ កាយនឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងារហើយ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ បានធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញកំពុងធ្វើការងារ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងដើរផ្លូវ តែថាបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានគំនិត យ៉ាងនេះថា អាត្មាអញ បានដើរផ្លូវរួចហើយ តែថា កាលដែលអាត្មាអញកំពុងដើរផ្លូវ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានភោជនសៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនេះ ក៏លំបាកទៅហើយ ធ្វើការងារមិនកើត ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញ ក៏ធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែក ដែលត្រូវទឹក ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានកើតអាពាធតិចតួចនេះហើយ មានទំនងនឹងដេកបាន បើដូច្នោះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម … នេះជា កុសីតវត្ថុ ទី៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសះស្បើយអំពីជម្ងឺហើយ ទើបនឹងសះស្បើយអំពីជម្ងឺមិនយូរប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ សះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនយូរប៉ុន្មាន កាយរបស់អាត្មាអញ នៅមិនទាន់មាន​កម្លាំង​ ធ្វើការងារមិនកើត ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី៨ ។

[២១៥] អារព្ភវត្ថុ (ហេតុរបស់បុគ្គលប្រុងប្រៀបព្យាយាម) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងត្រូវធ្វើការងារ តែថាបើអាត្មាអញ ធ្វើការងារទៅ នឹងធ្វើទុកក្នុងចិត្តនូវសាសនា របស់ព្រះពុទ្ធទាំងឡាយ មិនបានស្រួលឡើយ ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងាររួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានធ្វើការងាររួចហើយ កាលដែលអាត្មាអញធ្វើការងារ ក៏មិនអាចធ្វើទុកក្នុងចិត្ត នូវសាសនា របស់ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ គួរអាត្មាអញ ប្រុងប្រៀបព្យាយាម ។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងត្រូវដើរផ្លូវ កាលបើអាត្មាអញ នឹងដើរផ្លូវ មិនងាយធ្វើទុកក្នុងចិត្ត នូវសាសនា របស់ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម… នេះជា អារព្ភវត្ថុ ទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ កាលដែលអាត្មាអញ កំពុងដើរផ្លូវ មិនអាចធ្វើទុកក្នុងចិត្ត នូវសាសនា របស់ព្រះពុទ្ធទាំងឡាយ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ ដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ដរាបដល់ឆ្អែត កាយរបស់អាត្មាអញក៏ស្រាល គួរធ្វើការងារបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម ។បេ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនសៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត កាយរបស់អាត្មាអញ មាន​កម្លាំង​ ល្មមធ្វើការងារបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម ។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម នេះជា អារព្ភវត្ថុ ទី៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កើតអាពាធតិចតួចនេះហើយ អាពាធ របស់អាត្មាអញ គង់មានទំនងចម្រើនឡើងមិនខាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម … នេះជា អារព្ភវត្ថុ ទី៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានសះស្បើយអំពីជម្ងឺហើយ លុះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានសះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន អាពាធរបស់អាត្មាអញ គង់មានទំនងរើឡើងវិញ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី៨ ។

[២១៦] ទានវត្ថុមាន ៨ យ៉ាង គឺ បុគ្គលឲ្យទាន ព្រោះបុគ្គលស្រាប់តែមកដល់១ ឲ្យទានព្រោះខ្លាច (គេតិះដៀល ឬខ្លាចអបាយភូមិ)១ ឲ្យទានដោយគិតថា គេធ្លាប់ឲ្យដល់អាត្មាអញហើយ១ ឲ្យទានដោយគិតថា គេនឹងឲ្យដល់អាត្មាអញវិញ១ ឲ្យទានដោយគិតថា ទានជាការឲ្យសម្រេចប្រយោជន៍១ ឲ្យទានដោយគិតថា អាត្មាអញ មិនបានចំអិន ជនទាំងនេះ មិនបានចំអិន កាលបើអាត្មាអញបានចំអិន មិនគួរនឹងមិនឲ្យទាន ដល់ពួកជនដែលមិនបានចំអិនទេ១ ឲ្យទានដោយគិតថា កាលបើអាត្មាអញ ឲ្យទាននេះទៅហើយ កិត្តិសព្ទដ៏ល្អ រមែងខ្ចរខ្ចាយទៅ១ ឲ្យទានដើម្បីជាគ្រឿងប្រដាប់ចិត្ត ទាំងជាបរិវាររបស់ចិត្ត១ ។

[២១៧] ទានុបបត្តិ (ការកើតឡើង ព្រោះទាន) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងវត្ថុសម្រាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ (ព្រោះ) បុគ្គលនោះ ឃើញខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើដោយកាមគុណ៥ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះមានរាងកាយបែកធ្លាយបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួម ជាមួយនឹងខត្តិយមហាសាល ឬព្រាហ្មណមហាសាល ឬក៏គហបតិមហាសាល ។ បុគ្គលនោះ ក៏តម្កល់ចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ។ ចិត្តរបស់បុគ្គលនោះ ផុតស្រឡះចាកកាមគុណដ៏ថោកទាប តែមិនចម្រើនឡើង [សំដៅយកចិត្ត ដែលមិនបានចម្រើន ដើម្បីប្រយោជន៍ដល់មគ្គ និងផល ដែលលើសលុបជាងសម្បត្តិខត្តិយមហាសាល ជាដើមនោះ (អដ្ឋកថា) ។]តទៅ តែងប្រព្រឹត្តទៅ ដើម្បីកើត ក្នុងទីដែលខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ បុគ្គលនោះបានឮថា ពួកទេវតាក្នុងឋានចាតុម្មហារាជិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយនឹងពួកទេវតាក្នុងឋានចាតុម្មហារាជិកៈ ។ បុគ្គលនោះ ក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះ ផុតស្រឡះចាកកាមគុណ ដ៏ថោកទាប តែមិនចម្រើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែលខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ ។ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គលនោះ បានឮថា ពួកទេវតាក្នុងឋានតាវត្តិង្ស ។បេ។ ពួកទេវតាក្នុងឋានយាមៈ ។បេ។ ពួកទេវតាក្នុងឋានតុសិត ។បេ។ ពួកទេវតាក្នុងឋាននិម្មានរតី ។បេ។ ពួកទេវតាក្នុងឋានបរនិម្មិតវសវតី មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយនឹងពួកទេវតា ក្នុងឋានបរនិម្មិតវសវតី្ត ។ បុគ្គលនោះ ក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះ រួចស្រឡះចាកកាមគុណដ៏ថោកទាប តែមិនចម្រើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងទីដែលខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់បរិសុទ្ធ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គលនោះ បានឮថា ពួកទេវតាក្នុងព្រហ្មលោក មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះមានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ សូមឲ្យទៅកើតរួមជាមួយនឹងពួកទេវតា ក្នុងព្រហ្មលោក ។ បុគ្គលនោះ ក៏តាំងចិត្តនោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គលនោះ រួចស្រឡះចាកកាមគុណដ៏ថោកទាប តែមិនចម្រើនឡើងទៅ តែងប្រព្រឹត្តទៅ ដើម្បីកើត ក្នុងទីដែលខ្លួនប្រាថ្នានោះ ។ តែខ្ញុំពោលនូវដំណើរនោះ ចំពោះបុគ្គលមានសីល មិនពោលចំពោះបុគ្គលទ្រុស្តសីលឡើយ ពោលចំពោះតែបុគ្គលប្រាសចាករាគៈ មិនពោលចំពោះបុគ្គលប្រកបដោយរាគៈឡើយ ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គលមានសីល រមែងសម្រេចបាន ព្រោះសេចក្តីតាំងចិត្តនោះ ជារបស់ប្រាសចាករាគៈ១ ។

[២១៨] លោកធម៌មាន ៨ យ៉ាងគឺ លាភ១ អលាភ១ យស១ អយស១ និន្ទា១ សរសើរ១ សុខ១ ទុក្ខ១ ។

[២១៩] បរិស័ទមាន ៨ ពួកគឺ ខត្តិយបរិស័ទ១ ព្រាហ្មណបរិស័ទ១ គហបតិបរិស័ទ១ សមណបរិស័ទ១ ចាតុម្មហារាជិកបរិស័ទ១ តាវត្តឹសបរិស័ទ១ និម្មានរតិបរិស័ទ១ ព្រហ្មបរិស័ទ១ ។

[២២០] អភិភាយតនៈ មាន៨យ៉ាងគឺ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៣ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់នូវរូបទាំងនោះ ដែលមានសម្បុរល្អ និងសម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៤ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ អរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កាត្រកៀតខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ ពុំនោះសោត ប្រៀបដូចសំពត់ខៀវ កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ខៀវ ដ៏ឆ្លុះចេញនូវពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៥ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កាកណ្ណិកាលឿង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង ពុំនោះសោត ប្រៀបដូចសំពត់លឿង កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង ដ៏ឆ្លុះចេញ នូវសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៦ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញនូវសម្បុរក្រហម មានពន្លឺក្រហម ប្រៀបដូចផ្កាច្បារក្រហម មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត ប្រៀបដូចសំពត់ក្រហម កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញនូវសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់ នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៧ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ អរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះចេញនូវសម្បុរ ស មានពន្លឺ ស ប្រៀបដូចផ្កាយព្រឹក ស មានពណ៌ ស ដ៏ឆ្លុះចេញនូវពណ៌ ស មានពន្លឺ ស ពុំនោះសោត ប្រៀបដូចសំពត់ កើតក្នុងក្រុងពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ ស ដ៏ឆ្លុះចេញនូវពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះចេញនូវសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៨ ។

[២២១] វិមោក្ខមាន៨យ៉ាងគឺ បុគ្គលរមែងឃើញ នូវរូបទាំងឡាយបាន នេះជា វិមោក្ខ ទី១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ នេះជា វិមោក្ខ ទី២ ។ សេចក្តីជឿស៊ប់ ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខ ទី៣ ។ ព្រោះការកន្លង នូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់ អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ នេះជា វិមោក្ខ ទី៤ ។ បុគ្គលកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិមោក្ខទី៥ ។ បុគ្គលកន្លងនូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ នេះជា វិមោក្ខទី ៦ ។ បុគ្គលកន្លងនូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា វិមោក្ខ ទី៧ ។ បុគ្គលកន្លងនូវ នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ សញ្ញាវេទយិតនិរោធ នេះជា វិមោក្ខ ទី៨ ។ ម្នាលអាវុសោទាំងឡាយ ធម៌ពួក ៨ នេះឯង ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក ៨ នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ ៨ ដែលរាប់ចូលក្នុងការសង្គាយនា ។

[២២២] ម្នាលអាវុសោទាំងឡាយ ធម៌ពួក ៩ ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ រមែងមានប្រាកដ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក ៩ នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ពួក ៩ ដូចម្តេចខ្លះ ។ អាឃាតវត្ថុ (ហេតុនៃសេចក្តីគុំគួន) មាន៩យ៉ាងគឺ បុគ្គលចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ ដល់អញ ។ ចងអាឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អញ ។ ចងអាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អញ ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ ។ កំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ។ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើជាប្រយោជន៍ ។ កំពុងប្រព្រឹត្ត នូវអំពើជាប្រយោជន៍ ។ នឹងប្រព្រឹត្ត នូវអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អញ ។

[២២៣] អាឃាតប្បដិវិន័យ (ការកំចាត់បង់អាឃាត) មាន៩យ៉ាង គឺ បុគ្គលកំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបាន ក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គល កំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនជាប្រយោជន៍ ដល់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់នូវអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ ។ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ។ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិនូវអំពើមិនជាប្រយោជន៍នោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។ បុគ្គលកំចាត់បង់ នូវអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តប្រយោជន៍ ។ កំពុងប្រព្រឹត្តប្រយោជន៍ ។ នឹងប្រព្រឹត្តប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិនោះ អាត្មាអញ គប្បីបានក្នុងបុគ្គលនុ៎ះអំពីណា ។

[២២៤] សត្តាវាសៈ (ប្រទេសជាទីនៅរបស់សត្វ) មាន៩យ៉ាង ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជា សត្តាវាស ទី១ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ក្នុងជាន់ព្រហ្មលោក ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជា សត្តាវាស ទី២ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ក្នុងជាន់អាភស្សរៈ នេះជា សត្តាវាស ទី៣ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតា ក្នុងជាន់សុភកិណ្ហៈ នេះជា សត្តាវាស ទី៤ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វឥតសញ្ញា មិនដឹងច្បាស់ (នូវអារម្មណ៍) ដូចពួកទេវតា ជាអសញ្ញិសត្វ នេះជា សត្តាវាស ទី៥ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ ព្រោះកន្លងបង់នូវពួករូបសញ្ញា ព្រោះវិនាសទៅនៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង នេះជា សត្តាវាស ទី៦ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជា សត្តាវាស ទី៧ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ នេះជា សត្តាវាសទី ៨ ។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ នេះជាសត្តាវាសទី៩ ។

[២២៥] អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ មាន៩យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើងហើយ ក្នុងលោកនេះផង ធម៌ដែលធ្វើកិលេសឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយផង ។ តែបុគ្គលនេះ ទៅកើតក្នុងនរក នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោកផង ធម៌ដែលធ្វើកិលេស ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយផង ។ តែបុគ្គលនេះ ទៅកើតក្នុងកំណើតតិរច្ឆាន ។បេ។ ទៅកើតក្នុងបិត្តិវិស័យ ។បេ។ ទៅកើតក្នុងអសុរកាយ ។បេ។ ទៅកើតក្នុងពួកទេវតា មានអាយុវែងណាមួយ ។បេ។ ទៅកើតក្នុងពួកមិលក្ខជន ជាអ្នកមិនដឹងការខុសត្រូវច្បាស់លាស់ ក្នុងពួកបច្ចន្តិមជនបទ ដែលជាប្រទេសគ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទៅដល់ ។ បានកើតក្នុងមជ្ឈិមជនបទហើយ តែអ្នកនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរឹតថា ទានដែលបុគ្គលឲ្យហើយ គ្មានផល របស់ដែលគេបូជាហើយ គ្មានផល ការបូជាធំ គ្មានផល ការបូជាតូច គ្មានផល ផល និងវិបាករបស់កម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកដទៃមិនមាន មាតាមិនមាន បិតាមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុងលោកជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយល្អ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់ដោយខ្លួនឯង ហើយឲ្យអ្នកដទៃបានត្រាស់ដឹងផង មិនមាន ។ បានកើតក្នុងពួកមជ្ឈិមជនបទហើយ តែជាបុគ្គលអប្បឥតប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បីដឹងសេចក្តី នៃសុភាសិត និងទុព្ភាសិតបាន នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យទី៨ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនកើតឡើងក្នុងលោកផង ធម៌ធ្វើនូវសេចក្តីស្ងប់រម្ងាប់កិលេស ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ ដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសទុក ព្រះអង្គក៏មិនបានសំដែងផង ។ តែបុគ្គលនេះ បានកើតក្នុងមជ្ឈិមជនបទ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹងសេចក្តី នៃសុភាសិត និងទុព្ភាសិតបាន ។ នេះជា អក្ខណអសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យទី៩ ។

[២២៦] អនុបុព្វវិហារៈ (ធម៌ជាគ្រឿងនៅ ដែលបុគ្គល ត្រូវចូលតាមលំដាប់ឈាន) មាន៩យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះចាកកាមទាំងឡាយ ស្ងាត់ស្រឡះ ចាកអកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក១ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ រមែងចូលទុតិយជ្ឈាន ជាឈានកើតក្នុងសន្តាននៃខ្លួន ជាទីជ្រះថ្លា គឺសទ្ធា មានភាវៈជាចិត្តប្រសើរឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ១ ព្រោះអស់ទៅនៃបីតិ ប្រកបដោយឧបេក្ខាផង មានសតិសម្បជញ្ញៈផង ទទួលនូវសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលចូលតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានសតិនៅជាសុខ ដោយអំណាចតតិយជ្ឈានណា បានចូលតតិយជ្ឈាន (នោះ)១ ព្រោះលះសុខផង លះទុក្ខផង អស់សោមនស្ស និងទោមនស្ស ក្នុងកាលមុន ចូលចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា១ ព្រោះកន្លងបង់នូវពួករូបសញ្ញា អស់ពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង ចូលអាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុតដូច្នេះ១ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុតដូច្នេះ១ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុអ្វីតិចតួច មិនមាន ដូច្នេះ១ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន១ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលសញ្ញាវេទយិតនិរោធ១ ។

[២២៧] អនុបុព្វនិរោធ (ធម៌ជាគ្រឿងរលត់ដោយលំដាប់ឈាន) មាន៩យ៉ាងគឺ កាលបុគ្គលចូលបឋមជ្ឈាន កាមសញ្ញារលត់១ កាលដែលចូលទុតិយជ្ឈាន វិតក្កវិចារៈរលត់១ កាលដែលចូលតតិយជ្ឈាន បីតិរលត់១ កាលដែលចូលចតុត្ថជ្ឈាន អស្សាសៈ និងបស្សាសៈរលត់១ កាលដែលចូលអាកាសានញ្ចាយតនជ្ឈាន រូបសញ្ញារលត់១ កាលដែលចូលវិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនសញ្ញារលត់១ កាលដែលចូលអាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់១ កាលដែលចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញារលត់១ កាលដែលចូលសញ្ញាវេទយិតនិរោធ សញ្ញា និងវេទនារលត់១ ។ ម្នាលអាវុសោទាំងឡាយ នេះឯងជាធម៌ពួក៩ ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក៩នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ សេចក្តីបំប្រួញធម៌ពួក៩ ។

