ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ឯក-ទុកនិបាត > បឋមភាគ (សៀវភៅ​ភាគ៤០)

ឯកនិបាតកែប្រែ

ឯកធម្មាទិបាលិកែប្រែ

រូបាទិវគ្គទី១កែប្រែ

បាលីសំដែងអំពីធម៌ពួកមួយៗជាដើម

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុង​ទី​​នោះឯងថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។  ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

[២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរូបស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ។

[៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសំឡេងដទៃ សូម្បីតែសំឡេង ១ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចសំឡេងស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ សំឡេងស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ។

[៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញក្លិនដទៃ សូម្បីតែក្លិន ១ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចក្លិនស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ក្លិនស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ។

[៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរសដទៃ សូម្បីតែរស ១ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរសស្រី្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រសស្ត្រីទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ។

[៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញផ្សព្វដទៃ សូម្បីតែផ្សព្វ ១ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចផ្សព្វស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ផ្សព្វស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ។

[៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចរូបបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ។

[៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសំឡេងដទៃ សូម្បីតែសំឡេង ១ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចសំឡេងបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ សំឡេងបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ។

[៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញក្លិនដទៃ សូម្បីតែក្លិន ១ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចក្លិនបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ក្លិនបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ។

[១០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរសដទៃ សូម្បីតែរស ១ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចរសបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រសបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ។

[១១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញផ្សព្វដទៃ សូម្បីតែផ្សព្វ ១ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចផ្សព្វបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ផ្សព្វបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ។

ចប់វគ្គ​ទី​​ ១ ។

នីវរណប្បហានវគ្គ​ទី​​២កែប្រែ

[១២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងកាមច្ឆន្ទៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី កាមច្ឆន្ទៈដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពក្ដី ដូចសុភនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត ដោយឧបាយខុស កាមច្ឆន្ទៈដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង កាមច្ឆន្ទៈដែលកើតឡើងហើយក៏ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពផង ។

[១៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ព្យាបាទដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើន ជាភិយ្យោភាពក្ដី ដូចបដិឃនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវបដិឃនិមិត្ត ដោយឧបាយខុស ព្យាបាទដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ព្យាបាទដែលកើតឡើងហើយក៏ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពផង ។

[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងថីនមិទ្ធៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ថីនមិទ្ធៈដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពក្ដី ដូចសេចក្តីអផ្សុក សេចក្តីខ្ជិល ការមិតពត់កាយ សេចក្តីស្រវឹងបាយ និងភាពនៃចិត្តឡេះឡោះនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តឡេះឡោះ ថីនមិទ្ធៈដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ថីនមិទ្ធៈដែលកើតឡើងហើយក៏ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពផង ។

[១៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពក្ដី ដូចចិត្តមិនស្ងប់នេះសោះ ឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តមិនស្ងប់ ឧទ្ធច្ចកុក្កុច្ចៈដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយក៏ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពផង ។

[១៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី វិចិកិច្ឆាដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពក្ដី ដូចការធ្វើទុកក្នុងចិត្ត ដោយឧបាយខុសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយខុស វិចិកិច្ឆាដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង វិចិកិច្ឆាដែលកើតឡើងហើយក៏ប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនឡើង ជាភិយ្យោភាពផង ។

[១៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងកាមច្ឆន្ទៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី កាមច្ឆន្ទៈដែលកើតឡើងហើយក៏ឲ្យសាបសូន្យទៅក្តី ដូចអសុភនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល ធ្វើទុកក្នុងចិត្ត នូវអសុភនិមិត្ត ដោយឧបាយត្រូវ កាមច្ឆន្ទៈដែលមិនទាន់កើតឡើង ក៏មិនកើត ឡើងផង កាមច្ឆន្ទៈដែលកើតឡើងហើយក៏សាបសូន្យទៅផង ។

[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ព្យាបាទដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចមេត្តាចេតោវិមុត្តិនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវមេត្តាចេតោវិមុត្តិ ដោយឧបាយត្រូវ ព្យាបាទដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ព្យាបាទដែលកើតឡើងហើយក៏សាបសូន្យទៅផង ។

[១៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងថីនមិទ្ធៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ថីនមិទ្ធៈដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចអារម្ភធាតុ និក្កមធាតុ បរក្កមធាតុនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានព្យាយាម ប្រារព្ធហើយថីនមិទ្ធៈដែលមិនទាន់កើតឡើង ក៏មិនកើត ឡើងផង ថីនមិទ្ធៈដែលកើតឡើងហើយក៏សាបសូន្យទៅផង ។

[២០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង ហើយឲ្យសាបសូន្យទៅក្តី ដូចចេតសោវូបសមៈ (ចិត្តស្ងប់) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តស្ងប់ ឧទ្ធច្ចកុក្កុច្ចៈដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយក៏សាបសូន្យទៅផង ។

[២១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី វិចិកិច្ឆាដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្ត ដោយឧបាយត្រូវនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយត្រូវ វិចិកិច្ឆាដែលមិនទាន់កើតឡើង ក៏មិន កើតឡើងផង វិចិកិច្ឆាដែលកើតឡើងហើយក៏សាបសូន្យទៅផង ។

ចប់វគ្គ​ទី​​ ២ ។

អកម្មនិយវគ្គ​ទី​​៣កែប្រែ

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានចម្រើនហើយជាសភាវៈមិនគួរដល់ការងារ (យកជាការមិនបាន) ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចម្រើនហើយជាធម្មជាតិមិនគួរ ដល់ការងារទេ ។

[២៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលចម្រើនហើយទើបជាធម្មជាតិគួរដល់ការងារ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលចម្រើនហើយទើបជាធម្មជាតិគួរដល់ការងារ ។

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានចម្រើនហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចម្រើនហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ។

[២៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានចម្រើនហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចម្រើនហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានចម្រើន មិនបានឲ្យកើតប្រាកដហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូច ប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចម្រើន មិនបានឲ្យកើតប្រាកដហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ។

[២៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានចម្រើន បានឲ្យកើតប្រាកដហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចម្រើន បានឲ្យកើតប្រាកដ ហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ យ៉ាងធំ ។

[២៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចម្រើន មិនបាន ធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ។

[២៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

[៣០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយតែងនាំមកនូវសេចក្តីទុក្ខក្រៃពេក ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយតែងនាំមកនូវសេចក្តីទុក្ខក្រៃពេក ។

[៣១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយតែងនាំមកនូវសេចក្តីសុខក្រៃពេក ដូចចិត្តនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចម្រើន បានធ្វើឲ្យច្រើនហើយតែងនាំមកនូវសេចក្តីសុខក្រៃពេក ។

ចប់វគ្គ​ទី​​៣ ។

អទន្តវគ្គ​ទី​​៤កែប្រែ

[៣២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានទូន្មានហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានទូន្មានហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ ។

[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលទូន្មានហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលទូន្មានហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

[៣៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានគ្រប់គ្រងហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានគ្រប់គ្រងហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ។

[៣៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានគ្រប់គ្រងហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះ ឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានគ្រប់គ្រងហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានរក្សាហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានរក្សាហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ។

[៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានរក្សាហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានរក្សាហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

[៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ។

[៣៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះ ឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយតែងប្រព្រឹត្ត ទៅដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែល បុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ ។

[៤១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលបានទូន្មាន បានគ្រប់គ្រង បានរក្សា បានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានទូន្មាន បានគ្រប់គ្រង បានរក្សា បានសង្រួមហើយតែងប្រព្រឹត្តទៅដើម្បីប្រយោជន៍យ៉ាងធំ ។

ចប់វគ្គ​ទី​​៤ ។

បណិហិតអច្ឆវគ្គ​ទី​​៥កែប្រែ

[៤២] ម្នាលភិក្ខុទាំងឡាយ ចុងគ្រាប់សូវខ្សាយក្ដី ចុងគ្រាប់សូវដំណើបក្តីដែលបុគ្គលរៀបចំមិនត្រូវទំនង គឺមិនឲ្យមានចុងឡើងលើទេ បុគ្គលសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើង នឹងធ្វើឈាមឲ្យផុលឡើងបាន ហេតុដូច្នេះ មិនដែលមានទេ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចុងគ្រាប់សូវដែលបុគ្គលរៀបចំមិនត្រូវទំនង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតម្កល់ខុស នឹងទម្លាយអវិជ្ជា នឹងធ្វើអវិជ្ជាឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុដូច្នេះ មិនដែលមានទេ រឿងនោះព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តដែលភិក្ខុនោះតម្កល់ខុស ក៏ដូច្នោះឯង ។

[៤៣] ម្នាលភិក្ខុទាំងឡាយ ចុងគ្រាប់សូវខ្សាយក្ដី ចុងគ្រាប់សូវដំណើបក្តីដែលបុគ្គលរៀបចំត្រូវទំនង គឺធ្វើឲ្យមានចុងឡើងលើ បុគ្គលសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើង នឹងធ្វើឈាមឲ្យផុលឡើងបាន ហេតុនេះទើបមាន រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចុងគ្រាប់សូវ បុគ្គលរៀបចំត្រូវទំនង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តតម្កល់ត្រូវ នឹងទម្លាយអវិជ្ជា នឹងធ្វើវិជ្ជាឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុនេះ ទើបមាន រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តដែលភិក្ខុនោះតម្កល់ត្រូវ ក៏ដូច្នោះឯង ។

[៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតកំណត់នូវចិត្ត (របស់បុគ្គល) ដោយចិត្ត (របស់ខ្លួន)ក៏ដឹងច្បាស់ នូវបុគ្គលពួកមួយ ក្នុងលោកនេះដែលមានចិត្តប្រទូស្ត យ៉ាងនេះថា បើបុគ្គលនេះ ធ្វើនូវមរណកាល ក្នុងសម័យនេះ នឹងធ្លាក់ទៅក្នុងនរក ដូចគេចាប់បោះទៅ ដូច្នោះឯង រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលនោះ មានចិត្តប្រទូស្ត ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សត្វទាំងឡាយពួកមួយ ក្នុងលោកនេះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏ព្រោះតែចិត្តប្រទូស្ត ជាហេតុដែរ ។

[៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតកំណត់នូវចិត្ត (របស់បុគ្គល) ដោយចិត្ត (របស់ខ្លួន)ក៏ដឹងច្បាស់ នូវបុគ្គលពួកមួយ ក្នុងលោកនេះដែលមានចិត្តជ្រះថ្លា យ៉ាងនេះថា បើបុគ្គលនេះ ធ្វើនូវមរណកាល ក្នុងសម័យនេះ នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំទៅតម្កល់ទុកដូច្នោះឯង រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សត្វទាំងឡាយពួកមួយ ក្នុងលោកនេះ ទម្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ក៏ព្រោះតែចិត្តជ្រះថ្លា ជាហេតុដែរ ។

[៤៦] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មានទឹកល្អក់កខ្វក់ កើតជាភក់ បុរសអ្នកមានចក្ខុ ឈរនៅមាត់អន្លង់នោះ មិនឃើញខ្យង និងគ្រំ ឬដំគ្រួស និងអម្បែង ឬហ្វូងត្រីដែលហែលទៅមក ឬក៏ស្ថិតនៅបានឡើយ ដំណើនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះទឹកនោះល្អក់ ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តល្អក់ នឹងស្គាល់ប្រយោជន៍របស់ខ្លួនក្ដី ស្គាល់ប្រយោជន៍ របស់អ្នកដទៃក្ដី ស្គាល់ប្រយោជន៍ទាំងពីរខាងក្ដី នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ប្រសើរ ក្រៃលែងជាងមនុស្សធម៌ក្ដី ហេតុដូច្នេះ មិនដែលមានទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ មានចិត្តល្អក់ ក៏ដូច្នោះឯង ។

[៤៧] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មានទឹកថ្លាស្អាត មិនកខ្វក់ បុរសអ្នកមានចក្ខុឈរ នៅមាត់អន្លង់នោះ ក៏ឃើញខ្យង និងគ្រំ ឬដំគ្រួស និងអម្បែង ឬហ្វូងត្រីដែលហែលទៅមកឬក៏ស្ថិតនៅបាន ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះទឹកនោះ មិនល្អក់ ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តមិនល្អក់ នឹងស្គាល់ប្រយោជន៍របស់ខ្លួនក្ដី ស្គាល់ប្រយោជន៍ របស់អ្នកដទៃក្ដី ស្គាល់ប្រយោជន៍ទាំងពីរខាងក្ដី នឹងធ្វើឲ្យជាក់ច្បាស់នូវ គុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ ក្រៃលែងជាងមនុស្សធម៌ក្ដី ហេតុដូច្នេះ ទើបមាន ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ មានចិត្តមិនល្អក់ ក៏ដូច្នោះឯង ។

[៤៨] ម្នាលភិក្ខុទាំងឡាយ រុក្ខជាតិទាំងឡាយ ស្រេចនៅដើមចន្ទន៍ ទើបប្រសើរជាង រុក្ខជាតិទាំងនោះ ព្រោះដើមចន្ទន៍នេះទន់ផង គួរដល់ការងារផង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយជាសភាវៈទន់ផង គួរដល់ការងារផង ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយជារបស់ទន់ផង គួរដល់ការងារ ផង ដូច្នេះឯង ។

[៤៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលកើតឡើង និងរលត់ទៅរហ័ស ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះកើត ឡើង និងរលត់ទៅ រហ័សក្រៃពេក មិនងាយនឹងធ្វើឧបមាបានឡើយ ។

[៥០] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ប៉ុន្តែចិត្តនោះឯង ត្រូវ ឧបកិ្កលេសទាំងឡាយ ជាអាគន្តុកៈ ចូលមកធ្វើឲ្យសៅហ្មង ។

[៥១] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ដ្បិតភវង្គចិត្តនោះឯង ផុតស្រឡះ ចាកឧបកិ្កលេសទាំងឡាយដែលជាអាគន្តុកៈ ។

ចប់វគ្គ​ទី​​៥ ។

អច្ឆរាសង្ឃាតវគ្គ​ទី​​៦កែប្រែ

[៥២] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ប៉ុន្តែភវង្គចិត្តនោះឯង ត្រូវ ឧបកិ្កលេសទាំងឡាយ ជាអាគន្តុកៈ ចូលមកធ្វើឲ្យសៅហ្មង បុថុជ្ជន ជាអ្នកមិនចេះដឹង រមែង មិនស្គាល់ច្បាស់ នូវភវង្គចិត្តនោះ តាមសេចក្តីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា បុថុជ្ជន ជាអ្នកមិនចេះដឹង មិនមានការចម្រើនចិត្តទេ ។

[៥៣] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ដ្បិតភវង្គចិត្តនោះឯង ផុតស្រឡះចាកឧបកិ្កលេសទាំងឡាយដែលជាអាគន្តុកៈ អរិយសាវក ជាអ្នកចេះដឹង រមែង ស្គាល់ច្បាស់ នូវភវង្គចិត្តនោះ តាមសេចក្តីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា អរិយសាវក ជាអ្នកចេះដឹង ទើបមានការចម្រើនចិត្ត ។

[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុភពប្រសព្វនឹងមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនា ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ ។

[៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវមេត្តចិត្តសូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំង ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ ។

[៥៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះនូវមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ ។

[៥៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាអកុសល ជាចំណែកខាងអកុសល ជាពួកនៃអកុសល ធម៌ជាអកុសលទាំងអស់នោះ មានចិត្តជាប្រធាន ចិត្តរមែងកើតមុនធម៌ទាំងនោះ អកុសលធម៌ទាំងឡាយ ក៏កើតជាមួយគ្នា ។

[៥៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាកុសល ជាចំណែកខាងកុសល ជាពួកនៃកុសល ធម៌ជាកុសលទាំងអស់នោះ មានចិត្តជាប្រធាន ចិត្តរមែងកើតមុនធម៌ទាំងនោះ ធម៌ជាកុសលទាំងឡាយ ក៏កើតជាមួយគ្នា ។

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលប្រមាទហើយពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកកុសលធម៌ដែលកើតឡើងហើយរមែងសាបសូន្យទៅផង  ។

[៦០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនប្រមាទហើយពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលខ្ជិលច្រអូសហើយពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

ចប់វគ្គ​ទី​​៦ ។

វីរិយារម្ភាទិវគ្គ​ទី​​៧កែប្រែ

[៦២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចការផ្គងព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលផ្គងព្យាយាមហើយពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រាថ្នាច្រើននេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីប្រាថ្នាច្រើន ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រាថ្នាតិចនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីប្រាថ្នាតិច ពួកកុសលធម៌ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីមិនសន្ដោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនមានសន្ដោស ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសេចក្តីសន្ដោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីសន្ដោស ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តខុសទំនង ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តត្រូវទំនង ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចអសម្បជញ្ញៈ (សេចក្តីមិនដឹងខ្លួន) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានអសម្បជញ្ញៈ ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

[៧០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចសម្បជញ្ញៈ (សេចក្តីដឹងខ្លួន) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសម្បជញ្ញៈ ពួកកុសលធម៌ដែលមិនទាន់កើតឡើង រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយរមែងសាបសូន្យទៅផង ។

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចការមានបាបមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានបាបមិត្ត ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ។

ចប់វគ្គ​ទី​​ ៧ ។

កល្យាណមិត្តាទិវគ្គ​ទី​​៨កែប្រែ

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានកល្យាណមិត្ត ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយរមែងសាបសូន្យទៅផង ។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ព្រោះកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌ ។

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅក្តី ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងសាបសូន្យទៅផង ព្រោះកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ ។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពោជ្ឈង្គទាំងឡាយ មិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្តី ពោជ្ឈង្គទាំងឡាយដែលកើតឡើងហើយក៏មិនឲ្យដល់នូវការបរិបូណ៌ ដោយភាវនាក្តី ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល ធ្វើទុកក្នុងចិត្តខុសទំនង ពោជ្ឈង្គទាំងឡាយដែលមិនទាន់កើតឡើង ក៏កើតឡើងមិនបានផង ពោជ្ឈង្គទាំងឡាយដែលកើតឡើងហើយក៏មិនដល់នូវការបរិបូណ៌ ដោយភាវនាផង ។

[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលញ៉ាំងពោជ្ឈង្គទាំងឡាយ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពោជ្ឍង្គទាំងឡាយដែលកើតឡើងហើយឲ្យដល់នូវការបរិបូណ៌ ដោយភាវនាក្តី ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តត្រូវទំនង ពោជ្ឈង្គទាំងឡាយដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពោជ្ឈង្គទាំងឡាយដែលកើតឡើងហើយក៏រមែងដល់ នូវការបរិបូណ៌ដោយភាវនាផង ។

[៧៧] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកញាតិនេះ ជាការសាបសូន្យបន្តិចបន្តួច ទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាង ការសាបសូន្យទាំងអស់ ។

[៧៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនដោយញាតិនេះ ជាសេចក្តីចម្រើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចម្រើនដោយបញ្ញានេះ ទើបជាសេចក្តីចម្រើនប្រសើរជាង សេចក្តីចម្រើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចម្រើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។

[៧៩] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកទ្រព្យនេះ ជាការសាបសូន្យបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាងការសាបសូន្យទាំងអស់ ។

[៨០] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនដោយទ្រព្យនេះ ជាសេចក្តីចម្រើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចម្រើនដោយបញ្ញានេះ ទើបជាសេចក្តីចម្រើនប្រសើរ ជាងសេចក្តីចម្រើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចម្រើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។

[៨១] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកយសនេះ ជាការសាបសូន្យបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាងការសាបសូន្យទាំងអស់ ។

[៨២] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនដោយយសនេះ ជាសេចក្តីចម្រើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចម្រើនដោយបញ្ញានេះ ទើបជាសេចក្តីចម្រើនប្រសើរ ជាងសេចក្តីចម្រើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចម្រើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។

ចប់វគ្គ​ទី​​៨ ។

បមាទាទិវគ្គ​ទី​​៩កែប្រែ

[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែសេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការផ្គងព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែការផ្គងព្យាយាម ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីប្រាថ្នាច្រើន នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីប្រាថ្នាតិចនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៨៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីមិនសន្តោសនេះសោះឡើយ ម្នាល ភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៩០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីសន្តោសនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៩១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើបប្រព្រឹត្តទៅដើម្បីឲ្យខូច ប្រយោជន៍ច្រើន ។

[៩២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះសោះឡើយ ម្នាល ភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចអសម្បជញ្ញៈ (សេចក្តីមិនដឹងខ្លួន) នេះសោះ ឡើយ ម្នាលភិក្ខុទាំងឡាយ មានតែអសម្បជញ្ញៈ ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៩៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចសម្បជញ្ញៈ (សេចក្តីដឹងខ្លួន) នេះសោះឡើយ ម្នាល ភិក្ខុទាំងឡាយ មានតែសម្បជញ្ញៈ ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៩៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការមានបាបមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការមានបាបមិត្ត ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៩៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[៩៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និង កិរិយាមិនប្រកបរឿយៗ នូវកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយា ប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌ ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[៩៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយា មិនប្រកបរឿយៗ នូវអកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកប រឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

ចប់វគ្គ​ទី​​៩ ។

ទុតិយបមាទាទិវគ្គ​ទី​​១០កែប្រែ

[៩៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១០០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១០១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីខ្ជិលច្រអូសនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅដើម្បីឲ្យខូច ប្រយោជន៍ច្រើន ។

[១០២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការប្រារព្ធព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការប្រារព្ធព្យាយាម ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១០៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១០៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១០៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១០៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១០៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើប ប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១០៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើប ប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១០៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែអសម្បជញ្ញៈ ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១១០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសម្បជញ្ញៈ ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១១១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្រៅដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការមានបាបមិត្តនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែការមានបាបមិត្ត ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១១២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្រៅដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ។

[១១៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុងដែលប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយ ៗ នូវអកុសលធម៌ទាំង ឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែកិរិយាប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅដើម្បីឲ្យខូចប្រយោជន៍ច្រើន ។

[១១៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយ ៗ នូវកុសលធម៌ ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅដើម្បីឲ្យប្រយោជន៍ច្រើន ។

[១១៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធាន ព្រះសទ្ធម្ម ។

[១១៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឋិតនៅមិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីមិនប្រមាទនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១១៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធាន ព្រះសទ្ធម្ម ។

[១១៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចកិរិយាប្រារឰព្យាយាម នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រារឰព្យាយាម ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១១៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅដើម្បីសេចក្តី វិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ។

[១២០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១២១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ។

[១២២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១២៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ។

[១២៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១២៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែអសម្បជញ្ញៈ ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ។

[១២៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសម្បជញ្ញៈ ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១២៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការមានបាបមិត្ត ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ។

[១២៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ ។

[១២៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ ។បេ។ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវអកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ។

[១៣០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ដែលប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកប រឿយៗ នូវអកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាន ព្រះសទ្ធម្មឡើយ ។

ចប់វគ្គ​ទី​​១០ ។

អធម្មវគ្គ​ទី​​១១កែប្រែ

[១៣១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវសភាពមិនមែនជាធម៌ ថាជា ធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាប្រតិបត្តិ ដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាន នូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្ដរធានទៅ ។

[១៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវធម៌ថាមិនមែនជាធម៌ ។បេ។ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ។បេ។ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ។បេ។ សំដែងនូវពាក្យដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យដែលព្រះតថាគត បានសំដែង បានពោលហើយ។បេ។ សំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោលហើយថាជាពាក្យដែលព្រះតថាគត មិនសំដែង មិនពោលទេ ។បេ។ សំដែនូវវត្តដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្តដែលព្រះតថាគត បានសន្សំហើយ។បេ។ សំដែងនូវវត្តដែលព្រះតថាគត បានសន្សំហើយថាជាវត្តដែលព្រះតថាគត មិនសន្សំទេ ។បេ។ សំដែងនូវសិក្ខាបទដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទដែលព្រះតថាគត បានបញ្ញត្តហើយ។បេ។ សំដែងនូវសិក្ខាបទដែលព្រះតថាគត បានបញ្ញត្តហើយថាជាសិក្ខាបទដែលព្រះតថាគត មិនបញ្ញត្តទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីខូចប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្ដរធានទៅ ។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវសភាពមិនមែនជាធម៌ ថាជាសភាពមិនមែនជាធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ ។

[១៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងធម៌ ថាជាធម៌ ។បេ។ សំដែង នូវសភាពមិនមែនវិន័យ ថាមិនមែនជាវិន័យ ។បេ។ សំដែងវិន័យ ថាជាវិន័យ ។បេ។ សំដែងនូវ ពាក្យដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យដែលព្រះតថាគត មិនសំដែង មិនពោល ។បេ។ សំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោលហើយថាជាពាក្យដែលព្រះតថាគត បានសំដែង បានពោល ។បេ។ សំដែងនូវវត្តដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្តដែលព្រះតថាគតមិនបានសន្សំ ។ បេ ។ សំដែងនូវវត្តដែលព្រះតថាគត បានសន្សំហើយថាជាវត្តដែលព្រះតថាគតបានសន្សំ ។បេ។ សំដែងនូវសិក្ខាបទដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទដែលព្រះតថាគត មិនបញ្ញត្ត ។បេ។ សំដែងនូវសិក្ខាបទដែលព្រះតថាគត បានបញ្ញត្តហើយថាជាសិក្ខាបទដែលព្រះតថាគត បានបញ្ញត្តហើយម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ ។

ចប់វគ្គ​ទី​​១១ ។

អនាបត្តិវគ្គ​ទី​​១២កែប្រែ

[១៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវអនាបត្តិ ថាជាអាបត្តិ ។បេ។ សំដែងនូវអាបត្តិ ថាជាអនាបត្តិ ។បេ។ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ ។បេ។ សំដែង នូវគរុកាបត្តិ ថាជាលហុកាបត្តិ ។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ។បេ។ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ។បេ។ សំដែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ ។បេ។ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ ។បេ។ សំដែងនូវសប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ ។បេ។ សំដែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិវិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្តរធានទៅ ។

[១៣៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា សំដែងនូវអនាបត្តិ ថាជាអនាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តី សុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវអាបត្តិ ថាជាអាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវលហុកាបត្តិ ថាជាលហុកាបត្តិ ។បេ។ សំដែងនូវគរុកាបត្តិ ថាជាគរុកាបត្តិ ។បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ។បេ។ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ។បេ។ សំដែងនូវ សាវសេសាបត្តិ ថាជាសាវសេសាបត្តិ ។បេ។ សំដែងនូវអនវសេសាបត្តិ ថាជា អនវសេសាបត្តិ ។បេ។ សំដែងនូវសប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ ។បេ។ សំដែងនូវ អប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ ។

ចប់វគ្គ​ទី​​១២ ។

ឯកបុគ្គលបាលិកែប្រែ

ឯកបុគ្គលវគ្គកែប្រែ

[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ បុគ្គល ឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[១៤០] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯក បានដោយកម្រក្នុងលោក ការកើតប្រាកដនៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯកនេះឯង រកបានដោយកម្រក្នុងលោក ។

[១៤១] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ជាមនុស្សអស្ចារ្យ បុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើងជាមនុស្សអស្ចារ្យ ។

[១៤២] ម្នាលភិក្ខុទាំងឡាយ កាលកិរិយានៃបុគ្គលឯក ជាទីសោកស្ដាយនៃជនច្រើន កាលកិរិយា នៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ កាលកិរិយា នៃបុគ្គលឯកនេះឯង ជាទីសោកស្ដាយ នៃជនច្រើន ។

