ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ឆក្កនិបាត

សត្តមភាគ

បឋមបណ្ណាសកកែប្រែ

អាហុនេយ្យវគ្គកែប្រែ

បឋមអាហុនេយ្យសូត្រ ទី១កែប្រែ

[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ លុះព្រះដ៏មានព្រះភាគ សំដែងសូត្រនេះចប់ហើយ ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត នៃព្រះដ៏មានព្រះភាគ ។

ទុតិយអាហុនេយ្យសូត្រ ទី២កែប្រែ

[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការបាន គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំងឲ្យទៅជាទីវាលក៏បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទម្លុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ឥតទើសទាល់ ដូចដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចមុជងើបក្នុងទឹកក៏បាន ដើរទៅលើទឹក ឥតបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែតទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ដោយដៃក៏បាន ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកក៏បាន ១ ។ ភិក្ខុមាន សោតធាតុជាទិព្វដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា រមែងស្តាប់សំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ជិតក៏បាន ១ ។ ភិក្ខុរមែងកំណត់ដឹងច្បាស់ នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី… ចិត្តដែលប្រកបដោយទោសៈក្តី… ចិត្តដែលប្រាសចាកទោសៈក្តី… ចិត្តដែលប្រកបដោយមោហៈក្តី… ចិត្តដែលប្រាសចាកមោហៈក្តី ចិត្តដែលរួញរាក្តី… ចិត្តដែលរាយមាយក្តី… ចិត្តដែលជាមហគ្គតៈក្តី… ចិត្តដែលមិនមែនជាមហគ្គតៈក្តី… ចិត្តដែលជាសឧត្តរៈក្តី… ចិត្តដែលជាអនុត្តរៈក្តី… ចិត្តដែលតាំងមាំក្តី… ចិត្តដែលមិនតាំងមាំក្តី… ចិត្តដែលរួចចាកកិលេសក្តី… ចិត្តមិនរួចចាកកិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចចាកកិលេស ១ ។ ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនជាច្រើនជាតិ គឺរលឹកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែនជាតិក៏បានខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អញបានកើតក្នុងភពឯណោះ មានឈ្មោះ យ៉ាងនេះ មានគោត្រ យ៉ាងនេះ មានសម្បុរ យ៉ាងនេះ មានអាហារ យ៉ាងនេះ បានទទួលសុខទុក្ខ យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអញច្យុតចាកភពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលអញបានទៅកើត ក្នុងភពនោះ មានឈ្មោះ យ៉ាងនេះ មានគោត្រ យ៉ាងនេះ មានសម្បុរ យ៉ាងនេះ មានអាហារ យ៉ាងនេះ បានទទួលសុខទុក្ខ យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអញច្យុតចាកភពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ១ ។ ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលកំពុងច្យុត និងកំពុងកើត មានសភាពថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកមុ្មរបស់ខ្លួនថា អើហ៎្ន សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំ នូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែកឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំ នូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិសួគ៌ ទេវលោក ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ មានសភាពថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ១ ។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

ឥន្ទ្រិយសូត្រ ទី៣កែប្រែ

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺ ភិក្ខុប្រកបដោយសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង នេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែលគេរៀបចំទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

ពលសូត្រ ទី៤កែប្រែ

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុប្រកបដោយសទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

បឋមអាជានីយសូត្រ ទី៥កែប្រែ

[៥] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសម្បុរ ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាងនេះឯង ទើបជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ ប្រកបដោយធម៌ ៦ យ៉ាង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

ទុតិយអាជានីយសូត្រ ទី៦កែប្រែ

[៦] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៍ដោយកម្លាំង ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេចប្រកបដោយអង្គ ៦ យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបជាអ្នកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

តតិយអាជានីយសូត្រ ទី៧កែប្រែ

[៧] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា ។ ប្រកបដោយអង្គ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសន្ទុះ  ១ ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦ យ៉ាងនេះឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ប្រកបដោយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ ។បេ។ អត់ធន់នឹងធម្មារម្មណ៍ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

អនុត្តរិយសូត្រ ទី៨កែប្រែ

[៨] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតដ៏ប្រសើរ) នេះ មាន ៦ យ៉ាង ។ អនុត្តរិយៈ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺ ទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ មាន ៦ យ៉ាងនេះឯង ។

អនុស្សតិដ្ឋានសូត្រ ទី៩កែប្រែ

[៩] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃសេចក្តីរលឹក) នេះ មាន៦ យ៉ាង ។ អនុស្សតិដ្ឋាន ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១ ។ ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន មាន៦ យ៉ាងនេះឯង ។

មហានាមសូត្រ ទី១០កែប្រែ

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីដ៏សមគួរ ។ លុះមហានាមសក្កៈ ប្រថាប់ក្នុងទីសមគួរស៊ប់ហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនា គឺត្រៃសិក្ខាហើយ តើអរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌ដូចម្តេច ។ ថ្វាយព្រះពរមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ ។ បពិត្រមហានាម អរិយសាវក ក្នុងសាសនានេះ រលឹករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាករាគាទិក្កិលេស ត្រាស់ដឹងនូវញេយ្យធម៌ ដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរ ដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ដោយហេតុនេះៗ ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណនៃព្រះតថាគត ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែងជាចិត្តត្រង់បាន ព្រោះប្រារព្ធនូវគុណ នៃព្រះតថាគត ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់ រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលប្រកបដោយសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចម្រើននូវពុទ្ធានុស្សតិកម្មដ្ឋាន ។ បពិត្រមហានាម មួយទៀត អរិយសាវករលឹករឿយៗ នូវគុណព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវព្រះធម៌ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះធម៌ ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចម្រើននូវធម្មានុស្សតិកម្មដ្ឋាន ។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវគុណនៃព្រះសង្ឃថា ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីត្រាស់ដឹងព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិគួរដល់សាមីចិកម្ម បើរាប់ជាគូនៃបុរស បាន៤គូ បើរាប់រៀងជាបុរសបុគ្គល បាន៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវកនៃព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណព្រះសង្ឃ ក្នុងសម័យនោះ អរិយសាវកនោះ ក៏មិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះសង្ឃ ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេច នូវធម្មស្សោតៈ គឺវិបស្សនា ចម្រើនសង្ឃានុស្សតិកម្មដ្ឋាន ។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវសីលរបស់ខ្លួន ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺ មិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវសីលរបស់ខ្លួន ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវសីល ។ បពិត្រមហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចម្រើននូវសីលានុស្សតិកម្មដ្ឋាន បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវចាគៈរបស់ខ្លួនថា ឱហ៎្ន អញពេញជាមានលាភហើយ ឱហ៎្ន អត្តភាពជាមនុស្ស អញពេញជា បានល្អហើយ ព្រោះកាលពួកសត្វមានសេចក្តីកំណាញ់ជាមន្ទិល កំពុងរួបរឹត អញមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការលះរួចផុតហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ ជាបុគ្គលគួរគេសូម ត្រេកអរក្នុងការចែកចាយទាន នៅគ្រប់គ្រងផ្ទះ ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវចាគៈ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវចាគៈ ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចម្រើននូវចាគានុស្សតិកម្មដ្ឋាន ។ បពិត្រមហានាម មួយវិញទៀត អរិយសាវក ចម្រើននូវទេវតានុស្សតិថា ទេវតាទាំងឡាយ ជាន់ចាតុម្មហារាជិកៈក៏មាន ទេវតាទាំងឡាយជាន់តាវត្តឹង្សក៏មាន ទេវតាទាំងឡាយជាន់យាមៈក៏មាន ទេវតាទាំងឡាយជាន់តុសិតក៏មាន ទេវតាទាំងឡាយ ជាន់និម្មានរតីក៏មាន ទេវតាទាំងឡាយ ជាន់បរនិម្មិតវសវត្តីក៏មាន ទេវតាទាំងឡាយជាព្រហ្មកាយិកៈក៏មាន ទេវតាទាំងឡាយខ្ពស់លើសជាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធា មានសភាព យ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សទ្ធារបស់អញដែលមានសភាព យ៉ាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសីល មានសភាព  យ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សីលរបស់អញ ដែលមានសភាព យ៉ាងនោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាព យ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សុតៈរបស់អញ ដែលមានសភាព យ៉ាងនោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយចាគៈមានសភាព យ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ ចាគៈរបស់អញ ដែលមានសភាពដូច្នោះក៏មាន ទេវតាទាំងនោះ ប្រកបដោយបញ្ញាមានសភាព យ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ បញ្ញារបស់អញ ដែលមានសភាពដូច្នោះក៏មាន ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវសទ្ធា សីល សុតៈ ចាគៈ និងបញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវពួកទេវតា ។ បពិត្រមហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ដែលប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺ វិបស្សនា ចម្រើននូវទេវតានុស្សតិកម្មដ្ឋាន ។ បពិត្រមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ ។

ចប់ អាហុនេយ្យវគ្គ ទី១ ។

ឧទ្ទាននៃអាហុនេយ្យវគ្គនោះគឺ

និយាយអំពីអាហុនេយ្យបុគ្គល ២លើក អំពីឥន្រ្ទិយ ១ ពលៈ ១ សេះអាជានេយ្យ ៣លើក អនុត្តរិយៈ ១ អនុស្សតិ ១ មហានាមសក្កៈ ១ រួមជា ១០ ។

សារាណីយាទិវគ្គកែប្រែ

បឋមសារណីយសូត្រ ទី១កែប្រែ

[១១] ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ (ធម៌គួររលឹក) នេះ មាន៦ យ៉ាង ។ សារាណីយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់នូវកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុតម្កល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកបរិភោគ មិនញែកមុខដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែរបស់ដែលមានក្នុងបាត្រ ជាអ្នកបរិភោគជាសាធារណៈ ដោយសព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីលស្មើគ្នានឹងសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នានឹងសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់ទៅនៃកងទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦ យ៉ាងនេះឯង ។

ទុតិយសារណីយសូត្រ ទី២កែប្រែ

[១២] ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦ យ៉ាងនេះ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។ សារាណីយធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តម្កល់កាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុតម្កល់វចីកម្ម ប្រកបដោយមេត្តា ។បេ។ តម្កល់មនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តី ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកបរិភោគ មិនញែកមុខ ដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែរបស់ ដែលមានក្នុងបាត្រ ជាអ្នកបរិភោគជាសាធារណៈ ដោយសព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានសីលស្នើគ្នានឹងសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃកងទុក្ខ ដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ដែលធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។ ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦ យ៉ាងនេះឯង ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា ។

និស្សារណីយសូត្រ ទី៣កែប្រែ

[១៣] ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុនេះ មាន៦ យ៉ាង ។ និស្សារណីយធាតុ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ យ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំបន្ទុំច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផងគប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយ យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់ យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយមេត្តា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ ព្យាបាទ ក៏គង់នៅគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយមេត្តាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល នូវព្យាបាទ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយករុណា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា (សេចក្តីបៀតបៀន) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយ យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់ យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយករុណា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ វិហេសា ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែលប្រកបដោយករុណាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវវិហេសា ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយមុទិតា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ (សេចក្តីមិនត្រេកអរ) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយ យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់ យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយមុទិតា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ គឺចេតោវិមុត្តិ ដែលប្រកបដោយមុទិតាហ្នឹងឯង ជាធម៌រលាស់ចោលនូវអរតិ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយឧបេក្ខា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ រាគៈក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផង គួរនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយ យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់ យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយឧបេក្ខា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាធ្វើដូច្នោះក៏ដោយ រាគៈក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ គឺចេតោវិមុត្តិ ដែលប្រកបដោយឧបេក្ខាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវរាគៈ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយអនិមិត្ត ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ គឺវិញ្ញាណដែលរលឹកឃើញ នូវនិមិត្តរបស់ខ្ញុំ នៅតែមាន ។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោកកុំនិយាយ យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់ យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយអនិមិត្ត ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណរបស់គេ គង់តែនៅមានដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ចេតោវិមុត្តិ ដែលប្រកបដោយអនិមិត្តហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល នូវនិមិត្តទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ពោល យ៉ាងនេះថា អស្មិមានះរបស់ខ្ញុំនេះ ទៅប្រាសអស់ហើយ ខ្ញុំពិចារណាមិនឃើញថា អាត្មាអញ មានអស្មិមានះដូច្នេះឡើយ តែបើទុកជាដូច្នោះក៏ដោយ សរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន ។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះ  យ៉ាងនេះថា លោកកុំនិយាយ យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ យ៉ាងនេះ លោកកុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់ យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា អស្មិមានះរបស់គេនេះ ទៅប្រាសអស់ហើយ គេពិចារណាមិនឃើញថា អាត្មាអញ មានអស្មិមានះដូច្នេះឡើយ តែបើទុកជាដូច្នោះ សរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ការដកឡើងនូវអស្មិមានះបានហ្នឹងឯង ជាធម៌សម្រាប់រលាស់ចេញនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ។ ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុ មាន៦ យ៉ាងនេះឯង ។

ភទ្ទកសូត្រ ទី៤កែប្រែ

[១៤] ព្រះសារីបុត្រដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចាព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចនូវការនៅ យ៉ាងណា ៗ មរណៈមិនល្អ [បុគ្គលដែលស្លាប់ទាំងសេចក្តីតក់ស្លុតភិតភ័យ ឈ្មោះថា មរណៈមិនល្អ ។] កាលកិរិយាក៏មិនល្អ [បុគ្គលដែលស្លាប់ហើយ ទៅកើតក្នុងអបាយ ឈ្មោះថា កាលកិរិយាមិនល្អ ។ អដ្ឋកថា ។] ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណា ៗ មរណៈមិនល្អ កាលកិរិយាក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ តើដោយប្រការដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយ ក្នុងការងារ [ការងារ មានធ្វើវិហារជាដើម ។] ត្រេកអរ ក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា ត្រេកអរក្នុងការចរចា ប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការចរចា រមែងជាអ្នកមានសេចក្តីរីករាយនឹងការដេកលក់ ត្រេកអរ ក្នុងការដេកលក់ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការដេកលក់ ជាអ្នកមានសេចក្តីរីករាយ ក្នុងពួកគណៈ ត្រេកអរ ក្នុងពួកគណៈ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងពួកគណៈ ជាអ្នកមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ត្រេកអរ ក្នុងការច្រឡូកច្រឡំ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការច្រឡូកច្រឡំ ជាអ្នកមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ គឺតណ្ហា ទិដ្ឋិ មានះ ត្រេកអរ ក្នុងបបញ្ចធម៌ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងបបញ្ចធម៌ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ មរណៈមិនល្អ កាលកិរិយា ក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ  យ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរចំពោះសក្កាយ គឺវដ្តៈក្នុងត្រៃភូមិ មិនលះបង់សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ ដោយប្រពៃឡើយ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ ។ ម្នាលអាវុសោ គេកាលសម្រេចការនៅ យ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុ រមែងសម្រេចការនៅ យ៉ាងនោះៗ តើដោយប្រការដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការចរចា មិនត្រេកអរ ក្នុងការចរចា មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការចរចា ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការដេកលក់ មិនត្រេកអរក្នុងការដេកលក់ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការដេកលក់ ជាអ្នកមិនរីករាយ ក្នុងពួកគណៈ មិនត្រេកអរ ក្នុងពួកគណៈ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងពួកគណៈ ជាអ្នកមិនរីករាយ ក្នុងការច្រឡូកច្រឡំ មិនត្រេកអរ ក្នុងការច្រឡូកច្រឡំ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ មិនត្រេកអរ ក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងបបញ្ចធម៌ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ  យ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់ហើយនូវសក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃ ។

បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ដូចជាម្រឹគ បុគ្គលនោះ ឈ្មោះថា រៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ។ លុះតែបុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមានបបញ្ចធម៌ បុគ្គលនោះ ឈ្មោះថា ញ៉ាំងព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដ៏ប្រសើរ ឲ្យសម្រេចបាន ។

អនុតប្បិយសូត្រ ទី៥កែប្រែ

[១៥] ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ កាលកិរិយា ក៏រមែងក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ ម្នាលអាវុសោទាំងឡាយ ចុះគេសម្រេចការនៅ យ៉ាងណាៗ កាលកិរិយា ក៏រមែងក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយ ក្នុងការងារ ត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា… ជាអ្នកមានសេចក្តីរីករាយ ក្នុងការដេកលក់… ជាអ្នកមានសេចក្តីរីករាយ ក្នុងពួកគណៈ… ជាអ្នកមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ… ជាអ្នកមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ កាលកិរិយា ក៏ក្តៅក្រហាយរឿយៗ ភិក្ខុសម្រេចការនៅ យ៉ាងនោះៗ  យ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះសក្កាយ មិនលះបង់សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃឡើយ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ ។ ម្នាលអាវុសោទាំងឡាយ ចុះគេកាលសម្រេចការនៅ យ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការចរចា ។បេ។ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការដេកលក់ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងពួកគណៈ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ។បេ។ ជាអ្នកមិនមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ មិនត្រេកអរក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅ យ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅ យ៉ាងនោះៗ  យ៉ាងនេះឯង ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់នូវសក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃបាន ។

បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ប្រាកដដូចជាម្រឹគ បុគ្គលនោះ ឈ្មោះថា វៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ។ លុះតែបុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមានបបញ្ចធម៌ បុគ្គលនោះ ទើបឈ្មោះថា ញ៉ាំងព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ ឲ្យសម្រចបាន ។

នកុលបិតុសូត្រ ទី៦កែប្រែ

[១៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគីរៈ ក្នុងភគ្គជនបទ ។ សម័យនោះឯង នកុលបិតាគហបតី មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ ។ គ្រានោះ នកុលមាតាគហបតានី បាននិយាយនឹងនកុលបិតាគហបតី ដូច្នេះថា បពិត្រគហបតី អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ រមែងនាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ  យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី នឹងមិនអាចដើម្បីចិញ្ចឹម នូវទារកទាំងឡាយ ទាំងគ្រប់គ្រង នូវឃរាវាសបានឡើយ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី ខ្ញុំជាស្រ្តីប្រសប់រវៃកប្បាស ឆ្លៀវឆ្លាស បួងភ្នួងសក់ បពិត្រគហបតី អំណឹះអំពីអ្នកទៅ ខ្ញុំអាចដើម្បីចិញ្ចឹម នូវទារកទាំងឡាយ ទាំងគ្រប់គ្រងនូវឃរាវាសបាន បពិត្រគហបតី ព្រោះហេតុដូច្នោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង ។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ  យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី ថប់តែយកប្តីទៀត បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី អ្នកក្តី ខ្ញុំក្តី ក៏ដឹងថា ព្រហ្មចរិយធម៌របស់គ្រហស្ថ យើងធ្លាប់សន្សំមក អស់១៦ឆ្នាំហើយ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ រមែងនាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង ។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ  យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី ថប់តែមិនចង់ឃើញព្រះដ៏មានព្រះភាគ មិនចង់ឃើញព្រះភិក្ខុសង្ឃ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ  យ៉ាងនុ៎ះឡើយ បពិត្រគហបតី ជឿចុះ អំណឹះអំពីអ្នកទៅ ខ្ញុំនឹងរឹងរឹតតែចង់ឃើញព្រះដ៏មានព្រះភាគផង នឹងរឹងរឹតតែចង់ឃើញព្រះភិក្ខុសង្ឃផង បពិត្រគហបតី ព្រោះហេតុនោះ  អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង ។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ  យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី ថប់តែលែងបំពេញសីលទាំងឡាយ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះភាគអង្គនោះទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បំពេញសីលទាំងឡាយ បណ្តាពួកសាវិកាទាំងនោះ ខ្ញុំជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មានសេចក្តីសង្ស័យក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់គង់នៅភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយសួរល្បងចុះ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង ។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ  យ៉ាងនេះថា នកុលមាតាគហបតានី ជាស្រ្តីមិនបាននូវចេតោសមថៈ ក្នុងសន្តាន បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះភាគទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បាននូវចេតោសមថៈ ក្នុងសន្តាន បណ្តាពួកសាវិកាទាំងនុ៎ះ ខ្ញុំក៏ជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មានសេចក្តីសង្ស័យក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយសួរល្បងចុះ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង ។ បពិត្រគហបតី ប្រហែលជាអ្នកមានសេចក្តីត្រិះរិះ  យ៉ាងនេះថា នកុលមាតាគហបតានី មិនទាន់ដល់នូវការចុះចិត្តស៊ប់ មិនទាន់ដល់នូវទីពឹង មិនទាន់ដល់នូវការកក់ក្តៅ មិនទាន់ឆ្លងផុតសេចក្តីសង្ស័យ មិនទាន់ប្រាសចាកសេចក្តីងឿងឆ្ងល់ មិនទាន់ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិនទាន់លែងជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់ព្រះដ៏មានព្រះភាគទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស ដល់នូវការចុះចិត្តស៊ប់ ដល់នូវទីពឹង ដល់នូវការកក់ក្តៅ មានសេចក្តីសង្ស័យឆ្លងផុតហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិនជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បណ្តាសាវិកាទាំងនុ៎ះ ខ្ញុំជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មានសេចក្តីសង្ស័យក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគ អង្គនោះ ហើយសួរល្បងចុះ ។ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង ។ លំដាប់នោះ នកុលបិតាគហបតី ដែលនកុលមាតាគហបតានីទូន្មានដោយឱវាទនេះ អាពាធនោះ ក៏ស្ងប់រម្ងាប់ ដោយឋានៈ ទាំងនកុលបិតាគហបតី ក៏សះស្បើយ ចាកអាពាធនោះ ។ អាពាធនោះ ជាស្រឡះអំពីនកុលបិតាគហបតីហើយ ។ លុះនកុលបិតាគហបតី ស្បើយចាកជម្ងឺ ក្រោកចាកជម្ងឺ មិនយូរប៉ុន្មាន ក៏ច្រត់នូវឈើច្រត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី អ្នកពេញជាមានលាភហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានល្អហើយ ត្រង់ដែលអ្នកបាននកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ជាអ្នកទូន្មានប្រៀនប្រដៅ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស បំពេញសីលទាំងឡាយ បណ្តាពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស បាននូវចេតោសមថៈ ក្នុងសន្តាន បណ្តាពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស ដល់នូវការចុះចិត្តស៊ប់ ដល់នូវទីពឹងមាំ ដល់នូវការកក់ក្តៅ មានសេចក្តីសង្ស័យឆ្លងផុតហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិនជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បណ្តាពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី អ្នកពេញជាមានលាភហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានល្អហើយ ត្រង់ដែលអ្នកបាននកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ទូន្មានប្រៀនប្រដៅ ។

សោប្បសូត្រ ទី៧កែប្រែ

[១៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ ចំណែកព្រះសារីបុត្រដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ទាំងព្រះមោគ្គល្លានដ៏មានអាយុ ព្រះមហាកស្សបដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះមហាកប្បិនដ៏មានអាយុ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះរេវតៈដ៏មានអាយុ ព្រះអានន្ទ ដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់កន្លងវេលា រហូតយប់ជ្រៅ ហើយក៏ទ្រង់ក្រោកចាកអាសនា ស្តេចទៅកាន់វិហារ ។ ពួកព្រះថេរៈដ៏មានអាយុទាំងនោះ កាលដែលព្រះដ៏មានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏ក្រោកចាកអាសនៈ ទៅកាន់លំនៅនៃខ្លួនៗ ។ ចំណែកពួកភិក្ខុណា ដែលនៅក្នុងឧបដ្ឋានសាលានោះ ជាភិក្ខុថ្មី បួសមិនទាន់អស់កាលយូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ ពួកភិក្ខុទាំងនុ៎ះ ក៏សិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង ។ ព្រះដ៏មានព្រះភាគបានឃើញ ពួកភិក្ខុទាំងនុ៎ះ កំពុងសិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ លុះឃើញហើយ ក៏យាងចូលទៅឯឧបដ្ឋានសាលា លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រទៅក្នុងទីណា មោគ្គល្លាន ទៅក្នុងទីណា មហាកស្សបទៅក្នុងទីណា មហាកច្ចានៈទៅក្នុងទីណា មហាកោដ្ឋិកៈទៅក្នុងទីណា មហាចុន្ទទៅក្នុងទីណា មហាកប្បិនទៅក្នុងទីណា អនុរុទ្ធទៅក្នុងទីណា រេវតៈទៅក្នុងទីណា អានន្ទទៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ពួកសាវកជាថេរៈទាំងនោះ ទៅក្នុងទីណាបាត់អស់អេះ ។ ពួកភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គស្តេចចេញទៅមិនយូរប៉ុន្មាន ពួកលោកទាំងនោះ ក៏ក្រោកចាកអាសនៈ ហើយទៅកាន់លំនៅនៃខ្លួនៗ ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ជាថេរៈ ឬជាភិក្ខុថ្មី សុទ្ធតែដេកស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់សព្វព្រះរាជហឫទ័យ តែខាងសុខអំពីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់ទាល់តែស្កប់ស្កល់ សោយរាជ្យដរាបដល់អស់ព្រះជន្ម ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃអ្នកជនបទដូច្នេះ ដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់សព្វព្រះរាជហឫទ័យតែខាងសុខអំពីទីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់ទាល់តែស្កប់ស្កល់ សោយរាជ្យ ដរាបដល់អស់ព្រះជន្ម ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃអ្នកជនបទដូច្នេះដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកធំ ក្នុងដែនអ្នកប្រើប្រាស់ទ្រព្យជាដំណែលបិតា ជាសេនាបតី ជាចៅហ្វាយស្រុក អ្នកជាធំលើប្រជាជន ចូលចិត្តតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ គ្រាន់តែទទួលតំណែង ជាចៅហ្វាយស្រុក នៃប្រជាជន ដរាបដល់អស់ជីវិត ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃប្រជាជនដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា អ្នកជាធំលើប្រជាជន ចូលចិត្តតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ទទួលតំណែងជាចៅហ្វាយស្រុក នៃប្រជាជន ដរាបដល់អស់ជីវិត ហើយបានជាទីស្រឡាញ់ ជាទីពេញចិត្ត នៃប្រជាជនដូច្នេះដែរ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិនពិចារណារកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលជាខាងចុងរាត្រី មិនខ្វល់ខ្វាយ នូវការព្យាយាមចម្រើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាចធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែខាងសុខអំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ មិនស្គាល់ប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រលឹក មិនពិចារណារកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាងចុងរាត្រី មិនខ្វល់ខ្វាយ នូវការព្យាយាមចម្រើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាចធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងគួរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ជាអ្នកពិចារណានូវកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាងចុងរាត្រី គួរខ្វល់ខ្វាយនូវការព្យាយាមចម្រើនពោធិបក្ខិយធម៌ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា យ៉ាងនេះឯង ។

មច្ឆពន្ធសូត្រ ទី៨កែប្រែ

[១៨] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប ។ កាលព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រានត្រី អ្នកចាប់ត្រី កំពុងកាប់ សម្លាប់ត្រីលក់ ក្នុងប្រទេសមួយ លុះទតឃើញហើយ ស្តេចចេញអំពីផ្លូវ ទៅគង់លើអាសនៈ ដែលគេក្រាលទុក ទៀបគល់ឈើមួយដើម ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញព្រានត្រី អ្នកចាប់ត្រីឯណោះ កំពុងកាប់សម្លាប់ត្រីលក់ដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សម្លាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ ឬនៅគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សម្លាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រានត្រីនោះ តែងរំពៃរកត្រី ដែលខ្លួនត្រូវសម្លាប់ នាំមកដើម្បីសម្លាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រាននោះ ទើបជាអ្នកមិនបានទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបានគ្រប់គ្រង នូវគំនរភោគសម្បត្តិដ៏ច្រើនឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកពិឃាតគោ សម្លាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត បែបនោះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា អ្នកពិឃាតគោ សម្លាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដូច្នេះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នកពិឃាតគោនោះ រមែងរំពៃរកគោ ដែលខ្លួនត្រូវសម្លាប់ ដែលខ្លួននាំមកដើម្បីសម្លាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ អ្នកពិឃាតគោនោះ ទើបមិនបានជាអ្នកទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកសម្លាប់កែះ ។បេ។ អ្នកសម្លាប់ជ្រូក អ្នកសម្លាប់សត្វស្លាប អ្នកសម្លាប់ម្រឹគ ដែលសម្លាប់ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដោយអំពើបែបនោះ ដោយការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនដែលឃើញ មិនដែលឮថា អ្នកសម្លាប់ម្រឹគ ដែលសម្លាប់ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដូច្នេះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រានម្រឹគនោះ រមែងរំពៃរកម្រឹគ ដែលខ្លួនត្រូវសម្លាប់ ដែលខ្លួននាំមកដើម្បីសម្លាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រានម្រឹគនោះ មិនបានជាអ្នកទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ។ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រាននោះ រមែងរំពៃរកសត្វតិរច្ឆានទាំងនោះ ដែលខ្លួនត្រូវសម្លាប់ ដែលខ្លួននាំមក ដើម្បីសម្លាប់ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ បានជាព្រានម្រឹគនោះ មិនបានជាអ្នកទៅដោយដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ចាំបាច់និយាយថ្វី ដល់បុគ្គល ដែលសំឡឹងរកមនុស្ស ដែលខ្លួនត្រូវសម្លាប់ ដែលខ្លួននាំមកដើម្បីសម្លាប់ ដោយចិត្តអាក្រក់ ម្នាលភិក្ខុទាំងឡាយ ដ្បិតការសំឡឹងបែបនោះ រមែងប្រព្រឹត្តទៅមិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង ដល់បុគ្គលនោះ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ។

បឋមមរណស្សតិសូត្រ ទី៩កែប្រែ

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀបនាទិកគ្រាម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងជាគុណជាតិមានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ចម្រើននូវមរណស្សតិដែរឬ ។ និមិត្តតែព្រះដ៏មានព្រះភាគ ត្រាស់សួរ យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះករុណា ចម្រើននូវមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក  យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែត្រឹមមួយយប់មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិ  យ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក  យ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់នៅតែត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិ យ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក  យ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់នៅតែក្នុងខណៈ ដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិ យ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក  យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយ ៤ពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិ យ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក  យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិ យ៉ាងនេះឯង ។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើននូវមរណស្សតិដែរ ។ ម្នាលភិក្ខុ ចុះអ្នកចម្រើនមរណស្សតិបែបណា ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក  យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយដកដង្ហើមចេញវិញ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ចម្រើនមរណស្សតិ យ៉ាងនេះឯង ។ កាលដែលភិក្ខុនោះ ក្រាបបង្គំទូល  យ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងពួកភិក្ខុ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិ យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែត្រឹមមួយយប់មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏ព្រះមានព្រះភាគ) ឲ្យបានច្រើនក្តី មា្នលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិ យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិ យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិ យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបនំពូតបាយបួន ឬប្រាំពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនេះ ហៅថាជាអ្នកប្រមាទ ចម្រើនមរណស្សតិ យ៉ាងទន់ខ្សោយ ដើម្បីឲ្យអស់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិ យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចម្រើនមរណស្សតិ យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយដកដង្ហើមចេញវិញ ដូច្នេះ អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនេះ ទើបហៅថា ជាអ្នកមិនប្រមាទ ចម្រើននូវមរណស្សតិ យ៉ាងក្លៀវក្លា ដើម្បីឲ្យអស់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកមិនប្រមាទ គួរចម្រើនមរណស្សតិ យ៉ាងក្លៀវក្លា ដើម្បីឲ្យអស់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា យ៉ាងនេះឯង ។

ទុតិយមរណស្សតិសូត្រ ទី១០កែប្រែ

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀបនាទិកគ្រាម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលភិក្ខុចម្រើនហើយ ធ្វើឲ្យច្រើនហើយ រមែងជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ ចុះមរណស្សតិ ដែលភិក្ខុចម្រើនហើយ ដោយប្រការដូចម្តេច ធ្វើឲ្យច្រើនហើយ ដោយប្រការដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។ ម្នាលភិក្ខុទាំងឡាយ កាលបើថ្ងៃអស្តង្គតហើយ រាត្រីក៏ដល់មក ភិក្ខុក្នុងសាសនានេះ ពិចារណាដូច្នេះថា បច្ច័យនៃសេចក្តីស្លាប់របស់អញ មានច្រើនណាស់ គឺពស់នឹងចឹកអញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញនឹងភ្លាត់ដួល ឬបាយដែលអញបរិភោគហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញ នឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោររបស់អញ នឹងកម្រើក អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរពិចារណាដូច្នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី តើមានឬទេ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹង យ៉ាងនេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវភ្លើងឆេះសំពត់ក្តី ឆេះក្បាលក្តី ធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលត់ភ្លើង (ដែលឆេះ) សំពត់ ឬក្បាលនោះចេញ សេចក្តីនេះ មានឧបមា យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មានឧបមេយ្យ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹង យ៉ាងនេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី មិនមានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និងវេលាយប់ ដោយបីតិ និងបាមោជ្ជៈនោះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលបើវេលាយប់កន្លងផុតទៅ វេលាថ្ងៃ ក៏ដើរមកដល់ ភិក្ខុក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា បច្ច័យនៃសេចក្តីស្លាប់របស់អញ មានច្រើនណាស់ គឺពស់នឹងចឹកអញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញនឹងភ្លាត់ដួល ឬបាយដែលអញបរិភោគហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញនឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោររបស់អញ នឹងកម្រើក អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ តើមានឬទេ ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹង យ៉ាងនេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់អកុសលធម៌ដ៏លាមកទាំងនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវភ្លើងឆេះសំពត់ក្តី ឆេះក្បាលក្តី គប្បីធ្វើនូវសេចក្តីប៉ុងប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលត់ភ្លើងដែលឆេះសំពត់ ឬក្បាលនោះចេញ សេចក្តីនេះ មានឧបមា យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មានឧបមេយ្យ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹង យ៉ាងនេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មិនមានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និងវេលាយប់ ដោយបីតិ និងបាមោជ្ជៈនោះឯង ។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែលបុគ្គលចម្រើន យ៉ាងនេះ ធ្វើឲ្យច្រើន យ៉ាងនេះ ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ។

ចប់ សារាណីយាទិវគ្គ ទី២ ។

ឧទ្ទាននៃសារាណីយាទិវគ្គនោះគឺ

និយាយអំពីសារាណីយធម៌ ពីរលើក អំពីមេត្តា ១ អំពីកាលកិរិយាល្អ ១ អំពីកាលកិរិយាក្តៅក្រហាយ ១ អំពីរឿងនកុលបិតា ១ អំពីការមិនពិចារណានូវកុសលធម៌ ១ អំពីអ្នកសម្លាប់ត្រី ១ អំពីមរណស្សតិ ពីរលើក ត្រូវជា ១០ រឿង ។

អនុត្តរិយវគ្គកែប្រែ

សាមកសូត្រ ទី១កែប្រែ

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ប្រថាប់នៅក្នុងវិហារឈ្មោះ បោក្ខរណិយា ជិតសាមគ្រាម ក្នុងដែនសក្កៈ ។ គ្រានោះ ទេវតាមួយអង្គ មានរស្មីរុងរឿង កាលរាត្រីបឋមយាមកន្លងហើយ បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ ។ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៣ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ។ ធម៌ ៣ យ៉ាង តើដូចម្តេច ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៣ យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ។ លុះទេវតានោះ ក្រាបបង្គំទូលដូច្នេះហើយ ។ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហ្ឫទ័យ ។ ទើបទេវតានោះ ដឹងថាព្រះសាស្តារបស់អញ ទ្រង់ពេញព្រះហ្ឫទ័យហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ បាត់ទៅក្នុងទីនោះឯង ។ លុះកន្លងរាត្រីនោះទៅហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលរាត្រីបឋមយាមយប់មិញ កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលមកគាល់តថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីសមគួរ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលតថាគត  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៣ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ។ ៣ យ៉ាង តើដូចម្តេច ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងការចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៣ យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយ យ៉ាងនេះ លុះនិយាយ យ៉ាងនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយបាត់ទៅក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ដឹងលោកទាំងឡាយណា ដែលកំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ លោកទាំងនោះឈ្មោះថា ឥតលាភ លោកទាំងនោះ ឈ្មោះថា បានដោយអាក្រក់ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបរិហានិយធម៌ (ធម៌ជាគ្រឿងសាបសូន្យ) ៣ដទៃទៀត អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលបួល តថាគតនឹងសំដែងប្រាប់ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បរិហានិយធម៌ ៣  យ៉ាង តើដូចម្តេច ។ គឺសេចក្តីត្រេកអរនឹងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅបានដោយក្រ ១ ភាពជាអ្នកមានមិត្រអាក្រក់ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង បរិហានិយធម៌ ៣  យ៉ាង ។ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ សាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុងអតីតកាល បុគ្គលទាំងអស់នោះ សាបសូន្យហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ នឹងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ គង់នឹងសាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ កំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ គង់សាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។