ចប់ ពួកធម៌ ៩ ដែលរាប់ចូលក្នុងការសង្គាយនា ។

[២២៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពួក១០ ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក១០នោះ ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ពួក១០ ដូចម្តេចខ្លះ ។ នាថករណធម៌ (ធម៌គ្រឿងធ្វើនូវទីពឹង) មាន១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យចំពោះទោសទាំងឡាយ សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ឃើញភ័យចំពោះទោសទាំងឡាយ សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយណា នេះជានាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ជាពហុស្សូត ចាំពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ។ ពួកធម៌ណា មានពីរោះខាងដើម មានពីរោះក្នុងកណ្តាល មានពីរោះក្នុងទីបំផុត ប្រកាសនូវព្រហ្មចារ្យ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌សព្វគ្រប់ ភិក្ខុនោះ បានស្តាប់ច្រើន បានចាំរត់មាត់ រំពឹងដោយចិត្តចាក់ធ្លុះ ដោយសេចក្តីយល់ នូវធម៌មានសភាពដូច្នោះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត ។បេ។ ចាក់ធ្លុះដោយសេចក្តីយល់ណា នេះជា នាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាល្អណា នេះជា នាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយពួកធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ [ស្តាំជាប៉ែកខាងល្អ ឆ្វេងជាប៉ែកខាងអាក្រក់ អ្នកប្រព្រឹត្តល្អ ហៅថា ប្រព្រឹត្តខាងស្តាំ អ្នកប្រព្រឹត្តខុស ហៅថា ប្រព្រឹត្តឆ្វេង ។] ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយពួកធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំណា នេះជានាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចអ្វីដែលបុគ្គលត្រូវធ្វើ ទោះបីធំ ឬតូច របស់ពួកសព្រហ្មចារីណា ភិក្ខុជាអ្នកឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចនោះ អាចធ្វើបាន អាចចាត់ចែងបាន ។ ម្នាលអាវុសោទាំងឡាយ កិច្ចអ្វីៗ ដែលបុគ្គលត្រូវធ្វើ របស់ពួកសព្រហ្មចារីណា ភិក្ខុ ។បេ។ អាចចាត់ចែងបានណា នេះជា នាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមានសំដីគួរស្រឡាញ់ មានសេចក្តីរីករាយដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យ [ក្នុងធម៌ គឺសុត្តន្តបិដក អភិធម្ម គឺសត្តបករណ វិន័យ គឺឧភតោវិភង្គ អភិវិន័យ គឺខន្ធកបរិវារ ឬថា ធម៌គឺសុត្តន្តបិដក អភិធម្ម គឺមគ្គផល វិន័យ គឺវិនយបិដកទាំងអស់ អភិវិន័យ គឺការរម្ងាប់កិលេស (អដ្ឋកថា) ។] ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមានសំដីគួរស្រឡាញ់ មានសេចក្តីត្រេកអរដ៏លើសលុប ក្នុងអភិធម្ម ក្នុងអភិវិន័យណា នេះជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបានណា នេះជា នាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីចម្រើនពួកកុសលធម៌ ជាអ្នកមាន​កម្លាំង​ចិត្ត មានសេចក្តីសង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីចម្រើនពួកកុសលធម៌ ជាអ្នកមាន​កម្លាំង​ចិត្ត មានសេចក្តីសង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយណា នេះជានាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គលមានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹកបានរឿយៗ នូវការងារដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តី ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គលមានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹកបានរឿយៗ នូវការងារ ដែលបានធ្វើយូរហើយក្តី និយាយយូរហើយក្តីណា នេះជានាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះ យល់នូវសេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់ទៅនៃទុក្ខដោយប្រពៃ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះ យល់នូវសេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃណា នេះជានាថករណធម៌១ ។

[២២៩] កសិណាយតនៈមាន ១០ យ៉ាង គឺ បុគ្គលម្នាក់ ចាំបាននូវបឋវីកសិណ ទាំងទិសខាងលើ ខាងក្រោម និងទិសទទឹងតាមលំដាប់ រកប្រមាណមិនបាន ។ បុគ្គលម្នាក់ ចាំបាននូវអាបោកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវតេជោកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវវាយោកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវនីលកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវបីតកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវលោហិតកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវឱទាតកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវអាកាសកសិណ ។បេ។ បុគ្គលម្នាក់ ចាំបាននូវវិញ្ញាណកសិណ ទាំងទិសខាងលើ ខាងក្រោម និងទិសទទឹង តាមលំដាប់ រកប្រមាណមិនបាន ។

[២៣០] អកុសលកម្មបថមាន ១០ យ៉ាង គឺបាណាតិបាត១ អទិន្នាទាន១ កាមេសុមិច្ឆាចារៈ១ មុសាវាទ១ បិសុណាវាចា១ ផរុសវាចា១ សម្ផប្បលាបៈ១ អភិជ្ឈា១ ព្យាបាទ១ មិច្ឆាទិដ្ឋិ១ ។

[២៣១] កុសលកម្មបថមាន ១០ យ៉ាង គឺចេតនាវៀរចាកបាណាតិបាត១ ចេតនាវៀរចាកអទិន្នាទាន១ ចេតនាវៀរចាកកាមេសុមិច្ឆាចារៈ១ ចេតនាវៀរចាកមុសាវាទ១ ចេតនាវៀរចាកបិសុណាវាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្បលាបៈ១ មិនមានអភិជ្ឈា១ មិនមានព្យាបាទ១ សម្មាទិដ្ឋិ១ ។

[២៣២] អរិយវាសៈ (ធម៌ជាគ្រឿងនៅរបស់ព្រះអរិយៈ) មាន១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានអង្គ៥ លះបង់ហើយ១ ប្រកបដោយឆឡង្គុបេក្ខា១ មានកិរិយារក្សាធម៌តែមួយ១ មានធម៌ជាគ្រឿងពឹងផ្អែក៤យ៉ាង១ លះបង់សច្ចៈ ដែលបុគ្គលប្រកាន់ផ្សេងៗគ្នា១ មានការស្វែងរកនូវវត្ថុទាំងពួង លះបង់ហើយដោយប្រពៃ១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារស្ងប់រម្ងាប់ហើយ១ មានចិត្តរួចស្រឡះហើយដោយល្អ១ មានប្រាជ្ញារួចស្រឡះហើយដោយល្អ១ ។ ម្នាលអាវុសោទាំងឡាយ ឯភិក្ខុមានអង្គ៥ លះបង់ហើយ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់ព្យាបាទ១ លះបង់ថីនមិទ្ធៈ១ លះបង់ឧទ្ធច្ចកុក្កុច្ចៈ១ លះបង់វិចិកិច្ឆា១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានអង្គ៥ លះបង់ហើយដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ឆឡង្គុបេក្ខា តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ក៏មិនសោមនស្ស មិនទោមនស្ស ជាបុគ្គលព្រងើយកន្តើយ មានសតិ និងសម្បជញ្ញៈ ។ ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ទទួលរសដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនមានសោមនស្ស មិនមានទោមនស្ស ជាបុគ្គលព្រងើយកន្តើយ មានសតិ និងសម្បជញ្ញៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ឆឡង្គុបេក្ខា ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកិរិយារក្សាធម៌តែមួយ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត មានសតិ ជាគ្រឿងរក្សាទុក ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកិរិយារក្សាធម៌តែមួយ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿងពឹងផ្អែក៤យ៉ាង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពវត្ថុ ដែលគួរសេព១ ពិចារណាហើយ ទើបអត់សង្កត់វត្ថុ ដែលគួរអត់សង្កត់១ ពិចារណាហើយ ទើបវៀរវត្ថុ ដែលគួរវៀរ១ ពិចារណាហើយ ទើបបន្ទោបង់វត្ថុ ដែលគួរបន្ទោបង់១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿងពឹងផ្អែក៤យ៉ាង ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គលប្រកាន់ផ្សេងៗគ្នា តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចេញ ផ្តាច់ចេញ លះបង់ រលាស់ចោល នូវសច្ចធម៌ ដែលបុគ្គលប្រកាន់ផ្សេងគ្នាច្រើនយ៉ាង របស់ពួកសមណព្រាហ្មណ៍ជាច្រើននោះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គលប្រកាន់ផ្សេងៗគ្នា ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរក លះបង់ហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់ការស្វែងរកកាម លះបង់ការស្វែងរកភព លះបង់ការស្វែងរកព្រហ្មចារ្យ [សំដៅយកការលះ អន្តគ្គាហិកទិដ្ឋិ (អដ្ឋកថា)] ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរក លះបង់ហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនសៅហ្មង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់សេចក្តីត្រិះរិះក្នុងកាម លះបង់សេចក្តីត្រិះរិះ ក្នុងព្យាបាទ លះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនសៅហ្មង ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ហើយ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលកាន់ចតុត្ថជ្ឈាន មិនទុក្ខមិនសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះអស់សោមនស្ស និងទោមនស្សក្នុងកាលមុន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ហើយ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយ ចាករាគៈ មានចិត្តរួចស្រឡះហើយ ចាកទោសៈ មានចិត្តរួចស្រឡះហើយ ចាកមោហៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញារួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា រាគៈ អាត្មាអញ លះបង់បានហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចដើមត្នោត (កំបុត ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ដឹងច្បាស់ថា ទោសៈ អាត្មាអញ លះបង់បានហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចដើមត្នោត (កំបុត ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ដឹងច្បាស់ថា មោហៈ អាត្មាអញ លះបង់បានហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចដើមត្នោត (កំបុត ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។

[២៣៣] អសេក្ខធម៌ (ធម៌របស់អសេក្ខបុគ្គល) មាន១០យ៉ាង គឺ សម្មាទិដ្ឋិ ជាអសេក្ខធម៌១ សម្មាសង្កប្បៈ ជាអសេក្ខធម៌១សម្មាវាចា ជាអសេក្ខធម៌១ សម្មាកម្មន្តៈ ជាអសេក្ខធម៌១ សម្មាអាជីវៈ ជាអសេក្ខធម៌១ សម្មាវាយាមៈ ជាអសេក្ខធម៌១ សម្មាសតិ ជាអសេក្ខធម៌១ សម្មាសមាធិ ជាអសេក្ខធម៌១ សម្មាញាណៈ ជាអសេក្ខធម៌១ សម្មាវិមុត្តិ ជាអសេក្ខធម៌១ ។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួក១០ ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុកស្រេចហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា មិនត្រូវទាស់ទែងគ្នា ក្នុងធម៌ទាំងនោះ ព្រហ្មចរិយធម៌នេះ ដែលនឹងតាំងនៅមាំ ឋិតនៅអស់កាលយូរ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

ចប់ ពួកធម៌ដប់ៗ ដែលរាប់ចូលក្នុងការសង្គាយនា ។

[២៣៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ល្អហើយ ល្អហើយ ម្នាលសារីបុត្ត អ្នកបានសំដែងសង្គីតិបរិយាយ ដល់ភិក្ខុទាំងឡាយ ជាការប្រពៃពេកណាស់ ។ លុះព្រះសារីបុត្ត បានសំដែងសូត្រនេះចប់ ។ ព្រះសាស្តា ក៏បានពេញព្រះហឫទ័យហើយ ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ នឹងភាសិត របស់ព្រះសារីបុត្តដ៏មានអាយុ ។

ចប់ សង្គីតិសូត្រ ទី១០ ។

ទសុត្តរសូត្រ ទី១១កែប្រែ

[២៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប ។ ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយ (ដែលនៅ) ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ ។ ភិក្ខុទាំងនោះ ឆ្លើយតបពាក្យព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលយ៉ាងនេះថា

[២៣៦] ខ្ញុំនឹងសំដែងទសុត្តរធម៌ [ធម៌ដែលលោកចែកជាមាតិកាដប់ៗ មួយទៀត ធម៌តាំងពីរមួយ ១០ដងឡើងទៅដល់ដប់ ១០ដង ។ ឬក្នុងមួយសង្កាត់ៗ មានប្រស្នាដប់ៗ ក្នុងខមួយៗ ហៅថា ទសុត្តរធម៌ (អដ្ឋកថា) ។] ជាធម៌សម្រាប់ដោះស្រាយនូវគ្រឿងចាក់ស្រែះ គឺកិលេសទាំងអស់ (មានអភិជ្ឈាជាដើម) ដើម្បីបានដល់ព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃវដ្តទុក្ខ ។

[២៣៧] ម្នាលអាវុសោទាំងឡាយ ធម៌មួយមានឧបការៈច្រើន ធម៌មួយគួរចម្រើន ធម៌មួយគួរកំណត់ដឹង ធម៌មួយគួរលះបង់ ធម៌មួយជាចំណែកនៃសេចក្តីវិនាស ធម៌មួយជាចំណែកវិសេស ធម៌មួយត្រាស់ដឹងបានដោយក្រ ធម៌មួយគួរឲ្យកើតឡើង ធម៌មួយគួរដឹងច្បាស់ ធម៌មួយគួរធ្វើឲ្យជាក់ច្បាស់ ។

[២៣៨] ធម៌មួយមានឧបការៈច្រើន តើដូចម្តេច ។ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយជាកុសល ។ នេះជាធម៌មួយ ដែលមានឧបការៈច្រើន ។

[២៣៩] ធម៌មួយដែលគួរចម្រើន តើដូចម្តេច ។ កាយគតាសតិ ដែលប្រកបដោយសេចក្តីត្រេកអរ (សេចក្តីសុខ) ។ នេះជាធម៌មួយ ដែលគួរចម្រើន ។

[២៤០] ធម៌មួយដែលគួរកំណត់ដឹង តើដូចម្តេច ។ ផស្សៈ ដែលប្រកបដោយអាសវៈ ជាទីតាំងនៃឧបាទាន ។ នេះជាធម៌មួយ ដែលគួរកំណត់ដឹង ។

[២៤១] ធម៌មួយដែលគួរលះបង់ តើដូចម្តេច ។ អស្មិមានៈ គឺសេចក្តីប្រកាន់ខ្លួន ។ នេះជាធម៌មួយ ដែលគួរលះបង់ ។

[២៤២] ធម៌មួយដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេច ។ អយោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្ត ដោយមិនជាឧបាយនៃប្រាជ្ញា [បានដល់ការកំណត់ទុកក្នុងចិត្តខុសគន្លង ដូច កំណត់ក្នុងលក្ខណៈ ដែលមិនទៀង ថាទៀងវិញជាដើម ។] ។ នេះជាធម៌មួយ ដែលជាចំណែកនៃសេចក្តីវិនាស ។

[២៤៣] ធម៌មួយដែលជាចំណែកវិសេស តើដូចម្តេច ។ យោនិសោមនសិការៈ គឺការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ។ នេះជាធម៌មួយ ដែលជាចំណែកវិសេស ។

[២៤៤] ធម៌មួយដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេច ។ អនន្តរិកចេតោសមាធិ [ក្នុងទីដទៃ លោកសំដៅយកផលជាលំដាប់នៃមគ្គ ហៅថា អនន្តរិកចេតោសមាធិ តែក្នុងទីនេះ លោកសំដៅយកមគ្គ ជាលំដាប់នៃវិបស្សនាវិញ ព្រោះសមាធិនោះ ជាលំដាប់នៃវិបស្សនាផង ឲ្យនូវផលជាលំដាប់នៃខ្លួនផង (អដ្ឋកថា)] ។ នេះជាធម៌មួយ ដែលត្រាស់ដឹងបានដោយក្រ ។

[២៤៥] ធម៌មួយដែលគួរឲ្យកើតឡើង តើដូចម្តេច ។ ញាណដែលមិនកម្រើក គឺបច្ចវេក្ខណបញ្ញា ។ នេះជាធម៌មួយ ដែលគួរឲ្យកើតឡើង ។

[២៤៦] ធម៌មួយដែលគួរដឹងច្បាស់ តើដូចម្តេច ។ បានដល់ពួកសត្វទាំងពួង តាំងនៅបានព្រោះអាហារ ។ នេះជាធម៌មួយដែលគួរដឹងច្បាស់ ។

[២៤៧] ធម៌មួយ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេច ។ អកុប្បាចេតោវិមុត្តិ ការរួចផុតនៃចិត្តមិនកម្រើក គឺអរហត្តផល ។ នេះជាធម៌មួយ ដែលគួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំងឡាយ១០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ គឺព្រះតថាគត ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

[២៤៨] ធម៌ពីរមានឧបការៈច្រើន ធម៌ពីរគួរចម្រើន ធម៌ពីរគួរកំណត់ដឹង ធម៌ពីរគួរលះបង់ ធម៌ពីរជាចំណែកនៃសេចក្តីវិនាស ធម៌ពីរជាចំណែកវិសេស ធម៌ពីរត្រាស់ដឹងបានដោយក្រ ធម៌ពីរគួរឲ្យកើតឡើង ធម៌ពីរគួរដឹងច្បាស់ ធម៌ពីរគួរធ្វើឲ្យជាក់ច្បាស់ ។