[១៤៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ឥតមានពីរ មិនមានសំឡាញ់ មិនមានបុគ្គលមានអត្តភាពដូច មិនមានបុគ្គលមានអត្តភាពស្មើ ជាអ្នកបែងភាគធម៌ ឥតមានបុគ្គលចាប់កំហុសបាន មិនមានបុគ្គលប្រៀបផ្ទឹមបាន មិនមាន បុគ្គលស្មើ ស្មើតែនឹងបុគ្គលដែលឥតគេស្មើ ប្រសើរបំផុតជាងពួកសត្វមានជើងពីរ បុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើងឥតមានពីរ មិនមានសំឡាញ់ មិនមានបុគ្គល មានអត្តភាពដូច មិនមានបុគ្គលមានអត្តភាពស្មើ ជាអ្នកបែងភាគធម៌ ឥតមានបុគ្គលចាប់ កំហុសបាន មិនមានបុគ្គលប្រៀបផ្ទឹមបាន មិនមានបុគ្គលស្មើ ស្មើតែនឹងបុគ្គលដែលឥតគេស្មើ ប្រសើរបំផុត ជាងពួកសត្វមានជើងពីរ ។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯក ជាការកើតប្រាកដនៃចក្ខុ ដ៏ប្រសើរ ជាការកើតប្រាកដ នៃពន្លឺដ៏ប្រសើរ ជាការកើតប្រាកដ នៃរស្មីដ៏ប្រសើរ ជាការកើត ប្រាកដ នៃអនុត្តរិយៈ ៦ ប្រការ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវបដិសម្ភិទា ៤ ប្រការ ជាកិរិយា ត្រាស់ដឹង នូវធាតុច្រើនប្រការ ជាកិរិយាត្រាស់ដឹង នូវធាតុផ្សេងៗ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ និងផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ជាកិរិយាធ្វើឲ្យជាក់ ច្បាស់ នូវសកទាគាមិផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ជាកិរិយាធ្វើឲ្យជាក់ ច្បាស់ នូវអរហត្តផល ការកើតប្រាកដ នៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃបុគ្គលឯកនេះឯង ជាការកើតប្រាកដ នៃចក្ខុដ៏ប្រសើរ ជាការកើតប្រាកដ នៃពន្លឺដ៏ប្រសើរ ជាការកើតប្រាកដ នៃរស្មីដ៏ប្រសើរ ជាការ កើតប្រាកដ នៃអនុត្តរិយៈ ៦ ប្រការ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវបដិសម្ភិទា ៤ ប្រការ ជាកិរិយាត្រាស់ដឹង នូវធាតុច្រើនប្រការ ជាកិរិយាត្រាស់ដឹង នូវធាតុផ្សេងៗ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ និងផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ជាកិរិយា ធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ជាកិរិយា ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ។

[១៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ អ្នកញ៉ាំងធម្មចក្រដ៏ប្រសើរដែលតថាគត ឲ្យប្រព្រឹត្តទៅហើយឲ្យប្រព្រឹត្តទៅតាម ដោយត្រឹម ត្រូវ ដូចជាសារីបុត្តនេះសោះ ម្នាលភិក្ខុទាំងឡាយ មានតែសារីបុត្ត ទើបញ៉ាំងធម្មចក្រ ដ៏ប្រសើរដែលតថាគត ឲ្យប្រព្រឹត្តទៅហើយឲ្យប្រព្រឹត្តទៅតាម ដោយត្រឹមត្រូវបាន ។

ចប់បុគ្គលវគ្គ ។

ឯតទគ្គបាលីកែប្រែ

បឋមវគ្គកែប្រែ

[១៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកដឹងរាត្រីដែលជាសាវករបស់តថាគត ស្រេចនឹងអញ្ញាកោណ្ឌញ្ញៈប្រសើរជាងគេ ។ បណ្តាពួកភិក្ខុអ្នកមានប្រាជ្ញាច្រើន ស្រេចនឹង សារីបុត្ត ។ ពួកភិក្ខុអ្នកមានឫទ្ធិ ស្រេចនឹងមហាមោគ្គល្លាន ។ ពួកភិក្ខុអ្នកពោលពាក្យកំចាត់បង់កិលេស ស្រេចនឹងមហាកស្សបៈ ។ ពួកភិក្ខុអ្នកមានទិព្វចក្ខុ ស្រេចនឹងអនុរុទ្ធ ។ ពួកភិក្ខុ អ្នកមានត្រកូលខ្ពស់ ស្រេចនឹងភទ្ទិយកាឡិគោធាយបុត្ត ។ ពួកភិក្ខុអ្នកមានសំឡេងពីរោះ ស្រេចនឹងលកុណ្តកភទ្ទិយៈ ។ ពួកភិក្ខុអ្នកបន្លឺសីហនាទ ស្រេចនឹងបិណោ្ឌលភារទ្វាជៈ ។ ពួកភិក្ខុជាធម្មកថិក ស្រេចនឹងបុណ្ណមន្តានីបុត្ត ។ ពួកភិក្ខុអ្នកចែកសេចក្តីធម៌ដែលតថាគត សំដែងដោយសង្ខេប ឲ្យពិស្តារបាន ស្រេចនឹងមហាកច្ចានៈ ។

ចប់វគ្គ​ទី​​ ១ ។

ទុតិយវគ្គកែប្រែ

[១៤៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកនិមិត្តកាយសម្រេចតាមចិត្តបានដែល ជាសាវករបស់តថាគត ស្រេចនឹងចុល្លបន្ថកៈ ប្រសើរជាងគេ ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការ បើកចិត្ត ស្រេចនឹងចុល្លបន្ថកៈ ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការបើកប្រាជ្ញា ស្រេចនឹងមហាបន្ថកៈ ។ ពួកភិក្ខុអ្នកនៅដោយឥតកិលេស ស្រេចនឹងសុភូតិ ។ ពួកភិក្ខុអ្នកគួរដល់ទក្ខិណាទាន ស្រេច នឹងសុភូតិ ។ ពួកភិក្ខុអ្នកនៅក្នុងព្រៃ ស្រេចនឹងរេវតខទិរវនិយៈ ។ ពួកភិក្ខុអ្នកបានឈាន ស្រេចនឹងកង្ខារេវតៈ ។ ពួកភិក្ខុអ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹងសោណកោលិវិសៈ ។ ពួកភិក្ខុអ្នកពោលពាក្យពីរោះ ស្រេចនឹងសោណកុដិកណ្ណៈ ។ ពួកភិក្ខុអ្នកមានលាភ ស្រេច នឹងសីវលី ។ ពួកភិក្ខុអ្នកមានសទ្ធាស៊ប់ ស្រេចនឹងវក្កលិ ។

ចប់វគ្គ​ទី​​ ២ ។

តតិយវគ្គកែប្រែ

[១៤៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកស្រឡាញ់សិក្ខាដែលជាសាវករបស់ តថាគត ស្រេចនឹងរាហុលប្រសើរជាងគេ ។ ពួកភិក្ខុអ្នកបួសដោយសទ្ធា ស្រេចនឹងរដ្ឋបាល ។ ពួកភិក្ខុអ្នកចាប់ស្លាកដំបូងបង្អស់ ស្រេចនឹងកុណ្ឌធាន ។ ពួកភិក្ខុអ្នកមានបដិភាណ ស្រេច នឹងវង្គីសៈ ។ ពួកភិក្ខុអ្នកមានសេចក្តីជ្រះថ្លាគ្រប់គ្រាន់ ស្រេចនឹងឧបសេនវង្គន្តបុត្ត ។ ពួកភិក្ខុអ្នក ក្រាលសេនាសនៈ ស្រេចនឹងទព្វមល្លបុត្ត ។ ពួកភិក្ខុជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ទេវតា ទាំងឡាយ ស្រេចនឹងបិលិន្ទវច្ឆៈ ។ ពួកភិក្ខុអ្នកត្រាស់ដឹងរហ័ស ស្រេចនឹងពាហិយទារុចីរិយៈ ។ ពួកភិក្ខុអ្នកចេះសំដី ដ៏វិចិត្ត ស្រេចនឹងកុមារកស្សបៈ ។ ពួកភិក្ខុអ្នកបានបដិសម្ភិទា ស្រេចនឹង មហាកោដ្ឋិតៈ ។

ចប់វគ្គ​ទី​​៣ ។

ចតុត្ថវគ្គកែប្រែ

[១៤៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកចេះដឹងច្រើនដែលជាសាវករបស់ តថាគត ស្រេចនឹងអានន្ទ ប្រសើរជាងគេ ។ ពួកភិក្ខុអ្នកមានស្មារតី ស្រេចនឹងអានន្ទ ។ ពួក ភិក្ខុអ្នកមានគតិ ស្រេចនឹងអាន្ទន ។ ពួកភិក្ខុអ្នកមានប្រាជ្ញា ស្រេចនឹងអាន្ទន ។ ពួកភិក្ខុជាឧបដ្ឋាក ក៏ស្រេចនឹងអានន្ទដែរ ។ ពួកភិក្ខុអ្នកមានបរិស័ទច្រើន ស្រេចនឹងឧរុវេលកស្សបៈ ។ ពួកភិក្ខុអ្នកញ៉ាំងត្រកូល ឲ្យជ្រះថ្លា ស្រេចនឹងកាឡុទាយិ ។ ពួកភិក្ខុអ្នកគ្មានអាពាធ ស្រេចនឹងពក្កុលៈ ។ ពួកភិក្ខុអ្នករឭកឃើញបុពេ្វនិវាស ស្រេចនឹងសោភិតៈ ។ ពួកភិក្ខុអ្នកទ្រទ្រង់វិន័យ ស្រេចនឹងឧបាលិ ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុនី ស្រេចនឹងនន្ទកៈ ។ ពួកភិក្ខុអ្នករក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្រេចនឹងនន្ទៈ ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុ ស្រេចនឹងមហាកប្បិន ។ ពួកភិក្ខុ អ្នកឈ្លាសវៃ ក្នុងតេជោធាតុ ស្រេចនឹងសាគតៈ ។ ពួកភិក្ខុអ្នកឈ្លាសវៃ ក្នុងបដិភាណ ស្រេចនឹងរាធៈ ។ ពួកភិក្ខុអ្នកទ្រទ្រង់ចីវរសៅហ្មង ស្រេចនឹងមោឃរាជ ។

ចប់វគ្គ​ទី​​៤ ។

បញ្ចមវគ្គកែប្រែ

[១៥០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រីដែលជាសាវិកា របស់តថាគត ស្រេចនឹងមហាបជាបតីគោតមីប្រសើរជាងគេ ។ ពួកភិក្ខុនី អ្នកមានប្រាជ្ញាច្រើន ស្រេចនឹង នាងខេមា ។ ពួកភិក្ខុនី អ្នកមានឫទ្ធិ ស្រេចនឹងនាងឧប្បលវណ្ណា ។ ពួកភិក្ខុនី អ្នកទ្រទ្រង់វិន័យ ស្រេចនឹងនាងបដាចារា ។ ពួកភិក្ខុនី ជាធម្មកថិកា ស្រេចនឹងនាងធម្មទិន្នា ។ ពួកភិក្ខុនី អ្នកមានឈាន ស្រេចនឹងនាងនន្ទា ។ ពួកភិក្ខុនី អ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹង នាងសោណា ។ ពួកភិក្ខុនី អ្នកមានទិព្វចក្ខុ ស្រេចនឹងនាងសកុលា ។ ពួកភិក្ខុនីបានត្រាស់ដឹងរហ័ស ស្រេចនឹងនាងភទ្ទាកុណ្ឌលកេសា ។ ពួកភិក្ខុនី អ្នករឭកឃើញបុព្វេនិវាស ស្រេចនឹង នាងភទ្ទាកបិលានី ។ ពួកភិក្ខុនី អ្នកបានអភិញ្ញាដ៏ធំ ស្រេចនឹងភទ្ទាកច្ចានា ។ ពួកភិក្ខុនី អ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ស្រេចនឹងនាងកិសាគោតមី ។ ពួកភិក្ខុនី អ្នកមានសទ្ធាស៊ប់ ស្រេចនឹង នាងសិគាលមាតា ។

ចប់វគ្គ​ទី​​៥ ។

ឆដ្ឋវគ្គកែប្រែ

[១៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកអ្នកដល់សរណៈជាបឋមដែលជា សាវក របស់តថាគត ស្រេចនឹងតបុស្សពាណិជ និងភល្លិកពាណិជ ប្រសើរជាងគេ ។ ពួក ឧបាសក ជាទាយក (អ្នកឲ្យទាន) ស្រេចនឹងសុទត្តគហបតី គឺអនាថបិណ្ឌិកសេដ្ឋី ។ ពួក ឧបាសក ជាធម្មកថិក ស្រេចនឹងចិត្តគហបតីដែលនៅក្នុងស្រុកមច្ឆិកសណ្ឌៈ ។ ពួកឧបាសក អ្នកសង្គ្រោះបរិស័ទ ដោយសង្គហវត្ថុ ៤ ប្រការ ស្រេចនឹងហត្ថកអាឡវក ។ ពួកឧបាសក អ្នកឲ្យភោជន មានរសដ៏ឧត្តម ស្រេចនឹងមហានាមសក្កៈ ។ ពួកឧបាសក អ្នកឲ្យភោជន ជាទីគាប់ចិត្ត ស្រេចនឹងឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី ។ ពួកឧបាសក អ្នកបំរើសង្ឃ ស្រេចនឹងឧគ្គតគហបតី ។ ពួកឧបាសក អ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងសូរអម្ពដ្ឋ ។ ពួកឧបាសក អ្នកញ៉ាំងបុគ្គលឲ្យជ្រះថ្លា ស្រេចនឹងជីវកកោមារភច្ច ។ ពួកឧបាសក អ្នកចេះនិយាយឲ្យអ្នកដទៃស្និទ្ធស្នាល ស្រេចនឹងនកុលបិតាគហបតី ។

ចប់វគ្គទី៦ ។

សត្តមវគ្គកែប្រែ

[១៥២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសិកាអ្នកដល់នូវសរណៈជាបឋមដែលជា សាវិកា របស់តថាគត ស្រេចនឹងនាងសុជាតា សេនានិធីតា [អដ្ឋកថា ថា សេនីយធីតា ។] ប្រសើរជាងគេ ។ ពួកឧបាសិកា ជាទាយិកា (អ្នកឲ្យទាន) ស្រេចនឹងនាងវិសាខាមិគារមាតា ។ ពួកឧបាសិកា អ្នកចេះដឹងច្រើន ស្រេចនឹងនាងខុជ្ជុត្តរា ។ ពួកឧបាសិកា អ្នកនៅដោយមេត្តា ស្រេចនឹងនាងសាមាវតី ។ ពួកឧបាសិកា អ្នកមានឈាន ស្រេចនឹងនាងឧត្តរានន្ទមាតា ។ ពួកឧបាសិកា អ្នកឲ្យទានផ្ចិតផ្ចង់ ស្រេចនឹងនាងសុប្បវាសាកោលិយធីតា ។ ពួកឧបាសិកា អ្នកបម្រើជំងឺ ស្រេចនឹងនាងសុប្បិយាឧបាសិកា ។ ពួកឧបាសិកា អ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងនាងកាតិយានី ។ ពួកឧបាសិកា អ្នកចេះធ្វើឲ្យអ្នកដ៏ទៃស្និទ្ធស្នាល ស្រេចនឹងនាងនកុលមាតាគហបតានី ។ ពួកឧបាសិកា អ្នកជ្រះថ្លាតាមពាក្យដែលឮតៗគ្នា ស្រេចនឹងនាងកាលីឧបាសិកាកុររឃរិកា [កុលឃរិកា ។]  ។

ចប់វគ្គទី៧ ។

អដ្ឋានបាលិកែប្រែ

បឋមវគ្គកែប្រែ

[១៥៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គឺសោតាបន្នៈ គប្បីប្រកាន់ នូវសង្ខារណាមួយ ថាជាវត្ថុទៀង ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជា បច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវសង្ខារនីមួយ ថាជារបស់ទៀង ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនោះ រមែងមាន ។

[១៥៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីប្រកាន់នូវសង្ខារណា មួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់ នូវសង្ខារណា មួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីប្រកាន់ធម៌ណាមួយ ថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវធម៌ណា មួយ ថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីផ្តាច់បង់ជីវិតមាតា ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថា ហេតុនុ៎ះ មិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតមាតា ដោយហេតុ ឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីផ្តាច់បង់ជីវិតបិតា ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតបិតា ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីផ្តាច់បង់ជីវិតព្រះ អរហន្ត ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតព្រះ អរហន្ត ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ មានចិត្តប្រទូស្ត ចំពោះព្រះ តថាគត ធ្វើលោហិត ឲ្យពុរពង ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន មានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពង ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ បំបែកសង្ឃ ដោយហេតុ ឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថា ហេតុនុ៎ះមិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន បំបែកសង្ឃ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះ ថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន ។

[១៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ឧទ្ទិសខ្លួនចំពោះគ្រូដទៃ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន ឧទ្ទិសខ្លួនចំពោះគ្រូដទៃ ដោយ ហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន ។

[១៦២] ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ គប្បីកើតឡើង មិនមុន មិនក្រោយ ក្នុងលោកធាតុតែមួយ គឺចក្កវាឡ ១ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធ ១ ព្រះអង្គ គប្បីកើតឡើង ក្នុងលោកធាតុនុ៎ះតែមួយ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

ចប់វគ្គទី១ ។

ទុតិយវគ្គកែប្រែ

[១៦៣] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ២ អង្គ គប្បីកើតឡើង មិនមុន មិនក្រោយ ក្នុងលោកធាតុតែ ១ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ១ អង្គ គប្បីកើតឡើង ក្នុងលោកធាតុ ១ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ ស្រ្តីបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំង ឡាយ បុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺ ថា ហេតុនុ៎ះ តែងមាន ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ ស្រ្តីបានស្តេចចក្រពត្តិ ដោយហេតុឯណា ហេតុនុ៎ះ មិនមែន ជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុរសបាន ជាស្តេចចក្រពត្តិ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៦៦] ម្នាលភិក្ខុទាំងឡាយ ស្រ្តីធ្វើជាព្រះឥន្រ្ទ ។បេ។ ធ្វើជាមារ ។បេ។ ធ្វើជាព្រហ្ម ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុរសធ្វើជាព្រះឥន្រ្ទ ។បេ។ ធ្វើជាមារ ។បេ។ ធ្វើជាព្រហ្ម ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយទុច្ចរិត ជាទីត្រេកអរ ជាទីពេញចិត្ត ជា​ទី​គាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុ នុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយទុច្ចរិត មិនជាទីត្រេកអរ មិន ជាទីពេញចិត្ត មិនជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថា ហេតុនុ៎ះតែងមាន ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ផលរបស់វចីទុច្ចរិត ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ។បេ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ផលរបស់មនោទុច្ចរិតដែលជាទីត្រេកអរ ជាទីពេញចិត្ត ជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ផលរបស់មនោទុច្ចរិត មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយសុចរិត មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ផលរបស់កាយសុចរិត ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីគាប់ចិត្ត គប្បីកើតដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៧១] ម្នាលភិក្ខុទាំងឡាយ ផលរបស់វចីសុចរិត ដោយហេតុឯណា ហេតុនុ៎ះ មិនមែន ជាហេតុ មិនមែនជាបច្ច័យ ។បេ។

[១៧២] ម្នាលភិក្ខុទាំងឡាយ ផលរបស់មនោសុចរិត មិនជាទីត្រេកអរ មិនជាទីពេញចិត្ត មិនជាទីគាប់ចិត្ត គប្បីកើតដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ផលរបស់មនោសុចរិត ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីគាប់ចិត្ត គប្បីកើតដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថា ហេតុនុ៎ះ តែងមាន ។

ចប់វគ្គទី២ ។

តតិយវគ្គកែប្រែ

[១៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជា បច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ត្រូវតែទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជា ហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយវចីទុច្ចរិត ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ។បេ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជា បច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែល មានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ត្រូវតែទៅកើតជាតិរិច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៧៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយកាយសុចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរិច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយកាយសុចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ត្រូវតែទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយវចីសុចរិត ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ។បេ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយមនោសុចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ត្រូវតែទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះ ជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន ។

ចប់វគ្គទី៣ ។

ឯកធម្មាទិបាលិដទៃទៀតកែប្រែ

បឋមវគ្គកែប្រែ

[១៧៩] ម្នាលភិក្ខុទាំងឡាយ ធម៌មួយដែលបុគ្គលចម្រើនហើយធ្វើឲ្យរឿយៗហើយតែង ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត ។ ធម៌មួយគឺអ្វី ។ គឺពុទ្ធានុស្សតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯងដែលបុគ្គលចម្រើនហើយធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត ។

[១៨០] ម្នាលភិក្ខុទាំងឡាយ ធម៌មួយដែលបុគ្គលចម្រើនហើយធ្វើឲ្យរឿយៗហើយតែង ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត ។ ធម៌មួយ គឺអ្វី ។ គឺធម្មានុស្សតិ…សង្ឃានុស្សតិ ..សីលានុស្សតិ…ចាគានុស្សតិ…ទេវតានុស្សតិ…អានាបានស្សតិ…មរណស្សតិ…កាយគតាសតិ…ឧបសមានុស្សតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯងដែលបុគ្គលចម្រើនហើយធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត ។

ចប់វគ្គទី១ ។

ទុតិយវគ្គកែប្រែ

[១៨១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែល ជាហេតុនាំឲ្យពួកអកុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកអកុសលធម៌ដែលកើតឡើងហើយឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួកអកុសលធម៌ដែលកើតឡើងហើយក៏រមែងប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ ។

[១៨២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែលជាហេតុនាំពួកកុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកកុសលធម៌ដែល កើតឡើងហើយឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំង ឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ដែលកើតឡើងហើយក៏ប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែលជាហេតុនាំពួកកុសលធម៌ដែលមិនទាន់កើត មិនឲ្យកើតឡើង ឬពួកកុសលធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅវិញ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកកុសលធម៌ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកកុសលធម៌ដែល កើតឡើងហើយរមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ ។

[១៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែលជាហេតុនាំឲ្យពួកអកុសលធម៌ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសល ធម៌ដែលកើតឡើងហើយឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ដែលកើតឡើងហើយរមែងសាបសូន្យទៅ ដល់បុគ្គលជាសម្មាទិដ្ឋិ ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិដែលមិនទាន់កើត ឲ្យកើតឡើង ឬមិច្ឆាទិដ្ឋិដែលកើតឡើងហើយឲ្យរឹងរឹតតែចម្រើនឡើង ដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិដែលមិនទាន់កើត ក៏កើតឡើង មិច្ឆាទិដ្ឋិដែលកើតឡើងហើយក៏រមែងរឹងរឹតតែចម្រើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែល ជាហេតុនាំសម្មាទិដ្ឋិដែលមិនទាន់កើត ឲ្យកើតឡើង ឬសម្មាទិដ្ឋិដែលកើតឡើងហើយឲ្យរឹងរឹតតែចម្រើនឡើង ដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំង ឡាយ សម្មាទិដ្ឋិដែលមិនទាន់កើត ក៏កើតឡើង សម្មាទិដ្ឋិដែលកើតឡើងហើយក៏រមែងរឹង រឹតតែចម្រើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែលជាហេតុនាំពួកសត្វដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រកបដោយមិច្ឆាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ។

[១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែល ជាហេតុនាំពួកសត្វដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដូចយ៉ាងសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលប្រកបដោយសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ សុទ្ធតែប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ជាទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជត្រសក់ក្អែកក្តីដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅដើម្បីល្វីង ហាងមិនឆ្ងាញ់ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់មិនល្អ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទានកាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គល ជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជា​ទី​គាប់ចិត្ត មិនជាប្រយោជន៍ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិអាក្រក់ ក៏យ៉ាងនោះឯង ។

[១៩០] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តីដែលបុរសបុគ្គលជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធាន ណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅដើម្បីជាទីប្រាថ្នា ជា​ទី​ត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំង ឡាយ ព្រោះទិដ្ឋិជាធម្មជាតិចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្ដី ពូជសូវសាលីក្តី ពូជចន្ទន៍ក្តីដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅដើម្បីរសផ្អែម មិនច្រឡំដោយរសឯទៀត ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ចម្រើន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តីដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយវចីកម្មណាក្តីដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយមនោកម្មណាក្តីដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិចម្រើន ក៏យ៉ាងនោះដែរ ។

ចប់វគ្គទី២ ។

តតិយវគ្គកែប្រែ

[១៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើងដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គលម្នាក់ គឺអ្នកណា ។ គឺបុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[១៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គលម្នាក់ គឺអ្នក ណា ។ គឺបុគ្គលជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើយក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយដែលមានទោសធំយ៉ាងនេះ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ មានតែមិច្ឆាទិដ្ឋិ ជាទោសក្រៃលែង ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ ជាអ្នកប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដូចមក្ខលិមោឃ [នេះជាឈ្មោះ មក្ខលិគោសាល ។ អដ្ឋកថា ។] បុរសនេះឡើយ ភិក្ខុទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដាក់លប នៅមាត់ស្ទឹង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចម្រើន ដើម្បីសេចក្តីវិនាស ដល់ពួកត្រីជាច្រើន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិមោឃបុរស កើតឡើងហើយក្នុងលោក ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចម្រើន ដើម្បីសេចក្តីវិនាស ដល់ពួកសត្វជាច្រើន ប្រហែលគ្នានឹងលបដាក់មនុស្ស គឺឃាត់ដំណើរ របស់មហាជន មិនឲ្យទៅស្ថានសួគ៌និព្វានរួច ក៏យ៉ាងនោះឯង ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណាដែលអាចារ្យបបួលហើយប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស ។

[១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណាដែលអាចារ្យបបួលហើយប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលគេពោលត្រឹមត្រូវ ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តាជាអសព្វញ្ញូ ពោលខុស ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ ។

[១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស ។

[២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ ។

[២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស ។

[២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង ។

[២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង ។

ចប់វគ្គទី៣ ។

ចតុត្ថវគ្គកែប្រែ

[២០៥] ម្នាលភិក្ខុទាំងឡាយ ដូចអារាម [ពាក្យថា អារាម ជាឈ្មោះសួនឈើផ្លែ សួនឈើផ្កា ។ ដូចវេឡុវនារាម, ជីវកម្ពវនារាម, ជេតវនារាម, បុព្វារាម ក៏ជាសួនច្បារ ។ អដ្ឋកថា ។] គួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីប នេះ មានចំនួនតិច ត្រង់ទីដែលទួល និងទំនាប ជង្ហុកស្ទឹងទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតលើគោក មានចំនួនតិច ពួកសត្វដែលកើតក្នុងទឹក ច្រើនជាង ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វដែលកើតក្រៅពីមនុស្សលោក ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងមជ្ឈិមជនបទ មានចំនួនតិច ពួកសត្វដែលកើតក្នុងបច្ចន្តជនបទ ក្នុងមិលក្ខៈកំណើត ជាអ្នកមិនចេះដឹង ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានបញ្ញា មិនល្ងង់ខ្លៅ មិនល្មេញល្មើ អាចដឹងសេចក្តី នៃសុភាសិត សេចក្តីនៃទុព្ភាសិតបាន មានចំនួនតិច ពួកសត្វដែលឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ល្មេញល្មើ មិនអាចដឹងសេចក្តី នៃសុភាសិត ទុព្ភាសិតបាន ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបរិបូណ៌ ដោយបញ្ញាចក្ខុ ដ៏ប្រសើរ មានចំនួនតិច ពួកសត្វដែលលុះក្នុងអំណាចអវិជ្ជា ជាអ្នកភាន់ច្រឡំ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបានឃើញតថាគត មានប្រមាណតិច សត្វទាំងឡាយដែលមិនបានឃើញតថាគត ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលបានស្តាប់ធម្មវិន័យតថាគតសំដែង មានចំនួនតិច ពួកសត្វដែលមិនបានស្តាប់ធម្មវិន័យតថាគតសំដែង ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលស្តាប់ធម៌ហើយចងចាំបាន មានចំនួនតិច ពួកសត្វដែលស្តាប់ធម៌ហើយចងចាំមិនបាន ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលពិចារណា នូវសេចក្តី អធិប្បាយនៃបាលីដែលខ្លួនចងចាំបានហើយមានចំនួនតិច ពួកសត្វដែលមិនបានពិចារណា នូវសេចក្តីអធិប្បាយ នៃបាលីដែលខ្លួនចងចាំបានហើយច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ មានប្រមាណតិច ពួកសត្វដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយមិនប្រតិបតិ្តធម៌ សមគួរដល់ធម៌ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ក្នុងហេតុដែលគួរសង្វេគ មានចំនួនតិច ពួកសត្វដែលមិនសង្វេគ ក្នុងហេតុដែលគួរសង្វេគ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ហើយផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ មានចំនួនតិច ពួកសត្វដែលសង្វេគ ហើយមិនផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយបាននូវសមាធិ [មគ្គសមាធិ និងផលសមាធិ ។ អដ្ឋកថា ។] បាននូវឯកគ្គតាចិត្ត មានចំនួនតិច ពួកសត្វដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយមិនបាននូវសមាធិ មិនបាននូវឯកគ្គតាចិត្ត ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលជាអ្នកបាន នូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ មានចំនួនតិច ពួកសត្វដែលជា អ្នកមិនបាននូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ តែងចិញ្ចឹមជីវិត ដោយការស្វែងរកផ្លែឈ្លើ មើមឈើ ដោយភត្តដែលគេនាំមក ដោយអម្បែង ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលជាអ្នកបាននូវអត្ថរស (ផល៤) ធម្មរស (មគ្គ៤) វិមុត្តិរស (ព្រះនិពា្វន) មានចំនួនតិច ពួកសត្វដែលជាអ្នកមិនបាន នូវអត្ថរស ធម្មរស វិមុត្តិរស មានចំនួនច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងបាននូវអត្ថរស ធម្មរស វិមុត្តិរស ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង ។