អបរិហានិយសូត្រ ទី២កែប្រែ

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ (ធម៌ដែលមិនសាបសូន្យ)  ៦  យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ ។បេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានិយធម៌ ៦  យ៉ាង តើដូចម្តេច ។ គឺសេចក្តីមិនត្រេកអរ ក្នុងការងារ ១ សេចក្តីមិនត្រេកអរ ក្នុងការចរចារ ១ សេចក្តីមិនត្រេកអរ ក្នុងការដេកលក់ ១ សេចក្តីមិនត្រេកអរ ក្នុងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅងាយ ១ ភាពជាអ្នកមានកល្យាណមិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង អបរិហានិយធម៌ ទាំង ៦  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុងអតីតកាល បុគ្គលទាំងអស់នោះ មិនសាបសូន្យហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ នឹងមិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ នឹងមិនសាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ មិនសាបសូន្យចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង ។

ភយសូត្រ ទី៣កែប្រែ

[២៣] ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គណ្ឌៈ (ពក) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សង្គៈ (ការជាប់ចំពាក់ចិត្ត) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្កៈ (ភក់) នុ៎ះ ជាឈ្មោះនៃកាមទាំងឡយ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយកាមរាគនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីភ័យ ក្នុងបច្ចុប្បន្នផង មិនរួចអំពីភ័យក្នុងបរលោកផង ព្រោះហេតុនោះ បានជាពាកថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ… រោគ… គណ្ឌៈ… សង្គៈ… បង្កៈ នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយកាមនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីបង្កៈ ក្នុងបច្ចុប្បន្នផង មិនរួចអំពីបង្កៈ ក្នុងបរលោកផង ហេតុនោះ បានជាពាក្យថា បង្កៈនុ៎ះ ទើបជាឈ្មោះនៃកាមទាំងឡាយ ។

កាមទាំងឡាយ ដែលជាទីជាប់នៅ របស់បុថុជ្ជននុ៎ះ លោកតែងហៅថា ភ័យផង ទុក្ខផង រោគផង និងធម្មជាតទាំង ២ គឺសង្គៈផង បង្កៈផង ។ អរិយសាវកទាំងឡាយ ឃើញភ័យ ក្នុងឧបាទាន ដែលជាហេតុឲ្យកើតជាតិ និងមរណៈ លុះមិនប្រកាន់ហើយ រមែងរួចស្រឡះ ព្រោះការអស់ជាតិ និងមរណៈ ។ អរិយសាវកនោះ ដល់នូវសេចក្តីក្សេមក្សាន្ត មានសេចក្តីសុខ រំលត់កិលេស ក្នុងអត្តភាពនេះ ប្រព្រឹត្តកន្លងនូវវេរា និងភ័យទាំងអស់ ហើយលះបង់នូវទុក្ខទាំងអស់បាន ។

ហិមវន្តសូត្រ ទី៤កែប្រែ

[២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង គប្បីទំលាយភ្នំហិមពាន្ត ជាស្តេចភ្នំបាន មិនបាច់និយាយ (ដល់ការទំលាយ) អវិជ្ជាដែលលាមកទេ ។ ធម៌ ៦ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឈ្លាសក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការធ្វើសមាធិ ឲ្យតាំងនៅតាមកំណត់ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ឈ្លាសក្នុងការបែងចំណែកសមាធិ ១ ឈ្លាសក្នុងគោចរ របស់សមាធិ ១ ឈ្លាសក្នុងការសាងសន្សំ នូវសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៦ នេះឯង គប្បីទំលាយភ្នំហិមពាន្ត ជាស្តេចភ្នំបាន មិនបាច់និយាយដល់អវិជ្ជា ដែលលាមកទេ ។

អនុស្សតិដ្ឋានសូត្រ ទី៥កែប្រែ

[២៥] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃសេចក្តីរឭក) នេះមាន ៦ យ៉ាង ។ ៦ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ រឭកនូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ដោយប្រការដូច្នេះ ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវសច្ចៈ ទាំង៤ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះតថាគត សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួច ឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនោះ ជាឈ្មោះនៃកាមគុណ ទាំង៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបាន យ៉ាងនេះ ព្រោះធ្វើនូវពុទ្ធានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវព្រះធម៌ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគសំដែងល្អហើយ ។បេ។ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះធម៌ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះនៃកាមគុណ ទាំង៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបាន យ៉ាងនេះ ព្រោះធ្វើនូវធម្មានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវករឭកនូវព្រះសង្ឃថា ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបាន យ៉ាងនេះ ព្រោះធ្វើនូវ សង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវករឭកនូវសីលទាំងឡាយរបស់ខ្លួន ជាសីលមិនដាច់ ។បេ។ ប្រព្រឹត្តទៅដើម្បីសមាធិ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសីល សម័យនោះ អរិយសាវក មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបាន យ៉ាងនេះ ព្រោះធ្វើសីលានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវចាគៈរបស់ខ្លួនថា ជាលាភរបស់អញហើយ អញឈ្មោះថាបានស្រួលហើយ ព្រោះអាត្មាអញ ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបាន យ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាន ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា មានពួកទេវតាជាន់ចាតុម្មហារាជិកៈ ទេវតាជាន់តាវត្តឹង្ស ទេវតាជាន់យាមៈ ទេវតាជាន់តុសិតៈ ទេវតាជាន់និម្មានរតី ទេវតាជាន់បរនិម្មិតវសវត្តី មានទេវតាជាពួករបស់ព្រហ្ម មានទេវតាជាន់ខ្ពស់ជាងនោះទៀត ទេវតាទាំងនោះ ដែលប្រកបដោយសទ្ធា យ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ យើងសោត ក៏មានសទ្ធាដូច្នោះដែរ ទេវតាទាំងនោះ ប្រកបដោយសីលៈ សុតៈ ចាគៈ បញ្ញា យ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ យើងសោត ក៏មានបញ្ញាដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះរបស់កាមគុណ ៥ ។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបាន យ៉ាងនេះ ព្រោះធ្វើនូវទេវតានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ នេះឯង អនុស្សតិដ្ឋាន ទាំង៦ ។

មហាកច្ចានសូត្រ ទី៦កែប្រែ

[២៦] ក្នុងទីនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ បានហៅពួកភិក្ខុថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះមហាកច្ចានៈដ៏មានអាយុថា អាវុសោ ដូច្នេះ ។ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាលអាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏កើតឡើងបាន ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ បានត្រាស់ដឹង នូវការបានឱកាសក្នុងទីដ៏ចង្អៀត ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ការត្រាស់ដឹងនេះ គឺអនុស្សតិដ្ឋាន ទាំង៦ ។ អនុស្សតិដ្ឋាន ទាំង៦ តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ អរិយសាវក ក្នុងសាសនានេះ រឭកនូវព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ដោយប្រការដូច្នេះ ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវសច្ចៈ ទាំង៤ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះតថាគត សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបាន យ៉ាងនេះ ព្រោះធ្វើនូវពុទ្ធានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវព្រះធម៌ថា ព្រះធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយល្អ ។បេ។ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះធម៌ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើ ដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបាន យ៉ាងនេះ ព្រោះធ្វើនូវធម្មានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវព្រះសង្ឃថា ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ ។បេ។ លោកជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់សត្វលោក ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើរដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបាន យ៉ាងនេះ ព្រោះធ្វើនូវសង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវសីលរបស់ខ្លួន ជាសីលមិនដាច់ ។បេ។ ប្រព្រឹត្តទៅដើម្បីបាននូវសមាធិ ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសីល សម័យនោះ អរិយសាវកនោះ មិនមានចិត្ត ដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបាន យ៉ាងនេះ ព្រោះធ្វើនូវសីលានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវចាគៈរបស់ខ្លួនថា ជាលាភរបស់អញហើយ អញឈ្មោះថាបានស្រួលហើយ ព្រោះអាត្មាអញ ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជា ធម្មតាបាន យ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា ទេវតាជាន់ចាតុម្មហារាជិកៈក៏មាន ។បេ។ ទេវតាជាន់ខ្ពស់ជាងនោះទៀត ក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធា យ៉ាងណា ច្យុតអំពីទីនេះ ហើយទៅកើតក្នុងទីនោះ អាត្មាអញ តែងមានសទ្ធាដូច្នោះដែរ ទេវតាទាំងនោះ ប្រកបដោយសីល យ៉ាងណា ។បេ។ ដោយសុតៈ ចាគៈ បញ្ញា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ អាត្មាអញ តែងមានបញ្ញាដូច្នោះដែរ ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវគុណ គឺសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥ ។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបាន យ៉ាងនេះ ព្រោះធ្វើនូវទេវតានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍ ។ ម្នាលអាវុសោទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាលអាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏កើតឡើងបាន ត្រង់ដែលព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ បានត្រាស់ដឹងនូវការបានឱកាស ក្នុងទីចង្អៀតនេះ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួលទាំងឡាយ ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ការត្រាស់ដឹងនេះ គឺអនុស្សតិដ្ឋាន ទាំង៦នេះ ។

បឋមសមយសូត្រ ទី៧កែប្រែ

[២៧] គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរស៊ប់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យដែលគួរចូលទៅឃើញភិក្ខុជាអ្នកមានចិត្តចម្រើនហើយ តើមានប៉ុន្មាន ។ ម្នាលភិក្ខុ សម័យដែលគួរចូលទៅឃើញភិក្ខុមានចិត្តចម្រើនហើយនេះ មាន៦ យ៉ាង ។ ៦ តើអ្វីខ្លះ ។ ម្នាលភិក្ខុ សម័យណា ភិក្ខុក្នុងសាសនានេះ មានចិត្តដែលកាមរាគគ្របសង្កត់ហើយ រវើរវាយ ដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបាន សម័យនោះ ត្រូវចូលទៅរកភិក្ខុជាអ្នកមានចិត្តចម្រើនហើយ និយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបានទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះកាមរាគដល់ខ្ញុំ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ ដើម្បីលះកាមរាគ ដល់ភិក្ខុនោះ ។ ម្នាលភិក្ខុ នេះជាសម័យដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ទី១ ។ ម្នាលភិក្ខុ មួយទៀត សម័យណា បើភិក្ខុមានចិត្ត ត្រូវព្យាបាទគ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹងនូវការលះព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដ សម័យនោះ ទើបត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចម្រើនហើយ និយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវព្យាបាទ គ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹងនូវការលះព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះព្យាបាទដល់ខ្ញុំ ។ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ ដើម្បីលះព្យាបាទដល់ភិក្ខុនោះ ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ទី២ ។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវថីនមិទ្ធៈគ្របសង្កត់ រវើរវាយដោយថីនមិទ្ធៈ ទាំងមិនដឹងនូវការលះថីនមិទ្ធៈ ដែលកើតឡើង ឲ្យពិតប្រាកដ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចម្រើន ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវថីនមិទ្ធៈគ្របសង្កត់ ហើយរវើរវាយដោយថីនមិទ្ធៈ ទាំងមិនដឹងនូវការលះថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះថីនមិទ្ធៈដល់ខ្ញុំ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ ដើម្បីលះថីនមិទ្ធៈដល់ភិក្ខុនោះ ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុដែលមានចិត្តចម្រើន ទី៣ ។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈ គ្របសង្កត់ រវើរវាយដោយឧទ្ធច្ចកុក្កុច្ចៈ ទាំងមិនដឹងនូវការលះឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅរកភិក្ខុមានចិត្តចម្រើន ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈ គ្របសង្កត់ហើយ រវើរវាយដោយឧទ្ធច្ចកុក្កុច្ចៈ ទាំងមិនដឹងនូវការលះឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើមលះនូវឧទ្ធច្ចកុក្កុច្ចៈ ភិក្ខុជាអ្នកមានចិត្តចម្រើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះឧទ្ធច្ចកុក្កុច្ចៈ ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ទី៤ ។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រវើរវាយដោយវិចិកិច្ឆា ទាំងមិនដឹងនូវការលះវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចម្រើន ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ហើយ រវើរវាយដោយវិចិកិច្ឆា ទាំងមិនដឹងនូវការលះវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីលះវិចិកិច្ឆា ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះនូវវិចិកិច្ឆា ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ទី៥ ។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្ត នូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចម្រើន ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនដឹង មិនឃើញនូវនិមិត្ត (ដែលខ្ញុំ) អាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្ត នូវនិមិត្តណា  ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ ដល់ភិក្ខុនោះ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញនូវភិក្ខុ ដែលមានចិត្តចម្រើន ទី៦ ។ ម្នាលភិក្ខុ នេះឯងជាសម័យទាំង ៦ ដែលគួរចូលទៅឃើញភិក្ខុមានចិត្តចម្រើន ។

ទុតិយសមយសូត្រ ទី៨កែប្រែ

[២៨] សម័យមួយ ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។ គ្រានោះ ភិក្ខុជាថេរៈអម្បាលនោះ ផុតកិច្ចដោយបិណ្ឌបាត ក្នុងកាលជាខាងក្រោយ ពេលចង្ហាន់ហើយ បានអង្គុយប្រជុំគ្នា ក្នុងរោងនៅក្នុងមណ្ឌលទី (ភោជនសាលា) ហើយនិយាយឡើងក្នុងចន្លោះ  យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ សម័យដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន តើសម័យណា ។ កាលបើពួកព្រះថេរៈនិយាយ យ៉ាងនេះហើយ ភិក្ខុ ១ រូប បាននិយាយនឹងពួកភិក្ខុជាថេរៈ  យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ សម័យណា ភិក្ខុដែលមានចិត្តចម្រើន ផុតកិច្ចដោយបិណ្ឌបាត ក្នុងកាលជាខាងក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ។ កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុ ១ រូបទៀត និយាយនឹងភិក្ខុនោះ  យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាសម័យ គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើនទេ ។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុដែលមានចិត្តចម្រើន ផុតកិច្ចដោយបិណ្ឌបាត ក្នុងកាលក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ លោកកំពុងមានសេចក្តីលំបាកនឹងការត្រេចទៅ (បិណ្ឌបាត) មិនទាន់ស្ងប់រម្ងាប់ ក្នុងសម័យនោះនៅឡើយ សូម្បីសេចក្តីលំបាកព្រោះភត្ត ក៏មិនទាន់ស្ងប់រម្ងាប់ ក្នុងសម័យនោះនៅឡើយដែរ ហេតុនោះ បានជាសម័យនោះ មិនមែនជាសម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើនទេ ។ ម្នាលអាវុសោ សម័យណា ភិក្ខុដែលមានចិត្តចម្រើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយអង្គុយក្នុងម្លប់ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបជាសម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើនបាន ។ កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុដទៃទៀត និយាយនឹងភិក្ខុនោះ  យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន (នោះទេ) ។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុមានចិត្តចម្រើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ អង្គុយក្នុងម្លប់ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ ហើយធ្វើទុកក្នុងចិត្ត នូវសមាធិនិមិត្តណា ក្នុងវេលាថ្ងៃ សមាធិនិមិត្ត របស់លោកនោះឯង រមែងកម្រើក (ក្នុងមនោទ្វារ) ក្នុងសម័យនោះ ។ ហេតុនោះ បានជាសម័យនោះ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើនទេ ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុដែលមានចិត្តចម្រើន ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ។ កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុឯទៀត និយាយនឹងភិក្ខុនោះ  យ៉ាងនេះថា  ម្នាលអាវុសោ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើនទេ ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុដែលមានចិត្តចម្រើន ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់  តាំងសតិចំពោះមុខ សម័យនោះ កាយរបស់លោក កំពុងតាំងនៅក្នុងឱជារស (អាហារ) លោកកំពុងសប្បាយនឹងធ្វើតាមពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ ។ ព្រោះហេតុនោះ សម័យនោះ ទើបជាសម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ។ កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយនឹងពួកភិក្ខុជាថេរៈ  យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ការនោះ ខ្ញុំបានស្តាប់ចំពោះព្រះភក្រ្ត ខ្ញុំបានរៀន ចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគ  យ៉ាងនេះថា ម្នាលភិក្ខុ សម័យដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើននេះ មាន៦ ។ ៦ តើអ្វីខ្លះ ។ ម្នាលភិក្ខុ សម័យណា ភិក្ខុក្នុងសាសនានេះ មានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចម្រើន ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីលះកាមរាគ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះកាមរាគ ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ទី១ ។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវព្យាបាទគ្របសង្កត់ ។បេ។ មានចិត្តត្រូវថីនមិទ្ធគ្របសង្កត់ មានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ មានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ ។បេ។ មិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្តនូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ទើបជាសម័យគួរចូលទៅរកភិក្ខុ ដែលមានចិត្តចម្រើន ហើយនិយាយ យ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំមិនដឹង មិនឃើញនិមិត្ត (ដែលខ្ញុំ) អាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្តនូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែលមានចិត្តចម្រើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីធ្វើឲ្យអស់អាសវៈទាំងឡាយ ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ទី៦ ។ ម្នាលអាវុសោទាំងឡាយ ការនោះ ខ្ញុំបានស្តាប់ចំពោះព្រះភក្ត្រ ខ្ញុំបានរៀនហើយ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា ម្នាលភិក្ខុ នេះឯង ជាសម័យទាំង ៦ នេះ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចម្រើន ។

ឧទាយីសូត្រ ទី៩កែប្រែ

[២៩] គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះឧទាយិដ៏មានអាយុថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មាន យ៉ាង ។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់ យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀម ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ អស់វារៈពីរដងថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មាន យ៉ាង ។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់ យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀមទៀត ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ ជាគំរប់ ៣ ដងថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មាន យ៉ាង ។ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀម អស់វារៈ ៣ ដងទៀត ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងព្រះឧទាយិដ៏មានអាយុ  យ៉ាងនេះថា ម្នាលអាវុសោ ឧទាយិ ព្រះសាស្តាទ្រង់ត្រាស់ហៅអ្នក ។ ម្នាលអាវុសោ អានន្ទ ខ្ញុំបានឮព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ រឭកឃើញនូវបុព្វេនិវាសបានច្រើនប្រការ គឺ ១ជាតិខ្លះ ២ជាតិខ្លះ ។បេ។ រឭកឃើញនូវបុព្វេនិវាសបានច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ការរឭកឃើញជាតិនេះ ឈ្មោះថា អនុស្សតិដ្ឋាន ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ តថាគតដឹងច្បាស់ថា ឧទាយិនេះ ជាមោឃបុរស មិនមែនជាប្រកបរឿយៗ នូវអធិចិត្ត (សមាធិវិបស្សនា) ទេ ។ ម្នាលអានន្ទ អនុស្សតិដ្ឋាន តើមានប៉ុន្មាន យ៉ាង ។ បពិត្រព្រះអង្គដ៏ចម្រើន អនុស្សតិដ្ឋាន មាន៥ ។ ៥ យ៉ាង តើដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះចាកកាមទាំងឡាយ ។បេ។ ចូលតតិយជ្ឈាន ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុចម្រើន យ៉ាងនេះហើយ បានធ្វើរឿយៗ  យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីជាសុខក្នុងបច្ចុប្បន្ន ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុធ្វើទុកក្នុងចិត្ត នូវសេចក្តីសំគាល់នូវពន្លឺ អធិដ្ឋាននូវសេចក្តីសំគាល់ថាថ្ងៃ គឺតាំងចិត្តក្នុងវេលាថ្ងៃ យ៉ាងណា ក្នុងវេលាយប់ ក៏ យ៉ាងនោះ ក្នុងវេលាយប់ យ៉ាងណា ក្នុងវេលាថ្ងៃ ក៏ យ៉ាងនោះ ជាបុគ្គលមានចិត្តជាប្រក្រតី ដែលនីវរណៈរួបរឹតមិនបាន តែងចម្រើនចិត្ត ប្រកបដោយពន្លឺ (ដើម្បីបានទិព្វចក្ខុ) ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចម្រើន យ៉ាងនេះហើយ បានធ្វើរឿយៗ  យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីបានញាណទស្សនៈ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះ ខាងលើតាំងអំពីបាទជើង ខាងក្រោមតាំងអំពីចុងសក់ ទីបំផុតជុំវិញអំពីត្រឹមស្បែក ដែលពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ [ខ្លះថា តម្រងបស្សាវៈ] សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចម្រើន យ៉ាងនេះហើយ បានធ្វើរឿយៗ  យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីលះនូវកាមរាគ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ដូចភិក្ខុណា ឃើញនូវសរីរៈ ដែលគេចោលទៅក្នុងព្រៃស្មសាន ទោះស្លាប់ ១ថ្ងៃក្តី ស្លាប់២ថ្ងៃក្តី ស្លាប់៣ថ្ងៃក្តី ជាសាកសពហើមប៉ោង មានសម្បុរខៀវដោយច្រើន មានខ្ទុះចេញតាមទ្វារផ្សេងៗ ភិក្ខុនោះ ប្រៀបផ្ទឹមនឹងកាយ (ខ្លួន) នេះ  យ៉ាងនេះថា សូម្បីកាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយទៅដូច្នោះ កន្លងមិនផុតដូច្នោះដែរ ។ ពុំនោះសោត ដូចភិក្ខុណា ឃើញសរីរៈ ដែលគេចោលនៅក្នុងព្រៃស្មសាន ត្រូវពួកក្អែកជញ្ជែងក្តី ពួកត្រដក់គម្រង់ជញ្ជែងក្តី ពួកត្មាតជញ្ជែងក្តី ពួកស្វានជញ្ជែងក្តី ពួកចចកកកេរស៊ីក្តី បាណកជាតិ (ពួកដង្កូវ) ផ្សេងៗ រូងជញ្ជក់ស៊ីក្តី ភិក្ខុនោះ ប្រៀបផ្ទឹមនឹងកាយនេះ  យ៉ាងនេះថា ទោះកាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយទៅដូច្នោះ មិនកន្លង យ៉ាងនោះទៅបានឡើយ ។ ឬថា ដូចភិក្ខុឃើញសរីរៈ ដែលគេចោលក្នុងព្រៃស្មសាន ជារាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចងរាងឆ្អឹង ឥតមានសាច់ គ្រាន់តែនៅប្រឡាក់ដោយឈាម ដែលជាប់គ្នាដោយសរសៃ រាងឆ្អឹងឥតមានសាច់ និងឈាម ជាប់គ្នាដោយសរសៃ ជាគ្រឿងចងឆ្អឹង ដែលដាច់ចេញហើយ ខ្ចាត់ខ្ចាយរាត់រាយ ទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មង ទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក រលាក្បាលទៅដោយឡែក ភិក្ខុនោះ ប្រៀបផ្ទឹមនឹងកាយនេះ  យ៉ាងនេះថា កាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយទៅដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ មួយទៀត ឬថា ដូចភិក្ខុឃើញនូវសរីរៈ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចស័ង្ខ រាងឆ្អឹងដែលគរជាពំនូក កន្លងហួស ១ឆ្នាំហើយ ពុកផុយ ខ្ទេចខ្ទីជាកំទេច ភិក្ខុនោះ ប្រៀបផ្ទឹមនឹងកាយនេះ  យ៉ាងនេះថា ទោះជាកាយនេះក៏ដោយ ក៏មានសភាព យ៉ាងដូច្នោះ គង់នឹងក្លាយទៅដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចម្រើន យ៉ាងនេះ បានធ្វើរឿយ ៗ  យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីដកចោលនូវអស្មិមានះ ។ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ភិក្ខុលះបង់សេចក្តីសុខផង ។បេ។ ចូលចតុត្ថជ្ឈាន ។ បពិត្រព្រះអង្គដ៏ចម្រើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចម្រើន យ៉ាងនេះ បានធ្វើរឿយ ៗ  យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹងនូវធាតុច្រើនប្រការ ។ បពិត្រព្រះអង្គដ៏ចម្រើន នេះឯងជាអនុស្សតិដ្ឋាន ទាំង៥ ។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរចាំ នូវអនុស្សតិដ្ឋាន ទី៦ នេះថែមទៀតចុះ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ប្រុងស្មារតី ឈានដើរទៅមុខ ប្រុងស្មារតីត្រឡប់មកវិញ ប្រុងស្មារតីឈរ ប្រុងស្មារតីដេក ប្រុងស្មារតីអធិដ្ឋានការងារ ។ ម្នាលអានន្ទ នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចម្រើន យ៉ាងនេះ បានធ្វើរឿយ ៗ  យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីបាននូវសតិសម្បជញ្ញៈ ។

អនុត្តរិយសូត្រ ទី១០កែប្រែ

[៣០] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតប្រសើរបំផុត) នេះ មាន៦ ។ ៦ តើអ្វីខ្លះ ។ គឺ ទស្សនានុត្តរិយៈ (ការឃើញដ៏ប្រសើរបំផុត) ១ សវនានុត្តរិយៈ (ការស្តាប់ប្រសើរបំផុត) ១ លាភានុត្តរិយៈ (ការបានប្រសើរបំផុត) ១ សិក្ខានុត្តរិយៈ (ការសិក្សាប្រសើរបំផុត) ១ បារិចរិយានុត្តរិយៈ (ការបម្រើប្រសើរបំផុត) ១ អនុស្សតានុត្តរិយៈ (ការរឭកប្រសើរបំផុត) ១ ។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅមើលដំរីរតន៍ក្តី ទៅមើលសេះរតន៍ក្តី ទៅមើលមណិរតន៍ក្តី ឬក៏ទៅមើលរបស់ធំ តូចណាមួយក្តី ទៅមើលសមណៈ ឬព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការឃើញនុ៎ះ ឈ្មោះថាឃើញហើយ ការឃើញនុ៎ះ មិនមែនជាមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ តែថា ការឃើញនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅឃើញតថាគត ឬសាវកនៃតថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនុ៎ះ ទើបប្រសើរបំផុត ជាងការឃើញទាំងឡាយ (ព្រោះប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់ នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលទៅឃើញតថាគត ឬសាវកនៃតថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនេះ ទើបតថាគតឲ្យឈ្មោះថា ការឃើញប្រសើរបំផុត ។ ទស្សនានុត្តរិយៈ ដូច្នេះឯង ។ ចំណែកសវនានុត្តរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅស្តាប់សំឡេងស្គរក្តី ទៅស្តាប់សំឡេងពិណក្តី ទៅស្តាប់សំឡេងច្រៀងក្តី ឬក៏ទៅស្តាប់សំឡេងធំ តូចណាមួយក្តី ទៅស្តាប់ធម៌ របស់សមណៈ ឬព្រហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការស្តាប់នុ៎ះ ក៏ឈ្មោះថាស្តាប់ដែរ ការស្តាប់នុ៎ះ មិនមែនថាមិនស្តាប់ទេ មា្នលភិក្ខុទាំងឡាយ តែថាការស្តាប់នុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅស្តាប់ធម៌តថាគត ឬសាវកនៃតថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការស្តាប់នុ៎ះ ទើបប្រសើរបំផុត ជាងការស្តាប់ទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅ នៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលទៅស្តាប់ធម៌តថាគត ឬសាវកនៃតថាគតហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការស្តាប់នេះ ទើបតថាគតឲ្យឈ្មោះថា ការស្តាប់ប្រសើរបំផុត ។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ ដូច្នេះឯង ។ ឯលាភានុត្តរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បានលាភ គឺ កូនក្តី បានលាភ គឺប្រពន្ធក្តី បានលាភ គឺទ្រព្យក្តី ឬក៏បានលាភធំតូចណាមួយក្តី បានសេចក្តីជឿក្នុងសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា លាភនុ៎ះ ក៏ជាលាភដែរហើយ មិនមែនឥតលាភទេ ម្នាលភិក្ខុទាំងឡាយ តែថាលាភនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា បានសេចក្តីជឿក្នុងតថាគត ឬក្នុងសាវករបស់តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបាននុ៎ះ ប្រសើរបំផុតជាងលាភទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលបានសេចក្តីជឿ ក្នុងតថាគត ឬក្នុងសាវករបស់តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបាននេះ ទើបតថាគតឲ្យឈ្មោះថា ជាលាភប្រសើរបំផុត ។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ ដូច្នេះឯង ។ ចំណែកខាងសិក្ខានុត្តរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ សិក្សាវិជ្ជាដំរីក្តី សិក្សាវិជ្ជាសេះក្តី សិក្សាវិជ្ជារថក្តី សិក្សាវិជ្ជាធ្នូក្តី សិក្សាវិជ្ជាដងដាវក្តី ឬក៏សិក្សាវិជ្ជាខ្ពស់ទាបក្តី សិក្សា (វិជ្ជា) របស់សមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការសិក្សានុ៎ះ ក៏ជាការសិក្សាហើយ មិនមែនមិនសិក្សាទេ ម្នាលភិក្ខុទាំងឡាយ តែថា ការសិក្សានុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា សិក្សានូវអធិសីល សិក្សានូវអធិចិត្ត សិក្សានូវអធិប្បញ្ញ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការសិក្សានុ៎ះ ប្រសើរបំផុត ជាងការសិក្សាទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលសិក្ខា នូវអធិសីលក្តី សិក្សានូវអធិចិត្តក្តី សិក្សានូវអធិប្បញ្ញាក្តី ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការសិក្សានេះ ទើបតថាគតហៅថា សិក្សាប្រសើរបំផុត ។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ សិក្ខានុត្តរិយៈ ដូច្នេះឯង ។ ឯបារិចរិយានុត្តរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បម្រើក្សត្រិយ៍ក្តី បម្រើព្រាហ្មណ៍ក្តី បម្រើគហបតីក្តី ឬបម្រើបុគ្គលធំតូចណាមួយក្តី បម្រើសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការបម្រើនុ៎ះ ក៏ជាការបម្រើហើយ មិនមែនមិនបម្រើទេ ម្នាលភិក្ខុទាំងឡាយ តែថា ការបម្រើនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ។បេ។ ដើម្បីនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា បម្រើតថាគត ឬសាវករបស់តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបម្រើនុ៎ះ ប្រសើរបំផុត ជាងការបម្រើទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលបម្រើតថាគត ឬសាវករបស់តថាគត  ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបម្រើនេះ ទើបតថាគតហៅថា ការបម្រើប្រសើរបំផុត ។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ សិក្ខានុត្តរិយៈ បារិចរិយានុត្តរិយៈ ដូច្នេះឯង ។ ចំណែកអនុស្សតានុត្តរិយៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រឭកនូវការបានកូនក្តី រឭកនូវការបានប្រពន្ធក្តី រឭកនូវការបានទ្រព្យក្តី ឬក៏រឭកនូវការបានរបស់តូចធំក្តី រឭកនូវសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការរឭកនុ៎ះ ក៏ឈ្មោះថា រឭកដែរ មិនមែនមិនរឭកទេ ម្នាលភិក្ខុទាំងឡាយ តែថា ការរឭកនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ ។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា រឭកនូវតថាគត ឬសាវករបស់តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ សេចក្តីរឭកនុ៎ះ ប្រសើរបំផុត ជាងសេចក្តីរលឹកទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនិព្វាន គឺនៅត្រង់បុគ្គលរឭកនូវតថាគត ឬសាវករបស់តថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការរឭកនេះ ទើបតថាគតហៅថា ការរឭកប្រសើរបំផុត ។ ម្នាលភិក្ខុទាំងឡាយ នេះឯងអនុត្តរិយៈ ទាំង៦ យ៉ាង ។

ពួកជនណា បាននូវទស្សនានុត្តរិយៈផង នូវសវនានុត្តរិយៈផង បាននូវលាភានុត្តរិយៈផង ត្រេកអរក្នុងសិក្ខានុត្តរិយៈផង តាំងនៅក្នុងបារិចរិយានុត្តរិយៈ ចម្រើននូវអនុស្សតានុត្តរិយៈ ដែលប្រកបដោយវិវេក ដ៏ក្សេម ជាគ្រឿងឲ្យដល់និព្វានផង ពួកជននោះ រីករាយក្នុងសេចក្តីមិនប្រហែស មានបញ្ញាចាស់ សង្រួមហើយក្នុងសីល រមែងដឹងនូវអមតនិព្វាន ដែលជាទីរលត់ទុក្ខ តាមកាលដ៏គួរ ។

ចប់ អនុត្តរិយវគ្គ ទី៣ ។

ឧទ្ទាននៃអនុត្តរិយវគ្គនោះគឺ

ព្រះដ៏មានព្រះភាគ ទ្រង់គង់ជិតសាមគ្រាម ១សូត្រ អបរិហានិយធម៌ ១សូត្រ ភ័យជាឈ្មោះរបស់កាមជាដើម ១សូត្រ ភិក្ខុអាចទំលាយភ្នំហិមពាន្ត ១សូត្រ ភិក្ខុរមែងស្អាត ១សូត្រ ព្រះមហាកច្ចានៈ ១សូត្រ សម័យ ២សូត្រ ឧទាយិត្ថេរ ១សូត្រ អនុត្តរិយៈ ១សូត្រ ។  

សេក្ខបរិហានិយវគ្គកែប្រែ

សេខសូត្រ ទី១កែប្រែ

[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ (ចាកគុណឰដ៏ខាងលើ) ដល់ភិក្ខុជាសេក្ខៈ (ទាំង៧ពួក) ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីត្រេកអរក្នុងការងារ ១  សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងពួកគណៈ ១ មិនមានសេចក្តីគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការចរចា ១ សេចក្តីមិនត្រេកអរក្នុងការដេក ១ សេចក្តីមិនត្រេកអរក្នុងពួកគណៈ ១ គ្រប់គ្រងទា្វរក្នុងឥន្រ្ទិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ ។

បឋមអបរិហានសូត្រ ទី២កែប្រែ

[៣២] គ្រានោះ មានទេវតា ១អង្គ កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរពក្នុងអប្បមាទធម៌ ១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាង នេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ទេវតានោះ បានក្រាបទូលដូច្នេះហើយ ។ ព្រះសាស្តា ក៏មានព្រះហ្ឫទ័យរីករាយ ។ លុះទេវតានោះ ដឹងថាព្រះសាស្តាមានព្រះហ្ឫទ័យរីករាយនឹងអាត្មាហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើបទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង ។ លុះដល់រាត្រីបឋមយាមនោះ កន្លងហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយនឹងតថាគត  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរព ក្នុងអប្បមាទធម៌១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយដូច្នេះ លុះនិយាយដូច្នេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង ។

ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏ក្លៀវក្លា ក្នុងព្រះសង្ឃ (គោរពក្នុងសិក្ខា) គោរពក្នុងសេចក្តីមិនប្រមាទ គោរពក្នុងបដិសន្ថារៈហើយ មិនគួរដើម្បីសាបសូន្យ រមែងតាំងនៅ ក្នុងទីជិតនៃព្រះនិព្វាន ។

ទុតិយអបរិហានសូត្រ ទី៣កែប្រែ

[៣៣] ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រីបឋមយាម កន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង   ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតក្នុងទីសមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតក្នុងទីសមគួរហើយ បាននិយាយនឹងតថាគត  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរពក្នុងការខ្មាសបាប ១ សេចក្តីគោរពក្នុងការខ្លាចបាប ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយដូច្នេះ លុះបាននិយាយដូច្នេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង ។

ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏ក្លៀវក្លា ក្នុងព្រះសង្ឃ (គោរពក្នុងសិក្ខា) បរិបូរណ៌ដោយហិរិ និងឱត្តប្បៈ ប្រកបដោយសេចក្តីឱនលំទោនដ៏ទន់ភ្លន់ មិនគួរដើម្បីសាបសូន្យ រមែងតាំងនៅក្នុងទីជិតនៃព្រះនិព្វាន ។