[២៤៩] ធម៌ពីរមានឧបការៈច្រើន តើដូចម្តេចខ្លះ ។ សតិ (សេចក្តីរលឹក)១ សម្បជញ្ញៈ (សេចក្តីដឹងខ្លួន)១ ។ ធម៌ទាំងពីរនេះ មានឧបការៈច្រើន ។

[២៥០] ធម៌ពីរដែលគួរចម្រើន តើដូចម្តេចខ្លះ ។ សមថៈ១ វិបស្សនា១ ។ ធម៌ទាំងពីរនេះ គួរចម្រើន ។

[២៥១] ធម៌ពីរដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ នាម១ រូប១ ។ ធម៌ទាំងពីរនេះ គួរកំណត់ដឹង ។

[២៥២] ធម៌ពីរដែលគួរលះបង់ តើដូចម្តេចខ្លះ ។ អវិជ្ជា (សេចក្តីល្ងង់)១ ភវតណ្ហា (ចំណង់ក្នុងភព)១ ។ ធម៌ទាំងពីរនេះ គួរលះបង់ ។

[២៥៣] ធម៌ពីរដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ ភាវៈជាអ្នកដែលគេស្តីប្រដៅបានដោយក្រ១ ភាវៈជាអ្នកគប់មិត្តអាក្រក់១ ។ ធម៌ទាំងពីរនេះ ជាចំណែកនៃសេចក្តីវិនាស ។

[២៥៤] ធម៌ពីរដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ភាវៈ ជាអ្នកដែលគេស្តីប្រដៅងាយ១ ភាវៈ ជាអ្នកគប់មិត្តល្អ១ ។ ធម៌ទាំងពីរនេះ ជាចំណែកវិសេស ។

[២៥៥] ធម៌ពីរដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ ហេតុ និងបច្ច័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីសៅហ្មង របស់សត្វទាំងឡាយ១ ហេតុ និងបច្ច័យ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធ របស់សត្វទាំងឡាយ១ ។ ធម៌ទាំងពីរនេះ ត្រាស់ដឹងបានដោយក្រ ។

[២៥៦] ធម៌ពីរដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ញាណ (ការដឹង) ពីរយ៉ាង ការដឹងក្នុងរបស់អស់ទៅ១ ការដឹងក្នុងរបស់មិនទាន់កើតឡើង១ ។ ធម៌ទាំងពីរនេះ គួរឲ្យកើតឡើង ។

[២៥៧] ធម៌ពីរដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ ធាតុពីរយ៉ាង ធាតុដែលមានបច្ច័យតាក់តែង [បានដល់ខន្ធ៥ ។]១ ធាតុដែលគ្មានបច្ច័យតាក់តែង [បានដល់ព្រះនិព្វាន ។]១ ។ ធម៌ទាំងពីរនេះ គួរដឹងច្បាស់ ។

[២៥៨] ធម៌ពីរ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ វិជ្ជា សេចក្តីដឹង១ វិមុត្តិ សេចក្តីរួចផុតស្រឡះចាកកិលេស១ ។ ធម៌ទាំងពីរនេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង២០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃ ដែលព្រះតថាគត ត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ ។

[២៥៩] ធម៌បីមានឧបការៈច្រើន ធម៌បីគួរចម្រើន ធម៌បីគួរកំណត់ដឹង ធម៌បីគួរលះបង់ ធម៌បីជាចំណែកនៃសេចក្តីវិនាស ធម៌បីជាចំណែកវិសេស ធម៌បីត្រាស់ដឹងបានដោយក្រ ធម៌បីគួរឲ្យកើតឡើង ធម៌បីគួរឲ្យដឹងច្បាស់ ធម៌បីគួរធ្វើឲ្យជាក់ច្បាស់ ។

[២៦០] ធម៌បីមានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ការសេពគប់នឹងសប្បុរស១ ការស្តាប់ធម៌របស់សប្បុរស១ សេចក្តីប្រតិបត្តិធម៌ សមគួរដល់ធម៌១ ។ធម៌ទាំងបីនេះ មានឧបការៈច្រើន ។

[២៦១] ធម៌បីដែលគួរចម្រើន តើដូចម្តេចខ្លះ ។ សមាធិបីយ៉ាង សមាធិដែលមានវិតក្កៈ ទាំងវិចារៈ១ សមាធិដែលគ្មាវិតក្កៈ មានតែវិចារៈ១ សមាធិ ដែលគ្មានវិតក្កៈ គ្មានទាំងវិចារៈ១ ។ ធម៌ទាំងបីនេះ គួរចម្រើន ។

[២៦២] ធម៌បីដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ វេទនាបីរប្រការ វេទនា ដែលជាសុខ១ វេទនាដែលជាទុក្ខ១ វេទនាដែលមិនជាទុក្ខ មិនជាសុខ១ ។ ធម៌ទាំងបីនេះ គួរកំណត់ដឹង ។

[២៦៣] ធម៌បីដែលគួរលះបង់ តើដូចម្តេចខ្លះ ។ តណ្ហាបីប្រការ គឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ។ ធម៌ទាំងបីនេះ គួរលះបង់ ។

[២៦៤] ធម៌បីដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ អកុសលមូល (ឫសអកុសល) បីយ៉ាងគឺ លោភៈ ជាឫសអកុសល១ ទោសៈ ជាឫសអកុសល១ មោហៈ ជាឫសអកុសល១ ។ ធម៌ទាំងបីនេះ ជាចំណែកនៃសេចក្តីវិនាស ។

[២៦៥] ធម៌បីដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ កុសលមូល (ឫសកុសល) បីប្រការគឺ អលោភៈ ជាឫសកុសល១ អទោសៈ ជាឫសកុសល១ អមោហៈ ជាឫសកុសល១ ។ ធម៌ទាំងបីនេះ ជាចំណែកវិសេស ។

[២៦៦] ធម៌បីដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ និស្សារណីយធាតុ (ធាតុដែលត្រូវរលាស់ចេញ) ៣ប្រការ គឺ នេក្ខម្មៈ [នេក្ខម្មៈក្នុងទីនេះ លោកសំដៅយកអនាគាមិមគ្គ ព្រោះជាធម៌រលាស់ចេញ នូវកាមគ្រប់យ៉ាង ។] ដែលជាធម្មជាតរលាស់ចេញនូវកាមទាំងឡាយ១ អរូបជ្ឈាន [បានដល់អរហត្តមគ្គ ព្រោះជាធម៌រលាស់ចេញ នូវរូបទាំងពួង ឃាត់មិនឲ្យកើតឡើងទៀត ។] ដែលជាធម្មជាតរលាស់ចេញនូវរូបទាំងឡាយ១ និរោធ [និរោធក្នុងទីនេះ បានដល់អរហត្តផល ព្រោះអរិយបុគ្គល ដែលបានឃើញនូវព្រះនិព្វាន ដោយអរហត្តផលហើយ សង្ខារទាំងពួង លែងមានតទៅទៀត ។] ដែលជាធម៌រលាស់ចេញ នូវអ្វីមួយដែលកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យ ដែលតាក់តែង១ ។ ធម៌ទាំងបីនេះ ត្រាស់ដឹងបានដោយក្រ ។

[២៦៧] ធម៌បីដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ញាណ បីយ៉ាងគឺ ញាណដែលជាចំណែកអតីត១ ញាណដែលជាចំណែកអនាគត១ ញាណដែលជាចំណែកបច្ចុប្បន្ន១ ។ ធម៌ទាំងបីនេះ គួរឲ្យកើតឡើង ។

[២៦៨] ធម៌បីដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ ធាតុបីយ៉ាងគឺ កាមធាតុ១ រូបធាតុ១ អរូបធាតុ១ ។ ធម៌ទាំងបីនេះ គួរដឹងច្បាស់ ។

[២៦៩] ធម៌បី គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ វិជ្ជា៣ប្រការ គឺធម្មជាត ជាគ្រឿងរលឹកបាននូវខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ជាវិជ្ជា១ ធម្មជាត ជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ជាវិជ្ជា១ ធម្មជាត ជាគ្រឿងដឹងក្នុងកិរិយាអស់ទៅនៃអាសវៈទាំងឡាយ ជាវិជ្ជា១ ។ ធម៌ទាំងបីនេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៣០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត ត្រាស់ដឹងដោយប្រពៃ ដោយប្រការដូច្នេះ ។

[២៧០] ធម៌៤មានឧបការៈច្រើន ធម៌៤គួរចម្រើន ធម៌៤គួរកំណត់ដឹង ធម៌៤គួរលះបង់ ធម៌៤ជាចំណែកនៃសេចក្តីវិនាស ធម៌៤ជាចំណែកវិសេស ធម៌៤ត្រាស់ដឹងបានដោយក្រ ធម៌៤គួរឲ្យកើតឡើង ធម៌៤គួរឲ្យដឹងច្បាស់ ធម៌៤គួរធ្វើឲ្យជាក់ច្បាស់ ។

[២៧១] ធម៌៤មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ចក្កធម៌ [ធម្មជាត ជាគ្រឿងវិលទៅ ហៅថា ចក្កៈ (កង់) មាន៥យ៉ាងគឺ ទារុចក្កៈ (កង់ឈើ)១ រតនចក្កៈ (កង់កែវ)១ ធម្មចក្កៈ (កង់គឺធម៌)១ ឥរិយាបថចក្កៈ (កង់គឺឥរិយាបថ)១ សម្បត្តិចក្កៈ (កង់គឺសម្បត្តិ)១ ក្នុងទីនេះ សំដៅយក សម្បត្តិចក្កៈ តែម្យ៉ាង ។]៤យ៉ាងគឺ ការនៅក្នុងប្រទេសដ៏សមគួរ១ ការសេពគប់សប្បុរស១ ការតាំងខ្លួនទុកប្រពៃ១ ភាពជាអ្នកបានធ្វើបុណ្យទុកក្នុងកាលមុន១ ។ ធម៌ទាំង៤នេះ មានឧបការៈច្រើន ។

[២៧២] ធម៌៤ដែលគួរចម្រើន តើដូចម្តេចខ្លះ ។ សតិប្បដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក១ ។ ក្នុងវេទនាទាំងឡាយ ។បេ។ ក្នុងចិត្ត ។បេ។ ជាអ្នកពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក១ ។ ធម៌ទាំង៤នេះ គួរចម្រើន ។

[២៧៣] ធម៌៤ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ អាហារ៤គឺ អាហារដែលពូតជាពំនូត ទោះគ្រោតគ្រាតក្តី ល្អិតក្តី (ជាទី១) ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤ ។ ធម៌ទាំង៤នេះ គួរកំណត់ដឹង ។

[២៧៤] ធម៌៤ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ អន្លង់៤ អន្លង់គឺកាម១ អន្លង់គឺភព១ អន្លង់គឺទិដ្ឋិ១ អន្លង់គឺអវិជ្ជា១ ។ ធម៌ទាំង៤នេះ គួរលះបង់ ។

[២៧៥] ធម៌៤ដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ យោគៈ (គ្រឿងប្រកប)៤ គឺ កាមយោគៈ (គ្រឿងប្រកប គឺកាម)១ ភវយោគៈ (គ្រឿងប្រកប គឺភព)១ ទិដ្ឋិយោគៈ (គ្រឿងប្រកប គឺទិដ្ឋិ)១ អវិជ្ជាយោគៈ (គ្រឿងប្រកប គឺអវិជ្ជា)១ ។ ធម៌ទាំង៤នេះ ជាចំណែកនៃសេចក្តីវិនាស ។

[២៧៦] ធម៌៤ដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ការប្រាសចាកគ្រឿងប្រកប៤គឺ ការប្រាសចាកគ្រឿងប្រកប គឺកាម១ ការប្រាសចាកគ្រឿងប្រកប គឺភព១ ការប្រាសចាកគ្រឿងប្រកប គឺទិដ្ឋិ១ ការប្រាសចាកគ្រឿងប្រកប គឺអវិជ្ចា១ ។ ធម៌ទាំង៤នេះ ជាចំណែកវិសេស ។

[២៧៧] ធម៌ ៤ ដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ សមាធិ៤គឺ សមាធិដែលជាចំណែកនៃសេចក្តីវិនាស១ សមាធិដែលជាចំណែកនៃការឋិតថេរ១ សមាធិដែលជាចំណែកវិសេស១ សមាធិដែលជាចំណែកនៃកិរិយាទម្លាយនូវកិលេស១ ។ ធម៌ទាំង៤នេះ ត្រាស់ដឹងបានដោយក្រ ។

[២៧៨] ធម៌ ៤ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ញាណ ៤គឺ ធម្មជាត ជាគ្រឿងដឹងក្នុងធម៌១ ធម្មជាត ជាគ្រឿងដឹងក្នុងការយល់១ ធម្មជាត ជាគ្រឿងដឹងក្នុងការកំណត់១ ធម្មជាត ជាគ្រឿងដឹងក្នុងការសម្មតិ១ ។ ធម៌ទាំង៤នេះ គួរឲ្យកើតឡើង ។

[២៧៩] ធម៌ ៤ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ អរិយសច្ច៤ គឺ ទុក្ខអរិយសច្ច១ ទុក្ខសមុទយអរិយសច្ច១ ទុក្ខនិរោធអរិយសច្ច១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច១ ។ ធម៌ទាំង៤នេះ គួរដឹងច្បាស់ ។

[២៨០] ធម៌ ៤ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ សាមញ្ញផល៤គឺ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១ ។ ធម៌ទាំង៤នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៤០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត ត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

[២៨១] ធម៌ ៥ មានឧបការៈច្រើន ធម៌៥គួរចម្រើន ធម៌៥គួរកំណត់ដឹង ធម៌៥គួរលះបង់ ធម៌៥ជាចំណែកនៃសេចក្តីវិនាស ធម៌៥ជាចំណែកវិសេស ធម៌៥ត្រាស់ដឹងបានដោយក្រ ធម៌៥គួរឲ្យកើតឡើង ធម៌៥គួរដឹងច្បាស់ ធម៌៥គួរធ្វើឲ្យជាក់ច្បាស់ ។

[២៨២] ធម៌ ៥ មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ អង្គដែលជាទីតាំងនៃសេចក្តីព្យាយាម៥ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគត ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រង់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតដូច្នេះ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយតេជោធាតុ ដែលកើតអំពីកម្ម មានផលស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម១ ជាអ្នកមិនអួតអាង មិនមានមាយា សំដែងខ្លួនតាមពិតចំពោះគ្រូ ឬសព្រហ្មចារីបុគ្គល ដែលជាអ្នកចេះដឹងទាំងឡាយ១ ជាអ្នកមានព្យាយាមប្រារព្ធហើយ ដើម្បីលះបង់ធម៌ទាំងឡាយ ដែលជាអកុសល ដើម្បីញុំាងធម៌ទាំងឡាយ ដែលជាកុសលឲ្យកើតឡើង ជាអ្នកមាន​កម្លាំង​ មានសេចក្តីប្រឹងប្រែង មិនដាក់ធុរៈចុះក្នុងធម៌ទាំងឡាយ ដែលជាកុសល១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលជាគ្រឿងធ្វើដំណើរទៅកាន់សេចក្តីចម្រើន និងសេចក្តីវិនាស ជាគ្រឿងត្រាស់ដឹងរបស់ព្រះអរិយៈ ជាគ្រឿងធ្វើដំណើរទៅកាន់ការអស់ទៅនៃទុក្ខដោយប្រពៃ១ ។ ធម៌ទាំង៥នេះ មានឧបការៈច្រើន ។

[២៨៣] ធម៌ ៥ ដែលគួរចម្រើន តើដូចម្តេចខ្លះ ។ ការតាំងចិត្តប្រពៃ ប្រកបដោយអង្គ៥គឺ ការផ្សាយទៅនៃបីតិ១ ការផ្សាយទៅនៃសេចក្តីសុខ១ ការផ្សាយទៅនៃចិត្ត១ ការផ្សាយទៅនៃពន្លឺ១ និមិត្តនៃការពិចារណា១ ។ ធម៌ទាំង៥នេះ គួរចម្រើន ។

[២៨៤] ធម៌ ៥ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ ឧបាទានក្ខន្ធ (គំនរនៃសេចក្តីប្រកាន់)៥ គឺ រូបជាឧបាទានក្ខន្ធ១ វេទនាជាឧបាទានក្ខន្ធ១ សញ្ញាជាឧបាទានក្ខន្ធ១ សង្ខារជាឧបាទានក្ខន្ធ១ វិញ្ញាណជាឧបាទានក្ខន្ធ១ ។ធម៌ទាំង៥នេះ គួរកំណត់ដឹង ។

[២៨៥] ធម៌ ៥ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ នីវរណៈ (ធម៌ជាគ្រឿងរារំាង)៥ គឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ។ ធម៌ទាំង៥នេះ គួរលះបង់ ។