[២០៦] ម្នាលភិក្ខុទាំងឡាយ ដូចអារាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរ ជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីបនេះ មានចំនួនតិច ត្រង់ទីដែលទួល និង ទំនាបជង្ហុកស្ទឹងទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំង ឡាយ ពួកសត្វដែលច្យុតអំពីមនុស្សលោក កើតក្នុងមនុស្សលោកវិញ មានចំនួនតិច ពួកសត្វដែលច្យុតអំពីមនុស្សលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីមនុស្សលោក កើត ក្នុងទេវលោក មានចំនួនតិច ពួកសត្វដែលច្យុតអំពីមនុស្សលោក កើតក្នុងនរក កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួក សត្វដែលច្យុតអំពីទេវលោក កើតក្នុងទេវលោកវិញ មានចំនួនតិច ពួកសត្វដែលច្យុតអំពី ទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីទេវលោក កើតក្នុងមនុស្សលោក មាន ចំនួនតិច ពួកសត្វដែលច្យុតអំពីទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុង បិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីនរក កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វដែលច្យុតអំពីនរក កើតក្នុងនរកវិញ កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីនរក កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វដែលច្យុត អំពីនរក កើតក្នុង នរកវិញ កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសត្វដែលច្យុតអំពីតិរច្ឆាន កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វដែល ច្យុតអំពីតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីតិរច្ឆាន កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វដែលច្យុតអំពីកំណើតតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ ។

ចប់វគ្គទី៤ ។

បសាទករធម្មាទិបាលិកែប្រែ

[២០៧] ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ភាពជាអ្នកប្រព្រឹត្ត បិណ្ឌបាតិកធុតង្គ ភាពជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ ភាពជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ ភាពជាធម្មកថិក ភាពជាវិន័យធរ ភាពជាពហុស្សុត ភាពជាអ្នកមាំមួន [គឺអ្នកបួសបានយូរ ។ អដ្ឋកថា ។] ការបរិបូរណ៌ដោយអាកប្បកិរិយា ការដោយបរិបូណ៌ដោយបរិវារ ភាពជាអ្នកមានបរិវារច្រើន ភាពជាកុលបុត្ត ភាពជាអ្នកមានរូបល្អ ភាពជាអ្នកមានសំដីពីរោះ ភាពជាអ្នកប្រាថ្នាតិច ភាពជាអ្នកមានរោគតិច នេះជាលាភយ៉ាងឯក ជាងលាភទាំងឡាយ ។

អបរអច្ឆរាសង្ឃាតវគ្គកែប្រែ

[២០៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើនបឋមជ្ឈាន សូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅ របស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគបិណ្ឌបាត របស់អ្នកស្រុក មិនឥតប្រយោជន៍ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើឈានឲ្យច្រើននោះ ។

[២០៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចម្រើនទុតិយជ្ឈាន សូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃ… ចម្រើនតតិយជ្ឈាន… ចម្រើនចតុត្ថជ្ឈាន… ចម្រើនមេត្តាចេតោវិមុត្តិ… ចម្រើនករុណាចេតោវិមុត្តិ… ចម្រើនមុទិតាចេតោវិមុត្តិ… ចម្រើនឧបេក្ខាចេតោវិមុត្តិ… ពិចារណាឃើញកាយ ក្នុងកាយ មានព្យាយាម ដុតកម្តៅកិលេស មានសម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក… ពិចារណាឃើញវេទនា ក្នុងពួកវេទនា ។បេ។ ពិចារណាឃើញ ចិត្តក្នុងចិត្ត ។បេ។ ពិចារណាឃើញធម៌ ក្នុងពួកធម៌ មានព្យាយាមដុតកម្តៅកិលេស មាន សម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក … ធ្វើបំណងឲ្យកើត ព្យាយាមប្រឹងប្រែង ផ្គងតាំងចិត្តដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមកដែលមិនទាន់កើត មិន ឲ្យកើតឡើងបាន …. ធ្វើបំណងឲ្យកើតឡើង ព្យាយាមប្រឹងប្រែង ផ្គងតាំងចិត្តដើម្បីលះបង់ពួកអកុសល ដ៏លាមកដែលកើតឡើងហើយ… ធ្វើបំណងឲ្យកើតឡើង ព្យាយាមប្រឹងប្រែង ផ្គងតាំងចិត្តដើម្បីញ៉ាំងពួកកុសលធម៌ដែលមិនទាន់កើត ឲ្យកើតឡើង… ធ្វើបំណងឲ្យកើត ព្យាយាម ប្រឹងប្រែង ផ្គងតាំងចិត្ត ដើម្បីធ្វើពួកកុសលធម៌ដែលកើតឡើងហើយឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែចម្រើនបរិបូណ៌ ទូលាយឡើង… ចម្រើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិប្បធានសង្ខារ… ចម្រើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិប្បធានសង្ខារ… ចម្រើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិប្បធានសង្ខារ… ចម្រើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិប្បធានសង្ខារ… ចម្រើនសទ្ធិន្រ្ទិយ… ចម្រើនវីរិយិន្ទ្រិយ… ចម្រើនសតិន្ទ្រិយ… ចម្រើនសមាធិន្រ្ទិយ… ចម្រើនបញ្ញិន្រ្ទិយ… ចម្រើនសទ្ធាពល… ចម្រើនវីរិយពល… ចម្រើនសតិពល … ចម្រើនសមាធិពល… ចម្រើនបញ្ញាពល… ចម្រើនសតិសម្ពោជ្ឈង្គ… ចម្រើនធម្មវិចយសម្ពោជ្ឈង្គ… ចម្រើនវីរិយសម្ពោជ្ឈង្គ… ចម្រើនបីតិសម្ពោជ្ឈង្គ… ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ… ចម្រើនសមាធិសម្ពោជ្ឈង្គ… ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ… ចម្រើនសម្មាទិដ្ឋិ… ចម្រើនសម្មាសង្កប្ប…ចម្រើនសម្មាវាចា… ចម្រើនសម្មាកម្មន្ត …ចម្រើនសម្មាអាជីវ…ចម្រើនសម្មាវាយាម… ចម្រើនសម្មាសតិ… ចម្រើនសម្មាសមាធិ…

[២១០] បុគ្គលមានសេចក្តីសំគាល់ គឺបរិកម្មនូវរូបខាងក្នុង [សំដៅយកសក់ ប្រមាត់ ប្រស្រីភ្នែក ជាដើម ។] ឃើញនូវពួករូបខាងក្រៅ [សំដៅយកនិម្មិតខាងក្រៅដែលកើតឡើង ក្នុងវេលាកំពុងបរិកម្មរូបខាងក្នុងនោះ ។]ដែលជារូបតូច មានសម្បុរល្អ និងសម្បុរអាក្រក់ គ្របសង្កត់ នូវរូបទាំងនោះ ហើយជាបុគ្គល មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ…

[២១១] បុគ្គលមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបធំ មានសម្បុរល្អ និងមានសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…

[២១២] បុគ្គលមិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបតូច មានសម្បុរល្អ និងសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…

[២១៣] បុគ្គលមិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបធំ មានសម្បុរល្អ និងមានសម្បុរអាក្រក់ គ្របសង្កត់ នូវរូបទាំងនោះ ហើយជាបុគ្គល មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…

[២១៤] បុគ្គលមិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបខៀវ មានសម្បុរខៀវ បញ្ចេញសម្បុរខៀវ មានរស្មីខៀវ គ្របសង្កត់ នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…

[២១៥] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបលឿង មានសម្បុរលឿង បញេ្ចញសម្បុរលឿង មានរស្មីលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…

[២១៦] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបក្រហម មានសម្បុរក្រហម បញ្ចេញសម្បុរក្រហម មានរស្មីក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…

[២១៧] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅដែលជារូបស មានសម្បុរស បញ្ចេញសម្បុរស មានរស្មីស គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ… បុគ្គលមានរូប តែង ឃើញនូវពួករូប…

[២១៨] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ… ជាបុគ្គលដោះចាកកសិណារម្មណ៍ដ៏ល្អ…

[២១៩] បុគ្គលព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញាសព្វគ្រប់ ធ្វើបដិឃសញ្ញាឲ្យវិនាស មិននឹករំពឹងនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនៈ ដោយពិចារណាថា អាកាសមិនមានទីបំផុត…

[២២០] បុគ្គលព្រោះប្រព្រឹត្តកន្លងអាកាសានញ្ចាយតនៈសព្វគ្រប់ ចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយពិចារណាថា វិញ្ញាណមិនមានទីបំផុត…

[២២១] បុគ្គលព្រោះប្រព្រឹត្តកន្លងវិញ្ញាណញ្ចាយតនៈសព្វគ្រប់ ក៏ចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយពិចារណាថា អ្វីតិចតួចមិនមាន…

[២២២] បុគ្គលព្រោះប្រព្រឹត្តកន្លងអាកិញ្ចញ្ញាយតនៈសព្វគ្រប់ ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនៈ…

[២២៣] បុគ្គលព្រោះប្រព្រឹត្តកន្លងនេវសញ្ញានាសញ្ញាយតនៈ ក៏ចូលកាន់សញ្ញាវេទយិតនិរោធ [ពីត្រឹមបព្វៈ២១០ ដល់ ២២៣ មើលក្នុងភាគ ១៩ ត្រង់សង្គីតិសូត្រ និងភាគ១៦ ត្រង់មហានិទានសូត្រ ។]…

[២២៤] បុគ្គលចម្រើនបឋវីកសិណ… ចម្រើនអាបោកសិណ… ចម្រើនតេជោកសិណ… ចម្រើនវាយោកសិណ ចម្រើននីលកសិណ… ចម្រើនបីតកសិណ… ចម្រើនលោហិតកសិណ… ចម្រើនឱទាតកសិណ… ចម្រើនអាកាសកសិណ… ចម្រើនវិញ្ញាណកសិណ… ចម្រើនអសុភសញ្ញា… ចម្រើនមរណសញ្ញា… ចម្រើនអាហារេ បដិក្កូលសញ្ញា… ចម្រើនសព្វលោកេ អនភិរតសញ្ញា… ចម្រើនអនិច្ចសញ្ញា… ចម្រើនអនិច្ចេ ទុក្ខសញ្ញា… ចម្រើនទុក្ខេ អនត្តសញ្ញា… ចម្រើនបហានសញ្ញា… ចម្រើនវិរាគសញ្ញា… ចម្រើននិរោធសញ្ញា… ចម្រើនអនិច្ចសញ្ញា… ចម្រើនអនត្តសញ្ញា… ចម្រើនមរណសញ្ញា… ចម្រើនអាហារេបដិកូលសញ្ញា… ចម្រើនសព្វលោកេអនភិរតសញ្ញា… ចម្រើនអដ្ឋិកសញ្ញា … ចម្រើនបុឡវកសញ្ញា… ចម្រើនវិនីលកសញ្ញា… ចម្រើនវិច្ឆិទ្ទកសញ្ញា…ចម្រើនឧទ្ធុមាតកសញ្ញា… ចម្រើនពុទ្ធានុស្សតិ… ចម្រើនធម្មានុស្សតិ… ចម្រើនសង្ឃានុស្សតិ… ចម្រើនសីលានុស្សតិ… ចម្រើនចាគានុស្សតិ… ចម្រើនទេវតានុស្សតិ… ចម្រើន អានាបានស្សតិ… ចម្រើនមរណស្សតិ… ចម្រើនកាយគតាសតិ… ចម្រើនឧបសមានុស្សតិ… ចម្រើនសទ្ធិន្រ្ទិយ ប្រកបដោយបឋមជ្ឈាន… ចម្រើនវីរិយិន្រ្ទិយ… ចម្រើនសតិន្រ្ទិយ… ចម្រើនសមាធិន្រ្ទិយ… ចម្រើនបញ្ញិន្រ្ទិយ… ចម្រើនសទ្ធាពល… ចម្រើនវីរិយពល… ចម្រើនសតិពល… ចម្រើនសមាធិពល… ចម្រើនបញ្ញាពល… ប្រកបដោយទុតិយជ្ឈាន ។បេ។ ប្រកបដោយតតិយជ្ឈាន ។បេ។ ប្រកបដោយចតុត្ថជ្ឈាន ។បេ។ ប្រកបដោយមេត្តា ។បេ។ ប្រកបដោយករុណា ។បេ។ ប្រកបដោយមុទិតា ។បេ។ ចម្រើនសទ្ធិន្រ្ទិយ ប្រកបដោយឧបេក្ខា… ចម្រើនវីរិយិន្រ្ទិយ… ចម្រើនសតិន្រ្ទិយ… ចម្រើនសមាធិន្រ្ទិយ… ចម្រើនបញ្ញិន្រ្ទិយ… ចម្រើនសទ្ធាពល… ចម្រើនវីរិយពល… ចម្រើនសតិពល… ចម្រើនសមាធិពល… ចម្រើនបញ្ញាពល… ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ជាអ្នកមានឈានមិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅ របស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគដុំបាយរបស់អ្នកដែន មិនឥតប្រយោជន៍ទេ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុដែលចម្រើនឈានឲ្យច្រើននោះ ។

កាយគតាសតិវគ្គកែប្រែ

[២២៥] ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រដែលបុគ្គលណាមួយ បានផ្សាយទៅដោយចិត្ត ហើយស្ទឹងតូចៗនីមួយដែលហូរទៅរកសមុទ្រ គង់ជាការងាយដល់បុគ្គលនោះ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលបុគ្គលណា មួយបានចម្រើន បានធ្វើឲ្យរឿយៗហើយពួកកុសលធម៌នីមួយដែលជាចំណែកវិជ្ជា គង់ជាការងាយដល់បុគ្គលនោះ យ៉ាងនោះដែរ ។

[២២៦] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងដែលបុគ្គលបានចម្រើនហើយបានសន្សំរឿយ ៗហើយតែងប្រព្រឹត្តទៅដើម្បីសេចក្តីសង្វេគច្រើន តែងប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនច្រើន តែងប្រព្រឹត្តទៅដើម្បីសេចក្តីក្សេម ចាកយោគៈច្រើន តែងប្រព្រឹត្តទៅដើម្បីបាននូវសតិ និង សម្បជញ្ញៈ តែងប្រព្រឹត្តទៅដើម្បីបាននូវញ្ញាណទស្សនៈ តែងប្រព្រឹត្តទៅដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា [បានខាងបញ្ញា ដ៏សម្បយុត្តដោយមគ្គ ។] វិមុត្តិ [បានខាងសម្បយុត្តិធម៌ដែលកើតរលត់ជាមួយគ្នា ដោយមគ្គប្បញ្ញានោះ ។] និងផល [បានខាងអរហត្តផល ។] ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯងដែលបុគ្គល បានចម្រើនហើយបានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីសេចក្តីសង្វេគច្រើន តែងប្រព្រឹត្តទៅដើម្បីសេចក្តីចម្រើនច្រើន តែងប្រព្រឹត្តទៅដើម្បីសេចក្តីក្សេម ចាកយោគៈច្រើន តែងប្រព្រឹត្តទៅដើម្បីបាននូវសតិ និងសម្បជញ្ញៈ តែងប្រព្រឹត្តទៅដើម្បីបាននូវញ្ញាណទស្សនៈ តែងប្រព្រឹត្តទៅដើម្បីនៅជាសុខ ក្នុងអត្តភាពនេះ តែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា វិមុត្តិ និងផល ។

[២២៧] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយកាយក្តី រមែងស្ងប់រម្ងាប់ ចិត្តក្ដី រមែងស្ងប់រម្ងាប់ ទាំងវិតក្កៈ និងវិចារៈ ក៏រមែងស្ងប់រម្ងាប់ ពួកធម៌ទាំងអស់ដែលជាចំណែកនៃវិជ្ជា ក៏រមែងដល់នូវការចម្រើនពេញលេញ ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយកាយក្តី រមែងស្ងប់រម្ងាប់ ចិត្តក្តី រមែងស្ងប់រម្ងាប់ វិតក្កៈ និងវិចារៈក្តី រមែងស្ងប់រម្ងាប់ ពួកធម៌ទាំងអស់ដែលជាចំណែកនៃវិជ្ជា ក៏ដល់នូវការចម្រើនពេញលេញ ។

[២២៨] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយពួកអកុសលធម៌ដែលមិនទាន់កើតឡើងក្តី នឹងមិនកើតឡើង ពួកអកុសលធម៌ដែលកើតឡើងហើយក្តី រមែងសាបសូន្យទៅ ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយ ៗហើយពួកអកុសលធម៌ដែលមិនទាន់កើតឡើងក្តី នឹងមិនកើតឡើង ពួកអកុសលធម៌ដែលកើតឡើងហើយក្តី រមែងសាបសូន្យទៅ ។

[២២៩] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយពួកកុសលធម៌ដែលមិនទាន់កើតឡើងក្តី នឹងកើតឡើង ពួកកុសលធម៌ដែលកើតឡើងហើយក្តី ក៏រមែងប្រព្រឹត្តទៅដើម្បីចម្រើនធំទូលាយ ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយពួកកុសលធម៌ដែលមិនទាន់កើតឡើង នឹងកើតឡើង ពួកកុសលធម៌ដែលកើតឡើងហើយរមែងប្រព្រឹត្តទៅដើម្បីចម្រើនធំទូលាយ ។

[២៣០] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយអវិជ្ជា រមែងសាបសូន្យទៅ វិជ្ជារមែងកើតឡើង អស្មិមានះ រមែងសាបសូន្យទៅ អនុស័យ (កិលេសដែលដេកត្រាំក្នុងសន្តាន) រមែងដល់នូវការរដកឡើង សញ្ញោជនៈ (កិលេស ជាគ្រឿងចងឆ្វាក់) រមែងសាបសូន្យទៅ ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយអវិជ្ជា រមែងសាបសូន្យទៅ វិជ្ជារមែងកើតឡើង អស្មិមានះ រមែងសាបសូន្យទៅ អនុស័យ រមែងដល់នូវការដកឡើង សញ្ញោជនៈ រមែងសាបសូន្យទៅ ។

[២៣១] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីចម្រើនបញ្ញា តែងប្រព្រឹត្តទៅដើម្បីបាននូវអនុបាទាបរិនិញ្វន ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីចម្រើនបញ្ញា តែងប្រព្រឹត្តទៅដើម្បីបាននូវអនុបាទាបរិនិញ្វន ។

[២៣២] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយការត្រាស់ដឹងធាតុច្រើនប្រការ ការត្រាស់ដឹងធាតុផ្សេងៗ ការបែកធ្លាយ ក្នុងធាតុច្រើនប្រការ រមែងមាន ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយការត្រាស់ដឹងធាតុច្រើនប្រការ ការត្រាស់ដឹងធាតុផ្សេងៗ ការបែកធ្លាយ ក្នុងធាតុច្រើនប្រការ រមែងមាន ។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ។

[២៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីបានបញ្ញា ប្រព្រឹត្តទៅដើម្បីចម្រើនបញ្ញា ប្រព្រឹត្តទៅដើម្បីទូលាយបញ្ញា ប្រព្រឹត្តទៅដើម្បីបញ្ញាដ៏ធំ ប្រព្រឹត្តទៅដើម្បីបញ្ញាក្រាស់ ប្រព្រឹត្តទៅដើម្បីបញ្ញាទូលាយ ប្រព្រឹត្តទៅដើម្បីបញ្ញាជ្រៅ ប្រព្រឹត្តទៅដើម្បីបញ្ញាដឹងសេចក្តីឥតអ្នកណាស្មើដែលអ្នកដទៃ មិនអាចត្រាស់ដឹងបាន ប្រព្រឹត្តទៅដើម្បីបញ្ញាក្រាស់ ដូចផែនដី ប្រព្រឹត្តទៅដើម្បីបញ្ញាច្រើន ប្រព្រឹត្តទៅដើម្បីបញ្ញារួសរាន់ ប្រព្រឹត្តទៅដើម្បីបញ្ញារហ័ស ប្រព្រឹត្តទៅដើម្បីបញ្ញារីករាយ ប្រព្រឹត្តទៅដើម្បីបញ្ញាជាគ្រឿងស្ទុះទៅ ប្រព្រឹត្តទៅដើម្បីបញ្ញាដ៏មុត ប្រព្រឹត្តទៅដើម្បីបញ្ញាជា គ្រឿងទម្លាយ នូវកិលេស ។ ធម៌មួយយ៉ាង គឺអ្វី ។ គឺកាយគតាសតិ ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯងដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយតែងប្រព្រឹត្តទៅដើម្បីបានបញ្ញា ប្រព្រឹត្តទៅដើម្បីចម្រើនបញ្ញា ប្រព្រឹត្តទៅដើម្បីទូលាយបញ្ញា ប្រព្រឹត្តទៅដើម្បីបញ្ញាដ៏ធំ ប្រព្រឹត្តទៅដើម្បីបញ្ញាក្រាស់ ប្រព្រឹត្តទៅដើម្បីបញ្ញាទូលាយ ប្រព្រឹត្តទៅដើម្បីបញ្ញាជ្រៅ ប្រព្រឹត្តទៅដើម្បីបញ្ញាដឹងសេចក្តីឥតអ្នកណាស្មើដែលអ្នកដទៃមិនអាចត្រាស់ដឹងបាន ប្រព្រឹត្តទៅដើម្បីបញ្ញាក្រាស់ ដូចផែនដី ប្រព្រឹត្តទៅដើម្បីបញ្ញាច្រើន ប្រព្រឹត្តទៅដើម្បីបញ្ញារួសរាន់ ប្រព្រឹត្តទៅដើម្បីបញ្ញារហ័ស ប្រព្រឹត្តទៅដើម្បីបញ្ញារីករាយ ប្រព្រឹត្តទៅដើម្បីបញ្ញាជាគ្រឿងស្ទុះទៅ ប្រព្រឹត្តទៅដើម្បីបញ្ញាដ៏មុត ប្រព្រឹត្តទៅដើម្បីបញ្ញាជាគ្រឿងទម្លាយ នូវកិលេស ។

អមតវគ្គកែប្រែ

[២៣៥] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនបរិភោគនូវកាយគតាសតិ ពួកភិក្ខុនោះ ឈ្មោះថា មិនបរិភោគ នូវព្រះនិពា្វន ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិភោគ នូវកាយគតាសតិ ពួកភិក្ខុនោះ ទើបឈ្មោះថា បរិភោគ នូវព្រះនិពា្វន ។

[២៣៦] ម្នាលភិក្ខុទាំងឡាយ  កាយគគាសតិដែលពួកភិក្ខុណា មិនបរិភោគ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុទាំងនោះ មិនបរិភោគដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា បរិភោគហើយព្រះនិពា្វនក៏ឈ្មោះថា ពួកភិក្ខុនោះ បរិភោគដែរ ។

[២៣៧] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ របស់ពួកភិក្ខុណា សាបសូន្យហើយព្រះនិពា្វន របស់ពួកភិក្ខុនោះ ក៏ឈ្មោះថា សាបសូន្យដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ របស់ពួកភិក្ខុណា មិនសាបសូន្យ ព្រះនិពា្វន របស់ពួកភិក្ខុនោះ ក៏ឈ្មោះថា មិនសាបសូន្យដែរ ។

[២៣៨] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា បោះបង់ហើយព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ បោះបង់ដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា ប្រារព្ធហើយព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ ប្រារព្ធដែរ ។

[២៣៩] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ប្រមាទកាយគតាសតិ ពួកភិក្ខុនោះ ក៏ឈ្មោះថា ប្រមាទព្រះនិព្វានដែរ ។ មា្នលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនប្រមាទកាយគតាសតិ ពួកភិក្ខុនោះ ក៏ឈ្មោះថា មិនប្រមាទព្រះនិពា្វនដែរ ។

[២៤០] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា ភ្លេចភ្លាំងហើយព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ ភ្លេចភ្លាំងដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនភ្លេចភ្លាំង ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនភ្លេចភ្លាំងដែរ ។

[២៤១] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនបានភប់ប្រសព្វ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនភប់ប្រសព្វដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា បានភប់ប្រសព្វហើយព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានភប់ប្រសព្វដែរ ។

[២៤២] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនបានចម្រើន ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនបានចម្រើនដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា បានចម្រើនហើយព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានចម្រើនដែរ ។

[២៤៣] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនធ្វើឲ្យរឿយៗ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនធ្វើឲ្យរឿយៗដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា ធ្វើឲ្យរឿយៗហើយព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ ធ្វើឲ្យរឿយៗដែរ ។

[២៤៤] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនដឹងច្បាស់ហើយព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនដឹងច្បាស់ដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា ត្រាស់ដឹងហើយព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ ត្រាស់ដឹងដែរ ។

[២៤៥] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនកំណត់ដឹង ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនកំណត់ដឹងដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា កំណត់ដឹងហើយព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ កំណត់ដឹងដែរ ។

[២៤៦] មា្នលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា មិនធ្វើឲ្យជាក់ច្បាស់ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនធ្វើឲ្យជាក់ច្បាស់ដែរ ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិដែលពួកភិក្ខុណា បានធ្វើឲ្យជាក់ច្បាស់ហើយព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ដែរ ។