មហាមោគ្គល្លានសូត្រ ទី៤កែប្រែ

[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅកាន់ទីស្ងាត់ ពួនសម្ងំ ហើយមានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង  យ៉ាងនេះថា ពួកទេវតាណា មានសេចក្តីដឹងថា យើងទាំងឡាយ ជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះ ដែរឬទេ ។ សម័យនោះ មានភិក្ខុឈ្មោះតិស្សៈ ធ្វើមរណកាលថ្មីៗ បានទៅកើតក្នុងព្រហ្មលោកណាមួយ ។ ឯពួកព្រហ្ម ក្នុងព្រហ្មលោកនោះ ក៏ស្គាល់ព្រហ្មនោះ  យ៉ាងនេះថា នេះជាព្រហ្មឈ្មោះតិស្សៈ មានឫទ្ធិច្រើន មានអានុភាពច្រើន ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់អំពីវត្តជេតពន ទៅប្រាកដឯព្រហ្មលោកនោះ ដូចជាបុរសដ៏មានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះឯង ។ តិស្សព្រហ្ម បានឃើញព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏បាននិយាយ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ  យ៉ាងនេះថា បពិត្រព្រះមោគ្គល្លានជាម្ចាស់ សូមលោកនិមន្តចូលមកចុះ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លោកនិមន្តមកស្រួលហើយ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លោកបានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ អស់កាលយូរណាស់ហើយហ្ន៎ បពិត្រព្រះមោគ្គល្លានជាម្ចាស់ សូមលោកគង់ចុះ នេះជាអាសនៈដែលខ្ញុំក្រាលប្រគេន ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់លើអាសនៈ ដែលតិស្សព្រហ្មក្រាលប្រគេន ។ ឯតិស្សព្រហ្ម ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុហើយ អង្គុយក្នុងទីសមគួរ ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានថេរវាចា  យ៉ាងនេះថា ម្នាលតិស្សៈ ពួកទេវតា ណាហ្ន៎ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះ ដែរឬទេ ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងបានត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះដែរ ។ ម្នាលតិស្សៈ ពួកទេវតាជាន់ចាតុម្មហារាជិកៈទាំងអស់ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះដែរ ឬដូចម្តេច ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកទេវតា ជាន់ចាតុម្មហារាជិកៈ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះទាំងអស់គ្នាទេ ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកចាតុម្មហារាជិកទេវតាណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ មិនប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួកចាតុម្មហារាជិកទេវតានោះ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះទេ ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកចាតុម្មហារាជិកទេវតាណា ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ទើបពួកចាតុម្មហារាជិកទេវតានោះ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះបាន ។ ម្នាលតិស្សៈ ចុះមានតែពួកចាតុម្មហារាជិកទេវតា មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខប៉ុណ្ណោះឬ ឬក៏ពួកតាវត្តិង្សទេវតាក្តី ។បេ។ ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ពួកនិម្មានរតីទេវតាក្តី ពួកបរនិម្មិតវសវត្តីទេវតាក្តី មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះដែរ ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតា មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ  យ៉ាងនេះបាន ។ ម្នាលតិស្សៈ ពួកបរនិម្មិតវសវត្តីទេវតា មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះ ទាំងអស់គ្នា ឬដូចម្តេច ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតា មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង ទៅខាងមុខ យ៉ាងនេះ ទាំងអស់គ្នាទេ ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតាណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ មិនប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួកបរនិម្មិតវសវត្តីទេវតាទាំងនោះ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង ទៅខាងមុខ យ៉ាងនេះទេ ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លុះតែពួកបរនិម្មិតវសវត្តីទេវតាណា ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ទើបបានពួកបរនិម្មិតវសវត្តីទេវតាទាំងនោះ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមាន សេចក្តីត្រាស់ដឹង ទៅខាងមុខ យ៉ាងនេះបាន ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រេកអរ អនុមោទនាភាសិតរបស់តិស្សព្រហ្ម ហើយក៏បាត់ពីព្រហ្មលោក មកប្រាកដឯវត្តជេតពនវិញ ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះឯង ។

វិជ្ជាភាគិយសូត្រ ទី៥កែប្រែ

[៣៥] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ជាចំណែកនៃវិជ្ជានេះ មាន ៦ យ៉ាង ។ ធម៌ ៦ យ៉ាង តើដូចម្តេច ។ គឺសេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងអនិច្ចានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងទុក្ខានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងអនត្តានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងបហានានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងវិរាគានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង និរោធានុបស្សនាញាណ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលជាចំណែកនៃវិជ្ជា ៦ យ៉ាង ។

វិវាទមូលសូត្រ ទី៦កែប្រែ

[៣៦] ម្នាលភិក្ខុទាំងឡាយ មូលហេតុនៃសេចក្តីវិវាទនេះ មាន៦ យ៉ាង ។ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យបរិបូណ៌ ក្នុងសិក្ខាផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន មិនចម្រើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ បានឃើញមូលហេតុនៃវិវាទ មានសភាព យ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះមូលហេតុ នៃវិវាទដ៏លាមកនោះចេញ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនឃើញមូលហេតុនៃវិវាទ មានសភាព យ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅទេ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យមូលហេតុ នៃវិវាទដ៏លាមកនោះ ជាប់តាមតទៅទៀតបាន ។  យ៉ាងនេះ ឈ្មោះថា ការលះមូលហេតុ នៃវិវាទដ៏លាមកនុ៎ះចេញ ។  យ៉ាងនេះ ឈ្មោះថា មានមូលហេតុ នៃវិវាទដ៏លាមកនុ៎ះ ជាប់តាមតទៅទៀត១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និងវាយឫកស្មើ ១ ។បេ។ ជាអ្នកមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ១ ជាអ្នកអួតអាង មានពុតត្បុត ១ ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក មានសេចក្តីយល់ខុស ១ ជាអ្នកស្ទាបអង្អែល តាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយក្រ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ស្ទាបអង្អែលតាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយក្រ ភិក្ខុនោះ មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាផង មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ផង មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តា ។បេ។ មិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទ ឲ្យកើតឡើងក្នុងព្រះសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញមូលហេតុនៃវិវាទ មានសភាព យ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះបង់នូវវិវាទមូលដ៏លាមកនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវវិវាទមូល មានសភាព យ៉ាងនេះ ទាំងខាងក្នុង ទាំងខាងក្រៅទេ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យវិវាទមូលដ៏លាមកនុ៎ះជាប់តាម តទៅទៀតបាន ។  យ៉ាងនេះ ឈ្មោះថា ការលះបង់ចោល នូវវិវាទមូលដ៏លាមកនោះ ។  យ៉ាងនេះ ឈ្មោះថា មានវិវាទមូលដ៏លាមកនុ៎ះ ជាប់តាមតទៅទៀត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហើយ ជាវិវាទមូល ៦ យ៉ាង ។

ឆឡង្គទានសូត្រ ទី៧កែប្រែ

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ឧបាសិកា ជាមាតាព្រះនន្ទ អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ តម្កល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន ។ ព្រះដ៏មានព្រះភាគ បានទតឃើញនន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា ដែលកំពុងតម្កល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ នន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈនោះ កំពុងតម្កល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន ។ ម្នាលភិក្ខុទាំងឡាយ ចុះទានប្រកបដោយអង្គ ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អង្គរបស់ទាយក មាន៣ អង្គរបស់បដិគ្គាហកៈទាំងឡាយ មាន៣ ។ ចុះអង្គរបស់ទាយក ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ទាយកជាអ្នកមានចិត្តត្រេកអរមុន អំពីកាលឲ្យ ១ កំពុងតែឲ្យ  ធ្វើចិត្តឲ្យជ្រះថ្លា ១ លុះឲ្យហើយ មានចិត្តរីករាយ ១ ។ នេះជាអង្គទាយកមាន ៣ ។ អង្គរបស់បដិគ្គាហកៈទាំងឡាយ មាន ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ពួកបដិគ្គាហកៈ ជាអ្នកប្រាសចាករាគៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ១ ប្រាសចាកទោសៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ១ ប្រាសចាកមោហៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់មោហៈ ១ ។ នេះជាអង្គបដិគ្កាហកៈមាន៣ ។ អង្គរបស់ទាយក មាន ៣ អង្គរបស់បដិគ្គាហកៈមាន ៣ ដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ  យ៉ាងនេះឯង ជាទានប្រកបដោយអង្គ ៦ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ នូវប្រមាណនៃបុណ្យ របស់ទាន ដែលប្រកបដោយអង្គ ៦  យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿងនាំមកនូវសេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យច្រើនប៉ុណ្ណេះបាន ។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដែលមិនងាយកំណត់ប្រមាណនូវទឹក ក្នុងមហាសមុទ្ទថា ទឹកប៉ុណ្ណេះអាឡ្ហកក្តី ទឹកប៉ុណ្ណេះរយអាឡ្ហកក្តី ទឹកប៉ុណ្ណេះពាន់អាឡ្ហកក្តី ទឹកប៉ុណ្ណេះសែនអាឡ្ហកក្តី បានឡើយ ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា គំនរទឹកដ៏ច្រើនប៉ុណ្ណោះបាន  យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ប្រមាណនូវបុណ្យ នៃទានប្រកបដោយអង្គ ៦  យ៉ាង  យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿងនាំមកនូវសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យដ៏ច្រើនប៉ុណ្ណោះបាន ក៏ យ៉ាងនោះដែរ ។

ទាយកមានចិត្តរីករាយ ក្នុងវេលាមុនអំពីកាលឲ្យ កំពុងឲ្យ ធ្វើចិត្តឲ្យជ្រះថ្លា លុះឲ្យហើយ ក៏មានចិត្តត្រេកអរ (តាមក្រោយ) នេះជាសេចក្តីបរិបូណ៌របស់ទាន ។ បុគ្គលអ្នកប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាព្រហ្មចារី មានសេចក្តីសង្រួម ឈ្មោះថាជាខេត្តនៃទានដ៏បរិបូណ៌ (ដោយគុណ) ។ បុគ្គលខ្វល់ខ្វាយដោយខ្លួនឯង ឲ្យទានដោយដៃរបស់ខ្លួន ។ ទាននុ៎ះ ជាទានមានផលច្រើន ព្រោះខ្លួនផង ព្រោះបុគ្គលដទៃផង ។ អ្នកប្រាជ្ញជាបណ្ឌិតអ្នកមានសទ្ធា មានចិត្តផុតស្រឡះ (ចាកសេចក្តីកំណាញ់) លុះឲ្យទាន យ៉ាងនេះហើយ ក៏រមែងទៅកើតក្នុងទេវលោក ជាសុខ ឥតមានទុក្ខ ។

អត្តការីសូត្រ ទី៨កែប្រែ

[៣៨] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរួសរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យរួសរាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គធ្លាប់និយាយ យ៉ាងនេះ ធ្លាប់យល់ យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃបានឡើយ ។ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប មិនដែលឮ មនុស្សនិយាយ យ៉ាងនេះ យល់ យ៉ាងនេះឡើយ ហេតុអ្វីបានជាមនុស្សឈានដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង និយាយ យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ ដូច្នេះបាន ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ការផ្គងនូវសេចក្តីព្យាយាម មានដែរឬទេ ។ មានដែរ ព្រះអង្គ ។ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសេចក្តីប្រារព្ធ រមែងប្រាកដឡើងដែរឬទេ ។ មានដែរ ព្រះអង្គ ។ ម្នាលព្រាហ្មណ៍ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសចក្តីប្រារព្ធ ប្រាកដដោយហេតុណា ហេតុនេះហើយ ជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច សេចក្តីព្យាយាម មានសភាពចេញចាកការខ្ជឹលច្រអូស មានដែរឬទេ ។ប ។ សេចក្តីប្រឹងប្រែង មានដែរឬទេ សេចក្តីរឹងប៉ឹង មានដែរឬទេ សេចក្តីមាំមួន មានដែរឬទេ សេចក្តីខ្វល់ខ្វាយ មានដែរឬទេ ។ មានដែរ ព្រះអង្គ ។ កាលបើមានសេចក្តីខ្វល់ខ្វាយហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ក៏រមែងប្រាកដឡើងដែរឬទេ ។ មានប្រាកដដែរ ព្រះអង្គ ។ ម្នាលព្រាហ្មណ៍ កាលបើសេចក្តីខ្វល់ខ្វាយមានហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ប្រាកដឡើងដោយហេតុណា ហេតុនេះជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប  មិនដែលឮមនុស្សនិយាយ យ៉ាងនេះ យល់ យ៉ាងនេះឡើយ ដូចម្តេចក៏មនុស្សឈានដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង មកនិយាយ យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃសោះឡើយ ។ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ ។បេ។ ចាប់ដើមតាំងពីថ្ងៃនេះទៅ ជាអ្នកដល់នូវព្រះអង្គ ជាទីពឹងស្មើដោយជីវិត ។

និទានសូត្រ ទី៩កែប្រែ

[៣៩] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៣  យ៉ាងនេះ ដែលផ្តួចផ្តើមឲ្យកើត អកុសលកម្មទាំងឡាយ ។ ហេតុ ៣  យ៉ាង តើដូចម្តេច ។ គឺលោភៈ ជាហេតុផ្តួចផ្តើមឲ្យកើតអកុសលកម្មទាំងឡាយ ១ ទោសៈ ជាហេតុផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ ១ មោហៈ ជាហេតុផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ អលោភៈ មិនកើតមកអំពីលោភៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ លោភៈ ប្រាកដជាកើតមកអំពីលោភៈដដែល ។ ម្នាលភិក្ខុទាំងឡាយ អទោសៈ មិនកើតមកអំពីទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ ទោសៈ ប្រាកដជាកើតមកអំពីទោសៈដដែល ។ ម្នាលភិក្ខុទាំងឡាយ អមោហៈ មិនកើតមកអំពីមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ មោហៈ ប្រាកដជាកើតមកអំពីមោហៈដដែល ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាក្តី ពួកមនុស្សក្តី ឬសុគតិណាមួយឯទៀត មិនមែនបានប្រាកដ មកអំពីកម្ម ដែលកើតអំពីលោភៈ កម្មដែលកើតអំពីទោសៈ កម្មដែលកើតអំពីមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ នរកក្តី កំណើតតិរច្ឆានក្តី ប្រេតវិស័យក្តី ឬក៏ទុគ្គតិណាមួយឯទៀត រមែងកើតប្រាកដមកអំពីកម្ម ដែលកើតអំពីលោភៈ កម្មដែលកើតអំពីទោសៈ កម្មដែលកើតអំពីមោហៈជាប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣  យ៉ាងនេះហើយ ដែលផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣  យ៉ាងនេះ ដែលផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ។ ចុះហេតុ៣  យ៉ាង តើដូចម្តេច ។ គឺអលោភៈ ជាហេតុផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ អទោសៈ ជាហេតុផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ អមោហៈ ជាហេតុផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ លោភៈ មិនមែនកើតមកអំពីអលោភៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ អលោភៈ ប្រាកដជាកើតមកអំពីអលោភៈដដែល ។ ម្នាលភិក្ខុទាំងឡាយ ទោសៈ មិនមែនកើតមកអំពីអទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ អទោសៈ ប្រាកដជាកើតមកអំពីអទោសៈដដែល ។ ម្នាលភិក្ខុទាំងឡាយ មោហៈ មិនមែនកើតមកអំពីអមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ អមោហៈ ប្រាកដជាកើតមកអំពីអមោហៈដដែល ។ ម្នាលភិក្ខុទាំងឡាយ នរកក្តី កំណើតតិរច្ឆានក្តី ប្រេតវិស័យក្តី ឬក៏ទុគ្គតិណាមួយឯទៀត មិនកើតប្រាកដមកអំពីកម្ម ដែលកើតពីអលោភៈ កម្មដែលកើតអំពីអទោសៈ កម្មដែលកើតអំពីអមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ ពួកទេវតាក្តី ពួកមនុស្សក្តី ឬក៏សុគតិណាមួយឯទៀត តែងកើតប្រាកដមកអំពីកម្ម ដែលកើតអំពីអលោភៈ កម្មដែលកើតមកអំពីអទោសៈ កម្មដែលកើតមកអំពីអមោហៈជាប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣  យ៉ាងនេះហើយ ដែលផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ។

កិមិលសូត្រ ទី១០កែប្រែ

[៤០] ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ទៀបក្រុងកិមិលា ។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះកិមិលៈ ដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលសួរព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតឋេរនៅអស់កាលយូរបាន ។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង ក្នុងអប្បមាទ មិនគោរព មិនកោតក្រែងក្នុងបដិសន្ថារៈ ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតថេរនៅអស់កាលយូរបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលព្រះតថាគតបរិនិព្វានហើយ  ព្រះសទ្ធម្ម ឋិតថេរនៅអស់កាលយូរបាន ។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើព្រះតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកគោរព កោតក្រែង ក្នុងព្រះសាស្តា គោរព កោតក្រែង ក្នុងព្រះធម៌ គោរព កោតក្រែង ក្នុងសង្ឃ គោរព កោតក្រែងក្នុងសិក្ខា គោរព   កោតក្រែង ក្នុងអប្បមាទ គោរព កោតក្រែងក្នុងបដិសន្ថារៈ ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្ម ឋិតថេរនៅអស់កាលយូរបាន ។

ទារុក្ខន្ធសូត្រ ទី១១កែប្រែ

[៤១] ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចុះអំពីភ្នំគិជ្ឈកូដ ជាមួយនឹងពួកភិក្ខុដ៏ច្រើន បានឃើញគំនរឈើដ៏ធំ ក្នុងប្រទេសមួយ ហើយប្រឹក្សានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយ ឃើញគំនរឈើដ៏ធំឯណោះ ដែរឬទេ ។ ឃើញដែរ អាវុសោ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ ថាជាបឋវីធាតុ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ភិក្ខុមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត អាស្រ័យបឋវីធាតុ ក្នុងគំនរឈើឯណោះ ហើយគប្បីកំណត់ នូវគំនរឈើឯណោះ ថាជាបឋវីធាតុ ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ   ថាជាអាបោធាតុ ។បេ។   គប្បីកំណត់ថាជាតេជោធាតុ គប្បីកំណត់ថាជាវាយោធាតុ គប្បីកំណត់ថាជាសុភធាតុ [ផ្កាឈូកក្នុងស្រះ មានពណ៌ក្រហម ហៅថា សុភធាតុ ។]  គប្បីកំណត់ ថាជាអសុភធាតុ [កំទេចស្អុយក្តី ស្រាយ និងក្រមរទាំងឡាយដ៏ស្អុយក្តី ដែលមានពណ៌មិនជាទីគាប់ចិត្ត ហៅថា អសុភធាតុ ។ អដ្ឋកថា ។] ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ព្រោះភិក្ខុមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត អាស្រ័យអសុភធាតុ ក្នុងគំនរឈើឯណោះ គប្បីកំណត់នូវគំនរឈើឯណោះ ថាជាអសុភធាតុ ។

នាគិតសូត្រ ទី១២កែប្រែ

[៤២] ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន ស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈ របស់អ្នកដែនកោសលទាំងឡាយ ។ មានសេចក្តីដំណាលថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈនោះ ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ បានឮថា ព្រះសមណគោតមដ៏ចម្រើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ ហើយគង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបស្រុកឥច្ឆានង្គលៈ ។ ឯព្រះគោតមដ៏ចម្រើននោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ ដោយព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ ។បេ។ ត្រាស់ដឹងអរិយសច្ចទាំង ៤ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។ ព្រះដ៏មានព្រះភាគនោះ ទ្រង់ញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ។បេ។ ការបានចួបប្រទះព្រះអរហន្តទាំងឡាយ ។ គ្រាកាលរាត្រីនោះ កន្លងទៅហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ កាន់ខាទនីយភោជនីយាហារដ៏ច្រើន ចូលទៅក្នុងដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ឋិតនៅខាងក្រៅខ្លោងទ្វារ រួចមានសំឡេងគឹកកង យ៉ាងខ្លាំង ។ សម័យនោះ ព្រះនាគិតៈដ៏មានអាយុ ជាអ្នកត្រូវវេនបំរើព្រះដ៏មានព្រះភាគ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា នែនាគិតៈ ពួកជនណា ស្រែកហ៊ោគឹកកង ទំនងដូចជាព្រានសំណាញ់ ដណ្តើមត្រីគ្នា ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណ៍ គហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយកខាទនីយភោជនីយាហារដ៏ច្រើនមុខ ហើយឈរខាងក្រៅខ្លោងទ្វារ ឧទ្ទិសចំពោះព្រះដ៏មានព្រះភាគផង ភិក្ខុសង្ឃផង ។ ម្នាលនាគិតៈ តថាគតសុំកុំចួបប្រសប់នឹងយសបរិវារ ឯយសក៏កុំចួបប្រសប់ នឹងតថាគត យ៉ាងនេះឡើយ ។  ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ (សុខកើតអំពីកិរិយាចេញបួស) បវិវេកសុខ (សុខកើតអំពីសេចក្តីស្ងប់ស្ងាត់) ឧបសមសុខ (សុខកើតអំពីសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខកើតអំពីសេចក្តីត្រាស់ដឹង) បុគ្គលណា ជាអ្នកមិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត សូមព្រះសុគត ទ្រង់ទទួលនិមន្តឥឡូវ បពិត្រព្រះអង្គដ៏ចម្រើន កាលនេះ គួរព្រះដ៏មានព្រះភាគ ទទួលនិមន្តណាស់ បពិត្រព្រះអង្គដ៏ចម្រើន កាលនេះ គួរព្រះដ៏មានព្រះភាគទទួលនិមន្តណាស់ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ ស្តេចនឹងយាងទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះៗដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ដូចជាភ្លៀង មានដំណក់ទឹកធំៗ បង្អុរចុះ ទឹករមែងហូរទៅកាន់ទីទំនាប  យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះ ៗ ក៏ យ៉ាងនោះដែរ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះដ៏មានព្រះភាគ មានសីល និងបញ្ញា ។ ម្នាលនាគិតៈ តថាគតសុំកុំចួបនឹងយសបរិវារ ឯយសក៏កុំចួបប្រសប់នឹងតថាគត ( យ៉ាងនេះ) ឡើយ ។ ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ បុគ្គលណា មិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខនេះទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគតឃើញភិក្ខុ នៅក្នុងសេនាសនៈ នាចន្លោះស្រុក កំពុងអង្គុយចម្រើនសមាធិ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា ឥឡូវនេះ ជនជាម្ចាស់អារាម នឹងបៀតបៀននូវលោកដ៏មានអាយុនេះ ឬក៏សាមណេរ មុខជាញ៉ាំងភិក្ខុនោះ ឲ្យឃ្លាតចាកសមាធិដែរឬទេ ។ ម្នាលនាគិតៈ ហេតុនោះ តថាគតមិនពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ កំពុងអង្គុយលក់ក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា ឥឡូវនេះ លោកនេះបន្ទោបង់ នូវសេចក្តីលំបាក ក្នុងកិរិយាដេកលក់នេះ ហើយធ្វើមនសិការៈ នូវអរញ្ញសញ្ញា ឲ្យប្រសើរឯក ។  ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ អ្នកនៅក្នុងព្រៃ មិនអង្គុយចម្រើនសមាធិក្នុងព្រៃទេ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា  ឥឡូវនេះ លោកនេះនឹងតាំងចិត្ត ដែលមិនទាន់ដល់សមាធិផង រក្សាចិត្តដែលបានដល់សមាធិហើយផង ។ ម្នាលនាគិតៈ ហេតុនេះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ បានដល់សមាធិ ហើយអង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា ឥឡូវនេះ លោកនេះ ញ៉ាំងចិត្តដែលមិនទាន់រួចស្រឡះ ឲ្យរួចស្រឡះផង រក្សាទុកនូវចិត្ត ដែលរួចស្រឡះហើយផង ។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងសេនាសនៈ នាចន្លោះស្រុក ធ្លាប់បាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលបើភិក្ខុនោះចង់បានលាភសក្ការៈ សេចក្តីសរសើរនោះហើយ រមែងលះបង់នូវទីសម្ងំ លះបង់នូវសេនាសនៈដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ ក៏ជ្រកនៅតែក្នុងស្រុក និគម រាជធានី ។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគតមិនពេញចិត្ត នឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ ធ្លាប់បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ បន្ទោបង់ នូវលាភសក្ការៈ សេចក្តីសរសើរនោះ ហើយមិនលះបង់ទីសេនាសនៈដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ ។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគត ពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ ។ ម្នាលនាគិតៈ ពេលណាតថាគតដើរទៅកាន់ផ្លូវឆ្ងាយ មិនបានឃើញបុគ្គលណាមួយ ខាងមុខ ឬខាងក្រោយ ម្នាលនាគិតៈ ពេលនោះ តថាគតមានសេចក្តីសុខសប្បាយ ដោយហោចទៅ (សូម្បីគ្រាន់តែ) ធ្វើឧច្ចារៈបស្សាវៈ ក៏ស្រួលដែរ ។

ចប់ សេក្ខបរិហានិយវគ្គ ទី៤ ។

ឧទ្ទាននៃសេក្ខបរិហានិយវគ្គនោះគឺ

និយាយអំពីសេក្ខបរិហានិយធម៌ ១ សេក្ខអបរិហានិយធម៌ ២លើក សេចក្តីត្រិះរិះនៃព្រះមហាមោគ្គល្លាន  ១ ធម៌ជាចំណែកនៃវិជ្ជា ១ មូលហេតុនៃវិវាទ ១ ការឲ្យទាន ១ មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន ១ ហេតុឲ្យកើតកម្មទាំងឡាយ ១ ព្រះកិមិលៈ ទូលសួរព្រះដ៏មានព្រះភាគ ១ ព្រះសារីបុត្របង្ហាញគំនរឈើ ដល់ភិក្ខុទាំងឡាយ ១ នាគិតត្ថេរ អ្នកបំរើព្រះដ៏មានព្រះភាគ ១ ។

ធម្មិកវគ្គកែប្រែ

នាគសូត្រ ទី១កែប្រែ

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី ។ លុះព្រះអង្គចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់មានព្រះបន្ទូលនឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅឯស្រះឈ្មោះ បុព្វកោដ្ឋកៈ ដើម្បីស្រោចស្រប់ខ្លួន ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅឯស្រះបុព្វកោដ្ឋកៈ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ ដើម្បីស្រោចស្រប់ព្រះអង្គ ។ លុះព្រះដ៏មានព្រះភាគ ស្រោចស្រប់ព្រះអង្គ ក្នុងស្រះបុព្វកោដ្ឋកៈរួចហើយ ទ្រង់ត្រឡប់ឡើងមក មានចីវរតែមួយ ទ្រង់ឈរធ្វើព្រះអង្គឲ្យប្រាកដ ដូចជាកាលមុន ។ សម័យនោះឯង ដំរីឈ្មោះសេតៈ របស់ព្រះបាទបសេនទិកោសល ត្រូវគេដេញដំ ប្រគំតូរ្យតន្រ្តីដ៏ប្រសើរ ក៏ឆ្លងឡើងមកអំពីស្រះបុព្វកោដ្ឋកៈដែរ ។ មហាជនបានឃើញដំរីនោះហើយ ក៏និយាយ យ៉ាងនេះថា យីអើ ដំរីរបស់ស្តេច មានរូបល្អណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីរមឹលមើលណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីជ្រះថ្លាណាស់តើ យីអើ ដំរីរបស់ស្តេច មានកាយសមរម្យល្អណាស់តើ ។ កាលបើមហាជន និយាយ យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មហាជនបានឃើញនូវដំរីធំប្រសើរ មានកាយសមរម្យប៉ុណ្ណោះ ក៏និយាយ យ៉ាងនេះថា យីអើ ប្រសើណាស់តើ ប្រសើរណាស់តើ ឬហ្ន៎ ឬថាមហាជន បានឃើញនូវវត្ថុឯទៀតណាមួយ ធំប្រសើរ មានកាយសមរម្យ ក៏និយាយ យ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ ។ ម្នាលឧទាយិ មហាជនបានឃើញដំរីធំប្រសើរ មានកាយសមរម្យក្តី ក៏និយាយ យ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ ។ ម្នាលឧទាយិ មហាជនបានឃើញសេះធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញគោធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញពស់ធំប្រសើរក្តី ម្នាលឧទាយិ មហាជន បានឃើញដើមឈើធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញមនុស្សធំប្រសើរ មានកាយសមរម្យក្តី ហើយក៏និយាយ  យ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ ។ ម្នាលឧទាយិ មួយទៀត បុគ្គលណា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ក៏ហៅបុគ្គលនោះថា នាគៈ គឺបុគ្គលប្រសើរ ដូច្នេះដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់បានពោលហើយដោយប្រពៃ ។ ម្នាលឧទាយិ មួយទៀត បុគ្គលណា ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ហៅបុគ្គលនោះថា នាគៈ ដូច្នេះដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយប្រពៃហើយនេះ ខ្ញុំព្រះអង្គសូមអនុមោទនា ដោយគាថាទាំងនេះថា

មនុស្សទាំងឡាយ តែងនមស្ការ ព្រះសម្ពុទ្ធអង្គណា ដែលជាមនុស្សជាតិ មានព្រះអង្គទូន្មាន មានព្រះទ័យតម្កល់មាំ តាំងនៅក្នុងផ្លូវដ៏ប្រសើរ ទ្រង់ត្រេកអរ ក្នុងព្រះនិព្វាន ជាទីរម្ងាប់នូវចិត្ត ដល់នូវត្រើយនៃធម៌ទាំងពួង គឺ ខន្ធ អាយតនៈ ធាតុ ខ្ញុំបានឮអំពីសំណាក់ នៃព្រះអរហន្តថា សូម្បីពួកទេវតា ក៏តែងនមស្ការ ចំពោះព្រះសម្ពុទ្ធអង្គនោះ ដែលទ្រង់កន្លងបង់ នូវសំយោជនៈទាំងអស់ ចេញចាកព្រៃ គឺកិលេស ហើយបានដល់ព្រះនិព្វាន ទ្រង់ត្រេកអរក្នុងការចេញចាកកាមទាំងឡាយ ដូចជាមាស ដែលផុតចាកថ្ម ព្រះពុទ្ធ ជាបុគ្គលប្រសើរ រុងរឿង កន្លងបង់នូវសត្វទាំងពួង ដូចភ្នំហិមពាន្ត ដែលរុងរឿងជាងភ្នំដទៃ (ព្រះសម្ពុទ្ធអង្គនោះ) មាននាមប្រាកដប្រសើរជាងនាគនាមទាំងអស់ ។ តថាគត នឹងសំដែងនូវពុទ្ធនាគ ដល់អ្នកទាំងឡាយ ព្រោះថាពុទ្ធនាគនោះ រមែងមិនធ្វើអំពើអាក្រក់ សេចក្តីស្ងប់ស្ងៀម និងសេចក្តីមិនបៀតបៀនទាំងពីរនោះ ទុកជាជើងខាងមុខរបស់ពុទ្ធនាគ តបៈ គឺការសមាទាននូវវត្ត ព្រហ្មចរិយៈ គឺសីលប្រកបដោយអរិយមគ្គនោះ ជាជើងខាងក្រោយ របស់ពុទ្ធនាគ មហានាគ (នោះ) មានសទ្ធាជាប្រមោយ មានឧបេក្ខា ជាភ្លុកស មានសតិជាក មានបញ្ញាជាក្បាល ការគិតនូវធម៌ ទុកជាចុង (ប្រមោយ) មានធម៌ គឺចតុត្ថជ្ឈានសមាធិ ជាពោះសម្រាប់ចំអែតអាហារ មានសេចក្តីស្ងប់ស្ងាត់ ជាកន្ទុយរបស់ពុទ្ធនាគនោះ ពុទ្ធនាគនោះ មានឈាន មានសេចក្តីត្រេកអរ ក្នុងការដកដង្ហើមចេញ មានចិត្តតម្កល់ខ្ជាប់ ក្នុងសន្តាន កាលពុទ្ធនាគដើរ ក៏មានចិត្តតម្កល់ខ្ជាប់ កាលពុទ្ធនាគឈរ ក៏មានចិត្តតម្កល់ខ្ជាប់ កាលពុទ្ធនាគសិង ក៏មានចិត្តតម្កល់ខ្ជាប់ សូម្បីអង្គុយ ក៏មានចិត្តតម្កល់ខ្ជាប់ ពុទ្ធនាគបានសង្រួម ក្នុងទ្វារទាំងអស់ នេះជាសម្បទានៃពុទ្ធនាគ ។ ពុទ្ធនាគនោះ រមែងបរិភោគភោជន ដែលមិនមានទោស មិនបរិភោគភោជន ដែលមានទោស បានគ្រឿងបរិភោគ និងគ្រឿងស្លៀកដណ្តប់ តែងវៀរបង់នូវការសន្សំទុកដាក់ ផ្តាច់បង់នូវចំណង គឺសំយោជនៈតូច និងធំទាំងអស់ បើទៅត្រង់ទីណាៗ មិនអាឡោះអាល័យនូវទីនោះៗ ។ ឈូកស ដែលដុះឡើង ចម្រើនឡើងក្នុងទឹក មានក្លិនល្អ ជាទីត្រេកអរនៃចិត្ត មិនជាប់ដោយទឹក ដូចម្តេចមិញ ព្រះពុទ្ធទ្រង់កើតឡើងក្នុងលោក ទ្រង់គង់នៅក្នុងលោក ក៏មិនជាប់ដោយលោកឡើយ ដូចជាផ្កាឈូក មិនជាប់ដោយទឹក ដូច្នោះដែរ ។ គំនរភ្លើងធំឆេះឡើង រមែងរលត់ទៅដោយមិនមានអាហារភ្លើង សង្ខារទាំងឡាយ ស្ងប់រម្ងាប់ទៅ ហៅថា រលត់ដូច្នេះ នេះជាសេចក្តីឧបមា ជាគ្រឿងពន្យល់ នូវសេចក្តីនោះ ដែលវិញ្ញុជនទាំងឡាយ បានសំដែងហើយ ។ ពួកមហានាគ រមែងដឹងច្បាស់នូវវត្ថុដ៏ប្រសើរ ដែលពុទ្ធនាគ បានសំដែងហើយ ពុទ្ធនាគ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ លះបង់នូវសរីរៈ ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន ។

មិគសាលាសូត្រ ទី២កែប្រែ

[៤៤] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក ។ វេលានោះ មិគសាលាឧបាសិកា ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូច យ៉ាងបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុងបរលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បិតារបស់ខ្ញុំឈ្មោះ បុរាណៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចម្រើន ចំណែកឥសិទត្ត ជាទីស្រឡាញ់ នៃបិតារបស់ខ្ញុំ ជាអ្នកមិនប្រព្រឹត្តនូវធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិតដែរ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូច យ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើ ៗគ្នា ក្នុងបរលោក ។ ម្នាលនាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ យ៉ាងហ្នឹងហើយ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ទទួលយកចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ។ លុះព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយ នៃភត្តហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក ។ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះ មិគសាលាឧបាសិកា ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ ។ បពិត្រព្រះអង្គដ៏ចម្រើន លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូច យ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្កល ១ មានគតិស្មើៗគ្នា ក្នុងបរលោក ។ បពិត្រលោកម្ចាស់ដ៏ចម្រើន បិតារបស់ខ្ញុំ ឈ្មោះបុរាណៈ ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចម្រើន ឥសិទត្តៈ ជាទីស្រឡាញ់ នៃបិតារបស់ខ្ញុំ ជាអ្នកមិនប្រព្រឹត្តធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់ធ្វើមរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុងស្ថានតុសិតដែរ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូច យ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុងបរលោក ។ បពិត្រព្រះអង្គដ៏ចម្រើន កាលមិគសាលាឧបាសិកា និយាយ យ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងមិគសាលាឧបាសិកា ដូច្នេះថា ម្នាលនាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ព្យាករ យ៉ាងហ្នឹងមែនហើយ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មិគសាលាឧបាសិកាណា ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយណា មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយរឹង និងទន់នៃបុរសបុគ្គលទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់ ។ ម្នាលអានន្ទ បុគ្គល ៦ពួកនេះ មានប្រាកដក្នុងលោក ។ បុគ្គលទាំង ៦ពួក តើដូចម្តេច ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្លូត ជាអ្នកមានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅជាមួយ (នឹងបុគ្គលនោះ) ។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាអ្នកដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅជាមួយនឹងបុគ្គលនោះ ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ គឺបីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាអ្នកដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ ។ មា្នលអានន្ទ បុគ្គលអ្នកកាន់យកប្រមាណក្នុងធម៌នោះ រមែងដឹងប្រមាណថា នោះជាធម៌របស់អ្នកនេះ នោះជាធម៌របស់អ្នកឯទៀត ហេតុដូចម្តេច បានជាអ្នកទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម ។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ ។ ម្នាលអានន្ទ ក្នុងរឿងនោះ បុគ្គលណាជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅ ជាមួយនឹងបុគ្គលនោះ ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះ ដោយទិដ្ឋិផង បាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯណោះ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺ វិបស្សនាញាណ រមែងដឹកនាំ នូវបុគ្គលនេះ (ឲ្យបានសម្រេចអរិយភូមិ) ។ លំដាប់តពីនោះមក អ្នកណាគប្បីដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ ។ ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំប្រកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយផង ។ ម្នាលអានន្ទ ព្រោះថា បុគ្គលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយហើយ ហៅថា ជីករំលើងនូវគុណ ។ ម្នាលអានន្ទ តថាគត គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬបុគ្គលណាប្រហែលនឹងតថាគត (ក៏គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ) ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោកធម៌ រមែងកើតឡើងដល់បុគ្គលនោះ សព្វៗកាល ។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាបុគ្គលដល់នូវសេចក្តីសាបសូន្យ មិនដល់នូវគុណវិសេសឡើយ ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោកធម៌ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង ។បេ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះ សព្វៗកាល ។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាបុគ្គលដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាបុគ្គលដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់ យកនូវប្រមាណ រមែងដឹងប្រមាណក្នុងធម៌នោះថា នោះជាធម៌របស់អ្នកនេះ នោះជាធម៌របស់អ្នកឯទៀត ព្រោះហេតុអ្វី បានជាបុគ្គលទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម ។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ ។ រឿងនោះ បុគ្គលណា មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង ។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯណោះ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺវិបស្សនាញាណ ដឹកនាំនូវបុគ្គលនេះ (ឲ្យបានសម្រេចអរិយភូមិ) ។ លំដាប់តពីនោះមក អ្នកណាគប្បីដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ ។ ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំប្រកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយផង ។ ម្នាលអានន្ទ ព្រោះថា កាលបុគ្គលកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយ ហៅថា ជីករំលើងនូវគុណ ។ ម្នាលអានន្ទ តថាគត កាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬបុគ្គលណា ប្រហែលនឹងតថាគត (ក៏គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ ) ។ ម្នាលអានន្ទ មិគសាលាឧបាសិកាណាក្តី ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធទាំងឡាយណាក្តី មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយរឹង និងទន់ របស់បុរសបុគ្គល បុគ្គលទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់ ។ ម្នាលអានន្ទ បុគ្គល ៦ពួកនេះឯង មានប្រាកដក្នុងលោក ។ ម្នាលអានន្ទ បុរាណឧបាសក ប្រកបដោយសីល មានសភាព យ៉ាងណា ឥសីទត្ត ក៏ប្រកបដោយសីល មានសភាព យ៉ាងនោះដែរ តែបុរាណឧបាសក មិនបានដឹង នូវគតិរបស់ឥសីទត្ត ក្នុងលោកនេះឡើយ ។ ម្នាលអានន្ទ ឥសីទត្ត ប្រកបដោយបញ្ញា មានសភាព យ៉ាងណា បុរាណឧបាសក ក៏ប្រកបដោយបញ្ញា មានសភាព យ៉ាងនោះដែរ តែឥសីទត្ត មិនបានដឹង នូវគតិរបស់បុរាណឧបាសក ក្នុងលោកនេះឡើយ ។ ម្នាលអានន្ទ បុគ្គលទាំងពីរនាក់នេះ មានសេចក្តីសាបសូន្យ ចាកអង្គ ១ ដូច្នេះឯង ។