[២៨៦] ធម៌៥ដែលជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ សេចក្តីរឹងត្អឹងនៃចិត្ត៥ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងតាំងទុក ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបានបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងតាំងទុក ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងតាំងទុក នេះជា សេចក្តីរឹងត្អឹងនៃចិត្តទី១ ។ ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត ភិក្ខុសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះធម៌ ។បេ។ សង្ស័យក្នុងព្រះសង្ឃ ។បេ។ សង្ស័យក្នុងសិក្ខា ។បេ។ ជាអ្នកខឹងអាក់អន់ចិត្ត មានចិត្តចងគំនុំ មានចិត្តរឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា ជាអ្នកខឹងអាក់អន់ចិត្ត មានចិត្តចងគំនុំ មានចិត្តរឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងតាំងទុក ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រកប ដើម្បីសេចក្តីព្យាយាម ជាគ្រឿងប្រព្រឹត្តមិនដាច់ ដើម្បីសេចក្តីព្យាយាម ជាគ្រឿងតាំងទុក នេះជា សេចក្តីរឹងត្អឹងនៃចិត្តទី៥ ។ ធម៌ទាំង៥នេះ ជាចំណែកនៃសេចក្តីវិនាស ។

[២៨៧] ធម៌ ៥ ដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ ឥន្ទ្រិយ (ធម្មជាតដែលជាធំ) ៥គឺ ឥន្ទ្រិយ គឺសទ្ធា១ ឥន្ទ្រិយ គឺវិរិយៈ១ ឥន្ទ្រិយ គឺសតិ១ ឥន្ទ្រិយ គឺសមាធិ១ ឥន្ទ្រិយ គឺបញ្ញា១ ។ ធម៌ទាំង៥នេះ ជាចំណែកវិសេស ។

[២៨៨] ធម៌៥ដែលត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ និស្សារណីយធាតុ (ធាតុជាគ្រឿងរលាស់ចេញ)៥ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅក្នុងកាមទាំងឡាយ តែកាលបើភិក្ខុនោះធ្វើទុកក្នុងចិត្ត នូវនេក្ខម្មៈ គឺបឋមជ្ឈាន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅ ជ្រប់នៅក្នុងនេក្ខម្មៈ អសុភជ្ឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានចំណែកល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកកាមទាំងឡាយ ភិក្ខុនោះ ឈ្មោះថា ផុតហើយចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះកាមជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ អសុភជ្ឈាននេះ ព្រះមានព្រះភាគត្រាស់ថា ជាគ្រឿងធ្វើសត្វ ឲ្យចេញចាកកាមទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវព្យាបាទហើយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅក្នុងព្យាបាទ តែថា កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវការមិនព្យាបាទ ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅក្នុងការមិនព្យាបាទ មេត្តាឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកការព្យាបាទហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះការព្យាបាទជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ មេត្តាឈាននេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងធ្វើសត្វឲ្យចេញចាកការព្យាបាទ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់នៅក្នុងសេចក្តីបៀតបៀន តែថា កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនបៀតបៀន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅ ក្នុងសេចក្តីមិនបៀតបៀន ករុណាឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកសេចក្តីបៀតបៀនហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះសេចក្តីបៀតបៀនជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ ករុណាឈាននេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងធ្វើសត្វឲ្យចេញចាកការបៀតបៀន១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវរូបទាំងឡាយហើយ ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់នៅក្នុងរូបទាំងឡាយ តែកាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវរបស់គ្មានរូប ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅក្នុងរបស់ដែលគ្មារូប អរូបជ្ឈានចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាករូបទាំងឡាយហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះរូបជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ អរូបជ្ឈាននេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងញុំាងសត្វឲ្យចេញចាករូបទាំងឡាយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវកាយរបស់ខ្លួន ចិត្តក៏មិនលឿនទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនជ្រប់នៅក្នុងកាយរបស់ខ្លួន តែកាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវការរំលត់នៃកាយរបស់ខ្លួន ចិត្តក៏លឿនទៅ ជ្រះថ្លា តាំងនៅស៊ប់ ជ្រប់នៅក្នុងសេចក្តីរំលត់នៃកាយរបស់ខ្លួន អរហត្តផល សមាបត្តិចិត្តរបស់ភិក្ខុនោះ ឈ្មោះថា មានដំណើរល្អ អប់រំល្អ តាំងឡើងល្អ ផុតស្រឡះ ប្រាសចាកកាយរបស់ខ្លួនហើយ ភិក្ខុនោះឈ្មោះថា ផុតចាកអាសវៈទាំងឡាយ ជាគ្រឿងបៀតបៀន ជាគ្រឿងក្តៅក្រហាយ ដែលកើតឡើងព្រោះកាយរបស់ខ្លួនជាបច្ច័យ ភិក្ខុនោះ មិនបានទទួលវេទនានោះទេ អរហត្តផលសមាបត្តិចិត្តនេះ ព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងញុំាងសត្វឲ្យចេញចាកកាយជារបស់ខ្លួន១ ។ ធម៌ទាំង៥នេះ ត្រាស់ដឹងបានដោយក្រ ។

[២៨៩] ធម៌៥ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ ការតាំងចិត្តត្រូវ ប្រកបដោយប្រាជ្ញា៥គឺ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះ ជាសុខក្នុងបច្ចុប្បន្ន និងឲ្យផលជាសុខតទៅមុខ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះ ជាធម៌ប្រសើរ ឥតមានអាមិសៈឡើយ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះ មានតែបុរសល្អ [សំដៅយកមហាបុរស មានព្រះពុទ្ធជាដើម អដ្ឋកថា ។] ទើបសេពគប់បាន១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា សមាធិនេះរម្ងាប់ដ៏ឧត្តម បាននូវសេចក្តីស្ងប់ស្ងាត់ ដល់នូវភាពជាធម៌ មានអារម្មណ៍តែមួយ ទាំងជាគុណហាមឃាត់ សង្កត់សង្កិនធម៌ដែលប្រកបដោយសង្ខារ១ ។ ប្រាជ្ញាកើតឡើងចំពោះខ្លួនឯងថា អាត្មាអញនោះឯង ជាអ្នកមានស្មារតី ចូលកាន់សមាធិនេះ ទាំងជាអ្នកមានស្មារតី ចេញចាកសមាធិនេះ១ ។ ធម៌ទាំង៥នេះ គួរឲ្យកើតឡើង ។

[២៩០] ធម៌៥គួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ វិមុត្តាយតនៈ (ហេតុជាគ្រឿងរួចស្រឡះ)៥ ម្នាលអាវុសោទាំងឡាយ គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយក្នុងសាសនានេះ គួរជាទីគោរព តែងសំដែងធម៌ដល់ភិក្ខុ ម្នាលអាវុសោទាំងឡាយ គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព បានសំដែងធម៌ដល់ភិក្ខុយ៉ាងណាៗ ភិក្ខុ (នោះ) ជាអ្នកបានដឹងច្បាស់នូវអត្ថផង បានដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលបើភិក្ខុនោះដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរទន់ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ បីតិ គឺសេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ កាលលោកមានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅនឹង នេះជា វិមុត្តាយតនៈ ទី១ ។ ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុសោះទេ តែលោកបានសំដែងធម៌ ដល់ជនទាំងឡាយដទៃ ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ជនទាំងឡាយដទៃ ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅនឹង នេះជា វិមុត្តាយតនៈ ទី២ ។ ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុទាំងមិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក លោកគ្រាន់តែសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុបានសូត្រធម៌ ដោយពិស្តារ តាមដែលបានស្តាប់មក ដែលបានរៀនមក យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅនឹង នេះជាវិមុត្តាយតនៈទី៣ ។ ម្នាលអាវុសោទាំងឡាយ ប្រការមួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុ មិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ទាំងមិនបានសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមកឡើយ លោកគ្រាន់តែត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ម្នាលអាវុសោទាំងឡាយ ភិក្ខុ ត្រិះរិះរឿយៗ ពិចារណារឿយៗ ពិនិត្យរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅនឹង នេះជាវិមុត្តាយតនៈទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត គ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព មិនបានសំដែងធម៌ដល់ភិក្ខុផង មិនបានសំដែងធម៌ ដល់ជនទាំងឡាយដទៃផង ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមក មិនសូត្រធម៌ដោយពិស្តារ តាមដែលបានស្តាប់មក តាមដែលបានរៀនមកផង ទាំងមិនបានត្រិះរិះរឿយៗ មិនពិចារណារឿយៗ មិនពិនិត្យរឿយៗ ក្នុងចិត្ត នូវធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមក តែលោកបានរៀនសមាធិនិមិត្តណាមួយដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹងដោយល្អ ដោយប្រាជ្ញា ម្នាលអាវុសោទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចេះចាំដោយល្អ ត្រាស់ដឹងដោយល្អ ដោយប្រាជ្ញាភិក្ខុ យ៉ាងណាៗ ភិក្ខុនោះ ជាអ្នកបានដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ កាលលោកបានដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ហើយ សេចក្តីត្រេកអរទន់ ក៏កើតឡើង កាលលោកមានសេចក្តីត្រេកអរទន់កើតឡើងហើយ សេចក្តីឆ្អែតចិត្ត ក៏កើតឡើង កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះលោកមាននាមកាយស្ងប់រម្ងាប់ហើយ ក៏បានទទួលសេចក្តីសុខ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅនឹង នេះជាវិមុត្តាយតនៈទី៥ ។ ធម៌ទាំង៥នេះ គួរដឹងច្បាស់ ។

[២៩១] ធម៌៥ គួរដែលធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ ធម្មក្ខន្ធ៥គឺ សីលក្ខន្ធ១ សមាធិក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១ វិមុត្តិញ្ញាណទស្សនក្ខន្ធ១ ។ ធម៌ទាំង៥នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៥០នេះ ជាធម៌ពិត ធម៌មែន ជាធម៌ទៀង មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត ត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ ។

[២៩២] ធម៌៦ មានឧបការៈច្រើន ធម៌៦គួរចម្រើន ធម៌៦គួរកំណត់ដឹង ធម៌៦ គួរលះបង់ ធម៌៦ ជាចំណែកនៃសេចក្តីវិនាស ធម៌៦ ជាចំណែកវិសេស ធម៌៦ ត្រាស់ដឹងបានដោយក្រ ធម៌៦ គួរឲ្យកើតឡើង ធម៌៦ គួរធ្វើឲ្យជាក់ច្បាស់ ។

[២៩៣] ធម៌៦មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ សារាណីយធម៌ (ធម៌គួររលឹក) ៦ប្រការ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ តែងតម្កល់ចំពោះនូវកាយកម្ម (អំពើដែលធ្វើដោយកាយ) ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងចំពោះមុខ ទាំងកំបាំងមុខ នេះឯង ជាធម៌គួររលឹកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរពប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព គឺមូលមិត្រគ្នា១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតែងតម្កល់ចំពោះនូវវចីកម្ម (អំពើដែលត្រូវធ្វើដោយសំដី) ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងចំពោះមុខ ទាំងកំបាំងមុខ ធម៌នេះឯង ជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរពប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុតែងតម្កល់ចំពោះនូវមនោកម្ម (អំពើដែលធ្វើដោយចិត្ត) ប្រកបដោយមេត្តា ។បេ។ ប្រព្រឹត្តទៅ ដើម្បីឯកីភាព១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត លាភណាមួយកើតឡើងដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីតែអាហារក្នុងបាត្រ ភិក្ខុបរិភោគដោយមិនបានចែកមុខអាមិសៈ មុខបុគ្គល [មើល នយលក្ខណៈ ក្នុងសង្គីតិសូត្រខាងដើម ។] ដោយលាភមានសភាពដូច្នោះ គឺជាអ្នកបរិភោគជាសាធារណៈ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ដែលជាអ្នកមានសីល នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរពប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត សីលណាដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលអ្នកជា ពួកវិញ្ញូជនតែងសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិមិនបានស្ទាបអង្អែល ប្រព្រឹត្តទៅដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលដ៏ស្មើ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងសីលទាំងឡាយមានសភាពដូច្នោះ ក្នុងទីចំពោះមុខ និងទីកំបាំង នេះឯងជាធម៌គួររលឹកគ្នា ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ទិដ្ឋិណាដ៏ប្រសើរ គឺសម្មាទិដ្ឋិ ជាគ្រឿងនាំសត្វចេញចាកភព តែងស្រោចស្រង់សត្វដែលប្រព្រឹត្តតាមទិដ្ឋិនោះ ដើម្បីឲ្យអស់ទៅនៃទុក្ខដោយប្រពៃ ភិក្ខុជាអ្នកមានទិដ្ឋិដ៏ស្មើ ដោយសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទិដ្ឋិមានសភាពដូច្នោះ ទាំងក្នុងទីចំពោះមុខ និងទីកំបាំង នេះឯងជាធម៌គួររលឹករកគ្នា ជាធម៌ធ្វើនូវសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀង ដើម្បីឯកីភាព១ ។ ធម៌ទាំង៦នេះ មានឧបការៈច្រើន ។

[២៩៤] ធម៌៦គួរចម្រើន តើដូចម្តេចខ្លះ ។ អនុស្សតិដ្ឋានៈ (ហេតុជាទីតាំងនៃសេចក្តីរលឹករឿយៗ)៦យ៉ាង សេចក្តីរលឹកនូវព្រះពុទ្ធ១ រលឹកនូវព្រះធម៌១ រលឹកនូវព្រះសង្ឃ១ រលឹកនូវគុណនៃសីល១ រលឹកនូវទាន ដែលបានបរិច្ចាគហើយ១ រលឹកដល់ធម៌ទេវតា [គឺរលឹកចំពោះគុណធម៌ទាំង៥ ដែលនាំបុគ្គលឲ្យសម្រេចនូវភាពជាទេវតា ។ ឯធម៌ទាំង៥នោះគឺ សទ្ធា១ សីល១ សុតៈ១ ចាគៈ១ បញ្ញា១ ព្រោះទេព្តាដែលទៅកើតឋានសួគ៌ ក៏ដោយអំណាចធម៌ទាំង៥នេះឯង ។ វិសុទ្ធិមគ្គ ត្រង់ឆអនុស្សតិនិទ្ទេស ។]១ ។ ធម៌ទាំង៦នេះ គួរចម្រើន ។

[២៩៥] ធម៌៦គួរកំណត់ដឹង តើដូចម្តេចខ្លះ ។ អាយតនៈខាងក្នុង៦ គឺ ភ្នែកជាអាយតនៈ១ ត្រចៀក ជាអាយតនៈ១ ច្រមុះ ជាអាយតនៈ១ អណ្តាត ជាអាយតនៈ១ កាយ ជាអាយតនៈ១ ចិត្ត ជាអាយតនៈ១ ។ ធម៌ទាំង៦នេះ គួរកំណត់ដឹង ។

[២៩៦] ធម៌៦គួរលះបង់ តើដូចម្តេចខ្លះ ។ ពួកតណ្ហា៦គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១ ។ ធម៌ទាំង៦នេះ គួរលះបង់ ។

[២៩៧] ធម៌៦ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ សេចក្តីមិនគោរព៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះធម៌១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសិក្ខា១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះអប្បមាទធម៌១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះបដិសន្ថារៈ១ ។ ធម៌ទាំង៦នេះ ជាចំណែកនៃសេចក្តីវិនាស ។

[២៩៨] ធម៌៦ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ សេចក្តីគោរព៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីគោរព កោតក្រែង ចំពោះព្រះសាស្តា១ ជាអ្នកមានសេចក្តីគោរព កោតក្រែង ចំពោះព្រះធម៌១ ។ ចំពោះព្រះសង្ឃ១ ។ ចំពោះសិក្ខា១ ។ ចំពោះអប្បមាទធម៌១ ។ មានសេចក្តីគោរព កោតក្រែង ចំពោះបដិសន្ថារៈ១ ។ ធម៌ទាំង៦នេះ ជាចំណែកវិសេស ។

[២៩៩] ធម៌៦ត្រាស់ដឹងបានដោយក្រ តើដូចម្តេចខ្លះ ។ និស្សារណីយធាតុ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយមេត្តា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏គង់តែនៅគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយមេត្តាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយករុណា ខ្ញុំបានអប់រំបន្ទុំទុកឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ វិហេសា (សេចក្តីបៀតបៀន) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយករុណា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយករុណាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវវិហេសា ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមុទិតា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ (សេចក្តីមិនត្រេកអរ) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយមុទិតា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយមុទិតាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវអរតិ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយឧបេក្ខា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ រាគៈ ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គួរនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយឧបេក្ខា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ រាគៈ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយឧបេក្ខាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវរាគៈ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយអនិមិត្ត ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ គឺវិញ្ញាណដែលរលឹកឃើញនូវនិមិត្តរបស់ខ្ញុំ នៅតែមាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយអនិមិត្ត ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណរបស់គេ គង់តែនៅមាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ចេតោវិមុត្តិ ដែលប្រកបដោយអនិមិត្តហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវនិមិត្តទាំងអស់ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា អស្មិមានះរបស់ខ្ញុំនេះ ទៅប្រាសអស់ហើយ ខ្ញុំពិចារណាមិនឃើញថា អាត្មាអញ មានអស្មិមានះ ដូច្នេះឡើយ តែបើទុកជាដូច្នោះ កូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ (អ្នកផង) គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់នូវព្រះមានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះមានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ រឿងនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា អស្មិមានះ របស់គេនេះ ទៅប្រាសអស់ហើយ គេពិចារណា មិនឃើញថា អាត្មាអញ មានអស្មិមានះ ដូច្នេះឡើយ តែបើទុកជាដូច្នោះ កូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះនេះ មិនមែនជាហេតុ ជាទីតាំងឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដកឡើងនូវអស្មិមានះ បានហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវកូនសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ។ ធម៌ទាំង៦នេះ ត្រាស់ដឹងបានដោយក្រ ។