ចប់សូត្រ ១ ពាន់ នៃឯកនិបាត ។

សុត្តន្តបិដក អង្គុត្តរនិកាយ ទុកនិបាត

ទុកនិបាតកែប្រែ

បឋមបណ្ណាសកកែប្រែ

កម្មករណវគ្គទី១កែប្រែ

វជ្ជសូត្រទី១កែប្រែ

[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវតី្ថ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយនេះ មាន ២ ប្រការ ។ ទោស ២ ប្រការ ដូចម្តេចខ្លះ ។ គឺទោសដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ១ ទោសដែលឲ្យផល ក្នុងលោកខាងមុខ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះទោសដែលឲ្យផលក្នុងបច្ចុប្បន្ន តើដូចម្តេច ? ម្នាលភិក្ខុងទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញស្តេចឲ្យចាប់ចោរដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ទាំងឡាយផ្សេងៗគឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម (អំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់) ខ្លះ ធ្វើនូវសង្ខមុណ្ឌិកកម្ម (អំពើដែលគេពន្លះស្បែកក្បាល ឲ្យរលីង ដូចជាសម្បកស័ង្ខ) ខ្លះ ធ្វើនូវរាហុមុខកម្ម (អំពើដែលគេធ្វើរង្វះមាត់ ឲ្យដូចជាមាត់រាហូ) ខ្លះ ធ្វើនូវជោតិមាលិកកម្ម (អំពើដែលគេរុំខ្លួនទាំងមូល ដោយសំពត់ជ្រលក់ប្រេង) ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម (អំពើដែលគេរុំដៃ ដោយសំពត់ជ្រលក់ប្រេង) ខ្លះ ធ្វើនូវឯរកវដ្តិកកម្ម (អំពើដែលគេធ្វើ ដូចជាពន្លាត់ស្បែកពពែ) ខ្លះ ធ្វើនូវចីរកវាសិកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាសំពត់សម្បកឈើ) ខ្លះ ធ្វើនូវឯណេយ្យកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយ) ខ្លះ ធ្វើនូវពឡិសមំសិកកម្ម (អំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច) ខ្លះ ធ្វើនូវកហាបណកម្ម (អំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយ) ខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម (អំពើដែលគេយកទឹកផ្សាស្រោច) ខ្លះ ធ្វើនូវបលិឃបរិវត្តកកម្ម (អំពើដែលគេធ្វើ ដូចជាបង្វិលជើងគុល ឬសសរគោល) ខ្លះ ធ្វើនូវបលាលបីឋកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាកណ្តាប់ចំបើង) ខ្លះ ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ លើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ ។ លុះបុគ្គលនោះ (បានឃើញហើយ) ក៏គិតយ៉ាងនេះ ។ ពួកស្តេចឲ្យចាប់ចោរដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ផ្សេងៗ គឺវាយដោយរំពាត់ខ្លះៗ ។បេ។ កាត់ក្បាល ដោយដាវខ្លះ ព្រោះហេតុអំពើអាក្រក់ មានសភាពយ៉ាងណា ។ ប្រសិនបើអាត្មាអញ ធ្វើអំពើអាក្រក់ មានសភាពយ៉ាងនោះវិញ ក៏ពួកស្តេច ឲ្យចាប់អាត្មាអញ ហើយគប្បីធ្វើដោយកម្មករណ៍ផ្សេងៗ មានសភាពដូច្នោះដែរ គឺវាយដោយរំពាត់ខ្លះ ។ បេ ។ កាត់ក្បាល ដោយដាវខ្លះ ។ បុរសនោះ ខ្លាចទោសដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ក៏លែងលួចប្លន់ទ្រព្យសម្បតិ្ត របស់បុគ្គលដទៃ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសឲ្យផល ក្នុងបច្ចុប្បន្ននេះ ។ ម្នាលភិក្ខុទាំងឡាយ ចុះទោសដែលឲ្យផល ក្នុងលោកខាងមុខ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញច្បាស់ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់វចីទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់មនោទុច្ចរិត នឹងមានក្នុងលោកខាងមុខ ប្រសិនបើអាត្មាអញ ប្រព្រឹត្តទុច្ចរិត ដោយកាយក្តី ប្រព្រឹត្តទុច្ចរិត ដោយវាចាក្តី ប្រព្រឹត្តទុច្ចរិត ដោយចិត្តក្តី អំពើណាមួយ ក៏សុទ្ធតែជាហេតុ នាំឲ្យអាត្មាអញ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ បុរសនោះ ខ្លាចចំពោះទោសដែលឲ្យផល ក្នុងលោកខាងមុខ ទើបលះកាយទុច្ចរិត ចម្រើនកាយសុចរិត លះវចីទុច្ចរិត ចម្រើនវចីសុចរិត លះមនោទុច្ចរិត ចម្រើនមនោសុចរិត ទើបឈ្មោះថា រក្សាខ្លួនឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសដែលឲ្យផល ក្នុងលោកខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ ទោសមាន ២ ប្រការនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទំាងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នាំគ្នាខ្លាចចំពោះទោសដែលឲ្យផល ក្នុងបច្ចុប្បន្ន នាំគ្នាខ្លាចចំពោះទោសដែលឲ្យផល ក្នុងលោកខាងមុខ ជាអ្នកខ្លាច ចំពោះទោស ជាប្រក្រតី ជាអ្នកឃើញភ័យ ក្នុងទោស ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរខ្លាចចំពោះទោស ជាប្រក្រតី គួរឃើញនូវភ័យ ក្នុងទោសជាប្រក្រតី គប្បីប៉ុនប៉ង ចំពោះហេតុដែលនាំឲ្យខ្លួនរួចផុតចាកទោសទាំងពួង ។

បធានសូត្រទី២កែប្រែ

[២៤៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាម ២ ប្រការនេះ បុគ្គលធ្វើបានដោយកម្រ ក្នុងលោក ។ សេចក្តីព្យាយាម ២ ប្រការ ដូចម្តេចខ្លះ ។ គឺពួកគ្រហស្ថដែលនៅគ្រប់គ្រងផ្ទះ ផ្គងព្យាយាម ដើម្បីញ៉ាំងចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងបរិក្ខារ គឺ ថ្នាំជាបច្ច័យ ដល់អ្នកជំងឺ ឲ្យកើតឡើងបាន ១ ពួកកុលបុត្រដែលចេញចាកផ្ទះ ចូលកាន់ផ្នួស ផ្គងព្យាយាម ដើម្បីលះបង់ នូវឧបធិក្កិលេសទាំងពួងបាន ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាម ទាំង ២ ប្រការនេះឯង បុគ្គលធ្វើបានដោយកម្រក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចកី្តព្យាយាម ទាំង ២ ប្រការនេះ សេចកី្តព្យាយាម ដើម្បីលះបង់ នូវឧបធិកិ្កលេសទាំងពួងនុ៎ះ ចាត់ជាការប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នឹងផ្គងព្យាយាម ដើម្បីលះបង់ នូវឧបធិកិ្កលេសទាំងពួង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ ។

តបនីយសូត្រទី៣កែប្រែ

[២៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយនេះ មាន ២ ប្រការ ។ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយ ២ ប្រការ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើកាយទុច្ចរិត មិនធ្វើកាយសុចរិត ធ្វើវចីទុច្ចរិត មិនធ្វើវចីសុចរិត ធ្វើមនោទុច្ចរិត មិនធ្វើមនោសុចរិត បុគ្គលនោះ ក៏ក្តៅក្រហាយថា កាយទុច្ចរិត អាត្មាអញ បានធ្វើហើយក្តៅក្រហាយថា កាយសុចរិត អាត្មាអញ មិនបានធ្វើឡើយ ក្តៅក្រហាយថា វចីទុច្ចរិត អាត្មាអញ បានធ្វើហើយក្តៅក្រហាយថា វចីសុចរិត អាត្មាអញ មិនបានធ្វើឡើយ ក្តៅក្រហាយថា មនោទុច្ចរិត អាត្មាអញ បានធ្វើហើយក្ដៅក្រហាយថា មនោសុចរិត អាត្មាអញ មិនបានធ្វើឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃសេចកី្តក្តៅក្រហាយ មាន ២ ប្រការនេះឯង ។

អតបនីយសូត្រទី៤កែប្រែ

[២៥០] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយនេះ មាន ២ ប្រការ ។ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយ ២ ប្រការ តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្វើកាយសុចរិត មិនធ្វើកាយទុច្ចរិត ធ្វើវចីសុចរិត មិនធ្វើវចីទុច្ចរិត ធ្វើមនោសុចរិត មិនធ្វើមនោទុច្ចរិត បុគ្គលនោះ មិនក្តៅក្រហាយ ដោយគិតឃើញថា កាយសុចរិត អាត្មាអញ បានធ្វើហើយមិនក្តៅក្រហាយ ដោយគិតឃើញថា កាយទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ មិនក្តៅក្រហាយ ដោយគិតឃើញថា វចីសុចរិត អាត្មាអញ បានធ្វើហើយមិនក្តៅក្រហាយ ដោយគិតឃើញថា វចីទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ មិនក្តៅក្រហាយ ដោយគិតឃើញថា មនោសុចរិត អាត្មាអញ បានធ្វើហើយមិនក្តៅក្រហាយ ដោយគិតឃើញថា មនោទុច្ចរិត អាត្មាអញ មិនបានធ្វើឡើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលមិនជាទីតាំង នៃសេចកី្តក្តៅក្រហាយ មាន ២ ប្រការនេះឯង ។

ឧបញ្ញាតសូត្រទី៥កែប្រែ

[២៥១] ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹង នូវធម៌ ២ ប្រការ គឺសេចកី្តមិនសន្តោស ក្នុងកុសលធម៌ទាំងឡាយ ១ សេចកី្តមិនរួញរា ក្នុងព្យាយាម ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគតផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណាដែលបុគ្គលគួរបានដល់ ដោយកម្លាំងរបស់បុរស ដោយព្យាយាមរបស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស (បើ) មិនទាន់បានដល់ នូវគុណវិសេសនោះទេ នឹងមិនបញ្ឈប់ នូវសេចកី្តព្យាយាមទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ ពោធិញ្ញាណ នៃតថាគត បានសម្រេចហើយដោយសេចកី្តមិនប្រមាទ ធម៌ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏តថាគត បានសម្រេច ដោយសេចកី្តមិនប្រមាទដែរ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ គប្បីផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណាដែលបុគ្គល គួរបានដល់ ដោយកម្លាំងរបស់បុរស ដោយសេចកី្តព្យាយាម របស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស (បើ) មិនទាន់ដល់គុណវិសេសនោះទេ នឹងមិនបពា្ឈប់នូវព្យាយាម ទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្រ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា សូម្បីអ្នកទាំងឡាយ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ដោយកាលមិនយូរឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នឹងផ្គងទុក នូវសេចកី្តមិនរួញរាថា ស្បែក សរសៃ ឆ្អឹង សូមឲ្យសល់នៅចុះ សាច់ និងឈាម ក្នុងសរីរៈ ចូរហួតហែងទៅចុះ គុណវិសេសណាដែលបុគ្គលគប្បីបានដល់ ដោយកម្លាំងរបស់បុរស ដោយសេចកី្តព្យាយាម របស់បុរស ដោយសេចកី្តប្រឹងប្រែង របស់បុរស ។ (បើ) មិនទាន់ដល់គុណវិសេសនោះទេ នឹងមិនបពា្ឈប់ នូវព្យាយាមទៅវិញឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទំាងឡាយ គួរសិក្សាយ៉ាងនេះ ។

សំយោជនសូត្រទី៦កែប្រែ

[២៥២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ២ ប្រការ ។ ធម៌ ២ ប្រការ គឺអ្វីខ្លះ ។ គឺការពិចារណាឃើញ ដោយសេចក្តីរីករាយ ក្នុងសញ្ញោជនិយ [ធម៌ជាបច្ច័យ នៃសញ្ញោជនៈ ១០ប្រការ ។] ធម៌ទាំងឡាយ ១ ការពិចារណាឃើញ ដោយសេចក្តីនឿយណាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណាឃើញ ដោយសេចកី្តរីករាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ រមែងលះបង់រាគៈមិនបាន លះបង់ទោសៈមិនបាន លះបង់មោហៈមិនបានទេ លុះលះបង់រាគៈមិនបាន លះបង់ទោសៈមិនបាន លះបង់មោហៈមិនបានហើយរមែងមិនរួចចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ (សេចក្តីខ្សឹកខ្សួល) សេចក្តីទុក្ខទោមនស្ស សេចក្តីចង្អៀតចិត្ត តថាគតពោលថា ភិក្ខុនោះ មិនបានរួចផុត អំពីសេចក្តីទុក្ខឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកពិចារណាឃើញ ដោយសេចក្តីនឿយណាយ ក្នុងសញ្ញោជនិយធម៌ទាំងឡាយ រមែងលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបាន លុះលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈបានហើយរមែងរួចស្រឡះ ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស សេចកី្តចង្អៀតចិត្តបាន ទើបតថាគតពោលថា ភិក្ខុនោះ រមែងរួចស្រឡះ ចាកទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មាន ២ ប្រការនេះ ។

កណ្ហសូត្រទី៧កែប្រែ

[២៥៣] ម្នាលភិក្ខុទាំងឡាយ ធម៌ខ្មៅនេះ មាន ២ ប្រការ ។ ធម៌ ២ ប្រការ គឺអ្វីខ្លះ ។ គឺការមិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ខ្មៅ មាន ២ ប្រការនេះ ។

សុក្កសូត្រទី៨កែប្រែ

[២៥៤] ម្នាលភិក្ខុទាំងឡាយ ធម៌សទាំងឡាយ មាន ២ ប្រការ ។ ធម៌ស ទាំង ២ ប្រការគឺអ្វីខ្លះ ។ គឺហិរិ ១ ឱត្តប្បៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ស មាន ២ ប្រការនេះ ។

ចរិយសូត្រទី៩កែប្រែ

[២៥៥] ម្នាលភិក្ខុទាំងឡាយ ធម៌ស ២ ប្រការនេះ តែងរក្សានូវសត្វលោក ។ ធម៌ស ២ ប្រការ គឺអី្វខ្លះ ។ គឺហិរិ ១ ឱត្តប្បៈ ១ ។ ម្នាលភិក្ខុទាំងឡាយ (បើ) ធម៌សទាំងឡាយ ២ ប្រការនេះ មិនរក្សាទុក នូវសត្វលោកទេ ត្រង់ពាក្យថា មាតាកី្ត ថាម្តាយមីងកី្ត ថាម្តាយធំកី្ត ថាភរិយា របស់អាចារ្យកី្ត ថាប្រពន្ធរបស់គ្រូកី្ត មិនប្រាកដក្នុងលោកនេះឡើយ សត្វលោក នឹងដល់នូវការច្រឡូកច្រឡំ ដូចសត្វពពែ ចៀម មាន់ ជ្រូក សុនខ និងចចកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ស ២ ប្រការនេះ តែងរក្សាទុក នូវសត្វលោក បានជាពាក្យថា មាតាកី្ត ថាម្តាយមីងកី្ត ថាម្តាយធំកី្ត ថាភរិយារបស់អាចារ្យកី្ត ថាប្រពន្ធរបស់គ្រូកី្ត តែងមានប្រាកដ (ក្នុងលោក) ។

វស្សូបនាយិកសូត្រទី១០កែប្រែ

[២៥៦] ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សានេះ មាន ២ យ៉ាង ។ ថ្ងៃចូលវស្សា មាន ២យ៉ាង គឺអ្វីខ្លះ ។ គឺបុរិមិកាវស្សា (ថ្ងៃចូលវស្សាមុន) ១ បច្ឆិមិកាវស្សា (ថ្ងៃចូលវស្សាក្រោយ) ១ ។ ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សា មាន ២ យ៉ាងនេះឯង ។

ចប់កម្មករណវគ្គទី១ ។

អធិករណវគ្គទី២កែប្រែ

[២៥៧] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ២ ប្រការ ។ កម្លាំង ២ ប្រការ គឺអ្វីខ្លះ ។ កម្លាំង គឺការពិចារណា ១ កម្លាំង គឺភាវនា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង គឺការពិចារណា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណា ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។ លុះបុគ្គលនោះ ពិចារណា ដូច្នេះហើយក៏លះបង់កាយទុច្ចរិត ចម្រើនកាយសុចរិត លះបង់វចីទុច្ចរិត ចម្រើន

វចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត ហើយរក្សាខ្លួន ឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺការពិចារណា ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង គឺភាវនា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំងទាំង ២ ប្រការនោះ កម្លាំង គឺភាវនានេះ ឈ្មោះថា កម្លាំងញាណ របស់សេក្ខបុគ្គលដែរ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ អាស្រ័យកម្លាំងញាណ របស់សេក្ខបុគ្គល ហើយក៏លះបង់ នូវរាគៈ លះបង់នូវទោសៈ លះបង់នូវមោហៈ លុះលះបង់នូវរាគៈ លះបង់នូវទោសៈ លះបង់នូវមោហៈបានហើយទើបមិនធ្វើអំពើដែលជាអកុសល មិនសេពគប់នូវអំពើដែលជាបាប ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺភាវនា ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង មាន ២ ប្រការ នេះឯង ។

[២៥៨] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ២ ប្រការ ។ កម្លាំង ២ ប្រការ គឺអី្វខ្លះ ។ កម្លាំង គឺការពិចារណា ១ កម្លាំង គឺភាវនា ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង គឺការពិចារណា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផល ដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង លុះបុគ្គលនោះ ពិចារណាឃើញ ដូច្នេះហើយទើបលះបង់កាយទុច្ចរិត ចម្រើនកាយសុចរិត លះបង់វចីទុច្ចរិត ចម្រើនវចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត ហើយរក្សាខ្លួន ឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺការពិចារណា ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង គឺភាវនា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ អាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះបង់ ចម្រើននូវធម្មវិចយសម្ពោជ្ឈង្គ… ចម្រើននូវវីរិយសម្ពោជ្ឈង្គ… ចម្រើននូវបីតិសម្ពោជ្ឈង្គ… ចម្រើននូវបស្សទិ្ធសម្ពោជ្ឈង្គ… ចម្រើននូវសមាធិសម្ពោជ្ឈង្គ… ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ បង្អោនទៅដើម្បីលះបង់ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺភាវនា ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង មាន ២ ប្រការ នេះឯង ។

[២៥៩] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះ មាន ២ ប្រការ ។ កម្លាំង ២ ប្រការ តើអី្វខ្លះ ។ កម្លាំង គឺការពិចារណា ១ កម្លាំង គឺភាវនា ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង គឺការពិចារណា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង លុះបុគ្គលនោះ ពិចារណា ដូច្នេះហើយទើបលះបង់កាយទុច្ចរិត ចម្រើនកាយសុចរិត លះបង់វចីទុច្ចរិត ចម្រើន វចីសុចរិត លះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត ហើយរក្សាខ្លួន ឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺការពិចារណា ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង គឺភាវនា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលទាំងឡាយ ចូលកាន់បឋមមជ្ឈានដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ភិក្ខុនោះ ក៏ចូលទុតិយជ្ឈាន ជាទីផូរផង ប្រព្រឹត្តទៅ ខាងក្នុងនៃសន្តានចិត្ត ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈដែលកើតអំពីសមាធិ ព្រោះលះបីតិចេញ ភិក្ខុនោះ ក៏ជាបុគ្គលព្រងើយ មានស្មារតី សេចក្តីដឹងខ្លួន បានទទួលសុខ ដោយនាមកាយ ព្រះអរិយបុគ្គលទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបានតតិយជ្ឈាន ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ភិក្ខុនោះ ក៏ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង គឺភាវនា ។ ម្នាលភិក្ខុទាំងឡាយ កម្លាំង មាន ២ ប្រការនេះឯង ។

[២៦០] មា្នលភិក្ខុទាំងឡាយ ធម្មទេសនារបស់តថាគតនេះ មាន ២ ប្រការ ។ ធម្មទេសនា មាន ២ ប្រការ តើអ្វីខ្លះ ។ គឺទេសនា ដោយសង្ខេប ១ ទេសនា ដោយពិស្ដារ ១ ។ មា្នលភិក្ខុទាំងឡាយ ធម្មទេសនារ បស់តថាគត មាន ២ ប្រការនេះឯង ។

[២៦១] មា្នលភិក្ខុទាំងឡាយឡាយ ភិក្ខុជាអ្នកត្រូវអាបត្តិក្តី ភិក្ខុជាអ្នកចោទក្តី មិនពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ ត្រង់អធិករណ៍ណា មា្នលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នុះ នឹងមានប្រាកដ ប្រព្រឹត្តទៅដើម្បីតាំងនៅអស់កាយយូរ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាច ភិក្ខុទាំងឡាយ នឹងមិនបាននៅសប្បាយឡើយ ។ មា្នលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រូវអាបត្តិក្តី ភិក្ខុជាអ្នកចោទក្តី ពិចារណា នូវខ្លួនដោយខ្លួនឯង ឲ្យត្រឹមត្រូវ ត្រង់អធិករណ៍ណា ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ តែមិនប្រព្រឹត្តទៅដើម្បីតាំងនៅអស់ កាលយូរ មិនប្រព្រឹត្តទៅដើម្បីរឹងរូស មិនប្រព្រឹត្តទៅដើម្បីសេចក្តីកោងកាច ទាំងភិក្ខុទាំងឡាយក៏នៅសប្បាយបាន ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកត្រូវអាបត្តិ ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកត្រូវអាបតិ្ត ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ត្រូវអាបតិ្តណាមួយដែលជាអកុសល ដោយកាយហើយហេតុដូច្នោះ បានជាភិក្ខុនោះ បានឃើញអាត្មាអញ ត្រូវអាបតិ្តណាមួយ ជាអកុសល ដោយកាយមិនខាន ប្រសិនបើអាត្មាអញ មិនត្រូវអាបតិ្តណាមួយ ជាអកុសល ដោយកាយទេ ភិក្ខុនោះ ក៏មិនគប្បីឃើញអាត្មាអញ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយឡើយ មួយវិញទៀត ព្រោះអាត្មាអញ បានត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ បានជាភិក្ខុនោះ ឃើញអាត្មាអញ ត្រូវអាបតិ្តមួយ ជាអកុសលដោយកាយមិនខាន លុះភិក្ខុនោះ ឃើញអាត្មាអញ ត្រូវអាបតិ្តណាមួយ ដោយកាយហើយក៏អាក់អន់ចិត្ត លុះភិក្ខុនោះ អាក់អន់ចិត្តហើយទើបបានពោលពាក្យ មិនជាទីពេញចិត្ត នឹងអាត្មាអញ កាលភិក្ខុនោះ ពោលពាក្យមិនជាទីពេញចិត្តហើយអាត្មាអញ ក៏អាក់អន់ចិត្តដែរ កាលបើអាត្មាអញ អាក់អន់ចិត្តហើយទើបប្រាប់ដល់ពួកភិក្ខុដទៃថា ទោស ត្រូវលើខ្ញុំករុណាហើយព្រោះអធិករណ៍នោះ ដូចជាទោស ត្រូវអ្នកថ្វាយសួយ ព្រោះនាំរបស់រត់ពន្ធ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ភិក្ខុជាអ្នកត្រូវអាបតិ្ត ពិចារណា នូវខ្លួនដោយខ្លួនឯង ឲ្យត្រឹមត្រូវ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកចោទ ពិចារណា ឃើញដូច្នេះថា ភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយហើយហេតុដូច្នេះ បានជាអាត្មាអញ ឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ ប្រសិនបើភិក្ខុនេះ មិនគប្បីត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយទេ អាត្មាអញ ក៏មិនគប្បីឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយឡើយ មួយវិញទៀត ព្រោះភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ បានជាអាត្មាអញ ឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយ លុះអាត្មាអញ ឃើញភិក្ខុនេះ ត្រូវអាបតិ្តណាមួយ ជាអកុសលដោយកាយហើយក៏មានសេចកី្តអាក់អន់ចិត្ត កាលអាត្មាអញ អាក់អន់ចិត្ត ទើបបានពោលពាក្យមិនជាទីពេញចិត្ត នឹងភិក្ខុនេះ ឯភិក្ខុនេះ លុះអាត្មាអញ ពោលពាក្យមិនជាទីពេញចិត្តហើយក៏មានសេចកី្តអាក់អន់ចិត្តដែរ កាលអាក់អន់ចិត្តហើយទើបប្រាប់ដល់ពួកភិក្ខុដទៃថា ទោស ត្រូវលើខ្ញុំករុណាហើយព្រោះអធិករណ៍នោះ ដូចជាទោស ត្រូវអ្នកថ្វាយសួយ ព្រោះនាំរបស់រត់ពន្ធ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ភិក្ខុជាអ្នកចោទ ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រូវអាបតិ្តកី្ត ភិក្ខុជាអ្នកចោទកី្ត មិនពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ ត្រង់អធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ ប្រព្រឹត្តទៅដើម្បីតាំងនៅអស់កាយយូរ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាច ទាំងភិក្ខុទាំងឡាយ ក៏នឹងមិនបាននៅសប្បាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកត្រូវអាបតិ្តកី្ត ភិក្ខុជាអ្នកចោទកី្ត ពិចារណានូវខ្លួន ដោយខ្លួនឯង ឲ្យត្រឹមត្រូវ ត្រង់អធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នុ៎ះ នឹងមានប្រាកដ តែមិនប្រព្រឹត្តទៅដើម្បីតាំងនៅអស់កាលយូរ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាចទេ ទាំងភិក្ខុទាំងឡាយ ក៏នឹងបាននៅសប្បាយផង ។

[២៦២] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយក៏ពោលពាក្យរីករាយ នឹងព្រះមានព្រះភាគ លុះពោលពាក្យគួររីករាយ និងពាក្យគួររលឹកហើយអង្គុយក្នុងទីសមគួរ ។ លុះព្រហ្មណ៍នោះ អង្គុយក្នុងទីសមគួររួចហើយទើបក្រាបបង្គំទួលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុង អបាយ ទុគ្គតិ វិនិបាត នរក ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះតែទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះហេតុប្រព្រឹត្ត មិនត្រូវតាមធម៌ ប្រព្រឹត្តមិនស្មើ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះអ្វីហេតុ អ្វីជាបច្ច័យដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះហេតុប្រព្រឹត្តត្រូវតាមធម៌ ប្រព្រឹត្តស្មើ ។ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន សំដែងហើយដោយអនេកបរិយាយ យ៉ាងនេះ ដូចជាមនុស្ស ចាប់របស់ដែលគេផ្កាប់ ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែកភ្លឺទាំងឡាយ នឹងបានឃើញនូវរូប ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថែ្ងនេះទៅ ។

[២៦៣] គ្រានោះ ជានុស្សោណីព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយក៏ពោលពាក្យរីករាយ នឹងព្រះដ៏មានព្រះភាគ លុះពោលពាក្យគួររីករាយ និងពាក្យគួររលឹកហើយទើបអង្គុយក្នុងទីដ៏សមគួរ ។ លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង ។ បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា ភាសិតរបស់ព្រះគោតមដ៏ចម្រើននេះ សង្ខេបពេកណាស់ ខ្ញុំព្រះអង្គ មិនអាចនឹងដឹងសេចកី្ត ដោយពិស្តារបានទេ ។ សូមព្រះគោតមដ៏ចម្រើន ទ្រង់សំដែងធម៌ តាមទំនងដែលខ្ញុំព្រះអង្គ គប្បីចូលចិត្ត នូវសេចក្តីនៃភាសិតដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែង ដោយសង្ខេបនេះ ដោយសេចកី្តពិស្តារឲ្យទាន ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរស្តាប់ ចូរប្រុងចិត្តឲ្យស្រួលបួលចុះ តថាគតនឹងសំដែង ។ ជានុស្សោណីព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ ធ្វើតែកាយទុច្ចរិត មិនធ្វើកាយសុចរិត ធ្វើតែវចីទុច្ចរិត មិនធ្វើវចីសុចរិត ធ្វើតែមនោទុច្ចរិត មិនធ្វើមនោសុចរិត ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈ តែងទៅកើតក្នុងអបាយ ទុគតិ វិនិបាត នរក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង ដូច្នេះ ម្នាលព្រាហ្មណ៍ ឯសត្វពួកខ្លះ ក្នុងលោកនេះ ធ្វើតែកាយសុចរិត មិនធ្វើកាយទុច្ចរិត ធ្វើតែវចីសុចរិត មិនធ្វើវចីទុច្ចរិត ធ្វើតែមនោសុចរិត មិនធ្វើមនោទុច្ចរិត ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទម្លាយ រាងកាយ បន្ទាប់អំពីមរណៈ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង ដូច្នេះ ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ពិរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ ។