ឥណសូត្រ ទី៣កែប្រែ

[៤៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រ ជាទុក្ខនៃកាមភោគីបុគ្គល (បុគ្គលអ្នកបរិភោគកាម) ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលណា ម្នាលភិក្ខុទាំងឡាយ ការកាន់យកនូវបំណុលនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលហើយ ប្តេជ្ញានូវអំពើចងការណា ម្នាលភិក្ខុទាំងឡាយ អំពើចងការនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ប្តេជ្ញានូវអំពើចងការហើយ មិនឲ្យការដែលគេឲ្យនាំមក តាមកំណត់កាល ម្ចាស់បំណុលទាំងឡាយ រមែងតឹងទារ នូវបុគ្គលនោះ ដោយការតឹងទារណា ម្នាលភិក្ខុទាំងឡាយ ការតឹងទារនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើគេតឹងទារហើយ មិនបានឲ្យគេ រមែងដេញតាមនូវបុគ្គលនោះ ដោយការដេញតាមទារណា ម្នាលភិក្ខុទាំងឡាយ ការដេញតាមនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើគេដេញតាមទារ ក៏មិនបានឲ្យគេ គេរមែងចងនូវបុគ្គលនោះ ដោយចំណងណា ម្នាលភិក្ខុទាំងឡាយ ចំណងនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការកាន់យក នូវបំណុលក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក អំពើចងការក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការតឹងទារក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការដេញតាមទារក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការចងក្តី ក៏សុទ្ធតែជាទុក្ខ នៃកាមភោគីបុគ្គលក្នុងលោកដោយពិត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញា ក្នុងកុសលធម៌ ក៏ យ៉ាងដូច្នោះដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ក្នុងអរិយវិន័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រនោះឯង មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើមិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញា ក្នុងកុសលធម៌ហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ។ តថាគត ពោលនូវអំពើនេះ ថាជាការកាន់យក នូវបំណុលរបស់បុគ្គលនោះ ។ បុគ្គលនោះ រមែងតម្កល់ទុក នូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុតែការបិទបាំង នូវកាយទុច្ចរិតនោះ ប្រាថ្នាមិនឲ្យជនណាស្គាល់ខ្លួន ត្រិះរិះមិនឲ្យជនណាស្គាល់ខ្លួន ពោលនូវវាចាមិនឲ្យជនណាស្គាល់ខ្លួន ប្រឹងប្រែងដោយកាយ មិនឲ្យជនណាស្គាល់ខ្លួនឡើយ ។ បុគ្គលនោះ ព្រោះហេតុតែការបិទបាំង នូវទុច្ចរិតនោះ ។បេ។ បុគ្គលនោះ រមែងតម្កល់នូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុតែការបិទបាំង នូវមនោទុច្ចរិតនោះ ប្រាថ្នាមិនឲ្យជនណាស្គាល់ខ្លួន ត្រិះរិះមិនឲ្យជនណាស្គាល់ខ្លួន ពោលនូវវាចាមិនឲ្យជនណាស្គាល់ខ្លួន ប្រឹងប្រែងដោយកាយ មិនឲ្យជនណាស្គាល់ខ្លួនឡើយ ។ តថាគត ពោលនូវអំពើនេះថា ជាអំពើចងការ របស់បុគ្គលនោះ ។ ពួកសព្រហ្មចារី បុគ្គលអ្នកមានសីលជាទីស្រឡាញ់ និយាយចោទបុគ្គលនោះ  យ៉ាងនេះថា នេះឯង គឺអ្នកដ៏មានអាយុនោះ ជាអ្នកធ្វើ យ៉ាងនេះ មានសមាចារៈ យ៉ាងនេះ ។ តថាគត ពោលនូវអំពើនេះ ថាជាការតឹងទារ របស់បុគ្គលនោះ ។ អកុសលវិតក្កៈដ៏លាមក ដែលប្រកបដោយសេចក្តីក្តៅក្រហាយ រមែងផុះផុលឡើង ចំពោះបុគ្គលនោះ ដែលនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី តថាគតពោលនូវអំពើនេះថា ជាការដេញតាមរបស់បុគ្គលនោះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រនោះឯង មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងជាប់នៅក្នុងចំណង គឺនរក ឬក្នុងចំណង គឺកំណើតតិរច្ឆាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលឃើញ នូវចំណងដទៃណាមួយ អាក្រក់ យ៉ាងនេះ នាំមកនូវសេចក្តីទុក្ខ យ៉ាងនេះ ធ្វើនូវសេចក្តីអន្តរាយ យ៉ាងនេះ ដល់ការបាននូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរទេ ម្នាលភិក្ខុទាំងឡាយ ដូចជាចំណង គឺនរក ឬចំណង គឺកំណើតតិរច្ឆាននេះឡើយ ។

សេចក្តីទ័លក្រក្តី ការកាន់យកនូវបំណុលក្តី ហៅថាជាទុក្ខក្នុងលោក បុគ្គលទ័លក្រ កាន់យកនូវបំណុលមកបរិភោគ រមែងលំបាក ព្រោះហេតុនោះ ពួកជនជាម្ចាស់ រមែងដេញតាមបុគ្គលនោះ បុគ្គលនោះ រមែងដល់នូវចំណង ចំណងនេះឯង ជាទុក្ខនៃបុគ្គលអ្នកប្រាថ្នានូវកាម និងលាភទាំងឡាយ ។ ក្នុងអរិយវិន័យដូច្នោះដែរ បុគ្គលណា មិនមានសទ្ធា មិនមានហិរិ មិនមានឱត្តប្បៈ ជាអ្នកបំប៉ននូវបាបកម្ម ធ្វើនូវកាយទុច្ចរិតផង វចីទុច្ចរិតផង មនោទុច្ចរិតផង ហើយប្រាថ្នាមិនឲ្យជនដទៃស្គាល់ខ្លួនឡើយ ។ បុគ្គលនោះ រមែងញាប់ញ័រដោយកាយ ដោយវាចា ឬដោយចិត្ត ឈ្មោះថា បំប៉ននូវបាបកម្មរឿយៗ ក្នុងទីនោះៗ ។ បុគ្គលនោះ មានអំពើអាក្រក់ឥតប្រាជ្ញា កាលដឹងនូវអំពើអាក្រក់របស់ខ្លួន រមែងលំបាកដូចអ្នកទ័លក្រ កាន់យកនូវបំណុលហើយបរិភោគ ។ សេចក្តីត្រិះរិះដោយចិត្ត កើតឡើងអំពីសេចក្តីក្តៅក្រហាយ របស់បុគ្គលដែលនៅក្នុងស្រុក ឬនៅក្នុងព្រៃ ក៏ជាទុក្ខ ដូចកូនបំណុល ដែលត្រូវម្ចាស់បំណុលដេញតាមទារ ។ បុគ្គលនោះ មានអំពើអាក្រក់ ឥតប្រាជ្ញា កាលដឹងនូវអំពើអាក្រក់របស់ខ្លួន រមែងទៅកាន់កំណើតណាមួយ ឬជាប់នៅក្នុងនរក អ្នកមានប្រាជ្ញា រមែងផុតស្រឡះ ចាកចំណងដែលជាទុក្ខនុ៎ះ ។ បុគ្គលញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ឲ្យទានដោយភោគៈ ដែលបានមកដោយធម៌ ការកាន់យកជំនះ ក្នុងធម៌ទាំងពីរនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងបរលោកផង របស់បុគ្គលអ្នកមានសទ្ធា ជាអ្នកស្វែងរកផ្ទះ បុណ្យ គឺការបរិច្ចាគនុ៎ះ រមែងចម្រើនដល់គ្រហស្ថទាំងឡាយ  យ៉ាងនេះឯង ។ ក្នុងអរិយវិន័យ បុគ្គលណា មានសទ្ធាតម្កល់នៅ មានហិរិ មានឱត្តប្បៈ មានបញ្ញា សង្រួមក្នុងសីល បុគ្គលនុ៎ះឯង ទើបហៅថា រស់នៅជាសុខ ក្នុងអរិយវិន័យ ។ បុគ្គលបាននូវសេចក្តីសុខ ប្រាសចាសអាមិសៈ រមែងតម្កល់ចិត្តជាឧបេក្ខា លះបង់នូវនីវរណៈទាំង ៥ ហើយប្រារព្ធសេចក្តីព្យាយាមជានិច្ច បានដល់នូវឈានទាំងឡាយ ជាបុគ្គលមានចិត្តខ្ពស់ឯក មានបញ្ញា មានស្មារតី ចិត្តក៏ផុតស្រឡះដោយប្រពៃ ព្រោះដឹងនូវហេតុនុ៎ះតាមពិត ព្រោះមិនបានប្រកាន់យក ដោយប្រការៈទាំងពួង ក្នុងការអស់ទៅ នៃសំយោជនៈទាំងពួង ។ បុគ្គលនោះ លុះមានចិត្តផុតស្រឡះ ដោយប្រពៃហើយ ជាបុគ្គលមិនកក្រើក ដោយលោកធម៌ រមែងមានបច្ចវេក្ខណញ្ញាណថា វិមុត្តិរបស់អាត្មាអញ មិនបានកក្រើក ដូច្នេះ កើតឡើងក្នុងកិរិយាអស់ទៅ នៃភវសំយោជនៈ ។ ញាណនុ៎ះឯង ជាញាណដ៏ឧត្តម សេចក្តីសុខក្នុងមគ្គ និងផលនុ៎ះ ជាសុខរកសេចក្តីសុខដទៃក្រៃលែងជាងគ្មាន ឥតមានសេចក្តីសោក ប្រាសចាកធុលី គឺកិលេស ជាទីក្សេម អរហត្តផលនុ៎ះ ជាគុណជាតដ៏ឧត្តម ជាងភាវៈនៃបុគ្គលមិនមានបំណុល ។

មហាចុន្ទសូត្រ ទី៤កែប្រែ

[៤៦] សម័យមួយ ព្រះមហាចុន្ទដ៏មានអាយុ នៅក្នុងនិគម ឈ្មោះសញ្ជាតិ ជិតដែនឈ្មោះចេតី ។ ក្នុងទីនោះ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចាហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ថេរវាចា ព្រះមហាចុន្ទដ៏មានអាយុថា អាវុសោ ដូច្នេះ ។ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចា ដូច្នេះថា មា្នលអាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ (ភិក្ខុអ្នកព្យាយាមក្នុងធម៌) [សំដៅយកធម្មកថិក ។ អដ្ឋកថា ។] ក្នុងសាសនានេះ បន្តុះបង្អាប់ពួកឈាយីភិក្ខុ (ភិក្ខុអ្នកមានឈាន) ថា ភិក្ខុទាំងនេះ រិះគិតថា យើងជាអ្នកមានឈាន យើងជាអ្នកមានឈាន ចុះភិក្ខុទាំងនេះ គិតអ្វី ភិក្ខុទាំងនេះ គិតដើម្បីអ្វី ភិក្ខុទាំងនេះ គិតដោយហេតុអ្វី ។ បណ្តាភិក្ខុទាំងនោះ ឯពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្ស ទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ឯពួកឈាយីភិក្ខុ ក្នុងសាសនានេះ រមែងបន្តុះបង្អាប់ធម្មយោគភិក្ខុថា ភិក្ខុទាំងនេះ ជាអ្នកមានចិត្តប៉ោងឡើង មានចិត្តខ្ពស់ឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មានសតិភ្លាំងភ្លាត់ មិនបានដឹងព្រម មានចិត្តមិនតម្កល់មាំ មានចិត្តរវើរវាយ មានឥន្រ្ទិយតាំងនៅ ជាប្រក្រតី គិតថា យើងជាអ្នកមានព្យាយាមក្នុងធម៌ យើងជាអ្នកមានព្យាយាមក្នុងធម៌ ភិក្ខុទាំងនេះ ជាធម្មយោគអ្វី ភិក្ខុទាំងនេះ ជាធម្មយោគដើម្បីអ្វី ភិក្ខុទាំងនេះ ជាធម្មយោគ ដោយហេតុអ្វី បណ្តាភិក្ខុទាំងនោះ ឯពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ ក្នុងសាសនានេះ រមែងនិយាយសរសើរតែពួកភិក្ខុជាធម្មយោគៈដូចគ្នា មិននិយាយសរសើរពួកឈាយីភិក្ខុឡើយ ។ បណ្តាភិក្ខុទាំងនោះ ឯពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ឯពួកឈាយីភិក្ខុ ក្នុងសាសនានេះ រមែងនិយាយសរសើរតែពួកឈាយីភិក្ខុដូចគ្នា មិននិយាយសរសើរពួកធម្មយោគភិក្ខុឡើយ ។ បណ្តាភិក្ខុទាំងនោះ ឯពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សា យ៉ាងនេះថា យើងជាធម្មយោគភិក្ខុ នឹងនិយាយសរសើរពួកឈាយីភិក្ខុ ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា បុគ្គលណា បានពាល់ត្រូវនូវធាតុ ឈ្មោះអមតៈ ដោយនាមកាយហើយ បុគ្គលនុ៎ះ ជាបុគ្គលអស្ចារ្យ រកបានដោយក្រក្នុងលោក ។ ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សា យ៉ាងនេះថា យើងជាពួកឈាយីភិក្ខុ នឹងនិយាយសរសើរពួកធម្មយោគភិក្ខុ ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលអាវុសោទាំងឡាយ ព្រោះថា បុគ្គលណា ត្រាស់ដឹង ឃើញនូវចំណែកនៃអត្ថ ដ៏ជ្រាលជ្រៅ ដោយប្រាជ្ញាហើយ បុគ្គលនុ៎ះ ជាបុគ្គលអស្ចារ្យ រកបានដោយក្រក្នុងលោក ។

បឋមសន្ទិដ្ឋិកសូត្រ ទី៥កែប្រែ

[៤៧] គ្រានោះ មោឡិយសិវកបរិព្វាជក (បរិព្វាជក ឈ្មោះមោឡិយសិវកៈ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះមោឡិយសិវកបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះអង្គដ៏ចម្រើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច ។ ម្នាលសិវកៈ បើដូច្នោះ តថាគត នឹងសួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ អ្នកគាប់ចិត្ត យ៉ាងណា គប្បីដោះស្រាយសេចក្តីនោះ  យ៉ាងនោះចុះ ។ ម្នាលសិវកៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈ មានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសិវកៈ កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលសិវកៈ  យ៉ាងនេះឯងហៅថា សន្ទិដ្ឋិកធម៌ ។បេ។ ម្នាលសិវកៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច កាលទោសៈ មានក្នុងសន្តានក្តី ។បេ។ កាលមោហៈមានក្នុងសន្តានក្តី កាលលោភធម៌ មានក្នុងសន្តានក្តី ទោសធម៌មានក្នុងសន្តានក្តី មោហធម៌មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មានក្នុងសន្តានរបស់អាត្មាអញ កាលមោហធម៌ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសិវកៈ កាលមោហធម៌ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មានក្នុងសន្តានរបស់អាត្មាអញ កាលមោហធម៌ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលសិវកៈ  យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ច្បាស់លាស់ពេកណាស់ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ សំគាល់នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ ។

ទុតិយសន្ទិដ្ឋិកសូត្រ ទី៦កែប្រែ

[៤៨] លំដាប់នោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះគោតមដ៏ចម្រើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ អ្នកគាប់ចិត្ត យ៉ាងណា គប្បីដោះស្រាយ នូវហេតុនោះ  យ៉ាងនោះចុះ ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច កាលរាគៈ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈ មានក្នុងសន្តានរបស់អាត្មាអញ កាលរាគៈ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈ មិនមានក្នុងសន្តាន របស់អាត្មាអញដែរឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលព្រាហ្មណ៍ កាលរាគៈ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈ មានក្នុងសន្តានរបស់អាត្មាអញ កាលរាគៈ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈមិនមានក្នុងសន្តាន របស់អាត្មាអញ ដោយហេតុណា ម្នាលព្រាហ្មណ៍  យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ ។បេ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច កាលទោសៈ មានក្នុងសន្តានក្តី កាលមោហៈ មានក្នុងសន្តានក្តី កាលហេតុជាគ្រឿងប្រទូស្ត នៃកាយទ្វារ មានក្នុងសន្តានក្តី កាលហេតុជាគ្រឿងប្រទូស្ត នៃវចីទ្វារ មានក្នុងសន្តានក្តី ។បេ។ កាលហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មានក្នុងសន្តានរបស់អាត្មាអញ កាលហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មិនមានក្នុងសន្តាន របស់អាត្មាអញដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលព្រាហ្មណ៍ កាលហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មានក្នុងសន្តាន របស់អាត្មាអញ កាលហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលព្រាហ្មណ៍  យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ ។ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់លាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់លាស់ពេកណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន សំគាល់នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ ។

ខេមសូត្រ ទី៧កែប្រែ

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី សម័យនោះ ព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈដ៏មានអាយុ នៅក្នុងអន្ធវន ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះខេមៈ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា ជាងអរហន្តខីណាស្រព មានមគ្គព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មានភវសំយោជនៈអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះថា បុគ្គលដទៃ ប្រសើរជាងអាត្មាអញក្តី ប្រហែលអាត្មាអញក្តី ថោកទាបជាងអាត្មាអញក្តី  យ៉ាងនេះទេ ។ ព្រះខេមៈដ៏មានអាយុ បានក្រាបបង្គំទូលដូច្នេះហើយ ។ ព្រះសាស្តា ក៏សព្វព្រះហ្ឫទ័យ ។ លំដាប់នោះ ព្រះខេមៈដ៏មានអាយុ គិតថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់សព្វព្រះហ្ឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។ លំដាប់នោះ កាលព្រះខេមៈដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះសុមនៈដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា ជាអរហន្តខីណាស្រព មានមគ្គព្រហ្មចរិយនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានភវសំយោជនៈអស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះ  យ៉ាងនេះថា  មិនមានបុគ្គលដទៃ ប្រសើរជាងអាត្មាអញផង មិនមានបុគ្គលដទៃ ប្រហែលនឹងអាត្មាអញផង មិនមានបុគ្គលដទៃ ថោកទាបជាងអាត្មាអញផង ។ ព្រះសុមនៈដ៏មានអាយុ បានក្រាបបង្គំទូលដូច្នេះរួចហើយ ។ ព្រះសាស្តា ក៏ទ្រង់សព្វព្រះហ្ឫទ័យ ។ គ្រានោះ ព្រះសុមនៈដ៏មានអាយុ គិតថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់សព្វព្រះហ្ឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ ។ លំដាប់នោះ កាលព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត រមែងពោលនូវអរហត្តផល  យ៉ាងនេះឯង ទាំងសេចក្តី ក៏ពួកកុលបុត្តនោះ បានពោលហើយ ទាំងខ្លួន ក៏ពួកកុលបុត្តនោះ មិនបានបង្អោនទៅដោយមានះ ចំណែកមោឃបុរសពួកខ្លះ ក្នុងលោកនេះ ហាក់ដូចជារីករាយ ពោលនូវអរហត្តផល ពួកមោឃបុរសទាំងនោះ នឹងដល់នូវសេចក្តីទុក្ខ ក្នុងកាលជាខាងក្រោយ ។

ព្រះខីណាស្រពទាំងឡាយ មិនបានបង្អោនខ្លួនទៅដោយមានះ ក្នុងពួកបុគ្គលខ្ពស់ មិនបានបង្អោនខ្លួន ទៅដោយមានះ ក្នុងពួកបុគ្គលទាប មិនបានបង្អោនខ្លួនទៅដោយមានះ ក្នុងបុគ្គលស្មើនឹងខ្លួន ព្រោះមានជាតិ អស់ហើយ មានមគ្គព្រហ្មចរិយធម៌ នៅរួចហើយ មានចិត្តផុតស្រឡះ ចាកសំយោជនៈហើយ ។

ឥន្ទ្រិយសំវរសូត្រ ទី៨កែប្រែ

[៥០] ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មិនមានហើយ សីលនៃបុគ្គល ដែលវិបត្តិចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើសីល មិនមានហើយ សម្មាសមាធិ នៃបុគ្គលដែលវិបត្តិចាកសីល ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ នៃបុគ្គលដែលវិបត្តិ ចាកសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទាវិរាគៈ នៃបុគ្គលដែលវិបត្តិ ចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើនិព្វិទាវិរាគៈ មិនមានហើយ វិមុត្តិញ្ញាណទស្សនៈ នៃបុគ្គលដែលវិបត្តិ ចាកនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមឈើ ដែលវិបត្តិចាកមែក និងស្លឹក ក្រមរ នៃដើមឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ក៏មិនដល់នូវការពេញលេញ ស្រាយក្តី ក៏មិនដល់នូវការពេញលេញ ខ្លឹមក្តី ក៏មិនដល់នូវការពេញលេញ  យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មិនមានហើយ សីលនៃបុគ្គលដែលវិបត្តិ ចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏ យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មានហើយ សីលនៃបុគ្គលដែលបរិបូណ៌ ដោយឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសីលមានហើយ សម្មាសមាធិ នៃបុគ្គលដែលបរិបូណ៌ដោយសីល ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើសម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ នៃបុគ្គលដែលបរិបូណ៌ ដោយសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើយថាភូតញ្ញាណទស្សនៈ មានហើយ និព្វិទាវិរាគៈ នៃបុគ្គលដែលបរិបូណ៌ ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើនិព្វិទាវិរាគៈ មានហើយ វិមុត្តិញ្ញាណទស្សនៈ នៃបុគ្គលដែលបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ដែរ ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមឈើ ដែលបរិបូណ៌ ដោយមែក និងស្លឹក ក្រមរនៃដើមឈើនោះក្តី ក៏ដល់នូវការពេញលេញ សម្បកក្តី ក៏ដល់នូវការពេញលេញ ស្រាយក្តី ក៏ដល់នូវការពេញលេញ ខ្លឹមក្តី ក៏ដល់នូវការពេញលេញ  យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មានហើយ សីលនៃបុគ្គលដែលបរិបូណ៌ ដោយឥន្រ្ទិយសំវរៈ ។បេ។ វិមុត្តិញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ ក៏ យ៉ាងនោះដែរ ។

អានន្ទសូត្រ ទី៩កែប្រែ

[៥១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា មា្នលអាវុសោសារីបុត្ត ភិក្ខុស្តាប់នូវធម៌ ដែលខ្លួនមិនដែលស្តាប់ក្តី ធម៌ដែលភិក្ខុនោះស្តាប់ហើយ មិនដល់នូវសេចក្តីភ្លេចភ្លាំងទៅវិញក្តី ពួកធម៌ណា ដែលភិក្ខុនោះ ធ្លាប់ប៉ះពាល់ ដោយចិត្តក្នុងកាលមុន ធម៌ទាំងនោះ ក៏ផុះផុលឡើងក្តី ភិក្ខុនោះ ដឹងច្បាស់នូវធម៌ ដែលខ្លួនមិនធ្លាប់ដឹងក្តី តើដោយហេតុប៉ុន្មាន ។ ព្រះសារីបុត្ត និយាយថា អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ សូមអានន្ទដ៏មានអាយុ សំដែងនូវធម៌នោះទៅ ។ ព្រះអានន្ទតបថា ម្នាលអាវុសោសារីបុត្ត បើដូច្នោះ សូមលោកចាំស្តាប់នូវធម៌  ហើយធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង ។ ព្រះសារីបុត្តដ៏មានអាយុ បានទទួលពាក្យព្រះអានន្ទដ៏មានអាយុថា អើ អាវុសោ ។ ព្រះអានន្ទដ៏មានអាយុ ក៏និយាយដូច្នេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ សំដែងនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃដោយពិស្តារ បង្រៀននូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រដោយពិស្តារ ស្វាធ្យាយនូវធម៌ តាមទំនង ដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដោយពិស្តារ ត្រិះរិះរឿយ ៗ ពិចារណារឿយ ៗ គិតរឿយៗនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រដោយចិត្ត ពួកភិក្ខុជាថេរៈ ជាពហុស្សូត ជាអ្នកចេះចាំ នូវនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា នៅក្នុងអាវាសណា ក៏ចូលទៅកាន់វស្សា ក្នុងអាវាសនោះ លុះចូលទៅរកភិក្ខុទាំងនោះ សព្វកាលហើយ ក៏សាកសួរដេញដោលថា បពិត្រព្រះករុណាដ៏ចម្រើន ពាក្យនេះ ដូចម្តេច អត្ថរបស់ពាក្យនេះ ដូចម្តេច ។ ភិក្ខុទាំងនោះ រមែងបង្ហាញនូវធម៌ ដ៏កំបាំងផង ធ្វើនូវធម៌ដែលក្រ ឲ្យទៅជាងាយផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ដែលមានប្រការច្រើន ជាទីតាំងនៃសេចក្តីសង្ស័យផង ដល់ភិក្ខុនោះ ។ មា្នលអាវុសោសារីបុត្ត ភិក្ខុស្តាប់នូវធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្តី ធម៌ដែលភិក្ខុនោះស្តាប់ហើយ មិនដល់នូវសេចក្តីភ្លេចភ្លាំងទៅវិញក្តី ពួកធម៌ណា ដែលភិក្ខុនោះ ធ្លាប់ប៉ះពាល់ហើយដោយចិត្ត ក្នុងកាលមុន ធម៌ទាំងនោះ ក៏ផុះផុលឡើងក្តី ភិក្ខុនោះ រមែងដឹងច្បាស់ នូវធម៌ដែលខ្លួនមិនធ្លាប់ដឹងក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះឯង ។ ម្នាលអាវុសោ អស្ចារ្យពេកណាស់ មា្នលអាវុសោ ចំឡែកពេកណាស់ ព្រោះថា ពាក្យនេះ ព្រះអានន្ទដ៏មានអាយុ បានពោលហើយដោយប្រពៃ ។ យើងចាំទុក នូវព្រះអានន្ទដ៏មានអាយុ ដែលប្រកបដោយធម៌ ៦  យ៉ាងនេះឯង ។ ព្រោះថា ព្រះអានន្ទដ៏មានអាយុ រៀនយកនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ព្រះអានន្ទដ៏មានអាយុ រមែងសំដែងធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ បង្ហាញធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ ស្វាធ្យាយនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនង ដែលខ្លួនបានរៀនសូត្រ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ ត្រិះរិះរឿយៗ ពិចារណារឿយៗ គិតរឿយៗ នូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រដោយចិត្ត ពួកភិក្ខុជាថេរៈ ជាពហុស្សូត ជាអ្នកចេះចាំ នូវនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា នៅក្នុងអាវាសណា ព្រះអានន្ទដ៏មានអាយុ ចូលទៅកាន់វស្សា ក្នុងអាវាសនោះ ព្រះអានន្ទដ៏មានអាយុ រមែងចូលទៅរកភិក្ខុទាំងនោះ សព្វៗកាល ហើយសាកសួរ ដេញដោលថា បពិត្រលោកទាំងឡាយដ៏ចម្រើន ពាក្យនេះ ដូចម្តេច អត្ថរបស់ពាក្យនេះ ដូចម្តេច ។ ភិក្ខុទាំងនោះ ក៏បង្ហាញនូវធម៌ ដែលកំបាំងផង ធ្វើនូវធម៌ដែលក្រ ឲ្យទៅជាងាយផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ដែលមានប្រការច្រើន ជាទីតាំងនៃសេចក្តីសង្ស័យផង ដល់ព្រះអានន្ទដ៏មានអាយុ ។

ខត្តិយសូត្រ ទី១០កែប្រែ

[៥២]  គ្រានោះ ជាណុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកក្សត្រ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកក្សត្រ មានភោគៈ ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានពួកពល ជាទីតាំងមាំ មានប្រថពី ជាទីប្រកាន់ មានឥស្សរិយៈ ជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកព្រាហ្មណ៍ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។ មា្នលព្រាហ្មណ៍ ពួកព្រាហ្មណ៍ មានភោគៈ ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានមន្ត ជាទីតាំងមាំ មានការបូជា ជាទីប្រកាន់ មានព្រហ្មលោក ជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកគហបតី មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកគហបតី មានភោគៈ ជាទីប្រាថ្នា មានបញ្ញាជាទីពិចារណា មានសិល្បៈ ជាទីតាំងមាំ មានការងារ ជាទីប្រកាន់ មានការងារសម្រេចហើយ ជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកស្រ្តី មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកស្រ្តី មានប្រុសជាទីប្រាថ្នា មានគ្រឿងអលង្ការ ជាទីពិចារណា មាន បុត្រជាទីតាំងមាំ មិនមានស្រ្តីរួមស្វាមី ជាទីប្រកាន់ មានឥស្សរិយៈ ជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកចោរ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកចោរ មានការលួចយក ជាទីប្រាថ្នា មានព្រៃញាតស្បាត ជាទីពិចារណា មានគ្រឿងសស្រ្តា ជាទីតាំងមាំ មានទីងងឹត ជាទីប្រកាន់ មានកិរិយាមិនឃើញ គឺការវេះគេច ជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះពួកសមណៈ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វី ជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត ។ ម្នាលព្រាហ្មណ៍ ពួកសមណៈ មានខន្តិ និងភាវៈស្ងៀម ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានសីល ជាទីតាំងមាំ មានសេចក្តីមិនកង្វល់ ជាទីប្រកាន់ មាននិព្វានជាទីបំផុត ។ បពិត្រព្រះគោតមដ៏ចម្រើន អស្ចារ្យពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ចំឡែកពេកណាស់ ព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា នូវកិរិយាពិចារណា នូវកិរិយាតាំងមាំ នូវសេចក្តីប្រកាន់ នូវទីបំផុត នៃក្សត្រទាំងឡាយផង ព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃព្រាហ្មណ៍ទាំងឡាយផង ។បេ។ ព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នាជាដើម) នៃគហបតីទាំងឡាយផង ព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃស្រ្តីទាំងឡាយផង ព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃចោរទាំងឡាយផង ព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាប នូវសេចក្តីប្រាថ្នា នូវកិរិយាពិចារណា នូវកិរិយាតាំងមាំ នូវកិរិយាប្រកាន់ នូវទីបំផុត នៃសមណៈទាំងឡាយផង ។ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់លាស់ពេកណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ ។

អប្បមាទសូត្រ ទី១១កែប្រែ

[៥៣] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ មានដែរឬ ។ ម្នាលព្រាហ្មណ៍ ធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ មានដែរ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ ក្នុងបរលោក ១ ដូចម្តេច ។ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១ ។ ម្នាលព្រាហ្មណ៍ ដូចស្នាមជើងណានីមួយ នៃសត្វទាំងឡាយ ដែលត្រេចទៅលើផែនដី ស្នាមជើងនៃសត្វទាំងអស់នោះ រមែងដល់នូវការប្រជុំចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើង នៃសត្វទាំងនោះ ព្រោះស្នាមជើងនៃដំរីនោះធំ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏ យ៉ាងនោះដែរ ។ ម្នាលព្រាហ្មណ៍ ដូចបង្កង់ណានីមួយ នៃផ្ទះកំពូល បង្កង់ទាំងអស់នោះ ប្រឈមទៅកាន់កំពូល បង្អោនទៅកាន់កំពូល ប្រជុំចុះក្នុងកំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏ យ៉ាងនោះដែរ ។បេ។ ម្នាលព្រាហ្មណ៍ ដូចបុគ្គលជាអ្នកច្រូត នូវស្មៅដំណេកទន្សាយ បានច្រូតនូវស្មៅដំណេកទន្សាយ ចាប់យកត្រង់ចុង ជជុះ រលាស់ ហើយបោកនឹងដៃ ឬដើមឈើ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏ យ៉ាងនោះដែរ ។បេ។ ម្នាលព្រាហ្មណ៍ ដូចចង្កោមផ្លែស្វាយ ដែលជ្រុះចាកទង ផ្លែស្វាយទាំងឡាយណានីមួយ ដែលជាប់នឹងទង ផ្លែស្វាយទាំងអស់នោះ រមែងប្រព្រឹត្តទៅតាមនូវទងនោះ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏ យ៉ាងនោះដែរ ។បេ។ មា្នលព្រាហ្មណ៍ ដូចពួកស្តេចតូចៗណានីមួយ ស្តេចទាំងអស់នោះ រមែងប្រព្រឹត្តទៅតាម នូវស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជាប្រសើរជាងស្តេចទាំងនោះ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏ យ៉ាងនោះដែរ ។បេ។ ម្នាលព្រាហ្មណ៍ ដូចពន្លឺណានីមួយនៃផ្កាយ ពន្លឺនៃផ្កាយទាំងអស់នោះ មិនដល់នូវចំណិត នៃចំណែក ១៦ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ ប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏ យ៉ាងនោះដែរ ។ ម្នាលព្រាហ្មណ៍ នេះឯង ជាធម៌តែមួយ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១ ។ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់លាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់លាស់ពេកណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ ។

ធម្មិកសូត្រ ទី១២កែប្រែ

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ក្បែរក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះធម្មិកៈដ៏មានអាយុ ជាចៅអាវាស ក្នុងជាតិភូមិ គឺនៅក្នុងអាវាសទាំង៧ ក្នុងជាតិភូមិ ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកភិក្ខុជាអាគន្តុកៈ ដោយវាចា ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់អាវាសចោលអស់ ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈ ដ៏មានអាយុនេះឯង ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកអាគន្តុកភិក្ខុ ដោយវាចា បានជាអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ។ បើដូច្នោះ យើងទាំងឡាយ ត្រូវបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសនេះទៅ មិនគួរលោកនៅក្នុងអាវាសនេះទេ ។ វេលានោះ ព្រះធម្មិកៈដ៏មានអាយុ ក៏បានចេញអំពីអាវាសនោះ ទៅកាន់អាវាសដទៃវិញ ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ពួកអាគន្តុកភិក្ខុ ដោយវាចា ឯពួកអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈ ដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោល ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈដ៏មានអាយុនេះ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ពួកអាគន្តុកភិក្ខុ ដោយវាចា បានជាអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ បើដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈ ដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ ។ គ្រានោះ ព្រះធម្មិកៈដ៏មានអាយុ ក៏ចេញចាកអាវាសនោះ ទៅកាន់អាវាសដទៃវិញ ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូសពួកអាគន្តុកភិក្ខុ ដោយវាចា ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ។បេ។ បើដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈដ៏មានអាយុ ឲ្យចេញចាកអាវាស គ្រប់ទាំង៧ ក្នុងជាតិភូមិ ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិទៅ ។