[៣០០] ធម៌៦ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សតតវិហារធម៌ (ធម៌ជាគ្រឿងនៅមិនដាច់នៃព្រះខីណាស្រព) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែកហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតី និងប្រាជ្ញាផង ។ បានស្តាប់សំឡេង ដោយត្រចៀក ។បេ។ បានហិតក្លិន ដោយច្រមុះ ។បេ។ បានទទួលរសដោយអណ្តាត ។បេ។ បានពាល់ត្រូវដោយកាយ ។បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយកន្តើយផង មានស្មារតី និងប្រាជ្ញាផង ។ ធម៌ទាំង៦នេះ គួរឲ្យកើតឡើង ។

[៣០១] ធម៌៦ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ អនុត្តរិយៈ (ធម្មជាតប្រសើរ)៦ គឺការឃើញប្រសើរ១ ការស្តាប់ប្រសើរ១ ការបានប្រសើរ១ ការសិក្សាប្រសើរ១ ការបម្រើប្រសើរ១ ការរលឹកប្រសើរ១ ។ ធម៌ទាំង៦នេះ គួរដឹងច្បាស់ ។

[៣០២] ធម៌៦ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ អភិញ្ញា៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងឫទ្ធិបានច្រើនប្រការ គឺមនុស្សតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន ឬមនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សតែម្នាក់វិញក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង នឹងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចជាមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹកមិនបែកធ្លាយទឹក ដូចជាដើរទៅលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែលចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយដរាបដល់ព្រហ្មលោកក៏បាន១ ។ ភិក្ខុមានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្សក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន១ ។ ភិក្ខុអាចកំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញរាក្តី ក៏ស្គាល់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ស្គាល់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ស្គាល់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរៈចិត្តក្តី ក៏ស្គាល់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងនៅល្អដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តតាំងនៅល្អដោយសមាធិ ចិត្តដែលមិនតាំងនៅល្អ ដោយសមាធិក្តី ក៏ស្គាល់ថា ចិត្តមិនតាំងនៅល្អដោយសមាធិ ចិត្តដែលផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តផុតស្រឡះចាកកិលេសាសវៈ ចិត្តដែលមិនបានផុតស្រឡះចាកកិលេសាសវៈក្តី ក៏ស្គាល់ថា ចិត្តមិនផុតស្រឡះចាកកិលេសាសវៈ១ ។ ភិក្ខុរលឹកជាតិ ដែលបានអាស្រ័យនៅមកអំពីមុន ជាអនេកជាតិ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ អាត្មាអញមានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ អាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះ (ភិក្ខុ) រលឹកតាមនូវជាតិ ដែលអាស្រ័យនៅពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ១ ។ ភិក្ខុមានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ទាំងដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន)ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះដល់ទម្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ រមែងទៅកាន់កំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ និងនរកពុំខាន អើហ្ន៎ ចំណែកពួកសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះទម្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិ សួគ៌ទេវលោក ។ ភិក្ខុនោះ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ជាសត្វឧត្តម មានរូបល្អ មានរូបអាក្រក់ មានគតិល្អ មានគតិអាក្រក់ ទាំងបានឃើញច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ១ ។ ភិក្ខុនោះ ព្រោះធ្វើឲ្យអស់អាសវៈ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញារបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ១ ។ ធម៌ទាំង៦នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៦០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងដោយប្រពៃហើយ ដោយប្រការដូច្នេះ ។

[៣០៣] ធម៌៧ មានឧបការៈច្រើន ធម៌៧គួរចម្រើន ធម៌៧គួរកំណត់ដឹង ធម៌៧ គួរលះបង់ ធម៌៧ ជាចំណែកខាងសេចក្តីវិនាស ធម៌៧ ជាចំណែកវិសេស ធម៌៧ ត្រាស់ដឹងបានដោយក្រ ធម៌៧ គួរឲ្យកើតឡើង ធម៌៧ គួរដឹងច្បាស់ ធម៌៧ គួរធ្វើឲ្យជាក់ច្បាស់ ។

[៣០៤] ធម៌៧មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ អរិយទ្រព្យ៧គឺ សទ្ធាជាទ្រព្យ១ សីលជាទ្រព្យ១ ហិរិជាទ្រព្យ១ ឱត្តប្បៈជាទ្រព្យ១ សុតៈជាទ្រព្យ១ ចាគៈជាទ្រព្យ១ បញ្ញាជាទ្រព្យ១ ។ ធម៌ទាំង៧នេះ មានឧបការៈច្រើន ។

[៣០៥] ធម៌៧ ដែលគួរចម្រើន តើដូចម្តេចខ្លះ ។ សម្ពោជ្ឈង្គ (អង្គនៃធម៌ជាគ្រឿងត្រាស់ដឹង)៧គឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ [ចូរមើល នយលក្ខណៈក្នុងមហាសតិប្បដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គផងចុះ ។]១ ។ ធម៌ទាំង៧នេះ គួរចម្រើន ។

[៣០៦] ធម៌៧ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ វិញ្ញាណដ្ឋិតិ៧ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចយ៉ាងពួកមនុស្ស និងពួកទេវតាខ្លះ និងអសុរកាយពួកខ្លះ នេះជា វិញ្ញាណដ្ឋិតិទី១ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា តែមានសញ្ញាដូចគ្នា ដូចយ៉ាងពួកព្រហ្មកាយិកទេវតា ដែលកើតក្នុងបឋមជ្ឈានភូមិ នេះជា វិញ្ញាណដ្ឋិតិទី២ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយដូចគ្នា តែមានសញ្ញាខុសគ្នា ដូចយ៉ាងពួកអាភស្សរទេវតា នេះជា វិញ្ញាណដ្ឋិតិទី៣ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចយ៉ាងពួកសុភកិណ្ហទេវតា នេះជា វិញ្ញាណដ្ឋិតិទី៤ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ ដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ហើយចូលដល់អាកាសានញ្ចាយតនជ្ឈាន នេះជា វិញ្ញាណដ្ឋិតិ ទី៥ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ ដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ហើយចូលដល់វិញ្ញាណញ្ចាយតនជ្ឈាន នេះជា វិញ្ញាណដ្ឋិតិទី៦ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ ដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបរិកម្មថា វត្ថុតិចតួច មិនមានដូច្នេះ ហើយចូលដល់អាកិញ្ចញ្ញាយតនជ្ឈាន នេះជា វិញ្ញាណដ្ឋិតិទី៧ ។ ធម៌ទាំង៧នេះ គួរកំណត់ដឹង ។

[៣០៧] ធម៌៧ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ អនុស័យ [ចូរមើលនយលក្ខណៈ ក្នុងសង្គីតិសូត្រខាងដើមផងចុះ ។] (កិលេសជាគ្រឿងដេកត្រាំក្នុងសន្តាន) ៧គឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋានុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១ ។ ធម៌ទាំង៧នេះ គួរលះបង់ ។

[៣០៨] ធម៌៧ ជាចំណែកខាងសេចក្តីវិនាស តើដូចម្តេចខ្លះ ។ អសទ្ធម្ម (ធម៌របស់អសប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្មានសទ្ធា១ ជាអ្នកមិនខ្មាសបាប១ ជាអ្នកមិនខ្លាចបាប១ ជាអ្នកចេះដឹងតិច១ ជាអ្នកខ្ជិលច្រអូស១ ជាអ្នកភ្លេចស្មារតី១ ជាអ្នកឥតប្រាជ្ញា១ ។ ធម៌ទាំង៧នេះ ជាចំណែកខាងសេចក្តីវិនាស ។

[៣០៩] ធម៌៧ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ សទ្ធម្ម (ធម៌របស់សប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា១ ជាអ្នកមានសេចក្តីខ្មាសបាប១ ជាអ្នកមានសេចក្តីខ្លាចបាប១ ជាអ្នកចេះដឹងច្រើន១ ជាអ្នកប្រារព្ធព្យាយាម១ ជាអ្នកមានស្មារតីតម្កល់ខ្ជាប់១ ជាអ្នកមានប្រាជ្ញា១ ។ ធម៌ទាំង៧នេះ ជាចំណែកវិសេស ។

[៣១០] ធម៌៧ដឹងបានដោយកម្រ តើដូចម្តេចខ្លះ ។ សប្បុរិសធម៌ (ធម៌របស់សប្បុរស)៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកដឹងធម៌១ ជាអ្នកដឹងអត្ថ១ ជាអ្នកដឹងខ្លួន១ ជាអ្នកដឹងប្រមាណ១ ជាអ្នកដឹងកាល១ ជាអ្នកដឹងបរិស័ទ១ ជាអ្នកដឹងបុគ្គលដទៃ ដែលគួរសេពគប់១ ។ ធម៌ទាំង៧នេះ ដឹងបានដោយកម្រ ។

[៣១១] ធម៌៧គួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សញ្ញា៧ប្រការគឺ អនិច្ចសញ្ញា១ អនត្តសញ្ញា១ អសុភសញ្ញា១ អាទីនវសញ្ញា១ បហានសញ្ញា១ វិរាគសញ្ញា១ និរោធសញ្ញា១ ។ ធម៌ទាំង៧នេះ គួរឲ្យកើតឡើង ។

[៣១២] ធម៌៧ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ និទ្ទស [ហេតុនៃភិក្ខុមិនមានអាយុ១០ឆ្នាំ ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោក សូម្បីបរិនិព្វានពីអាយុ១០ឆ្នាំ (ជាដើម) ក៏លោកលែងមានអាយុ១០ឆ្នាំតទៅ ខាងមុខ កុំថាតែ ១០ឆ្នាំ សូម្បីតែថយចុះមក៩ឆ្នាំ រហូតដល់១ថ្ងៃ ឬ១យាម ក៏មិនមាន ព្រោះលោកមិនមានចាប់បដិសន្ធិថ្មីទៀត ។ អដ្ឋកថា ។] វត្ថុ៧ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការសមាទាននូវសិក្ខា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់សេចក្តីពេញចិត្ត ក្នុងការសមាទាននូវសិក្ខា១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពិចារណានូវធម៌ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការពិចារណានូវធម៌១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការពួនសម្ងំ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការពួនសម្ងំ១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការប្រារព្ធព្យាយាម សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់ នូវសេចក្តីពេញចិត្ត ក្នុងការប្រារព្ធព្យាយាម១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា១ ជាអ្នកមានសេចក្តីពេញចិត្តខ្លាំង ក្នុងការចាក់ធ្លុះដោយទិដ្ឋិ គឺឃើញច្បាស់នូវមគ្គ សូម្បីតទៅកាលខាងមុខ ក៏នៅតែមិនលះបង់នូវសេចក្តីពេញចិត្ត ក្នុងការចាក់ធ្លុះដោយទិដ្ឋិ១ ។ ធម៌ទាំង៧នេះ គួរដឹងច្បាស់ ។

[៣១៣] ធម៌៧ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ ​កម្លាំង​របស់ព្រះខីណាស្រព ៧ ម្នាលអាវុសោទាំងឡាយ សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព ក្នុងសាសនានេះ បានឃើញថា មិនទៀងតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាលអាវុសោទាំងឡាយ ក៏សង្ខារទាំងពួង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញថា មិនទៀង តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជា​កម្លាំង​របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាមទាំងឡាយមានឧបមាដូចរណ្តៅ ដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃហើយ ម្នាលអាវុសោទាំងឡាយ ក៏កាមទាំងឡាយ មានឧបមាដូចរណ្តៅ ដ៏ពេញដោយរងើកភ្លើង ដែលភិក្ខុជាព្រះខីណាស្រព បានឃើញតាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ នេះឯងចាត់ជា​កម្លាំង​របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់ភិក្ខុជាព្រះខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តម្កល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង ម្នាលអាវុសោទាំងឡាយ ក៏ចិត្តរបស់ភិក្ខុជាព្រះខីណាស្រព ដែលឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរកវិវេក តម្កល់នៅក្នុងវិវេក ត្រេកអរចំពោះក្នុងការចេញចាកកាម ជាចិត្តប្រាសចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ដោយប្រការទាំងពួង នេះឯងចាត់ជា​កម្លាំង​ របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត សតិប្បដ្ឋានទាំង៤ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏សតិប្បដ្ឋានទាំង៤ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អ នេះឯងចាត់ជា​កម្លាំង​ របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ឥន្ទ្រិយ៥ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏ឥន្ទ្រិយ៥ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អ នេះឯងចាត់ជា​កម្លាំង​ របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ពោជ្ឈង្គទាំង៧ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គ៧ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើន អប់រំល្អ នេះឯងចាត់ជា​កម្លាំង​ របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អហើយ ម្នាលអាវុសោទាំងឡាយ ក៏មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដែលភិក្ខុជាព្រះខីណាស្រព បានចម្រើនអប់រំល្អ នេះឯងចាត់ជា​កម្លាំង​ របស់ភិក្ខុជាព្រះខីណាស្រព ព្រោះភិក្ខុជាព្រះខីណាស្រព អាស្រ័យនូវ​កម្លាំង​នេះ ទើបប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ១ ។ ធម៌ទាំង៧នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៧០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

ចប់ បឋមភាណវារៈ ។

[៣១៤] ធម៌៨ មានឧបការៈច្រើន ធម៌៨គួរចម្រើន ធម៌៨គួរកំណត់ដឹង ធម៌៨គួរលះបង់ ធម៌៨ជាចំណែកនៃសេចក្តីវិនាស ធម៌៨ជាចំណែកវិសេស ធម៌៨ត្រាស់ដឹងបានដោយក្រ ធម៌៨គួរឲ្យកើតឡើង ធម៌៨គួរដឹងច្បាស់ ធម៌៨គួរធ្វើឲ្យជាក់ច្បាស់ ។

[៣១៥] ធម៌៨មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ហេតុ៨ប្រការ បច្ច័យ៨ប្រការ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ហេតុ៨ប្រការ បច្ច័យ៨ប្រការនោះ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចូលទៅអាស្រ័យនៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គលណាមួយ គួរជាទីគោរព បានតម្កល់ចំពោះនូវហិរិ និងឱត្តប្បៈដ៏មាន​កម្លាំង​ផង នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបុគ្គល នេះជាហេតុទី១ បច្ច័យទី១ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ លុះភិក្ខុនោះ ចូលទៅអាស្រ័យនៅនឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរជាទីគោរពនោះ ហើយតម្កល់ចំពោះនូវហិរិ និងឱត្តប្បៈដ៏មាន​កម្លាំង​ផង នូវសេចក្តីស្រឡាញ់ និងសេចក្តីគោរពផង ក្នុងគ្រូ ឬសព្រហ្មចារីបុគ្គល បានចូលទៅសាកសួរ ពិគ្រោះនឹងគ្រូ ឬសព្រហ្មចារីបុគ្គលទាំងនោះ តាមកាលដ៏គួរថា បពិត្រលោកដ៏ចម្រើន វត្ថុនេះដូចម្តេច វត្ថុនេះមានប្រយោជន៍ដូចម្តេច គ្រូ ឬសព្រហ្មចារីបុគ្គលដ៏មានអាយុទាំងនោះ បានបើកបង្ហាញសេចក្តីដែលកំបាំងផង បានធ្វើសេចក្តីដែលជ្រៅឲ្យរាក់ផង បានបន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ដែលគួរសង្ស័យដ៏ច្រើនផង ដល់ភិក្ខុនោះ នេះជាហេតុទី២ បច្ច័យទី២ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ លុះភិក្ខុនោះ បានស្តាប់ធម៌នោះហើយ ក៏បានបរិបូណ៌ដោយសេចក្តីស្ងប់ស្ងាត់ពីរប្រការ គឺស្ងាត់កាយ១ ស្ងាត់ចិត្ត១ នេះជាហេតុទី៣ បច្ច័យទី៣ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរសីល បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ នេះជាហេតុទី៤ បច្ច័យទី៤ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ដែលមានសភាពដូច្នោះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត បានចាក់ធ្លុះល្អដោយទិដ្ឋិ នេះជាហេតុទី៥ បច្ច័យទី៥ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុអ្នកមានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសល ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសលឲ្យកើតឡើង ជាអ្នកមាន​កម្លាំង​ មានសេចក្តីប្រឹងប្រែងខ្ជាប់ខ្ជួន មិនដាក់ចុះនូវធុរៈ ក្នុងធម៌ទាំងឡាយជាកុសល នេះជាហេតុទី៦ បច្ច័យទី៦ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែលខ្លួន និយាយរួចយូរហើយផង នេះជាហេតុទី៧ បច្ច័យទី៧ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកពិចារណាឃើញនូវទីកើត ទីរលត់ក្នុងឧបាទានក្ខន្ធទាំង៥ថា រូបដូច្នេះ ហេតុជាទីកើតរបស់រូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ វេទនាដូច្នេះ ហេតុជាទីកើតរបស់វេទនាដូច្នេះ ការរលត់ទៅនៃវេទនាដូច្នេះ សញ្ញាដូច្នេះ ហេតុជាទីកើតរបស់សញ្ញាដូច្នេះ ការរលត់ទៅនៃសញ្ញាដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាទីកើតរបស់សង្ខារទាំងឡាយដូច្នេះ ការរលត់ទៅនៃសង្ខារទាំងឡាយដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាទីកើតនៃវិញ្ញាណដូច្នេះ ការរលត់ទៅនៃវិញ្ញាណដូច្នេះ [តាំងពីរូប រហូតដល់វិញ្ញាណនេះ ចូរមើលក្នុងសតិបដ្ឋានសូត្រមជ្ឈិមនិកាយផងចុះ និងមាននយលក្ខណៈ ជាសេចក្តីពិស្តារ ។] នេះជាហេតុទី៨ បច្ច័យទី៨ រមែងប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញា ជាខាងដើម នៃមគ្គព្រហ្មចារ្យ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើបញ្ញា ដែលខ្លួនបានស៊ប់ហើយ ឲ្យជាភិយ្យោភាព ធំទូលាយ ចម្រើន បរិបូណ៌ឡើង ។ ធម៌ទាំង៨នេះ មានឧបការៈច្រើន ។