[២៦៤] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគត សំដែងថា បុគ្គលមិនគួរធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត សោះឡើយ ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គទ្រង់សំដែងថា បុគ្គល មិនគួរធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត សោះឡើយ កាលបើបុគ្គលធ្វើត្រង់អំពើដែលមិនគួរធ្វើនោះ តើនឹងបាន ទទួលទោសដូចម្តេច ? ម្នាលអានន្ទដែលតថាគត សំដែងថា បុគ្គលមិនគួរធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតនេះ សោះឡើយ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលមិនគួរធ្វើនោះ នឹងបានទទួលទោសដូច្នេះ គឺខ្លួនឯង តិះដៀលខ្លួនឯងបានផង ពួកបណ្ឌិត ពិចារណា ហើយតិះដៀលបានផង កិតិ្តសព្ទដ៏អាក្រក់ ល្បីទួទៅផង វង្វេងធ្វើកាលកិរិយាផង លុះទម្លាយ រាងកាយ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកផង ម្នាលអានន្ទដែលតថាគត សំដែងថា បុគ្គលមិនគួរធ្វើកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត សោះឡើយ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលមិនគួរធ្វើនោះ នឹងបានទទួលទោសនេះ ម្នាលអានន្ទ តថាគត សំដែងថា បុគ្គលគួរធ្វើតែកាយសុចរិត វចីសុចរិត មនោសុចរិត មួយយ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គទ្រង់សំដែងថា បុគ្គលគួរធ្វើតែកាយសុចរិត វចីសុចរិត មនោសុចរិត តែមួយយ៉ាងនេះ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលគួរធ្វើនោះ តើនឹងបានទទួលអានិសង្ស ដូចម្តេច ? ម្នាលអានន្ទដែលតថាគតសំដែងថា បុគ្គលគួរធ្វើតែកាយសុចរិត វចីសុចរិត មនោសុចរិត មួយយ៉ាងនេះ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលគួរធ្វើនោះ នឹងបានទទួលអានិសង្សដូច្នេះ គឺខ្លួនឯង នឹងតិះដៀលខ្លួនឯងមិនបានផង ពួកបណ្ឌិតពិចារណា ហើយតែង សរសើរផង កិតិ្តសព្ទដ៏ល្អ ល្បីទួទៅផង មិនវង្វេងស្លាប់ផង លុះទម្លាយរាងកាយ បន្ទាប់អំពី មរណៈ ទៅកើតក្នុង សុគតិ សួគ៌ ទេវលោកផង ម្នាលអានន្ទដែលតថាគត សំដែងថា បុគ្គល គួរធ្វើតែកាយសុចរិត វចីសុច្ចរិត មនោសុចរិត មួយយ៉ាងនេះ កាលបើបុគ្គលធ្វើ ត្រង់អំពើដែលគួរធ្វើនោះ នឹងបានទទួលអានិសង្សនេះមិនខាន ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គង់អាចនឹងលះអកុសលចេញបាន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មិនអាចនឹងលះអកុសលនោះចេញបានទេ តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអ្នកទាំងឡាយ អាចនឹងលះអកុសលចេញបាន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ បើអកុសលនេះដែលបុគ្គលលះរួចហើយនៅតែប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដដែល តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអកុសលដែលបុគ្គលលះរួចហើយតែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ និងសេចកី្តសុខមែន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះអកុសលចេញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ អាចនឹងចម្រើនកុសលបាន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មិនអាចនឹងចម្រើន កុសលនុ៎ះបានទេ តថាគត ក៏មិនគប្បីពោល យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអ្នកទាំងឡាយ អាចនឹងចម្រើនកុសលបាន បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនកុសលចុះ ម្នាលភិក្ខុទាំងឡាយ បើកុសលនេះដែលបុគ្គលចម្រើនហើយនៅតែប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ និងសេចកី្តទុក្ខដដែល តថាគត ក៏មិនគប្បីពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនកុសលឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែកុសលដែលបុគ្គលចម្រើនហើយប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ និងសេចកី្តសុខ បានជាតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចម្រើនកុសលចុះ ។

[២៦៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ២ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម ។ ធម៌ ២ ប្រការ តើដូចម្តេច ? គឺបទ និងព្យពា្ជនៈដែលអាចារ្យតម្កល់ទុកខុសមួយ សេចក្តីដែលអាចារ្យនាំមកខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈដែលអាចារ្យតម្កល់ទុកខុសហើយរូបសេចកី្តដែលអាចារ្យនាំមក ក៏ខុសដែរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីសេចក្តីភ្លាំងភ្លាត់ ដើម្បីសេចក្តីសាបសូន្យ នៃព្រះសទ្ធម្ម ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្ម ។ ធម៌ ២ ប្រការ តើដូចម្តេច ? គឺបទ និងព្យពា្ជនៈដែលអាចារ្យតម្កល់ទុកត្រូវ ១ សេចក្តីដែលអាចារ្យនាំមកត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈដែលអាចារ្យតម្កល់ទុកត្រូវហើយសូម្បីរូបសេចកី្តដែលអាចារ្យនាំមក ក៏ត្រូវដែរ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្មឡើយ ។

ចប់អធិករណវគ្គទី២ ។

ពាលវគ្គទី៣កែប្រែ

[២៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មាន ២ ពួក ។ បុគ្គលពាល មាន ២ ពួក តើដូចម្តេច ? គឺបុគ្គលមិនឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏មិនព្រមទទួលទោសតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មាន ២ ពួកនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះ មាន ២ ពួក ។ បុគ្គលជាបណ្ឌិត មាន ២ ពួក តើដូចម្តេច ? គឺបុគ្គលឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏ព្រមទទួលទោស តាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត មាន ២ ពួកនេះឯង ។

[២៦៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។ បុគ្គល ២ ពួក តើដូចម្តេច ? គឺបុគ្គលជាអ្នកក្រោធ មានទោសចិត្តនៅខាង [បានដល់បុគ្គលដែលមានទោសចិត្តជានិច្ច បុគ្គលនេះ តែងពោលទោសថា ព្រះសមណគោតម លោកមិនមានធម៌ដ៏ប្រសើរ ជាជាងធម៌របស់មនុស្សទេ តែងពោលបង្កាច់ព្រះអង្គ ដូចសុនក្ខត្តលិច្ឆវី ។] ក្នុង ១ បុគ្គលជាអ្នកជឿ ដោយប្រកាន់ [បានដល់បុគ្គលអប្បឥតបញ្ញា មានតែសទ្ធាជ្រុល សេចក្តីជ្រះថ្លាតិច តែងជឿថា ព្រះពុទ្ធ ព្រះអង្គជាលោកុត្តរទាំងអស់ សូម្បីអាការទាំង ៣២ មានសក់ ជាដើម របស់ព្រះអង្គ គង់ជាលោកុត្តរដែរ ដូច្នេះ ឈ្មោះថា ពោលបង្កាច់ព្រះអង្គដែរ ។ (អដ្ឋកថា) ។] ខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។ បុគ្គល ២ ពួក តើដូចម្តេច ? គឺបុគ្គលសំដែងនូវពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគត បានសំដែង បានពោល ១ បុគ្គលសំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ព្រះតថាគតទេ ។ បុគ្គល ២ ពួក តើដូចម្តេច ? គឺបុគ្គល សំដែងនូវពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល ថាជាពាក្យដែលព្រះតថាគត មិនបានសំដែង មិនបានពោល ១ បុគ្គលសំដែងនូវពាក្យដែលព្រះតថាគត បានសំដែង បានពោល ថាជាពាក្យដែលព្រះតថាគត បានសំដែង បានពោល ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះឯង មិនពោលបង្កាច់ព្រះតថាគតឡើយ ។

[២៧០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។ បុគ្គល ទាំង ២ ពួក តើដូចម្តេច ? គឺបុគ្គលដែលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន [បានដល់ព្រះសូត្រដែលសំដែងបុគ្គលាធិដ្ឋាន ដូចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួក ១ បុគ្គលពួក ២ បុគ្គលពួក ៣ បុគ្គលពួក ៤ ជាដើម ហៅថា ព្រះសូត្រជានេយ្យត្ថ ។] ថាជាសូត្រមានសេចកី្តជាធម្មាធិដ្ឋានទៅវិញ ១ដែលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន [បានដល់ព្រះសូត្រដែលសំដែងជាធម្មាធិដ្ឋាន ដូចសំដែងថា អនិច្ចំ ទុក្ខំ អនត្តា ជាដើម ហៅថា ព្រះសូត្រជានីតត្ថ (អដ្ឋកថា) ។] ថាជាសូត្រ មានសេចក្តីជាបុគ្គលាធិដ្ឋានទៅវិញ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ ព្រះតថាគតទេ ។ បុគ្គល ២ ពួក តើដូចម្តេច ? គឺបុគ្គលសំដែងសូត្រ មានសេចកី្តជាបុគ្គលាធិដ្ឋាន ថាជាសូត្រមានសេចកី្តជាបុគ្គលាធិដ្ឋាន ១ បុគ្គលសំដែងសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន ថាជាសូត្រ មានសេចកី្តជាធម្មាធិដ្ឋាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ មិនពោលបង្កាច់ព្រះតថាគតឡើយ ។

[២៧១] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបិទបាំងបាបកម្ម នឹងបាននូវគតិ [ដំណើរទៅកាន់ភព ។] ពីរយ៉ាង គតិ ណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំលែងឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនបិទបាំងបាបកម្ម នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺទេវតា ឬមនុស្ស ពុំលែងឡើយ ។

[២៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាមិច្ឆាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំខានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺ ទេវតា ឬមនុស្ស ពុំខានឡើយ ។

[២៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល រមែងទទួលឋានៈ ២ ប្រការ គឺនរក ១ កំណើតតិរច្ឆាន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល រមែងទទួលឋានៈ ២ ប្រការ គឺ ទេវតា ១ មនុស្ស ១ ។

[២៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ ។ អំណាចប្រយោជន៍ ២ ប្រការ តើដូចម្តេច ? គឺតថាគត ពិចារណាឃើញធម៌ នៅជាសុខ ក្នុងបច្ចុប្បន្នរបស់ខ្លួន ១ មានសេចកី្តអនុគ្រោះប្រជុំ ជនជាន់ក្រោយ ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការនេះ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរប្រការនេះ ជាចំណែកនៃវិជ្ជា ។ ធម៌ពីរ ប្រការ តើដូចម្តេច ? គឺ សមថៈ ១ វិបស្សនា ១ ។ ម្នាលភិក្ខុទាំងឡាយ សមថៈដែលបុគ្គលចម្រើនហើយនឹងសម្រេចប្រយោជន៍អ្វី ។ នឹងញ៉ាំងចិត្តឲ្យចម្រើន ។ ចិត្តដែលចម្រើនហើយនឹងសម្រេចប្រយោជន៍អ្វី ។ នឹងលះបង់ នូវរាគៈចេញបាន ។ ម្នាលភិក្ខុទាំងឡាយ វិបស្សនាដែលបុគ្គលចម្រើនហើយនឹងសម្រេចប្រយោជន៍អ្វី ។ នឹងញ៉ាំងបញ្ញាឲ្យចម្រើន ។ បញ្ញាដែល ចម្រើនហើយនឹងសម្រេចប្រយោជន៍អ្វី ។ នឹងលះនូវអវិជ្ជាចេញបាន ។

[២៧៦] ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មងដោយរាគៈហើយរមែងមិនរួចផុតស្រឡះ ឬបញ្ញាដែលសៅហ្មង ដោយអវិជ្ជាហើយរមែងមិនចម្រើនឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុតិ្តកើត ព្រោះប្រាសចាករាគៈ បញ្ញាវិមុតិ្តកើត ព្រោះប្រាសចាកអវិជ្ជា ដោយប្រការ ដូច្នេះ ។

ចប់ពាលវគ្គទី៣ ។

សមចិត្តវគ្គទី៤កែប្រែ

[២៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងប្រាប់ នូវអសប្បុរិសភូមិ ១ សប្បុរិសភូមិ ១ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវភូមិទាំងពីរនោះ ចូរប្រុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អសប្បុរិសភូមិ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ អសប្បុរិស រមែងមិនដឹងឧបការៈដែលគេធ្វើហើយ(ដល់ខ្លួន) និងមិនធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះដែលពួកអសប្បុរស បានពោលសរសើរហើយគឺការមិនដឹងឧបការៈដែលគេធ្វើហើយ១ មិនធើ្វឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ១ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាអសប្បុរិសភូមិទាំងអស់ គឺការមិនដឹងឧបការៈដែលគេធ្វើហើយ១ មិនធើ្វឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ១ ។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងដឹងឧបការៈដែលគេធ្វើហើយនិងធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះដែលពួកសប្បុរស បានពោលសរសើរហើយគឺការដឹងឧបការៈដែលគេធ្វើហើយ១ ធ្វើឧបការៈដែលគេធ្វើហើយឲ្យប្រាកដឡើង ១ ។ ម្នាលភិក្ខុទាំងឡាយ អំពើទាំងពីរនេះ សុទ្ធតែជាសប្បុរសភូមិទាំងអស់ គឺការដឹងឧបការៈដែលគេធ្វើហើយ១ ធ្វើឧបការៈដែលគេធើ្វហើយឲ្យប្រាកដឡើង ១ ។

[២៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា កុលបុត្តមិនងាយនឹងធ្វើការតបគុណ ដល់បុគ្គលពីរពួកបានទេ ។ បុគ្គលពីរពួក តើនរណាខ្លះ ។ គឺមាតា ១ បិតា ១ ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តមានអាយុ ១០០ ឆ្នាំ រស់នៅអស់រវាង ១០០ ឆ្នាំ គប្បីបញ្ជិះមាតា ដោយស្មាម្ខាង បញ្ជិះបិតា ដោយស្មាម្ខាង កុលបុត្តនោះ បម្រើមាតាបិតាទាំងពីរនោះ ដោយការដុសជម្រះបំបាត់ក្លិនអាក្រក់ រិតនួតដៃ ផ្ងូតទឹក គក់ច្របាច់ដៃជើង ឯមាតាបិតាទាំងពីរនោះ ក៏បន្ទោបង់មូត្រ ករីស លើស្មាកុលបុត្តនោះឯង ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬ ថា ធ្វើតបដល់មាតា និងបិតាឡើយ ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តតម្កើងមាតា និងបិតា ឲ្យតាំងនៅក្នុងរាជសម្បត្តិ មានឥស្សរភាពជាអធិបតីលើផែនដីធំដែលមានកែវ​ឮ

ទាំង ៧ ប្រការ ច្រើននេះ ម្នាលភិក្ខុទាំងឡាយ (ហេតុមានប្រមាណប៉ុណ្ណេះ) គង់មិនទាន់ហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាឡើយ ។ ដំណើរនោះ ព្រោះហេតុអី្វ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតា និងបិតា មានឧបការៈច្រើន ដល់បុត្រទាំងឡាយ ព្រោះជាអ្នកថែរក្សា ចិញ្ចឹម បង្ហាញនូវលោកនេះ ។ ម្នាលភិក្ខុទាំងឡាយ (បើ) កុលបុត្តណាមួយ ដឹកនាំមាតា និងបិតាដែលមិនមានសទ្ធា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសទ្ធាសម្បទា បើទ្រុស្តសីល ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងសីលសម្បទា បើកំណាញ់ ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងចាគសម្បទា បើឥតបញ្ញា ឲ្យកាន់យក ឲ្យអាស្រ័យនៅ ឲ្យតាំងនៅក្នុងបញ្ញាសម្បទា ម្នាលភិក្ខុទាំងឡាយ ហេតុមានប្រមាណប៉ុណ្ណេះ ទើបហៅថា ធ្វើ ឬថា ធ្វើតបដល់មាតា និងបិតាមែន ។

[២៧៩] លំដាប់នោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយធ្វើសេចក្តីរីករាយនឹងព្រះដ៏មានព្រះភាគ លុះបពា្ចប់ពាក្យគួរជាទីរីករាយ និងពាក្យគួរជាទីរលឹកហើយក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីដ៏សមគួរហើយទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើន ព្រះអង្គ មានលទ្ធិដូចម្តេច ទ្រង់សំដែងសេចកី្តប្រតិបតិ្ត ដូចម្តេច ? ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតសំដែងថា អំពើដែលបុគ្គលគួរធ្វើ ក៏មាន ថាមិនគួរធ្វើ ក៏មាន ។ ចុះព្រះគោតមដ៏ចម្រើន ទ្រង់សំដែងថា អំពើគួរធ្វើក៏មាន ថា អំពើមិនគួរធ្វើក៏មាន តើដូចម្តេច ? ម្នាលព្រាហ្មណ៍ តថាគតពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាអំពើមិនគួរធ្វើ ពោលនូវអកុសលធម៌ទាំងឡាយ ដ៏លាមក ជាច្រើនប្រការ ថាជាអំពើមិនគួរធ្វើដែរ ។ មួយទៀត ម្នាលព្រាហ្មណ៍ តថាគត ពោលនូវកាយសុចរិត វចីសុចរិត មនោសុចរិត ថាជាអំពើគួរធ្វើ ពោលនូវកុសលធម៌ទាំងឡាយ ច្រើនប្រការ ថាជាអំពើគួរធ្វើដែរ ។ ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកសំដែងថា អំពើគួរធ្វើក៏មាន ថា អំពើមិនគួរធ្វើក៏មាន យ៉ាងនេះ ។ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ទ្រង់ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ ។

[២៨០] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះអនាថបិណិ្ឌកគហបតី អង្គុយក្នុងទីដ៏សមគួរហើយទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ទកិ្ខណេយ្យបុគ្គលក្នុងលោក មានប៉ុន្មានពួក មួយទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលដូចម្តេច ? ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួក គឺសេក្ខបុគ្គល ១ អសេក្ខបុគ្គល ១ ។ ម្នាលគហបតី ទក្ខិណេយ្យបុគ្គលក្នុងលោក មានពីរពួកនេះ មួយវិញទៀត បុគ្គលគួរឲ្យទាន ក្នុងបុគ្គលពួកនេះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះ លុះសុគតជាសាស្តា ទ្រង់មានព្រះតម្រាស់ ដូច្នេះហើយក៏ទ្រង់ពោលដូច្នេះ តទៅទៀតថា

សេក្ខបុគ្គលកី្ត អសេក្ខបុគ្គលកី្ត ជាបុគ្គលគួរទទួលទាន របស់អ្នកឲ្យទានក្នុងលោកនេះ បុគ្គលទាំងនោះ ជាអ្នកប្រតិបត្តិត្រង់ ដោយកាយ វាចា ឬចិត្ត ជាស្រែបុណ្យដ៏ប្រសើរ របស់អ្នកឲ្យទាន ឯទានដែលបុគ្គលឲ្យហើយចំពោះបុគ្គលពួកនេះ ជាទានមានផលច្រើន ។

[២៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្តមានអាយុ ក៏គង់នៅក្នុងប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថីដែរ ។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ដ៏មានអាយុ ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តមានអាយុថា អាវុសោ ។ ទើបព្រះសារីបុត្តមានអាយុ មានថេរវាចា ដូច្នេះថា ម្នាលអាវុសោ ខ្ញុំនឹងសំដែងនូវបុគ្គលដែលមានសញ្ញោជនៈខាងក្នុងផង នូវបុគ្គលដែលមានសញ្ញោជនៈ ខាងក្រៅផង អ្នកទាំងឡាយ ចូរចាំស្តាប់នូវបុគ្គលនោះ ចូរប្រុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តមានអាយុ បានសំដែង ដូច្នេះថា ម្នាលអាវុសោ បុគ្គលដែលមានសញ្ញោជនៈខាងក្នុង តើដូចម្តេច ? ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ អ្នកមានសីលសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយ អាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ លុះភិក្ខុនោះ ទម្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (កាមាវចរទេវលោក) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះហើយរមែងមានដំណើរមកកាន់មនុស្សលោកនេះម្តងទៀត ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្នុង រមែងមានដំណើរមកកាន់មនុស្សលោកនេះ ។ ម្នាលអាវុសោ ចុះបុគ្គលមានសញ្ញោជនៈ ខាងក្រៅ តើដូចម្តេច ? ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ បានចូលកាន់ចេតោវិមុតិ្តដែលជាធម្មជាតិស្ងប់ចាកកិសេលណាមួយ សម្រេចសម្រាន្តនៅ លុះភិក្ខុនោះ ទម្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (សុទ្ធាវាស ៥ ជាន់ ណាមួយ) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះ (ទៀតឡើយ) ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ ។ ម្នាលអាវុសោ ហេតុដទៃ នៅមានទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ ប្រតិបតិ្ត ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ទៅនៃកាមទាំងឡាយ ភិក្ខុនោះ ប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ទៅ នៃភពទាំងឡាយ ភិក្ខុនោះ ប្រតិបត្តិ ដើម្បីឲ្យអស់ទៅ នៃតណ្ហា ភិក្ខុនោះ ប្រតិបតិ្ត ដើម្បីឲ្យអស់ទៅ នៃលោភ លុះភិក្ខុនោះ ទម្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយ ណាមួយ លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ ។ លំដាប់នោះ មានទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា (មានអត្តភាពល្អិត) នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងបុគ្គលដែលមានសញ្ញោជនៈខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈខាងក្រៅផង ដល់ពួកភិក្ខុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចម្រើន ពួកបរិស័ទមានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តមានអាយុផងចុះ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរបាត់ព្រះអង្គ ចេញពីវិហារជេតពន ទៅប្រតិស្ឋាន ត្រង់ទីចំពោះមុខព្រះសារីបុត្តដ៏មានអាយុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម (ក្នុងមួយរំពេច) ដូចបុរសអ្នកមានកម្លាំង លាដៃដែលបត់ចូល ឬបត់ដៃដែលលាចេញ ដូច្នោះដែរ ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈដែលគេក្រាលថ្វាយហើយ។ ឯព្រះសារីបុត្តមានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានពួកទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា នាំគ្នាចូលមករកតថាគត លុះចូលមកដល់ហើយក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ ។ ម្នាលសារីបុត្ត លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយបានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងនូវបុគ្គលដែលមានសញ្ញោជនៈ ខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈ ខាងក្រៅផង ដល់ភិក្ខុទាំងឡាយ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចម្រើន ពួកបរិស័ទ ក៏មានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តដ៏មានអាយុផងចុះ ម្នាលសារីបុត្ត ឯពួកទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ២០ អង្គខ្លះ ៣០ អង្គខ្លះ ៤០ អង្គខ្លះ ៥០ អង្គខ្លះ ៦០ អង្គខ្លះ ឋិតនៅក្នុងទីឱកាស ល្មមចាក់ដោយចុងដែកស្រួចបាន តែមិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ឯចំណែកអ្នក គង់មានគំនិត យ៉ាងនេះថា ពិតមែនតែពួកទេវតាទាំងនោះ ក្នុងទីប្រជុំនោះ សឹងមានចិត្តហ្វឹកហ្វឺនហើយដូចៗគ្នា ទើបបានជាពួកទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ២០ អង្គខ្លះ ៣០ អង្គខ្លះ ៤០ អង្គខ្លះ ៥០ អង្គខ្លះ ៦០ អង្គខ្លះ ឋិតនៅក្នុងទីឱកាស ល្មមចាក់ដោយចុងដែកស្រួចប៉ុណ្ណោះ តែមិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរឃើញ យ៉ាងនេះទេ ម្នាលសារីបុត្ត ពួកទេវតាទាំងនោះ ក្នុងទីប្រជុំនេះ សឹងមានចិត្តហ្វឹកហ្វឺនហើយដូចៗគ្នា ទើបបានជាទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ។បេ។ តែគង់មិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ព្រោហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងនឹងមានឥន្រ្ទិយស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ ម្នាលសារីបុត្ត អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ ម្នាលសារីបុត្ត លុះអ្នកទាំងឡាយ មានឥន្រ្ទិយស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ពិតហើយកាយកម្ម នឹងស្ងប់រម្ងាប់ឯង វចីកម្ម នឹងស្ងប់រម្ងាប់ដែរ មនោកម្ម នឹងស្ងប់រម្ងាប់ដែរ ដោយបំណងថា យើងនឹងប្រមូលមក នូវការផ្គូផ្គង (នូវកាយវាចា) ចំពោះពួកសព្រហ្មចារី ម្នាលសារីបុត្ត អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ ម្នាលសារីបុត្ត ពួកអន្យតិរ្ថីយ បរិព្វាជកណា មិនបានស្តាប់ធម្មបរិយាយនេះ ពួកអន្យតិរ្ថីយ បរិព្វាជកទាំងនោះ រមែងវិនាសទៅឯង ។

[២៨២] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅប្របឆ្នេរស្រះកទ្ទមៈ ជិតក្រុងវរណា ។ លំដាប់នោះ អារាមទណ្ឌព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ហើយនិយាយពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះអារាមទណ្ឌព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយទើបនិយាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ ដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យដែលនាំឲ្យពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន ។ ព្រះមហាកច្ចានៈតបថា ម្នាលព្រាហ្មណ៍ ពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន ព្រោះហេតុតែកាមរាគ ជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត ។ បពិត្រព្រះកច្ចានៈ ដ៏ចម្រើន ចុះអ្វីជាហេតុ ចុះអ្វីជាបច្ច័យដែលនាំឲ្យពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ម្នាលព្រាហ្មណ៍ ពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ព្រោះហេតុតែទិដិ្ឋរាគៈ ជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចុះបុគ្គលណាមួយ ក្នុងលោក ជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្រប សង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង មានខ្លះឬទេ ។ ម្នាលព្រាហ្មណ៍ បុគ្គលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង តែងមានក្នុងលោក ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ចុះក្នុងលោកនេះ មានបុគ្គលណាហ្ន៎ដែលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈដែលជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង ។ ម្នាលព្រាហ្មណ៍ មានក្រុងឈ្មោះ សាវត្ថី នៅក្នុងជនបទទិសខាងកើត ឥឡូវនេះ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់នៅទៀបក្រុងនោះ ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អង្គនោះហើយដែលជាអ្នកប្រព្រឹត្តកន្លងនូវកាមរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតចេញបានផង ។ លុះព្រះកច្ចានៈដ៏មានអាយុ សំដែងយ៉ាងនេះហើយទើបអារាមទណ្ឌព្រាហ្មណ៍ ក្រោកចាកទីអង្គុយ ធ្វើសំពត់ដណ្តប់ឆៀងស្មាម្ខាង លុតមណ្ឌលជង្គង់ ខាងស្តាំ លើផែនដី ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ បន្លឺនូវឧទាន អស់វារៈ ៣ ដងថា សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ សូមក្រាបថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រោះព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ប្រព្រឹត្តកន្លង នូវកាមរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ទ្រង់ប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់គ្របសង្កត់រួបរិតនេះ ចេញបានផង ។ បពិត្រព្រះកច្ចានៈដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចម្រើន ធម៌ដែលព្រះកច្ចានៈដ៏ចម្រើន បានប្រកាសហើយដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចគេផ្ងារ របស់ដែលផ្កាប់ចុះ ពុំនោះ ដូចគេបើករបស់បិទបាំង ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែកភ្លឺ នឹងមើយឃើញរូបទាំងឡាយបាន ដូច្នោះ បពិត្រព្រះកច្ចានៈដ៏ចម្រើន ខ្ញុំព្រះករុណា សូមដល់នូវព្រះគោតមដ៏ចម្រើននោះផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះកច្ចានៈដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះករុណាថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថៃ្ងនេះតទៅ ។