គ្រានោះ ព្រះធម្មិកៈដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវពួកជាតិភូមិកៈ បណ្តេញឲ្យចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិហើយ ឥឡូវនេះ អាត្មាអញ នឹងទៅក្នុងទីណាហ្ន៎ ។ លំដាប់នោះ ព្រះធម្មិកៈដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះដ៏មានព្រះភាគ ។ សម័យនោះ ព្រះធម្មិកៈដ៏មានអាយុ ប្រដាប់បាត្រ និងចីវរ ដើរសំដៅទៅក្រុងរាជគ្រឹះ ហើយចូលទៅភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ដោយលំដាប់ ដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះធម្មិកៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ធម្មិកៈ អើ អ្នកមកពីណាហ្នឹង ។ ព្រះធម្មិកៈ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ត្រូវពួកជាតិភូមិកឧបាសក បណ្តេញអំពីអាវាស គ្រប់ទាំង៧ ក្នុងជាតិភូមិ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ណ្ហើយ ប្រយោជន៍អ្វី ដោយអ្នកឯងនៅក្នុងអាវាសនេះ ។ ពួកជាតិភូមិកឧបាសក បណ្តេញអ្នកឯង អំពីទីនោះ ៗ អ្នកឯងទាល់តែពួកជាតិភូមិកឧបាសក បណ្តេញអំពីទីនោះៗហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ ។

ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានពួកពាណិជអ្នកដើរក្នុងសមុទ្ទ ចាប់សត្វស្លាបបង្ហាញត្រើយ ហើយចុះទៅកាន់សមុទ្ទ ដោយសំពៅ ។ ពាណិជទាំងនោះ កាលបើសំពៅទៅ មិនបានឃើញត្រើយ ក៏លែងសត្វស្លាបបង្ហាញត្រើយទៅ ។ សត្វនោះ ក៏ហើរទៅទិសខាងកើត ហើរទៅទិសខាងលិច ហើរទៅទិសខាងជើង ហើរទៅទិសខាងត្បូង ហើរទៅទិសខាងលើ ហើរទៅទិសតូច បើសត្វនោះ ឃើញត្រើយដោយជុំវិញហើយ ក៏ហើរបាត់ទៅតែម្តង ។ បើសត្វនោះ មិនបានឃើញត្រើយ ដោយជុំវិញទេ ក៏ត្រឡប់មកកាន់សំពៅនោះវិញ  យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ធម្មិកៈ ពួកជាតិភូមិកឧបាសក បណ្តេញអ្នក អំពីទីនោះៗ អ្នកឯងទាល់តែគេបណ្តេញ អំពីទីនោះៗ ហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ ក៏ យ៉ាងនោះដែរ ។

ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានស្តេចដើមជ្រៃ ឈ្មោះសុប្បតិដ្ឋៈ របស់ព្រះបាទកោរព្យៈ មានមែក៥ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត ។ ម្នាលព្រាហ្មណ៍ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានទំហំ ១២ យោជន៍ មានបណ្តាញឫស ៥យោជន៍ ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានផ្លែធំប៉ុនភាជនៈ សម្រាប់ចំអិននូវភត្ត ចំនួនមួយអាឡ្ហក ផ្លែជ្រៃនោះ មានរសផ្អែមដូចទឹកឃ្មុំពុំមានមេ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ព្រះរាជា សោយមែកមួយ របស់សុប្បតិដ្ឋនិគ្រោធរាជ ជាមួយស្រីស្នំ ពួកពល បរិភោគមែកមួយ ពួកអ្នកនិគម ជនបទ បរិភោគមែកមួយ ពួកសមណព្រាហ្មណ៍ បរិភោគមែកមួយ ពួកម្រឹគបក្សី បរិភោគមែកមួយ ។  ម្នាលព្រាហ្មណ៍ធម្មិកៈ មិនមានបុគ្គលណា រក្សានូវផ្លែ នៃសុប្បតិដ្ឋនិគ្រោធរាជទេ ។ សេចក្តីដំណាលថា ពួកជនមិនហ៊ានបៀតបៀន នូវផ្លែរបស់គ្នានឹងគ្នាឡើយ ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ លំដាប់នោះ មានបុរសម្នាក់ ស៊ីផ្លែសុប្បតិដ្ឋនិគ្រោធរាជ ដរាបដល់ឆ្អែត ហើយក៏កាច់យកមែក ចៀសចេញទៅ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ ទេវតាដែលនៅអាស្រ័យលើដើមសុប្បតិដ្ឋនិគ្រោធរាជ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើ អស្ចារ្យណាស់ហ្ន៎ យីអើ ចំឡែកណាស់ហ្ន៎ កោតតែមនុស្សបាប ហ៊ានស៊ីផ្លែសុប្បតិដ្ឋនិគ្រោធរាជ ដរាបទាល់តែឆ្អែត ហើយកាច់យកមែក ចៀសចេញទៅ បើដូច្នោះ សុប្បតិដ្ឋនិគ្រោធរាជ មិនគួរឲ្យផ្លែតទៅទៀតទេ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ដើមសុប្បតិដ្ឋនិគ្រោធរាជ ក៏មិនបានឲ្យផ្លែតទៅទៀតឡើយ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ ព្រះបាទកោរព្យៈ ចូលទៅរកសក្កទេវានមិន្ទៈ លុះចូលទៅដល់ហើយ ក៏ពោលទៅនឹងសក្កទេវានមិន្ទៈ ដូច្នេះថា បពិត្រលោកនិទ៌ុក្ខ ដែលគួរគេបូជា លោកគួរជ្រាប ឥឡូវនេះ សុប្បតិដ្ឋនិគ្រោធរាជ មិនផ្លែទេ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ សក្កទេវានមិន្ទៈ បានចាត់ចែងឥទ្ធាភិសង្ខារ គឺការចាត់ចែង ដោយឫទ្ធ មានសភាពដូច្នោះ ឲ្យខ្យល់ និងគ្រាប់ភ្លៀង ដ៏មានកំឡាំង បក់បោកមកឲ្យសុប្បតិដ្ឋនិគ្រោធរាជរលំ ធ្វើឲ្យមានឫសឡើងលើ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ ពួកទេវតា ដែលអាស្រ័យនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ក៏ដល់នូវសេចក្តីទុក្ខ តូចចិត្ត មានមុខជោកដោយទឹកភ្នែក ទួញយំ ឈរនៅក្នុងទីសមគួរ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ សក្កទេវានមិន្ទៈ ចូលទៅរកទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ លុះចូលទៅដល់ហើយ បាននិយាយនឹងទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ថា នែទេវតា អ្នកដល់នូវសេចក្តីទុក្ខ តូចចិត្ត មានមុខជោកដោយទឹកភ្នែក ទួញយំឈរនៅក្នុងទីសមគួរ ដោយហេតុដូចម្តេចហ្ន៎ ។ ម្នាលអ្នកនិទ៌ុក្ខ ដ្បិតខ្យល់ និងភ្លៀងខ្លាំង បក់បោកពិភពរបស់ខ្ញុំឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ ។ ម្នាលទេវតា អ្នកឋិតនៅក្នុងរុក្ខធម៌ហើយ ខ្យល់ និងភ្លៀងដ៏ខ្លាំង បក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើដែរឬ ។ ម្នាលអ្នកនិទ៌ុក្ខ ចុះដើមឈើឋិតនៅក្នុងរុក្ខធម៌ ដូចម្តេច ។ ម្នាលទេវតា ក្នុងលោកនេះ ពួកជនអ្នកត្រូវការដោយឫសឈើ តែងនាំយកឫសទៅ អ្នកត្រូវការដោយសម្បក តែងនាំយកសម្បកទៅ អ្នកត្រូវការដោយស្លឹក តែងនាំយកស្លឹកទៅ អ្នកត្រូវការដោយផ្កា តែងនាំយកផ្កាទៅ អ្នកត្រូវការដោយផ្លែ តែងនាំយកផ្លែទៅ ព្រោះហេតុនោះ ទេវតា មិនត្រូវធ្វើនូវសេចក្តីតូចចិត្តផង នូវសេចក្តីមិនត្រេកអរផងទេ ម្នាលទេវតា  យ៉ាងនេះឯង ហៅថា ដើមឈើឋិតនៅក្នុងរុក្ខធម៌ ។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំមិនបានឋិតនៅក្នុងរុក្ខធម៌ហើយ បានជាខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ ។ ម្នាលទេវតា ប្រសិនបើអ្នកគប្បីឋិតនៅក្នុងរុក្ខធម៌ហើយ ទើបពិភពរបស់អ្នក នឹងមានដូចកាលមុន ។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំគប្បីឋិតនៅក្នុងរុក្ខធម៌ សូមឲ្យពិភពរបស់ខ្ញុំកើតឡើងដូចកាលមុន ។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ សក្កទេវានមិន្ទ ក៏បានចាត់ចែងនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ ឲ្យខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកមក ធ្វើឲ្យសុប្បតិដ្ឋនិគ្រោធរាជ ដុះឡើង មានឫសពេញដូចដែលវិញ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ អើ ពួកជាតិភូមិកឧបាសក បានបណ្តេញអ្នកឯង ដែលឋិតនៅក្នុងសមណធម៌ ឲ្យចេញចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិ ក៏ យ៉ាងនោះដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសមណៈឋិតនៅក្នុងសមណធម៌ តើដូចម្តេច ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ សមណៈក្នុងសាសនានេះ មិនជេរតបបុគ្គល ដែលជេរខ្លួន មិនកោសរូសតបបុគ្គល ដែលកោសរូសខ្លួន មិនឈ្លោះតបបុគ្គល ដែលឈ្លោះនឹងខ្លួនទេ ម្នាលព្រាហ្មណ៍ ធម្មិកៈ  យ៉ាងនេះឈ្មោះថា សមណៈឋិតនៅក្នុងសមណធម៌ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកជាតិភូមិកឧបាសក បណ្តេញខ្ញុំព្រះអង្គ ដែលមិនបានឋិតនៅក្នុងសមណៈធម៌ អំពីអាវាសគ្រប់ទាំង៧ ក្នុងជាតិភូមិ ។

ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានគ្រូឈ្មោះ សុនេត្ត អ្នកធ្វើនូវកំពង់ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ គ្រូសុនេត្ត មានសាវកច្រើនរយ ។ គ្រូសុនេត្ត បានសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក ដល់ពួកសាវក ។ ម្នាលព្រាហ្មណ៍ធម្មិកៈ បើពួកជនណា មិនញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូសុនេត្ត កំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកទេ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ពួកជនណា ញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូសុនេត្ត ដែលកំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក ។ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើត ក្នុងសុគតិ សួគ៌ ទេវលោក ។

ម្នាលព្រាហ្មណ៍ ធម្មិកៈ ពីព្រេងនាយមក មានគ្រូឈ្មោះ មូគបក្ខ ។បេ។ មានគ្រូឈ្មោះ អរនេមិ មានគ្រូឈ្មោះ កុទ្ទាលកៈ មានគ្រូឈ្មោះ ហត្ថិបាល ។ល ។ មានគ្រូឈ្មោះ ជោតិបាល ជាអ្នកធ្វើនូវកំពង់ ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ឯគ្រូឈ្មោះ ជោតិបាល មានសាវកច្រើនរយ ។ គ្រូជោតិបាល សំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក ដល់ពួកសាវក ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ពួកជនណា មិនបានញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូជោតិបាល ដែលកំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកទេ លុះជនទាំងនោះ បែកធ្លាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ពួកជនណា ញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូជោតិបាល ដែលកំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកហើយ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។ មា្នលព្រាហ្មណ៍ធម្មិកៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចគ្រូទាំង ៦ នេះ ដែលជាអ្នកធ្វើនូវកំពង់ ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ មានពួកសាវកច្រើនរយ ជាបរិវារហើយ បុគ្គលនោះ គប្បីបាននូវបាបដ៏ច្រើនដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលព្រាហ្មណ៍ធម្មិកៈ បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចគ្រូទាំង ៦ នេះ ដែលជាអ្នកធ្វើនូវកំពង់ជាទីឆ្លង ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ មានពួកសាវកច្រើនរយ ជាបរិវារ បុគ្គលនោះ គប្បីបាននូវបាបដ៏ច្រើន ។ បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចបុគ្គលម្នាក់ ដែលបរិបូណ៌ដោយទិដ្ឋិ បុគ្គលនេះ រមែងបាននូវបាបដ៏ច្រើន ជាងបុគ្គលទាំងនោះ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលព្រាហ្មណ៍ធម្មិកៈ (ព្រោះ) តថាគត មិនសំដែងនូវការជីករំលើងនូវគុណ មានសភាពដូច្នេះ ខាងក្រៅអំពីសាសនានេះ ដូចជាការជេរប្រទេចនេះ ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយទេ ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា ចិត្តដែលប្រទូស្ត ក្នុងពួកសព្រហ្មចារីបុគ្គលរបស់ខ្លួន នឹងមិនមានដល់យើងឡើយ ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ អ្នកគប្បីសិក្សា យ៉ាងនេះចុះ ។

ក្នុងកាលកន្លងទៅហើយ មានគ្រូទាំង ៦ គឺ គ្រូឈ្មោះ សុនេត្ត ១ ឈ្មោះមូគបក្ខៈ ១ ឈ្មោះ អរនេមិ ១ ព្រាហ្មណ៍ឈ្មោះ កុទ្ទាលកៈ ១ មាណពឈ្មោះ ហត្ថិបាល ១ គោវិន្ទព្រាហ្មណ៍ ឈ្មោះជោតិបាល ជាបុរោហិត នៃស្តេចទាំងប្រាំពីរ ១ ជាអ្នកមិនបៀតបៀន (អ្នកដទៃ) ជាអ្នកមានយស មិនមានក្លិនឆ្អេះឆ្អាប គឺក្រោធ មានចិត្តចុះក្នុងសេចក្តីករុណា កន្លងបង់នូវកាមសំយោជនៈ លះបង់នូវកាមរាគ ជាអ្នកចូលទៅកាន់ព្រហ្មលោក ។ ពួកសាវកជាច្រើនរយ របស់គ្រូទាំងនោះ ក៏មិនមានក្លិនឆ្អេះឆ្អាប មានចិត្តឈមចុះក្នុងសេចក្តីករុណា កន្លងបង់នូវកាមសញ្ញោជនៈ លះបង់នូវកាមរាគ ចូលទៅកាន់ព្រហ្មលោកដែរ ។ ជនណា មានចិត្តត្រិះរិះ ដើម្បីប្រទូស្ត ជេរប្រទេចពួកឥសីជាខាងក្រៅទាំងនោះ ដែលប្រាសចាកតម្រេក មានចិត្តតាំងខ្ជាប់ ជនបែបនោះ រមែងបាននូវបាបច្រើន ។ មួយទៀត ជនណា មានចិត្តត្រិះរិះ ដើម្បីប្រទូស្ត ជេរប្រទេច ភិក្ខុ ១ រូប ដែលបរិបូណ៌ដោយទិដ្ឋិ ជាសាវករបស់ព្រះពុទ្ធ ជននេះ រមែងបាននូវបាបច្រើនជាងជនដែលប្រទូស្តគ្រូទាំង ៦ នោះ ។ ទាំងមិនបានជួប នូវបុគ្គលមានសភាពល្អ ជាអ្នកលះបង់ នូវហេតុជាទីតាំងនៃទិដ្ឋិ ។ បុគ្គលណា មានឥន្រ្ទិយទាំង ៥ ដ៏ទន់ គឺសទ្ធា ១ សតិ ១ វីរិយៈ ១ សមថៈ ១ វិបស្សនា ១ បុគ្គលនុ៎ះជាគំរប់ ៧ របស់អរិយសង្ឃ ហៅថា មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ បុគ្គលនោះ ប្រទូស្ត នូវភិក្ខុបែបនោះ ឈ្មោះថា បៀតបៀននូវខ្លួនមុន លុះបៀតបៀនខ្លួនហើយ ទើបបៀតបៀនបុគ្គលដទៃជាខាងក្រោយ ។ បុគ្គលណារក្សាខ្លួន បុគ្គលនោះ ឈ្មោះថា រក្សាហេតុខាងក្រៅ ព្រោះហេតុនោះ បណ្ឌិតដែលមិនមានសេចក្តីក្រោធ គប្បីរក្សាខ្លួនទុកសព្វៗកាល ។

ចប់ ធម្មិកវគ្គ ទី៥ ។

ឧទ្ទាននៃធម្មិកវគ្គនោះ គឺ

និយាយអំពីនាគ ១ អំពីឧបាសិកាឈ្មោះ មិគសាលា ១ អំពីបំណុល ១ អំពីមហាចុន្ទដ៏មានអាយុ ១ អំពីសន្ទិដ្ឋិកធម៌ ២ លើក អំពីព្រះខេមៈ ១ អំពីឥន្រ្ទិយ ១ អំពីព្រះអានន្ទ ១ អំពីពួកក្សត្រ ១ អំពីអប្បមាទធម៌ ១ អំពីធម្មិកត្ថេរ ១ ។

ចប់ បឋមបណ្ណាសក ។

ទុតិយបណ្ណាសកកែប្រែ

មហាវគ្គកែប្រែ

សោណសូត្រ ទី១កែប្រែ

[៥៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះសោណៈដ៏មានអាយុ គង់នៅនាព្រៃស្មសាន ឈ្មោះសីតវន ជិតក្រុងរាជគ្រឹះដែរ ។

លំដាប់នោះ ព្រះសោណៈដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង  យ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថាជាសាវក ដែលមានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិ និងធ្វើនូវបុណ្យទាំងឡាយបានដែរ បើដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទ ប្រើប្រាស់នូវភោគសម្បត្តិ និងធ្វើបុណ្យទាំងឡាយវិញ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានជ្រាបច្បាស់ នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសោណៈដ៏មានអាយុ ដោយព្រះហ្ឫទ័យព្រះអង្គ ក៏ស្រាប់តែបាត់អំពីភ្នំគិជ្ឈកូដ មកប្រតិស្ថាន ក្នុងទីចំពោះមុខ នៃព្រះសោណៈដ៏មានអាយុ នាព្រៃសីតវន ដូចបុរសមានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើពុទ្ធាសនៈ ដែលគេក្រាលថ្វាយ ។ ឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ ។ លុះព្រះសោណៈដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរ យ៉ាងនេះថា នែសោណៈ ក្រែងអ្នកសម្ងំនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះក្នុងចិត្ត កើតឡើង យ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថា ជាសាវក ដែលមានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាកកងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិ ក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យទាំងឡាយបានផង បើដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទវិញ ហើយគប្បីប្រើប្រាស់ នូវភោគសម្បត្តិផង ធ្វើនូវបុណ្យទាំងឡាយផង ដូច្នេះមែនឬ ។ ព្រះសោណៈដ៏មានអាយុ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា នែសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច ខ្លួនអ្នក កាលនៅជាគ្រហស្ថអំពីដើម ជាអ្នកឈ្លាសវៃ ក្នុងការដេញខ្សែពិណដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក តឹងពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក ធូរពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ ម្នាលសោណៈ មួយទៀត សម័យណា ខ្សែពិណរបស់អ្នក មិនតឹងពេក មិនធូរពេកទេ តាំងនៅក្នុងគុណដ៏ស្មើល្មម គឺសំឡេងជាកណ្តាល សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលសោណៈ ព្យាយាមដែលតឹងពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអណ្តែតអណ្តូងចិត្ត ព្យាយាមដែលធូរពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីខ្ជិលច្រអូស ក៏ យ៉ាងនោះដែរ ម្នាលសោណៈ ព្រោះហេតុនោះ អ្នកចូរតាំងសេចក្តីព្យាយាម ឲ្យស្មើល្មមផង [ពាក្យនេះ ព្រះសម្ពុទ្ធទ្រង់ត្រាស់ដាស់តឿនព្រះសោណត្ថេរ ឲ្យតាំងសេចក្តីព្យាយាម ចម្រើនសមថកម្មដ្ឋាន កុំឲ្យតឹងពេក ធូរពេក ។ អដ្ឋកថា ។] ចូរតាំងនូវឥន្រ្ទិយទាំងឡាយ (មានសិទ្ធិន្រ្ទិយ ជាដើម) ឲ្យស្មើគ្នាផង ចូរកាន់យកនូវនិមិត្ត ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយដែលស្មើល្មមនោះផង ។ ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះហើយ ក៏ស្រាប់តែបាត់អំពីព្រៃសីតវន ទៅប្រាកដលើភ្នំគិជ្ឈកូដ ដូចជាបុរសដ៏មានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ។ គ្រាសម័យជាខាងក្រោយមក ព្រះសោណៈដ៏មានអាយុ ក៏បានតាំងនូវសេចក្តីព្យាយាម ឲ្យស្មើល្មមផង តាំងនូវឥន្រ្ទិយទាំងឡាយ ឲ្យស្មើគ្នាផង បានកាន់យកនូវនិមិត្ត [សំដៅយកសមថនិមិត្ត និងវិបស្សនានិមិត្ត ។ អដ្ឋកថា ។] ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយ ដែលស្មើល្មមនោះផង ។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ គេចចេញចាកពួក ទៅនៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតបំផ្លាញ (នូវកិលេស) មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយបានដឹងច្បាស់ថា ជាតិ (របស់អញ) អស់ហើយ ព្រហ្មចរិយធម៌ អញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ មានសេចក្តីសរសើរថា បណ្តាពួកព្រះអរហន្តទាំងឡាយ ព្រះសោណៈដ៏មានអាយុ រាប់ថាជាអរហន្តមួយដែរ ។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ កាលបានសម្រេចព្រះអរហត្តហើយ ក៏មានសេចក្តីត្រិះរិះ  យ៉ាងនេះថា បើដូច្នោះ គួរតែអញ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ គួរក្រាបទូលនូវអរហត្តគុណ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ។ គ្រានោះឯង ព្រះសោណៈដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះសោណៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរស៊ប់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បានដាក់ភារៈចុះហើយ មានប្រយោជន៍នៃខ្លួន សម្រេចហើយ មានកិលេស ជាគ្រឿងប្រកបក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ ជាអ្នកមានចិត្តចុះស៊ប់ កាន់ឋានៈ ៦  យ៉ាង គឺមានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ (ការចេញចាកកាម) ១ ចុះស៊ប់ ក្នុងបវិវេក (ទីស្ងប់ស្ងាត់ចាកកិលេស) ១ ចុះស៊ប់ ក្នុងសេចក្តីមិនមានព្យាបាទ ១ ចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ១ ចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃឧបាទាន ១ ចុះស៊ប់ ក្នុងធម៌មិនមានសេចក្តីវង្វេង ១ ។ បពិត្រព្រះអង្គដ៏ចម្រើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា លោកនេះ មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអាស្រ័យនូវគុណធម៌ ត្រឹមតែសទ្ធាម្យ៉ាង ដោយពិត ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ  យ៉ាងនេះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ។ បពិត្រព្រះអង្គដ៏ចម្រើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា លោកនេះ កាលប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរក៏ដោយ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ  យ៉ាងនេះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ គ៏គង់មានចិត្តចុះស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ។ បពិត្រព្រះអង្គដ៏ចម្រើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ  យ៉ាងនេះថា លោកនេះ កាលត្រឡប់មកកាន់សីលព្វតបរាមាសៈ ថាជាធម៌មានខ្លឹមក៏ដោយ ក៏គង់ជាអ្នកមានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ  យ៉ាងនេះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ។បេ។ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់    មោហៈ ព្រោះប្រាសចាកមោហៈ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើភិក្ខុមានចិត្តផុតស្រឡះ ដោយប្រពៃ  យ៉ាងនេះហើយ ទោះបីរូបារម្មណ៍  យ៉ាងពន្លឹក ដែលគប្បីដឹងដោយភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្ត របស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងរលត់ទៅ នៃចិត្តនោះ ។ ទោះបីសទ្ទារម្មណ៍  យ៉ាងពន្លឹក ដែលគប្បីដឹងដោយត្រចៀក ។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ឃើញនូវការកើតឡើង និងការលត់ទៅ នៃចិត្តនោះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភ្នំថ្មមិនមានចន្លោះ មិនមានប្រហោង ជាភ្នំតាន់សុទ្ធ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកពីទិសខាងកើតក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងលិចក្តី ។បេ។ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងជើងក្តី ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងត្យូងក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន មានឧបមា ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចម្រើន មានឧបមេយ្យ ដូចភិក្ខុមានចិត្តផុតស្រឡះ ដោយប្រពៃ  យ៉ាងនេះហើយ ទោះបីរូបារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅ នៃចិត្តនោះ ទោះបីសទ្ទារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយត្រចៀក ។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ ក៏គ្របសង្កត់ចិត្ត របស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅនៃចិត្តនោះ ។

កាលបើភិក្ខុមានចិត្តចុះស៊ប់កាន់នេក្ខម្មៈ កាន់សេចក្តីស្ងប់ស្ងាត់ មានចិត្តចុះស៊ប់  កាន់សេចក្តីមិនព្យាបាទ កាន់ធម៌ជាទីអស់ទៅ នៃឧបាទាន មានចិត្តចុះស៊ប់ កាន់ធម៌ជាទីអស់ទៅ នៃតណ្ហា កាន់សេចក្តីមិនវង្វេង ចិត្តក៏រមែងផុតស្រឡះ ដោយប្រពៃ ព្រោះឃើញនូវការកើត និងការរលត់ទៅ នៃអាយតនៈ កាលបើភិក្ខុនោះ មានចិត្តផុតស្រឡះ ដោយប្រពៃហើយ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំនូវកិច្ច ដែលលោកត្រូវធ្វើ ក៏មិនមាន កិច្ចដែលគួរធ្វើ ក៏មិនមាន ។ ភ្នំថ្មតាន់សុទ្ធ រមែងមិនកម្រើកដោយខ្យល់  យ៉ាងណា អារម្មណ៍ទាំងឡាយ គឺ រូប សំឡេង ក្លិន រស ផ្សព្វទាំងអស់ ជាទីប្រាថ្នាក្តី មិនជាទីប្រាថ្នាក្តី ក៏ធ្វើចិត្តរបស់អ្នកខ្ជាប់ខ្ជួន ជាចិត្តនឹងធឹង រួចស្រឡះចាកកិលេស ឲ្យញាប់ញ័រមិនបាន ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅនៃចិត្តនោះ ក៏ យ៉ាងនោះដែរ ។

ផគ្គុនសូត្រ ទី២កែប្រែ

[៥៦] សម័យនោះ ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ ស្តេចចូលទៅឯលំនៅ នៃព្រះផគ្គុណៈដ៏មានអាយុ ដើម្បីអនុគ្រោះ ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯលំនៅ ដែលព្រះផគ្គុណៈដ៏មានអាយុនៅ ។ ព្រះផគ្គុណៈដ៏មានអាយុ បានឃើញព្រះដ៏មានព្រះភាគ ស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏គ្រាន់តែសំដែងអាការជាទីក្រោកឡើងលើគ្រែតូច ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ឃាត់ព្រះផគ្គុណៈដ៏មានអាយុ  យ៉ាងនេះថា កុំ ផគ្គុណៈ អ្នកកុំក្រោកអំពីគ្រែតូចឡើយ ។ អាសនៈនេះ ដែលភិក្ខុឯទៀត ក្រាលបម្រុងទុក មានហើយ តថាគត នឹងអង្គុយលើអាសនៈនោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះព្រះដ៏មានព្រះភាគគង់ហើយ បានត្រាស់សួរព្រះផគ្គុណៈដ៏មានអាយុ  យ៉ាងនេះថា ម្នាលផគ្គុណៈ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា (របស់អ្នក) ធូរថយ មិនចម្រើនឡើង សេចក្តីធូរថយ រមែងប្រាកដ ការចម្រើនឡើង មិនប្រាកដទេឬ ។ ព្រះផគ្គុណៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចម្រើនឡើង មិនធូរថយសោះ សេចក្តីចម្រើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកំឡាំង យកដែកស្រួចដ៏មុត មកចាក់ទំលុះក្បាល  យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្យល់ យ៉ាងខ្លាំង តែងចាក់ដោតក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចម្រើនឡើង មិនធូរថយសោះ សេចក្តីចម្រើនឡើង ចេះតែប្រាកដ សេចក្តីធូរថយមិនប្រាកដទេ ។ បុរសមានកំឡាំង យកព្រ័ត្រដ៏មាំមួយចង្វាយ មករុំត្របែងក្បាល  យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន វេទនាក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏ខ្លាំង យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចម្រើនឡើង មិនធូរថយសោះ សេចក្តីចម្រើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ ។ បពិត្រព្រះអង្គដ៏ចម្រើន នាយគោឃាតកក្តី អ្នកជំនួយការ នៃនាយគោឃាតកក្តី ដែលឆ្លាស យកកាំបិតសម្រាប់វះគោដ៏មុត មកវះពោះ  យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្យល់ យ៉ាងខ្លាំង តែងកាត់នូវផ្ទៃ របស់ខ្ញុំព្រះអង្គ  យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចម្រើនឡើង មិនធូរថយសោះទេ សេចក្តីចម្រើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ ។ បពិត្រព្រះអង្គដ៏ចម្រើន បុរសមានកំឡាំងពីរនាក់ នាំគ្នាចាប់បុរស ដែលមានកំឡាំងថយជាង ត្រង់ដើមដៃផ្សេងគ្នា មកដុត រោលអាល លើរណ្តៅរងើកភ្លើង  យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីក្តៅក្រហាយ យ៉ាងខ្លាំង ក្នុងកាយ (របស់ខ្ញុំព្រះអង្គ) ក៏ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចម្រើនឡើង មិនធូរថយសោះ សេចក្តីចម្រើន ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើព្រះផគ្គុណៈដ៏មានអាយុ ឲ្យយល់ឃើញច្បាស់ ឲ្យជឿកាន់តាម ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចៀសចេញទៅ ។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ក៏ក្នុងសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គ ទ្រង់ស្តេចចេញមក មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ប៉ុន្តែសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា ។ ព្រះដ៏មានព្រះភាគត្រាស់ថា ឱអានន្ទ ឥន្រ្ទិយទាំងឡាយ របស់ផគ្គុណភិក្ខុ  នឹងមិនជ្រះថ្លាឯណាបាន ម្នាលអានន្ទ ចិត្តរបស់ផគ្គុណភិក្ខុ ជាចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ ប៉ុន្តែចិត្តរបស់លោក ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងបានវិញ ព្រោះស្តាប់ធម្មទេសនានោះ ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាសេចក្តី តាមកាលគួរនេះ មាន ៦  យ៉ាង ។ អានិសង្ស ៦  យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងទេ ប៉ុន្តែក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ព្រះតថាគតសំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌ តាមកាលគួរ ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងទេ តែក្នុងសម័យកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគតទេ ប៉ុន្តែបាបចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងបាន ព្រោះស្តាប់ធម្មទេសនានោះ នេះជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌ តាមកាលគួរ ។ ម្នាលអានន្ទ មួយទៀត ចិត្តរបស់ភិក្ខុមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងទេ តែក្នុងសម័យជាកាលជិតមរណៈ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត មិនបានចួបនឹងសាវក របស់ព្រះតថាគតទេ ប៉ុន្តែត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៣ ក្នុងការពិចារណាសេចក្តី តាមកាលគួរ ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ទាំងព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល ។បេ។ ប្រកាសព្រហ្មចរិយធម៌ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៤ ក្នុងការស្តាប់ធម៌តាមកាលគួរ ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ប៉ុន្តែបានចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម ។បេ។ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម៌ទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៥ ក្នុងការស្តាប់ធម៌ តាមកាលគួរ ។ ម្នាលអានន្ទ មួយវិញទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥  យ៉ាង ស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ទាំងមិនបានចួបប្រទះ នឹងសាវករបស់ព្រះតថាគតទេ ប៉ុន្តែបានត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៦ ក្នុងការពិចារណាសេចក្តី តាមកាលគួរ ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណាធម៌ តាមកាលគួរ មាន ៦  យ៉ាងនេះឯង ។

ឆឡភិជាតិសូត្រ ទី៣កែប្រែ

[៥៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បូរណកស្សប បញ្ញត្តជាតិកំណើត ៦  យ៉ាង គឺ បញ្ញត្តជាតិខ្មៅ ១ បញ្ញត្តជាតិខៀវ ១ បញ្ញត្តជាតិក្រហម ១ បញ្ញត្តជាតិលឿង ១ បញ្ញត្តជាតិស ១ បញ្ញត្តជាតិសសុទ្ធ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦  យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកជនអ្នកសម្លាប់ពពែ អ្នកសម្លាប់ជ្រូក អ្នកសម្លាប់សត្វបក្សី អ្នកសម្លាប់ម្រឹគ ពួកព្រាន ពួកអ្នកសម្លាប់ត្រី ពួកចោរ ពួកអ្នកសម្លាប់ចោរ ពួកអ្នកជាប់គុក ឬក៏ពួកជនណាមួយក្រៅពីនេះ ដែលមានអំពើអាក្រក់ ថាជាជាតិខ្មៅ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦  យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកភិក្ខុ ដែលមានអធ្យាស្រ័យខ្មៅ ឬក៏ពួកជនណាមួយ ក្រៅពីនេះ ដែលជាកម្មវាទ និងកិរិយវាទ ថាជាជាតិខៀវ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦  យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកនិគ្រន្ថ ដែលមានសាដកតែ ១ ថាជាជាតិក្រហម ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦  យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកគ្រហស្ថ អ្នកស្លៀកដណ្តប់សំពត់ស មានសាដកដូចជា សាដកអចេលកៈ ថាជាជាតិលឿង ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦  យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកអាជីវកៈ និងអាជីវិកា ថាជាជាតិ ស ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងជាតិ ៦  យ៉ាងនោះ បូរណកស្សប បញ្ញត្តជនឈ្មោះ នន្ទវច្ឆៈ ឈ្មោះកច្ចសង្កិច្ចៈ និងឈ្មោះមក្ខលិគោសាល ថាជាជាតិ សសុទ្ធ ។ បពិត្រព្រះអង្គដ៏ចម្រើន បូរណកស្សប បានបញ្ញត្តជាតិ ៦  យ៉ាងនេះឯង ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះសត្វលោកទាំងពួង យល់តាមពាក្យ របស់បូរណកស្សប ដែលបញ្ញត្តជាតិ ៦  យ៉ាងនេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនយល់តាមទេ ។ ម្នាលអានន្ទ ដូចជាបុរសទ័លក្រ មិនមានទ្រព្យរបស់ខ្លួន ជាអ្នកមិនស្តុកស្តម្ភ ពួកជនឯទៀត ជម្រុញឲ្យចំណែកសាច់ ដល់បុរសនោះ ដែលជាអ្នកមិនត្រូវការ ដោយបង្ខំថា នែបុរសអឺយ អ្នកត្រូវទំពាស៊ីសាច់នេះផង ត្រូវប្រគល់ឲ្យនូវថ្លៃផង  យ៉ាងណាមិញ ម្នាលអានន្ទ បូរណកស្សប ជាមនុស្សពាល មិនវាងវៃ មិនស្គាល់ខេត្ត (នៃការបញ្ញត្តិជាតិ) មិនឆ្លៀវឆ្លាស បានបញ្ញត្តជាតិ ៦  យ៉ាងនេះ របស់ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ ដោយគេមិនបានយល់ព្រម ក៏ យ៉ាងនោះដែរ ។ ម្នាលអានន្ទ ឥឡូវនេះ តថាគត នឹងបញ្ញត្តជាតិ ៦  យ៉ាង អ្នកចូរស្តាប់បញ្ញត្តនោះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង ។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះជាតិ ៦  យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ខ្មៅ ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១ ។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ តើ យ៉ាងណា ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ឬត្រកូលនេសាទ ត្រកូលជាងផែង ត្រកូលជាងរថ ត្រកូលអ្នកយកសម្រាម ជាត្រកូលក្រីក្រ មិនមានបាយទឹក និងគ្រឿងប្រើប្រាស់ រស់នៅដោយលំបាក ដែលជាត្រកូលរកគ្រឿងបរិភោគ និងគ្រឿងស្លៀកពាក់បានដោយក្រ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជាបុគ្គលទាប តឿ មានអាពាធច្រើន ជាបុគ្គលខ្វាក់ ឬក្ងែង ខ្ចក ស្លាប់អវយវៈ ជាអ្នកមិនសូវបាននូវបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ  យ៉ាងនេះឯង ។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ស តើដូចម្តេច ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺ ត្រកូលចណ្ឌាល ។បេ។ ជាអ្នកមិនសូវបាននូវទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក ។ ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ស  យ៉ាងនេះឯង ។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស តើដូចម្តេច ។ ម្នាលអានន្ទ បុគ្គលខ្លះ មកកើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល ។ប ។ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជាមនុស្សទាបតឿ បុគ្គលនោះ កោរសក់ កោរពុកមាត់ពុកចង្កា ស្លៀកដណ្តប់នូវកាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះបុគ្គលនោះ បួស យ៉ាងនេះហើយ ក៏បានលះ នូវនីវរណធម៌ ៥ ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញា ឲ្យថយកម្លាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចម្រើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស ។ ម្នាលអានន្ទ បុគ្គលអ្នកមានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស  យ៉ាងនេះឯង ។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិស ប្រព្រឹត្តធម៌ខ្មៅ តើដូចម្តេច ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសប្បុរដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលអានន្ទ បុគ្គលមានជាតិស ដែលប្រព្រឹត្តធម៌ខ្មៅ  យ៉ាងនេះឯង ។ ម្នាលអានន្ទ ចុះបុគ្គលជាអ្នកមានជាតិស ប្រព្រឹត្តធម៌ស តើដូចម្តេច ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ។បេ។ ជាអ្នកស្វាក់លាភ ចំពោះទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក ។ ម្នាលអានន្ទ បុគ្គលអ្នកមានជាតិស ប្រព្រឹត្តធម៌ស  យ៉ាងនេះឯង ។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស តើ យ៉ាងណា ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ បានកោរសក់ កោរពុកមាត់ ពុកចង្កា ស្លៀកដណ្តប់នូវកាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះបុគ្គលនោះបួស  យ៉ាងនេះហើយ ក៏លះនូវនីវរណ ៥ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញា ឲ្យថយកំឡាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចម្រើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស ។ ម្នាលអានន្ទ បុគ្គលដែលមានជាតិស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស  យ៉ាងនេះឯង ។ មា្នលអានន្ទ ជាតិ ៦  យ៉ាងនេះឯង ។