[៣១៦] ធម៌៨ដែលគួរចម្រើន តើដូចម្តេចខ្លះ ។ ផ្លូវដ៏ប្រសើរប្រកបដោយអង្គ៨គឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ និយាយត្រូវ១ ធ្វើការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតាំងចិត្តនឹងត្រូវ១ ។ ធម៌ទាំង៨នេះ គួរចម្រើន ។

[៣១៧] ធម៌៨ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ លោកធម៌៨ប្រការគឺ មានលាភ១ ឥតលាភ១ មានយស១ ឥតយស១ សេចក្តីនិន្ទា១ សេចក្តីសរសើរ១ សុខ១ ទុក្ខ១ ។ ធម៌ទាំង៨នេះ គួរកំណត់ដឹង ។

[៣១៨] ធម៌៨ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ សភាពដែលខុស៨យ៉ាងគឺ សេចក្តីឃើញខុស១ សេចក្តីត្រិះរិះខុស១ ពោលពាក្យខុស១ ធ្វើការងារខុស១ ចិញ្ចឹមជីវិតខុស១ ព្យាយាមខុស១ ការរលឹកខុស១ ការតាំងចិត្តនឹងខុស១ ។ ធម៌ទាំង៨នេះ គួរលះបង់ ។

[៣១៩] ធម៌៨ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល)៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងត្រូវធ្វើការងារហ្នឹងឯង តែកាលបើអាត្មាអញធ្វើការងារទៅ កាយនឹងលំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ [ក្នុងសង្គីតិសុត្តវណ្ណនា ពន្យល់ពាក្យថា ធម៌នេះ បានដល់ឈាន វិបស្សនា មគ្គ និងផល ។] ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវគុណធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ការងារដែលភិក្ខុធ្វើរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ ធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញធ្វើការងារនុ៎ះឯង កាយក៏លំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រារព្ធសេចក្តីព្យាយាម ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរទៅកាន់ផ្លូវ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ ត្រូវដើរទៅកាន់ផ្លូវហ្នឹងឯង តែកាលបើអាត្មាអញ ដើរទៅកាន់ផ្លូវនុ៎ះ កាយនឹងលំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តីព្យាយាម ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានដើរទៅកាន់ផ្លូវរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញបានដើរទៅកាន់ផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរទៅកាន់ផ្លូវនុ៎ះឯង កាយក៏លំបាក បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តីព្យាយាម ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បានឡើយ កាយរបស់អាត្មាអញនោះនឿយហត់ ជាកាយមិនគួរនឹងប្រកបការងារបាន បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនផ្តួចផ្តើមសេចក្តីព្យាយាម ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម ក៏បានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម បានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់ហើយ កាយរបស់អាត្មាអញនោះធ្ងន់ ជាកាយមិនគួរនឹងប្រកបការងារបាន ទំនងដូចជាសណ្តែករាជមាស ដែលត្រូវទឹកហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនបានផ្តួចផ្តើមសេចក្តីព្យាយាម ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកកើតអាពាធបន្តិចបន្តួចសោះទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ ជាអ្នកទើបនឹងកើតអាពាធនេះ មានប្រមាណតិចទេ តែជាអាពាធគួរនឹងសម្ងំដេក បើដូច្នោះ មានតែអាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទើបតែនឹងបានជាសះស្បើយ ពីជម្ងឺថ្មីៗ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានជាសះស្បើយពីជម្ងឺថ្មីៗហើយ ឯកាយរបស់អាត្មាអញ ក៏នៅទុព្វលភាព មិនគួរប្រកបការងារបាននៅឡើយ ណ្ហើយចុះ អាត្មាអញដេកសិន ។ ភិក្ខុនោះ ក៏ដេកទៅ មិនបានប្រុងប្រៀបសេចក្តីព្យាយាម ដើម្បីបានដល់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាកុសីតវត្ថុទី៨ ។ ធម៌ទាំង៨នេះ ជាចំណែកខាងសេចក្តីវិនាស ។

[៣២០] ធម៌៨ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ អារព្ភវត្ថុ (ហេតុនៃការប្រារព្ធសេចក្តីព្យាយាម) ៨ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងត្រូវធ្វើការងារហ្នឹងឯង តែកាលបើអាត្មាអញ ធ្វើការងារទៅហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញនឹងតាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹង នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ការងារ ភិក្ខុបានធ្វើរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានធ្វើការងាររួចហើយ ឯអាត្មាអញ កាលដែលធ្វើការងារនុ៎ះឯង មិនអាចធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។បេ។ នេះជាអារព្ភវត្ថុទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវដើរទៅកាន់ផ្លូវ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា ផ្លូវហ្នឹងឯង អាត្មាអញ នឹងត្រូវដើរទៅ តែកាលបើអាត្មាអញ ដើរទៅកាន់ផ្លូវ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយបានទេ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ភិក្ខុនោះ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ នេះជាអារព្ភវត្ថុទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទៅកាន់ផ្លូវរួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានដើរផ្លូវរួចហើយ ឯអាត្មាអញ កាលដែលដើរទៅកាន់ផ្លូវនុ៎ះឯង មិនអាចធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយបានឡើយ បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងធ្វើសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម មិនបានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់ កាយរបស់អាត្មាអញនោះស្រាល ជាកាយគួរប្រកបការងារបាន បើដូច្នោះ អាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួន មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុកាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម បានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាលដើរទៅបិណ្ឌបាត ក្នុងស្រុក ឬនិគម បានភោជនសៅហ្មង ឬថ្លៃថ្លា ល្មមនឹងឆ្អែតគ្រប់គ្រាន់បានហើយ កាយរបស់អាត្មាអញនោះមាន​កម្លាំង​គួរនឹងប្រកបការងារបាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកទើបនឹងកើតអាពាធបន្តិចបន្តួចទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កើតអាពាធបន្តិចបន្តួចហើយ តែអាពាធរបស់អាត្មាអញ គង់តែនឹងចម្រើនឡើង ដោយហេតុនេះមិនខាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុទើបតែនឹងបានជាសះស្បើយពីជម្ងឺថ្មីៗ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានជាសះស្បើយពីជម្ងឺថ្មីៗហើយ អាពាធរបស់អាត្មាអញ សមជារើត្រឡប់កម្រើកឡើងវិញ (លាប់) ដោយហេតុនោះមិនខាន បើដូច្នោះ មានតែអាត្មាអញ តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលអាត្មាអញមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលអាត្មាអញមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលអាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភិក្ខុនោះ ក៏តាំងផ្តើមសេចក្តីព្យាយាម ដើម្បីដល់នូវគុណធម៌ ដែលខ្លួនមិនទាន់បានដល់ ដើម្បីត្រាស់ដឹងនូវគុណធម៌ ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជាអារព្ភវត្ថុទី៨ ។ ធម៌ទាំង៨នេះ ជាចំណែកវិសេស ។

[៣២១] ធម៌៨ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ ។ ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យ មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ដឹងហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងនរកវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីបានព្រះនិព្វាន ជាផ្លូវធ្វើដំណើរ ទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងកំណើតតិរច្ឆានវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី២ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ជាធម៌ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាផ្លូវធ្វើដំណើរ ទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងកំណើតប្រេតវិស័យវិញ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៣ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក ទាំងបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ។បេ។ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងពួកទេវតាណាមួយ ដែលមានអាយុវែង នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៤ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក ទាំងបានសំដែងធម៌ ។បេ។ តែបុគ្គលនេះឯង ត្រឡប់ជាទៅកើតក្នុងពួកមិលក្ខជន ដែលជាអ្នកល្ងង់ខ្លៅ ក្នុងបច្ចន្តជនបទ ដែលជាប្រទេសឥតមានគតិរបស់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៥ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ត្រាស់ឡើងហើយក្នុងលោក ។បេ។ ឯបុគ្គលនេះ ត្រឡប់មកកើតក្នុងមជ្ឈិមជនបទដែរ តែបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញខុសថា ទានដែលបុគ្គលឲ្យហើយ គ្មានផល ការបូជាធំគ្មានផល ការបូជាតូចគ្មានផល ផលវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមាន បិតាមិនមាន សត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុងលោក ដែលជាអ្នកដល់ នូវសេចក្តីស្ងប់រម្ងាប់ ប្រតិបត្តិត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញារបស់ខ្លួន ហើយទើបញុំាងអ្នកដទៃឲ្យដឹងផង ក៏មិនមាន ដូច្នេះ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៦ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ បានត្រាស់ឡើងហើយក្នុងលោក ។បេ។ ឯបុគ្គលនេះ បានត្រឡប់មកកើតក្នុងមជ្ឈិមជនបទដែរ តែបុគ្គលនោះ ជាអ្នកឥតប្រាជ្ញា ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សគ ជាមនុស្សមិនអាច ដើម្បីដឹងសេចក្តីអធិប្បាយរបស់ពាក្យ ដែលគេនិយាយល្អ ឬនិយាយអាក្រក់បានឡើយ នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៧ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មិនបានត្រាស់ឡើងក្នុងលោក ទាំងមិនបានសំដែងធម៌ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ប្រព្រឹត្តទៅ ដើម្បីបាននូវព្រះនិព្វាន ជាផ្លូវធ្វើដំណើរ ទៅកាន់សេចក្តីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសហើយ បុគ្គលនេះឯង បានត្រឡប់មកកើតក្នុងមជ្ឈិមជនបទហើយៗ ជាអ្នកមានប្រាជ្ញា មិនល្ងង់ មិនមែនជាមនុស្សគ ជាអ្នកអាចដើម្បីដឹងសេចក្តីអធិប្បាយ របស់ពាក្យគេនិយាយល្អ ឬអាក្រក់បាន នេះឈ្មោះថា ខណៈមិនគួរ សម័យមិនគួរ ដើម្បីនៅប្រព្រឹត្តព្រហ្មចារ្យទី៨ ។ ធម៌ទាំង៨នេះ យល់បានដោយក្រ ។

[៣២២] ធម៌៨ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សេចក្តីត្រិះរិះរបស់មហាបុរស៨យ៉ាង (ត្រិះរិះថា) នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច នេះមិនមែនជាធម៌របស់បុគ្គលអ្នកមានសេចក្តីប្រាថ្នាច្រើន១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីសន្តោស (ក្នុងបច្ច័យ៤) នេះមិនមែនជាធម៌របស់បុគ្គលគ្មានសេចក្តីសន្តោស១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីស្ងប់ស្ងាត់ [សេចក្តីស្ងប់ស្ងាត់មាន៣ប្រការ គឺកាយវិវេក ស្ងាត់កាយ១ ចិត្តវិវេក ស្ងាត់ចិត្ត១ ឧបធិវិវេក ស្ងាត់កិលេស១ ។ បុគ្គលគេចចេញចាកពួកក្រុម ហើយពួនសម្ងំនៅតែខ្លួនមួយ ដោយអំណាចអារព្ភវត្ថុ៨ប្រការ ហៅថា កាយវិវេក បុគ្គលធ្វើកសិណបរិកម្ម ដរាបដល់បានសម្រេចសមាបត្តិទាំង៨ ហៅថា ចិត្តវិវេក បុគ្គលធ្វើឈាន គឺសមាបត្តិទាំង៨នោះ ឲ្យជាទីតាំង ហើយពិចារណា នូវសង្ខារធម៌ទាំងឡាយ ដរាបដល់សម្រេចព្រះអរហត្ត ព្រមទាំងបដិសម្ភិទា ហៅថា ឧបធិវិវេក ។ អដ្ឋកថា ។] នេះមិនមែនជាធម៌របស់អ្នកត្រេកអរក្នុងពួកក្រុម១ នេះជាធម៌របស់បុគ្គលអ្នកប្រារព្ធសេចក្តីព្យាយាម មិនមែនជាធម៌របស់បុគ្គលអ្នកខ្ជិលច្រអូស១ នេះជាធម៌របស់បុគ្គលអ្នកមានស្មារតីខ្ជាប់ខ្លួន នេះមិនមែនជាធម៌របស់បុគ្គលអ្នកភ្លេចស្មារតី១ នេះជាធម៌របស់បុគ្គលអ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់បុគ្គលអ្នកមានចិត្តមិនតាំងមាំ១ នេះជាធម៌របស់បុគ្គលអ្នកមានបញ្ញា នេះមិនមែនជាធម៌របស់បុគ្គលអ្នកឥតបញ្ញា១ នេះជាធម៌របស់បុគ្គលអ្នកមានសេចក្តីត្រេកអរ ក្នុងដំណើរមិនយឺតយូរ មានតម្រេក ក្នុងដំណើរមិនយឺតយូរ នេះមិនមែនជាធម៌របស់បុគ្គលអ្នកមានសេចក្តីត្រេកអរ ក្នុងដំណើរយឺតយូរ មានតម្រេកក្នុងដំណើរយឺតយូរ១ ។ ធម៌ទាំង៨នេះ គួរឲ្យកើតឡើង ។

[៣២៣] ធម៌៨ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ អភិភាយតនៈ [ឲ្យមើល នយលក្ខណៈ ក្នុងមហាបរិនិព្វានសូត្រ ទីឃនិកាយ មហាវគ្គ ផងចុះ នឹងមានពិស្តារ តាំងពីទី១ ដល់ទី៨ ។] (ហេតុជាគ្រឿងគ្របសង្កត់នូវធម៌ជាសត្រូវផង នូវអារម្មណ៍ផង) ៨យ៉ាងគឺ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្រប់សង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈទី៣ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈទី៤ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់ នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចជាផ្កាត្រកៀតខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះប្រៀបដូចសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់ម៉ដ្ឋទាំងពីរខាង ហៅថាសំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៥ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ប្រៀបដូចជាផ្កាកណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈទី៦ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចជាផ្កាច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះដែរ នេះជា អភិភាយតនៈទី៧ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូប ស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចជាផ្កាយព្រឹក ដែលស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ ដែលកើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា នេះមានពណ៌ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ ក៏យ៉ាងនោះឯង នេះជា អភិភាយតនៈ ទី៨ ។ ធម៌ទាំង៨នេះ គួរដឹងច្បាស់ ។

[៣២៤] ធម៌៨ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ វិមោក្ខ មាន៨ប្រការ [វិមោក្ខទាំង៨នេះ ចូរមើល នយលក្ខណៈ ក្នុងមហានិទានសូត្រ ទីឃនិកាយ មហាវគ្គ ផងចុះ នឹងមានពន្យល់ពិស្តារក្នុងកន្លែងខ្លះៗ ។] បុគ្គលបានរូបឈាន រមែងឃើញនូវរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជា វិមោក្ខទី១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវអរូបខាងក្នុង រមែងឃើញនូវរូបខាងក្រៅទាំងឡាយ គឺកសិណ មាននីលកសិណជាដើម នេះជាវិមោក្ខទី២ ។ បុគ្គលមានចិត្តចុះស៊ប់ កាន់ឈាន ក្នុងវណ្ណកសិណដ៏បរិសុទ្ធ នេះជាវិមោក្ខទី៣ ។ បុគ្គលដែលកន្លងនូវរូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយបានដល់នូវអាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៤ ។ បុគ្គលដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់វិញ្ញាណញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ នេះជាវិមោក្ខទី៥ ។ បុគ្គលដែលកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមានដូច្នេះ នេះជា វិមោក្ខទី៦ ។ បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា វិមោក្ខទី៧ ។ បុគ្គលដែលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវសញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជា វិមោក្ខទី៨ ។ ធម៌ទាំង៨នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៨០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