[២៨៣] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅក្នុងគុន្ទាវន [អដ្ឋកថា គុន្ធាវន ជាឈ្មោះនៃព្រៃ ១ ក្នុងដែនមធុរា ។] ទៀបក្រុងមធុរា ។ លំដាប់នោះ កណ្ឌរាយនព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈ ដ៏មានអាយុ លុះចូលទៅដល់ហើយក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ។បេ។ លុះកណ្ឌរាយនព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយទើបពិតព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចម្រើន ខ្ញុំបានឮដំណឹងនេះថា ព្រះសមណកច្ចានៈ មិនសំពះ មិនក្រោកទទួល មិននិមន្ត ដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ដែលចាស់ ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយមានអាយុជ្រុលចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះកច្ចានៈដ៏ចម្រើន មិនសំពះ មិនក្រោកទទួល មិននិមន្តដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ដែលចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយមានអាយុជ្រុល ចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចម្រើន កិច្ច មានការមិនសំពះ ជាដើមនោះ មិនសមគួរទេ ។ ព្រះកច្ចានៈដ៏មានអាយុ តបថា ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គទ្រង់ជ្រាប ទ្រង់ឃើញបាន ទ្រង់សំដែងវុឌ្ឍិភូមិ (ជាន់មនុស្សចាស់) ផង ទហរភូមិ (ជាន់មនុស្សក្មេង) ផង ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សចាស់ មានអាយុ ៨០ ឆ្នាំក្ដី ៩០ ឆ្នាំក្ដី ១០០ ឆ្នាំក្ដី រាប់ពីត្រឹមកើតមក ប៉ុន្តែមនុស្សនោះ នៅបរិភោគកាម ត្រាំនៅក្នុងកណ្ដាលកាម ក្ដៅក្រហាយ ដោយកម្តៅកាម ត្រូវកាមវិតក្កៈគ្របសង្កត់ ជាអ្នកខ្វល់ខ្វាយ ស្វែងរកតែកាម មនុស្សនោះ ហៅថា មនុស្សក្មេងដោយពិត មិនរាប់ថា ចាស់ទុំឡើយ ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សក្មេង នៅជំទង់កំឡោះ មានសក់ខ្មៅ ប្រកបដោយវ័យដ៏ចម្រើន គឺបឋមវ័យ ប៉ុន្តែមនុស្សនោះ មិនបរិភោគកាម មិនត្រាំនៅក្នុងកណ្ដាលកាម មិនក្ដៅក្រហាយ ដោយកម្តៅកាម មិនត្រូវកាមវិតក្កៈគ្របសង្កត់ មិនខ្វល់ខ្វាយស្វែងរកកាម មនុស្សនោះ ទើបរាប់ថាបណ្ឌិតពិត ថាចាស់ទុំដោយពិត ។ លុះព្រះកច្ចានៈដ៏មានអាយុ សំដែងយ៉ាងនេះហើយកណ្ឌរាយនព្រាហ្មណ៍ ក៏ក្រោកចាកទីអង្គុយ ធ្វើសំពត់ដណ្ដប់ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាពួកភិក្ខុដែលក្មេងជាងខ្លួន ហើយនិយាយថា លោកដ៏ចម្រើន ជាមនុស្សចាស់ ឋិតនៅក្នុងវុឌ្ឍិភូមិ ឯខ្ញុំព្រះករុណា ជាមនុស្សក្មេង ឋិតនៅក្នុងទហរភូមិ បពិត្រព្រះកច្ចានៈដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះកច្ចានៈដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ ។

[២៨៤] ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកចោរមានកម្លាំង សម័យនោះ ពួកស្ដេច ក៏មានកម្លាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ស្ដេចមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទនៅចុងដែនក្ដី ក៏មិនបានសេចក្តីសុខសប្បាយឡើយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតី នឹងមានដំណើរត្រឡប់ ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏មិនបានសុខសប្បាយឡើយ មានឧបមាយ៉ាងណា ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុបាប មានកម្លាំង សម័យនោះ ពួកភិក្ខុជាអ្នកមានសីលជាទីស្រឡាញ់ រមែងមានកម្លាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុជាអ្នកមានសីលជាទីស្រឡាញ់ នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក ក្នុងកណ្ដាលជំនុំសង្ឃ ឬនៅក្នុងជនបទចុងដែន ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ថែមទាំងសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកស្ដេចមានកម្លាំង សម័យនោះ ពួកចោរក៏មានកម្លាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ស្ដេចនឹងមានព្រះរាជដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី នឹងត្រួតត្រាកិច្ចការ ក្នុងជនបទចុងដែនក្ដី តែងបានសេចក្តីសុខសប្បាយ ក្នុងសម័យនោះ សូម្បីពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ នឹងមានដំណើរត្រឡប់ចូលមកក្ដី ចេញទៅខាងក្រៅក្ដី ត្រួតត្រាការងារឰដ៏ខាងក្រៅក្ដី ក៏បានសេចក្តីសុខសប្បាយ មានឧបមាយ៉ាងណា ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ ក្នុងសម័យណា ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ មានកម្លាំង សម័យនោះ ពួកភិក្ខុបាប មានកម្លាំងខ្សោយ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ពួកភិក្ខុបាប នៅស្ងៀមឈឹង នៅស្ងៀមឈឹង អង្គុយសំកុក នៅក្នុងកណ្ដាលជំនុំសង្ឃ ឬបែកខ្ញែក ទៅតាមទីផ្ដេសផ្ដាស ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ តែងប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីប្រយោជន៍ ទាំងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[២៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតមិនសរសើរសេចក្តីប្រតិបត្តិខុស របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ទេ ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្ដី បព្វជិតក្ដីដែលប្រតិបត្តិខុសហើយជាបុគ្គលមិនអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តខុសនោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរសេចក្តីប្រតិបត្តិត្រូវ របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្ដី បព្វជិតក្ដីដែលប្រតិបត្តិត្រូវហើយជាបុគ្គលអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តិត្រូវ ។

[២៨៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ហាមឃាត់អដ្ឋកថាផង បាលីផង ដោយសូត្រទាំងឡាយដែលខ្លួនរៀនខុស តែសមរម្យតាមព្យពា្ជនៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនចម្រើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ទាំងបានសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ តែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្ម គឺសាសនានេះ ឲ្យអន្តរធានទៅផង ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ប្រព្រឹត្តតាមអដ្ឋកថាផង បាលីផង ដោយសូត្រទាំងឡាយដែលខ្លួនរៀនត្រឹមត្រូវ សមរម្យតាមព្យពា្ជនៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ទាំងបានសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ តែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតថេរបានផង ។

ចប់សមចិត្តវគ្គទី៤ ។

បរិសវគ្គទី៥កែប្រែ

[២៨៧] ម្នាលភិក្ខុទាំងឡាយ បរិស័ទទាំងឡាយនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺបរិស័ទរាក់ ១ បរិស័ទជ្រៅ ១ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទរាក់ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តរាយមាយ មានមានះដុះឡើង មានចិត្ត ឃ្លេងឃ្លោង មានមាត់រឹង មានពាក្យសំដីរោយរាយ មានស្មារតីភាន់ច្រឡំ មិនដឹងខ្លួន មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលវល់ មានឥន្ទ្រិយមិនតាំងនៅជាប្រក្រតី ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទរាក់ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទជ្រៅ តើដូចម្តេច ?ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនរាយមាយ មិនមានមានះដុះឡើង មិនឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានពាក្យសំដីរោយរាយ មានស្មារតីតម្កល់មាំ មានសេចក្តីដឹងខ្លួន មានចិត្តខ្ជាប់ខ្ជួន មានចិត្តនឹងធឹង សង្រួមឥន្ទ្រិយ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទជ្រៅ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទទាំងឡាយ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទទាំង ២ ពួកនេះ បរិស័ទជ្រៅនុ៎ះ ទើបប្រសើរ ។

[២៨៨] ម្នាលភិក្ខុទាំងឡាយ បរិស័ទទាំងឡាយនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺបរិស័ទជាពួក ១ បរិស័ទព្រមព្រៀងគ្នា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទជាពួក តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ កើតមានការឈ្លោះគ្នា កើតមានការទាស់ទែងគ្នា ដល់នូវសេចក្តីប្រកួតប្រកាន់គ្នា តែងចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទជាពួក ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទព្រមព្រៀងគ្នា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ជាអ្នកព្រមព្រៀងគ្នា មានសេចក្តីរីករាយនឹងគ្នា មិនប្រកួតប្រកាន់គ្នា មានសភាពដូចជាទឹកដោះស្រស់ និងទឹក តែងរមឹលមើលនូវគ្នានឹងគ្នា ដោយចក្ខុជាទីស្រឡាញ់ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទព្រមព្រៀងគ្នា ម្នាលភិក្ខុទាំងឡាយ បរិស័ទទាំងឡាយ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទទាំង ២ ពួកនេះ បរិស័ទជាអ្នកព្រមព្រៀងគ្នានុ៎ះ ទើបប្រសើរ ។

[២៨៩] ម្នាលភិក្ខុទាំងឡាយ បរិស័ទទាំងឡាយនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺបរិស័ទមានវត្តមិនប្រសើរ ១ បរិស័ទមានវត្តប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ  បរិស័ទមានវត្តមិនប្រសើរ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ ជាអ្នកល្មោភច្រើន ជាអ្នកកាន់ធូរ ជាអ្នកផ្តួចផ្តើម ក្នុងការថយក្រោយ ដាក់ធុរៈក្នុងវិវេក មិនផ្គងព្យាយាម ដើម្បីដល់នូវគុណដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណដែលមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណដែលមិនទាន់ជាក់ច្បាស់ ប្រជុំជនខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ យកតម្រាប់តាមព្រះថេរៈទាំងនោះ សូម្បីប្រជុំជននោះ ក៏ជាអ្នកល្មោភច្រើន ជាអ្នកកាន់ធូរ ជាអ្នកផ្តួចផ្តើម ក្នុងការថយក្រោយ ដាក់ធុរៈក្នុងវិវេក មិនផ្គងព្យាយាម ដើម្បីដល់នូវគុណដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណដែលមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណដែលមិនទាន់ជាក់ច្បាស់ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមានវត្តមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទមានវត្តប្រសើរ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ មិនជាអ្នកល្មោភច្រើន ជាអ្នកមិនធូរ ជាអ្នកដាក់ធុរៈ ក្នុងការថយក្រោយ ជាប្រធានក្នុងវិវេក ផ្គងព្យាយាម ដើម្បីដល់នូវគុណដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណដែលមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណដែលមិនទាន់បានជាក់ច្បាស់ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាមព្រះថេរៈទាំងនោះ សូម្បីប្រជុំជននោះ មិនជាអ្នកល្មោភច្រើន ជាអ្នកមិនកាន់ធូរ ជាអ្នកមិនដាក់ធុរៈ ក្នុងការថយក្រោយ ជាប្រធានក្នុងវិវេក ផ្គងព្យាយាម ដើម្បីដល់នូវគុណដែលមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណដែលមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណដែលមិនទាន់ជាក់ច្បាស់ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមានវត្ត ដ៏ប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទ ទាំង ២ ពួកនេះ បរិស័ទមានវត្តដ៏ប្រសើរនុ៎ះ ទើបប្រសើរ ។

[២៩០] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺបរិស័ទមិនប្រសើរ ១ បរិស័ទប្រសើរ ១ ។  ម្នាលភិក្ខុទាំងឡាយ បរិស័ទមិនប្រសើរ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា នេះជាទុក្ខ មិនដឹងច្បាស់តាមពិតថា នេះហេតុជាទីកើតឡើងនៃទុក្ខ មិនដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ មិនដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមិនប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទប្រសើរ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទប្រសើរ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទ ទាំង ២ ពួកនេះ បរិស័ទប្រសើរនុ៎ះ ទើបប្រសើរ ។

[២៩១] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺបរិស័ទស្រកេកស្រកាក ១ បរិស័ទផូរផង់ ១ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទស្រកេកស្រកាក តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ លុះក្នុងអំណាចឆន្ទាគតិ លុះក្នុងអំណាចទោសាគតិ លុះក្នុងអំណាចមោហាគតិ លុះក្នុងអំណាចភយាគតិ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទស្រកេកស្រកាក ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទផូរផង់ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មិនលុះក្នុងអំណាចឆន្ទាគតិ មិនលុះក្នុងអំណាចទោសាគតិ មិនលុះក្នុងអំណាចមោហាគតិ មិនលុះក្នុងអំណាចភយាគតិ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទផូរផង់ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទ ទាំង ២ ពួកនេះ បរិស័ទផូរផង់នុ៎ះ ទើបប្រសើរ ។

[២៩២] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺបរិស័ទសិក្សាខុសទំនង មិនសិក្សាដោយការសាកសួរ ១ បរិស័ទសិក្សាដោយការសាកសួរ មិនសិក្សាខុសទំនង ១ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទសិក្សាខុសទំនង មិនសិក្សាដោយការសាកសួរ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពួកសូត្រណាដែលជាភាសិត របស់តថាគត ដ៏ជ្រាលជ្រៅ មានអត្ថដ៏ជ្រាលជ្រៅ ជាលោកុត្តរៈ ប្រកបដោយសុញ្ញតធម៌ កាលបើពួកសូត្រនោះដែលគេកំពុងសំដែង ក៏មិនប្រុងស្ដាប់ មិនផ្ទៀងត្រចៀកស្ដាប់ មិនទប់ចិត្តដែលរាយមាយ ទាំងមិនសំគាល់ថា គួររៀន គួរសិក្សាធម៌ទាំងនោះឡើយ ពួកសូត្រណាដែលអ្នកប្រាជ្ញ បានតែងទុកជាពាក្យកាព្យ មានអក្ខរវិចិត្ត មានព្យពា្ជនវិចិត្ត ជាសូត្រខាងក្រៅ ជាសាវកភាសិត កាលបើសូត្រទាំងនោះដែលគេកំពុងសំដែង ក៏ប្រុងស្ដាប់ ផ្ទៀងត្រចៀកស្ដាប់ ទប់ចិត្តដែលរាយមាយ ទាំងសំគាល់ថា គួររៀន គួរសិក្សាធម៌ទាំងនោះផង ភិក្ខុទាំងនោះ លុះសិក្សាធម៌នោះហើយមិនបានសាកសួរគ្នាទៅវិញទៅមក មិនរើជម្រះផងថា ព្យពា្ជនៈនេះ ដូចម្តេច អត្ថរបស់ភាសិតនេះ ដូចម្ដេច ភិក្ខុទាំងនោះ មិនបានបើករបស់ដែលកំបាំងផង មិនបានធ្វើរបស់ដែលជ្រៅ ឲ្យរាក់ផង មិនបន្ទោបង់សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយដែលជាហេតុគួរឲ្យសង្ស័យជាច្រើនស្ថានផង ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទសិក្សាខុសទំនង មិនសិក្សាដោយការសាកសួរឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទសិក្សា ដោយការសាកសួរ មិនសិក្សាខុសទំនង តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ពួកសូត្រណាដែលអ្នកប្រាជ្ញ តែងជាពាក្យកាព្យ មានអក្ខរវិចិត្ត មានព្យពា្ជនវិចិត្ត ជារបស់ខាងក្រៅ ជាសាវកភាសិត កាលបើសូត្រទាំងនោះដែលគេកំពុងសំដែង ក៏មិនប្រុងស្ដាប់ មិនផ្ទៀងត្រចៀកស្ដាប់ មិនទប់ចិត្តរាយមាយ ទាំងមិនសំគាល់ថា គួររៀន គួរសិក្សាធម៌ទាំងនោះដែរ ឯពួកសូត្រណាដែលជាភាសិតរបស់តថាគត ដ៏ជ្រាលជ្រៅ មានអត្ថដ៏ជ្រាលជ្រៅ ជាលោកុត្តរៈ ប្រកបដោយសុញ្ញតធម៌ កាលបើសូត្រទាំងនោះដែលគេកំពុងសំដែង ក៏ប្រុងស្ដាប់ ផ្ទៀងត្រចៀកស្ដាប់ ទប់ចិត្តរាយមាយ ទាំងសំគាល់ថា គួររៀន គួរសិក្សាធម៌ទាំងនោះដែរ លុះភិក្ខុទាំងនោះ សិក្សាធម៌នោះហើយសាកសួរគ្នាទៅវិញទៅមក រើជម្រះថា ព្យពា្ជនៈនេះ ដូចម្តេច អត្ថរបស់ភាសិតនេះ ដូចម្ដេច ភិក្ខុទាំងនោះ បើករបស់ដែលកំបាំងផង ធ្វើរបស់ដែលជ្រៅ ឲ្យរាក់ផង បន្ទោបង់សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយដែលជាហេតុគួរឲ្យសង្ស័យជាច្រើនស្ថានបានផង ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទ សិក្សាដោយការសាកសួរ មិនសិក្សាខុសទំនងឡើយ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបរិស័ទពីរពួកនេះ បរិស័ទដែលសិក្សា ដោយការសាកសួរ មិនសិក្សាខុសទំនងនុ៎ះ ទើបប្រសើរ ។

[២៩៣] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺ បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ បរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ សរសើរគុណទៅវិញទៅមក ចំពោះមុខពួកគ្រហស្ថដែលស្លៀកសថា ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត [បានខាងយោគាវចរដែលបានសម្រេចវិមោក្ខ ទាំង ៨ គឺរូបសមាបត្តិ ៤ អរូបសមាបត្តិ ៤ ហើយយកសមាបត្តិ ជាទីតាំងចម្រើនវិបស្សនា ដរាបដល់បានអរហត្តផល ។] ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត [បានខាងយោគាវចរដែលមិនបាច់បានសម្រេចវិមោក្ខធ៌ម ទាំង ៨ ឡើយ ស្រាប់តែចម្រើនវិបស្សនាតែម្តង ក៏បានសម្រេចអរហត្តផល (ជាសុក្ខវិបស្សកៈ) ។] ភិក្ខុឯណោះ ជាកាយសក្ខី [បានខាងយោគាវចរដែលបានសម្រេចវិមោក្ខ ទាំង៨ ហើយចម្រើនវិបស្សនា ដរាបដល់បានសម្រេចសោតាបត្តិមគ្គ រហូតដល់អរហត្តផល ។] ភិក្ខុឯណោះ ជាទិដ្ឋិប្បត្ត [បានខាងយោគាវចរដែលចម្រើនវិបស្សនា ហើយត្រាស់ដឹង នូវអរិយសច្ច ទាំង ៤ ។] ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត [បានខាងយោគាវចរដែលចម្រើនវិបស្សនា ហើយត្រាស់ដឹង នូវអរិយសច្ច ទាំង៤ បានសម្រេចសោតាបត្តិផល រហូតដល់អរហត្តផល ។] ភិក្ខុឯណោះ ជាធម្មានុសារី [បានខាងយោគាវចរដែលបរិបូណ៌ដោយបញ្ញា មានបញ្ញាដ៏ក្លៀវក្លា បានសម្រេចសោតាបត្តិមគ្គ រួចកំពុងប្រតិបត្តិដើម្បីបាននូវសោតាបត្តិផល ។] ភិក្ខុឯណោះ ជាសទ្ធានុសារី [បានខាងយោគាវចរដែលបរិបូណ៌ដោយសទ្ធា មានសទ្ធាដ៏ក្លៀវក្លា បានសម្រេចសោតាបត្តិមគ្គ រួចហើយកំពុងប្រតិបត្តិ ដើម្បីបាននូវសោតាបត្តិផល ។] ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ភិក្ខុទាំងនោះ តែងបានលាភ ដោយសំដីសរសើរនោះ លុះភិក្ខុទាំងនោះ បានលាភនោះហើយក៏ជ្រប់ស្រវឹង លង់ចុះ (ក្នុងលាភនោះ) មិនឃើញទោស មិនមានបញ្ញាសម្រាប់រើខ្លួន ក៏បរិភោគលាភនោះ ក្នុងបរិស័ទឯណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទធ្ងន់ក្នុងអាមិសៈ មិនធ្ងន់ក្នុងព្រះសទ្ធម្មឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មិនសរសើរគុណទៅវិញទៅមក ចំពោះមុខពួកគ្រហស្ថដែលស្លៀកសថា ភិក្ខុឯណោះ ជាឧភតោភាគវិមុត្ត ភិក្ខុឯណោះ ជាបញ្ញាវិមុត្ត ភិក្ខុឯណោះ ជាកាយសក្ខី ភិក្ខុឯណោះ ជាទិដ្ឋិប្បត្ត ភិក្ខុឯណោះ ជាសទ្ធាវិមុត្ត ភិក្ខុឯណោះ ជាធម្មានុសារី ភិក្ខុឯណោះ ជាសទ្ធានុសារី ភិក្ខុឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុឯណោះ ជាអ្នកទ្រុស្តសីល មានបាបធម៌ ដូច្នេះឡើយ ភិក្ខុទាំងនោះ រមែងបានលាភ ដោយមិនពោលសរសើរគ្នាទៅវិញទៅមក លុះភិក្ខុនោះ បានលាភនោះហើយមិនជ្រប់ មិនស្រវឹង មិនលង់ចុះ (ក្នុងលាភនោះ) ឃើញទោស មានបញ្ញាសម្រាប់រើខ្លួន ក៏បរិភោគ (លាភនោះ) ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនោះ ហៅថា បរិស័ទធ្ងន់ ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈឡើយ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំង ២ ពួកនេះ បរិស័ទធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងអាមិសៈនុ៎ះ ទើបប្រសើរ ។

[២៩៤] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺ បរិស័ទមិនរាបសា ១ បរិស័ទរាបសា ១ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទមិនរាបសា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អធម្មកម្ម (អំពើខុសធម៌) ប្រព្រឹត្តទៅបាន ធម្មកម្ម (អំពើត្រូវធម៌) ប្រព្រឹត្តទៅមិនបាន អវិនយកម្ម (អំពើខុសវិន័យ) ប្រព្រឹត្តទៅបាន វិនយកម្ម (អំពើត្រូវវិន័យ) ប្រព្រឹត្តទៅមិនបាន អធម្មកម្មរុងរឿង ធម្មកម្មមិនរុងរឿង អវិនយកម្មរុងរឿង វិនយកម្មមិនរុងរឿង ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមិនរាបសា ។ ម្នាលភិក្ខុទាំងឡាយ (បានជា) អធម្មកម្មប្រព្រឹត្តទៅបាន ធម្មកម្មប្រព្រឹត្តទៅមិនបាន អវិនយកម្ម ប្រព្រឹត្តទៅបាន វិនយកម្មប្រព្រឹត្តទៅមិនបាន អធម្មកម្មរុងរឿង ធម្មកម្មមិនរុងរឿង អវិនយកម្មរុងរឿង វិនយកម្មមិនរុងរឿង ព្រោះបរិស័ទប្រព្រឹត្តមិនរាបសា ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទរាបសា តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ធម្មកម្ម ប្រព្រឹត្តទៅបាន អធម្មកម្ម ប្រព្រឹត្តទៅមិនបាន វិនយកម្ម ប្រព្រឹត្តទៅបាន អវិនយកម្ម ប្រព្រឹត្តទៅមិនបាន ធម្មកម្មរុងរឿង អធម្មកម្មមិនរុងរឿង វិនយកម្មរុងរឿង អវិនយកម្មមិនរុងរឿង ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទរាបសា ។ ម្នាលភិក្ខុទាំងឡាយ (បានជា) ធម្មកម្ម ប្រព្រឹត្តទៅបាន អធម្មកម្ម ប្រព្រឹត្តទៅមិនបាន វិនយកម្ម ប្រព្រឹត្តទៅបាន អវិនយកម្ម ប្រព្រឹត្តទៅមិនបាន ធម្មកម្មរុងរឿង អធម្មកម្មមិនរុងរឿង វិនយកម្មរុងរឿង អវិនយកម្មមិនរុងរឿង ព្រោះបរិស័ទប្រព្រឹត្តរាបសា ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មាន ២ ពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំងពីរពួកនេះ បរិស័ទរាបសានុ៎ះ ទើបប្រសើរ ។

[២៩៥] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺ បរិស័ទមិនប្រព្រឹត្តតាមធម៌ ១ បរិស័ទប្រព្រឹត្តតាមធម៌ ១ ។បេ។ ម្នាលភិក្ខុទាំឡាយ បរិស័ទ មានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំងពីរពួកនេះ បរិស័ទប្រព្រឹត្តតាមធម៌នុ៎ះ ទើបប្រសើរ ។

[២៩៦] ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ មាន ២ ពួក ។ បរិស័ទ ២ ពួក តើដូចម្តេច ? គឺ បរិស័ទមិនពោលតាមធម៌ ១ បរិស័ទពោលតាមធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទមិនពោលតាមធម៌ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ កាន់យកអធិករណ៍ ត្រូវតាមធម៌ក្តី មិនត្រូវតាមធម៌ក្តី លុះភិក្ខុទាំងនោះ កាន់យកអធិករណ៍នោះហើយមិនពន្យល់គ្នាទៅវិញទៅមកផង មិនប្រជុំពន្យល់គ្នាផង មិននាំគ្នាពិនិត្យមើលផង មិនប្រជុំគ្នា ពិនិត្យមើលផង ភិក្ខុទាំងនោះ មានការមិនយល់ជាកម្លាំង មានសេចក្តីមិនពិនិត្យជាកម្លាំង មានគំនិតមិនប្រុងលះបង់ជាប្រក្រតី រមែងប្រកាន់មាំ ដោយកម្លាំងទិដ្ឋិបរាមាសៈ ហើយពោលកាត់អធិករណ៍នោះថា នេះជាពាក្យពិតមែន ពាក្យដទៃឥតអំពើទេ ដូច្នេះ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទមិនពោលតាមធម៌ ។ ម្នាលភិក្ខុទាំងឡាយ ចុះបរិស័ទ ពោលតាមធម៌ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ កាន់យកអធិករណ៍ ត្រូវតាមធម៌ក្តី មិនត្រូវតាមធម៌ក្តី លុះភិក្ខុទាំងនោះ កាន់យកអធិករណ៍នោះហើយរមែងពន្យល់គ្នាទៅវិញទៅមកផង ប្រជុំពន្យល់គ្នាផង នាំគ្នាពិនិត្យមើលផង ប្រជុំគ្នាពិនិត្យមើលផង ភិក្ខុទាំងនោះ មានការយល់ជាកម្លាំង មានការពិនិត្យជាកម្លាំង មានគំនិតប្រុងនឹងលះបង់ជាប្រក្រតី មិនប្រកាន់មាំ ដោយកម្លាំងទិដ្ឋិបរាមាសៈ ហើយពោលកាត់អធិករណ៍នោះថា នេះជាពាក្យពិតមែន ពាក្យដទៃឥតអំពើទេ ដូច្នេះ ក្នុងបរិស័ទណា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ហៅថា បរិស័ទពោលតាមធម៌ ។ ម្នាលភិក្ខុទាំងឡាយ បរិស័ទ មានពីរពួកនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិស័ទទាំងពីរពួកនេះ បរិស័ទពោលតាមធម៌នុ៎ះ ទើបប្រសើរ ។

ចប់បរិសវគ្គទី៥ ។

ចប់បឋមបណ្ណាសក ។

ទុតិយបណ្ណាសកកែប្រែ

បុគ្គលវគ្គទី១កែប្រែ

[២៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។

[២៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើងជាមនុស្សអស្ចារ្យ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ កាលកើតឡើងក្នុងលោក តែងកើតឡើងជាមនុស្សអស្ចារ្យ ។

[២៩៩] ម្នាលភិក្ខុទាំងឡាយ កាលកិរិយារបស់បុគ្គលពីរពួក រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន ។ បុគ្គលពីរពួក តើដូចម្តេច ? គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលកិរិយា របស់បុគ្គលពីរពួកនេះ រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន ។

[៣០០] ម្នាលភិក្ខុទាំងឡាយ ថូបារហបុគ្គល (បុគ្គលគួរដល់ថូប) នេះ មានពីរពួក ។ ថូបារហបុគ្គល ពីរពួក តើដូចម្តេច ? គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ថូបារហបុគ្គល មានពីរពួកនេះឯង ។

[៣០១] ម្នាលភិក្ខុទាំងឡាយ ព្រះពុទ្ធនេះ មានពីរពួក ។ ព្រះពុទ្ធពីរពួក តើដូចម្តេច ? គឺ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ បច្ចេកពុទ្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះពុទ្ធ មានពីរពួក នេះឯង ។

[៣០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺភិក្ខុជាខីណាស្រព ១ ដំរីអាជានេយ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះឯង រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់ ។