អាសវសូត្រ ទី៤កែប្រែ

[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកគួរទទួលនូវវត្ថុ ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសង្រួម អាសវៈទាំងឡាយនោះ ភិក្ខុក្នុងសាសនានេះ បានលះបង់ហើយ ដោយការសង្រួម ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសេព (នូវបច្ច័យ) អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការសេព ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការអត់ធន់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការអត់ធន់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការវៀរ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការវៀរ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការបន្ទោបង់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការបន្ទោបង់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការចម្រើន អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការចម្រើន ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយ ដូចម្តេច ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុបានលះបង់ដោយការសង្រួម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយសង្រួមនូវចក្ខុន្រ្ទិយសំវរៈ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវចក្ខុន្រ្ទិយសំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវចក្ខុន្រ្ទិយសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ។ ភិក្ខុពិចារណាដោយឧបាយហើយ សង្រួមនូវសោតិន្រ្ទិយ… ឃានិន្រ្ទិយ… ជីវ្ហិន្រ្ទិយ… កាយិន្រ្ទិយ… មនិន្រ្ទិយសំវរៈ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវមនិន្រ្ទិយសំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវមនិន្រ្ទិយសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមានដោយឧបាយ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវសំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសង្រួមនូវសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុក៏បានលះបង់ ដោយការសង្រួម ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការសេព ភិក្ខុក៏បានលះបង់ ដោយការសេព ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវចីវរ ដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ដើម្បីបិទបាំងអវយវៈ ដែលធ្វើនូវសេចក្តីខ្មាស ឲ្យកម្រើក ។ ពិចារណាដោយ ឧបាយហើយ បរិភោគនូវចង្ហាន់បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុក ក៏ទេ ដើម្បីឲ្យកើតបុរិសមានះ ស្រវឹងដូចអ្នកប្រដាល់ ក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយ ដូចស្រ្តីក្នុងបូរី ក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរ ដូចអ្នករបាំ ក៏ទេ បរិភោគគ្រាន់តែដើម្បីឲ្យតាំងនៅ នៃរាងកាយនេះ ដើម្បីញ៉ាំងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយធម៌ អញនឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីស្រេកឃ្លាន ដែលមានហើយផង ញ៉ាំងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ ក្នុងឥរិយាបថទាំង ៤ ក្តី នឹងមានដល់អញ ។ ពិចារណា ដោយឧបាយហើយ ប្រើប្រាស់នូវសេនាសនៈ ដើម្បីការពារត្រជាក់ ដើម្បីការពារកំដៅ ដើម្បីការពារសម្ផស្ស របោម មូល ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ដើម្បីបន្ទោបង់នូវអន្តរាយ ដែលកើតអំពីរដូវ ហើយអភិរម្យសម្ងំនៅក្នុងព្រះកម្មដ្ឋាន ។ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវគ្រឿងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកជំងឺ ដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសេព (នូវបច្ច័យណាមួយ ដោយឧបាយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានសេព (នូវបច្ច័យណាមួយដោយឧបាយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះបង់ ដោយការពារសេព ភិក្ខុក៏បានលះបង់ ដោយការសេព ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់ ដោយការអត់ធន់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយឧបាយហើយ អត់ធន់នូវត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាបុគ្គលអត់ធន់ ចំពោះសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងពាក្យទ្រគោះ អាក្រក់ដែលអាស្រ័យ នូវសរីរៈជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាវេទនាអាចនាំយកជីវិតទៅបាន ដែលកើតឡើងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនអត់ធន់ (ចំពោះហេតុណាមួយទេ) អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានអត់ធន់ (នូវហេតុណាមួយ) អាសវៈដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ  រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់ ដោយការអត់ធន់ ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការវៀរ ភិក្ខុបានលះបង់ ដោយការវៀរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយចៀសវាងដំរីកាច ចៀសវាងសេះកាច ចៀសវាងគោកាច ចៀសវាងឆ្កែកាច ពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ ។ ពួកសព្រហ្មចារីទាំងឡាយ ជាអ្នកដឹង គប្បីកំណត់ទុក នូវបុគ្គលដែលអង្គុយលើអាសនៈមិនសមគួរ  យ៉ាងណា ដែលត្រេចទៅក្នុងទីមិនសមគួរ យ៉ាងណា ដែលសេពគប់ នូវពួកបាបមិត្រ យ៉ាងណា ថាដូចជាទីអាក្រក់ ភិក្ខុនោះ ពិចារណាដោយឧបាយ ហើយចៀសវាង នូវអាសនៈមិនសមគួរនោះផង ទីគោចរមិនសមគួរនោះផង ពួកបាបមិត្តនោះផង ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនចៀសវាង (នូវហេតុណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានចៀសវាង (នូវហេតុណាមួយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយការចៀសវាង ភិក្ខុក៏បានលះបង់ ដោយការចៀសវាង ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការបន្ទោបង់ ភិក្ខុក៏បានលះបង់ ដោយការបន្ទោបង់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយអត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន នូវកាមវិតក្កៈ ដែលកើតឡើង នូវព្យាបាទវិតក្កៈ ដែលកើតឡើង ។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើង… អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញនូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយៗ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនបន្ទោបង់ (នូវវិតក្កៈណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានបន្ទោបង់ (នូវវិតក្កៈណាមួយ) អាសវៈដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះ ដោយការបន្ទោបង់ ភិក្ខុក៏បានលះ ដោយការបន្ទោបង់ ។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះ ដោយការចម្រើន ភិក្ខុក៏បានលះបង់ដោយការចម្រើន ។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវធម៌ ជាគ្រឿងប្រាសចាករាគៈ អាស្រ័យធម៌ ជាទីរលត់ទុក្ខ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ពិចារណាដោយឧបាយ ហើយចម្រើនធម្មវិចយសម្ពោជ្ឈង្គ ។បេ។ ចម្រើនវីរិយសម្ពោជ្ឈង្គ ចម្រើនបីតិសម្ពោជ្ឈង្គ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ ចម្រើនសមាធិសម្ពោជ្ឈង្គ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យធម៌ជាទីប្រាសចាករាគៈ អាស្រ័យធម៌ជាទីរលត់ទុក្ខ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនចម្រើន (សម្ពោជ្ឈង្គណាមួយ) ទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បានចម្រើន (សម្ពោជ្ឈង្គណាមួយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិនមាន ដោយឧបាយ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះដោយការចម្រើន ភិក្ខុក៏បានលះបង់ដោយការចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកគួរទទួលវត្ថុ ដែលគេនាំមកបូជា គួរទទួលវត្ថុដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរធ្វើនូវអញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ។

ទារុកម្មិកសូត្រ ទី៥កែប្រែ

[៥៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ដែលធ្វើអំពីឥដ្ឋ ក្នុងនាទិកគ្រាម ។ គ្រានោះឯង គហបតីឈ្មោះ ទារុកម្មិកៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះទារុកម្មិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតី ចុះទានក្នុងត្រកូល អ្នកតែងឲ្យដែរឬ ។ ទារុកម្មិកគហបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គតែងឲ្យ បពិត្រព្រះអង្គដ៏ចម្រើន តែថាទាននោះ ខ្ញុំព្រះអង្គ ឲ្យចំពោះតែពួកភិក្ខុ ដែលជាអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបំសុកុលិកធុតង្គ ជាព្រះអរហន្ត ឬភិក្ខុដែលដល់នូវអរហត្តមគ្គប៉ុណ្ណោះ ។ ម្នាលគហបតី ខ្លួនអ្នកជាគ្រហស្ថ ជាអ្នកបរិភោគកាម នៅគ្រប់គ្រងដំណេកដ៏ចង្អៀតដោយកូនប្រពន្ធ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ កម្រនឹងដឹងហេតុនេះថា ភិក្ខុទាំងនេះ ជាព្រះអរហន្ត ឬភិក្ខុទាំងនេះ បានដល់នូវអរហត្តមគ្គ ដូច្នេះបានឡើយ ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ មិនមានចិត្តតាំងមាំ មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរគេតិះដៀលដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ ជាអ្នកមិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចាផ្តេសផ្តាស មានស្មារតីខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានចិត្តតម្កល់មាំ មានចិត្តមូលតែ ១ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរតិះដៀលដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តមិនរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ ។បេ។ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទ្រទ្រង់ នូវគហបតីចីវរ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចភ្លាំងស្មារតី មិនមានសម្បជញ្ញៈ មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះបាន ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទ្រទ្រង់ នូវគហបតិចីវរ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស មានស្មារតីខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានចិត្តតម្កល់មាំ មានចិត្តមូលតែមួយ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើ យ៉ាងនេះ ភិក្ខុនោះ គួរសរសើរដោយហេតុនោះបាន ។ ម្នាលគហបតី អញ្ជើញអ្នកឲ្យទាន ចំពោះសង្ឃវិញ កាលបើអ្នកឲ្យទានចំពោះសង្ឃហើយ ចិត្តរមែងជ្រះថ្លា លុះអ្នកនោះមានចិត្តជ្រះថ្លាហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។ ទារុកម្មិកគហបតីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចាប់ដើមអំពីថ្ងៃនេះទៅ ខ្ញុំព្រះអង្គហ្នឹងឯង នឹងឲ្យទានចំពោះសង្ឃវិញ ។

ហត្ថិសារិបុត្តសូត្រ ទី៦កែប្រែ

[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី ។ សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគ្នា និយាយអភិធម្មកថា ក្នុងរោងមូល (ឧបដ្ឋានសាលា) ។ បានឮថា បណ្តាពួកភិក្ខុទាំងនោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយអភិធម្មកថា ក៏និយាយស្កាត់ពាក្យ ក្នុងចន្លោះៗ ។ លំដាប់នោះ ព្រះមហាកោដ្ឋិកៈ ដ៏មានអាយុ បាននិយាយឃាត់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ  យ៉ាងនេះថា ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុងនិយាយអភិធម្មកថា ចេះតែនិយាយស្កាត់ពាក្យ ក្នុងចន្លោះ ៗ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ សូមបង្អង់ ចាំចប់អភិធម្មកថាសិន ។ កាលបើព្រះមហាកោដ្ឋិកៈដ៏មានអាយុ និយាយឃាត់ យ៉ាងនេះហើយ ពួកភិក្ខុជាសំឡាញ់របស់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ក៏បាននិយាយនឹងព្រះមហាកោដ្ឋិកៈដ៏មានអាយុ  យ៉ាងនេះថា ព្រះមហាកោដ្ឋិកៈដ៏មានអាយុ មិនសមបើហាមឃាត់ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុសោះ (ព្រោះ) ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ជាអ្នកប្រាជ្ញ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ អាចសំដែងអភិធម្មកថា ជាមួយនឹងពួកភិក្ខុជាថេរៈបាន ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ បាននិយាយថា ម្នាលអាវុសោទាំងឡាយ ពួកជនដែលមិនដឹង នូវវារៈនៃចិត្តរបស់ជនដទៃ កម្រនឹងដឹងហេតុនុ៎ះបាន ។ ម្នាលអាវុសោទាំង ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរពណាមួយនៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាព រាបទាបណាស់ ជាអ្នកស្រគត់ស្រគំណាស់ ។ លុះកាលណាភិក្ខុនោះចេញអំពីគ្រូ ចេញអំពីពួកសព្រហ្មចារី គួរជាទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា ពួកអាមាត្យធំ នៃព្រះរាជា ពួកតិរ្ថិយ និងពួកសាវកនៃតិរ្ថិយវិញ កាលដែលភិក្ខុនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មានឥន្រ្ទិយជាប្រក្រតី គឺមិនសង្រួមឥន្រ្ទិយ ខ្វល់ខ្វាយតែនិយាយពាក្យឆ្លើយឆ្លង រាគៈក៏គ្របសង្កត់ចិត្ត លុះភិក្ខុនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ ដូចជាគោ (ល្មោភ) ស៊ីសំណាប គេចងទុកដោយខ្សែ ឬគេក្រៀកទុកក្នុងក្រោល ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយ យ៉ាងនេះថា គោ (ល្មោភ) ស៊ីសំណាបនេះ មុខជាមិនហ៊ានចុះ (ស៊ី) សំណាប ក្នុងកាលឥឡូវនេះទៀតឡើយ អើអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថាហេតុនុ៎ះ រមែងមាន ត្រង់ដែលគោល្មោភស៊ីសំណាបនោះ មុខជាផ្តាច់ខ្សែ ឬទំលាយក្រោល ហើយចុះ (ស៊ី) សំណាប ក្នុងកាលជាខាងក្រោយវិញទៀត ។ ព្រះមហាកោដិ្ឋកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏ យ៉ាងនោះដែរ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរពណាមួយនៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រ គំណាស់ ។ លុះកាលណាភិក្ខុនោះ ចេញអំពីគ្រូ ចេញអំពីពួកសព្រហ្មចារី គួរជាទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាកស ឧបាសិកា ព្រះរាជា អាមាត្យធំរបស់ព្រះរាជា ពួកតិរ្ថិយ និងសាវកនៃតិរ្ថិយវិញ កាលដែលភិក្ខុនោះ នៅច្របូកច្របល់ លះបង់មារយាទល្អ មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែនិយាយពាក្យឆ្លើយឆ្លង រាគៈក៏គ្របសង្កត់ចិត្ត លុះភិក្ខុនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ។បេ។ បានចូលកាន់បឋមជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានបឋមជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ ដូចភ្លៀងមានដំណក់ទឹកធំៗ  បង្អុរចុះមកក្នុងផ្លូវធំ ៤ បំបាត់បង់នូវធូលី ធ្វើភក់ឲ្យកើតប្រាកដឡើង ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយ យ៉ាងនេះថា ធូលី នឹងមិនមានប្រាកដ ក្នុងផ្លូវធំ ៤ ឯណោះ ក្នុងកាលឥឡូវនេះទៀតឡើយ អើ អាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺពួកមនុស្ស គង់ដើរកាត់ ឬពួកគោ និងសត្វចិញ្ចឹមដើរកាត់ ខ្យល់ ឬដំដៅថ្ងៃ គង់បក់ផាត់ ចែងចាំងឲ្យរីងខះបាន ក្នុងផ្លូវធំ ៤ ឯណោះ កាលបើដូច្នេះ ធូលី នឹងកើតមានប្រាកដវិញ ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏ យ៉ាងនោះដែរ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ។បេ។ បានចូលកាន់បឋមជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបានបឋមជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងចារៈ ។បេ។ បានចូលកាន់ទុតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានទុតិយជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ ដូចជាស្រះមួយធំ ជិតស្រុក ឬនិគម ជួនជាភ្លៀងដែលមានដំណក់ទឹកធំៗ ក៏បង្អុរចុះមកក្នុងស្រះនោះ ញុំាងខ្យង គ្រំ ក្រួស និងអម្បែង ឲ្យសាបសូន្យទៅ ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយ យ៉ាងនេះថា ខ្យង គ្រំ ឬក្រួស អម្បែង នឹងមិនមានប្រាកដ ក្នុងស្រះឯណោះ ក្នុងកាលឥឡូវនេះទៀតទេ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺពួកមនុស្សគង់ផឹក ឬពួកគោ និងពពែ គង់ផឹក ខ្យល់ ឬកំដៅថ្ងៃ គង់បក់ផាត់ ចែងចាំងឲ្យរីងខះទៅបានក្នុងស្រះនោះ កាលបើដូច្នេះ ខ្យងគ្រំក្តី ក្រួស និងអម្បែងក្តី នឹងមានប្រាកដឡើងវិញ ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏ យ៉ាងនោះដែរ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ។បេ។ បានចូលកាន់ទុតិយជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវទុតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះប្រាសចាកបីតិផង ។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវតតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ ដូចបុរសដែលធ្លាប់បរិភោគភោជន ដ៏ថ្លៃថ្លាហើយ រមែងមិនគាប់ចិត្ត នឹងភោជនដែលផ្អូម ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយ យ៉ាងនេះថា បុរសឯណោះ នឹងមិនគាប់ចិត្ត ចំពោះភោជនថ្មីទៀតឡើយ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា បុរសឯណោះ ដែលធ្លាប់បរិភោគភោជន ដ៏ថ្លៃថ្លាហើយ បើឱជារស របស់ភោជនដ៏ថ្លៃថ្លានោះ នឹងឋិតនៅក្នុងកាយត្រឹមណា ក៏នឹងមិនគាប់ចិត្ត ចំពោះភោជនដទៃ ត្រឹមណោះ លុះកាលណា ឱជារស នៃភោជនដ៏ថ្លៃថ្លានោះ សាបសូន្យទៅ ទើបនឹងគាប់ចិត្ត ចំពោះភោជនថ្មីទៀតមិនខាន ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏ យ៉ាងនោះដែរ ព្រោះប្រាសចាកបីតិផង ។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបាន នូវតតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុកផង ។បេ។ បានចូលកាន់ចតុត្ថជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវចតុត្ថជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ ដូចជាអន្លង់ទឹក ក្នុងចន្លោះភ្នំ ជាអន្លង់ទឹកប្រាសចាកខ្យល់ ប្រាសចាករលក បើបុគ្គលណា គប្បីនិយាយ យ៉ាងនេះថា ឥឡូវនេះ រលក នឹងមិនមានប្រាកដ ក្នុងអន្លង់ទឹកឯណោះទៀតទេ  ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មក អំពីទិសខាងកើត ខ្យល់ព្យុះដ៏ខ្លាំងនោះ គង់ធ្វើរលកឲ្យកើតមានក្នុងអន្លង់ទឹកនោះបាន ខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មកអំពីទិសខាងលិច ។បេ។  ខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មកអំពីទិសខាងជើង ខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មកអំពីទិសខាងត្បូង ខ្យល់ព្យុះដ៏ខ្លាំងនោះ គង់ធ្វើឲ្យរលកកើតមាន ក្នុងអន្លង់ទឹកនោះបាន ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏ យ៉ាងនោះដែរ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ។បេ។ បានចូលកាន់ចតុត្ថជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវចតុត្ថជ្ឈាន ដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង បានចូលកាន់ចេតោសមាធិ ដែលមិនមាននិមិត្ត បុគ្គលនោះគិតថា អញជាអ្នកបាននូវចេតោសមាធិ ដែលមិនមាននិមិត្ត ដូច្នេះ ហើយនៅច្របូកច្របល់ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា ព្រះរាជា អាមាត្យធំ របស់ព្រះរាជា ពួកតិរិ្ថយ និងសាវកនៃតិរ្ថិយ កាលបើបុគ្គលនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែខាងនិយាយពាក្យឆ្លើយឆ្លង រាគៈរមែងគ្របសង្កត់ចិត្ត លុះបុគ្គលនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ម្នាលអាវុសោទាំងឡាយ ដូចជាព្រះរាជាក្តី អាមាត្យធំ របស់ព្រះរាជាក្តី ដើរទៅកាន់ផ្លូវឆ្ងាយ ដោយចតុរង្គសេនា ហើយចូលទៅស្នាក់នៅក្នុងដងព្រៃណាមួយ អស់រាត្រីមួយ សំឡេងគគ្រឹកគគ្រេង ដោយសូរដំរី សូរសេះ សូររថ សូរពលថ្មើរជើង សូរកងរំពងនៃស្គរធំ ស្គរតូច ស័ង្ខ និងពិណ ក៏បាត់សូន្យទៅ ក្នុងដងព្រៃនោះ បើបុគ្គលណា គប្បីនិយាយ យ៉ាងនេះថា ឥឡូវនេះ សំឡេងកងរំពង នឹងមិនមានប្រាកដ ក្នុងដងព្រៃឯណោះទៀតឡើយ ម្នាលអាវុសោទាំងឡាយ បុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាម ហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺស្តេចនោះក្តី អាមាត្យធំ របស់ស្តេចនោះក្តី មុខជាចេញចាកដងព្រៃនោះទៅ វេលានោះ សំឡេងគគ្រឹកគគ្រេង គង់មានប្រាកដឡើងវិញ ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុពោលថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ក៏ យ៉ាងនោះដែរ ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង បានចូលកាន់ចេតោសមាធិ ដែលមិនមាននិមិត្ត បុគ្គលនោះគិតថា អញជាអ្នកបាននូវចេតោសមាធិ ដែលមិនមាននិមិត្ត ដូច្នេះ ហើយនៅច្របូកច្របល់ដោយពួកភិក្ខុ  ភិក្ខុនី ពួកឧបាសក ឧបាសិកា ព្រះរាជា អាមាត្យធំ របស់ព្រះរាជា ពួកតិរិ្ថយនិងសាវកនៃតិរិ្ថយវិញ កាលដែលបុគ្គលនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែខាងនិយាយពាក្យឆ្លើយឆ្លង រាគៈរមែងគ្របសង្កត់ចិត្ត លុះបុគ្គលនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ គ្រាសម័យជាខាងក្រោយមក ចិត្តហត្ថិសារីបុត្តដ៏មានអាយុ បានលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ លំដាប់នោះ ពួកភិក្ខុជាសំឡាញ់របស់ចិត្តហត្ថិសារីបុត្ត បានចូលទៅរកព្រះមហាកោដ្ឋិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បានសួរព្រះមហាកោដ្ឋិកៈដ៏មានអាយុ  យ៉ាងនេះថា ព្រះមហាកោដ្ឋិកៈដ៏មានអាយុ បានស្ទង់មើលចិត្ត របស់ចិត្តហត្ថិសារីបុត្ត ដោយចិត្តរបស់ខ្លួន ហើយដឹងច្បាស់ថា ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ដូច្នេះឬ ឬក៏ពួកទេវតោ ប្រាប់សេចក្តីនុ៎ះថា បពិត្រព្រះករុណាដ៏ចម្រើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយ នេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ តបថា ម្នាលអាវុសោ ខ្ញុំបានស្ទង់មើលចិត្ត (របស់ចិត្តហត្ថិសារីបុត្ត) ដោយចិត្តរបស់ខ្លួន ហើយដឹងច្បាស់ថា ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយ នេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ទាំងពួងទេវតា ក៏បានប្រាប់សេចក្តីនេះដល់ខ្ញុំថា បពិត្រព្រះករុណាដ៏ចម្រើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ របស់ចិត្តហត្ថិសារីបុត្ត បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរស៊ប់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាននូវវិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុកជាដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មានទេ គង់នឹករលឹកដល់នេក្ខម្មគុណវិញ ។ គ្រានោះឯង ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មាន ក៏បានកោរសក់ កោរពុកមាត់ ស្លៀកដណ្តប់សំពត់កាសាវៈ ចេញចាកផ្ទះ ចូលកាន់ផ្នួស ។ លំដាប់នោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ចៀសចេញចាកពួក ទៅនៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគឿងដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមានព្រហ្មចរិយធម៌ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មរិយធម៌ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលត្រូវធ្វើ អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ចនេះ មិនមានឡើយ ។ មានសេចក្តីសរសើរថា បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ រាប់ថាជាព្រះអរហន្តមួយអង្គដែរ ។

មជ្ឈេសូត្រ ទី៧កែប្រែ

[៦១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគា្ន ក្នុងរោងសម្រាប់សម្រាកកាយ ក៏កើតសំដីជាចន្លោះនេះឡើងថា ម្នាលអាវុសោទាំងឡាយ ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា

បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគត ហៅបុគ្គលនោះថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុត ធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ ។

ម្នាលអាវុសោទាំងឡាយ ចុះចំណែកទី១ តើដូចម្តេច ចំណែកទី២ តើដូចម្តេច អ្វីជាកណ្តាល ធម្មជាតិ ជាគ្រឿងចាក់ស្រែះ តើដូចម្តេច ។ កាលបើភិក្ខុទាំងនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ផស្សៈ [សំដៅយកអត្តភាព ដែលកើតដោយអំណាចផស្សៈ (បានខាងអត្តភាពជាបច្ចុប្បន្ន) ។] ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ [សំដៅយកអត្តភាពជាអនាគត ដែលកើតមកពីបច្ច័យ គឺកម្ម និងផស្សៈ ដែលបុគ្គលធ្វើហើយ ក្នុងអត្តភាពនេះ ។] ឈ្មោះថា ចំណែកទី២ ផស្សនិរោធ [សំដៅយកព្រះនិព្វាន ។] ឈ្មោះថា កណ្តាល តណ្ហា ឈ្មោះថា ជាគ្រឿងចាកស្រែះ ព្រោះថា តណ្ហាតែងតែចាក់ស្រែះ នូវផស្សទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ។ ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ [បានខាងចតុសច្ចធម៌ ដែលបុគ្គលគប្បីដឹងច្បាស់ ។] កំណត់ដឹងបរិញ្ញេយ្យធម៌ [បានខាងលោកិយសច្ច ២ ប្រការ គឺទុក្ខសច្ច ១ សមុទយសច្ច ១ ដែលបុគ្គលគប្បីកំណត់ ដោយតិរណបរិញ្ញា និងបហានបរិញ្ញា ។ អដ្ឋកថា ។] កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អតីតក្ខន្ធ [១.២.៣ បណ្ឌិតគប្បីដឹងតាមសេចក្តីប្រៀបធៀប ដោយព្រួញទាំង ៣ ចុះ កាលបើព្រួញទាំង ៣ គេចងផ្អោបគ្នានឹងខ្សែ លុះខ្សែដាច់ហើយ ព្រួញទាំង ៣ ក៏ធ្លាក់ត្រង់កន្លែងទាំង៣  យ៉ាងណាមិញ អតីតក្ខន្ធ អនាគតក្ខន្ធ បច្ចុប្បន្នក្ខន្ធ ដូចគ្នានឹងព្រួញទាំង ៣  យ៉ាងនោះដែរ តណ្ហា ដូចគ្នានឹងខ្សែ ព្រោះតណ្ហា តែងចាក់ស្រែះអតីតក្ខន្ធ ភ្ជាប់នឹងបច្ចុប្បន្នក្ខន្ធ ចាក់ស្រែះបច្ចុប្បន្នក្ខន្ធ ភ្ជាប់នឹងអនាគតក្ខន្ធ កាលបើតណ្ហារលត់ហើយ ខន្ធទាំង ៣ ក៏ឈ្មោះថា រលត់ដែរ ដូចជាព្រួញទាំង៣ កាលបើខ្សែដាច់ហើយ ក៏ធ្លាក់ចុះក្នុងកន្លែងទាំង៣ ។ អដ្ឋកថា ។] ឈ្មោះថា ចំណែកទី១ អនាគតក្ខន្ធ [២] ឈ្មោះថា ចំណែកទី២ បច្ចុប្បន្នក្ខន្ធ [៣] ជាកណ្តាល តណ្ហាជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវខន្ធទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សុខវេទនា ឈ្មោះថា ចំណែកទី១ ទុក្ខវេទនា ឈ្មោះថា ចំណែកទី២ អទុក្ខមសុខវេទនា ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះ នូវវេទនាទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ នាម ឈ្មោះថា ចំណែកទី១ រូប ឈ្មោះថា ចំណែកទី២ វិញ្ញាណ [បដិសន្ធិវិញ្ញាណក្តី វិញ្ញាណដ៏សេសក្តី ឈ្មោះថា ធម៌ជាចំណែកត្រង់កណ្តាល នៃនាម និងរូប ព្រោះវិញ្ញាណ កើតឡើងដោយសារបច្ច័យ គឺនាម និងរូប ។] ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវធម៌ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អាយតនៈខាងក្នុង ៦ ឈ្មោះថា ចំណែកទី១ អាយតនៈខាងក្រៅ ៦ ឈ្មោះថា ចំណែកទី២ វិញ្ញាណ [សំដៅយកកម្មវិញ្ញាណ ។ ន័យមួយទៀតថា បណ្តាអាយតនៈខាងក្នុងទាំងឡាយ ត្រង់ទីនេះ តាមតែវិញ្ញាណណាចុះ ក៏ឈ្មោះថា ជាធម៌ចំណែកត្រង់កណ្តាលទាំងអស់ ព្រោះមនាយតនៈ ជាធម្មជាតទទួលយកកម្ម ។ បើក្នុងមនោទ្វារ សំដៅយកជវនវិញ្ញាណ ក៏ឈ្មោះថា ធម៌កណ្តាលដែរ ព្រោះអាវជ្ជនៈអាស្រ័យនឹងអាយតនៈខាងក្នុង ។ អដ្ឋកថា ។] ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវអាយតនៈទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញេ្ញយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សក្កាយ [វដ្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ។] ឈ្មោះថា ចំណែក ទី១ សក្កាយសមុទយៈ [សមុទយសច្ច ។] ឈ្មោះថា ចំណែកទី២ សក្កាយនិរោធ [និរោធសច្ចៈ ។ អដ្ឋកថា ។] ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវសក្កាយទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក ក្នុងបច្ចុប្បន្នបាន ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ ពួកយើងទាំងអស់គ្នា ព្យាករតាមសេចក្តីយល់តែរៀងខ្លួនទេ បពិត្រលោកដ៏មានអាយុទាំងឡាយ មក ពួកយើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ នឹងបានព្រះដ៏មានព្រះភាគព្យាករដល់យើង យ៉ាងណា យើងនឹងចាំទុក នូវសេចក្តីនុ៎ះ យ៉ាងនោះ ។ ភិក្ខុទាំងឡាយ ជាថេរៈ បានទទួលពាក្យភិក្ខុនោះថា អើអាវុសោ ។ គា្រនោះ ភិក្ខុទាំងឡាយ ជាថេរៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុទាំងឡាយជាថេរៈ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលសេចក្តីទាំងប៉ុន្មាន ដែលខ្លួនបានចរចា ជាមួយនឹងភិក្ខុទាំងអស់នោះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណានិយាយត្រូវ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងអស់គ្នា និយាយត្រូវតាមបរិយាយ ដែលតថាគតសំដែង ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា

បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគតហៅបុគ្គលនោះថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុតនូវធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ ។

អ្នកទាំងឡាយ ចូរស្តាប់ធើ្វទុកក្នុងចិត្ត នូវហេតុនោះ ឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងឡាយ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ ឈ្មោះថា ចំណែកទី២ ផស្សនិរោធ ឈ្មោះថា កណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវផស្សៈ ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ ម្នាលភិក្ខុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក ក្នុងបច្ចុប្បន្នបាន ។

បុរិសិន្ទ្រិយញាណសូត្រ ទី៨កែប្រែ

[៦២] សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃដ៏ច្រើន បានយាងទៅដល់និគមឈ្មោះ ទណ្ឌកប្បកៈរបស់ពួកអ្នកដែនកោសល ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញពីផ្លូវ ហើយទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទៀបគល់ឈើមួយដើម ។ ភិក្ខុទាំងនោះ ចូលទៅរកនិគមឈ្មោះ ទណ្ឌកប្បកៈ ដើម្បីស្វែងរកទីសំណាក់ ។ លំដាប់នោះ ព្រះអានន្ទដ៏អាយុ ក៏សំដៅទៅស្ទឹងអចិរវតី ជាមួយនឹងពួកភិក្ខុដ៏ច្រើន ដើម្បីស្រឡាបខ្លួន ក្នុងស្ទឹងអចិរវតី លុះស្រឡាបខ្លួនរួចហើយ ក៏ឡើងមក មានតែចីវរមួយ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន ។ ស្រាប់តែមានភិក្ខុមួយរូប ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ  យ៉ាងនេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះដ៏មានព្រះភាគ ទ្រង់រំពឹងនូវហេតុទាំងអស់ ដោយព្រះហ្ឫទ័យ ហើយព្យាករទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប រកកែមិនកើត ឬហ្ន៎ ឬថា ដោយហេតុណាមួយទេ ។ ម្នាលអាវុសោ ដំណើរនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករហើយ យ៉ាងនុ៎ះមែន ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គព្រមទាំងភិក្ខុសង្ឃជាច្រើន ចុះទៅក្នុងស្ទឹងអចិរវតី ដើម្បីស្រឡាបខ្លួន ក្នុងស្ទឹងអចិរវតី លុះស្រឡាបខ្លួនរួចហើយ ក៏ឡើងមក មានតែចីវរមួយ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ មានភិក្ខុមួយរូប ចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ក៏និយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះដ៏មានព្រះភាគ ទ្រង់ប្រមូលហេតុទាំងអស់ ដោយព្រះហ្ឫទ័យ ហើយព្យាករទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប រកកែមិនកើតទេឬ ឬថាកែបាន ដោយហេតុណាមួយដែរ ។

កាលបើភិក្ខុនោះ និយាយ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បាននិយាយនឹងភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ហេតុនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ យ៉ាងនោះដែរ ។ ម្នាលអានន្ទ ភិក្ខុនោះ ជាភិក្ខុខ្ចី ទើបតែនឹងបួសក្តី ជាថេរៈល្ងង់ មិនឈ្លាសវៃក្តី ពាក្យណា ដែលតថាគត ព្យាករដោយចំណែកមួយ ភិក្ខុនោះ នឹងមិនដល់ នូវចំណែកពីរ ក្នុងពាក្យនោះឡើយ ម្នាលអានន្ទ តថាគត មិនដែលឃើញបុគ្គលដទៃ សូម្បីម្នាក់ ដែលតថាគតរំពឹងរក នូវហេតុទាំងអស់ដោយចិត្ត ហើយព្យាករ ដូចជាភិក្ខុ ទេវទត្តនេះទេ ។ ម្នាលអានន្ទ តថាគតបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន ដរាបណា តថាគត ក៏មិនព្យាករភិក្ខុទេវទត្តថា ទេវទត្ត ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ដរាបនោះ ម្នាលអានន្ទ កាលណាបើតថាគត មិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន តថាគត ព្យាករទេវទត្តនោះថា ភិក្ខុទេវទត្ត ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនបាន ក្នុងកាលនោះ ។ ម្នាលអានន្ទ រណ្តៅលាមក ដែលមានជំរៅជាង ១ ជំហរ ដ៏ពេញដោយលាមក ប្រៀបស្មើមាត់ មានបុរសលិចចុះទៅទាំងក្បាល ក្នុងរណ្តៅលាមកនោះ បុរសណាមួយ ជាអ្នកប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាដើម្បីក្សេម ចាកយោគៈ ដល់បុរសនោះ ប្រាថ្នានឹងស្រង់អំពីរណ្តៅលាមកនោះ ក៏ដើរចូលមកកាន់បុរសនោះ ឯបុរសនោះ ដើរក្រឡឹងជុំវិញរណ្តៅលាមកនោះហើយ មិនឃើញសរីរប្រទេស របស់បុរសនោះ ដែលត្រឹមតែចាក់ដោយចុងបំផុតនៃរោម ដែលមិនប្រឡាក់ដោយលាមក ដែលគួរនឹងចាប់ស្រង់បុរសនោះឡើងបាន  យ៉ាងណាមិញ ម្នាលអានន្ទ តថាគតមិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន ក្នុងកាលណា តថាគតព្យាករទេវទត្តថា ភិក្ខុទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ក្នុងកាលនោះ ក៏ យ៉ាងនោះឯង ម្នាលអានន្ទ បើដូច្នោះ អ្នកទាំងឡាយ ត្រូវស្តាប់ តថាគត ចែកនូវបុរិសិន្រិ្ទយញ្ញាណ [សេចក្តីដឹងនូវឥន្ទ្រិយ របស់បុរសដ៏ក្លៀវក្លា និងទន់ ។] បពិត្រព្រះដ៏មានព្រះភាគ កាលនេះ ជាកាលគួរ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ សូមព្រះដ៏មានព្រះភាគ ចែកនូវបុរិសិន្រ្ទិយញ្ញាណ ពួកភិក្ខុស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក ។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង ។

ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះសម្ពុទ្ធដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ ។ សម័យក្រោយទៀត តថាគតកំណត់ដឹង នូវចិត្តរបស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនោះបាត់ទៅ អកុសលធម៌កើតឡើងប្រាកដ តែបុគ្គលនោះ មិនគាស់ មិនរំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសលរបស់បុគ្គលនោះ នឹងកើតឡើងប្រាកដវិញ បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត ដោយប្រការ យ៉ាងនេះ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលល្អ គេទុកដាក់ដោយល្អ ហើយគេសាបព្រោះ លើទីដែលភ្ជួររាស់ ដោយស្រួលបួល ក្នុងស្រែល្អ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងដល់នូវការដុះ លូតលាស់ឡើងធំ ទង្គំទង្គោលបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតប្រាកដវិញបាន បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត ដោយប្រការ យ៉ាងនេះ ក៏ យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល ដែលតថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ ដែលតថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ ដែលតថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតឡើងប្រាកដ ទាំងបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតបា្រកដ បុគ្គលនេះ នឹងមានធម៌សាបសូន្យ តទៅទៀត ដោយប្រការ យ៉ាងនេះ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលនៅល្អ គេទុកដាក់ដោយស្រួល តែគេសាបព្រោះលើថ្មដ៏ក្រាស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ មិនងាយនឹងដុះលូតលាស់ឡើង ទង្គំទង្គោលបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតឡើងប្រាកដវិញបាន ទាំងបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតប្រាកដវិញបាន បុគ្គលនេះ នឹងមានធម៌សាបសូន្យ តទៅទៀត  យ៉ាងនេះ ក៏ យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល ដែលតថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ ដែលតថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ ដែលតថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា ធម៌សរបស់បុគ្គលនេះ សូម្បីល្មមត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ប្រកបដោយអកុសលធម៌ទាំងឡាយ ដែលមានពណខ្មៅសុទ្ធ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលដាច់ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ ហើយគេសាបព្រោះលើទី ដែលគេភ្ជួររាស់ដោយល្អ ក្នុងស្រែល្អ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងមិនដុះលូតលាស់ ទង្គំទង្គោលបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា ធម៌ស របស់បុគ្គលនេះ សូម្បីល្មមត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ប្រកបដោយអកុសលធម៌ទាំងឡាយ ដែលមានពណ៌ខ្មៅសុទ្ធ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក  យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត  យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតដំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ។

កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គអាចបញ្ញត្តបុគ្គល ៣ ពួក ក្រៅពីបុគ្គល ៣ ពួកនេះ ឲ្យមានចំណែកស្មើគ្នាបានឬទេ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតអាចបញ្ញត្តបាន ហើយទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ ឯកុសលមូលនោះ ដល់នូវការបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌សាបសូន្យតទៅទៀត  យ៉ាងនេះ ម្នាលអានន្ទ ដូចរងើកភ្លើងទាំងឡាយ កំពុងឆេះ រន្ទាលច្រាលឆ្អៅ ដែលគេដាក់លើផែនថ្មដ៏កា្រស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ នឹងមិនដល់នូវការចម្រើនរាលដាលធំទូលាយឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ មួយទៀត ដូចព្រះអាទិត្យលិច ក្នុងសាយណ្ហសម័យ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពន្លឺនឹងបាត់សូន្យទៅ ងងឹតនឹងកើតប្រាកដបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ ពុំនោះសោត ដូចសម័យភត្តកាល ចំពាក់កណ្តាលយប់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពន្លឺបាត់ទៅ ងងឹតកើតប្រាកដបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ កុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌សាបសូន្យតទៅទៀត ដោយប្រការ យ៉ាងនេះ ក៏ យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនបានសាបសូន្យតទៅទៀត យ៉ាងនេះ ម្នាលអានន្ទ ដូចរងើកភ្លើងទាំងឡាយ ឆេះរន្ទាល ច្រាលឆ្អៅ ហើយបុគ្គលដាក់លើគំនរស្មៅក្តី គំនរឧសក្តី ដែលស្ងួត ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ នឹងដល់នូវការចម្រើន ធំទូលាយបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ មួយទៀត ដូចព្រះអាទិត្យរះឡើង ក្នុងបច្ចូសសម័យនៃរាត្រី ម្នាលអានន្ទ អ្នកត្រូវដឹងថា ងងឹត នឹងបាត់ទៅ ពន្លឺនឹងកើតប្រាកដឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ ពុំនោះសោត ដូចសម័យភត្តកាល ពេលថ្ងៃត្រង់ជាក់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ងងឹតបាត់ទៅ ពន្លឺកើតប្រាកដឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ សាបសូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត  យ៉ាងនេះ ក៏ យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត  យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹងដោយចិត្ត  យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹងដោយចិត្ត  យ៉ាងនេះផង ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ជាអ្នកប្រកបដោយធម៌ទាំងឡាយ ដែលគ្មានទោស មានពណ៌សសុទ្ធ នឹងបរិនិព្វាន ក្នុងបច្ចុប្បន្ន មា្នលអានន្ទ ដូចរងើកភ្លើងទាំងឡាយ ដែលរលត់ ត្រជាក់ បុគ្គលដាក់លើគំនរស្មៅ ឬគំនរឧសដ៏ស្ងួត ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ មិនដល់នូវការចម្រើនរាលដាលឡើងបានឬទេ ។ ព្រះករុណា ព្រះអង្គ ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ ។ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត យ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោម មិនមានឡើយ បុគ្គលនេះ ប្រកបដោយធម៌ទាំងឡាយ ដែលមិនមានទោស  មានពណ៌សសុទ្ធ នឹងបរិនិព្វាន ក្នុងបច្ចុប្បន្ន ដូច្នោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្ទ្រិយញ្ញាណ តថាគត កំណត់ដឹងដោយចិត្ត  យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹង ដោយចិត្ត យ៉ាងនេះផង ។ ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងដើមណា បណ្តាបុគ្គលទាំង ៣ នោះ បុគ្គលមួយ មានធម៌មិនបានសាបសូន្យ បុគ្គលមួយ មានធម៌សាបសូន្យ បុគ្គលមួយ កើតក្នុងអបាយ ទៅនរក ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងចុងណា បណ្តាបុគ្គល ទាំង ៣ នេះ បុគ្គលមួយ មានសភាពមិនសាបសូន្យ បុគ្គលមួយ មានសភាពសាបសូន្យ បុគ្គលមួយ មានសភាពបរិនិព្វាន ។

និព្វេធិកសូត្រ ទី៩កែប្រែ

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនិព្វេធិកបរិយាយ (ហេតុដែលទំលាយ នូវលោភក្ខន្ធ ជាដើម ដែលបុគ្គលមិនបានទំលាយ) និងធម្មបរិយាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ ធ្វើទុកក្នុងចិត្ត នូវបរិយាយនោះ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែង ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ និព្វេធិកបរិយាយ និងធម្មបរិយាយនោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតអាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់អាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ។

ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ  តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី ។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ គឺ រូបទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១ សំឡេងទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយត្រចៀក ។បេ។ ក្លិនទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយច្រមុះ រសទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយអណ្តាត ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយកាយ គួរបា្រថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនុ៎ះ មិនមែនកាមទេ ធម៌ទាំងនុ៎ះ ហៅថា កាមគុណ ក្នុងអរិយវិន័យ ។

សេចក្តីត្រេអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រ ក្នុងលោក មិនមែនកាមទេ សេចក្តីត្រេកអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក ដោយប្រការដូច្នោះ តែអ្នកប្រាជ្ញទាំងឡាយ រមែងកំចាត់បង់ នូវសេចក្តីគាប់ចិត្ត ក្នុងអារម្មណ៍ទាំងឡាយនុ៎ះចេញ ។

ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតកាមទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកាមទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាមក្នុងរូបទាំងឡាយ ដោយឡែក កាមក្នុងសំឡេងទាំងឡាយ ដោយឡែក កាមក្នុងក្លិនទាំងឡាយ ដោយឡែក កាមក្នុងរសទាំងឡាយ ដោយឡែក កាមក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃកាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កាមទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលប្រាថ្នានូវអារម្មណ៍ណា ញុំាងអត្តភាពដែលកើតអំពីអារម្មណ៍នោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កាមទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កាម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កាម ព្រោះរលត់ផស្សៈ ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់កាម គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកាមទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកាមទាំងឡាយ យ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្លែកគ្នា នៃកាមទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់កាមទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កាម  យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់សេចក្តីរលត់កាម  យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយ (នូវគំនរលោភៈជាដើម) នេះថាជាសេចក្តីរលត់កាម ។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយ ដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣  យ៉ាងគឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតវេទនាទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតវេទនាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ប្រកបដោយអាមិសៈ ក៏មាន សុខវេទនាមិន ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា មិនប្រកបដោយអាមិសៈក៏មាន  អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ ក៏មាន អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក៏មាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់វេទនាទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលទទួលត្រងរង នូវវេទនាណា តែងញុំាងអត្តភាព ដែលកើតអំពីវេទនានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់វេទនាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់វេទនា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា គឺសម្មាទិដ្ឋិ ១ ។បេ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវវេទនា យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតវេទនាទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់វេទនាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់វេទនា  យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា  យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់វេទនា ។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បី

ដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។

ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី ។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៦  យ៉ាង គឺរូបសញ្ញា ១ សទ្ទសញ្ញា ១ គន្ធសញ្ញា ១ រសសញ្ញា ១ ផោដ្ឋព្វសញ្ញា ១ ធម្មសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតសញ្ញាទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតសញ្ញាទាំង

ឡាយ ។  ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាក្នុងរូបទាំងឡាយ ដោយឡែក សញ្ញាក្នុងសំឡេងទាំងឡាយ ដោយឡែក សញ្ញាក្នុងក្លិនទាំងឡាយ ដោយឡែក សញ្ញាក្នុងរសទាំងឡាយ ដោយឡែក សញ្ញាក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក សញ្ញាក្នុងធម៌ទាំងឡាយ ដោយឡែក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាកនៃសញ្ញាទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅសញ្ញាទាំងឡាយថា មានវោហារជាវិបាក បុគ្គលចាំបាន យ៉ាងណាៗ និយាយ យ៉ាងនោះៗ ថា ខ្ញុំជាអ្នកមានសេចក្តីសំគាល់ យ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់សញ្ញាទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សញ្ញា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់សញ្ញា ព្រោះរលត់ផស្សៈ ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង  ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់សញ្ញា គឺសម្មាទិដ្ឋិ ១ ។បេ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវសញ្ញាទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតសញ្ញាទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់សញ្ញាទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់សញ្ញា យ៉ាងនេះ  ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា  យ៉ាងនេះហើយ  អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់សញ្ញា ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែង ព្រោះអាស្រ័យហេតុនេះឯង ។

ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែង ព្រោះអាស្រ័យអ្វី ។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣  យ៉ាង គឺ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតអាសវៈទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អវិជា្ជ ជាហេតុនាំឲ្យកើតអាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ នាំសត្វឲ្យទៅនរកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់កំណើតតិរច្ឆានក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់បិត្តិវិស័យក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅមនុស្សលោកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅទេវលោកក៏មាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ វិបាករបស់អាសវៈទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះក្នុងអវិជ្ជាណា ញុំាងអត្តភាព ដែលកើតអំពីអវិជ្ជានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់អាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់អាសវៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់អាសវៈ ព្រោះរលត់អវិជ្ជា ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់អាសវៈ គឺសម្មាទិដ្ឋិ ១ ។បេ។ សម្មាសមាធិ ១ ម្នាលភិក្ខុទាំងឡាយ  កាលបើអរិយសាវក ដឹងច្បាស់នូវអាសវៈទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតអាសវៈទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់អាសវៈទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់អាសវៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ  យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់អាសវៈ ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះស្រ័យហេតុនេះឯង ។

ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី ។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថាជាកម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកម្មទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កម្មនាំឲ្យទទួលផល ក្នុងនរកក៏មាន កម្មនាំឲ្យទទួលផល ក្នុងកំណើតតិរច្ឆានក៏មាន កម្មនាំឲ្យទទួលផល ក្នុងបិត្តិវិស័យក៏មាន កម្មនាំឲ្យទទួលផល ក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផល ក្នុងទេវលោកក៏មាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវវិបាក របស់កម្មទាំងឡាយ ថាមាន ៣ ប្រការ គឺវិបាករបស់កម្ម ក្នុងបច្ចុប្បន្ន ១ វិបាករបស់កម្ម ក្នុងអត្តភាពបន្ទាប់ ១ វិបាករបស់កម្ម ក្នុងអត្តភាពជាលំដាប់តៗ ទៅ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់កម្ម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់កម្ម ព្រោះរលត់ផស្សៈ ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់កម្ម គឺ សម្មាទិដ្ឋិ ១ ។បេ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកម្ម យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតកម្មទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់កម្មទាំងឡាយ  យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្ម  យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម  យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់កម្ម ។ ម្នាលភិក្ខុទាំងឡាយ កម្មបុគ្គលគប្បីដឹង ។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។

ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យអ្វី ។ ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ ព្យាធិក៏ជាទុក្ខ មរណៈក៏ជាទុក្ខ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈក៏ជាទុក្ខ បុគ្គលចង់បានរបស់ណា ហើយមិនបាននូវរបស់នោះ ក៏ជាទុក្ខ បើនិយាយដោយខ្លី ឧបាទានក្ខន្ធ ទាំង ៥ ក៏ជាទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតទុក្ខ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តណ្ហា ជាហេតុនាំឲ្យកើតទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នានៃទុក្ខ តើដូចម្តច ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ យ៉ាងខ្លាំងក៏មាន ទុក្ខ យ៉ាងខ្សោយក៏មាន ទុក្ខក្ររសាយ ក៏មាន ទុក្ខឆាប់រសាយ ក៏មាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់ទុក្ខ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងងេងងោង មួយទៀត បុគ្គលមានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្តហើយ តែងដល់នូវការស្វែងរកហេតុខាងក្រៅព្រះពុទ្ធសាសនាថា បុគ្គលណាហ៎្ន ចេះ (មន្តអាគម) តែមួយបទ ឬពីរបទ ដើម្បីរំលត់ទុក្ខនេះបាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវទុក្ខថា មានសេចក្តីវងេ្វងងេងងោងជាវិបាក ឬការស្វែងរកជាវិបាក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់ទុក្ខ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ទុក្ខ ព្រោះរលត់តណ្ហា ។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាបដិបទា មានដំណើរទៅកាន់សេចក្តីរលត់ទុក្ខ គឺ សម្មាទិដ្ឋិ ១ ។បេ។ សម្មាសមាធិ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នានៃទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់ទុក្ខ  យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ  យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា និព្វេធិកបរិយាយ ឈ្មោះថា ធម្មបរិយាយ ។

សីហនាទសូត្រ ទី១០កែប្រែ

[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគតនេះ មាន ៦ ដែលព្រះតថាគត បានប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅ ។ តថាគតពលៈ ៦ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ក្នុងលោកនេះ ដឹងច្បាស់ជាក់លាក់ នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុតាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ត្រង់ព្រះតថាគតដឹងច្បាស់ជាក់លាក់នូវហេតុ តាមហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុ ទាំងឡាយ នេះ តថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគតបានអាស្រ័យពលៈ ហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ [បានដល់ឈានទាំង៤ វិមោក្ខទាំង៨ សមាធិទាំង៣ និងអនុបុព្វសមាបត្តិទាំង៩ ។ អដ្ឋកថា ។] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត រលឹកឃើញ នូវបុព្វេនិវាសៈជាច្រើនប្រការ គឺ រលឹកឃើញ ១ជាតិ ២ ជាតិ ។បេ។ រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទេ្ទសដូច្នេះ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ គឺរលឹកបាន ១ជាតិ ២ជាតិ ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា ។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។

ម្នាលភិក្ខុទំាងឡាយ មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោចវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើឲ្យជាក់ច្បាស់ សម្រេច ។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគត ទាំង ៦ ប្រការនេះ ដែលព្រះតថាគត បានប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង  យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវហេតុតាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង  យ៉ាងនោះៗ បាន ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវវិបាក របស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់ នូវវិបាក របស់កុសល និងអកុសលដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ យ៉ាងណាៗ  ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវវិបាក របស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ យ៉ាងនោះៗ បាន ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ  យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ  យ៉ាងនោះៗ បាន ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគតដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ  យ៉ាងណាៗ តថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះ សួរហើយ តាមការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ  យ៉ាងនោះៗ បាន ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគតដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ  យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ  យ៉ាងនោះៗ បាន ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ  យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ  យ៉ាងនោះៗបាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល នូវការដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផងនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ ។ តថាគតពោល នូវការដឹងជាក់លាក់ នូវវិបាករបស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុនោះ ថាជារបស់បុគ្គលដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គលដែលមានចិត្តមិនតាំងមាំទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ ។ តថាគត ពោលនូវការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្តមិនតាំងមាំទេ ។ តថាគតពោល នូវការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមាន ចិត្តមិនតាំងមាំទេ ។ ម្នាលភិក្ខុទាំងឡាយ សមាធិ ជាផ្លូវត្រូវ អសមាធិ ជាផ្លូវខុស ដូចបានសំដែងមកហើយ ។

ចប់ មហាវគ្គ ទី១ ។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីរឿងព្រះថេរៈ ឈ្មោះសោណៈ ១ ព្រះថេរៈឈ្មោះផគ្គុណៈ អភិជាតិ ៦  យ៉ាង ១ អាសវៈទាំងឡាយ ១ រឿងទារុកម្មិកៈជ្រះថ្លានឹងភិក្ខុប្រាំរូប ១ ចិត្តហត្ថិសារីបុត្ត ១ មេត្តយ្យបញ្ហា ក្នុងបរាយនវគ្គ ១ ព្រះអានន្ទ ចុះទៅជម្រះខ្លួន ក្នុងទឹកស្ទឹងអចិរវតី ១ និព្វេធិកបរិយាយ ១ ពលៈ ៦  យ៉ាង ១ ។

ទុតិយបណ្ណាសកកែប្រែ

ទេវតាវគ្គកែប្រែ

អនាគាមិផលសូត្រ ទី១កែប្រែ

[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាង មិនគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវអនាគាមិផលបានឡើយ ។ ធម៌ ៦  យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តីមិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន ។ ធម៌ ៦  យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តីមិនជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាងនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន ។

អរហត្តសូត្រ ទី២កែប្រែ

[៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបានទេ ។ ធម៌ ៦  យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តីច្រអូសចិត្ត ១ សេចក្តីច្រអូសកាយ ១ សេចក្តីរាយមាយចិត្ត ១ សេចក្តីរសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តីធ្វេសប្រហែស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន ។ ធម៌ ៦  យ៉ាង គឺអ្វីខ្លះ ។ គឺសេចក្តីច្រអូសចិត្ត ១ សេចក្តីច្រអូសកាយ ១ សេចក្តីរាយមាយចិត្ត ១ សេចក្តីរសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តីធ្វេសប្រហែស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ ៦  យ៉ាងនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន ។

មិត្តសូត្រ ទី៣កែប្រែ

[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ បែរទៅរាប់រកតែបុគ្គលអាក្រក់ សេពគប់ ចូលទៅអង្គុយជិតពួកមិត្តអាក្រក់ យកតម្រាប់តម្រាតាមពួកមិត្តអាក្រក់ទាំងនោះ នឹងបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានឡើយ ។ បើមិនបានបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសេក្ខធម៌ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានទេ ។ បើមិនបានបំពេញសេក្ខធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានទេ ។ បើមិនបានបំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បានទេ នឹងលះបង់កាមរាគ ឬរូបរាគ ឬក៏អរូបរាគបាន ហេតុនេះក៏មិនដែលមានទេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរាប់រកតែមិត្តល្អ សេពគប់ ចូលទៅអង្គុយជិតចំពោះពួកមិត្តល្អ ហើយក៏យកតម្រាប់តម្រាតាមពួកមិត្តល្អទាំងនោះ នឹងបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះទើបមានមែន ។ បើបានបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសេក្ខធម៌ ឲ្យបរិបូណ៌បានទៀត ហេតុនេះទើបមានមែន ។ បើបានបំពេញសេក្ខធម៌ហើយ នឹងបំពេញសីលទាំងឡាយ បានទៀត ហេតុនេះទើបមានមែន ។ បើបានបំពេញសីលទាំងឡាយហើយ នឹងលះបង់កាមរាគ ឬរូបរាគ ឬក៏អរូបរាគចេញបាន ហេតុនេះទើបមានមែន ។

សង្គណិការាមសូត្រ ទី៤កែប្រែ

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នករីករាយ ក្នុងការច្របូកច្របល់ដោយពួក ត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក ប្រកបសេចក្តីត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក រីករាយក្នុងពួក ត្រេកអរក្នុងពួក ប្រកបសេចក្តីត្រេកអរក្នុងពួកហើយ ត្រេកអរក្នុងវិវេកតែម្នាក់ឯងបាន ហេតុនេះមិនដែលមានឡើយ ។ កាលបើមិនត្រេកអរក្នុងវិវេកតែម្នាក់ឯង ទើបអាចនឹងទទួលយកនិមិត្តនៃចិត្តបាន ហេតុនេះមិនដែលមានឡើយ ។ កាលបើមិនទទួលយកនិមិត្តនៃចិត្តហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនេះមិនដែលមានឡើយ ។ លុះមិនបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុនេះមិនដែលមានឡើយ ។ បើមិនបំពេញសម្មាសមាធិហើយ នឹងលះបង់សញ្ញោជនៈទាំងឡាយបាន ហេតុនេះមិនដែលមានឡើយ ។ បើមិនលះបង់សញ្ញោជនៈទាំងឡាយហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ហេតុនេះមិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ទាល់តែភិក្ខុនោះ មិនរីករាយ ក្នុងការច្របូកច្របល់ដោយពួក មិនត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក មិនប្រកបសេចក្តីត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក មិនរីករាយក្នុងពួក មិនត្រេកអរក្នុងពួក មិនប្រកបសេចក្តីរីករាយក្នុងពួកហើយ ត្រេកអរក្នុងវិវេកតែម្នាក់ឯងបាន ហេតុនេះទើបមានមែន ។ កាលបើត្រេកអរក្នុងវិវេកតែម្នាក់ឯងហើយ នឹងទទួលយកនិមិត្តនៃចិត្តបាន ហេតុនេះទើបមានមែន ។ កាលបើទទួលយកនិមិត្តនៃចិត្តហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនេះទើបមានមែន ។ បើបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបានទៀត ហេតុនេះទើបមានមែន ។ បើបំពេញសម្មាសមាធិហើយ នឹងលះបង់សញ្ញោជនៈទាំងឡាយបាន ហេតុនេះទើបមានមែន ។ លះបង់សញ្ញោជនៈទាំងឡាយហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ហេតុនេះទើបមានមែន ។

ទេវតាសូត្រ ទី៥កែប្រែ

[៦៩] គ្រានោះ ទេវតាមួយអង្គ កាលបើរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីភ្លឺ ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចឈរនៅក្នុងទីដ៏សមគួរ ។ លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦  យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦  យ៉ាង ដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្តល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦  យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ភិក្ខុ ។ ទេវតានោះ បានក្រាបទូលពាក្យនេះហើយ ។ ព្រះសាស្តា ទ្រង់សព្វព្រះទ័យ ។ គ្រានោះ ទេវតានោះ បានដឹងថា ព្រះសាស្តា សព្វព្រះទ័យនឹងអញហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង ។ លំដាប់ពីនោះមក ព្រះដ៏មានព្រះភាគ កាលដែលរាត្រីនោះ កន្លងទៅហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញ មានទេវតាមួយរូប កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏ភ្លឺ ធ្វើវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចឈរក្នុងទីដ៏សមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ  បាននិយាយនឹងតថាគត  យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ធម៌ ៦ យ៉ាង តើដូចម្តេចខ្លះ ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ ភាពជាអ្នកប្រដៅងាយ ១ ភាពជាអ្នកមានមិត្តល្អ ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ ៦  យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយ យ៉ាងនេះ លុះនិយាយពាក្យនេះចប់ហើយ ក៏ថ្វាយបង្គំតថាគត ដើរប្រទក្សិណ ហើយបាត់ក្នុងទីនោះ ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់ យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គយល់សេចក្តីអធិប្បាយនៃធម៌ ដែលព្រះដ៏មានព្រះភាគសំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ  យ៉ាងនេះបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុក្នុងសាសនានេះ ជាអ្នកគោរពក្នុងព្រះសាស្តា ដោយខ្លួនឯងផង ជាអ្នកនិយាយសរសើរគុណ នៃសេចក្តីគោរព ក្នុងព្រះសាស្តាផង ពួកភិក្ខុណា មិនគោរពក្នុងព្រះសាស្តាទេ ក៏ដឹកនាំពួកភិក្ខុនោះ ឲ្យគោរពក្នុងព្រះសាស្តាផង ។ ពួកភិក្ខុណា ជាអ្នកគោរពក្នុង ព្រះសាស្តាស្រាប់ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិតប្រាកដ តាមកាលគួរផង ។ ជាអ្នកគោរពក្នុងព្រះធម៌ ដោយខ្លួនឯងផង ។បេ។ ជាអ្នកគោរពក្នុងព្រះសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ ។បេ។ ជាអ្នកមានមិត្តល្អ និយាយសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមានមិត្តល្អទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិតប្រាកដ តាមកាលដ៏គួរផង ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គយល់ច្បាស់ នូវសេចក្តីអធិប្បាយនៃធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ  យ៉ាងនេះបាន ។ ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត អ្នកបានយល់ច្បាស់ នូវសេចក្តីអធិប្បាយនៃធម៌ ដែលតថាគត សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ  យ៉ាងនេះបាន ប្រពៃណាស់ ។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកគោរពក្នុងសាស្តា ដោយខ្លួនឯងផង និយាយសរសើរគុណ នៃសេចក្តីគោរពក្នុងសាស្តាផង បើពួកភិក្ខុណា មិនគោរពក្នុងសាស្តាទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យគោរពក្នុងសាស្តាផង បើពួកភិក្ខុណាគោរពក្នុងសាស្តាស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុទាំងនោះ ដែលមានពិតប្រាកដ តាមកាលគួរផង ។ ជាអ្នកគោរពក្នុងធម៌ ដោយខ្លួនឯងផង ។ ជាអ្នកគោរពក្នុងសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ ។បេ។ ជាអ្នកមានមិត្តល្អ ជាអ្នកសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមិត្តល្អទេ ក៏បបួលពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុទាំងនោះ ដែលមានពិតប្រាកដ តាមកាលគួរផង ។ ម្នាលសារីបុត្ត សេចក្តីអធិប្បាយនៃធម៌ ដែលតថាគតសំដែងបំប្រួញនេះ អ្នកគួរដឹងដោយសេចក្តីពិស្តារ យ៉ាងនេះចុះ ។

សមាធិសូត្រ ទី៦កែប្រែ

[៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនមានសមាធិដ៏ស្ងប់រម្ងាប់ មិនមានសមាធិដ៏ឧត្តម មិនបាននូវបដិប្បស្សទ្ធិ មិនដល់នូវឯកោទិភាព ហើយនឹងបានឥទ្ធិវិធៈច្រើនប្រការ គឺ មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកបាន ឬមនុស្សច្រើនអ្នក ធ្វើឲ្យទៅជាមនុស្សម្នាក់បាន ។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកបាន ហេតុនេះមិនមានឡើយ ។ ឮនូវសំឡេងទាំង ២ពួក គឺជាសំឡេងទេវតា និងសំឡេងមនុស្ស ឆ្ងាយក្តី ជិតក្តី ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសសោតធាតុជារបស់មនុស្សធម្មតាបាន ហេតុនេះមិនមានឡើយ ។ កំណត់ដឹងនូវចិត្ត របស់សត្វទាំងឡាយដទៃ របស់បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ ។បេ។ ចិត្តមិនទាន់ផុតចាកកិលេសក្តី ក៏ដឹងថា ចិត្តមិនទាន់ផុតចាកកិលេស ហេតុនេះមិនមានឡើយ ។ រលឹកឃើញ នូវបុពេ្វនិវាសៈ គឺ លំដាប់ខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញមួយជាតិ ពីរជាតិ ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ហេតុនេះមិនមានឡើយ ។ មានចក្ខុដ៏បរិសុទ្ធ ដូចជាទិព្វ កន្លងចក្ខុរបស់មនុស្សធម្មតា ឃើញនូវពួកសត្វ ។បេ។ ដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ហេតុនេះមិនមានឡើយ ។ ព្រោះអស់អាសវៈទាំងឡាយ ។បេ។ ធ្វើឲ្យជាក់ច្បាស់ បានដល់ ហេតុនេះមិនមានឡើយ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មានសមាធិដ៏ល្អិត ដ៏ឧត្តម បាននូវបដិប្បស្សទ្ធិ បានដល់នូវឯកោទិភាព បាននូវឥទ្ធិវិធៈច្រើនប្រការ ។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ រហូតដល់ព្រហ្មលោកបាន ហេតុនេះទើបមាន ។ អាចឮនូវសំឡេងទាំងពីរពួក គឺសំឡេងទេវតា ១ សំឡេងមនុស្ស ១ ទោះនៅឆ្ងាយក្តី ជិតក្តី ដោយសោតធាតុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា ហេតុនេះទើបមាន អាចកំណត់ដឹង នូវចិត្តរបស់សត្វទាំងឡាយដទៃ របស់បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ ។បេ។ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងថា ចិត្តមិនទាន់រួចស្រឡះ ហេតុនេះទើបមាន ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន គឺរលឹកឃើញមួយជាតិ ពីរជាតិ ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ហេតុនេះទើបមាន ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា អាចឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ សម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ហេតុនេះទើបមាន ។ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហេតុនេះទើបមាន ។

សក្ខិភព្វសូត្រ ទី៧កែប្រែ

[៧១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង កាលបើមានហេតុ មិនគួរដើម្បីដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះៗ ទេ ។ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែក នៃសេចក្តីសាបសូន្យ ១ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែក នៃការតាំងនៅ ១ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែកដ៏វិសេស ១ មិនដឹងច្បាស់ តាមពិតថា នេះពួកធម៌ជាចំណែក នៃសេចក្តីនឿយណាយ ១ ជាអ្នកមិនធ្វើ ដោយសេចក្តីគោរព ១ ជាអ្នកមិនធ្វើសេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង កាលបើមានហេតុ មិនគួរដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះ ៗ ទេ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង កាលបើមានហេតុ គួរដើម្បីដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះៗ បាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែក នៃសេចក្តីសាបសូន្យ ១ ដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែក នៃការតាំងនៅ ១ ដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែកដ៏វិសេស ១ ដឹងច្បាស់តាមពិតថា  នេះពួកធម៌ ជាចំណែក នៃសេចក្តីនឿយណាយ ១ ជាអ្នកធ្វើដោយសេចក្តីគោរព ១ ជាអ្នកធ្វើសេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង កាលបើមានហេតុ គួរដើម្បីដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះៗ បាន ។

ពលសូត្រ ទី៨កែប្រែ

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង មិនគួរដើម្បីដល់នូវភាព ជាអ្នកមានកំឡាំងក្នុងសាមាធិ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនឈ្លាស ក្នុងការចូលសមាធិ ១ មិនឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ មិនឈ្លាសក្នុងការចេញចាកសមាធិ ១ មិនធ្វើនូវសេចក្តីគោរព ១ មិនធ្វើរឿយ ៗ ១ មិនធ្វើសេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកគួរដើម្បី ដល់នូវភាពជាអ្នកមានកំឡាំង ក្នុងសមាធិ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ធ្វើនូវសេចក្តីគោរព ១ ធ្វើរឿយ ៗ ១ ធ្វើសេចក្តីសប្បាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកគួរដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ ។

បឋមតជ្ឈានសូត្រ ទី៩កែប្រែ

[៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាង ជាអ្នកមិនគួរបានបឋមជ្ឈាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺ កាមឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ មិនបានពិចារណាឲ្យឃើញច្បាស់ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះបង់ធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានឡើយ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាង ទើបជាអ្នកគួរបានបឋមជ្ឈាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺ កាមច្ឆន្ទៈ ១ ព្យាបាទ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ ពិចារណាឃើញ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាងនេះឯង ទើបជាអ្នកគួរបានបឋមជ្ឈាន ។

ទុតិយតជ្ឈានសូត្រ ទី១០កែប្រែ

[៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាង ជាអ្នកមិនគួរបានបឋមជ្ឈាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានទេ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាង ទើបជាអ្នកគួរបានបឋមជ្ឈាន ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាងនេះឯង ទើបជាអ្នកគួរបានបឋមជ្ឈាន ។

ចប់ ទេវតាវគ្គ ទី២ ។

ឧទ្ទាននៃទេវតាវគ្គនោះ គឺ

និយាយអំពីអនាគាមិបុគ្គល ១ ព្រះអរហន្ត ១ មិត្ត ១ រឿងទេវតា ១ កាលបើមានហេតុ មិនគួរដល់នូវសេចក្តីជាក់ច្បាស់ ១ កំឡាំង (ក្នុងសមាធិ) ១ បឋមជ្ឈាន ១ ឈាន ២ លើកឯទៀត ១ ។

អរហន្តវគ្គកែប្រែ

ទុក្ខសូត្រ ទី១កែប្រែ

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង តែងនៅជាទុក្ខ ប្រកបដោយសេចក្តីលំបាក ចង្អៀតចង្អល់ ក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងទុគ្គតិ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង តែងនៅជាទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ហើយ ទៅកើតក្នុងទុគ្គតិ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង តែងនៅជាសុខ មិនមានសេចក្តីលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ហើយ តែងមានសុគតិ ជាទីសង្ឃឹម ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺ នេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ នេក្ខម្មសញ្ញា ១ អព្យាបាទសញ្ញា ១ អវិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង រមែងនៅជាសុខ មិនមានសេចក្តីលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ហើយ តែងមានសុគតិជាទីសង្ឃឹម ។

អរហត្តសូត្រ ទី២កែប្រែ

[៧៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាង ជាអ្នកមិនគួរធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីប្រកាន់ ដោយអាងជាតិជាដើម ១ សេចក្តីប្រកាន់ថា អញថោកទាប ១ សេចក្តីប្រកាន់ថា ខ្ពង់ខ្ពស់ ១ សេចក្តីប្រកាន់ថា លើសលុប ១ រឹងត្អឹង ១ សេចក្តីប្រកាន់ថា អញថោកថយជាងគេ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ទាំង ៦  យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តទេ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីប្រកាន់ ដោយអាងជាតិជាដើម ១ សេចក្តីប្រកាន់ថា ថោកទាប ១ សេចក្តីប្រកាន់ថា ខ្ពង់ខ្ពស់ ១ សេចក្តីប្រកាន់ថា លើសលុប ១ រឹងត្អឹង ១ សេចក្តីប្រកាន់ថា ថោកថយជាងគេ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាងនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន ។

ឧត្តរិមនុស្សធម្មសូត្រ ទី៣កែប្រែ

[៧៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦  យ៉ាង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណ ក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនលះបង់ធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាង ជាអ្នកគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម លើសមនុស្សធម៌ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណ ក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦  យ៉ាងនេះឯង ទើបជាអ្នកគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម លើសមនុស្សធម៌បាន ។