[៣២៥] ធម៌៩ មានឧបការៈច្រើន ធម៌៩គួរចម្រើន ធម៌៩គួរកំណត់ដឹង ធម៌៩គួរលះបង់ ធម៌៩ជាចំណែកនៃសេចក្តីវិនាស ធម៌៩ជាចំណែកវិសេស ធម៌៩យល់បានដោយក្រ ធម៌៩គួរឲ្យកើតឡើង ធម៌៩គួរដឹងច្បាស់ ធម៌៩គួរធ្វើឲ្យជាក់ច្បាស់ ។

[៣២៦] ធម៌៩មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ ធម៌ដែលមានយោនិសោមនសិការៈ ជាឫស៩យ៉ាង កាលភិក្ខុធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា សេចក្តីត្រេកអរទន់ ក៏កើតឡើង១ កាលលោកត្រេកអរហើយ សេចក្តីឆ្អែតចិត្ត កើតឡើង១ កាលលោកមានសេចក្តីឆ្អែតចិត្តកើតឡើងហើយ កាយក៏ស្ងប់រម្ងាប់១ លុះលោកមានកាយស្ងប់រម្ងាប់ហើយ ក៏បានសោយសេចក្តីសុខ១ លុះលោកមានសេចក្តីសុខហើយ ចិត្តក៏តាំងនៅមាំ១ លុះលោកមានចិត្តតាំងនៅមាំហើយ ក៏ដឹងឃើញច្បាស់តាមសភាវៈពិត១ កាលលោកបានដឹង បានឃើញច្បាស់ តាមសភាវៈពិតហើយ តែងនឿយណាយដោយខ្លួនឯង១ លុះលោកនឿយណាយហើយ រមែងប្រាសចាកតម្រេក រមែងផុតស្រឡះចាកតម្រេក១ ។ ធម៌ទាំង៩នេះ មានឧបការៈច្រើន ។

[៣២៧] ធម៌៩ ដែលគួរចម្រើន តើដូចម្តេចខ្លះ ។ អង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ៩យ៉ាង គឺសីលវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ចិត្តវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ទិដ្ឋិវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ កង្ខាវិតរណវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ មគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ បដិបទាញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ញាណទស្សនវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ បញ្ញាវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ វិមុត្តិវិសុទ្ធិ ជាអង្គនៃសេចក្តីព្យាយាម ដើម្បីសេចក្តីបរិសុទ្ធិ១ ។ ធម៌ទាំង៩ នេះ គួរចម្រើន ។

[៣២៨] ធម៌៩ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ សត្តាវាសៈ (ប្រទេសជាទីនៅរបស់សត្វ) មាន៩ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នាក៏មាន ដូចពួកមនុស្ស និងទេវតាពួកខ្លះ និងអសុរកាយពួកខ្លះ នេះជាសត្តាវាសៈទី១ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយមានកាយផ្សេងគ្នា តែមានសញ្ញាដូចគ្នាក៏មាន ដូចព្រហ្មកាយិកទេវតា ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាសត្តាវាសៈទី២ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយមានកាយដូចគ្នា តែមានសញ្ញាផ្សេងគ្នាក៏មាន ដូចពួកទេវតា ក្នុងជាន់អាភស្សរៈ នេះជាសត្តាវាសៈទី៣ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយមានកាយដូចគ្នា មានសញ្ញាដូចគ្នាក៏មាន ដូចពួកទេវតា ក្នុងជាន់សុភកិណ្ហៈ នេះជាសត្តាវាសៈទី៤ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយឥតសញ្ញា ឥតមានសោយអារម្មណ៍ ដូចពួកទេវតា ជាអសញ្ញិសត្វ នេះជាសត្តាវាសៈទី៥ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយលុះបានកន្លងនូវរូបសញ្ញា បានរម្ងាប់នូវបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលដល់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ក៏មាន នេះជាសត្តាវាសៈទី៦ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះក៏មាន នេះជាសត្តាវាសៈទី៧ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមាន ដូច្នេះក៏មាន នេះជាសត្តាវាសៈទី៨ ។ ម្នាលអាវុសោទាំងឡាយ សត្វទាំងឡាយ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា របស់នេះល្អិត របស់នេះឧត្តម ដូច្នេះក៏មាន នេះជា សត្តាវាសៈទី៩ ។ ធម៌ទាំង៩នេះ គួរកំណត់ដឹង ។

[៣២៩] ធម៌៩ ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ ធម៌ដែលមានតណ្ហាជាឫសគល់៩យ៉ាងគឺ ការអាស្រ័យតណ្ហា ទើបមានការស្វែងរក១ អាស្រ័យការស្វែងរក ទើបកើតលាភ១ អាស្រ័យលាភ ទើបកើតសេចក្តីត្រិះរិះ១ អាស្រ័យសេចក្តីត្រិះរិះ ទើបកើតសេចក្តីប្រាថ្នា សេចក្តីត្រេកអរ១ អាស្រ័យសេចក្តីប្រាថ្នា សេចក្តីត្រេកអរ ទើបកើតសេចក្តីជឿស៊ប់១ អាស្រ័យសេចក្តីជឿស៊ប់ ទើបកើតការហួរហែងទុក១ អាស្រ័យការហួងហែងទុក ទើបកើតសេចក្តីកំណាញ់១ អាស្រ័យសេចក្តីកំណាញ់ ទើបកើតការរក្សាទុក១ អាស្រ័យនូវការរក្សាទុកជាហេតុហើយ ទើបអកុសលធម៌ទាំងឡាយដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿងសស្ត្រាវុធ ឈ្លោះទាស់ទែងជជែកគ្នាថា ឯងៗ ទាំងនិយាយញុះញង់ និយាយកុហក ក៏ប្រព្រឹត្តទៅ១ ។ ធម៌ទាំង៩នេះ គួរលះបង់ ។

[៣៣០] ធម៌៩ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ អាឃាតវត្ថុ (ហេតុនៃការចងគំនុំ) ៩យ៉ាងគឺ បុគ្គលចងគំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញហើយ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះ កំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អញ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់អញ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះបានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញហើយ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះ កំពុងតែប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញហើយ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ១ ។ ចងគំនុំដោយគិតថា អ្នកនេះបានប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញហើយ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះកំពុងតែប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញ១ ។ ចងគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អញ១ ។ ធម៌ទាំង៩នេះ ជាចំណែកនៃសេចក្តីវិនាស ។

[៣៣១] ធម៌៩ ជាចំណែកវិសេស តើដូចម្តេចខ្លះ ។ អាឃាតប្បដិវិន័យ (ហេតុសម្រាប់កំចាត់បង់គំនុំ) ៩យ៉ាង គឺ បុគ្គលកំចាត់បង់គំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ កំពុងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មា អញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ នឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ដល់អាត្មាអញ ព្រោះហេតុ នោះ (បើ)អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះកំពុងតែប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះនឹងប្រព្រឹត្តអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ បានប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញហើយ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ កំពុងតែប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ បុគ្គលកំចាត់បង់នូវគំនុំ ដោយគិតថា អ្នកនេះ នឹងប្រព្រឹត្តអំពើជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះហេតុនោះ (បើ) អាត្មាអញ (ធ្វើតបទៅ) អ្នកនេះវិញ តើនឹងបានជាការអ្វី១ ។ ធម៌ទាំង៩នេះ ជាចំណែកវិសេស ។

[៣៣២] ធម៌៩ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ ។ ធម៌ផ្សេងៗ៩យ៉ាង គឺ ផស្សៈផ្សេងៗ អាស្រ័យធាតុផ្សេងៗ ហើយទើបកើតឡើង១ វេទនាផ្សេងៗ អាស្រ័យផស្សៈផ្សេងៗ ហើយទើបកើតឡើង១ សញ្ញាផ្សេងៗ អាស្រ័យវេទនាផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីត្រិះរិះផ្សេងៗ អាស្រ័យសញ្ញាផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីប្រាថ្នាផ្សេងៗ អាស្រ័យសេចក្តីត្រិះរិះផ្សេងៗ ហើយទើបកើតឡើង១ សេចក្តីក្តៅក្រហាយផ្សេងៗ អាស្រ័យសេចក្តីប្រាថ្នាផ្សេងៗ ហើយទើបកើតឡើង១ ការស្វែងរកផ្សេងៗ អាស្រ័យសេចក្តីក្តៅក្រហាយផ្សេងៗ ហើយទើបកើតឡើង១ លាភផ្សេងៗ អាស្រ័យការស្វែងរកផ្សេងៗ ហើយទើបកើតឡើង១ [ក្នុងពួកធម៌នេះ ថាមាន៩ប្រការ តែរាប់មើលទៅឃើញតែ៨វិញ មិនដឹងជាបាត់ត្រង់ទីណា បានយកគម្ពីរជាច្រើន មកផ្ទៀងផ្ទាត់មើល ឃើញមានបាលីកែដូចគ្នាទាំងអស់ ។ តែបើតាមសេចក្តីចូលចិត្តរបស់ក្រុមជំនុំថា គួរបន្ថែមកិរិយារក្សាផ្សេងៗ កើតឡើង ព្រោះអាស្រ័យលាភផ្សេងៗ មកទៀត ទើបគ្រប់ដូច នយលក្ខណៈខាងបាលី] ។ ធម៌ទាំង៩នេះ យល់បានដោយក្រ ។

[៣៣៣] ធម៌៩ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សេចក្តីសំគាល់៩យ៉ាង គឺសេចក្តីសំគាល់ថាមិនល្អ១ សេចក្តីសំគាល់ដោយមរណានុបស្សនាញាណ១ សេចក្តីសំគាល់ក្នុងអាហារថា ជារបស់គួរខ្ពើម១ សេចក្តីសំគាល់របស់បុគ្គលអ្នកមិនត្រេកអរ ក្នុងលោកទាំងពួង១ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ក្នុងរបស់ដែលមិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ក្នុងរបស់ដែលជាទុក្ខ ថាមិនមែនជារបស់ខ្លួន១ សេចក្តីសំគាល់នូវរបស់ដែលត្រូវលះបង់១ សេចក្តីសំគាល់ថាគួរនឿយណាយ១ ។ ធម៌ទាំង៩នេះ គួរឲ្យកើតឡើង ។

[៣៣៤] ធម៌៩ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ អនុបុព្វវិហារៈ (ធម៌ជាគ្រឿងសម្រេចសម្រាន្តនៅ តាមលំដាប់) ៩យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ក៏បានចូលដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់១ លុះរម្ងាប់វិតក្កៈ វិចារៈទាំងឡាយហើយ ក៏បានចូលទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញុំាងចិត្តជាសមាធិឲ្យកើតឡើង គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ១ លុះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយកន្តើយ ប្រកបដោយសតិ និងសម្បជញ្ញៈ សោយសុខដោយកាយផង ក៏បានចូលដល់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយ តែងសំដែងថា បុគ្គលអ្នកបានតតិយជ្ឈាន រមែងជាអ្នកមានចិត្តព្រងើយ មានស្មារតី នៅជាសុខ ដូច្នេះ១ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្ស អំពីមុនផង ក៏បានចូលដល់ចតុត្ថជ្ឈាន ឥតសុខ ឥតទុក្ខ មានតែសតិដ៏ស្អាតដោយឧបេក្ខា១ លុះកន្លងបង់នូវរូបសញ្ញា រំលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយក៏បានចូលដល់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត១ លុះកន្លងអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត១ លុះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួច មិនមាន១ លុះកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន១ លុះកន្លងបង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ក៏បានចូលដល់សញ្ញាវេទយិតនិរោធ១ ។ ធម៌ទាំង៩នេះ គួរដឹងច្បាស់ ។

[៣៣៥] ធម៌ទាំង៩ ដែលគួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ អនុបុព្វនិរោធ (ធម៌ជាគ្រឿងរំលត់តាមលំដាប់) ៩យ៉ាងគឺ បុគ្គលចូលកាន់បឋមជ្ឈាន រលត់កាមសញ្ញា១ ចូលកាន់ទុតិយជ្ឈាន រលត់វិតក្កវិចារៈ១ ចូលកាន់តតិយជ្ឈាន រលត់បីតិ១ ចូលកាន់ចតុត្ថជ្ឈាន រលត់អស្សាសៈ បស្សាសៈ១ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន រលត់រូបសញ្ញា១ ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន រលត់អាកាសានញ្ចាយតនសញ្ញា១ ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន រលត់វិញ្ញាណញ្ចាយតនសញ្ញា១ ចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន រលត់អាកិញ្ចញ្ញាយតនសញ្ញា១ ចូលកាន់សញ្ញាវេទយិតនិរោធ រលត់សញ្ញា និងវេទនា១ ។ ធម៌ទាំង៩ នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង៩០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគត បានត្រាស់ដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។

[៣៣៦] ធម៌១០ មានឧបការៈច្រើន ធម៌១០ គួរចម្រើន ធម៌១០ គួរកំណត់ដឹង ធម៌១០ គួរលះបង់ ធម៌១០ជាចំណែកនៃសេចក្តីវិនាស ធម៌១០ជាចំណែកវិសេស ធម៌១០យល់បានដោយក្រ ធម៌១០គួរឲ្យកើតឡើង ធម៌១០គួរដឹងច្បាស់ ធម៌១០គួរធ្វើឲ្យជាក់ច្បាស់ ។

[៣៣៧] ធម៌១០ មានឧបការៈច្រើន តើដូចម្តេចខ្លះ ។ នាថករណធម៌ (ធម៌ធ្វើឲ្យជាទីពឹង) ១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាពហុស្សូត ចេះចាំនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ប្រកាសនូវព្រហ្មចារ្យ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នេះ ភិក្ខុនោះឯង ក៏បានស្តាប់ច្រើន បានចាំទុក ចាំរត់មាត់ ចាំជាប់ក្នុងចិត្ត ចាក់ធ្លុះល្អដោយទិដ្ឋិ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត ។បេ។ ចាក់ធ្លុះល្អដោយទិដ្ឋិ នេះឯងជា នាថករណធម៌ ១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មានសំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាលល្អ នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយធម៌ ជាគ្រឿងធ្វើនូវភាវៈជាអ្នកប្រដៅងាយ ជាអ្នកអំណត់ ទទួលយកនូវពាក្យប្រៀនប្រដៅ ដោយចំណែកខាងស្តាំ នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចការណានីមួយ ធំ ឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះឡើយ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាអ្នកអាចធ្វើបាន អាចចាត់ចែងបាន ។ ម្នាលអាវុសោទាំងឡាយ កិច្ចការណានីមួយ ធំឬតូច របស់សព្រហ្មចារីបុគ្គលទាំងឡាយ ភិក្ខុជាអ្នកប៉ិនប្រសប់ មិនខ្ជិលច្រអូស ក្នុងកិច្ចការទាំងនោះឡើយ ប្រកបដោយការពិចារណា ជាឧបាយក្នុងកិច្ចការទាំងនោះ ជាបុគ្គលអាចធ្វើបាន អាចចាត់ចែងបាន នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ [បានដល់ពុទ្ធវចនៈ គឺបិដក៣ ។] ជាអ្នកស្តាប់ដោយយកចិត្តទុកដាក់ ទាំងប្រាថ្នាប្រកាសប្រាប់ជនឯទៀត ដោយខ្លួនឯង ជាអ្នកច្រើនដោយសេចក្តីត្រេកអរដ៏ទន់ ក្នុងអភិធម្ម [បានដល់ព្រះអភិធម្មទាំង៧គម្ពីរ មានធម្មសង្គណីជាដើម ។ ន័យ១ទៀត ថា មគ្គនិងផល ហៅថា អភិធម្ម ។] ក្នុងអភិវិន័យ[បានដល់ខន្ធកបរិវារៈ ។ ន័យ១ទៀត ថា ការធ្វើឲ្យកិលេសស្ងប់រម្ងាប់ ហៅថា អភិវិន័យ ។ (សង្គីតិសុត្តវណ្ណនា) ។] ។ ម្នាលអាវុសោទាំងឡាយ កាលដែលភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកស្តាប់ ដោយយកចិត្តទុកដាក់ ទាំងប្រាថ្នាប្រកាសប្រាប់ជនឯទៀត ដោយខ្លួនឯង ជាអ្នកច្រើនដោយសេចក្តីត្រេកអរដ៏ទន់ ក្នុងអភិធម្ម ក្នុងអភិវិន័យ នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺ តាមមាន តាមបាន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារគឺ ថ្នាំជាបច្ច័យសម្រាប់ អ្នកជម្ងឺ តាមមាន តាមបាន នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកតាំងផ្តើមសេចក្តីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដើម្បីធ្វើកុសលធម៌ទាំងឡាយ ឲ្យបរិបូណ៌ ជាអ្នកមាន​កម្លាំង​ មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ការដែលភិក្ខុជាអ្នកផ្តើមសេចក្តីព្យាយាម ។បេ។ នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយ (ការតាំង) ស្មារតី និងភាវៈជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លាដ៏ខ្ពង់ខ្ពស់ នឹកឃើញនូវអំពើដែលខ្លួនធ្វើរួចយូរហើយផង នូវសំដីដែលខ្លួននិយាយយូរហើយផង នេះឯងជា នាថករណធម៌១ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់នូវការកើតឡើង និងការវិនាសទៅ (នៃខន្ធបញ្ចកៈ) ជាគ្រឿងទម្លាយនូវកិលេសដ៏ប្រសើរ ជាធម្មជាតិ ដល់នូវកិរិយាអស់ទៅនៃទុក្ខដោយប្រពៃ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកមានប្រាជ្ញា ។បេ។ ជាធម្មជាតិ ដល់នូវកិរិយាអស់ទៅ នៃទុក្ខដោយប្រពៃ នេះឯងជា នាថករណធម៌១ ។ ធម៌ទាំង១០នេះ មានឧបការៈច្រើន ។