[៣០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺភិក្ខុជាខីណាស្រព ១ សេះអាជានេយ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះឯង រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់ ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺភិក្ខុជាខីណាស្រព ១ សីហមិគរាជ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រមែងមិនតក់ស្លុត ក្នុងវេលាដែលរន្ទះបាញ់ ។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ពួកសត្វកិន្នរ កាលពិចារណាឃើញ នូវអំណាចនៃប្រយោជន៍ពីរយ៉ាងនេះ ទើបមិនពោលវាចាជារបស់មនុស្ស ប្រយោជន៍ពីរយ៉ាង តើដូចម្តេច ? គឺមិនពោលពាក្យមុសា ១ មិនពោលបង្កាច់អ្នកដទៃ ដោយពាក្យមិនពិត ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកិន្នរ កាលពិចារណាឃើញនូវអំណាច នៃប្រយោជន៍ទាំងពីរយ៉ាងនេះ ទើបមិនពោលវាចា ជារបស់មនុស្សឡើយ ។

[៣០៦] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម រមែងមិនឆ្អែត មិនទ្រាន់ ចំពោះធម៌ពីរយ៉ាង រហូតដល់មរណកាល ។ ធម៌ពីរយ៉ាងនេះ តើដូចម្តេច ? គឺមេថុនធម្មសមា [ការធ្វើសេវនៈ នឹងបុរស ។] បត្តិ ១ ប្រសូតិបុត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម រមែងមិនឆ្អែត មិនទ្រាន់ ចំពោះធម៌ពីរយ៉ាងនេះ រហូតដល់មរណកាល ។

[៣០៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីចូលចិត្ត របស់អសប្បុរសផង សេចក្តីចូលចិត្ត របស់សប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវសេចក្តីនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់អសប្បុរស តើដូចម្តេច អសប្បុរសទាំងឡាយ តែងចូលចិត្តដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ក្នុងសាសនានេះ តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី មិនគួរទូន្មានយើងទេ មជ្ឈិមត្ថេរក្តី មិនគួរទូន្មានយើងទេ ភិក្ខុថ្មីក្តី មិនគួរទូន្មានយើងទេ ឯយើង ក៏មិនគួរទូន្មានព្រះថេរៈដែរ មិនគួរទូន្មានមជ្ឈិមត្ថេរដែរ មិនគួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោកគួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើដែលឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើដែលមានប្រយោជន៍ ហើយទូន្មានយើងទេ យើងគប្បីតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរទូន្មានយើង… ប្រសិន បើភិក្ខុថ្មី ទូន្មានយើង លោកអនុគ្រោះ ដោយអំពើឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនអនុគ្រោះ ដោយអំពើដែលមានប្រយោជន៍ទេ យើងគួរតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ ។ ឯភិក្ខុជាមជ្ឈិមត្ថេរ តែងគិតយ៉ាងនេះថា ។បេ។ ភិក្ខុថ្មី តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី មិនគួរទូន្មានយើង មជ្ឈិមត្ថេរក្តី មិនគួរទូន្មានយើងទេ ភិក្ខុថ្មីក្តី មិនគួរទូន្មានយើងទេ យើងក៏មិនគួរទូន្មានព្រះថេរៈដែរ មិនគួរទូន្មានមជ្ឈិមត្ថេរដែរ មិនគួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោក គួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើមានប្រយោជន៍ទេ យើងគួរតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកវិញខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរទូន្មានយើង… ប្រសិនបើភិក្ខុថ្មី គួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើឥតប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានទេ យើងគួរតបទៅលោកវិញថា មិនធ្វើតាមទេ យើងគួរបៀតបៀនលោកខ្លះ ទុកជាយើងពិចារណាឃើញ ក៏មិនគួរធ្វើតាមលោកដែរ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់អសប្បុរស យ៉ាងនេះ អសប្បុរសទាំងឡាយ តែងចូលចិត្តយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់សប្បុរស តើដូចម្តេច សប្បុរសទាំងឡាយ តែងចូលចិត្តដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ក្នុងសាសនានេះ តែងគិតយ៉ាងនេះថា ព្រះថេរៈក្តី គួរទូន្មានយើង មជ្ឈិមត្ថេរក្តី គួរទូន្មានយើង ភិក្ខុថ្មីក្តី គួរទូន្មានយើង យើងក៏គួរទូន្មានព្រះថេរៈដែរ គួរទូន្មានមជ្ឈិមត្ថេរដែរ គួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកវិញថា ប្រពៃហើយយើងមិនគួរបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ គួរតែធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរទូន្មានយើង… ប្រសិនបើភិក្ខុថ្មី ទូន្មានយើង តែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះ ដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកថា ប្រពៃហើយយើងមិនគួរបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ គួរតែធ្វើតាមលោកដែរ ។ ភិក្ខុជាមជ្ឈិមតេ្ថរ តែងគិតយ៉ាងនេះថា ។បេ។ ភិក្ខុថ្មី តែងគិតយ៉ាងនេះថា ព្រះថេរៈក្ដី គួរទូន្មានយើង មជ្ឈិមត្ថេរក្ដី គួរទូន្មានយើង ភិក្ខុថ្មីក្ដី គួរទូន្មានយើង យើងគួរទូន្មានព្រះថេរៈដែរ គួរទូន្មានមជ្ឈិមត្ថេរដែរ គួរទូន្មានភិក្ខុថ្មីដែរ ប្រសិនបើព្រះថេរៈ លោកទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនអនុគ្រោះ ដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកថា ប្រពៃហើយយើងមិនគួរបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ គួរតែធ្វើតាមលោកដែរ ប្រសិនបើមជ្ឈិមត្ថេរ គួរទូន្មានយើង…. ប្រសិនបើភិក្ខុថ្មី គួរទូន្មានយើង លោកតែងអនុគ្រោះ ដោយអំពើមានប្រយោជន៍ ហើយទូន្មានយើង មិនមែនលោកអនុគ្រោះដោយអំពើឥតប្រយោជន៍ទេ យើងគួរតបទៅលោកថា ប្រពៃហើយយើងមិនត្រូវបៀតបៀនលោកទេ កាលបើយើងពិចារណាឃើញ ត្រូវតែធ្វើតាមលោកដែរ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចូលចិត្ត របស់សប្បុរសយ៉ាងនេះ សប្បុរសទាំងឡាយ តែងចូលចិត្តយ៉ាងនេះ ។

[៣០៨] ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រព្រឹត្តទៅ ដោយចំណែកពីរ (ការជេរតគ្នា) ការលើកម្ពស់ ដោយអំណាចទិដ្ឋិ ការចងចិត្តគំនុំ សេចក្តីថ្នាំងថ្នាក់ចិត្ត សេចក្តីមិនត្រេកអរ ជាធម្មជាតិមិនស្ងប់រម្ងាប់ ខាងក្នុងសន្ដាន មានក្នុងអធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ នឹងប្រព្រឹត្តទៅដើម្បីកាលវែងឆ្ងាយ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាច ទាំងភិក្ខុទាំងឡាយ ក៏នៅមិនសប្បាយ មា្នលភិក្ខុទាំងឡាយ ប៉ុន្តែបើវាចាដែលប្រព្រឹត្តទៅ ដោយចំណែកពីរ (ការជេរតគ្នា) ការលើកកម្ពស់ ដោយអំណាចទិដ្ឋិ ការចងចិត្តគំនុំ សេចក្តីថ្នាំងថ្នាក់ចិត្ត សេចក្តីមិនត្រេកអរ ជាធម្មជាតិស្ងប់រម្ងាប់ខាងក្នុងសន្ដានហើយមានក្នុងអធិករណ៍ណា ម្នាលភិក្ខុទាំងឡាយ ហេតុក្នុងអធិករណ៍នោះ នឹងមានប្រាកដ គឺនឹងមិនប្រព្រឹត្តទៅដើម្បីកាលវែងឆ្ងាយ ដើម្បីសេចក្តីរឹងរូស ដើម្បីសេចក្តីកោងកាច ពួកភិក្ខុ ក៏នឹងនៅបានសប្បាយ ។

ចប់បុគ្គលវគ្គទី១ ។

សុខវគ្គទី២កែប្រែ

[៣០៩] មា្នលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខទាំងពីរយ៉ាងនេះ តើដូចម្តេច ? គឺសេចក្តីសុខ របស់គ្រហស្ថ ១ សេចក្តីសុខ ក្នុងបព្វជ្ជា ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខទាំងពីរយ៉ាងនេះ សេចក្តីសុខ ក្នុងបព្វជ្ជានុ៎ះ ប្រសើរជាង ។

[៣១០] មា្នលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? សេចក្តីសុខក្នុងកាម ១ សេចក្តីសុខក្នុងនេក្ខម្ម ១ ។ មា្នលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខ ក្នុងនេក្ខម្មនុ៎ះ ប្រសើរជាង ។

[៣១១] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខ ប្រកបដោយឧបធិកិ្កលេស ១ សេចក្តីសុខមិនមានឧបធិក្កិលេស ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មាន ២ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខមិនមានឧបធិក្កិលេសនុ៎ះ ប្រសើរជាង ។

[៣១២] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខមានអាសវៈ ១ សេចក្តីសុខមិនមានអាសវៈ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ មា្នលភិក្ខុទាំងឡាយ បណ្ដាសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខមិនមានអាសវៈនុ៎ះ ប្រសើរជាង ។

[៣១៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខ ប្រកបដោយអាមិសៈ ១ សេចក្តីសុខមិនប្រកបដោយ អាមិសៈ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណា្ដសេចក្ដីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខមិនប្រកបដោយអាមិសៈនុ៎ះ ប្រសើរជាង ។

[៣១៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខ របស់ព្រះអរិយៈ ១ សេចក្តីសុខ របស់បុថុជ្ជន ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខ របស់ព្រះអរិយៈនុ៎ះ ប្រសើរជាង ។

[៣១៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ ១ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្តនុ៎ះ ប្រសើរជាង ។

[៣១៦] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខដែលមានបីតិ (សុខក្នុងបឋមជ្ឈាន និងទុតិយជ្ឈាន) ១ សេចក្តីសុខដែលឥតបីតិ (សុខក្នុងតតិយជ្ឈាន និងចតុត្ថជ្ឈាន) ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខដែលឥតបីតិនុ៎ះ ប្រសើរជាង ។

[៣១៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខ ប្រកបដោយសេចក្តីត្រេអរ (សុខក្នុងឈាន ទាំង៣) ១ សេចក្តីសុខ ប្រកបដោយឧបេក្ខា (សុខក្នុងចតុត្ថជ្ឈាន) ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខ ប្រកបដោយឧបេក្ខានុ៎ះ ប្រសើរជាង ។

[៣១៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ា តើដូចម្តេច ? គឺសេចក្តីសុខមានសមាធិ (អប្បនាសមាធិ និងឧបចារសមាធិ) ១ សេចក្តីសុខមិនមានសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខមានសមាធិនុ៎ះ ប្រសើរជាង ។

[៣១៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខរបស់បុគ្គលដែលមានបីតិជាអារម្មណ៍ (បឋមជ្ឈាន និងទុតិយជ្ឈាន) ១ សេចក្តីសុខ របស់បុគ្គលឥតមានបីតិជាអារម្មណ៍ (តតិយជ្ឈាន និងចតុត្ថជ្ឈាន) ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខរបស់បុគ្គលដែលឥតមានបីតិជាអារម្មណ៍នុ៎ះ ប្រសើរជាង ។

[៣២០] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខដែលមានសេចក្តីត្រេអរជាអារម្មណ៍ ១ សេចក្តីសុខដែលមានឧបេក្ខាជាអារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខដែលមានឧបេក្ខាជាអារម្មណ៍នុ៎ះ ប្រសើរជាង ។

[៣២១] ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសុខពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសុខដែលមានរូបជាអារម្មណ៍ ១ សេចក្តីសុខដែលមិនមានរូប ជាអារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខទាំងឡាយ មានពីរយ៉ាងនេះឯង ។ មា្នលភិក្ខុទាំងឡាយ បណា្ដសេចក្តីសុខ ទាំងពីរយ៉ាងនេះ សេចក្តីសុខដែលមិនមានរូបជាអារម្មណ៍ នុ៎ះ ប្រសើរជាង ។

ចប់សុខវគ្គទី២ ។

សនិមិត្តវគ្គទី៣កែប្រែ

[៣២២] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយនិមិត្ត (ហេតុ) ទើបកើតឡើងបាន មិនមែនឥតនិមិត្តទេ ។ ព្រោះលះនិមិត្តនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៣] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយនិទាន (ហេតុ) ទើបកើតឡើងបាន មិនមែនឥតនិទាន (ហេតុ) ទេ ។ ព្រោះលះនិទាននោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៤] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនឥតហេតុទេ ។ ព្រោះលះហេតុនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៥] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយសង្ខារ (គ្រឿង តាក់តែង) ទើបកើតឡើងបាន មិនមែនឥតសង្ខារទេ ។ ព្រោះលះសង្ខារទាំងនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៦] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយបច្ច័យ ទើបកើតឡើងបាន មិនមែនឥតបច្ច័យទេ ។ ព្រោះលះបច្ច័យនោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៧] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយរូប ទើបកើតឡើងបាន មិនមែនឥតរូបទេ ។ ព្រោះលះរូបនោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៨] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយវេទនា ទើបកើតឡើងបាន មិនមែនឥតវេទនាទេ ។ ព្រោះលះវេទនានោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយសញ្ញា ទើបកើតឡើងបាន មិនមែនឥតសញ្ញាទេ ។ ព្រោះលះសញ្ញានោះចេញបាន ទើបអកុសលធម៌ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយវិញ្ញាណ ទើបកើតឡើងបាន មិនមែនឥតវិញាណទេ ។ ព្រោះលះវិញ្ញាណនោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

[៣៣១] ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ដ៏លាមកទាំងឡាយ មានសង្ខតធម៌ ជាអារម្មណ៍ ទើបកើតឡើងបាន មិនមែនឥតសង្ខតធម៌ជាអារម្មណ៍ទេ ។ ព្រោះលះសង្ខតធម៌ នោះចេញបាន ទើបអកុសលធម៌ ដ៏លាមកទាំងនោះ មិនមានដោយប្រការយ៉ាងនេះ ។

ចប់សនិមិត្តវគ្គទី៣ ។

ធម្មវគ្គទី៤កែប្រែ

[៣៣២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺចេតោវិមុត្តិ (រួចស្រឡះចាកអាសវៈ ដោយអរហត្តផលសមាធិ) ១ បញ្ញាវិមុត្តិ (រួចស្រឡះចាកអាសវៈ ដោយអរហត្តផលបញ្ញា) ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីផ្គូរផ្គងចិត្ត ១ សេចក្តីមិនរាយមាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺនាម ១ រូប ១  ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺវិជ្ជា ១ វិមុត្តិ ១  ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺភវទិដ្ឋិ ១ វិភវទិដ្ឋិ ១  ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនខ្មាសបាប ១ សេចក្តីមិនខ្លាចបាប ១  ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការធ្វើខ្លួន ឲ្យគេប្រដៅបានដោយក្រ ១ ការមានមិត្តអាក្រក់ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៤០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការធ្វើខ្លួន ឲ្យគេប្រដៅបានដោយងាយ ១ ការមានមិត្តល្អ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៤១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការឈ្លាសវៃ ក្នុងធាតុ ១ ការឈ្លាសវៃ ក្នុងមនសិការ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាងនេះឯង ។

[៣៤២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការឈ្លាសវៃ ក្នុងអាបត្តិ [ស្គាល់ច្បាស់លាស់ នូវកងអាបត្តិ ទាំង៥កង ឬទាំង៧កង ។] ១ ការឈ្លាសវៃ ក្នុងវិធីចេញចាកអាបត្តិ [ស្គាល់ច្បាស់លាស់ថា អាបត្តិនេះ បរិសុទ្ធដោយទេសនាវិធី អាបត្តិនេះ បរិសុទ្ធដោយកម្មវាចា ។ (អដ្ឋកថា)] ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

ចប់ធម្មវគ្គទី៤ ។

ពាលវគ្គទី៥កែប្រែ

[៣៤៣] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ? គឺជនពាលតែងទទួលភារៈដែលមិនទាន់មកដល់ [បានដល់ភារៈ ទាំង១០ គឺ បោសរោងឧបោសថ១ អុជប្រទីប១ តម្កល់ទឹកឆាន់ ទឹកប្រើប្រាស់១ ក្រាលអាសនៈ១ នាំឆន្ទៈ១ នាំបារិសុទ្ធិ១ ប្រាប់រដូវ១ រាប់ចំនួនភិក្ខុ១ ឲ្យឱវាទភិក្ខុនី១ សំដែងបាតិមោក្ខ១ ជាភារៈរបស់ព្រះថេរៈ ៗ មិនទាន់បានអារាធនា ស្រាប់តែភិក្ខុថ្មីទៅធ្វើ ហៅថាទទួលភារៈដែលមិនទាន់មកដល់ ។] ១ ជនពាល តែងមិនទទួលភារៈដែលមកដល់ហើយ[បានដល់ភារៈ ទាំង១០ របស់ព្រះថេរៈ ៗ មិនធ្វើខ្លួនឯង ឬមិនបង្គាប់អ្នកដទៃឲ្យធ្វើ ហៅថា មិនទទួលភារៈដែលមកដល់ហើយ។] ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ? គឺបណ្ឌិត តែងទទួលភារៈដែលមកដល់ហើយ[គ្រាន់តែផ្ទុយគ្នានឹងភិក្ខុពាលវិញប៉ុណ្ណោះ (ឧបោសថក្ខន្ធក) ។] ១ បណ្ឌិតមិនទទួលភារៈដែលមិនទាន់មក [គ្រាន់តែផ្ទុយគ្នានឹងភិក្ខុពាលវិញប៉ុណ្ណោះ (ឧបោសថក្ខន្ធក) ។] ដល់ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។

[៣៤៥] ម្នាលភិក្ខុទាំងឡាយ ជនពាលនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ? គឺជនពាល មានសេចក្តីសំគាល់ថា គួរក្នុងរបស់ដែលមិន [សំគាល់ក្នុងសាច់ ទាំង១០ យ៉ាង មានសាច់សីហ ជាដើមដែលមិនគួរឆាន់ ថាសាច់គួរឆាន់វិញ ។] គួរ ១ ជនពាល មានសេចក្តីសំគាល់ថា មិនគួរក្នុងរបស់ដែល [សំគាល់ក្រៅពីសាច់ ទាំង១០យ៉ាង មានសាច់ក្រពើ សាច់ឆ្មា ជាដើមដែលគួរឆាន់បាន ថាមិនគួរឆាន់វិញ ។ (មើលសមុដ្ឋានវារៈ បរិវារៈ ពិស្ដារជាង) ។] គួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង ។

[៣៤៦] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ? គឺបណ្ឌិតមានសេចក្តីសំគាល់ថា មិនគួរ ក្នុងរបស់ដែលមិនគួរ ១ បណ្ឌិតមានសេចក្តីសំគាល់ថា គួរ ក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ? គឺជនពាល មានសេចក្តីសំគាល់ថា មានអាបត្តិ ក្នុងអនាបត្តិ ១ ជនពាលមានសេចក្ដីសំគាល់ថា ឥតមានអាបត្តិ ក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ? គឺបណ្ឌិតសំគាល់ថា ឥតមានអាបត្តិ ក្នុងអនាបត្តិ ១ បណ្ឌិតតែងសំគាល់ថា មានអាបត្តិ ក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ? ជនពាលមានសេចក្តីសំគាល់ថា ធម៌ក្នុងអធម៌ ១ ជនពាលមានសេចក្តីសំគាល់ថា អធម៌ ក្នុងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង ។

[៣៥០] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ? គឺបណ្ឌិតមានសេចក្តីសំគាល់ថា អធម៌ ក្នុងអធម៌ ១ បណ្ឌិតមានសេចក្តីសំគាល់ថា ធម៌ ក្នុងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។

[៣៥១] ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយនេះ មានពីរពួក ។ ជនពាលពីរពួក តើដូចម្តេច ? គឺជនពាល មានសេចក្តីសំគាល់ថា វិន័យ ក្នុងអវិន័យ ១ ជនពាលមានសេចក្តីសំគាល់ ថា អវិន័យ ក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ ជនពាលទាំងឡាយ មានពីរពួកនេះឯង ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយនេះ មានពីរពួក ។ បណ្ឌិតពីរពួក តើដូចម្តេច ? គឺបណ្ឌិតមានសេចក្តីសំគាល់ថា អវិន័យ ក្នុងអវិន័យ ១ បណ្ឌិតមានសេចក្តីសំគាល់ថា វិន័យ ក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតទាំងឡាយ មានពីរពួកនេះឯង ។

[៣៥៣] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលសង្ស័យនឹងរបស់ដែលមិនគួរសង្ស័យ ១ បុគ្គលដែលមិនសង្ស័យ នឹងរបស់ដែលគួរសង្ស័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួកនេះឯង ។

[៣៥៤] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមិនសង្ស័យ ក្នុងរបស់ដែលមិនគួរសង្ស័យ ១ បុគ្គលសង្ស័យនឹងរបស់ដែលគួរសង្ស័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួកនេះឯង ។

[៣៥៥] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា គួរ ក្នុងរបស់ដែលមិនគួរ ១ បុគ្គលមាន សេចក្តីសំគាល់ថា មិនគួរ ក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួកនេះឯង ។

[៣៥៦] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា មិនគួរ ក្នុងរបស់ដែលមិនគួរ ១ បុគ្គលមានសេចក្តីសំគាល់ថា គួរ ក្នុងរបស់ដែលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួកនេះឯង ។

[៣៥៧] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា អាបត្តិ ក្នុងអនាបត្តិ ១ បុគ្គលមានសេចក្តីសំគាល់ថា អនាបត្តិ ក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើន ដល់បុគ្គលពីរពួកនេះឯង ។

[៣៥៨] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា អនាបត្តិ ក្នុងអនាបត្តិ ១ បុគ្គលមានសេចក្តីសំគាល់ថា អាបត្តិ ក្នុងអាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួកនេះឯង ។

[៣៥៩] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា ធម៌ ក្នុងអធម៌ ១ បុគ្គលមានសេចក្តីសំគាល់ថា អធម៌ ក្នុងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួកនេះឯង ។

[៣៦០] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា អធម៌ ក្នុងអធម៌ ១ បុគ្គលមានសេចក្ដីសំគាល់ថា ធម៌ ក្នុងធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួកនេះឯង ។

[៣៦១] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា វិន័យ ក្នុងអវិន័យ ១ បុគ្គលមានសេចក្តីសំគាល់ថា អវិន័យ ក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងចម្រើនដល់បុគ្គលពីរពួកនេះឯង ។

[៣៦២] មា្នលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើនដល់បុគ្គលពីរពួក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមានសេចក្តីសំគាល់ថា អវិន័យ ក្នុងអវិន័យ ១ បុគ្គលមានសេចក្តីសំគាល់ថា វិន័យ ក្នុងវិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ តែងមិនចម្រើន ដល់បុគ្គលពីរពួកនេះឯង ។

ចប់ពាលវគ្គទី៥ ។

ចប់ទុតិយបណ្ណាសក ។

តតិយបណ្ណាសកកែប្រែ

អាសាវគ្គទី១ (ឆដ្ឋ. អាសាទុប្បជហវគ្គទី១)កែប្រែ

[៣៦៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះដែលបុគ្គលលះបានដោយកម្រ ។ សេចក្តីប្រាថ្នាពីរយ៉ាង តើដូចម្តេច ? គឺប្រាថ្នាលាភ ១ ប្រាថ្នាជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះ បុគ្គលលះបានដោយកម្រ ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលដែលធ្វើឧបការៈទុកមុន ១ បុគ្គលដឹងឧបការៈដែលគេធ្វើហើយធ្វើតបវិញ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក ។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលអ្នកឆ្អែត (ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រព) ១ បុគ្គលអ្នកឲ្យគេឆ្អែត (ព្រះអរហន្តសម្មាសម្ពុទ្ធ) ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក ។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយកម្រ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលចេះតែលាក់ទុក របស់ដែលបានមក ១ បុគ្គលដែលកញ្ជះកញ្ជាយ របស់ដែលរកបានមក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយកម្រ ។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយងាយ ។ បុគ្គលពីរពួក តើដូចម្តេច ? គឺបុគ្គលមិនលាក់ទុក របស់ដែលរកបានមក ១ បុគ្គលមិនកញ្ជះកញ្ជាយ របស់ដែលរកបានមក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយងាយ ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យដើម្បីនាំឲ្យរាគៈកើតឡើង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសុភនិមិត្ត ១ អយោនិសោមនសិការ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យរាគៈកើតឡើង ។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យទោសៈកើតឡើង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺបដិឃនិមិត្ត ១ អយោនិសោមនសិការ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យទោសៈកើតឡើង ។

[៣៧០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យមិច្ឆាទិដិ្ឋ កើតឡើង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសូរសំឡេងគឹកកង អំពីសំណាក់អ្នកដទៃ (ការស្តាប់អសទ្ធម្ម) ១ អយោនិសោមនសិការ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យមិច្ឆាទិដ្ឋកើតឡើង ។

[៣៧១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យសម្មាទិដិ្ឋ កើតឡើង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសូរសំឡេង អំពីសំណាក់អ្នកដទៃ (ការស្តាប់ព្រះសទ្ធម្ម) ១ យោនិសោមនសិការ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យដើម្បីនាំឲ្យសម្មាទិដិ្ឋកើតឡើង ។

[៣៧២] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង ។ អាបតិ្តពីរយ៉ាង តើដូចម្តេច ? គឺលហុកាបតិ្ត ១ គរុកាបតិ្ត ១ ។ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៧៣] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង ។ អាបតិ្តពីរយ៉ាង តើដូចម្តេច ? គឺទុដ្ឋុល្លាបត្តិ (អាបតិ្តថ្លោស គឺបារាជិក សង្ឃាទិសេស) ១ អទុដ្ឋុល្លាបត្តិ (អាបត្តិមិនថ្លោស គឺអាបត្តិទាំង ៥ កង) ១ ។ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះ ។

[៣៧៤] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង ។ អាបតិ្តពីរយ៉ាង តើដូចម្តេច ? គឺសាវសេសាបតិ្ត (អាបតិ្តទាំង៥កង) ១ អនវសេសាបតិ្ត (អាបតិ្តបារាជិក) ១ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះឯង ។

ចប់អាសាវគ្គទី១ ។

អាយាចនវគ្គទី២កែប្រែ

[៣៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា កាលបើបន់ស្រន់ ដោយប្រពៃ គប្បីបន់ស្រន់ យ៉ាងនេះថា ព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសភាពយ៉ាងណា អាត្មាអញ សូមឲ្យមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត និងមោគ្គល្លាននេះ ជាជញ្ជីង ជាខ្នាតនៃពួកភិក្ខុ ជាសាវករបស់តថាគត ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីជាអ្នកមានសទ្ធា កាលបើបន់ស្រន់ ដោយប្រពៃ គប្បីបន់ស្រន់ យ៉ាងនេះថា ខេមាភិក្ខុនីក្តី ឧប្បលវណ្ណាភិក្ខុនីក្តី មានសភាពយ៉ាងណា អត្មាអញ សូមឲ្យមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ខេមាភិក្ខុនីនេះក្តី ឧប្បលវណ្ណាភិក្ខុនីនេះក្តី ជាជញ្ជីង ជាខ្នាតនៃពួកភិក្ខុនី ជាសាវិការបស់តថាគត ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ ឧបាសកជាអ្នកមានសទ្ធា កាលបើបន់ស្រន់ ដោយប្រពៃ គប្បីបន់ស្រន់ យ៉ាងនេះថា ចិត្តគហបតីក្តី ហត្ថកអាឡវកគហបតីក្តី មានសភាពយ៉ាងណា អត្មាអញ សូមឲ្យមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ចិត្តគហបតីនេះក្តី ហត្ថកអាឡវកគហបតីនេះក្តី ជាជញ្ជីង ជាខ្នាតនៃពួកឧបាសក ជាសាវករបស់តថាគត ។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ ឧបាសិកាជាអ្នកមានសទ្ធា កាលបើបន់ស្រន់ ដោយប្រពៃ គប្បីបន់ស្រន់ យ៉ាងនេះថា ខុជ្ជុត្តរាឧបាសិកាក្តី វេឡុកណ្តកិយានន្ទមាតាកី្ត មានសភាពយ៉ាង ណា អត្មាអញ សូមឲ្យមានសភាពដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ខុជ្ជុត្តរាឧបាសិកានេះក្តី វេឡុកណ្តកិយានន្ទមាតានេះកី្ត ជាជញ្ជីង ជាខ្នាតនៃពួកឧបាសិកា ជាសាវិការបស់តថាគត ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ពីរយ៉ាង តែងរក្សាខ្លួនដែលខ្លួនជីកគាស់រំលើង កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបច្រើនផង ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺមិនពិចារណា មិនរំពឹងឲ្យជ្រៅ ស្រាប់តែសរសើរគុណ របស់បុគ្គលមិនគួរសរសើរ ១ មិនពិចារណា មិនរំពឹងឲ្យជ្រៅ ស្រាប់តែពោលទោស របស់បុគ្គលគួរសរសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ពីរយ៉ាងនេះ តែងរក្សាខ្លួនដែលខ្លួនជីកគាស់រំលើង កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ពីរយ៉ាង តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនប្រកបដោយទោសផង មិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺពិចារណា រំពឹងឲ្យជ្រៅ ទើបពោលទោស របស់បុគ្គលគួរពោលទោល ១ ពិចារណា រំពឹងឲ្យជ្រៅ ទើបសរសើរគុណ របស់បុគ្គលគួរសរសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ពីរយ៉ាងនេះ តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនប្រកបដោយទោសផង មិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។