សុខសោមនស្សសូត្រ ទី៤កែប្រែ

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកមានសុខ និងសោមនស្សដ៏ច្រើន ក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅ ដើម្បីអស់អាសវៈទាំងឡាយ ភិក្ខុនោះ បានប្រារព្ធហើយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រេកអរក្នុងធម៌ ១ ត្រេកអរក្នុងភាវនា ១ ត្រេកអរក្នុងការលះ ១ ត្រេកអរក្នុងបវិវេក ១ ត្រេកអរក្នុងអព្យាបាទ ១ ត្រេកអរក្នុងធម៌ មិនធ្វើដំណើរឲ្យយឺតយូរ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកមានសុខ និងសោមនស្សដ៏ច្រើន ក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅ ដើម្បីអស់អាសវៈទាំងឡាយ ភិក្ខុនោះ បានប្រារព្ធហើយ ។

អធិគមសូត្រ ទី៥កែប្រែ

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកមិនគួរដើម្បីបាន នូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនឈ្លាស ក្នុងសេចក្តីចម្រើន ១ មិនឈ្លាសក្នុងសេចក្តីវិនាសមួយ មិនឈ្លាសក្នុងឧបាយ ១ មិនញ៉ាំងសេចក្តីចូលចិត្ត ឲ្យកើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ មិនរក្សានូវកុសលធម៌ទាំងឡាយ ដែលខ្លួនបានហើយ ១ មិនញ៉ាំងកុសលធម៌ ឲ្យដល់ព្រម ដោយការធ្វើរឿយៗ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីបាននូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកគួរដើម្បីបាន នូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងសេចក្តីចម្រើន ១ ឈ្លាសក្នុងសេចក្តីវិនាស ១ ឈ្លាសក្នុងឧបាយ ១ ញ៉ាំងសេចក្តីចូលចិត្ត ឲ្យកើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ រក្សាកុសលធម៌ទាំងឡាយ ដែលខ្លួនបានរួចហើយ ១ ញ៉ាំងកុសលឲ្យដល់ព្រម ដោយកិរិយាធ្វើរឿយ ៗ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកគួរដើម្បីបាននូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយចេញទៅ ។

មហន្តត្តសូត្រ ទី៦កែប្រែ

[៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង មិនយូរប៉ុន្មាន គង់ដល់នូវភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានពន្លឺ គឺញាណដ៏ច្រើន ១ មានព្យាយាមដ៏ច្រើន ១ មានសេចក្តីត្រេកអរដ៏ច្រើន ១ មានសន្តោសដ៏ច្រើន ១ មិនលះធុរៈចោលក្នុងកុសលធម៌ ១ ញ៉ាំងចិត្តឲ្យឆ្លងទៅរកគុណខាងលើ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង មិនយូរប៉ុន្មាន គង់បានដល់នូវភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ ។

បឋមនិរយសូត្រ ទី៧កែប្រែ

[៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកសម្លាប់សត្វ ១ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ មានសេចក្តីប្រាថ្នាអាក្រក់ ១ មានទិដ្ឋិខុស ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកវៀរចាកការសម្លាប់ ១ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១ មានសេចក្តីប្រាថ្នាតិច ១ មានទិដ្ឋិត្រូវ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់ ។

ទុតិយនិរយសូត្រ ទី៨កែប្រែ

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គល ជាអ្នកនិយាយកុហក ១ និយាយញុះញង់ ១ និយាយអាក្រក់ ១ និយាយឥតប្រយោជន៍ ១ កាចអាក្រក់ ១ ឃ្នើសឃ្នង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង តែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកវៀរចាកការនិយាយកុហក ១ វៀរចាកការនិយាយញុះញង់ ១ វៀរចាកការនិយាយអាក្រក់ ១ វៀរចាកការនិយាយឥតប្រយោជន៍ ១ មិនកាចអាក្រក់ ១ មិនឃ្នើសឃ្នង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់ ។

អគ្គធម្មសូត្រ ទី៩កែប្រែ

[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនខ្មាសបាប ១ មិនក្តៅក្រហាយនឹងបាប ១ ខ្ជឹលច្រអូស ១ អប្បឥតប្រាជ្ញា ១ មានសេចក្តីអាឡោះអាល័យ ក្នុងរាងកាយ និងជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មានសេចក្តីខ្លាចបាប ១ ប្រារព្ធព្យាយាម ១ មានប្រាជ្ញា ១ មិនអាឡោះអាល័យ ក្នុងរាងកាយ និងជីវិត ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់ ។

រត្តិទិវសសូត្រ ទី១០កែប្រែ

[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីសាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីចម្រើនមិនមានឡើយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាច្រើន មានសេចក្តីចង្អៀតចង្អល់ មិនសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ១ មិនមានសទ្ធា ១ ទ្រុស្តសីល ១ ខ្ជឹលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីសាប សូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីចម្រើនមិនមានឡើយ ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីសាបសូន្យមិនមានឡើយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាច្រើន មិនមានសេចក្តីចង្អៀតចង្អល់ សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកមានសទ្ធា ១ មានសីល ១ ប្រារព្ធសេចក្តីព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តីសាបសូន្យមិនមានឡើយ ។

ចប់ អរហត្តវគ្គ ទី៣ ។

ឧទ្ទាននៃអរហត្តវគ្គនោះ គឺ

និយាយពីការនៅជាទុក្ខ ១ មិនគួរធ្វើឲ្យជាក់ច្បាស់អរហត្ត ១ ឧត្តរិមនុស្សធម៌ ១ សុខ និងសោមនស្សដ៏ច្រើន ១ ការត្រាស់ដឹង និងមិនត្រាស់ដឹង ១ ដល់នូវភាពជាធំ ១ ការទៅកើតក្នុងនរក ពីរលើក មិនគួរធ្វើឲ្យជាក់ច្បាស់នូវអគ្គធម៌ និងគួរធ្វើឲ្យជាក់ច្បាស់ នូវអគ្គធម៌ ១ យប់ និងថ្ងៃ រមែងមានមក ១ ។

សីតិវគ្គកែប្រែ

សីតិភាវសូត្រ ទី១កែប្រែ

[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេលណា មិនសង្កត់សង្កិនចិត្ត ក្នុងពេលនោះ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេលណា មិនផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យរីករាយ ក្នុងពេលណា មិនធ្វើចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា មិនធ្វើចិត្តឲ្យព្រងើយ ក្នុងពេលនោះ ១ ជាអ្នកស្លុងចុះ ក្នុងធម៌ថោកទាប ១ ត្រេកអរនឹងកាយរបស់ខ្លួន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេលណា ក៏សង្កត់សង្កិនចិត្ត ក្នុងពេលនោះ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេលណា ក៏ផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យរីករាយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យព្រងើយ ក្នុងពេលនោះ ១ ជាអ្នកស្លុងចុះ ក្នុងធម៌ដ៏ថ្លៃថ្លា ១ ត្រេកអរ ក្នុងព្រះនិព្វាន ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្តដ៏ប្រសើរ ។

អាវរណសូត្រ ទី២កែប្រែ

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាម ៩ គឺ មគ្គដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកប្រកបដោយការរារាំង គឺកម្ម [អនន្តរិយកម្ម ទាំង ៥ ។] ១ ប្រកបដោយការរារាំង គឺកិលេស [និយតមិច្ឆាទិដ្ឋិ ។]  ១ ប្រកបដោយការរារាំង គឺវិបាក [ឲ្យបដិសន្ធិតាមអកុសលវិបាក ឬឲ្យបដិសន្ធិជាអហេតុកកំណើត គឺកើតជាមនុស្សគ ថ្លង់ ខ្វាក់ ជាដើម ព្រោះអកុសលវិបាកទាំងឡាយ ។ អដ្ឋកថា ។] ១ មិនមានសទ្ធា ១ មិនពេញចិត្តនឹងធម៌ ១ អប្បឥតប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង បើបានស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកមិនប្រកបដោយការរារាំង គឺកម្ម ១ មិនប្រកបដោយការរារាំង គឺកិលេស ១ មិនប្រកបដោយការរារាំង គឺវិបាក ១ មានសទ្ធា ១ ពេញចិត្តនឹងកុសលធម៌ ១ មានប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង កាលបើបានស្តាប់ នូវព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។

វោរោបិតសូត្រ ទី៣កែប្រែ

[៨៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកផ្តាច់ផ្តិលជីវិតមាតា ១ ផ្តាច់ផ្តិលជីវិតបិតា ១ ផ្តាច់ផ្តិលជីវិតអរហន្ត ១ មានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ បំបែកសង្ឃ ១ អប្បឥតប្រាជ្ញា ឆ្កូតលេលា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកមិនផ្តាច់ផ្តិលជីវិតមាតា ១ មិនផ្តាច់ផ្តិលជីវិតបិតា ១ មិនផ្តាច់ផ្តិលជីវិតអរហន្ត ១ មិនមានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ មិនបំបែកសង្ឃ ១ មានប្រាជ្ញា មិនឆ្កូតលេលា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្មហើយ ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។

សុស្សូសតិសូត្រ ទី៤កែប្រែ

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺកាលបើធម៌វិន័យ ដែលព្រះតថាគតប្រកាសសំដែង បុគ្គលមិនស្តាប់ដោយគោរព ១ មិនប្រុងត្រចៀកស្តាប់ ១ មិនតាំងចិត្តស្តាប់ឲ្យបានដឹង ១ កាន់យកតែអំពើឥតប្រយោជន៍ ១ លះបង់ប្រយោជន៍ចោល ១ ប្រកបដោយខន្តី ដ៏មិនសមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាង កាលបើបានស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺកាលបើធម្មវិន័យ ដែលព្រះតថាគត ទ្រង់ប្រកាសសំដែង បុគ្គលស្តាប់ដោយគោរព ១ ប្រុងត្រចៀកស្តាប់ ១ តាំងចិត្តប្រុងស្តាប់ឲ្យដឹង ១ កាន់យកនូវប្រយោជន៍ ១ លះបង់នូវអំពើមិនជាប្រយោជន៍ ១ ប្រកបដោយខន្តីដ៏សមគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦  យ៉ាងនេះឯង កាលបើបានស្តាប់ព្រះសទ្ធម្ម ជាអ្នកគួរដើម្បីចុះកាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ ។

អប្បហាយសូត្រ ទី៥កែប្រែ

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះធម៌ ៦  យ៉ាង ជាអ្នកមិនគួរ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិសម្បទា (សោតាបត្តិមគ្គ) បានឡើយ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះធម៌ទាំង ៦  យ៉ាងនេះទេ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិសម្បទាបានឡើយ ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាងបាន ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិសម្បទា ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាងនេះបានហើយ ទើបគួរធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិសម្បទាបាន ។

បហីនសូត្រ ទី៦

[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ទើបលះធម៌ ៦  យ៉ាងនេះបាន ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិទើបលះធម៌ទាំង ៦  យ៉ាងនេះបាន ។

អភព្វសូត្រ ទី៧កែប្រែ

[៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើធម៌ ៦  យ៉ាង ឲ្យកើតឡើងទេ ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ មោហៈ ជាហេតុនាំឲ្យទៅកាន់អបាយ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើធម៌ ៦  យ៉ាងនេះ ឲ្យកើតឡើងបានទេ ។

បឋមអភព្វដ្ឋានសូត្រ ទី៨កែប្រែ

[៩២] ម្នាលភិក្ខុទាំងឡាយ អភព្វដ្ឋាន (ហេតុដែលមិនគួរ) នេះ មាន ៦  យ៉ាង ។ ធម៌ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះសង្ឃ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរដើម្បីត្រឡប់មកកាន់ហេតុ ដែលខ្លួនមិនគប្បីប្រកាន់ [ហេតុដែលខ្លួនមិនគួរប្រកាន់នេះ ជាឈ្មោះនៃទិដ្ឋិ ៦២ ប្រការ ។] ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរញ៉ាំងភពជាគំរប់ ៨ ឲ្យកើត [មិនចាប់បដិសន្ធិជាគំរប់ ៨ ក្នុងកាមាវចរភពទៀតទេ ។ អដ្ឋកថា ។] ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦  យ៉ាងប៉ុណ្ណេះ ។

ទុតិយអភព្វដ្ឋានសូត្រ ទី៩កែប្រែ

[៩៣] ម្នាលភិក្ខុទាំងឡាយ ហេតុមិនគួរនេះ មាន ៦  យ៉ាង ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាទៀង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាសុខ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់ធម៌ណាមួយ ថាខ្លួន ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើនូវអនន្តរិយកម្ម ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់ទៅកាន់សេចក្តីបរិសុទ្ធិ ដោយមង្គលភ្ញាក់ផ្អើល ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានេះ ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦  យ៉ាងនេះឯង ។

តតិយអភព្វដ្ឋានសូត្រ ទី១០កែប្រែ

[៩៤] ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦  យ៉ាង ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតមាតា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតបិតា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិលជីវិតអរហន្ត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរញ៉ាំងលោហិតរបស់ព្រះតថាគត ឲ្យពុរពង ដោយចិត្តប្រទូស្ត ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរបំបែកសង្ឃ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រគល់ខ្លួនទៅគ្រូដទៃ ១ ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦  យ៉ាងនេះឯង ។

ចតុត្ថអភព្ពដ្ឋានសូត្រ ទី១១កែប្រែ

[៩៥] ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦  យ៉ាង ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលខ្លួនធ្វើដោយខ្លួនឯង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលបុគ្គលដទៃធ្វើ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលខ្លួនឯងធ្វើផង ដែលបុគ្គលដទៃធ្វើផង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មិនជាអំពើដែលខ្លួនឯងធ្វើ ១ បុគ្គលបរិបូណ៌ ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មិនមែនជាអំពើ ដែលបុគ្គលដទៃធ្វើ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មិនមែនជាអំពើ ដែលខ្លួនឯងធ្វើផង មិនមែនជាអំពើ ដែលបុគ្គលដទៃធ្វើផង ១ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិនោះ ឃើញច្បាស់លាស់ នូវហេតុផង នូវធម៌កើតអំពីហេតុផង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦  យ៉ាង ប៉ុណ្ណេះឯង ។

ចប់ សីតិវគ្គ ទី៤ ។

ឧទ្ទាននៃសីតិវគ្គនោះគឺ

និយាយអំពីភិក្ខុ មិនគួរធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ ១ គួរធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ ១ ការរារាំង ១ ស្តាប់ដោយគោរព ១ បុគ្គលត្រូវលះបង់ធម៌ ៦  យ៉ាង ១ បុគ្គលលះបង់ធម៌ ៦  យ៉ាងហើយ ១ មិនគួរធ្វើធម៌ ៦  យ៉ាង ឲ្យកើតឡើង ១ គោរពក្នុងព្រះសាស្តា ១ មិនគួរប្រកាន់  សង្ខារណាមួយ ១ មិនគួរផ្តាច់ផ្តិលជីវិតមាតា ជាដើម ១ មិនគួរប្រកាន់សុខទុក្ខ ដោយការធ្វើខ្លួនឯង ១ មគ្គ ១ ។

អានិសំសវគ្គកែប្រែ

បាតុភាវសូត្រ ទី១កែប្រែ

[៩៦] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦  យ៉ាង គឺ បុគ្គលបានដោយក្រក្នុងលោក ។ ៦ យ៉ាង តើអ្វីខ្លះ ។ គឺការកើតឡើង នៃព្រះតថាគត ជាអរហន្តសមា្មសម្ពុទ្ធ បុគ្គលបានដោយក្រក្នុងលោក ១ បុគ្គលជាអ្នកសំដែងធម្មវិន័យ ដែលព្រះតថាគតបានប្រកាសហើយ បុគ្គលបានដោយក្រក្នុងលោក ១ សត្វត្រឡប់មកកើតក្នុងប្រទេសជាទីនៅ នៃអរិយជន បុគ្គលបានដោយក្រ ក្នុងលោក ១ ការមិនខូចខាតឥន្រ្ទិយទាំងឡាយ បុគ្គលបានដោយក្រក្នុងលោក ១ ភាពនៃបុគ្គលមិនលេលា មិនឆ្កួត បុគ្គលបានដោយក្រ ក្នុងលោក ១  សេចក្តីពេញចិត្ត ក្នុងកុសលធម៌ បុគ្គលបានដោយក្រ ក្នុងលោក ១ ។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦  យ៉ាងនេះ បុគ្គលបានដោយក្រ ក្នុងលោក ។

អានិសំសសូត្រ ទី២កែប្រែ

[៩៧] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនេះ មាន ៦  យ៉ាង ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលជាអ្នកទៀងត្រង់ ក្នុងព្រះសទ្ធម្ម ១ មានធម៌មិនសាបសូន្យ ១ សេចក្តីទុក្ខ មិនមានដល់បុគ្គល អ្នកធ្វើនូវព្រះនិព្វាន ជាទីបំផុតទុក្ខ ១ ប្រកបដោយញាណមិនទួទៅ (ដល់បុថុជ្ជនទាំងឡាយ) ១ ហេតុដែលបុគ្គលនោះឃើញដោយប្រពៃ ១ ធម៌ទាំងឡាយ កើតឡើងអំពីហេតុ ១ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតបត្តិផល មាន ៦  យ៉ាងនេះឯង ។

អនិច្ចសូត្រ ទី៣កែប្រែ

[៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថាទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិនដែលមានឡើយ ។ កាលភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះមិនដែលមានឡើយ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន ។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះរមែងមាន ។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះរមែងមាន ។

ទុក្ខសូត្រ ទី៤កែប្រែ

[៩៩] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថា សុខ ។បេ។ កាលពិចារណា នូវសង្ខារទាំងពួង ថាទុក្ខ ។បេ។

អនត្តសូត្រ ទី៥កែប្រែ

[១០០] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវធម៌ណាមួយ ថាជាខ្លួន ។បេ។ កាលពិចារណា នូវធម៌ទាំងពួង ថាមិនមែនខ្លួន ។បេ។

និព្វានសូត្រ ទី៦កែប្រែ

[១០១] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាទុក្ខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ ។ ភិក្ខុមិនប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិនដែលមានឡើយ ។ ភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ មិនដែលមានឡើយ ។

ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាសុខ នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន ។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ រមែងមាន ។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ រមែងមាន ។

អនវត្ថិតសូត្រ ទី៧កែប្រែ

[១០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦  យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តីសំគាល់ថា មិនទៀង ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសង្ខារទាំងឡាយទាំងពួង នឹងប្រាកដថា ជារបស់មិនតាំងនៅខ្ជាប់ខ្ជួនបាន ១ ចិត្តអាត្មាអញ នឹងមិនត្រេកអរ ក្នុងលោកទាំងពួង ១ ចិត្តអាត្មាអញ នឹងចេញចាកលោកទាំងពួង ១ ចិត្តឈមទៅរកព្រះនិព្វាន នឹងមានដល់អាត្មាអញ ១ សញ្ញោជនៈទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការសាបសូន្យ ១ អាត្មាអញ នឹងប្រកបដោយភាព នៃខ្លួនជាសមណៈដ៏ឧត្តម ១ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ៦  យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តីសំគាល់ថា មិនទៀង ។

ឧក្ខិត្តាសិកសូត្រ ទី៨កែប្រែ

[១០៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦  យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តីសំគាល់ថា ជាទុក្ខ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីសំគាល់ ក្នុងការរលត់ ចំពោះសង្ខារទាំងពួង នឹងតាំងឡើងប្រាកដ ដល់អាត្មាអញ ដូចនាយពេជ្ឈឃាត ដែលងារដាវឡើង ១ ចិត្តអាត្មាអញ នឹងចេញចាកលោកទាំងពួង ១ អាត្មាអញ ជាអ្នកឃើញនូវសេចក្តីស្ងប់រម្ងាប់ ក្នុងព្រះនិព្វាន ១ អនុសយធម៌ទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការគាស់រំលើង ១ អាត្មាអញ នឹងជាអ្នកធ្វើនូវកិច្ចការ ១ ព្រះសាស្តា អាត្មាអញនឹងជាអ្នកបំរើ ប្រកបដោយមេត្តា ១ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញ នូវអានិសង្សទាំង ៦  យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយតម្កល់នូវសេចក្តីសំគាល់ថាជាទុក្ខ ។

អតម្មយសូត្រ ទី៩កែប្រែ

[១០៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦  យ៉ាង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ទាំងពួង ហើយតម្កល់នូវសេចក្តីសំគាល់ថា អនត្តា ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺអាត្មាអញ នឹងមិនមានតម្មយៈ (គឺតណ្ហា ទិដ្ឋិ) ក្នុងលោកទាំងពួង ១ ពួកអហំការទិដ្ឋិ របស់អាត្មាអញ នឹងរលត់ទៅ ១ ពួកមមំការតណ្ហា របស់អាត្មាអញ នឹងរលត់ទៅ ១ អាត្មាអញ ជាអ្នកប្រកបដោយញាណមិនទួទៅ ១ ហេតុ អាត្មាអញ នឹងឃើញដោយប្រពៃ ១ ធម៌ទាំងឡាយ កើតឡើងអំពីហេតុ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញអានិសង្ស ទាំង ៦  យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុងធម៌ទាំងពួង ហើយតម្កល់នូវសេចក្តីសំគាល់ថា អនត្តា ។

ភវសូត្រ ទី១០កែប្រែ

[១០៥] ម្នាលភិក្ខុទាំងឡាយ ភព ៣ នេះ បុគ្គលគួរលះ ហើយគួរសិក្សា ក្នុងសិក្ខាទាំង ៣ ។ ភព ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ ។ គឺកាមភព ១ រូបភព ១ អរូបភព ១ ។ ភព ៣  យ៉ាងនេះ បុគ្គលគួរលះបង់ចេញ ។ សិក្ខា ៣ ដែលបុគ្គលគួរសិក្សា តើអ្វីខ្លះ ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ បុគ្គលគួរសិក្សា ក្នុងសិក្ខាទាំង ៣ នេះ ។ ម្នាលភិក្ខុទាំងឡាយ ភពទាំង ៣ នេះ ជាភពដែលភិក្ខុលះបង់ហើយផង ភិក្ខុជាអ្នកមានសិក្ខាសិក្សាហើយ ក្នុងសិក្ខាទាំងឡាយ ៣ នេះផង ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា ស្រាយនូវសញ្ញោជនៈ ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ ។

តណ្ហាសូត្រ ទី១១កែប្រែ

[១០៦] ម្នាលភិក្ខុទាំងឡាយ តណ្ហា ៣ នេះ បុគ្គលគួរលះ ទាំងមានះ ៣ បុគ្គលក៏ត្រូវលះដែរ ។ តណ្ហា ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ តណ្ហា ទាំង ៣ នេះ បុគ្គលគួរលះ ។ មានះ ៣ តើអ្វីខ្លះ ។ គឺមានះ ១ ឱមានះ ១ អតិមានះ ១ ។ នេះមានះ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ កាលណាតណ្ហាទាំង ៣ នេះ ភិក្ខុលះហើយ មានះទាំង ៣ នេះ ក៏ឈ្មោះថា ភិក្ខុលះហើយដែរ ។ ម្នាលភិក្ខុទាំងឡាយ នេះទើបហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា បានរលាស់ចោល នូវសញ្ញោជនៈ ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ ។

ចប់ អានិសំសវគ្គ ទី៥ ។

ឧទ្ទាននៃអានិសំសវគ្គនោះគឺ

និយាយអំពីការកើតប្រាកដ ១ អានិសង្ស ១ អនិច្ចសញ្ញា ១ ទុក្ខសញ្ញា ១ អនត្តសញ្ញា ១ ព្រះនិព្វាន ១ មានះបី ១ មិនធ្វើនូវការចែក ១ ភពទាំងឡាយ ១ តណ្ហា ១ ទាំងអស់ត្រូវជា ១០ ។

ចប់ ទុតិយបណ្ណាសក ។

បណ្ណាសកាសង្គហិតវគ្គកែប្រែ

តិកវគ្គកែប្រែ

រាគសូត្រ ទី១កែប្រែ

[១០៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវចម្រើនធម៌ ៣ ប្រការ ដើម្បីលះធម៌ ៣ ប្រការនេះចេញ ។ ធម៌ ៣ ប្រការ តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនអសុភ ដើម្បីលះរាគៈ ១ ត្រូវចម្រើនមេត្តា ដើម្បីលះទោសៈ ១ ត្រូវចម្រើនបញ្ញា ដើម្បីលះមោហៈ ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវចម្រើនធម៌ទាំង ៣ នេះ ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

ទុច្ចរិតសូត្រ ទី២កែប្រែ

[១០៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនកាយសុចរិត ដើម្បីលះកាយទុច្ចរិតចេញ ១ ត្រូវចម្រើនវចីសុចរិត ដើម្បីលះវចីទុច្ចរិតចេញ ១ ត្រូវចម្រើនមនោសុចរិត ដើម្បីលះមនោទុច្ចរិតចេញ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

វិតក្កសូត្រ ទី៣កែប្រែ

[១០៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ១ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើននេក្ខម្មវិតក្កៈ ដើម្បីលះកាមវិតក្កៈចេញ ១ ត្រូវចម្រើនអព្យាបាទវិតក្កៈ ដើម្បីលះព្យាបាទវិតក្កៈចេញ ១ ត្រូវចម្រើនអវិហឹសាវិតក្កៈ ដើម្បីលះវិហឹសាវិតក្កៈចេញ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

សញ្ញាសូត្រ ទី៤កែប្រែ

[១១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺកាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើននេក្ខម្មសញ្ញា ដើម្បីលះកាមសញ្ញា ១ ត្រូវចម្រើនអព្យាបាទសញ្ញា ដើម្បីលះព្យាបាទសញ្ញា ១ ត្រូវចម្រើនអវិហឹសាសញ្ញា ដើម្បីលះវិហឹសាសញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។

ធាតុសូត្រ ទី៥កែប្រែ

[១១១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺកាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើន នេក្ខម្មធាតុ ដើម្បីលះកាមធាតុ ១ ត្រូវចម្រើនអព្យាបាទធាតុ ដើម្បីលះព្យាបាទធាតុ ១ ត្រូវចម្រើនអវិហឹសាធាតុ ដើម្បីលះវិហឹសាធាតុ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

អស្សាទសូត្រ ទី៦កែប្រែ

[១១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺ អស្សាទទិដ្ឋិ (យល់ថាសត្វទៀង) ១ អត្តានុទិដ្ឋិ [បានដល់សក្កាយទិដ្ឋិ ២០ប្រការ ដែលអាស្រ័យនឹងខ្លួន ។ អដ្ឋកថា ។] ១ មិច្ឆាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនអនិច្ចសញ្ញា ដើម្បីលះអស្សាទទិដ្ឋិ ១ ត្រូវចម្រើនអនត្តសញ្ញា ដើម្បីលះអត្តានុទិដ្ឋិ ១ ត្រូវចម្រើនសម្មាទិដ្ឋិ ដើម្បីលះមិច្ឆាទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

អរតិសូត្រ ទី៧កែប្រែ

[១១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺអរតិ (សេចក្តីមិនត្រេកអរ) ១ វិហឹសា (ការបៀតបៀន)១ អធម្មចរិយា (ការមិនប្រព្រឹត្តិធម៌) ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ទាំងឡាយ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនមុទិតា ដើម្បីលះអរតិ ១ ត្រូវចម្រើនអវិហឹសា ដើម្បីលះវិហឹសា ១ ត្រូវចម្រើនធម្មចរិយា ដើម្បីលះអធម្មចរិយា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

សន្តុដ្ឋិតាសូត្រ ទី៨កែប្រែ

[១១៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺ អសន្តុដ្ឋិតា (សេចក្តីមិនសន្តោស) ១ អសម្បជញ្ញៈ (មិនដឹងខ្លួន) ១ មហិច្ឆតា (សេចក្តីប្រាថ្នាច្រើន) ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនសន្តុដ្ឋិតា ដើម្បីលះអសន្តុដ្ឋិតា ១ ត្រូវចម្រើនសម្បជញ្ញៈ ដើម្បីលះអសម្បជញ្ញៈ ១ ត្រូវចម្រើនអប្បិច្ឆតា ដើម្បីលះមហិច្ឆតា ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

ទោវចស្សតាសូត្រ ទី៩កែប្រែ

[១១៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ធម៌ ៣  យ៉ាង តើអ្វីខ្លះ ។ គឺទោវចស្សតា (ភាពនៃបុគ្គលជាអ្នកប្រដៅបានដោយក្រ) ១ បាបមិត្តតា (ភាពនៃបុគ្គលជាអ្នកមានមិត្រអាក្រក់) ១ សេចក្តីរវើររវាយចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលគួរចម្រើនសោវចស្សតា (ភាពនៃបុគ្គលជាអ្នកប្រដៅបានដោយងាយ) ដើម្បីលះទោវចស្សតា ១ ត្រូវចម្រើនកល្យាណមិត្តតា ដើម្បីលះបាបមិត្តតា ១ ត្រូវចម្រើនអានាបានស្សតិ ដើម្បីលះសេចក្តីរវើរវាយចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

ឧទ្ធច្ចសូត្រ ទី១០កែប្រែ

[១១៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣  យ៉ាង ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺ ឧទ្ធច្ចៈ (សេចក្តីរាយមាយ) ១ អសំវរៈ (សេចក្តីមិនសង្រួម) ១ បមាទៈ (សេចក្តីធ្វេសប្រហែស) ១ ។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣  យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាង បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះចេញ ។ ៣  យ៉ាង តើអ្វីខ្លះ ។ គឺបុគ្គលត្រូវចម្រើនសមថៈ ដើម្បីលះឧទ្ធច្ចៈ ១ ត្រូវចម្រើនសំវរៈ ដើម្បីលះអសំវរៈ ១ ត្រូវចម្រើននអប្បមាទៈ ដើម្បី លះបមាទៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣  យ៉ាងនេះ បុគ្គលត្រូវចម្រើន ដើម្បីលះធម៌ ៣  យ៉ាងនេះ ។

ចប់ តិកវគ្គ ។

ឧទ្ទាននៃតិកវគ្គនោះគឺ

និយាយអំពីរាគៈ ១ ទុច្ចរិត ១ វិតក្កៈ ១ សញ្ញា ១ ធាតុ ១ អស្សាទទិដ្ឋិ ១ អរតិ ១ តុដ្ឋិពីរលើក ១ ឧទ្ធច្ចៈ ១ វគ្គ ១ ។

វគ្គាសង្គហិតសុត្តន្ត / សាមញ្ញវគ្គកែប្រែ

កាយានុបស្សីសូត្រ ទី១កែប្រែ

[១១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាងចេញទេ ជាអ្នកមិនគួរពិចារណាឃើញកាយក្នុងកាយ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ ក្នុងការដេក ១ សេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាងនេះចេញទេ ជាអ្នកមិនគួរពិចារណាឃើញកាយក្នុងកាយឡើយ ។

[១១៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាងចេញ ជាអ្នកគួរពិចារណាឃើញកាយក្នុងកាយ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីត្រេកអរក្នុងការងារ ១ សេចក្តីត្រេកអរក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរក្នុងការដេក ១ សេចក្តីត្រេកអរក្នុងការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាងនេះចេញ ជាអ្នកគួរពិចារណាឃើញកាយក្នុងកាយបាន ។

ធម្មានុបស្សីសូត្រ ទី២កែប្រែ

[១១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាង ជាអ្នកមិនគួរពិចារណាឃើញកាយ ក្នុងកាយជាខាងក្នុង ។បេ។ ក្នុងកាយខាងក្រៅ… ក្នុងកាយទាំងខាងក្នុង ទាំងខាងក្រៅ …

[១២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាង ជាអ្នកមិនគួរពិចារណា ឃើញវេទនា ក្នុងវេទនាទាំងឡាយ ។បេ។ ក្នុងវេទនាទាំងឡាយ ជាខាងក្នុង… ក្នុងវេទនាទាំងឡាយ ជាខាងក្រៅ…ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ …

[១២១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាង ជាអ្នកមិនគួរពិចារណាឃើញចិត្ត ក្នុងចិត្ត ។បេ។ ក្នុងចិត្តជាខាងក្នុង… ក្នុងចិត្តជាខាងក្រៅ ក្នុងចិត្តទាំងខាងក្នុង ទាំងខាងក្រៅ…

[១២២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាង មិនគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ។បេ។ ក្នុងធម៌ទាំងឡាយ ជាខាងក្នុង… ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ… ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ ក្នុងការដេក ១ សេចក្តីត្រេកអរ ក្នុងការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ ក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦  យ៉ាងនេះ ទេ ជាអ្នកមិនគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅឡើយ ។

[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាងបានហើយ ជាអ្នកគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ ។បេ។ មិនដឹងប្រមាណក្នុងភោជន ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦  យ៉ាងនេះចេញ ជាអ្នកគួរពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ។

តបុស្សសូត្រ ទី៣កែប្រែ

[១២៤] ម្នាលភិក្ខុទាំងឡាយ តបុស្សគហបតី ប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកអស់សង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវអមតធម៌ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ១ សេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះធម៌ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ ១ សីលដ៏ប្រសើរ ១ ញាណដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ តបុស្សគហបតី ប្រកបដោយធម៌ ៦  យ៉ាងនេះឯង ជាអ្នកអស់សង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវអមតធម៌ ។

ភល្លិកាទិសុត្តានិ ទី៤-ទី២៣កែប្រែ

[១២៥] ម្នាលភិក្ខុទាំងឡាយ ភល្លិកគហបតី ១ សុទត្តគហបតី គឺអនាថបិណ្ឌិក ១ ចិត្តគហបតី នៅក្នុងមច្ឆិកាសណ្ខៈ ១ ហត្ថកអាឡវកៈ ១ មហានាមសក្កៈ ១ ឧគ្គគហបតី នៅក្នុងក្រុងវេសាលី ១ ឧគ្គតគហបតី ១ សូរអម្ពដ្ឋ ១ ជីវកកោមារភត្យ ១ នកុលបិតាគហបតី ១ តវកណ្ណិកគហបតី ១ បូរណគហបតី ១ ឥសិទត្តគហបតី ១ សន្ធានគហបតី ១ វិជយគហបតី ១ វជ្ជិយមហិតគហបតី ១ មេណ្ឌកគហបតី ១  វាសេដ្ឋឧបាសក ១ អរិដ្ឋឧបាសក ១ សាទត្តឧបាសក ១ សុទ្ធតែប្រកបដោយធម៌ ៦  យ៉ាង ជាអ្នកអស់សេចក្តីសង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវអមតធម៌ ។ ៦  យ៉ាង តើអ្វីខ្លះ ។ គឺ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃ ១ សីលដ៏ប្រសើរ ១ ញាណដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ សាទត្តឧបាសក ប្រកបដោយធម៌ទាំង ៦  យ៉ាងនេះ ជាអ្នកអស់សេចក្តីសង្ស័យ ក្នុងព្រះតថាគត ឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់នូវអមតធម៌ ។

រាគបេយ្យាលកែប្រែ

[១២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរតែចម្រើនធម៌ ៦ ប្រការ ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ ។ ៦ ប្រការ តើអ្វីខ្លះ ។ គឺការឃើញដ៏ប្រសើរ ១ ការស្តាប់ដ៏ប្រសើរ ១ ការបានដ៏ប្រសើរ ១ ការរៀនដ៏ប្រសើរ ១ ការបម្រើដ៏ប្រសើរ ១ ការរលឹកដ៏ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចម្រើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ ។

[១២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរតែចម្រើនធម៌ ៦ ប្រការ ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ ។ ៦ ប្រការ តើអ្វីខ្លះ ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចម្រើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការ បុគ្គលគួរតែចម្រើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ ។ ៦ ប្រការ តើអ្វីខ្លះ ។ គឺសេចក្តីសំគាល់ថាមិនទៀង ក្នុងរបស់មិនទៀង ១ សេចក្តីសំគាល់ថាជាទុក្ខ ក្នុងរបស់ជាទុក្ខ ១ សេចក្តីសំគាល់ថាមិនមែនជារបស់ខ្លួន ១ សេចក្តីសំគាល់ក្នុងការលះ ១ សេចក្តីសំគាល់ ក្នុងការប្រាសចាកតម្រេក ១ សេចក្តីសំគាល់ក្នុងការរលត់ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចម្រើន ដើម្បីឲ្យបានដឹងច្បាស់នូវរាគៈ ។

[១២៩] ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹងនូវរាគៈ ។បេ។ ធម៌ ៦  យ៉ាងនេះ បុគ្គលគួរតែចម្រើន ដើម្បីឲ្យអស់រលីង លះបង់អស់ទៅ សូន្យទៅ ប្រាសចាក រលត់ កំចាត់ចេញ រលាស់ចេញ ។បេ។

[១៣០] ដើម្បីដឹងច្បាស់ កំណត់ដឹង អស់រលីង លះអស់ទៅ សូន្យទៅ ប្រាសចាក រលត់ កំចាត់ចេញ រលាស់ចេញ នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៦ ប្រការនេះឯង បុគ្គលគួរតែចម្រើន ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនុ៎ះ មានចិត្តរីករាយ ត្រេកអរ នឹងភាសិតរបស់ព្រះដ៏មានព្រះភាគ ។

ចប់ ឆក្កនិបាត ។

ចប់ ភាគ៤៦ ។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