[៣៣៨] ធម៌១០ ដែលគួរចម្រើន តើដូចម្តេចខ្លះ ។ កសិណាយតនៈ (ខេត្ត ឬទីតាំងរបស់ពួកធម៌ ដែលមានកសិណជាអារម្មណ៍) មាន១០យ៉ាង គឺ បុគ្គលពួកមួយ ស្គាល់ច្បាស់ នូវបឋវីកសិណ ខាងលើ [កសិណដែលត្រូវចម្រើនងើយមើលទៅខាងលើអាកាស ។] ខាងក្រោម [កសិណដែលត្រូវចម្រើនដាក់មុខមករកផ្ទៃផែនដី ។] និងទទឹង [កសិណដែលត្រូវចម្រើនជុំវិញខេត្តមណ្ឌល (សង្គីតិសុត្តវណ្ណនា) ។] ជាកសិណតែបែបមួយ ឥតមានលាយឡំ (នឹងកសិណឯទៀត) មានការផ្សាយ និងប្រមាណមិនបាន១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាបោកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវតេជោកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវាយោកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់ នូវនីលកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវបីតកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវលោហិតកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវឱទាតកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវអាកាសកសិណ១ ។ បុគ្គលពួកមួយ ស្គាល់ច្បាស់នូវវិញ្ញាណកសិណ ខាងលើ ខាងក្រោម និងទទឹង ជាកសិណតែបែបមួយ ឥតមានលាយឡំ (នឹងកសិណឯទៀត) ហើយមានការផ្សាយ និងប្រមាណមិនបាន១ ។ ធម៌ទាំង១០នេះ គួរចម្រើន ។

[៣៣៩] ធម៌១០ ដែលគួរកំណត់ដឹង តើដូចម្តេចខ្លះ ។ អាយតនៈ (ហេតុជាទីកើតនៃចិត្ត) ១០គឺ ភ្នែក ជាកន្លែងកើតចិត្ត១ រូបជាកន្លែងកើតចិត្ត១ ត្រចៀក ជាកន្លែងកើតចិត្ត១ សម្លេងជាកន្លែងកើតចិត្ត១ ច្រមុះជាកន្លែងកើតចិត្ត១ ក្លិនជាកន្លែងកើតចិត្ត១ អណ្តាត ជាកន្លែងកើតចិត្ត១ រស ជាកន្លែងកើតចិត្ត១ កាយ ជាកន្លែងកើតចិត្ត១ ផោដ្ឋព្វៈជាកន្លែងកើតចិត្ត១ ។ ធម៌ទាំង១០នេះ គួរកំណត់ដឹង ។

[៣៤០] ធម៌១០ដែលគួរលះបង់ តើដូចម្តេចខ្លះ ។ សភាពដែលខុស១០យ៉ាងគឺ ការយល់ខុស១ ការត្រិះរិះខុស១ ពោលពាក្យខុស១ ការងារខុស១ ចិញ្ចឹមជីវិតខុស១ សេចក្តីព្យាយាមខុស១ ការរលឹកខុស១ ការតាំងចិត្តខុស១ ការដឹងខុស១ ការរួចខុស១ ។ ធម៌ទាំង១០នេះ គួរលះបង់ ។

[៣៤១] ធម៌១០ ជាចំណែកនៃសេចក្តីវិនាស តើដូចម្តេចខ្លះ ។ គន្លងនៃអកុសលកម្ម១០យ៉ាង គឺ ការសម្លាប់សត្វ១ លួចទ្រព្យគេ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ពោលពាក្យកុហក១ ពោលពាក្យញុះញង់១ ពោលពាក្យទ្រគោះ១ ពោលពាក្យឥតប្រយោជន៍១ ចិត្តគិតសំឡឹងរំពៃ បង្អោនទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន១ ចិត្តគុំកួន១ ការយល់ខុស១ ។ ធម៌ទំាង១០នេះ ជាចំណែកនៃសេចក្តីវិនាស ។

[៣៤២] ធម៌១០ ដែលជាចំណែកវិសេស តើដូចម្តេចខ្លះ ។ គន្លងនៃកុសលកម្ម១០យ៉ាង គឺ ចេតនាជាហេតុវៀរចាកការសម្លាប់សត្វ១ វៀរចាកការលួចទ្រព្យគេ១ វៀរចាកការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ វៀរចាកការពោលពាក្យកុហក១ វៀរចាកការពោលពាក្យញុះញង់១ វៀរចាកការពោលពាក្យទ្រគោះ១ វៀរចាកការពោលពាក្យរោយរាយឥតប្រយោជន៍១ ចិត្តមិនសំឡឹងរំពៃ បង្អោនទ្រព្យអ្នកដទៃ មកជាទ្រព្យរបស់ខ្លួន១ ចិត្តមិនគំកួន១ ការយល់ត្រូវ១ ។ ធម៌ទំាង១០នេះ ជាចំណែកវិសេស ។

[៣៤៣] ធម៌ទាំង១០ ដែលយល់បានដោយក្រ តើដូចម្តេចខ្លះ ។ ធម៌ជាគ្រឿងនៅអាស្រ័យរបស់អរិយៈ ១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់អង្គប្រាំ១ ប្រកបដោយឆឡង្គុបេក្ខា១ ជាអ្នករក្សាធម៌តែមួយ១ មានធម៌ជាបង្អែក៤យ៉ាង១ ជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក១ ជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារស្ងប់រម្ងាប់១ មានចិត្តរួចស្រឡះហើយដោយល្អ១ មានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះដោយល្អ១ ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់អង្គ៥ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់ព្យាបាទ១ លះបង់ថីនមិទ្ធៈ១ លះបង់ឧទ្ធច្ចកុក្កុច្ចៈ១ លះបង់វិចិកិច្ឆា១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់អង្គ៥ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុប្រកបដោយឆឡង្គុបេក្ខា តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែកហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាបុគ្គលព្រងើយ ប្រកបដោយសតិ និងសម្បជញ្ញៈ ។ បានឮសំឡេងដោយត្រចៀក ។ បានធុំក្លិនដោយច្រមុះ ។ បានទទួលរសដោយអណ្តាត ។ បានពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ បានដឹងធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកមិនមានសោមនស្ស មិនមានទោមនស្ស ជាអ្នកព្រងើយ ប្រកបដោយសតិ និងសម្បជញ្ញៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយឆឡង្គុបេក្ខា ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុរក្សាធម៌តែមួយ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយចិត្ត មានសតិជាគ្រឿងរក្សាទុក ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុរក្សាធម៌តែមួយ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានធម៌ ជាបង្អែក៤យ៉ាង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើបសេពរបស់ដែលគួរសេព១ ពិចារណាហើយ ទើបអត់សង្កត់របស់ដែលគួរអត់សង្កត់១ ពិចារណាហើយ ទើបវៀររបស់ដែលគួរវៀរ១ ពិចារណាហើយ ទើបបន្ទោបង់របស់ ដែលគួរបន្ទោបង់១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានបង្អែក៤យ៉ាង ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចោល ស្រាយចេញ លះបង់ ផ្តាច់ផ្តិលនូវសច្ចៈ ដ៏ផ្សេងគ្នាជាច្រើន របស់សមណៈ និងព្រាហ្មណ៍ដ៏ច្រើន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកកំចាត់បង់នូវសច្ចធម៌ដោយឡែក ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់ការស្វែងរកកាម លះបង់ការស្វែងរកភព លះបង់ការស្វែងរកព្រហ្មចារ្យចេញហើយ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកលះបង់ដោយប្រពៃ នូវការស្វែងរក ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានសេចក្តីត្រិះរិះមិនបានសៅហ្មង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់សេចក្តីត្រិះរិះក្នុងកាម លះបង់សេចក្តីត្រិះរិះក្នុងការព្យាបាទ លះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះមិនបានសៅហ្មង ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ហើយ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះបានលះបង់សុខផង លះបង់ទុក្ខផង ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ហើយក៏បានចូលចតុត្ថជ្ឈាន ដែលគ្មានទុក្ខ គ្មានសុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារស្ងប់រម្ងាប់ហើយ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយចាករាគៈ មានចិត្តរួចស្រឡះហើយចាកទោសៈ មានចិត្តរួចស្រឡះហើយចាកមោហៈ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ ចុះភិក្ខុមានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះហើយដោយល្អ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា រាគៈ អាត្មាអញបានលះបង់ហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចដើមត្នោត (កំបុត ក) ហើយ ធ្វើមិនឲ្យមានទៀត មិនឲ្យកើតតទៅទៀតជាធម្មតា ។ ដឹងច្បាស់ថា ទោសៈ អាត្មាអញ បានលះបង់ហើយ ។បេ។ មោហៈ អាត្មាអញ បានលះបង់ហើយ គាស់រំលើងឫសចេញហើយ ធ្វើឲ្យលែងកើតទៀត ដូចជាដើមត្នោត (កំបុត ក) ហើយ ធ្វើមិនឲ្យមានទៀត មិនឲ្យកើតតទៅទៀតជាធម្មតា ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញាដឹងថា ចិត្តរួចស្រឡះហើយដោយល្អ ដោយអាការយ៉ាងនេះឯង ។ ធម៌ទាំង១០នេះ យល់បានដោយក្រ ។

[៣៤៤] ធម៌១០ ដែលគួរឲ្យកើតឡើង តើដូចម្តេចខ្លះ ។ សេចក្តីសំគាល់១០យ៉ាង គឺសេចក្តីសំគាល់ថាមិនល្អ១ សេចក្តីសំគាល់ចំពោះមរណៈ១ សេចក្តីសំគាល់ក្នុងអាហារថា ជារបស់គួរខ្ពើម១ សេចក្តីសំគាល់របស់បុគ្គលជាអ្នកមិនត្រេកអរ ក្នុងលោកទាំងពួង១ សេចក្តីសំគាល់ថា មិនទៀង១ សេចក្តីសំគាល់ ក្នុងរបស់ដែលមិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ ក្នុងរបស់ដែលជាទុក្ខ ថាមិនមែនរបស់ខ្លួន១ សេចក្តីសំគាល់នូវរបស់ដែលត្រូវលះបង់១ សេចក្តីសំគាល់ថា គួរនឿយណាយ១ សេចក្តីសំគាល់ថា រលត់ទៅនៃកងទុក្ខ១ ។ ធម៌ទាំង១០នេះ គួរឲ្យកើតឡើង ។

[៣៤៥] ធម៌១០ ដែលគួរដឹងច្បាស់ តើដូចម្តេចខ្លះ ។ ហេតុនៃសេចក្តីសាបសូន្យ១០គឺ បុគ្គលមានគំនិតយល់ត្រូវហើយ ការយល់ខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះការយល់ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះគំនិតយល់ត្រូវជាបច្ច័យ១ ។ បុគ្គលមានសេចក្តីត្រិះរិះត្រូវហើយ សេចក្តីត្រិះរិះខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះសេចក្តីត្រិះរិះខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះសេចក្តីត្រិះរិះត្រូវ ជាបច្ច័យ១ ។ បុគ្គលមានវាចាត្រូវហើយ វាចាខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះវាចាខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើន ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះវាចាត្រូវ ជាបច្ច័យ១ ។ បុគ្គលមានការងារត្រូវហើយ ការងារខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះការងារខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះការងារត្រូវ ជាបច្ច័យ១ ។ បុគ្គលមានការចិញ្ចឹមជីវិតត្រូវហើយ ការចិញ្ចឹមជីវិតខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះការចិញ្ចឹមជីវិតខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើន ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះការចិញ្ចឹមជីវិតត្រូវ ជាបច្ច័យ១ ។ បុគ្គលដែលមានព្យាយាមត្រូវហើយ សេចក្តីព្យាយាមខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនយ៉ាង ដែលកើតឡើង ព្រោះសេចក្តីព្យាយាមខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវសេចក្តីចម្រើន បរិបូណ៌ឡើង ព្រោះសេចក្តីព្យាយាមត្រូវ ជាបច្ច័យ១ ។ បុគ្គលមានការរលឹកត្រូវហើយ ការរលឹកខុស ក៏សាបសូន្យអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះការរលឹកខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះការរលឹកត្រូវ ជាបច្ច័យ១ ។ បុគ្គលដែលមានការស្មឹងស្មាធិ៍ត្រូវហើយ ការស្មឹងស្មាធិ៍ខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះការស្មឹងស្មាធិ៍ខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើនប្រការ ក៏ដល់នូវសេចក្តីចម្រើន បរិបូណ៌ឡើង ព្រោះការស្មឹងស្មាធិ៍ត្រូវ ជាបច្ច័យ១ ។ បុគ្គលដែលមានកិរិយាដឹងត្រូវហើយ កិរិយាដឹងខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះកិរិយាដឹងខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ដ៏ច្រើនប្រការ ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះកិរិយាដឹងត្រូវ ជាបច្ច័យ១ ។ បុគ្គលមានកិរិយារួចត្រឹមត្រូវហើយ កិរិយារួចខុស ក៏សាបសូន្យទៅអស់ ទាំងអកុសលធម៌ ដ៏លាមកច្រើនប្រការ ដែលកើតឡើង ព្រោះកិរិយារួចខុស ជាបច្ច័យ ក៏សាបសូន្យទៅដែរ ឯកុសលធម៌ច្រើនប្រការ ក៏ដល់នូវការចម្រើន បរិបូណ៌ឡើង ព្រោះកិរិយារួចត្រូវ ជាបច្ច័យ១ ។ ធម៌ទាំង១០នេះ គួរដឹងច្បាស់ ។

[៣៤៦] ធម៌១០គួរធ្វើឲ្យជាក់ច្បាស់ តើដូចម្តេចខ្លះ ។ ធម៌ជារបស់អសេក្ខៈ១០យ៉ាង គឺ សម្មាទិដ្ឋិ ជារបស់អសេក្ខៈ១ សម្មាសង្កប្បៈ ជារបស់អសេក្ខៈ១ សម្មាវាចា ជារបស់អសេក្ខៈ១ សម្មាកម្មន្តៈ ជារបស់អសេក្ខៈ១ សម្មាអាជីវៈ ជារបស់អសេក្ខៈ១ សម្មាវាយាមៈ ជារបស់អសេក្ខៈ១ សម្មាសតិ ជារបស់អសេក្ខៈ១ សម្មាសមាធិ ជារបស់អសេក្ខៈ១ សម្មាញាណ ជារបស់អសេក្ខៈ១ សម្មាវិមុត្តិ ជារបស់អសេក្ខៈ១ ។ ធម៌ទាំង១០នេះ គួរធ្វើឲ្យជាក់ច្បាស់ ។ ធម៌ទាំង១០០នេះ ជាធម៌ពិត ធម៌មែន ធម៌ទៀងទាត់ មិនប្រែប្រួលជាយ៉ាងដទៃឡើយ ដែលព្រះតថាគតត្រាសដឹងហើយដោយប្រពៃ ដោយប្រការដូច្នេះ ។ លុះព្រះសារីបុត្រមានអាយុ បានសំដែងសូត្រនេះចប់ហើយ ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះសារីបុត្តដ៏មានអាយុ ។

ចប់ ទសុត្តរសូត្រ ទី១១ ។

ចប់ បាដិកវគ្គ តែប៉ុណ្ណេះ ។

បញ្ជីឈ្មោះសូត្រនៃបាដិកវគ្គនោះ ដូច្នេះគឺ

បាដិកសូត្រ ១ ឧទុម្ពរិកសូត្រ ១ ចក្កវត្តិសូត្រ ១ អគ្គញ្ញសូត្រ ១ សម្បសាទនីយសូត្រ ១ បាសាទិកសូត្រ ១ លក្ខណសូត្រ ១ សិង្គាលកសូត្រ ១ អាដានាដិយសូត្រ ១ សង្គីតិសូត្រ ១ និងទសុត្តរសូត្រ ១ រួមត្រូវជា១១សូត្រ ។

ចប់ គម្ពីរទីឃនិកាយ ប្រដាប់ដោយសូត្រ ៣៤ ។

និកាយណា សង្គ្រោះដោយសូត្រ ៣៤ និងវគ្គ ៣ និកាយនុ៎ះ ឈ្មោះថា ទីឃនិកាយ ជានិកាយអនុលោមដំបូង ។ ចុះនិកាយនោះ ដែលលោកហៅថា ទីឃនិកាយ តើព្រោះហេតុអ្វី ។ បានជាលោកហៅថា ទីឃនិកាយ ព្រោះជាទីប្រជុំ ជាទីនៅអាស្រ័យ ជាទីប្រជុំរួបរួម នៃសូត្រទាំងឡាយ ដែលមានប្រមាណវែងៗ ។

ចប់ ភាគ១៩ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