[៣៨០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំងឡាយពីរយ៉ាង តែងរក្សាខ្លួនដែលខ្លួនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺមិនពិចារណា មិនរំពឹងឲ្យជ្រៅ ស្រាប់តែបណ្តុះសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិនពិចារណា មិនរំពឹងឲ្យជ្រៅ ស្រាប់តែបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំងពីរយ៉ាងនេះ តែងរក្សាខ្លួនដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ទាំងឡាយពីរយ៉ាង តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង មិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺពិចារណា រំពឹងឲ្យជ្រៅ ទើបបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា រំពឹងឲ្យជ្រៅ ទើបបណ្តុះសេចក្តីជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ពីរយ៉ាងនេះ តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង មិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ។

[៣៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួនដែលខ្លួនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ បុគ្គលពីរពួក តើដូចម្តេច ? គឺមាតា ១ បិតា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស កាលប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួនដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ជាអ្នកប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រតិបត្តិត្រូវ ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង ជាអ្នកមិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ។ បុគ្គលពីរពួក តើដូចម្តេច ? គឺមាតា ១ បិតា ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រតិបត្តិត្រូវ ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង ជាអ្នកមិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។

[៣៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួនដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ បុគ្គលពីរពួក តើដូចម្តេច ? គឺព្រះតថាគត ១ សាវករបស់ព្រះតថាគត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រតិបតិ្តខុស ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួនដែលខ្លួនជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកប្រកបដោយទោសផង ប្រកបដោយដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបាបដ៏ច្រើនផង ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រតិបត្តិត្រូវ ក្នុងបុគ្គលពីរពួក តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង មិនមានដំនៀល នៃអ្នកប្រាដ្ញទាំងឡាយផង តែងបាននូវបុណ្យ ដ៏ច្រើនផង ។ បុគ្គលពីរពួក តើដូចម្តេច ? គឺព្រះតថាគត ១ សាវករបស់ព្រះតថាគត ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ជាអ្នកឈ្លាសវៃ ជាសប្បុរស ប្រតិបត្តិត្រូវ ក្នុងបុគ្គលពីរពួកនេះ តែងរក្សាខ្លួនដែលខ្លួនមិនបានជីកគាស់ កំចាត់គុណចោលចេញ ជាអ្នកមិនមានទោសផង មិនមានដំនៀល នៃអ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង ។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការជម្រះចិត្ត របស់ខ្លួនឲ្យផូរផង់ ១ មិនប្រកាន់មាំ នូវអ្វីបន្តិចបន្តួច ក្នុងលោក [បណ្ដាអារម្មណ៍ ទាំង៦ មានរូបារម្មណ៍ ជាដើម មិនកាន់យកអារម្មណ៍ណាមួយឡើយ ។ (អដ្ឋកថា) ។] ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៨៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីក្រោធ១ ចងគំនុំ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៣៨៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការកំចាត់សេចក្តីក្រោធ ១ កំចាត់បង់នូវគំនុំ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

ចប់អាយាចនវគ្គទី២ ។

ទានវគ្គទី៣កែប្រែ

[៣៨៦] ម្នាលភិក្ខុទាំងឡាយ ទានទាំងឡាយនេះ មានពីរយ៉ាង ។ ទានពីរយ៉ាង តើដូចម្តេច ? គឺអាមិសទាន ១ ធម្មទាន ១ ។ ម្នាលភិក្ខុទាំងឡាយ ទានទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទានពីរយ៉ាងនេះ ធម្មទាននុ៎ះ ប្រសើរជាង ។

[៣៨៧] ម្នាលភិក្ខុទាំងឡាយ ការបូជាទាំងឡាយនេះ មានពីរយ៉ាង ។ ការបូជាពីរយ៉ាង តើដូចម្តេច ? គឺការបូជាដោយអាមិសៈ ១ ការបូជាដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការបូជាទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការបូជាទាំងពីរយ៉ាងនេះ ការបូជាដោយធម៌នុ៎ះ ប្រសើរជាង ។

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ចាគៈទាំងឡាយនេះ មានពីរយ៉ាង ។ ចាគៈពីរយ៉ាង តើដូចម្តេច ? គឺអាមិសច្ចាគៈ ១ ធម្មច្ចាគៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចាគៈទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាចាគៈទាំងពីរយ៉ាងនេះ ធម្មច្ចាគៈនុ៎ះ ប្រសើរជាង ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ ការបរិច្ចាគទាំងឡាយនេះ មានពីរយ៉ាង ។ ការបរិច្ចាគ ពីរយ៉ាង តើដូចម្តេច ? គឺអាមិសបរិច្ចាគ ១ ធម្មបរិច្ចាគ ១ ។ ម្នាលភិក្ខុទាំងឡាយ ការបរិច្ចាគ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបរិច្ចាគពីរយ៉ាងនេះ ធម្មបរិច្ចាគនុ៎ះ ប្រសើរជាង ។

[៣៩០] ម្នាលភិក្ខុទាំងឡាយ ភោគៈទាំងឡាយនេះ មានពីរយ៉ាង ។ ភោគៈពីរយ៉ាង តើដូចម្តេច ? គឺអាមិសភោគៈ ១ ធម្មភោគៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភោគៈទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភោគៈពីរយ៉ាងនេះ ធម្មភោគៈនុះ ប្រសើរជាង ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់ទាំងឡាយនេះ មានពីរយ៉ាង ។ ការប្រើប្រាស់ពីរយ៉ាង តើដូចម្តេច ? គឺប្រើប្រាស់អាមិសៈ ១ ប្រើប្រាស់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់ទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការប្រើប្រាស់ពីរយ៉ាងនេះ ការប្រើប្រាស់ធម៌នុ៎ះ ប្រសើរជាង ។

[៣៩២] ម្នាលភិក្ខុទាំងឡាយ ការចែករលែកទាំងឡាយនេះ មានពីរយ៉ាង ។ ការចែករលែកពីរយ៉ាង តើដូចម្តេច ? គឺការចែករលែកអាមិសៈ ១ ការចែករលែកធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការចែករលែកទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការចែករលែកពីរយ៉ាងនេះ ការចែករលែកធម៌នុ៎ះ ប្រសើរជាង ។

[៣៩៣] ម្នាលភិក្ខុទាំងឡាយ ការសង្គ្រោះទាំងឡាយនេះ មានពីរយ៉ាង ។ ការសង្គ្រោះពីរយ៉ាង តើដូចម្តេច ? គឺសង្រ្គោះដោយអាមិសៈ ១ សង្គ្រោះដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការសង្រ្គោះទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការសង្គ្រោះពីរយ៉ាងនេះ ការសង្គ្រោះដោយធម៌នុ៎ះ ប្រសើរជាង ។

[៣៩៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីអនុគ្រោះទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីអនុគ្រោះពីរយ៉ាង តើដូចម្តេច ? គឺអនុគ្រោះដោយអាមិសៈ ១ អនុគ្រោះដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីអនុគ្រោះទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីអនុគ្រោះពីរយ៉ាងនេះ អនុគ្រោះដោយធម៌នុ៎ះ ប្រសើរជាង ។

[២៩៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីអាសូរទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីអាសូរពីរយ៉ាង តើដូចម្តេច ? គឺអាសូរដោយអាមិសៈ ១ អាសូរដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីអាសូរទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីអាសូរទាំងពីរយ៉ាងនេះ សេចក្តីអាសូរដោយធម៌នុ៎ះ ប្រសើរជាង ។

ចប់ទានវគ្គទី៣ ។

សន្ថារវគ្គទី៤កែប្រែ

[៣៩៦] ម្នាលភិក្ខុទាំងឡាយ ការរាក់ទាក់ទាំងឡាយនេះ មានពីរយ៉ាង ។ ការរាក់ទាក់ពីរយ៉ាង តើដូចម្តេច ? គឺការរាក់ទាក់ ដោយអាមិសៈ ១ ការរាក់ទាក់ដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការរាក់ទាក់ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការរាក់ទាក់ពីរយ៉ាងនេះ ការរាក់ទាក់ដោយធម៌នុ៎ះ ប្រសើរជាង ។

[៣៩៧] ម្នាលភិក្ខុទាំងឡាយ បដិសន្ថារៈទាំងឡាយនេះ មានពីរយ៉ាង ។ បដិសន្ថារៈ ពីរយ៉ាង តើដូចម្តេច ? គឺបដិសន្ថារៈ ដោយអាមិសៈ ១ បដិសន្ថារៈដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ បដិសន្ថារៈ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបដិសន្ថារៈទាំងពីរយ៉ាងនេះ បដិសន្ថារៈ ដោយធម៌នុ៎ះ ប្រសើរជាង ។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ ការសែ្វងរកនេះ មានពីរយ៉ាង ។ ការសែ្វងរកពីរយ៉ាង តើដូចម្តេច ? គឺការសែ្វងរកអាមិសៈ ១ ការស្វែងរកធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការសែ្វងរក មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការសែ្វងរកទាំងពីរយ៉ាងនេះ ការស្វែងរកធម៌នុ៎ះ ប្រសើរជាង ។

[៣៩៩] ម្នាលភិក្ខុទាំងឡាយ ការស្វះស្វែងទាំងឡាយនេះ មានពីរយ៉ាង ។ ការស្វះស្វែង ពីរយ៉ាងនេះ តើដូចម្តេច ? គឺការស្វះស្វែងអាមិសៈ ១ ការស្វះសែ្វងធម៌ ១ ។  ម្នាលភិក្ខុទាំងឡាយ ការស្វះស្វែងទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការស្វះស្វែងពីរយ៉ាងនេះ ការស្វះស្វែងធម៌នុ៎ះ ប្រសើរជាង ។

[៤០០] ម្នាលភិក្ខុទាំងឡាយ ការត្រាច់រកទាំងឡាយនេះ មានពីរយ៉ាង ។ ការត្រាច់រកពីរយ៉ាង តើដូចម្តេច ? គឺការត្រាច់រកអាមិសៈ ១ ការត្រាច់រកធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់រកទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការត្រាច់រកពីរយ៉ាងនេះ ការត្រាច់រកធម៌នុ៎ះ ប្រសើរជាង ។

[៤០១] ម្នាលភិក្ខុទាំងឡាយ បូជាទាំងឡាយនេះ មានពីរយ៉ាង ។ បូជាពីរយ៉ាង តើដូចម្តេច ? គឺអាមិសបូជា ១ ធម្មបូជា ១ ។ ម្នាលភិក្ខុទាំងឡាយ បូជាទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបូជាពីរយ៉ាងនេះ ធម្មបូជានុ៎ះ ប្រសើរជាង ។

[៤០២] ម្នាលភិក្ខុទាំងឡាយ ទានដើម្បីភ្ញៀវទាំងឡាយនេះ មានពីរយ៉ាង ។ ទានដើម្បីភ្ញៀវពីរយ៉ាង តើដូចម្តេច ? គឺទានដើម្បីភ្ញៀវ ដោយអាមិសៈ១ ទានដើម្បីភ្ញៀវដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ទានដើម្បីភ្ញៀវទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទានដើម្បីភ្ញៀវពីរយ៉ាងនេះ ទានដើម្បីភ្ញៀវ ដោយធម៌នុ៎ះ ប្រសើរជាង ។

[៤០៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្រេចទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីសម្រេចពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីសម្រេច ដោយអាមិសៈ ១ សេចក្តីសម្រេច ដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្រេចទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសម្រេចពីរយ៉ាងនេះ សេចក្តីសម្រេច ដោយធម៌នុ៎ះ ប្រសើរជាង ។

[៤០៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនទាំងឡាយនេះ មានពីរយ៉ាង ។ សេចក្តីចម្រើន ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីចម្រើន ដោយអាមិសៈ ១ សេចក្តីចម្រើន ដោយធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនទាំងឡាយ មានពីរយ៉ាងឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីចម្រើនពីរយ៉ាងនេះ សេចក្តីចម្រើនដោយធម៌នុ៎ះ ប្រសើរជាង ។

[៤០៥] ម្នាលភិក្ខុទាំងឡាយ រតនៈទាំងឡាយនេះ មានពីរយ៉ាង ។ រតនៈពីរយ៉ាង តើដូចម្តេច ? គឺអាមិសរតនៈ ១ ធម្មរតនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ រតនៈទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តារតនៈពីរយ៉ាងនេះ ធម្មរតនៈនុ៎ះ ប្រសើរជាង ។

[៤០៦] ម្នាលភិក្ខុទាំងឡាយ ការសន្សំទាំងឡាយនេះ មានពីរយ៉ាង ។ ការសន្សំពីរយ៉ាង តើដូចម្តេច ? គឺការសន្សំអាមិសៈ ១ ការសន្សំធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ការសន្សំទាំងឡាយ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាការសន្សំពីរយ៉ាងនេះ ការសន្សំធម៌នុ៎ះ ប្រសើរជាង ។

[៤០៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្បូរណ៍នេះ មានពីរយ៉ាង ។ សេចក្តីសម្បូរណ៍ ពីរយ៉ាង តើដូចម្តេច ? គឺសម្បូរណ៍អាមិសៈ ១ សម្បូរណ៍ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្បូរណ៍ មានពីរយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសម្បូរណ៍ពីរយ៉ាងនេះ សេចក្តីសម្បូរណ៍ធម៌នុ៎ះ ប្រសើរជាង ។

ចប់សន្ថារវគ្គទី៤ ។

សមាបត្តិវគ្គទី៥កែប្រែ

[៤០៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការឈ្លាសវៃ ក្នុងសមាបត្តិ ១ ការឈ្លាសវៃ ក្នុងកិច្ចចេញចាកសមាបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤០៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺភាពនៃចិត្តត្រង់ ១ ភាពនៃចិត្តទន់ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទំាងឡាយ មានពីរយ៉ាង នេះឯង ។

[៤១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺខន្តិ ១ សោរច្ចៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសំដីពីរោះ ១ ការទទួលរាក់ទាក់ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនបៀតបៀន ១ សេចក្តីស្អាត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការមិនរក្សាទ្វារ ក្នុងឥន្ទ្រិយ ១ ការមិនស្គាល់ប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការរក្សាទ្វារ ក្នុងឥន្រ្ទិយ ១ ការស្គាល់ប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺកម្លាំងពិចារណា ១ កម្លាំងភាវនា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺកម្លាំងស្មារតី ១ កម្លាំងសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាង នេះឯង ។

[៤១៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសមថៈ ១ វិបស្សនា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសីលវិបត្តិ ១ ទិដ្ឋិវិបត្តិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤១៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសីលសម្បទា ១ ទិដ្ឋិសម្បទា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤២០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសីលវិសុទិ្ធ ១ ទិដ្ឋិវិសុទ្ធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤២១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីបរិសុទ្ធ ដោយទិដ្ឋិ ១ សេចក្តីព្យាយាម របស់បុគ្គលដែលមានទិដ្ឋិ ដ៏សមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤២២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនសន្តោស ក្នុងពួកកុសលធម៌ ១ មិនធុញទ្រាន់ ក្នុងការព្យាយាម ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤២៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺការភ្លេចស្មារតី ១ សេចក្តីមិនភ្ញាក់ខ្លួន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាង នេះឯង ។

[៤២៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសតិ ១ សម្បជញ្ញៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

ចប់សមាបត្ដិវគ្គទី៥ ។

ចប់តតិយបណ្ណាសក ។

កោធបេយ្យាលកែប្រែ

ពួកសូត្រដែលមិនបានសង្រ្គោះក្នុងបណ្ណាសកកែប្រែ

[៤២៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីក្រោធ ១ ចងគំនុំ ១ … លុបគុណ ១ លើកកម្ពស់ ១… ឫស្យា ១ កំណាញ់ ១ … លាក់ពុត ១ អួតអាង ១ … មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ពីរយ៉ាង តែងនៅជាទុក្ខ ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីក្រោធ ១ ចងគំនុំ ១… លុបគុណ ១ លើកកម្ពស់ ១… ឫស្យា ១ កំណាញ់ ១ … លាក់ពុត ១ អួតអាង ១ … មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំងពីរយ៉ាងនេះ តែងនៅជាទុក្ខ ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ពីរយ៉ាង តែងនៅជាសុខ ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ពីរយ៉ាងនេះ តែងនៅជាសុខ ។

[៤២៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ តែងប្រព្រឹត្តទៅដើម្បីសាបសូន្យ នៃសេក្ខភិក្ខុ ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីក្រោធ ១ ចងគំនុំ ១ … លុបគុណ ១ លើកកម្ពស់ ១… ឫស្យា ១ កំណាញ់ ១ … លាក់ពុត ១ អួតអាង ១ … មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងពីរយ៉ាងនេះ តែងប្រព្រឹត្តទៅដើម្បីសាបសូន្យ នៃសេក្ខភិក្ខុ ។

[៤៣០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ តែងប្រព្រឹត្តទៅដើម្បីមិនសាបសូន្យ នៃសេក្ខភិក្ខុ ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ តែងប្រព្រឹតិ្តទៅដើម្បីមិនសាបសូន្យ នៃសេក្ខភិក្ខុ ។

[៤៣១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំងពីរយ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចគេយកទៅទំលាក់ចោល ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីក្រោធ ១ ចងគំនុំ ១ …លុបគុណ ១ លើកកម្ពស់ ១… ឫស្យា ១ កំណាញ់ ១ … លាក់ពុត ១ អួតអាង ១ … មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំងពីរយ៉ាងនេះ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេយកទៅទំលាក់ចោល ។

[៤៣២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំងពីរយ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំងពីរយ៉ាងនេះ នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។

[៤៣៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ពីរយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីក្រោធ ១ ចងគំនុំ ១ … លុបគុណ ១ លើកកម្ពស់ ១… ឫស្យា ១ កំណាញ់ ១ … លាក់ពុត ១ អួតអាង ១ … មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ទាំងពីរយ៉ាងនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ពីរយ៉ាង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយធម៌ ពីរយ៉ាងនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។

អកុសលបេយ្យាលកែប្រែ

[៤៣៥] ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាអកុសល… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាកុសល… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ប្រកបដោយទោស … ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មិនមានទោស… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាគ្រឿងចម្រើនសេចក្តីទុក្ខ…ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាគ្រឿងចម្រើនសេចក្តីសុខ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មានផលជាទុក្ខ… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មានផលជាសុខ… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ប្រកបដោយព្យាបាទ… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មិនប្រកបដោយព្យាបាទ ។ ធម៌ពីរយ៉ាង តើដូចម្តេច ? គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកម្ពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មិនប្រកបដោយព្យាបាទឡើយ ។

វិនយបេយ្យាលកែប្រែ

[៤៣៦] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បញ្ញត្តសិក្ខាបទ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ពីរយ៉ាងនេះ ។ អំណាចប្រយោជន៍ពីរយ៉ាង តើដូចម្តេច ? គឺដើម្បីសេចក្តីល្អ ដល់សង្ឃ ១ ដើម្បីនៅសប្បាយ នៃសង្ឃ ១ … ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយដែលមិនមានសេចក្តីអៀនខ្មាស ១ ដើម្បីនៅជាសុខស្រួល នៃភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ១… ដើម្បីរារាំង នូវអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវពៀរទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវពៀរទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវទោសទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវទោសទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវភ័យទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវភ័យទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវអកុសលធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអកុសលធម៌ទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីអនុគ្រោះ ដល់គ្រហស្ថទាំងឡាយ ១ ដើម្បីផ្ដាច់បង់នូវពួក នៃភិក្ខុមានប្រាថ្នាដ៏លាមក ១ ដើម្បីដឹកនាំជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីដឹកនាំជនទាំងឡាយដែលជ្រះថ្លាស្រាប់ហើយឲ្យរឹងរឹតតែជ្រះថ្លាឡើង ១ ដើម្បីតម្កល់មាំ នៃព្រះសទ្ធម្ម [បានដល់ព្រះសទ្ធម្ម ៣យ៉ាង គឺបរិយត្តិសទ្ធម្ម១ បដិបត្តិសទ្ធម្ម១ អធិគមសទ្ធម្ម១ ឬបដិវេធសទ្ធម្ម១ ។] ១ ដើម្បីអនុគ្រោះ ដល់វិន័យ [ដើម្បីទំនុកបំរុងគាំទ្រ ដល់វិន័យ ៤ យ៉ាង គឺសតិសំវរវិន័យ បានដល់ការសង្រួមញាណឥន្រ្ទិយ… ១ បហានវិន័យ បានដល់ការលះទុច្ចរិត លះធម៌ដែលគួរលះ… ១ សមថវិន័យ បានដល់សមថៈ ទាំង ៧ យ៉ាង ១ បញ្ញត្តិវិន័យ បានដល់សិក្ខាបទដែលជាអសាធារណៈ ទ្រង់បញ្ញត្តមិនឲ្យទួទៅ ដល់ភិក្ខុនីផង១ ។ បឋមសមន្ត ។] ១ ។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តសិក្ខាបទ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ទាំងពីរយ៉ាងនេះ ។

[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តបាតិមោក្ខ ដល់សាវកទាំងឡាយ… បញ្ញត្តបាតិមោក្ខុទេ្ទស… បញ្ញត្តការបញ្ឈប់បាតិមោក្ខ… បញ្ញត្តបវារណា… បញ្ញត្តការបញ្ឈប់បវារណា… បញ្ញត្តតជ្ជនីយកម្ម… បញ្ញត្តនិយស្សកម្ម… បញ្ញត្តបញ្វជនីយកម្ម… បញ្ញត្តបដិសារណីយកម្ម…បញ្ញត្តឧក្ខេបនីយកម្ម… បញ្ញត្តការឲ្យបរិវាស… បញ្ញត្តការទាញអន្តរាបតិ្ត មកដាក់ក្នុងមូលាបតិ្ត … បញ្ញត្តការឲ្យមានត្ត… បញ្ញត្តអពា្ភន… បញ្ញត្តឱសារណកម្ម … បញ្ញត្តនិស្សារណកម្ម… បញ្ញត្តឧបសម្បទា … បញ្ញត្តញតិ្តកម្ម… បញ្ញត្តញតិ្តទុតិយកម្ម… បញ្ញត្តញតិ្តចតុត្ថកម្ម…. បញ្ញត្តក្នុងសិក្ខាបទដែលមិនទាន់បញ្ញត្ត… បញ្ញត្តថែម ក្នុងសិក្ខាបទដែលបានបញ្ញត្តរួចហើយ… បញ្ញត្តសម្មុខាវិន័យ… បញ្ញត្តសតិវិន័យ… បញ្ញត្តអមូឡ្ហវិន័យ… បញ្ញត្តបដិញ្ញាតករណៈ… បញ្ញត្តយេភុយ្យសិកា… បញ្ញត្តតស្សបាបិយសិកា… បញ្ញត្តតិណវត្ថារកៈ… ព្រោះអាស្រ័យអំណាចប្រយោជន៌ពីរយ៉ាងនេះ ។ អំណាចប្រយោជន៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយ នៃសង្ឃ១… ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយដែលមិនអៀនខ្មាស ១ ដើម្បីនៅជាសុខស្រួល នៃភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ១ ដើម្បីរារាំង នូវអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវពៀរទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវពៀរទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវទោសទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវទោសទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវភ័យទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវភ័យទាំងឡាយ ក្នុងខាងមុខ១… ដើម្បីរារាំង នូវអកុសលធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអកុសលធម៌ទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីអនុគ្រោះ ដល់គ្រហស្ថទាំងឡាយ ១ ដើម្បីផ្តាច់បង់នូវពួក នៃភិក្ខុមានសេចកី្តប្រាថ្នាលាមក ១… ដើម្បីដឹកនាំជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីដឹកនាំជនទាំងឡាយដែលជ្រះថ្លាស្រាប់ហើយឲ្យរឹតតែជ្រះថ្លាឡើង ១… ដើម្បីតម្កល់មាំ នៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះ ដល់វិន័យ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បញ្ញតតិណវត្ថារកៈ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ពីរយ៉ាងនេះ ។

រាគបេយ្យាលកែប្រែ

[៤៣៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងដែលបុគ្គលគួរចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ធម៌ទាំងពីរយ៉ាង តើដូចម្តេច ? គឺសមថៈ ១ វិបស្សនា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះដែលបុគ្គលគួរចម្រើន ដើម្បីដឹងច្បាស់នូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹងនូវរាគៈ… ដើម្បីធ្វើឲ្យអស់ទៅ… ដើម្បីលះបង់… ដើម្បីធ្វើឲ្យសាបសូន្យ … ដើម្បីធ្វើឲ្យវិនាស… ដើម្បីនឿយណាយ… ដើម្បីរលត់ទៅ… ដើម្បីបន្សាត់បង់… ដើម្បីរលាស់

ចោល (នូវរាគៈ) ។ ធម៌ពីរយ៉ាងនេះដែលបុគ្គលគួរចម្រើន ។

[៤៣៩] ធម៌ពីរយ៉ាងនេះ បុគ្គលគួរចម្រើន ដើម្បីដឹងច្បាស់… ដើម្បីកំណត់ដឹង… ដើម្បីអស់ទៅ… ដើម្បីលះបង់… ដើម្បីសាបសូន្យ… ដើម្បីវិនាស… ដើម្បីនឿយណាយ… ដើម្បីរលត់ទៅ… ដើម្បីបន្សាត់បង់… ដើម្បីរលាស់ចោលនូវទោសៈ… នូវមោហៈ… នូវសេចក្តីក្រោធ… នូវគំនុំ… នូវសេចក្តីលុបគុណ… នូវការលើកកម្ពស់… នូវឫស្យា… នូវកំណាញ់… នូវការលាក់ពុត… នូវសេចក្តីអួតអាង… នូវសេចក្តីរឹងត្អឹង… នូវការប្រណាំងប្រជែង… នូវមានះ… នូវសេចក្តីមើលងាយ… នូវសេចក្តីស្រវឹង… នូវសេចក្តីប្រមាថ… ។

ចប់ទុកនិបាត ។

ចប់ភាគ ៤០ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ឯក-ទុកនិបាត > បឋមភាគ (សៀវភៅ​ភាគ៤០)

พระไตรปิฎกเล่มที่ ๒๐ > พระสุตตันตปิฎก เล่ม ๑๒ > อังคุตตรนิกาย > เอก-ทุก-ติกนิบาต